តើមានសេចក្ដីសង្ឃឹមអ្វីចំពោះមនុស្សខ្វាក់?
លោកចន មិលថិន បានតែងវីរកថាមួយដែលមានចំណងជើងថា ទីមនោរម្យបាត់ទៅ និងទីមនោរម្យបានមកវិញ ទោះជាលោកខ្វាក់ភ្នែកទាំងអស់ក្ដី។ ថ្វីបើហេលិន ខេលើខ្វាក់ហើយថ្លង់ក្ដី នេះមិនបានបញ្ឈប់នាងពីការខំខ្នះខ្នែងបង្រៀនហើយជួយមនុស្សណាដែលមានវិកលភាពឡើយ។ មែនហើយ មនុស្សខ្វាក់ជាច្រើនលៃលកដោះស្រាយផលពិបាកនេះបានយ៉ាងប្រសើរ។ ក៏ប៉ុន្តែ តើនឹងទៅជាការដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎ បើមនុស្សគ្រប់ៗគ្នាអាចមានចក្ខុវិស័យល្អពិតមែននោះ! អ្នកមុខជាយល់ព្រមនឹងការនេះហើយ ជាពិសេសបើអ្នកស្ងួនភ្ងា ឬមិត្តរបស់អ្នកជាមនុស្សខ្វាក់ ឬក៏ជាមនុស្សខូចចក្ខុវិស័យនោះ។
ពិតមែនហើយ នៅក្នុងប្រទេសខ្លះ មានកម្មវិធីដែលបង្រៀនមនុស្សខូចចក្ខុវិស័យនូវជំនាញការផ្សេងៗនៃជីវភាពរស់នៅប្រចាំថ្ងៃ។ អក្សរសំរាប់មនុស្សខ្វាក់ និងឆ្កែនាំផ្លូវ បានជួយមនុស្សខ្វាក់បំពេញសេចក្ដីត្រូវការរបស់គេជាច្រើន។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនចាត់ទុករោគខ្វាក់ជាទុព្វលភាពដ៏គួរឲ្យញញើត។ អ្នកនិពន្ធម្នាក់បានមានប្រសាសន៍ថា៖ «ភាពខ្វាក់ជាការបាត់សិទ្ធិសិរីដល់ផ្នែកដ៏សំខាន់បំផុតនៃពិភពចក្ខុសម្ផស្សរបស់យើង»។ នៅពេលដំណាលគ្នានេះ មនុស្សខ្វាក់ជាច្រើនត្រូវតែពឹងនឹងអ្នកដទៃរឹតតែច្រើនឡើង។
អ្នកប្រហែលជាឆ្ងល់ថា តើហេតុអ្វីបានជាមានការកើតរោគខ្វាក់ជាច្រើនម្ល៉េះ? តើអ្នកមានដែលធ្លាប់ឮអំពីកណរោគទេ? រោគនេះបណ្ដាលឲ្យមនុស្សកើតរោគខ្វាក់ប្រមាណប្រាំបួនលាននាក់។ ចំពោះកណរោគនេះ សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី បានចែងថា៖ «រោគនេះឆ្លង និងឆាប់លូតលាស់នៅកន្លែងណាដែលប្រជាជនរស់នៅពពូនពពាក់គ្នា ក្នុងបរិយាការដែលមិនសូវមានអនាម័យ។ ការខ្វះខាតទឹកសំរាប់ដុសលាង និងចំនួនរុយជាច្រើនអនេកដែលចោមរោមលាមកមនុស្ស ជួយធ្វើឲ្យរោគនេះរាតត្បាតឡើង។ តាមលក្ខណៈខ្លះ កណរោគនេះគឺភាគច្រើនជាបញ្ហាសង្គម មិនសូវជាបញ្ហាពេទ្យទេ។ បើអាចចំរើនបមាណីយនៃជីវភាព បន្ថយចំនួនមនុស្សដែលរស់នៅពពូនពពាក់គ្នានិងបញ្ហារុយ ហើយលៃលកឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់បាននោះ ការកើតកណរោគក៏នឹងចុះថយយ៉ាងរហ័សដែរ»។ នៅមានមនុស្សប្រមាណមួយលាននាក់ទៀត ដែលកើតជំងឺអង្ខូសូខែអឺសីស(onchocerciasis) ឬរោគខ្វាក់ពីទន្លេ។ ចុះតើជំងឺហ្សឺរូហ្វថិលម៉ី(xerophthalmia)វិញជាយ៉ាងណាដែរ? ទោះបីជាឈ្មោះជំងឺនេះពិបាកនិយាយក្ដី ការណ៍ពិតនោះគឺថា នេះជាដើមហេតុទូទៅនៃរោគខ្វាក់។ ជំងឺទឹកនោមផ្អែម រោគខាន់ស្លាក់ កញ្ជ្រឹល ជំងឺអុតក្ដាមនិងកាមរោគដែលឆ្លងពីការរួមដំណេកក៏អាចបណ្ដាលឲ្យកើតរោគខ្វាក់ដែរ។
ពេលដែលយើងកាន់តែចាស់ឡើង ចក្ខុវិស័យរបស់យើងក៏ចេះតែអន់ថយដែរ ដែលជាលទ្ធផលនៃវិបត្ដិដូចជាការអន់ថយសរសៃភ្នែក និងរោគប្រស្រីចក្ខុ ហើយជំងឺភ្នែកល្បែកបាំងក៏ធ្វើឲ្យចក្ខុវិស័យយើងអន់ថយដែរ។ សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី បានសំគាល់ឃើញថា៖ «នៅប្រទេសជាច្រើនក្នុងពិភពលោកនេះ ជំងឺភ្នែកល្បែកបាំងនៅតែធ្វើឲ្យមនុស្សជាច្រើនកើតរោគខ្វាក់ ហើយរឿងនេះគួរឲ្យសោកស្ដាយណាស់ ជាពិសេសនៅពេលរោគនេះអាចព្យាបាលបានតាមវិធីវះកាត់នោះ»។
ថ្វីបើមានការស្រាវជ្រាវរកឃើញថ្មីៗខាងចក្ខុរោគសាស្ត្រក្ដី ការកំចាត់រោគខ្វាក់ទាំងអស់ហាក់បីដូចជានៅអនាគតយ៉ាងឆ្ងាយ។ សព្វវចនាធិប្បាយដដែលនោះបានចែងទៀតថា៖ «ការជឿនលឿនក្នុងការការពារ ក្នុងការព្យាបាលតាមវិជ្ជាពេទ្យនិងតាមវិធីវះកាត់នៃរោគខ្វាក់ អាចមានប្រយោជន៍ដល់តែប្រជាជនណាដែលមានសិទ្ធិនឹងការថែរក្សាពេទ្យប៉ុណ្ណោះ។ លុះត្រាតែមានការចំរើនឡើងនូវបមាណីយនៃអនាម័យនិងអាហារដែលមានជីវជាតិ ចំពោះប្រជាជនមួយចំនួនធំនៃពិភពលោកនេះ ពុំនោះសោតនឹងនៅតែមានការកើតរោគខ្វាក់ដែលអាចបង្ការបាន ជាច្រើនដដែល»។
ថ្វីបើថ្នាំសម្លាប់មេរោគនិងសល្យកម្មជាអ្វីត្រឹមត្រូវហើយមានប្រយោជន៍ចំពោះការតយុទ្ធនឹងរោគខ្វាក់ក្ដី សេចក្ដីសង្ឃឹមឲ្យបានជាពីរោគនេះជាអចិន្ត្រៃយ៍នោះ គឺជាប់ទាក់ទងនឹងព្រឹត្ដិការណ៍ដែលបានកើតឡើងជិតពីរពាន់ឆ្នាំកន្លងទៅនេះ។
ការប្រោសមនុស្សខ្វាក់ឲ្យជានៅជំនាន់ព្រះយេស៊ូវ
សូមនឹកគិតដល់បុរសម្នាក់អាយុប្រហែល៣០ឆ្នាំ ដែលកំពុងតែដើរតាមផ្លូវដីហុយ។ ដោយឮគាត់កំពុងតែដើរកាត់នោះ បុរសខ្វាក់ពីរនាក់អង្គុយក្បែរផ្លូវនោះស្រែកឡើងថា៖ «សូមទ្រង់ប្រោសមេត្ដាដល់យើងខ្ញុំផង»! ថ្វីបើអ្នកមើលទាំងនោះបញ្ជាពួកគេឲ្យនៅស្ងៀម បុរសខ្វាក់នោះក៏ស្រែកខ្លាំងឡើងថា៖ «សូមទ្រង់ប្រោសមេត្ដាដល់យើងខ្ញុំផង»! បុរសនោះសួរយ៉ាងសុភាពថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក»? ពួកគេឆ្លើយថា៖ «សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង»។ ឥឡូវនេះ សូមពិចារណាមើល៖ បុរសនោះពាល់ភ្នែករបស់គេ ហើយស្រាប់តែភ្នែកទាំងនោះបានភ្លឺឡើងភ្លាម!—ម៉ាថាយ ២០:២៩-៣៤
ចំពោះអតីតបុរសខ្វាក់ទាំងពីរ នេះជាការដ៏សប្បាយរីករាយណាស់! ក៏ប៉ុន្តែរោគខ្វាក់នៅតែមានពាសពេញ។ នេះគ្រាន់តែជាព្រឹត្ដិការណ៍មួយប៉ុណ្ណោះ។ ដូច្នេះហេតុអ្វីក៏អ្នកគួរតែយកចិត្តទុកដាក់នឹងរឿងនេះ? ពីព្រោះព្រះយេស៊ូវពីភូមិណាសារ៉ែត ទ្រង់ជាបុរសដែលមានព្រះទ័យសប្បុរសដោយប្រទានឲ្យចក្ខុវិស័យដល់បុរសខ្វាក់ទាំងពីរនោះ។ តាមការពិត ក្រៅពីការដែលទ្រង់ត្រូវបាន‹ចាក់ប្រេងតាំង ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ› ទ្រង់ក៏ត្រូវបានចាត់ឲ្យមក ដើម្បីប្រោសមនុស្សខ្វាក់ឲ្យមានចក្ខុវិស័យឡើងវិញដែរ។—លូកា ៤:១៨
មនុស្សមានសេចក្ដីអស្ចារ្យណាស់ដោយឃើញអព្ភូតហេតុនេះ ដែលបានធ្វើឡើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ។ យើងអានថា៖ «បណ្ដាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច នឹងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា»។ (ម៉ាថាយ ១៥:៣១) ព្រះយេស៊ូវមិនបានធ្វើការប្រោសឲ្យជានេះ ដើម្បីយកកំរៃ ឬសំញែងសមត្ថភាពខ្លួន ឬរកភាពរុងរឿងសំរាប់ខ្លួននោះទេ តែគឺដើម្បីលើកសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាវិញ។ ម្យ៉ាងវិញទៀត ព្រះយេស៊ូវទ្រង់មានព្រះទ័យក្ដួលអាណិតដល់មនុស្សតែលតោលនិងខ្វាក់ខាងវិញ្ញាណ «ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។—ម៉ាថាយ ៩:៣៦
ទោះបីជាប្រវត្ដិសាស្ត្រនេះជាការគួរឲ្យចាប់អារម្មណ៍ក្ដី អ្នកប្រហែលជាឆ្ងល់ថា តើនៅសព្វថ្ងៃនេះជាយ៉ាងណាដែរ? នៅសព្វថ្ងៃនេះ ដោយសារតែគ្មានអ្នកណាអាចប្រោសមនុស្សឲ្យជាដូចព្រះយេស៊ូវបានធ្វើនោះ តើការប្រោសឲ្យជានោះមានអត្ថន័យខ្លឹមសារចំពោះយើងទេ? តើមានសេចក្ដីសង្ឃឹមសំរាប់មនុស្សខ្វាក់ទេ? សូមអញ្ជើញអានអត្ថបទជាបន្ទាប់នេះ។
[ឃ្លាអក្សរធំនៅទំព័រ៤]
«លុះត្រាតែមានការចំរើនឡើងនូវបមាណីយនៃអនាម័យនិងអាហារដែលមានជីវជាតិ ចំពោះប្រជាជនមួយចំនួនធំនៃពិភពលោកនេះ ពុំនោះសោតនឹងនៅតែមានការកើតរោគខ្វាក់ដែលអាចបង្ការបាន ជាច្រើនដដែល»។—សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី