សូមជួយមនុស្សងងឹតភ្នែករៀនអំពីព្រះយេហូវ៉ា
១. តើលោកយេស៊ូបានបង្ហាញចិត្តអាណិតមេត្ដាដល់បុរសងងឹតភ្នែកយ៉ាងដូចម្ដេច?
១ មានពេលមួយលោកយេស៊ូកំពុងចេញពីក្រុងយេរីខូ ស្រាប់តែមានបុរសសុំទានដែលងងឹតភ្នែកពីរនាក់បានស្រែកឡើងថា៖ «លោកម្ចាស់! . . . សូមមេត្ដាជួយយើងផង!»។ ការពិតនៅពេលនោះគឺសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលលោកនឹងត្រូវគេសម្លាប់។ ទោះជាលោកកំពុងខ្វល់អំពីការល្បងលដ៏ពិបាកដែលហៀបនឹងមកដល់ក្ដី ពេលឮសំឡេងរបស់ពួកគេ លោកបានឈប់ ហើយហៅពួកគេឲ្យមកជិតលោក រួចលោកក៏ប្រោសពួកគេឲ្យជា។ (ម៉ាថ. ២០:២៩-៣៤) តើតាមរបៀបណាយើងអាចយកតម្រាប់លោកយេស៊ូដោយបង្ហាញចិត្តអាណិតមេត្ដាចំពោះមនុស្សងងឹតភ្នែក?
២. ពេលយើងជួបមនុស្សងងឹតភ្នែកណាម្នាក់នៅកន្លែងសាធារណៈ តើយើងអាចផ្សព្វផ្សាយដល់ពួកគាត់យ៉ាងដូចម្ដេច?
២ ជួយពួកគាត់: បើអ្នកបានជួបមនុស្សងងឹតភ្នែកណាម្នាក់ ឧទាហរណ៍នៅកន្លែងសាធារណៈ សូមនិយាយសួរសុខទុក្ខគាត់ ហើយប្រាប់គាត់ថាអ្នកចង់ជួយគាត់។ ដោយសារពួកគាត់ភាគច្រើនធ្លាប់ត្រូវគេជញ្ជក់យកប្រយោជន៍ ហេតុនេះពួកគាត់ប្រហែលជាសង្ស័យបំណងចិត្តរបស់អ្នក។ ប៉ុន្តែ បើអ្នកបង្ហាញភាពរាក់ទាក់និងការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះគាត់ នោះគាត់ទំនងជាទុកចិត្តអ្នក។ មានចំណុចមួយទៀតដែលអ្នកគួរចាំ ធម្មតាកម្រិតនៃពិការភាពនេះគឺខុសៗគ្នា ហើយបើអ្នកដឹងអំពីនេះ នោះនឹងជួយអ្នកឲ្យដឹងថា តើគាត់ត្រូវការជំនួយច្រើនប៉ុនណា។ បន្ទាប់ពីអ្នកជួយគាត់ ប្រហែលជាអ្នកអាចប្រាប់គាត់ថា អ្នកកំពុងចូលរួមក្នុងកិច្ចការអប់រំអំពីគម្ពីរ។ សូមស្នើអានខគម្ពីរមួយជូនគាត់ស្ដាប់ ដូចជានៅទំនុកតម្កើង ១៤៦:៨ ឬអេសាយ ៣៥:៥, ៦ជាដើម។ បើគាត់ចេះអានអក្សរផុសសម្រាប់មនុស្សងងឹតភ្នែក (Braille) សូមសួរគាត់ថា តើគាត់ចង់ទទួលសៀវភៅជាអក្សរផុស ដែលនឹងជួយគាត់រៀនថែមទៀតអំពីគម្ពីរឬទេ។ អ្នកក៏អាចជួយគាត់ថតចម្លងឯកសារជាសំឡេងពីគេហទំព័រjw.orgដែរ។ បើកុំព្យូទ័ររបស់គាត់មានកម្មវិធីអានអក្សរតាមអេក្រង់ឲ្យស្ដាប់ នោះអ្នកប្រហែលជាអាចជួយគាត់ថតចម្លងអត្ថបទណាមួយក្នុងកម្មវិធីRTF (Rich Text Format) ពីគេហទំព័ររបស់យើង (សូមមើលប្រអប់«ពេលជួយមនុស្សងងឹតភ្នែក . . . »)។
៣. តើតាមរបៀបណាយើងអាចស្វែងរកមនុស្សងងឹតភ្នែកក្នុងតំបន់ផ្សាយ?
៣ ស្វែងរកមនុស្សងងឹតភ្នែក: ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងកម្រជួបមនុស្សងងឹតភ្នែកណាស់ ដោយសារពួកគាត់ភាគច្រើនមិនមានអារម្មណ៍ស្រួលនិយាយជាមួយនឹងមនុស្សដែលពួកគាត់មិនស្គាល់ទេ។ ហេតុនេះ យើងត្រូវខំ«ស្វែងរក» ហើយផ្សព្វផ្សាយដល់ពួកគាត់។ (ម៉ាថ. ១០:១១) តើអ្នកមានអ្នករួមការងារឬសិស្សរួមថ្នាក់ណាម្នាក់ដែលងងឹតភ្នែកឬទេ? បើមាន សូមខំរកឱកាសផ្សព្វផ្សាយដល់គាត់។ បើនៅតំបន់ផ្សាយរបស់អ្នកមានសាលារៀនសម្រាប់មនុស្សងងឹតភ្នែក សូមស្នើផ្ដល់សៀវភៅខ្លះៗជាអក្សរផុសដើម្បីដាក់នៅបណ្ណាល័យក្នុងសាលារៀននោះ។ តើអ្នកស្គាល់អ្នកណាម្នាក់ដែលមានសមាជិកគ្រួសារជាមនុស្សងងឹតភ្នែកឬទេ? នៅតំបន់ផ្សាយរបស់អ្នក តើមានអង្គការដែលផ្ដល់ជំនួយសម្រាប់ជនងងឹតភ្នែក ឬផ្ដល់កន្លែងស្នាក់នៅដល់ពួកគាត់ឬទេ? បើមានមែន សូមពន្យល់អ្នកទទួលភ្ញៀវ សមាជិកគ្រួសារ ឬប្រធាននៅទីនោះថា សាក្សីព្រះយេហូវ៉ាចង់ជួយមនុស្សងងឹតភ្នែកយ៉ាងខ្លាំង ហើយចង់ស្នើផ្ដល់សៀវភៅជាអក្សរផុសឬឯកសារជាសំឡេងដល់ពួកគាត់។ សូមបង្ហាញសេចក្ដីសន្យាក្នុងគម្ពីរដល់ពួកគាត់ ដែលថាមិនយូរទៀត ព្រះនឹងបំបាត់ពិការភាពនេះជារៀងរហូត។ អ្នកក៏អាចបង្ហាញវីដេអូពីគេហទំព័រjw.orgដែលមានចំណងជើងថា «បើគ្មានសៀវភៅនេះ ជីវិតខ្ញុំគ្មានន័យខ្លឹមសារ»។ ក្នុងវីដេអូនេះរៀបរាប់អំពីបទពិសោធន៍របស់បុរសងងឹតភ្នែកម្នាក់ដែលបានទទួលប្រយោជន៍ពីគម្ពីរជាអក្សរផុស។ សូមពន្យល់អំពីមូលហេតុដែលអ្នកមកជួបពួកគាត់ ព្រោះការធ្វើដូចនេះអាចបើកឱកាសឲ្យអ្នកទាក់ទងនឹងមនុស្សងងឹតភ្នែកនៅទីនោះ។
៤. តើយើងអាចទាញមេរៀនអ្វីពីបទពិសោធន៍របស់បងជេនណិត?
៤ បងស្រីងងឹតភ្នែកម្នាក់ឈ្មោះជេនណិតបានទៅលេងអគារមួយដែលមានមនុស្សងងឹតភ្នែកស្នាក់នៅ។ គាត់បានចាប់ផ្ដើមសន្ទនាជាមួយនឹងយុវនារីម្នាក់។ បងជេនណិតបានប្រាប់គាត់ថា៖ «លោកយេស៊ូបានប្រោសមនុស្សងងឹតភ្នែកឲ្យជា ដើម្បីបង្ហាញថានាថ្ងៃអនាគត លោកនឹងប្រោសមនុស្សងងឹតភ្នែកទាំងអស់ឲ្យជាសះស្បើយ»។ ពួកគាត់បានពិគ្រោះគ្នាអំពីការបើកបង្ហាញ ២១:៣, ៤ ហើយបងជេនណិតបានពន្យល់អំពីរបៀបដែលសេចក្ដីសន្យានេះនឹងកើតឡើងពិតមែន តាមរយៈរាជាណាចក្ររបស់ព្រះ។ ក្រោយមក យុវនារីនោះស្ងៀមមួយសន្ទុះ រួចនិយាយថា៖ «ខ្ញុំមិនដែលឮពាក្យទាំងនេះពីអ្នកងងឹតភ្នែកណាម្នាក់ឡើយ។ មនុស្សភាគច្រើនដែលមើលឃើញជឿថា អ្នកដែលទៅជាងងឹតភ្នែកគឺដោយសារកំហុសរបស់ពួកគេ ឬអ្វីដែលជីដូនជីតារបស់ពួកគេបានធ្វើ»។ បងជេនណិតបានផ្ញើអ៊ីមែលទៅគាត់ដែលក្នុងនោះមានកន្លែងចុចទៅគេហទំព័រសៀវភៅព្រះគម្ពីរបង្រៀន ហើយសព្វថ្ងៃ គាត់កំពុងរៀនគម្ពីរជាមួយនឹងបងជេនណិតមួយសប្ដាហ៍ពីរដង។
៥. ទោះបីយើងមិនអាចធ្វើឲ្យមនុស្សងងឹតភ្នែកជាសះស្បើយដូចលោកយេស៊ូក៏ពិតមែន ប៉ុន្តែបើយើងបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគាត់ តើយើងនឹងទទួលពរអ្វីខ្លះ?
៥ យើងមិនអាចធ្វើឲ្យមនុស្សងងឹតភ្នែកជាសះស្បើយដូចលោកយេស៊ូទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងអាចជួយពួកអ្នកដែលគំនិតទៅជាងងឹតដោយព្រះនៃរបៀបរបបពិភពលោកនេះ ឲ្យយល់សេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ រួមបញ្ចូលមនុស្សដែលងងឹតភ្នែកផងដែរ។ (២កូ. ៤:៤) លោកយេស៊ូបានប្រោសបុរសងងឹតភ្នែកពីរនាក់នៅក្រុងយេរីខូឲ្យជា ដោយសារលោក«មានចិត្តក្ដួលអាណិត»ចំពោះពួកគេ។ (ម៉ាថ. ២០:៣៤) បើយើងបង្ហាញចិត្តអាណិតអាសូរដូចលោកចំពោះអ្នកងងឹតភ្នែក យើងអាចរីករាយនឹងឯកសិទ្ធិជួយមនុស្សខ្លះ រៀនអំពីព្រះយេហូវ៉ាដែលជាព្រះដែលនឹងបំបាត់ពិការភាពនេះជារៀងរហូត។