តើស្ថានភាពនៃមនុស្សស្លាប់ជាអ្វី?
ការខ្លាចមនុស្សស្លាប់មានមូលដ្ឋានទៅលើការសន្មតមួយគឺ៖ មនុស្សស្លាប់មានព្រលឹងឬវិញ្ញាណមួយដែលនៅរស់ក្រោយពីស្លាប់។ បើព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ថាជំនឿបែបនេះជាការខុសនោះ ដូច្នេះបញ្ហាថាតើមនុស្សស្លាប់អាចធ្វើទុក្ខដល់អ្នកនោះ នឹងត្រូវបានកប់បាត់ទៅជាមិនខាន។ ដូច្នេះ តើព្រះគម្ពីរបានចែងយ៉ាងណា?
ចំពោះស្ថានភាពនៃមនុស្សស្លាប់ ពាក្យបន្ទូលរបស់ព្រះចែងថា៖ «មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ។ ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ។ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ»។—សាស្ដា ៩:៥, ៦
ដូច្នេះ តើមនុស្សស្លាប់អាចជួយឬធ្វើទុក្ខដល់អ្នកបានទេ? ព្រះគម្ពីរចែងថា គឺមិនអាចទេ។ មនុស្សស្លាប់ឥតដឹងអ្វីឡើយ ហើយស្ថិតនៅក្នុងភាពស្ងាត់ឈឹង។ ពួកគេគ្មានសមត្ថភាពធ្វើគមនាគមន៍ជាមួយនឹងពួកមនុស្សរស់ឬសម្ដែងអារម្មណ៍អ្វី—ដូចជាសេចក្ដីស្រឡាញ់ឬការស្អប់ឡើយ—ហើយក៏មិនអាចចាត់វិធានការណាមួយដែរ។ លោកអ្នកមិនត្រូវខ្លាចពួកមនុស្សស្លាប់ទេ។
អ្នកខ្លះប្រហែលជាមានប្រសាសន៍ថា៖ ‹មែនហើយ បើអ្នកនិយាយសំដៅទៅសេចក្ដីស្លាប់នៃរាងកាយ នោះប្រហែលជាត្រូវមែន ប៉ុន្តែសេចក្ដីស្លាប់បែបនេះមិនមែនជាទីបញ្ចប់នៃជីវិតទេ គឺគ្រាន់តែជាការដោះលែងវិញ្ញាណចេញពីរាងកាយប៉ុណ្ណោះ។ ហើយវិញ្ញាណនោះអាចជួយឬក៏ធ្វើទុក្ខដល់មនុស្សរស់›។ មនុស្សរាប់លាននាក់នៅលើផែនដីនេះមានអារម្មណ៍ដូច្នេះដែរ។
ជាឧទាហរណ៍ នៅក្នុងប្រទេសម៉ាដាហ្គាស្កា គេបានចាត់ទុកជីវិតគ្រាន់តែជាការផ្លាស់ប្ដូរប៉ុណ្ណោះ ដូច្នេះការធ្វើបុណ្យខ្មោចនិងការគាស់ខ្មោចចេញពីដី ត្រូវបានចាត់ទុកជាការសំខាន់ជាងការរៀបអាពាហ៍ពិពាហ៍ទៅទៀត។ គេបានគិតថា បុគ្គលបានមកពីជីដូនជីតារបស់គាត់ ហើយនៅពេលស្លាប់ត្រឡប់ទៅពួកគេវិញ។ ដូច្នេះ ផ្ទះរបស់មនុស្សរស់ជាច្រើនត្រូវបានធ្វើឡើងពីឈើនិងពីឥដ្ឋឆៅ ជាសម្ភារៈដែលនឹងបាក់បែកនៅពេលក្រោយ ចំណែកឯផ្នូរ«លំនៅ»ទាំងឡាយរបស់មនុស្សស្លាប់ ជាធម្មតាបានធ្វើឡើងយ៉ាងល្អិតល្អន់ហើយឋិតថេរនៅបានយូរជាង។ នៅកន្លែងគាស់ខ្មោចចេញពីដី ក្រុមគ្រួសារនិងញាតិសន្ដានគិតថា ពួកគេនឹងបានពរ ហើយពួកស្ត្រីៗជឿថា បើគេប៉ះឆ្អឹងខ្មោចសាច់ញាតិ ពួកគេនឹងអាចមានកូនច្រើន។ ប៉ុន្តែម្ដងទៀត តើពាក្យបន្ទូលរបស់ព្រះបានចែងយ៉ាងណា?
សេចក្ដីស្លាប់មិនបានគ្រោងទុកមកសំរាប់មនុស្ស
ជាការគួរឲ្យចាប់អារម្មណ៍ដែរក្នុងការសម្គាល់ឃើញថា ព្រះយេហូវ៉ាបានបង្កើតមនុស្សលោកឲ្យរស់នៅ ហើយទ្រង់បានមានបន្ទូលអំពីសេចក្ដីស្លាប់គ្រាន់តែជាលទ្ធផលនៃការមិនស្ដាប់បង្គាប់ប៉ុណ្ណោះ។ (លោកុប្បត្តិ ២:១៧) គួរឲ្យសោកស្ដាយណាស់ ដែលបុរសនិងស្ត្រីដំបូងបានប្រព្រឹត្តអំពើបាប ហើយជាលទ្ធផល បាបក៏រាលដាលដល់មនុស្សលោកគ្រប់រូប ដែលជាមរតកបណ្ដាលឲ្យស្លាប់។ (រ៉ូម ៥:១២) ដូច្នេះ អ្នកអាចនិយាយថា សេចក្ដីស្លាប់ជាការជាក់ស្តែងនៃជីវិត តាំងពីជំនាន់ការមិនស្ដាប់បង្គាប់នៃគូស្វាមីភរិយាទីមួយម្ល៉េះ។ មែនហើយ នេះជាការជាក់ស្តែងដ៏ឈឺចាប់មួយនៃជីវិត។ យើងត្រូវបានបង្កើតមកដើម្បីឲ្យរស់នៅ ដូច្នេះហើយបានជាមនុស្សរាប់លាននាក់ មានការពិបាកប្រឈមមុខនឹងសេចក្ដីស្លាប់ ជាទីបញ្ចប់នោះ។
យោងទៅតាមដំណើររឿងរបស់ព្រះគម្ពីរ សាតាំងបានព្យាយាមបំភាន់គូស្វាមីភរិយាទីមួយអំពីសេចក្ដីស្លាប់ ដោយបាននិយាយផ្ទុយនឹងពាក្យហាមឃាត់របស់ព្រះ ដែលថាការមិនគោរពស្ដាប់បង្គាប់នាំឲ្យមានសេចក្ដីស្លាប់។ (លោកុប្បត្តិ ៣:៤) ពេលវេលាក៏បានកន្លងទៅ បានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងថា មនុស្សបានស្លាប់ដូចពាក្យបន្ទូលរបស់ព្រះមែន។ ដូច្នេះ ជាច្រើនសតវត្សកន្លងទៅនេះ សាតាំងបន្ថែមពាក្យភូតភរមួយទៀត—ថាវិញ្ញាណនៃមនុស្សគង់នៅទៀតក្រោយពីរូបកាយបានស្លាប់ទៅ។ ការបំភាន់បែបនេះគឺសមនឹងអារក្សសាតាំងមែន ពីព្រោះព្រះយេស៊ូវបានពិពណ៌នាវាជា‹ឪពុកនៃសេចក្ដីភូតភរ›។ (យ៉ូហាន ៨:៤៤) តែផ្ទុយទៅវិញ ដំណោះស្រាយរបស់ព្រះចំពោះសេចក្ដីស្លាប់ គឺជាកិច្ចសន្យាដ៏គួរឲ្យលើកទឹកចិត្តមួយ។
តើកិច្ចសន្យាអ្វី?
គឺជាកិច្ចសន្យានៃសេចក្ដីរស់ឡើងវិញចំពោះមនុស្សជាច្រើន។ ពាក្យភាសាក្រិកដែលប្រែជា«សេចក្ដីរស់ឡើងវិញ»គឺអាណាស្ទាស៊ីស។ ពាក្យនេះមានន័យចំៗថា «ការក្រោកឈរឡើងវិញ» ហើយពាក្យនេះសំដៅទៅលើការងើបឡើងពីសេចក្ដីស្លាប់។ ត្រូវហើយ មនុស្សដេកក្នុងសេចក្ដីស្លាប់ ប៉ុន្តែតាមរយៈឥទ្ធិឫទ្ធិរបស់ទ្រង់ ព្រះអាចប្រោសបុគ្គលឲ្យងើបឡើងវិញបាន។ មនុស្សអាចបាត់បង់ជីវិតខ្លួន ប៉ុន្តែព្រះអាចផ្ដល់ឲ្យជីវិតនោះមកគាត់វិញបាន។ ព្រះយេស៊ូវគ្រីស្ទជារាជបុត្រារបស់ព្រះ បានមានបន្ទូលថា៖ «ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) សាវកប៉ុលបានសម្ដែង«សេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) លោកយ៉ូបជាអ្នកបំរើរបស់ព្រះដ៏ស្មោះត្រង់ម្នាក់ នៅពីមុនសម័យគ្រីស្ទាន ក៏បានសម្ដែងសេចក្ដីសង្ឃឹមក្នុងសេចក្ដីរស់ឡើងវិញដែរ៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប»។—យ៉ូប ១៤:១៤, ១៥
តើកិច្ចសន្យាអំពីសេចក្ដីរស់ឡើងវិញយ៉ាងច្បាស់នេះ មិនបញ្ជាក់ឲ្យឃើញថាជំនឿដែលថាមនុស្សស្លាប់នៅមានជីវិតជាវិញ្ញាណរស់នៅជាការខុសទេឬ? បើសិនជាមនុស្សស្លាប់នៅមានជីវិត ហើយរស់នៅក្នុងស្ថានសួគ៌ឬនៅក្នុងពិភពវិញ្ញាណណាមួយ តើគោលបំណងនៃសេចក្ដីរស់ឡើងវិញមានប្រយោជន៍អ្វីទៅ? តើពួកគេមិនទទួលរង្វាន់ឬវាសនារបស់គេរួចហើយទេឬអ្វី? ការសិក្សាបន្ទូលរបស់ព្រះសម្ដែងឲ្យឃើញថា មនុស្សស្លាប់គឺពិតជាស្លាប់ ឥតដឹងអ្វីឡើយ ដេកលក់ទំរាំដល់ការភ្ញាក់យ៉ាងធំតាមរយៈសេចក្ដីរស់ឡើងវិញ នៅក្នុងពិភពលោកថ្មី—ក្នុងទីមនោរម្យមួយ—ដែលព្រះយេហូវ៉ាជាព្រះវរបិតាដ៏មានសេចក្ដីស្រឡាញ់របស់យើងបានសន្យាមក។ ប៉ុន្តែ បើសិនជាសេចក្ដីស្លាប់មិនមែនមានន័យថា ការបែកខ្ញែកនៃរាងកាយនិងវិញ្ញាណ ហើយបើសិនជាវិញ្ញាណមិនរស់នៅតទៅទៀតនោះ ចុះយ៉ាងណាវិញដែរ ចំពោះករណីជាច្រើនដែលបង្ហាញឲ្យឃើញការធ្វើគមនាគមន៍ពីពិភពវិញ្ញាណនោះ?
គមនាគមន៍ពីវិស័យវិញ្ញាណ
មានករណីជាច្រើនរាប់ពុំអស់ដែលត្រូវបានរាយការណ៍មកអំពីការធ្វើគមនាគមន៍ ដែលសន្មតថាមកពីវិស័យវិញ្ញាណ។ តើពួកគេមានដើមកំណើតពិតប្រាកដពីណាមក? ព្រះគម្ពីរព្រមានយើងថា«អារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ»។ (កូរិនថូសទី២ ១១:១៤, ១៥) មែនហើយ ដើម្បីនឹងបំភាន់ហើយវង្វេងមនុស្សឲ្យបានយ៉ាងស្រួលនោះ ពួកអារក្ស (ពួកទេវតាដែលបះបោរ) បានធ្វើគមនាគមន៍ជាមួយពួកមនុស្សនៅរស់ ហើយជួនកាលតាំងខ្លួនជាអ្នកជួយពួកគេផង។
សាវកប៉ុលផ្ដល់ឲ្យការព្រមានថែមទៀតអំពីយុទ្ធការនៃការបោកបញ្ឆោតនេះថា៖ «អ្នកខ្លះនឹងលាកចាកចេញពីសេចក្ដីជំនឿ ដោយស្ដាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស»។ (ធីម៉ូថេទី១ ៤:១) ដូច្នេះ ការតបឆ្លើយណាដែលសន្មតថាមកពីមនុស្សស្លាប់នោះ គឺច្បាស់ជាមកពីពួកអារក្សទេ ដែលក្លែង«ខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិត» ហើយផ្សព្វផ្សាយពាក្យភូតភរនៃសាសនា បណ្ដាលឲ្យមនុស្សធ្វើជាខ្ញុំនឹងជំនឿឆ្វេង ដែលនាំពួកគេចេញពីសេចក្ដីពិតនៃបន្ទូលរបស់ព្រះ។
ក្នុងការបញ្ជាក់ថា មនុស្សស្លាប់មិនអាចនិយាយ ធ្វើអ្វី ឬអាចប៉ះពាល់អ្វីសោះនោះ ទំនុកដំកើង ១៤៦:៣, ៤, [ពថ] ចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំៗ ឬនឹងពូជពង្សនៃមនុស្សណាឡើយ ពីព្រោះសេចក្ដីសង្គ្រោះមិនរបស់ផងគេទេ។ វិញ្ញាណរបស់គាត់ចេញទៅ គាត់ក៏ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គាត់ក៏សូន្យបាត់ដែរ»។ តើវិញ្ញាណដែល«ចេញទៅ»នោះជាអ្វី? គឺកំឡាំងជីវិតរបស់បុគ្គលដែលបានជួយទ្រទ្រង់ដោយការដកដង្ហើម។ ដូច្នេះ នៅពេលដែលមនុស្សស្លាប់បានឈប់ដកដង្ហើម ប្រសាទរបស់គាត់ក៏លែងដើរទៀតដែរ។ គាត់ចូលក្នុងស្ថានភាពដែលឥតដឹងអ្វីសោះឡើយ។ ដូច្នេះ គាត់មិនអាចកាន់កាប់លើពួកអ្នកនៅរស់បានឡើយ។
ដូច្នោះហើយបានជាព្រះគម្ពីរប្រៀបធៀបសេចក្ដីស្លាប់របស់មនុស្សទៅនឹងសេចក្ដីស្លាប់នៃសត្វ ដោយចែងថា នៅពេលស្លាប់ទៅ ពួកគេទាំងពីរឥតដឹងអ្វីឡើយ ហើយពីព្រោះពួកគេត្រូវបានបង្កើតមកពីធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញដែរ។ សាស្ដា ៣:១៩, ២០ ចែងថា៖ «ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត»។
ព្រះយេហូវ៉ាទ្រង់ជ្រាបថា ពួកអារក្សវាខំព្យាយាមបំភាន់មនុស្សឲ្យគិតថា គេអាចធ្វើគមនាគមន៍ជាមួយមនុស្សស្លាប់ឬមនុស្សស្លាប់មានឥទ្ធិពលលើគេ ដូច្នេះហើយបានជាទ្រង់បានព្រមានប្រជារាស្ត្រអ៊ីស្រាអែលពីបុរាណរបស់ទ្រង់ថា៖ «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ . . . គ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់»។—ចោទិយកថា ១៨:១០-១២
យ៉ាងច្បាស់ណាស់ គំនិតដែលថាមនុស្សស្លាប់អាចធ្វើទុក្ខដល់យើង មិនមែនមកពីព្រះទេ។ ទ្រង់ជាព្រះនៃសេចក្ដីពិត។ (ទំនុកដំកើង ៣១:៥; យ៉ូហាន ១៧:១៧) ហើយទ្រង់មានអនាគតដ៏អស្ចារ្យទុកសំរាប់អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ដែលថ្វាយបង្គំទ្រង់«ដោយវិញ្ញាណនឹងសេចក្ដីពិត»។—យ៉ូហាន ៤:២៣, ២៤
ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិតនិងសេចក្ដីស្រឡាញ់
ព្រះវរបិតាសួគ៌ាដែលមានសេចក្ដីស្រឡាញ់របស់យើង ដែល«មិនចេះភូត» ទ្រង់បានសន្យាថា៖ មនុស្សរាប់លាននាក់ដែលបានស្លាប់ទៅ ហើយដែលត្រូវបានកប់ក្នុងផ្នូរនោះ នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដោយមានសេចក្ដីសង្ឃឹមនៃជីវិតជាអនន្តនៅក្នុងពិភពលោកថ្មីនៃសេចក្ដីសុចរិត! (ទីតុស ១:១, ២; យ៉ូហាន ៥:២៨) កិច្ចសន្យាដែលប្រកបដោយសេចក្ដីស្រឡាញ់ចំពោះសេចក្ដីរស់ឡើងវិញនេះ សម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅ នឹងសុខុមាលភាពរបស់មនុស្សដែលទ្រង់បានបង្កើតមក ហើយក៏ប្រាថ្នាចង់បំបាត់ចោលនូវសេចក្ដីស្លាប់ ទុក្ខសោក និងការឈឺចាប់។ ដូច្នេះ យើងមិនត្រូវខ្លាចពួកមនុស្សស្លាប់ ឬមានចិត្តខ្វល់ខ្វាយហួសហេតុអំពីពួកគេនិងអនាគតរបស់គេឡើយ។ (អេសាយ ២៥:៨, ៩; វិវរណៈ ២១:៣, ៤) ព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីស្រឡាញ់និងយុត្ដិធម៌ អាចប្រោសពួកគេឲ្យរស់ឡើងវិញ ដោយកំចាត់ចោលនូវសេចក្ដីស្លាប់។
ព្រះគម្ពីរជាបន្ទូលរបស់ព្រះ មានការពិពណ៌នាជាច្រើនអំពីស្ថានភាពនៅលើផែនដីនៅក្នុងពិភពលោកថ្មីនៃសេចក្ដីសុចរិតដែលបានសន្យាមក។ (ទំនុកដំកើង ៣៧:២៩; ពេត្រុសទី២ ៣:១៣) នៅគ្រានោះ ជាគ្រាដែលមានសន្ដិភាពនិងសុភមង្គលដល់មនុស្សគ្រប់គ្នា។ (ទំនុកដំកើង ៧២:៧; អេសាយ ៩:៧; ១១:៦-៩; មីកា ៤:៣, ៤) មនុស្សគ្រប់គ្នានឹងបានសុខសាន្ត លំនៅដ៏ល្អៗ ព្រមទាំងមានកិច្ចការដែលនឹងចូលចិត្តធ្វើផង។ (អេសាយ ៦៥:២១-២៣) គឺនឹងមានរបស់ល្អៗជាបរិបូរ ដើម្បីឲ្យមនុស្សគ្រប់គ្នាបរិភោគ។ (ទំនុកដំកើង ៦៧:៦; ៧២:១៦) មនុស្សគ្រប់គ្នានឹងមានសុខភាពល្អ។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) ថ្វីបើពួកសាវកនិងពួកមនុស្សឯទៀតមួយចំនួននឹងគ្រប់គ្រងនៅលើស្ថានសួគ៌ជាមួយព្រះយេស៊ូវក្ដី ព្រះគម្ពីរមិនបានចែងអំពីស្ថានភាពដ៏ប្រសិទ្ធិពរនៅក្នុងស្ថានសួគ៌សំរាប់ព្រលឹងនៃអ្នកឯទៀតក្រោយពីស្លាប់ទៅនោះទេ។ (វិវរណៈ ៥:៩, ១០; ២០:៦) នេះជាការគួរឲ្យចំឡែកណាស់ បើសិនជាមនុស្សរាប់កោដិនាក់ដែលបានស្លាប់ទៅនៅតែមានជីវិតក្រោយពីស្លាប់នោះ។
ប៉ុន្តែនេះមិនជាការចំឡែកទេ នៅពេលដែលយើងយល់ដឹងពីការបង្រៀនដ៏ច្បាស់របស់ព្រះគម្ពីរ ដែលថា៖ មនុស្សស្លាប់បានឈប់ធ្វើជាព្រលឹងរស់ទៀត។ ពួកគេមិនអាចធ្វើទុក្ខដល់អ្នកទេ។ អស់អ្នកដែលនៅក្នុងផ្នូរ គ្រាន់តែសំរាកដោយឥតដឹងខ្លួន រហូតដល់គ្រាកំណត់ដែលព្រះនឹងប្រោសពួកគេឲ្យរស់ឡើងវិញ។ (សាស្ដា ៩:១០; យ៉ូហាន ១១:១១-១៤, ៣៨-៤៤) បើដូច្នេះ សេចក្ដីសង្ឃឹមនិងសេចក្ដីប្រាថ្នារបស់យើងគឺស្រេចទៅលើព្រះ។ «យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់»។—អេសាយ ២៥:៩
[រូបភាពនៅទំព័រ៧]
ដូចជាពាក្យបន្ទូលរបស់ព្រះបង្ហាញយ៉ាងច្បាស់ថា ពួកមនុស្សស្លាប់គឺអសកម្ម រហូតដល់សេចក្ដីរស់ឡើងវិញ