បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១ ទំ. ១៩-២៤
  • តើអ្នកបង្រៀនដូចព្រះយេស៊ូវទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកបង្រៀនដូចព្រះយេស៊ូវទេ?
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​ចិត្ត
  • ព្រះ​យេស៊ូវ​បាន​បន្ទន់​ទៅ​តាម​កាល​ណា​សេចក្ដី​ស្រឡាញ់​ប្រាប់​ថា​ត្រឹម​ត្រូវ
  • ក្លាយ​ទៅ​ជា «បុត្រ​នៃ​ក្រិត្យ​វិន័យ»
  • ព្រះ​យេស៊ូវ​ស្រឡាញ់​និង​មាន​ព្រះ​ទ័យ​អធ្យាស្រ័យ​ដល់​ពួក​ក្មេង​ៗ
  • ‹ពេលកំណត់បានមកដល់ហើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ព្រះយេស៊ូគ្រិស្ដ សាសនទូតដ៏ប្រសប់បំផុត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ព្រះយេស៊ូសម្ដែងឲ្យឃើញ«ប្រាជ្ញាដែលមកពីព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • «ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត»តាម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១ ទំ. ១៩-២៤

តើ​អ្នក​បង្រៀន​ដូច​ព្រះ​យេស៊ូវ​ទេ?

«បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ»។—ម៉ាថាយ ៧:២៨, ២៩

១. តើ​ពួក​ណា​បាន​ដើរ​តាម​ព្រះ​យេស៊ូវ កាល​ដែល​ទ្រង់​បង្រៀន​នៅ​ស្រុក​កាលីឡេ ហើយ​តើ​ព្រះ​យេស៊ូវ​មាន​ប្រតិកម្ម​យ៉ាង​ណា?

កន្លែង​ណា​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ បណ្ដា​ជន​ក៏​បាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ទាំង​ហ្វូង​ៗ​ដែរ។ «ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលីឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្ដា​ជន​ឲ្យ​ជា​ផង»។ កាល​ដែល​ដំណឹង​នៃ​សកម្មភាព​របស់​ទ្រង់​ត្រូវ​បាន​ឮ​សុសសាយ «មាន​មនុស្ស​កក​កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ពី​ក្រុង​យេរូសាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់»។ (ម៉ាថាយ ៤:២៣, ២៥) កាល​ទ្រង់​ឃើញ​ពួក​គេ នោះ«ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ កាល​ដែល​ទ្រង់​កំពុង​តែ​បង្រៀន ពួក​គេ​អាច​ដឹង​នូវ​ការ​អាណិត​អាសូរ ឬ​សេចក្ដី​ស្រឡាញ់​យ៉ាង​ថ្នាក់​ថ្នម​ដែល​ទ្រង់​មាន​ចំពោះ​ពួក​គេ គឺ​ប្រៀប​ដូច​ជា​ក្រមួន​លាប​លើ​ដំបៅ​របស់​គេ​ឲ្យ​ធូរ​ស្បើយ ដែល​បាន​ទាក់​ទាញ​ពួក​គេ​ឲ្យ​មក​ជិត​ទ្រង់។—ម៉ាថាយ ៩:៣៥, ៣៦

២. ក្រៅ​ពី​អព្ភូតហេតុ​ទាំង​ឡាយ​របស់​ព្រះ​យេស៊ូវ តើ​អ្វី​ទៀត​ដែល​ទាក់​ទាញ​បណ្ដា​មនុស្ស?

២ ព្រះ​យេស៊ូវ​បាន​ប្រោស​រូប​រាង​កាយ​ឲ្យ​ជា​តាម​បែប​យ៉ាង​អស្ចារ្យ—ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​បាន​ស្អាត មនុស្ស​ថ្លង់​ឮ មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ មនុស្ស​ស្លាប់​រស់​ឡើង​វិញ! ពិត​មែន​ហើយ ការ​សម្ដែង​យ៉ាង​អស្ចារ្យ​នូវ​ឥទ្ធិ​ឫទ្ធិ​នៃ​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​យេស៊ូវ បាន​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​ទាំង​ហ្វូង​ៗ​មែន! ប៉ុន្តែ មិន​មែន​ដោយ​សារ​តែ​អព្ភូតហេតុ​ប៉ុណ្ណោះ​ទេ ដែល​ទាក់​ទាញ​មនុស្ស​ទាំង​នោះ ពួក​គេ​ក៏​បាន​មក​ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ​ដែរ តាម​រយៈ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ។ សូម​កត់​សំគាល់​នូវ​ប្រតិកម្ម​របស់​ពួក​គេ ក្រោយ​ពី​បាន​ឮ​ធម្មទាន​ដ៏​ល្បី​ដែល​ទ្រង់​បាន​ថ្លែង​នៅ​លើ​ភ្នំ​អូលីវ៖ «កាល​ព្រះ​យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ»។ (ម៉ាថាយ ៧:២៨, ២៩) ពួក​រ៉ាបាយ​បាន​ស្រង់​យក​ទំនៀម​ទំលាប់​ពី​ពួក​រ៉ាបាយ​នៅ​សម័យ​បុរាណ មក​ធ្វើ​ជា​ប្រភព​នៃ​សេចក្ដី​បង្រៀន​របស់​គេ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​បណ្ដា​មនុស្ស ដោយ​មាន​ប្រភព​ពី​ព្រះ៖ «សេចក្ដី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះ​វរបិតា​បាន​ប្រាប់​មក»។—យ៉ូហាន ១២:៥០

សេចក្ដី​បង្រៀន​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​ចិត្ត

៣. តើ​វិធី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន មាន​សភាព​ខុស​គ្នា​យ៉ាង​ណា ពី​ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារិស៊ី?

៣ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ និង​សេចក្ដី​បង្រៀន​របស់​ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារិស៊ី មិន​ត្រឹម​តែ​មាន​សាច់​រឿង​ខុស​គ្នា​ប៉ុណ្ណោះ—គឺ​សេចក្ដី​ពិត​អំពី​ព្រះ ផ្ទុយ​នឹង​ទំនៀម​ទំលាប់​ជា​បន្ទុក​ធ្ងន់​ដែល​មក​ពី​មនុស្ស—ប៉ុន្តែ​វិធី​បង្រៀន​ក៏​ខុស​គ្នា​ដែរ។ ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារិស៊ី មាន​ឫកពា​ក្រអឺត​ក្រអោង​និង​តឹង​រ៉ឹង ទាម​ទារ​យ៉ាង​មានះ​រក​តែ​ឋានន្តរ​ខ្ពស់​ៗ និង​និយាយ​មើល​ងាយ​ដល់​បណ្ដា​ជន ដោយ​ហៅ​ពួក​គេ​ជា«មនុស្ស​ត្រូវ​បណ្ដាសា»។ រីឯ​ព្រះ​យេស៊ូវ​វិញ ទ្រង់​សុភាពរាបសា ស្លូត​បូត សប្បុរស សមានចិត្ត ហើយ​តែង​តែ​បន្ទន់​ទៅ​តាម ហើយ​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ដល់​បណ្ដា​មនុស្ស។ ព្រះ​យេស៊ូវ​មិន​ត្រឹម​តែ​បង្រៀន​ដោយ​ប្រើ​ពាក្យ​ពិត​ៗ ទ្រង់​ថែម​ទាំង​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ពី​ដួង​ព្រះ​ទ័យ​របស់​ទ្រង់ ដែល​តម្រង់​ទៅ​ឯ​ចិត្ត​របស់​អ្នក​ស្ដាប់​ទាំង​ឡាយ។ សារ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំណរ​របស់​ទ្រង់ បាន​ទាញ​អារម្មណ៍​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់ បាន​បណ្ដាល​ឲ្យ​ពួក​គេ​មក​ឯ​ព្រះ​វិហារ​ពី​ព្រលឹម​ដើម្បី​ស្ដាប់​ទ្រង់ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​តាម​ទ្រង់​ជាប់ ព្រម​ទាំង​ស្ដាប់​ទ្រង់​ដោយ​ចិត្ត​រីករាយ។ ពួក​គេ​បាន​នាំ​គ្នា​មក​ស្ដាប់​ទ្រង់​ទាំង​ហ្វូង​ៗ ដោយ​បន្លឺ​ឡើង​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។—យ៉ូហាន ៧:៤៦​-​៤៩; ម៉ាកុស ១២:៣៧; លូកា ៤:២២; ១៩:៤៨; ២១:៣៨

៤. ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍?

៤ ប្រាកដ​ហើយ មូលហេតុ​មួយ​ដែល​បណ្ដា​មនុស្ស​បាន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​បង្រៀន​របស់​ទ្រង់ គឺ​ការ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច។ ព្រះ​យេស៊ូវ​បាន​ទត​ឃើញ​របស់​អ្វី​ៗ​ដែល​អ្នក​ឯ​ទៀត​បាន​មើល​ឃើញ​ដែរ ប៉ុន្តែ​ទ្រង់​បាន​គិត​ឃើញ​អ្វី​ៗ​ដែល​ពួក​គេ​មិន​ដែល​បាន​គិត​ឃើញ​សោះ​ឡើយ។ របស់​ដូច​ជា​ផ្កា​ឈូក​នៅ​ក្នុង​បឹង បក្សី​កំពុង​តែ​ធ្វើ​សំបុក មនុស្ស​សាប​ព្រោះ​ពូជ អ្នក​គង្វាល​រក​ឃើញ​កូន​ចៀម​ដែល​បាន​បាត់ ស្ត្រី​ដែល​កំពុង​តែ​ប៉ះ​ខោ​អាវ​ចាស់​ៗ កូន​ក្មេង​កំពុង​តែ​លេង​នៅ​ទី​ផ្សារ អ្នក​នេសាទ​កំពុង​តែ​ទាញ​អួន​របស់​គេ—ទាំង​អស់​នេះ​ជា​របស់​ធម្មតា​ដែល​មនុស្ស​មើល​ឃើញ—តែ​មិន​មែន​ជា​របស់​ធម្មតា​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​យេស៊ូវ​ឡើយ។ ទី​ណា​ដែល​ទ្រង់​បាន​ទត​មើល ទ្រង់​តែង​តែ​ទត​ឃើញ​របស់​ដែល​ទ្រង់​អាច​ប្រើ ដើម្បី​ពន្យល់​អំពី​ព្រះ​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​សង្គម​មនុស្ស​ដែល​នៅ​ជុំ​វិញ​ទ្រង់។

៥. តើ​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី ហើយ​អ្វី​បាន​ធ្វើ​ឲ្យ​ប្រស្នា​របស់​ទ្រង់​មាន​ប្រសិទ្ធិភាព?

៥ ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ មាន​មូលដ្ឋាន​ទៅ​លើ​របស់​ធម្មតា ដែល​មនុស្ស​ធ្លាប់​ឃើញ​ជា​ច្រើន​លើក​ច្រើន​សា ហើយ​កាល​ណា​សេចក្ដី​ពិត​ត្រូវ​បាន​ពន្យល់ ដោយ​ទាក់​ទិន​នឹង​របស់​ដែល​ធ្លាប់​ឃើញ​ទាំង​នេះ នោះ​រហ័ស​ផ្ដិត​ជាប់​ក្នុង​គំនិត​ពួក​អ្នក​ស្ដាប់​បាន​យ៉ាង​ជ្រៅ។ សេចក្ដី​ពិត​បែប​នេះ​មិន​ត្រឹម​តែ​បាន​ឮ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទៅ​ជា​រូប​ភាព​ជាប់​នៅ​ក្នុង​ចិត្ត​គំនិត ដែល​អាច​រំឭក​ឡើង​វិញ​បាន​យ៉ាង​ស្រួល​នៅ​ពេល​ក្រោយ។ ប្រស្នា​របស់​ព្រះ​យេស៊ូវ​ត្រូវ​បាន​សំគាល់​ជា​ងាយ​ស្រួល ឥត​មាន​អ្វី​សាំញ៉ាំ​ធ្វើ​ឲ្យ​រំខាន​និង​បង្អាក់​ដល់​ការ​យល់​ដឹង​សេចក្ដី​ពិត​ឡើយ។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​ប្រស្នា​ដែល​ស្តី​អំពី​ជន​ជាតិ​សាម៉ារី​ដ៏​ល្អ​ម្នាក់។ អ្នក​អាច​យល់​យ៉ាង​ច្បាស់​ថា​តើ​អ្នក​ជិត​ខាង​ដ៏​ល្អ​នោះ​ជា​អ្នក​ណា។ (លូកា ១០:២៩​-​៣៧) បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​ផ្ដល់​ឲ្យ​ពាក្យ​ប្រៀប​ប្រដូច​មួយ​ទៀត​ស្តី​អំពី​កូន​ប្រុស​ពីរ​នាក់—កូន​មួយ​ថា វា​នឹង​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ ប៉ុន្តែ​មិន​បាន​ទៅ​ទេ រីឯ​កូន​ម្នាក់​ទៀត​ដែល​ថា​មិន​ទៅ បែរ​ជា​ទៅ​ធ្វើ​វិញ។ អ្នក​រហ័ស​យល់​ពី​អត្ថន័យ​ខ្លឹម​សារ​នៃ​ការ​គោរព​ពិត​ប្រាកដ៖ គឺ​ត្រូវ​ធ្វើ​កិច្ច​ការ​ណា​ដែល​បាន​ចាត់​ឲ្យ​ធ្វើ។ (ម៉ាថាយ ២១:២៨​-​៣១) គ្មាន​គំនិត​ណា​រវើ​រវាយ ឬ​មនុស្ស​ងងុយ​ដេក​ក្នុង​កំឡុង​ពេល​ការ​បង្រៀន​ដ៏​រស់​រវើក​របស់​ព្រះ​យេស៊ូវ​ឡើយ។ ពួក​គេ​រវល់​តែ​នឹង​ស្ដាប់​ផង​មើល​ផង។

ព្រះ​យេស៊ូវ​បាន​បន្ទន់​ទៅ​តាម​កាល​ណា​សេចក្ដី​ស្រឡាញ់​ប្រាប់​ថា​ត្រឹម​ត្រូវ

៦. នៅ​ពេល​ណា​ទើប​ការ​សម​ហេតុ​សម​ផល ឬ​ការ​បន្ទន់​ទៅ​តាម​ជា​ការ​មាន​ប្រយោជន៍?

៦ កាល​ណា​ព្រះ​គម្ពីរ​ថ្លែង​អំពី​សេចក្ដី​សម​ហេតុ​សម​ផល ភាគ​ច្រើន​នឹង​មាន​កំណត់​ចំណាំ​បង្ហាញ​ថា នេះ​មាន​ន័យ​ជា​ការ​បន្ទន់​ទៅ​តាម។ ប្រាជ្ញា​ពី​ព្រះ​នឹង​បន្ទន់​ទៅ​តាម បើ​កាល​ណា​មាន​កាលៈទេសៈ​ពិសេស។ នៅ​ពេល​ខ្លះ យើង​ត្រូវ​តែ​សម​ហេតុ​សម​ផល ឬ​ចេះ​បន្ទន់​ទៅ​តាម។ ពួក​អ្នក​ចាស់​ទុំ​គួរ​តែ​សុខ​ចិត្ត​បន្ទន់​ទៅ​តាម បើ​កាល​ណា​សេចក្ដី​ស្រឡាញ់​ប្រាប់​ថា​ត្រឹម​ត្រូវ ហើយ​បើ​ការ​ប្រែ​ចិត្ត​សម​នឹង​បាន​ការ​នេះ។ (ធីម៉ូថេ​ទី​១ ៣:៣; យ៉ាកុប ៣:១៧) ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​យ៉ាង​អស្ចារ្យ​ចំពោះ​ការ​បន្ទន់​ទៅ​តាម ដោយ​ធ្វើ​ការ​លើក​លែង​ចំពោះ​ច្បាប់​ទូទៅ កាល​ណា​មនុស្ស​ត្រូវ​ការ​សេចក្ដី​មេត្ដា​ករុណា ឬ​ការ​អាណិត​អាសូរ។

៧. តើ​មាន​គំរូ​ណា​ខ្លះ ដែល​បង្ហាញ​ពី​ការ​បន្ទន់​ទៅ​តាម​នៃ​ព្រះ​យេស៊ូវ?

៧ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ដែរ»។ ប៉ុន្តែ ពេល​ដែល​ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​បី​ដង ទ្រង់​មិន​បាន​បោះ​បង់​ចោល​ពេត្រុស​ទេ។ គឺ​មាន​កាលៈទេសៈ​ពិសេស​ជា​ច្រើន​ដែល​ព្រះ​យេស៊ូវ​ច្បាស់​ជា​បាន​យក​មក​ពិនិត្យ​ពិច័យ។ (ម៉ាថាយ ១០:៣៣; លូកា ២២:៥៤​-​៦២) មាន​កាលៈទេសៈ​ពិសេស​មួយ​ទៀត ពេល​ដែល​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម បាន​បំពាន​លើ​ច្បាប់​នៃ​លោក​ម៉ូសេ ដោយ​ដើរ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស។ ព្រះ​យេស៊ូវ​មិន​បាន​ថ្កោល​ទោស​នឹង​នាង​ទេ។ ទ្រង់​មាន​ព្រះ​ទ័យ​យោគ​យល់​ដល់​ស្ថានការណ៍​ទាល់​ច្រក​របស់​នាង។ (ម៉ាកុស ១:៤០​-​៤២; ៥:២៥​-​៣៤; សូម​មើល លូកា ៥:១២, ១៣ ដែរ) ព្រះ​យេស៊ូវ​បាន​បង្គាប់​ពួក​សាវក​របស់​ទ្រង់ កុំ​ឲ្យ​ប្រាប់​នរណា​ថា​ទ្រង់​ជា​ព្រះ​មែ​ស៊ី តែ​ទ្រង់​ពុំ​បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​សេចក្ដី​បង្គាប់​នោះ​ទេ ពី​ព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​នៅ​ឯ​អណ្ដូង​ថា​ទ្រង់​ជា​ព្រះ​មែ​ស៊ី។ (ម៉ាថាយ ១៦:២០; យ៉ូហាន ៤:២៥, ២៦) ក្នុង​ករណី​ទាំង​នេះ យើង​ឃើញ​ថា​សេចក្ដី​ស្រឡាញ់ មេត្ដា​ធម៌ និង​ការ​អាណិត​អាសូរ​បាន​ធ្វើ​ឲ្យ​ការ​បន្ទន់​ទៅ​តាម​នេះ​ជា​ការ​ត្រឹម​ត្រូវ។—យ៉ាកុប ២:១៣

៨. នៅ​ពេល​ណា​ទើប​ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារិស៊ី​បន្ទន់​ទៅ​តាម ហើយ​នៅ​ពេល​ណា​ដែល​ពួក​គេ​មិន​បន្ទន់​ទៅ​តាម?

៨ នេះ​ជា​ការ​ផ្ទុយ​ទៅ​វិញ ចំពោះ​ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារិស៊ី​ដែល​ជា​អ្នក​មិន​ចេះ​បន្ទន់​ទៅ​តាម។ ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​គេ ពួក​គេ​នឹង​បំពាន​លើ​ទំនៀម​ទំលាប់​នៃ​ថ្ងៃ​ឈប់​សំរាក ដោយ​ដឹក​គោ​របស់​គេ​ឲ្យ​ទៅ​ផឹក​ទឹក។ ឬ​បើ​សិន​ជា​គោ ឬ​កូន​របស់​គេ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង ពួក​គេ​នឹង​បំពាន​លើ​វិន័យ​នៃ​ថ្ងៃ​ឈប់​សំរាក ដោយ​យក​វា​ចេញ​មក។ រីឯ​ចំពោះ​មនុស្ស​ធម្មតា​វិញ ពួក​គេ​មិន​បន្ទន់​ទៅ​តាម​ទេ សូម្បី​តែ​បន្ដិច​ក៏​គ្មាន​ដែរ! ពួក​គេ«មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង»។ (ម៉ាថាយ ២៣:៤; លូកា ១៤:៥) ចំពោះ​ព្រះ​យេស៊ូវ មនុស្ស​គឺ​សំខាន់​ជាង​វិន័យ​ទាំង​នោះ ចំពោះ​ពួក​ផារិស៊ី​វិញ វិន័យ​គឺ​សំខាន់​ជាង​មនុស្ស។

ក្លាយ​ទៅ​ជា «បុត្រ​នៃ​ក្រិត្យ​វិន័យ»

៩, ១០. ក្រោយ​ពី​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម តើ​មាតា​បិតា​របស់​ព្រះ​យេស៊ូវ​បាន​រក​ឃើញ​ទ្រង់​នៅ​ទី​ណា ហើយ​សំនួរ​របស់​ព្រះ​យេស៊ូវ​មាន​ខ្លឹម​សារ​យ៉ាង​ណា?

៩ អ្នក​ខ្លះ​ពោល​ដោយ​ស្ដាយ​ថា ក្នុង​កំឡុង​កុមារភាព​នៃ​ព្រះ​យេស៊ូវ មាន​តែ​ឧប្បត្ដិហេតុ​តែ​មួយ​គត់​ដែល​បាន​កត់​ទុក​មក។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​បាន​យល់​ច្បាស់​លាស់​នូវ​អត្ថន័យ​ខ្លឹម​សារ​នៃ​ព្រឹត្ដិការណ៍​នោះ​ឡើយ។ រឿង​នេះ​ត្រូវ​បាន​រាយ​ការណ៍​មក​នៅ លូកា ២:៤៦, ៤៧៖ «លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្ដាល​ពួក​អាចារ្យ​ក្នុង​ព្រះ​វិហារ កំពុង​តែ​ស្ដាប់ ហើយ​នឹង​សួរ​គេ ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំ​ឡើយ​របស់​ទ្រង់»។ វចនានុក្រម​សាសន​វិទ្យា​នៃ​គម្ពីរ​សញ្ញា​ថ្មី​របស់​ឃិតថិល បង្ហាញ​ថា ពាក្យ​ក្រិក​ដែល​ប្រែ​ជា«សួរ» ក្នុង​ករណី​នេះ មិន​មែន​មាន​ន័យ​ត្រឹម​តែ​ការ​ចង់​ដឹង​ចង់​ឮ​នៃ​កុមារ​ប៉ុណ្ណោះ​ទេ។ ពាក្យ​នេះ​អាច​សំដៅ​ទៅ​លើ​ការ​សួរ ដូច​ជា​ក្នុង​តុលាការ ក្នុង​ការ​ស៊ើប​អង្កេត ការ​សួរ​ចម្លើយ ព្រម​ទាំង​ដូច​ជា«ការ​ល្បង​សួរ និង​ការ​ប្រើ​សំនួរ​យ៉ាង​វាង​វៃ​នៃ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី»ដែល​បាន​ចែង​មក​នៅ ម៉ាកុស ១០:២ និង ១២:១៨​-​២៣។

១០ វចនានុក្រម​នេះ​បន្ថែម​ទៀត​ថា៖ «ចំពោះ​ការ​ប្រើ​នេះ . . . លូកា ២:៤៦ មិន​មែន​មាន​ន័យ​ជា​បញ្ហា​ខាង​ការ​ចង់​ដឹង​ចង់​ឮ​នៃ​កុមារ​ទេ តែ​ជា​ការ​ជជែក​វែក​ញែក​យ៉ាង​ជោគ​ជ័យ​របស់​កុមារ។ ខ​៤៧ សម​ត្រឹម​ត្រូវ​តាម​អត្ថន័យ​ខាង​ក្រោយ​នេះ។a ចំពោះ​ខ​៤៧ សេចក្ដី​បក​ប្រែ​របស់​លោក​រ៉ូធើរ៉េម​សម្ដែង​ការ​នេះ​ជា​ការ​ប្រទល់​មុខ​គ្នា​យ៉ាង​រំភើប៖ «ឥឡូវ​នេះ អស់​អ្នក​ដែល​បាន​ឮ​ទ្រង់​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ដោយ​ព្រោះ​តែ​ចំណេះ​និង​ចម្លើយ​របស់​ទ្រង់»។ ពាក្យ​ជា​រូប​ភាព​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​របស់​រូបឺតសុន បាន​ថ្លែង​ថា ការ​ស្ញប់​ស្ញែង​ឥត​ឈប់​ឈរ​របស់​គេ មាន​ន័យ​ថា«ពួក​គេ​មាន​ចិត្ត​អស្ចារ្យ​ដល់​ម្ល៉េះ​ដែល​ភ្នែក​របស់​គេ​សឹង​តែ​លៀន​ចេញ​មក»។

១១. តើ​នាង​ម៉ារា​និង​យ៉ូសែប​មាន​ប្រតិកម្ម​យ៉ាង​ណា បន្ទាប់​ពី​បាន​ឃើញ​និង​ឮ​ការ​ទាំង​នោះ ហើយ​តើ​វចនានុក្រម​ខាង​សាសន​វិទ្យា​មាន​មតិ​យ៉ាង​ណា?

១១ នៅ​ទី​បំផុត កាល​ដែល​មាតា​បិតា​របស់​ព្រះ​យេស៊ូវ​បាន​មក​ដល់​ព្រះ​វិហារ ពួក​គេ«នឹក​ប្លែក​ក្នុង​ចិត្ត»ដោយ​ព្រោះ​តែ​អ្វី​ៗ​ដែល​គេ​បាន​ឃើញ​និង​ឮ។ (លូកា ២:៤៨) ក្នុង​ន័យ​មួយ ព្រះ​យេស៊ូវ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ម្នាក់​ទៅ​ហើយ។ ហើយ​ចំពោះ​ឧប្បត្ដិហេតុ​នៅ​ក្នុង​ព្រះ​វិហារ​នេះ វចនានុក្រម​របស់​ឃិតថិល អះអាង​ថា «ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​វិវាទ​នេះ​តាំង​ពី​កុមារភាព​មក​ម្ល៉េះ ដែល​នៅ​ទី​បំផុត​ពួក​ប្រឆាំង​ទ្រង់​បាន​សុំ​ចុះ​ចាញ់»។

១២. តើ​ការ​ជជែក​នៅ​ពេល​ក្រោយ​នៃ​ព្រះ​យេស៊ូវ​ជា​មួយ​ពួក​មេ​ដឹក​នាំ​សាសនា សំគាល់​ឃើញ​យ៉ាង​ណា?

១២ ពួក​គេ​ពិត​ជា​បាន​សុំ​ចុះ​ចាញ់​មែន! ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ដោយ​ព្រោះ​តែ​ការ​ដេញ​ដោល​សួរ​បែប​នេះ ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​ពួក​ផារិស៊ី រហូត​ដល់​ពួក​គេ​លែង«ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត»។ (ម៉ាថាយ ២២:៤១​-​៤៦) រីឯ​ពួក​សាឌូស៊ី​ក៏​បាន​បិទ​មាត់​ស្ងាត់​ឈឹង​ដែរ​ចំពោះ​បញ្ហា​នៃ​ដំណើរ​រស់​ឡើង​វិញ ហើយ«គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ»។ (លូកា ២០:២៧​-​៤០) ពួក​អាចារ្យ​ខាង​វិន័យ​ក៏​មិន​បាន​ឈ្នះ​ដែរ។ បន្ទាប់​ពី​ម្នាក់​នៃ​ពួក​គេ​បាន​ជជែក​ជា​មួយ​ព្រះ​យេស៊ូវ «រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ»។—ម៉ាកុស ១២:២៨​-​៣៤

១៣. តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ឧប្បត្ដិហេតុ​នៅ​ព្រះ​វិហារ ជា​ការ​សំខាន់​ក្នុង​ជីវិត​នៃ​ព្រះ​យេស៊ូវ ហើយ​តើ​ទ្រង់​បាន​ដឹង​អ្វី​ទៀត​ពី​ការ​នេះ?

១៣ ហេតុ​អ្វី​ក៏​ឧប្បត្ដិហេតុ​រវាង​ព្រះ​យេស៊ូវ​និង​ពួក​គ្រូ​បង្រៀន​នៅ​ព្រះ​វិហារ ដែល​បាន​កើត​តាំង​ពី​កុមារភាព​នៃ​ទ្រង់ ត្រូវ​បាន​លើក​យក​មក​រាយ​រាប់​ដូច្នេះ? នេះ​ជា​ចំណុច​ប្រែ​ប្រួល​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​ព្រះ​យេស៊ូវ។ ពេល​ទ្រង់​មាន​អាយុ​១២​ឆ្នាំ ពួក​សាសន៍​យូដា​បាន​ហៅ​ទ្រង់​ជា«បុត្រ​នៃ​ក្រិត្យ​វិន័យ» ដែល​មាន​ភារៈ​ជា​អ្នក​ប្រតិបត្ដិ​តាម​បញ្ញត្ដិ​ទាំង​ឡាយ​នៃ​ក្រិត្យ​វិន័យ។ កាល​ដែល​នាង​ម៉ារា​បាន​ត្អូញ​ប្រាប់​ព្រះ​យេស៊ូវ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​នាង​និង​យ៉ូសែប​ពិបាក​ចិត្ត ការ​តប​ឆ្លើយ​នៃ​បុត្រ​របស់​នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទ្រង់​ប្រហែល​ជា​បាន​ដឹង​អំពី​បែប​អស្ចារ្យ​នៃ​ការ​ចាប់​កំណើត​និង​អនាគត​នៃ​មែ​ស៊ី​របស់​ទ្រង់។ យើង​អាច​ដឹង​រឿង​នេះ​បាន ដោយ​សារ​តែ​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ចំ​ៗ​ថា ព្រះ​ជា​ព្រះ​វរបិតា​របស់​ទ្រង់៖ «អ្នក​ម្ដាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​វរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី»? ជា​ចៃដន្យ ទាំង​នេះ​ជា​ពាក្យ​បន្ទូល​ដំបូង​ពី​ព្រះ​យេស៊ូវ ដែល​យើង​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ហើយ​គួរ​ឲ្យ​អស្ចារ្យ​ដែរ ពាក្យ​ទាំង​នេះ​បាន​បង្ហាញ​ថា​ទ្រង់​បាន​ដឹង​អំពី​គោល​បំណង​នៃ​ព្រះ​យេហូវ៉ា​ដែល​បាន​ចាត់​ឲ្យ​ទ្រង់​មក​ផែនដី​នេះ។ ដូច្នេះ​ហើយ ឧប្បត្ដិហេតុ​ទាំង​មូល​នេះ​ជា​អ្វី​ដែល​មាន​សារៈ​សំខាន់​ណាស់។—លូកា ២:៤៨, ៤៩

ព្រះ​យេស៊ូវ​ស្រឡាញ់​និង​មាន​ព្រះ​ទ័យ​អធ្យាស្រ័យ​ដល់​ពួក​ក្មេង​ៗ

១៤. តើ​ដំណើរ​រឿង​អំពី​ព្រះ​យេស៊ូវ​កាល​ពី​នៅ​ក្មេង ធ្វើ​ឲ្យ​ពួក​ក្មេង​ៗ​ដឹង​អំពី​ចំណុច​ដែល​គួរ​ចាប់​អារម្មណ៍​អ្វី?

១៤ ដំណើរ​រឿង​នេះ​គួរ​តែ​ធ្វើ​ឲ្យ​រំភើប​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​ពួក​ក្មេង​ៗ។ ការ​នេះ​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​ខំ​ព្យាយាម​សិក្សា ក្នុង​រយៈ​ពេល​ដែល​ទ្រង់​បាន​ធំ​លូត​លាស់​ពេញ​វ័យ​ឡើង។ ពួក​រ៉ាបាយ​ដែល​នៅ​ឯ​ព្រះ​វិហារ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ប្រាជ្ញា​នៃ​ក្មេង​អាយុ​១២​ឆ្នាំ​នេះ ដែល​ជា«បុត្រ​នៃ​ក្រិត្យ​វិន័យ»។ ប៉ុន្តែ​ទ្រង់​នៅ​តែ​ខំ​ធ្វើ​ការ​ជា​មួយ​យ៉ូសែប​នៅ​ក្នុង​រោង​ជាង​ឈើ ដោយ«បាន​នៅ​ក្នុង​ឱវាទ​របស់»គាត់​និង​នាង​ម៉ារា ហើយ​រឹត​តែ​បាន«ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ នឹង​ចិត្ត​មនុស្ស​ផង»។—លូកា ២:៥១, ៥២

១៥. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូវ​បាន​ជួយ​ទំនុក​បំរុង​ដល់​ពួក​ក្មេង​ៗ ក្នុង​កំឡុង​ពេល​កិច្ច​ការ​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី? ហើយ​តើ​ការ​នេះ​មាន​ន័យ​យ៉ាង​ណា​ដែរ ចំពោះ​ពួក​ក្មេង​ៗ​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ ព្រះ​យេស៊ូវ​បាន​ជួយ​ទំនុក​បំរុង​ដល់​ពួក​ក្មេង​ៗ ក្នុង​កំឡុង​ពេល​កិច្ច​ការ​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី៖ «ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់​ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ នឹង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ​វិហារ​ថា ហូសាណា ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា ‹ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ›​»។ (ម៉ាថាយ ២១:១៥, ១៦; ទំនុកដំកើង ៨:២) នៅ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​ជួយ​ទំនុក​បំរុង​ដល់​ពួក​ក្មេង​ៗ​រាប់​ពាន់​នាក់​ដែរ ដែល​កំពុង​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​គេ និង​កំពុង​តែ​បន្លឺ​ពាក្យ​សរសើរ ដែល​ពួក​គេ​ខ្លះ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​នេះ!

១៦. (ក) តើ​មេ​រៀន​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់ ពេល​ទ្រង់​យក​ក្មេង​ម្នាក់​ឲ្យ​ឈរ​នៅ​កណ្ដាល​ពួក​គេ? (ខ) តើ​នៅ​គ្រា​ដ៏​លំបាក​មួយ​ណា​ក្នុង​ព្រះ​ជន្ម​ទ្រង់ ដែល​ទ្រង់​នៅ​មាន​ពេល​សំរាប់​ពួក​ក្មេង​ៗ?

១៦ នៅ​ពេល​ដែល​ពួក​សាវក​បាន​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គេ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​សាវក​ទាំង​១២​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្ដាល​ជំនុំ រួច​ទ្រង់​បី​វា មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ»។ (ម៉ាកុស ៩:៣៥​-​៣៧) ម្យ៉ាង​ទៀត នៅ​ពេល​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ​បង្អស់ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិសោធន៍​ដែល​គួរ​ឲ្យ​រន្ធត់​និង​ទិវង្គត ទ្រង់​បាន​ឆ្លៀត​យក​ពេល​ដើម្បី​ចំណាយ​ជា​មួយ​ពួក​ក្មេង​ៗ៖ «ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ»។ បន្ទាប់​មក​ទ្រង់«ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង»។—ម៉ាកុស ១០:១៣​-​១៦

១៧. ហេតុ​អ្វី​ក៏​ស្រួល​ចំពោះ​ព្រះ​យេស៊ូវ​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ពួក​ក្មេង​ៗ ហើយ​តើ​ពួក​ក្មេង​ៗ​ត្រូវ​តែ​ចាំ​អ្វី​អំពី​ទ្រង់?

១៧ ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ពី​ស្ថានការណ៍​នៃ​ពួក​ក្មេង​ៗ​ដែល​រស់​នៅ​ក្នុង​ពិភព​នៃ​មនុស្ស​ពេញ​វ័យ។ ទ្រង់​ធ្លាប់​រស់​នៅ​ជា​មួយ​មនុស្ស​ពេញ​វ័យ បាន​ធ្វើ​ការ​ជា​មួយ​ពួក​គេ ធ្លាប់​ចុះ​ចូល​នឹង​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ទទួល​នូវ​អារម្មណ៍​ដ៏​កក់​ក្ដៅ​និង​សុខ​សប្បាយ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បាន​សម្ដែង​ដែរ។ ពួក​ក្មេង​ៗ​អើយ ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់​របស់​អ្នក ដ្បិត​ទ្រង់​បាន​ចូល​ទិវង្គត​សំរាប់​អ្នក​ទាំង​អស់ ហើយ​អ្នក​នឹង​រស់​នៅ​ជា​និរន្តរ៍​បាន បើ​សិន​ជា​អ្នក​គោរព​ប្រតិបត្ដិ​តាម​បញ្ញត្ដិ​ទាំង​ឡាយ​របស់​ទ្រង់។—យ៉ូហាន ១៥:១៣, ១៤

១៨. តើ​គំនិត​ដ៏​អស្ចារ្យ​អ្វី​ដែល​យើង​គួរ​តែ​ចង់​ចាំ ជា​ពិសេស​នៅ​គ្រា​ទុក្ខ​លំបាក ឬ​គ្រោះ​ថ្នាក់?

១៨ ការ​ប្រតិបត្ដិ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេស៊ូវ មិន​ជា​ពិបាក​ណាស់​ណា​ទេ។ ពួក​ក្មេង​ៗ​អើយ ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក និង​អ្នក​ឯ​ទៀត​ជា​ដរាប ដូច​ជា​ទ្រង់​បាន​ពន្យល់​មក​នៅ​ម៉ាថាយ ១១:២៨​-​៣០​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ សូម​គិត​ទៅ​មើល កាល​ដែល​អ្នក​កំពុង​តែ​ឆ្លង​កាត់​ឆាក​ជីវិត​នៃ​ការ​បំរើ​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូវ​នឹង​ដើរ​ក្បែរ​អ្នក​ដែរ ដោយ​ធ្វើ​ឲ្យ​នឹម​នោះ​បាន​ស្រួល ហើយ​បន្ទុក​បាន​ស្រាល។ នេះ​ច្បាស់​ជា​គំនិត​ដ៏​រំភើប​ចំពោះ​យើង​ទាំង​អស់​គ្នា!

១៩. តើ​មាន​សំនួរ​ណា​ខ្លះ​អំពី​វិធី​បង្រៀន​នៃ​ព្រះ​យេស៊ូវ ដែល​យើង​ត្រូវ​សា​រើ​ឡើង​វិញ​ពី​ពេល​មួយ​ទៅ​ពេល​មួយ?

១៩ បន្ទាប់​ពី​បាន​សា​រើ​ឡើង​វិញ​នូវ​វិធី​បង្រៀន​ខ្លះ​ៗ​នៃ​ព្រះ​យេស៊ូវ តើ​យើង​ឃើញ​ថា យើង​បង្រៀន​ដូច​ព្រះ​យេស៊ូវ​ទេ? កាល​ណា​យើង​ឃើញ​អស់​អ្នក​ដែល​ឈឺ ឬ​ហត់​ហេវ​ខាង​វិញ្ញាណ តើ​យើង​មាន​ចិត្ត​អាណិត​អាសូរ​ចង់​ជួយ​គេ​តាម​សមត្ថភាព​របស់​យើង​ទេ? ពេល​ដែល​យើង​បង្រៀន​អ្នក​ដទៃ តើ​យើង​បង្រៀន​គេ​តាម​ពាក្យ​បន្ទូល​នៃ​ព្រះ ឬ​ក៏​យើង​បង្រៀន​គេ​ពី​គំនិត​របស់​យើង​ផ្ទាល់ ដូច​ពួក​ផារិស៊ី? តើ​យើង​ខំ​រិះ​រក​មើល​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង ដែល​អាច​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់ ធ្វើ​ឲ្យ​ឃើញ​ជា​រូប​រាង ធ្វើ​ឲ្យ​ជាក់ ហើយ​ចំរើន​ដល់​ការ​យល់​ដឹង​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ទេ? ដោយ​ព្រោះ​តែ​កាលៈទេសៈ តើ​យើង​ជៀស​វាង​ពី​ការ​ប្រកាន់​តាម​ច្បាប់​ណា​មួយ​យ៉ាង​តឹង​រ៉ឹង​បាន​ទេ ដ្បិត​ជា​ការ​ត្រឹម​ត្រូវ បើ​បន្ទន់​ទៅ​តាម​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​ករុណា ពេល​អនុវត្ត​ច្បាប់​នោះ? ចំពោះ​ពួក​ក្មេង​ៗ ចុះ​យ៉ាង​ណា​ដែរ? តើ​យើង​សម្ដែង​សេចក្ដី​ថ្នាក់​ថ្នម​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដល់​ពួក​គេ ដូច​ព្រះ​យេស៊ូវ​ទេ? តើ​អ្នក​លើក​ទឹក​ចិត្ត​កូន​របស់​អ្នក​ឲ្យ​សិក្សា ដូច​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​សិក្សា​ពេល​ទ្រង់​នៅ​ក្មេង​ទេ? តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ដូច​ព្រះ​យេស៊ូវ ហើយ​បំរុង​នឹង​ទទួល​យក​អ្នក​ប្រែ​ចិត្ត​យ៉ាង​រាក់​ទាក់ ដូច​របៀប​ដែល​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប​ទេ?—ម៉ាថាយ ២៣:៣៧

២០. តើ​មាន​គំនិត​ដែល​គួរ​ឲ្យ​សប្បាយ​ចិត្ត​អ្វី​ចំពោះ​យើង ពេល​ដែល​យើង​បំរើ​ព្រះ​របស់​យើង?

២០ បើ​សិន​ជា​យើង​ខំ​បង្រៀន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដូច​ព្រះ​យេស៊ូវ នោះ​ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​យើង‹ចូល​ជ្រក​នៅ​ក្រោម​នឹម​របស់​ទ្រង់›ជា​មិន​ខាន។—ម៉ាថាយ ១១:២៨​-​៣០

[កំណត់​សម្គាល់]

a ពិត​មែន យើង​ជឿ​ជាក់​ថា ព្រះ​យេស៊ូវ​ប្រាកដ​ជា​បាន​សម្ដែង​ការ​គោរព​ដល់​ពួក​អ្នក​ចំណាស់​ៗ​ជាង​ទ្រង់ ជា​ពិសេស​ដល់​ពួក​អ្នក​សក់​ស្កូវ និង​ពួក​សង្ឃ។—ប្រៀប​ធៀប លេវីវិន័យ ១៩:៣២; កិច្ច​ការ ២៣:២​-​៥

តើ​អ្នក​នៅ​ចាំ​ទេ?

◻ ហេតុ​អ្វី​បាន​ជា​បណ្ដា​មនុស្ស​នាំ​គ្នា​មក​ឯ​ព្រះ​យេស៊ូវ?

◻ នៅ​ពេល​ខ្លះ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​បន្ទន់​ទៅ​តាម?

◻ តើ​យើង​អាច​រៀន​អ្វី​ខ្លះ ពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​សួរ​ពួក​គ្រូ​បង្រៀន​នៅ​ព្រះ​វិហារ?

◻ តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ចំពោះ​យើង ពី​ទំនាក់​ទំនង​រវាង​ព្រះ​យេស៊ូវ​និង​ពួក​ក្មេង​ៗ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក