ចូររួបរួមគ្នាក្នុងចំណងគ្រប់លក្ខណៈនៃសេចក្ដីស្រឡាញ់
«រួបរួមគ្នាមកក្នុងសេចក្ដីស្រឡាញ់»។—កូល៉ុស ២:២
១, ២. តើឥទ្ធិពលដែលធ្វើឲ្យបាក់បែកគ្នាអ្វីដែលកំពុងតែមានប្រតិបត្ដិនៅសព្វថ្ងៃនេះ?
សូមស្ដាប់! សម្លេងដ៏ខ្លាំងមួយបានបន្លឺយ៉ាងខ្ទររំពងនៅក្នុងស្ថានសួគ៌ថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) កាលដែលឆ្នាំនិមួយៗបានកន្លងទៅ សារនេះក៏បានទៅជាប្រផ្នូលរឹតតែអាក្រក់ឡើងៗចំពោះពួកអ្នកដែលរស់នៅលើផែនដីនេះ។
២ សត្រូវដ៏ធំនៃព្រះយេហូវ៉ាត្រូវបានសម្គាល់ជាយូរមកហើយជាអ្នកតយុទ្ធ (សាតាំង) និងជាអ្នកនិយាយបង្ខូច (អារក្ស)។ ប៉ុន្តែ មេបំភាន់នេះឥឡូវបានកាន់កាប់មុខនាទីដែលគួរឲ្យខ្លាចមួយទៀត—គឺវាបានក្លាយទៅជាព្រះដ៏ក្រេវក្រោធម្នាក់! តើហេតុអ្វី? ពីព្រោះមីកែលនិងពួកទេវតារបស់ទ្រង់បានច្បាំងឈ្នះវា ហើយបានបោះទម្លាក់វាចេញពីស្ថានសួគ៌នៅឆ្នាំ១៩១៤។ (វិវរណៈ ១២:៧-៩) អារក្សដឹងថា វាមានពេលវេលាតិចណាស់ ដើម្បីសម្ដែងឲ្យឃើញការពិតនៃការចោទរបស់វា ដែលថាវាអាចបំបែរមនុស្សទាំងអស់ឲ្យចេញពីការថ្វាយបង្គំព្រះ។ (យ៉ូប ១:១១; ២:៤, ៥) ដោយគ្មានកន្លែងណាសំរាប់គេចខ្លួន វានិងពួកបិសាចរបស់វាប្រៀបដូចជាឃ្មុំដែលក្រហល់ក្រហាយមួយហ្វូង ដែលបញ្ចេញកំហឹងទៅលើបណ្ដាមនុស្សលោកដែលរសាប់រសល់។—អេសាយ ៥៧:២០
៣. តើមានលទ្ធផលណាខ្លះពីការទម្លាក់សាតាំងនៅសម័យយើងនេះ?
៣ ព្រឹត្ដិការណ៍ទាំងនេះ ដែលមនុស្សមើលមិនឃើញ ពន្យល់ប្រាប់ពីមូលហេតុនៃការបាក់បែកខូចសីលធម៌ដែលមានទូទៅនៅសព្វថ្ងៃនេះ។ នេះក៏ពន្យល់ប្រាប់ពីការខំប្រឹងប្រែងយ៉ាងវីវក់របស់មនុស្ស ក្នុងការផ្សះផ្សាសាសន៍ផ្សេងៗដែលបានបែកខ្ញែកពីគ្នា ដែលមិនអាចរស់នៅស្រុះស្រួលនឹងគ្នាបាន។ កុលសម្ព័ន្ធនិងជាតិពន្ធផ្សេងៗបានវាយប្រហារយ៉ាងឃោរឃៅមកលើគ្នាទៅវិញទៅមក បណ្ដាលឲ្យមានមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង និងរត់ចោលទីលំនៅ។ ម្ល៉ោះហើយ នេះមិនជាការប្លែកទេ ដែលការគ្មានច្បាប់ទម្លាប់កំពុងតែរីកចំរើនរហូតដល់កំរិតដែលមិនដែលមានពីមុនមកសោះ! ដូចជាព្រះយេស៊ូបានទាយមក‹សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើនកំពុងតែរសាយអស់ទៅ›។ នៅទីណាក៏ដោយដែលអ្នកក្រឡេកមើលទៅ នោះឃើញតែភាពទទឹងទទែងគ្នានិងភាពឥតសេចក្ដីស្រឡាញ់ ដែលជាទីសម្គាល់នៃមនុស្សជាតិដ៏រសាប់រសល់នៅសព្វថ្ងៃនេះ។—ម៉ាថាយ ២៤:១២
៤. ហេតុអ្វីក៏ប្រជារាស្ត្ររបស់ព្រះអាចមានគ្រោះថ្នាក់ដូច្នេះ?
៤ ដោយឃើញស្ថានការណ៍នៃពិភពលោកនេះ ការអធិស្ឋានរបស់ព្រះយេស៊ូចំពោះពួកអ្នកកាន់តាមទ្រង់មានសារៈសំខាន់ណាស់៖ «ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពី[បុគ្គល, ពថ]អាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៥, ១៦) នៅសព្វថ្ងៃនេះ ‹បុគ្គលអាក្រក់›នោះ បញ្ចេញកំហឹងរបស់វាជាពិសេសទៅលើ«ពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១៧) បើសិនជាព្រះយេហូវ៉ាមិនបានមើលថែរក្សាពួកស្មរបន្ទាល់ស្មោះត្រង់របស់ទ្រង់ទេ នោះពួកគេច្បាស់ជាបានសាបសូន្យអស់ទៅហើយ។ ជីវិតរបស់យើងពឹងផ្អែកទៅលើការឆ្លៀតយកប្រយោជន៍ពីសំវិធានវត្ថុទាំងឡាយ ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យសំរាប់សន្ដិសុខខាងវិញ្ញាណនិងសុខុមាលភាពរបស់យើង។ នេះមានន័យថា យើងត្រូវតែខំប្រឹងប្រែងធ្វើតាមប្រតិបត្ដិការនៃព្រះចេស្ដារបស់ព្រះ តាមរយៈព្រះគ្រីស្ទ ដូចជាសាវ័កប៉ុលបានដាស់តឿនមកនៅកូល៉ុស ១:២៩។
៥, ៦. តើសាវ័កប៉ុលមានអារម្មណ៍យ៉ាងណាអំពីពួកគ្រីស្ទាននៅទីក្រុងកូល៉ុស ហើយហេតុអ្វីក៏ប្រធានបទគម្ពីរសំរាប់ឆ្នាំ១៩៩៥ ជាការសមត្រឹមត្រូវ?
៥ ថ្វីបើប៉ុលប្រហែលជាមិនបានជួបពួកគេដោយផ្ទាល់ក្ដី គាត់ស្រឡាញ់បងប្អូនរបស់គាត់នៅក្រុងកូល៉ុសណាស់។ គាត់បានប្រាប់ពួកគេថា៖ «ខ្ញុំចង់ឲ្យអ្នកទាំងអស់យល់ពីជម្រៅនៃការខ្វល់ខ្វាយរបស់ខ្ញុំជាយ៉ាងណាចំពោះអ្នក»។ (កូល៉ុស ២:១, គម្ពីរសញ្ញាថ្មីក្នុងភាសាអង់គ្លេសទំនើប ដោយលោកហ្វីលីព) ដោយសារតែពួកអ្នកកាន់តាមព្រះយេស៊ូពុំមានចំណែកជាមួយលោកីយ៍ ‹បុគ្គលអាក្រក់›នោះនឹងខំព្យាយាមបំបាក់បំបែកសាមគ្គីភាពរបស់បងប្អូនទាំងឡាយ ដោយសាបព្រោះគតិនៃលោកីយ៍ក្នុងចំណោមពួកគេ។ ដំណឹងដែលអេប៉ាប្រាសបាននាំមកពីក្រុងកូល៉ុស បញ្ជាក់ថាបញ្ហានេះបានកើតឡើងមែន។
៦ ការខ្វល់ខ្វាយជាងគេបង្អស់របស់ប៉ុលចំពោះបងប្អូនគ្រីស្ទានរបស់គាត់ អាចសរុបមកក្នុងពាក្យដូចតទៅ៖ ‹ចូររួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់›។ នៅក្នុងពិភពលោកដែលពេញទៅដោយអសាមគ្គីភាពនិងភាពឥតសេចក្ដីស្រឡាញ់នេះ ពាក្យរបស់គាត់មានអត្ថន័យពិសេសមែននៅសព្វថ្ងៃនេះ។ បើយើងយកចិត្តទុកដាក់កាន់តាមដំបូន្មានរបស់ប៉ុលនេះ យើងសប្បាយរីករាយនឹងការថែរក្សានៃព្រះយេហូវ៉ា។ ម្យ៉ាងវិញទៀត យើងនឹងពិសោធនូវព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ក្នុងជីវិតរបស់យើង ដោយជួយយើងឲ្យចេះទប់ទល់នឹងការកៀបសង្កត់នៃលោកីយ៍នេះ។ នេះជាសេចក្ដីទូន្មានដ៏មានប្រាជ្ញាមែន! ដូច្នេះ កូល៉ុស ២:២ នឹងទៅជាប្រធានបទគម្ពីរសំរាប់ឆ្នាំ១៩៩៥។
៧. តើដំណើរស្រុះស្រួលគ្នាយ៉ាងណាដែលគួរតែមានក្នុងចំណោមពួកគ្រីស្ទានពិត?
៧ នៅក្នុងសំបុត្រមុនៗទៅពួកកូរិនថូស សាវ័កប៉ុលបានប្រើរូបកាយមនុស្សជាឧទាហរណ៍។ គាត់បានសរសេរថា «មិនឲ្យមានសេចក្ដីបែកខ្ញែកគ្នា»ក្នុងក្រុមជំនុំនៃពួកជនគ្រីស្ទានចាក់ប្រេងតាំងឡើយ តែ«ឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក»។ (កូរិនថូសទី១ ១២:១២, ២៤, ២៥) នេះជាឧទាហរណ៍ដ៏អស្ចារ្យមែន! អវយវៈរបស់យើងពឹងផ្អែកនឹងគ្នាទៅវិញទៅមក ហើយអវយវៈនិមួយៗភ្ជាប់ទៅនឹងរូបកាយរបស់យើង។ គោលការណ៍នេះក៏អាចសំដៅទៅឯសមាគមបងប្អូនទូទាំងពិភពលោកដែរ ដែលផ្សំឡើងពីពួកអ្នកចាក់ប្រេងតាំង និងមនុស្សរាប់លាននាក់ទៀតដែលសង្ឃឹមនឹងរស់នៅលើផែនដីមនោរម្យ។ យើងមិនត្រូវញែកខ្លួនយើងចេញពីអង្គការនៃពួកជនគ្រីស្ទាន ទៅរស់នៅដោយឯកឯងជាដាច់ខាត! ដោយប្រតិបត្ដិតាមរយៈព្រះគ្រីស្ទយេស៊ូ ព្រះវិញ្ញាណរបស់ព្រះហូរមកយើងយ៉ាងបរិបូរ តាមរយៈការចូលរួបរួមជាមួយបងប្អូនយើង។
ដំណើរស្រុះស្រួលគ្នាទាក់ទិននឹងចំណេះវិជ្ជា
៨, ៩. (ក) ការជួយធ្វើឲ្យមានដំណើរស្រុះស្រួលគ្នានៅក្នុងក្រុមជំនុំជាការសំខាន់យ៉ាងណា? (ខ) តើអ្នកបានទទួលចំណេះវិជ្ជាអំពីព្រះគ្រីស្ទយ៉ាងណា?
៨ ចំណុចសំខាន់មួយរបស់ប៉ុលគឺថា ដំណើរស្រុះស្រួលគ្នាទាក់ទិននឹងចំណេះវិជ្ជា ជាពិសេសដែលស្តីអំពីព្រះគ្រីស្ទ។ ប៉ុលបានសរសេរថា ជនគ្រីស្ទានគួរតែ«រួបរួមគ្នាមកក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្ដាច់ ដើម្បីឲ្យបានស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ»។ (កូល៉ុស ២:២) យើងបានយកចូលចំណេះវិជ្ជា—សេចក្ដីពិត—តាំងពីពេលដែលយើងបានចាប់ផ្ដើមសិក្សាបន្ទូលរបស់ព្រះមកម្ល៉េះ។ ជាផ្នែកនៃការយកចូលចំណេះវិជ្ជាអំពីរបៀបដែលសេចក្ដីពិតទាំងនេះចុះសម្រុងនឹងគោលបំណងរបស់ព្រះ យើងក៏បានយល់នូវមុខនាទីដ៏សំខាន់របស់ព្រះយេស៊ូ។ «ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្ដីចេះដឹងលាក់ទុកក្នុងទ្រង់»។—កូល៉ុស ២:៣
៩ តើអ្នកមានអារម្មណ៍ដូចនេះ អំពីព្រះយេស៊ូនិងមុខនាទីរបស់ទ្រង់ក្នុងគោលបំណងរបស់ព្រះទេ? មនុស្សជាច្រើននៅក្នុងពិភពគ្រីស្ទសាសនាតែងតែរហ័សពោលអំពីព្រះយេស៊ូ ហើយអះអាងថាបានទទួលស្គាល់ទ្រង់និងថាគេបានសង្គ្រោះហើយ។ ប៉ុន្តែ តើពួកគេពិតជាស្គាល់ទ្រង់ទេ? គឺអត់ទេ ពីព្រោះពួកគេភាគច្រើនជឿទៅលើលទ្ធិត្រីឯកភាពដែលមិនមាននៅក្នុងព្រះគម្ពីរ។ អ្នកមិនត្រឹមតែដឹងការពិតអំពីរឿងនេះប៉ុណ្ណោះទេ តែអ្នកប្រហែលជាមានចំណេះវិជ្ជាជាច្រើនទៀតអំពីអ្វីៗដែលព្រះយេស៊ូបានមានបន្ទូលនិងបានធ្វើដែរ។ មនុស្សរាប់លាននាក់ត្រូវបានជួយឲ្យមានចំណេះអំពីព្រះយេស៊ូគ្រីស្ទ តាមរយៈការសិក្សាជាល្អិតល្អន់ដោយប្រើសៀវភៅឈ្មោះបុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ។ ប៉ុន្តែ យើងត្រូវតែបន្តចំរើនចំណេះរបស់យើងអំពីព្រះយេស៊ូនិងផ្លូវរបស់ទ្រង់ឲ្យបានច្រើនឡើង។
១០. តើតាមរបៀបណាដែលចំណេះវិជ្ជាអាថ៌កំបាំងមានដល់យើង?
១០ ឃ្លាដែលថា«គ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្ដីចេះដឹងលាក់ទុកក្នុង»ព្រះយេស៊ូ នោះមិនមែនមានន័យថាយើងមិនអាចយល់អំពីប្រាជ្ញានិងចំណេះវិជ្ជានោះទេ។ នេះហាក់បីដូចជាអណ្ដូងរ៉ែដ៏ធំល្ហល្ហេវមួយ។ យើងមិនចាំបាច់ស្វែងរកជុំវិញកន្លែងដ៏ធំនេះ ដោយមិនដឹងចាប់ផ្ដើមជីកនៅកន្លែងណានោះទេ។ ដ្បិតយើងដឹងរួចមកហើយ—ចំណេះវិជ្ជាពិតប្រាកដចាប់ផ្ដើមឡើងពីអ្វីៗដែលព្រះគម្ពីរសម្ដែងប្រាប់អំពីព្រះយេស៊ូគ្រីស្ទ។ កាលណាយើងយល់ដឹងច្រើនឡើងអំពីមុខនាទីរបស់ព្រះយេស៊ូ ក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា នោះយើងនឹងមានប្រាជ្ញាពិតដែលមានតម្លៃក្រៃលែងនិងចំណេះវិជ្ជាត្រឹមត្រូវ។ ដូច្នេះ យើងត្រូវតែបន្តជីកឲ្យកាន់តែជ្រៅទៀត ដើម្បីឲ្យបានត្បូងជាច្រើន ឬឲ្យបានវត្ថុមានតម្លៃជាច្រើនទៀតដែលមាននៅក្នុងប្រភពនេះ ដែលយើងបានជីករួចហើយ។—សុភាសិត ២:១-៥
១១. តើយើងអាចចំរើនចំណេះវិជ្ជានិងប្រាជ្ញារបស់យើងដោយជញ្ជឹងគិតអំពីព្រះយេស៊ូយ៉ាងណា? (សូមពន្យល់ដោយប្រើឧទាហរណ៍អំពីព្រះយេស៊ូលាងជើងពួកសិស្សរបស់ទ្រង់ ឬប្រើឧទាហរណ៍ឯទៀត)។
១១ ជាឧទាហរណ៍ ប្រហែលជាយើងបានដឹងថាព្រះយេស៊ូបានលាងជើងពួកសាវ័ករបស់ទ្រង់។ (យ៉ូហាន ១៣:១-២០) ប៉ុន្តែ តើយើងបានជញ្ជឹងគិតអំពីមេរៀនដែលទ្រង់បានបង្រៀននិងអាកប្បកិរិយាដែលទ្រង់បានសម្ដែងនោះទេ? ការធ្វើយ៉ាងនេះ បង្ហាញថាយើងកើបយកប្រាជ្ញាដ៏មានតម្លៃដែលអាចធ្វើឲ្យយើង—ត្រូវហើយ គឺជំរុញយើង—ឲ្យកែប្រែរបៀបដែលយើងប្រព្រឹត្តនឹងបងប្អូនប្រុសស្រីណាម្នាក់ដែលបុគ្គលិកលក្ខណៈរបស់គេបានធ្វើឲ្យយើងធុញទ្រាន់ជាយូរមកហើយ។ ឬបើសិនជាយើងត្រូវបានចាត់ឲ្យភារកិច្ចណាមួយដែលយើងមិនចូលចិត្តជាខ្លាំង យើងប្រហែលជាតបឆ្លើយវិញដោយរួសរាយ ក្រោយពីយើងបានយល់យ៉ាងច្បាស់លាស់នូវអត្ថន័យនៃយ៉ូហាន ១៣:១៤, ១៥។ នេះហើយជារបៀបដែលចំណេះវិជ្ជានិងប្រាជ្ញាអាចមានឥទ្ធិពលលើយើង។ តើអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត កាលណាយើងយកតម្រាប់តាមគំរូព្រះគ្រីស្ទឲ្យបានពេញលេញ ដោយចំរើនចំណេះវិជ្ជាអំពីទ្រង់នោះ? ប្រហែលជាហ្វូងទាំងមូលនឹង‹បានរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់រឹតតែខ្លាំងឡើយហើយ›។a
ការរំខានអាចធ្វើឲ្យខូចដល់ដំណើរស្រុះស្រួលគ្នា
១២. តើយើងត្រូវតែការពារពីចំណេះវិជ្ជាអ្វី?
១២ បើសិនជាចំណេះវិជ្ជាត្រឹមត្រូវសម្រួលការ‹រួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់› តើមានលទ្ធផលអ្វីដែរពីសេចក្ដី«ដែលក្លែងហៅថា ចំណេះវិជ្ជា»នោះ? គឺនឹងមានវាទប្បដិវាទ សេចក្ដីទទឹងទទែងគ្នា និងការបែរចេញពីជំនឿ។ ដូច្នេះ យើងត្រូវតែការពារពីចំណេះវិជ្ជាក្លែងក្លាយនេះ ដូចជាប៉ុលបានព្រមានធីម៉ូថេនោះ។ (ធីម៉ូថេទី១ ៦:២០, ២១) ប៉ុលក៏បានសរសេរទៀតថា៖ «ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង។ ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៤, ៨
១៣, ១៤. (ក) ចំពោះចំណេះវិជ្ជា ហេតុអ្វីក៏ពួកបងប្អូនកូល៉ុសប្រទះគ្រោះថ្នាក់? (ខ) ហេតុអ្វីក៏អ្នកខ្លះនៅសព្វថ្ងៃនេះគិតថាពួកគេពុំមានគ្រោះថ្នាក់ដូចនោះ?
១៣ ពួកជនគ្រីស្ទាននៅទីក្រុងកូល៉ុស ត្រូវបានព័ទ្ធជុំវិញដោយឥទ្ធិពលដែលទាក់បញ្ឆោតចិត្ត ដែលជាសេចក្ដីក្លែងក្លាយហៅថា ចំណេះវិជ្ជា។ មនុស្សជាច្រើនដែលរស់នៅក្នុងក្រុងកូល៉ុសនិងនៅក្បែរនោះ លើកដំកើងទស្សនវិជ្ជានៃពួកក្រិក។ ក៏មានពួកអ្នកប្រកាន់លទ្ធិយូដាជាច្រើនដែរ ដែលចង់ឲ្យពួកគ្រីស្ទានកាន់តាមក្រិត្យវិន័យម៉ូសេ ដូចជាថ្ងៃបុណ្យផ្សេងៗនិងសេចក្ដីតម្រូវនៃអាហារ។ (កូល៉ុស ២:១១, ១៦, ១៧) ប៉ុលមិនមែនប្រឆាំងនឹងបងប្អូនរបស់គាត់ក្នុងការទទួលយកចំណេះវិជ្ជាត្រឹមត្រូវនោះទេ ប៉ុន្តែពួកគេត្រូវតែប្រយ័ត្នក្រែងលោមានអ្នកណាម្នាក់ចាប់ពួកគេយកទៅដូចជាសត្វរំពា ដោយប្រើពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកគេឲ្យមានទស្សនវិស័យរាក់កំផែលចំពោះជីវិតនិងសកម្មភាពផ្សេងៗ។ អ្នកអាចយល់ដឹងថា បើអ្នកខ្លះនៅក្នុងក្រុមជំនុំបណ្ដោយឲ្យគំនិតនិងការសម្រេចចិត្តរបស់គេ ដឹកនាំដោយមតិនិងអាកប្បកិរិយាចំពោះជីវិតដែលគ្មានគោលពីព្រះគម្ពីរ នោះនឹងធ្វើឲ្យខូចដល់ដំណើរស្រុះស្រួលគ្នានិងសេចក្ដីស្រឡាញ់ដែលមានរវាងសមាជិកក្នុងក្រុមជំនុំ។
១៤ អ្នកប្រហែលជាគិតថា ‹ខ្ញុំឃើញនូវគ្រោះថ្នាក់ដែលពួកកូល៉ុសបានជួបប្រទះ ប៉ុន្តែចំពោះខ្ញុំគឺគ្មានគ្រោះថ្នាក់ពីទស្សនវិជ្ជារបស់សាសន៍ក្រិក ដូចជាព្រលឹងអមតៈ ឬលទ្ធិត្រីឯកភាពទេ ហើយក៏មិនមានគ្រោះថ្នាក់ពីការធ្វើបុណ្យផ្សេងៗរបស់ពួកពាហិរជននៃសាសនាមិនពិត ដែលខ្ញុំបានគេចចេញនោះដែរ›។ ល្អណាស់ ជាការល្អក្នុងការជឿជាក់ទៅលើលក្ខណៈខ្ពង់ខ្ពស់នៃសេចក្ដីពិតជាគោល ដែលត្រូវបានសម្ដែងមកតាមរយៈព្រះយេស៊ូ ហើយដែលមាននៅក្នុងព្រះគម្ពីរនោះ។ ប៉ុន្តែ យើងប្រហែលជាមានគ្រោះថ្នាក់ពីទស្សនវិជ្ជាឯទៀត ឬពីមតិរបស់មនុស្សដែលមានទូទៅនៅសព្វថ្ងៃនេះ ទេក៏មិនដឹង?
១៥, ១៦. តើទស្សនវិស័យអ្វីអំពីជីវិតដែលអាចមានឥទ្ធិពលលើគំនិតរបស់ពួកគ្រីស្ទាន?
១៥ អាកប្បកិរិយាបែបនេះបានមានជាយូរយារមកហើយ៖ «តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ»។ (ពេត្រុសទី២ ៣:៤) មតិនេះអាចសម្ដែងក្នុងពាក្យឯទៀតបាន តែទស្សនវិស័យគឺនៅដដែល។ ជាឧទាហរណ៍ មនុស្សណាម្នាក់អាចគិតថា ‹កាលខ្ញុំបានរៀនសេចក្ដីពិតជាច្រើនទសវត្សកន្លងមកហើយនោះ ទីបញ្ចប់«នៅជិតបង្កើយ»។ ប៉ុន្តែនៅតែមិនទាន់ឃើញទីបញ្ចប់នៅឡើយ ហើយមិនដឹងជាកាលណាទើបមកដល់ទេ›? ពិតមែនហើយ គ្មានមនុស្សណាដឹងពីពេលវេលាដែលទីបញ្ចប់នឹងមកដល់ទេ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានដាស់តឿនយើងឲ្យមានទស្សនៈដូចនេះ៖ «ចូរប្រុងប្រយ័ត ឲ្យចាំយាម . . . ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ»។—ម៉ាកុស ១៣:៣២, ៣៣
១៦ ជាការមានគ្រោះថ្នាក់ណាស់ ដោយទទួលយកទស្សនៈដែលថា យើងមិនដឹងកាលណាទីបញ្ចប់មកដល់ យើងគួរតែមានគម្រោងការណ៍រស់នៅជីវិត«ធម្មតា»របស់យើងឲ្យបានពេញលេញដូចគេឯង! អាកប្បកិរិយានេះអាចបង្ហាញមកក្នុងការវែកញែកថា ‹បើអញ្ចឹង ខ្ញុំគួរតែធ្វើគម្រោងការណ៍យ៉ាងណា ដែលនឹងបណ្ដោយឲ្យខ្ញុំ (ឬកូនចៅខ្ញុំ) ដើម្បីឲ្យមានការងារល្អៗ ដែលមានប្រាក់ខែច្រើនហើយនឹងអាចឲ្យខ្ញុំសប្បាយនឹងជីវិតយ៉ាងស្រួល។ ត្រូវហើយ ខ្ញុំនឹងមកកិច្ចប្រជុំគ្រីស្ទាន ហើយទៅដើរផ្សាយខ្លះៗ តែគ្មានអ្វីគួរធ្វើឲ្យខ្ញុំខំប្រឹងប្រែង ឬធ្វើការលះបង់នោះទេ›។—ម៉ាថាយ ២៤:៣៨-៤២
១៧, ១៨. តើព្រះយេស៊ូនិងពួកសាវ័កដាស់តឿនយើងឲ្យមានទស្សនៈយ៉ាងណា?
១៧ យ៉ាងណាក៏ដោយ នេះជាការដែលមិនអាចប្រកែកបានទេ ដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានដាស់តឿនយើងឲ្យរស់នៅក្នុងភាពជាបន្ទាន់ចំពោះការផ្សាយដំណឹងល្អ ដោយខំជំរុញខ្លួនយើងហើយសុខចិត្តលះបង់។ ប៉ុលបានសរសេរថា៖ «បងប្អូនអើយ ខ្ញុំប្រាប់សេចក្ដីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ។ . . . ពួកដែលទិញ ដូចជាគ្មានអ្វីសោះ។ ហើយពួកអ្នកដែលប្រើប្រាសលោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។—កូរិនថូសទី១ ៧:២៩-៣១; លូកា ១៣:២៣, ២៤; ភីលីព ៣:១៣-១៥; កូល៉ុស ១:២៩; ធីម៉ូថេទី១ ៤:១០; ធីម៉ូថេទី២ ២:៤; វិវរណៈ ២២:២០
១៨ នេះមិនមែនជាការដាស់តឿនឲ្យយើងស្វែងរកជីវភាពរស់នៅដ៏ស្រណុកនោះទេ ដ្បិតព្រះវិញ្ញាណបានបណ្ដាលឲ្យប៉ុលសរសេរថា៖ «យើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ។ . . . ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខសាក្សីជាច្រើនដែរ»។—ធីម៉ូថេទី១ ៦:៧-១២
១៩. តើក្រុមជំនុំនឹងបានទៅជាយ៉ាងណា បើកាលណាពួកសមាជិកទទួលយកទស្សនៈនៃជីវិតដែលព្រះយេស៊ូលើកផ្សព្វផ្សាយនោះ?
១៩ កាលណាក្រុមជំនុំមួយពោរពេញទៅដោយជនគ្រីស្ទានដែលខំខ្នះខ្នែង‹ធ្វើបន្ទាល់យ៉ាងល្អ› នោះដំណើរស្រុះស្រួលគ្នានឹងបានមកដោយឯង។ ពួកគេមិនចុះចាញ់នឹងអាកប្បកិរិយាដែលថា ‹ឯងមានទ្រព្យសម្បត្ដិជាច្រើនស្តុកទុកសំរាប់ជាយូរឆ្នាំទៅមុខទៀត ដូច្នេះចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ›។ (លូកា ១២:១៩) ផ្ទុយទៅវិញ ពួកគេខំប្រឹងខ្នះខ្នែងជាឯកភាព សុខចិត្តលះបង់ចោល ដើម្បីឲ្យបានចូលរួបរួមយ៉ាងពេញលេញក្នុងកិច្ចការនេះដែលនឹងមិនមានទៀត។—ប្រៀបធៀប ភីលីព ១:២៧, ២៨
ត្រូវប្រយ័ត្ននឹងពាក្យសំដីលលួង
២០. តើមានកន្លែងណាទៀតដែលពួកគ្រីស្ទានអាចចាញ់ការបញ្ឆោត?
២០ ពិតមែនហើយ មានវិធីជាច្រើនទៀតដែលពួកគ្រីស្ទានអាចចាញ់បញ្ឆោតដោយពាក្យសំដីលលួង ឬការបោកបញ្ឆោតឯទៀតដែលអាចជ្រៀតជ្រែកដល់‹ការរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់›។ ការិយាល័យសាខានៃសមាគមប៉មយាមនៅប្រទេសអាល្លឺម៉ង់បានសរសេរថា៖ «ករណីមួយបានក្លាយទៅជាវាទប្បដិវាទក្នុងក្រុមជំនុំជាច្រើន ហើយពួកអ្នកផ្សាយនិងពួកអ្នកចាស់ទុំបាននាំគ្នាគាំទ្រខាងផ្សេងៗចំពោះវិធីព្យាបាលរោគដែលបងប្អូនប្រុសម្នាក់បានប្រើ»។ ហើយបានបន្ថែមទៀតថា៖ «ដោយសារតែវិធីជាច្រើនយ៉ាងត្រូវបានប្រើ ហើយមានអ្នកជម្ងឺមួយចំនួនធំ នេះជាកន្លែងដែលអាចទៅជាវាទប្បដិវាទបាន។ បើសិនជាវិធីព្យាបាលរោគនោះទាក់ទងនឹងចេតោនិយម នោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន»។—អេភេសូរ ៦:១២
២១. តើជនគ្រីស្ទានអាចបាត់នូវទស្សនៈត្រឹមត្រូវយ៉ាងណានៅសព្វថ្ងៃនេះ?
២១ ជនគ្រីស្ទានចង់មានជីវិតនិងសុខភាពល្អ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះ។ យ៉ាងណាក្ដី នៅក្នុងរបបលោកីយ៍នេះ យើងទៅជាចាស់ជរានិងមានជម្ងឺ ដែលជាលទ្ធផលនៃភាពមិនល្អឥតខ្ចោះ។ ជាជាងដាក់ទម្ងន់ទៅលើបញ្ហាសុខភាព យើងគួរតែយកចិត្តទុកដាក់តែនឹងដំណោះស្រាយពិតប្រាកដ សំរាប់យើងនិងសំរាប់អ្នកឯទៀត។ (ធីម៉ូថេទី១ ៤:១៦) ព្រះគ្រីស្ទជាចំណុចដ៏សំខាន់បំផុតនៃដំណោះស្រាយនេះ ដូចកាលដែលទ្រង់បានជាចំណុចដ៏សំខាន់បំផុតនៃសេចក្ដីទូន្មានរបស់ប៉ុលទៅពួកកូល៉ុសដែរ។ ប៉ុន្តែ ចូរចងចាំថា ប៉ុលបានបង្ហាញថាមានអ្នកខ្លះនឹងប្រើ‹ពាក្យសំដីលលួង› ដោយខំបំបែរអារម្មណ៍យើងឲ្យចេញឆ្ងាយពីព្រះគ្រីស្ទ ប្រហែលជាឲ្យយើងយកចិត្តទុកដាក់នឹងវិធីវិនិច្ឆ័យរោគ ការព្យាបាលរោគ ឬការតមអាហារផ្សេងៗ។—កូល៉ុស ២:២-៤
២២. តើយើងគួរតែមានអាកប្បកិរិយាថ្លឹងថ្លែងយ៉ាងណា ចំពោះការអះអាងជាច្រើនអំពីវិធីវិនិច្ឆ័យរោគនិងការព្យាបាលរោគ?
២២ ការឃោសនាការនិងការផ្សព្វផ្សាយអំពីការព្យាបាលរោគនិងវិធីវិនិច្ឆ័យរោគគ្រប់ប្រភេទកំពុងតែវាយប្រហារមកលើមនុស្សនៅជុំវិញផែនដី។ វិធីទាំងនោះខ្លះត្រូវបានគេប្រើនិងទទួលស្គាល់ទូទៅ ខ្លះទៀតត្រូវគេទិតៀនទូទៅ ឬស្ថិតនៅក្រោមការសង្ស័យ។b មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវសម្រេចធ្វើយ៉ាងណាចំពោះសុខភាពរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងនោះដែលប្រព្រឹត្តតាមដំបូន្មានរបស់ប៉ុលនៅកូល៉ុស ២:៤, ៨ នឹងត្រូវបានការពារពីការជាប់បញ្ឆោតដោយ‹ពាក្យសំដីលលួង› ឬ«ពាក្យបញ្ឆោតជាអសារឥតការ» ដែលនាំឲ្យមនុស្សជាច្រើនវង្វេង ដែលជាអ្នកខ្វះសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រ និងជាអ្នកត្រូវការជំនួយជាខ្លាំង។ ទោះបីជាជនគ្រីស្ទានម្នាក់ជឿជាក់ថា ការព្យាបាលរោគណាមួយជាការដែលល្អចំពោះគាត់ក្ដី គាត់មិនត្រូវលើកផ្សព្វផ្សាយការនេះក្នុងចំណោមភាតរភាពគ្រីស្ទានឡើយ ពីព្រោះនេះអាចទៅជាមុខវិជ្ជានៃការពិភាក្សាពាសពេញហើយនឹងទៅជាវាទប្បដិវាទបាន។ ដូច្នេះ គាត់អាចសម្ដែងថា គាត់គោរពកោតដល់សារៈសំខាន់នៃដំណើរស្រុះស្រួលគ្នានៅក្នុងក្រុមជំនុំ។
២៣. ហេតុអ្វីក៏យើងមានមូលហេតុដ៏ពិសេសចំពោះសេចក្ដីអំណរអរ?
២៣ សាវ័កប៉ុលបានបញ្ជាក់ថា ដំណើរស្រុះស្រួលគ្នារបស់គ្រីស្ទានជាមូលដ្ឋានសំរាប់សេចក្ដីអំណរអរដ៏ពិត។ នៅសម័យគាត់ ចំនួនក្រុមជំនុំគឺពិតជាមានតិចជាងនៅសព្វថ្ងៃនេះ។ ដូច្នេះហើយបានជាគាត់អាចសរសេរទៅពួកកូល៉ុសថា៖ «ទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្ដាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ»។ (កូល៉ុស ២:៥; សូមមើល កូល៉ុស ៣:១៤ដែរ) យើងមានមូលហេតុជាច្រើនសំរាប់ការសប្បាយរីករាយ! យើងអាចឃើញទីសំអាងពិតប្រាកដនៃដំណើរស្រុះស្រួលគ្នា សណ្ដាប់ធ្នាប់ល្អ និងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿនៅក្នុងក្រុមជំនុំរបស់យើងផ្ទាល់ ដែលបង្ហាញប្រាប់ពីស្ថានការណ៍ទូទៅនៃប្រជារាស្ត្ររបស់ព្រះនៅពាសពេញផែនដី។ ដូច្នេះហើយ ក្នុងរយៈពេលនៅសល់បន្ដិចបន្តួចនៃរបបលោកីយ៍សម័យនេះ ចូរឲ្យយើងម្នាក់ៗប្ដេជ្ញាចិត្ត«រួបរួមគ្នាមកក្នុងសេចក្ដីស្រឡាញ់»ចុះ។
[កំណត់សម្គាល់]
a ថ្វីបើមានដំណើររឿងជាច្រើនដែលយើងអាចរៀនក្ដី តែសូមលោកអ្នករៀនពីឧទាហរណ៍ដូចតទៅនេះអំពីព្រះយេស៊ូដោយខ្លួនឯងចុះ ដែលអាចបណ្ដាលឲ្យមានដំណើរស្រុះស្រួលគ្នាក្នុងក្រុមជំនុំរបស់អ្នក៖ ម៉ាថាយ ១២:១-៨; លូកា ២:៥១, ៥២; ៩:៥១-៥៥; ១០:២០; ហេព្រើរ ១០:៥-៩។
b សូមមើលទស្សនាវដ្ដីប៉មយាមនៃខែមិថុនា ១៥ ឆ្នាំ១៩៨២ ទំព័រ ២២-៩។ (ជាភាសាអង់គ្លេស)
តើអ្នកចាំទេ?
◻ តើប្រធានបទគម្ពីររបស់ស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ១៩៩៥ជាអ្វី?
◻ ហេតុអ្វីក៏ពួកគ្រីស្ទានកូល៉ុសត្រូវតែរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ហើយនៅសព្វថ្ងៃនេះហេតុអ្វីក៏យើងត្រូវធ្វើដូច្នេះដែរ?
◻ នៅសព្វថ្ងៃនេះ តើពួកគ្រីស្ទានត្រូវតែការពារពីទស្សនវិស័យដែលបញ្ឆោតណា?
◻ ហេតុអ្វីក៏ជនគ្រីស្ទានត្រូវតែប្រយ័ត្ននឹងការបំភាន់នៃពាក្យសំដីលលួង ដែលទាក់ទងនឹងសុខភាពនិងវិធីវិនិច្ឆ័យរោគ?
[រូបភាពនៅទំព័រ២៨]
តើគម្រោងការណ៍របស់អ្នក ចំពោះអនាគតសំដៅទៅលើ វត្តមានរបស់ព្រះយេស៊ូទេ?