តើអ្នកបានលើកទឹកចិត្តអ្នកណាម្នាក់ទេនៅពេលថ្មីៗនេះ?
នាងអាលីនាទើបតែបានអាយុ១៧ឆ្នាំ នៅពេលដែលវេជ្ជបណ្ឌិតបានរកឃើញថា នាងមានមហារីកអណ្ឌាស័យ។ ម្ដាយរបស់នាង ម៉ារី ត្រូវបានស៊ូទ្រាំនឹងការចុកចាប់ក្នុងចិត្ត ពេលឃើញអាលីនាឈឺចាប់យ៉ាងខ្លាំងនេះ។
ជាយថាហេតុ អាលីនាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅក្រុងមេឌ្រីត ប្រទេសអេស្ប៉ាញ ចម្ងាយ១.៩០០គ.ម. ពីផ្ទះរបស់នាងនៅកោះខេណេរី។ នៅក្រុងមេឌ្រីត វេជ្ជបណ្ឌិតមួយក្រុមបានសុខចិត្តវះកាត់នាងដោយមិនប្រើឈាម។ (កិច្ចការ ១៥:២៨, ២៩) ប៉ុន្តែ ក្នុងរយៈពេលយ៉ាងខ្លីក្រោយពីការវះកាត់បានចាប់ផ្ដើម គេបានដឹងច្បាស់ថា ស្ថានការណ៍របស់អាលីនាមុខតែនឹងធ្វើឲ្យនាងស្លាប់ជាមិនខាន។ រោគមហារីកបានរាលដាលពាសពេញខ្លួននាងទៅហើយៗ ពួកវេជ្ជបណ្ឌិតវះកាត់ពុំអាចជួយបានទៀតទេ។ នាងអាលីនាបានស្លាប់ទៅ ក្រោយពីបានមកដល់ក្រុងមេឌ្រីតបានប្រាំបីថ្ងៃ។
ម៉ារី មិនបានប្រឈមមុខនឹងការពិសោធន៍នេះតែម្នាក់ឯងទេ។ ដោយបង់តម្លៃធ្វើដំណើរខ្លួនឯង អ្នកចាស់ទុំគ្រីស្ទានពីរនាក់បានកំដរនាងនិងកូនប្រុសច្បងរបស់នាងទៅក្រុងមេឌ្រីត ហើយក៏បានស្នាក់នៅទីនោះរហូតដល់អាលីនាបានស្លាប់ទៅ។ ម៉ារីពន្យល់ថា «ពួកគេបានជួយខ្ញុំឲ្យចេះអត់ទ្រាំនឹងអារម្មណ៍ល្ហល្ហេវដែលខ្ញុំមាននៅខាងក្នុង។ ខ្ញុំនឹងមិនភ្លេចពីការលើកទឹកចិត្តដែលពួកគេបានផ្ដល់មកខ្ញុំទេ។ ការជួយគាំទ្រខាងវិញ្ញាណនិងជំនួយដ៏មានប្រយោជន៍របស់គេ ជាអ្វីដែលរកតម្លៃដាក់មិនបានឡើយ។ ពួកគេប្រៀបដូចជា‹ទីបាំងឲ្យរួចពីខ្យល់›មែន។—អេសាយ ៣២:១, ២
ព្រះយេហូវ៉ាមានព្រះហឫទ័យរីករាយណាស់ ដែលអ្នកគង្វាលមានសេចក្ដីស្រឡាញ់ទាំងនេះ បានមើលថែរក្សាចៀមរបស់ទ្រង់យ៉ាងថ្នាក់ថ្នមបែបនេះ។ (សុភាសិត ១៩:១៧; ពេត្រុសទី១ ៥:២-៤) ប៉ុន្តែ ការជួយលើកទឹកចិត្ត មិនមែនជាឯកសិទ្ធិសំរាប់អ្នកចាស់ទុំប៉ុណ្ណោះទេ។ ជនគ្រីស្ទានទាំងអស់មកជួបជុំគ្នា ដើម្បីទទួលសេចក្ដីបង្រៀនខាងវិញ្ញាណ ហើយដើម្បី‹កំឡាចិត្តគ្នាទៅវិញទៅមក›។ (ហេព្រើរ ១០:២៤, ២៥) ការលើកទឹកចិត្ត ជាចំណែកដ៏ចាំបាច់ជាទីបំផុតនៃសមាគមគ្រីស្ទាន។
តើការលើកទឹកចិត្តជាប់ទាក់ទិននឹងអ្វីខ្លះ?
ដូចជាផ្កាដ៏ស្អាតមួយអាចទៅជាស្រពោនបើគ្មានទឹក មនុស្ស—ទោះជានៅក្នុងគ្រួសារឬក្នុងក្រុមជំនុំក្ដី—ក៏អាចទៅជាស្រពោនបានដែរបើគ្មានការលើកទឹកចិត្តទេនោះ។ ម្យ៉ាងវិញទៀត ការលើកទឹកចិត្តដែលសមត្រឹមត្រូវតាមពេលវេលា អាចជួយពង្រឹងដល់បុគ្គលណាដែលជួបប្រទះការល្បួង ធ្វើឲ្យអ្នកពិបាកចិត្តទៅជារីករាយ ហើយធ្វើឲ្យពួកអ្នកដែលបំរើព្រះយ៉ាងស្មោះត្រង់មានកម្លាំងចិត្តឡើងវិញ។
ពាក្យក្រិកដែលប្រែថា«ការលើកទឹកចិត្ត» ក៏មានន័យថា ការលួងចិត្ត ការរំឭកដាស់តឿន និងការសម្រាលទុក្ខ។ ដូច្នេះ ការលើកទឹកចិត្តមិនមែនគ្រាន់តែជាការប្រាប់បុគ្គលណាម្នាក់ថាគាត់បានល្អប៉ុណ្ណោះទេ។ គឺទាក់ទងនឹងការផ្ដល់ឲ្យជំនួយដែលមានប្រយោជន៍និងជំនួយខាងវិញ្ញាណ។
តាមការពិត ពាក្យក្រិកដែលប្រែថា«ការលើកទឹកចិត្ត» មានន័យត្រង់ៗថា«ការអញ្ជើញឲ្យមកជិតបុគ្គលណាម្នាក់»។ ការដើរជិតបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង អាចធ្វើឲ្យយើងផ្ដល់ការជួយផ្គត់ផ្គង់ភ្លាម បើពួកគេម្នាក់អស់កម្លាំង ឬចំពប់ដួលនោះ។ (សាស្ដា ៤:៩, ១០) គួរឲ្យចាប់អារម្មណ៍ដែរ ប្រជារាស្ត្រនៃព្រះយេហូវ៉ា‹បំរើទ្រង់ដោយព្រមចិត្តគ្នា›។ (សេផានា ៣:៩) ហើយសាវ័កប៉ុលបានហៅជនគ្រីស្ទម្នាក់ជា«គូកនស្មោះត្រង់»។ (ភីលីព ៤:៣) ការទាញនឹមជាមួយគ្នា ដោយបំរើយ៉ាងស្រុះស្រួលគ្នា អាចធ្វើឲ្យបន្ទុកទៅជាស្រាល ជាពិសេសចំពោះពួកអ្នកដែលមិនខ្លាំងខាងវិញ្ញាណ។—ប្រៀបធៀប ម៉ាថាយ ១១:២៩
ពួកគេបានផ្ដល់ឲ្យការលើកទឹកចិត្ត
ដោយព្រោះតែការលើកទឹកចិត្តជាការសំខាន់នោះ ចូរឲ្យយើងពិនិត្យមើលគំរូខ្លះៗនៃការនេះនៅក្នុងព្រះគម្ពីរ។ កាលដែលលោកម៉ូសេ ជាព្យាការីរបស់ព្រះ ជិតទទួលមរណភាពទៅ ព្រះយេហូវ៉ាបានតាំងយ៉ូស្វេឲ្យធ្វើជាមេដឹកនាំសាសន៍អ៊ីស្រាអែល។ នេះមិនមែនជាភារកិច្ចដ៏ស្រួលទេ ដូចជាលោកម៉ូសេបានដឹងស្រាប់ហើយ។ (ជនគណនា ១១:១៤, ១៥) ដូច្នេះហើយបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់លោកម៉ូសេឲ្យ«បង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង»។—ចោទិយកថា ៣:២៨
ក្នុងកំឡុងសម័យពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល កូនស្រីរបស់លោកយែបថាបានសុខចិត្តធ្វើតាមកិច្ចសន្យានៃឪពុករបស់នាង ដោយលះបង់លទ្ធភាពនៃការមានគ្រួសារ ដើម្បីបំរើព្រះយេហូវ៉ានៅឯទីបរិសុទ្ធរបស់ទ្រង់។ តើការលះបង់របស់នាងនេះ ឥតមានគេទទួលដឹងឮទេឬ? មិនទេ ពីព្រោះចៅហ្វាយ ១១:៤០, ព.ថ. បានចែងថា៖ «ជារៀងរាល់ឆ្នាំ ពួកកូនស្រីនៃសាសន៍អ៊ីស្រាអែល គេតែងតែនាំគ្នាទៅសរសើរដល់កូនស្រីរបស់លោកយែបថា ដែលជាអ្នកស្រុកគីលាត អស់រយៈបួនថ្ងៃក្នុងមួយឆ្នាំ»។ ការទៅលេងនេះច្បាស់ជាជួយលើកទឹកចិត្តយ៉ាងខ្លាំងដល់កូនស្រីរបស់លោកយែបថា ដែលបានបូជាខ្លួននោះ។
ការផ្ដល់ឲ្យការលើកទឹកចិត្ត ជួនកាលត្រូវការសេចក្ដីក្លាហាន។ ក្នុងកំឡុងដំណើរសាសនទូតលើកទីមួយរបស់សាវ័កប៉ុល គាត់បានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងនៅក្នុងទីក្រុងផ្សេងៗក្នុងភូមិភាគអាស៊ីមីនើរ។ គេបានបណ្ដេញគាត់ចេញពីក្រុងអាន់ទីយ៉ូក គាត់បានគេចខ្លួនផុតពីការប្រហារជីវិតនៅក្នុងក្រុងអ៊ីកូនាម ហើយត្រូវបានគេចោលដុំថ្មនិងទុកឲ្យសន្លប់នៅក្នុងក្រុងលីស្ដ្រា។ ប៉ុន្តែ ក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីការនោះមក ប៉ុលនិងសហការីរបស់គាត់បានត្រឡប់ទៅទីក្រុងទាំងនេះវិញ «ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៊ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ (កិច្ចការ ១៤:២១, ២២) ប៉ុលបានត្រៀមខ្លួនប្រថុយជីវិតរបស់គាត់ ដើម្បីទៅលើកទឹកចិត្តដល់ពួកសិស្សថ្មីទាំងនេះ។
ប៉ុន្តែ មិនមែនមានតែពួកសិស្សថ្មីប៉ុណ្ណោះទេ ដែលត្រូវការការលើកទឹកចិត្តនោះ។ ជាច្រើនឆ្នាំក្រោយមក ប៉ុលបានធ្វើដំណើរយ៉ាងពិបាកក្រៃលែងទៅក្រុងរ៉ូម ជាកន្លែងដែលគាត់ត្រូវបានគេវិនិច្ឆ័យទោស។ កាលដែលគាត់បានទៅជិតទីដៅរបស់គាត់ គាត់ប្រហែលជាបានធ្លាក់ទឹកចិត្តបន្ដិចបន្តួចហើយ។ ប៉ុន្តែ ពេលដែលគាត់បានមកដល់កន្លែងមួយប្រមាណ៧៤គ.ម. នៅខាងត្បូងឆៀងខាងកើតនៃក្រុងរ៉ូម គាត់ក៏មានទឹកចិត្តឡើងវិញ។ ហេតុអ្វី? ពីព្រោះមានបងប្អូនមកពីក្រុងរ៉ូមបានមកជួបគាត់នៅទីផ្សារអាប់ភាស និងពីផ្ទះសំណាក់បីខ្នង។ «លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង»។ (កិច្ចការ ២៨:១៥) ស្រដៀងគ្នានេះដែរ វត្តមានរបស់យើងក៏អាចធ្វើឲ្យអ្នកជឿឯទៀតលើកទឹកចិត្តដែរ។
ចូរឆ្លៀតរកឱកាសផ្ដល់ឲ្យការលើកទឹកចិត្ត
ត្រូវហើយ គឺមានឱកាសជាច្រើនសំរាប់ផ្ដល់ការលើកទឹកចិត្ត។ តើអ្នកមានចិត្តរំភើបទេ ពេលដែលបងប្អូនប្រុសឬស្រីម្នាក់បានថ្លែងសុន្ទរកថាយ៉ាងល្អនៅក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យនោះ? តើអ្នកសប្បាយចិត្តទេ ដោយមានយុវជនមាំមួនខាងវិញ្ញាណជាច្រើននៅក្នុងក្រុមជំនុំរបស់អ្នកនោះ? តើការអត់ធ្មត់របស់ពួកអ្នកចាស់ទុំ បានធ្វើឲ្យអ្នកស្ញើចទេ? តើអ្នកបានសរសើរអំពីរបៀបដែលអ្នកត្រួសត្រាយណាម្នាក់បានប្រើព្រះគម្ពីរក្នុងកិច្ចការផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ? ដូច្នេះ សូមនិយាយពាក្យសរសើរនិងអ្វីៗដែលលើកទឹកចិត្តចុះ។
ការលើកទឹកចិត្តមានតួនាទីដ៏សំខាន់នៅក្នុងក្រុមគ្រួសារ ដូចជានៅក្នុងក្រុមជំនុំដែរ។ ការនេះអាចជួយមាតាបិតាចិញ្ចឹមកូនចៅរបស់គេដោយ«បង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់[ព្រះយេហូវ៉ា]»។ (អេភេសូរ ៦:៤) ការប្រាប់កូនថាវាបានធ្វើការបានល្អ ដោយពន្យល់ប្រាប់អំពីមូលហេតុ នោះអាចជាការលើកទឹកចិត្តយ៉ាងខ្លាំង! ក្នុងកំឡុងវ័យក្មេង ការលើកទឹកចិត្តជាញឹកញាប់ជាការសំខាន់ណាស់ នៅពេលដែលក្មេងជួបប្រទះការល្បួងជាច្រើននិងការបង្ខិតបង្ខំនោះ។
ការខ្វះការលើកទឹកចិត្តក្នុងកំឡុងកុមារភាព អាចទៅជាសៅហ្មងបាន។ ម៉ៃឃោល ជាអ្នកចាស់ទុំគ្រីស្ទានម្នាក់ ដែលនៅសព្វថ្ងៃនេះគាត់រួសរាយណាស់ ប៉ុន្តែគាត់បានមានប្រសាសន៍ថា៖ «ឪពុកខ្ញុំមិនដែលបាននិយាយសរសើរខ្ញុំចំពោះកិច្ចការដែលខ្ញុំបានធ្វើទេ។ ដូច្នេះខ្ញុំបានធំឡើងដោយគ្មានការទុកចិត្តខ្លួនឡើយ។ . . . ថ្វីបើឥឡូវនេះ ខ្ញុំមានអាយុ៥០ឆ្នាំហើយ ខ្ញុំនៅតែមានចិត្តអបអរ កាលណាមិត្តសំឡាញ់របស់ខ្ញុំសរសើរថា ខ្ញុំធ្វើជាអ្នកចាស់ខ្ញុំដ៏ល្អម្នាក់ . . .។ ការពិសោធរបស់ខ្ញុំបានបង្រៀនឲ្យខ្ញុំដឹងអំពីសារៈសំខាន់នៃការផ្ដល់ឲ្យការលើកទឹកចិត្តដល់អ្នកឯទៀត ហើយខ្ញុំខំធ្វើដូច្នេះឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ»។
តើអ្នកណាត្រូវការការលើកទឹកចិត្ត?
ពួកអ្នកចាស់ទុំគ្រីស្ទានដែលខំខ្នះខ្នែង គឺសមទទួលការលើកទឹកចិត្ត។ ប៉ុលបានសរសេរថា៖ «បងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ»។ (ថែស្សាឡូនីចទី១ ៥:១២, ១៣) ជាការស្រួលណាស់ ក្នុងការមិនចេះអបអរដល់កិច្ចការដ៏ពិបាកដែលពួកអ្នកចាស់ទុំបានធ្វើមក ដើម្បីជាប្រយោជន៍ដល់អ្នក។ តែពាក្យអបអរដ៏ស្មោះនិងការលើកទឹកចិត្តអាចធ្វើឲ្យបន្ទុករបស់គេហាក់បីដូចជាស្រាលទៅវិញ។
ចំពោះពួកអ្នកដែលនៅក្នុងចំណោមយើង ដែលកំពុងតែអត់ទ្រាំនឹងកាលៈទេសៈដ៏ពិបាក ក៏ត្រូវការការលើកទឹកចិត្តដែរ។ ព្រះគម្ពីរបានទូន្មានយើងឲ្យ«ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ»។ (ថែស្សាឡូនីចទី១ ៥:១៤) គ្រួសារដែលមានតែឪពុកឬម្ដាយ ស្ត្រីមេម៉ាយ ពួកក្មេងៗ ពួកចាស់ជរា និងពួកពិការ គឺនៅក្នុងចំណោមពួកអ្នកដែលអាចមានសេចក្ដីទន់ក្រំចិត្ត ឬទន់ខ្សោយខាងវិញ្ញាណពីពេលមួយទៅពេលមួយ។
ម៉ារាជាស្ត្រីគ្រីស្ទានម្នាក់ដែលប្ដីរបស់នាងបានបោះបង់ចោល។ នាងបាននិយាយថា៖ «នៅពេលខ្លះ ខ្ញុំចង់ស្លាប់ដូចយ៉ូបដែរ។ [យ៉ូប ១៤:១៣] ប៉ុន្តែ ខ្ញុំមិនបានលះបង់ទេ ដោយសារតែការលើកទឹកចិត្តដែលខ្ញុំបានទទួល។ អ្នកចាស់ទុំពីរនាក់ ដែលខ្ញុំស្គាល់យ៉ាងជិតស្និទ្ធ បានមកចំណាយពេលជាច្រើនម៉ោង ដើម្បីជួយខ្ញុំឲ្យយល់អំពីតម្លៃនៃការបន្តកិច្ចការបំរើពេញពេល។ ហើយមានបងប្អូនស្រីពីរនាក់ដែលមានចិត្តអធ្យាស្រ័យ ក៏បានមកលួងចិត្តខ្ញុំ ស្ដាប់ពាក្យសំដីរបស់ខ្ញុំយ៉ាងអត់ធ្មត់ កាលដែលខ្ញុំបើកឲ្យដឹងអស់ពីបញ្ហាក្នុងដើមទ្រូងរបស់ខ្ញុំ។ ដោយប្រើព្រះគម្ពីរ ពួកគេបានជួយខ្ញុំឲ្យយល់ឃើញអ្វីៗពីទស្សនៈនៃព្រះយេហូវ៉ា។ ខ្ញុំមិនដឹងជាយើងបានអានទំនុកដំកើង ៥៥:២២ប៉ុន្មានដងមកទេ តែខ្ញុំដឹងថា ដោយបានអនុវត្តតាមបទគម្ពីរនេះ ខ្ញុំក៏បានចំរើនឡើងវិញបន្ដិចម្ដងៗខាងវិញ្ញាណនិងខាងផ្លូវចិត្ត។ ការនេះបានកើតឡើង១២ឆ្នាំមកហើយ ហើយឥឡូវនេះខ្ញុំសប្បាយចិត្តនឹងនិយាយថា ខ្ញុំបានបន្តកិច្ចការបំរើពេញពេលរហូតមកដល់ឥឡូវនេះ។ ខ្ញុំមានជីវិតដ៏ស្កប់និងសប្បាយណាស់ ទោះបីជាមានការឈឺអារម្មណ៍ម្ដងម្កាលក្ដី។ ខ្ញុំជឿជាក់ថា ការលើកទឹកចិត្តក្នុងគ្រាបែបនេះ អាចធ្វើឲ្យបានយ៉ាងប្រសើរក្នុងជីវិតរបស់បុគ្គលម្នាក់»។
មនុស្សខ្លះត្រូវការការលើកទឹកចិត្ត ពីព្រោះពួកគេបានប្រព្រឹត្តអំពើខុស ហើយឥឡូវនេះកំពុងតែព្យាយាមកែតម្រូវកំហុសនោះ។ ប្រហែលជាពួកគេបានទទួលការប្រដៅដ៏ជាទីស្រឡាញ់ហើយ។ (សុភាសិត ២៧:៦) ពួកអ្នកចាស់ទុំដែលផ្ដល់ឲ្យការប្រដៅនោះ អាចផ្ដល់ឲ្យការសរសើរភ្លាម កាលណាឃើញបុគ្គលនោះអនុវត្តតាមដំបូន្មានពីព្រះគម្ពីរ។ ពាក្យលើកទឹកចិត្តរបស់គេនឹងផ្ដល់ឲ្យប្រយោជន៍ពីរយ៉ាង—គឺការបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គេចំពោះបុគ្គលធ្វើខុសនោះ ដើម្បីកុំឲ្យគាត់មានការ«កើតទុក្ខព្រួយកាន់តែខ្លាំងឡើង» ហើយរំឭកគាត់អំពីផលប្រយោជន៍នៃការអនុវត្តដំបូន្មាននោះ។—កូរិនថូសទី២ ២:៧, ៨
អ្នកចាស់ទុំម្នាក់បានធ្វើកំហុសដ៏ធ្ងន់ធ្ងរ ហើយបានបាត់បង់នូវឯកសិទ្ធិនៃការមើលខុសត្រូវនៅក្នុងក្រុមជំនុំរបស់គាត់។ គាត់បានមានប្រសាសន៍៖ «កាលដែលគេប្រកាសដកយកឯកសិទ្ធិជាអ្នកចាស់ទុំពីខ្ញុំចេញ ខ្ញុំគិតថាបងប្អូនទាំងឡាយមុខជាមានអារម្មណ៍មិនស្រួលទេចំពោះខ្ញុំ។ យ៉ាងណាក្ដី ពួកអ្នកចាស់ទុំបានរក្សារឿងនេះជាសម្ងាត់បំផុត ហើយខំខ្នះខ្នែងផ្ដល់ឲ្យការលើកទឹកចិត្តដល់ខ្ញុំ។ ពួកអ្នកទាំងប៉ុន្មាននៅក្នុងក្រុមជំនុំក៏សម្ដែងសេចក្ដីស្រឡាញ់និងមិត្តភាពដល់ខ្ញុំដែរ ដែលពិតជាបានធ្វើឲ្យខ្ញុំលូតលាស់ខាងវិញ្ញាណឡើងវិញ»។
ចូរឲ្យចេះលើកទឹកចិត្តឡើង
ក្នុងជីវភាពរស់នៅដ៏រវល់របស់យើង ការលើកទឹកចិត្តជាអ្វីដែលស្រួលភ្លេចណាស់។ ប៉ុន្តែ ការលើកទឹកចិត្តជាការមានប្រយោជន៍ណាស់! ដើម្បីផ្ដល់ការលើកទឹកចិត្តឲ្យបានសក្ដិសិទ្ធិ អ្នកត្រូវតែចាំចំណុចពីរ។ ទីមួយ ត្រូវគិតអំពីអ្វីៗដែលត្រូវនិយាយសិន ដើម្បីឲ្យការលើកទឹកចិត្តរបស់អ្នកច្បាស់លាស់។ ទីពីរ ត្រូវស្វែងរកឱកាសល្អ ដើម្បីទៅជិតបុគ្គលដែលសមទទួលការសរសើរ ឬដែលត្រូវការការលើកទឹកចិត្ត។
កាលណាអ្នកធ្វើដូច្នេះជាច្រើនដង អ្នកក៏សប្បាយចិត្តជាខ្លាំងដែរ។ ពីព្រោះព្រះយេស៊ូបានមានបន្ទូលប្រាប់យើងថា៖ «ដែលឲ្យ នោះបានពរ[សប្បាយ, ព.ថ.]ជាជាងទទួល»។ (កិច្ចការ ២០:៣៥) ដោយលើកទឹកចិត្តអ្នកឯទៀត អ្នកនឹងលើកទឹកចិត្តខ្លួនឯងដែរ។ ចូរឲ្យលោកអ្នកមានគោលដៅនឹងផ្ដល់ឲ្យការលើកទឹកចិត្តដល់អ្នកណាម្នាក់ជារៀងរាល់ថ្ងៃចុះ។