ចូរយកតម្រាប់ព្រះយេហូវ៉ាជាព្រះដែលផ្ដល់ការលើកទឹកចិត្ត
«សូមសរសើរព្រះ . . . លោកសម្រាលទុក្ខ[ឬ«លើកទឹកចិត្ត»a]យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤
១. ពេលដែលអាដាមនិងអេវ៉ាបានបះបោរប្រឆាំង តើព្រះយេហូវ៉ាបានផ្ដល់ការលើកទឹកចិត្តនិងសេចក្ដីសង្ឃឹមអ្វីដល់មនុស្សជាតិ?
ព្រះយេហូវ៉ាគឺជាព្រះដែលផ្ដល់ការលើកទឹកចិត្ត។ លោកបានផ្ដល់ការលើកទឹកចិត្ត តាំងពីមនុស្សបានធ្វើអំពើខុសឆ្គង ហើយបានទៅជាមនុស្សមិនល្អឥតខ្ចោះ។ ភ្លាមៗក្រោយពីអាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះ លោកបានប្រកាសទំនាយមួយ។ ពេលមនុស្សដែលកើតក្រោយៗមកយល់ទំនាយនេះ នោះនឹងធ្វើឲ្យពួកគេមានសេចក្ដីសង្ឃឹមនិងទទួលការលើកទឹកចិត្ត។ ទំនាយនេះគឺនៅលោកុប្បត្តិ ៣:១៥ ហើយមានសេចក្ដីសន្យាថាមេកំណាចសាថាននិងស្នាដៃដ៏ខូចអាក្រក់របស់វានឹងត្រូវបំផ្លាញ។—យ៉ូហានទី១ ៣:៨; ការបើកបង្ហាញ ១២:៩
ព្រះយេហូវ៉ាបានលើកទឹកចិត្តអ្នកបម្រើរបស់លោកនៅអតីតកាល
២. តើព្រះយេហូវ៉ាបានលើកទឹកចិត្តណូអេយ៉ាងដូចម្ដេច?
២ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានលើកទឹកចិត្តណូអេដែលជាអ្នកបម្រើលោក។ មនុស្សដែលរស់នៅសម័យគាត់បានប្រព្រឹត្តដោយឃោរឃៅនិងប្រាសចាកសីលធម៌ ហើយមានតែណូអេនិងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះដែលបានគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នោះអាចធ្វើឲ្យណូអេធ្លាក់ទឹកចិត្ត។ (លោកុប្បត្តិ ៦:៤, ៥, ១១; យូដាស ៦) ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យណូអេនូវចិត្តក្លាហានដែលគាត់ត្រូវការដើម្បីបន្តគោរពប្រណិប័តន៍លោកនិងធ្វើអ្វីដែលត្រឹមត្រូវ។ (លោកុប្បត្តិ ៦:៩) ព្រះយេហូវ៉ាបានប្រាប់ណូអេថាលោកនឹងបំផ្លាញពិភពលោកដ៏អាក្រក់នោះ ហើយបានពន្យល់អំពីអ្វីដែលណូអេត្រូវធ្វើដើម្បីឲ្យគាត់និងក្រុមគ្រួសាររបស់គាត់រួចជីវិត។ (លោកុប្បត្តិ ៦:១៣-១៨) ព្រះយេហូវ៉ាគឺជាព្រះដែលផ្ដល់ការលើកទឹកចិត្តដល់ណូអេ។
៣. តើព្រះយេហូវ៉ាបានលើកទឹកចិត្តយ៉ូស្វេតាមរបៀបណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ ក្រោយមក ព្រះយេហូវ៉ាបានលើកទឹកចិត្តយ៉ូស្វេជាអ្នកបម្រើរបស់លោក ដែលត្រូវធ្វើកិច្ចការដ៏ធ្ងន់ធ្ងរមួយ។ គាត់ត្រូវនាំមុខរាស្ត្ររបស់ព្រះចូលក្នុងស្រុកដែលព្រះបានសន្យា ហើយត្រូវយកឈ្នះលើកងទ័ពដ៏ខ្លាំងក្លារបស់ប្រជាជាតិដែលរស់នៅទីនោះ។ ព្រះយេហូវ៉ាដឹងថាមានមូលហេតុឲ្យយ៉ូស្វេភ័យខ្លាច ដូច្នេះលោកបានប្រាប់ម៉ូសេថា៖ «ត្រូវឲ្យបង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខបណ្ដាជនទាំងនេះទៅ ឲ្យគេបានទទួលស្រុកដែលឯងនឹងមើលឃើញនោះ ទុកជាមរដករបស់គេ»។ (ចោទិយកថា ៣:២៨) រួចមក ព្រះយេហូវ៉ាផ្ទាល់បានលើកទឹកចិត្តយ៉ូស្វេដោយមានប្រសាសន៍ថា៖ «តើអញមិនបានបង្គាប់ឯងទេឬអី? ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផង»។ (យ៉ូស្វេ ១:១, ៩) តើអ្នកគិតថាពាក្យទាំងនេះបានធ្វើឲ្យយ៉ូស្វេមានអារម្មណ៍យ៉ាងណា?
៤, ៥. (ក) តើព្រះយេហូវ៉ាបានលើកទឹកចិត្តអ្នកបម្រើរបស់លោកនៅអតីតកាលយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាបានលើកទឹកចិត្តបុត្ររបស់លោកតាមរបៀបណា?
៤ ព្រះយេហូវ៉ាក៏បានលើកទឹកចិត្តរាស្ត្ររបស់លោកជាក្រុមដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាដឹងថាជនជាតិយូដានឹងត្រូវការការលើកទឹកចិត្តពេលពួកគេទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ហើយលោកបានឲ្យពួកគេនូវទំនាយមួយដ៏គួរឲ្យលើកទឹកចិត្តថា៖ «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ (អេសាយ ៤១:១០) នៅគ្រាក្រោយមក ព្រះយេហូវ៉ាបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសម័យដើម ហើយលោកក៏លើកទឹកចិត្តយើងតាមរបៀបដូចគ្នាដែរ។—សូមអាន កូរិនថូសទី២ ១:៣, ៤
៥ ព្រះយេហូវ៉ាក៏បានលើកទឹកចិត្តបុត្ររបស់លោក។ ក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក លោកបានឮសំឡេងពីស្ថានសួគ៌ថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថាយ ៣:១៧) តើអ្នកអាចស្រមៃគិតថាពាក្យទាំងនេះបានពង្រឹងកម្លាំងចិត្តលោកយេស៊ូខ្លាំងយ៉ាងណាក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី?
លោកយេស៊ូបានលើកទឹកចិត្ត អ្នកឯទៀត
៦. តើឧទាហរណ៍របស់លោកយេស៊ូអំពីថាលិនអាចលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
៦ លោកយេស៊ូបានយកតម្រាប់បិតារបស់លោកដោយលើកទឹកចិត្តអ្នកឯទៀតឲ្យនៅស្មោះត្រង់។ លោកបានធ្វើដូច្នេះតាមរយៈឧទាហរណ៍អំពីថាលិន។ នៅក្នុងឧទាហរណ៍នោះ ម្ចាស់បានប្រាប់ខ្ញុំបម្រើស្មោះត្រង់ម្នាក់ៗថា៖ «ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ»។ (ម៉ាថាយ ២៥:២១, ២៣) ពាក្យទាំងនេះបានលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់!
លោកយេស៊ូបានលើកទឹកចិត្តពេត្រុស ហើយថែមទាំងប្រគល់ភារកិច្ចឲ្យគាត់ពង្រឹងកម្លាំងចិត្តអ្នកឯទៀត
៧. តើតាមរបៀបណាលោកយេស៊ូបានលើកទឹកចិត្តសាវ័ករបស់លោក ជាពិសេសពេត្រុស?
៧ ទោះជាពួកសាវ័កច្រើនតែបានឈ្លោះប្រកែកគ្នាអំពីអ្នកណាធំជាងគេក្ដី លោកយេស៊ូតែងតែអត់ធ្មត់នឹងពួកគេ។ លោកបានលើកទឹកចិត្តពួកគេឲ្យមានចិត្តរាបទាប ហើយបម្រើអ្នកឯទៀត ជាជាងចង់ឲ្យអ្នកឯទៀតបម្រើពួកគេ។ (លូកា ២២:២៤-២៦) នៅពេលខ្លះ ពេត្រុសបានធ្វើខុស និងធ្វើឲ្យលោកយេស៊ូខកចិត្ត។ (ម៉ាថាយ ១៦:២១-២៣; ២៦:៣១-៣៥, ៧៥) ប៉ុន្តែ លោកយេស៊ូមិនដែលឈប់ទទួលស្គាល់ពេត្រុសជាអ្នកកាន់តាមលោកទេ។ ផ្ទុយទៅវិញ លោកបានលើកទឹកចិត្តពេត្រុស ហើយថែមទាំងប្រគល់ភារកិច្ចឲ្យគាត់ពង្រឹងកម្លាំងចិត្តអ្នកឯទៀត។—យ៉ូហាន ២១:១៦
ការលើកទឹកចិត្តនៅសម័យបុរាណ
៨. តើហេសេគាបានលើកទឹកចិត្តមេទ័ពនិងអ្នកក្រុងយេរូសាឡិមតាមរបៀបណា?
៨ សូម្បីតែមុនលោកយេស៊ូបានទុកគំរូឲ្យអ្នកបម្រើព្រះយេហូវ៉ាធ្វើតាម ពួកគេក៏ដឹងថាពួកគេត្រូវលើកទឹកចិត្តអ្នកឯទៀត។ សូមគិតអំពីហេសេគា។ ពេលជនជាតិអាសស៊ើរហៀបនឹងវាយប្រហារអ្នកក្រុងយេរូសាឡិម គាត់បានប្រមូលមេទ័ពនិងបណ្ដាជនដើម្បីលើកទឹកចិត្តពួកគេ ហើយពួកគេបានទទួលកម្លាំងចិត្តឬ«ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា»។—សូមអាន របាក្សត្រទី២ ៣២:៦-៨
៩. តើយើងអាចរៀនអ្វីពីយ៉ូបអំពីការផ្ដល់ការលើកទឹកចិត្ត?
៩ យើងក៏អាចរៀនអំពីការផ្ដល់ការលើកទឹកចិត្តពីគំរូរបស់យ៉ូប។ ទោះជាគាត់ត្រូវការការលើកទឹកចិត្តក៏ដោយ គាត់បានបង្រៀនអ្នកឯទៀតអំពីរបៀបផ្ដល់ការលើកទឹកចិត្ត។ យ៉ូបបានប្រាប់បុរសបីនាក់ដែលមកសម្រាលទុក្ខគាត់ថា បើគាត់ជាអ្នកសម្រាលទុក្ខពួកគេវិញ គាត់នឹងនិយាយអ្វីដែលពង្រឹងកម្លាំងចិត្តនិងធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាល មិនមែននាំឲ្យពួកគេឈឺចិត្តទេ។ (យ៉ូប ១៦:១-៥) ប៉ុន្តែ ក្រោយមកយ៉ូបបានទទួលការលើកទឹកចិត្តពីអេលីហ៊ូវនិងពីព្រះយេហូវ៉ាផ្ទាល់។—យ៉ូប ៣៣:២៤, ២៥; ៣៦:១, ១១; ៤២:៧, ១០
១០, ១១. (ក) ហេតុអ្វីកូនស្រីរបស់យែបថាត្រូវការការលើកទឹកចិត្ត? (ខ) នៅសព្វថ្ងៃនេះ តើយើងអាចលើកទឹកចិត្តអ្នកណា?
១០ កូនស្រីរបស់យែបថាក៏ត្រូវការការលើកទឹកចិត្តដែរ។ មុនយែបថាដែលជាចៅក្រមនិងជាឪពុករបស់នាងទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន គាត់បានសន្យាថា បើព្រះយេហូវ៉ាជួយគាត់ឲ្យឈ្នះចម្បាំងនោះ បុគ្គលដំបូងដែលចេញមកជួបគាត់នៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញ នឹងទៅបម្រើព្រះយេហូវ៉ានៅឯត្រសាល។ ជនជាតិអ៊ីស្រាអែលបានឈ្នះការប្រយុទ្ធនោះ ហើយបុគ្គលដំបូងដែលបានចេញមកជួបយែបថាជាកូនស្រីរបស់គាត់ ដែលជាកូនតែមួយគត់របស់គាត់។ យែបថាឈឺចិត្តជាខ្លាំង។ ប៉ុន្តែ គាត់បានរក្សាពាក្យសន្យារបស់គាត់ ហើយបានបញ្ជូនកូនស្រីរបស់គាត់ឲ្យទៅបម្រើនៅឯត្រសាលអស់មួយជីវិត។—ពួកចៅហ្វាយ ១១:៣០-៣៥
១១ ទោះជានេះពិបាកសម្រាប់យែបថាក្ដី នេះគឺកាន់តែពិបាកសម្រាប់កូនស្រីរបស់គាត់។ ប៉ុន្តែ នាងសុខចិត្តធ្វើតាមសេចក្ដីសន្យារបស់ឪពុកនាង។ (ពួកចៅហ្វាយ ១១:៣៦, ៣៧) នេះមានន័យថានាងនឹងមិនរៀបការឬបង្កើតកូនទេ។ វង្សត្រកូលនោះនឹងលែងមានទៀត។ នាងពិតជាត្រូវការការលើកទឹកចិត្តនិងការសម្រាលទុក្ខ។ គម្ពីរចែងថា៖ «រាល់តែឆ្នាំពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពី[ឬ«សរសើរ»]កូនស្រីរបស់យែបថាជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ»។ (ពួកចៅហ្វាយ ១១:៣៩, ៤០; ព.ថ.) គំរូរបស់កូនស្រីយែបថារំលឹកយើងអំពីគ្រិស្តសាសនិកនៅសព្វថ្ងៃនេះដែលប្រើភាពនៅលីវដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាង។ តើយើងអាចសរសើរនិងលើកទឹកចិត្តពួកគេឬទេ?—កូរិនថូសទី១ ៧:៣២-៣៥
ពួកសាវ័កបានលើកទឹកចិត្តបងប្អូនរួមជំនឿ
១២, ១៣. តើពេត្រុសបាន‹ពង្រឹងជំនឿនៃបងប្អូនរបស់គាត់›យ៉ាងដូចម្ដេច?
១២ នៅយប់មុនលោកយេស៊ូស្លាប់ លោកបានប្រាប់សាវ័កពេត្រុសថា៖ «ស៊ីម៉ូន ស៊ីម៉ូន មើល! សាថានបានទាមទាររែងអ្នករាល់គ្នាដូចអង្ករ។ ប៉ុន្តែខ្ញុំបានអធិដ្ឋានអង្វរកុំឲ្យជំនឿរបស់អ្នកចុះខ្សោយ។ ឯអ្នកវិញ ពេលដែលអ្នកប្រែចិត្តហើយ ចូរពង្រឹងជំនឿនៃបងប្អូនរបស់អ្នក»។—លូកា ២២:៣១, ៣២
អ្វីដែលពួកសាវ័កបានសរសេរក្រោមការដឹកនាំរបស់ព្រះបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ហើយក៏នៅតែលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះ (សូមមើលវគ្គ១២-១៧)
១៣ ពេត្រុសគឺជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នកនាំមុខក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើម។ (កាឡាទី ២:៩) គាត់បានលើកទឹកចិត្តបងប្អូនដោយការប្រព្រឹត្តដ៏ក្លាហានរបស់គាត់នៅបុណ្យថ្ងៃទី៥០និងនៅពេលក្រោយមក។ ក្រោយពីគាត់បានបម្រើអស់ជាច្រើនឆ្នាំ គាត់បានសរសេរសំបុត្រទៅបងប្អូនថា៖ «ខ្ញុំបានសរសេរទៅកាន់អ្នករាល់គ្នាយ៉ាងខ្លី . . . ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយបញ្ជាក់យ៉ាងស្មោះអស់ពីចិត្តថា នេះហើយជាគុណដ៏វិសេសលើសលប់ដ៏ពិតរបស់ព្រះ។ ចូរកាន់ជំហរមាំមួនក្នុងគុណដ៏វិសេសនេះ»។ (ពេត្រុសទី១ ៥:១២) សំបុត្ររបស់ពេត្រុសបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសម័យគាត់ ហើយក៏នៅតែលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះកាលដែលយើងទន្ទឹងរង់ចាំការសម្រេចនៃសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ា!—ពេត្រុសទី២ ៣:១៣
១៤, ១៥. ក្នុងគម្ពីរ តើសៀវភៅដែលសាវ័កយ៉ូហានបានសរសេរលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
១៤ សាវ័កយ៉ូហានក៏ជាបុគ្គលម្នាក់ដែលនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើម។ គាត់បានសរសេរសៀវភៅដំណឹងល្អមួយដ៏គួរឲ្យរំភើបចិត្តអំពីកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ។ សៀវភៅនេះក្នុងគម្ពីរ បានលើកទឹកចិត្តគ្រិស្តសាសនិកអស់រាប់រយឆ្នាំមកហើយ ហើយក៏បន្តលើកទឹកយើងនៅសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ មានតែក្នុងសៀវភៅដំណឹងល្អរៀបរាប់ដោយយ៉ូហាន ដែលយើងអាចអានអំពីពាក្យរបស់លោកយេស៊ូដែលថា សេចក្ដីស្រឡាញ់គឺជាសញ្ញាសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់លោក។—សូមអាន យ៉ូហាន ១៣:៣៤, ៣៥
១៥ សំបុត្រទាំងបីដែលយ៉ូហានបានសរសេរក៏មានព័ត៌មានដែលមានតម្លៃដែរ។ កាលដែលយើងធ្លាក់ទឹកចិត្តដោយសារយើងបានធ្វើខុស យើងមានអារម្មណ៍ធូរស្រាលពេលយើងអានថា គ្រឿងបូជាលោះរបស់លោកយេស៊ូ«សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។ (យ៉ូហានទី១ ១:៧) ម្យ៉ាងទៀត បើយើងបន្តបន្ទោសខ្លួន យើងនឹងទទួលការសម្រាលទុកពេលយើងអានបទគម្ពីរដែលចែងថា៖ «ព្រះធំជាងចិត្តរបស់យើង»។ (យ៉ូហានទី១ ៣:២០) ក្នុងចំណោមអ្នកសរសេរគម្ពីរ មានតែយ៉ូហានដែលបានសរសេរថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨, ១៦) សំបុត្រទី២និងទី៣របស់គាត់ សរសើរគ្រិស្តសាសនិកដែលបន្ត«កាន់ខ្ជាប់តាមសេចក្ដីពិត»។—យ៉ូហានទី២ ៤; យ៉ូហានទី៣ ៣, ៤
១៦, ១៧. តើសាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសម័យដើមយ៉ាងដូចម្ដេច?
១៦ សាវ័កប៉ូលគឺជាគំរូដ៏ល្អប្រសើរអំពីបុគ្គលដែលផ្ដល់ការលើកទឹកចិត្តដល់បងប្អូនរបស់គាត់។ អស់មួយរយៈពេលក្រោយពីលោកយេស៊ូបានស្លាប់ ពួកសាវ័កភាគច្រើនបាននៅក្រុងយេរូសាឡិម ដែលជាទីតាំងនៃគណៈអភិបាល។ (សកម្មភាព ៨:១៤; ១៥:២) គ្រិស្តសាសនិកនៅតំបន់យូឌាបានផ្សព្វផ្សាយអំពីគ្រិស្តដល់មនុស្សដែលមានជំនឿទៅលើព្រះមួយអង្គ។ ប៉ុន្តែ សកម្មពលបរិសុទ្ធបានចាត់ប៉ូលឲ្យទៅផ្សព្វផ្សាយដល់ជនជាតិក្រិច រ៉ូម និងជនជាតិឯទៀតដែលគោរពប្រណិប័តន៍ព្រះផ្សេងៗជាច្រើន។—កាឡាទី ២:៧-៩; ធីម៉ូថេទី១ ២:៧
១៧ ប៉ូលបានធ្វើដំណើរនៅកន្លែងផ្សេងៗដែលឥឡូវនេះនៅក្នុងទឹកដីរបស់ប្រទេសតួកគី ព្រមទាំងប្រទេសក្រិចនិងប្រទេសអ៊ីតាលី។ គាត់បានផ្សព្វផ្សាយដល់អ្នកដែលមិនមែនជាជនជាតិយូដាដែលរស់នៅកន្លែងទាំងនោះ ហើយបានបង្កើតក្រុមជំនុំគ្រិស្តសាសនិក។ ជីវិតគឺមិនស្រួលទេសម្រាប់គ្រិស្តសាសនិកថ្មីទាំងនោះ។ ជនរួមជាតិរបស់ពួកគេបានបៀតបៀនពួកគេ ដូច្នេះពួកគេត្រូវការការលើកទឹកចិត្ត។ (ថែស្សាឡូនិចទី១ ២:១៤) ប្រហែលជានៅឆ្នាំ៥០ គ.ស. ប៉ូលបានសរសេរសំបុត្រដ៏គួរឲ្យលើកទឹកចិត្តទៅកាន់ក្រុមជំនុំថ្មីនៅក្រុងថែស្សាឡូនិច។ ក្នុងសំបុត្រនោះគាត់បាននិយាយថា៖ «យើងតែងតែអរគុណព្រះ ពេលដែលយើងអធិដ្ឋានអំពីអ្នកទាំងអស់គ្នា ព្រោះយើងតែងនឹកឃើញកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ហើយការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ថែមទាំងរបៀបដែលអ្នករាល់គ្នាស៊ូទ្រាំ»។ (ថែស្សាឡូនិចទី១ ១:២, ៣) គាត់ក៏បានសុំឲ្យពួកគេពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមក ហើយបានសរសេរថា៖ «ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—ថែស្សាឡូនិចទី១ ៥:១១
គណៈអភិបាលផ្ដល់ការលើកទឹកចិត្ត
១៨. តើគណៈអភិបាលនៅសតវត្សរ៍ទី១បានលើកទឹកចិត្តភីលីពយ៉ាងដូចម្ដេច?
១៨ នៅសតវត្សរ៍ទី១ ព្រះយេហូវ៉ាបានប្រើគណៈអភិបាលដើម្បីលើកទឹកចិត្តគ្រិស្តសាសនិកទាំងអស់ រួមទាំងពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំដែរ។ ពេលភីលីពបានផ្សព្វផ្សាយអំពីគ្រិស្តដល់ជនជាតិសាម៉ារី គណៈអភិបាលបានគាំទ្រគាត់។ ពួកគាត់បានចាត់ពេត្រុសនិងយ៉ូហានដែលជាសមាជិកគណៈអភិបាលឲ្យទៅជួបគ្រិស្តសាសនិកថ្មីទាំងនោះ ហើយអធិដ្ឋានដើម្បីឲ្យពួកគេទទួលសកម្មពលបរិសុទ្ធ។ (សកម្មភាព ៨:៥, ១៤-១៧) ភីលីពនិងបងប្អូនថ្មីទាំងនោះបានទទួលការលើកទឹកចិត្តជាខ្លាំងពីការគាំទ្រដែលមកពីគណៈអភិបាល!
១៩. តើគ្រិស្តសាសនិកនៅសម័យដើមមានអារម្មណ៍យ៉ាងណាពេលពួកគេអានសំបុត្រពីគណៈអភិបាល?
១៩ ក្រោយមក គណៈអភិបាលត្រូវធ្វើការសម្រេចចិត្តអំពីរឿងដ៏សំខាន់មួយ។ រឿងនោះគឺតើគ្រិស្តសាសនិកដែលមិនមែនជាជនជាតិយូដាត្រូវកាត់ចុងស្បែកដូចដែលជនជាតិយូដាបានធ្វើស្របតាមច្បាប់ម៉ូសេឬទេ? (សកម្មភាព ១៥:១, ២) ក្រោយពីគណៈអភិបាលបានអធិដ្ឋានសុំសកម្មពលបរិសុទ្ធនិងបានវែកញែកអំពីបទគម្ពីរ ពួកគាត់បានសម្រេចចិត្តថាការកាត់ចុងស្បែកលែងចាំបាច់ទៀត។ បន្ទាប់មក ពួកគាត់បានសរសេរសំបុត្រដែលរៀបរាប់អំពីការសម្រេចចិត្តរបស់ពួកគាត់ ហើយចាត់បងប្រុសៗឲ្យយកសំបុត្រនោះទៅឲ្យក្រុមជំនុំនានា។ ពេលគ្រិស្តសាសនិកបានអានសំបុត្រនោះ ពួកគេ«ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ»។—សកម្មភាព ១៥:២៧-៣២
២០. (ក) តើគណៈអភិបាលលើកទឹកចិត្តយើងទាំងអស់គ្នានៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំណួរអ្វីក្នុងអត្ថបទបន្ទាប់?
២០ សព្វថ្ងៃនេះគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាផ្ដល់ការលើកទឹកចិត្តដល់សមាជិកក្រុមគ្រួសារបេតអែល អ្នកបម្រើពេញពេលពិសេសឯទៀត និងយើងទាំងអស់គ្នា។ ដូចបងប្អូននៅសតវត្សរ៍ទី១ យើងត្រេកអរនឹងការលើកទឹកចិត្តនោះ! ម្យ៉ាងទៀត ដើម្បីលើកទឹកចិត្តពួកអ្នកដែលបានចាកចេញពីសេចក្ដីពិតឲ្យត្រឡប់មកវិញ នៅឆ្នាំ២០១៥គណៈអភិបាលបានផ្ដល់សៀវភៅស្តើងដែលមានចំណងជើងថា សូមត្រឡប់មកព្រះយេហូវ៉ាវិញ។ ប៉ុន្តែ តើមានតែបងប្រុសៗដែលនាំមុខប៉ុណ្ណោះដែលគួរលើកទឹកចិត្តអ្នកឯទៀត ឬតើយើងទាំងអស់គ្នាគួរធ្វើដូច្នេះដែរ? យើងនឹងពិចារណាសំណួរនេះនៅអត្ថបទបន្ទាប់។
a យោងទៅតាមសេចក្ដីបកប្រែពិភពលោកថ្មីកំណែថ្មីដែលបានត្រូវបោះពុម្ពនៅឆ្នាំ២០១៣។