បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៥ ទំ. ២៧-៣១
  • «កុំឲ្យខ្លាច ហ្វូងតូចអើយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «កុំឲ្យខ្លាច ហ្វូងតូចអើយ»
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហ្វូង​តូច
  • ចំនួន​កាន់​តែ​តិច​ឡើង
  • «កុំ​ឲ្យ​ខ្លាច»
  • សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ
  • «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ចូរប្រយ័ត្នខ្លួនអ្នក ហើយមើលការខុសត្រូវហ្វូងចៀម»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • «ពួកស្លាប់នឹងរស់ឡើងវិញ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៥ ទំ. ២៧-៣១

«កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ»

«កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត»។—លូកា ១២:៣២

១. តើ​អ្វី​ជា​មូលដ្ឋាន​ចំពោះ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ៖ «កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ»?

«ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ»។ (លូកា ១២:៣១) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ទ្រង់​បាន​សម្ដែង​គោលការណ៍​មួយ ដែល​បាន​ដឹក​នាំ​គំនិត​របស់​ពួក​គ្រីស្ទាន​តាំង​ពី​សម័យ​ទ្រង់​រហូត​មក​ដល់​សម័យ​យើង​នេះ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​តែ​ជា​អ្វី​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (ម៉ាថាយ ៦:៣៣) យ៉ាង​ណា​ក៏​ដោយ នៅ​សៀវភៅ​លូកា ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ថ្នម​និង​ជា​ទី​លើក​ទឹក​ចិត្ត​ទៅ​កាន់​ពួក​គ្រីស្ទាន​ពិសេស​មួយ​ក្រុម។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត»។ (លូកា ១២:៣២) ជា​អ្នក​គង្វាល​ល្អ ព្រះ​យេស៊ូ​បាន​ជ្រាប​ថា នឹង​មាន​គ្រា​លំបាក​នៅ​អនាគត​ចំពោះ​សិស្ស​ដ៏​ស្និទ្ធ​របស់​ទ្រង់។ ប៉ុន្តែ គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ​ចំពោះ​ពួក​គេ បើសិន​ជា​គេ​ខំ​ស្វែង​រក​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ។ ដូច្នេះ ការ​ដាស់​តឿន​នេះ​របស់​ព្រះ​យេស៊ូ​មិន​មែន​ជា​ការ​បញ្ជា​ដ៏​តឹងរ៉ឹង​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​កិច្ច​សន្យា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជួយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​និង​សេចក្ដី​ក្លាហាន។

២. នៅ​ក្នុង​ហ្វូង​តូច តើ​មាន​អ្នក​ណា​ខ្លះ ហើយ​ហេតុ​អ្វី​ក៏​ពួក​គេ​មាន​ឯក​សិទ្ធិ​ដ៏​ពិសេស​ម្ល៉េះ?

២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ហៅ​ពួក​គេ​ជា​«ហ្វូង​តូច»។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​នឹង​‹ប្រទាន​ឲ្យ​ព្រះ​រាជាណាចក្រ›​ដែរ។ បើ​ប្រៀបធៀប​នឹង​ហ្វូង​យ៉ាង​ធំ​ដែល​ដើរ​តាម​ព្រះ​យេស៊ូ​នៅ​ពេល​ក្រោយ ហ្វូង​នេះ​មាន​គ្នា​តិច​មែន។ ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​មាន​តម្លៃ ពីព្រោះ​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​សំរាប់​អនាគត​ដ៏​រុងរឿង គឺ​នឹង​ទទួល​រាជ​បរិចារកិច្ច។ ព្រះ​យេហូវ៉ា ដែល​ជា​បិតា​និង​មហា​គង្វាល​របស់​គេ បាន​ទូល​ហៅ​ហ្វូង​តូច​ដើម្បី​ឲ្យ​ទទួល​មរតក​សួគ៌ា ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី។

ហ្វូង​តូច

៣. តើ​លោក​យ៉ូហាន​បាន​ឃើញ​ចក្ខុនិមិត្ត​ដ៏​រុងរឿង​មួយ​ណា​នៃ​ហ្វូង​តូច?

៣ តើ​ហ្វូង​តូច​នេះ​ដែល​មាន​អនាគត​ដ៏​អស្ចារ្យ​នឹង​មាន​អ្នក​ណា​ខ្លះ​នៅ​ក្នុង​នោះ? គឺ​មាន​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ (កិច្ចការ ២:១​-​៤) ដោយ​ឃើញ​ពួក​គេ​ជា​ពួក​ចំរៀង​សួគ៌ា​ដោយ​កាន់​ពិណ​ក្នុង​ដៃ​របស់​គេ​នោះ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់​ដែល​មាន​ព្រះ​នាម​ទ្រង់ នឹង​ព្រះ​នាម​ព្រះ​វរបិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ។ នោះ​ជា​ពួក​ព្រហ្មចារី ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រី​ឡើយ គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម។ មិន​ឃើញ​មាន​សេចក្ដី​ភូតភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅហ្មង»។—វិវរណៈ ១៤:១, ៤, ៥

៤. តើ​ហ្វូង​តូច​មាន​តំណែង​អ្វី​នៅ​លើ​ផែនដី​នៅ​សព្វ​ថ្ងៃ​នេះ?

៤ តាំង​ពី​បុណ្យ​ភិន្ដាកុស នៅ​ឆ្នាំ​៣៣ ស.យ. មក ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ ជា​ពួក​អ្នក​ដែល​កើត​ពី​ព្រះ​វិញ្ញាណ បាន​បំរើ​ជា​ឯក​អគ្គ​រាជ​ទូត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី។ (កូរិនថូសទី២ ៥:២០) នៅ​សព្វ​ថ្ងៃ​នេះ មាន​តែ​ពួក​គេ​ខ្លះ​ដែល​នៅ​សល់ ដែល​បំរើ​ជា​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ។ (ម៉ាថាយ ២៤:៤៥; វិវរណៈ ១២:១៧) ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩៣៥​មក ពួក​«ចៀម​ឯ​ទៀត»​បាន​ចូល​រួម​ជា​មួយ​ពួក​គេ គឺ​ជា​ពួក​ជន​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី ដែល​ឥឡូវ​នេះ​មាន​គ្នា​ដល់​រាប់​លាន​នាក់។ ពួក​នេះ​បាន​ជួយ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ផែនដី។—យ៉ូហាន ១០:១៦

៥. តើ​ពួក​អ្នក​នៅ​សល់​នៃ​ហ្វូង​តូច​មាន​អាកប្បកិរិយា​យ៉ាង​ណា ហើយ​ហេតុ​អ្វី​បាន​ជា​គេ​មិន​ត្រូវ​ខ្លាច​នោះ?

៥ តើ​ពួក​អ្នក​នៅ​សល់​នៃ​ហ្វូង​តូច​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ មាន​អាកប្បកិរិយា​យ៉ាង​ណា​ដែរ? ដោយ​ដឹង​ថា​ពួក​គេ​នឹង​ទទួល​‹ព្រះ​រាជាណាចក្រ​ដែល​រញ្ជួយ​ពុំ​បាន› ពួក​គេ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​របស់​គេ​ដោយ​មាន​ការ​កោត​ខ្លាច​និង​កោត​ស្ញែង​ដល់​ទ្រង់។ (ហេព្រើរ ១២:២៨) ពួក​គេ​ទទួល​ស្គាល់​ថា ឯក​សិទ្ធិ​របស់​គេ​ជា​អ្វី​ដែល​មាន​តម្លៃ​ឥត​គណនា ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ក្រៃលែង។ ពួក​គេ​បាន​រក​ឃើញ​‹កែវ​មុក្ដា​មួយ​ដែល​មាន​តម្លៃ​ណាស់› ដែល​ព្រះ​យេស៊ូ​បាន​ប្រៀបប្រដូច កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​ព្រះ​រាជាណាចក្រ​នោះ។ (ម៉ាថាយ ១៣:៤៦) កាល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​កាន់​តែ​អង្កឹល​មក​ជិត​ឡើងៗ ពួក​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​ក៏​ឈរ​ដោយ​ឥត​ខ្លាច​ឡើយ។ ថ្វី​បើ​នឹង​មាន​អ្វី​កើត​ឡើង​មក​លើ​លោកីយ៍​នៃ​មនុស្ស​លោក​ក្នុង​កំឡុង​‹ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ​យេហូវ៉ា›​ក្ដី ពួក​គេ​នៅ​តែ​មិន​មាន​ការ​ខ្លាច​ញ័រ​រន្ធត់​ចំពោះ​អនាគត​ឡើយ។ (កិច្ចការ ២:១៩​-​២១) តើ​ឲ្យ​ពួក​គេ​មាន​យ៉ាង​ម៉េច​បាន?

ចំនួន​កាន់​តែ​តិច​ឡើង

៦, ៧. (ក) ហេតុ​អ្វី​ក៏​ចំនួន​នៃ​ហ្វូង​តូច​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ​មាន​គ្នា​តិច​ម្ល៉េះ? (ខ) តើ​បុគ្គល​ម្នាក់ៗគួរ​តែ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​ខ្លួន​មាន​នោះ?

៦ ក្នុង​ឆ្នាំ​ថ្មីៗនេះ ចំនួន​ហ្វូង​តូច​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ មាន​គ្នា​កាន់​តែ​តិច​ឡើងៗ។ នេះ​អាច​ឃើញ​យ៉ាង​ជាក់​ស្តែង​ពី​របាយ​ការណ៍​នៃ​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​១៩៩៤។ ក្នុង​ប្រមាណ​៧៥.០០០​ក្រុមជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ជុំវិញ​ពិភពលោក គឺ​មាន​តែ​៨.៦១៧​នាក់ បាន​ទទួល​ទាន​វត្ថុ​ជា​និមិត្តរូប ដែល​ជា​ការ​អះអាង​ថា​គេ​ជា​សមាជិក​នៃ​ពួក​អ្នក​សំណល់។ (ម៉ាថាយ ២៦:២៦​-​៣០) ជា​ផ្ទុយ​ពី​ការ​នេះ ចំនួន​សរុប​នៃ​មនុស្ស​មក​បុណ្យ​នោះ​គឺ​១២.២៨៨.៩១៧​នាក់។ ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដឹង​ថា​នេះ​ជា​អ្វី​ដែល​ត្រូវ​តែ​កើត​ឡើង។ ព្រះ​យេហូវ៉ា​បាន​ស្ថាបនា​ចំនួន​កំណត់​ដែល​មាន​១៤៤.០០០​នាក់ ជា​ចំនួន​សរុប​នៃ​ហ្វូង​តូច ហើយ​ទ្រង់​បាន​ប្រមូល​ពួក​នេះ​តាំង​ពី​ជំនាន់​បុណ្យ​ភិន្ដាកុស នៅ​ឆ្នាំ​៣៣ ស.យ. មក​ម្ល៉េះ។ ដូច្នេះ ការ​ទូល​ហៅ​ហ្វូង​តូច​នឹង​មក​ដល់​ទីបញ្ចប់ កាល​ដែល​ចំនួន​នឹង​ជិត​ពេញ​នោះ ហើយ​មាន​ទី​សំអាង​បញ្ជាក់​ថា ការ​ប្រមូល​ទូទៅ​នៃ​ពួក​មាន​ពរ​ពិសេស​នេះ​បាន​ចប់​នៅ​ក្នុង​ឆ្នាំ​១៩៣៥។ យ៉ាង​ណា​ក្ដី ពួក​ចៀម​ឯ​ទៀត​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់ ត្រូវ​បាន​ទាយ​មក​ថា នឹង​កើន​ចំនួន​ឡើង​រហូត​ទៅ​ជា​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ តាំង​ពី​ឆ្នាំ​១៩៣៥​មក ព្រះ​យេហូវ៉ា​បាន​ប្រមូល​ហ្វូង​យ៉ាង​ធំ​នេះ ដែល​សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី​មនោរម្យ។—វិវរណៈ ៧:៩; ១៤:១៥, ១៦; ទំនុកដំកើង ៣៧:២៩

៧ ពួក​ហ្វូង​តូច​ភាគ​ច្រើន​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ ឥឡូវ​នេះ​មាន​អាយុ​ប្រមាណ​៧០ ៨០ និង​៩០​ឆ្នាំ​ហើយ។ មាន​តែ​ពីរបី​នាក់​ទេ​ដែល​មាន​អាយុ​លើស​ពី​១០០​ឆ្នាំ​នោះ។ ពួក​គេ​ទាំង​អស់ ទោះ​ជា​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ ដឹង​ថា តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ​ទៅ​ស្ថានសួគ៌ ពួក​គេ​នៅ​ទីបំផុត​នឹង​បាន​រួបរួម​ជា​មួយ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​នឹង​គ្រប់គ្រង​ជា​មួយ​ទ្រង់​ក្នុង​ព្រះ​រាជាណាចក្រ​ដ៏​រុងរឿង​របស់​ទ្រង់។ រីឯ​ពួក​អ្នក​ហ្វូង​ធំ គេ​នឹង​ទៅ​ជា​អនុរាស្ត្រ​នៅ​លើ​ផែនដី​របស់​ព្រះ​គ្រីស្ទ​ដ៏​ជា​ស្តេច។ ចូរ​ឲ្យ​បុគ្គល​ម្នាក់ៗសប្បាយ​ឡើង​ចំពោះ​អ្វីៗដែល​ព្រះ​យេហូវ៉ា​បាន​ទុក​សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ការ​ជ្រើសរើស​សេចក្ដី​សង្ឃឹម នោះ​មិន​មែន​ស្រេច​ទៅ​លើ​យើង​ទេ។ នេះ​គឺ​ស្រេច​ទៅ​លើ​ព្រះ​យេហូវ៉ា​វិញ។ ក្រុម​ទាំង​ពីរ​អាច​មាន​ចិត្ត​រំភើប​ឡើង ដោយ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ដ៏​រីករាយ ទោះ​ជា​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​សួគ៌ា ឬ នៅ​លើ​ផែនដី​មនោរម្យ​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​នោះ​ក្ដី។—យ៉ូហាន ៦:៤៤, ៦៥; អេភេសូរ ១:១៧, ១៨

៨. តើ​ការ​បោះត្រា​នៃ​ជន​១៤៤.០០០​នាក់ បាន​មក​ដល់​ថ្នាក់​ណា​ហើយ ហើយ​តើ​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ការ​នេះ​បាន​សម្រេច?

៨ បុគ្គល​១៤៤.០០០​នាក់​នៃ​ហ្វូង​តូច គឺ​ជា​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ» ដែល​បាន​ជំនួស​សាសន៍​អ៊ីស្រាអែល​ពី​កំណើត​ក្នុង​គោល​បំណង​របស់​ព្រះ។ (កាឡាទី ៦:១៦) ដូច្នេះ​ហើយ ពួក​អ្នក​សំណល់​គឺ​ជា​ពួក​អ្នក​ដែល​នៅ​សល់​ពី​សាសន៍​ខាង​វិញ្ញាណ​នេះ ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ។ ពួក​អ្នក​នៅ​សល់​ទាំង​នេះ​ត្រូវ​បាន​បោះត្រា​សំរាប់​ការ​យល់​ព្រម​ចុង​ក្រោយ​បង្អស់​ពី​ព្រះ​យេហូវ៉ា។ ក្នុង​ចក្ខុនិមិត្ត​មួយ សាវ័ក​យ៉ូហាន​បាន​ឃើញ​ហេតុ​ការណ៍​នេះ ហើយ​គាត់​បាន​រាយ​ការណ៍​មក​ថា៖ «ខ្ញុំ​ឃើញ​ទេវតា​១​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី ហើយ​នឹង​សមុទ្រ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្ដី ទាល់តែ​បោះត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន។ ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជនជាតិ​អ៊ីស្រាអែល​[ខាង​វិញ្ញាណ]»។ (វិវរណៈ ៧:២​-​៤) ដោយ​ព្រោះ​តែ​កិច្ចការ​បោះត្រា​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នេះ​ជិត​ចប់​ហើយ​នោះ ព្រឹត្ដិការណ៍​ដ៏​រំភើប​ជា​ច្រើន​ដែល​នឹង​ត្រូវ​កើត​ឡើង នឹង​លេច​ចេញ​មក។ ចំពោះ​ប្រការ​មួយ ‹សេចក្ដី​វេទនា​ជា​ខ្លាំង› គឺ​ជា​ខ្យល់​នៃ​សេចក្ដី​ហិនវិនាស​ទាំង​បួន​ដែល​នឹង​ត្រូវ​ពន្លែង​មក​លើ​ផែនដី នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។—វិវរណៈ ៧:១៤

៩. តើ​ហ្វូង​តូច​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​កើន​ចំនួន​នៃ​ហ្វូង​ធំ​នោះ?

៩ ពួក​ហ្វូង​ធំ​ត្រូវ​បាន​ប្រមូល​បាន​រាប់​លាន​នាក់​ហើយ។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​អ្នក​សំណល់​មាន​ចិត្ត​រំភើប​ណាស់! ថ្វី​បើ​ចំនួន​នៃ​ពួក​ហ្វូង​តូច​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ​មាន​កាន់​តែ​តិច​ទៅ​ក្ដី ពួក​គេ​បាន​ហ្វឹកហ្វឺន​ហើយ​រៀប​ចំ​ពួក​បុរស​ដែល​មាន​សមត្ថ​កិច្ច​នៃ​ហ្វូង​ធំ ឲ្យ​ទទួល​យក​ភារកិច្ច​នៃ​ការ​ពង្រីក​អង្គការ​នៅ​លើ​ផែនដី​របស់​ព្រះ។ (អេសាយ ៦១:៥) ដូច​ជា​ព្រះ​យេស៊ូ​បាន​បង្ហាញ​មក គឺ​នឹង​មាន​ពួក​អ្នក​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង។—ម៉ាថាយ ២៤:២២

«កុំ​ឲ្យ​ខ្លាច»

១០. (ក) តើ​ចម្បាំង​អ្វី​ដែល​នឹង​ធ្វើ​ទៅ​លើ​ប្រជា​រាស្ត្រ​នៃ​ព្រះ ហើយ​តើ​នេះ​នឹង​នាំ​ទៅ​ដល់​ណា? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​យើង​ម្នាក់ៗ?

១០ សាតាំង​និង​ពួក​បិសាច​របស់​វា​ត្រូវ​បាន​ទម្លាក់​ទៅ​ក្នុង​បរិវេណ​នៃ​ផែនដី។ វា​និង​ពួក​បរិវារ​របស់​វា​ត្រូវ​បាន​បង្វែរ​ឲ្យ​ធ្វើ​មហា​ចម្បាំង​ទៅ​លើ​ប្រជា​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា។ ចម្បាំង​នេះ​ត្រូវ​បាន​ទាយ​មក​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ត្រូវ​បាន​រៀប​រាប់​ថា​ជា​ចម្បាំង​របស់​កុក​នៃ​ម៉ាកុក។ តើ​អារក្ស​វា​ខំ​វាយ​សម្រុក​ទៅ​លើ​អ្នក​ណា? តើ​មិន​មែន​ទៅ​លើ​សមាជិក​ចុង​ក្រោយ​នៃ​ហ្វូង​តូច ជា​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នៃ​ព្រះ ដែល​កំពុង​តែ​រស់​នៅ​យ៉ាង​សាន្តត្រាណ​«នៅ​ចំ​កណ្ដាល​ផែនដី»​ទេ​ឬ? (អេសេគាល ៣៨:១​-​១២) ត្រូវ​ហើយ តែ​ពួក​អ្នក​សំណល់​នៃ​ក្រុម​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់ ជា​មួយ​និង​ពួក​គូកន​ដ៏​ស្មោះ​ត្រង់​របស់​គេ ពួក​ចៀម​ឯ​ទៀត នឹង​ធ្វើ​ជា​សាក្សី​ពី​របៀប​ដែល​ចម្បាំង​របស់​សាតាំង​នឹង​ឆាប់​ធ្វើ​ឲ្យ​មាន​‹ព្រឹត្ដិការណ៍​ដ៏​ចំឡែក និង​កិច្ចការ​យ៉ាង​ប្លែក›​នៃ​ព្រះ​យេហូវ៉ា។ ទ្រង់​នឹង​ធ្វើ​អន្តរាគមន៍ ដើម្បី​ការពារ​ប្រជា​រាស្ត្រ​របស់​ទ្រង់ ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​នូវ​«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់ ព្រះ​យេហូវ៉ា»។ (អេសាយ ២៨:២១; យ៉ូអែល ២:៣១) នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ កំពុង​តែ​ប្រតិបត្ដិ​កិច្ចការ​សង្គ្រោះ​ជីវិត​ដ៏​សំខាន់​នេះ គឺ​ជា​ការ​ព្រមាន​អំពី​កិច្ចការ​យ៉ាង​ប្លែក​របស់​ព្រះ​យេហូវ៉ា​នៅ​ខាង​មុខ​នេះ។ (ម៉ាឡាគី ៤:៥; ធីម៉ូថេទី១ ៤:១៦) តើ​លោក​អ្នក​កំពុងតែ​គាំទ្រ​ដល់​កិច្ចការ​នេះ ដោយ​ចូល​រួបរួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យ៉ាង​សកម្ម​ទេ? តើ​លោក​អ្នក​នឹង​បន្ត​ធ្វើ​យ៉ាង​នេះ ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដ៏​អង់អាច​ម្នាក់​ទេ?

១១. ហេតុ​អ្វី​ក៏​អាកប្បកិរិយា​ក្លាហាន​សំខាន់​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ?

១១ ដោយ​ឃើញ​ស្ថានការណ៍​លោកីយ៍​នៅ​បច្ចុប្បន្ន​នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​ហ្វូង​តូច​ស្ដាប់​តាម​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ»! អាកប្បកិរិយា​ដ៏​ក្លាហាន​បែប​នេះ​ជា​ការ​សំខាន់​ណាស់ ដោយ​ឃើញ​ថា​ការ​ទាំង​នេះ​ឥឡូវ​កំពុង​តែ​សម្រេច​តាម​គោល​បំណង​របស់​ព្រះ។ ជា​បុគ្គល​ម្នាក់ៗ ហ្វូង​តូច​ដឹង​ពី​ការ​ចាំបាច់​ក្នុង​ការ​ស៊ូទ្រាំ​រហូត​ទៅ​ដល់​ទីបញ្ចប់។ (លូកា ២១:១៩) ដូច​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​និង​ចៅហ្វាយ​នៃ​ហ្វូង​តូច បាន​ស៊ូទ្រាំ​ហើយ​បាន​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ទីបញ្ចប់​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី ដូច្នេះ​អ្នក​សំណល់​ម្នាក់ៗក៏​ត្រូវ​តែ​ស៊ូទ្រាំ​ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​យ៉ាង​ដូច្នេះ​ដែរ។—ហេព្រើរ ១២:១, ២

១២. ដូច​ព្រះ​យេស៊ូ​ដែរ តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​ដាស់​តឿន​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​កុំ​ឲ្យ​ខ្លាច​នោះ?

១២ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់​ត្រូវ​តែ​មាន​ទស្សនវិស័យ​ដូច​សាវ័ក​ប៉ុល​ដែរ។ ក្នុង​ឋានៈ​ជា​ជន​ចាក់​ប្រេង​តាំង​និង​ជា​អ្នក​ប្រកាស​ជា​សាធារណៈ​អំពី​ដំណើរ​រស់​ឡើង​វិញ​ម្នាក់ សូម​កត់​សម្គាល់​ពី​របៀប​ដែល​ពាក្យ​របស់​គាត់​ចុះ​សម្រុង​គ្នា​នឹង​ការ​ដាស់​តឿន​របស់​ព្រះ​យេស៊ូ​កុំ​ឲ្យ​ខ្លាច​នោះ។ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​នឹក​ចាំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់។ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះ​បន្ទូល​មិន​បាន​ជាប់​ចំណង​ទេ។ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទ្រាំទ្រ​នឹង​គ្រប់​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង ឲ្យ​គេ​បាន​សេចក្ដី​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រម​ទាំង​មាន​សិរី​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។ ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​ទ្រង់ នោះ​យើង​នឹង​រស់​ជា​មួយ​នឹង​ទ្រង់​ដែរ។ បើ​យើង​ទ្រាំទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ បើ​ទុក​ជា​យើង​មិន​ស្មោះ​ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ​ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​អង្គ​ទ្រង់​មិន​បាន​ទេ»។—ធីម៉ូថេ​ទី​២ ២:៨​-​១៣

១៣. តើ​សមាជិក​នៃ​ហ្វូង​តូច​មាន​ជំនឿ​ស៊ប់​លើ​អ្វី ហើយ​តើ​ការ​នេះ​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី?

១៣ ដូច​សាវ័ក​ប៉ុល​ដែរ សមាជិក​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​ហ្វូង​តូច​ចាក់​ប្រេង​តាំង គឺ​កំពុង​តែ​សុខ​ចិត្ត​ស៊ូទ្រាំ​នឹង​ការ​រង​ទុក្ខ​វេទនា កាល​ដែល​ពួក​គេ​ប្រកាស​សារ​ដ៏​ខ្លាំង​ដែល​បាន​ចែង​មក​នៅ​ក្នុង​ពាក្យ​បន្ទូល​នៃ​ព្រះ។ ជំនឿ​ស៊ប់​របស់​គេ​គឺ​ចាក់​ឫស​យ៉ាង​ជ្រៅ កាល​ដែល​ពួក​គេ​បន្ត​ទុក​ចិត្ត​ទៅ​លើ​កិច្ច​សន្យា​នៃ​ព្រះ​ចំពោះ​ការ​សង្គ្រោះ​និង​ការ​ប្រទាន​ឲ្យ​«មកុដ​នៃ​ជីវិត» បើ​គេ​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​នោះ។ (វិវរណៈ ២:១០) តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ​និង​ការ​ផ្លាស់ប្ដូរ​មួយ​រំពេច​នោះ ពួក​គេ​នឹង​បាន​រួបរួម​ជា​មួយ​ព្រះ​គ្រីស្ទ ដើម្បី​គ្រប់គ្រង​ជា​មួយ​ទ្រង់​ជា​ស្តេច។ នេះ​ជា​ជ័យជំនះ​ដ៏​ប្រសើរ​ចំពោះ​ដំណើរ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គេ ជា​អ្នក​ឈ្នះ​លោកីយ៍!—យ៉ូហានទី១ ៥:៣, ៤

សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ

១៤, ១៥. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ​នៃ​ហ្វូង​តូច​ជា​ការ​អស្ចារ្យ​នោះ?

១៤ សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ​ដែល​ហ្វូង​តូច​មាន ជា​អ្វី​ដ៏​អស្ចារ្យ​មួយ។ តើ​អស្ចារ្យ​យ៉ាង​ណា? ចំពោះ​ប្រការ​មួយ នេះ​កើត​ឡើង​មុន​ដំណើរ​រស់​ឡើង​វិញ​ទូទៅ​នៃ​«មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត»។ (កិច្ចការ ២៤:១៥) តាម​ការ​ពិត ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​ចាក់​ប្រេង​តាំង​ត្រូវ​បាន​ចែក​ជា​លំដាប់​នៃ​ការ​សំខាន់ ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​កូរិនថូសទី១ ១៥:២០, ២៣ ថា៖ «ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ។ តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក»។ ដោយ​មាន​ការ​ស៊ូទ្រាំ​និង​ជំនឿ​ប្រភេទ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​នោះ ហ្វូង​តូច​ដឹង​អំពី​អ្វីៗដែល​ពួក​គេ​នឹង​ទទួល ពេល​ដែល​គេ​បញ្ចប់​ជីវភាព​របស់​គេ​នៅ​លើ​ផែនដី ជា​ពិសេស​តាំង​ពី​ពេល​ដែល​ព្រះ​អម្ចាស់​ពិត​បាន​យាង​មក​ព្រះ​វិហារ​របស់​ទ្រង់​សំរាប់​ការ​ជំនុំជំរះ​ក្នុង​ឆ្នាំ​១៩១៨។—ម៉ាឡាគី ៣:១

១៥ ប៉ុល​បាន​ឲ្យ​យើង​នូវ​មូលហេតុ​ថែម​ទៀត ដើម្បី​ឲ្យ​ដឹង​ថា​ដំណើរ​រស់​ឡើង​វិញ​នេះ​គឺ​ជា​ការ​ដ៏​អស្ចារ្យ​មួយ។ ដូច​ជា​បាន​ចែង​មក​នៅ​កូរិនថូសទី១ ១៥:៥១​-​៥៣ គាត់​បាន​សរសេរ​ថា៖ «នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ . . . ដ្បិត​ត្រូវ​តែ​រូប​កាយ​ដ៏​ពុក​រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក​រលួយ​វិញ ហើយ​រូប​កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ»។ ពាក្យ​ទាំង​នេះ​សំដៅ​ចំពោះ​ពួក​អ្នក​នៃ​ហ្វូង​តូច​ដែល​ស្លាប់​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ។ ដោយ​មិន​ចាំបាច់​ដេក​ក្នុង​សេចក្ដី​ស្លាប់​ជា​យូរ​នោះ ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​អមត​ភាព​«ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ»។

១៦, ១៧. ចំពោះ​សេចក្ដី​សង្ឃឹម​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​របស់​គេ តើ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ទទួល​ពរ​ពិសេស​ណា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ?

១៦ ពី​ចំណុច​នៃ​ការ​យល់​ដឹង​នេះ យើង​អាច​យល់​បាន​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​របស់​សាវ័ក​យ៉ូហាន នៅ​វិវរណៈ ១៤:១២, ១៣។ គាត់​បាន​សរសេរ​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​យេស៊ូវ។ ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ​អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ​វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ ក៏​តាម​គេ​ជាប់»។

១៧ រង្វាន់​ដ៏​ល្អ​អស្ចារ្យ​ម្ល៉េះ​ហ្ន៎ ដែល​ទុក​សំរាប់​ពួក​អ្នក​សំណល់​នៃ​ហ្វូង​តូច! ដំណើរ​រស់​ឡើង​វិញ​របស់​គេ​នឹង​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស គឺ​កើត​ឡើង​ភ្លាម​បន្ទាប់​ពី​គេ​បាន​ស្លាប់។ នេះ​ជា​ការ​ប្រែប្រួល​ដ៏​អស្ចារ្យ​មែន​ចំពោះ​ពួក​គេ ពេល​ដែល​គេ​ទទួល​យក​ភារកិច្ច​របស់​គេ​នៅ​ក្នុង​វិស័យ​វិញ្ញាណ! ដោយ​ព្រោះ​តែ​ការ​លើក​សរសើរ​ដ៏​ល្អ​ដល់​ហ្វូង​តូច​កំពុង​តែ​ជឿន​ទៅ​មុខ ហើយ​ដោយសារ​ទំនាយ​ធំៗនៃ​ព្រះ​គម្ពីរ​កំពុង​តែ​សម្រេច សមាជិក​នៅ​សល់​ចុង​ក្រោយ​បង្អស់​នៃ​ហ្វូង​តូច​គឺ​ពិត​ជា​‹មិន​ខ្លាច›​ឡើយ។ ហើយ​ការ​មិន​ខ្លាច​របស់​គេ​អាច​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​ហ្វូង​ធំ ដែល​ពួក​គេ​គួរ​តែ​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​មិន​ចេះ​ខ្លាច​ដែរ ពេល​ដែល​ពួក​គេ​ទន្ទឹង​ចាំ​ការ​រំដោះ​ក្នុង​កំឡុង​គ្រា​នៃ​បញ្ហា​ដ៏​ធំ​បំផុត​ដែល​ផែនដី​មិន​ដែល​ប្រទះ​សោះ។

១៨, ១៩. (ក) ហេតុ​អ្វី​ក៏​គ្រា​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ជា​គ្រា​ដ៏​បន្ទាន់​នោះ? (ខ) ហេតុ​អ្វី​ក៏​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​មិន​ត្រូវ​មាន​សេចក្ដី​ខ្លាច​នោះ?

១៨ ការ​ជញ្ជឹង​គិត​អំពី​សកម្មភាព​នៃ​ហ្វូង​តូច នឹង​ជួយ​ពួក​គេ​ហើយ​ពួក​ហ្វូង​ធំ​ឲ្យ​បន្ត​មាន​ចិត្ត​កោត​ខ្លាច​ដល់​ព្រះ​ពិត​ជានិច្ច។ ពេល​វេលា​សំរាប់​ទ្រង់​ជំនុំជំរះ នោះ​មក​ដល់​ហើយ ហើយ​ពេល​វេលា​ដែល​នៅ​សល់​ប៉ុន្មាន​នេះ​ជា​ការ​មាន​តម្លៃ​ណាស់។ នេះ​ជា​ពេល​វេលា​ដ៏​ខ្លី​ណាស់ ចំពោះ​អ្នក​ឯ​ទៀត​ក្នុង​ការ​ប្រព្រឹត្ត​តាម។ តែ​ចំពោះ​យើង​វិញ យើង​មិន​ត្រូវ​ខ្លាច​ក្រែង​គោល​បំណង​របស់​ព្រះ​ពុំ​បាន​សម្រេច​នោះ​ឡើយ។ នេះ​នឹង​បាន​ជោគជ័យ​ជា​មិន​ខាន!

១៩ សម្លេង​យ៉ាង​ខ្លាំង​បាន​ឮ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖ «នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ»។ (វិវរណៈ ១១:១៥) ព្រះ​យេហូវ៉ា ជា​មហា​គង្វាល គឺ​កំពុង​តែ​នាំ​ចៀម​ទាំង​អស់​របស់​ទ្រង់​ទៅ​តាម​«ផ្លូវ​សុចរិត ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់»។ (ទំនុកដំកើង ២៣:៣) ហ្វូង​តូច​នឹង​នាំ​ទៅ​ឯ​រង្វាន់​នៃ​ស្ថានសួគ៌​របស់​គេ​ជា​មិន​ខាន។ ហើយ​ពួក​ចៀម​ឯ​ទៀត​នឹង​ត្រូវ​រំដោះ​ឲ្យ​ផុត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង ដើម្បី​ឲ្យ​សប្បាយ​នឹង​ជីវិត​ជា​អនន្ត​នៅ​ក្នុង​វិស័យ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​ដ៏​រុងរឿង​របស់​ព្រះ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ដូច្នេះ ទោះបី​ជា​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ​បាន​សំដៅ​ទៅ​ហ្វូង​តូច​ក្ដី ពួក​អ្នក​បំរើ​ព្រះ​ទាំង​អស់​នៅ​លើ​ផែនដី​ក៏​មាន​ហេតុ​នឹង​ស្ដាប់​តាម​ពាក្យ​បន្ទូល​របស់​ទ្រង់​ដែល​ថា៖ «កុំ​ឲ្យ​ខ្លាច»​នេះ​ដែរ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ ហេតុ​អ្វី​ក៏​យើង​សង្ឃឹម​ថា ចំនួន​ពួក​អ្នក​នៅ​សល់​នៃ​ហ្វូង​តូច​នឹង​ចុះ​ថយ?

◻ តើ​អ្វី​ជា​ស្ថានការណ៍​នៃ​ពួក​សំណល់​ចាក់​ប្រេង​តាំង​នៅ​សព្វ​ថ្ងៃ​នេះ?

◻ ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​មិន​ត្រូវ​ខ្លាច ថ្វី​បើ​មាន​ចម្បាំង​នៅ​អនាគត​របស់​កុក​នៃ​ម៉ាកុក​ក្ដី?

◻ ហេតុ​អ្វី​ក៏​សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​១៤៤.០០០​នាក់​ជា​ការ​អស្ចារ្យ ជា​ពិសេស​នៅ​សព្វ​ថ្ងៃ​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក