បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៨ ទំ. ១៨-២២
  • ការបញ្ចេញពន្លឺក្នុងសម័យនៃពួកសាវ័ក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបញ្ចេញពន្លឺក្នុងសម័យនៃពួកសាវ័ក
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពន្លឺ​ចំពោះ​មុខ​ងារ​ផ្សាយ​របស់​គេ
  • លែង​មាន​ការ​កាត់​ស្បែក
  • ពន្លឺ​នៅ​ក្នុង​ដំណឹង​ល្អ
  • ការ​បញ្ចេញ​ពន្លឺ​ក្នុង​សំបុត្រ​ទាំង​ឡាយ​របស់​ប៉ុល
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីពីរ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីមួយ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ‹ឱព្រះអើយ សូមផ្សាយពន្លឺរបស់ទ្រង់›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ពន្លឺពីព្រះកំចាត់ភាពងងឹត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៨ ទំ. ១៨-២២

ការ​បញ្ចេញ​ពន្លឺ​ក្នុង​សម័យ​នៃ​ពួក​សាវ័ក

«ពន្លឺ​បាន​បញ្ចេញ​ឡើង សំរាប់​មនុស្ស​សុចរិត នឹង​សេចក្ដី​អំណរ សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​ទៀងត្រង់»។—ទំនុកដំកើង ៩៧:១១, ព.ថ.

១. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សភាព​ដូច​នឹង​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​យ៉ាង​ដូច​ម្ដេច?

ជា​ជន​គ្រីស្ទាន​ពិត យើង​មាន​ចិត្ត​អបអរ​នឹង​ពាក្យ​ក្នុង​ទំនុកដំកើង ៩៧:១១​នេះ​ណាស់! ‹ពន្លឺ​បាន​បញ្ចេញ​ឡើង›​ម្ដង​ហើយ​ម្ដង​ទៀត​សំរាប់​យើង​មែន។ ពិត​ហើយ ពួក​យើង​ខ្លះ​បាន​ឃើញ​ការ​បំភ្លឺ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ទសវត្ស​មក​ហើយ។ ការ​ទាំង​នេះ​រំឭក​យើង​អំពី​សុភាសិត ៤:១៨ ដែល​អាន​ថា៖ «តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។ ដោយសារ​យើង​អបអរ​នឹង​តម្លៃ​ព្រះ​គម្ពីរ​ជាង​តាម​ទំនៀម​ទំលាប់​នោះ ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា យើង​មាន​សភាព​ដូច​នឹង​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​ដែរ។ យើង​អាច​ឃើញ​អាកប្បកិរិយា​របស់​គេ​យ៉ាង​ច្បាស់​ពី​សៀវភៅ​ខាង​ប្រវត្ដិសាស្ត្រ​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក និង​ពី​សំបុត្រ​ដែល​បាន​បណ្ដាល​ឲ្យ​សរសេរ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ។

២. តើ​មាន​អ្វី​ខ្លះ​ក្នុង​ចំណោម​ការ​បញ្ចេញ​ពន្លឺ​ដំបូង ដែល​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ទទួល​នោះ?

២ ក្នុង​ចំណោម​ការ​បញ្ចេញ​ពន្លឺ​ដំបូង ដែល​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ពី​សម័យ​ដើម​បាន​ទទួល​នោះ គឺ​អំពី​ព្រះមេស្ស៊ី។ អនទ្រេ​បាន​ប្រាប់​បង​ប្រុស​របស់​គាត់ ឈ្មោះ​ស៊ីម៉ូន​ពេត្រុស​ថា៖ «យើង​បាន​ឃើញ​ព្រះ​មែស៊ី​ហើយ»។ (យ៉ូហាន ១:៤១) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​វរបិតា​នៅ​លើ​ស្ថានសួគ៌​បាន​ឲ្យ​សាវ័ក​ពេត្រុស​ឆ្លើយ​ជា​សាក្សី​តាម​របៀប​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈ​នោះ នៅ​ពេល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ទៅ​ព្រះ​យេស៊ូ​គ្រីស្ទ​ថា៖ «ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ពិត»។—ម៉ាថាយ ១៦:១៦, ១៧; យ៉ូហាន ៦:៦៨, ៦៩

ពន្លឺ​ចំពោះ​មុខ​ងារ​ផ្សាយ​របស់​គេ

៣, ៤. ក្រោយ​ពី​ទ្រង់​បាន​រស់​ឡើង​វិញ តើ​ព្រះយេស៊ូ​បាន​ផ្ដល់​ការ​បំភ្លឺ​អ្វី​ទៅ​ពួក​អ្នក​កាន់​តាម​ទ្រង់ ចំពោះ​សកម្មភាព​របស់​គេ​នៅ​អនាគត​នោះ?

៣ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ការ​បំភ្លឺ​ចំពោះ​កាតព្វកិច្ច​មួយ​សំរាប់​ពួក​អ្នក​កាន់​តាម​ទ្រង់។ នេះ​គឺ​ប្រហែល​ជា​សំរាប់​ពួក​សិស្ស​៥០០​នាក់​របស់​ទ្រង់​ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថាយ ២៨:១៩, ២០; កូរិនថូសទី១ ១៥:៦) នៅ​ពេល​ក្រោយ​មក ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​តម្រូវ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ ហើយ​មុខ​ងារ​ផ្សាយ​របស់​គេ​មិន​មែន​ត្រឹម​តែ​សំរាប់​ដល់​«ចៀម​បាត់បង់ របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល»​ប៉ុណ្ណោះ​ទេ។ (ម៉ាថាយ ១០:៦) ហើយ​ពួក​គេ​ក៏​មិន​ត្រូវ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​របស់​យ៉ូហាន​ជា​និមិត្តរូប​នៃ​ការ​ប្រែ​ចិត្ត​សំរាប់​ការ​អត់​ឱន​ទោស​នៃ​អំពើ​បាប​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ជ្រមុជ​ទឹក​មនុស្ស​«ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

៤ មុន​នឹង​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថានសួគ៌ សាវ័ក​ស្មោះ​ត្រង់​១១​នាក់​របស់​ទ្រង់​បាន​សួរ​ថា៖ «ព្រះ​អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី​ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ? ជាជាង​ឆ្លើយ​នឹង​សំនួរ​នេះ ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​បញ្ជា​ថែម​ទៀត​អំពី​មុខ​ងារ​ផ្សាយ​របស់​គេ ដោយ​មាន​បន្ទូល​ថា៖ «កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ មុន​ពេល​នោះ ពួក​គេ​បាន​ធ្វើ​បន្ទាល់​ដល់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ប៉ុន្តែ​ឥឡូវ​នេះ​ពួក​គេ​ក៏​ត្រូវ​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ​ដែរ។—កិច្ចការ ១:៦​-​៨

៥, ៦. តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទទួល​ការ​បញ្ចេញ​ពន្លឺ​អ្វី​នៅ​បុណ្យ​ភិន្ដាកុស?

៥ គ្រាន់​តែ​ដប់​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ទទួល​ការ​បញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ! នៅ​ថ្ងៃ​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣ ស.យ. ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​យល់​យ៉ាង​ច្បាស់​នូវ​សារៈ​សំខាន់​នៃ​សៀវភៅ​យ៉ូអែល ២:២៨, ២៩៖ «អញ​[ព្រះ​យេហូវ៉ា]​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗរបស់​ឯង​នឹង​យល់សប្ដិ​ឃើញ ហើយ​ពួក​កំឡោះៗរបស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសាទាសី​ដែរ»។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​សណ្ឋាន​ជា​អណ្ដាត ហាក់បី​ដូច​ជា​ភ្លើង​នៅ​លើ​ក្បាល​របស់​គេ​ទាំង​អស់​គ្នា—មាន​ប្រុស​ស្រី​ប្រមាណ​១២០​នាក់—បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម។—កិច្ចការ ១:១២​-​១៥; ២:១​-​៤

៦ ហើយ​នៅ​ថ្ងៃ​បុណ្យ​ភិន្ដាកុស​នោះ​ដែរ ពួក​សិស្ស​បាន​យល់​ជា​លើក​ដំបូង​ថា ពាក្យ​នៅ​ទំនុកដំកើង ១៦:១០ បាន​ទាក់ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ​នោះ។ អ្នក​ទំនុកដំកើង​បាន​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ទ្រង់​[ព្រះ​យេហូវ៉ា]​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ»។ ពួក​សិស្ស​បាន​ដឹង​ថា ពាក្យ​ទាំង​នោះ​ច្បាស់​ជា​មិន​ទាក់ទង​នឹង​ស្តេច​ដាវីឌ​ទេ ដ្បិត​ផ្នូរ​របស់​ទ្រង់​បាន​នៅ​ជា​មួយ​ពួក​គេ​រហូត​ដល់​ថ្ងៃ​នោះ។ មិន​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​មនុស្ស​ប្រមាណ​៣.០០០​នាក់​ដែល​បាន​ឮ​ការ​ពន្យល់​ថ្មី​នេះ បាន​ជឿជាក់​យ៉ាង​ខ្លាំង​ដែល​ពួក​គេ​បាន​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ​តែ​ម្ដង!—កិច្ចការ ២:១៤​-​៤១

៧. តើ​ពន្លឺ​ដ៏​អស្ចារ្យ​អ្វី​ដែល​សាវ័ក​ពេត្រុស​បាន​ទទួល ក្នុង​កំឡុង​ទៅ​ជួប​មេទ័ព​រ៉ូម៉ាំង​ម្នាក់​ឈ្មោះ​កូនេលាស​នោះ?

៧ ជា​ច្រើន​សតវត្ស​កន្លង​មក ពួក​ជនជាតិ​អ៊ីស្រាអែល​បាន​អបអរ​នូវ​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​អំពី​ពួក​គេ៖ «ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ»។ (អេម៉ុស ៣:២) ដូច្នេះ​ជា​ការ​បញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ​មែន ដែល​សាវ័ក​ពេត្រុស​និង​ពួក​អ្នក​ដែល​ទៅ​ជា​មួយ​គាត់​បាន​ទទួល កាល​ដែល​ពួក​គេ​ទៅ​ផ្ទះ​មេទ័ព​រ៉ូម៉ាំង​ម្នាក់​ឈ្មោះ​កូនេលាស ដ្បិត​ពេល​នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​ពួក​ជឿ​នៃ​សាសន៍​ដទៃ​ជា​លើក​ដំបូង។ ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពីព្រោះ​នេះ​ជា​វេលា​តែ​ម្ដង​គត់​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​បុគ្គល មុន​នឹង​ពិធី​ជ្រមុជ​ទឹក​នោះ។ ប៉ុន្តែ​នេះ​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ដូច្នោះ។ បើ​មិន​ដូច្នេះ​ទេ ពេត្រុស​នឹង​មិន​ដឹង​ថា ពួក​ដែល​មិន​កាត់​ស្បែក​នៃ​សាសន៍​ដទៃ មាន​សិទ្ធិ​ទទួល​ជ្រមុជ​ទឹក​ឬ​មិន​មាន​ទទួល​នោះ​ទេ។ ដោយ​អបអរ​យ៉ាង​ពេញលេញ​នៃ​សារៈ​សំខាន់​នៃ​បាតុភូត​នេះ ពេត្រុស​បាន​សួរ​ថា៖ «តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ»។ ពិត​ហើយ ពួក​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​មិន​អាច​បដិសេធ​បាន​ទេ ដូច្នេះ​ពិធី​ជ្រមុជ​ទឹក​នៃ​ពួក​សាសន៍​ដទៃ​ទាំង​នេះ​ក៏​បាន​កើត​ឡើង​ទៅ។—កិច្ចការ ១០:៤៤​-​៤៨; ប្រៀបធៀប​កិច្ចការ ៨:១៤​-​១៧

លែង​មាន​ការ​កាត់​ស្បែក

៨. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​មាន​ការ​ពិបាក​ក្នុង​ការ​បោះបង់​ចោល​លទ្ធិ​នៃ​ការ​កាត់​ស្បែក?

៨ ការ​បញ្ចេញ​ពន្លឺ​នៃ​សេចក្ដី​ពិត​ថែម​ទៀត​គឺ​ទាក់ទង​នឹង​សំនួរ​នៃ​ការ​កាត់​ស្បែក។ វិធី​ប្រតិបត្ដិ​ការ​កាត់​ស្បែក​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​១៩១៩ ម.ស.យ. ជា​មួយ​នឹង​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ។ នៅ​ពេល​នោះ ព្រះ​បាន​បញ្ជា​ឲ្យ​អ័ប្រាហាំ​និង​គ្រប់​កូន​ចៅ​ប្រុសៗក្នុង​គ្រួសារ​របស់​គាត់​ឲ្យ​កាត់​ស្បែក។ (លោកុប្បត្តិ ១៧:៩​-​១៤, ២៣​-​២៧) ដូច្នេះ​ការ​កាត់​ស្បែក​ជា​អត្ថ​សញ្ញា​ណ​នៃ​កូន​ចៅ​របស់​អ័ប្រាហាំ។ ហើយ​ពួក​គេ​បាន​ពេញ​ចិត្ត​អំពី​ការ​ប្រតិបត្ដិ​នេះ​ណាស់! ជា​លទ្ធផល «ពួក​មិន​កាត់​ស្បែក»​បាន​ក្លាយ​ទៅ​ជា​ពាក្យ​នៃ​ការ​មើលងាយ​ទៅ​វិញ។ (អេសាយ ៥២:១; សាំយូអែលទី១ ១៧:២៦, ២៧) ដូច្នេះ ជា​ការ​ស្រួល​នឹង​ឃើញ​នូវ​មូលហេតុ​ដែល​ពួក​គ្រីស្ទាន​សាសន៍​យូដា​ពី​សម័យ​ដើម​ចង់​ទុក​បន្ត​សញ្ញា​នេះ។ ពួក​គេ​ខ្លះ​បាន​ពិគ្រោះ​យ៉ាង​ច្រើន​ជា​មួយ​ប៉ុល​និង​បាណាបាស​អំពី​រឿង​នេះ។ ដើម្បី​នឹង​ដោះ​ស្រាយ ប៉ុល​និង​អ្នក​ឯ​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​នឹង​សុំ​យោបល់​ពី​គណៈ​អភិបាល។—កិច្ចការ ១៥:១, ២

៩. តើ​ការ​បញ្ចេញ​ពន្លឺ​អ្វី​ដែល​បាន​សម្ដែង​ឲ្យ​ឃើញ​ដល់​គណៈ​អភិបាល​ពីដើម ដូច​បាន​កត់​ទុក​នៅ​កិច្ចការ​ជំពូក ១៥?

៩ ក្នុង​ស្ថានការណ៍​នេះ មិន​មែន​តាម​រយៈ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នោះ​ទេ ដែល​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​បាន​ទទួល​ពន្លឺ​ថា ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​លែង​ត្រូវ​ការ​កាត់​ស្បែក​នោះ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទទួល​ពន្លឺ​ដោយ​ការ​ពិនិត្យ​ពិច័យ​បទ​គម្ពីរ ហើយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សំរាប់​ការ​ណែនាំ និង​ការ​ឮ​ការ​ពិសោធ​របស់​ពេត្រុស​និង​ប៉ុល ចំពោះ​ការ​ផ្លាស់​ជំនឿ​នៃ​ពួក​សាសន៍​ដទៃ​ដែល​មិន​កាត់​ស្បែក។ (កិច្ចការ ១៥:៦​-​២១) សេចក្ដី​សម្រេច​បាន​ចេញ​ក្នុង​សំបុត្រ​មួយ ដែល​អាន​ថា៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១»។ (កិច្ចការ ១៥:២៨, ២៩) ដូច្នេះ ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​បាន​រួច​ចេញ​ពី​បញ្ជា​នៃ​ការ​កាត់​ស្បែក ហើយ​រួច​ចេញ​ពី​តម្រូវ​ផ្សេងៗទៀត​នៃ​ច្បាប់​របស់​លោក​ម៉ូសេ។ ដូច្នេះ​ហើយ​បាន​ជា​ប៉ុល​អាច​ប្រាប់​ពួក​ជន​គ្រីស្ទាន​នៃ​ក្រុង​កាឡាទី​ថា៖ «ព្រះ​គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ»។—កាឡាទី ៥:១

ពន្លឺ​នៅ​ក្នុង​ដំណឹង​ល្អ

១០. តើ​មាន​ការ​បញ្ចេញ​ពន្លឺ​អ្វី​ខ្លះ​ដែល​បាន​សម្ដែង​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ?

១០ គឺ​គ្មាន​ការ​សង្ស័យ​ឡើយ ដែល​ថា​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​បាន​សរសេរ​មក​នៅ​ឆ្នាំ ៤១ ស.យ. មាន​ការ​បញ្ចេញ​ពន្លឺ​ជា​ច្រើន​សំរាប់​ប្រយោជន៍​ដល់​ពួក​អ្នក​អាន។ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ភាគ​តិច​ណាស់​ដែល​បាន​ឮ​ព្រះ​យេស៊ូ​ពន្យល់​ការ​បង្រៀន​របស់​ទ្រង់​នោះ។ សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ ជា​ពិសេស​បាន​បញ្ជាក់​ថា​ផ្ទៃ​រឿង​នៃ​ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ​គឺ​អំពី​ព្រះ​រាជាណាចក្រ។ ហើយ​ព្រះយេស៊ូ​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​នូវ​សារៈ​សំខាន់​នៃ​ការ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ! គឺ​មាន​ការ​បញ្ចេញ​ពន្លឺ​ល្អ​ជា​ច្រើន​មែន ដូច​នៅ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ហើយ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ទ្រង់ (ដូច​ជា​បាន​កត់​ទុក​នៅ​ជំពូក​ទី១៣) ហើយ​នៅ​ក្នុង​ទំនាយ​ដ៏​ល្បី​របស់​ទ្រង់​ក្នុង​ជំពូក​២៤​និង​២៥! រឿង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​បាន​ដឹង នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​ដែល​បាន​សរសេរ​មក​ប្រមាណ​ប្រាំ​បី​ឆ្នាំ​ក្រោយ​ពី​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ ៣៣ ស.យ.។

១១. តើ​បញ្ជី​រឿង​នៃ​សៀវភៅ​ដំណឹង​ល្អ​របស់​លូកា​និង​ម៉ាកុស អាច​និយាយ​យ៉ាង​ណា​បាន?

១១ ប្រមាណ​១៥​ឆ្នាំ​ក្រោយ​មក លូកា​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់។ ថ្វី​បើ​សាច់​រឿង​មាន​ស្រដៀង​គ្នា​នឹង​ដំណើរ​រឿង​របស់​ម៉ាថាយ​ក្ដី តែ​មាន​៥៩​ភាគ​រយ​ថែម​ពី​លើ​នោះ​ទៅ​ទៀត។ លូកា​បាន​កត់​ទុក​អព្ភូតហេតុ​ប្រាំ​មួយ​របស់​ព្រះយេស៊ូ ហើយ​មាន​រឿង​ប្រៀបប្រដូច​របស់​ទ្រង់​លើស​ជាង​គេ​ជា​ពីរ​ដង ដែល​មិន​បាន​រៀប​រាប់​មក​ដោយ​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ឯ​ទៀត។ បី​បួន​ឆ្នាំ​ក្រោយ​មក ម៉ាកុស​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់ ដោយ​ដៅ​បញ្ជាក់​ព្រះ​យេស៊ូ​ជា​អ្នក​ដែល​មាន​សកម្មភាព អ្នក​សម្ដែង​អព្ភូតហេតុ។ ថ្វី​បើ​ម៉ាកុស​បាន​រៀប​រាប់​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​រៀប​រាប់​ដោយ​ម៉ាថាយ​និង​លូកា​ហើយ​ក្ដី តែ​គាត់​បាន​កត់​ទុក​រឿង​ប្រៀបប្រដូច​មួយ​ដែល​ពួក​គេ​ទាំង​ពីរ​មិន​បាន​កត់​ទុក​សោះ។ ក្នុង​រឿង​ប្រៀបប្រដូច​នោះ ព្រះ​យេស៊ូ​បាន​ប្រដូច​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​ពូជ​ដែល​មាន​ពន្លក ដុះ​ឡើង​ខ្ពស់ ហើយ​មាន​ផ្លែ​បន្ដិច​ម្ដងៗ។a—ម៉ាកុស ៤:២៦​-​២៩

១២. តើ​ដល់​កំរិត​ណា​ដែល​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ផ្ដល់​ការ​បំភ្លឺ​ទៀត​នោះ?

១២ រួច​មក​ក៏​មាន​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ដែរ ដែល​​បាន​សរសេរ​មក​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​ម៉ាកុស​បាន​សរសេរ​ដំណើរ​រឿង​របស់​គាត់។ លោក​យ៉ូហាន​បាន​បញ្ចេញ​ពន្លឺ​ជា​ច្រើន​អំពី​កិច្ច​ផ្សាយ​របស់​ព្រះ​យេស៊ូ ជា​ពិសេស​ចំពោះ​ការ​រស់​នៅ​មុន​នឹង​ប្រសូត​ជា​មនុស្ស! មាន​តែ​លោក​យ៉ូហាន​ទេ​ដែល​ផ្ដល់​នូវ​ដំណើរ​រស់​ឡើង​វិញ​របស់​ឡាសា ហើយ​មាន​តែ​គាត់​ទេ ដែល​ផ្ដល់​ឲ្យ​សេចក្ដី​សង្កេត​របស់​ព្រះ​យេស៊ូ​ទៅ​ពួក​សាវ័ក​ស្មោះ​ត្រង់ ព្រម​ទាំង​ការ​អធិស្ឋាន​យ៉ាង​កក់ក្ដៅ​ក្នុង​យប់​ដែល​គេ​ក្បត់​ទ្រង់ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ជំពូក​១៣​ទៅ​១៧។ តាម​ការ​ពិត គេ​ត្រូវ​បាន​ដឹង​ថា ៩២​ភាគ​រយ​នៃ​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​គឺ​អស្ចារ្យ​ណាស់!

ការ​បញ្ចេញ​ពន្លឺ​ក្នុង​សំបុត្រ​ទាំង​ឡាយ​របស់​ប៉ុល

១៣. ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​គិត​ថា សំបុត្រ​របស់​ប៉ុល​ទៅ​ពួក​រ៉ូម៉ាំង​ហាក់បី​ដូច​ជា​សៀវភៅ​ដំណឹង​ល្អ​ដូច្នេះ?

១៣ សាវ័ក​ប៉ុល​ត្រូវ​បាន​ប្រើ​ជា​ពិសេស ក្នុង​ការ​បញ្ចេញ​ពន្លឺ​នៃ​សេចក្ដី​ពិត​ដល់​ពួក​ជន​គ្រីស្ទាន​រស់​នៅ​ក្នុង​សម័យ​នៃ​ពួក​សាវ័ក។ ជា​ដំបូង ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​រ៉ូម៉ាំង ដែល​បាន​សរសេរ​មក​ក្នុង​ឆ្នាំ​៥៦ ស.យ.—គឺ​ដំណាល​ពេល​ដែល​លូកា​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់។ ក្នុង​សំបុត្រ​នោះ ប៉ុល​បាន​បញ្ជាក់​នូវ​សេចក្ដី​សុចរិត​នឹង​មាន​ឡើង ជា​លទ្ធផល​នៃ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល ហើយ​តាម​រយៈ​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ។ ការ​បញ្ជាក់​របស់​ប៉ុល​អំពី​ទិដ្ឋភាព​នេះ​នៃ​ដំណឹង​ល្អ បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​គិត​ថា​សំបុត្រ​របស់​គាត់​ទៅ​ពួក​រ៉ូម៉ាំង ហាក់បី​ដូច​ជា​សៀវភៅ​ដំណឹង​ល្អ​លេខ​ប្រាំ​អញ្ចឹង។

១៤​-​១៦. (ក) ក្នុង​សំបុត្រ​ទី​មួយ​របស់​គាត់​ជូន​ទៅ​ពួក​ជន​គ្រីស្ទាន​កូរិនថូស តើ​ប៉ុល​បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ណា​ដែរ​ចំពោះ​សាមគ្គីភាព​នោះ? (ខ) តើ​មាន​ពន្លឺ​អ្វី​ទៀត​នៅ​ក្នុង​កូរិនថូស​ទី​មួយ​ចំពោះ​ចរិយា​នោះ?

១៤ ប៉ុល​បាន​សរសេរ​អំពី​រឿង​ខ្លះ ដែល​ពួក​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​មាន​បញ្ហា។ សំបុត្រ​របស់​គាត់​ជូន​ពួក​កូរិនថូស​រួម​បញ្ចូល​ឱវាទ​ដែល​ព្រះ​បាន​បណ្ដាល​មក ដែល​ពួក​ជន​គ្រីស្ទាន​បាន​ទទួល​ប្រយោជន៍​រហូត​មក​ដល់​សម័យ​យើង​នេះ។ ជា​ដំបូង គាត់​ត្រូវ​តែ​បំភ្លឺ​ពួក​កូរិនថូស​ចំពោះ​កំហុស​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ក្នុង​ការ​គោរព​ដល់​បុគ្គល​ធំដុំ​ណា​មួយ។ សាវ័ក​ប៉ុល​បាន​កែ​គំនិត​របស់​គេ ដោយ​ប្រាប់​ពួក​គេ​យ៉ាង​ក្លាហាន​ថា៖ «ឥឡូវ​នេះ បងប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ»។—កូរិនថូសទី១ ១:១០​-​១៥

១៥ ពួក​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​បាន​ត្រាប្រណី​នឹង​អំពើ​អសីលធម៌​ដ៏​ធ្ងន់។ នៅ​ទី​នោះ បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដែល​ប្រព្រឹត្ត​‹អំពើ​សហាយ​ស្មន់​បែប​នេះ​មិន​ទាំង​មាន​នៅ​ក្នុង​សាសន៍​ផង›។ ប៉ុល​បាន​សរសេរ​យ៉ាង​ត្រង់​ថា៖ «ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្ដេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ»។ (កូរិនថូសទី១ ៥:១, ១១​-​១៣) ការ​បណ្ដាច់​មិត្តភាព—ជា​អ្វី​មួយ​ដែល​ក្រុមជំនុំ​គ្រីស្ទាន​មិន​ដែល​ជួប​ប្រទះ​ទេ។ រឿង​មួយ​ទៀត​ដែល​ពួក​ក្រុមជំនុំ​កូរិនថូស​ត្រូវ​ការ​ការ​បំភ្លឺ​នោះ គឺ​ទាក់ទង​នឹង​ហេតុ​ការណ៍​ពិត​ថា សមាជិក​ខ្លះ​បាន​យក​បងប្អូន​ខាង​វិញ្ញាណ​របស់​គេ​ទៅ​តុលាការ​ខាង​លោកីយ៍ ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​អយុត្ដិធម៌​ណា​មួយ។ ប៉ុល​បាន​ស្តី​បន្ទោស​ពួក​គេ​យ៉ាង​ខ្លាំង​ដោយ​ការ​ប្រព្រឹត្ត​បែប​នេះ។—កូរិនថូសទី១ ៦:៥​-​៨

១៦ រឿង​មួយ​ទៀត​ដែល​ក្រុមជំនុំ​ពួក​កូរិនថូស​មាន​ទុក្ខ​លំបាក​នោះ គឺ​ជាប់​ទាក់ទង​នឹង​ការ​រួម​សង្វាស។ នៅ​កូរិនថូស​ទី​១​ជំពូក​៧​ប៉ុល​បាន​បង្ហាញ​ថា ដោយសារ​តែ​មាន​អំពើ​អសីលធម៌​ខាង​កាម​ជា​ច្រើន ជា​ការ​ដ៏​ល្អ​ដែល​ពួក​បុរស​គ្រប់ៗគ្នា​ត្រូវ​មាន​ប្រពន្ធ​ផ្ទាល់​ខ្លួន ហើយ​ស្ត្រី​គ្រប់ៗគ្នា​ត្រូវ​មាន​ប្ដី​ផ្ទាល់​ខ្លួន។ ប៉ុល​ក៏​បាន​បង្ហាញ​ថា ថ្វី​បើ​បុគ្គល​នៅ​លីវ​អាច​បំរើ​ព្រះ​ដោយ​មាន​ការ​រំខាន​តិច​ក្ដី មិន​មែន​បុគ្គល​ទាំង​អស់​មាន​និស្ស័យ​ជា​ភាព​នៅ​លីវ​នោះ​បាន​ទេ។ ហើយ​បើសិន​ជា​ប្ដី​របស់​ស្ត្រី​ម្នាក់​បាន​ស្លាប់​ទៅ នាង​អាច​រៀប​ការ​ម្ដង​ទៀត​បាន ប៉ុន្តែ​«ឲ្យ​តែ​យក​ក្នុង​ព្រះ​អម្ចាស់»។—កូរិនថូសទី១ ៧:៣៩

១៧. ចំពោះ​ការ​បង្រៀន​នៃ​ដំណើរ​រស់​ឡើង​វិញ តើ​ប៉ុល​បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ណា​ដែរ?

១៧ ព្រះ​អម្ចាស់​បាន​ប្រើ​ប៉ុល​ដើម្បី​នឹង​បញ្ចេញ​ឲ្យ​ឃើញ​អំពី​ដំណើរ​រស់​ឡើង​វិញ​ដែរ! តើ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​រូប​កាយ​ប្រភេទ​ណា? ប៉ុល​បាន​សរសេរ​ថា៖ «បាន​កប់​ជា​រូប​កាយ​ខាង​សាច់​ឈាម តែ​រស់​ឡើង​ជា​រូប​កាយ​ខាង​វិញ្ញាណ​វិញ»។ រូប​កាយ​ខាង​សាច់​ឈាម​មិន​អាច​យក​ទៅ​ស្ថានសួគ៌​បាន​ទេ ដ្បិត​«សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ»។ ប៉ុល​បាន​និយាយ​បន្ថែម​ថា មិន​មែន​ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់​នឹង​ស្លាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះយេស៊ូ បុគ្គល​ខ្លះ​នឹង​ប្រោស​ឲ្យ​រស់​បាន​ជីវិត​អមតៈ​មួយ​រំពេច​ភ្លាម​ក្រោយ​ពី​ស្លាប់​ទៅ។—កូរិនថូសទី១ ១៥:៤៣​-​៥៣

១៨. សំបុត្រ​ទី​មួយ​របស់​ប៉ុល​ទៅ​ពួក​ថែស្សាឡូនីច មាន​ការ​ទាក់ទង​អ្វី​ខ្លះ​ចំពោះ​អនាគត?

១៨ ក្នុង​សំបុត្រ​របស់​គាត់​ជូន​ទៅ​ពួក​ជន​គ្រីស្ទាន​នៅ​ថែស្សាឡូនីច ប៉ុល​ត្រូវ​បាន​ប្រើ​ឲ្យ​បញ្ចេញ​ពន្លឺ​ចំពោះ​អនាគត។ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​អញ្ចឹង។ ប៉ុល​បាន​ពន្យល់​ថា៖ «ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា​មាន​សេចក្ដី​សុខសាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោតែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ»។—ថែស្សាឡូនីចទី១ ៥:២, ៣

១៩, ២០. ក្នុង​សំបុត្រ​របស់​ប៉ុល​ជូន​ពួក​ហេព្រើរ តើ​ពួក​ជន​គ្រីស្ទាន​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​យូដា​បាន​ទទួល​ការ​បញ្ចេញ​ពន្លឺ​អ្វី​ខ្លះ?

១៩ ដោយ​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​ពួក​ហេព្រើរ ប៉ុល​ក៏​បាន​និយាយ​រៀប​រាប់​ពី​ការ​បញ្ចេញ​ពន្លឺ​ទៅ​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​យូដា​ដែរ។ គាត់​បាន​បង្ហាញ​យ៉ាង​អង់អាច​នូវ​ឧត្តម​ភាព​នៃ​ប្រព័ន្ធ​ការ​ថ្វាយ​បង្គំ​ជន​គ្រីស្ទាន ទៅ​លើ​នឹង​ប្រព័ន្ធ​ការ​ថ្វាយ​បង្គំ​របស់​ម៉ូសេ! ជាជាង​កាន់​តាម​ច្បាប់​ដែល​បាន​បញ្ជូន​មក​តាម​ពួក​ទេវតា ពួក​ជន​គ្រីស្ទាន​មាន​ជំនឿ​ក្នុង​ការ​សង្គ្រោះ​ដែល​រាជបុត្រា​របស់​ព្រះ​បាន​មាន​បន្ទូល​មក ដែល​មាន​ភាព​ខ្ពង់​ខ្ពស់​ជាង​ពួក​ទេវតា​ដែល​នាំ​សារ​នោះ​ទៅ​ទៀត។ (ហេព្រើរ ២:២​-​៤) ម៉ូសេ​គ្រាន់​តែ​ជា​អ្នក​ឆ្មាំ​ក្នុង​ដំណាក់​ព្រះ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​គ្រីស្ទ​ធ្វើ​ជា​ប្រធាន​ទៅ​លើ​ដំណាក់​ទាំង​មូល។ ព្រះ​គ្រីស្ទ​ជា​សម្ដេច​សង្ឃ​តាម​របៀប​លោក​ម៉ិលគីស្សាដែក ដែល​មាន​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​ជាង​ពួក​សង្ឃ​ខាង​អើរ៉ុន​ទៅ​ទៀត។ ប៉ុល​ក៏​បាន​ចង្អុល​ប្រាប់​ថា ជនជាតិ​អ៊ីស្រាអែល​មិន​អាច​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ​បាន​ទេ ពីព្រោះ​ដោយ​ការ​គ្មាន​ជំនឿ​និង​ការ​គោរព​ស្ដាប់​បង្គាប់ ប៉ុន្តែ​ជន​គ្រីស្ទាន​អាច​ចូល​បាន​ពីព្រោះ​ពួក​គេ​មាន​សេចក្ដី​ស្មោះ​ត្រង់​និង​ការ​គោរព​ស្ដាប់​បង្គាប់។—ហេព្រើរ ៣:១–៤:១១

២០ រួច​មក កិច្ច​ព្រម​ព្រៀង​ថ្មី​គឺ​មាន​ភាព​ខ្ពង់​ខ្ពស់​ជាង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ទៅ​ទៀត​ដែរ។ ដូច​បាន​ទាយ​មក​៦០០​ឆ្នាំ​មុន​នៅ​យេរេមា ៣១:៣១​-​៣៤ ពួក​អ្នក​ដែល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​ច្បាប់​របស់​ព្រះ​បាន​ចារ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​អាច​ទទួល​ការ​អត់​ឱន​ទោស​ពី​អំពើ​បាប។ ជាជាង​មាន​សម្ដេច​សង្ឃ​ថ្វាយ​យញ្ញបូជា​ជា​រៀង​រាល់​ឆ្នាំ​សំរាប់​អំពើ​បាប​ខ្លួន​និង​របស់​អ្នក​ដទៃ​នោះ ពួក​ជន​គ្រីស្ទាន​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​សម្ដេច​សង្ឃ​របស់​គេ ដែល​គ្មាន​បាប ដែល​បាន​ថ្វាយ​យញ្ញបូជា​សំរាប់​អំពើ​បាប​ជា​ស្ថាពរ។ ជាជាង​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​ដែល​ធ្វើ​ដោយ​ដៃ​ដើម្បី​នឹង​ថ្វាយ​តង្វាយ​នោះ ទ្រង់​បាន​ចូល​ទៅ​ក្នុង​ស្ថានសួគ៌​ដើម្បី​នឹង​លេច​ខ្លួន​នៅ​ពី​មុខ​ព្រះ​ភក្ដ្រ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​វិញ​ទៀត យញ្ញបូជា​សត្វ​នៅ​ក្រោម​ក្រិត្យ​វិន័យ​នៃ​កិច្ច​ព្រម​ព្រៀង​របស់​លោក​ម៉ូសេ​មិន​អាច​លាង​បាប​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ថ្វាយ​ជា​រៀង​រាល់​ឆ្នាំ​នោះ។ ប៉ុន្តែ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ​បាន​ថ្វាយ​ជា​ស្ថាពរ គឺ​អាច​លាង​បាប​បាន។ រឿង​ទាំង​នេះ​បញ្ចេញ​ពន្លឺ​ទៅ​លើ​ព្រះ​វិហារ​ដ៏​ធំ​ខាង​វិញ្ញាណ នៅ​ក្នុង​ទីធ្លា​ដែល​ពួក​សំណល់​ចាក់​ប្រេង​តាំង​និង​«ចៀម​ឯ​ទៀត»​បំរើ​នៅ​សព្វ​ថ្ងៃ​នេះ។—យ៉ូហាន ១០:១៦; ហេព្រើរ ៩:២៤​-​២៨

២១. តើ​ការ​ពិភាក្សា​នេះ​បាន​បង្ហាញ​អ្វី​ខ្លះ​ចំពោះ​ការ​សម្រេច​នៃ​ទំនុកដំកើង ៩៧:១១​និង​សុភាសិត ៤:១៨ ក្នុង​សម័យ​នៃ​ពួក​សាវ័ក​នោះ?

២១ គឺ​មិន​មាន​កន្លែង​គ្រប់គ្រាន់​ទេ​ក្នុង​ការ​រៀប​រាប់​ឧទាហរណ៍​ថែម​ទៀត​នោះ ដូច​ជា​ការ​បញ្ចេញ​ពន្លឺ​ដែល​មាន​នៅ​ក្នុង​សំបុត្រ​របស់​សាវ័ក​ពេត្រុស ហើយ​របស់​សិស្ស​ឈ្មោះ​យ៉ាកុប​និង​យូដាស​នោះ។ ប៉ុន្តែ​អ្វី​ដែល​បាន​បង្ហាញ​មុនៗនេះ​គឺ​គ្រប់គ្រាន់​ហើយ ដើម្បី​នឹង​បង្ហាញ​ថា​ទំនុកដំកើង ៩៧:១១ និង​សុភាសិត ៤:១៨ គឺ​មាន​ការ​សម្រេច​ក្នុង​សម័យ​នៃ​ពួក​សាវ័ក។ សេចក្ដី​ពិត​ចាប់​ផ្ដើម​លូត​លាស់​ពី​បែប​និង​ការ​តំណាង ទៅ​ការ​សម្រេច​និង​សេចក្ដី​ជាក់​ស្តែង។—កាឡាទី ៣:២៣​-​២៥; ៤:២១​-​២៦

២២. តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់​ទៅ ហើយ​តើ​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​យ៉ាង​ណា​ខ្លះ?

២២ ក្រោយ​ពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ស្លាប់​ទៅ ក៏​មាន​ការ​បះបោរ​ជំនឿ​ដែល​បាន​ទាយ​មក ពន្លឺ​នៃ​សេចក្ដី​ពិត​ក៏​បាន​ឆេះ​មិន​សូវ​ភ្លឺ​ដែរ។ (ថែស្សាឡូនីចទី២ ២:១​-​១១) ប៉ុន្តែ យោង​ទៅ​តាម​កិច្ច​សន្យា​របស់​ព្រះ​យេស៊ូ ក្រោយ​ពី​សតវត្ស​ជា​ច្រើន​បាន​កន្លង​ទៅ ចៅហ្វាយ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ឃើញ​ថា​«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»​កំពុង​តែ​ឲ្យ​អាហារ​ទៅ​«ពួក​បំរើ​ក្នុង​ផ្ទះ»​នៅ​ពេល​ត្រឹម​ត្រូវ។ ជា​លទ្ធផល ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ចាត់​តាំង​អ្នក​បំរើ​នោះ​«លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៥​-​៤៧, ព.ថ.) តើ​មាន​ការ​បញ្ចេញ​ពន្លឺ​អ្វី​បន្ត​ទៅ​ទៀត? នេះ​នឹង​ពិភាក្សា​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a ដី​នៅ​ទី​នេះ​គឺ​សំដៅ​ទៅ​បរិយាការ​ដែល​ជន​គ្រីស្ទាន​សម្រេច​ចិត្ត​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​នៃ​បុគ្គលិកលក្ខណៈ។—សូម​មើល ប៉មយាម ១៥ មិថុនា ១៩៨០ ទំព័រ ១៨​-​១៩ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​នៅ​ក្នុង​បទ​គម្ពីរ​ណា​ខ្លះ​ដែល​បង្ហាញ​ថា ការ​យល់​សេចក្ដី​ពិត​នឹង​មាន​ឡើង​បន្ដិច​ម្ដងៗ?

◻ តើ​មាន​ការ​បញ្ចេញ​ពន្លឺ​ណា​ខ្លះ ដែល​បាន​កត់​ទុក​មក​ក្នុង​សៀវភៅ​កិច្ចការ?

◻ តើ​ពន្លឺ​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ?

◻ តើ​សំបុត្រ​របស់​ប៉ុល​មាន​ការ​បញ្ចេញ​ពន្លឺ​អំពី​អ្វី​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក