បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៨ ទំ. ២៨-៣២
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីពីរ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បាន​ធ្វើ​ឲ្យ​យល់​ច្បាស់​ឡើង​អំពី​«រាជការ»
  • ការ​បញ្ចេញ​ពន្លឺ​ទៅ​លើ​ការ​រៀប​ចំ​ខាង​អង្គការ
  • ពន្លឺ​ដែល​ទាក់ទង​នឹង​ចរិយា​របស់​ជន​គ្រីស្ទាន
  • ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​រឿង​ផ្សេងៗទៀត
  • ពន្លឺ​កាន់​តែ​ភ្លឺ​ឡើង​ចំពោះ​សារព័ន​សព្ទ
  • ការបញ្ចេញពន្លឺក្នុងសម័យនៃពួកសាវ័ក
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ដំណើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីមួយ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពន្លឺពីព្រះកំចាត់ភាពងងឹត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៨ ទំ. ២៨-៣២

ការ​បញ្ចេញ​ពន្លឺ—ដែល​ធំ​និង​តូច ភាគ​ទីពីរ

«នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ»។—ទំនុកដំកើង ៣៦:៩

១. តើ​ការ​ខំ​ខ្នះខ្នែង​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​យល់​នឹង​និមិត្តរូប​នៃ​សៀវភៅ​វិវរណៈ?

សៀវភៅ​គម្ពីរ​វិវរណៈ​បាន​ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​ចាប់​អារម្មណ៍​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ។ សៀវភៅ​នេះ​ផ្ដល់​ឲ្យ​ឧទាហរណ៍​ដ៏​ល្អ​នូវ​របៀប​ដែល​ពន្លឺ​នៃ​សេចក្ដី​ពិត​បាន​កាន់​តែ​ច្បាស់ៗឡើង។ ក្នុង​ឆ្នាំ​១៩១៧​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​នូវ​ការ​ពន្យល់​នៃ​វិវរណៈ ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​អាថ៌កំបាំង​ដែល​ត្រូវ​បាន​បញ្ចប់។ សៀវភៅ​នេះ​បាន​លាត​ត្រដាង​ពួក​មេ​ដឹក​នាំ​ខាង​ពិភព​គ្រីស្ទ​សាសនា​និង​ខាង​នយោបាយ​ដោយ​ឥត​ខ្លាច ប៉ុន្តែ​ការ​ពន្យល់​ជា​ច្រើន​បាន​យក​មក​ពី​ប្រភព​ផ្សេងៗឯ​ទៀត។ តែ​សៀវភៅ សេចក្ដី​អាថ៌កំបាំង​ដែល​ត្រូវ​បាន​បញ្ចប់​បាន​ប្រើ​សំរាប់​ជា​ការ​សាកល្បង​នឹង​ភក្ដីភាព​របស់​ពួក​សិស្ស​ព្រះ​គម្ពីរ ចំពោះ​នឹង​ការ​ដឹក​នាំ​ដែល​មើល​ឃើញ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ។

២. តើ​អត្ថបទ​«កំណើត​នៃ​សាសន៍»​បាន​បញ្ចេញ​ពន្លឺ​អ្វី​ទៅ​លើ​សៀវភៅ​វិវរណៈ?

២ ការ​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បាន​បញ្ចេញ​ទៅ​លើ​សៀវភៅ​វិវរណៈ ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​នៃ​អត្ថបទ​«កំណើត​នៃ​សាសន៍»​ក្នុង​ទស្សនាវដ្ដី ប៉មយាម ១ មីនា ឆ្នាំ​១៩២៥។ គេ​បាន​គិត​ថា​វិវរណៈ​ជំពូក​១២ បាន​រៀប​រាប់​អំពី​សង្គ្រាម​មួយ​រវាង​ពួក​ពាហិរជន និង​សាសនា​កាតូលិក​រ៉ូម៉ាំង ដែល​មាន​កូន​ប្រុស​តំណាង​សង្ឃ​រាជ​វិហារ​កាតូលិក។ ប៉ុន្តែ​អត្ថបទ​នោះ​បង្ហាញ​ថា​វិវរណៈ ១១:១៥​-​១៨ បាន​ទាក់ទង​ទៅ​នឹង​អត្ថន័យ​នៃ​ជំពូក​១២ ដោយ​បញ្ជាក់​ថា នេះ​ទាក់ទង​នឹង​កំណើត​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

៣. តើ​ប្រកាសនវត្ថុ​អ្វី​ទៀត​ដែល​បាន​បញ្ចេញ​ពន្លឺ​ទៅ​លើ​វិវរណៈ?

៣ ការ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​យល់​កាន់​តែ​ច្បាស់​ឡើងៗនៃ​វិវរណៈ ដែល​មាន​នៅ​ក្នុង​ប្រកាសនវត្ថុ​ឈ្មោះ ពន្លឺ​ដែល​មាន​ពីរ​ក្បាល​នៅ​ក្នុង​ឆ្នាំ​១៩៣០។ ប៉ុន្តែ​នៅ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទៀត​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ «បាប៊ីឡូន​ដ៏​ធំ​បាន​រលំ​ហើយ»! ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​គ្រប់គ្រង! (១៩៦៣)a និង​«ក្រោយ​មក​នឹង​បាន​បញ្ចប់​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ» (១៩៦៩)។b ប៉ុន្តែ នៅ​មាន​អ្វី​ជា​ច្រើន​ថែម​ទៀត​ក្នុង​ការ​រៀន​អំពី​ទំនាយ​នៃ​សៀវភៅ​វិវរណៈ។ ត្រូវ​ហើយ ការ​បញ្ចេញ​ពន្លឺ​បាន​ភ្លឺ​ឡើង​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​មាន​ប្រកាសនវត្ថុ​ឈ្មោះ វិវរណៈ—កំរិត​ខ្ពស់​បំផុត​របស់​វា​ជិត​មក​ដល់​ហើយ!c កត្ដា​ចំពោះ​ការ​បំភ្លឺ​បន្ដិចម្ដងៗ​នេះ គឺ​មក​ពី​ហេតុ​ការណ៍​ពិត​ដែល​ថា​ទំនាយ​នៃ​វិវរណៈ ទាក់​ទង់​នឹង​«ថ្ងៃ​របស់​ព្រះ​អម្ចាស់» ដែល​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​១៩១៤។ (វិវរណៈ ១:១០) ដូច្នេះ​ហើយ​សៀវភៅ​វិវរណៈ​នឹង​ត្រូវ​បាន​យល់​កាន់​តែ​ច្បាស់​លាស់​ថែម​ទៀត​កាល​ដែល​ថ្ងៃ​កាន់​តែ​ជឿន​ទៅ​មុខ។

ការ​បាន​ធ្វើ​ឲ្យ​យល់​ច្បាស់​ឡើង​អំពី​«រាជការ»

៤, ៥. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​អំពី​រ៉ូម ១៣:១? (ខ) តើ​នៅ​ពេល​ក្រោយ​មក​ជំហរ​របស់​បទ​គម្ពីរ​ចំពោះ​«រាជការ»​បាន​ធ្វើ​ឲ្យ​ឃើញ​យ៉ាង​ណា​ដែរ?

៤ ការ​បញ្ចេញ​ពន្លឺ​បាន​ឃើញ​នៅ​ឆ្នាំ​១៩៦២​ដែល​ជាប់​ទាក់ទង​នឹង​រ៉ូម ១៣:១ ដែល​ចែង​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ»។ ពួក​សិស្ស​ព្រះ​គម្ពីរ​ដើម​បាន​យល់​ថា​«រាជការ»​ដែល​បាន​រៀប​រាប់​នៅ​ទី​នេះ​បាន​សំដៅ​ទៅ​អំណាច​ខាង​លោកីយ៍។ ពួក​គេ​បាន​យល់​ពី​បទ​គម្ពីរ​នេះ​ថា បើសិន​ជា​ជន​គ្រីស្ទាន​ម្នាក់​បាន​កេណ្ឌ​ក្នុង​ពេល​សង្គ្រាម គាត់​នឹង​ត្រូវ​ពាក់​ឯក​សណ្ឋាន លី​កាំភ្លើង​លើ​ស្មា ហើយ​ទៅ​ជួរ​មុខ​និង​ទៅ​ឯ​លេណដ្ឋាន។ គេ​បាន​គិត​ថា​ដោយសារ​តែ​ជន​គ្រីស្ទាន​មិន​អាច​សម្លាប់​មនុស្ស​គ្នីគ្នា​បាន​នោះ គាត់​ត្រូវ​តែ​បាញ់​គ្រាប់​កាំភ្លើង​ទៅ​លើ​មេឃ​បើ​មាន​ស្ថានការណ៍​ដ៏​មិន​ល្អ​បាន​កើត​ឡើង។d

៥ ទស្សនាវដ្ដី​ប៉មយាម ១៥ វិច្ឆិកា និង ១ ធ្នូ ក្នុង​ឆ្នាំ​១៩៦២ បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ច្បាស់​ទៅ​លើ​ប្រធាន​ក្នុង​ការ​ពិភាក្សា​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២២:២១៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ ពាក្យ​របស់​សាវ័ក​ប៉ុល​នៅ​ក្នុង​កិច្ចការ ៥:២៩ ក៏​មាន​ការ​ទាក់ទង​គ្នា​ដែរ៖ «ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។ ពួក​ជន​គ្រីស្ទាន​ចុះ​ចូល​នឹង​សេសារ—«រាជការ»—នៅ​ក្រោម​ស្ថានការណ៍​ណា​ដែល​ការ​ធ្វើ​នេះ មិន​តម្រូវ​ឲ្យ​ជន​គ្រីស្ទាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​របស់​ព្រះ។ ការ​ចុះ​ចូល​នឹង​សេសារ​គឺ​ជា​អ្វី​ដែល​មាន​លក្ខខណ្ឌ មិន​មែន​ជា​ពេញលេញ​នោះ​ទេ។ ពួក​ជន​គ្រីស្ទាន​ថ្វាយ​របស់​សេសារ​វិញ លុះ​ត្រា​តែ​ការ​ធ្វើ​នេះ​មិន​ទង្គិច​នឹង​តម្រូវ​របស់​ព្រះ។ ជា​ការ​គួរ​ឲ្យ​ស្កប់ស្កល់​មែន​ដោយ​បាន​យល់​យ៉ាង​ច្បាស់​លាស់​អំពី​រឿង​នេះ!

ការ​បញ្ចេញ​ពន្លឺ​ទៅ​លើ​ការ​រៀប​ចំ​ខាង​អង្គការ

៦. (ក) ដើម្បី​នឹង​ចៀស​វាង​ពី​រចនា​តាម​លំដាប់​សក្ដិ​ដែល​មាន​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា តើ​មាន​គោលការណ៍​អ្វី​ដែល​បាន​ចាប់​ផ្ដើម​ប្រើ​នោះ? (ខ) នៅ​ទីបំផុត តើ​អ្វី​ដែល​បាន​ឃើញ​ជា​ផ្លូវ​ត្រឹម​ត្រូវ​ចំពោះ​ការ​ជ្រើសរើស​អស់​អ្នក​ដែល​មើល​ការ​ខុសត្រូវ​ក្នុង​ក្រុមជំនុំ?

៦ ចំពោះ​អ្នក​ណា​ដែល​នឹង​ត្រូវ​បំរើ​ជា​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុមជំនុំ​នោះ រឿង​នេះ​ក៏​មាន​ការ​សង្ស័យ​ដែរ។ ដើម្បី​នឹង​ចៀស​វាង​ពី​រចនា​តាម​លំដាប់​សក្ដិ​ដែល​មាន​ជា​ច្រើន​ក្នុង​ពិភព​គ្រីស្ទ​សាសនា​នោះ គេ​ក៏​ត្រូវ​បាន​សន្និដ្ឋាន​ថា ពួក​ទាំង​នេះ​ត្រូវ​តែ​ជ្រើស​រើ​ជា​ប្រជាធិបតេយ្យ ដោយ​ការ​បោះ​ឆ្នោត​ពី​សមាជិក​នៃ​ក្រុមជំនុំ​និមួយៗ។ ប៉ុន្តែ ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​មាន​ច្រើន​ឡើង​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នៃ១ កញ្ញា និង ១៥ តុលា នៃ​ឆ្នាំ​១៩៣២ ដែល​បាន​បង្ហាញ​ថា​មិន​មាន​មូលដ្ឋាន​ចំពោះ​ការ​បោះ​ឆ្នោត​ក្នុង​បទ​គម្ពីរ​នោះ​ឡើយ។ ដូច្នេះ គណៈ​កម្មាធិការ​ខាង​កិច្ច​បំរើ​ក៏​បាន​យក​មក​ជំនួស​វិញ ហើយ​អ្នក​ដឹក​នាំ​ខាង​កិច្ច​បំរើ​ក៏​បាន​ជ្រើស​រើ​ដោយ​សមាគម។

៧. ដោយ​មាន​ការ​បញ្ចេញ​ពន្លឺ ជា​លទ្ធផល តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​របៀប​ដែល​អ្នក​បំរើ​ក្នុង​ក្រុមជំនុំ​ត្រូវ​តែងតាំង​នោះ?

៧ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១​និង​ទី​១៥ មិថុនា​នៃ​ឆ្នាំ​១៩៣៨ គឺ​មាន​ការ​បញ្ចេញ​ពន្លឺ​ដោយ​បង្ហាញ​ថា ពួក​អ្នក​បំរើ​ក្នុង​ក្រុមជំនុំ​មិន​ត្រូវ​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ត្រូវ​បាន​ឲ្យ​តែងតាំង​ឡើង​ដោយ​ព្រះ​ធិបតេយ្យ។ ក្នុង​ឆ្នាំ​១៩៧១ ការ​បញ្ចេញ​ពន្លឺ​មួយ​ទៀត​បាន​បង្ហាញ​ថា ក្រុមជំនុំ​និមួយៗមិន​ត្រូវ​នៅ​ក្រោម​បង្គាប់​នៃ​អ្នក​បំរើ​តែ​ម្នាក់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ឲ្យ​មាន​ក្រុម​អ្នក​ចាស់​ទុំ ឬ​ក្រុម​អ្នក​ត្រួត​ពិនិត្យ ដែល​បាន​ចាត់​តាំង​មក​ដោយ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដូច្នេះ​ដោយ​មាន​ពន្លឺ​កាន់​តែ​ច្បាស់​ឡើង​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ គឺ​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​ថា ពួក​ចាស់​ទុំ​ព្រម​ទាំង​ពួក​អ្នក​ងារ​ជំនួយ គួរ​តែ​ត្រូវ​តែងតាំង​ដោយ​«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»​តាម​រយៈ​គណៈ​អភិបាល។ (ម៉ាថាយ ២៤:៤៥​-​៤៧, ព.ថ.) នេះ​គឺ​សម​ស្រប​នឹង​អ្វីៗដែល​បាន​កើត​ឡើង​ក្នុង​សម័យ​នៃ​គ្រា​ពួក​សាវ័ក។ ពួក​បុរស​ដូច​ជា​ធីម៉ូថេ​និង​ទីតុស​បាន​តែងតាំង​ឡើង​ជា​អ្នក​ត្រួត​ពិនិត្យ ដោយ​គណៈ​អភិបាល​នៅ​សតវត្ស​ទី​មួយ។ (ធីម៉ូថេទី១ ៣:១​-​៧; ៥:២២; ទីតុស ១:៥​-​៩) ហើយ​រឿង​ទាំង​នេះ​គឺ​មាន​ការ​សម្រេច​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​អេសាយ ៦០:១៧៖ «អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់គ្រង​លើ​ឯង​ផង»។

៨. (ក) ការ​មាន​សេចក្ដី​ពិត​កាន់​តែ​ច្រើន​ឡើង ជា​លទ្ធផល តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​របៀប​ដែល​សមាគម​បាន​ប្រតិបត្ដិ​នោះ? (ខ) តើ​មាន​គណៈ​កម្មាធិការ​នៃ​គណៈ​អភិបាល​យ៉ាង​ណា​ខ្លះ ហើយ​តើ​មាន​សកម្មភាព​ឬ​ការ​មើល​ត្រួត​ពិនិត្យ​និមួយៗដោយ​យ៉ាង​ណា​ដែរ?

៨ មាន​រឿង​មួយ​ទៀត ដែល​មាន​ការ​ទាក់ទង​នឹង​ប្រតិបត្ដិ​ការ​នៃ​សមាគម​ប៉មយាម។ ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​ផ្នែក​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​នៃ​អ្នក​ដឹក​នាំ​នៃ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ហើយ​រឿង​អ្វីៗគឺ​អ្នក​ប្រធាន​កាន់​កាប់​ទាំង​អស់។ ដូច​ជា​បាន​បង្ហាញ​មក​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៧៧​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា (ទំព័រ ២៥៨​-​៩) ក្នុង​ឆ្នាំ​១៩៧៦ គណៈ​អភិបាល​បាន​ចាប់​ផ្ដើម​ប្រតិបត្ដិ​ដោយ​មាន​ប្រាំ​មួយ​គណៈ​កម្មាធិការ ដែល​និមួយៗបាន​ចាត់ការ​ឲ្យ​មើល​ទទួល​ខុសត្រូវ​ចំពោះ​ទិដ្ឋភាព​ផ្សេងៗនៃ​កិច្ចការ​ពិភពលោក។ គណៈ​កម្មាធិការ​ខាង​បុគ្គលិក​គឺ​មើល​ទទួល​ខុសត្រូវ​ខាង​រឿង​ផ្ទាល់​ខ្លួន រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​អស់​អ្នក​ដែល​បំរើ​ក្នុង​ក្រុម​គ្រួសារ​បេ​ត​អែ​ល​ពាស​ពេញ​ពិភពលោក។ គណៈ​កម្មាធិការ​បោះ​ពុម្ព​ផ្សាយ​គឺ​មើល​ខុសត្រូវ​រឿង​ខាង​សង្គម​និង​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ ដូច​ជា​សម្បត្ដិ និង​ការ​បោះ​ពុម្ព។ គណៈ​កម្មាធិការ​ខាង​កិច្ច​បំរើ​គឺ​មើល​ខុសត្រូវ​ខាង​កិច្ចការ​ផ្សាយ និង​ពិនិត្យ​មើល​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ពួក​អ្នក​ត្រួសត្រាយ​ពេញ​ពេល និង​សកម្មភាព​នៃ​អ្នក​ផ្សាយ​ក្នុង​ក្រុមជំនុំ។ គណៈ​កម្មាធិការ​សិក្សា​គឺ​មើល​ទទួល​ខុសត្រូវ​សំរាប់​កិច្ច​ប្រជុំ​ក្នុង​ក្រុមជំនុំ ពិធី​សន្និបាត​ពិសេស និង​សន្និបាត​តាម​មណ្ឌល មហា​សន្និបាត​និង​មហា​សន្និបាត​អន្តរជាតិ ព្រម​ទាំង​សាលា​អប់រំ​ខាង​វិញ្ញាណ​របស់​ប្រជា​រាស្ត្រ​របស់​ព្រះ។ គណៈ​កម្មាធិការ​និពន្ធ​គឺ​មើល​ទទួល​ខុសត្រូវ​ខាង​ការ​រៀប​ចំ​និង​ការ​បកប្រែ​នៃ​ប្រកាសនវត្ថុ​គ្រប់​ប្រភេទ ដោយ​ធានា​រ៉ាប់​រង​នូវ​អ្វីៗទាំង​អស់​គឺ​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​បទ​គម្ពីរ។ គណៈ​កម្មាធិការ​អធិបតី​មើល​ថែរក្សា​ចំពោះ​ការ​អាសន្ន​និង​រឿង​ត្រូវ​ការ​ជា​បន្ទាន់។ ហើយ​ក្នុង​ទសវត្ស​១៩៧០​ដែរ ការិយាល័យ​សាខា​នៃ​សមាគម​ប៉មយាម​បាន​ចាប់​ផ្ដើម​ដឹក​នាំ ដោយ​គណៈ​កម្មាធិការ​ជាជាង​ដឹក​នាំ​ដោយ​ពួក​អ្នក​ត្រួត​ពិនិត្យ។e

ពន្លឺ​ដែល​ទាក់ទង​នឹង​ចរិយា​របស់​ជន​គ្រីស្ទាន

៩. តើ​តាមរបៀបណាដែល​ពន្លឺនៃសេចក្ដីពិត​មាន​ឥទ្ធិពលទៅលើ ទំនាក់ទំនង​នៃ​ជន​គ្រីស្ទាន​ចំពោះ​រដ្ឋាភិបាល​នៃ​ពិភពលោក​នោះ?

៩ មាន​ការ​បញ្ចេញ​ពន្លឺ​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង​ចរិយា​របស់​ជន​គ្រីស្ទាន។ ជា​ឧទាហរណ៍ ចូរ​ពិចារណា​មើល​អំពី​រឿង​អព្យាក្រឹតភាព។ ការ​បញ្ចេញ​ពន្លឺ​ដ៏​សំខាន់​មួយ​បាន​បញ្ចាំង​ទៅ​លើ​ប្រធាន​នេះ ក្នុង​អត្ថបទ​«អព្យាក្រឹតភាព»នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នៃ១ វិច្ឆិកា​នៃ​ឆ្នាំ​១៩៣៩។ នេះ​បាន​មាន​ឡើង​ចំ​ពេល​វេលា​មែន ក្រោយ​ពី​ការ​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី២! អត្ថបទ​នេះ​បាន​ឲ្យ​អត្ថន័យ​អព្យាក្រឹតភាព ហើយ​បាន​បង្ហាញ​ថា ពួក​ជន​គ្រីស្ទាន​មិន​ត្រូវ​ចូល​ទាក់ទង​ខាង​រឿង​នយោបាយ ឬ​ការ​ប្រឈម​មុខ​រវាង​សាសន៍​និង​សាសន៍​ឡើយ។ (មីកា ៤:៣, ៥; យ៉ូហាន ១៧:១៤, ១៦) នេះ​ជា​កត្ដា​ដែល​បណ្ដាល​ឲ្យ​ពួក​សាសន៍​ជា​ច្រើន​ស្អប់​ពួក​គេ។ (ម៉ាថាយ ២៤:៩) សង្គ្រាម​ទាំងឡាយ​របស់​ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​មិន​បាន​ផ្ដល់​គំរូ​ចំពោះ​ពួក​ជន​គ្រីស្ទាន​ទេ ដូច​ជា​ព្រះ​យេស៊ូ​បាន​ពន្យល់​យ៉ាង​ច្បាស់​នៅ​ម៉ាថាយ ២៦:៥២។ ម្យ៉ាង​វិញ​ទៀត គ្មាន​សាសន៍​ខាង​នយោបាយ​ណា​មួយ​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ជា​ព្រះ​ធិបតេយ្យ​ភាព គឺ​គ្រប់គ្រង​ដោយ​ព្រះ​ដូច​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​នោះ​ឡើយ។

១០. តើ​ការ​បញ្ចេញ​ពន្លឺ​បាន​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ណា នូវ​របៀប​ដែល​ពួក​ជន​គ្រីស្ទាន​ត្រូវ​ចាត់​ទុក​អំពី​ឈាម​នោះ?

១០ ពន្លឺ​ក៏​បាន​បញ្ចេញ​ឲ្យ​ឃើញ​ចំពោះ​ភាព​បរិសុទ្ធ​នៃ​ឈាម​ដែរ។ សិស្ស​ព្រះ​គម្ពីរ​បាន​គិត​ថា​ការ​ហាមប្រាម​ពី​ការ​បរិភោគ​ឈាម​ក្នុង​សៀវភៅ​កិច្ចការ ១៥:២៨, ២៩ គឺ​គ្រាន់​តែ​ចំពោះ​ពួក​ជនជាតិ​យូដា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​កិច្ចការ ២១:២៥ បង្ហាញ​ថា ក្នុង​សម័យ​នៃ​គ្រា​ពួក​សាវ័ក បទ​បញ្ជា​នេះ​ក៏​បាន​ទាក់ទង​នឹង​សាសន៍​ដែល​បាន​ក្លាយ​ជា​អ្នក​ជឿ​ដែរ។ ដូច្នេះ​ការ​ធ្វើ​ឲ្យ​ឈាម​ជា​បរិសុទ្ធ​គឺ​ជាប់​ទាក់ទង​ដល់​ពួក​ជន​គ្រីស្ទាន​ទាំង​អស់ ដូច​បាន​បង្ហាញ​មក​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នៃ១ កក្កដា​នៃ​ឆ្នាំ​១៩៤៥។ នេះ​មាន​ន័យ​ថា មិន​គ្រាន់​តែ​បដិសេធ​ចោល​ការ​បរិភោគ​ឈាម​ប៉ុណ្ណោះ​ទេ ដូច​ជា​សាច់​ក្រ​ក​ដែល​មាន​ឈាម ប៉ុន្តែ ត្រូវ​តែ​ចៀស​វាង​ចេញ​ពី​ឈាម​របស់​មនុស្ស ដូច​ជា​ក្នុង​ករណី​នៃ​ការ​ចាក់​បញ្ចូល​ឈាម​ជា​ដើម។

១១. តើ​បាន​ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ទស្សនៈ​ជន​គ្រីស្ទាន​នៃ​ការ​ប្រើ​ថ្នាំ​ជក់​នោះ?

១១ ជា​លទ្ធផល​នៃ​ការ​មាន​ពន្លឺ​កាន់​តែ​ភ្លឺ​ច្រើន​ឡើង ទម្លាប់​ណា​មួយ​ដែល​នៅ​ដើម​ដំបូង​គ្រាន់​តែ​មិន​យល់​ព្រម ត្រូវ​បាន​ចាត់​ទុក​ជា​ទោសកម្ម​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​មក។ ឧទាហរណ៍​មួយ​អំពី​រឿង​នេះ​គឺ​ជាប់​ទាក់ទង​នឹង​ការ​ប្រើ​ថ្នាំ​ជក់។ នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន​នៃ​១ សីហា​ឆ្នាំ​១៨៩៥ បង​ប្រុស​រ៉ា​សិ​ល​បាន​សំដៅ​ទៅ​កូរិនថូសទី១ ១០:៣១ និង​កូរិនថូសទី២ ៧:១ ហើយ​បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​អាច​ឃើញ​នូវ​របៀប​ណា​ដែល​ជា​សិរី​ល្អ​ដល់​ព្រះ ឬ​ក៏​ជា​ប្រយោជន៍​ដល់​ជន​គ្រីស្ទាន​ណា​ម្នាក់​ទេ ចំពោះ​ជន​គ្រីស្ទាន​ណា​ដែល​ប្រើ​ថ្នាំ​ជក់​តាម​ភាព​ណា​ក៏​ដោយ»។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​មក គឺ​បាន​យល់​យ៉ាង​ច្បាស់​ថា គ្មាន​អ្នក​ប្រើ​ថ្នាំ​ជក់​ណា​ម្នាក់​អាច​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ក្នុង​ឆ្នាំ​១៩៧៦​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ស្មរបន្ទាល់​ណា​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​គ្រឹះស្ថាន​លេង​ល្បែង​ស៊ី​សង ហើយ​អាច​មាន​ឋានៈ​ល្អ​ក្នុង​ក្រុមជំនុំ​នោះ​ទេ។

ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​រឿង​ផ្សេងៗទៀត

១២. (ក) ការ​បញ្ចេញ​ពន្លឺ​បាន​សម្ដែង​យ៉ាង​ណា​អំពី​ចំនួន​កូនសោ​នៃ​ព្រះ​រាជាណាចក្រ​ដែល​បាន​ប្រគល់​ឲ្យ​ពេត្រុស​នោះ? (ខ) នៅ​ពេល​ដែល​ពេត្រុស​បាន​ប្រើ​កូនសោ​និមួយៗ តើ​មាន​កាលៈទេសៈ​យ៉ាង​ណា?

១២ មាន​ពន្លឺ​កាន់​តែ​ច្រើន​ឡើង​ទៀត ក្នុង​រឿង​ក្នុង​កូនសោ​ជា​និមិត្តរូប​មួយ​ចំនួន​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ពេត្រុស។ ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ធ្លាប់​ជឿ​ថា ពេត្រុស​បាន​ទទួល​កូនសោ​ពីរ​ដែល​សំរាប់​បើក​ផ្លូវ​ឲ្យ​មនុស្ស​ទទួល​ព្រះ​រាជាណាចក្រ​ជា​មរតក—កូនសោ​មួយ​គឺ​សំរាប់​ពួក​យូដា​ដែល​បាន​ប្រើ​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ. និង​កូនសោ​មួយ​ទៀត​បាន​ប្រើ​សំរាប់​ពួក​សាសន៍​ដទៃ​ក្នុង​ក្នុង​ឆ្នាំ​៣៦ ស.យ. នៅ​ពេល​ដែល​ពេត្រុស​បាន​ផ្សាយ​ទៅ​កូនេលាស។ (កិច្ចការ ២:១៤​-​៤១; ១០:៣៤​-​៤៨) ក្រោយ​មក ដូច​ជា​មាន​ក្រុម​ទី​បី​ដែល​ទាក់ទង​ជា​មួយ​សាសន៍—សាម៉ារី។ ពេត្រុស​បាន​ប្រើ​កូនសោ​ទីពីរ​នៅ​ពេល​ដែល​បាន​បើក​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ព្រះ​រាជាណាចក្រ។ (កិច្ចការ ៨:១៤​-​១៧) ដូច្នេះ កូនសោ​ទី​បី​បាន​ប្រើ នៅ​ពេល​ដែល​ពេត្រុស​បាន​ផ្សាយ​ទៅ​កូនេលាស។—ប៉មយាម ១ តុលា ១៩៧៩ ទំព័រ ១៦​-​២២, ២៦

១៣. តើ​ការ​បញ្ចេញ​ពន្លឺ​អ្វី​ដែល​បាន​សម្ដែង​អំពី​ក្រោល​ចៀម​ដែល​បាន​រៀប​រាប់​មក​ក្នុង​យ៉ូហាន​ជំពូក ១០?

១៣ ពី​កាំរស្មី​នៃ​ពន្លឺ​ត្រូវ​បាន​ឃើញ​ថា ព្រះ​យេស៊ូ​មិន​ត្រឹម​តែ​សំដៅ​ទៅ​ក្រោល​ចៀម​ពីរ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​បាន​សំដៅ​ទៅ​ក្រោល​ចៀម​បី​វិញ។ (យ៉ូហាន​ជំពូក ១០) ទាំង​នេះ​គឺ​មាន (១) ក្រោល​ចៀម​សាសន៍​យូដា​ដែល​យ៉ូហាន​បាទីស្ទ​ជា​អ្នក​ឆ្មាំ (២) ក្រោល​នៃ​ពួក​ទទួល​មរតក​នៃ​ព្រះ​រាជាណាចក្រ ហើយ (៣) ក្រោល​នៃ​«ចៀម​ឯ​ទៀត»​ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ផែនដី។—យ៉ូហាន ១០:២, ៣, ១៥,១៦; ប៉មយាម ១៥ កុម្ភៈ​ក្នុង​ឆ្នាំ​១៩៨៤ ទំព័រ ១០​-​២០

១៤. តើ​ការ​បញ្ចេញ​ពន្លឺ​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​យ៉ាង​ណា អំពី​ការ​ចាប់​ផ្ដើម​នៃ​ឆ្នាំ​សោ​មន្ស​នោះ?

១៤ ការ​យល់​នៃ​និមិត្តរូប​ចំពោះ​ឆ្នាំ​សោមនស្ស​ក៏​បាន​ទទួល​ការ​ធ្វើ​ឲ្យ​យល់​ច្បាស់​លាស់​ដែរ។ នៅ​ក្រោម​ច្បាប់ ជា​រៀង​រាល់​ឆ្នាំ​ទី៥០ គឺ​មាន​ការ​ធ្វើ​បុណ្យ​សោ​មន្ស​យ៉ាង​ធំ​មួយ ដែល​ត្រូវ​យក​របស់​ឲ្យ​ទៅ​អ្នក​ម្ចាស់​ដើម​វិញ។ (លេវីវិន័យ ២៥:១០) នេះ​ត្រូវ​បាន​ធ្លាប់​យល់​ជា​យូរ​យាម​ក​ថា ការ​ប្រព្រឹត្ត​ឡើង​នេះ​គឺ​តំណាង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ក្នុង​កំឡុង​ថ្មីៗនេះ ត្រូវ​បាន​ឃើញ​ច្បាស់​ថា ការ​តំណាង​ឆ្នាំ​សោ​មន្ស​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​បុណ្យ​ភិន្ដាកុស ៣៣ ស.យ. នៅ​ពេល​ពួក​អ្នក​ដែល​ត្រូវ​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចាក់​មក​លើ បាន​រំដោះ​ឲ្យ​រួច​ចេញ​ពី​សេវកភាព​ពី​ក្រិត្យ​វិន័យ​នៃ​កិច្ច​ព្រម​ព្រៀង​លោក​ម៉ូសេ។—ទស្សនាវដ្ដី ១ មករា ឆ្នាំ​១៩៨៧ ទំព័រ​១៨​-​២៨ (ជា​ភាសា​អង់គ្លេស)

ពន្លឺ​កាន់​តែ​ភ្លឺ​ឡើង​ចំពោះ​សារព័ន​សព្ទ

១៥. តើ​ពន្លឺ​អ្វី​ដែល​បាន​បញ្ចេញ​ឲ្យ​ឃើញ​ចំពោះ​ការ​ប្រើ​ពាក្យ​«គម្រោង​ការណ៍»?

១៥ «លោក​បាន​ស្វែង​រក​ពាក្យ​ពីរោះ នឹង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ​គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់»។ (សាស្ដា ១២:១០) ពាក្យ​ទាំង​នេះ​អាច​ទាក់ទង​នឹង​ប្រធាន​ដែល​យើង​កំពុង​តែ​ពិគ្រោះ​នេះ ពីព្រោះ​ពន្លឺ​បាន​បញ្ចាំង​មក​មិន​គ្រាន់​តែ​ទៅ​លើ​រឿង​ដូច​ជា​លទ្ធិ​និង​ចរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​លើ​សារព័ន​សព្ទ​និង​អត្ថន័យ​ត្រឹម​ត្រូវ​ដែរ។ ជា​ឧទាហរណ៍ ក្នុង​ចំពោះ​ពួក​សិស្ស​ព្រះ​គម្ពីរ ប្រកាសនវត្ថុ​ដ៏​ជា​ទី​ស្រឡាញ់​មួយ​គឺ​ក្នុង​ក្បាល​ទី១ នៃ​ការ​សិក្សា​នៅ​ក្នុង​បទ​គម្ពីរ ដែល​មាន​ចំណង​ជើង​ថា គម្រោង​ការណ៍​របស់​ព្រះ​នៃ​កំឡុង​ពេល។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ត្រូវ​បាន​យល់​ថា បន្ទូល​របស់​ព្រះ​បាន​ចែង​ថា មាន​តែ​មនុស្ស​ទេ​ដែល​ជា​អ្នក​ធ្វើ​គម្រោង​ការណ៍​ប៉ុណ្ណោះ។ (សុភាសិត ១៩:២១) ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​គ្រោង​ការណ៍​ឡើយ។ ទ្រង់​មិន​ចាំបាច់​គ្រោង​ការណ៍​ទេ។ អ្វី​ដែល​ទ្រង់​ប្រាថ្នា​នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន ពីព្រោះ​ដោយ​ប្រាជ្ញា​និង​ព្រះ​ចេស្ដា​ដ៏​គ្មាន​ព្រំដែន​របស់​ទ្រង់ ដូច​ជា​យើង​អាច​អាន​នៅ​អេភេសូរ ១:៩, ១០​ថា៖ «ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ​អង្គ​ទ្រង់ សំរាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់»។ ដូច្នេះ​បន្ដិច​ម្ដងៗត្រូវ​បាន​ឃើញ​ថា ពាក្យ​«គោល​បំណង»​ជា​ពាក្យ​ដ៏​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​សំដៅ​ទៅ​ព្រះ​យេហូវ៉ា​នោះ។

១៦. តើ​អ្វី​ដែល​បាន​ឃើញ​បន្ដិច​ម្ដងៗ ដែល​ជា​ការ​យល់​ត្រឹម​ត្រូវ​នៃ​លូកា ២:១៤?

១៦ រួច​ក​មក​ក៏​មាន​ការ​យល់​ឲ្យ​បាន​ច្បាស់​ទៀត​អំពី​លូកា ២:១៤។ យោង​ទៅ​តាម​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស​ដែល​អាន​ថា៖ «សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្ដាល​មនុស្ស​ដែល​មាន​មេត្រី​ចិត្ត»។ គេ​ត្រូវ​បាន​យល់​ថា នេះ​មិន​បាន​សម្ដែង​គំនិត​ដោយ​ត្រឹម​ត្រូវ​ទេ ដ្បិត​មេត្រី​ចិត្ត​របស់​ព្រះ​មិន​បាន​សម្ដែង​ទៅ​ពួក​មនុស្ស​អាក្រក់​ឡើយ។ ដូច្នេះ ពួក​ស្មរបន្ទាល់​បាន​ធ្លាប់​គិត​ថា នេះ​ជា​រឿង​មួយ​នៃ​សន្ដិភាព​ដល់​មនុស្ស​ដែល​មាន​មេត្រី​ចិត្ត​ទៅ​នឹង​ព្រះ។ ដូច្នេះ ពួក​គេ​នៅ​តែ​សំដៅ​ទៅ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ព្រះ​គម្ពីរ​ជា​បុគ្គល​ដែល​មាន​មេត្រី​ចិត្ត។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​យល់​ថា អ្វី​មួយ​ដែល​ទាក់ទង​នោះ​ជា​មេត្រី​ចិត្ត មិន​មែន​ពី​ផ្នែក​របស់​មនុស្ស​ទេ តែ​ពី​ផ្នែក​នៃ​ព្រះ​វិញ។ ដូច្នេះ​ហើយ​បាន​ជា​ន័យ​លក្ខណៈ​របស់​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​លូកា ២:១៤ បាន​ចែង​អំពី​«មនុស្ស​ដែល​ទ្រង់​[ព្រះ]​យល់​ព្រម»។ ពួក​ជន​គ្រីស្ទាន​ដែល​ប្រកប​ជីវិត​ស្រប​ទៅ​តាម​ការ​ថ្វាយ​ខ្លួន​របស់​គេ គឺ​មាន​មេត្រី​ចិត្ត​ពី​ព្រះ។

១៧, ១៨. តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស ហើយ​តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ឲ្យ​បាន​បរិសុទ្ធ?

១៧ ក្នុង​ភាព​ស្រដៀង​គ្នា​ដែរ ជា​យូរ​យាម​ក​ហើយ ស្មរបន្ទាល់​បាន​និយាយ​ថា ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស។ ប៉ុន្តែ តើ​សាតាំង​បាន​សម្ដែង​ការ​សង្ស័យ​ទៅ​លើ​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទេ? ចំពោះ​រឿង​នេះ តើ​ភ្នាក់ងារ​របស់​សាតាំង​ណា​មួយ​បាន​សង្ស័យ​អំពី​ព្រះ​នាម​ព្រះ​យេហូវ៉ា ហាក់បី​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​មាន​សិទ្ធិ​ចំពោះ​នាម​នោះ​ឬ? ច្បាស់​ជា​គ្មាន​ទេ។ គឺ​មិន​មែន​ជា​នាម​នៃ​ព្រះ​យេហូវ៉ា​ទេ ដែល​សាតាំង​បាន​ប្រកួត​ប្រឆាំង​នោះ ហើយ​នេះ​មិន​ត្រូវ​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​ប្រកាសនវត្ថុ​សមាគម​ប៉មយាម​ថ្មីៗនេះ មិន​ចែង​អំពី​ព្រះ​នាម​ព្រះ​យេហូវ៉ា​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​នោះ​ឡើយ។ ពួក​គេ​និយាយ​អំពី​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ដែល​ថា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស ហើយ​ព្រះ​នាម​របស់​ទ្រង់​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ។ នេះ​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​អធិស្ឋាន៖ «សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ ហើយ​ពួក​សាសន៍​អ៊ីស្រាអែល​មិន​បាន​ប្រកួត​ទេ ប៉ុន្តែ​ពួក​គេ​បាន​ប្រមាថ​នាម​នោះ។—អេសេគាល ២០:៩, ១៤, ២២; ៣៦:២៣

១៨ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ក្នុង​ឆ្នាំ​១៩៧១​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា «សាសន៍​នឹង​ដឹង​ថា​អញ​នេះ​ហើយ​ជា​ព្រះ​យេហូវ៉ា—ដោយ​ដូច​ម្ដេច»? បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា៖ «ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រយុទ្ធ . . . ដើម្បី​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​ដល់​អធិបតេយ្យភាព​សកលលោក​របស់​ព្រះ​យេហូវ៉ា ហើយ​សំរាប់​សេចក្ដី​រុងរឿង​នៃ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា»។ (ទំព័រ ៣៦៤​-​៥) ក្នុង​ឆ្នាំ​១៩៧៣ ព្រះ​រាជាណាចក្រ​របស់​ព្រះ​មួយ​ពាន់​ឆ្នាំ​ចូល​ជិត​ហើយ បាន​ចែង​ថា៖ «‹សេចក្ដី​វេទនា​ជា​ខ្លាំង›​ដែល​នឹង​មក​ដល់​នៅ​ខាង​មុខ​នេះ ជា​ពេល​វេលា​សំរាប់​ព្រះ​យេហូវ៉ា​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​ដល់​អធិបតេយ្យភាព​សកលលោក​របស់​ទ្រង់ និង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ទំព័រ ៤០៩) រួច​មក​នៅ​ឆ្នាំ​១៩៧៥​ការ​សង្គ្រោះ​របស់​មនុស្ស​ចេញ​ពី​លោកីយ៍​ដ៏​ទុក​ព្រួយ​ជិត​មក​ដល់​ហើយ! បាន​ថ្លែង​ថា៖ «ព្រឹត្ដិការណ៍​ដ៏​ធំ​ក្នុង​ប្រវត្ដិសាស្ត្រ​សកលលោក​នឹង​ត្រូវ​បាន​សម្រេច នៅ​ពេល​ណា​ដែល​អធិបតេយ្យភាព​សកលលោក​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស ហើយ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ទ្រង់​បាន​បរិសុទ្ធ»។—ទំព័រ ២៨១ (ជា​ភាសា​អង់គ្លេស)

១៩, ២០. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ការ​អបអរ​ចំពោះ​ការ​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ?

១៩ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ប្រសិទ្ធិពរ​ណាស់​ដោយ​បាន​ឃើញ​ពន្លឺ​ខាង​វិញ្ញាណ​នេះ! ជា​ការ​ផ្ទុយ​គ្នា​ដ៏​ស្រឡះ ចំពោះ​ការ​ងងឹត​ខាង​វិញ្ញាណ​នៃ​ពួក​មេ​ដឹក​នាំ​នៃ​ពិភព​គ្រីស្ទ​សាសនា បព្វជិត​ម្នាក់​បាន​សម្ដែង​ថា៖ «ហេតុ​អ្វី​ក៏​មាន​អំពើ​បាប? ហេតុ​អ្វី​ក៏​មាន​ទុក្ខ​វេទនា? ហេតុ​អ្វី​ក៏​មាន​អារក្ស? នេះ​ជា​សំនួរ​ទាំង​ឡាយ​ដែល​ខ្ញុំ​ចង់​សួរ​ព្រះ​អម្ចាស់​នៅ​ពេល​ដែល​ខ្ញុំ​ឡើង​ទៅ​ស្ថានសួគ៌»។ ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អាច​ប្រាប់​គាត់​នូវ​មូលហេតុ​ទាំង​នេះ​បាន៖ ពីព្រោះ​ដំណើរ​រឿង​នៃ​សិទ្ធិ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ហើយ​ចំពោះ​ថា​តើ​មនុស្ស​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ដល់​ព្រះ ថ្វី​បើ​មាន​ការ​ប្រឆាំង​ពី​អារក្ស​ក្ដី។

២០ ក្នុង​ឆ្នាំ​ជា​ច្រើន​មក​នេះ ការ​បញ្ចេញ​ពន្លឺ​ទាំង​ធំ​ទាំង​តូច​បាន​បញ្ចាំង​ឲ្យ​ភ្លឺ​ដល់​ផ្លូវ​របស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា។ នេះ​ជា​ការ​សម្រេច​នៃ​បទ​គម្ពីរ ដូច​នៅ​ទំនុកដំកើង ៩៧:១១ និង​សុភាសិត ៤:១៨។ ប៉ុន្តែ​សូម​ឲ្យ​យើង​កុំ​ភ្លេច​ថា ការ​ដើរ​ក្នុង​ពន្លឺ​មាន​ន័យ​ថា យើង​អបអរ​ចំពោះ​ពន្លឺ​ដែល​កាន់​តែ​មាន​ច្រើន​ឡើង ហើយ​ប្រកប​ជីវិត​ឲ្យ​បាន​ស្រប​ទៅ​តាម​ដែរ។ ដូច​ជា​យើង​បាន​ឃើញ​មក​ហើយ ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​ច្រើន​ឡើង​នេះ គឺ​ទាក់ទង​នឹង​ចរិយា​ហើយ​មុខ​ងារ​ផ្សាយ​របស់​យើង។

[កំណត់​សម្គាល់]

a (ជា​ភាសា​អង់គ្លេស)

b (ជា​ភាសា​អង់គ្លេស)

c (ជា​ភាសា​អង់គ្លេស)

d ក្នុង​ការ​ប្រតិកម្ម​នឹង​ទស្សនៈ​នេះ ប៉មយាម ១ មិថុនា និង​១៥ មិថុនា នៃ​ឆ្នាំ​១៩២៩​បាន​បកស្រាយ​ថា «រាជការ»ជា​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ គឺ​ដោយ​ជំហរ​ដ៏​សំខាន់​នេះ​ហើយ ដែល​ត្រូវ​បាន​កែ​នៅ​ក្នុង​ឆ្នាំ​១៩៦២។

e ទស្សនាវដ្ដី​ប៉មយាម ១៥ មេសា​ក្នុង​ឆ្នាំ​១៩៩២​បាន​ប្រកាស​ថា​បង​ប្រុស​ដែល​បាន​ជ្រើសរើស​មួយ​ចំនួន​នៃ​«ចៀម​ឯ​ទៀត»​ត្រូវ​បាន​ចាត់​ឲ្យ​ជួយ​គណៈ​អភិបាល ដែល​មាន​សភាព​ស្មើ​នឹង​ពួក​នេធីនិម​នៃ​សម័យ​របស់​លោក​អែសរ៉ា។—យ៉ូហាន ១០:១៦; អែសរ៉ា ២:៥៨

តើ​នៅ​ចាំ​ទេ?

◻ តើ​មាន​ពន្លឺ​អ្វី​ខ្លះ​ដែល​បាន​បញ្ចេញ​ទៅ​លើ​ការ​ចុះ​ចូល​នឹង​«រាជការ»?

◻ ការ​បញ្ចេញ​ពន្លឺ ជា​លទ្ធផល​មាន​អ្វី​ចំពោះ​ការ​លូត​លាស់​ខាង​អង្គការ​នោះ?

◻ តើ​ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​ច្រើន​ឡើង​មាន​ឥទ្ធិពល​ទៅ​លើ​ចរិយា​ជន​គ្រីស្ទាន​យ៉ាង​ណា?

◻ ពន្លឺ​ខាង​វិញ្ញាណ​បាន​ធ្វើ​ឲ្យ​មាន​អ្វី ចំពោះ​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ក្នុង​ការ​យល់​ចំពោះ​ចំណុច​ខាង​ព្រះ​គម្ពីរ​ណា​មួយ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣១]

Keys on page 31: Drawing based on photo taken in Cooper-Hewitt, National Design Museum, Smithsonian Institution

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក