បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៨ ទំ. ២៣-២៧
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីមួយ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»
  • ការ​បញ្ចេញ​ពន្លឺ​ដំបូង​នៅ​សម័យ​ថ្មី
  • ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​មាន​ច្រើន​ឡើង
  • បុណ្យ​ណូអែល—ជា​ថ្ងៃ​សំរាក​ពាហិរជន
  • ឈ្មោះ​ថ្មី​មួយ
  • ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស និង​«ពួក​ហ្វូង​ធំ»
  • ឈើ​ឆ្កាង—មិន​មែន​ជា​សញ្ញា​គ្រីស្ទាន​ទេ
  • «អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការបញ្ចេញពន្លឺក្នុងសម័យនៃពួកសាវ័ក
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីពីរ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៨ ទំ. ២៣-២៧

ការ​បញ្ចេញ​ពន្លឺ—ដែល​ធំ​និង​តូច ភាគ​ទី​មួយ

«តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។—សុភាសិត ៤:១៨

១. ហេតុ​អ្វី​ក៏​សេចក្ដី​ពិត​បាន​បញ្ចេញ​ឲ្យ​ដឹង​បន្ដិច​ម្ដងៗដូច្នេះ?

នេះ​ជា​ភស្តុតាង​នៃ​ប្រាជ្ញា​របស់​ព្រះ ដែល​ការ​បង្ហាញ​នៃ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​មាន​បន្ដិច​ម្ដងៗតាម​រយៈ​ការ​បញ្ចេញ​ពន្លឺ ក្នុង​ការ​ស្រប​ទៅ​តាម​សុភាសិត ៤:១៨។ នៅ​ក្នុង​អត្ថបទ​មុន​នេះ យើង​បាន​ឃើញ​នូវ​របៀប​ដែល​បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ក្នុង​សម័យ​នៃ​ពួក​សាវ័ក។ បើសិន​ជា​សេចក្ដី​ពិត​ខាង​បទ​គម្ពីរ​បាន​បញ្ចេញ​ឲ្យ​ដឹង​ទាំង​អស់​តែ​ម្ដង​នោះ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ស្រវាំង​ភ្នែក​និង​វង្វេង​ហើយ—គឺ​ហាក់បី​ដូច​ជា​ទើប​តែ​ចេញ​ពី​រូង​ភ្នំ​ដ៏​ងងឹត​ទៅ​ឯ​ពន្លឺ​ភ្លឺ​ចិញ្ចាច​អញ្ចឹង។ ម្យ៉ាង​វិញ​ទៀត ការ​បញ្ចេញ​ឲ្យ​ដឹង​សេចក្ដី​ពិត​បន្ដិច​ម្ដងៗគឺ​ពង្រឹង​ជំនឿ​នៃ​ពួក​ជន​គ្រីស្ទាន​ដែល​តាម​របៀប​បន្ត​រហូត​ទៅ។ នេះ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​គេ​កាន់​តែ​ច្បាស់​ឡើងៗ ហើយ​ផ្លូវ​ដែល​ពួក​គេ​ត្រូវ​ដើរ​ក៏​កាន់​តែ​ភ្លឺ​ឡើងៗ​ដែរ។

«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»

២. ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ប្រើ​អ្នក​ណា​ក្នុង​ការ​នាំ​ពន្លឺ​ខាង​វិញ្ញាណ​សំរាប់​ពួក​អ្នក​កាន់​តាម​របស់​ទ្រង់​នោះ ហើយ​តើ​ពួក​ណា​ជា​សមាជិក​នៃ​ក្រុម​នោះ?

២ នៅ​សម័យ​នៃ​ពួក​សាវ័ក ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សម្រេច​ព្រះទ័យ​ក្នុង​ការ​ប្រើ​តាម​រយៈ​អធិធម្មជាតិ​ក្នុង​ការ​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់​នូវ​ការ​បញ្ចេញ​ពន្លឺ។ យើង​មាន​ឧទាហរណ៍​ពីរ​អំពី​រឿង​នេះ៖ នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣​ស.យ. និង​នៅ​ពេល​កូនេលាស​បាន​ផ្លាស់​ជំនឿ​ក្នុង​ឆ្នាំ​៣៦ ស.យ.។ ក្នុង​គ្រា​ត​មក ព្រះ​គ្រីស្ទ​បាន​ទត​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​តាម​រយៈ​មនុស្ស ហើយ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ថា៖ «ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ​[«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ» ព.ថ.] ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​[«ពួក​បំរើ​ក្នុង​ផ្ទះ» ព.ថ.]​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៥​-​៤៧) អ្នក​បំរើ​នេះ​មិន​អាច​ជា​បុគ្គល​តែ​ម្នាក់​នោះ​ទេ ពីព្រោះ​គាត់​បាន​តម្រូវ​ឲ្យ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ តាំង​ពី​ពេល​ដែល​ក្រុមជំនុំ​គ្រីស្ទាន​បាន​ចាប់​ផ្ដើម​នៅ​បុណ្យ​ភិន្ដាកុស រហូត​មក​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ចៅហ្វាយ​យាង​មក​ជំនុំជំរះ​វិញ។ ហេតុ​ការណ៍​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​នេះ គឺ​រួម​បញ្ចូល​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ជា​ក្រុម​មួយ​នៅ​លើ​ផែនដី​នៅ​ពេល​ណា​មួយ។

៣. តើ​អ្នក​ណា​ខ្លះ​ដែល​បាន​រួម​បញ្ចូល​ក្នុង​ចំណោម​សមាជិក​ដំបូង​នៃ​ក្រុម​អ្នក​បំរើ​នោះ?

៣ តើ​អ្នក​ណា​ដែល​រួម​បញ្ចូល​ក្នុង​ចំណោម​សមាជិក​ដំបូង​នៃ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​នោះ? សាវ័ក​ពេត្រុស​ជា​បុគ្គល​ម្នាក់​ដែល​បាន​នៅ​ក្នុង​ចំណោម​នោះ ដែល​បាន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ៖ «ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង»។ (យ៉ូហាន ២១:១៧) សមាជិក​ដំបូង​ឯ​ទៀត​នៃ​ក្រុម​អ្នក​បំរើ​នេះ រួម​បញ្ចូល​ម៉ាថាយ ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ក្នុង​ឈ្មោះ​របស់​គាត់ ហើយ​ប៉ុល យ៉ាកុប និង​យូដាស ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​សរសេរ​សំបុត្រ។ សាវ័ក​យ៉ូហាន ដែល​បាន​កត់​ទុក​សៀវភៅ​វិវរណៈ និង​សៀវភៅ​ដំណឹង​ល្អ​ព្រម​ទាំង​សំបុត្រ​របស់​គាត់ ក៏​ជា​សមាជិក​ម្នាក់​ដែរ​នៃ​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​នោះ។ ពួក​បុរស​ទាំង​នេះ​បាន​សរសេរ​សៀវភៅ​ព្រះ​គម្ពីរ​យោង​ទៅ​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ។

៤. តើ​អ្នក​ណា​ជា​«ពួក​បំរើ​ក្នុង​ផ្ទះ»?

៤ បើសិន​ជា​ពួក​ចាក់​ប្រេង​តាំង​ទាំង​អស់​ជា​ក្រុម​មួយ មិន​ថា​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​លើ​ផែនដី​នេះ តើ​«ពួក​បំរើ​ក្នុង​ផ្ទះ»​ជា​អ្នក​ណា? ពួក​គេ​ជា​ជន​ចាក់​ប្រេង​តាំង​ដដែល​នេះ​ឯង ប៉ុន្តែ​បាន​ចាត់​ទុក​ពី​ទស្សនៈ​ផ្សេង​វិញ—ជា​បុគ្គល​ម្នាក់ៗ។ ត្រូវ​ហើយ ជា​បុគ្គល​ពួក​គេ​នឹង​ជា​«អ្នក​បំរើ» ឬ​ជា​«ពួក​បំរើ​ក្នុង​ផ្ទះ» ស្រេច​ទៅ​លើ​ថា​តើ​ពួក​គេ​ចែក​អាហារ​ខាង​វិញ្ញាណ​ឬ​ទទួល​អាហារ​ខាង​វិញ្ញាណ។ ដើម្បី​នឹង​ពន្យល់៖ ដូច​ជា​បាន​កត់​មក​នៅ​ពេត្រុសទី២ ៣:១៥, ១៦ សាវ័ក​ពេត្រុស​បាន​សំដៅ​ទៅ​នឹង​សំបុត្រ​របស់​ប៉ុល។ នៅ​ពេល​ដែល​គាត់​អាន​សំបុត្រ​ទាំង​នោះ ពេត្រុស​គឺ​នឹង​ទៅ​ជា​បុគ្គល​ម្នាក់​នៃ​ពួក​បំរើ​ក្នុង​ផ្ទះ ដែល​កំពុង​តែ​បរិភោគ​អាហារ​ខាង​វិញ្ញាណ​ដែល​ប៉ុល​បាន​ផ្ដល់​មក ជា​អ្នក​តំណាង​នៃ​ក្រុម​អ្នក​បំរើ។

៥. (ក) តើ​មាន​អ្វី​កើត​ឡើង​ទៅ​ពួក​អ្នក​បំរើ​ក្នុង​កំឡុង​សតវត្ស​ក្រោយ​ពី​ពួក​សាវ័ក? (ខ) តើ​មាន​អ្វី​បាន​កើត​ឡើង​ក្នុង​ចុង​សតវត្ស​ទី១៩?

៥ ចំពោះ​រឿង​នេះ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​មួយ​ពាន់​ឆ្នាំ​ចូល​ជិត​ហើយ​បាន​ថ្លែង​ថា៖ «ចំពោះ​របៀប​ដែល​មាន​ក្រុម​‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ› ហើយ​បាន​បំរើ​ក្នុង​សតវត្ស​ជា​ច្រើន​មក​នេះ បន្ទាប់​ពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ចៅហ្វាយ​បាន​ស្លាប់​ទៅ​នោះ យើង​មិន​មាន​ប្រវត្ដិសាស្ត្រ​ដ៏​ច្បាស់​លាស់​ទេ។ តាម​ប្រមើល​ទៅ តំណ​មួយ​នៃ​ក្រុម​‹អ្នក​បំរើ›​បាន​បំប៉ន​តំណ​មួយ​បន្ទាប់​មក​ទៀត។ (ធីម៉ូថេ​ទី​២ ២:២) ប៉ុន្តែ​នៅ​ចុង​សតវត្ស​ទី​ដប់​ប្រាំ​បួន មាន​ពួក​បុគ្គល​ដែល​កោត​ខ្លាច​ព្រះ ហើយ​ចូល​ចិត្ត​អាហារ​ខាង​វិញ្ញាណ​ពី​ព្រះ​គម្ពីរ​បរិសុទ្ធ ហើយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​អាហារ​នេះ . . . ក្រុម​សិក្សា​ព្រះ​គម្ពីរ . . . បាន​បង្កើត​ឡើង​ហើយ​ក៏​បាន​យល់​បន្ដិច​ម្ដងៗពី​សេចក្ដី​ពិត​ដ៏​សំខាន់​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ចំពោះ​ពួក​សិស្ស​ព្រះ​គម្ពីរ​ដែល​គ្មាន​ចិត្ត​អាត្មានិយម​នោះ ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ណាស់ ក្នុង​ការ​ចែក​ចាយ​ផ្នែក​នៃ​អាហារ​ខាង​វិញ្ញាណ​ជា​មួយ​អ្នក​ដទៃ។ ពួក​គេ​មាន​ចិត្ត​គំនិត​ដ៏​ស្មោះ​ត្រង់​ក្នុង​ការ​បំពេញ​មុខ​នាទី​ជា​‹អ្នក​បំរើ›​ដែល​បាន​ចាត់​ឲ្យ​ផ្ដល់​‹អាហារ​នៅ​ពេល​ត្រឹម​ត្រូវ›​ទៅ​‹ពួក​បំរើ​ក្នុង​ផ្ទះ›។ ពួក​គេ​‹ឈ្លាស​វៃ›​ក្នុង​ការ​វិនិច្ឆ័យ​ថា នៅ​ពេល​នោះ​ហើយ​ជា​ពេល​ដ៏​ត្រឹម​ត្រូវ ហើយ​ដឹង​នូវ​រយៈ​ដ៏​ល្អ​សំរាប់​ចែក​ម្ហូបអាហារ​នេះ។ ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ដើម្បី​នឹង​បំរើ»។—ទំព័រ ៣៤៤​-​៥a

ការ​បញ្ចេញ​ពន្លឺ​ដំបូង​នៅ​សម័យ​ថ្មី

៦. តើ​ហេតុ​ការណ៍​ពិត​អ្វី​ដែល​លេច​ធ្លោ​ជាង​គេ ដែល​ទាក់ទង​នឹង​ការ​បញ្ចេញ​ពន្លឺ​នៃ​សេចក្ដី​ពិត​នោះ?

៦ ហេតុ​ការណ៍​ពិត​មួយ​ដែល​លេច​ធ្លោ​ជាង​គេ​ដែល​ទាក់ទង​នឹង​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្នុង​ការ​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ​បន្ដិច​ម្ដងៗនោះ គឺ​ថា​ពួក​គេ​មិន​បាន​យក​កិត្ដិយស​នេះ​ចំពោះ​ខ្លួន​គេ​ឡើយ។ អាកប្បកិរិយា​របស់​លោក​រ៉ាសិល ដែល​ជា​ប្រធាន​ទី​មួយ​នៃ​សមាគម​ប៉មយាម គឺ​ថា​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ប្រើ​ការ​ប៉ិនប្រសប់​ដ៏​រាប​ទាប​របស់​គេ។ ចំពោះ​ពាក្យ​បង្អាប់​ដែល​ពួក​សត្រូវ​របស់​គាត់​បាន​ប្រើ​នោះ បង​ប្រុស​រ៉ាសិល​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ច្បាស់​លាស់​ថា គាត់​មិន​ដែល​ជួប​«ពួក​រ៉ាសិល»​ហើយ​ថា​ពុំ​មាន​អ្វី​មួយ​ដូច​ជា​«លទ្ធិ​របស់​រ៉ា​សិ​ល»​ឡើយ។ គ្រប់​កិត្ដិយស​ទាំង​អស់​បាន​ផ្ដល់​ទៅ​ឲ្យ​ព្រះ​វិញ។

៧. តើ​បង​ប្រុស​រ៉ា​សិ​ល​និង​គូកន​របស់​គាត់​បាន​បង្ហាញ​នូវ​ទី​សំអាង​អ្វី​ខ្លះ ដែល​ថា​ពួក​គេ​ចូល​រួម​ជា​មួយ​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ?

៧ បើ​យើង​គិត​មើល​អំពី​លទ្ធផល គឺ​ថា​ច្បាស់​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ហើយ​ដែល​បាន​ដឹក​នាំ​បង​ប្រុស​រ៉ាសិល​និង​ពួក​ចូល​រួម​ជា​មួយ​គាត់​នោះ។ ពួក​គេ​បាន​ឲ្យ​បង្ហាញ​ទី​សំអាង​ថា​ពួក​គេ​បាន​ចូល​រួម​ជា​មួយ​នឹង​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ។ ថ្វី​បើ​ពួក​បព្វជិត​ជា​ច្រើន​ជំនាន់​នោះ បាន​ជឿ​អះអាង​ថា​ព្រះ​គម្ពីរ​ជា​ពាក្យ​បន្ទូល​របស់​ព្រះ ហើយ​ថា​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ព្រះ​ក្ដី ពួក​គេ​បាន​យល់​ព្រម​នឹង​លទ្ធិ​ដ៏​មិន​ពិត​ទៅ​វិញ ដូច​ជា​លទ្ធិ​ត្រី​ឯកភាព អមត​ភាព​នៃ​ព្រលឹង​របស់​មនុស្ស និង​ទារុណកម្ម​ជា​អនន្ត។ យោង​ទៅ​តាម​កិច្ច​សន្យា​របស់​ព្រះ​យេស៊ូ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ហើយ ដែល​បណ្ដាល​ឲ្យ​ការ​ខ្នះខ្នែង​ដ៏​រាប​ទាប​របស់​បង​ប្រុស​រ៉ា​សិ​ល​និង​ពួក​គូកន​របស់​គាត់ ឲ្យ​បញ្ចេញ​ពន្លឺ​ច្រើន​ជាង​មុនៗទៅ​ទៀត។ (យ៉ូហាន ១៦:១៣) ពួក​សិស្ស​ព្រះ​គម្ពីរ​ចាក់​ប្រេង​តាំង​ទាំង​នោះ បាន​បង្ហាញ​នូវ​ភស្តុតាង​ថា​ពួក​គេ​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ ដែល​មាន​មុខ​ងារ​ដើម្បី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​សំរាប់​ពួក​បំរើ​ក្នុង​ផ្ទះ​របស់​ចៅហ្វាយ។ ការ​ខ្នះខ្នែង​របស់​គេ​ជា​ជំនួយ​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រមូល​ពួក​អ្នក​ចាក់​ប្រេង​តាំង។

៨. តើ​ហេតុ​ការណ៍​ពិត​អ្វី​ចំពោះ​ព្រះ​យេហូវ៉ា ព្រះគម្ពីរ ព្រះ​យេស៊ូ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​យ៉ាង​ច្បាស់​លាស់​នោះ?

៨ ជា​ការ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ក្នុង​ការ​ឃើញ​ថា​ព្រះយេហូវ៉ា តាម​រយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​ជា​មួយ​នឹង​ពួក​សិស្ស​ព្រះ​គម្ពីរ​ដំបូង​នេះ​ក្នុង​ការ​បញ្ចេញ​ពន្លឺ។ ជា​ដំបូង ពួក​គេ​បាន​ស្ថាបនា​យ៉ាង​ជាក់​ស្តែង​ថា មាន​ព្រះ​ជា​អ្នក​បង្កើត ហើយ​ថា​ទ្រង់​មាន​ព្រះ​នាម​យ៉ាង​អស្ចារ្យ គឺ​យេហូវ៉ា។ (ទំនុកដំកើង ៨៣:១៨; រ៉ូម ១:២០) ពួក​គេ​បាន​យល់​ឃើញ​ថា ព្រះ​យេហូវ៉ា​មាន​គុណសម្បត្ដិ​បួន​ដ៏​សំខាន់—គឺ​ព្រះ​ចេស្ដា យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់។ (លោកុប្បត្តិ ១៧:១ ចោទិយកថា ៣២:៤; រ៉ូម ១១:៣៣; យ៉ូហានទី១ ៤:៨) ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ​បាន​ស្ថាបនា​យ៉ាង​ច្បាស់​ថា ព្រះ​គម្ពីរ​ជា​ពាក្យ​បន្ទូល​នៃ​ព្រះ ហើយ​ជា​សេចក្ដី​ពិត។ (យ៉ូហាន ១៧:១៧; ធីម៉ូថេ​ទី​២ ៣:១៦, ១៧) បន្ថែម​ទៀត​ពួក​គេ​ជឿ​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ជា​រាជបុត្រា​របស់​ព្រះ ត្រូវ​បាន​បង្កើត​មក ហើយ​ថា​ទ្រង់​បាន​ប្រគល់​ព្រះ​ជន្ម​របស់​ទ្រង់​សំរាប់​ឲ្យ​មនុស្ស​លោក។ (ម៉ាថាយ ២០:២៨; កូល៉ុស ១:១៥) ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ឥទ្ធិពល​សកម្ម​របស់​ព្រះ មិន​មែន​ជា​បុគ្គល​ទី​បី​នៃ​លទ្ធិ​ត្រី​ឯកភាព​នោះ​ឡើយ។—កិច្ចការ ២:១៧

៩. (ក) តើ​សេចក្ដី​ពិត​អ្វី​ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​យ៉ាង​ច្បាស់​ចំពោះ​សភាវៈ​របស់​មនុស្ស​និង​ទីដៅ​របស់​គេ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​នោះ? (ខ) តើ​សេចក្ដី​ពិត​អ្វី​ទៀត​ដែល​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បាន​យល់​ឃើញ​ច្បាស់​នោះ?

៩ ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា មនុស្ស​មិន​មែន​មាន​ព្រលឹង​អមត​នោះ​ទេ ប៉ុន្តែ​ជា​ព្រលឹង​ដែល​អាច​ស្លាប់​ទៅ​វិញ​បាន។ ពួក​គេ​បាន​ដឹង​ថា​«ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់» មិន​មែន​ទារុណកម្ម​ជា​អនន្ត​ឡើយ ហើយ​មិន​មាន​កន្លែង​ដូច​ជា​នរក​ឡើយ។ (រ៉ូម ៥:១២, ៦:២៣; លោកុប្បត្តិ ២:៧; អេសេគាល ១៨:៤) ម្យ៉ាង​វិញ​ទៀត ពួក​គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា​ទ្រឹស្តី​វិវត្តន៍ មិន​គ្រាន់​តែ​ឥត​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​គ្មាន​មូលដ្ឋាន​ណា​សោះ​ឡើយ។ (លោកុប្បត្តិ ជំពូក​១​និង​២) ពួក​គេ​ក៏​យល់​ថា​ព្រះ​គម្ពីរ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ជា​ពីរ​យ៉ាង—មួយ​គឺ​នៅ​ខាង​ស្ថានសួគ៌​សំរាប់​ពួក​១៤៤.០០០​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ដាន​ជើង​របស់​ព្រះ​គ្រីស្ទ មួយ​ទៀត​គឺ​ផែនដី​មនោរម្យ​សំរាប់​«ពួក​ហ្វូង​ធំ»​ដែល​មិន​អាច​រាប់​បាន​នៃ​ពួក​«ចៀម​ឯ​ទៀត»។ (វិវរណៈ ៧:៩; ១៤:១; យ៉ូហាន ១០:១៦) ពួក​សិស្ស​ព្រះ​គម្ពីរ​ទាំង​នោះ​ក៏​បាន​ទទួល​ស្គាល់​ថា ផែនដី​នឹង​នៅ​គង់​វង់​ជា​និរន្តរ៍ ហើយ​នឹង​មិន​ឆេះ​រលាយ​ឡើយ មិន​ដូច​ពួក​សាសនា​ជា​ច្រើន​បាន​បង្រៀន​នោះ​ឡើយ។ (សាស្ដា ១:៤; លូកា ២៣:៤៣) ពួក​គេ​ក៏​បាន​រៀន​ដឹង​ទៀត​ថា ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ​នឹង​មើល​មិន​ឃើញ​ទេ ហើយ​ថា​នៅ​ពេល​នោះ​ទ្រង់​នឹង​ប្រហារ​សេចក្ដី​ជំនុំជំរះ​ទៅ​លើ​សាសន៍​ទាំង​ឡាយ ហើយ​ធ្វើ​ឲ្យ​មាន​ផែនដី​មនោរម្យ។—កិច្ចការ ១០:៤២; រ៉ូម ៨:១៩​-​២១; ពេត្រុសទី១ ៣:១៨

១០. តើ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​រៀន​សេចក្ដី​ពិត​អ្វី​ចំពោះ​ពិធី​ជ្រមុជ​ទឹក ភាព​ខុស​គ្នា​ចំពោះ​ពួក​បព្វជិត​និង​គ្រ​ហស្ត និង​ពិធី​បុណ្យ​រំឭក​មរណភាព​របស់​ព្រះ​គ្រីស្ទ?

១០ ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​រៀន​ដឹង​ថា​ពិធី​ជ្រមុជ​ទឹក​តាម​ព្រះ​គម្ពីរ គឺ​មិន​មែន​ជា​ការ​ប្រោះ​ទឹក​ទៅ​លើ​កូនង៉ា​ទេ ប៉ុន្តែ​យោង​ទៅ​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៨:១៩, ២០ នេះ​គឺ​ជា​ការ​ជ្រមុជ​ទឹក​នៃ​ពួក​អ្នក​ដែល​ជឿ ជា​ពួក​អ្នក​ដែល​បាន​រៀន​ចេះ​ដឹង​ហើយ។ ពួក​គេ​ក៏​បាន​ឃើញ​ថា គ្មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​ភាព​ខុស​គ្នា​រវាង​ពួក​បព្វជិត​និង​គ្រ​ហស្ថ​ឡើយ។ (ម៉ាថាយ ២៣:៨​-​១០) ផ្ទុយ​ទៅ​វិញ ជន​គ្រីស្ទាន​ទាំង​អស់​ត្រូវ​តែ​ជា​អ្នក​ផ្សាយ​នៃ​ដំណឹង​ល្អ។ (កិច្ចការ ១:៨) ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​អបអរ​ថា ពិធី​បុណ្យ​រំឭក​មរណភាព​របស់​ព្រះ​គ្រីស្ទ​ត្រូវ​ធ្វើ​ឡើង​តែ​មួយ​ឆ្នាំ​មួយ​ដង​ទេ នៅ​ខែ​ចេត្រ​ទី១៤។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​បាន​យល់​ឃើញ​ថា បុណ្យ​រំឭក​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​រស់​ឡើង​វិញ​នោះ ជា​ថ្ងៃ​ឈប់​សំរាក​របស់​ពាហិរជន។ បន្ថែម​ទៀត​នោះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នោះ​ក៏​ជឿជាក់​ថា​ព្រះ​កំពុង​តែ​គាំទ្រ​កិច្ចការ​របស់​គេ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​ដែល​រៃ​លុយ​ឡើយ។ (ម៉ាថាយ ១០:៨) តាំង​ពី​ពេល​ដើម​មក ពួក​គេ​បាន​យល់​ថា ជន​គ្រីស្ទាន​ត្រូវ​តែ​ប្រកប​ជីវិត​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​របស់​ព្រះ​គម្ពីរ ដែល​រួម​បញ្ចូល​ការ​បណ្ដុះ​ឲ្យ​មាន​ផលផ្លែ​វិញ្ញាណ​របស់​ព្រះ​ដែរ។—កាឡាទី ៥:២២, ២៣

ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​មាន​ច្រើន​ឡើង

១១. តើ​ពន្លឺ​អ្វី​បាន​បញ្ចេញ​ទៅ​លើ​មុខ​ងារ​របស់​ជន​គ្រីស្ទាន ហើយ​ទៅ​លើ​រឿង​ប្រៀបប្រដូច​នៃ​ចៀម​និង​ពពែ​របស់​ព្រះ​យេស៊ូ​នោះ?

១១ ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩១៩​មក ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ប្រសិទ្ធិពរ​ដោយ​មាន​ការ​បញ្ចេញ​ពន្លឺ​កាន់​តែ​មាន​ច្រើន​ឡើង។ នៅ​ឯ​មហា​សន្និបាត​ជាយ​ក្រុង​ស៊ី​ដាផូញ​ក្នុង​ឆ្នាំ​១៩២២​មាន​ការ​បញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ​មែន កាល​ដែល​បង​ប្រុស​រ៉ូធើហ្វឺ​ត ជា​ប្រធាន​ទី​ពី​នៃ​សមាគម​ប៉មយាម​បាន​បញ្ជាក់​ថា កាតព្វកិច្ច​ដ៏​សំខាន់​របស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​គឺ «ប្រកាស ប្រកាស ប្រកាស អំពី​ស្តេច​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់»! នៅ​ឆ្នាំ​ជា​បន្ទាប់ ពន្លឺ​ភ្លឺ​បាន​បញ្ចេញ​ឲ្យ​ឃើញ​ច្បាស់​ចំពោះ​រឿង​ប្រៀបប្រដូច​នៃ​ចៀម​និង​ពពែ។ ពួក​គេ​បាន​ឃើញ​ថា ទំនាយ​នេះ​នឹង​ត្រូវ​បាន​សម្រេច​ក្នុង​វត្តមាន​នៃ​ថ្ងៃ​របស់​ព្រះ​អម្ចាស់ មិន​មែន​នៅ​អនាគត​ក្នុង​កំឡុង​សហស្សវត្ស​ដែល​បាន​គិត​យល់​ដូច​ពី​មុន​នោះ​ទេ។ ក្នុង​កំឡុង​សហស្សវត្ស បងប្អូន​របស់​ព្រះ​គ្រីស្ទ​នឹង​មិន​មាន​ជម្ងឺ ឬ​ត្រូវ​គេ​ចាប់​ដាក់​គុក​នោះ​ឡើយ។ ដ្បិត​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្ស​នេះ គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​នឹង​ធ្វើ​ជំនុំជំរះ មិន​មែន​ព្រះ​យេស៊ូ​គ្រីស្ទ​ឡើយ។—ម៉ាថាយ ២៥:៣១​-​៤៦

១២. តើ​មាន​ការ​បញ្ចេញ​ពន្លឺ​អ្វី​ខ្លះ​ចំពោះ​សង្គ្រាម​អើម៉ាគេដូន?

១២ នៅ​ឆ្នាំ​១៩២៦​មាន​ការ​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​មួយ​ទៀត​ដែល​ថា សង្គ្រាម​នៃ​អើម៉ាគេដូន មិន​មែន​ជា​បដិវត្ត​ខាង​សង្គម​នោះ​ទេ ដូច​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​គិត​ពី​មុន​នោះ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​សង្គ្រាម​ដែល​ព្រះ​យេហូវ៉ា​នឹង​សម្ដែង​ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដល់​ម្ល៉េះ ដែល​មនុស្ស​ជា​ច្រើន​នឹង​ជឿជាក់​ថា​ទ្រង់​ជា​ព្រះ​មួយ​អង្គ​មែន។—វិវរណៈ ១៦:១៤​-​១៦; ១៩:១៧​-​២១

បុណ្យ​ណូអែល—ជា​ថ្ងៃ​សំរាក​ពាហិរជន

១៣. (ក) តើ​មាន​ការ​បញ្ចេញ​ពន្លឺ​អ្វី​ចំពោះ​ការ​ធ្វើ​បុណ្យ​ណូអែល? (ខ) ហេតុ​អ្វី​ក៏​លែង​ធ្វើ​បុណ្យ​កំណើត​ទៀត​នោះ? (រួម​បញ្ចូល​កំណត់​ចំណាំ)

១៣ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ​មក ការ​បញ្ចេញ​ពន្លឺ​បាន​បណ្ដាល​ឲ្យ​ពួក​សិស្ស​ព្រះ​គម្ពីរ​ឈប់​ធ្វើ​បុណ្យ​ណូអែល។ ពី​មុន​ពេល​នោះ បុណ្យ​ណូអែល​តែង​តែ​បាន​ធ្វើ​ឡើង​ដោយ​ពួក​សិស្ស​ព្រះ​គម្ពីរ​ពាស​ពេញ​ពិភពលោក ហើយ​ការ​ធ្វើ​បុណ្យ​នេះ​នៅ​ឯ​មន្ទីរ​ចាត់ការ​នៅ​ក្រុង​ប៊្រុគ្លីន​ជា​គ្រា​ដ៏​ធំដុំ​មួយ។ ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​បាន​យល់​ថា ពិធី​បុណ្យ​នៅ​ថ្ងៃ​ទី២៥​ខែ​ធ្នូ​គឺ​ពិត​ជា​ពាហិរជន ហើយ​ពួក​ពិភព​គ្រីស្ទ​សាសនា​ដែល​បះបោរ​ជំនឿ​បាន​យក​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ពួក​ពាហិរជន​ផ្លាស់​ជំនឿ។ ម្យ៉ាង​វិញ​ទៀត គេ​បាន​យល់​ឃើញ​ថា ព្រះ​យេស៊ូ​មិន​អាច​បាន​ប្រសូត​មក​នៅ​ក្នុង​រដូវ​រងា​ទេ ពីព្រោះ​នៅ​គ្រា​ដែល​ទ្រង់​បាន​ប្រសូត​នោះ ពួក​អ្នក​គង្វាល​បាន​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ស៊ី​ស្មៅ​នៅ​ឯ​វាល—នេះ​ជា​អ្វី​មួយ​ដែល​ពួកគេ​មិន​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​យប់​នៅ​ចុង​ខែ​ធ្នូ។ (លូកា ២:៨) ផ្ទុយ​ទៅ​វិញ​ព្រះ​គម្ពីរ​បញ្ជាក់​ថា ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ប្រហែល​នៅ​ខែ​តុលា​ថ្ងៃ​ទី១។ ពួក​សិស្ស​ព្រះ​គម្ពីរ​ក៏​បាន​ដឹង​ថា ពួក​អ្នកប្រាជ្ញ​ដែល​បាន​មក​លេង​ព្រះ​យេស៊ូ​ប្រមាណ​ពីរ​ឆ្នាំ​ក្រោយ​ពី​ទ្រង់​បាន​ប្រសូត​មក​នោះ​ជា​ពួក​មន្តអាគម​ពាហិរជន។b

ឈ្មោះ​ថ្មី​មួយ

១៤. ហេតុ​អ្វី​ក៏​ឈ្មោះ​ថា ពួក​សិស្ស​ព្រះ​គម្ពីរ មិន​បាន​តំណាង​គ្រប់គ្រាន់​ចំពោះ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១៤ ក្នុង​ឆ្នាំ​១៩៣១ ការ​បញ្ចេញ​ពន្លឺ​យ៉ាង​ច្បាស់​មួយ​បាន​បង្ហាញ​ដល់​ពួក​សិស្ស​ព្រះ​គម្ពីរ ឲ្យ​មាន​ឈ្មោះ​មួយ​ដ៏​ត្រឹម​ត្រូវ​ដែល​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ។ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​យល់​ថា ពួក​គេ​មិន​អាច​ព្រម​ទទួល​ឈ្មោះ​ក្រៅ ដែល​គេ​បាន​ហៅ​នោះ​ឡើយ ដូច​ជា​ពួក​កាន់​តាម​រ៉ា​សិ​ល ពួក​ចាប់​ផ្ដើម​មួយ​ពាន់​ឆ្នាំ ពួក​គ្មាន​នរក។c ប៉ុន្តែ​ពួក​គេ​ក៏​បាន​យល់​ថា ឈ្មោះ​ដែល​ពួក​គេ​បាន​ដាក់​ខ្លួន​ឯង​ដែល​ជា—ពួក​សិស្ស​ព្រះ​គម្ពីរ​អន្តរជាតិ—ក៏​មិន​តំណាង​ពួក​គេ​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ។ ពួក​គេ​មិន​គ្រាន់​តែ​ពួក​សិស្ស​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​វិញ​ទៀត គឺ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជា​ពួក​សិស្ស​ព្រះ​គម្ពីរ ប៉ុន្តែ​មិន​មាន​ភាព​ស្រដៀង​ដូច​ពួក​សិស្ស​ព្រះ​គម្ពីរ​ឡើយ។

១៥. តើ​ឈ្មោះ​អ្វី​ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ចាប់​ផ្ដើម​ប្រើ​នៅ​ឆ្នាំ​១៩៣១ ហើយ​ហេតុ​អ្វី​បាន​នេះ​ជា​ការ​ត្រឹម​ត្រូវ?

១៥ តើ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​មាន​ឈ្មោះ​ថ្មី​ដោយ​យ៉ាង​ណា? ជា​ច្រើន​ឆ្នាំ​សមាគម ប៉មយាម បាន​យក​ឈ្មោះ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​មួយ។ ដូច្នេះ ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​ត្រូវ​ចាប់​ផ្ដើម​ប្រើ​ឈ្មោះ​ដែល​រក​ឃើញ​នៅ​អេសាយ ៤៣:១០៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ»។

ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស និង​«ពួក​ហ្វូង​ធំ»

១៦. ហេតុ​អ្វី​ក៏​ទំនាយ​ដែល​ធ្វើ​ឲ្យ​ដូច​ដើម​វិញ មិន​ទាក់ទង​នឹង​ពួក​យូដា​ដែល​ត្រឡប់​ទៅ​ប្រទេស​ប៉ាឡេស្ទិន ប៉ុន្តែ​តើ​ទាក់ទង​នឹង​ពួក​ណា​ទៅ?

១៦ ក្នុង​សៀវភៅ​ក្បាល​ទីពីរ​ដែល​មាន​ចំណង​ជើង ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​នៅ​ឆ្នាំ​១៩៣២ បាន​បញ្ចេញ​ពន្លឺ​នូវ​ទំនាយ​ដែល​ធ្វើ​ឲ្យ​ដូច​ដើម​វិញ ដែល​កត់​ទុក​នៅ​ក្នុង​អេសាយ យេរេមា អេសេគាល និង​ពួក​ព្យាការី​ឯ​ទៀត​នោះ មិន​ទាក់ទង​នឹង​ពួក​អ៊ីស្រាអែល​មែន​ទែន​នោះ​ទេ (ដូច​បាន​គិត​ពី​មុន​នោះ) ដែល​បាន​ត្រឡប់​ទៅ​ប៉ាឡេស្ទិន​ដោយ​មិន​ជឿ និង​ដោយ​ការ​ជំរុញ​ខាង​នយោបាយ។ ផ្ទុយ​ទៅ​វិញ ទំនាយ​ដែល​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​ទាំង​នេះ ដែល​បាន​សម្រេច​បន្ដិច​បន្តួច​នៅ​ពេល​ដែល​ពួក​យូដា​បាន​ត្រឡប់​មក​ពី​ស្រុក​បាប៊ីឡូន​នៅ​ឆ្នាំ ៥៣៧ ម.ស.យ. តែ​បាន​សម្រេច​យ៉ាង​ពេញលេញ​វិញ ដល់​ការ​រំដោះ​របស់​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ហើយ​បាន​ធ្វើ​ឲ្យ​ដូច​ដើម​វិញ ចាប់​ផ្ដើម​ក្នុង​១៩១៩ ហើយ​បាន​មាន​ការ​រីក​ចំរើន​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​ដែល​ពួក​អ្នក​បំរើ ពិត​នៃ​ព្រះ​យេហូវ៉ា​បាន​ទទួល​នៅ​សព្វ​ថ្ងៃ​នេះ។

១៧, ១៨. (ក) ក្រោយ​មក​តាម​រយៈ​ការ​បញ្ចេញ​ពន្លឺ តើ​អ្វី​ដែល​បាន​បង្ហាញ​ថា​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដ៏​សំខាន់​នោះ? (ខ) តើ​ការ​បញ្ចេញ​ពន្លឺ​អ្វី​ចំពោះ​វិវរណៈ ៧:៩​-​១៧ បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៣៥?

១៧ ក្រោយ​មក ការ​បញ្ចេញ​ពន្លឺ​បាន​ធ្វើ​ឲ្យ​យល់​ឃើញ​ថា គោល​បំណង​ដ៏​សំខាន់​របស់​ព្រះ​យេហូវ៉ា គឺ​ការ​ធ្វើ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​ដល់​អធិបតេយ្យភាព​របស់​ទ្រង់ មិន​មែន​ការ​សង្គ្រោះ​របស់​មនុស្ស​លោក​ទេ។ ផ្ទៃ​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​អំពី​ព្រះ​រាជាណាចក្រ មិន​មែន​ជា​ការ​លោះ​បាប​នោះ​ទេ ពីព្រោះ​ព្រះ​រាជាណាចក្រ​នេះ​ហើយ ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទោស​ដល់​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ការ​បញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ​មែន! ជន​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​នោះ លែង​មាន​ការ​ខ្វល់ខ្វាយ​ចំពោះ​ការ​ឡើង​ទៅ​ស្ថានសួគ៌​ទៀត​ហើយ។

១៨ ក្នុង​ឆ្នាំ​១៩៣៥ ការ​បញ្ចេញ​ពន្លឺ​បាន​ធ្វើ​ឲ្យ​យល់​ឃើញ​ថា ពួក​ហ្វូង​ធំ​ដែល​បាន​ថ្លែង​មក​នៅ​វិវរណៈ ៧:៩​-​១៧ មិន​មែន​ជា​ក្រុម​ទីពីរ​នៅ​លើ​ស្ថានសួគ៌​ទេ។ ពួក​គេ​បាន​ជឿ​ពី​មុន​មក​ថា ពួក​អ្នក​ដែល​បាន​ថ្លែង​នៅ​ក្នុង​ខ​ទាំង​នោះ គឺ​ជា​ពួក​ចាក់​ប្រេង​តាំង​ខ្លះៗដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ពេញលេញ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ឈរ​ពី​មុខ​បល្ល័ង្ក​ប៉ុណ្ណោះ ជាជាង​អង្គុយ​លើ​បល្ល័ង្ក​សោយ​រាជ្យ​ជា​ស្តេច​និង​សង្ឃ​ជា​មួយ​ព្រះ​យេស៊ូ​គ្រីស្ទ។ ប៉ុន្តែ​ចំពោះ​គំនិត​ថា​មាន​ចិត្ត​ស្មោះ​ត្រង់​សើៗនោះ គឺ​មិន​ដែល​មាន​ទេ។ បុគ្គល​ម្នាក់​មាន​ចិត្ត​ស្មោះ​ត្រង់​ឬ​ក៏​អត់​មាន។ ដូច្នេះ​ពួក​គេ​បាន​យល់​ឃើញ​ថា​ទំនាយ​នេះ បាន​សំដៅ​ទៅ​ពួក​ហ្វូង​ធំ​ដែល​មិន​អាច​រាប់​បាន ដែល​មក​ពី​គ្រប់​ទាំង​សាសន៍​ដែល​កំពុង​តែ​ប្រមូល​គ្នា​មក ហើយ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី។ ពួក​គេ​ជា​«ចៀម»​នៃ​ម៉ាថាយ ២៥:៣១​-​៤៦ ហើយ​ជា​«ពួក​ចៀម​ឯ​ទៀត»​នៃ​យ៉ូហាន ១០:១៦។

ឈើ​ឆ្កាង—មិន​មែន​ជា​សញ្ញា​គ្រីស្ទាន​ទេ

១៩, ២០. ហេតុ​អ្វី​ក៏​ឈើ​ឆ្កាង​មិន​អាច​ជា​សញ្ញា​នៃ​សាសនា​គ្រីស្ទាន​ពិត​នោះ?

១៩ ជា​ច្រើន​ឆ្នាំ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ធ្វើ​ឈើ​ឆ្កាង​ជា​សញ្ញា​នៃ​សាសនា​គ្រីស្ទាន។ ពួក​គេ​ព្រម​ទាំង​មាន​«ឈើ​ឆ្កាង​-​និង​-​មកុដ»​ខ្ទាស់​គ្នា​ផង។ យោង​ទៅ​តាម​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សួរ​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​យក​«ឈើ​ឆ្កាង»​របស់​គេ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ជឿ​ថា ទ្រង់​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​នៅ​លើ​ឈើ​ឆ្កាង។ (ម៉ាថាយ ១៦:២៤; ២៧:៣២) ជា​ច្រើន​ទសវត្ស​មក សញ្ញា​នេះ​ក៏​បាន​មាន​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ប៉មយាម​ដែរ។

២០ សៀវភៅ​ដែល​មាន​ចំណង​ជើង ភោគទ្រព្យ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ក្នុង​១៩៣៦ បាន​ធ្វើ​ឲ្យ​យល់​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​បាន​គេ​ប្រហារ​ជីវិត មិន​មែន​នៅ​លើ​ឈើ​ឆ្កាង​ទេ ប៉ុន្តែ​នៅ​លើ​បង្គោល​ឈើ​វិញ។ ថ្វី​បើ​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស​បាន​ឲ្យ​អត្ថន័យ​«ឈើ​ឆ្កាង»​ក្ដី យោង​ទៅ​តាម​ប្រភព​មួយ ពាក្យ​ភាសា​ក្រិក (ស្ទ​រ៉ុស)​«ជា​សញ្ញា​សំដៅ​ទៅ​បង្គោល​ឈើ។ [វា]អាច​ធ្វើ​ឲ្យ​ដឹង​នូវ​លក្ខណៈ​ប្លែក​គ្នា​ពី​ភាព​ខាង​សាសនា​នៃ​ឈើ​ឆ្កាង​ដែល​ចាំង​ជា​ពីរ។ . . . ឈើ​ទីពីរ​បាន​ចាប់​កំណើត​ពី​ប្រទេស​ខាល់ដេ​ពី​បុរាណ ហើយ​បាន​ប្រើ​ជា​សញ្ញា​នៃ​ព្រះ​ថា​មូ​ស»។ យើង​ត្រូវ​តែ​មាន​ទស្សនៈ​ថា បង្គោល​ឈើ​ដែល​ព្រះ​យេស៊ូ​បាន​ភ្ជួរ​នេះ​ជា​អ្វី​មួយ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម មិន​មែន​សំរាប់​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ​នោះ​ទេ។

២១. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២១ នៅ​មាន​ឧទាហរណ៍​ថែម​ទៀត​អំពី​ការ​បញ្ចេញ​ពន្លឺ។ ពន្លឺ​ខ្លះ​ជា​ពន្លឺ​ធំ​ហើយ​ខ្លះ​ទៀត​ជា​ពន្លឺ​តូច។ ចំពោះ​ការ​ពិភាក្សា​ទាំង​នេះ សូម​មើល​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a បោះពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

b ក្រោយ​មក ត្រូវ​បាន​យល់​ឃើញ​យ៉ាង​ច្បាស់​ថា បើសិន​ជា​កំណើត​ដ៏​សំខាន់​ជាង​គេ​នោះ​មិន​អាច​ធ្វើ​បុណ្យ​បាន យើង​មិន​គួរ​ធ្វើ​បុណ្យ​កំណើត​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត​ពួក​អ៊ីស្រាអែល ឬ​ពួក​គ្រីស្ទាន​នៅ​សម័យ​ដើម​មិន​ដែល​ធ្វើ​បុណ្យ​កំណើត​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​នូវ​បុណ្យ​កំណើត​តែ​ពីរ​ប៉ុណ្ណោះ មួយ​គឺ​ស្តេច​ផារ៉ោន និង​មួយ​ទៀត​គឺ​ស្តេច​ហេរ៉ូឌ អាន់ទីប៉ាស។ ពិធី​បុណ្យ​និមួយៗបាន​ធ្វើ​ឲ្យ​សៅហ្មង​ដោយ​ការ​ប្រហារ​ជីវិត។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ធ្វើ​បុណ្យ​កំណើត​ទេ ពីព្រោះ​ការ​ប្រព្រឹត្ត​ទាំង​នេះ​មាន​កំណើត​មក​ពី​ពាហិរជន ហើយ​តែង​តែ​លើក​ដំកើង​អ្នក​ដែល​គេ​ធ្វើ​បុណ្យ​ឲ្យ​នោះ។—លោកុប្បត្តិ ៤០:២០​-​២២; ម៉ាកុស ៦:២១​-​២៨

c កំហុស​នេះ​បាន​ធ្វើ​ឡើង​ដោយ​ពួក​និកាយ​ពិភព​គ្រីស្ទ​សាសនា​មួយ​ចំនួន។ ពួក​លូ​ហ្សឺរ៉ុង​ជា​ឈ្មោះ​ក្រៅ​ដែល​ពួក​សត្រូវ​របស់​លោក​ម៉ាថិន លូ​ហ្សឺ​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​អស់​អ្នក​ដែល​កាន់​តាម​គាត់ ដែល​ពួក​គេ​ចាប់​ផ្ដើម​ប្រើ​ឈ្មោះ​នោះ​ទៅ។ ពួក​បាទីស្ទ​ក៏​បាន​យក​ឈ្មោះ​ក្រៅ ដែល​ពួក​អ្នក​ផ្សេង​ទៀត​បាន​ឲ្យ​ឈ្មោះ​គេ ពីព្រោះ​ពួក​គេ​ផ្សាយ​ពិធី​ជ្រមុជ​ទឹក​ដោយ​ការ​ជ្រមុជ។ ពួក​មិ​ត​សូឌិ​ស​ក៏​មាន​ភាព​ស្រដៀង​គ្នា​ដែរ ដែល​បាន​ប្រើ​ឈ្មោះ​ដែល​ពួក​អ្នក​មិន​កាន់​សាសនា​នោះ​បាន​ដាក់​ឲ្យ។ ចំពោះ​នូវ​របៀប​ដែល​សង្គម​មិត្ត​បាន​គេ​ហៅ​ជា​ពួក​ខ្វេកឃឺ សព្វ​វចនាធិប្បាយ​សៀវភៅ​ពិភពលោក​ចែង​ថា៖ «ពាក្យ​ខ្វេកឃឺ ជា​ដើម​ដំបូង​ជា​ពាក្យ​ប្រមាថ​ដល់​លោក​ហ្វក់ [អ្នក​បង្កើត​សាសនា​នេះ] ដែល​បាន​ប្រាប់​ចៅក្រម​អង់គ្លេស​ម្នាក់​ឲ្យ​‹ភ័យ​ញ័រ​នឹង​ពាក្យ​នៃ​ព្រះ​អម្ចាស់›។ ចៅក្រម​ក៏​ហៅ​លោក​ហ្វក់​ជា​អ្នក​‹ខ្វេកឃឺ›»។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​អ្នក​ណា​ជា​«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ» ហើយ​តើ​អ្នក​ជា​«ពួក​បំរើ​ក្នុង​ផ្ទះ»?

◻ តើ​មាន​ការ​បញ្ចេញ​ពន្លឺ​ដំបូង​ក្នុង​សម័យ​ថ្មី​នេះ​អ្វី​ខ្លះ?

◻ ហេតុ​អ្វី​ក៏​ឈ្មោះ​ថ្មី ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​ការ​ត្រឹម​ត្រូវ?

◻ តើ​សេចក្ដី​ពិត​ដ៏​សំខាន់​ណា​ខ្លះ ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឆ្នាំ​១៩៣៥?

[រូបភាព​នៅ​ទំព័រ​២៥]

បង​ប្រុស​រ៉ា​សិ​ល​និង​គូកន​របស់​គាត់​បាន​ចែក​ចាយ​ពន្លឺ​ខាង​វិញ្ញាណ ប៉ុន្តែ​កិត្ដិយស​ទាំង​អស់​បាន​ផ្ដល់​ទៅ​ឲ្យ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក