«កិច្ចបំរើបរិសុទ្ធដែលប្រកបដោយវិចារណញ្ញាណរបស់អ្នក»
«ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាកិច្ចបំរើបរិសុទ្ធដែលប្រកបដោយវិចារណញ្ញាណរបស់អ្នក»។—រ៉ូម ១២:១ ព.ថ.
១, ២. តើតាមរបៀបណាដែលការរៀនអនុវត្តតាមគោលការណ៍នៃព្រះគម្ពីរ គឺដូចការរៀនឲ្យចេះភាសាថ្មីមួយនោះ?
តើអ្នកដែលបានប៉ុនប៉ងរៀនភាសាថ្មីមួយទេ? បើធ្លាប់នោះ អ្នកច្បាស់ជាយល់ស្របថានេះជាកិច្ចការដ៏ពិបាកមួយ។ ពីព្រោះគឺមានការទាក់ទងជាច្រើន មិនមែនគ្រាន់តែរៀនពាក្យថ្មីៗតែប៉ុណ្ណោះនោះទេ។ ការប៉ិនប្រើភាសាណាមួយ ក៏តម្រូវឲ្យអ្នកមានការជំនាញខាងវេយ្យាករណ៍នៃភាសានោះដែរ។ អ្នកត្រូវតែយល់នូវរបៀបដែលពាក្យផ្សេងៗទាក់ទងនឹងគ្នា ហើយនូវរបៀបដែលពាក្យទាំងនេះរួមជាមួយគ្នាដើម្បីនឹងបង្កើតឲ្យមានន័យពេញលេញ។
២ នេះក៏ស្រដៀងគ្នានឹងការយកចំណេះវិជ្ជាពីបន្ទូលរបស់ព្រះដែរ។ គឺមានការទាក់ទងជាច្រើន មិនមែនគ្រាន់តែជ្រើសរើសយកបទគម្ពីរណាមួយនោះឡើយ។ បើនិយាយជាអត្ថបដិរូប យើងត្រូវតែរៀនវេយ្យាករណ៍របស់ព្រះគម្ពីរ។ យើងត្រូវតែយល់នូវរបៀបដែលបទគម្ពីរផ្សេងៗទាក់ទងនឹងគ្នា ហើយនូវរបៀបដែលបទគម្ពីរទាំងនេះធ្វើជាគោលការណ៍ ដែលអាចអនុវត្តទៅបានក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ យើងអាចទៅជា«អ្នកសំណប់របស់ព្រះបានគ្រប់ល័ក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៧
៣. ចំពោះការបំរើព្រះ តើមានអ្វីដែលបានកើតឡើងក្នុងឆ្នាំ៣៣ ស.យ.?
៣ នៅក្រោមការរៀបចំនៃក្រិត្យវិន័យរបស់លោកម៉ូសេ សេចក្ដីស្មោះត្រង់អាចបង្ហាញឲ្យឃើញដោយការកាន់តាមច្បាប់ដ៏ម៉ឺងម៉ាត់។ ប៉ុន្តែ នៅឆ្នាំ៣៣ស.យ. ព្រះយេហូវ៉ាបានលុបចោលច្បាប់ទាំងនោះ ជាលទ្ធផលក៏បាន‹បោះភ្ជាប់នៅបង្គោលឈើទារុណកម្ម›ដែលរាជបុត្រារបស់ទ្រង់ត្រូវបានគេធ្វើគត់នោះ។ (កូល៉ុស ២:១៣,១៤) នៅពេលក្រោយមក ប្រជារាស្ត្ររបស់ព្រះមិនបានទទួលបញ្ជីនៃយញ្ញបូជាដើម្បីនឹងថ្វាយ ហើយក្រិត្យវិន័យជាច្រើនដើម្បីឲ្យធ្វើតាមនោះឡើយ។ ផ្ទុយទៅវិញ ព្រះបានមានបន្ទូលប្រាប់ពួកគេថា៖ «ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាកិច្ចបំរើបរិសុទ្ធដែលប្រកបដោយវិចារណញ្ញាណរបស់អ្នក»។ (រ៉ូម ១២:១, ព.ថ.) ត្រូវហើយ ជនគ្រីស្ទានត្រូវខំប្រឹងឲ្យអស់ពីចិត្ត ព្រលឹង គំនិត ហើយកម្លាំងរបស់គេក្នុងការបំរើព្រះ។ (ម៉ាកុស ១២:៣០; ប្រៀបធៀបទំនុកដំកើង ១១០:៣) ប៉ុន្តែតើមានន័យយ៉ាងណាដែរ ក្នុងការថ្វាយ«កិច្ចបំរើបរិសុទ្ធដែលប្រកបដោយវិចារណញ្ញាណរបស់អ្នក»នោះ?
៤, ៥. ក្នុងការបំរើព្រះយេហូវ៉ាដែលប្រកបដោយវិចារណញ្ញាណ តើមានការទាក់ទងអ្វីខ្លះ?
៤ ឃ្លាដែលថា«វិចារណញ្ញាណ»ត្រូវបានបកប្រែពីពាក្យក្រិក ឡូហ្គីឃុស ដែលមានន័យថា«សមហេតុ»ឬ«បញ្ញា»។ អ្នកបំរើរបស់ព្រះបានតម្រូវឲ្យប្រើមនសិការរបស់គេដែលបង្ហាត់ពីព្រះគម្ពីរ។ ជាជាងសម្រេចចិត្តរបស់គេពីរឿងអ្វីមួយទៅលើច្បាប់ជាច្រើនដែលបានកត់ទុកមកនោះ ជនគ្រីស្ទានត្រូវប្រមាណមើលគោលការណ៍នៃព្រះគម្ពីរឲ្យបានហ្មត់ចត់។ ពួកគេត្រូវតែយល់អំពី«វេយ្យាករណ៍»នៃព្រះគម្ពីរ ឬនូវរបៀបដែលគោលការណ៍ផ្សេងៗទាក់ទងគ្នានឹងគ្នា។ ដោយធ្វើដូច្នេះ ទើបពួកគេអាចសម្រេចចិត្តបានត្រឹមត្រូវដែលប្រកបដោយវិចារណញ្ញាណ។
៥ តើនេះមានន័យថា ជនគ្រីស្ទានពុំមានច្បាប់ទេឬ? ប្រាកដជាមិនដូច្នេះទេ។ បទគម្ពីរគ្រីស្ទានភាសាក្រិកបានហាមប្រាមយ៉ាងច្បាស់លាស់អំពីសរណវត្ថុបូជា អំពើអសីលធម៌ខាងកាម ឃាតកម្ម ភូតភរ ចេតោនិយម ការប្រើឈាមមិនត្រឹមត្រូវ ហើយនិងអំពើបាបផ្សេងៗទៀត។ (កិច្ចការ ១៥:២៨, ២៩; កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨) ប៉ុន្តែ យើងត្រូវតែប្រើវិចារណញ្ញាណរបស់យើង ដើម្បីនឹងរៀនហើយអនុវត្តតាមគោលការណ៍នៃព្រះគម្ពីរ ជាច្រើនជាងអ្វីៗដែលបានតម្រូវពីពួកអ៊ីស្រាអែលទៅទៀត។ ដូចជាការយល់ភាសាថ្មីណាមួយ នេះគឺត្រូវការពេលវេលានិងការខំខ្នះខ្នែងដែរ។ តើយើងអាចបណ្ដុះឲ្យមានវិចារណញ្ញាណយ៉ាងដូចម្ដេចបាន?
ការបណ្ដុះឲ្យមានវិចារណញ្ញាណរបស់អ្នក
៦. តើការសិក្សាព្រះគម្ពីរទាក់ទងអ្វីខ្លះ?
៦ ទីមួយ យើងត្រូវតែជាសិស្សព្រះគម្ពីរដោយខំខ្នះខ្នែង។ ពាក្យបន្ទូលរបស់ព្រះគឺ«មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) យើងមិនត្រូវសង្ឃឹមថា ចម្លើយចំពោះបញ្ហាណាមួយ អាចរកឃើញក្នុងខព្រះគម្ពីរតែមួយនោះឡើយ។ ផ្ទុយទៅវិញ យើងប្រហែលជាត្រូវវែកញែកនឹងបទគម្ពីរបីបួន ដែលបំភ្លឺទៅលើស្ថានការណ៍ឬបញ្ហាណាមួយ។ យើងត្រូវតែស្វែងរកគំនិតរបស់ព្រះទៅលើរឿងណាមួយដោយយកចិត្តទុកដាក់។ (សុភាសិត ២:៣-៥) យើងក៏ត្រូវការយល់ដែរ ដ្បិត«អ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ»។ (សុភាសិត ១:៥) បុគ្គលដែលមានយោបល់ម្នាក់អាចបែងចែកកត្ដានិមួយៗពីរឿងណាមួយ ហើយរួចមកអាចយល់ពីទំនាក់ទំនងនឹងគ្នាដែរ។ ដូចជារូបដែលគេបានកាត់ជាផ្នែកតូចៗនោះ បុគ្គលដែលមានយោបល់នឹងយករូបតូចៗទាំងនោះមករៀបផ្ដុំគ្នាឲ្យដូចដើមវិញ ដើម្បីឲ្យគាត់អាចឃើញរូបភាពទាំងមូលឡើងវិញ។
៧. តើតាមរបៀបណាដែលឪពុកម្ដាយអាចវែកញែកនឹងគោលការណ៍នៃព្រះគម្ពីរ ចំពោះការទូន្មាន?
៧ ជាឧទាហរណ៍ ចំពោះរឿងនៃឪពុកម្ដាយ។ សុភាសិត ១៣:២៤ បានចែងថាឪពុកដែលស្រឡាញ់កូនចៅ«នោះឧស្សាហ៍វាយផ្ចាលវា»។ បើសិនជាយើងគ្រាន់តែពិចារណាបទគម្ពីរនេះតែមួយនោះ គឺអាចយកទៅអនុវត្តតាមផ្លូវខុសបាន ដើម្បីនឹងដោះសារពីការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ ហើយដ៏មិនឈប់ឈរ។ ប៉ុន្តែនៅកូល៉ុស ៣:២១ បានផ្ដល់នូវការព្រមានដ៏ថ្លឹងថ្លែងថា៖ «ឱឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ»។ ឪពុកម្ដាយដែលប្រើវិចារណញ្ញាណរបស់គេ ហើយធ្វើតាមគោលការណ៍ទាំងនេះ នឹងមិនទូន្មានប្រដៅកូនចៅដែលអាចហៅថា«វាយរំលោភ»ឡើយ។ ពួកគេនឹងប្រព្រឹត្តជាមួយកូនចៅរបស់គេដោយកក់ក្ដៅ ដោយអធ្យាស្រ័យ ហើយដោយថ្លៃថ្នូរ។ (អេភេសូរ ៦:៤) ដូច្នេះ អំពីរឿងឪពុកម្ដាយឬរឿងអ្វីៗផ្សេងៗដែលទាក់ទងនឹងគោលការណ៍នៃព្រះគម្ពីរ យើងអាចបណ្ដុះឲ្យមានវិចារណញ្ញាណរបស់យើងដោយថ្លឹងថ្លែងកត្ដាផ្សេងៗដែលទាក់ទងគ្នា។ តាមរបៀបនេះ យើងអាចយល់នឹង«វេយ្យាករណ៍»នៃព្រះគម្ពីរ អ្វីដែលព្រះមានគោលបំណង ហើយនឹងរបៀបដែលអាចសម្រេចកិច្ចការនោះ។
៨. ចំពោះគ្រឿងកំសាន្ត តើយើងអាចចៀសវាងពីការប្រើទស្សនៈតាមសិទ្ធាន្តដ៏តឹងរ៉ឹងដូចម្ដេចបាន?
៨ ផ្លូវទីពីរដែលយើងអាចបណ្ដុះឲ្យមានវិចារណញ្ញាណរបស់យើងនោះ គឺត្រូវចៀសវាងពីការកាន់ទស្សនៈតាមសិទ្ធាន្តដ៏តឹងរ៉ឹង។ ទស្សនៈដែលមិនផ្លាស់ប្ដូរទៅបាន អាចបង្ខាំងការលូតលាស់នៃវិចារណញ្ញាណរបស់យើង។ ចូរពិចារណាអំពីគ្រឿងកំសាន្ត។ ព្រះគម្ពីរចែងថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) តើនេះមានន័យថា គ្រប់ទាំងសៀវភៅ ខ្សែភាពយន្ត ឬកម្មវិធីទូរទស្សន៍ដែលបានផលិតដោយលោកីយ៍គឺពុករលួយទាំងអស់ហើយជារបស់ខាងសាតាំងឬ? ការមានទស្សនៈបែបនេះគឺមិនសមហេតុសមផលទេ។ ពិតហើយ អ្នកខ្លះប្រហែលជាចង់ចៀសចេញពីទូរទស្សន៍ ខ្សែភាពយន្ត ឬប្រកាសនវត្ថុខាងលោកីយ៍។ នេះជាសិទ្ធិរបស់គេ ហើយយើងមិនត្រូវទិតៀនគេអំពីរឿងនេះទេ។ ប៉ុន្តែ ពួកគេក៏មិនត្រូវមកបង្ខិតបង្ខំអ្នកដទៃឲ្យកាន់តាមជំហរដ៏តឹងរ៉ឹងរបស់គេដែរឡើយ។ សមាគមបានបោះពុម្ពអត្ថបទដែលបានបញ្ចេញគោលការណ៍នៃព្រះគម្ពីរ ដែលអាចជួយយើងឲ្យជ្រើសរើសដ៏ប្រាជ្ញាក្នុងការលេងកំសាន្តរបស់យើង។ ការធ្វើហួសពីគោលការណ៍ណែនាំទាំងនេះ ហើយគុណមើលគំនិតដែលអសីលធម៌ អំពើឃោរឃៅដ៏ពេញទី ឬចេតោនិយមដែលបញ្ចាំងក្នុងគ្រឿងកំសាន្តជាច្រើនខាងលោកីយ៍នេះ គឺច្បាស់ជាគ្មានប្រាជ្ញាសោះឡើយ។ ពិតណាស់ ការជ្រើសរើសដ៏មានប្រាជ្ញាខាងគ្រឿងកំសាន្តតម្រូវឲ្យយើងប្រើវិចារណញ្ញាណរបស់យើង ដើម្បីនឹងអនុវត្តតាមគោលការណ៍នៃព្រះគម្ពីរ ដើម្បីឲ្យមានមនសិការជ្រះថ្លាចំពោះព្រះនិងមនុស្សលោក។—កូរិនថូសទី១ ១០:៣១-៣៣
៩. តើ«យោបល់គ្រប់ជំពូក»មានន័យយ៉ាងណា?
៩ យ៉ាងច្បាស់ណាស់ គ្រឿងកំសាន្តជាច្រើននៅសព្វថ្ងៃនេះ គឺមិនសមរម្យចំពោះជនគ្រីស្ទានទេ។a ដូច្នេះ យើងត្រូវតែបង្ហាត់ចិត្តរបស់យើងឲ្យ«ស្អប់ការអាក្រក់» ដើម្បីកុំឲ្យយើងក្លាយទៅជាមនុស្សខ្លះនៅសតវត្សទីមួយដែល«លែងខ្លាចបាប»។ (ទំនុកដំកើង ៩៧:១០; អេភេសូរ ៤:១៧-១៩) ដើម្បីនឹងវែកញែកទៅលើរឿងបែបនេះ យើងត្រូវការ«សេចក្ដីចេះដឹងនឹងយោបល់គ្រប់ជំពូក»។ (ភីលីព ១:៩) ពាក្យភាសាក្រិកបានបកប្រែ«យោបល់»ជា«ការឆាប់ដឹងនូវសីលធម៌»។ ពាក្យនេះបានសំដៅទៅវិញ្ញាណរបស់មនុស្សផ្ទាល់ ដូចជាចក្ខុវិស័យ។ នៅពេលមានគ្រឿងកំសាន្ត ឬរឿងអ្វីៗផ្សេងដែលត្រូវសម្រេចចិត្តផ្ទាល់ខ្លួននោះ ការដឹងខាងសីលធម៌របស់យើងត្រូវតែមើលឲ្យបានច្បាស់ ដើម្បីឲ្យយើងអាចយល់ដឹង មិនគ្រាន់តែច្បាស់ដូចជារឿងខ្មៅ—និង—សប៉ុណ្ណោះទេ ប៉ុន្តែដល់រឿងណាដែលស្រេចទៅលើមនសិការផងដែរ។ នៅពេលដដែលនេះ យើងត្រូវតែចៀសវាងពីការអនុវត្តគោលការណ៍នៃព្រះគម្ពីរ ដោយមិនសមហេតុផល ហើយទទូចថាបងប្អូនប្រុសស្រីរបស់យើងត្រូវធ្វើដូច្នោះដែរ។—ភីលីព ៤:៥
១០. តើយើងអាចយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាយ៉ាងណា ដូចជាបានបង្ហាញមកនៅទំនុកដំកើង ១៥?
១០ វិធីទីបីដើម្បីនឹងបណ្ដុះឲ្យមានវិចារណញ្ញាណរបស់យើង គឺការយល់ដឹងអំពីគំនិតរបស់ព្រះយេហូវ៉ា និងការបណ្ដុះឲ្យបានជ្រៅក្នុងចិត្តរបស់យើង។ ក្នុងបន្ទូលរបស់ទ្រង់ ព្រះយេហូវ៉ាបានសម្ដែងប្រាប់អំពីបុគ្គលិកលក្ខណៈនិងបមាណីយរបស់ទ្រង់។ ជាឧទាហរណ៍ ក្នុងទំនុកដំកើង១៥ យើងអានអំពីបុគ្គលប្រភេទណាដែលព្រះយេហូវ៉ាអញ្ជើញឲ្យចូលទៅក្នុងតង់របស់ទ្រង់។ បុគ្គលបែបនេះគឺប្រព្រឹត្តសេចក្ដីសុចរិត និយាយតែសេចក្ដីពិតនៅក្នុងចិត្ត មានសេចក្ដីស្មោះត្រង់ក្នុងពាក្យសន្យា ហើយមិនយកប្រយោជន៍ពីអ្នកដទៃទេ។ កាលដែលអានទំនុកដំកើងនេះ សូមសួរខ្លួនឯងចុះ៖ ‹តើគុណសម្បត្ដិទាំងនេះត្រូវនឹងខ្ញុំទេ? តើព្រះយេហូវ៉ានឹងអញ្ជើញខ្ញុំជាភ្ញៀវក្នុងតង់របស់ទ្រង់ទេ›? វិចារណញ្ញាណរបស់យើងនឹងត្រូវបានពង្រឹង កាលដែលយើងធ្វើស្របនឹងផ្លូវហើយគំនិតរបស់ព្រះយេហូវ៉ានោះ។—សុភាសិត ៣:៥, ៦; ហេព្រើរ ៥:១៤
១១. តើតាមរបៀបណាដែលពួកផារីស៊ី«លះចោលសេចក្ដីយុត្ដិធម៌និងសេចក្ដីស្រឡាញ់នៃព្រះ»?
១១ ក្នុងករណីដូចនេះហើយ ដែលពួកផារីស៊ីបានមានការខ្វះខាតយ៉ាងខ្លាំង។ ពួកផារីស៊ីបានដឹងអំពីទម្រង់នៃច្បាប់ ប៉ុន្តែមិនអាចយល់នឹង«វេយ្យាករណ៍»នៃច្បាប់នោះឡើយ។ ពួកគេអាចរៀបរាប់ច្បាប់យ៉ាងច្រើនដ៏ល្អិតល្អន់ ប៉ុន្តែពួកគេមិនបានយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ដែលជាអ្នកនិពន្ធនៃច្បាប់ទាំងនោះ។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកគេថា៖ «អ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងបន្លែគ្រប់មុខ តែលះចោលសេចក្ដីយុត្ដិធម៌ នឹងសេចក្ដីស្រឡាញ់នៃព្រះវិញ»។ (លូកា ១១:៤២) ដោយគំនិតនិងចិត្តដ៏តឹងរ៉ឹងរបស់គេ ពួកផារីស៊ីមិនបានប្រើវិចារណញ្ញាណរបស់គេទេ។ ការវែកញែកដ៏មិនទូទាត់របស់គេបានឃើញច្បាស់ នៅពេលដែលគេបានទិតៀនពួកសិស្សរបស់ព្រះយេស៊ូ ដោយបានបូតគួរស្រូវហើយបរិភោគនៅថ្ងៃឈប់សំរាក ប៉ុន្តែនៅពេលក្រោយមកនៅថ្ងៃដដែល ពួកគេគ្មានឈឺមនសិការសោះឡើយ នៅពេលដែលពួកគេបានរកមធ្យោបាយដើម្បីនឹងធ្វើគត់ដល់ព្រះយេស៊ូនោះ!—ម៉ាថាយ ១២:១, ២, ១៤
១២. តើយើងអាចធ្វើឲ្យបានស្របតាមព្រះយេហូវ៉ាជាបុគ្គលម្នាក់ដោយយ៉ាងណា?
១២ យើងចង់ធ្វើឲ្យបានខុសប្លែកពីពួកផារីស៊ីណាស់។ ចំណេះវិជ្ជារបស់យើងអំពីពាក្យបន្ទូលរបស់ព្រះ ត្រូវតែជួយយើងឲ្យធ្វើស្របតាមព្រះយេហូវ៉ាជាបុគ្គលម្នាក់។ តើយើងអាចធ្វើការនេះដោយយ៉ាងណា? ក្រោយពីអានព្រះគម្ពីរមួយផ្នែកឬប្រកាសនវត្ថុព្រះគម្ពីរហើយ អ្នកខ្លះដឹងថានេះបានជួយគេ ដោយជញ្ជឹងគិតអំពីសំនួរដូចជា៖ ‹តើពត៌មាននេះបង្រៀនខ្ញុំយ៉ាងណាអំពីព្រះយេហូវ៉ានិងគុណសម្បត្ដិរបស់ទ្រង់›? តើតាមរបៀបណាដែលខ្ញុំសម្ដែងគុណសម្បត្ដិរបស់ព្រះយេហូវ៉ាក្នុងការប្រព្រឹត្តជាមួយអ្នកដទៃនោះ›? ការរំពឹងគិតអំពីសំនួរដូចនេះនឹងបណ្ដុះឲ្យយើងមានវិចារណញ្ញាណ ហើយជួយយើងឲ្យក្លាយទៅជាអ្នក«ត្រាប់តាមព្រះ»។—អេភេសូរ ៥:១
បាវបំរើរបស់ព្រះនិងព្រះគ្រីស្ទ មិនមែនរបស់មនុស្សទេ
១៣. តើតាមរបៀបណាដែលពួកផារីស៊ីបានប្រព្រឹត្តដូចពួកអ្នកប្រើអំណាចផ្ដាច់ការនោះ?
១៣ ពួកអ្នកចាស់ទុំត្រូវតែអនុញ្ញាតឲ្យពួកអ្នកដែលគេមើលថែរក្សានោះ ឲ្យប្រើវិចារណញ្ញាណរបស់គេ។ ពួកសមាជិកនៃក្រុមជំនុំមិនមែនជាបាវបំរើរបស់មនុស្សទេ។ ប៉ុលបានសរសេរថា៖ «បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ»។ (កាឡាទី ១:១០; កូល៉ុស ៣:២៣, ២៤) តែផ្ទុយទៅវិញ ពួកផារីស៊ីបានចង់ធ្វើឲ្យមនុស្សជឿថា ការបំពេញចិត្តមនុស្សគឺសំខាន់ជាងការបំពេញព្រះទ័យរបស់ព្រះ។ (ម៉ាថាយ ២៣:២-៧; យ៉ូហាន ១២:៤២, ៤៣) ពួកផារីស៊ីបានតែងតាំងខ្លួនគេជាអ្នកប្រើអំណាចផ្ដាច់ការខាងសីលធម៌ ដែលបានបង្កើតច្បាប់ ហើយរួចមកកាត់ទោសដល់អ្នកដទៃ តាមរយៈដែលពួកគេបានបំពេញនឹងច្បាប់ទាំងនោះ។ ពួកអ្នកដែលធ្វើតាមពួកផារីស៊ីមានការទន់ខ្សោយក្នុងការប្រើមនសិការដែលបានបង្ហាត់ពីព្រះគម្ពីរ ដូច្នេះក៏បានក្លាយទៅជាបាវបំរើរបស់មនុស្សទៅ។
១៤, ១៥. (ក) តើពួកចាស់ទុំអាចបង្ហាញខ្លួនគេជាអ្នកធ្វើការគ្នីគ្នាក្នុងហ្វូងដោយយ៉ាងណា? (ខ) តើពួកចាស់ទុំត្រូវដោះស្រាយរឿងនៃមនសិការយ៉ាងដូចម្ដេច?
១៤ ពួកអ្នកចាស់ទុំជនគ្រីស្ទាននៅសព្វថ្ងៃនេះ ដឹងថាហ្វូងមិនមែនទទួលខុសត្រូវទាំងស្រុងដល់ពួកគេនោះទេ។ ជនគ្រីស្ទាននិមួយៗត្រូវតែលីបន្ទុករបស់ខ្លួន។ (រ៉ូម ១៤:៤; កូរិនថូសទី២ ១:២៤; កាឡាទី ៦:៥) នេះជាអ្វីដែលត្រឹមត្រូវ។ ត្រូវហើយ បើសិនជាសមាជិកនៃហ្វូងជាបាវបំរើរបស់មនុស្សនោះ ការគោរពតាមដោយសារតែពួកចាស់ទុំតាមសង្កេតមើល ចុះបើសិនជាពួកចាស់ទុំមិននៅទៅវិញ តើពួកគេនឹងធ្វើយ៉ាងណាទៅ? ប៉ុលមានការអរសប្បាយទៅលើពួកភីលីព៖ «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្ដាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង»។ ពួកគេច្បាស់ជាបាវបំរើរបស់ព្រះគ្រីស្ទមែន មិនមែនជាបាវបំរើរបស់ប៉ុលទេ។—ភីលីព ២:១២
១៥ ដូច្នេះ ស្តីអំពីមនសិការ ពួកចាស់ទុំមិនត្រូវសម្រេចចិត្តសំរាប់អស់អ្នកដែលគេមើលថែរក្សានោះទេ។ ពួកគេពន្យល់នូវគោលការណ៍ពីព្រះគម្ពីរដែលទាក់ទងនឹងរឿងណាមួយ ហើយរួចមកអនុញ្ញាតឲ្យបុគ្គលនោះ ប្រើវិចារណញ្ញាណរបស់គេឲ្យសម្រេចចិត្តខ្លួនឯងវិញ។ នេះជាភារកិច្ចដ៏ធ្ងន់មួយ ប៉ុន្តែនេះជារឿងដែលបុគ្គលម្នាក់ៗត្រូវតែទទួលដោយខ្លួនឯង។
១៦. តើមានប្រព័ន្ធអ្វីក្នុងប្រទេសអ៊ីស្រាអែលសំរាប់ការដោះស្រាយបញ្ហា?
១៦ ចូរពិចារណាមើលនៅកំឡុងពេលដែលព្រះយេហូវ៉ាបានប្រើពួកចៅក្រមដើម្បីនឹងដឹកនាំពួកអ៊ីស្រាអែល។ ព្រះគម្ពីរចែងប្រាប់យើងថា៖ «នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វីតាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា»។ (ពួកចៅហ្វាយ ២១:២៥) ប៉ុន្តែ ព្រះយេហូវ៉ាបានប្រទានផ្លូវសំរាប់ប្រជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យពួកគេទទួលការណែនាំ។ ទីក្រុងនិមួយៗមានពួកចាស់ទុំ ដែលអាចផ្ដល់ជំនួយនឹងបញ្ហាផ្សេងៗ។ ជាបន្ថែមទៀត ពួកសង្ឃលេវីបានប្រព្រឹត្តជាកម្លាំងពល ដោយអប់រំប្រជាជនតាមច្បាប់របស់ព្រះ។ នៅពេលដែលមានរឿងដ៏ពិបាកមួយបានកើតឡើង សម្ដេចសង្ឃអាចសុំយោបល់ពីព្រះ តាមរយៈយូរីមនិងធូមីម។ ការពិនិត្យមើលក្នុងព្រះគមីរបានចែងថា៖ «បុគ្គលណាម្នាក់ដែលយកនូវសំវិធានការទាំងនេះ ដែលបានទទួលចំណេះវិជ្ជារបស់ព្រះហើយអនុវត្តតាមនោះ គឺមានការដឹកនាំដ៏ល្អសំរាប់មនសិការ។ ដោយគាត់ធ្វើ‹អ្វីដែលល្អក្នុងភ្នែករបស់គាត់›ក្នុងករណីនេះ នឹងមិនមានលទ្ធផលអាក្រក់ឡើយ។ ព្រះយេហូវ៉ាបានឲ្យប្រជារាស្ត្របង្ហាញអាកប្បកិរិយាស្ម័គ្រឬមិនស្ម័គ្រចិត្តហើយតាមសកម្មភាព»។—ក្បាលទី២ ទំព័រ ១៦២-៣b
១៧. តើតាមរបៀបណាដែលពួកចាស់ទុំអាចបង្ហាញថា ការទូន្មានរបស់គេគឺយោងទៅតាមបមាណីយរបស់ព្រះ ជាជាងរបស់គេនោះ?
១៧ ដូចពួកចៅក្រមនិងសង្ឃរបស់ជនជាតិអ៊ីស្រាអែល ពួកចាស់ទុំនៅក្រុមជំនុំក៏ផ្ដល់ជំនួយនៅពេលមានបញ្ហាផ្សេងៗ ហើយឲ្យឱវាទដ៏មានតម្លៃផងដែរ។ នៅពេលខ្លះ ពួកគេព្រមទាំង«បន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ នឹងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង»។ (ធីម៉ូថេទី២ ៤:២) ពួកគេធ្វើបែបនេះយោងទៅតាមបមាណីយរបស់ព្រះ មិនមែនតាមបមាណីយរបស់គេឡើយ។ នេះជាការមានប្រសិទ្ធិភាពណាស់ នៅពេលដែលពួកចាស់ទុំដាក់គំរូដ៏ល្អមួយ ហើយខំប្រឹងធ្វើឡើងឲ្យជ្រាបចូលទៅក្នុងចិត្តនោះ!
១៨. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះ ដែលពួកចាស់ទុំត្រូវតែធ្វើឲ្យបានជ្រាបចូលទៅក្នុងចិត្តនោះ?
១៨ ចិត្តជា«គ្រឿងយន្ត»នៃសកម្មភាពគ្រីស្ទានរបស់យើង។ ដូច្នេះហើយបានជាព្រះគម្ពីរបានចែងថា៖ «ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។ (សុភាសិត ៤:២៣) ពួកចាស់ទុំណាដែលអាចធ្វើឲ្យជ្រាបចូលទៅក្នុងចិត្តនោះ នឹងឃើញថាអស់អ្នកដែលនៅក្នុងក្រុមជំនុំ នឹងត្រូវបានជំរុញឲ្យធ្វើអស់ពីសមត្ថភាពក្នុងកិច្ចបំរើព្រះ។ ពួកគេនឹងទៅជាបុគ្គលម្នាក់ៗដែលមានគំនិតផ្ដើមធ្វើអ្វីមួយ មិនចាំបាច់ត្រូវការគេជំរុញឲ្យធ្វើនោះឡើយ។ ព្រះយេហូវ៉ាមិនចង់ឲ្យយើងគោរពស្ដាប់បង្គាប់ទ្រង់ដោយការជំរុញនោះឡើយ។ ទ្រង់ស្វែងរកសេចក្ដីគោរពស្ដាប់បង្គាប់ដែលបានបណ្ដាលមកពីចិត្តដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់។ ពួកចាស់ទុំអាចលើកទឹកចិត្តពួកអ្នកដែលមានចិត្តបំរើបែបនេះ ដោយជួយពួកនៅក្នុងហ្វូងឲ្យបណ្ដុះវិចារណញ្ញាណរបស់គេ។
ការបណ្ដុះឲ្យមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»
១៩, ២០. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះក្នុងការបណ្ដុះឲ្យមានគំនិតរបស់ព្រះគ្រីស្ទ?
១៩ ដូចជាបានឃើញមកហើយ ការគ្រាន់តែស្គាល់ច្បាប់របស់ព្រះនោះ គឺមិនគ្រប់គ្រាន់ទេ។ អ្នកតែងបទទំនុកដំកើងបានអង្វរថា៖ «សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង»។ (ទំនុកដំកើង ១១៩:៣៤) ព្រះយេហូវ៉ាបានសម្ដែងប្រាប់ក្នុងពាក្យបន្ទូលរបស់ទ្រង់អំពី«គំនិតជារបស់ផងព្រះគ្រីស្ទ»។ (កូរិនថូសទី១ ២:១៦) ជាបុគ្គលម្នាក់ដែលបានបំរើព្រះយេហូវ៉ាដែលប្រកបដោយវិចារណញ្ញាណនោះ ព្រះយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះសំរាប់យើងរាល់គ្នា។ ទ្រង់បានយល់ពីច្បាប់និងគោលការណ៍របស់ព្រះ ហើយទ្រង់បានអនុវត្តតាមដោយគ្មានកំហុស។ ដោយសិក្សាតាមគំរូរបស់ទ្រង់ យើងនឹង«យល់ . . . ពីទទឹងបណ្ដោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់»។ (អេភេសូរ ៣:១៧-១៩) ត្រូវហើយ អ្វីដែលយើងរៀនពីព្រះគម្ពីរអំពីព្រះយេស៊ូ គឺមិនគ្រាន់តែដឹងអំពីហេតុការណ៍នោះទេ តែធ្វើឲ្យយើងឃើញនូវរូបភាពដ៏ច្បាស់លាស់អំពីព្រះយេហូវ៉ាជាបុគ្គលប្រភេទណាដែរ។—យ៉ូហាន ១៤:៩, ១០
២០ ដូច្នេះ កាលដែលយើងសិក្សាបន្ទូលរបស់ព្រះ យើងអាចយល់ដឹងពីគំនិតរបស់ព្រះយេហូវ៉ាទៅលើអ្វីមួយ ហើយអាចសម្រេចចិត្តដ៏ត្រឹមត្រូវបាន។ នេះនឹងត្រូវការខំប្រឹងបន្ដិច។ យើងត្រូវតែធ្វើជាសិស្សនៃបន្ទូលព្រះដ៏យកចិត្តទុកដាក់ ដោយឆាប់យល់ដឹងអំពីបុគ្គលិកលក្ខណៈហើយបមាណីយរបស់ទ្រង់។ បើនិយាយជាអត្ថបដិរូបនោះ យើងកំពុងតែរៀនវេយ្យាករណ៍ថ្មី។ ប៉ុន្តែ ពួកអ្នកដែលធ្វើដូច្នេះ គឺនឹងធ្វើតាមការដាស់តឿនរបស់ប៉ុលឲ្យ«ថ្វាយរូបកាយ[របស់គេ]ទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាកិច្ចបំរើបរិសុទ្ធដែលប្រកបដោយវិចារណញ្ញាណរបស់អ្នក»។—រ៉ូម ១២:១, ព.ថ.
[កំណត់សម្គាល់]
a នេះមិនរាប់បញ្ចូលនឹងគ្រឿងកំសាន្តដែលមានខាងអារក្ស អាក្រាត ឬដែលសប្បាយដោយធ្វើបាបគេ ព្រមទាំងអ្វីដែលគេចាត់ទុកថាជា«គ្រឿងកំសាន្តគ្រួសារ» ដែលផ្សព្វផ្សាយគំនិតដែលមិនរើសមុខ ដែលជនគ្រីស្ទានមិនអាចយល់ព្រមបាន។
b បានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
តើអ្នកបានរៀនអ្វីខ្លះ?
◻ តើអ្វីដែលបានផ្លាស់ប្ដូរចំពោះការបំរើព្រះ ដែលបានកើតឡើងនៅឆ្នាំ៣៣ ស.យ.?
◻ តើយើងអាចបណ្ដុះឲ្យមានវិចារណញ្ញាណរបស់យើងយ៉ាងណា?
◻ តើតាមរបៀបណាដែលពួកចាស់ទុំអាចជួយពួកអ្នកដែលនៅក្នុងហ្វូងឲ្យធ្វើជាបាវបំរើរបស់ព្រះនិងព្រះគ្រីស្ទ?
◻ ហេតុអ្វីក៏យើងត្រូវតែបណ្ដុះឲ្យមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»?
[រូបភាពនៅទំព័រ២៧]
ពួកអ្នកចាស់ទុំជួយអ្នកដទៃឲ្យប្រើវិចារណញ្ញាណរបស់គេ