បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១២ ទំ. ១៧-២២
  • ការរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ក្នុង​គ្រួសារ
  • ក្នុង​ក្រុមជំនុំ
  • ពួក​ចាស់​ទុំ​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ
  • ការ​រស់​នៅ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ
  • ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​កំពុង​បាន​សម្រេច!
  • ក្រិត្យវិន័យព្រះគ្រីស្ទ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សេចក្ដីស្រឡាញ់និងយុត្ដិធម៌ក្នុងក្រុមជំនុំគ្រិស្តសាសនិក (ភាគទី២/៤)
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • សូមស្វែងរកចម្លើយចំពោះសំណួរដូចតទៅ
    ២០១៧-២០១៨ កម្មវិធីសន្និបាតប្រចាំមណ្ឌល ជាមួយតំណាងការិយាល័យសាខា
  • តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១២ ទំ. ១៧-២២

ការ​រស់​នៅ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ

«ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។—កាឡាទី ៦:២

១. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​ចំពោះ​សេចក្ដី​ល្អ​នៅ​សព្វ​ថ្ងៃ​នេះ?

ក្នុង​ប្រទេស​រ្វ៉ាន់ដា ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាតិ​ហ៊ុតធូ​និង​ធុត្ស៊ី បាន​ប្រថុយ​ជីវិត​របស់​គេ ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​សម្លាប់​រង្គាល​ជាតិ​ពន្ធ ដែល​ទើប​មាន​ថ្មីៗ​ក្នុង​ប្រទេស​នោះ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទី​ក្រុង​កូបេ​នៃ​ប្រទេស​ជប៉ុន ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ដោយសារ​ការ​រញ្ជួយ​ផែនដី មាន​ចិត្ត​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ពី​ហេតុ​ការណ៍​នេះ។ ប៉ុន្តែ ពួក​គេ​រហ័ស​រហួន​ទៅ​ជួយ​សង្គ្រោះ​ពួក​អ្នក​រងគ្រោះ​ឯ​ទៀត។ ត្រូវ​ហើយ ឧទាហរណ៍​ដ៏​លើក​ទឹក​ចិត្ត​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​សម្ដែង​ថា ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ គឺ​មាន​ប្រសិទ្ធិភាព​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​ចំពោះ​សេចក្ដី​ល្អ។

២. តើ​ពិភព​គ្រីស្ទ​សាសនា​មិន​បាន​យល់​យ៉ាង​ណា​ពី​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បំពេញ​ក្រិត្យ​វិន័យ​នោះ?

២ នៅ​ពេល​ដំណាល​គ្នា​នេះ ទំនាយ​ព្រះ​គម្ពីរ​អំពី​«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»​ដ៏​ពិបាក​នេះ គឺ​កំពុង​តែ​បាន​សម្រេច។ មនុស្ស​ជា​ច្រើន​មាន​«ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ» ប៉ុន្តែ ‹បដិសេធ​មិន​ទទួល​ស្គាល់​ឫទ្ធានុភាព​នោះ​ទេ›។ (ធីម៉ូថេ​ទី២ ៣:១, ៥) ជា​ពិសេស​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា សាសនា​គឺ​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ មិន​មែន​ជា​អ្វី​ដែល​ចេញ​ពី​ចិត្ត​ឡើយ។ តើ​ដោយសារ​តែ​វា​ពិបាក​ពេក ក្នុង​ការ​រស់​នៅ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ឬ? មិន​មែន​ទេ ព្រះ​យេស៊ូ​នឹង​មិន​ប្រទាន​ឲ្យ​ក្រិត្យ​វិន័យ​ណា​ដែល​យើង​មិន​អាច​កាន់​តាម​បាន​នោះ​ឡើយ។ នេះ​គឺ​ដោយសារ​តែ​ពិភព​គ្រីស្ទ​សាសនា​មិន​បាន​យល់​ក្រិត្យ​វិន័យ​នេះ។ ពួក​គេ​មិន​បាន​ធ្វើ​តាម​ពាក្យ​របស់​ព្រះ ដែល​ថា​៖ «ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។ (កាឡាទី ៦:២) យើង​«សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ» ដោយ​ទទួល​កាន់​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដោយ​ធ្វើ​តាម​គំរូ​ពួក​ផារីស៊ី ហើយ​បន្ថែម​បន្ទុក​ដោយ​ឥត​សម​ហេតុ​ផល​ទៅ​លើ​បងប្អូន​របស់​យើង​នោះ​ទេ។

៣. (ក) តើ​មាន​សេចក្ដី​បង្គាប់​អ្វី​ខ្លះ​ដែល​រួម​បញ្ចូល​ក្នុង​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ? (ខ) ហេតុ​អ្វី​ក៏​ជា​ការ​ខុស​ក្នុង​ការ​សន្និដ្ឋាន​ថា ក្រុមជំនុំ​គ្រីស្ទាន​មិន​ត្រូវ​មាន​វិន័យ​ឯ​ទៀត ក្រៅ​ពី​សេចក្ដី​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ផ្ទាល់​នោះ?

៣ ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ រួម​បញ្ចូល​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ទាំង​អស់—ទោះ​នេះ​ជា​ការ​ផ្សាយ​និង​ការ​បង្រៀន ការ​រក្សា​ភ្នែក​ឲ្យ​ភ្លឺ​ស្វាង​និង​ឥត​សៅហ្មង ការ​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្ដិសុខ​ជា​មួយ​អ្នកជិតខាង ឬ​ការ​យក​ភាព​ស្មោកគ្រោក​ចេញ​ពី​ក្រុមជំនុំ​ក៏​ដោយ។ (ម៉ាថាយ ៥:២៧​-​៣០; ១៨:១៥​-​១៧; ២៨:១៩, ២០; វិវរណៈ ២:១៤​-​១៦) ប្រាកដ​ហើយ ពួក​គ្រីស្ទាន​បាន​តម្រូវ​ឲ្យ​ធ្វើ​តាម​សេចក្ដី​បង្គាប់​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​បង្គាប់​ដល់​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ ហើយ​នៅ​មាន​សេចក្ដី​ច្រើន​ទៀត។ អង្គការ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ក្រុមជំនុំ​និមួយៗ ត្រូវ​តែ​ស្ថាបនា​វិន័យ​និង​ទម្រង់​ការណ៍ ដើម្បី​រក្សា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់។ (កូរិនថូសទី១ ១៤:៣៣, ៤០) ពួក​គ្រីស្ទាន​មិន​អាច​មក​ជួប​ជុំ​គ្នា​បាន​ឡើយ បើសិន​ជា​គេ​គ្មាន​វិន័យ​សំរាប់​ពេល​វេលា កន្លែង និង​របៀប​ដែល​ត្រូវ​ធ្វើ​កិច្ច​ប្រជុំ​នោះ! (ហេព្រើរ ១០:២៤, ២៥) ការ​សុខ​ចិត្ត​ធ្វើ​តាម​គោលការណ៍​ណែនាំ​ដ៏​ត្រឹម​ត្រូវ ដែល​បាន​ស្ថាបនា​ឡើង​ដោយ​ពួក​អ្នក​មាន​អំណាច​ក្នុង​អង្គការ​របស់​ព្រះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ដែរ។—ហេព្រើរ ១៣:១៧

៤. តើ​អ្វី​ជា​ឥទ្ធិពល​ជំរុញ​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ?

៤ យ៉ាង​ណា​ក៏​ដោយ ពួក​គ្រីស្ទាន​ពិត​មិន​អនុញ្ញាត​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​គេ ក្លាយ​ទៅ​ជា​ទម្រង់​ក្រិត្យ​វិន័យ​ដ៏​ឥត​ខ្លឹមសារ​នោះ​ឡើយ។ ពួក​គេ​មិន​បំរើ​ព្រះ​យេហូវ៉ា ដោយសារ​បុគ្គល​ណា​មួយ​ឬ​អង្គការ​ប្រាប់​គេ​ឲ្យ​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឥទ្ធិពល​ដែល​ជំរុញ​គេ​ឲ្យ​ថ្វាយ​បង្គំ​នេះ គឺ​សេចក្ដី​ស្រឡាញ់។ ប៉ុល​បាន​សរសេរ​មក​ថា​៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំយើង​ខ្ញុំ»។ (កូរិនថូសទី២ ៥:១៤) ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួក​កាន់​តាម​ទ្រង់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (យ៉ូហាន ១៥:១២, ១៣) សេចក្ដី​ស្រឡាញ់​ដ៏​បូជា​ខ្លួន ជា​មូលដ្ឋាន​នៃ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ ហើយ​នេះ​ជំរុញ​ពួក​គ្រីស្ទាន​ពិត​នៅ​គ្រប់​កន្លែង ក្នុង​គ្រួសារ​និង​ក្រុមជំនុំ​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​តាម​របៀប​ណា​ខ្លះ។

ក្នុង​គ្រួសារ

៥. (ក) តើ​តាម​របៀប​ណា​ដែល​ឪពុក​ម្ដាយ​បំពេញ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​គ្រួសារ? (ខ) តើ​អ្វី​ជា​សេចក្ដី​ត្រូវ​ការ​ជាង​គេ​បង្អស់​របស់​កូន​ចៅ ហើយ​តើ​មាន​ឧបសគ្គ​អ្វី​ដែល​ឪពុក​ម្ដាយ​ខ្លះ​ត្រូវ​តែ​ពុះពារ​ឲ្យ​ឈ្នះ​ដើម្បី​បំពេញ​សេចក្ដី​នោះ?

៥ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ​ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ (អេភេសូរ ៥:២៥) នៅ​ពេល​ដែល​ប្ដី​ធ្វើ​តាម​គំរូ​ព្រះ​គ្រីស្ទ ហើយ​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​អធ្យាស្រ័យ នោះ​គាត់​បំពេញ​លក្ខណៈ​ដ៏​សំខាន់​នៃ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​លាក់​លាម​ដល់​កូន​ក្មេង ដោយ​ឱប​និង​ដាក់​ព្រះ​ហស្ត​លើ​ពួក​គេ ព្រម​ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ (ម៉ាកុស ១០:១៦) ឪពុក​ម្ដាយ​ដែល​បំពេញ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​កូន​ចៅ​របស់​គេ​ដែរ។ ពិត​ហើយ ឪពុក​ម្ដាយ​ខ្លះ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ អ្នក​ខ្លះ​មិន​សូវ​បើក​បង្ហាញ​អារម្មណ៍​របស់​គេ​ទេ។ ឪពុក​ម្ដាយ​អើយ សូម​កុំ​ឲ្យ​ការ​នេះ​បង្ខាំង​អ្នក​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​កូន​អ្នក​ឲ្យ​សោះ! បើ​គ្រាន់​តែ​ដឹង​ថា​អ្នក​ស្រឡាញ់​កូន​ចៅ​អ្នក នោះ​មិន​គ្រប់គ្រាន់​ទេ​ចំពោះ​អ្នក។ ពួក​គេ​ក៏​ត្រូវ​ដឹង​ថា​អ្នក​ស្រឡាញ់​គេ​ដែរ។ ហើយ​ពួក​គេ​នឹង​មិន​ដឹង​ទេ លុះ​ត្រា​តែ​អ្នក​រក​វិធី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក។—ប្រៀបធៀប ម៉ាកុស ១:១១

៦. (ក) តើ​កូន​ចៅ​ត្រូវ​ការ​វិន័យ​ពី​ឪពុក​ម្ដាយ​ទេ ហើយ​ហេតុ​អ្វី​ក៏​អ្នក​ឆ្លើយ​ដូច្នេះ? (ខ) តើ​មូលហេតុ​ដ៏​សំខាន់​អ្វី​ចំពោះ​វិន័យ​ក្នុង​គ្រួសារ ដែល​កូន​ចៅ​ត្រូវ​តែ​យល់? (គ) តើ​អាច​ជៀសវាង​ពី​គ្រោះថ្នាក់​អ្វី នៅ​ពេល​ដែល​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​មាន​ក្នុង​ផ្ទះ?

៦ នៅ​ពេល​ដំណាល​គ្នា​នេះ កូន​ចៅ​ក៏​ត្រូវ​ការ​គោលការណ៍​ណែនាំ​ដែរ នេះ​មាន​ន័យ​ថា​ឪពុក​ម្ដាយ​របស់​គេ​ត្រូវ​ដាក់​វិន័យ ហើយ​ជួន​កាល​តម្រូវ​ឲ្យ​ធ្វើ​តាម​វិន័យ​ទាំង​នេះ​ដោយ​ការ​ប្រដៅ។ (ហេព្រើរ ១២:៧, ៩, ១១) មិន​តែ​ប៉ុណ្ណោះ ត្រូវ​ជួយ​កូន​ចៅ​បន្ដិច​ម្ដងៗ​ឲ្យ​ឃើញ​នូវ​មូលហេតុ​សំខាន់​ចំពោះ​វិន័យ​ទាំង​នេះ​៖ គឺ​ឪពុក​ម្ដាយ​របស់​គេ​ស្រឡាញ់​ពួក​គេ។ ហើយ​ពួក​គេ​ត្រូវ​តែ​ដឹង​ថា សេចក្ដី​ស្រឡាញ់​ជា​មូលហេតុ​ដ៏​ល្អ​បំផុត​សំរាប់​គោរព​តាម​ឪពុក​ម្ដាយ​គេ។ (អេភេសូរ ៦:១; កូល៉ុស ៣:២០; យ៉ូហានទី១ ៥:៣) គោល​បំណង​នៃ​ឪពុក​ម្ដាយ​ដែល​ចេះ​គិតគូរ គឺ​ដើម្បី​បង្រៀន​កូន​គេ​ឲ្យ​ប្រើ ‹សមត្ថភាព​នៃ​ការ​វែកញែក› ដើម្បី​នៅ​ពេល​ក្រោយ​គេ​អាច​សម្រេច​ចិត្ត​បាន​ល្អ​ដោយ​ខ្លួន​គេ។ (រ៉ូម ១២:១; ប្រៀបធៀប កូរិនថូសទី១ ១៣:១១) ម្យ៉ាង​វិញ​ទៀត វិន័យ​មិន​ត្រូវ​ឲ្យ​មាន​ច្រើន​ហួស​ពេក​ឬ​ប្រដៅ​ខ្លាំង​ពេក​នោះ​ឡើយ។ ប៉ុល​និយាយ​ថា​៖ «ឱ​ឪពុក​រាល់​គ្នា​អើយ កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ»។ (កូល៉ុស ៣:២១; អេភេសូរ ៦:៤) នៅ​ពេល​ដែល​មាន​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ផ្ទះ​សម្បែង គឺ​មិន​ត្រូវ​ឲ្យ​មាន​ការ​ប្រដៅ​ដែល​ឥត​ចេះ​ទប់​កំហឹង​ឬ​ប្រើ​ពាក្យ​ចំអក​បញ្ឈឺ​ចិត្ត​ឡើយ។ ក្នុង​ផ្ទះ​បែប​នេះ កូន​ចៅ​មាន​អារម្មណ៍​សុខសាន្ត​និង​បាន​លើក​ទឹក​ចិត្ត មិន​មែន​មាន​បន្ទុក​ឬ​និយាយ​អាក្រក់​ដាក់​ឡើយ។—ប្រៀបធៀប ទំនុកដំកើង ៣៦:៧

៧. តាម​វិធី​ណា​ខ្លះ​ដែល​គេហដ្ឋាន​បេ​ត​អែ​ល​ជា​គំរូ ចំពោះ​ការ​ដាក់​វិន័យ​ក្នុង​ផ្ទះ?

៧ មនុស្ស​ខ្លះ​ដែល​បាន​ទៅ​លេង​គេហដ្ឋាន​បេ​ត​អែ​ល​នៅ​ជុំវិញ​ពិភពលោក និយាយ​ថា គេហដ្ឋាន​បែប​នេះ​ជា​គំរូ​នៃ​ការ​ថ្លឹង​ថ្លែង​ដ៏​ល្អ​ចំពោះ​វិន័យ​ក្នុង​គ្រួសារ។ ថ្វី​បើ​ក្នុង​គេហដ្ឋាន​បេតអែល​មាន​តែ​មនុស្ស​ពេញ​វ័យ​ក៏​ដោយ ក៏​គ្រឹះស្ថាន​បែប​នេះ​មាន​នាទី​ដូច​ក្នុង​គ្រួសារ​ទាំង​ឡាយ​ដែរ។a ប្រតិបត្ដិ​ការ​បេតអែល​គឺ​មាន​ច្រើន ហើយ​ត្រូវ​ការ​វិន័យ​ជា​ច្រើន—គឺ​ប្រាកដ​ជា​មាន​វិន័យ​ច្រើន​ជាង​ក្នុង​គ្រួសារ។ ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​គេហដ្ឋាន​បេ​ត​អែ​ល ការិយាល័យ និង​រោងចក្រ ខំ​ប្រឹង​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ។ ពួក​គេ​ចាត់​ទុក​ថា​នេះ​ជា​កិច្ចការ​របស់​គេ មិន​គ្រាន់​តែ​រៀប​ចាត់​ចែង​ការងារ​ប៉ុណ្ណោះ ប៉ុន្តែ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ និង​ឲ្យ​មាន​«សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា»​ក្នុង​ចំណោម​ពួក​អ្នក​ធ្វើ​ការ​គ្នីគ្នា។ (នេហេមា ៨:១០) ដូច្នេះ ពួក​គេ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​ក្នុង​របៀប​ដ៏​ល្អ​និង​ដ៏​លើក​ទឹក​ចិត្ត ហើយ​ខំ​ប្រឹង​ធ្វើ​ជា​អ្នក​ដែល​មាន​ចិត្ត​សម​ហេតុ​ផល។ (អេភេសូរ ៤:៣១, ៣២) អញ្ចឹង​ហើយ បាន​ជា​គ្រួសារ​បេ​ត​អែ​ល​ទាំង​ឡាយ​ត្រូវ​បាន​ល្បី​ដោយសារ​គំនិត​ដ៏​សប្បាយ​របស់​គេ!

ក្នុង​ក្រុមជំនុំ

៨. (ក) តើ​យើង​គួរ​មាន​គោល​ដៅ​យ៉ាង​ណា​ក្នុង​ក្រុមជំនុំ? (ខ) តើ​មាន​កាលៈទេសៈ​ណា​ខ្លះ​ដែល​មនុស្ស​ខ្លះ​បាន​សុំ​យោបល់​ឬ​បាន​សាក​ប្រឌិត​វិន័យ​នោះ?

៨ ក្នុង​ក្រុមជំនុំ យើង​ក៏​មាន​គោល​បំណង​នឹង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ (ថែស្សាឡូនីចទី១ ៥:១១) ដូច្នេះ គ្រីស្ទាន​ទាំង​អស់​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​បន្ថែម​បន្ទុក​ដល់​អ្នក​ដទៃ ដោយ​លើក​គំនិត​របស់​ខ្លួន​ខ្ពស់​ជាង​ពួក​គេ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ជួន​កាល អ្នក​ខ្លះ​សរសេរ​ទៅ​សមាគម​ប៉មយាម សុំ​រក​វិន័យ​អំពី​បញ្ហា​ផ្សេងៗ​ដែល​គេ​ត្រូវ​មាន​មតិ​យ៉ាង​ណា ដូច​ជា កុន សៀវភៅ ព្រម​ទាំង​ប្រដាប់​ក្មេង​លេង​ផង។ ប៉ុន្តែ សមាគម​មិន​មាន​អំណាច​ពិនិត្យ​ពិច័យ​ដល់​បញ្ហា​ទាំង​នេះ ហើយ​ឲ្យ​កាត់​សេចក្ដី​នោះ​ទេ។ ក្នុង​ករណី​ជា​ច្រើន នេះ​ជា​បញ្ហា​ដែល​បុគ្គល​ម្នាក់​ឬ​មេ​គ្រួសារ​អាច​សម្រេច​ចិត្ត​បាន ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​គាត់​នៃ​គោលការណ៍​ព្រះ​គម្ពីរ។ មនុស្ស​ឯ​ទៀត​បែរ​ទៅ​យក​យោបល់​សមាគម​និង​គោលការណ៍​ណែនាំ​មក​ធ្វើ​ជា​វិន័យ​វិញ។ ឧទាហរណ៍ ក្នុង​ទស្សនាវដ្ដី ប៉មយាម​នៃ​ខែ​មីនា ១៥ ១៩៩៦ មាន​អត្ថបទ​ដ៏​ល្អ​មួយ ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​ចាស់​ទុំ​ទៅ​ធ្វើ​ការ​គង្វាល​ជា​រឿយៗ ដល់​សមាជិក​នៃ​ក្រុមជំនុំ។ តើ​បំណង​នេះ​ដើម្បី​ស្ថាបនា​វិន័យ​ឬ? គឺ​មិន​មែន​ទេ ថ្វី​បើ​ពួក​អ្នក​ដែល​ធ្វើ​តាម​យោបល់​អាច​មាន​ប្រយោជន៍​ជា​ច្រើន​ក៏​ដោយ ពួក​អ្នក​ចាស់​ទុំ​គ្មាន​សិទ្ធិ​បង្កើត​វិន័យ​បាន​ទេ។ ស្រដៀង​គ្នា​ដែរ អត្ថបទ «សំនួរ​ពី​មិត្ត​អ្នក​អាន» ក្នុង​ខែ​មេសា ១ ១៩៩៥ នៃ​ទស្សនាវដ្ដី​ប៉មយាម បាន​ព្រមាន​ពី​ការ​ធ្វើ​ឲ្យ​ចុះ​ឱន​ថយ​ដល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដោយ​ធ្វើ​ហួស​ហេតុ ដូច​ជា​ការ​ជួប​ជុំ​ស៊ី​ផឹក​អ៊ូអរ ឬ​ការ​ចាត់​ចែង​ធ្វើ​បុណ្យ។ អ្នក​ខ្លះ​បាន​យក​ឱវាទ​នេះ​ទៅ​ធ្វើ​យ៉ាង​តឹង​រឹង ថែម​ទាំង​យក​ទៅ​ធ្វើ​ជា​វិន័យ​ផង ដោយ​និយាយ​ថា ការ​ផ្ញើ​កាត​លើក​ទឹក​ចិត្ត​នៅ​ពេល​បុណ្យ​ជ្រមុជ​ទឹក​នេះ​គឺ​ជា​ការ​ខុស!

៩. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​យើង​ត្រូវ​ជៀសវាង​ពី​ការ​រិះគន់​ឬ​ការ​វិនិច្ឆ័យ​ដ៏​ហួស​ហេតុ​ពី​គ្នា​ទៅ​វិញ​ទៅ​មក?

៩ សូម​ពិចារណា​មើល​ដែរ ថា​បើសិន​ជា​យើង​ចង់​ឲ្យ​មាន​«ក្រិត្យ​វិន័យ​ដ៏​គ្រប់​ល័ក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរីភាព»​ក្នុង​ចំណោម​ពួក​យើង យើង​ត្រូវ​តែ​ឲ្យ​យល់​ថា គ្រីស្ទាន​គ្រប់ៗ​គ្នា​មិន​មាន​មនសិការ​ដូច​គ្នា​នោះ​ឡើយ។ (យ៉ាកុប ១:២៥) តើ​យើង​ត្រូវ​តូច​ចិត្ត​ឬ បើ​គេ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​គេ​ដែល​មិន​បំពាន​គោលការណ៍​ព្រះ​គម្ពីរ​នោះ? គឺ​មិន​ត្រូវ​តូច​ចិត្ត​ទេ បើ​យើង​តូច​ចិត្ត នោះ​នឹង​នាំ​ឲ្យ​ទាស់ទែង​គ្នា​ហើយ។ (កូរិនថូសទី១ ១:១០) នៅ​ពេល​ព្រមាន​ពី​ការ​វិនិច្ឆ័យ​លើ​គ្រីស្ទាន​គ្នីគ្នា ប៉ុល​មាន​ប្រសាសន៍​ថា​៖ «អ្នក​នោះ​ឈរ​ឬ​ដួល​ក្ដី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន»។ (រ៉ូម ១៤:៤) យើង​អាច​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ បើ​យើង​និយាយ​ជំទាស់​នឹង​បញ្ហា​ដែល​ស្រេច​ទៅ​លើ​មនសិការ​របស់​បុគ្គល​និមួយៗ​នោះ។—យ៉ាកុប ៤:១០​-​១២

១០. តើ​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ថែរក្សា​ក្រុមជំនុំ ហើយ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​គាំទ្រ​គេ?

១០ សូម​ឲ្យ​យើង​ចង​ចាំ​ដែរ ថា​ពួក​ចាស់​ទុំ​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ។ (កិច្ចការ ២០:២៨) មុខ​នាទី​របស់​ពួក​គេ​គឺ​ដើម្បី​ជួយ។ យើង​គួរ​ទៅ​សុំ​យោបល់​ពី​គេ​តាម​សេរី ដ្បិត​ពួក​គេ​ជា​សិស្ស​នៃ​ព្រះ​គម្ពីរ ហើយ​ដឹង​នូវ​អ្វីៗ​ដែល​បាន​ពិគ្រោះ​ក្នុង​ប្រកាសនវត្ថុ​នៃ​សមាគម​ប៉មយាម។ នៅ​ពេល​ដែល​ពួក​ចាស់​ទុំ​ឃើញ​នូវ​ចរិយា ដែល​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​ល្មើស​នឹង​គោលការណ៍​ព្រះ​គម្ពីរ ពួក​គេ​នឹង​ផ្ដល់​ឲ្យ​ឱវាទ​ចាំបាច់​ដោយ​ឥត​ចេះ​ខ្លាច។ (កាឡាទី ៦:១) ពួក​សមាជិក​ក្រុមជំនុំ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ ដោយ​រួម​កម្លាំង​ជា​មួយ​នឹង​ពួក​អ្នក​គង្វាល​ដ៏​ជា​ទី​ស្រឡាញ់ ដែល​នាំ​មុខ​ក្នុង​ចំណោម​ពួក​គេ។—ហេព្រើរ ១៣:៧

ពួក​ចាស់​ទុំ​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ

១១. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អនុវត្ត​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ក្រុមជំនុំ?

១១ ពួក​ចាស់​ទុំ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​បំពេញ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ក្រុមជំនុំ។ ពួក​គេ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ បង្រៀន​ព្រះ​គម្ពីរ​ដើម្បី​ឲ្យ​ចូល​ដល់​ចិត្ត ហើយ​ជា​អ្នក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​ស្លូតបូត ពួក​គេ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​«ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ពួក​គេ​ជៀសវាង​ពី​កិរិយា​មិន​សម​ជា​គ្រីស្ទាន​ដែល​មាន​នៅ​ក្នុង​និកាយ​ជា​ច្រើន​នៃ​ពិភព​គ្រីស្ទ​សាសនា។ ពិត​មែន​ហើយ លោកីយ៍​នេះ​គឺ​កំពុង​តែ​ចុះ​ឱន​ថយ​យ៉ាង​លឿន ហើយ​ដូច​ប៉ុល ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​មាន​ចិត្ត​ខ្វល់ខ្វាយ​ដល់​ហ្វូង​ចៀម ប៉ុន្តែ​ពួក​គេ​រក្សា​ការ​ថ្លឹង​ថ្លែង កាល​ដែល​គេ​ខំ​ដោះ​ស្រាយ​ការ​ខ្វល់ខ្វាយ​នេះ។—កូរិនថូសទី២ ១១:២៨

១២. នៅ​ពេល​ដែល​គ្រីស្ទាន​ម្នាក់​មក​ឯ​អ្នក​ចាស់​ទុំ​ឲ្យ​ជួយ តើ​អ្នក​ចាស់​ទុំ​អាច​ប្រព្រឹត្ត​យ៉ាង​ណា?

១២ ឧទាហរណ៍ គ្រីស្ទាន​ម្នាក់​ប្រហែល​ជា​ចង់​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​អំពី​រឿង​ដ៏​សំខាន់​មួយ ដែល​មិន​មាន​ក្នុង​សេចក្ដី​យោង​ពី​បទ​គម្ពីរ ឬ​ដែល​ត្រូវ​ការ​ឲ្យ​ថ្លឹង​ថ្លែង​គោលការណ៍​គ្រីស្ទាន​ផ្សេងៗ។ គាត់​ប្រហែល​ត្រូវ​បាន​គេ​តម្លើង​ស័ក្ដិ​នៅ​កន្លែង​ធ្វើ​ការ ដែល​មាន​ប្រាក់​ខែ​ច្រើន ប៉ុន្តែ​ក៏​មាន​ភារកិច្ច​ច្រើន​ដែរ។ ឬ​ក៏​ឪពុក​ដែល​មិន​ជឿ​ព្រះ​នៃ​ក្មេង​គ្រីស្ទាន​ម្នាក់ បាន​ទាមទារ​សម្លុត​កូន ដែល​អាច​មាន​ឥទ្ធិពល​ដល់​ការ​ផ្សាយ​របស់​គាត់។ ក្នុង​ស្ថានការណ៍​បែប​នេះ អ្នក​ចាស់​ទុំ​ត្រូវ​តែ​ជៀសវាង​ពី​ការ​ឲ្យ​យោបល់​ផ្ទាល់​ខ្លួន​របស់​គាត់។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​បើក​ព្រះ​គម្ពីរ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​វែកញែក​គោលការណ៍​ដែល​ទាក់​នឹង​រឿង​នេះ។ គាត់​ក៏​អាច​ប្រើ លិបិក្រម​ប្រកាសនវត្ថុ​ប៉មយាម ដើម្បី​រក​មើល​នូវ​អ្វីៗ​ដែល​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​និយាយ​អំពី​រឿង​នេះ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​និង​ប្រកាសនវត្ថុ​ឯ​ទៀត។ (ម៉ាថាយ ២៤:៤៥) ចុះ​យ៉ាង​ណា​វិញ បើ​គ្រីស្ទាន​នោះ​ក្រោយ​មក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ដែល​មិន​ដូច​ជា​មាន​ប្រាជ្ញា​សោះ​ចំពោះ​អ្នក​ចាស់​ទុំ​នោះ? បើសិន​ជា​ការ​សម្រេច​ចិត្ត​នោះ ឥត​បំពាន​លើ​គោលការណ៍​ឬ​ច្បាប់​ព្រះ​គម្ពីរ​ទេ គ្រីស្ទាន​នោះ​នឹង​ឃើញ​ថា អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ ដោយ​ដឹង​ថា​«គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។ ប៉ុន្តែ គ្រីស្ទាន​ត្រូវ​តែ​ចង​ចាំ​ថា «ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ»។—កាឡាទី ៦:៥, ៧

១៣. ជាជាង​ឲ្យ​ចម្លើយ​ចំៗ​ដល់​សំនួរ​ឬ​ផ្ដល់​មតិ​របស់​គេ ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​បុគ្គល​ម្នាក់​វែកញែក​បញ្ហា​នោះ​ទៅ​វិញ?

១៣ ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​ដែល​មាន​ការ​ពិសោធ​នេះ​ប្រព្រឹត្ត​ដូច្នេះ? យ៉ាង​ហោច​ណាស់​ក៏​មាន​មូលហេតុ​ពីរ​យ៉ាង​ដែរ។ មូលហេតុ​ទី​មួយ ប៉ុល​បាន​ប្រាប់​ក្រុមជំនុំ​មួយ​ថា​គាត់​មិន​មែន​ជា‹ម្ចាស់​លើ​ជំនឿ​របស់​គេ​ទេ›។ (កូរិនថូសទី២ ១:២៤) អ្នក​ចាស់​ទុំ ក្នុង​ការ​ជួយ​បងប្អូន​គាត់​ឲ្យ​វែកញែក​បទ​គម្ពីរ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​នោះ គឺ​កាន់​តាម​អាកប្បកិរិយា​របស់​ប៉ុល។ គាត់​ទទួល​ស្គាល់​ថា អំណាច​របស់​គាត់​គឺ​មាន​លក្ខខណ្ឌ ដូច​ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់​លក្ខខណ្ឌ​នៃ​អំណាច​របស់​ទ្រង់​ដែរ។ (លូកា ១២:១៣, ១៤; យូដាស ៩) នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​ចាស់​ទុំ​តែង​តែ​ផ្ដល់​ឲ្យ​ឱវាទ​ដ៏​ម៉ឺងម៉ាត់​ពី​ព្រះ​គម្ពីរ នៅ​ពេល​ដែល​ត្រូវ​ការ។ មូលហេតុ​ទីពីរ អ្នក​ចាស់​ទុំ​គឺ​កំពុង​តែ​អប់រំ​គ្រីស្ទាន​គ្នីគ្នា។ សាវ័ក​ប៉ុល​បាន​និយាយ​ថា​៖ «អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុសត្រូវ»។ (ហេព្រើរ ៥:១៤) ដូច្នេះ ដើម្បី​លូត​លាស់​ដល់​ភាព​ចាស់​ទុំ យើង​ត្រូវ​តែ​ប្រើ​សមត្ថភាព​នៃ​ការ​វែកញែក​របស់​យើង គឺ​មិន​ត្រូវ​ពឹងពាក់​អ្នក​ដទៃ​ឲ្យ​ផ្ដល់​ចម្លើយ​មក​យើង​ជា​រឿយៗ​នោះ​ឡើយ។ ដោយ​បង្ហាញ​គ្រីស្ទាន​គ្នីគ្នា​ឲ្យ​វែកញែក​ព្រះ​គម្ពីរ អ្នក​ចាស់​ទុំ​ជួយ​បុគ្គល​នេះ​ឲ្យ​លូត​លាស់​ជឿន​ទៅ​មុខ។

១៤. តើ​តាម​របៀប​ណា​ដែល​ពួក​មាន​គំនិត​ចាស់​ទុំ​បង្ហាញ​ថា គេ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នោះ?

១៤ យើង​អាច​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​នឹង​ទាក់ទាញ​ចិត្ត​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត។ ដូច្នេះ គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​បង្រៀន​ឲ្យ​ចូល​ដល់​ចិត្ត​នៃ​បងប្អូន​របស់​គេ ទទូច​អង្វរ​សុំ​ពួក​គេ ដូច​សាវ័ក​ប៉ុល​ដែរ។ (កូរិនថូសទី២ ៨:៨; ១០:១; ភីលេម៉ូន ៨,៩) ប៉ុល​បាន​ដឹង​ថា គឺ​ជា​ពួក​ទុច្ចរិត មិន​មែន​ពួក​សុចរិត​ទេ ដែល​ត្រូវ​ការ​ច្បាប់​ល្អិតល្អន់​ដើម្បី​ធ្វើ​ឲ្យ​គេ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ​នោះ។ (ធីម៉ូថេទី១ ១:៩) គាត់​បាន​សម្ដែង​ជំនឿ​ទុក​ចិត្ត​បងប្អូន​របស់​គាត់ មិន​មែន​ការ​សង្ស័យ​ឬ​ការ​មិន​ទុក​ចិត្ត​នឹង​ពួក​គេ​នោះ​ឡើយ។ ចំពោះ​ក្រុមជំនុំ​មួយ គាត់​បាន​សរសេរ​ថា​៖ «យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ​អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា»។ (ថែស្សាឡូនីចទី២ ៣:៤) ជំនឿ​និង​សេចក្ដី​ទុក​ចិត្ត​របស់​ប៉ុល គឺ​ប្រាកដ​ជា​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គ្រីស្ទាន​ទាំង​នោះ​ច្រើន​ណាស់។ ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​សព្វ​ថ្ងៃ​នេះ ក៏​មាន​គោល​បំណង​ដូច​គ្នា​ដែរ។ ពួក​បុរស​ស្មោះ​ត្រង់​ទាំង​នេះ​គឺ​ជា​ការ​ត្រជាក់ត្រជុំ​មែន កាល​ដែល​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់!—អេសាយ ៣២:១, ២; ពេត្រុសទី១ ៥:១​-​៣

ការ​រស់​នៅ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ

១៥. តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​អាច​សួរ​ខ្លួន​យើង ថា​តើ​យើង​កំពុង​តែ​អនុវត្ត​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ការ​ទាក់ទង​ជា​មួយ​បងប្អូន​យើង?

១៥ យើង​គ្រប់​គ្នា​ត្រូវ​ការ​ពិនិត្យ​មើល​ខ្លួន​យើង​ជា​រឿយៗ ដើម្បី​មើល​ថា​តើ​យើង​កំពុង​តែ​រស់​នៅ​តាម​ហើយ​លើក​ផ្សព្វផ្សាយ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ឬ​យ៉ាង​ណា។ (កូរិនថូសទី២ ១៣:៥) ពិត​ហើយ យើង​គ្រប់ៗ​គ្នា​អាច​មាន​ប្រយោជន៍​ដោយ​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ជា​មនុស្ស​លើក​ទឹក​ចិត្ត​ឬ​ក៏​រិះគន់? តើ​ខ្ញុំ​មាន​ចិត្ត​ថ្លឹង​ថ្លែង​ឬ​ក៏​មាន​គំនិត​តឹងរ៉ឹង​ហួស​ហេតុ? តើ​ខ្ញុំ​បង្ហាញ​ការ​ចេះ​គិត​ដល់​អ្នក​ដទៃ​ឬ​ក៏​ទទូច​ចង់​បាន​សិទ្ធិ​របស់​ខ្ញុំ›? ចំពោះ​បញ្ហា​ដែល​មិន​បាន​បង្ហាញ​ច្បាស់​លាស់​ក្នុង​ព្រះ​គម្ពីរ គ្រីស្ទាន​ម្នាក់ៗ​មិន​គួរ​ព្យាយាម​តម្រូវ​ជំហាន​ណា​មួយ​ដែល​បងប្អូន​ត្រូវ​យក​ឬ​មិន​យក​នោះ​ឡើយ។—រ៉ូម ១២:១; កូរិនថូសទី១ ៤:៦

១៦. ដើម្បី​បំពេញ​លក្ខណៈ​សំខាន់​នៃ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​ពួក​បុគ្គល​ដែល​មាន​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន?

១៦ ក្នុង​គ្រា​ដ៏​ពិបាក​នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ស្វែង​រក​វិធី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (ហេព្រើរ ១០:២៤, ២៥; ប្រៀបធៀប ម៉ាថាយ ៧:១​-​៥) នៅ​ពេល​ដែល​យើង​មើល​បងប្អូន​ប្រុស​ស្រី​យើង តើ​គុណសម្បត្ដិ​ល្អៗ​របស់​គេ​មិន​សំខាន់​ជាង​ភាព​ទន់ខ្សោយ​របស់​គេ​ទេ​ឬ? ចំពោះ​ព្រះ​យេហូវ៉ា យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់។ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ មនុស្ស​គ្រប់ៗ​គ្នា​មិន​មាន​យោបល់​បែប​នេះ​ទេ សូម្បីតែ​ចំពោះ​ខ្លួន​គេ​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​មើល​ឃើញ​តែ​គុណ​វិបត្ដិ​និង​ភាព​មិន​គ្រប់​ល័ក្ខណ៍​របស់​ខ្លួន​ប៉ុណ្ណោះ។ ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​បែប​នេះ—និង​អ្នក​ដទៃ​ទៀត—តើ​យើង​អាច​ទៅ​និយាយ​ជា​មួយ​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​បាន​ទេ នៅ​ពេល​ប្រជុំ​ម្ដងៗ ឲ្យ​គេ​ដឹង​ពី​មូលហេតុ​ដែល​យើង​ឲ្យ​តម្លៃ​ដល់​វត្តមាន​របស់​គេ ហើយ​ពី​ផល​ប្រយោជន៍​ដែល​គេ​បាន​ផ្ដល់​ឲ្យ​ក្រុមជំនុំ? តើ​នឹង​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​សម្រាល​បន្ទុក​របស់​គេ​តាម​របៀប​នេះ ដ្បិត​ដោយ​ធ្វើ​ដូច្នេះ ទើប​យើង​បំពេញ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​បាន!—កាឡាទី ៦:២

ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​កំពុង​បាន​សម្រេច!

១៧. តាម​របៀប​ណា​ខ្លះ​ដែល​អ្នក​ឃើញ​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​កំពុង​បាន​សម្រេច​ក្នុង​ក្រុមជំនុំ​របស់​អ្នក?

១៧ ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​គឺ​កំពុង​បាន​សម្រេច​ក្នុង​ក្រុមជំនុំ។ យើង​ឃើញ​ការ​សម្រេច​នេះ​រៀង​រាល់​ថ្ងៃ—នៅ​ពេល​ដែល​ស្មរបន្ទាល់​ជា​ច្រើន​មាន​ចិត្ត​ខ្នះខ្នែង​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ នៅ​ពេល​ដែល​ពួក​គេ​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​គេ​ខំ​ទាំង​លំបាក​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា ថ្វី​បើ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក៏​ដោយ នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ខំ​ដាស់​តឿន​កូន​ចៅ​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ពី​ចិត្ត​ដ៏​សប្បាយ នៅ​ពេល​ដែល​អ្នក​ត្រួត​ពិនិត្យ​បង្រៀន​បន្ទូល​របស់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ភាព​កក់ក្ដៅ ដែល​លើក​ទឹក​ចិត្ត​ពួក​ហ្វូង​ចៀម​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​បំរើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ទៅ។ (ម៉ាថាយ ២៨:១៩, ២០; ថែស្សាឡូនីចទី១ ៥:១១, ១៤) កាល​ដែល​យើង​ម្នាក់ៗ​អនុវត្ត​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​យើង នោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​អំណរ​ណាស់! (សុភាសិត ២៣:១៥) ទ្រង់​ចង់​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ឲ្យ​រស់​នៅ​ជា​រៀង​រហូត​ទៅ។ ក្នុង​សួន​មនោរម្យ​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ យើង​នឹង​ឃើញ​គ្រា​ដែល​មនុស្ស​នឹង​បាន​ល្អ​គ្រប់​ល័ក្ខណ៍ នឹង​គ្មាន​ពួក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ហើយ​ជា​គ្រា​ដែល​យើង​អាច​ទប់​ទំនោរ​ចិត្ត​របស់​យើង។ តើ​នឹង​បាន​រង្វាន់​ដ៏​រុងរឿង​យ៉ាង​ណា​ទៅ​ហ្ន៎ ដោយ​រស់​នៅ​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​នោះ!

[កំណត់​សម្គាល់]

a គេហដ្ឋាន​បែប​នេះ គឺ​មិន​មែន​ដូច​ជា​វត្ត​នៃ​ពិភព​គ្រីស្ទ​សាសនា​នោះ​ទេ។ គឺ​មិន​មាន​«ចៅ​អធិការ​វត្ត» ឬ «ឪពុក»​នោះ​ឡើយ។ (ម៉ាថាយ ២៣:៩) ចំពោះ​បងប្អូន​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ មាន​ការ​កោត​គោរព ប៉ុន្តែ​កិច្ច​បំរើ​គេ​ត្រូវ​បាន​ដឹក​នាំ​ដោយ​គោលការណ៍​ដែល​ដឹក​នាំ​ពួក​ចាស់​ទុំ​ទាំង​អស់​ដែរ។

តើ​អ្នក​គិត​យ៉ាង​ណា​ដែរ?

◻ ហេតុ​អ្វី​ក៏​ពិភព​គ្រីស្ទ​សាសនា​មិន​យល់​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​អនុវត្ត​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​គ្រួសារ?

◻ ដើម្បី​អនុវត្ត​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ក្រុមជំនុំ តើ​យើង​ត្រូវ​តែ​ជៀសវាង​អ្វី ហើយ​ត្រូវ​តែ​ធ្វើ​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​គោរព​តាម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​ក្នុង​ការ​ទាក់ទង​ជា​មួយ​នឹង​ក្រុមជំនុំ?

[រូបភាព​នៅ​ទំព័រ​២១]

សេចក្ដី​ត្រូវ​ការ​ជាង​គេ​បង្អស់​របស់​កូន​ចៅ​អ្នក​គឺ​សេចក្ដី​ស្រឡាញ់

[រូបភាព​នៅ​ទំព័រ​២២]

ពួក​អ្នក​ចាស់​ទុំ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​ការ​ត្រជាក់ត្រជុំ​ម្ល៉េះ​ហ្ន៎!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក