មនុស្សគ្រប់គ្នាត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួន
«យើងទាំងអស់គ្នានឹង ត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។—រ៉ូម ១៤:១២
១. តើសេរីភាពនៃអ័ដាមនិងអេវ៉ាមានព្រំដែនអ្វីខ្លះ?
ព្រះយេហូវ៉ាបានបង្កើតឪពុកម្ដាយទីមួយរបស់យើង អ័ដាមនិងនាងអេវ៉ា ជាមនុស្សដែលមានចិត្តសេរី។ ថ្វីបើពួកគេទាបជាងពួកទេវតាក៏ដោយ ក៏ពួកគេជាបុគ្គលដែលឆ្លាត ដែលអាចសម្រេចចិត្តដោយប្រាជ្ញា។ (ទំនុកដំកើង ៨:៤, ៥) ប៉ុន្តែ សេរីភាពដែលព្រះប្រទានមកនេះ គឺមិនបានអនុញ្ញាតឲ្យមនុស្សសម្រេចចិត្តដោយខ្លួនឯងនូវអ្វីដែលត្រូវហើយខុសនោះទេ។ ពួកគេមានការទទួលខុសត្រូវចំពោះព្រះអាទិទេព ហើយកូនចៅរបស់គេទាំងអស់ក៏មានការទទួលខុសត្រូវនេះដែរ។
២. ព្រះយេហូវ៉ានឹងជំនុំជំរះអ្វីបន្ដិចទៀត ហើយហេតុអ្វី?
២ ឥឡូវនេះ ដែលយើងកំពុងតែខិតមកជិតដល់កំពូលនៃរបបលោកីយ៍ដ៏អាក្រក់នេះហើយ ព្រះយេហូវ៉ានឹងជំនុំជំរះនៅលើផែនដី។ (ប្រៀបធៀប រ៉ូម ៩:២៨) បន្ដិចទៀត ពួកដែលមិនគោរពព្រះនឹងត្រូវទទួលខុសត្រូវចំពោះទ្រង់ នូវការធ្វើហិនហោចដល់ធនធានផែនដី ការបំផ្លាញនៃជីវិតមនុស្ស ហើយជាពិសេសចំពោះការបៀតបៀនដល់ពួកអ្នកបំរើរបស់ទ្រង់។—វិវរណៈ ៦:១០; ១១:១៨
៣. តើសំនួរអ្វីខ្លះដែលយើងនឹងពិចារណាមើល?
៣ ដោយប្រឈមមុខនឹងអនាគតដ៏រន្ធត់នេះ ជាការមានប្រយោជន៍បើយើងជញ្ជឹងគិតដល់ការប្រស្រ័យទាក់ទងដ៏សុចរិតរបស់ព្រះយេហូវ៉ា ជាមួយសត្តនិកររបស់ទ្រង់នៅសម័យមុនៗ។ តើតាមរបៀបណាដែលព្រះគម្ពីរជួយយើងម្នាក់ៗ ឲ្យរៀបរាប់ទូលថ្វាយព្រះអាទិទេពពីដំណើររបស់យើងដែលទ្រង់យល់ព្រម? តើគំរូអ្វីខ្លះដែលអាចមានប្រយោជន៍ ហើយគំរូមួយណាដែលយើងគួរជៀសវាង?
ពួកទេវតាមានការទទួលខុសត្រូវ
៤. តើតាមរបៀបណាដែលយើងដឹងថា ព្រះទុកពួកទេវតាឲ្យទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់គេ?
៤ ពួកទេវតារបស់ព្រះយេហូវ៉ាក្នុងស្ថានសួគ៌ ក៏មានការទទួលខុសត្រូវចំពោះទ្រង់ដូចយើងដែរ។ មុននឹងទឹកជំនន់នៃជំនាន់លោកណូអេ ពួកទេវតាខ្លះ ដោយមិនគោរពតាម បានប្រែក្រឡាមកសេពមេថុនជាមួយមនុស្សស្រីនៅលើផែនដី។ ជាបុគ្គលដែលមានចិត្តសេរី សត្តនិករវិញ្ញាណទាំងនេះអាចសម្រេចចិត្តនេះបាន ប៉ុន្តែព្រះបានទុកឲ្យពួកគេទទួលខុសត្រូវ។ នៅពេលដែលពួកទេវតាមិនគោរពទាំងនេះត្រឡប់ទៅវិស័យខាងវិញ្ញាណវិញ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យពួកគេមានឋានៈដូចមុនឡើយ។ យូដាសជាសិស្សម្នាក់ប្រាប់យើងថា ពួកគេត្រូវបាន«ឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ»។—យូដាស ៦
៥. តើសាតាំងនិងពួកបិសាចរបស់វាបានពិសោធការបោះទម្លាក់អ្វី ហើយតើដំណើរនៃការបះបោររបស់គេនឹងដោះស្រាយយ៉ាងណា?
៥ ពួកទេវតាឬពួកបិសាចដ៏មិនគោរពទាំងនេះ មានសាតាំងជាអ្នកគ្រប់គ្រងរបស់គេ។ (ម៉ាថាយ ១២:២៤-២៦) ទេវតាអាក្រក់មួយនេះបានបះបោរប្រឆាំងនឹងព្រះអាទិទេព ហើយបានប្រកួតដល់ភាពត្រឹមត្រូវនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។ សាតាំងបាននាំឪពុកម្ដាយទីមួយរបស់យើងឲ្យប្រព្រឹត្តអំពើបាប ហើយជាលទ្ធផលក្រោយមកគេក៏បានស្លាប់ទៅ។ (លោកុប្បត្តិ ៣:១-៧, ១៧-១៩) ថ្វីបើព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងចូលដល់ទីលានស្ថានសួគ៌មួយរយៈក្រោយពីនោះមកក៏ដោយ សៀវភៅគម្ពីរវិវរណៈ បានទាយប្រាប់ថាក្នុងពេលកំណត់របស់ព្រះ បុគ្គលអាក្រក់នេះ នឹងត្រូវបោះទម្លាក់មកទីធ្លាក្បែរៗផែនដី។ ភស្តុតាងបង្ហាញឲ្យឃើញថា នេះបានកើតឡើង បន្ដិចក្រោយពីព្រះយេស៊ូគ្រីស្ទបានទទួលរាជអំណាចក្នុងឆ្នាំ១៩១៤។ នៅទីបំផុត អារក្សនិងពួកបិសាចរបស់វានឹងទទួលការហិនវិនាសអស់កល្បជានិច្ច។ ដោយបានដោះស្រាយបញ្ហាអធិបតេយ្យភាពដាច់ស្រេចហើយនោះ ដំណើរនៃការបះបោរនៅពេលក្រោយនឹងបានដោះស្រាយដោយយុត្ដិធម៌។—យ៉ូប ១:៦-១២; ២:១-៧; វិវរណៈ ១២:៧-៩; ២០:១០
ព្រះរាជបុត្រារបស់ព្រះមានការទទួលខុសត្រូវ
៦. តើតាមរបៀបណាដែលព្រះយេស៊ូចាត់ទុកការទទួលខុសត្រូវរបស់ទ្រង់ ចំពោះព្រះវរបិតា?
៦ ព្រះរាជបុត្រារបស់ព្រះ ព្រះយេស៊ូគ្រីស្ទ បានទុកគំរូដ៏ល្អណាស់! ជាមនុស្សគ្រប់ល័ក្ខណ៍ស្មើនឹងអ័ដាម ព្រះយេស៊ូមានព្រះទ័យរីករាយក្នុងការធ្វើតាមបំណងរបស់ព្រះ។ ទ្រង់ក៏មានព្រះទ័យរីករាយដែរ ដោយបានឲ្យទទួលខុសត្រូវចំពោះការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ ចំពោះទ្រង់ អ្នកតែងបទទំនុកដំកើងបានទាយដោយត្រឹមត្រូវថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។—ទំនុកដំកើង ៤០:៨; ហេព្រើរ ១០:៦-៩
៧. នៅពេលអធិស្ឋានមុនរាត្រីដែលទ្រង់សោយទិវង្គត ហេតុអ្វីក៏ព្រះយេស៊ូអាចមានបន្ទូលតាមពាក្យនៅក្នុងយ៉ូហាន ១៧:៤, ៥?
៧ ថ្វីបើព្រះយេស៊ូបានពិសោធការប្រឆាំងដ៏មានសម្អប់ក៏ដោយ ទ្រង់នៅតែធ្វើតាមបំណងរបស់ព្រះ ហើយរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍រហូតដល់សោយទិវង្គតលើបង្គោលឈើទារុណកម្ម។ ដោយហេតុនោះ ទ្រង់បានសងតម្លៃលោះ ដើម្បីទិញមនុស្សលោកចេញពីកម្មផលស្លាប់នៃអំពើបាបរបស់អ័ដាម។ (ម៉ាថាយ ២០:២៨) ដូច្នេះ នៅរាត្រីនៃការសោយទិវង្គតរបស់ទ្រង់ ព្រះយេស៊ូអាចអធិស្ឋានដ៏ទុកចិត្តថា៖ «ទូលបង្គំបានដំកើងទ្រង់ នៅផែនដីទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ»។ (យ៉ូហាន ១៧:៤, ៥) ព្រះយេស៊ូអាចមានបន្ទូលអំពីពាក្យទាំងនោះដល់ព្រះវរបិតានៅស្ថានសួគ៌របស់ទ្រង់ ពីព្រោះទ្រង់បានសម្រេចយ៉ាងជោគជ័យនូវការសាកល្បងនៃការទទួលខុសត្រូវ ហើយព្រះបានទទួលយល់ព្រម។
៨. (ក) តើតាមរបៀបណាដែលប៉ុលបង្ហាញថា យើងត្រូវតែរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើររបស់យើង? (ខ) តើអ្វីដែលនឹងជួយយើងឲ្យផ្គាប់ព្រះហឫទ័យព្រះ?
៨ មិនដូចព្រះយេស៊ូគ្រីស្ទដែលជាមនុស្សគ្រប់ល័ក្ខណ៍ យើងជាមនុស្សឥតគ្រប់ល័ក្ខណ៍។ ប៉ុន្តែ យើងមានការទទួលខុសត្រូវចំពោះព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន? ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា ‹ «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្ដាតត្រូវសរសើរដល់ព្រះផង› »។ ដូច្នេះ យើងទាំងអស់គ្នានឹង ត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។ (រ៉ូម ១៤:១០-១២) ដើម្បីឲ្យយើងអាចធ្វើការនេះបាន ហើយឲ្យមានការយល់ព្រមពីព្រះយេហូវ៉ា ទ្រង់ប្រកបដោយសេចក្ដីស្រឡាញ់ បានប្រទានយើងនូវមនសិការនិងបន្ទូលរបស់ទ្រង់ ព្រះគម្ពីរ ដើម្បីដឹកនាំយើងក្នុងអ្វីដែលយើងនិយាយនិងធ្វើ។ (រ៉ូម ២:១៤, ១៥; ធីម៉ូថេទី២ ៣:១៦, ១៧) ដោយឆ្លៀតយកផលប្រយោជន៍ពីសំវិធានការខាងវិញ្ញាណរបស់ព្រះយេហូវ៉ា ហើយធ្វើតាមមនសិការរបស់យើងដែលបានអប់រំពីព្រះគម្ពីរ នោះនឹងជួយយើងឲ្យផ្គាប់ព្រះហឫទ័យព្រះបាន។ (ម៉ាថាយ ២៤:៤៥-៤៧) វិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ឬសកម្មពល គឺជាប្រភពបន្ថែមនៃកម្លាំងនិងការណែនាំ។ បើសិនជាយើងធ្វើឲ្យស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណ និងការណែនាំនៃមនសិការរបស់យើងដែលបានអប់រំពីព្រះគម្ពីរ យើងបង្ហាញថា យើងមិន‹បដិសេធចោលព្រះ› ជាបុគ្គលដែលយើងត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់យើងទាំងអស់។—ថែស្សាឡូនីចទី១ ៤:៣-៨; ពេត្រុសទី១ ៣:១៦, ២១
ការទទួលខុសត្រូវជាសាសន៍
៩. តើពួកអេដំមជាពួកណា ហើយមានអ្វីកើតឡើងដល់គេដោយសារការប្រព្រឹត្តដល់អ៊ីស្រាអែលនោះ?
៩ ព្រះយេហូវ៉ាឲ្យសាសន៍នានាទទួលខុសត្រូវចំពោះសកម្មភាពរបស់គេ។ (យេរេមា ២៥:១២-១៤; សេផានា ៣:៦, ៧) សូមគិតអំពីព្រះរាជាណាចក្រនៃសាសន៍អេដំមពីដើម ស្ថិតនៅខាងត្បូងនៃសមុទ្រស្លាប់ ហើយនៅខាងជើងនៃឈូងសមុទ្រអាខ្វាបា។ ពួកអេដំមជាប្រជាជនសេមីត ដែលជាប់សាច់ញាតិនឹងពួកអ៊ីស្រាអែល។ ថ្វីបើជីដូនជីតានៃពួកអេដំមគឺលោកអេសាវ ដែលជាចៅរបស់លោកអ័ប្រាហាំក៏ដោយ គេមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលដើរកាត់ក្រុងអេដំមលើ«ផ្លូវថ្នល់របស់ស្តេច»ទេ កាលដែលដើរតាមផ្លូវទៅស្រុកដែលបានសន្យានោះ។ (ជនគណនា ២០:១៤-២១) ជាច្រើនសតវត្សកន្លងមក គំនិតខ្មាំងសត្រូវនៃពួកអេដំមបានលូតលាស់ដល់មានសម្អប់ដ៏គ្មានមេត្ដានឹងពួកអ៊ីស្រាអែល។ នៅទីបំផុត ពួកអេដំមត្រូវតែទទួលខុសត្រូវចំពោះការជំរុញរបស់គេ ឲ្យពួកបាប៊ីឡូនកំទេចចោលក្រុងយេរូសាឡិមក្នុងឆ្នាំ៦០៧ម.ស.យ.។ (ទំនុកដំកើង ១៣៧:៧) ក្នុងសតវត្សទីប្រាំមួយ ម.ស.យ. ពួកទាហានបាប៊ីឡូនក្រោមបញ្ជាការនៃស្តេចណាបូនីដាសបានមានជ័យជំនះលើស្រុកអេដំម ហើយស្រុកនេះក៏បានក្លាយទៅជាវាលរហោស្ថានដ៏ស្ងាត់ច្រៀប ដូចព្រះយេហូវ៉ាបានបញ្ជាមកមែន។—យេរេមា ៤៩:២០; អូបាឌា ៩-១១
១០. តើពួកម៉ូអាប់បានប្រព្រឹត្តយ៉ាងណាដល់ពួកអ៊ីស្រាអែល ហើយតើតាមរបៀបណាដែលព្រះឲ្យពួកម៉ូអាប់ទទួលខុសត្រូវនោះ?
១០ ពួកម៉ូអាប់ក៏ទទួលកម្មផលដូចនេះដែរ។ ព្រះរាជាណាចក្ររបស់សាសន៍ម៉ូអាប់បានស្ថិតនៅខាងជើងនៃស្រុកអេដំម ហើយនៅខាងកើតនៃសមុទ្រស្លាប់។ មុននឹងពួកអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលបានសន្យាមក ពួកម៉ូអាប់មិនមានចិត្តរួសរាយនឹងពួកគេទេ តាមមើលទៅ ពួកគេផ្ដល់ឲ្យនំប៉័ងនិងទឹកដើម្បីចង់បានកំរៃសំរាប់ខ្លួនប៉ុណ្ណោះ។ (ចោទិយកថា ២៣:៣, ៤) ស្តេចរបស់ពួកម៉ូអាប់ នាម បាឡាក បានជួលព្យាការីបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកអ៊ីស្រាអែល ហើយពួកស្ត្រីសាសន៍ម៉ូអាប់បានប្រើឲ្យល្បួងពួកបុរសអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើអសីលធម៌ និងការថ្វាយបង្គំរូបព្រះ។ (ជនគណនា ២២:២-៨; ២៥:១-៩) ប៉ុន្តែ ព្រះយេហូវ៉ាបានកត់សម្គាល់សេចក្ដីស្អប់របស់ពួកម៉ូអាប់ដល់អ៊ីស្រាអែល។ ដូចបានទាយមក ពួកម៉ូអាប់បានទទួលការហិនវិនាសនៅក្រោមកណ្ដាប់ដៃនៃពួកបាប៊ីឡូន។ (យេរេមា ៩:២៥, ២៦; សេផានា ២:៨-១១) ត្រូវហើយ ព្រះបានឲ្យពួកម៉ូអាប់ទទួលខុសត្រូវ។
១១. ម៉ូអាប់និងពួកអាម៉ូនបានក្លាយដូចជាទីក្រុងមួយណា ហើយតើទំនាយព្រះគម្ពីរបង្ហាញយ៉ាងណា ចំពោះរបបលោកីយ៍នៅសម័យនេះ?
១១ មិនគ្រាន់តែពួកម៉ូអាប់ប៉ុណ្ណោះទេ ពួកកូនចៅអាម៉ូនក៏ត្រូវទទួលខុសត្រូវចំពោះព្រះដែរ។ ព្រះយេហូវ៉ាបានទាយប្រាប់ថា៖ «ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ។ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល នឹងអណ្ដូងអំបិល ជាទីខូចបង់នៅជានិច្ច»។ (សេផានា ២:៩) ស្រុកនៃពួកម៉ូអាប់និងអាម៉ូនត្រូវបានកំទេចចោល ដូចកាលដែលព្រះបានកំទេចចោលក្រុងសូដុំមនិងក្រុងកូម៉ូរ៉ាដែរ។ យោងទៅតាមសហគមន៍ភូគព្ភសាស្ត្រនៃក្រុងឡុងដុន ពួកអ្នកស្រាវជ្រាវបានអះអាងថា គេរកឃើញទីកន្លែងនៃការហិនហោចនៃក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា ស្ថិតនៅទិសខាងកើតនៃឆ្នេរសមុទ្រស្លាប់។ បើមានភស្តុតាងដ៏ទុកចិត្តឯណាទៀតដែលមិនទាន់រកឃើញនៅឡើយចំពោះរឿងនេះ នោះនឹងគាំទ្រតែទំនាយរបស់ព្រះគម្ពីរ បញ្ជាក់ថារបបលោកីយ៍ដ៏អាក្រក់នៅសម័យនេះ ក៏ត្រូវឲ្យទទួលខុសត្រូវដែរចំពោះព្រះយេហូវ៉ា។—ពេត្រុសទី២ ៣:៦-១២
១២. ថ្វីបើពួកអ៊ីស្រាអែលត្រូវតែរៀបរាប់ទូលថ្វាយព្រះពីបាបរបស់គេ តើមានការទាយប្រាប់អ្វីខ្លះអំពីពួកសំណល់យូដា?
១២ ថ្វីបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកអ៊ីស្រាអែលក៏ដោយ ក៏ពួកគេត្រូវតែរៀបរាប់ទូលថ្វាយព្រះអំពីបាបរបស់គេដែរ។ នៅពេលដែលព្រះយេស៊ូបានយាងមកឯសាសន៍អ៊ីស្រាអែល មនុស្សភាគច្រើនបានបដិសេធទ្រង់។ មានតែសំណល់មួយចំនួនទេដែលបានអនុវត្តជំនឿ ហើយក្លាយទៅជាអ្នកកាន់តាមទ្រង់។ ប៉ុលបានអនុវត្តទំនាយខ្លះៗដល់ពួកសំណល់យូដានេះ នៅពេលដែលគាត់សរសេរថា៖ «ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា ‹ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី› ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា ‹បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ› »។ (រ៉ូម ៩:២៧-២៩; អេសាយ ១:៩; ១០:២២, ២៣) សាវ័កប៉ុលបានយកគំរូនៃពួក៧.០០០នាក់ ក្នុងសម័យលោកអេលីយ៉ា ដែលមិនបានក្រាបថ្វាយទៅព្រះបាល ហើយរួចមក គាត់មានប្រសាសន៍ថា៖ «ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ»។ (រ៉ូម ១១:៥) ពួកសំណល់នោះមានបុគ្គលជាច្រើនដែលត្រូវទទួលខុសត្រូវចំពោះព្រះផ្ទាល់ខ្លួន។
គំរូនៃការទទួលខុសត្រូវផ្ទាល់ខ្លួន
១៣. តើអ្វីដែលបានកើតឡើងដល់កាអ៊ីន នៅពេលដែលព្រះឲ្យគាត់ទទួលខុសត្រូវចំពោះការសម្លាប់អេបិលជាប្អូនរបស់គាត់?
១៣ ព្រះគម្ពីរមានករណីជាច្រើនអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះព្រះយេហូវ៉ា។ ជាឧទាហរណ៍ សូមពិចារណាមើលអំពីកូនទីមួយរបស់អ័ដាម កាអ៊ីន។ គាត់និងប្អូនរបស់គាត់ អេបិលបានថ្វាយដង្វាយជូនព្រះយេហូវ៉ា។ ដង្វាយរបស់អេបិលបានផ្គាប់ព្រះហឫទ័យព្រះ ប៉ុន្តែដង្វាយរបស់កាអ៊ីន ទ្រង់មិនសព្វព្រះហឫទ័យទេ។ នៅពេលឲ្យទទួលខុសត្រូវចំពោះការសម្លាប់ដ៏ឃោរឃៅនៃប្អូនរបស់គាត់ កាអ៊ីនទូលប្រាប់ព្រះដោយគ្មានមេត្ដាថា៖ «តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី»? ដោយសារបាបរបស់គាត់ កាអ៊ីនត្រូវបានដេញឲ្យទៅ«នៅឯស្រុកណូឌ ខាងកើតអេដែន»។ គាត់មិនបានបង្ហាញការប្រែចិត្តដោយស្មោះចំពោះឧក្រិដ្ឋកម្មរបស់គាត់ឡើយ គឺតូចចិត្តតែទណ្ឌកម្មដ៏សមទទួលតែប៉ុណ្ណោះ។—លោកុប្បត្តិ ៤:៣-១៦
១៤. តើការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះព្រះ បានបង្ហាញយ៉ាងណាខ្លះក្នុងករណីនៃសម្ដេចសង្ឃអេលីនិងកូនរបស់គាត់?
១៤ ការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះព្រះ ក៏បានបង្ហាញមកក្នុងករណីរបស់សម្ដេចសង្ឃអ៊ីស្រាអែលម្នាក់ ឈ្មោះអេលី។ កូនរបស់គាត់ឈ្មោះ ហុបនី និង ភីនេហាស បានបំរើជាសង្ឃដែលធ្វើជាម្ចាស់លើគេ ប៉ុន្តែ «មានទោសពីអំពើអយុត្ដិធម៌ដល់មនុស្ស ហើយខ្វះការគោរពប្រតិបត្ដិដល់ព្រះ ហើយមិនជៀសវាងពីការប្រព្រឹត្តអាក្រក់ម្យ៉ាង» អ្នកប្រវត្ដិសាស្ត្រចូស៊ីហ្វឺសមានប្រសាសន៍មក។ ពួក«មនុស្សគំរក់អាក្រក់»ទាំងនេះ មិនស្គាល់ព្រះយេហូវ៉ាទេ ដោយមានចរិយាដែលប្រមាថពិសិដ្ឋវត្ថុ ហើយមានទោសនៃអំពើអសីលធម៌ដ៏ធ្ងន់។ (សាំយូអែលទី១ ១:៣; ២:១២-១៧, ២២-២៥) ជាឪពុករបស់គេ ហើយជាសម្ដេចសង្ឃនៃសាសន៍អ៊ីស្រាអែល អេលីមានភារកិច្ចទូន្មានពួកគេ ប៉ុន្តែគាត់គ្រាន់តែស្តីបន្ទោសពួកគេបន្ដិចបន្តួចប៉ុណ្ណោះ។ អេលី‹នៅតែរាប់អានកូនរបស់គាត់ជាជាងព្រះយេហូវ៉ា›។ (សាំយូអែលទី១ ២:២៩) ការដាក់ទណ្ឌកម្មក៏ធ្លាក់មកលើក្រុមគ្រួសាររបស់អេលី។ កូនទាំងពីរបានស្លាប់នៅថ្ងៃដែលឪពុករបស់គេស្លាប់ដែរ ហើយតំណែងជាសង្ឃក្នុងជួរគ្រួសាររបស់គេត្រូវបានកាត់ចោលទាំងអស់។ ដូច្នេះ ដំណើររឿងនេះក៏បានដោះស្រាយ។—សាំយូអែលទី១ ៣:១៣, ១៤; ៤:១១, ១៧, ១៨
១៥. ហេតុអ្វីក៏បុត្ររបស់ស្តេចសូល នាមយ៉ូណាថានបានទទួលរង្វាន់?
១៥ រាជបុត្រារបស់ស្តេចសូល នាមយ៉ូណាថានបានទុកគំរូឲ្យខុសស្រឡះពីនេះ។ ក្រោយពីដាវីឌបានសម្លាប់កូលីយ៉ាតបន្ដិចមក «នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់» ហើយគេក៏បានធ្វើកិច្ចព្រមព្រៀងនៃមិត្តភាពជាមួយគ្នា។ (សាំយូអែលទី១ ១៨:១, ៣) ប្រហែលជាយ៉ូណាថានបានយល់ថា វិញ្ញាណរបស់ព្រះបានចាកចេញពីស្តេចសូលហើយ ប៉ុន្តែការខ្នះខ្នែងរបស់ខ្លួនចំពោះការថ្វាយបង្គំពិតនៅខ្លាំងជានិច្ច។ (សាំយូអែលទី១ ១៦:១៤) ការអបអររបស់យ៉ូណាថានចំពោះអំណាចដែលព្រះប្រទានទៅដាវីឌ មិនដែលបានស្ទាក់ស្ទើរទេ។ យ៉ូណាថានបានដឹងអំពីការទទួលខុសត្រូវរបស់គាត់ចំពោះព្រះ ហើយព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់គាត់ចំពោះដំណើរដ៏ថ្លៃថ្នូររបស់គាត់ ដោយធានារ៉ាប់រងថាត្រកូលរបស់គាត់នឹងមានក្នុងគ្រប់តំណជារហូត។—របាក្សត្រទី១ ៨:៣៣-៤០
ការទទួលខុសត្រូវក្នុងក្រុមជំនុំគ្រីស្ទាន
១៦. តើទីតុសជាអ្នកណា ហេតុអ្វីក៏អាចនិយាយថា គាត់បានរៀបរាប់ទូលថ្វាយពីដំណើរដ៏ល្អរបស់ខ្លួនគាត់?
១៦ បទគម្ពីរគ្រីស្ទានភាសាក្រិកនិយាយយ៉ាងល្អអំពីមនុស្សប្រុសស្រីជាច្រើន ដែលបានរៀបរាប់ទូលថ្វាយខ្លួនគេដ៏ល្អ។ ជាឧទាហរណ៍ គឺមានគ្រីស្ទានជាតិក្រិកម្នាក់ឈ្មោះ ទីតុស។ យើងបានដឹងថា គាត់បានក្លាយទៅជាគ្រីស្ទាន ក្នុងកំឡុងដំបូងនៃការធ្វើដំណើរសាសនទូតរបស់ប៉ុលទៅកោះសែប្រឹស។ ដោយសារតែពួកយូដានិងពួកអ្នកចូលសាសនាយូដានៃកោះសែប្រឹស បានមកក្រុងយេរូសាឡិមក្នុងបុណ្យភិន្ដាកុស ៣៣ស.យ. បានជាសាសនាគ្រីស្ទានប្រហែលជាទៅដល់កោះនោះក្រោយមក។ (កិច្ចការ ១១:១៩) យ៉ាងណាក្ដី ទីតុសបង្ហាញថាខ្លួនជាអ្នកធ្វើការដ៏ស្មោះត្រង់ម្នាក់របស់ប៉ុល។ គាត់បានធ្វើដំណើរទៅក្រុងយេរូសាឡិមជាមួយប៉ុលនិងបាណាបាស នៅឆ្នាំ៤៩ស.យ. នៅពេលដែលរឿងនៃការកាត់ស្បែកត្រូវបានដោះស្រាយ។ ហេតុការណ៍ពិតដែលទីតុសមិនមែនជាអ្នកកាត់ស្បែក ដាក់ទម្ងន់ដល់យោបល់របស់ប៉ុលដែលថា ពួកសាសន៍ដទៃដែលចូលសាសនាគ្រីស្ទាន គឺមិនគួរនៅក្រោមក្រិត្យវិន័យម៉ូសេឡើយ។ (កាឡាទី ២:១-៣) ព្រះគម្ពីរបានសម្ដែងប្រាប់អំពីកិច្ចបំរើដ៏ល្អរបស់ទីតុស ហើយប៉ុលថែមទាំងធ្វើសំបុត្រដែលព្រះបណ្ដាលឲ្យតែងមកដល់គាត់ផង។ (កូរិនថូសទី២ ៧:៦; ទីតុស ១:១-៤) រហូតដល់អស់ជីវិតនៅលើផែនដីនេះ ទីតុសបានបន្តរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អរបស់ខ្លួនគាត់។
១៧. តើដំណើរអ្វីដែលធីម៉ូថេបានរៀបរាប់ពីខ្លួនគាត់ ហើយតើគំរូរបស់គាត់អាចមានលើយើងយ៉ាងណា?
១៧ ធីម៉ូថេក៏ជាគំរូដ៏ល្អមួយទៀតនៃបុគ្គលដែលរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អរបស់ខ្លួន។ ថ្វីបើធីម៉ូថេមានបញ្ហាខាងសុខភាពខ្លះក៏ដោយ គាត់សម្ដែង‹ជំនឿដែលឥតលាក់ពុត› ហើយ‹បានបំរើជាមួយប៉ុលក្នុងការពង្រីកដំណឹងល្អ›។ ដូច្នេះ សាវ័កប៉ុលអាចប្រាប់ពួកគ្រីស្ទានក្នុងក្រុងភីលីពថា៖ «ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់[ធីម៉ូថេ] ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ»។ (ធីម៉ូថេទី២ ១:៥; ភីលីព ២:២០, ២២; ធីម៉ូថេទី១ ៥:២៣) ក្នុងការប្រឈមមុខនឹងគុណវិបត្ដិមនុស្សនិងការសាកល្បងឯទៀត យើងក៏អាចរៀបរាប់ទូលថ្វាយព្រះពីដំណើរដែលព្រះយល់ព្រមពីខ្លួនយើងដែរ។
១៨. តើលីដាជាអ្នកណា ហើយតើគាត់បានបង្ហាញគំនិតយ៉ាងណា?
១៨ លីដាជាស្ត្រីដែលគោរពព្រះ ដែលបានរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អរបស់ខ្លួន។ នាងនិងគ្រួសារជាអ្នកដំបូងក្នុងអឺរ៉ុបដែលបានទទួលយកសាសនាគ្រីស្ទាន ពេលប៉ុលបានទៅទីនោះក្នុងក្រុងភីលីពប្រហែលឆ្នាំ៥០ស.យ.។ ជាជនជាតិធីអារ៉ា លីដាប្រហែលជាអ្នកចូលសាសនាយូដា ប៉ុន្តែប្រហែលជាមានពួកសាសន៍យូដាតែបន្ដិចទេ ហើយគ្មានព្រះវិហារក្នុងក្រុងភីលីព។ គាត់និងពួកស្ត្រីឯទៀតបានមកប្រជុំនៅឯមាត់ទន្លេ នៅពេលដែលប៉ុលបាននិយាយជាមួយពួកគេ។ ជាលទ្ធផល លីដាបានក្លាយទៅជាគ្រីស្ទាន ហើយមានជ័យជំនះក្នុងការសុំប៉ុលនិងគូកនរបស់លោកឲ្យស្នាក់នៅជាមួយគាត់។ (កិច្ចការ ១៦:១២-១៥) ការទទួលរាក់ទាក់ដែលលីដាបានបង្ហាញ ជាលក្ខណៈសម្គាល់គ្រីស្ទានពិត។
១៩. ដោយសារការប្រព្រឹត្តល្អអ្វីដែលនាងក្ដាន់បានរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អនៃខ្លួននាង?
១៩ នាងក្ដាន់ជាស្ត្រីម្នាក់ទៀត ដែលរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អនៃខ្លួននាង។ នៅពេលដែលនាងបានស្លាប់ ពេត្រុសបានទៅក្រុងយ៉ុបប៉េតាមសំណូមពរពីពួកសិស្សដែលរស់នៅទីនោះ។ បុរសពីរនាក់ដែលបានជួបពេត្រុស «នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ»។ នាងក្ដាន់ត្រូវបានប្រោសឲ្យមានជីវិតរស់ឡើងវិញ។ ប៉ុន្តែ តើយើងត្រូវនឹកចាំតែភាពសប្បុរសរបស់គាត់ឬ? អត់ទេ នាងជា«សិស្ស»ម្នាក់ ហើយប្រាកដជាបានចូលរួមផ្សាយដែរ។ ពួកស្ត្រីគ្រីស្ទាននៅសព្វថ្ងៃនេះ ក៏‹មានកិច្ចការល្អជាច្រើនហើយមានអំណោយនៃមេត្ដា›ដែរ។ ពួកគេក៏មានចិត្តរីករាយ ដើម្បីចូលរួមផ្សាយដ៏សកម្មអំពីដំណឹងល្អនៃព្រះរាជាណាចក្រ និងការបង្កើតសិស្ស។—កិច្ចការ ៩:៣៦-៤២; ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
២០. តើមានសំនួរអ្វីដែលយើងអាចសួរខ្លួនយើង?
២០ ព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា សាសន៍និងបុគ្គលនិមួយៗត្រូវតែផ្ដល់ការទទួលខុសត្រូវចំពោះព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា។ (សេផានា ១:៧) បើសិនជាយើងថ្វាយខ្លួនដល់ព្រះ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំចាត់ទុកភារៈនិងឯកសិទ្ធិដែលព្រះប្រទានឲ្យយ៉ាងដូចម្ដេច›? តើដំណើរប្រភេទណាដែលខ្ញុំទូលថ្វាយព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ›?
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្នកអាចបង្ហាញជាភស្តុតាងយ៉ាងណា ថាពួកទេវតានិងព្រះរាជបុត្រាមានការទទួលខុសត្រូវចំពោះព្រះយេហូវ៉ា?
◻ តើមានគំរូណាខ្លះក្នុងព្រះគម្ពីរ ដែលបង្ហាញថាព្រះឲ្យសាសន៍ទទួលខុសត្រូវ?
◻ តើព្រះគម្ពីរនិយាយយ៉ាងណាអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះព្រះ?
◻ តើមានអ្នកណាខ្លះក្នុងព្រះគម្ពីរដែលបានរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អនៃខ្លួនគេ?
[រូបភាពនៅទំព័រ២៤]
ព្រះយេស៊ូគ្រីស្ទបានរៀបរាប់ទូលថ្វាយព្រះវរបិតានៅស្ថានសួគ៌ ពីដំណើរដ៏ល្អនៃអង្គទ្រង់