សូមឲ្យព្រះយេហូវ៉ាថ្វាយសេចក្ដីល្អដល់ដំណើររបស់អ្នក
«ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង . . . ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង»។—នេហេមា ១៣:២២, ៣១
១. តើជំនួយអ្វីដែលបានជួយថ្វាយខ្លួនទៅព្រះ ដើម្បីរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អ?
ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានគ្រប់ជំនួយដែលត្រូវការចាំបាច់ ដើម្បីរៀបរាប់ទូលថ្វាយទ្រង់ពីដំណើរដ៏ល្អ។ ហេតុអ្វី? ពីព្រោះពួកគេមានទំនាក់ទំនងដ៏ល្អជាមួយព្រះ ជាផ្នែកនៃអង្គការនៅលើផែនដីរបស់ទ្រង់។ ទ្រង់បានលាតត្រដាងគោលបំណងរបស់ទ្រង់ឲ្យគេ ហើយទ្រង់បានប្រទានដល់គេនូវជំនួយនិងការយល់ខាងវិញ្ញាណ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ (ទំនុកដំកើង ៥១:១១; ១១៩:១០៥; កូរិនថូសទី១ ២:១០-១៣) ដោយពិចារណាមើលកាលៈទេសៈដ៏ពិសេសទាំងនេះ ព្រះយេហូវ៉ាប្រកបដោយសេចក្ដីស្រឡាញ់ តម្រូវឲ្យអ្នកបំរើរបស់ទ្រង់លើផែនដី ឲ្យរៀបរាប់ទូលថ្វាយទ្រង់ពីដំណើរនៃខ្លួនគេ គឺថាគេជាអ្នកណា ហើយចំពោះអ្វីដែលគេបានសម្រេចដោយសារកម្លាំង និងដោយជំនួយនៃវិញ្ញាណបរិសុទ្ធរបស់ទ្រង់។
២. (ក) តើក្នុងវិធីណាដែលនេហេមាទូលថ្វាយព្រះពីដំណើរដ៏ល្អនៃខ្លួនគាត់? (ខ) តើនេហេមាបានបញ្ចប់សៀវភៅព្រះគម្ពីរដែលមានឈ្មោះគាត់ នឹងពាក្យអង្វរអ្វី?
២ បុរសម្នាក់ដែលបានរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អនៃខ្លួនគាត់ គឺនេហេមា ជាអ្នកថ្វាយពែងឲ្យស្តេចអើថាស៊ើកសេសនៃសាសន៍ពើស៊ី (ឡុងគីម៉ានូស)។ (នេហេមា ២:១) នេហេមាបានក្លាយទៅជាចៅហ្វាយនៃពួកយូដា ហើយបានសង់កំផែងយេរូសាឡិម ដោយប្រឈមមុខនឹងពួកសត្រូវនិងគ្រោះថ្នាក់។ ដោយមានចិត្តខ្នះខ្នែងចំពោះការថ្វាយបង្គំពិត គាត់បានពង្រឹងច្បាប់របស់ព្រះ ហើយបានសម្ដែងសេចក្ដីខ្វល់ខ្វាយដល់ពួកដែលគេជិះជាន់។ (នេហេមា ៥:១៤-១៩) នេហេមាបានដាស់តឿនពួកលេវីឲ្យសំអាតខ្លួនគេជារឿយៗ ចាំយាមទ្វារធំ ហើយញែកថ្ងៃឈប់សំរាកចេញជាបរិសុទ្ធ។ ដូច្នេះ គាត់អាចអធិស្ឋានថា៖ «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្ដាដល់ទូលបង្គំ ដោយសេចក្ដីសប្បុរសទ្រង់ដ៏ធំ»។ ដោយត្រឹមត្រូវដែរ នេហេមាបានបញ្ចប់សៀវភៅដែលព្រះបណ្ដាលឲ្យតែងថា៖ «ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង»។—នេហេមា ១៣:២២, ៣១
៣. (ក) តើអ្នកនឹងរៀបរាប់បុគ្គលដែលធ្វើល្អយ៉ាងណា? (ខ) ដោយជញ្ជឹងគិតពីដំណើររបស់នេហេមា ប្រហែលជាបណ្ដាលឲ្យយើងសួរសំនួរអ្វីអំពីខ្លួនយើង?
៣ បុគ្គលដែលធ្វើល្អគឺប្រកបដោយគុណធម៌ ហើយប្រព្រឹត្តទៀងត្រង់សំរាប់ប្រយោជន៍ដល់អ្នកដទៃ។ នេហេមាជាបុគ្គលបែបនេះ។ គាត់មានចិត្តកោតខ្លាចដ៏គោរពដល់ព្រះ ហើយមានចិត្តខ្នះខ្នែងចំពោះការថ្វាយបង្គំពិត។ ម្យ៉ាងវិញទៀត គាត់មានអំណរគុណចំពោះឯកសិទ្ធិរបស់គាត់ក្នុងការបំរើព្រះ ហើយបានរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អរបស់ខ្លួន។ ដោយជញ្ជឹងគិតដល់ដំណើររឿងរបស់គាត់ សូមឲ្យយើងសួរខ្លួនយើង ‹តើខ្ញុំចាត់ទុកឯកសិទ្ធិនិងភារកិច្ចដែលព្រះប្រទានមកយ៉ាងដូចម្ដេចដែរ? តើដំណើររឿងបែបណាដែលខ្ញុំកំពុងតែទូលថ្វាយដល់ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ›?
ចំណេះដែលធ្វើឲ្យយើងទទួលខុសត្រូវ
៤. តើបញ្ជាអ្វីដែលព្រះយេស៊ូប្រទានដល់ពួកអ្នកកាន់តាមទ្រង់ ហើយតើពួកអ្នកដែល‹ត្រូវទទួលជីវិតអស់កល្បជានិច្ច›ត្រូវធ្វើអ្វី?
៤ ព្រះយេស៊ូប្រទានបញ្ជានេះទៅពួកអ្នកកាន់តាមទ្រង់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) ការបញ្ចុះបញ្ចូលឲ្យមានសិស្សគឺធ្វើឡើងដោយបង្រៀនពួកគេ។ ដូច្នេះ ពួកអ្នកដែលបានរៀន ហើយដែល‹ត្រូវទទួលជីវិតអស់កល្បជានិច្ច› នឹងត្រូវធ្វើបុណ្យជ្រមុជទឹក ដូចជាព្រះយេស៊ូបានធ្វើនោះដែរ។ (កិច្ចការ ១៣:៤៨; ម៉ាកុស ១:៩-១១) សេចក្ដីប្រាថ្នារបស់គេក្នុងការធ្វើអ្វីៗទាំងអស់ដែលទ្រង់បានបញ្ជាមកនោះ គឺត្រូវចេញមកពីចិត្ត។ ដោយរៀនសូត្រនិងអនុវត្តតាមចំណេះវិជ្ជាត្រឹមត្រូវនៃបន្ទូលរបស់ព្រះ ពួកគេនឹងមកដល់កំរិតនៃការថ្វាយខ្លួន។—យ៉ូហាន ១៧:៣
៥, ៦. តើយើងអាចយល់ពាក្យយ៉ាកុប ៤:១៧ យ៉ាងណា? សូមពន្យល់នៃការអនុវត្តនេះ។
៥ កាលណាយើងមានចំណេះខាងព្រះគម្ពីរដ៏ជ្រៅ នោះគ្រឹះចំពោះជំនឿរបស់យើងនឹងកាន់តែបានល្អឡើង។ នៅពេលដដែលនេះ ការទទួលខុសត្រូវរបស់យើងចំពោះព្រះ ក៏កាន់តែមានច្រើនឡើងដែរ។ យ៉ាកុប ៤:១៧ ចែងថា៖ «ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ»។ សេចក្ដីថ្លែងនេះ តាមមើលទៅជាសេចក្ដីថ្លែងបញ្ចប់ចំពោះអ្វីដែលយ៉ាកុបបានមានប្រសាសន៍អំពីការអួតខ្លួន ជាជាងការទុកចិត្តទាំងស្រុងទៅលើព្រះ។ បើសិនជាបុគ្គលម្នាក់ដឹងថា ដោយគ្មានជំនួយពីព្រះ គាត់មិនអាចប្រព្រឹត្តធ្វើអ្វីជាស្ថាពរបាន ប៉ុន្តែមិនប្រព្រឹត្តឲ្យស្របតាមនោះ នេះក៏ជាបាបមួយដែរ។ ប៉ុន្តែ ពាក្យរបស់យ៉ាកុបក៏អាចទាក់ទងនឹងបាបដែលមិនអើពើដែរ។ ឧទាហរណ៍ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនៃចៀមនិងពពែ ពពែត្រូវបានផ្ដន្ទាទោស មិនមែនដោយការប្រព្រឹត្តអាក្រក់នោះទេ ប៉ុន្តែដោយការមិនអើពើជួយដល់បងប្អូនរបស់ព្រះគ្រីស្ទ។—ម៉ាថាយ ២៥:៤១-៤៦
៦ បុរសម្នាក់ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានសិក្សាព្រះគម្ពីរជាមួយ មិនបានលូតលាស់ខាងវិញ្ញាណទេ។ នេះតាមមើលទៅគឺដោយសារគាត់មិនឈប់ជក់បារី ថ្វីបើគាត់ដឹងថា គាត់ត្រូវតែឈប់ក៏ដោយ។ អ្នកចាស់ទុំម្នាក់បានសុំឲ្យគាត់អានយ៉ាកុប ៤:១៧។ ក្រោយពីបានថ្លែងនូវសារៈសំខាន់នៃបទគម្ពីរនេះ អ្នកចាស់ទុំមានប្រសាសន៍ថា៖ «ថ្វីបើអ្នកមិនទាន់បានធ្វើបុណ្យជ្រមុជទឹកក៏ដោយ អ្នកក៏មានការទទួលខុសត្រូវ ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសេចក្ដីសម្រេចចិត្តរបស់អ្នក»។ យ៉ាងសប្បាយណាស់ បុរសនេះបានធ្វើតាម ហើយបានឈប់ជក់បារី រួចមកមិនយូរប៉ុន្មានក៏មានសិទ្ធិទទួលធ្វើបុណ្យជ្រមុជទឹក ជានិមិត្តរូបនៃការថ្វាយខ្លួនរបស់គាត់ដល់ព្រះយេហូវ៉ា។
ការទទួលខុសត្រូវចំពោះកិច្ចបំរើរបស់យើង
៧. តើអ្វីជាវិធីមួយដើម្បីសម្ដែងកតញ្ញូធម៌របស់យើងចំពោះ‹ចំណេះនៃព្រះ›?
៧ សេចក្ដីប្រាថ្នាពីចិត្តរបស់យើងគួរតែដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះអាទិទេពរបស់យើង។ វិធីមួយដើម្បីសម្ដែងកតញ្ញូធម៌របស់យើងចំពោះ‹ចំណេះនៃព្រះ› គឺដោយការអនុវត្តតាមបញ្ជាក្នុងការបង្កើតឲ្យមានសិស្សនៃរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។ នេះក៏ជាវិធីមួយក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះនិងអ្នកជិតខាងរបស់យើងដែរ។ (សុភាសិត ២:១-៥; ម៉ាថាយ ២២:៣៥-៤០) ត្រូវហើយ ចំណេះនៃព្រះរបស់យើង គឺធ្វើឲ្យយើងទទួលខុសត្រូវដល់ទ្រង់ ហើយយើងត្រូវចាត់ទុកមនុស្សគ្រប់គ្នា ជាអ្នកដែលអាចទៅជាសិស្សម្នាក់ដែរ។
៨. ហេតុអ្វីក៏យើងអាចនិយាយថា ប៉ុលមានការទទួលខុសត្រូវដល់ព្រះចំពោះកិច្ចបំរើរបស់គាត់?
៨ សាវ័កប៉ុលបានដឹងថា ការទទួលអស់ពីចិត្តនិងការគោរពតាមដល់ដំណឹងល្អ នឹងបានសង្គ្រោះជាលទ្ធផល តែការបដិសេធដំណឹងល្អនេះ អាចនាំឲ្យមានសេចក្ដីហិនវិនាស។ (ថែស្សាឡូនីចទី២ ១:៦-៨) ដូច្នេះ គាត់ដឹងថាគាត់មានការទទួលខុសត្រូវដល់ព្រះយេហូវ៉ាចំពោះកិច្ចបំរើផ្សាយរបស់គាត់។ តាមពិត ប៉ុលនិងពួកគូកនរបស់គាត់បានអបអរកិច្ចបំរើរបស់គេយ៉ាងខ្លាំង ដែលគេខំជៀសវាងមិនទាំងឲ្យមនុស្សយល់ថា គេធ្វើនេះដោយយកចំណេញលុយកាក់នោះឡើយ។ ម្យ៉ាងទៀត ចិត្តរបស់ប៉ុលបានជំរុញគាត់ឲ្យនិយាយថា៖ «បើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ»។—កូរិនថូសទី១ ៩:១១-១៦
៩. តើបំណុលដ៏សំខាន់អ្វីដែលគ្រីស្ទានទាំងអស់ត្រូវតែសង?
៩ ជាអ្នកបំរើដែលថ្វាយខ្លួនដល់ព្រះយេហូវ៉ា ‹សេចក្ដីត្រូវការបានដាក់មកលើយើងឲ្យប្រកាសដំណឹងល្អ›។ នេះជាបញ្ជារបស់យើងដើម្បីផ្សាយសារព្រះរាជាណាចក្រ។ យើងបានទទួលភារកិច្ចនេះ នៅពេលដែលយើងបានថ្វាយខ្លួនដល់ព្រះ។ (ប្រៀបធៀប លូកា ៩:២៣, ២៤) ម្យ៉ាងទៀត យើងមានបំណុលដើម្បីសង។ ប៉ុលបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្ដីជំពាក់ទាំងសាសន៍ក្រេកនឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ នឹងអ្នកខ្លៅផង ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ»។ (រ៉ូម ១:១៤, ១៥) ប៉ុលជាអ្នកជំពាក់ ពីព្រោះគាត់ដឹងថា ជាភារកិច្ចរបស់គាត់ដើម្បីផ្សាយឲ្យមនុស្សឮដំណឹងល្អ ហើយឲ្យបានសង្គ្រោះ។ (ធីម៉ូថេទី១ ១:១២-១៦; ២:៣, ៤) ដូច្នេះ គាត់បានធ្វើការដើម្បីបំពេញបញ្ជារបស់គាត់ ហើយសងបំណុលរបស់គាត់ទៅមនុស្សគ្រប់គ្នា។ ជាគ្រីស្ទាន យើងក៏មានបំណុលបែបនេះដើម្បីសងដែរ។ ការផ្សាយព្រះរាជាណាចក្រជាវិធីដ៏សំខាន់មួយ ក្នុងការសម្ដែងសេចក្ដីស្រឡាញ់ដល់ព្រះ រាជបុត្រា និងពួកអ្នកជិតខាងរបស់យើង។—លូកា ១០:២៥-២៨
១០. ដោយធ្វើអ្វីដែលបុគ្គលខ្លះបានពង្រីកកិច្ចបំរើរបស់គេ?
១០ វិធីមួយដើម្បីរៀបរាប់ទូលថ្វាយព្រះពីដំណើរដែលទ្រង់យល់ព្រម គឺដោយប្រើសមត្ថភាពរបស់យើងដើម្បីពង្រីកកិច្ចបំរើរបស់យើង។ ឧទាហរណ៍៖ ក្នុងឆ្នាំថ្មីៗនេះ គឺមានមនុស្សគ្រប់សញ្ជាតិជាច្រើនបានចូលមកប្រទេសអង់គ្លេស។ ដើម្បីផ្សាយដំណឹងល្អដល់មនុស្សបែបនេះ មានពួកអ្នកត្រួសត្រាយជាង៨០០នាក់ (ពួកអ្នកផ្សាយដំណឹងល្អពេញពេល) ហើយស្មរបន្ទាល់រាប់រយនាក់ទៀតគឺកំពុងតែរៀនភាសាផ្សេងៗ។ ជាលទ្ធផលក៏មានសេចក្ដីជំរុញដ៏ល្អដល់កិច្ចបំរើផ្សាយ។ អ្នកត្រួសត្រាយម្នាក់ដែលបង្រៀនភាសាចិន និយាយថា៖ «ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំនឹងបង្រៀនភាសារបស់ខ្ញុំដល់ស្មរបន្ទាល់ឯទៀតសោះ ដើម្បីឲ្យគេចូលរួមផ្សាយសេចក្ដីពិតដល់អ្នកដទៃតាមវិធីនេះ។ នេះជាអ្វីដ៏ស្កប់ចិត្តណាស់»! តើអ្នកអាចពង្រីកកិច្ចបំរើរបស់អ្នកតាមវិធីស្រដៀងគ្នានេះបានទេ?
១១. តើមានអ្វីជាលទ្ធផលនៅពេលដែលគ្រីស្ទានម្នាក់បានផ្សាយក្រៅផ្លូវការ?
១១ ប្រហែលជាយើងម្នាក់ៗនឹងធ្វើអស់ពីសមត្ថភាពដើម្បីសង្គ្រោះមនុស្សដែលកំពុងតែលង់ទឹក។ ពួកអ្នកបំរើព្រះយេហូវ៉ាក៏មានចិត្តខ្នះខ្នែងដូចនេះ ក្នុងការប្រើសមត្ថភាពរបស់គេដើម្បីធ្វើបន្ទាល់ក្នុងគ្រប់ឱកាសដែលហុចឲ្យ។ ពេលថ្មីៗនេះ ស្មរបន្ទាល់ម្នាក់បានអង្គុយជិតស្ត្រីម្នាក់នៅលើរថយន្តធំ ហើយបាននិយាយជាមួយគាត់អំពីបទគម្ពីរ។ ដោយមានចិត្តរំភើបនូវអ្វីដែលគាត់បានរៀន ស្ត្រីនេះបានសួរសំនួរជាច្រើន។ នៅពេលដែលស្មរបន្ទាល់ហៀបនឹងចុះពីរថយន្តធំ ស្ត្រីនេះបានអង្វរសុំឲ្យនាងមកផ្ទះរបស់គាត់វិញ ពីព្រោះគាត់នៅមានសំនួរច្រើនទៀត។ ស្មរបន្ទាល់នេះក៏បានយល់ព្រម។ តើមានលទ្ធផលអ្វី? ការសិក្សាព្រះគម្ពីរក៏បានចាប់ផ្ដើមឡើង ហើយប្រាំមួយខែក្រោយមក ស្ត្រីនេះក៏បានក្លាយទៅជាអ្នកផ្សាយព្រះរាជាណាចក្រដែលមិនទាន់ជ្រមុជទឹក។ មិនយូរប៉ុន្មានក្រោយមក ស្ត្រីនេះបានបង្រៀនព្រះគម្ពីរដល់គេប្រាំមួយនាក់របស់ខ្លួនផ្ទាល់។ នេះជារង្វាន់ដ៏រំភើបណាស់ ដោយប្រើសមត្ថភាពរបស់យើងក្នុងកិច្ចបំរើព្រះរាជាណាចក្រ!
១២. តើសមត្ថភាពរបស់យើងជាអ្នកបំរើអាចយកមកប្រើឲ្យមានប្រយោជន៍ក្នុងការផ្សាយយ៉ាងណា?
១២ សមត្ថភាពរបស់យើងជាអ្នកបំរើ អាចយកមកប្រើយ៉ាងប្រសិទ្ធិភាព ដោយប្រើប្រកាសនវត្ថុដូចជាសៀវភៅដែលមាន១៩២ទំព័រ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ មកដល់ខែមេសាឆ្នាំ១៩៩៦ គណៈកម្មាធិការនិពន្ធនៃគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា បានអនុញ្ញាតឲ្យបោះពុម្ពសៀវភៅចំណេះនេះ ក្នុង១៤០ភាសា ហើយមកដល់ពេលនោះ មាន៣០.៥០០.០០០ក្បាលត្រូវបានបោះពុម្ពក្នុង១១១ភាសា។ សៀវភៅនេះបានសរសេរមកដោយមានបំណងដើម្បីជួយសិស្សព្រះគម្ពីរ ឲ្យរៀនអំពីបន្ទូលរបស់ព្រះនិងរាជបំណងរបស់ទ្រង់ឲ្យបានគ្រប់គ្រាន់ ដើម្បីថ្វាយខ្លួនរបស់គេដល់ព្រះយេហូវ៉ា ហើយធ្វើបុណ្យជ្រមុជទឹក។ ពីព្រោះពួកអ្នកផ្សាយព្រះរាជាណាចក្រនឹងមិនបង្រៀនព្រះគម្ពីរនៅឯផ្ទះជាមួយសិស្សដដែលនេះអស់រយៈជាច្រើនឆ្នាំនោះ ពួកគេអាចបង្រៀនដល់មនុស្សជាច្រើនទៀត ឬពង្រីកការចូលរួមរបស់គេផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយតាមកិច្ចបំរើផ្សេងៗទៀត។ (កិច្ចការ ៥:៤២; ២០:២០, ២១) ដោយដឹងអំពីការទទួលខុសត្រូវរបស់គេចំពោះព្រះ ពួកគេដឹកនាំស្មារតីតដល់ការព្រមានព្រះ។ (អេសេគាល ៣៣:៧-៩) ប៉ុន្តែ គោលបំណងគេដ៏សំខាន់គឺឲ្យកិត្ដិយសដល់ព្រះយេហូវ៉ា ហើយជួយមនុស្សជាច្រើនដែលគេអាចធ្វើទៅបាន ឲ្យរៀនអំពីដំណឹងល្អក្នុងរយៈពេលដ៏ខ្លីដែលមានសល់ចំពោះរបបលោកីយ៍ដ៏អាក្រក់នេះ។
ការរៀបរាប់ទូលថ្វាយដំណើរដ៏ល្អជាគ្រួសារ
១៣. ហេតុអ្វីក៏គ្រួសារដែលគោរពព្រះត្រូវមានការរៀនសូត្រព្រះគម្ពីរក្នុងគ្រួសារជារឿយៗ?
១៣ មនុស្សម្នាក់ៗនិងគ្រួសារណាដែលកាន់សាសនាគ្រីស្ទានពិតនោះ គឺមានការទទួលខុសត្រូវដល់ព្រះ។ ដូច្នេះហើយគេគួរតែ«ខំឲ្យបានជឿនទៅមុខ» ហើយឲ្យក្លាយ«មានចិត្តជឿមាំមួន»។ (ហេព្រើរ ៦:១-៣; ពេត្រុសទី១ ៥:៨, ៩) ជាឧទាហរណ៍ អស់អ្នកណាដែលបានរៀនពីសៀវភៅចំណេះ ហើយបានធ្វើបុណ្យជ្រមុជទឹកនោះ ត្រូវបង្កើនចំណេះរបស់គេពីបទគម្ពីរ ដោយមកកិច្ចប្រជុំជារឿយៗ ព្រមទាំងអានព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទានផ្សេងៗទៀត។ គ្រួសារទាំងឡាយដែលគោរពព្រះ គួរតែមានការរៀនសូត្រក្នុងគ្រួសារឲ្យបានទៀងទាត់ ដ្បិតនេះហើយជាផ្លូវដ៏សំខាន់ក្នុងការ‹ចាំយាម ឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ប្រព្រឹត្តឲ្យពេញជាភាពបុរស ឲ្យមានកំឡាំង›។ (កូរិនថូសទី១ ១៦:១៣) បើសិនអ្នកជាមេគ្រួសារ អ្នកជាពិសេសគឺមានការទទួលខុសត្រូវដល់ព្រះ ដើម្បីធានារ៉ាប់រងថាគ្រួសាររបស់អ្នកត្រូវបានបំប៉នយ៉ាងល្អខាងវិញ្ញាណ។ ដូចជាអាហារដែលមានជីវជាតិធំធាត់ខាងសាច់ឈាមបណ្ដាលឲ្យមានសុខភាពល្អជាយ៉ាងណា នោះក៏ត្រូវការអាហារខាងវិញ្ញាណដ៏បរិបូរជារឿយៗដែរ បើសិនណាអ្នកនិងគ្រួសាររបស់អ្នកត្រូវរក្សា‹ឲ្យមានសេចក្ដីជំនឿត្រឹមត្រូវ›។—ទីតុស ១:១៣
១៤. តើមានលទ្ធផលយ៉ាងណាពីការធ្វើបន្ទាល់នៃក្មេងស្រីអ៊ីស្រាអែលដ៏ចេះដឹងម្នាក់?
១៤ បើសិនជាអ្នកមានកូនចៅក្នុងគ្រួសាររបស់អ្នក ព្រះនឹងថ្វាយសេចក្ដីល្អដល់ដំណើររបស់អ្នក ដែលបានឲ្យណែនាំខាងវិញ្ញាណដ៏ត្រឹមត្រូវដល់គេ។ ការបង្រៀនបែបនេះនឹងមានប្រយោជន៍ដល់គេ ដូចជាមានប្រយោជន៍ដល់ក្មេងស្រីអ៊ីស្រាអែលម្នាក់ ដែលត្រូវបានពួកស៊ីរីចាប់ ក្នុងសម័យព្យាការីរបស់ព្រះ ឈ្មោះអេលីសេ។ ក្មេងនេះបានក្លាយទៅជាអ្នកបំរើរបស់ភរិយានៃមេទ័ពសាសន៍ស៊ីរីគឺលោកណាម៉ាន់ ដែលមានជម្ងឺឃ្លង់។ ថ្វីបើនាងមានអាយុក្មេងក៏ដោយ នាងបានប្រាប់ចៅហ្វាយស្រីរបស់នាងថា៖ «ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំបាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ»។ ដោយសារនាងបានធ្វើបន្ទាល់នោះ លោកណាម៉ាន់បានទៅអ៊ីស្រាអែល ហើយនៅទីបំផុត បានធ្វើតាមការណែនាំរបស់លោកអេលីសេ ឲ្យចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់ប្រាំពីរដង ហើយលោកក៏បានជាស្អាតពីជម្ងឺឃ្លង់។ ម្យ៉ាងទៀត លោកណាម៉ាន់ក៏បានក្លាយទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ។ នេះច្បាស់ជាធ្វើឲ្យក្មេងស្រីតូចនេះរំភើបចិត្តយ៉ាងណាទៅហ្ន៎!—ពង្សាវតារក្សត្រទី២ ៥:១-៣; ១៣-១៩
១៥. ហេតុអ្វីក៏ជាការសំខាន់ចំពោះឪពុកម្ដាយក្នុងការអប់រំកូនចៅរបស់គេខាងវិញ្ញាណដ៏ល្អ? សូមពន្យល់។
១៥ មិនមែនជាការស្រួលទេ ក្នុងការចិញ្ចឹមកូនក្នុងពិភពលោកដែលគ្មានសីលធម៌នៅក្រោមអំណាចរបស់សាតាំង។ (យ៉ូហានទី១ ៥:១៩) ប៉ុន្តែ ធីម៉ូថេតាំងពីក្មេងមកម្ល៉េះ ជីដូនរបស់គាត់ ឡូអ៊ីសនិងម្ដាយឈ្មោះ អ៊ើនីស បានបង្រៀនព្រះគម្ពីរដល់គាត់យ៉ាងជោគជ័យ។ (ធីម៉ូថេទី២ ១:៥; ៣:១៤, ១៥) ការរៀនសូត្រព្រះគម្ពីរជាមួយកូនចៅរបស់អ្នក ការយកពួកគេទៅឯកិច្ចប្រជុំគ្រីស្ទានជារឿយៗ ហើយក្រោយមកយកគេទៅផ្សាយជាមួយអ្នក គឺសុទ្ធតែផ្នែកនៃការអប់រំ ដែលអ្នកត្រូវតែរៀបរាប់ទូលថ្វាយព្រះពីដំណើរនេះ។ គ្រីស្ទានម្នាក់ពីប្រទេសវ៉េលស៍ ដែលឥឡូវនេះមានអាយុជាង៨០ឆ្នាំហើយនោះ បាននឹកចាំថាក្នុងទសវត្សនៃឆ្នាំ១៩២០ ឪពុករបស់គាត់បានយកទៅផ្សាយជាមួយ នៅពេលដែលបានដើរអស់១០គីឡូម៉ែត្រឆ្លងភ្នំ (ធ្វើដំណើរទៅវិញទៅមកអស់២០គីឡូម៉ែត្រ) ដើម្បីចែកចាយខិត្តប័ណ្ណព្រះគម្ពីរដល់ពួកអ្នកភូមិនៅឯជាយភ្នំជាបន្ទាប់។ គាត់និយាយដោយមានកតញ្ញូធម៌ថា៖ «គឺនៅក្នុងកំឡុងដើរនោះហើយ ដែលឪពុករបស់ខ្ញុំបានដាំបណ្ដុះសេចក្ដីពិតក្នុងចិត្តរបស់ខ្ញុំ»។
ពួកអ្នកចាស់ទុំទទួលខុសត្រូវ—តាមរបៀបណា?
១៦, ១៧. (ក) តើពួកចាស់ទុំខាងវិញ្ញាណនៅអ៊ីស្រាអែលពីសម័យបុរាណមានឯកសិទ្ធិយ៉ាងណា? (ខ) បើប្រៀបធៀបនឹងស្ថានការណ៍នៅអ៊ីស្រាអែលពីសម័យបុរាណ ហេតុអ្វីក៏មានការតម្រូវជាច្រើនពីពួកចាស់ទុំសព្វថ្ងៃនេះ?
១៦ សាឡូម៉ូនជាបុរសដ៏ឆ្លាតម្នាក់បាននិយាយថា៖ «ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) ប៉ុន្តែ មិនគ្រាន់តែមានអាយុចាស់ទេ ដែលប្រដាប់បុរសម្នាក់ឲ្យទទួលភារកិច្ចក្នុងក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះនោះ។ ពួកបុរសដែលមានគំនិតចាស់ទុំខាងវិញ្ញាណនៅអ៊ីស្រាអែលពីសម័យបុរាណ បានបំរើជាចៅក្រម ការគ្រប់គ្រងនៃយុត្ដិធម៌ និងការរក្សានៃសន្ដិភាព សណ្ដាប់ធ្នាប់ល្អ និងសុខភាពខាងវិញ្ញាណ។ (ចោទិយកថា ១៦:១៨-២០) ថ្វីបើនេះក៏ជាសេចក្ដីពិតនៃក្រុមជំនុំគ្រីស្ទានដែរ គឺតម្រូវច្រើនជាងនោះទៅទៀតពីពួកចាស់ទុំ កាលដែលរបបលោកីយ៍សម័យនេះកាន់តែជិតមកដល់។ ហេតុអ្វី?
១៧ ពួកអ៊ីស្រាអែលគឺជា‹រាស្ត្រដែលបានជ្រើសរើស› ដែលព្រះបានសង្គ្រោះពីប្រទេសអេស៊ីបនៅសម័យបុរាណ។ ពីព្រោះពួកគេបានទទួលក្រិត្យវិន័យតាមរយៈម៉ូសេ ជាអាជ្ញាកណ្ដាលរបស់គេ នោះកូនចៅរបស់គេបានកើតចូលដល់សាសន៍ដែលថ្វាយខ្លួន ហើយបានដឹងឮនឹងច្បាប់របស់ព្រះយេហូវ៉ា។ (ចោទិយកថា ៧:៦, ១១) ប៉ុន្តែ សព្វថ្ងៃនេះ គ្មានអ្នកណាមួយដែលកើតចូលទៅក្នុងសាសន៍ដែលថ្វាយខ្លួននោះទេ ហើយមានមនុស្សតិចណាស់ដែលបានចិញ្ចឹមក្នុងគ្រួសារដែលគោរពព្រះ ដែលយល់ច្បាស់លាស់នឹងសេចក្ដីពិតពីបទគម្ពីរ។ ជាពិសេស អស់អ្នកដែលទើបតែចាប់ផ្ដើម«ប្រព្រឹត្តតាមសេចក្ដីពិត» ត្រូវការណែនាំនូវរបៀបរស់នៅតាមគោលការណ៍បទគម្ពីរ។ (យ៉ូហានទី៣ ៤) ដូច្នេះ ភារកិច្ចគឺធ្លាក់ទៅលើស្មានៃពួកចាស់ទុំស្មោះត្រង់ កាលដែលគេ‹កាន់តាមគំរូពាក្យត្រឹមត្រូវ› ហើយជួយដល់រាស្ត្ររបស់ព្រះយេហូវ៉ា!—ធីម៉ូថេទី២ ១:១៣, ១៤
១៨. តើជំនួយបែបណាដែលពួកអ្នកចាស់ទុំក្រុមជំនុំត្រូវប្រុងជួយ ហើយហេតុអ្វី?
១៨ កូនក្មេងដែលកំពុងតែរៀនដើរ គឺប្រហែលជាជំពប់និងដួល។ គាត់មិនមានចិត្តផុតគ្រោះថ្នាក់ទេ ហើយត្រូវការជំនួយពីឪពុកម្ដាយនិងការធ្វើឲ្យទុកចិត្តឡើងដែរ។ បុគ្គលម្នាក់ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាក៏អាចជំពប់ឬដួលខាងវិញ្ញាណដែរ។ សូម្បីតែសាវ័កប៉ុល ក៏ត្រូវតែតស៊ូធ្វើអ្វីដែលត្រឹមត្រូវឬល្អក្នុងព្រះនេត្ររបស់ព្រះ។ (រ៉ូម ៧:២១-២៥) ពួកអ្នកគង្វាលរបស់ព្រះ ត្រូវការផ្ដល់ជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់គ្រីស្ទាន ដែលបានធ្វើខុស ប៉ុន្តែត្រូវបានកែប្រែចិត្តជាពិត។ នៅពេលដែលពួកចាស់ទុំទៅលេងស្ត្រីថ្វាយខ្លួនម្នាក់ ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់មួយ គាត់បាននិយាយក្នុងវត្តមាននៃប្ដីដែលបានថ្វាយខ្លួនថា៖ «ខ្ញុំដឹងថាអ្នកនឹងបណ្ដាច់មិត្តភាពខ្ញុំ»! ប៉ុន្តែ នាងបានទៅជាយំ នៅពេលដែលប្ដីប្រាប់ថា ពួកចាស់ទុំចង់ដឹងថានូវជំនួយអ្វីដើម្បីកសាងគ្រួសារខាងវិញ្ញាណឡើងវិញ។ ដោយដឹងថាគេត្រូវទទួលការខុសត្រូវ ពួកចាស់ទុំមានចិត្តយ៉ាងរីករាយដើម្បីជួយអ្នកជឿព្រះដែលបានកែប្រែចិត្ត។—ហេព្រើរ ១៣:១៧
សូមបន្តរៀបរាប់ទូលថ្វាយដំណើរដ៏ល្អជានិច្ច
១៩. តើតាមរបៀបណាដែលយើងអាចបន្តរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អនៃខ្លួនយើង?
១៩ ពួកអ្នកចាស់ទុំក្រុមជំនុំ ហើយនិងអ្នកបំរើព្រះរាល់គ្នា ត្រូវតែបន្តរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដ៏ល្អរបស់គេ។ នេះគឺអាចធ្វើទៅបាន បើសិនជាយើងកាន់តាមបន្ទូលរបស់ព្រះ ហើយធ្វើតាមបំណងរបស់ព្រះ។ (សុភាសិត ៣:៥, ៦; រ៉ូម ១២:១, ២, ៩) យើងជាពិសេសចង់ធ្វើការល្អដល់អ្នកដែលជាប់សាច់ញាតិក្នុងជំនឿ។ (កាឡាទី ៦:១០) ប៉ុន្តែ ចំរូតនៅមានច្រើនណាស់ ហើយអ្នកធ្វើការគឺមានតិចណាស់។ (ម៉ាថាយ ៩:៣៧, ៣៨) ដូច្នេះ សូមឲ្យយើងធ្វើល្អដល់អ្នកដទៃ ដោយខំយកចិត្តទុកដាក់ផ្សាយសារព្រះរាជាណាចក្រ។ ព្រះយេហូវ៉ានឹងថ្វាយដំណើរល្អដល់យើង បើសិនជាយើងបំពេញការឧទ្ទិសថ្វាយព្រះរបស់យើង ធ្វើតាមបំណងព្រះហឫទ័យទ្រង់ ហើយប្រកាសដំណឹងល្អដោយស្មោះត្រង់។
២០. តើអ្វីដែលយើងបានរៀនដោយពិចារណាមើលដំណើរនៃនេហេមា?
២០ ដូច្នេះ សូមឲ្យយើងបន្តឲ្យមានកិច្ចការធ្វើច្រើនក្នុងកិច្ចការរបស់ព្រះអម្ចាស់។ (កូរិនថូសទី១ ១៥:៥៨) ហើយយើងនឹងទទួលប្រយោជន៍ ដោយគិតអំពីគំរូរបស់នេហេមា ដែលបានស្ថាបនាកំផែងក្រុងយេរូសាឡិមឡើងវិញ ពង្រឹងច្បាប់របស់ព្រះ ហើយមានចិត្តខ្នះខ្នែងផ្សព្វផ្សាយការថ្វាយបង្គំពិត។ គាត់បានអធិស្ឋានឲ្យព្រះយេហូវ៉ាចងចាំគាត់ ចំពោះសេចក្ដីល្អដែលគាត់បានធ្វើ។ សូមឲ្យអ្នកបានក្លាយទៅជាបុគ្គលថ្វាយខ្លួនដល់ព្រះយេហូវ៉ាបែបនោះដែរ ហើយសូមឲ្យទ្រង់ថ្វាយសេចក្ដីល្អដល់ដំណើររបស់អ្នក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើនេហេមាបានទុកគំរូអ្វី?
◻ ហេតុអ្វីក៏មានចំណេះធ្វើឲ្យយើងទទួលខុសត្រូវដល់ព្រះ?
◻ តើតាមរបៀបណាដែលយើងអាចរៀបរាប់ទូលថ្វាយព្រះយេហូវ៉ាពីដំណើរដែលទ្រង់យល់ព្រមក្នុងកិច្ចបំរើរបស់យើង?
◻ តើគ្រួសារទាំងឡាយអាចធ្វើអ្វីដើម្បីរៀបរាប់ទូលថ្វាយព្រះពីដំណើរដ៏ល្អ?
◻ តើតាមរបៀបណាដែលពួកចាស់ទុំគ្រីស្ទានទទួលការខុសត្រូវ?