បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១០ ទំ. ១០-១៥
  • «សាសន៍ស្រាអែលនៃព្រះ»និង«ពួកហ្វូងធំ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «សាសន៍ស្រាអែលនៃព្រះ»និង«ពួកហ្វូងធំ»
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ពួក​ហ្វូង​ធំ»
  • គំរូនៃ​‹ព្រះ​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ›
  • ពួក​ជន​បរទេស​ក្នុង​ប្រទេស​អ៊ីស្រាអែល
  • សាសន៍​ខាង​វិញ្ញាណ
  • ការ​សម្រេច​ខាង​ស្ថានសួគ៌
  • ការរស់នៅជាមួយគ្នាក្នុង«ស្រុក»ដែលស្ថាបនាឡើងជាថ្មី
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • សង្ឃដែលមានតំណែងជាស្ដេចផ្ដល់ពរឲ្យមនុស្សជាតិ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១០ ទំ. ១០-១៥

«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»​និង«ពួក​ហ្វូង​ធំ»

«ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ»។—វិវរណៈ ៧:៩

១​-​៣. (ក) តើ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​ខាង​ស្ថានសួគ៌​អ្វី? (ខ) តើ​សាតាំង​បាន​ខំ​ព្យាយាម​ដើម្បី​នឹង​កំទេច​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​យ៉ាង​ដូច​ម្ដេច? (គ) តើ​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩​ដែល​បង្ហាញ​ថា ការ​ខំ​ខ្នះខ្នែង​របស់​សាតាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ពុក​រលួយ​ដល់​ក្រុមជំនុំ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​បរាជ័យ​នោះ?

ការ​ចាប់​ផ្ដើម​នៃ​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»​ក្នុង​ឆ្នាំ​៣៣​ស.យ.ជា​ជំហាន​ដ៏​ធំ​មួយ​នៃ​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (កាឡាទី ៦:១៦) ពួក​សមាជិក​ចាក់​ប្រេង​តាំង​មាន​សង្ឃឹម​ជា​សត្តនិករ​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ ហើយ​និង​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​សួគ៌ា​របស់​ព្រះ។ (កូរិនថូសទី១ ១៥:៥០, ៥៣, ៥៤) ដោយ​មាន​ឋានៈ​បែប​នេះ ពួក​គេ​មាន​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ហើយ​និង​កិន​ក្បាល​មេ​សត្រូវ គឺ​អារក្ស​សាតាំង។ (លោកុប្បត្តិ ៣:១៥; រ៉ូម ១៦:២០) ដូច្នេះ​ហើយ​បាន​ជា​សាតាំង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​វា ដើម្បី​នឹង​កំទេច​ចោល​ក្រុមជំនុំ​ថ្មី​នេះ ដោយ​ការ​បៀតបៀន​និង​ដោយ​ការ​ខំ​ខ្នះខ្នែង​ធ្វើ​ឲ្យ​ពុក​រលួយ!—ធីម៉ូថេ​ទី​២ ២:១៨; យូដាស ៤; វិវរណៈ ២:១០

២ កាល​ដែល​ពួក​សាវ័ក​នៅ​រស់​នៅ​ឡើយ សាតាំង​មិន​អាច​បណ្ដាល​ឲ្យ​ក្រុមជំនុំ​នេះ​បះបោរ​បាន​ឡើយ។ ប៉ុន្តែ ក្រោយ​ពី​សេចក្ដី​ស្លាប់​របស់​ពួក​គេ​មក ការ​បះបោរ​ជំនឿ​បាន​រាលដាល ហើយ​មិន​អាច​ទប់​បាន​ឡើយ។ ជា​ទីបំផុត​ក្នុង​ទស្សនៈ​របស់​មនុស្ស ក្រុមជំនុំ​ជន​គ្រីស្ទាន​ដ៏​បរិសុទ្ធ​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដើម​ឡើង​នេះ ហាក់បី​ដូច​ជា​បាន​ពុក​រលួយ នៅ​ពេល​ដែល​សាតាំង​បាន​នាំ​ឲ្យ​មាន​អ្នក​បះបោរ​ជំនឿ​ដ៏​ថោកទាប ដែល​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ជា​ពិភព​គ្រីស្ទ​សាសនា។ (ថែស្សាឡូនីចទី២ ២:៣​-​៨) យ៉ាង​ណា​ក៏​ដោយ សាសនា​គ្រីស្ទាន​ពិត​ក៏​នៅ​មាន​ដដែល។—ម៉ាថាយ ២៨:២០

៣ ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ស្រូវសាលី​និង​ស្រងែ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា​ជន​គ្រីស្ទាន​ពិត​នឹង​លូត​លាស់​មួយ​រយៈ​នៅ​ជា​មួយ​នឹង​«ស្រងែ»​ឬ​ជន​គ្រីស្ទាន​មិន​ពិត។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​មែន។ ប៉ុន្តែ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដែរ​ថា នៅ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​«មនុស្ស​របស់​នគរ​ស្ថានសួគ៌»​នឹង​ញែក​ចេញ​ពី​«ស្រងែ»​ម្ដង​ទៀត។ (ម៉ាថាយ ១៣:៣៦​-​៤៣) នេះ​ក៏​បាន​ឃើញ​ជា​ពិត​មែន។ នៅ​ឆ្នាំ​១៩១៩​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ពិត​បាន​ចាក​ចេញ​ពី​សេវកភាព​នៃ​បាប៊ីឡូន។ ព្រះ​បាន​ទទួល​ស្គាល់​ពួក​គេ​ថា​ជា​ពួក​«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ» ហើយ​ពួក​គេ​ក៏​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​យ៉ាង​ក្លាហាន។ (ម៉ាថាយ ២៤:១៤, ៤៥​-​៤៧, ព.ថ.; វិវរណៈ ១៨:៤) ពួក​គេ​ភាគ​ច្រើន​ជា​សាសន៍​ដទៃ ប៉ុន្តែ​ពីព្រោះ​តែ​ពួក​គេ​មាន​ជំនឿ​ដូច​អ័ប្រាហាំ​នោះ បើ​និយាយ​ឲ្យ​ពិត​ទៅ ពួក​គេ​ជា​‹កូន​ចៅ​របស់​អ័ប្រាហាំ›។ ពួក​គេ​ជា​សមាជិក​នៃ​ពួក​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៣:៧, ២៦​-​២៩

«ពួក​ហ្វូង​ធំ»

៤. តើ​ក្រុម​ជន​គ្រីស្ទាន​មួយ​ណា​ដែល​បាន​លេច​ចេញ​ឡើង ជា​ពិសេស​នៅ​ទសវត្សនៃ​ឆ្នាំ​១៩៣០​នោះ?

៤ នៅ​ដើម​ដំបូង ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​ការ​ផ្សាយ​នៃ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ ក៏​បាន​ក្លាយ​ទៅ​ជា​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ដែរ ជា​ពួក​សំណល់​នៃ​១៤៤.០០០​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថានសួគ៌។ (វិវរណៈ ១២:១៧) ប៉ុន្តែ ជា​ពិសេស​នៅ​ក្នុង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ ក្រុម​មួយ​ទៀត​ក៏​បាន​លេច​ខ្លួន​ឡើង។ ពួក​ទាំង​នេះ​ត្រូវ​បាន​សម្គាល់​ជា​«ចៀម​ឯ​ទៀត»នៃ​រឿង​ប្រៀបប្រដូច​អំពី​ក្រោល​ចៀម។ (យ៉ូហាន ១០:១៦) ពួក​គេ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី​មនោរម្យ។ បើ​និយាយ​ជា​អត្ថបដិរូប ពួក​គេ​ជា​កូន​ចៅ​ខាង​វិញ្ញាណ​នៃ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ (អេសាយ ៥៩:២១; ៦៦:២២; ប្រៀបធៀប​កូរិនថូសទី១ ៤:១៥, ១៦) ពួក​គេ​ទទួល​ស្គាល់​ក្រុមជំនុំ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង ជា​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ ហើយ​ដូច​ពួក​បងប្អូន​ចាក់​ប្រេង​តាំង​របស់​គេ ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​ជំនឿ​នឹង​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ ហើយ​មាន​ការ​ខ្នះខ្នែង​ក្នុង​ការ​សរសើរ​ព្រះ ហើយ​សុខ​ចិត្ត​រង​ទុក្ខ​ចំពោះ​សេចក្ដី​សុចរិត។

៥. តើ​តាម​របៀប​ណា​ដែល​ឋានៈ​នៃ​ពួក​ចៀម​ឯ​ទៀត​ត្រូវ​បាន​យល់​ច្បាស់​ឡើង​បន្ដិច​ម្ដងៗនោះ?

៥ នៅ​ដើម​ដំបូង ឋានៈ​នៃ​ពួក​ចៀម​ឯ​ទៀត​ទាំង​នេះ​មិន​បាន​យល់​ជា​ច្បាស់​លាស់​ទេ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក ការ​យល់​អំពី​ឋានៈ​នៃ​ចៀម​ឯ​ទៀត​ក៏​បាន​ច្បាស់​ឡើង។ ក្នុង​ឆ្នាំ​១៩៣២ ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដាស់​តឿន​ពួក​ចៀម​ឯ​ទៀត​ឲ្យ​ចូល​រួប​រួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ—ជា​អ្វី​មួយ​ដែល​ចៀម​ឯ​ទៀត​ជា​ច្រើន​កំពុង​តែ​ធ្វើ​ហើយ​នោះ។ នៅ​ឆ្នាំ​១៩៣៤​ពួក​ចៀម​ឯ​ទៀត​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក។ នៅ​ឆ្នាំ​១៩៣៥ ពួក​គេ​ត្រូវ​បាន​សម្គាល់​ជា​«ពួក​ហ្វូង​ធំ»​នៃ​វិវរណៈ​ជំពូក​៧។ ក្នុង​ឆ្នាំ​១៩៣៨​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ពិធី​បុណ្យ​រំឭក​មរណភាព​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​មើល។ ក្នុង​ឆ្នាំ​១៩៥១​ពួក​មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​យល់​ថា ជា​ពួក​«ចៅហ្វាយ»​ដែល​នឹង​បំរើ​«ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា»។ (ទំនុកដំកើង ៤៥:១៦; អេសាយ ៣២:១, ២) ក្នុង​ឆ្នាំ​១៩៥៣​អង្គការ​របស់​ព្រះ​នៅ​លើ​ផែនដី—ដែល​នៅ​ពេល​នោះ​មាន​ពួក​ចៀម​ឯ​ទៀត​ជា​ច្រើន​ជា​សមាជិក—ត្រូវ​បាន​ឃើញ​ថា​ជា​ក្រុម​តូច​មួយ​នៃ​សង្គម​មនុស្ស​ពី​ផែនដី​ដែល​នឹង​មាន​នៅ​ក្នុង​ពិភពលោក​ថ្មី។ នៅ​ឆ្នាំ​១៩៨៥​គេ​បាន​យល់​ឃើញ​ថា ដោយ​សារ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ ពួក​ចៀម​ឯ​ទៀត​ត្រូវ​បាន​ចាត់​ទុក​ជា​សុចរិត ដូច​ជា​មិត្ត​នឹង​ព្រះ ទាំង​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន។

៦. តើ​ឋានៈ​នៃ​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ​ជា​យ៉ាង​ណា​ដែរ ហើយ​ធ្វើ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

៦ មក​ដល់​ឥឡូវ​នេះ ក្នុង​គ្រា​នៃ​«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» ពួក​១៤៤.០០០​នាក់​ជា​ច្រើន​ត្រូវ​បាន​ស្លាប់ ហើយ​បាន​ទទួល​រង្វាន់​ខាង​ស្ថានសួគ៌​របស់​គេ។ (ធីម៉ូថេ​ទី​២ ៣:១; វិវរណៈ ៦:៩​-​១១; ១៤:១៣) ឥឡូវ​នេះ​ពួក​ជន​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី បាន​ផ្សាយ​ដំណឹង​ល្អ​សឹង​តែ​ទាំង​អស់​ទៅ​ហើយ ហើយ​ពួក​គេ​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​ដ៏​ល្អ​ក្នុង​ការ​គាំទ្រ​បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ។ (ម៉ាថាយ ២៥:៤០) ប៉ុន្តែ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ ជា​ផ្លូវ​ដែល​អាហារ​ខាង​វិញ្ញាណ​ត្រូវ​បាន​ផ្ដល់​មក​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ តើ​ពួក​ចៀម​ឯ​ទៀត​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់ បាន​ទទួល​រង្វាន់​ទៅ​ស្ថានសួគ៌​របស់​គេ? តើ​នឹង​មាន​សំវិធានការ​អ្វី​សំរាប់​ពួក​ចៀម​ឯ​ទៀត​នៅ​ពេល​នោះ? ការ​ពិនិត្យ​មើល​ដោយ​សង្ខេប​នូវ​ប្រទេស​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​នឹង​ជួយ​យើង​ឲ្យ​ឆ្លើយ​នឹង​សំនួរ​ទាំង​នេះ។

គំរូនៃ​‹ព្រះ​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ›

៧, ៨. នៅ​ក្រោម​ក្រិត្យ​វិន័យ​នៃ​កិច្ច​ព្រម​ព្រៀង តើ​ដល់​កំរិត​ណា​ដែល​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ជា​ព្រះ​រាជាណាចក្រ​នៃ​ពួក​សង្ឃ​និង​សាសន៍​បរិសុទ្ធ​នោះ?

៧ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​សាសន៍​អ៊ីស្រាអែល​ជា​សាសន៍​ដ៏​ពិសេស​របស់​ទ្រង់​នោះ ទ្រង់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ពួក​គេ ដោយ​មាន​បន្ទូល​ថា៖ «បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​[កិច្ច​ព្រម​ព្រៀង, ព.ថ.]​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ»។ (និក្ខមនំ ១៩:៥, ៦) សាសន៍​អ៊ីស្រាអែល​ជា​ប្រជា​រាស្ត្រ​ដ៏​ពិសេស​របស់​ព្រះ​យេហូវ៉ា ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ក្រិត្យ​វិន័យ​នៃ​កិច្ច​ព្រម​ព្រៀង។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សន្យា​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​នឹង​ត្រូវ​បាន​សម្រេច​នោះ?

៨ សាសន៍​អ៊ីស្រាអែល​នៅ​ពេល​ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់ បាន​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ហើយ​ទទួល​ទ្រង់​ជា​ស្តេច​របស់​គេ។ (អេសាយ ៣៣:២២) ដូច្នេះ ពួក​គេ​ជា​ព្រះ​រាជាណាចក្រ​មួយ។ ប៉ុន្តែ ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​ក្រោយ​មក សេចក្ដី​សន្យា​អំពី​«ព្រះ​រាជាណាចក្រ​មួយ»​គឺ​មាន​ន័យ​សំខាន់​ជាង​នោះ​ទៅ​ទៀត។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​ពួក​គេ​គោរព​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ពួក​គេ​ជា​ពួក​ស្អាត​បាត ដែល​បាន​ញែក​ចេញ​ពី​សាសន៍​ដទៃ​ដែល​នៅ​ជុំវិញ​ពួក​គេ។ ពួក​គេ​ជា​សាសន៍​បរិសុទ្ធ។ (ចោទិយកថា ៧:៥, ៦) តើ​ពួក​គេ​ជា​ព្រះ​រាជាណាចក្រ​នៃ​សង្ឃ​ទាំង​អស់​ឬ? ក្នុង​សាសន៍​អ៊ីស្រាអែល កុលសម្ព័ន្ធ​លេវី​បាន​ចាត់​ដោយ​ឡែក​សំរាប់​កិច្ច​បំរើ​ខាង​ព្រះ​វិហារ ហើយ​នៅ​ក្នុង​កុលសម្ព័ន្ធ​នោះ ក៏​មាន​សង្ឃ​នៃ​ពួក​លេវី។ នៅ​ពេល​ដែល​ច្បាប់​របស់​ម៉ូសេ​បាន​សម្ពោធន៍​ឡើង ពួក​ប្រុសៗនៃ​ពួក​លេវី​ត្រូវ​បាន​យក​ទៅ​ប្ដូរ​ពួក​កូន​ច្បង​នៃ​ពួក​គ្រួសារ​ដែល​មិន​មែន​ជា​ពួក​លេវី។a (និក្ខមនំ ២២:២៩; ជនគណនា ៣:១១​-​១៦, ៤០​-​៥១) ដូច្នេះ បើ​និយាយ​ជា​អត្ថបដិរូប គ្រួសារ​ទាំង​អស់​ក្នុង​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​តំណាង​ក្នុង​កិច្ច​បំរើ​ព្រះ​វិហារ។ ការ​តំណាង​តាម​របៀប​នេះ ជា​ការ​ដ៏​ជិត​បំផុត​ដែល​សាសន៍​នោះ​បាន​ធ្វើ​ជា​សង្ឃ។ យ៉ាង​ណា​ក្ដី ពួក​គេ​បាន​តំណាង​ព្រះ​យេហូវ៉ា​ពី​មុខ​សាសន៍​ទាំង​ឡាយ។ ជន​បរទេស​ណា​ដែល​ចង់​ថ្វាយ​បង្គំ​ព្រះ​ពិត ត្រូវ​តែ​រួបរួម​ជា​មួយ​សាសន៍​អ៊ីស្រាអែល។—របាក្សត្រទី២ ៦:៣២, ៣៣; អេសាយ ៦០:១០

៩. តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​បដិសេធ​ចោល​ព្រះ​រាជាណាចក្រ​ខាង​ជើង​នៃ​សាសន៍​អ៊ីស្រាអែល​‹ពី​ការ​បំរើ​ជា​សង្ឃ​ចំពោះ​ទ្រង់​នោះ›?

៩ ក្រោយ​ពី​ស្តេច​សាឡូម៉ូន​បាន​ទទួល​មរណភាព​ទៅ ប្រជា​រាស្ត្រ​របស់​ព្រះ​បាន​ញែក​ចេញ​ពី​គ្នា ដែល​មាន​សាសន៍​អ៊ីស្រាអែល​ខាង​ជើង​នៅ​ក្រោម​ស្តេច​យេរ៉ូបូម ហើយ​សាសន៍​យូដា​ខាង​ត្បូង​នៅ​ក្រោម​ស្តេច​រេហូបូម។ ដោយ​ព្រោះ​តែ​ព្រះ​វិហារ​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នៅ​តំបន់​នៃ​ស្រុក​យូដា ស្តេច​យេរ៉ូបូម​បាន​តែងតាំង​ការ​ថ្វាយ​បង្គំ​ខុស​ច្បាប់ ដោយ​រៀប​ចំ​រូប​ចម្លាក់​កូន​គោ​សំរាប់​តំបន់​របស់​ខ្លួន។ បន្ថែម​ទៅ​ទៀត «ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្ដាជន​ទាំង​ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ»។ (ពង្សាវតារក្សត្រទី១ ១២:៣១) សាសន៍​នៅ​ទិស​ខាង​ជើង​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ការ​ថ្វាយ​បង្គំ​មិន​ពិត នៅ​ពេល​ដែល​ស្តេច​អេហាប​បាន​អនុញ្ញាត​ជាយា​របស់​ទ្រង់​ឈ្មោះ យេសិបបិល ដែល​ជា​ជនជាតិ​សាសន៍​ដទៃ ឲ្យ​ស្ថាបនា​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​នៅ​ក្នុង​ស្រុក​នោះ។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​នឹង​នគរ​ដែល​បះបោរ​នោះ​ទៅ។ តាម​រយៈ​ហូសេ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះបង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ»។ (ហូសេ ៤:៦) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​សាសន៍​អាសស៊ើរ​បាន​កំទេច​ព្រះ​រាជាណាចក្រ​ខាង​ជើង​នៃ​សាសន៍​អ៊ីស្រាអែល​នោះ​ចោល​ទៅ។

១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​រាជាណាចក្រ​ខាង​ត្បូង​នៃ​សាសន៍​យូដា នៅ​ពេល​មាន​សេចក្ដី​ស្មោះ​ត្រង់​បាន​តំណាង​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​សាសន៍​ជា​ច្រើន​នោះ?

១០ ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​សាសន៍​យូដា​ខាង​ត្បូង​នោះ? ក្នុង​សម័យ​របស់​ហេសេគា​ល ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​តាម​រយៈ​អេសាយ​ថា៖ «ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ . . . ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ . . . ជា​រាស្ត្រ​ដែល​អញ​បាន​ជប​សូន​សំរាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង»។ (អេសាយ ៤៣:១០, ២១; ៤៤:២១) នៅ​ពេល​ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់ ព្រះ​រាជាណាចក្រ​ខាង​ត្បូង​បាន​ប្រកាស​ដល់​សាសន៍​ដទៃ​ផ្សេងៗអំពី​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា ហើយ​ទាក់ទាញ​ចិត្ត​ពួក​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ថ្វាយ​បង្គំ​ទ្រង់ នៅ​ឯ​ព្រះ​វិហារ​របស់​ទ្រង់ ដែល​បាន​បំរើ​ដោយ​ពួក​សង្ឃ​លេវី​ពេញ​តាម​ច្បាប់។

ពួក​ជន​បរទេស​ក្នុង​ប្រទេស​អ៊ីស្រាអែល

១១, ១២. ចូរ​ប្រាប់​ឈ្មោះ​ជន​បរទេស​ខ្លះៗដែល​បាន​មក​បំរើ​ព្រះ​យេហូវ៉ា ដែល​បាន​ចូល​រួម​ជា​មួយ​ពួក​អ៊ីស្រាអែល។

១១ ចំពោះ​ពួក​ជន​បរទេស​ដែល​បាន​ប្រព្រឹត្ត​តាម​ការ​ផ្សាយ​នេះ សំវិធានការ​បាន​ធ្វើ​ឡើង​សំរាប់​ពួក​គេ​ក្នុង​ច្បាប់​ដែល​ផ្ដល់​មក​តាម​រយៈ​លោក​ម៉ូសេ—ដែល​ប្រពន្ធ​របស់​លោក​ឈ្មោះ​សេផូរ៉ា​ពី​ស្រុក​ម៉ាឌាន។ ‹មនុស្ស​ជា​ច្រើន›​ដែល​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ប្រទេស​អេស៊ីប ហើយ​បាន​មាន​វត្តមាន​នៅ​ពេល​ដែល​ច្បាប់​បាន​ផ្ដល់​មក។ (និក្ខមនំ ២:១៦​-​២២; ១២:៣៨; ជនគណនា ១១:៤) រ៉ាហាប​និង​គ្រួសារ​របស់​នាង​ត្រូវ​បាន​សង្គ្រោះ​ពី​ក្រុង​យេរីខូរ ហើយ​ក្រោយ​មក​ក៏​បាន​គេ​ទទួល​យក​ចូល​ក្រុមជំនុំ​យូដា។ (យ៉ូស្វេ ៦:២៣​-​២៥) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គីបៀន​បាន​ចង​មេត្រីភាព​ជា​មួយ​ពួក​អ៊ីស្រាអែល ហើយ​ក៏​បាន​ចាត់​ឲ្យ​ធ្វើ​ការងារ​ដែល​ទាក់ទង​នឹង​រោង​ឧបោសថ។—យ៉ូស្វេ ៩:៣​-​២៧; សូម​មើល​ពង្សាវតារក្សត្រទី១ ៨:៤១​-​៤៣; នាងអេសធើរ ៨:១៧

១២ នៅ​ទីបំផុត ពួក​ជន​បរទេស​មាន​មុខ​ងារ​ដ៏​ខ្ពង់​ខ្ពស់។ អ៊ូរី​ជា​អ្នក​ស្រុក​យេធើ ដែល​ជា​ប្ដី​របស់​បាតសេបា បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​ចំណោម​«មនុស្ស​ខ្លាំង​ពូកែ»​របស់​ស្តេច​ដាវីឌ ហើយ​សេ​លេក​ជា​សាសន៍​អាំម៉ូន​ក៏​រួម​បញ្ចូល​ក្នុង​ចំណោម​នេះ​ដែរ។ (របាក្សត្រទី១ ១១:២៦, ៣៩, ៤១; សាំយូអែលទី២ ១១:៣, ៤) អេបេឌ​-​មេលេក ជា​សាសន៍​អេធីយ៉ូពី បាន​បំរើ​ក្នុង​ព្រះ​រាជ​វាំង ហើយ​មាន​សិទ្ធិ​ចេញ​ចូល​ទី​ដំណាក់​របស់​ស្តេច​ផង។ (យេរេមា ៣៨:៧​-​៩) ក្រោយ​ពី​សាសន៍​អ៊ីស្រាអែល​បាន​ត្រឡប់​ពី​ការ​ឃុំ​ឃាំង​នៃ​ស្រុក​បាប៊ីឡូន​វិញ ពួក​នេធីនិម​ដែល​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​នោះ បាន​មាន​ភារកិច្ច​ជា​ច្រើន​ក្នុង​ការ​ជួយ​ពួក​សង្ឃ។ (អែសរ៉ា ៧:២៤) ដោយសារ​តែ​ចំនួន​នៃ​ពួក​ជន​បរទេស​ស្មោះ​ត្រង់​ទាំង​នេះ ឬ​អាណិកជន ត្រូវ​បាន​ចាត់​ទុក​ជា​ការ​តំណាង​នៃ​ពួក​ហ្វូង​ធំ​នៅ​សព្វ​ថ្ងៃ​នេះ ស្ថានការណ៍​របស់​គេ​គឺ​ជា​ដ៏​ការ​សំខាន់​ណាស់​ចំពោះ​យើង។

១៣, ១៤. (ក) តើ​ពួក​អ្នក​ចូល​សាសនា​យូដា​មាន​ឯក​សិទ្ធិ​និង​ភារកិច្ច​ណា​ខ្លះ? (ខ) តើ​ពួក​អ៊ីស្រាអែល​ត្រូវ​ចាត់​ទុក​ពួក​អ្នក​ចូល​សាសនា​យូដា​ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​ណា?

១៣ ពួក​មនុស្ស​បែប​នេះ​ជា​អ្នក​ចូល​សាសនា​យូដា ជា​អ្នក​ថ្វាយ​បង្គំ​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​នៅ​ក្រោម​ច្បាប់​ម៉ូសេ ដែល​បាន​ញែក​ចេញ​ពី​សាសន៍​ផ្សេងៗជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល​ដែរ។ (លេវីវិន័យ ២៤:២២) ពួក​គេ​បាន​ថ្វាយ​យញ្ញបូជា បាន​ចៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​មិន​ពិត ហើយ​បាន​ចៀស​វាង​ពី​ឈាម ដូច​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ។ (លេវីវិន័យ ១៧:១០​-​១៤; ២០:២) ពួក​គេ​បាន​ជួយ​សង់​ព្រះ​វិហារ​របស់​ស្តេច​សាឡូម៉ូន ហើយ​បាន​រួបរួម​ក្នុង​ការ​ស្អាង​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ក្រោម​អំណាច​របស់​ស្តេច​អេសា និង​ស្តេច​ហេសេគា។ (របាក្សត្រទី១ ២២:២; របាក្សត្រទី២ ១៥:៨​-​១៤; ៣០:២៥) នៅ​ពេល​ដែល​ពេត្រុស​បាន​ប្រើ​សោ​ទី​មួយ​នៃ​ព្រះ​រាជាណាចក្រ​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣​ស.យ. «សាសន៍​យូដា និង​អ្នក​ចូល​សាសន៍»​បាន​ឮ​ពាក្យ​របស់​គាត់។ ប្រហែល​ជា​ពួក​ខ្លះ​ក្នុង​ចំណោម​បី​ពាន់​នាក់​ដែល​បាន​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ ជា​ពួក​អ្នក​ចូល​សាសនា​យូដា​ដែរ។ (កិច្ចការ ២:១០, ៤១) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ភីលីព​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ចូល​សាសនា​យូដា​ម្នាក់​ដែល​ជា​សាសន៍​អេធីយ៉ូពី—មុន​នឹង​ពេត្រុស​បាន​ប្រើ​សោរ​ចុង​ក្រោយ​បង្អស់​នៃ​ព្រះ​រាជាណាចក្រ​ជា​មួយ​កូ​នា​លា​ស និង​គ្រួសារ​របស់​គាត់។ (ម៉ាថាយ ១៦:១៩; កិច្ចការ ៨:២៦​-​៤០; ១០:៣០​-​៤៨) យ៉ាង​ច្បាស់​ណាស់ ពួក​អ្នក​ចូល​សាសនា​យូដា​មិន​បាន​ចាត់​ទុក​ជា​ពួក​សាសន៍​ដទៃ​ឡើយ។

១៤ យ៉ាង​ណា​ក៏​ដោយ ឋានៈ​នៃ​ពួក​អ្នក​ចូល​សាសនា​យូដា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​មិន​មាន​សភាព​ដូច​ពួក​ជនជាតិ​អ៊ីស្រាអែល​ទេ។ ពួក​អ្នក​ចូល​សាសនា​យូដា​មិន​បាន​បំរើ​ជា​សង្ឃ ហើយ​កូន​ច្បង​ទី​មួយ​របស់​គេ​ក៏​មិន​បាន​ត្រូវ​តំណាង​ក្នុង​ពួក​សង្ឃ​លេវី​ដែរ។b ហើយ​ពួក​អ្នក​ចូល​សាសនា​យូដា​ក៏​មិន​មាន​ដី​ជា​មរតក​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ។ ប៉ុន្តែ ពួក​ជនជាតិ​អ៊ីស្រាអែល​ត្រូវ​បាន​បញ្ជា​ឲ្យ​មាន​ចិត្ត​យោគ​យល់​ដល់​ពួក​អ្នក​ចូល​សាសនា​យូដា ហើយ​ឲ្យ​ចាត់​ទុក​ពួក​គេ​ដូច​ជា​បងប្អូន​វិញ។—លេវីវិន័យ ១៩:៣៣, ៣៤

សាសន៍​ខាង​វិញ្ញាណ

១៥. តើ​មាន​លទ្ធផល​យ៉ាង​ណា នៅ​ពេល​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​បាន​បដិសេធ​ចោល​ព្រះមេស្ស៊ី​នោះ?

១៥ ក្រិត្យ​វិន័យ​បាន​ស្ថាបនា​ឡើង​ដើម្បី​រក្សា​ពួក​អ៊ីស្រាអែល​ឲ្យ​បាន​ស្អាត​បាត​ពី​សាសន៍​ផ្សេងៗដែល​នៅ​ជុំវិញ​ពួក​គេ។ ប៉ុន្តែ​ក្រិត្យ​វិន័យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​សំរាប់​គោល​បំណង​មួយ​ទៀត។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ក្រិត្យ​វិន័យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ»។ (កាឡាទី ៣:២៤) ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ជនជាតិ​អ៊ីស្រាអែល​ជា​ច្រើន​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រិត្យ​វិន័យ​ដឹក​នាំ​ពួក​គេ​ទៅ​ព្រះ​គ្រីស្ទ។ (ម៉ាថាយ ២៣:១៥; យ៉ូហាន ១:១១) ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​បដិសេធ​ចោល​សាសន៍​នោះ​ទៅ ហើយ​បាន​បណ្ដាល​ឲ្យ​«អ៊ីស្រាអែល​នៃ​ព្រះ»​កើត​ឡើង។ ម្យ៉ាង​វិញ​ទៀត ទ្រង់​បាន​អញ្ជើញ​ពួក​អ្នក​ដែល​មិន​មែន​ជា​សាសន៍​យូដា​ឲ្យ​បាន​ក្លាយ​ទៅ​ជា​ប្រជា​រាស្ត្រ​ពេញលេញ​ក្នុង​សាសន៍​អ៊ីស្រាអែល​ថ្មី​នេះ។ (កាឡាទី ៣:២៨; ៦:១៦) គឺ​នៅ​ក្នុង​សាសន៍​ថ្មី​នេះ​ហើយ ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​និក្ខមនំ ១៩:៥, ៦​អំពី​សង្ឃ​ខាង​ពូជ​ស្តេច​បាន​សម្រេច​យ៉ាង​អស្ចារ្យ​នោះ។ តើ​តាម​របៀប​ណា?

១៦, ១៧. ក្នុង​ន័យ​យ៉ាង​ណា​ដែល​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី​ជា​«ពូជ​ស្តេច»? ជា​«សង្ឃ»​នោះ?

១៦ ពេត្រុស​បាន​ដក​ស្រង់​និក្ខមនំ ១៩:៦ នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ទៅ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ក្នុង​សម័យ​របស់​គាត់​ថា៖ «អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស​ជា​ពួក​សង្ឃ​ហ្លួង​ជា​សាសន៍​បរិសុទ្ធ​ជា​រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ»។ (ពេត្រុសទី១ ២:៩) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? តើ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី​ជា​ស្តេច​ឬ? គឺ​មិន​មែន​ទេ ភាព​ជា​ស្តេច​របស់​គេ​គឺ​នៅ​អនាគត។ (កូរិនថូសទី១ ៤:៨) យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ជា​«ពូជ​ស្តេច» ក្នុង​ន័យ​ថា​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​សំរាប់​ការ​ទទួល​ឯក​សិទ្ធិ​ខាង​ព្រះ​រាជាណាចក្រ។ សូម្បី​តែ​ឥឡូវ​នេះ ពួក​គេ​ជា​សាសន៍​មួយ​នៅ​ក្រោម​ស្តេច​របស់​គេ គឺ​ព្រះ​យេស៊ូ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ ព្រះ​យេហូវ៉ា។ ប៉ុល​បាន​សរសេរ​ថា៖ «[ព្រះ​យេហូវ៉ា]​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់»។—កូល៉ុស ១:១៣

១៧ តើ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី​បំរើ​ជា​សង្ឃ​ឬ? ក្នុង​វិធី​ផ្សេងៗ ពួក​គេ​បំរើ​ជា​សង្ឃ​មែន។ ជា​ក្រុមជំនុំ​មួយ ពួក​គេ​បំរើ​មុខ​ងារ​ខាង​ភាព​សង្ឃ។ ពេត្រុស​បាន​ពន្យល់​អំពី​រឿង​នេះ នៅ​ពេល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ស្អាង​ឡើង​ដូច​ជា​ថ្ម​រស់​ដែរ​ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​ជា​ពួក​សង្ឃ​បរិសុទ្ធ»។ (ពេត្រុសទី១ ២:៥; កូរិនថូសទី១ ៣:១៦) នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​សំណល់​នៃ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ជា​ក្រុម​មួយ​គឺ​«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»។ (ម៉ាថាយ ២៤:៤៥​-​៤៧, ព.ថ.) ដូច​នៅ​ក្នុង​ករណី​របស់​ពួក​អ៊ីស្រាអែល អ្នក​ណា​ម្នាក់​ដែល​ចង់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ទាក់ទង​ជា​មួយ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ។

១៨. ជា​សង្ឃ តើ​ពួក​ក្រុមជំនុំ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី មាន​ភារកិច្ច​ដ៏​សំខាន់​អ្វី?

១៨ ម្យ៉ាង​វិញ​ទៀត ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ផ្លាស់​ជំនួស​អ៊ីស្រាអែល ដោយ​មាន​សិទ្ធិ​នៃ​ការ​ធ្វើ​បន្ទាល់​អំពី​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​សាសន៍​ជា​ច្រើន។ បរិបទ​បង្ហាញ​ថា នៅ​ពេល​ដែល​ពេត្រុស​បាន​ហៅ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ជា​រាជ​សង្ឃ​ភាព​នោះ គាត់​និយាយ​អំពី​ការ​ផ្សាយ។ ត្រូវ​ហើយ គាត់​បាន​រួម​បញ្ចូល​ការ​ដក​ស្រង់​មួយ​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​និក្ខមនំ ១៩:៦ ជា​មួយ​នឹង​ពាក្យ​របស់​គាត់​ទៅ​ពួក​អ៊ីស្រាអែល​នៅ​អេសាយ ៤៣:២១ កាល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស​ជា​ពួក​សង្ឃ . . . ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ​ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់»។ (ពេត្រុសទី១ ២:៩) ក្នុង​ការ​ស្រប​ជា​មួយ​នឹង​រឿង​នេះ ប៉ុល​ក៏​បាន​និយាយ​អំពី​ការ​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​យញ្ញបូជា​នៃ​ព្រះវិហារ។ គាត់​បាន​សរសេរ​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ សរសើរ ដោយសារ[ព្រះ​យេស៊ូ] ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរមាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់»។—ហេព្រើរ ១៣:១៥

ការ​សម្រេច​ខាង​ស្ថានសួគ៌

១៩. តើ​អ្វី​ជា​ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នៃ​សេចក្ដី​សន្យា​ដែល​ថា ពួក​អ៊ីស្រាអែល​នឹង​ទៅ​ជា​ព្រះ​រាជាណាចក្រ​នៃ​សង្ឃ?

១៩ ប៉ុន្តែ​និក្ខមនំ ១៩:៥, ៦ មាន​ន័យ​យ៉ាង​ធំ​ជាង​នោះ​ទៅ​ទៀត ក្នុង​ការ​សម្រេច​សេចក្ដី​ដ៏​រុងរឿង​នេះ។ នៅ​ក្នុង​សៀវភៅ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​ឮ​ពួក​សត្តនិករ​ខាង​ស្ថានសួគ៌​បាន​អនុវត្ត​តាម​បទ​គម្ពីរ​នេះ កាល​ដែល​ពួក​គេ​សរសើរ​ព្រះ​យេស៊ូ​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថា៖ «ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ​លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី»។ (វិវរណៈ ៥:៩, ១០) ជា​ទី​បំផុត រាជ​សង្ឃ​ភាព​នៃ​ព្រះ​រាជាណាចក្រ​សួគ៌ា​របស់​ព្រះ ជា​អំណាច​គ្រប់គ្រង​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​សូម​នោះ។ (លូកា ១១:២) ពួក​១៤៤.០០០​នាក់​ទាំង​អស់​ដែល​ស៊ូទ្រាំ​យ៉ាង​ស្មោះ​រហូត​ដល់​ចុង​បញ្ចប់ នឹង​មាន​ផ្នែក​មួយ​នៅ​ក្នុង​ការ​រៀប​ចំ​ព្រះ​រាជាណាចក្រ​នោះ។ (វិវរណៈ ២០:៤, ៦) នេះ​ជា​ការ​សម្រេច​ដ៏​អស្ចារ្យ​មែន​នៃ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ឡើង​ជា​យូរ​មក​ហើយ​តាម​រយៈ​លោក​ម៉ូសេ!

២០. តើ​មាន​សំនួរ​អ្វី​ទៀត​ដែល​ត្រូវ​តែ​ឆ្លើយ​នោះ?

២០ តើ​រឿង​ទាំង​នេះ​មាន​ការ​ទាក់ទង​អ្វី​ជា​មួយ​នឹង​ស្ថានការណ៍​នៃ​ពួក​ហ្វូង​ធំ​និង​អនាគត​របស់​គេ នៅ​ពេល​ដែល​ពួក​ចាក់​ប្រេង​តាំង​បាន​ទទួល​រង្វាន់​ជា​មរតក​របស់​គេ​ដ៏​អស្ចារ្យ​នោះ? រឿង​នេះ​នឹង​ត្រូវ​ឃើញ​ច្បាស់​ឡើង​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a នៅ​ពេល​ដែល​សង្ឃ​នៃ​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​សម្ពោធន៍​ឡើង កូន​ប្រុសៗ​ច្បង​នៃ​កុលសម្ព័ន្ធ​ដែល​មិន​មែន​ពួក​លេវី​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​មនុស្ស​ប្រុសៗនៃ​កុលសម្ព័ន្ធ​លេវី​ត្រូវ​បាន​រាប់​ចំនួន។ មាន​២៧៣​នាក់​កូន​ច្បង ច្រើន​ជាង​ពួក​មនុស្ស​ប្រុសៗ​លេវី​ទៅ​ទៀត។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បញ្ជា​ឲ្យ​បង់​ប្រាក់​ប្រាំ​រៀល​ចំពោះ​បុគ្គល​ម្នាក់​នៃ​ពួក​២៧៣​នាក់ ជា​តម្លៃ​លោះ​ចំពោះ​ការ​លើស​នោះ។

b នៅ​ពេល​ដែល​ក្រិត្យវិន័យ​ត្រូវ​បាន​ធ្វើ​សម្ពោធន៍​ឡើង​ក្នុង​ឆ្នាំ​១៥១៣ ម.ស.យ. ពួក​ប្រជាជន​មួយ​ហ្វូង​ដ៏​ធំ​ដែល​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​ក៏​បាន​នៅ​ទី​នោះ​ដែរ ប៉ុន្តែ​កូន​ច្បង​ទី​មួយ​របស់​គេ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទេ នៅ​ពេល​ដែល​ពួក​លេវី​ត្រូវ​បាន​យក​ទៅ​ប្ដូរ​នឹង​កូន​ច្បង​ទី​មួយ​នៃ​សាសន៍​អ៊ីស្រាអែល​នោះ។ (សូម​មើល​វគ្គ​ទី៨) ដូច្នេះ​ហើយ ពួក​លេវី​ក៏​មិន​ត្រូវ​បាន​យក​ទៅ​ប្ដូរ​នឹង​កូន​ច្បង​នៃ​ពួក​ដែល​មិន​មែន​ជាតិ​អ៊ីស្រាអែល​នោះ​ដែរ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​ឋានៈ​របស់​ពួក​ចៀម​ឯ​ទៀត​បាន​យល់​ច្បាស់​ឡើង​បន្ដិច​ម្ដងៗយ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បដិសេធ​ចោល​ព្រះ​រាជាណាចក្រ​នៅ​ទិស​ខាង​ជើង​នៃ​សាសន៍​អ៊ីស្រាអែល​ពី​ការ​បំរើ​ជា​សង្ឃ​ចំពោះ​ទ្រង់​នោះ?

◻ នៅ​ពេល​មាន​សេចក្ដី​ស្មោះ​ត្រង់ តើ​ឋានៈ​របស់​ពួក​យូដា​នៅ​ចំពោះ​សាសន៍​ទាំង​ឡាយ​ជា​អ្វី?

◻ តើ​ឋានៈ​នៃ​ពួក​អ្នក​ចូល​សាសនា​យូដា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ប្រទេស​អ៊ីស្រាអែល​ជា​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល​ក្រុមជំនុំ​ចាក់​ប្រេង​តាំង​បំរើ​ជា​ព្រះ​រាជាណាចក្រ​នៃ​សង្ឃ?

[រូបភាព​នៅ​ទំព័រ​១២]

ជា​រាជ​សង្ឃ​ភាព ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ប្រកាស​សេចក្ដី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី

[រូបភាព​នៅ​ទំព័រ​១៥]

សេចក្ដី​សម្រេច​ចុង​បំផុត​នៃ​និក្ខមនំ ១៩:៦​គឺ​អំពី​ព្រះ​រាជាណាចក្រ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក