ការរស់នៅជាមួយគ្នាក្នុង«ស្រុក»ដែលស្ថាបនាឡើងជាថ្មី
«ឯឯងរាល់គ្នា នឹងបានហៅថាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា»។—អេសាយ ៦១:៦
១, ២. (ក) តើស្ថានការណ៍របស់ពួកអ្នកចូលសាសនាយូដានៅប្រទេសអ៊ីស្រាអែលយ៉ាងណាដែរ? (ខ) តើ«ពួកហ្វូងធំ»បានបង្ហាញទឹកចិត្តយ៉ាងណានៅក្នុងសម័យនេះ?
នៅសម័យពីបុរាណ ប្រទេសអ៊ីស្រាអែលនៅពេលមានសេចក្ដីស្មោះត្រង់ បានធ្វើជាសាក្សីអំពីសិរីល្អនៃព្រះយេហូវ៉ាដល់ពិភពលោក។ (អេសាយ ៤១:៨, ៩; ៤៣:១០) ជនបរទេសជាច្រើនបានមកចូលរួបរួម ហើយបានមកថ្វាយបង្គំព្រះយេហូវ៉ារួមជាមួយនឹងប្រជារាស្ត្រដែលទ្រង់បានជ្រើសរើស។ តាមការពិត ពួកគេបាននិយាយទៅពួកអ៊ីស្រាអែល ដូចអ្វីៗដែលនាងរស់បាននិយាយទៅន៉ាអូមីថា៖ «សាសន៍របស់អ្នកម្ដាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ»។ (នាងរស់ ១:១៦) ពួកគេបានចុះចូលនឹងល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ដោយពួកប្រុសៗបានកាត់ស្បែក។ (និក្ខមនំ ១២:៤៣-៤៨) ពួកស្ត្រីខ្លះបានរៀបការជាមួយពួកអ៊ីស្រាអែល។ រ៉ាហាបដែលមកពីទីក្រុងយេរីខូរ និងនាងរស់ជាសាសន៍ម៉ូអាប់បានទៅជាជីដូនជីតារបស់ព្រះយេស៊ូគ្រីស្ទ។ (ម៉ាថាយ ១:៥) ពួកអ្នកចូលសាសនាយូដាបែបនេះជាផ្នែកមួយនៃក្រុមជំនុំអ៊ីស្រាអែល។—ចោទិយកថា ២៣:៧, ៨
២ ស្រដៀងគ្នានឹងពួកអ្នកចូលសាសនាយូដានៃប្រទេសអ៊ីស្រាអែល «ពួកហ្វូងធំ»នៅសព្វថ្ងៃនេះបាននិយាយទៅពួកសំណល់ចាក់ប្រេងតាំងថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។ (វិវរណៈ ៧:៩; សាការី ៨:២៣) ពួកគេទទួលស្គាល់ថាពួកជនគ្រីស្ទានចាក់ប្រេងតាំងទាំងនេះ ជា«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» ហើយពួកគេធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ គឺថាពួកចាក់ប្រេងតាំងនិង«ពួកហ្វូងធំ»ជា«ហ្វូងតែ១ នឹងអ្នកគង្វាលតែ១»។ (ម៉ាថាយ ២៤:៤៥-៤៧; យ៉ូហាន ១០:១៦) តើអ្វីនឹងកើតឡើងដល់ពួកហ្វូងធំ នៅពេលដែលបងប្អូនចាក់ប្រេងតាំងរបស់គេទាំងអស់ទទួលរង្វាន់ទៅស្ថានសួគ៌? ពួកគេមិនត្រូវចាំបាច់ខ្លាចឡើយ។ នៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»ទាំងនេះ ព្រះយេហូវ៉ាបានរៀបចំជាស្រេចសំរាប់ពេលវេលានោះ។—ធីម៉ូថេទី២ ៣:១
«ស្រុក»មួយខាងវិញ្ញាណ
៣. តើ«ផ្ទៃមេឃថ្មី»ដែលពេត្រុសបានទាយមកជាអ្វី ហើយតើនៅពេលណាដែលបានស្ថាបនាឡើង?
៣ ការរៀបចំគ្រប់គ្រងខាងស្ថានសួគ៌ដែលជនគ្រីស្ទានចាក់ប្រេងតាំង១៤៤.០០០នាក់មានផ្នែកនោះ ត្រូវបានទាយមកដោយសាវ័កពេត្រុស។ គាត់បានមានប្រសាសន៍ថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) «ផ្ទៃមេឃថ្មី»នេះត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩១៤ នៅពេលដែលព្រះគ្រីស្ទបានឡើងសោយរាជ្យជាស្តេចនៅក្នុងព្រះរាជាណាចក្រសួគ៌ា។ ប៉ុន្តែចុះយ៉ាងណាវិញដែរ ចំពោះ«ផែនដីថ្មី»?
៤. (ក) តើព្រឹត្ដិការណ៍អ្វីបានកើតឡើងនៅឆ្នាំ១៩១៩? (ខ) តើ‹សាសន៍ដែលបានកើតមកភ្លាម›ជាអ្វី ហើយតើ‹ស្រុកដែលបានកើតឡើង›ជាអ្វី?
៤ ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានយកពួកសំណល់ចាក់ប្រេងតាំងចេញពីសេវកភាពនៃបាប៊ីឡូនដ៏ធំ។ (វិវរណៈ ១៨:៤) ចំពោះពួកមេដឹកនាំនៃពិភពគ្រីស្ទសាសនា ព្រឹត្ដិការណ៍ដ៏ធំមួយនេះជាអ្វីមួយដែលគេមិននឹកស្មានថានឹងកើតឡើងទេ។ ចំពោះរឿងនេះព្រះគម្ពីរចែងថា៖ «តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ? តើអ្នកណាដែលបានឃើញឬ? តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ? តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី»? (អេសាយ ៦៦:៨) នៅពេលដែលក្រុមជំនុំចាក់ប្រេងតាំងបានលេចឡើងមកភ្លាមនៅពីមុខសាសន៍ជាច្រើន ជាប្រជារាស្ត្រដែលមានសេរីភាព នេះប្រាកដដូចជាសាសន៍មួយដែលបាន‹កើតឡើងមកភ្លាម›មែន។ ប៉ុន្តែតើ‹ស្រុកមួយ›ជាអ្វី? ក្នុងន័យមួយ នេះជាស្រុកខាងវិញ្ញាណមួយ ដែលស្មើនឹងស្រុកនៃអ៊ីស្រាអែលពីសម័យបុរាណ។ នេះជាវិស័យនៃសកម្មភាពដែលផ្ដល់ទៅឲ្យ«សាសន៍»ថ្មីនេះ ជាកន្លែងអំពីសួនមនោរម្យដែលទាយមកក្នុងសៀវភៅអេសាយ ដែលបានសម្រេចខាងវិញ្ញាណនៅសម័យនេះ។ (អេសាយ ៣២:១៦-២០; ៣៥:១-៧; ប្រៀបធៀបហេព្រើរ ១២:១២-១៤) ជនគ្រីស្ទានម្នាក់ថ្វីបើគាត់រស់នៅទីណាក្ដី ក៏គាត់នៅក្នុង«ស្រុក»នោះដែរ។
៥. តើស្នូលអ្វីដែលបានមានឡើងនៅឆ្នាំ១៩១៩? សូមពន្យល់។
៥ តើរឿងនេះមានការទាក់ទងអ្វីនឹង«ផែនដីថ្មី» ដែលពេត្រុសបានទាយមកនោះ? ពីព្រោះ«សាសន៍»ថ្មីនេះដែលបានកើតឡើងក្នុងឆ្នាំ១៩១៩ក្នុង«ស្រុក» ដែលបានស្ថាបនាឡើងជាថ្មីនោះ នឹងត្រូវកើនឡើងទៅជាអង្គការពិភពលោកមួយ ដែលមានពួកសរសើរព្រះយេហូវ៉ា ជាអ្នកចាក់ប្រេងតាំង និងពួកដែលមិនចាក់ប្រេងតាំង។ អង្គការនេះនឹងរួចរស់ពីសង្គ្រាមអើម៉ាគេដូន ចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ។ ក្នុងករណីនេះ សាសន៍នេះអាចចាត់ទុកថា ជាស្នូលនៃសង្គមមនុស្សដ៏សុចរិត ជាផែនដីថ្មី ដែលនឹងមានមកបន្ទាប់ពីការបំផ្លាញចោលនៃលោកីយ៍របស់សាតាំង។a មកដល់ពាក់កណ្ដាលទសវត្សនៃឆ្នាំ១៩៣០ ពួកចាក់ព្រេងតាំង—ជាក្រុម—ត្រូវបានប្រមូលចូលទៅក្នុងស្រុកដែលបានស្អាងឡើងជាថ្មី។ តាំងពីនោះមក គឺមានការដៅបញ្ជាក់អំពីការប្រមូលពួកហ្វូងធំនៃចៀមឯទៀត ដែលនៅសព្វថ្ងៃនេះមានជិតប្រាំលាននាក់ទៅហើយ។ (វិវរណៈ ១៤:១៥, ១៦) តើ«ស្រុក»នេះមានមនុស្សច្រើនហួសហេតុឬ? គឺមិនមែនទេ។ ព្រំដែនអាចពង្រីកយ៉ាងធំទូលាយប៉ុណ្ណាក៏បាន។ (អេសាយ ២៦:១៥) ពិតហើយ ជាការគួរឲ្យរំភើបចិត្តណាស់ ដោយឃើញចំនួនមនុស្សនៃស្រុកនេះកំពុងតែរីកចំរើន កាលដែលពួកសំណល់ចាក់ប្រេងតាំងបំពេញ«ស្រុក»ដោយ«ផលផ្លែ»—ដែលជាអាហារខាងវិញ្ញាណដែលមានប្រយោជន៍និងកម្លាំង។ (អេសាយ ២៧:៦) ប៉ុន្តែ តើពួកចៀមឯទៀតទាំងនេះនៅក្នុង«ស្រុក»ដែលបានស្ថាបនាឡើងជាថ្មីនៃប្រជារាស្ត្ររបស់ព្រះ មានឋានៈយ៉ាងណា?
ជនបរទេសមានសកម្មភាពក្នុង«ស្រុក»
៦. តើតាមរបៀបណាដែលជនបរទេសមានសកម្មភាពក្នុង«ស្រុក»នៃប្រជារាស្ត្ររបស់ព្រះ?
៦ ដូចជាពួកអ្នកចូលសាសនាយូដានៅក្នុងស្រុកអ៊ីស្រាអែលបានចុះចូលនឹងក្រិត្យវិន័យរបស់លោកម៉ូសេជាយ៉ាងណា ពួកហ្វូងធំនៅសព្វថ្ងៃនេះដែលរស់នៅក្នុង«ស្រុក»ដែលបានស្ថាបនាឡើងជាថ្មី ក៏បានគោរពស្ដាប់បង្គាប់តាមបញ្ជារបស់ព្រះយេហូវ៉ាដែរ។ ដោយសារបងប្អូនចាក់ប្រេងតាំងបានអប់រំពួកគេ ពួកគេចៀសវាងពីការថ្វាយបង្គំមិនពិត ហើយក៏កាន់តាមភាពបរិសុទ្ធនៃឈាម។ (កិច្ចការ ១៥:១៩, ២០; កាឡាទី ៥:១៩, ២០; កូល៉ុស ៣:៥) ពួកគេស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត គំនិត ព្រលឹង និងកម្លាំងរបស់គេ ហើយស្រឡាញ់អ្នកជិតខាងរបស់គេដូចខ្លួនដែរ។ (ម៉ាថាយ ២២:៣៧; យ៉ាកុប ២:៨) នៅអ៊ីស្រាអែលពីសម័យបុរាណ ពួកអ្នកចូលសាសនាយូដាបានជួយស្អាងព្រះវិហាររបស់ស្តេចសាឡូម៉ូន និងបានគាំទ្រការស្អាងនៃការថ្វាយបង្គំពិត។ (របាក្សត្រទី១ ២២:២; របាក្សត្រទី២ ១៥:៨-១៤; ៣០:២៥) នៅសព្វថ្ងៃនេះ ពួកហ្វូងធំក៏ចូលរួមនឹងការសង់ដ៏ធំៗដែរ។ ជាឧទាហរណ៍ ពួកគេជួយសង់ឡើងនូវក្រុមជំនុំ និងមណ្ឌល ហើយនេះមិនរាប់បញ្ចូលទាំងការសង់ដ៏ធំៗឯទៀត ដូចជាសាលព្រះរាជាណាចក្រ និងសាលសន្និបាត ព្រមទាំងការិយាល័យសាខាផង។
៧. តើមានអ្វីបានកើតឡើងដល់ក្រុងយេរូសាឡិមក្រោយពីនិរទេស កាលដែលគ្មានពួកលេវីគ្រប់គ្រាន់ដើម្បីនឹងបំរើនៅឯព្រះវិហារនោះ?
៧ ក្នុងឆ្នាំ៥៣៧ម.ស.យ. នៅពេលដែលសាសន៍អ៊ីស្រាអែលបានត្រឡប់ពីនិរទេសក្នុងស្រុកបាប៊ីឡូន ពួកគេបានចាប់ផ្ដើមរៀបចំកិច្ចបំរើនៅឯព្រះវិហារដែលបានសង់ជាថ្មីនោះ។ ប៉ុន្តែ ពួកលេវីដែលបានត្រឡប់មកវិញនោះ មិនមានចំនួនច្រើនទេ។ ដូច្នេះ ពួកនិធីនិម—ដែលជាអ្នកអាណិកជនដែលកាត់ស្បែក ដែលបានជួយពួកលេវីនៅពេលមុនៗ—ត្រូវបានផ្ដល់ឲ្យសិទ្ធិថែមទៀតក្នុងការបំរើនៅក្នុងព្រះវិហារ។ ប៉ុន្តែ ពួកគេមិនមានភាពស្មើនឹងសង្ឃដែលចាក់ប្រេងតាំងខាងអើរ៉ុននោះឡើយ។b—អែសរ៉ា ៧:២៤; ៨:១៥-២០; នេហេមា ៣:២២-២៦
៨, ៩. តើពួកចៀមឯទៀតបានចូលរួមកាន់តែច្រើនឡើង នៃការថ្វាយកិច្ចបំរើបរិសុទ្ធក្នុងកំឡុងគ្រាថ្ងៃជាន់ក្រោយបង្អស់ ដោយយ៉ាងដូចម្ដេច?
៨ ពួកជនគ្រីស្ទានចាក់ប្រេងតាំងនៅសព្វថ្ងៃនេះបានកាន់តាមគំរូនេះដែរ។ កាលដែល«គ្រាចុងបញ្ចប់»ជឿនទៅមុខ ពួកសំណល់នៃពួកចាក់ប្រេងតាំងមានចំនួនកាន់តែតិចឡើងៗនៅក្នុង«ស្រុក»នៃប្រជារាស្ត្ររបស់ព្រះ។ (ដានីយ៉ែល ១២:៩; វិវរណៈ ១២:១៧) ដោយសារហេតុនេះ ពួកហ្វូងធំឥឡូវនេះកំពុងតែសម្រេចកិច្ចការសឹងតែទាំងអស់នៃការថ្វាយ«កិច្ចបំរើបរិសុទ្ធ»។ (វិវរណៈ ៧:១៥) ដោយធ្វើតាមការដឹកនាំនៃពួកបងប្អូនចាក់ប្រេងតាំងរបស់គេ ពួកគេ«ថ្វាយពាក្យ សរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។ ពួកគេមិន«ភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ» ពីព្រោះពួកគេដឹងថា«ព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ»។—ហេព្រើរ ១៣:១៥,១៦
៩ ម្យ៉ាងវិញទៀត ដោយសារតែពួកហ្វូងធំបានកើនឡើងរាប់រយសែនជារៀងរាល់ឆ្នាំ នេះត្រូវការជាចាំបាច់នូវការមើលត្រួតត្រាថែមទៀតដែរ។ នៅពេលមុនៗ មានតែពួកជនគ្រីស្ទានចាក់ប្រេងតាំងទេ ដែលមើលខាងការត្រួតត្រានោះ។ ឥឡូវនេះ ការទទួលខុសត្រូវនៃក្រុមជំនុំជាច្រើន ព្រមទាំងតាមមណ្ឌល តំបន់ និងសាខា ត្រូវបានប្រគល់ឲ្យទៅពួកចៀមឯទៀត។ ក្នុងឆ្នាំ១៩៩២ពួកចៀមឯទៀតខ្លះត្រូវបានប្រគល់ឲ្យសិទ្ធិប្រជុំជាមួយគណៈកម្មាធិការនៃគណៈអភិបាល ហើយក៏បំរើជាអ្នកជំនួយដែលពុំមានសិទ្ធិសម្រេចចិត្ត។ ពួកចៀមឯទៀតនៅតែរក្សាការស្មោះត្រង់ចំពោះពួកជនគ្រីស្ទានចាក់ប្រេងតាំង ហើយមានចិត្តរីករាយនឹងគាំទ្រពួកគេ ដែលជាអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃរបស់ព្រះយេហូវ៉ា។—ម៉ាថាយ ២៥:៣៤-៤០
«ដូចជាចៅហ្វាយ»
១០, ១១. ក្នុងការធ្វើតាមគំរូរបស់ពួកភីលីស្ទីនខ្លះ តើតាមរបៀបណាដែលពួកសត្រូវនៃប្រជារាស្ត្ររបស់ព្រះពីមុនបានប្រែចិត្តនោះ? ហើយតើមានលទ្ធផលអ្វី?
១០ របៀបដែលអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ បានប្រើពួកចៀមឯទៀតក្នុងការទទួលភារកិច្ច ត្រូវបានទាយទុកមកនៅសាការី ៩:៦, ៧។ នៅទីនោះយើងអានថា៖ «អញនឹងបំផ្លាញសេចក្ដីអំនួតរបស់សាសន៍ភីលីស្ទីន អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្ដាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសំរាប់គោរពដល់ព្រះនៃយើង ហើយនឹងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងបានដូចជាពួកក្រុងយេប៊ូសវិញ»។c ពួកភីលីស្ទីនជាសត្រូវនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ដូចជាលោកីយ៍របស់អារក្សសាតាំងដែរ។ (យ៉ូហានទី១ ៥:១៩) ដូចជាពួកភីលីស្ទីនត្រូវបានកំទេចចោលជាយ៉ាងណា លោកីយ៍នេះ ដែលមានសាសនា នយោបាយ និងសមាសភាគខាងពាណិជ្ជកម្ម ក៏នឹងត្រូវពិសោធកំហឹងដ៏ហិនវិនាសរបស់ព្រះយេហូវ៉ាដែរ។—វិវរណៈ ១៨:២១; ១៩:១៩-២១
១១ ប៉ុន្តែ យោងទៅតាមពាក្យរបស់សាការី ពួកភីលីស្ទីនខ្លះបានប្រែចិត្តគំនិតរបស់គេ ហើយនៅសព្វថ្ងៃនេះ នេះតំណាងពួកមនុស្សខាងលោកីយ៍ខ្លះ ដែលមិនមែនជាសត្រូវនឹងព្រះយេហូវ៉ាទៀតទេ។ ពួកគេបានឈប់ធ្វើសរណវត្ថុបូជាខាងសាសនាដែលមានពិធីរីត៌ដ៏គួរឲ្យស្អប់ខ្ពើម និងយញ្ញបូជាដ៏ខ្ពើមរអើម ហើយដូច្នេះក៏បានស្អាតនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា។ ក្នុងសម័យយើងនេះ ពួក«ភីលីស្ទីន»ដែលបានកែខ្លួនបែបនេះ អាចរកឃើញបាននៅក្នុងចំណោមពួកហ្វូងធំ។
១២. ក្នុងសម័យនេះ តើតាមរបៀបណាដែល«ពួកអេក្រុន»ទៅជា«ដូចពួកយេប៊ូស»?
១២ យោងទៅតាមទំនាយនេះ ទីក្រុងពួកភីលីស្ទីនដ៏ធំនៃស្រុកអេក្រុននឹងក្លាយទៅជា«ពួកក្រុងយេប៊ូសវិញ»។ ពីមុនៗ ពួកយេប៊ូសក៏ជាសត្រូវរបស់ពួកអ៊ីស្រាអែលដែរ។ ទីក្រុងយេរូសាឡិមគឺនៅក្រោមកណ្ដាប់ដៃរបស់គេ រហូតដល់ស្តេចដាវីឌបានមានជ័យជំនះ។ ប៉ុន្តែ ពួកខ្លះដែលបានរួចរស់ជីវិតពីសង្គ្រាមជាមួយស្រុកអ៊ីស្រាអែល បានក្លាយទៅជាអ្នកចូលសាសនាយូដា។ ពួកគេបានបំរើនៅក្នុងស្រុកអ៊ីស្រាអែលជាបាវបំរើ ហើយក៏មានសិទ្ធិសង់ព្រះវិហារដែរ។ (សាំយូអែលទី២ ៥:៤-៩; របាក្សត្រទី២ ៨:១-១៨) នៅសព្វថ្ងៃនេះ «ពួកអេក្រុន»ដែលបែរទៅថ្វាយបង្គំព្រះយេហូវ៉ា ក៏មានសិទ្ធិបំរើនៅក្នុង«ស្រុក» នៅក្រោមការត្រួតត្រានៃពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃដែរ។
១៣. តើពួកចៅហ្វាយនៅសម័យពីបុរាណជាអ្វី?
១៣ សាការីមានប្រសាសន៍ថា ពួកភីលីស្ទីននឹងដូចជាពួកចៅហ្វាយនៅស្រុកយូដា។ ពាក្យហេព្រើរ អាលូប នៅពេលដែលបកប្រែជា«ចៅហ្វាយ»មានន័យថា«មេដឹកនាំនៃមួយពាន់នាក់» (ឬ«ឈីលាច»)។ នេះជាឋានៈដ៏ខ្ពង់ខ្ពស់មួយ។ សាសន៍អើដុមពីដើមមានតែពួកចៅហ្វាយ១៣នាក់ប៉ុណ្ណោះ។ (លោកុប្បត្តិ ៣៦:១៥-១៩) ពាក្យ«ចៅហ្វាយ»មិនសូវប្រើប៉ុន្មានទេ នៅពេលដែលនិយាយអំពីប្រទេសអ៊ីស្រាអែលនោះ ប៉ុន្តែឃ្លាដូចជា«មេដឹកនាំនៃមួយពាន់នាក់»តែងតែប្រើជានិច្ច។ នៅពេលដែលម៉ូសេបានហៅប្រជុំអាណត្ដិជននៃសាសន៍អ៊ីស្រាអែលនោះ លោកបានហៅ«មេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល»។d ពួកទាំងនេះមាន១២នាក់ ហើយជាការជាក់ស្តែងណាស់ ពួកគេគឺនៅក្រោមតែលោកម៉ូសេប៉ុណ្ណោះទេ។ (ជនគណនា ១:៤-១៦) ស្រដៀងគ្នាដែរ នៅក្នុងអង្គការនៃកងទ័ព មេលើទាំងពាន់ៗគឺគ្រាន់តែនៅក្រោមអំណាចឧត្តមសេនីយឬស្តេចតែប៉ុណ្ណោះ។—សាំយូអែលទី២ ១៨:១, ២; របាក្សត្រទី២ ២៥:៥
១៤. តើតាមរបៀបណាដែល«ពួកភីលីស្ទីន»បានដូចជាពួកចៅហ្វាយនៅសព្វថ្ងៃនេះ?
១៤ សាការីមិនបានទាយថា ពួកភីលីស្ទីនដែលបានប្រែចិត្ត នឹងទៅជាពួកចៅហ្វាយក្នុងស្រុកអ៊ីស្រាអែលនោះទេ។ នេះគឺមិនសមហេតុសមផលទេ ពីព្រោះបុគ្គលនោះមិនមែនជាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ បុគ្គលនោះនឹងដូចជាពួកចៅហ្វាយ ដែលមានឋានៈក្នុងអំណាចដែលអាចប្រៀបធៀបនឹងពួកចៅហ្វាយបាន។ ហើយនេះបានសម្រេចដូច្នេះមែន។ កាលដែលពួកសំណល់នៃជនគ្រីស្ទានចាក់ប្រេងតាំងមានចំនួនកាន់តែតិចឡើងៗ ហើយពួកគេភាគច្រើនមិនអាចធ្វើការបានដោយសារចាស់ជរា ពួកចៀមឯទៀតត្រូវបានបង្ហាត់យ៉ាងជំនាញដើម្បីនឹងជួយនៅពេលដែលត្រូវការ បើនិយាយជាអត្ថបដិរូបនោះ។ ពួកគេមិនចង់ធ្វើជំនួសពួកបងប្អូនចាក់ប្រេងតាំងរបស់គេទេ។ ប៉ុន្តែពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃប្រគល់អំណាចឲ្យទៅគេ កាលដែលត្រូវការនៅក្នុង«ស្រុក»ដើម្បីនឹងឲ្យអង្គការរបស់ព្រះអាចបន្តទៅមុខតាមរបៀបរៀបរយ។ ការជឿនទៅមុខបែបនេះត្រូវបានឃើញនៅបទទំនាយមួយទៀតដែរ។
ពួកសង្ឃនិងពួកអ្នកកសិករ
១៥. (ក) ក្នុងការបំពេញអេសាយ ៦១:៥, ៦ តើអ្នកណាជាពួក«សង្ឃរបស់ព្រះយេហូវ៉ា» ហើយតើនៅពេលណាដែលពួកគេនឹងបំរើទ្រង់ក្នុងន័យជាផ្ដាច់ព្រាត់នោះ? (ខ) តើពួកពី«ប្រទេសក្រៅ»ដែលធ្វើការភ្ជួររាស់ ហើយក្នុងន័យខាងវិញ្ញាណ—តើកិច្ចការនេះទាក់ទងនឹងអ្វីខ្លះ?
១៥ នៅអេសាយ ៦១:៥, ៦ អានថា៖ «គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង តែឯឯងរាល់គ្នា នឹងបានហៅថាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្ដិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ»។ នៅសព្វថ្ងៃនេះ «សង្ឃរបស់ព្រះយេហូវ៉ា»គឺជាពួកជនគ្រីស្ទានចាក់ប្រេងតាំង។ ក្នុងន័យជាផ្ដាច់ព្រាត់នោះ ពួកគេនឹងបំរើជា«សង្ឃរបស់ព្រះយេហូវ៉ា . . . ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា»នៅក្នុងព្រះរាជាណាចក្រសួគ៌ា។ (វិវរណៈ ៤:៩-១១) តើ«មនុស្សប្រទេសក្រៅ»ដែលមានភារកិច្ចសំរាប់ខាងភ្ជួររាស់នោះជាអ្នកណា? ពួកទាំងនេះជាពួកចៀមឯទៀតនៅក្នុង«ស្រុក»នៃសាសន៍អ៊ីស្រាអែលនៃព្រះ។ ចុះតើអ្វីទៅជាការឃ្វាលហ្វូងសត្វ ថែរក្សាចំការទំពាំងបាយជូរដែលបានប្រគល់ទៅឲ្យពួកគេនោះ? ក្នុងន័យខាងវិញ្ញាណដ៏សំខាន់ កិច្ចការទាំងនេះគឺទាក់ទងនឹងការជួយហើយចិញ្ចឹម និងការប្រមូលប្រជាជន។—អេសាយ ៥:៧; ម៉ាថាយ ៩:៣៧, ៣៨; កូរិនថូសទី១ ៣:៩; ពេត្រុសទី១ ៥:២
១៦. នៅទីបំផុត តើអ្នកណាដែលនឹងត្រូវគ្រប់គ្រងកិច្ចការទាំងអស់នៅក្នុង«ស្រុក»នៃប្រជារាស្ត្ររបស់ព្រះ?
១៦ នៅបច្ចុប្បន្ននេះ ពួកអ៊ីស្រាអែលខាងវិញ្ញាណមួយចំនួនតូចដែលនៅសល់នៅលើផែនដីនេះ កំពុងតែចែកការឃ្វាល ការភ្ជួររាស់និងការថែរក្សាចំការទំពាំងបាយជូរ។ នៅពេលដែលក្រុមជំនុំចាក់ប្រេងតាំងទាំងមូលបានចូលរួមជាមួយព្រះគ្រីស្ទនោះ កិច្ចការទាំងនេះនឹងត្រូវទុកឲ្យពួកចៀមឯទៀត។ សូម្បីតែការមើលនៃ«ស្រុក»នៅពេលនោះក៏នឹងនៅក្រោមអំណាចនៃពួកចៀមឯទៀតដែលមានសមត្ថភាពដែរ ដែលនៅក្នុងសៀវភៅអេសេគាល ពួកនេះត្រូវបានចាត់ថាជាមេក្រុម។—អេសេគាលជំពូក ៤៥, ៤៦e
«ស្រុក»ដែលនៅស្ថិតស្ថេរ
១៧. តើព្រះយេហូវ៉ាបានរៀបចំអ្វីក្នុងគ្រានៃថ្ងៃជាន់ក្រោយបង្អស់នេះ?
១៧ ត្រូវហើយ ពួកហ្វូងធំមិនត្រូវខ្លាចឡើយ! ព្រះយេហូវ៉ាបានធ្វើឲ្យមានសំវិធានការយ៉ាងច្រើនសំរាប់ពួកគេ។ កិច្ចការដ៏សំខាន់នៅលើផែនដីនៅក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ គឺជាការប្រមូលនិងការបិទត្រានៃពួកអ្នកចាក់ប្រេងតាំង។ (វិវរណៈ ៧:៣) ក្នុងកំឡុងពេលដែលការនេះកំពុងតែបានសម្រេចនោះ ព្រះយេហូវ៉ាបានយកពួកចៀមឯទៀតមកចូលរួមជាមួយពួកគេក្នុងស្រុកដែលបានស្អាងឡើងជាថ្មីខាងវិញ្ញាណ។ នៅទីនោះពួកគេបានទទួលអាហារខាងវិញ្ញាណនិងត្រូវបានបង្ហាត់នូវជីវភាពគ្រីស្ទាន។ ម្យ៉ាងវិញទៀត ពួកគេត្រូវបានបង្ហាត់យ៉ាងល្អក្នុងកិច្ចបំរើបរិសុទ្ធ រួមទាំងការមើលទទួលខុសត្រូវផង។ ចំពោះរឿងនេះ ពួកគេមានអំណរគុណយ៉ាងខ្លាំងដល់ព្រះយេហូវ៉ានិងបងប្អូនចាក់ប្រេងតាំងរបស់គេ។
១៨. តាមរយៈព្រឹត្ដិការណ៍ណាដែលពួកចៀមឯទៀតរក្សាការស្មោះត្រង់របស់គេក្នុង«ស្រុក»អ៊ីស្រាអែលខាងវិញ្ញាណនោះ?
១៨ នៅពេលដែលកុកនៃម៉ាកុកធ្វើការប្រហារចុងក្រោយរបស់វាទៅលើប្រជារាស្ត្ររបស់ព្រះ ពួកចៀមឯទៀតនឹងឈរយ៉ាងមាំមួនជាមួយពួកសំណល់ចាក់ប្រេងតាំងនៅក្នុង«ស្រុកដែលនៅចំហ»។ ពួកចៀមឯទៀតនឹងនៅក្នុង«ស្រុក»នោះដដែល នៅពេលដែលពួកគេរួចរស់ជីវិតពីការបំផ្លាញនៃសាសន៍ទាំងឡាយ ហើយចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ។ (អេសេគាល ៣៨:១១; ៣៩:១២, ១៣; ដានីយ៉ែល ១២:១; វិវរណៈ ៧:៩, ១៤) ដោយបន្តការស្មោះត្រង់របស់គេ ពួកគេនឹងមិនចាំបាច់ចាកចេញពីទីកន្លែងដ៏សប្បាយរីករាយរបស់គេនោះឡើយ។—អេសាយ ១១:៩
១៩, ២០. (ក) ក្នុងពិភពលោកថ្មី តើការថែរក្សាដ៏ធំអ្វីដែលពួករស់នៅក្នុង«ស្រុក»នោះនឹងទទួល? (ខ) តើយើងខំខ្នះខ្នែងរង់ចាំអ្វី?
១៩ អ៊ីស្រាអែលពីសម័យបុរាណបានសោយរាជ្យដោយស្តេចដែលជាមនុស្សជាតិ ហើយមានពួកសង្ឃលេវីផង។ នៅក្នុងពិភពលោកថ្មី ជនគ្រីស្ទាននឹងនៅក្រោមការគ្រប់គ្រងដ៏ធំអស្ចារ្យជាងនោះ។ នៅក្រោមព្រះយេហូវ៉ា ពួកគេនឹងទៅជាអនុរាស្ត្រនៃសម្ដេចសង្ឃនិងស្តេចយេស៊ូគ្រីស្ទ និងពួក១៤៤.០០០នាក់ដែលធ្វើជាសង្ឃនិងស្តេច—ដែលអ្នកខ្លះក្នុងចំណោមនោះ ដែលគេធ្លាប់ស្គាល់ពីមុនៗជាបងប្អូនប្រុសស្រីនៅលើផែនដី។ (វិវរណៈ ២១:១) ពួកអ្នកស្រុកខាងវិញ្ញាណដែលស្មោះត្រង់ នឹងរស់នៅលើផែនដីដែលបានស្អាងឡើងទៅជាទីមនោរម្យ ហើយពួកគេនឹងសប្បាយរីករាយនឹងប្រសិទ្ធិពរប្រោសឲ្យជា ដែលផ្ដល់មកតាមរយៈក្រុងយេរូសាឡិមថ្មី។—អេសាយ ៣២:១; វិវរណៈ ២១:២; ២២:១, ២
២០ កាលដែលរទេះខាងស្ថានសួគ៌ដ៏ធំរបស់ព្រះយេហូវ៉ាកំពុងតែជឿនទៅមុខដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់នោះ យើងម្នាក់ៗខ្នះខ្នែងរង់ចាំដើម្បីនឹងបំពេញមុខនាទីរបស់យើង។ (អេសេគាល ១:១-២៨) នៅពេលដែលគោលបំណងទាំងនោះបានសម្រេចអស់ហើយ សូមគិតមើលចុះ ការធ្វើឲ្យបានបរិសុទ្ធដ៏មានជ័យជំនះរបស់ព្រះយេហូវ៉ានឹងធ្វើឡើងដោយអំណរយ៉ាងណាទៅហ្ន៎! នៅគ្រានោះ បទចំរៀងដែលបានកត់ទុកមកនៅវិវរណៈ ៥:១៣ នឹងត្រូវច្រៀងឡើងដោយមនុស្សគ្រប់ៗគ្នា៖ «សូមថ្វាយព្រះពរ កិត្ដិនាម សិរីល្អ នឹងព្រះចេស្ដា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»! ថ្វីបើយើងមានសង្ឃឹមខាងស្ថានសួគ៌ឬខាងផែនដីក្ដី តើយើងមិនចង់ចូលរួមច្រៀងចំរៀងជាមួយពួកអ្នកច្រៀងទាំងនោះទេឬ?
[កំណត់សម្គាល់]
a សូមមើល«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»ដែលបានបោះពុម្ពនៅឆ្នាំ១៩៥៣ដោយសមាគមប៉មយាមនៃព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ទំព័រ៣២២-៣។ (ជាភាសាអង់គ្លេស)
b បើចង់បានការពិភាក្សាឲ្យបានពេញលេញថែមទៀត សូមមើលអត្ថបទ«សំវិធានការរបស់ព្រះយេហូវ៉ា ‹ពួកបុគ្គលដែលបានតែងតាំង›» ក្នុងទស្សនាវដ្ដីប៉មយាមនៃខែមេសា ទី១៥ ១៩៩២។ (ជាភាសាអង់គ្លេស)
c សូមមើលទីមនោរម្យបានស្អាងឡើងវិញសំរាប់មនុស្សជាតិ—តាមរយៈព្រះធិបតេយ្យភាព! បោះពុម្ពក្នុងឆ្នាំ១៩៧២ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉កទំព័រ ២៦៤-៩។ (ជាភាសាអង់គ្លេស)
d ពាក្យហេព្រើរ៖ រ៉ាស៊េ-អាភិប-យីរ៉ែល បានបកប្រែជាឆីលីឈូស អ៊ីស្រាអែល «ឈីលាចនៃសាសន៍អ៊ីស្រាអែល» នៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរសេពតួជិន្ត។
e សូមមើលសៀវភៅ «សាសន៍នឹងស្គាល់អញជាព្រះយេហូវ៉ា—យ៉ាងដូចម្ដេច? បានបោះពុម្ពក្នុង១៩៧១ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ទំព័រ ៤០១-៧។ (ជាភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើ«ស្រុក»អ្វីដែលបានស្ថាបនាឡើងក្នុងឆ្នាំ១៩១៩ ហើយតើមានមនុស្សនៅពេញដោយយ៉ាងណា?
◻ តើពួកចៀមឯទៀតត្រូវបានផ្ដល់ឲ្យភារកិច្ចជាច្រើនឡើងនៅក្នុង«ស្រុក»នៃប្រជារាស្ត្ររបស់ព្រះដែលបានស្ថាបនាឡើងជាថ្មី ដោយយ៉ាងណា?
◻ តើនៅក្នុងផ្លូវណាដែលសមាជិកនៃពួកហ្វូងធំ«ដូចពួកយេប៊ូស»? ហើយ«ដូចពួកចៅហ្វាយនៃសាសន៍យូដា»នោះ?
◻ តើពួកចៀមឯទៀតដែលមានសេចក្ដីស្មោះត្រង់នឹងរស់នៅក្នុង«ស្រុក»នោះជាយូរយ៉ាងណា?
[រូបភាពនៅទំព័រ១៩]
ពួកភីលីស្ទីននៅសម័យនេះនឹង«ដូចពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល»ដែរ
[រូបភាពនៅទំព័រ២០]
ពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀតនឹងបំរើជាមួយគ្នាក្នុងស្រុកខាងវិញ្ញាណ