បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៨ ទំ. ២៨-៣២
  • ការចាត់ចែងដោយព្រះក្នុងសម័យគ្រីស្ទាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការចាត់ចែងដោយព្រះក្នុងសម័យគ្រីស្ទាន
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គណៈ​អភិបាល​កំពុង​តែ​មាន​សកម្មភាព
  • ការ​ចាត់​ចែង​ក្នុង​សម័យ​ទំនើប
  • ការ​គាំទ្រ​សំរាប់​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ
  • «ដំណ​មនុស្ស . . . ដែល​ត្រូវ​កើត​ខាង​មុខ»
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • តើអ្នកបានទទួល«វិញ្ញាណនៃសេចក្ដីពិត»ហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការរស់នៅជាមួយគ្នាក្នុង«ស្រុក»ដែលស្ថាបនាឡើងជាថ្មី
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៨ ទំ. ២៨-៣២

ការ​ចាត់​ចែង​ដោយ​ព្រះ​ក្នុង​សម័យ​គ្រីស្ទាន

«តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ​អង្គ​ទ្រង់ . . . ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន​សួគ៌ នឹង​របស់​នៅ​ផែនដី​ផង»។—អេភេសូរ ១:៩, ១០

១, ២. (ក) តើ​តាម​របៀប​ណា​ដែល​ការ​យក​ចូល​នៃ«របស់​នៅ​ស្ថាន​សួគ៌»បាន​ចាប់​ផ្ដើម​ឡើង ក្នុង​ឆ្នាំ​៣៣ ស.យ.? (ខ) តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​បង្ហាញ​គំនិត​ដូច​ម៉ូសេ​និង​អេលីយ៉ា​ដូច​ម្ដេច តាំង​ពី​ឆ្នាំ​១៩១៤?

កិច្ច​ការ​យក​ចូល​នៃ«របស់​នៅ​ស្ថាន​សួគ៌» បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​៣៣ ស.យ. នៅ​ពេល​ដែល«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»បាន​ចាប់​កំណើត​ឡើង។ (កាឡាទី ៦:១៦; អេសាយ ៤៣:១០; ពេត្រុស​ទី​១ ២:៩, ១០) ក្រោយ​ពី​សតវត្ស​ទី​មួយ ស.យ. ការ​យក​ចូល​នៃ​ពួក​គ្រីស្ទាន​ពិត​បាន​បង្អង់​ល្បឿន កាល​ពួក​គ្រីស្ទាន​ពិត (បាន​ហៅ​ថា «ស្រូវ​សាលី»ដោយ​ព្រះ​យេស៊ូ) ត្រូវ​បាន​ដុះ​លើស​លុប​ដោយ«ស្រងែ»ដែល​ក្បត់​ជំនឿ​ដែល​បាន​ដាំ​ដោយ​សាតាំង។ ប៉ុន្តែ កាល​ដែល«គ្រា​ចុង​បញ្ចប់»មក​ដល់ សាសន៍​អ៊ីស្រាអែល​ពិត​នៃ​ព្រះ បាន​លេច​ខ្លួន​ឡើង​វិញ ហើយ​ក្នុង​ឆ្នាំ​១៩១៩​ត្រូវ​បាន​តែង​តាំង​លើ​ទ្រព្យ​ទាំង​អស់​របស់​ព្រះ​យេស៊ូ។a—ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣; ២៤:៤៥​-​៤៧; ដានីយ៉ែល ១២:៤

២ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ធ្វើ​កិច្ច​ការ​ដ៏​ខ្លាំង ដូច​ម៉ូសេ​និង​អេលីយ៉ា​បាន​ធ្វើ​ដែរ។b (វិវរណៈ ១១:៥, ៦) តាំង​ពី​ឆ្នាំ​១៩១៩ ពួក​គេ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​លោកីយ៍​ដ៏​សាហាវ ហើយ​ធ្វើ​ការ​នេះ​ដោយ​មាន​សេចក្ដី​ក្លាហាន​ដូច​អេលីយ៉ា។ (ម៉ាថាយ ២៤:៩​-​១៤) ហើយ​តាំង​ពី​ឆ្នាំ​១៩២២ ពួក​គេ​បាន​ប្រកាស​សេចក្ដី​កាត់​ទោស​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​មនុស្សជាតិ ដូច​ម៉ូសេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​មក​លើ​ប្រទេស​អេស៊ីប​ពី​បុរាណ។ (វិវរណៈ ១៥:១; ១៦:២​-​១៧) ពួក​សំណល់​នៃ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ នៅ​សព្វ​ថ្ងៃ​ជា​គ្រឹះ​នៃ​សង្គម​ពិភព​លោក​ថ្មី​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

គណៈ​អភិបាល​កំពុង​តែ​មាន​សកម្មភាព

៣. តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​បង្ហាញ​ថា​ក្រុម​ជំនុំ​គ្រីស្ទាន​ពី​ដើម បាន​មាន​របៀប​រៀប​រយ​ល្អ?

៣ តាំង​ពី​ដើម​ដំបូង​នៃ​ក្រុម​ជំនុំ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​យេស៊ូ គឺ​មាន​របៀប​រៀប​រយ។ កាល​ដែល​ចំនួន​សិស្ស​មាន​ច្រើន​ឡើង ក្រុម​ជំនុំ​ក្នុង​តំបន់​នានា​ត្រូវ​បាន​ស្ថាបនា​ឡើង ហើយ​ពួក​ចាស់​ទុំ​ត្រូវ​បាន​តែង​តាំង។ (ទីតុស ១:៥) ក្រោយ​ពី​ឆ្នាំ​៣៣ ស.យ. ពួក​សាវ័ក​១២​នាក់​បាន​ធ្វើ​ជា​អាជ្ញាធរ គឺ​គណៈ​អភិបាល។ ពួក​គេ​បាន​នាំ​មុខ​ដ៏​ក្លាហាន​ក្នុង​កិច្ច​ការ​ធ្វើ​បន្ទាល់។ (កិច្ច​ការ ៤:៣៣, ៣៥, ៣៧; ៥:១៨, ២៩) ពួក​គេ​បាន​រៀបចំ​ការ​ចែក​ចាយ​អាហារ​ឲ្យ​មនុស្ស​ក្រ​ខ្សត់ ហើយ​គេ​បាន​បញ្ជូន​ពេត្រុស​និង​យ៉ូហាន​ទៅ​ស្រុក​សាម៉ារី ឲ្យ​ទៅ​ពិនិត្យ​មើល​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍​នូវ​សេចក្ដី​ពិត​នៅ​ទី​នោះ។ (កិច្ច​ការ ៦:១​-​៦; ៨:៦​-​៨, ១៤​-​១៧) បាណាបាស​បាន​យក​ប៉ុល​ទៅ​ឯ​ពួក​គេ​ដើម្បី​បញ្ជាក់​ថា អ្នក​បៀត​បៀន​គេ​ពី​មុន​នេះ ឥឡូវ​នេះ​ជា​អ្នក​កាន់​តាម​របស់​ព្រះ​យេស៊ូ។ (កិច្ច​ការ ៩:២៧; កាឡាទី ១:១៨, ១៩) ហើយ​ក្រោយ​ពី​ពេត្រុស​បាន​ផ្សាយ​ទៅ​កូនេលាស​និង​គ្រួសារ​របស់​គាត់ លោក​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ពន្យល់​ប្រាប់​ពួក​សាវ័ក​និង​បង​ប្អូន​យូដា​ឯ​ទៀត នូវ​របៀប​ដែល​វិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ក្នុង​ករណី​នេះ។—កិច្ច​ការ ១១:១​-​១៨

៤. តើ​មាន​ការ​ប៉ុន​ប៉ង​អ្វី​ដើម្បី​សម្លាប់​ពេត្រុស ប៉ុន្តែ​តើ​ជីវិត​របស់​លោក​ត្រូវ​បាន​សង្គ្រោះ​យ៉ាង​ណា?

៤ នៅ​ពេល​នោះ គណៈ​អភិបាល​បាន​ត្រូវ​គេ​វាយលុក​មក​លើ​យ៉ាង​ខ្លាំង។ ពេត្រុស​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​ជីវិត​របស់លោក​ត្រូវ​បាន​សង្គ្រោះ​ដោយ​សារ​តែ​ការ​អន្តរាគមន៍​ពី​ទេវតា។ (កិច្ច​ការ ១២:៣​-​១១) ឥឡូវ​ជា​លើក​ដំបូង មាន​ម្នាក់​ក្រៅ​ពី​ពួក​សាវ័ក​១២​នាក់ បាន​លេច​ខ្លួន​ជា​បុគ្គល​ដ៏​ធំ​ដុំ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ពេល​ដែល​ពេត្រុស​បាន​ដោះ​លែង​ពី​គុក លោក​បាន​ប្រាប់​ពួក​មនុស្ស​មួយ​ក្រុម​ដែល​បាន​មក​ជួប​ជុំ​ក្នុង​ផ្ទះ​ម្ដាយ​យ៉ូហាន​-​ម៉ាកុស​ថា៖ «សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប[ជា​ប្អូន​ព្រះ​យេស៊ូ​កើត​ពី​ម្ដាយ​តែ​មួយ] នឹង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង»។—កិច្ច​ការ ១២:១៧

៥. តើ​គណៈ​អភិបាល​បាន​ផ្លាស់​ប្រែ​យ៉ាង​ណា ក្រោយ​ពី​យ៉ាកុប​បាន​ស្លាប់​ទៅ?

៥ នៅ​ពេល​មុន​ៗ ក្រោយ​ពី​យូដាស អ៊ីស្ការីយ៉ុត ជា​សាវ័ក​ដ៏​ក្បត់​បាន​សម្លាប់​ខ្លួន​ឯង​ទៅ គឺ​បាន​វិនិច្ឆ័យ​ថា​មាន​សេចក្ដី​ត្រូវ​ការ​ឲ្យ​បំពេញ ‹មុខ​តំណែង​នៃ​ការ​មើល​ខុស​ត្រូវ​របស់​គាត់›ជា​សាវ័ក ឲ្យ​ទៅ​បុគ្គល​ដែល​បាន​នៅ​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់ ហើយ​ដែល​បាន​ឃើញ​ការ​សោយ​ទិវង្គត​និង​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់។ ប៉ុន្តែ នៅ​ពេល​ដែល​យ៉ាកុប ប្អូន​យ៉ូហាន​បាន​គេ​សម្លាប់​ទៅ គ្មាន​អ្នក​ណា​មួយ​បាន​ជំនួស​លោក​ក្នុង​ចំណោម​១២​នាក់​នោះ​ទេ។ (កិច្ច​ការ ១:២០​-​២៦; ១២:១, ២) ទោះ​បី​គ្មាន​អ្នក​ណា​មួយ​បាន​មក​ជំនួស​យ៉ាកុប​ក៏​ដោយ ឯកសារ​យោង​ក្នុង​ព្រះ​គម្ពីរ​ជា​បន្ទាប់​ចំពោះ​គណៈ​អភិបាល បង្ហាញ​ថា​នេះ​ត្រូវ​បាន​ពង្រីក​ឡើង។ នៅ​ពេល​ដែល​មាន​ការ​ប្រកែក​គ្នា ថា​តើ​ពួក​សាសន៍​ដទៃ​ដែល​កាន់​តាម​ព្រះ​យេស៊ូ​ត្រូវ​នៅ​ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ​នោះ រឿង​នេះ​ត្រូវ​បាន​ដាក់​ស្នើ​សុំ​សេចក្ដី​សម្រេច​ចិត្ត​ពី«ពួក​សាវ័ក នឹង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូសាឡិម»។ (កិច្ច​ការ ១៥:២, ៦, ២០, ២២, ២៣; ១៦:៤) ហេតុ​អ្វី​ក៏​ឥឡូវ​នេះ​មាន«ពួក​ចាស់​ទុំ»ក្នុង​គណៈ​អភិបាល? ព្រះ​គម្ពីរ​ឥត​ចែង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​នេះ​គឺ​ឃើញ​នូវ​ផល​ប្រយោជន៍​ល្អ។ មរណភាព​នៃ​យ៉ាកុប​និង​ការ​ជាប់​គុក​នៃ​ពេត្រុស បាន​បង្ហាញ​ថា​ពួក​សាវ័ក​ប្រហែល​ជា​ថ្ងៃ​ណា​មួយ​នឹង​ជាប់​គុក​ឬ​ស្លាប់​ជា​មិន​ខាន។ ក្នុង​ព្រឹត្ដិការណ៍​បែប​នេះ វត្តមាន​នៃ​ពួក​ចាស់​ទុំ​ឯ​ទៀត​ដែល​មាន​សមត្ថភាព ហើយ​មាន​ការ​ពិសោធ​ក្នុង​ទម្រង់​ការណ៍​នៃ​គណៈ​អភិបាល នឹង​ធានា​រ៉ាប់​រង​ថា​នឹង​មាន​ការ​មើល​ខុស​ត្រូវ​យ៉ាង​រៀប​រយ​ជា​និច្ច។

៦. តើ​តាម​របៀប​ណា​ដែល​គណៈ​អភិបាល​បន្ត​មាន​សកម្មភាព​ក្នុង​ក្រុង​យេរូសាឡិម ទោះ​ជា​ពួក​សមាជិក​ដើម​ឥត​មាន​ក្នុង​ទី​ក្រុង​នោះ​ទៀត?

៦ នៅ​ពេល​ដែល​ប៉ុល​បាន​មក​ឯ​ក្រុង​យេរូសាឡិម​ប្រហែល​ជា​ឆ្នាំ​៥៦ ស.យ. លោក​បាន​រាយ​ការណ៍​ប្រាប់​យ៉ាកុប ហើយ​ព្រះ​គម្ពីរ​ចែង​ថា «ពួក​ចាស់​ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ»។ (កិច្ច​ការ ២១:១៨) ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ឥត​បាន​ចែង​អ្វី​អំពី​ពួក​សាវ័ក​ក្នុង​កិច្ច​ប្រជុំ​នេះ​ដូច្នេះ? ម្ដង​នេះ​ទៀត ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​ទេ។ ប៉ុន្តែ​ក្រោយ​មក អ្នក​ប្រវត្ដិសាស្ត្រ​យូស៊ីប៊ាស រាយ​ការណ៍​ថា ក្នុង​គ្រា​មុន​ឆ្នាំ​៦៦ ស.យ.«ពួក​សាវ័ក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដោយ​ភ័យ​ខ្លាច​គេ​សម្លាប់​ខ្លួន ត្រូវ​បាន​គេច​ចេញ​ពី​ស្រុក​យូដា។ ប៉ុន្តែ ដើម្បី​បង្រៀន​សារ​របស់​គេ ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​គ្រប់​ប្រទេស​ក្នុង​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ»។ (យូស៊ីប៊ាស សៀវភៅ ៣, ៥, ក្បាល​ទី​២) ប្រាកដ​មែន ពាក្យ​របស់​យូស៊ីប៊ាស មិន​មែន​ជា​ផ្នែក​នៃ​ព្រះ​គម្ពីរ​ទេ ប៉ុន្តែ​ពាក្យ​ទាំង​នេះ​សម​ស្រប​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក។ ឧទាហរណ៍ មក​ដល់​៦២ ស.យ. ពេត្រុស​បាន​នៅ​ស្រុក​បាប៊ីឡូន—ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ (ពេត្រុស​ទី​១ ៥:១៣) ប៉ុន្តែ ក្នុង​ឆ្នាំ​៥៦ ស.យ. ហើយ​ប្រហែល​ជា​រហូត​ដល់​ឆ្នាំ​៦៦ ស.យ. គណៈ​អភិបាល​ច្បាស់​ជា​មាន​សកម្មភាព​ក្នុង​ក្រុង​យេរូសាឡិម។

ការ​ចាត់​ចែង​ក្នុង​សម័យ​ទំនើប

៧. បើ​ប្រៀប​ធៀប​នឹង​គណៈ​អភិបាល​នៃ​សតវត្ស​ទី​មួយ តើ​មាន​ការ​ខុស​គ្នា​ដ៏​សំខាន់​យ៉ាង​ណា​រវាង​គណៈ​អភិបាល​សព្វ​ថ្ងៃ​នេះ?

៧ តាំង​ពី​ឆ្នាំ​៣៣ ស.យ. រហូត​មក​ដល់​សេចក្ដី​វេទនា​លើ​ក្រុង​យេរូសាឡិម គណៈ​អភិបាល តាម​មើល​ទៅ គឺ​មាន​តែ​ពួក​គ្រីស្ទាន​ជាតិ​យូដា​ប៉ុណ្ណោះ។ ក្នុង​កំឡុង​ទស្សនកិច្ច​របស់​លោក​ក្នុង​ឆ្នាំ​៥៦​ស.យ. ប៉ុល​បាន​ដឹង​ថា​មាន​ពួក​គ្រីស្ទាន​យូដា​ជា​ច្រើន​ក្នុង​ក្រុង​យេរូសាឡិម ថ្វី​បើ«ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​ឧត្តម​នៃ​យើង» គឺ​នៅ«មាន​សេចក្ដី​ឧស្សាហ៍​ខ្មី​ឃ្មាត​កាន់​តាម​ក្រិត្យ​វិន័យ[ម៉ូសេ]ទាំង​អស់»។c (យ៉ាកុប ២:១; កិច្ច​ការ ២១:២០​-​២៥) ពួក​យូដា​បែប​នេះ ប្រហែល​ជា​មាន​ការ​ពិបាក​នឹង​ទទួល​ព្រម​ថា សាសន៍​ដទៃ​អាច​ធ្វើ​ជា​សមាជិក​នៃ​គណៈ​អភិបាល។ ប៉ុន្តែ ក្នុង​សម័យ​ទំនើប​នេះ គឺ​មាន​ការ​កែ​ប្រែ​ផ្សេង​ទៀត​ក្នុង​គណៈ​អភិបាល។ សព្វ​ថ្ងៃ​នេះ គណៈ​អភិបាល​នេះ​គឺ​មាន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មក​ពី​សាសន៍​ដទៃ​ទាំង​អស់​គ្នា ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​យ៉ាង​បរិបូរ​ដល់​ការ​មើល​ខុស​ត្រូវ​របស់​គេ។—អេភេសូរ ២:១១​-​១៥

៨, ៩. តើ​មាន​ព្រឹត្ដិការណ៍​អ្វី​កើត​ឡើង​ដល់​គណៈ​អភិបាល​ក្នុង​សម័យ​ទំនើប​នេះ?

៨ តាំង​ពី​សាជីវកម្ម​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ក្នុង​ឆ្នាំ​១៨៨៤​រហូត​ដល់​១៩៧២ ប្រធាននៃ​សមាគម​មាន​អំណាច​ច្រើន​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា កាល​ដែល​គណៈ​អភិបាល​បាន​ចូល​រួម​ជិត​ដិត​ជា​មួយ​ក្រុម​ប្រឹក្សា​នៃ​អ្នក​ដឹក​នាំ​របស់​សមាគម។ ពរ​ដែល​បាន​ទទួល​ក្នុង​ឆ្នាំ​ទាំង​នោះ ស​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​រៀបចំ​នោះ។ រវាង​ឆ្នាំ​១៩៧២​និង​១៩៧៥ គណៈ​អភិបាល​បាន​ពង្រីក​ដល់​មាន​សមាជិក​១៨​នាក់។ ការ​រៀបចំ​នេះ គឺ​បាន​យក​គំរូ​ពី​ការ​រៀបចំ​ក្នុង​សតវត្ស​ទី​មួយ ដែល​អំណាច​យ៉ាង​សម្បើម​បាន​ធ្លាក់​លើ​គណៈ​ដែល​បាន​ពង្រីក​នេះ ដែល​មាន​អ្នក​ខ្លះ​ជា​អ្នក​ដឹក​នាំ​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី។

៩ តាំង​ពី​ឆ្នាំ​១៩៧៥ មួយ​ចំនួន​នៃ​បុគ្គល​១៨​នាក់​នេះ​បាន​បញ្ចប់​កិច្ច​ការ​របស់​គេ​នៅ​លើ​ផែនដី​ហើយ។ ពួក​គេ​មាន​ជ័យ​ជំនះ​លើ​លោកីយ៍ ហើយ​បាន‹អង្គុយ​ជា​មួយ​ព្រះ​យេស៊ូ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់›។ (វិវរណៈ ៣:២១) ចំពោះ​រឿង​នេះ​និង​មូលហេតុ​ឯ​ទៀត ឥឡូវ​នេះ​គណៈ​អភិបាល​មាន​សមាជិក​ដប់​នាក់ ដែល​រួម​បញ្ចូល​បុគ្គល​ម្នាក់​ដែល​បាន​បន្ថែម​ក្នុង​ឆ្នាំ​១៩៩៤។ សឹង​តែ​ពួក​គេ​ទាំង​អស់​គ្នា​មាន​អាយុ​ចាស់​ហើយ។ យ៉ាង​ណា​ក៏​ដោយ ពួក​បង​ប្អូន​ចាក់​ប្រេង​តាំង​ទាំង​នេះ​ត្រូវ​បាន​ទទួល​ជំនួយ​យ៉ាង​ល្អ កាល​ដែល​គេ​បំពេញ​ភារៈ​ដ៏​ធ្ងន់​ទាំង​ឡាយ។ តើ​ការ​ជំនួយ​នោះ​រក​ឃើញ​នៅ​ឯ​ណា? ការ​សង្កេត​មើល​នៅ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ​នឹង​ឆ្លើយ​ប្រាប់។

ការ​គាំទ្រ​សំរាប់​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ

១០. តើ​អ្នក​ណា​ដែល​បាន​ចូល​រួម​ជា​មួយ​ពួក​ចាក់​ប្រេង​តាំង​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា​ក្នុង​កំឡុង​គ្រា​ចុង​បំផុត ហើយ​តើ​នេះ​បាន​ទាយ​មក​យ៉ាង​ណា?

១០ ក្នុង​ឆ្នាំ​១៨៨៤​សឹង​តែ​ពួក​អ្នក​ទាំង​អស់​ដែល​ចូល​រួម​ជា​មួយ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ ប៉ុន្តែ បន្ដិច​ម្ដង​ៗ ក្រុម​មួយ​ទៀត​បាន​ចាប់​ផ្ដើម​លេច​មក ហើយ​ក្នុង​ឆ្នាំ​១៩៣៥ ក្រុម​នេះ​ត្រូវ​បាន​សម្គាល់​ជា«ហ្វូង​ធំ»នៃ​វិវរណៈ​ជំពូក​៧។ ដោយ​មាន​សេចក្ដី​សង្ឃឹម​ខាង​ផែនដី ពួក​ទាំង​នេះ​តំណាង‹របស់​នៅ​ផែនដី› ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​នឹង​ប្រមូល​ចូល​ជា​មួយ​គ្នា​ក្នុង​ព្រះ​គ្រីស្ទ។ (អេភេសូរ ១:១០) ពួក​គេ​តំណាង«ចៀម​ឯ​ទៀត» ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ក្រោល​ចៀម។ (យ៉ូហាន ១០:១៦) តាំង​ពី​ឆ្នាំ​១៩៣៥ ពួក​ចៀម​ឯ​ទៀត​ជា​ច្រើន​បាន​ចូល​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន«រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប»។ (អេសាយ ៦០:៨) ដោយ​ព្រោះ​ពួក​ហ្វូង​ចៀម​ឯ​ទៀត​មាន​ចំនួន​កើន​ឡើង ហើយ​ពួក​ចាក់​ប្រេង​តាំង​មាន​គ្នា​តិច​ឡើង​ៗ កាល​ដែល​គេ​ចប់​កិច្ច​ការ​លើ​ផែនដី​ពេល​ស្លាប់​ទៅ​នោះ ពួក​ចៀម​ឯ​ទៀត​ដែល​មាន​សមត្ថភាព​មាន​មុខ​នាទី​ជា​ច្រើន​ក្នុង​សកម្មភាព​គ្រីស្ទាន។ តើ​ក្នុង​របៀប​ណា?

១១. តើ​មាន​ភារកិច្ច​អ្វី​ខ្លះ​ដែល​មាន​សំរាប់​តែ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មុន​ៗ ដែល​បាន​ប្រគល់​ដល់​ពួក​ចៀម​ឯ​ទៀត?

១១ ការ​ប្រកាស​សេចក្ដី​សរសើរ​របស់​ព្រះ​យេហូវ៉ា តែង​តែ​ជា​ភារៈ​ដ៏​ពិសេស​នៃ«សាសន៍​បរិសុទ្ធ»របស់​ព្រះ។ ប៉ុល​បាន​និយាយ​អំពី​រឿង​នេះ ជា​យញ្ញ​បូជា​នៃ​ព្រះ​វិហារ​មួយ ហើយ​ចំពោះ​អ្នក​ណា​ដែល​នឹង​បំរើ​ជា«ពួក​សង្ឃ» ព្រះ​យេស៊ូ​បាន​ឲ្យ​មុខ​ងារ​ទៅ​ផ្សាយ​និង​បង្រៀន។ (និក្ខមនំ ១៩:៥, ៦; ពេត្រុស​ទី​១ ២:៤, ៩; ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេព្រើរ ១៣:១៥, ១៦) យ៉ាង​ណា​ក្ដី ប៉ម​យាម ១ សីហា ១៩៣២ បាន​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​តំណាង​យ៉ូណាដាប ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​នេះ។ ប្រាកដ​ហើយ មនុស្ស​ជា​ច្រើន​នៃ​ចៀម​ឯ​ទៀត​បាន​ចូល​រួម​រួច​ទៅ​ហើយ។ សព្វ​ថ្ងៃ​នេះ ការ​ផ្សាយ​សឹង​តែ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ដោយ​ពួក​ចៀម​ឯ​ទៀត ដែល​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ«បំរើ[ព្រះ] នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»។ (វិវរណៈ ៧:១៥) ស្រដៀង​គ្នា​ដែរ ក្នុង​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​ទំនើប​នៃ​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គឺ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ជា«ផ្កាយ»នៅ​ខាង​ដៃ​ស្ដាំ​ព្រះ​យេស៊ូ​គ្រីស្ទ។ (វិវរណៈ ១:១៦, ២០) ប៉ុន្តែ ប៉ម​យាម ១ ឧសភា ១៩៣៧ បាន​ប្រកាស​ថា​ពួក​ចៀម​ឯ​ទៀត​មាន​សមត្ថភាព​អាច​ធ្វើ​ជា​ប្រធាន​ត្រួត​ពិនិត្យ។ ទោះ​បី​ជា​មាន​ពួក​បុរស​ចាក់​ប្រេង​តាំង​ក៏​ដោយ ក៏​អាច​ប្រើ​ពួក​ចៀម​ឯ​ទៀត បើ​សិន​ជា​ពួក​បុរស​ចាក់​ប្រេង​តាំង​មិន​អាច​ធ្វើ​ភារកិច្ច​របស់​គេ​បាន។ សព្វ​ថ្ងៃ​នេះ ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​សឹង​តែ​ទាំង​អស់ គឺ​ពួក​ចៀម​ឯ​ទៀត។

១២. តើ​មាន​ឧទាហរណ៍​អ្វី​ក្នុង​បទ​គម្ពីរ​ចំពោះ​ពួក​ចៀម​ឯ​ទៀត​ដែល​មាន​សមត្ថភាព ក្នុង​ការ​ទទួល​ភារៈ​ដ៏​ធ្ងន់​ខាង​អង្គការ?

១២ តើ​ជា​ការ​ខុស​ឬ​ក្នុង​ការ​ឲ្យ​ភារកិច្ច​ដ៏​ធ្ងន់​ជា​ច្រើន​ដល់​ពួក​ចៀម​ឯ​ទៀត​នោះ? អត់​ទេ នេះ​គឺ​ធ្វើ​តាម​គំរូ​មុន​ៗ​ក្នុង​ប្រវត្ដិសាស្ត្រ។ ពួក​បរទេស​កាន់​ជំនឿ​យូដា​ខ្លះ (ប្រទេស​ក្រៅ) មាន​ឋានៈ​ដ៏​សំខាន់​ក្នុង​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ (សាំយូអែល​ទី​២ ២៣:៣៧, ៣៩; យេរេមា ៣៨:៧​-​៩) ក្រោយ​ពី​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ពួក​នេធីនិម​ដែល​មាន​សមត្ថភាព (ពួក​អ្នក​បំរើ​ក្នុង​ព្រះ​វិហារ​ដែល​មិន​មែន​ជាតិ​អ៊ីស្រាអែល) បាន​ទទួល​ភារកិច្ច​នៃ​កិច្ច​បំរើ​ព្រះ​វិហារ ដែល​នៅ​មុន​ៗ​ជា​របស់​ផង​ពួក​លេវី​តែ​ប៉ុណ្ណោះ។ (អែសរ៉ា ៨:១៥​-​២០; នេហេមា ៧:៦០) ក្រៅ​ពី​នេះ ម៉ូសេ ដែល​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​ជា​មួយ​ព្រះ​យេស៊ូ បាន​ទទួល​ឱវាទ​ដ៏​ល្អ​ពី​យេត្រូ ជា​សាសន៍​ម៉ាឌាន។ ក្រោយ​មក លោក​បាន​សុំឲ្យ​កូន​យេត្រូ ឈ្មោះ ហូបាប់​ឲ្យ​ដឹក​នាំ​ពួក​គេ​ឆ្លង​កាត់​ទី​រហោ​ស្ថាន។—និក្ខមនំ ១៨:៥, ១៧​-​២៤; ជន​គណនា ១០:២៩

១៣. ដោយ​ផ្ទេរ​ភារកិច្ច​យ៉ាង​រាប​ទាប​ឲ្យ​ពួក​ចៀម​ឯ​ទៀត​ដែល​មាន​សមត្ថភាព តើ​ពួក​ចាក់​ប្រេង​តាំង​ធ្វើ​តាម​គំរូ​របស់​អ្នក​ណា?

១៣ មក​ដល់​ចុង​បញ្ចប់​នៃ​៤០​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន ម៉ូសេ ដោយ​ដឹង​ថា​ខ្លួន​មិន​អាច​ចូល​ទៅ​ស្រុក​សន្យា​នោះ​បាន ក៏​បាន​អធិស្ឋាន​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​បុគ្គល​ម្នាក់​ដែល​នឹង​មក​ជំនួស​លោក។ (ជន​គណនា ២៧:១៥​-​១៧) ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​លោក​ឲ្យ​ប្រគល់​មុខ​តំណែង​នេះ​ដល់​យ៉ូស្វេ នៅ​ពី​មុខ​មនុស្ស​ទាំង​ឡាយ ហើយ​ម៉ូសេ​បាន​ធ្វើ​ដូច្នេះ​មែន ទោះ​បី​លោក​នៅ​មាន​កម្លាំង​កាយ ហើយ​មិន​បាន​ឈប់​បំរើ​ជន​ជាតិ​អ៊ីស្រាអែល​ភ្លាម​នោះ​ឡើយ។ (ចោទិយកថា ៣:២៨; ៣៤:៥​-​៧,៩) ដោយ​មាន​ចិត្ត​គំនិត​រាប​ទាប​ស្រដៀង​គ្នា​នេះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ក៏​បាន​ប្រគល់​ភារកិច្ច​រឹត​តែ​ច្រើន​ទៀត​ដល់​ពួក​បុរស​ដែល​មាន​សមត្ថភាព ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត​ដែរ។

១៤. តើ​មាន​ទំនាយ​ណា​ខ្លះ​ដែល​ប្រាប់​អំពី​ការ​កើន​ឡើង​នៃ​មុខ​នាទី​នៃ​ពួក​ចៀម​ឯ​ទៀត​ខាង​អង្គការ?

១៤ ការ​ប្រគល់​ឲ្យ​ពួក​ចៀម​ឯ​ទៀត​នូវ​ភារកិច្ច​រឹត​តែ​ច្រើន​ក្នុង​អង្គការ ក៏​ជា​អ្វី​ដែល​បាន​ទាយ​មក​ដែរ។ សាការី​បាន​ទាយ​ប្រាប់​ថា បុគ្គល​ភីលីស្ទីន​ដែល​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​នឹង​បាន«ដូច​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា»។ (សាការី ៩:៦, ៧) ពួក​ចៅហ្វាយ​គឺ​ជា​មេ​កុលសម្ព័ន្ធ ដូច្នេះ​សាការី​បាន​និយាយ​ថា អតីត​សត្រូវ​របស់​អ៊ីស្រាអែល នឹង​យក​ការ​ថ្វាយ​បង្គំ​ពិត ហើយ​និង​ក្លាយ​ទៅ​ដូច​ជា​មេ​កុលសម្ព័ន្ធ​ក្នុង​ស្រុក​សន្យា។ ម្យ៉ាង​ទៀត ដោយ​សំដៅ​ទៅ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​ឯង ហើយ​មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ​រាស់ ហើយ​ថែ​រក្សា​ចំការ​ទំពាំង​បាយ​ជូរ​ឲ្យ​ឯង តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា មនុស្ស​ទាំង​ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា»។ (អេសាយ ៦១:៥, ៦) «ពួក​សាសន៍​ដទៃ» និង«មនុស្ស​ប្រទេស​ក្រៅ» គឺ​ជា​ពួក​ចៀម​ឯ​ទៀត។ គឺ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ជា​ច្រើន​ដល់​ពួក​ទាំង​នេះ ដើម្បី​ឲ្យ​ទទួល​កិច្ច​ការ​រឹត​តែ​ច្រើន​ទៀត កាល​ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​ដែល​មាន​អាយុ​ចាស់​ទៅ​ៗ ហើយ​បញ្ចប់​កិច្ច​ការ​នៅ​ផែនដី​របស់​គេ រួច​ទៅ​បំរើ​ក្នុង​ន័យ​ដ៏​ពេញ​លេញ​ជា«សង្ឃ​របស់​ព្រះ​យេហូវ៉ា»នៅ​ស្ថាន​សួគ៌ ដែល​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ជា«អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា»។—កូរិនថូស​ទី​១ ១៥:៥០​-​៥៧; វិវរណៈ ៤:៤, ៩​-​១១; ៥:៩, ១០

«ដំណ​មនុស្ស . . . ដែល​ត្រូវ​កើត​ខាង​មុខ»

១៥. ក្នុង​គ្រា​ចុង​បញ្ចប់​នេះ តើ​ក្រុម​គ្រីស្ទាន​មួយ​ណា​ដែល​មាន​អាយុ«ចាស់» ហើយ​តើ​ក្រុម​មួយ​ណា​ដែល​តំណាង«ដំណ​មនុស្ស . . . ដែល​ត្រូវ​កើត​ឡើង​ខាង​មុខ»?

១៥ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​មាន​ចិត្ត​ខ្នះ​ខ្នែង ក្នុង​ការ​បង្ហាត់​ពួក​ចៀម​ឯ​ទៀត​សំរាប់​ភារកិច្ច​ជា​ច្រើន។ ទំនុកដំកើង ៧១:១៨ ចែង​ថា៖ «ឱ​ព្រះ​អង្គ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ»។ ក្នុង​ការ​អធិប្បាយ​លើ​ខ​នេះ ប៉ម​យាម ១៥ ធ្នូ ១៩៤៨ បាន​ចង្អុល​ប្រាប់​ថា​ក្រុម​ជំនុំ​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង គឺ​ប្រាកដ​ជា​មាន​អាយុ​ចាស់​ហើយ។ ទស្សនាវដ្ដី​នេះ​ក៏​ចែង​ថា ពួក​ចាក់​ប្រេង​តាំង«សង្ឃឹម​មើល​ទៅ​មុខ​រក​ដោយ​ពន្លឺ​នៃ​ទំនាយ​ព្រះ​គម្ពីរ ហើយ​មើល​ដំណ​មនុស្ស​ថ្មី»។ តើ​នេះ​គឺ​សំដៅ​ទៅ​ពួក​ណា​ជា​ពិសេស? ប៉ម​យាម បាន​ចែង​ថា៖ «ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​គេ​ជា‹ពួក​ចៀម​ឯ​ទៀត›របស់​ទ្រង់›»។ ‹ដំណ​មនុស្ស​ដែល​នឹង​ត្រូវ​កើត​ខាង​មុខ› សំដៅ​ទៅ​មនុស្ស​ដែល​នឹង​រស់​នៅ​ក្រោម​ការ​ចាត់​ចែង​ថ្មី​ខាង​ផែនដី ដែល​ត្រូវ​គ្រប់​គ្រង​ដោយ​ព្រះ​រាជាណាចក្រ​នៃ​ស្ថាន​សួគ៌។

១៦. តើ‹ដំណ​មនុស្ស​ដែល​ត្រូវ​កើត​ឡើង​ខាង​មុខ›រង់​ចាំ​ដ៏​រំភើប​ចំពោះ​ពរ​អ្វី​ខ្លះ?

១៦ ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា​នៅ​ពេល​ណា​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​អស់ នឹង​ចាក​ចេញ​ពី​ពួក​ចៀម​ឯ​ទៀត​នៃ‹ដំណ​មនុស្ស​ដែល​ត្រូវ​កើត​ខាង​មុខ› ហើយ​ឲ្យ​បាន​សិរី​ល្អ​ជា​មួយ​ព្រះ​យេស៊ូ​គ្រីស្ទ។ ប៉ុន្តែ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​មាន​ការ​ទុក​ចិត្ត​ថា ពេល​វេលា​ចំពោះ​រឿង​នេះ​គឺ​ជិត​មក​ដល់​ហើយ។ ព្រឹត្ដិការណ៍​ទាំង​ឡាយ​ដែល​បាន​ទាយ​ប្រាប់​ក្នុង​ទំនាយ​ដ៏​ឧត្តម​របស់​ព្រះ​យេស៊ូ​អំពី«គ្រា​ចុង​បញ្ចប់» កំពុង​តែ​បាន​សម្រេច​តាំង​ពី​ឆ្នាំ​១៩១៤។ នេះ​បង្ហាញ​ថា​សេចក្ដី​ហិន​វិនាស​នៃ​លោកីយ៍​នេះ​គឺ​កាន់​តែ​ជិត​មក​ដល់​ហើយ។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:៣​-​១៤; ម៉ាកុស ១៣:៤​-​២០; លូកា ២១:៧​-​២៤) មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​នាំ​ចូល​ពិភព​លោក​ថ្មី ដែល‹ដំណ​មនុស្ស​ដែល​ត្រូវ​កើត​ខាង​មុខ›នឹង‹បាន​ព្រះ​រាជាណាចក្រ[វិស័យ​ខាង​ផែនដី]ជា​មរតក ដែល​បាន​រៀបចំ​ទុក​សំរាប់​ពួក​គេ តាំង​ពី​កំណើត​លោកីយ៍​មក›។ (ម៉ាថាយ ២៥:៣៤) ពួក​គេ​មាន​ចិត្ត​យ៉ាង​រំភើប​ក្នុង​ការ​រង់​ចាំ​ការ​ធ្វើ​ឲ្យ​មាន​សួន​មនោរម្យ​ឡើង​វិញ និង​ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ចេញ​ពី​ហាដេស។ (វិវរណៈ ២០:១៣) តើ​នឹង​មាន​ពួក​អ្នក​ចាក់​ប្រេង​តាំង​នៅ​ទី​នោះ ដើម្បី​ស្វាគមន៍​ពួក​រស់​ឡើង​វិញ​ទាំង​នេះ​ទេ? ក្នុង​ឆ្នាំ​១៩២៥ ប៉ម​យាម ១ ឧសភា មាន​ប្រសាសន៍​ថា៖ «យើង​មិន​គួរ​វិនិច្ឆ័យ​តាម​អំពើ​ចិត្ត​នូវ​អ្វី​ដែល​ព្រះ​ធ្វើ​ឬ​មិន​ធ្វើ​នោះ​ទេ។ . . . [ប៉ុន្តែ]យើង​ត្រូវ​បាន​បណ្ដាល​ឲ្យ​សន្និដ្ឋាន​ថា ពួក​សមាជិក​នៃ​ក្រុម​ជំនុំ[ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង] នឹង​បាន​សិរី​ល្អ មុន​នឹង​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​ពី​បុរាណ​ដែល​គួរ​រស់​ឡើង [ពួក​ស្មរបន្ទាល់​ស្មោះ​ត្រង់​មុន​សម័យ​គ្រីស្ទាន]»។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​ការ​ពិគ្រោះ​ថា​តើ​អ្នក​ចាក់​ប្រេង​តាំង​ខ្លះ​នឹង​មាន​ជីវិត​រស់​នៅ​ដើម្បី​ស្វាគមន៍​ពួក​រស់​ឡើង​វិញ ប៉ម​យាម ១ កញ្ញា ១៩៨៩ បាន​ចែង​ថា៖ «នេះ​គឺ​មិន​ចាំ​បាច់​សោះ​ឡើយ»។d

១៧. តើ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​អ្វី​ដែល​ពួក​ចាក់​ប្រេង​តាំង ជា​ក្រុម នឹង​ចូល​រួម​ជា​មួយ​ស្តេច ព្រះ​យេស៊ូ​គ្រីស្ទ?

១៧ ប្រាកដ​ហើយ យើង​មិន​ដឹង​ថា​មាន​អ្វី​នឹង​កើត​ឡើង​ក្នុង​ករណី​នៃ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​និមួយ​ៗ​ទេ។ ប៉ុន្តែ​វត្តមាន​នៃ​ម៉ូសេ​និង​អេលីយ៉ា​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ចក្ខុនិមិត្ត​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ បង្ហាញ​ថា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​រស់​ឡើង​វិញ នឹង​នៅ​ជា​មួយ​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់​យាង​មក​ក្នុង​សិរី​ល្អ ដើម្បី«សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន» កាល​ដែល​ទ្រង់​ជំនុំ​ជំរះ​និង​សម្រេច​តាម​ការ​ជំនុំ​ជំរះ​នេះ។ ម្យ៉ាង​វិញ​ទៀត យើង​ចាំ​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ ដែល​ថា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​បាន‹ឈ្នះ›នឹង​ចូល​រួម​ជា​មួយ​ទ្រង់​ក្នុង​ការ‹ឃ្វាល​សាសន៍​ដោយ​ដំបង​ដែក›នៅ​ឯ​អើម៉ាគេដូន។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យាង​មក​ក្នុង​សិរី​ល្អ ពួក​គេ​នឹង​អង្គុយ​ជា​មួយ​ទ្រង់​ទាំង«ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២»។ ជា​មួយ​ព្រះ​យេស៊ូ គេ​នឹង‹កិន​អារក្ស​សាតាំង​នៅ​ក្រោម​ជើង​របស់​គេ›។—ម៉ាថាយ ១៦:២៧–១៧:៩; ១៩:២៨; វិវរណៈ ២:២៦, ២៧; ១៦:១៤, ១៦; រ៉ូម ១៦:២០; លោកុប្បត្តិ ៣:១៥; ទំនុកដំកើង ២:៩; ថែស្សាឡូនីច​ទី​២ ១:៩, ១០

១៨. (ក) តើ​អ្វី​ជា​ស្ថានការណ៍​ចំពោះ‹ការ​យក​ចូល​របស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​គ្រីស្ទ›? (ខ) តើ​យើង​អាច​និយាយ​អ្វី​អំពី‹ការ​យក​ចូល​នៃ​របស់​នៅ​ផែនដី​ជា​មួយ​ព្រះ​គ្រីស្ទ›?

១៨ ស្រប​ទៅ​តាម​ការ​ចាត់​ចែង​របស់​ទ្រង់ ព្រះ​យេហូវ៉ា​គឺ​កំពុង​តែ​បន្ត‹យក​ចូល​គ្រប់​ទាំង​អស់​ក្នុង​ព្រះ​គ្រីស្ទ›។ ចំពោះ«របស់​នៅ​ស្ថាន​សួគ៌» រាជបំណង​ទ្រង់​កំពុង​បាន​សម្រេច​ហើយ។ ការ​ផ្សំផ្គុំ​នៃ​ព្រះ​យេស៊ូ​ជា​មួយ​ពួក​១៤៤.០០០​នាក់​ក្នុង​ស្ថាន​សួគ៌​សំរាប់«រៀប​វិវាហមង្គល​នៃ​កូន​ចៀម»គឺ​ជិត​មក​ដល់​ហើយ។ ដូច្នេះ​ហើយ បាន​ជា​មាន​បង​ប្អូន​ជា​ច្រើន​នៃ​ពួក​ចៀម​ឯ​ទៀត​ដែល​មាន​គំនិត​ចាស់​ទុំ​ជា​យូរ​យារ​មក​ហើយ ដែល​តំណាង«របស់​នៅ​ផែនដី» បាន​ទទួល​ភារកិច្ច​ដ៏​ធ្ងន់​ជា​ច្រើន​ដើម្បី​គាំទ្រ​ពួក​បង​ប្អូន​ចាក់​ប្រេង​តាំង។ នេះ​ជា​គ្រា​ដ៏​រំភើប​ចិត្ត​ណាស់​ដែល​យើង​កំពុង​តែ​រស់​នៅ! ជា​ការ​គួរ​ឲ្យ​រំភើប​ចិត្ត​មែន ដោយ​ឃើញ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ជឿន​ទៅ​កាន់​សេចក្ដី​សម្រេច! (អេភេសូរ ១:៩, ១០; ៣:១០​-​១២; វិវរណៈ ១៤:១; ១៩:៧, ៩) ហើយ​ពួក​ចៀម​ឯ​ទៀត​មាន​ការ​អរ​សប្បាយ​ណាស់ ក្នុង​ការ​គាំទ្រ​ពួក​បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​គេ កាល​ដែល​ក្រុម​ទាំង​ពីរ​បំរើ​ជា​មួយ​គ្នា​ជា«ហ្វូង​តែ​មួយ» នៅ​ក្រោម«អ្នក​គង្វាល​តែ​មួយ» ដោយ​ចុះ​ចូល​នឹង​ស្តេច ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ដើម្បី​ជា​សិរី​ល្អ​នៃ​ព្រះ​មហា​ក្សត្រ​សកល​លោក ព្រះ​យេហូវ៉ា!—យ៉ូហាន ១០:១៦; ភីលីព ២:៩​-​១១

[កំណត់​សម្គាល់]

a សូម​មើល​ប៉ម​យាម ១ សីហា ១៩៨១ ទំព័រ ១៦​-​២៦ (ភាសា​អង់គ្លេស)

b ជា​ឧទាហរណ៍ ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩១៤ «រូប​ភាព​ល្ខោន​អំពី​ដំណើរ​បង្កើត»—ដែល​មាន​សម្លេង​ហើយ​មាន​បួន​ភាគ—ត្រូវ​បាន​បញ្ចាំង​ទូទាំង​នៃ​បស្ចិម​ប្រទេស។

c ចំពោះ​មូលហេតុ​ដែល​ពួក​គ្រីស្ទាន​ជាតិ​យូដា​ខ្លះ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ក្រិត្យ​វិន័យ សូម​មើល Insight on the Scriptures, បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក​ជា​សាជីវកម្ម ក្បាល​ទី​២ ទំព័រ ១១៦៣​-​៤

d សូម​មើល ប៉ម​យាម ១៥ សីហា ១៩៩០ ទំព័រ ៣០​-​១; ១៥ ធ្នូ ១៩៩០ ទំព័រ ៣០(ភាសា​អង់គ្លេស)

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​អង្គការ​របស់​ព្រះ​ជឿន​ទៅ​មុខ​ក្នុង​សតវត្ស​ទី​មួយ?

◻ តើ​តាម​របៀប​ណា​ដែល​គណៈ​អភិបាល​បាន​កើត​ឡើង ក្នុង​ប្រវត្ដិសាស្ត្រ​ទំនើប​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

◻ តើ​បទ​គម្ពីរ​អ្វី​ខ្លះ​បង្ហាញ​ពី​ការ​ឲ្យ​អំណាច​ដល់​ពួក​ចៀម​ឯ​ទៀត​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា?

◻ តើ​តាម​របៀប​ណា​ដែល«របស់​នៅ​ស្ថាន​សួគ៌» និង«របស់​នៅ​ផែនដី» បាន​ប្រមូល​ឲ្យ​មក​ចូល​ជា​មួយ​គ្នា​ក្នុង​ព្រះ​គ្រីស្ទ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក