បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១១ ទំ. ១១-១៦
  • ព្រះយេហូវ៉ា—ព្រះដែលបង្រៀន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ា—ព្រះដែលបង្រៀន
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​វរបិតា គ្រូ ប្ដី
  • ការ​បង្រៀន​ដ៏​សំខាន់​របស់​ព្រះ​យេហូវ៉ា
  • ពួក​ហ្វូង​ធំ​ដែល​បាន​បង្រៀន
  • របៀប​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង
  • រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
    រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
  • សេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • ព្យាការីទាំងប៉ុន្មានសុទ្ធតែធ្វើបន្ទាល់អំពីព្រះយេស៊ូ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១១ ទំ. ១១-១៦

ព្រះ​យេហូវ៉ា—ព្រះ​ដែល​បង្រៀន

«ព្រះ​ទ្រង់​[ព្រះ​យេហូវ៉ា]​បង្រៀន​គេ​ទាំង​អស់​គ្នា»។—យ៉ូហាន ៦:៤៥

១. តើ​ព្រះ​យេស៊ូ​កំពុង​តែ​ធ្វើ​អ្វី​នៅ​ភូមិ​កាពើណិម​ឥឡូវ​នេះ?

ព្រះ​យេស៊ូ​គ្រីស្ទ​ទើប​តែ​បាន​សម្ដែង​អព្ភូតហេតុ ហើយ​ឥឡូវ​នេះ​គេ​ឃើញ​ទ្រង់​កំពុង​តែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​នៅ​ឯ​ភូមិ​កាពើណិម នៅ​ជិត​សមុទ្រ​កាលីឡេ។ (យ៉ូហាន ៦:១​-​២១, ៥៩) មនុស្ស​ជា​ច្រើន​មិន​ជឿ​ទ្រង់​ទេ កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក»។ ពួក​គេ​ត្អូញត្អែរ​ថា៖ «អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្ដាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្ដេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថានសួគ៌​មក​ដូច្នេះ›»? (យ៉ូហាន ៦:៣៨, ៤២) ក្នុង​ការ​ស្តី​បន្ទោស​ពួក​គេ ព្រះ​យេស៊ូ​បាន​ប្រកាស​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ»។—យ៉ូហាន ៦:៤៤

២. តើ​មាន​មូលដ្ឋាន​អ្វី​ចំពោះ​ការ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​អំពី​ដំណើរ​រស់​ឡើង​វិញ?

២ នេះ​ជា​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មែន—ដោយ​បាន​រស់​ឡើង​វិញ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់ នៅ​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​សោយ​រាជ្យ​នោះ! យើង​អាច​ជឿ​សេចក្ដី​សន្យា​នេះ​បាន ពីព្រោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​អំពី​រឿង​នេះ។ (យ៉ូប ១៤:១៣​-​១៥; អេសាយ ២៦:១៩) ត្រូវ​ហើយ ព្រះ​យេហូវ៉ា ដែល​បង្រៀន​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ជា​«គ្រូ​បង្រៀន​ដ៏​ខ្ពង់​ខ្ពស់​បំផុត»។ (យ៉ូប ៣៦:២២ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ) ក្នុង​ការ​សំដៅ​ទៅ​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​វរបិតា​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ជា​បន្ទាប់​ថា៖ «នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ ‹ព្រះ​ទ្រង់​[ព្រះ​យេហូវ៉ា]​បង្រៀន​គេ​ទាំង​អស់​គ្នា›»។—យ៉ូហាន ៦:៤៥

៣. តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ត្រូវ​តែ​ពិចារណា​មើល?

៣ យ៉ាង​ប្រាកដ​ណាស់ នេះ​ជា​ឯក​សិទ្ធិ​ដ៏​ល្អ​មែន ចំពោះ​អ្នក​ណា​ដែល​នៅ​ក្នុង​ចំណោម​នៃ​អស់​អ្នក​ដែល​ព្យាការី​អេសាយ​បាន​សរសេរ​មក​ថា៖ «ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា»។ (អេសាយ ៥៤:១៣) តើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ឬ​ទេ? តើ​ពួក​ណា​ដែល​ហាក់បី​ដូច​ជា​កូន​ចៅ​ចំពោះ​ទ្រង់ ហើយ​បាន​ទទួល​នូវ​ការ​បង្រៀន​ពី​ទ្រង់​នោះ? តើ​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា​ដ៏​សំខាន់​ណា​ខ្លះ​ដែល​យើង​ត្រូវ​តែ​ដឹង ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​ទទួល​បាន​ប្រសិទ្ធិពរ​ពី​ទ្រង់​នោះ? តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យ៉ាង​ណា​ដែរ​នៅ​អតីតកាល ហើយ​តើ​ទ្រង់​បង្រៀន​តាម​របៀប​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? នេះ​ជា​សំនួរ​ទាំង​ឡាយ​ដែល​យើង​នឹង​ពិចារណា​មើល។

ព្រះ​វរបិតា គ្រូ ប្ដី

៤. តើ​ពួក​ណា​ជា​បុត្រា​របស់​ព្រះ​យេហូវ៉ា​ដំបូង​ដែល​ទទួល​ការ​បង្រៀន​ពី​ទ្រង់​នោះ?

៤ ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ព្រះ​វរបិតា​និង​គ្រូ​ជា​លើក​ដំបូង នៅ​ពេល​ដែល​ទ្រង់​បាន​បង្កើត​រាជបុត្រា​តែ​មួយ​គត់​ដែល​កើត​ផ្ទាល់​ពី​ទ្រង់ គឺ​ព្រះ​យេស៊ូ​មុន​ទ្រង់​មាន​កំណើត​ជា​មនុស្ស។ បុគ្គល​ម្នាក់​នេះ​ត្រូវ​បាន​ហៅ​ជា​«ព្រះ​បន្ទូល» ពីព្រោះ​ទ្រង់​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ១:១, ១៤; ៣:១៦) ព្រះ​បន្ទូល​បាន​បំរើ​«ជិត​ទ្រង់​[ព្រះ​វរបិតា]​ដូច​ជា​មេ​ជាង» ហើយ​ទ្រង់​បាន​រៀន​ចេះ​យ៉ាង​ច្រើន​ពី​ការ​បង្រៀន​របស់​ព្រះ​វរបិតា។ (សុភាសិត ៨:២២, ៣០) តាម​ការ​ពិត ទ្រង់​បាន​ក្លាយ​ទៅ​ជា​ភ្នាក់ងារ ដែល​តាម​រយៈ​នេះ ព្រះ​វរបិតា​បាន​បង្កើត​របស់​សព្វសារពើ រួម​បញ្ចូល​ទាំង​«ពួក​កូន​ព្រះ»​ខាង​វិញ្ញាណ​ផង។ ពួក​គេ​ច្បាស់​ជា​មាន​ការ​អរ​សប្បាយ​ណាស់ ដែល​ព្រះ​បាន​បង្រៀន​ពួក​គេ​នោះ! (យ៉ូប ១:៦; ២:១; ៣៨:៧; កូល៉ុស ១:១៥​-​១៧) នៅ​ពេល​ក្រោយ​មក មនុស្ស​ទី​មួយ អ័ដាម​ត្រូវ​បាន​បង្កើត​មក។ គាត់​ក៏​ជា​«កូន​ព្រះ»​ដែរ ហើយ​ព្រះ​គម្ពីរ​ចែង​ប្រាប់​ថា​ព្រះ​យេហូវ៉ា​បាន​បង្រៀន​គាត់។—លូកា ៣:៣៨; លោកុប្បត្តិ ២:៧, ១៦, ១៧

៥. តើ​ឯក​សិទ្ធិ​ដ៏​មាន​តម្លៃ​ណា​ដែល​អ័ដាម​បាន​បាត់បង់​នោះ ប៉ុន្តែ​តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​ណា ហើយ​ហេតុ​អ្វី?

៥ គួរ​ឲ្យ​ស្ដាយ​ណាស់ ដោយ​ការ​មិន​គោរព​ស្ដាប់​បង្គាប់​របស់​គាត់ អ័ដាម​បាន​បាត់បង់​នូវ​ឯក​សិទ្ធិ​នៃ​ការ​បន្ត​ធ្វើ​ជា​ពួក​កូន​របស់​ព្រះ។ ដូច្នេះ​កូន​ចៅ​របស់​គាត់ មិន​អាច​ទាមទារ​រក​ទំនាក់ទំនង​ធ្វើ​ជា​ពួក​កូន​របស់​ព្រះ ដោយសារ​មាន​កំណើត​មក​នោះ​បាន​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​មនុស្ស​មិន​ល្អ​ឥតខ្ចោះ ដែល​មក​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់។ ជា​ឧទាហរណ៍ លោក​ណូអេ​ជា​«អ្នក​សុចរិត» ដែល​«ដើរ​ជា​មួយ​នឹង​ព្រះ» ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​បាន​បង្រៀន​លោក​ណូអេ។ (លោកុប្បត្តិ ៦:៩, ១៣​-​៧:៥) ដោយ​ការ​ស្ដាប់​បង្គាប់​ព្រះ លោក​អ័ប្រាហាំ​បាន​បញ្ជាក់​ថា​គាត់​ជា​‹មិត្ត​របស់​ព្រះ​យេហូវ៉ា› ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​បាន​បង្រៀន​លោក​ដែរ។—យ៉ាកុប ២:២៣; លោកុប្បត្តិ ១២:១​-​៤; ១៥:១​-​៨; ២២:១, ២

៦. តើ​ពួក​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ជា​«ពួក​កូន»​របស់​ទ្រង់ ហើយ​តើ​ទ្រង់​ជា​គ្រូ​ប្រភេទ​ណា​ចំពោះ​ពួក​គេ?

៦ នៅ​ពេល​ជា​ច្រើន​ក្រោយ​មក ក្នុង​កំឡុង​សម័យ​នៃ​លោក​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​ចូល​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល។ ជា​លទ្ធផល សាសន៍​នោះ​បាន​ក្លាយ​ទៅ​ជា​ប្រជា​រាស្ត្រ​របស់​ទ្រង់ ហើយ​បាន​ចាត់​ទុក​ជា​«កូន»​របស់​ទ្រង់។ ព្រះ​បាន​មាន​បន្ទូល​ថា៖ «អ៊ីស្រាអែល​ជា​កូន​អញ»។ (និក្ខមនំ ៤:២២, ២៣; ១៩:៣​-​៦; ចោទិយកថា ១៤:១, ២) ដោយសារ​ទំនាក់ទំនង​នៃ​កិច្ច​ព្រម​ព្រៀង​នោះ ពួក​អ៊ីស្រាអែល​អាច​និយាយ ដូច​ជា​បាន​កត់​ទុក​មក​ដោយ​ព្យាការី​របស់​អេសាយ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ»។ (អេសាយ ៦៣:១៦) ព្រះ​យេហូវ៉ា​បាន​ទទួល​ភារកិច្ច​របស់​ទ្រង់​ជា​ព្រះ​វរបិតា ហើយ​បាន​បង្រៀន​កូន​ចៅ​របស់​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល​ដោយ​សេចក្ដី​ស្រឡាញ់។ (ទំនុកដំកើង ៧១:១៧; អេសាយ ៤៨:១៧, ១៨) តាម​ការ​ពិត នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​មាន​ការ​ស្មោះ​ត្រង់ ទ្រង់​បាន​អង្វរ​ពួក​គេ​ដោយ​សេចក្ដី​មេត្ដាករុណា​ថា៖ «ឱ​ពួក​ក្មេងៗដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ»។—យេរេមា ៣:១៤

៧. តើ​ពួក​អ៊ីស្រាអែល​មាន​ទំនាក់ទំនង​យ៉ាង​ណា​ជា​មួយ​ព្រះ​យេហូវ៉ា?

៧ ជា​លទ្ធផល​ពី​ទំនាក់ទំនង​នៃ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ពួក​អ៊ីស្រាអែល ជា​អត្ថបដិរូប ព្រះ​យេហូវ៉ា​ក៏​បាន​ក្លាយ​ទៅ​ជា​ប្ដី​នៃ​សាសន៍​នោះ​ដែរ ហើយ​សាសន៍​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​ទ្រង់​ជា​អត្ថបដិរូប។ ចំពោះ​នាង ព្យាការី​អេសាយ​បាន​សរសេរ​ថា៖ «ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ​នាម​ទ្រង់ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ»។ (អេសាយ ៥៤:៥; យេរេមា ៣១:៣២) ថ្វី​បើ​ព្រះ​យេហូវ៉ា​បាន​បំពេញ​មុខ​នាទី​របស់​ទ្រង់​ជា​ប្ដី​ដ៏​ថ្លៃថ្នូរ​ក្ដី សាសន៍​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​ដែល​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ទៅ​វិញ។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន»។ (យេរេមា ៣:២០) ព្រះ​យេហូវ៉ា​នៅ​តែ​អង្វរ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ដែល​គ្មាន​ជំនឿ​នោះ ហើយ​ទ្រង់​បាន​បន្ត​ធ្វើ​ជា​អ្នក​‹បង្រៀន​ដ៏​ធំ​អស្ចារ្យ›​ជានិច្ច។—អេសាយ ៣០:២០; របាក្សត្រទី២ ៣៦:១៥

៨. ថ្វី​បើ​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ព្រះ​យេហូវ៉ា​បដិសេធ​ចោល​ក្ដី តើ​ប្រពន្ធ​ជា​អត្ថបដិរូប​ដ៏​ពិត​ណា​ដែល​ទ្រង់​នៅ​មាន​នោះ?

៨ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​បដិសេធ​ចោល​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ធ្វើ​គត់​ដល់​ទ្រង់​នោះ នៅ​ទីបំផុត​ព្រះ​ក៏​បាន​បដិសេធ​ចោល​នាង​ទៅ។ ដូច្នេះ​សាសន៍​យូដា​ក៏​លែង​មាន​សិទ្ធិ​ធ្វើ​ជា​ប្រពន្ធ​ជា​អត្ថបដិរូប​ដល់​ទ្រង់​ទៀត​ឡើយ ហើយ​ទ្រង់​ក៏​មិន​ជា​ប្ដី​និង​គ្រូ​ដល់​ពួក​កូន​ចៅ​ដ៏​រឹង​ចចេស​របស់​នាង​ទៀត​ដែរ។ (ម៉ាថាយ ២៣:៣៧, ៣៨) ប៉ុន្តែ សាសន៍​អ៊ីស្រាអែល​គ្រាន់​តែ​ជា​គំរូ ឬ​ក៏​ជា​តំណាង​ប្រពន្ធ​ប៉ុណ្ណោះ​ទេ។ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​ចេញ​ពី​អេសាយ ៥៤:១ ដែល​ចែង​ប្រាប់​អំពី​«ស្ត្រី​អារ» ដែល​មាន​ការ​ខុស​គ្នា​ហើយ​ប្លែក​ពី​«ស្ត្រី​ដែល​មាន​ប្ដី» ដែល​ជា​សាសន៍​នៃ​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ ប៉ុល​បាន​សម្ដែង​ថា ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ជា​កូន​ចៅ​នៃ​«ស្ត្រី​អារ» ដែល​គាត់​បាន​ហៅ​ថា​ជា​«យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ»។ ស្ត្រី​ជា​អត្ថបដិរូប​ដ៏​ពិត​នេះ​គឺ​មាន​រួម​បញ្ចូល​សត្តនិករ​វិញ្ញាណ​នៃ​អង្គការ​សួគ៌ា​របស់​ព្រះ។—កាឡាទី ៤:២៦, ២៧

៩. (ក) តើ​ព្រះ​យេស៊ូ​សំដៅ​ទៅ​ពួក​ណា នៅ​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​‹ពួក​កូន​ចៅ​របស់​ឯង​នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា​នោះ›? (ខ) ទៅ​លើ​មូលដ្ឋាន​អ្វី​ដែល​ប្រជាជន​ក្លាយ​ទៅ​ជា​ពួក​កូន​ខាង​វិញ្ញាណ​របស់​ព្រះ?

៩ ដូច្នេះ​នៅ​ក្នុង​សាលា​ប្រជុំ​ឯ​កាពើណិម កាល​ដែល​ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ពី​ទំនាយ​របស់​អេសាយ ដែល​ថា៖ «កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា» ទ្រង់​កំពុង​តែ​មាន​បន្ទូល​អំពី​អស់​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​«ពួក​កូន»​នៃ​«ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ» គឺ​អង្គការ​សួគ៌ា​ដែល​មាន​ដូច​ជា​ប្រពន្ធ​របស់​ព្រះ។ ដោយ​ទទួល​យក​ការ​បង្រៀន​ពី​អាណត្ដិ​ជន​របស់​ព្រះ​ពី​ស្ថានសួគ៌ គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ ពួក​ជនជាតិ​យូដា​ដែល​បាន​ស្ដាប់​នោះ អាច​ទៅ​ជា​កូន​ចៅ​របស់​ព្រះ ដែល​ជា​ស្ត្រី​អារ​ខាង​ស្ថានសួគ៌​ពី​មុន ហើយ​នឹង​រួម​គ្នា​ធ្វើ​ជា​«សាសន៍​បរិសុទ្ធ»​គឺ​«អ៊ីស្រាអែល​របស់​ព្រះ»​ខាង​វិញ្ញាណ។ (ពេត្រុសទី១ ២:៩, ១០; កាឡាទី ៦:១៦) ក្នុង​ការ​រៀប​រាប់​នូវ​ឱកាស​ដ៏​ធំ​ដែល​ព្រះ​យេស៊ូ​បាន​បើក​ទៅ​ដល់​ពួក​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​កូន​របស់​ព្រះ​នោះ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ»។—យ៉ូហាន ១:១១, ១២

ការ​បង្រៀន​ដ៏​សំខាន់​របស់​ព្រះ​យេហូវ៉ា

១០. ក្រោយ​ពី​ការ​បះបោរ​ភ្លាម​នៅ​ក្នុង​សួន​អេដែន តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​អ្វី​អំពី​«ពូជ» ហើយ​តើ​ពូជ​នេះ​ជា​អ្នក​ណា?

១០ ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ បាន​ប្រាប់​កូន​ចៅ​របស់​ទ្រង់​អំពី​គោល​បំណង​របស់​ទ្រង់។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​ទេវតា​បះបោរ​មួយ​បាន​ល្បួង​មនុស្ស​ជាតិ​មួយ​គូ​ដំបូង​ឲ្យ​មិន​គោរព​ព្រះ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ទ្រង់​នឹង​ត្រូវ​ធ្វើ​ភ្លាម ដើម្បី​នឹង​បំពេញ​គោល​បំណង​របស់​ទ្រង់ ក្នុង​ការ​ធ្វើ​ឲ្យ​ផែនដី​បាន​ទៅ​ជា​សួន​មនោរម្យ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដាក់​ការ​សំអប់​រវាង​«ពស់​ពី​បុរាណ» ដែល​ជា​អារក្ស​សាតាំង​និង​«ស្ត្រី»។ រួច​មក ទ្រង់​បាន​ពន្យល់​ថា «ពូជ»​របស់​ស្ត្រី​នឹង​«កិន​ក្បាល»​សម្លាប់​សាតាំង។ (លោកុប្បត្តិ ៣:១​-​៦, ១៥; វិវរណៈ ១២:៩; ២០:៩, ១០) ដូច​ជា​យើង​បាន​កត់​សម្គាល់​មក​ហើយ ស្ត្រី—នៅ​ពេល​ក្រោយ​មក​ត្រូវ​បាន​សម្គាល់​ជា​«ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ»—ជា​អង្គការ​សួគ៌ា​របស់​ព្រះ​ដែល​មាន​សត្តវិញ្ញាណ។ ប៉ុន្តែ តើ​អ្នក​ណា​ជា​«ពូជ»​របស់​នាង? ពូជ​នេះ​ជា​រាជបុត្រា​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​បុគ្គល​ដែល​បាន​បញ្ជូន​មក​ពី​ស្ថានសួគ៌ ហើយ​ជា​បុគ្គល​ដែល​នឹង​កំទេច​ចោល​សាតាំង​ជា​យថាហេតុ។—កាឡាទី ៤:៤; ហេព្រើរ ២:១៤; យ៉ូហានទី១ ៣:៨

១១, ១២. តើ​ព្រះ​យេហូវ៉ា​បាន​ពង្រីក​ការ​បង្រៀន​ដ៏​សំខាន់​របស់​ទ្រង់​ចំពោះ​«ពូជ»​នេះ​ដោយ​យ៉ាង​ណា?

១១ ព្រះ​យេហូវ៉ា​បាន​ពង្រីក​ការ​បង្រៀន​ដ៏​សំខាន់​នេះ​ចំពោះ​«ពូជ» នៅ​ពេល​ដែល​ទ្រង់​បាន​សន្យា​ដល់​អ័ប្រាហាំ​ថា៖ «នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ . . . គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង ពីព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។ (លោកុប្បត្តិ ២២:១៧, ១៨) ព្រះ​យេហូវ៉ា​បាន​ប្រើ​សាវ័ក​ប៉ុល​ឲ្យ​ពន្យល់​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ពូជ​របស់​អ័ប្រាហាំ​ដែល​បាន​សន្យា​មក​នោះ ប៉ុន្តែ​ថា​នៅ​មាន​អ្នក​ដទៃ​ទៀត​ដែល​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​«ពូជ»​នោះ។ ប៉ុល​បាន​សរសេរ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង»។—កាឡាទី ៣:១៦, ២៩

១២ ព្រះ​យេហូវ៉ា​ក៏​បាន​សម្ដែង​ប្រាប់​ថា ព្រះ​គ្រីស្ទ​ជា​ពូជ នឹង​កើត​មក​ពី​តំណ​នៃ​ពូជ​ស្តេច​យូដា ហើយ​ថា​«បណ្ដាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់»។ (លោកុប្បត្តិ ៤៩:១០) ចំពោះ​ស្តេច​ដាវីឌ​នៃ​កុលសម្ព័ន្ធ​យូដា ព្រះ​យេហូវ៉ា​បាន​សន្យា​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាប ហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃ​មាន​នៅ​ផង ពូជ​ពង្ស​ដាវីឌ​នឹង​ស្ថិត​ស្ថេរ​នៅ​ជា​រៀង​រាប​ដរាប ហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ​អាទិត្យ​ដែរ»។ (ទំនុកដំកើង ៨៩:៣, ៤, ២៩, ៣៦) នៅ​ពេល​ដែល​ទេវតា​កាព្រីយ៉ែល​បាន​ប្រកាស​អំពី​កំណើត​របស់​យេស៊ូ លោក​បាន​ពន្យល់​ថា​បុត្រ​នោះ ជា​អ្នក​គ្រប់គ្រង​ដែល​ព្រះ​បាន​តែងតាំង ជា​ពូជ​នៃ​ដាវីឌ។ កាព្រីយ៉ែល​បាន​មាន​ប្រសាសន៍​ថា៖ «បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ . . . ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។—លូកា ១:៣២, ៣៣; អេសាយ ៩:៦, ៧; ដានីយ៉ែល ៧:១៣, ១៤

១៣. ដើម្បី​នឹង​ទទួល​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​តែ​តប​ឆ្លើយ​នឹង​ការ​បង្រៀន​របស់​ទ្រង់​ដូច​ម្ដេច?

១៣ ដើម្បី​នឹង​ទទួល​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ដឹង ហើយ​ប្រព្រឹត្ត​តាម​ការ​បង្រៀន​ដ៏​សំខាន់​នេះ​អំពី​រាជាណាចក្រ​របស់​ព្រះ។ យើង​ត្រូវ​តែ​ជឿ​ថា ព្រះ​យេស៊ូ​បាន​យាង​មក​ពី​ស្ថានសួគ៌ ថា​ទ្រង់​ជា​ស្តេច​ដែល​ព្រះ​បាន​តែងតាំង​ឡើង—ជា​ពូជ​ស្តេច​ដែល​នឹង​ត្រួតត្រា​លើ​ការ​ស្ដារ​ឡើង​វិញ​នៃ​ទី​មនោរម្យ​លើ​ផែនដី—ហើយ​ថា​ទ្រង់​នឹង​ប្រោស​ពួក​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (លូកា ២៣:៤២, ៤៣; យ៉ូហាន ១៨:៣៣​-​៣៧) នៅ​ឯ​ភូមិ​កាពើណិម នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នេះ​ជា​ការ​ជាក់​ស្តែង​ណាស់ ចំពោះ​ពួក​យូដា​ថា​ទ្រង់​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ពិត។ គ្រាន់​តែ​ពីរបី​សប្ដាហ៍​មុន​នោះ ប្រហែល​ជា​នៅ​ឯ​ភូមិ​កាពើណិម​នេះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​កូន​ស្រី​របស់​មេ​ទាហាន​នៃ​សាលា​ប្រជុំ! (លូកា ៨:៤៩​-​៥៦) យ៉ាង​ប្រាកដ​ណាស់ យើង​ក៏​មាន​មូលហេតុ​គ្រប់គ្រាន់​ដែរ ក្នុង​ការ​ជឿ​អំពី​រឿង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ទ្រង់!

១៤, ១៥. (ក) តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​សំខាន់​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ? (ខ) តើ​យើង​ត្រូវ​តែ​យល់​អ្វី ដើម្បី​ឲ្យ​អាច​ពន្យល់​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នោះ?

១៤ ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​របស់​ទ្រង់​ដើម្បី​នឹង​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ប្រធាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សាយ​របស់​ទ្រង់ ហើយ​ព្រម​ទាំង​បង្រៀន​ឲ្យ​ពួក​កាន់​តាម​ទ្រង់​អធិស្ឋាន​អំពី​ព្រះ​រាជាណាចក្រ​នេះ​ផង។ (ម៉ាថាយ ៦:៩, ១០; លូកា ៤:៤៣) ពួក​យូដា​ខាង​សាច់​ឈាម​នឹង​ត្រូវ​បាន​ធ្វើ​ជា​‹ពួក​កូន​របស់​ព្រះ​រាជាណាចក្រ›​នោះ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​គ្មាន​ជំនឿ ពួក​គេ​ភាគ​ច្រើន​ពុំ​បាន​ទទួល​ឯក​សិទ្ធិ​នេះ​ឡើយ។ (ម៉ាថាយ ៨:១២; ២១:៤៣) ព្រះ​យេស៊ូ​បាន​សម្ដែង​ប្រាប់​ថា​មាន​តែ​«ពួក​ហ្វូង​តូច»​ទេ ដែល​នឹង​ទទួល​ឯក​សិទ្ធិ​ក្លាយ​ទៅ​ជា​‹ពួក​កូន​របស់​ព្រះ​រាជាណាចក្រ›។ «ពួក​កូន»​ទាំង​នេះ​ក្លាយ​ទៅ​ជា​‹អ្នក​គ្រង​មរតក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ›​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​សួគ៌ា​របស់​ទ្រង់។—លូកា ១២:៣២; ម៉ាថាយ ១៣:៣៨; រ៉ូម ៨:១៤​-​១៧; យ៉ាកុប ២:៥

១៥ តើ​ព្រះ​យេស៊ូ​នឹង​យក​ពួក​គ្រង​មរតក​នៃ​ព្រះ​រាជាណាចក្រ​ប៉ុន្មាន​នាក់ ដើម្បី​នឹង​សោយ​រាជ្យ​ជា​មួយ​ទ្រង់​ទៅ​លើ​ផែនដី​នោះ? គឺ​មាន​តែ​១៤៤.០០០​នាក់​ទេ បើ​យោង​ទៅ​តាម​ព្រះ​គម្ពីរ​នោះ។ (យ៉ូហាន ១៤:២, ៣; ធីម៉ូថេ​ទី​២ ២:១២; វិវរណៈ ៥:១០; ១៤:១​-​៣; ២០:៤) ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទ្រង់​មាន​«ចៀម​ឯ​ទៀត» ដែល​នឹង​ទៅ​ជា​អនុរាស្ត្រ​នៅ​លើ​ផែនដី​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ។ ពួក​ទាំង​នេះ​នឹង​មាន​សុខភាព​ដ៏​ល្អ​ឥតខ្ចោះ ហើយ​នឹង​ទទួល​សន្ដិភាព​ជា​និរន្តរ៍​នៅ​លើ​ផែនដី​មនោរម្យ។ (យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣, ៤) យើង​ត្រូវ​តែ​យល់ ហើយ​អាច​ពន្យល់​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា​អំពី​ព្រះ​រាជាណាចក្រ​ទៅ​អ្នក​ដទៃ។

១៦. តើ​ការ​បង្រៀន​ដ៏​សំខាន់​ណា​របស់​ព្រះ​យេហូវ៉ា ដែល​យើង​ត្រូវ​តែ​រៀន​ហើយ​ប្រព្រឹត្ត​តាម​នោះ?

១៦ សាវ័ក​ប៉ុល​បាន​សម្គាល់​នូវ​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា​ដ៏​សំខាន់​មួយ​ទៀត។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ពីព្រោះ​ព្រះ​ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ»។ (ថែស្សាឡូនីចទី១ ៤:៩) ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ យើង​ត្រូវ​តែ​សម្ដែង​សេចក្ដី​ស្រឡាញ់​បែប​នេះ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់» ហើយ​យើង​ក៏​ត្រូវ​តែ​ប្រព្រឹត្ត​តាម​គំរូ​របស់​ទ្រង់ ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​នេះ។ (យ៉ូហានទី១ ៤:៨; អេភេសូរ ៥:១, ២) ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​មនុស្ស​ជា​ច្រើន​ពុំ​បាន​រៀន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្នីគ្នា ដូច​ជា​ព្រះ​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​នោះ។ ចុះ​ចំពោះ​យើង យ៉ាង​ណា​វិញ​ដែរ? តើ​យើង​បាន​ប្រព្រឹត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា​នេះ​ទេ?

១៧. តើ​អាកប្បកិរិយា​របស់​អ្នក​ណា​ដែល​យើង​ត្រូវ​តែ​ប្រព្រឹត្ត​តាម?

១៧ ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​ស្ដាប់​តាម​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​អាកប្បកិរិយា​របស់​យើង បាន​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ព្រះ​គម្ពីរ ដែល​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ទូល​បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូល​បង្គំ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង»។ «សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​ធ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ . . . សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូល​បង្គំ​ផង»។ (ទំនុកដំកើង ២៥:៤, ៥; ១១៩:១២, ៦៦, ១០៨) បើសិន​ជា​អ្នក​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​បទ​ទំនុកដំកើង អ្នក​ក៏​អាច​នៅ​ក្នុង​ចំណោម​នៃ​ពួក​ហ្វូង​ធំ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​នោះ​ដែរ។

ពួក​ហ្វូង​ធំ​ដែល​បាន​បង្រៀន

១៨. តើ​ព្យាការី​អេសាយ​បាន​ទាយ​ប្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​សម័យ​យើង​នេះ?

១៨ ព្យាការី​អេសាយ​បាន​ទាយ​ប្រាប់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​សម័យ​យើង៖ «នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ . . . ឯ​ប្រជាជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា៖ ‹ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ។ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់›»។ (អេសាយ ២:២, ៣; មីកា ៤:២) តើ​ពួក​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​នោះ ជា​ពួក​ណា?

១៩. តើ​ពួក​ណា​ដែល​រួម​បញ្ចូល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​នោះ?

១៩ ពួក​គេ​រួម​បញ្ចូល​ពួក​អ្នក​ផ្សេងៗទៀត ក្រៅ​ពី​ពួក​អ្នក​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ស្ថានសួគ៌។ ដូច​ជា​បាន​កត់​សម្គាល់​ពី​មុន​មក​ហើយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទ្រង់​មាន​«ចៀម​ឯ​ទៀត»—អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នៅ​លើ​ផែនដី—ក្រៅ​ពី​ពួក​«ហ្វូង​តូច»​ដែល​បាន​ព្រះ​រាជាណាចក្រ​ជា​មរតក។ (យ៉ូហាន ១០:១៦; លូកា ១២:៣២) «ពួក​ហ្វូង​ធំ»​ដែល​នឹង​រួច​រស់​ជីវិត​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង»​គឺ​ជា​ពួក​ក្រុម​នៃ​ចៀម​ឯ​ទៀត ហើយ​ពួក​គេ​មាន​ឋានៈ​ដែល​ព្រះ​យេហូវ៉ា​យល់​ព្រម ដោយសារ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​លោហិត​របស់​ព្រះ​យេស៊ូ។ (វិវរណៈ ៧:៩, ១៤) ថ្វី​បើ​ពួក​ចៀម​ឯ​ទៀត​មិន​បាន​រួម​បញ្ចូល​ចំៗក្នុង​ចំណោម​«ពួក​កូន​ចៅ»​ដែល​បាន​ចែង​មក​នៅ​អេសាយ ៥៤:១៣​ក្ដី ពួក​គេ​បាន​ទទួល​ប្រសិទ្ធិពរ​ដោយ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​គេ។ ដូច្នេះ​ហើយ ពួក​គេ​ហៅ​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​«ព្រះ​វរបិតា» ពីព្រោះ​ទ្រង់​នឹង​ទៅ​ជា​ជីតា​របស់​គេ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ​«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់កល្ប»។—ម៉ាថាយ ៦:៩; អេសាយ ៩:៦

របៀប​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង

២០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​នោះ?

២០ ព្រះ​យេហូវ៉ា​បង្រៀន​យើង​តាម​របៀប​ច្រើន​ណាស់។ ជា​ឧទាហរណ៍ ទ្រង់​បង្រៀន​យើង​តាម​កិច្ចការ​ដែល​ទ្រង់​បាន​បង្កើត​មក ដែល​បញ្ជាក់​ប្រាប់​យើង​អំពី​វិជ្ជា​មាន​និង​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ទ្រង់។ (យ៉ូប ១២:៧​-​៩; ទំនុកដំកើង ១៩:១, ២; រ៉ូម ១:២០) ម្យ៉ាង​វិញ​ទៀត ទ្រង់​បង្រៀន​យើង​តាម​រយៈ​ការ​ធ្វើ​គមនាគមន៍ ដូច​ជា​ទ្រង់​បាន​បង្រៀន​ព្រះ​យេស៊ូ​មុន​នឹង​មាន​កំណើត​ជា​មនុស្ស​នោះ។ ស្រដៀង​នេះ​ដែរ នៅ​ក្នុង​គ្រា​បី​ដង ទ្រង់​បាន​មាន​បន្ទូល​ផ្ទាល់​ពី​ស្ថានសួគ៌​ដល់​ប្រជា​រាស្ត្រ​នៅ​លើ​ផែនដី។—ម៉ាថាយ ៣:១៧; ១៧:៥; យ៉ូហាន ១២:២៨

២១ តើ​ទេវតា​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ ជា​ពិសេស​ធ្វើ​ជា​អ្នក​តំណាង​របស់​ទ្រង់ ប៉ុន្តែ​យ៉ាង​ម៉េច​ក៏​យើង​ដឹង​ថា មាន​អ្នក​ដទៃ​ទៀត​ដែល​ព្រះ​បាន​ប្រើ​ដែរ​នោះ?

២១ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​ទេវតា​ជា​អ្នក​តំណាង​ដើម្បី​នឹង​បង្រៀន​ដែរ គឺ​រួម​បញ្ចូល​បុត្រ​ច្បង​របស់​ទ្រង់​គឺ​«ព្រះ​បន្ទូល»។ (យ៉ូហាន ១:១​-​៣) ថ្វី​បើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​អាច​មាន​បន្ទូល​ផ្ទាល់​ទៅ​មនុស្ស​ល្អ​ឥតខ្ចោះ អ័ដាម នៅ​ក្នុង​សួនច្បារ​អេដែន​នោះ ព្រះ​ក៏​ប្រហែល​ជា​បាន​ប្រើ​ព្រះ​យេស៊ូ​មុន​ទ្រង់​ជា​មនុស្ស​ដើម្បី​នឹង​មាន​បន្ទូល​សំរាប់​ដែរ។ (លោកុប្បត្តិ ២:១៦, ១៧) បុគ្គល​ម្នាក់​នេះ​ក៏​ប្រហែល​ជា​«ទេវតា​នៃ​ព្រះ​ដែល​បាន​នាំ​មុខ​ពួក​អ៊ីស្រាអែល» ហើយ​ចំពោះ​ទេវតា​នេះ ព្រះ​យេហូវ៉ា​បាន​បញ្ជា​ប្រាប់​ពួក​មនុស្ស​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ស្ដាប់​បង្គាប់​តាម​ទ្រង់»។ (និក្ខមនំ ១៤:១៩; ២៣:២០, ២១) យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មុន​ទ្រង់​ជា​មនុស្ស ជា​«កំពូល​លើ​ពួក​ពល​ផង​ព្រះ​យេហូវ៉ា» ដែល​បាន​លេច​ឡើង​ដល់​យ៉ូស្វេ​ដើម្បី​នឹង​ពង្រឹង​កម្លាំង​ដល់​គាត់។ (យ៉ូស្វេ ៥:១៤, ១៥) ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​ពួក​ទេវតា​ឯ​ទៀត​ដើម្បី​នឹង​ប្រទាន​ឲ្យ​ការ​បង្រៀន​របស់​ទ្រង់ ដូច​ជា​ពួក​ទេវតា​ដែល​ទ្រង់​បាន​ប្រើ​ដើម្បី​នឹង​ផ្ដល់​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ។—និក្ខមនំ ២០:១; កាឡាទី ៣:១៩; ហេព្រើរ ២:២, ៣

២២. (ក) តើ​ពួក​ណា​ដែល​នៅ​លើ​ផែនដី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​នឹង​បង្រៀន? (ខ) តើ​តាម​រយៈ​ដ៏​សំខាន់​ណា ដែល​ព្រះ​យេហូវ៉ា​បង្រៀន​មនុស្ស​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

២២ ម្យ៉ាង​វិញ​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រើ​មនុស្ស​ជា​អ្នក​តំណាង​ដើម្បី​នឹង​បង្រៀន។ ឪពុក​ម្ដាយ​នៅ​ប្រទេស​អ៊ីស្រាអែល​បាន​តម្រូវ​ឲ្យ​បង្រៀន​កូន​ចៅ​របស់​គេ ពួក​ព្យាការី ពួក​សង្ឃ ស្តេច និង​ពួក​លេវី​បាន​បង្រៀន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ទៅ​ដល់​សាសន៍​ទាំង​មូល។ (ចោទិយកថា ១១:១៨​-​២១; សាំយូអែលទី១ ១២:២០​-​២៥; របាក្សត្រទី២ ១៧:៧​-​៩) ព្រះ​យេស៊ូ​ជា​អ្នក​នាំ​ពាក្យ​ដ៏​សំខាន់​បំផុត​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ។ (ហេព្រើរ ១:១, ២) ព្រះ​យេស៊ូ​តែង​តែ​បាន​មាន​បន្ទូល​ថា អ្វី​ដែល​ទ្រង់​បាន​បង្រៀន គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​រៀន​មក​ពី​ព្រះ​វរបិតា​របស់​ទ្រង់។ ដូច្នេះ​ជា​លទ្ធផល ពួក​អ្នក​ស្ដាប់​របស់​ទ្រង់ ក៏​កំពុង​តែ​បាន​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា​វិញ​ដែរ។ (យ៉ូហាន ៧:១៦; ៨:២៨; ១២:៤៩; ១៤:៩, ១០) ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ពាក្យ​បន្ទូល​របស់​ទ្រង់ ហើយ​នៅ​សម័យ​យើង​នេះ ទ្រង់​បង្រៀន​មនុស្ស​តាម​បទ​គម្ពីរ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​តែង​មក។—រ៉ូម ១៥:៤; ធីម៉ូថេ​ទី​២ ៣:១៦

២៣. តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ត្រូវ​តែ​ពិចារណា​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២៣ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​សំខាន់​បំផុត ពីព្រោះ​ព្រះ​គម្ពីរ​សន្យា​ថា ‹នៅ​ជាន់​ក្រោយ​បង្អស់​[ពេល​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ] មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​បាន​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា›។ (អេសាយ ២:២, ៣) តើ​ការ​បង្រៀន​នេះ​ត្រូវ​បាន​ផ្ដល់​មក​យ៉ាង​ដូច​ម្ដេច? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​នឹង​ទទួល​ប្រយោជន៍​ពី​កម្មវិធី​បង្រៀន​របស់​ព្រះ​យេហូវ៉ា​ដ៏​ធំ​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​ឲ្យ​បាន​ចូល​រួម​នោះ? យើង​នឹង​ពិចារណា​មើល​អំពី​សំនួរ​បែប​នេះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ព្រះ​យេហូវ៉ា​ក្លាយ​ទៅ​ជា​ព្រះ​វរបិតា ជា​គ្រូ និង​ប្ដី​ដោយ​យ៉ាង​ណា?

◻ តើ​ព្រះ​យេហូវ៉ា​បង្រៀន​យ៉ាង​ណា​អំពី​«ពូជ»?

◻ តើ​ការ​បង្រៀន​ដ៏​សំខាន់​ណា​របស់​ព្រះ​ដែល​យើង​ត្រូវ​តែ​ធ្វើ​តាម​នោះ?

◻ តើ​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ដោយ​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​១២]

ការ​ប្រោស​កូន​ស្រី​របស់​យៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ ផ្ដល់​នូវ​មូលដ្ឋាន​ដ៏​ល្អ​ក្នុង​ការ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​អំពី​ដំណើរ​រស់​ឡើង​វិញ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក