ជំពូកទីបួន
ព្យាការីទាំងប៉ុន្មានសុទ្ធតែធ្វើបន្ទាល់អំពីព្រះយេស៊ូ
១. តើហេតុការណ៍ពិតអំពីព្រះជន្មរបស់ព្រះយេស៊ូមុនទ្រង់ជាមនុស្សបង្ហាញថា ទ្រង់មានទំនាក់ទំនងបែបណាជាមួយនឹងព្រះយេហូវ៉ា?
«ព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ»។ (យ៉ូហាន ៥:២០) រាជបុត្រានេះមានទំនាក់ទំនងដ៏កក់ក្ដៅណាស់ជាមួយនឹងព្រះយេហូវ៉ាដែលជាព្រះវរបិតា! ទំនាក់ទំនងដែលមានភាពជិតស្និទ្ធនោះបានចាប់ផ្ដើមនៅពេលរាជបុត្រាត្រូវបង្កើតមក រាប់សិបកោដិឆ្នាំមុនទ្រង់មានកំណើតជាមនុស្ស។ ព្រះយេស៊ូជារាជបុត្រាតែមួយគត់ដែលត្រូវបង្កើតដោយព្រះយេហូវ៉ាផ្ទាល់។ អ្វីផ្សេងៗទៀតនៅស្ថានសួគ៌និងនៅលើផែនដីបានត្រូវបង្កើតមក តាមរយៈរាជបុត្រាច្បងនេះដែលជាទីស្ងួនភ្ងារបស់ព្រះ។ (កូល៉ុស ១:១៥, ១៦) ព្រះយេស៊ូក៏បានបំរើជាព្រះបន្ទូល ឬអ្នកនាំសាររបស់ព្រះ ជាខ្សែរយៈដែលព្រះបានប្រើដើម្បីបង្ហាញពីបំណងព្រះហឫទ័យរបស់ទ្រង់ឲ្យអ្នកដទៃស្គាល់។ រាជបុត្រានេះដែលព្រះបានស្រឡាញ់យ៉ាងខ្លាំងនោះ ក៏បានទៅជាព្រះយេស៊ូគ្រីស្ទដែលជាមនុស្សជាតិ។—សុភាសិត ៨:២២-៣០; យ៉ូហាន ១:១៤, ១៨; ១២:៤៩, ៥០
២. តើទំនាយទាំងប៉ុន្មានក្នុងព្រះគម្ពីរដែលសំដៅទៅព្រះយេស៊ូមានដល់កំរិតណា?
២ គឺមានបទទំនាយជាច្រើនបានកត់ទុកអំពីព្រះយេស៊ូ មុននឹងរាជបុត្រច្បងនេះរបស់ព្រះបានប្រសូតជាមនុស្សដោយអព្ភូតហេតុ។ សាវ័កពេត្រុសបានផ្ដល់ភស្តុតាងទៅកូនេលាសថា៖ «ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់»។ (កិច្ចការ ១០:៤៣) មុខនាទីរបស់ព្រះយេស៊ូត្រូវបង្ហាញក្នុងព្រះគម្ពីរយ៉ាងច្រើនដល់ម្ល៉េះ ដែលទេវតាមួយរូបបានប្រាប់សាវ័កយ៉ូហានថា៖ «ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ[«ជាអ្វីដែលបណ្ដាលឲ្យទាយ», ព.ថ.]»។ (វិវរណៈ ១៩:១០) ទំនាយទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ទ្រង់ជាព្រះមេស្ស៊ីមែន។ ទំនាយទាំងនោះប្រាប់អំពីតួនាទីផ្សេងៗដែលទ្រង់មាន ក្នុងការបំពេញតាមគោលបំណងរបស់ព្រះ។ យើងគួរមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនឹងរឿងទាំងនេះនៅសព្វថ្ងៃនេះ។
ទំនាយទាំងនេះទាយប្រាប់អ្វីខ្លះ
៣. (ក) ក្នុងទំនាយនៅលោកុប្បត្តិ ៣:១៥ តើសត្វពស់ «ស្ត្រី» និង‹ពូជរបស់សត្វពស់›តំណាងអ្នកណា? (ខ) ហេតុអ្វីក៏‹ការកិនក្បាលសត្វពស់› ជាអ្វីដែលធ្វើឲ្យអ្នកបំរើរបស់ព្រះយេហូវ៉ាចាប់អារម្មណ៍យ៉ាងខ្លាំង?
៣ ទំនាយទីមួយនេះបានត្រូវចែងមក ក្រោយពីមានការបះបោរក្នុងសួនអេដែន។ ព្រះយេហូវ៉ាបានមានបន្ទូលទៅសត្វពស់ថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) ទំនាយនេះបានសំដៅទៅសាតាំង ដែលបានតំណាងដោយសត្វពស់នោះ។ «ស្ត្រី»គឺជាអង្គការដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានៅស្ថានសួគ៌ ដែលប្រៀបដូចនឹងភរិយាដ៏ស្មោះត្រង់ចំពោះទ្រង់។ ‹ពូជរបស់សត្វពស់›រួមបញ្ចូលពួកទេវតានិងមនុស្សដែលសម្ដែងចិត្តគំនិតរបស់សាតាំង គឺអស់អ្នកដែលប្រឆាំងព្រះយេហូវ៉ានិងរាស្ត្ររបស់ទ្រង់។ ‹ការជាន់ក្បាលសត្វពស់›មានន័យថាសាតាំងដែលជាអ្នកបះបោរនោះនឹងទទួលសេចក្ដីហិនវិនាស ពីព្រោះវាបាននិយាយបង្កាច់បង្ខូចព្រះយេហូវ៉ា និងបាននាំឲ្យមនុស្សជាតិរងទុក្ខលំបាកយ៉ាងខ្លាំង។ ប៉ុន្តែ តើអ្នកណាជាផ្នែកដ៏ចំបងនៃ«ពូជ»នោះ ដែលនឹងកិនក្បាលសាតាំង? នេះបានទៅជារឿង«អាថ៌កំបាំង»អស់ជាច្រើនសតវត្ស។—រ៉ូម ១៦:២០, ២៥, ២៦
៤. តើវង្សត្រកូលរបស់ព្រះយេស៊ូ បានជួយសម្គាល់ទ្រង់ជាពូជសន្យាយ៉ាងដូចម្ដេច?
៤ ព្រះយេហូវ៉ាបានប្រទានពត៌មានល្អិតល្អន់ថែមទៀត ក្រោយពីប្រមាណ២.០០០ឆ្នាំនៃប្រវត្ដិសាស្ត្ររបស់មនុស្សលោក។ ទ្រង់បានបញ្ជាក់ថា ពូជនេះនឹងលេចចេញពីវង្សត្រកូលរបស់អ័ប្រាហាំ។ (លោកុប្បត្តិ ២២:១៥-១៨) ប៉ុន្តែ វង្សត្រកូលដែលនាំទៅដល់ពូជនេះ គឺមិនពឹងទៅលើពូជពង្សមនុស្សទេ តែលើសេចក្ដីសម្រេចរបស់ព្រះវិញ។ ទោះជាអ័ប្រាហាំស្រឡាញ់អ៊ីសម៉ាអែល ដែលជាកូននាងហាការក៏ដោយ តែព្រះយេហូវ៉ាមានបន្ទូលថា៖ «តែឯសេចក្ដីសញ្ញា[«កិច្ចព្រមព្រៀង», ព.ថ.]របស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯង»។ (លោកុប្បត្តិ ១៧:១៨-២១) ក្រោយមក កិច្ចព្រមព្រៀងនេះបានត្រូវបញ្ជាក់បន្ថែមដល់យ៉ាកុប ដែលកើតចេញពីគាត់នោះមាន១២កុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល មិនមែនធ្វើឡើងជាមួយនឹងអេសាវដែលជាកូនច្បងរបស់អ៊ីសាកនោះទេ។ (លោកុប្បត្តិ ២៨:១០-១៤) បន្ទាប់ពីនោះ ក៏បានត្រូវបញ្ជាក់ថាពូជនេះនឹងប្រសូតពីកុលសម្ព័ន្ធយូដាគឺពីវង្សត្រកូលរបស់ដាវីឌដែរ។—លោកុប្បត្តិ ៤៩:១០; របាក្សត្រទី១ ១៧:៣, ៤, ១១-១៤
៥. នៅពេលដែលព្រះយេស៊ូចាប់ផ្ដើមកិច្ចបំរើផ្សាយនៅលើផែនដី តើអ្វីដែលធ្វើឲ្យឃើញជាក់ស្តែងថាទ្រង់ជាព្រះមេស្ស៊ី?
៥ តើមានពត៌មានណាទៀត ដែលប្រាប់អំពីអត្តសញ្ញាណនៃពូជនេះ? ព្រះគម្ពីរបានប្រាប់ឈ្មោះភូមិបេថ្លេហិម ជាកន្លែងដែលពូជសន្យានេះនឹងប្រសូតជាមនុស្ស ហើយនេះបានត្រូវទាយប្រាប់៧០០ឆ្នាំមុន។ ព្រះគម្ពីរក៏បានប្រាប់ថាពូជនេះធ្លាប់មានអត្ថិភាព«ចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក» តាំងពីបានត្រូវបង្កើតនៅស្ថានសួគ៌។ (មីកា ៥:១) មានពេលវេលាដ៏ជាក់លាក់ដែលពូជនេះនឹងលេចខ្លួននៅលើផែនដីនេះជាព្រះមេស្ស៊ី ក៏បានប្រាប់តាមរយៈព្យាការីដានីយ៉ែលដែរ។ (ដានីយ៉ែល ៩:២៤-២៦) ហើយនៅពេលព្រះយេស៊ូត្រូវចាក់តាំងដោយវិញ្ញាណបរិសុទ្ធ ឲ្យក្លាយទៅជាអ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា នោះព្រះសូរសៀងផ្ទាល់របស់ព្រះបានឮចេញពីស្ថានសួគ៌ និងសម្គាល់យ៉ាងច្បាស់ថាព្រះយេស៊ូជារាជបុត្រារបស់ព្រះ។ (ម៉ាថាយ ៣:១៦, ១៧) ពេលនោះ អត្តសញ្ញាណរបស់ពូជនេះលាតត្រដាងប្រាប់ហើយ! ដូច្នេះ ភីលីពក៏អាចនិយាយទាំងមានជំនឿស៊ប់ថា៖ «យើងបានឃើញព្រះអង្គនោះហើយ គឺជា[«បុគ្គល», ព.ថ.]ដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ»។—យ៉ូហាន ១:៤៥
៦. (ក) យោងទៅតាមលូកា ២៤:២៧ តើពួកអ្នកកាន់តាមព្រះយេស៊ូចាប់ផ្ដើមដឹងអំពីអ្វី? (ខ) តើអ្នកណាជាបុគ្គលដ៏សំខាន់បំផុតនៃ‹ពូជរបស់ស្ត្រី›? ហើយតើមានន័យយ៉ាងណា ដែលបុគ្គលនេះនឹងកិនក្បាលរបស់សត្វពស់នោះ?
៦ លុះដល់ក្រោយមក ពួកអ្នកកាន់តាមព្រះយេស៊ូក៏ចាប់ផ្ដើមដឹងថា មានទំនាយជាច្រើនដែលសំដៅទៅទ្រង់ ដែលបានត្រូវកត់ទុកក្នុងព្រះគម្ពីរដែលព្រះបានបណ្ដាលឲ្យតែងនោះ។ (លូកា ២៤:២៧) ក៏ឃើញច្បាស់ថែមទៀតថា ព្រះយេស៊ូជាបុគ្គលដ៏សំខាន់បំផុតនៃ‹ពូជរបស់ស្ត្រី› ជាបុគ្គលដែលនឹងកិនក្បាលពស់ ទាំងកំទេចសាតាំងចោលតែម្ដង។ ដោយសារព្រះយេស៊ូ នោះសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាចំពោះមនុស្សលោក និងអ្វីៗដែលយើងចង់បានយ៉ាងខ្លាំងនោះនឹងត្រូវសម្រេចជាពុំខាន។—កូរិនថូសទី២ ១:២០
៧. ក្រៅពីការយល់ដឹងអំពីអត្តសញ្ញាណនៃបុគ្គលដែលត្រូវបញ្ជាក់ក្នុងទំនាយជាច្រើននោះ តើការដឹងអ្វីទៀតដែលផ្ដល់នូវប្រយោជន៍នោះ?
៧ តើចំណេះដឹងនេះ គួរមានអានុភាពយ៉ាងណាលើយើង? ព្រះគម្ពីរចែងអំពីមនុស្សកំរៀវជនជាតិអេធីយ៉ូពីម្នាក់ ដែលបានអានទំនាយខ្លះទាំងនេះ អំពីអ្នកលោះនិងព្រះមេស្ស៊ីដែលនឹងត្រូវយាងមក។ គាត់បានឆ្ងល់ហើយក៏សួរភីលីពថា៖ «តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា?»។ ប៉ុន្តែ ពេលមនុស្សកំរៀវនេះបានទទួលចម្លើយហើយ នោះគាត់មិនទុករឿងនេះចោលទេ។ ក្រោយពីគាត់បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសេចក្ដីពន្យល់របស់ភីលីព នោះបុរសនេះដឹងថា គាត់ត្រូវតែធ្វើអ្វីមួយ ដើម្បីសម្ដែងនូវការយល់និងការដឹងគុណចំពោះទំនាយដែលបានសម្រេចនេះ។ គាត់បានយល់ថា គាត់ត្រូវតែទទួលបុណ្យជ្រមុជទឹក។ (កិច្ចការ ៨:៣២-៣៨; អេសាយ ៥៣:៣-៩) តើយើងមានប្រតិកម្មស្រដៀងគ្នានេះឬទេ?
៨. (ក) ពេលអ័ប្រាហាំប៉ុនប៉ងបូជាអ៊ីសាក តើនោះតំណាងអ្វី? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់អ័ប្រាហាំថា គ្រប់ទាំងសាសន៍នឹងទទួលពរដោយសារពូជនេះ? ហើយតើនេះទាក់ទងនឹងយើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
៨ ចូរពិនិត្យមើលដែរនូវកំណត់ហេតុដែលប្រកបទៅដោយមនោសញ្ចេតនា ពេលអ័ប្រាហាំប៉ុនប៉ងបូជាថ្វាយអ៊ីសាក ជាកូនប្រុសតែមួយដែលកើតពីសារ៉ា។ (លោកុប្បត្តិ ២២:១-១៨) នេះបានតំណាងនូវអ្វីដែលព្រះយេហូវ៉ានឹងធ្វើ គឺថ្វាយរាជបុត្រាតែមួយគត់ដែលទ្រង់បានបង្កើតផ្ទាល់ជាយញ្ញបូជា។ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) នេះធ្វើឲ្យយើងមានទំនុកចិត្តថា ដូចជាព្រះយេហូវ៉ាបានប្រទានរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ដើម្បីបំពេញគោលបំណងរបស់ទ្រង់ នោះទ្រង់ក៏នឹង«ប្រទានគ្រប់ទាំងអស់មកយើង»។ (រ៉ូម ៨:៣២) តើយើងត្រូវតែធ្វើអ្វី? ដូចបានកត់ទុកនៅលោកុប្បត្តិ ២២:១៨ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អ័ប្រាហាំថា គ្រប់ទាំងសាសន៍នឹងទទួលពរដោយសារពូជនេះ«ពីព្រោះ[អ័ប្រាហាំ]បានស្ដាប់តាមពាក្យ[របស់ព្រះ]»។ យើងក៏ត្រូវការស្ដាប់តាមព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់ដែរពីព្រោះ៖ «ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែនៅជាប់លើអ្នកនោះឯង»។—យ៉ូហាន ៣:៣៦
៩. ប្រសិនបើយើងមានអំណរគុណចំពោះសេចក្ដីសង្ឃឹមទទួលជីវិតអស់កល្បជានិច្ច ដែលមកពីយញ្ញបូជារបស់ព្រះយេស៊ូ តើយើងត្រូវធ្វើអ្វី?
៩ ប្រសិនបើយើងមានអំណរគុណចំពោះសេចក្ដីសង្ឃឹមទទួលជីវិតអស់កល្បជានិច្ច ដែលមកពីយញ្ញបូជារបស់ព្រះយេស៊ូ នោះយើងនឹងធ្វើអ្វីដែលព្រះយេហូវ៉ាមានបន្ទូលមកតាមរយៈព្រះយេស៊ូ។ សេចក្ដីបង្គាប់ទាំងនេះគឺទាក់ទងនឹងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងពួកអ្នកជិតខាងរបស់យើង។ (ម៉ាថាយ ២២:៣៧-៣៩) ព្រះយេស៊ូបានបង្ហាញថា សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា នឹងជំរុញឲ្យយើងបង្រៀនអ្នកដទៃឲ្យ«កាន់តាមគ្រប់ទាំងសេចក្ដី ដែល[ព្រះយេស៊ូ]បានបង្គាប់[យើង]»។ (ម៉ាថាយ ២៨:១៩, ២០) យើងចង់បង្ហាញសេចក្ដីស្រឡាញ់នោះដល់អ្នកបំរើរបស់ព្រះយេហូវ៉ា ដោយ«ប្រជុំគ្នា»ជាទៀងទាត់។ (ហេព្រើរ ១០:២៥; កាឡាទី ៦:១០) ពេលយើងស្ដាប់តាមព្រះនិងរាជបុត្រារបស់ទ្រង់ យើងមិនគួរគិតថាទ្រង់ទាំងពីរអង្គតម្រូវឲ្យយើងមានសុក្រឹតភាពនោះទេ។ ហេព្រើរ ៤:១៥ ចែងថា ព្រះយេស៊ូជាសម្ដេចសង្ឃរបស់យើង អាច«អាណិតអាសូរដល់សេចក្ដីកំសោយរបស់យើងរាល់គ្នា»។ នេះជាអ្វីដ៏គួរឲ្យសម្រាលទុក្ខមែន ជាពិសេសពេលយើងទូលថ្វាយព្រះតាមរយៈព្រះគ្រីស្ទ ឲ្យទ្រង់ជួយយើងឈ្នះលើភាពទន់ខ្សោយរបស់យើង!—ម៉ាថាយ ៦:១២
បង្ហាញជំនឿលើព្រះគ្រីស្ទ
១០. ហេតុអ្វីក៏គ្មានសេចក្ដីសង្គ្រោះក្រៅពីព្រះយេស៊ូគ្រីស្ទ?
១០ ពេលពេត្រុសបានពន្យល់ប្រាប់គណៈនៃសាលាជាន់ខ្ពស់របស់សាសន៍យូដា ក្នុងក្រុងយេរូសាឡិម ថាទំនាយក្នុងព្រះគម្ពីរបានសម្រេចចំពោះព្រះយេស៊ូ នោះគាត់បានសន្និដ្ឋានយ៉ាងម៉ឺងម៉ាត់ថា៖ «គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ (កិច្ចការ ៤:១២) ដោយព្រោះកូនចៅរបស់អ័ដាមជាអ្នកដែលមានបាប នោះពេលពួកគេស្លាប់ទៅ សេចក្ដីស្លាប់របស់ពួកគេមិនអាចថ្វាយជាតម្លៃលោះសំរាប់អ្នកណាម្នាក់បានឡើយ។ ប៉ុន្តែ ព្រះយេស៊ូជាបុគ្គលគ្រប់ល័ក្ខណ៍ ហើយព្រះជន្មរបស់ទ្រង់មានតម្លៃជាយញ្ញបូជា។ (ទំនុកដំកើង ៤៩:៦-៩; ហេព្រើរ ២:៩) ព្រះយេស៊ូបានថ្វាយព្រះនូវតម្លៃនៃជីវិតគ្រប់ល័ក្ខណ៍ស្មើនឹងជីវិតដែលអ័ដាមបានបាត់បង់នោះ។ (ធីម៉ូថេទី១ ២:៥, ៦) នេះបានបើកនូវឱកាសឲ្យយើងទទួលជីវិតអស់កល្បជានិច្ចក្នុងពិភពលោកថ្មីរបស់ព្រះ។
១១. សូមពន្យល់នូវរបៀបដែលយញ្ញបូជារបស់ព្រះយេស៊ូ អាចមានប្រយោជន៍យ៉ាងវិសេសចំពោះយើង?
១១ តម្លៃលោះក៏បានបើកនូវឱកាសឲ្យយើងទទួលផលប្រយោជន៍ឯទៀត សូម្បីតែនៅឥឡូវនេះ។ ជាឧទាហរណ៍ ថ្វីបើយើងជាអ្នកមានបាបក៏ដោយ យញ្ញបូជារបស់ព្រះយេស៊ូធ្វើឲ្យយើងមានមនសិការជ្រះថ្លា ដោយទទួលការអត់ឱនទោសនៃបាបរបស់យើង។ ហើយនេះគឺជាប្រយោជន៍ច្រើនជាងអ្វីដែលពួកអ៊ីស្រាអែលបានទទួលពីការថ្វាយសត្វជាយញ្ញបូជា តាមសេចក្ដីតម្រូវក្នុងក្រិត្យវិន័យម៉ូសេទៅទៀត។ (កិច្ចការ ១៣:៣៨, ៣៩; ហេព្រើរ ៩:១៣, ១៤; ១០:២២) ប៉ុន្តែ ដោយព្រោះយើងទទួលការអត់ឱនទោសនោះ គឺតម្រូវឲ្យយើងទទួលស្គាល់ថាយើងត្រូវការយ៉ាងខ្លាំងនូវយញ្ញបូជារបស់ព្រះគ្រីស្ទ។ «បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។—យ៉ូហានទី១ ១:៨, ៩
១២. ហេតុអ្វីការទទួលបុណ្យជ្រមុជទឹកជាកត្ដាដ៏សំខាន់ បើចង់បានមនសិការជ្រះថ្លានៅចំពោះព្រះនោះ?
១២ តើមនុស្សមានបាបអាចបង្ហាញនូវជំនឿលើព្រះគ្រីស្ទ និងយញ្ញបូជារបស់ទ្រង់យ៉ាងដូចម្ដេច? នៅពេលដែលមនុស្សនៅសតវត្សទីមួយបានក្លាយទៅជាអ្នកជឿ ពួកគេបង្ហាញជំនឿរបស់ពួកគេជាចំហ។ តើតាមរបៀបណា? ពួកគេបានទទួលបុណ្យជ្រមុជទឹក។ ហេតុអ្វី? ពីព្រោះព្រះយេស៊ូបានបង្គាប់ឲ្យពួកសិស្សរបស់ទ្រង់ទទួលបុណ្យជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ៨:១២; ១៨:៨) បុគ្គលម្នាក់នឹងមិនស្ទាក់ស្ទើរទេ ពេលទឹកចិត្តរបស់គាត់ត្រូវបានជំរុញដោយអំណោយប្រកបដោយសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ាបានប្រទានមកតាមរយៈព្រះយេស៊ូ។ គាត់នឹងផ្លាស់ប្ដូរគន្លងជីវិតរបស់គាត់តាមតែចាំបាច់ ហើយអធិស្ឋានថ្វាយខ្លួនចំពោះព្រះ និងបង្ហាញការឧទ្ទិសថ្វាយខ្លួននោះដោយទទួលបុណ្យជ្រមុជទឹក។ គឺដោយបង្ហាញជំនឿតាមរបៀបនេះ ដែលគាត់ទូល«សុំព្រះនូវមនសិការជ្រះថ្លា»។—ពេត្រុសទី១ ៣:២១, ព.ថ.
១៣. ប្រសិនបើយើងដឹងថាយើងបានប្រព្រឹត្តអំពើបាប តើយើងនឹងត្រូវធ្វើយ៉ាងណា? ហើយហេតុអ្វី?
១៣ សូម្បីតែក្រោយទទួលបុណ្យជ្រមុជទឹកហើយក៏ដោយ ក៏នៅមានភាពមានបាបដែរ។ តើនឹងត្រូវធ្វើយ៉ាងណាទៅ? សាវ័កយ៉ូហានពោលថា៖ «ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា»។ (យ៉ូហានទី១ ២:១, ២) តើនេះបានសេចក្ដីថា ទោះជាយើងប្រព្រឹត្តអំពើបាបអ្វីក៏ដោយ ប្រសិនបើយើងអធិស្ឋានទូលព្រះយេហូវ៉ាឲ្យទ្រង់អត់ឱនទោស នោះទ្រង់នឹងអត់ឱនទោសឲ្យឬទេ? មិនមែនដូច្នេះឡើយ!។ កត្ដាសំខាន់ចំពោះការអត់ឱនទោស គឺការប្រែចិត្តដ៏ស្មោះ។ ហើយក៏អាចទទួលជំនួយពីពួកអ្នកចាស់ទុំ ដែលមានបទពិសោធន៍ជាងក្នុងក្រុមជំនុំគ្រីស្ទាន។ យើងត្រូវតែសារភាពនិងទទួលស្គាល់អំពើបាបដែលយើងបានធ្វើ ហើយមានចិត្តសោកស្ដាយចំពោះរឿងនោះ ដើម្បីឲ្យយើងខំប្រឹងជៀសវាងពីការប្រព្រឹត្តអំពើបាបនោះម្ដងទៀត។ (កិច្ចការ ៣:១៩; យ៉ាកុប ៥:១៣-១៦) ប្រសិនបើយើងធ្វើដូច្នេះ នោះយើងអាចប្រាកដក្នុងចិត្តថា នឹងទទួលជំនួយពីព្រះយេស៊ូ ហើយយើងនឹងទទួលការយល់ព្រមពីព្រះយេហូវ៉ាផងដែរ។
១៤. (ក) សូមពន្យល់នូវវិធីដ៏សំខាន់មួយដែលយញ្ញបូជារបស់ព្រះយេស៊ូ មានប្រយោជន៍ចំពោះយើង។ (ខ) ប្រសិនបើយើងពិតជាមានជំនឿ តើយើងនឹងធ្វើអ្វី?
១៤ យញ្ញបូជារបស់ព្រះយេស៊ូបានបើកឱកាសឲ្យទទួលជីវិតអស់កល្បជានិច្ច នៅស្ថានសួគ៌សំរាប់«ហ្វូងតូច»ដែលជាផ្នែកទីពីរនៃពូជនៅលោកុប្បត្តិ ៣:១៥។ (លូកា ១២:៣២; កាឡាទី ៣:២៦-២៩) នេះក៏បានបើកឱកាសចំពោះជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ ចំពោះមនុស្សលោករាប់ពាន់លាននាក់ដែរ។ (ទំនុកដំកើង ៣៧:២៩; វិវរណៈ ២០:១១, ១២; ២១:៣, ៤) ជីវិតអស់កល្បជានិច្ចជា«អំណោយទាននៃព្រះ . . . ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:២៣; អេភេសូរ ២:៨-១០) ប្រសិនបើយើងមានជំនឿលើអំណោយទាននោះ និងមានចិត្តកតញ្ញូចំពោះរបៀបដែលយើងអាចទទួលបាន នោះយើងនឹងធ្វើឲ្យឃើញជាក់ស្តែងដោយការប្រព្រឹត្តរបស់យើង។ ការយល់នូវរបៀបដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានប្រើព្រះយេស៊ូ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ និងការយល់ដឹងនូវហេតុដែលយើងរាល់គ្នាត្រូវធ្វើតាមលំអានរបស់ព្រះយេស៊ូ នោះយើងនឹងចាត់ទុកកិច្ចបំរើគ្រីស្ទានជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ ជំនឿរបស់យើងនឹងឃើញយ៉ាងជាក់ស្តែង ដោយសារយើងប្រាប់អ្នកដទៃយ៉ាងស្មោះអស់ពីចិត្តអំពីអំណោយដ៏អស្ចារ្យពីព្រះ។—កិច្ចការ ២០:២៤
១៥. តើការមានជំនឿលើព្រះយេស៊ូគ្រីស្ទធ្វើឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេច?
១៥ ការមានជំនឿបែបនេះ ធ្វើឲ្យមានសាមគ្គីគ្នាយ៉ាងល្អមែន! ដោយសារយើងមានជំនឿបែបនេះ យើងអាចមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា រាជបុត្រារបស់ទ្រង់ និងមានភាពជិតស្និទ្ធគ្នានិងគ្នាក្នុងក្រុមជំនុំគ្រីស្ទាន។ (យ៉ូហានទី១ ៣:២៣, ២៤) នេះធ្វើឲ្យយើងមានចិត្តអរសប្បាយ ដែលព្រះយេហូវ៉ាប្រទានព្រះយេស៊ូនូវ«នាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង[លើកលែងតែព្រះនាមរបស់ព្រះ] ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។—ភីលីព ២:៩-១១
ការពិគ្រោះសាឡើងវិញ
• នៅពេលព្រះមេស្ស៊ីបានលេចមក ហេតុអ្វីក៏ពួកអ្នកដែលពិតជាជឿទៅលើព្រះបន្ទូលដឹងច្បាស់នូវអត្តសញ្ញាណរបស់ទ្រង់?
• តើមានអ្វីខ្លះដែលយើងគួរធ្វើដើម្បីបង្ហាញថា យើងដឹងគុណចំពោះ
យញ្ញបូជារបស់ព្រះយេស៊ូ?
• តើតាមរបៀបណាដែលយញ្ញបូជារបស់ព្រះយេស៊ូ មានប្រយោជន៍ដល់យើងរួចទៅហើយ? តើនេះជួយយើងយ៉ាងណា ពេលយើងអធិស្ឋានសុំការអត់ឱនទោសបាបពីព្រះយេហូវ៉ានោះ?
[រូបភាពនៅទំព័រ៣៦]
ព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថាពួកគេគួរតែបង្រៀនអ្នកដទៃឲ្យធ្វើតាមសេចក្ដីបង្គាប់របស់ព្រះ