បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៩ ទំ. ៨-១៣
  • ពូជរបស់ពស់—លាតត្រដាងឲ្យឃើញយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពូជរបស់ពស់—លាតត្រដាងឲ្យឃើញយ៉ាងណា?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទំនាយ​នេះ​មាន​ន័យ​យ៉ាង​ណា
  • ‹ឯង​ហើយ​នឹង​ស្ត្រី​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា›
  • ការ​ស្អប់​ដល់​ពូជ​ស្ត្រី​របស់​ព្រះ
  • ការ​លាត​ត្រដាង​ពូជ​របស់​ពស់​នៅ​សម័យ​ទំនើប​នេះ
  • សេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • ព្យាការីទាំងប៉ុន្មានសុទ្ធតែធ្វើបន្ទាល់អំពីព្រះយេស៊ូ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ទំនាយចាស់បុរាណដែលសំខាន់ចំពោះអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៩ ទំ. ៨-១៣

ពូជ​របស់​ពស់—លាត​ត្រដាង​ឲ្យ​ឃើញ​យ៉ាង​ណា?

«អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា»។—លោកុប្បត្តិ ៣:១៥

១. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​សប្បាយ​រីករាយ? (ខ) តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​សប្បាយ​រីករាយ​នេះ​ដែរ?

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​សប្បាយ​រីករាយ ហើយ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​ការ​នេះ។ ទ្រង់​ជា​ព្រះ​មហា​ឧត្តម ជា​ព្រះ​ទី​មួយ​ដែល​ប្រទាន​របស់​ល្អៗ ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ខក​ខាន​ដល់​ការ​សំរេច​គោល​បំណង​របស់​ទ្រង់​ឡើយ។ (អេសាយ ៥៥:១០, ១១; ធីម៉ូថេទី១ ១:១១; យ៉ាកុប ១:១៧) ទ្រង់​ចង់​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ទទួល​ការ​សប្បាយ​រីករាយ​នេះ​ដែរ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​ការ​នេះ។ ដូច្នេះ នៅ​គ្រា​ងងឹត​បំផុត​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស—គឺ​ការ​បះបោរ​នៅ​សួន​អេដែន—ទ្រង់​បាន​ប្រទាន​មូលដ្ឋាន​ឲ្យ​យើង​មើល​ទៅ​អនាគត​ដោយ​សេចក្ដី​សង្ឃឹម។—រ៉ូម ៨:១៩​-​២១

២. នៅ​ពេល​ប្រកាស​សេចក្ដី​ជំនុំជំរះ​មក​លើ​ពួក​បះបោរ​នៅ​សួន​អេដែន តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​មូលដ្ឋាន​សំរាប់​សេចក្ដី​សង្ឃឹម​ដល់​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា?

២ បុត្រ​វិញ្ញាណ​មួយ​រូប​នៃ​ព្រះ​យេហូវ៉ា ដោយ​ប្រឆាំង​ហើយ​និយាយ​បង្ខូច​ព្រះ បាន​ធ្វើ​ខ្លួន​វា​ទៅ​ជា​អារក្ស​សាតាំង។ មនុស្ស​ដំបូង នាង​អេវ៉ា​ហើយ​រួច​មក​អ័ដាម បាន​ធ្លាក់​នៅ​ក្រោម​អានុភាព​របស់​វា ហើយ​បាន​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ចែង​យ៉ាង​ច្បាស់​ក្រឡែត។ ពួក​គេ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ស្លាប់​យ៉ាង​សម​ត្រឹម​ត្រូវ។ (លោកុប្បត្តិ ៣:១​-​២៤) ប៉ុន្តែ នៅ​ពេល​ព្រះ​យេហូវ៉ា​ប្រកាស​សេចក្ដី​ជំនុំជំរះ​មក​លើ​ពួក​បះបោរ​ទាំង​នេះ ទ្រង់​បាន​ប្រទាន​មូលដ្ឋាន​នៃ​សេចក្ដី​សង្ឃឹម​ដល់​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា។ តើ​តាម​របៀប​ណា? ដូច​បាន​កត់​ទុក​មក​នៅ​លោកុប្បត្តិ ៣:១៥ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ ទំនាយ​នេះ​ជា​កូនសោ​មួយ​បើក​ឲ្យ​យល់​ព្រះ​គម្ពីរ​ទាំង​មូល ព្រម​ទាំង​ព្រឹត្ដិការណ៍​នា​អតីតកាល​និង​នា​បច្ចុប្បន្ន​នេះ ដែល​ជាប់​ទាក់ទង​លោកីយ៍​និង​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា។

ទំនាយ​នេះ​មាន​ន័យ​យ៉ាង​ណា

៣. យោង​ទៅ​តាម​លោកុប្បត្តិ ៣:១៥ ចូរ​សំគាល់ (ក) ពស់ (ខ) «ស្ត្រី» (គ) «ពូជ»​របស់​ពស់ (ឃ) «ពូជ»​របស់​ស្ត្រី។

៣ ដើម្បី​ឲ្យ​យល់​សារៈ​សំខាន់​នៃ​ទំនាយ​នេះ ចូរ​ពិចារណា​មើល​លក្ខណៈ​ផ្សេងៗ​របស់​វា។ សាមី​ខ្លួន​នៅ​លោកុប្បត្តិ ៣:១៥ គឺ​ពស់—នេះ​មិន​មែន​សត្វ​ពស់​មែន​ទែន​ទេ តែ​ជា​បុគ្គល​ដែល​ប្រើ​ពស់​នោះ។ (វិវរណៈ ១២:៩) «ស្ត្រី» មិន​មែន​នាង​អេវ៉ា​ទេ តែ​ជា​អង្គការ​ស្ថានសួគ៌​របស់​ព្រះ​យេហូវ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ទ្រង់​នៅ​ផែនដី។ (កាឡាទី ៤:២៦) «ពូជ»​របស់​ពស់ គឺ​ជា​ពូជ​របស់​សាតាំង ជា​កូន​ចៅ​របស់​វា—ពួក​បិសាច ពួក​មនុស្ស និង​អង្គការ​របស់​មនុស្ស​ដែល​សំដែង​លក្ខណៈ​របស់​សាតាំង ហើយ​សំដែង​ការ​ស្អប់​ដល់​«ពូជ»​របស់​ស្ត្រី។ (យ៉ូហាន ១៥:១៩; ១៧:១៥) «ពូជ»​របស់​ស្ត្រី ទី​មួយ​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ឆ្នាំ​២៩ ស.យ.។ ផ្នែក​ទីពីរ​នៃ​ពូជ​សន្យា​នោះ គឺ​ជា​ពួក​១៤៤.០០០​នាក់ ដែល​បាន​«កើត​ជា​ថ្មី . . . ពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» ហើយ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​ជា​មួយ​ព្រះ​គ្រីស្ទ។ គេ​បាន​ចាប់​ផ្ដើម​រួប​បញ្ចូល​ពួក​ទាំង​នេះ​ជា​ពូជ​របស់​ស្ត្រី​តាំង​ពី​បុណ្យ​ភិន្ដាកុស ឆ្នាំ​៣៣ ស.យ.មក​ម្ល៉េះ។—យ៉ូហាន ៣:៣, ៥; កាឡាទី ៣:១៦, ២៩

៤. តើ​តាម​របៀប​ណា​ដែល​លោកុប្បត្តិ ៣:១៥ ជាប់​ទាក់ទង​នឹង​ផែនដី​មនោរម្យ ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់?

៤ សាតាំង​បាន​ប្រើ​សត្វ​ពស់​មែន​ទែន​នៅ​ក្នុង​សួន​អេដែន​ជា​អ្នក​នាំ​ពាក្យ ដែល​ការ​បោក​ប្រាស​របស់​វា​នាំ​ឲ្យ​មនុស្ស​បាត់បង់​សួន​មនោរម្យ។ លោកុប្បត្តិ ៣:១៥ ចង្អុល​ទៅ​គ្រា​មួយ ជា​គ្រា​ដែល​​បុគ្គល​ដែល​បាន​ប្រើ​សត្វ​ពស់​នោះ នឹង​ត្រូវ​កំទេច​ចោល។ រួច​មក ផ្លូវ​នឹង​បាន​បើក​ឡើង​វិញ​ឲ្យ​ពួក​អ្នក​បំរើ​ព្រះ​ចូល​រស់​នៅ​ក្នុង​ទី​មនោរម្យ ដែល​ឥត​មាន​បាប​និង​សេចក្ដី​ស្លាប់។ នោះ​ជា​គ្រា​ដ៏​សប្បាយ​រីករាយ​ណាស់​ហ្ន៎!—វិវរណៈ ២០:១​-​៣; ២១:១​-​៥

៥. តើ​កូន​ចៅ​ខាង​វិញ្ញាណ​របស់​អារក្ស​មាន​លក្ខណៈ​យ៉ាង​ណា​ខ្លះ?

៥ ក្រោយ​ពី​ការ​បះបោរ​នៅ​ក្នុង​សួន​អេដែន បុគ្គល​និង​អង្គការ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​លេច​ចេញ​មក ដែល​សំដែង​លក្ខណៈ​ដូច​អារក្ស​សាតាំង​ដែរ—គឺ​ការ​បះបោរ ការ​ភូតភរ ការ​និយាយ​បង្ខូច និង​ការ​កាប់​សំឡាប់​គ្នា ព្រម​ទាំង​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់។ លក្ខណៈ​ទាំង​នោះ​បាន​សំគាល់​ឲ្យ​ឃើញ​ពូជ កូន​ចៅ​ខាង​វិញ្ញាណ​របស់​អារក្ស។ ក្នុង​ចំណោម​បុគ្គល​ទាំង​នេះ មាន​កាអ៊ីន ដែល​បាន​សំឡាប់​អេបិល នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​អេបិល​ជាជាង​របស់​កាអ៊ីន។ (យ៉ូហានទី១ ៣:១០​-​១២) នីមរ៉ុឌ​ជា​បុគ្គល​ម្នាក់​ទៀត ដែល​ឈ្មោះ​របស់​គាត់​ផ្ទាល់​បាន​សំគាល់​ជា​អ្នក​បះបោរ​ម្នាក់ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រមាញ់​និង​មេ​ដឹក​នាំ​ដ៏​ខ្លាំង​ក្លា ប្រឆាំង​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ១០:៩) ថែម​ទៅ​ទៀត មាន​រាជាណាចក្រ​ជា​ច្រើន​នៅ​សម័យ​បុរាណ​លេច​ចេញ​មក រួម​ទាំង​បាប៊ីឡូន ដែល​រដ្ឋ​របស់​គេ​គាំទ្រ​សាសនា​ដែល​បាន​ដុះ​ចេញ​ពី​សេចក្ដី​មិន​ពិត ហើយ​រាជាណាចក្រ​ទាំង​នេះ​បាន​ជិះជាន់​យ៉ាង​សាហាវ​លើ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។—យេរេមា ៥០:២៩

‹ឯង​ហើយ​នឹង​ស្ត្រី​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា›

៦. តើ​សាតាំង​បាន​សំដែង​ការ​ស្អប់​ដល់​ស្ត្រី​នៃ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ខ្លះ?

៦ ក្នុង​កំឡុង​ពេល​ទាំង​អស់​នេះ គឺ​មាន​ការ​ស្អប់​រវាង​ពស់​និង​ស្ត្រី​នៃ​ព្រះ​យេហូវ៉ា គឺ​រវាង​អារក្ស​សាតាំង​និង​អង្គការ​នៃ​បុគ្គល​វិញ្ញាណ​ស្មោះ​ត្រង់​នៅ​ស្ថានសួគ៌​នៃ​ព្រះ​យេហូវ៉ា។ ការ​ស្អប់​របស់​សាតាំង​បាន​បញ្ចេញ​ឲ្យ​ឃើញ កាល​ដែល​វា​និយាយ​ឡកឡឺយ​ដាក់​ព្រះ​យេហូវ៉ា ហើយ​ខំ​រំខាន​ដល់​អង្គការ​ស្ថានសួគ៌​នៃ​ព្រះ​យេហូវ៉ា ដោយ​ល្បួង​ពួក​ទេវតា​ឲ្យ​បោះបង់​ទីលំនៅ​ត្រឹម​ត្រូវ​របស់​គេ។ (សុភាសិត ២៧:១១; យូដាស ៦) នេះ​បង្ហាញ​ឲ្យ​ឃើញ​ទៀត នៅ​ពេល​ដែល​សាតាំង​ប្រើ​ពួក​បិសាច​របស់​វា​ឲ្យ​ខំ​ជ្រៀតជ្រែក​ជា​មួយ​ពួក​ទេវទូត​ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ជូន។ (ដានីយ៉ែល ១០:១៣, ១៤, ២០, ២១) នេះ​រឹតតែ​ជាក់​ស្តែង​ឡើង​ក្នុង​សតវត្ស​ទី២០នេះ នៅ​ពេល​ដែល​សាតាំង​ខំ​ព្យាយាម​បំផ្លាញ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​កាល​ទើប​កើត។—វិវរណៈ ១២:១​-​៤

៧. ហេតុ​អ្វី​ក៏​ពួក​ទេវតា​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ដល់​ពស់​និមិត្តរូប តែ​ពួក​គេ​បាន​ទប់ទល់​យ៉ាង​ណា?

៧ រីឯ​ស្ត្រី​នៃ​ព្រះ​យេហូវ៉ា ជា​ក្រុម​ទេវតា​ស្មោះ​ត្រង់ ក៏​មាន​ការ​ស្អប់​ចំពោះ​ពស់​និមិត្តរូប​នេះ​ដែរ។ សាតាំង​បាន​និយាយ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ព្រះ វា​បាន​ចោទ​ទៅ​លើ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នៃ​បុគ្គល​មាន​ប្រាជ្ញា​គ្រប់ៗ​រូប​របស់​ព្រះ រួម​ទាំង​ពួក​ទេវតា​ទាំង​អស់ ហើយ​វា​កំពុង​តែ​ខំ​ព្យាយាម​បង្ខូច​ដល់​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​ចំពោះ​ព្រះ។ (វិវរណៈ ១២:៤​ក) ពួក​ទេវតា​ស្មោះ​ត្រង់ ចេរូប៊ីន និង​សេរភីម ច្បាស់​ជា​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ដល់​បុគ្គល​ម្នាក់​នេះ​ណាស់ ដែល​ធ្វើ​ខ្លួន​វា​ទៅ​ជា​អារក្ស​និង​សាតាំង។ ក៏​ប៉ុន្តែ ពួក​គេ​រង់ចាំ​ដល់​ព្រះ​យេហូវ៉ា ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ពេល​កំណត់​និង​តាម​វិធី​របស់​ទ្រង់។—ប្រៀបធៀប យូដាស ៩

ការ​ស្អប់​ដល់​ពូជ​ស្ត្រី​របស់​ព្រះ

៨. តើ​សាតាំង​រង់ចាំ​មើល​អ្នក​ណា?

៨ នៅ​គ្រា​ដដែល​នោះ សាតាំង​កំពុង​តែ​រង់ចាំ​មើល​ពូជ​ស្ត្រី​ដែល​បាន​ទាយ​មក ជា​ពូជ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​នឹង​កិន​ក្បាល​ពស់។ នៅ​ពេល​ដែល​ទេវតា​ពី​ស្ថានសួគ៌​ប្រកាស​ថា​ព្រះ​យេស៊ូ បាន​ប្រសូត​នៅ​បេថ្លេហិម ជា​«ព្រះ​អង្គ​សង្គ្រោះ​១​អង្គ . . . គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់» នេះ​ជា​ការ​បញ្ជាក់​ច្បាស់​ថា​ទ្រង់​នឹង​ទៅ​ជា​ពូជ​របស់​ស្ត្រី​ដែល​បាន​ទាយ​មក។—លូកា ២:១០, ១១

៩. បន្ទាប់​ពី​កំណើត​របស់​ព្រះ​យេស៊ូ តើ​សាតាំង​បាន​បង្ហាញ​ការ​ស្អប់​ដ៏​សាហាវ​យ៉ាង​ណា​ខ្លះ?

៩ បន្ដិច​ទៀត ការ​ស្អប់​ដ៏​សាហាវ​របស់​សាតាំង​នឹង​ឃើញ​ច្បាស់ នៅ​ពេល​ដែល​វា​ទាញ​ចិត្ត​ពួក​ហោរា​សាស្ត្រ​ដែល​ជា​ពាហិរជន ឲ្យ​ធ្វើ​បេសកកម្ម​មួយ ដែល​មុន​ដំបូង​នាំ​ពួក​គេ​ទៅ​ដល់​ស្តេច​ហេរ៉ូឌ​នៅ​យេរូសាឡិម ហើយ​ក្រោយ​មក មក​ដល់​ផ្ទះ​នៅ​បេថ្លេហិម ជា​កន្លែង​ដែល​ពួក​គេ​បាន​រក​ឃើញ​កុមារ​យេស៊ូ​និង​មាតា​របស់​ទ្រង់ នាង​ម៉ារា។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ស្តេច​ហេរ៉ូឌ​បាន​បញ្ជា​ឲ្យ​សំឡាប់​ក្មេង​ប្រុស​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ នៅ​ក្នុង​បេថ្លេហិម​និង​នៅ​ជុំវិញ​នោះ។ ចំពោះ​ការ​នេះ ស្តេច​ហេរ៉ូឌ​បាន​សំដែង​ការ​ស្អប់​ដល់​ពូជ​នោះ​ដូច​សាតាំង​ដែរ។ ស្តេច​ហេរ៉ូឌ​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​កំពុង​ព្យាយាម​កំចាត់​ចោល​ជីវិត​របស់​បុគ្គល​ដែល​នឹង​ទៅ​ជា​ព្រះមេស្ស៊ី។ (ម៉ាថាយ ២:១​-​៦, ១៦) ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ស្តេច​ហេរ៉ូឌ​ជា​មនុស្ស​គ្មាន​មេត្ដា ប៉ិនប្រសប់ និង​ជា​ឃាតករ—គឺ​ពិត​ជា​ពូជ​មួយ​របស់​ពស់។

១០. (ក) ក្រោយ​ពី​ព្រះ​យេស៊ូ​ជ្រមុជ​ទឹក​រួច តើ​សាតាំង​បាន​ព្យាយាម​ធ្វើ​ឲ្យ​បរាជ័យ​យ៉ាង​ណា​ខ្លះ​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​អំពី​ពូជ​សន្យា? (ខ) តើ​តាម​របៀប​ណា​ខ្លះ ដែល​សាតាំង​បាន​ប្រើ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ដើម្បី​សំរេច​គោល​បំណង​វា?

១០ បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ឆ្នាំ​២៩ ស.យ. ហើយ​បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ពី​ស្ថានសួគ៌ ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​បុត្រា​របស់​ទ្រង់ សាតាំង​បាន​ព្យាយាម​ល្បួង​ព្រះ​យេស៊ូ​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​ធ្វើ​ឲ្យ​បរាជ័យ​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​អំពី​បុត្រា​នេះ។ (ម៉ាថាយ ៤:១​-​១០) ដោយ​ពុំ​បាន​ជោគជ័យ វា​ក៏​បាន​បែរ​ទៅ​ប្រើ​ភ្នាក់ងារ​មនុស្ស​ដើម្បី​សំរេច​បំណង​របស់​វា។ ពួក​មេ​ដឹក​នាំ​សាសនា​ដ៏​លាក់ពុត ជា​ពួក​អ្នក​ដែល​វា​បាន​ប្រើ​ដើម្បី​ប៉ុនប៉ង​បង្ខូច​កិត្ដិយស​របស់​ព្រះ​យេស៊ូ។ ពួក​គេ​បាន​ប្រើ​ពាក្យ​ភូតភរ ពាក្យ​បង្កាច់ ជា​មធ្យោបាយ​ដែល​សាតាំង​បាន​ប្រើ​ខ្លួន​វា​ផ្ទាល់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ជន​ពិការ​ម្នាក់​ថា «ចូរ​សង្ឃឹម​ឡើង . . . បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ» ពួក​អាចារ្យ​ខាង​វិន័យ​បាន​ហៅ​ទ្រង់​ថា​ជា​អ្នក​ប្រមាថ​មើលងាយ​ព្រះ ដោយ​មិន​ទាំង​ចាំ​មើល​ជន​នោះ​បាន​ជា​ឬ​អត់។ (ម៉ាថាយ ៩:២​-​៧) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សំរាក ពួក​ផារីស៊ី​បាន​ហៅ​ទ្រង់​ថា​ជា​អ្នក​បំពាន​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​បាន​ពិគ្រោះ​គ្នា​រក​មធ្យោបាយ​ធ្វើ​គុត​ទ្រង់។ (ម៉ាថាយ ១២:៩​-​១៤; យ៉ូហាន ៥:១​-​១៨) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​បណ្ដេញ​អារក្ស​ចេញ ពួក​ផារីស៊ី​បាន​ចោទ​ថា​ទ្រង់​ចូល​ដៃ​ជា​មួយ​«បេលសេប៊ូល ជា​មេ​អារក្ស»។ (ម៉ាថាយ ១២:២២​-​២៤) ក្រោយ​ពី​លោក​ឡាសារ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ​យេស៊ូ ប៉ុន្តែ​ពួក​មេ​សង្គ្រាជ​និង​ពួក​ផារីស៊ី ម្ដង​នេះ​ទៀត បាន​មក​ពិគ្រោះ​រក​មធ្យោបាយ​ធ្វើ​គុត​ទ្រង់។—យ៉ូហាន ១១:៤៧​-​៥៣

១១. បី​ថ្ងៃ​មុន​ព្រះ​យេស៊ូ​សោយទិវង្គត

១១ នៅ​ខែ​ណៃ​សែន ទី១១ ឆ្នាំ​៣៣ ស.យ. ថ្វី​បើ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​គម្រោង​ការណ៍​របស់​គេ​ក៏​ដោយ ព្រះ​យេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ទីធ្លា​ព្រះ​វិហារ​នៅ​យេរូសាឡិម​ដោយ​ឥត​ខ្លាច ហើយ​នៅ​ទី​នោះ​ទ្រង់​បាន​ប្រកាស​សេចក្ដី​ជំនុំជំរះ​ដែល​ត្រូវ​ធ្លាក់​មក​លើ​ពួក​គេ។ ជា​ក្រុម ពួក​អាចារ្យ​ខាង​វិន័យ​និង​ពួក​ផារីស៊ី​បាន​សំដែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​គេ​ជា​មនុស្ស​ប្រភេទ​ណា ដូច្នេះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថានសួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ»។ ព្រះ​យេស៊ូ​បាន​ប្រកាស​យ៉ាង​ចំៗ​ថា​ពួក​គេ​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់ ដោយ​មាន​បន្ទូល​ថា​៖ «ឱ​សត្វ​ពស់ ឱ​ពូជ​ពស់​វែក​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន»? (ម៉ាថាយ ២៣:១៣, ៣៣) ពាក្យ​បន្ទូល​របស់​ទ្រង់​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ដល់​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥។

១២, ១៣. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​សង្គ្រាជ​និង​ពួក​អាចារ្យ​សំដែង​ឲ្យ​ឃើញ​ថា អ្នក​ណា​ជា​ឪពុក​ខាង​វិញ្ញាណ​របស់​គេ​នោះ? (ខ) តើ​ពួក​ណា​ដែល​បាន​ចូល​រួម​ជា​មួយ​គេ? (គ) ក្នុង​ការ​សំរេច​ទំនាយ​លោកុប្បត្តិ ៣:១៥ តើ​ពូជ​របស់​ស្ត្រី​ត្រូវ​បាន​ចឹក​កែង​ជើង​យ៉ាង​ណា?

១២ ក្រោយ​ពី​បាន​ឮ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ហើយ តើ​ពួក​គេ​មាន​ចិត្ត​នឹក​ស្ដាយ ហើយ​ទូល​អង្វរ​សុំ​សេចក្ដី​មេត្ដា​ពី​ព្រះ​ទេ? តើ​គេ​បាន​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់​ជួជាតិ​របស់​គេ​ទេ? អត់​ទេ! ដ្បិត​ម៉ាកុស ១៤:១ រាយ​ការណ៍​ថា នៅ​ថ្ងៃ​ស្អែក​ឡើង គឺ​នៅ​ឯ​ទី​ប្រជុំ​មួយ​នៅ​ក្នុង​ទីធ្លា​របស់​មេ​សង្គ្រាជ «ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយកល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល»។ ពួក​គេ​បន្ត​សំដែង​ចរិត​កាច​សាហាវ​របស់​សាតាំង ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពី​មុន​ថា​វា​ជា​អ្នក​សំឡាប់​គេ។ (យ៉ូហាន ៨:៤៤) មិន​យូរ​ប៉ុន្មាន យូដាស អ៊ីស្ការីយ៉ុត បាន​ចូល​រួម​ជា​មួយ​ពួក​គេ ដែល​សាតាំង​បាន​ទាញ​ឲ្យ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ។ យូដាស​បាន​បោះបង់​ចោល​ពូជ​ដែល​គ្មាន​ទោស​នៃ​ស្ត្រី​របស់​ព្រះ ហើយ​បាន​ចូល​រួម​ជា​មួយ​ពូជ​របស់​ពស់។

១៣ ព្រលឹម​នៃ​ថ្ងៃ​ទី១៤ខែ​ណៃ​សែន សមាជិក​នៃ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា បាន​នាំ​យក​ព្រះ​យេស៊ូ​ជា​អ្នក​ទោស​ទៅ​ឯ​ចៅហ្វាយ​ខេត្ត​រ៉ូម៉ាំង​ម្នាក់។ នៅ​វេលា​នោះ ពួក​សង្គ្រាជ​បាន​ដឹក​នាំ​ក្នុង​ការ​ស្រែក​ឲ្យ​គេ​ព្យួរ​ទ្រង់។ នៅ​ពេល​លោក​ពីឡាត់​សួរ​ថា «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី»? ពួក​សង្គ្រាជ​ឆ្លើយ​ថា «យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ»។ (យ៉ូហាន ១៩:៦, ១៥) គឺ​ច្បាស់​ណាស់ ពួក​គេ​បាន​សំដែង​ខ្លួន​គេ​គ្រប់​បែប​យ៉ាង​ថា គេ​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់។ ប៉ុន្តែ មិន​មែន​មាន​តែ​ពួក​គេ​ប៉ុណ្ណេះ​ទេ។ ឯកសារ​មួយ​នៅ​ម៉ាថាយ ២៧:២៤, ២៥ រាយ​ការណ៍​ថា​៖ «នោះ​លោក[ពីឡាត់]យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស»។ រួច​បណ្ដាជន​ទាំង​អស់​គ្នា​និយាយ​ថា​៖ «ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ»។ ដូច្នេះ ពួក​យូដា​ជា​ច្រើន​នៅ​ជំនាន់​នោះ​បាន​សំដែង​ខ្លួន​គេ​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់។ មុន​នឹង​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ ព្រះ​យេស៊ូ​បាន​ផុត​ព្រះ​ជន្ម។ ដោយ​ប្រើ​ពូជ​មើល​ឃើញ​របស់​វា​នេះ សាតាំង​បាន​ចឹក​កែង​ជើង​ពូជ​នៃ​ស្ត្រី​របស់​ព្រះ។

១៤. ហេតុ​អ្វី​ក៏​ការ​ចឹក​កែង​ជើង​ពូជ​របស់​ស្ត្រី មិន​មាន​ន័យ​ថា​សាតាំង​ឈ្នះ?

១៤ តើ​សាតាំង​បាន​ឈ្នះ​ឬ? មិន​បាន​ឈ្នះ​ទេ! ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ឈ្នះ​លោកីយ៍​នេះ ហើយ​ក៏​មាន​ជ័យជំនះ​លើ​ពួក​មេ​ដឹក​នាំ​របស់​វា​ដែរ។ (យ៉ូហាន ១៤:៣០, ៣១; ១៦:៣៣) ទ្រង់​បាន​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ចូល​ទិវង្គត។ ការ​សោយទិវង្គត​របស់​ទ្រង់​ជា​មនុស្ស​ល្អ​គ្រប់​ល័ក្ខណ៍ ផ្ដល់​ឲ្យ​តម្លៃ​លោះ​ដែល​ត្រូវ​ការ​ចាំបាច់​សំរាប់​ទិញ​មក​វិញ​នូវ​សិទ្ធិ​ជីវិត ដែល​អ័ដាម​បាន​បាត់បង់។ ដូច្នេះ ទ្រង់​បើក​ផ្លូវ​នៃ​ជីវិត​អស់កល្ប​ជានិច្ច ឲ្យ​អ្នក​ណា​ដែល​នឹង​អនុវត្ត​ជំនឿ​ទៅ​លើ​សំវិធានការ​នោះ​និង​គោរព​តាម​ច្បាប់​របស់​ព្រះ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​អមតៈ​នៅ​ស្ថានសួគ៌។ នៅ​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​នឹង​កិន​ក្បាល​សាតាំង​ឲ្យ​សាប​សូន្យ​ទៅ។ នៅ​លោកុប្បត្តិ ២២:១៦​-​១៨ បាន​ទាយ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ព្រះ​គុណ​ដល់​គ្រួសារ​ទាំង​អស់​នៅ​ផែនដី ដែល​ខំ​ឆ្លៀត​យក​ប្រយោជន៍​ពី​ពូជ​ស្មោះ​ត្រង់​នោះ។

១៥. (ក) បន្ទាប់​ពី​ព្រះ​យេស៊ូ​សោយទិវង្គត

១៥ បន្ទាប់​ពី​ព្រះ​យេស៊ូ​សោយទិវង្គត ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​បន្ត​លាត​ត្រដាង​ពូជ​របស់​ពស់ ដូច​ព្រះ​អម្ចាស់​បាន​ធ្វើ​មក​ដែរ។ ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ សាវ័ក​ប៉ុល​បាន​ព្រមាន​អំពី ‹មនុស្ស​ទទឹង​ច្បាប់› ដែល​នឹង​លេច​មក​«ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង»។ (ថែស្សាឡូនីចទី២ ២:៣​-​១០) ក្រុម​«មនុស្ស»​នេះ​សំដែង​ឲ្យ​ឃើញ​ថា​ខ្លួន​ជា​គណៈ​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា។ រួច​មក ពូជ​របស់​ពស់​នេះ​បាន​ធ្វើ​បាប​យ៉ាង​សាហាវ​ដល់​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ក្នុង​ទំនាយ​កត់​ទុក​នៅ​វិវរណៈ ១២:១៧ សាវ័ក​យ៉ូហាន​បង្ហាញ​ថា សាតាំង​នឹង​បន្ត​ធ្វើ​ចំបាំង​ទាស់​នឹង​ពួក​សំណល់​នៃ​ពូជ​របស់​ស្ត្រី​នៃ​ព្រះ​រហូត​មក​ដល់​សម័យ​យើង​នេះ។ ការ​នេះ​បាន​កើត​ឡើង​មែន។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន គេ​បាន​ដាក់​បំរាម​ដល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា វាយ​តប់ ចាប់​ដាក់​គុក ឬ​ចាប់​យក​ទៅ​ដាក់​ជំរំ​ឃុំ​ឃាំង ដោយ​ព្រោះ​តែ​គេ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ផ្លូវ​សុចរិត​របស់​ទ្រង់។

ការ​លាត​ត្រដាង​ពូជ​របស់​ពស់​នៅ​សម័យ​ទំនើប​នេះ

១៦. នៅ​សម័យ​ទំនើប​នេះ តើ​ពួក​ណា​ខ្លះ​ត្រូវ​បាន​លាត​ត្រដាង​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់ ហើយ​តាម​របៀប​ណា?

១៦ ក្នុង​ការ​យក​ត្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ពួក​គ្រីស្ទាន​ពិត​មិន​បាន​បង្អន់​ដៃ​ក្នុង​ការ​លាត​ត្រដាង​យ៉ាង​ក្លាហាន​អំពី​ពស់​និង​ពូជ​របស់​វា​ឡើយ។ នៅ​ឆ្នាំ​១៩១៧ និស្សិត​ព្រះ​គម្ពីរ ជា​ឈ្មោះ​ដើម​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅការ​បញ្ចប់​សេចក្ដី​អាថ៌កំបាំង ដែល​នៅ​ក្នុង​នោះ ពួក​គេ​បាន​បើក​ឲ្យ​ឃើញ​អំពើ​ពុក​រលួយ​របស់​គណៈ​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា។ រួច​មក​នៅ​ក្នុង​ឆ្នាំ​១៩២៤ គេ​បាន​បោះ​ពុម្ព​ផ្សាយ​សន្លឹក​ប័ណ្ណ​ដែល​មាន​ចំណង​ជើង ពួក​បព្វជិត​បាន​ជាប់​ចោទ​ហើយ។ ប័ណ្ណ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ក្នុង​អន្តរជាតិ​អស់​ហាសិប​លាន​សន្លឹក។ ក្នុង​ឆ្នាំ​១៩៣៧ លោកជេ. អេហ្វ. រ៉ូធើហ្វឹ​ត ជា​ប្រធាន​សមាគម​ប៉មយាម បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង «ការ​លាត​ត្រដាង» និង «សាសនា​និង​សាសនា​គ្រីស្ទាន» ជា​ការ​លាត​ត្រដាង​យ៉ាង​ខ្លាំង​អំពី​ពូជ​របស់​សាតាំង។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​បាន​ថ្លែង​សុន្ទរកថា​«ប្រឈម​មុខ​នឹង​ការ​ពិត» តាម​រយៈ​ទូរស័ព្ទ​វិទ្យុ​ពី​ក្រុង​ឡុនដុន ប្រទេស​អង់គ្លេស ទៅ​អ្នក​ស្ដាប់​នៅ៥០ទី​មហា​សន្និបាត​នៅ​ប្រទេស​ផ្សេងៗ។ មួយ​ខែ​ក្រោយ​មក បណ្ដាញ​វិទ្យុ​ធំ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឃោសនា​សុន្ទរកថា​«ក​លាប​និយម ឬ សេរីភាព»។ បន្ថែម​ទៅ​លើ​ការ​លាត​ត្រដាង​ដ៏​ខ្លាំង​នេះ​ទៀត មាន​សៀវភៅ​ដូច​ជា សត្រូវ និង សាសនា ហើយ​កូន​សៀវភៅ​ឈ្មោះ​ការ​បើក​ឲ្យ​ឃើញ។ ដោយ​ស្រប​ទៅ​តាម​អ្វីៗ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ទសវត្ស​នៃ​ឆ្នាំ​១៩២០ សៀវភៅវិវរណៈ—កំពូល​អស្ចារ្យ​ជិត​មក​ដល់​ហើយ!a ឥឡូវ​នេះ​ផ្សាយ​ចេញ​ជា​៦៥​ភាសា បង្ហាញ​ប្រាប់​អំពី​ពួក​មេ​ដឹក​នាំ​ខាង​នយោបាយ​ដ៏​ពុក​រលួយ និង​ពួក​ឈ្មួញ​គ្មាន​វិន័យ​ដ៏​លោភ​លន់ ជា​សមាជិក​ធំដុំ​នៃ​ពូជ​មើល​ឃើញ​របស់​ពស់។ កាល​ណា​ពួក​មេ​ដឹក​នាំ​ខាង​នយោបាយ​ប្រើ​មធ្យោបាយ​ភូតភរ​ដើម្បី​បញ្ឆោត​ប្រជា​រាស្ត្រ​របស់​គេ មិន​ចេះ​គោរព​ដល់​ពិសិដ្ឋ​ភាព​នៃ​ឈាម ហើយ​ជិះជាន់​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា (បង្ហាញ​ការ​ស្អប់​ដល់​ពូជ​របស់​ស្ត្រី​នៃ​ព្រះ) ពួក​គេ​ច្បាស់​ជា​បង្ហាញ​ថា​ខ្លួន​គេ​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់។ យ៉ាង​ដូច្នេះ​ដែរ​ចំពោះ​ពួក​ឈ្មួញ ដែល​គ្មាន​រអែង​ដល់​មនសិការ ដែល​និយាយ​ភូតភរ​ដើម្បី​ឲ្យ​បាន​ចំណេញ ហើយ​ផលិតផល ឬ លក់​ផល​ដែល​ធ្វើ​ឲ្យ​កើត​រោគ។

១៧. តើ​ទ្វារ​ឱកាស​អ្វី​ដែល​នៅ​បើក​ចំហ​ឲ្យ​ពួក​ធំដុំ​ដែល​ចេញ​ពី​ប្រព័ន្ធ​នៃ​លោកីយ៍​នេះ?

១៧ មិន​មែន​គ្រប់ៗ​គ្នា​ដែល​ទាក់ទង​ក្នុង​សាសនា​លោកីយ៍ នយោបាយ ឬ​ជំនួញ នឹង​បន្ត​ធ្វើ​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់​ឡើយ។ ពួក​មនុស្ស​ទាំង​នេះ​ខ្លះ​នឹង​សរសើរ​ដល់​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា។ ពួក​គេ​ប្រើ​អំណាច​របស់​គេ​ដើម្បី​ជួយ​ពួក​ស្មរបន្ទាល់ ហើយ​ដល់​ក្រោយ​មក ថែម​ទាំង​ទទួល​យក​ការ​ថ្វាយ​បង្គំ​ពិត។ (ប្រៀបធៀប កិច្ចការ ១៣:៧, ១២; ១៧:៣២​-​៣៤) សេចក្ដី​អំពាវនាវ​នេះ​ត្រូវ​បាន​សំដែង​ដល់​មនុស្ស​បែប​នេះ​ថា​៖ «ដូច្នេះ​ឱ​ពួក​មហាក្សត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ ឱ​ពួក​អស់​ទាំង​ចៅក្រម​នៅ​ផែនដី​អើយ ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ ចូរ​គោរព​ដល់​ព្រះ​យេហូវ៉ា ដោយ​កោត​ខ្លាច ហើយ​មាន​សេចក្ដី​អំណរ ដោយ​ញ័រ​រន្ធត់ ចូរ​ថើប​ព្រះ​រាជបុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្ដិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទីពឹង​ជ្រក»។ (ទំនុកដំកើង ២:១០​-​១២) ពិត​មែន​ហើយ ចំពោះ​អស់​អ្នក​ដែល​ចង់​បាន​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា ចូរ​ចាត់​វិធានការ​ឥឡូវ​នេះ​ភ្លាម មុន​នឹង​ចៅក្រម​នៃ​ស្ថានសួគ៌​បិទ​ទ្វារ​ឱកាស​នេះ!

១៨. ថ្វី​បើ​ពួក​គេ​មិន​មែន​ជា​ផ្នែក​នៃ​ពូជ​របស់​ស្ត្រី តើ​ពួក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នេះ​ជា​ពួក​ណា?

១៨ មាន​តែ​ពួក​អ្នក​ដែល​នឹង​គ្រង​រាជ្យ​នៅ​ស្ថានសួគ៌​ទេ​ដែល​ជា​ផ្នែក​នៃ​ពូជ​របស់​ស្ត្រី។ ពួក​នេះ​មាន​ចំនួន​តិច​ទៅៗ។ (វិវរណៈ ៧:៤, ៩) ក៏​ប៉ុន្តែ មាន​ពួក​ឯ​ទៀត​ដែល​ជា​ហ្វូង​ធំ ត្រូវ​ហើយ ពួក​គេ​មាន​គ្នា​រាប់​លាន​នាក់ ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ពួក​គេ​រង់ចាំ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​នៅ​ផែនដី​មនោរម្យ។ ដោយ​ពាក្យ​សំដី​និង​អំពើ​របស់​គេ ពួក​គេ​និយាយ​ទៅ​ពួក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​ថា​៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។—សាការី ៨:២៣

១៩. (ក) តើ​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​តែ​សំរេច​ចិត្ត​យ៉ាង​ណា? (ខ) តើ​ការ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ដោយ​ប្រាជ្ញា​កាល​ដែល​នៅ​មាន​ឱកាស នោះ​សំដៅ​ទៅ​ពួក​ណា?

១៩ ឥឡូវ​នេះ​ហើយ​ជា​គ្រា​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​សំរេច​ចិត្ត។ តើ​ពួក​គេ​ចង់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ហើយ​លើក​ដំកើង​អធិបតេយ្យភាព​របស់​ទ្រង់​ទេ ឬ តើ​ពួក​គេ​បណ្ដោយ​ឲ្យ​សាតាំង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​គេ ដោយ​ធ្វើ​តាម​អ្វីៗ​ដែល​គាប់​ចិត្ត​វា? មនុស្ស​ជាង​ប្រាំ​លាន​នាក់​មក​ពី​គ្រប់​សាសន៍​បាន​ចូល​ទៅ​ខាង​ព្រះ​យេហូវ៉ា​ជា​មួយ​ពួក​សំណល់​នៃ​ពូជ​របស់​ស្ត្រី នៃ​ពួក​គ្រង​រាជ្យ។ មាន​មនុស្ស​ប្រាំ​បី​លាន​នាក់​ទៀត ដែល​មាន​ចំណូល​ចិត្ត ពួក​គេ​កំពុង​តែ​សិក្សា​ជា​មួយ​ពួក​ស្មរបន្ទាល់ ឬ​មក​ប្រជុំ​របស់​គេ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សូម​ជំរាប​ដល់​មនុស្ស​ទាំង​នេះ​ថា​៖ ទ្វារ​ឱកាស​នៅ​បើក​ចំហ​នៅ​ឡើយ។ ចូរ​ចូល​ទៅ​ខាង​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ចូរ​ទទួល​ស្គាល់​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ពូជ​សន្យា។ ចូរ​ចូល​រួបរួម​យ៉ាង​សប្បាយ​រីករាយ​ជា​មួយ​អង្គការ​មើល​ឃើញ​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​អ្នក​ទទួល​ពរ​គ្រប់​បែប​យ៉ាង ដែល​ទ្រង់​នឹង​ប្រទាន​មក​តាម​រយៈ​រាជ្យ​របស់​ស្តេច យេស៊ូ​គ្រីស្ទ។

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ពស់​ជា​អ្នក​ណា​ក្នុង​លោកុប្បត្តិ ៣:១៥ ហើយ​ស្ត្រី​ជា​អ្នក​ណា?

◻ តើ​ពូជ​របស់​ពស់​មាន​លក្ខណៈ​អ្វី​ខ្លះ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​លាត​ត្រដាង​ពូជ​របស់​ពស់?

◻ នៅ​សម័យ​ទំនើប​នេះ តើ​ពួក​អ្នក​ណា​ខ្លះ​ដែល​ត្រូវ​បាន​លាត​ត្រដាង​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់?

◻ តើ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​គេ​ច្រឡំ​ថា​អ្នក​ជា​ផ្នែក​នៃ​ពូជ​របស់​ពស់?

តើ​ទ្រង់​បាន​សំគាល់​ពួក​ណា​ខ្លះ ជា​ផ្នែក​នៃ​ពូជ​របស់​ពស់ ហើយ​ហេតុ​អ្វី?

តើ​ពួក​សិស្ស​របស់​ទ្រង់​បាន​បន្ត​លាត​ត្រដាង​ពូជ​របស់​ពស់​យ៉ាង​ណា​ខ្លះ? (ខ) តើ​ពូជ​របស់​ពស់​បាន​បញ្ចេញ​ការ​ស្អប់​យ៉ាង​ណា​ទៀត​មក​ដល់​សម័យ​យើង​នេះ?

[រូបភាព​នៅ​ទំព័រ​៩]

ព្រះយេស៊ូ​បាន​លាត​ត្រដាង​ពួក​មេដឹក​នាំ​សាសនា​ដ៏​លាក់​ពុត ជា​ផ្នែក​នៃ​ពូជ​របស់​ពស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក