អត្ថបទសិក្សា ៣០
ទំនាយចាស់បុរាណ ដែលសំខាន់ចំពោះអ្នក
«ខ្ញុំនឹងធ្វើឲ្យអ្នកនិងស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា»។—ដក. ៣:១៥
ចម្រៀងលេខ១៥ ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
សេចក្ដីសង្ខេបa
១. តើព្រះយេហូវ៉ាបានធ្វើអ្វីមិនយូរក្រោយពីអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង? (ដើមកំណើត ៣:១៥)
មិនយូរក្រោយពីអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដល់កូនចៅរបស់ពួកគេ តាមរយៈទំនាយដ៏សំខាន់មួយ។ អ្វីដែលលោកបានមានប្រសាសន៍បានត្រូវកត់ទុកនៅដើមកំណើត ៣:១៥។—សូមអាន
២. ហេតុអ្វីទំនាយនេះគឺសំខាន់?
២ ទំនាយនោះមាននៅក្នុងសៀវភៅដំបូងនៃគម្ពីរ។ ប៉ុន្តែ សៀវភៅទាំងអស់ឯទៀតនៃគម្ពីរជាប់ទាក់ទងនឹងទំនាយនោះតាមរបៀបណាមួយ។ ដូចខ្នងសៀវភៅភ្ជាប់ទំព័រទាំងអស់ឲ្យទៅជាសៀវភៅមួយក្បាល ពាក្យនៅដើមកំណើត ៣:១៥ភ្ជាប់សៀវភៅនីមួយៗនៃគម្ពីរឲ្យទៅជាដំណឹងតែមួយ ពោលគឺព្រះនឹងចាត់អ្នកសង្គ្រោះមួយរូបដែលនឹងបំផ្លាញមេកំណាចនិងពួកអ្នកកាន់តាមដ៏អាក្រក់របស់វា។b នេះជាអ្វីដ៏អស្ចារ្យណាស់សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា!
៣. ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរដែលទាក់ទងនឹងទំនាយនៅដើមកំណើត ៣:១៥ដូចជា៖ តើអ្នកណាខ្លះនៅក្នុងទំនាយនោះ? តើទំនាយនោះនឹងសម្រេចយ៉ាងដូចម្ដេច? តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីទំនាយនោះ?
តើអ្នកណាខ្លះនៅក្នុងទំនាយនេះ?
៤. តើ«សត្វពស់»ជាអ្នកណា ហើយហេតុអ្វីយើងដឹងដូច្នេះ?
៤ បុគ្គលដែលបានត្រូវរៀបរាប់នៅដើមកំណើត ៣:១៤, ១៥ រួមមាន«សត្វពស់» «ពូជ»ពស់ «ស្ត្រី» និង«ពូជ»ស្ត្រី។ គម្ពីរជួយយើងឲ្យស្គាល់អត្តសញ្ញាណរបស់បុគ្គលនីមួយៗទាំងនោះ។c ដំបូង សូមយើងគិតអំពី«សត្វពស់»។ ពស់មែនទែនមិនអាចយល់អ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍នៅក្នុងសួនអេដែនទេ។ ដូច្នេះ បុគ្គលដែលព្រះយេហូវ៉ាកំពុងវិនិច្ឆ័យ ច្បាស់ជាបុគ្គលដែលមានសមត្ថភាពរិះគិត។ តើបុគ្គលនោះជាអ្នកណា? ការបើកបង្ហាញ ១២:៩ពន្យល់យ៉ាងច្បាស់ថា «ពស់ដំបូងបង្អស់»គឺមេកំណាចសាថាន។ ប៉ុន្តែ តើអ្នកណាជាពូជរបស់សត្វពស់នោះ?
សត្វពស់
មេកំណាចសាថាន ដែលការបើកបង្ហាញ ១២:៩ចែងថា ជា«ពស់ដំបូងបង្អស់» (សូមមើលវគ្គ៤)
៥. តើអ្នកណាខ្លះជាពូជពស់?
៥ ជួនកាល ពេលគម្ពីរប្រើពាក្យ«ពូជ» នោះមានន័យថាពួកអ្នកដែលយកតម្រាប់បុគ្គលម្នាក់ទៀតយ៉ាងដិតដល់ រហូតដល់អាចហៅថាជាកូនរបស់បុគ្គលនោះ។ ដូច្នេះ ពូជពស់គឺសំដៅទៅលើពួកទេវតាមិនស្មោះត្រង់ ព្រមទាំងមនុស្សដែលប្រឆាំងព្រះយេហូវ៉ានិងរាស្ត្ររបស់លោក ដូចសាថាន។ នោះក៏រួមបញ្ចូលពួកទេវតាដែលបានលះចោលភារកិច្ចរបស់ពួកគេនៅស្ថានសួគ៌នាសម័យណូអេ ព្រមទាំងមនុស្សទុច្ចរិតដែលប្រព្រឹត្តដូចមេកំណាចដែលជាឪពុករបស់ពួកគេ។—ដក. ៦:១, ២; យ៉ូន. ៨:៤៤; ១យ៉ូន. ៥:១៩; យូ. ៦
ពូជពស់
វិញ្ញាណកំណាចនិងមនុស្សដែលប្រឆាំងព្រះយេហូវ៉ានិងរាស្ត្ររបស់លោក (សូមមើលវគ្គ៥)
៦. ហេតុអ្វីអេវ៉ាមិនមែនជា«ស្ត្រី»ក្នុងទំនាយនោះ?
៦ ឥឡូវនេះ សូមយើងស្វែងយល់អំពីអត្តសញ្ញាណរបស់«ស្ត្រី»។ នាងមិនអាចជាអេវ៉ាទេ។ ហេតុអ្វី? សូមពិចារណាមូលហេតុមួយ។ ទំនាយនោះចែងថា ពូជស្ត្រីនឹង«កិន»ក្បាលសត្វពស់។ ដូចដែលយើងបានពិចារណា សត្វពស់គឺជាសាថានដែលជាទេវតាដ៏អាក្រក់។ យ៉ាងនេះ គ្មានកូនចៅដែលមិនល្អឥតខ្ចោះណាម្នាក់របស់អេវ៉ាអាចមានសមត្ថភាពកិនវាឡើយ។ ដូច្នេះ តើសាថាននឹងត្រូវកិនកម្ទេចតាមរបៀបណា?
៧. ដូចបានត្រូវរៀបរាប់នៅការបើកបង្ហាញ ១២:១, ២, ៥, ១០ តើស្ត្រីនៅដើមកំណើត ៣:១៥ គឺជាអ្នកណា?
៧ អត្តសញ្ញាណរបស់ស្ត្រីនៅដើមកំណើត ៣:១៥ បានត្រូវបើកបង្ហាញនៅសៀវភៅចុងក្រោយនៃគម្ពីរ។ (សូមអាន ការបើកបង្ហាញ ១២:១, ២, ៥, ១០) នាងមិនមែនជាស្ត្រីធម្មតានៅផែនដីទេ។ នៅខាងក្រោមជើងរបស់នាងមានដួងខែ ហើយមានផ្កាយ១២ជាមកុដនៅលើក្បាលរបស់នាង។ នាងសម្រាលបានកូនម្នាក់ដែលខុសពីធម្មតា គឺរាជាណាចក្ររបស់ព្រះ។ រាជាណាចក្រនោះមានទីតាំងនៅស្ថានសួគ៌ ដូច្នេះស្ត្រីនោះច្បាស់ជាត្រូវនៅស្ថានសួគ៌ដែរ។ នាងជាតំណាងអង្គការរបស់ព្រះផ្នែកនៅស្ថានសួគ៌ ដែលរួមមានពួកទេវតាដ៏ស្មោះត្រង់។—កាឡ. ៤:២៦
ស្ត្រី
អង្គការរបស់ព្រះយេហូវ៉ាផ្នែកនៅស្ថានសួគ៌ដែលរួមមានពួកទេវតាដ៏ស្មោះត្រង់ (សូមមើលវគ្គ៧)
៨. តើអ្នកណាជាផ្នែកដ៏សំខាន់ចម្បងនៃពូជស្ត្រី ហើយតើលោកបានទៅជាផ្នែកដ៏សំខាន់ចម្បងនោះនៅពេលណា? (ដើមកំណើត ២២:១៥-១៨)
៨ បណ្ដាំរបស់ព្រះក៏ជួយយើងឲ្យស្គាល់អត្តសញ្ញាណនៃផ្នែកដ៏សំខាន់ចម្បងរបស់ពូជស្ត្រី។ ពូជនេះត្រូវជាកូនចៅម្នាក់របស់អាប្រាហាំ។ (សូមអាន ដើមកំណើត ២២:១៥-១៨) សមស្របតាមទំនាយនេះ លោកយេស៊ូគឺជាកូនចៅម្នាក់របស់បុរសដ៏ស្មោះត្រង់នោះ។ (លូក. ៣:២៣, ៣៤) ប៉ុន្តែ ពូជនោះត្រូវតែខ្លាំងក្លាជាងមនុស្ស ដោយសារគាត់ជាអ្នកកិនកម្ទេចមេកំណាចសាថាន។ ហេតុនេះ ពេលលោកយេស៊ូមានអាយុប្រហែលជា៣០ឆ្នាំ លោកបានត្រូវរើសតាំងជាបុត្រព្រះដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ពេលលោកយេស៊ូបានត្រូវរើសតាំង លោកបានទៅជាផ្នែកដ៏សំខាន់ចម្បងនៃពូជស្ត្រី។ (កាឡ. ៣:១៦) ក្រោយពីលោកយេស៊ូបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះបានឲ្យលោក«មានកិត្តិយសនិងសិរីរុងរឿង» ហើយបានឲ្យលោក«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី» រួមទាំងអំណាចដើម្បី«បំផ្លាញស្នាដៃរបស់មេកំណាច»។—ហេ. ២:៧; ម៉ាថ. ២៨:១៨; ១យ៉ូន. ៣:៨
ពូជស្ត្រី
លោកយេស៊ូគ្រិស្ត និងពួកអ្នកដែលបានត្រូវរើសតាំង១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយលោក (សូមមើលវគ្គ៨-៩)
៩-១០. (ក) តើអ្នកណាជាផ្នែកមួយទៀតនៃពូជស្ត្រី ហើយតើពួកគេទៅជាផ្នែកនោះនៅពេលណា? (ខ) នៅឥឡូវនេះ តើយើងនឹងពិចារណាអំពីអ្វីខ្លះ?
៩ ប៉ុន្តែ មានផ្នែកបន្ទាប់បន្សំនៃពូជនោះដែរ។ សាវ័កប៉ូលបានប្រាប់អំពីអត្តសញ្ញាណរបស់ផ្នែកនេះនៃពូជ ពេលគាត់ប្រាប់ជនជាតិយូដានិងជនជាតិដទៃដែលព្រះបានរើសតាំងថា៖ «ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាកូនចៅអាប្រាហាំដែលជាអ្នកទទួលមត៌កតាមសេចក្ដីសន្យា»។ (កាឡ. ៣:២៨, ២៩) ពេលព្រះយេហូវ៉ារើសតាំងគ្រិស្តសាសនិកណាម្នាក់ដោយឫទ្ធានុភាពបរិសុទ្ធរបស់លោក បុគ្គលនោះក្លាយទៅជាផ្នែកនៃពូជស្ត្រី។ ពូជនោះមានលោកយេស៊ូគ្រិស្ត និង១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយលោក។ (បប. ១៤:១) ពួកគេទាំងអស់គ្នាព្យាយាមគិតនិងប្រព្រឹត្តដូចព្រះយេហូវ៉ាដែលជាបិតារបស់ពួកគេ។
១០ ឥឡូវ យើងបានដឹងអំពីអត្តសញ្ញាណរបស់បុគ្គលផ្សេងៗនៅដើមកំណើត ៣:១៥។ ដូច្នេះ សូមឲ្យយើងពិចារណាយ៉ាងខ្លីអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យទំនាយនេះសម្រេចបន្តិចម្ដងៗ និងប្រយោជន៍ដែលយើងទទួលពីទំនាយនេះ។
តើទំនាយនេះបានត្រូវសម្រេចយ៉ាងដូចម្ដេច?
១១. តើពូជស្ត្រីបានរងរបួស«កែងជើង»យ៉ាងដូចម្ដេច?
១១ យោងទៅតាមទំនាយនៅដើមកំណើត ៣:១៥ សត្វពស់នឹងចឹក«កែងជើង»របស់ពូជស្ត្រី។ នេះបានត្រូវសម្រេច ពេលដែលសាថានប្រើជនជាតិយូដានិងជនជាតិរ៉ូមឲ្យសម្លាប់បុត្ររបស់ព្រះ។ (លូក. ២៣:១៣, ២០-២៤) ដូចរបួសកែងជើងធ្វើឲ្យបុគ្គលណាម្នាក់ពិបាកដើរមួយរយៈពេល ការស្លាប់របស់លោកយេស៊ូធ្វើឲ្យលោកលែងមានសកម្មភាពអស់មួយរយៈ កាលដែលលោកនៅក្នុងផ្នូរ។—ម៉ាថ. ១៦:២១
១២. តើក្បាលពស់នឹងត្រូវកិននៅពេលណា ហើយតើនោះនឹងកើតឡើងតាមរបៀបណា?
១២ ទំនាយនៅដើមកំណើត ៣:១៥បង្ហាញថា លោកយេស៊ូមិនអាចនៅក្នុងផ្នូររហូតបានទេ។ ហេតុអ្វី? ពីព្រោះយោងទៅតាមទំនាយនោះ ពូជនឹងកិនក្បាលសត្វពស់។ នេះមានន័យថាលោកយេស៊ូនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ នេះបានកើតឡើងមែន! នៅថ្ងៃទី៣ក្រោយពីលោកយេស៊ូបានស្លាប់ លោកបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ។ នៅពេលកំណត់របស់ព្រះ លោកយេស៊ូនឹងកិនកម្ទេចសាថាន។ (ហេ. ២:១៤) ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយគ្រិស្តនឹងរួមចំណែកក្នុងការបំផ្លាញពួកសត្រូវទាំងអស់របស់ព្រះនៅផែនដី ពោលគឺពូជពស់។—បប. ១៧:១៤; ២០:៤, ១០d
តើយើងទទួលប្រយោជន៍យ៉ាងណាពីទំនាយនេះ?
១៣. តើការសម្រេចនៃទំនាយនេះនាំឲ្យយើងទទួលប្រយោជន៍អ្វី?
១៣ បើអ្នកជាអ្នកបម្រើព្រះ អ្នកទទួលប្រយោជន៍ពីការសម្រេចនៃទំនាយនេះ។ លោកយេស៊ូបានមកផែនដីជាមនុស្ស។ លោកមានបុគ្គលិកលក្ខណៈដូចបិតាលោកបេះបិទ។ (យ៉ូន. ១៤:៩) តាមរយៈការរៀនអំពីលោក យើងបានស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ យើងក៏បានទទួលប្រយោជន៍ពីការបង្រៀនរបស់លោកយេស៊ូ ព្រមទាំងការណែនាំរបស់លោកកាលដែលលោកដឹកនាំក្រុមជំនុំគ្រិស្តសាសនិកនៅសព្វថ្ងៃនេះ។ លោកបានបង្រៀនយើងអំពីរបៀបរស់នៅដែលនឹងជួយយើងឲ្យទទួលការពេញចិត្តពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីការស្លាប់របស់លោកយេស៊ូ ឬការរងរបួសកែងជើងរបស់លោក។ តើតាមរបៀបណា? ពេលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានទទួលយកគ្រឿងបូជាដ៏ល្អឥតខ្ចោះរបស់បុត្រលោក ដែល«សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។—១យ៉ូន. ១:៧
១៤. តើទំនាយដែលបានត្រូវប្រកាសនៅសួនអេដែននឹងត្រូវសម្រេចភ្លាមៗឬទេ? សូមពន្យល់។
១៤ អ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ក្នុងទំនាយនៅសួនអេដែនបង្ហាញថា ទំនាយនេះនឹងមិនត្រូវសម្រេចភ្លាមៗនៅពេលនោះទេ។ គឺត្រូវការពេលឲ្យស្ត្រីបង្កើតពូជដែលបានត្រូវសន្យា ឲ្យមេកំណាចប្រមូលពួកអ្នកកាន់តាមរបស់វា និងដើម្បីឲ្យក្រុមទាំងពីរនេះទៅជាសត្រូវនឹងគ្នា (ឬស្អប់គ្នា)។ យើងទទួលប្រយោជន៍ពីការដឹងអំពីទំនាយនេះ ដោយសារទំនាយនេះព្រមានយើងថាពិភពលោកដែលនៅក្រោមការគ្រប់គ្រងរបស់សាថាននឹងស្អប់ពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ក្រោយមក លោកយេស៊ូបានផ្ដល់ការព្រមានស្រដៀងនឹងនេះដល់ពួកអ្នកកាន់តាមលោក។ (ម៉ាក. ១៣:១៣; យ៉ូន. ១៧:១៤) យើងបានឃើញការសម្រេចអំពីការស្អប់គ្នានៃទំនាយនោះយ៉ាងច្បាស់ ជាពិសេសក្នុងអំឡុង១០០ឆ្នាំកន្លងទៅនេះ។ តើតាមរបៀបណា?
១៥. ហេតុអ្វីពិភពលោកស្អប់ពូជស្ត្រីកាន់តែខ្លាំងឡើង ប៉ុន្តែហេតុអ្វីយើងមិនចាំបាច់ខ្លាចសាថាន?
១៥ មិនយូរក្រោយពីលោកយេស៊ូបានទៅជាស្ដេចដែលជាមេស្ស៊ីនៅឆ្នាំ១៩១៤ សាថានបានត្រូវបោះទម្លាក់ពីស្ថានសួគ៌មកផែនដី ហើយវាដឹងថាមិនយូរទៀត វានឹងត្រូវបំផ្លាញចោល។ (បប. ១២:៩, ១២) ប៉ុន្តែ វាមិនរង់ចាំដោយមិនធ្វើអ្វីសោះនោះទេ។ សាថានខឹង ហើយវាយប្រហាររាស្ត្រព្រះ។ (បប. ១២:១៣, ១៧) ហេតុនេះ ពិភពលោករបស់សាថានស្អប់យើងកាន់តែខ្លាំង។ ក៏ប៉ុន្តែ យើងមិនចាំបាច់ខ្លាចសាថាននិងពួកអ្នកកាន់តាមរបស់វាឡើយ។ ផ្ទុយទៅវិញ យើងអាចមានការជឿជាក់ដូចសាវ័កប៉ូលដែលបានសរសេរថា៖ «ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន?»។ (រ៉ូម ៨:៣១) យើងអាចមានទំនុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ដោយសារដូចដែលយើងបានឃើញ ផ្នែកជាច្រើននៃទំនាយនៅដើមកំណើត ៣:១៥បានសម្រេចរួចហើយ។
១៦-១៨. តើបងខឺធិស បងអ៊ូសឺឡឺ និងបងជេស៊ីកាបានទទួលប្រយោជន៍យ៉ាងណាពីការយល់ទំនាយនៅដើមកំណើត ៣:១៥?
១៦ សេចក្ដីសន្យារបស់ព្រះនៅដើមកំណើត ៣:១៥អាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះ។ បងប្រុសខឺធិសដែលជាសាសនទូតនៅកោះហ្គាំ និយាយថា៖ «ជួនកាល អ្វីផ្សេងៗដែលធ្លាប់កើតឡើងក្នុងជីវិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំពិបាករក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ប៉ុន្តែ ការរំពឹងគិតអំពីទំនាយនៅដើមកំណើត ៣:១៥បានជួយខ្ញុំឲ្យរក្សាទំនុកចិត្តទៅលើព្រះយេហូវ៉ាដែលជាបិតារបស់ខ្ញុំនៅស្ថានសួគ៌»។ បងខឺធិសទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខវេទនាទាំងអស់របស់យើងឲ្យសូន្យសាប។
១៧ បងស្រីម្នាក់ឈ្មោះអ៊ូសឺឡឺនៅរដ្ឋបាវ៉ារី ប្រទេសអាល្លឺម៉ង់ និយាយថាការយល់អត្ថន័យនៃដើមកំណើត ៣:១៥បានជួយគាត់ឲ្យជឿជាក់ថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ គាត់បានឃើញរបៀបដែលទំនាយឯទៀតទាំងអស់ជាប់ទាក់ទងនឹងទំនាយនេះ ហើយនោះធ្វើឲ្យគាត់កោតស្ងើចណាស់។ គាត់ក៏និយាយថា៖ «ពេលដែលខ្ញុំបានរៀនថាព្រះយេហូវ៉ាបានចាត់វិធានការភ្លាមៗដើម្បីផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សជាតិ នោះធ្វើឲ្យខ្ញុំស្រឡាញ់លោកកាន់តែខ្លាំង»។
១៨ បងស្រីជេស៊ីកាពីប្រជុំកោះមីក្រូណេស៊ី និយាយថា៖ «ខ្ញុំនៅតែនឹកចាំអារម្មណ៍របស់ខ្ញុំពេលខ្ញុំដឹងថា ខ្ញុំបានរកឃើញសេចក្ដីពិតជាលើកដំបូង។ ទំនាយនៅដើមកំណើត ៣:១៥កំពុងក្លាយជាការពិត។ នោះបានជួយខ្ញុំឲ្យចាំថាអ្វីដែលយើងកំពុងជួបប្រទះនៅសព្វថ្ងៃនេះ មិនមែនជាជីវិតពិតប្រាកដទេ។ ទំនាយនេះក៏បានពង្រឹងជំនឿរបស់ខ្ញុំថាការបម្រើព្រះយេហូវ៉ានាំឲ្យមានជីវិតល្អបំផុតនៅឥឡូវនេះ ហើយថែមទាំងមានជីវិតល្អប្រសើរជាងនៅថ្ងៃអនាគតទៀតផង»។
១៩. ហេតុអ្វីយើងអាចជឿជាក់ថាផ្នែកចុងក្រោយនៃទំនាយនៅដើមកំណើត ៣:១៥នឹងត្រូវសម្រេច?
១៩ ដូចដែលយើងបានឃើញ ដើមកំណើត ៣:១៥កំពុងក្លាយជាការពិតនៅសព្វថ្ងៃនេះ។ យើងដឹងច្បាស់ថាពូជរបស់ស្ត្រីនិងពូជរបស់សត្វពស់ជាអ្នកណា។ លោកយេស៊ូដែលជាផ្នែកសំខាន់ចម្បងនៃពូជស្ត្រីបានជាសះស្បើយពីរបួសកែងជើងរបស់លោក ហើយឥឡូវលោកជាស្ដេចអមតៈដ៏ខ្លាំងក្លា។ ការជ្រើសរើសសមាជិកនៃផ្នែកបន្ទាប់បន្សំរបស់ពូជនោះ គឺជិតគ្រប់ចំនួនហើយ។ ដោយសារផ្នែកដំបូងនៃទំនាយនោះបានត្រូវសម្រេច យើងមានហេតុឲ្យជឿជាក់ថាផ្នែកចុងក្រោយ ពោលគឺការកិនក្បាលរបស់សត្វពស់ក៏នឹងក្លាយជាការពិតដែរ។ រាស្ត្រព្រះនឹងអរសប្បាយជាខ្លាំងពេលដែលសាថាននឹងត្រូវបំផ្លាញចោល! ទម្រាំដល់ពេលនោះ សូមកុំឈប់ព្យាយាមឡើយ! ព្រះរបស់យើងគឺគួរឲ្យទុកចិត្ត។ តាមរយៈពូជរបស់ស្ត្រី លោកនឹងផ្ដល់ពរឥតគណនាដល់«គ្រប់ប្រជាជាតិនៅផែនដី»។—ដក. ២២:១៨
ចម្រៀងលេខ២៣ ព្រះយេហូវ៉ាចាប់ផ្ដើមគ្រប់គ្រង
a យើងមិនអាចយល់គម្ពីរទាំងស្រុងបានទេ បើយើងមិនយល់ទំនាយនៅដើមកំណើត ៣:១៥។ ការសិក្សាអំពីទំនាយនេះអាចពង្រឹងជំនឿរបស់យើងលើព្រះយេហូវ៉ា ហើយពង្រឹងការជឿជាក់របស់យើងថា លោកនឹងសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។
b សូមមើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១ «ប្រធានបទនៃគម្ពីរបរិសុទ្ធ» ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី។
c សូមមើលប្រអប់ដែលមានចំណងជើងថា «បុគ្គលផ្សេងៗនៅក្នុងដើមកំណើត ៣:១៤, ១៥»។
d សូមមើលប្រអប់ដែលមានចំណងជើងថា «ព្រឹត្តិការណ៍សំខាន់ៗពីការសម្រេចនៃដើមកំណើត ៣:១៥»។