ផ្លូវតែមួយគត់ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»។—យ៉ូហាន ១៤:៦
១, ២. តើព្រះយេស៊ូប្រៀបធៀបផ្លូវដែលនាំទៅជីវិតអស់កល្បជានិច្ចទៅនឹងអ្វី ហើយតើអ្វីជាសារៈសំខាន់នៃរឿងប្រៀបប្រដូចរបស់ទ្រង់?
នៅក្នុងធម្មទានដ៏ល្បីរបស់ទ្រង់នៅលើភ្នំ នោះព្រះយេស៊ូប្រៀបធៀបផ្លូវដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជាមួយនឹងផ្លូវដែលបុគ្គលម្នាក់ចូលតាមទ្វារមួយ។ ចូរកត់សម្គាល់ព្រះយេស៊ូបញ្ជាក់ថា ផ្លូវនេះដែលនាំទៅជីវិត មិនមែនជាស្រួលទេ ដោយមានបន្ទូលថា៖ «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត[ជីវិតអស់កល្បជានិច្ច] នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។—ម៉ាថាយ ៧:១៣, ១៤
២ តើអ្នកឃើញនូវសារៈសំខាន់នៃរឿងប្រៀបប្រដូចនេះឬទេ? តើនេះមិនបង្ហាញថា គឺមានតែផ្លូវមួយគត់ដែលនាំទៅដល់ជីវិត ហើយថានឹងត្រូវការប្រុងស្មារតីដ៏ប្រយ័ត្នប្រយែង ដើម្បីជៀសវាងពីការដើរចេញនឹងផ្លូវដែលនាំទៅជីវិតនេះទេឬ? ដូច្នេះ តើផ្លូវតែមួយគត់ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចជាអ្វីទៅ?
មុខនាទីរបស់ព្រះយេស៊ូគ្រីស្ទ
៣, ៤. (ក) តើតាមរបៀបណាដែលព្រះគម្ពីរបង្ហាញនូវមុខនាទីដ៏សំខាន់ របស់ព្រះយេស៊ូក្នុងសេចក្ដីសង្គ្រោះយើង? (ខ) តើនៅពេលណាដែលព្រះបានលាតត្រដាងជាដំបូងថា មនុស្សលោកអាចទទួលជីវិតអស់កល្បជានិច្ចនោះ?
៣ យ៉ាងច្បាស់ណាស់ ព្រះយេស៊ូមានមុខនាទីដ៏សំខាន់មួយដែលទាក់ទងនឹងផ្លូវនោះ ដូចជាសាវ័កពេត្រុសបានប្រកាសថា៖ «ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀត [ក្រៅពីព្រះយេស៊ូ]បានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ (កិច្ចការ ៤:១២) ស្រដៀងគ្នាដែរ សាវ័កប៉ុលបានប្រកាសថា៖ «តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:២៣) ព្រះយេស៊ូទ្រង់ផ្ទាល់បានលាតត្រដាងថា ផ្លូវតែមួយគត់ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចគឺតាមរយៈទ្រង់ ពីព្រោះទ្រង់បានប្រកាសថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»។—យ៉ូហាន ១៤:៦
៤ ដូច្នេះ គឺសំខាន់ណាស់ ដែលយើងទទួលស្គាល់នូវមុខនាទីរបស់ព្រះយេស៊ូ ក្នុងការធ្វើឲ្យមានជីវិតអស់កល្បជានិច្ច។ សូមឲ្យយើងពិនិត្យមើលនូវមុខនាទីរបស់ទ្រង់ឲ្យដិតដល់ទៀត។ ក្រោយពីអ័ដាមបានប្រព្រឹត្តអំពើបាប តើអ្នកដឹងថា នៅពេលណា ដែលព្រះយេហូវ៉ាបានបង្ហាញថាមនុស្សលោកអាចទទួលជីវិតអស់កល្បជានិច្ចនោះ? នេះគឺបានចាត់វិធានការភ្លាមក្រោយពីអ័ដាមបានប្រព្រឹត្តបាប។ សូមឲ្យយើងឥឡូវពិចារណាមើលនូវសំវិធានការនេះអំពីព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកសង្គ្រោះមនុស្សលោក ដែលបានត្រូវទាយប្រាប់នៅដើមដំបូងនោះ។
ពូជដែលបានត្រូវសន្យាមក
៥. តើតាមរបៀបណាដែលយើងអាចសម្គាល់ពស់ដែលបានល្បួងអេវ៉ានោះ?
៥ ដោយប្រើពាក្យជានិមិត្តរូប នោះព្រះយេហូវ៉ាបានសម្គាល់អ្នកសង្គ្រោះដែលបានត្រូវសន្យាមកនេះ។ ទ្រង់បានធ្វើនេះ ពេលដែលទ្រង់ដាក់ទោសលើ«ពស់» ដែលបាននិយាយទៅអេវ៉ា ហើយបានល្បួងនាងឲ្យមិនគោរពតាមព្រះ ដោយបរិភោគផ្លែដែលបានហាមនោះ។ (លោកុប្បត្តិ ៣:១-៥) ប្រាកដហើយ ពស់នោះមិនមែនពស់មែនទែននោះទេ។ វាជាសត្តនិករខាងវិញ្ញាណដ៏ខ្លាំងក្លា ដែលបានត្រូវសម្គាល់ក្នុងព្រះគម្ពីរជា «ពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង»។ (វិវរណៈ ១២:៩) សាតាំងបានប្រើសត្វថ្នាក់ទាបនេះជាអ្នកនិយាយដើម្បីល្បួងអេវ៉ា។ ដូច្នេះ ក្នុងការដាក់ទោសសាតាំង នោះព្រះមានបន្ទូលទៅវាថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។—លោកុប្បត្តិ ៣:១៥
៦, ៧. (ក) តើស្ត្រីដែលមាន«ពូជ» ជាអ្នកណាគេ? (ខ) តើអ្នកណាជាពូជដែលបានត្រូវសន្យាមកនេះ ហើយតើពូជនេះសម្រេចអ្វី?
៦ តើ«ស្ត្រី»នេះដែលសាតាំងស្អប់ជាអ្នកណាគេ? ដូចជា«ពស់ពីបុរាណ»បានត្រូវសម្គាល់នៅក្នុងវិវរណៈ ជំពូក១២ អ៊ីចឹងហើយស្ត្រីដែលសាតាំងស្អប់បានត្រូវសម្គាល់នៅទីនោះដែរ។ សូមសង្កេតនៅក្នុងខ១ បានត្រូវពណ៌នាអំពីនាងថា«ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ»។ ស្ត្រីនេះគឺតំណាងអង្គការនៅស្ថានសួគ៌របស់ព្រះ គឺជាពួកទេវតាដ៏ស្មោះត្រង់ ហើយ«កូនប្រុស» ដែលនាងបានសម្រាលនោះ គឺតំណាងព្រះរាជាណាចក្រនៃព្រះ ដែលមានព្រះយេស៊ូគ្រីស្ទសោយរាជ្យជាស្តេច។—វិវរណៈ ១២:១-៥
៧ បើអ៊ីចឹង តើ«ពូជ» ឬក៏កូនចៅរបស់ស្ត្រីដែលបានរៀបរាប់នៅលោកុប្បត្តិ ៣:១៥ ជាអ្នកណាគេ ដែលនឹង«កិនក្បាល»សាតាំង ហើយសម្លាប់វានោះ? ពូជនេះគឺជាបុគ្គលដែលព្រះបានបញ្ជូនមកពីស្ថានសួគ៌ ឲ្យប្រសូតដ៏អព្ភូតហេតុពីស្ត្រីក្រមុំបរិសុទ្ធ។ ត្រូវហើយ គឺបុរសយេស៊ូ។ (ម៉ាថាយ ១:១៨-២៣; យ៉ូហាន ៦:៣៨) វិវរណៈ ជំពូក១២ លាតត្រដាងថា ជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌ ដែលបានត្រូវប្រោសឲ្យរស់នោះ ពូជនេះ ជាព្រះយេស៊ូគ្រីស្ទ នឹងនាំមុខក្នុងការធ្វើឲ្យឈ្នះលើសាតាំង ហើយនឹងស្ថាបនា ដូចវិវរណៈ ១២:១០ ចែងថា«រាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់»។
៨. (ក) តើរបស់ថ្មីអ្វីដែលព្រះបានប្រទានឲ្យ ដែលជាប់ទាក់ទងនឹងគោលបំណងដើមរបស់ទ្រង់? (ខ) តើអ្នកណាដែលមានចំណែកក្នុងរាជរដ្ឋាភិបាលថ្មីរបស់ព្រះ?
៨ ព្រះរាជាណាចក្រនេះនៅក្រោមការកាន់កាប់របស់ព្រះយេស៊ូគ្រីស្ទ គឺជារបស់ថ្មីដែលព្រះបានប្រទានឲ្យ ដែលជាប់ទាក់ទងនឹងគោលបំណងដើមរបស់ទ្រង់ សំរាប់ឲ្យមនុស្សទទួលជីវិតអស់កល្បជានិច្ចនៅលើផែនដី។ ក្រោយពីការបះបោររបស់សាតាំង ភ្លាមនោះ ព្រះយេហូវ៉ាបានរៀបចំដើម្បីនឹងកែឡើងវិញនូវកម្មផលអាក្រក់នៃអំពើកំណាច តាមរយៈរាជរដ្ឋាភិបាលថ្មីនេះ។ នៅពេលដែលព្រះយេស៊ូគង់លើផែនដី ទ្រង់បានមានបន្ទូលប្រាប់ថា មិនមែនមានតែទ្រង់ទេដែលក្នុងព្រះរាជាណាចក្រនេះ។ (លូកា ២២:២៨-៣០) ពួកឯទៀតនឹងត្រូវរើសពីចំណោមមនុស្សលោក ហើយពួកនេះនឹងចូលរួមក្នុងការគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។ ដូច្នេះពួកគេនឹងរួមចំណែកជាផ្នែកទីពីរនៃពូជរបស់ស្ត្រី។ (កាឡាទី ៣:១៦, ២៩) នៅក្នុងព្រះគម្ពីរ ចំនួននៃអស់អ្នកដែលគ្រប់គ្រងជាមួយព្រះយេស៊ូ គឺមានចំនួន១៤៤.០០០នាក់ ដែលបានត្រូវយកចេញពីមនុស្សមានបាបនៅលើផែនដីនេះ។—វិវរណៈ ១៤:១-៣
៩. (ក) ហេតុអ្វីក៏ព្រះយេស៊ូត្រូវចាំបាច់លេចខ្លួនលើផែនដីជាមនុស្សម្នាក់? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានកែឡើងវិញនូវកិច្ចការរបស់អារក្ស?
៩ ប៉ុន្តែ មុននឹងព្រះរាជាណាចក្រនោះអាចគ្រប់គ្រង គឺត្រូវការចាំបាច់ នូវពូជដ៏មានចំណែកសំខាន់បំផុត គឺព្រះយេស៊ូគ្រីស្ទ ត្រូវលេចខ្លួនលើផែនដីនេះសិន។ តើហេតុអ្វី? ពីព្រោះទ្រង់បានត្រូវតែងតាំងដោយព្រះយេហូវ៉ា ជាបុគ្គល«ដើម្បីនឹងបំផ្លាញ[ឬក៏កែឡើងវិញ]ការរបស់អារក្សចេញ»។ (យ៉ូហានទី១ ៣:៨) ការរបស់សាតាំងរួមបញ្ចូលការល្បួងឲ្យអ័ដាមប្រព្រឹត្តអំពើបាប ដែលនាំឲ្យមានការផ្ដន្ទាទោសនៃបាបនិងសេចក្ដីស្លាប់ មកលើកូនចៅរបស់អ័ដាម។ (រ៉ូម ៥:១២) ព្រះយេស៊ូកែឡើងវិញនូវកិច្ចការរបស់អារក្ស ដោយផ្ដល់ជូនព្រះជន្មទ្រង់ជាតម្លៃលោះ។ ដូច្នេះហើយព្រះយេស៊ូបានផ្ដល់នូវមូលដ្ឋាន ដើម្បីរំដោះមនុស្សលោកពីបាបនិងសេចក្ដីស្លាប់ ហើយបានបើកផ្លូវ ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។—ម៉ាថាយ ២០:២៨; រ៉ូម ៣:២៤; អេភេសូរ ១:៧
អ្វីដែលតម្លៃលោះសម្រេច
១០. តើតាមរបៀបណាដែលព្រះយេស៊ូនិងអ័ដាមស្រដៀងគ្នានោះ?
១០ ដោយព្រោះព្រះជន្មរបស់ព្រះយេស៊ូបានត្រូវផ្ទេរ ពីស្ថានសួគ៌ចូលទៅក្នុងផ្ទៃរបស់ស្ត្រីម្នាក់ នោះទ្រង់បានត្រូវប្រសូតជាមនុស្សគ្រប់ល័ក្ខណ៍ ដែលឥតប្រឡាក់បាបពីអ័ដាម។ ទ្រង់មានលទ្ធភាពនៃការរស់នៅជានិរន្តរ៍នៅលើផែនដី។ ស្រដៀងគ្នាដែរ អ័ដាមបានត្រូវបង្កើតមកជាមនុស្សគ្រប់ល័ក្ខណ៍ ដោយមានការទន្ទឹងចាំនៃជីវិតអស់កល្បជានិច្ចនៅលើផែនដី។ សាវ័កប៉ុលបានគិតអំពីភាពស្រដៀងគ្នានៃបុរសពីរនាក់នេះ ពេលដែលគាត់បានសរសេរថា៖ «មនុស្សដំបូង . . . ‹បានត្រឡប់ជាមានព្រលឹងរស់› តែលោកអ័ដាមក្រោយបង្អស់[ព្រះយេស៊ូគ្រីស្ទ] ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ»។—កូរិនថូសទី១ ១៥:៤៥, ៤៧
១១. (ក) តើអ័ដាមនិងព្រះយេស៊ូមានឥទ្ធិពលយ៉ាងណាលើមនុស្សលោក? (ខ) តើយើងត្រូវចាត់ទុកយញ្ញបូជារបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១១ ភាពស្រដៀងគ្នានៃបុគ្គលពីរនាក់នេះ ដែលជាបុរសតែពីរនាក់ប៉ុណ្ណោះ ដែលគ្រប់ល័ក្ខណ៍ហើយធ្លាប់ដើរនៅលើផែនដី គឺបានត្រូវបញ្ជាក់ដោយសេចក្ដីប្រកាសរបស់ព្រះគម្ពីរចែងថា ព្រះយេស៊ូ«បានថ្វាយព្រះអង្គទ្រង់ ទុកជាតម្លៃលោះដែលស្មើសំរាប់មនុស្សទាំងអស់»។ (ធីម៉ូថេទី១ ២:៦; ព.ថ.) តើព្រះយេស៊ូស្មើនឹងអ្នកណា? គឺស្មើនឹងអ័ដាម ពេលដែលគាត់ជាមនុស្សគ្រប់ល័ក្ខណ៍នៅឡើយ! បាបរបស់អ័ដាមជាបុរសដំបូង គឺជាការផ្ដន្ទាទោសដល់ក្រុមគ្រួសារមនុស្សទាំងមូលឲ្យស្លាប់។ យញ្ញបូជានៃ«អ័ដាមចុងក្រោយ» ផ្ដល់នូវមូលដ្ឋាននៃការសង្គ្រោះពីបាបនិងសេចក្ដីស្លាប់ ដើម្បីឲ្យយើងអាចរស់នៅជានិរន្តរ៍។ ឱយញ្ញបូជារបស់ព្រះយេស៊ូគឺពិតជាមានតម្លៃណាស់ហ្ន៎! សាវ័កពេត្រុសបានកត់សម្គាល់ថា៖ «ទ្រង់បានលោះអ្នករាល់គ្នា . . . មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ»។ ផ្ទុយទៅវិញ ពេត្រុសបានពន្យល់ថា៖ «គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម»។—ពេត្រុសទី១ ១:១៨, ១៩
១២. តើតាមរបៀបណាដែលព្រះគម្ពីរពណ៌នា អំពីការលុបចោលនៃសេចក្ដីបណ្ដាសាឲ្យស្លាប់នោះ?
១២ ព្រះគម្ពីរពណ៌នាយ៉ាងល្អពីរបៀប នឹងលែងមានទៀតនូវសេចក្ដីបណ្ដាសាដល់ស្លាប់ឲ្យក្រុមគ្រួសារមនុស្សទៀត ដោយចែងថា៖ «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១[របស់អ័ដាម] នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ [គឺដំណើរដោយភក្ដីភាពរបស់ព្រះយេស៊ូទាំងមូល ដែលដល់ទីបំផុតទ្រង់បានសោយទិវង្គត] ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់[អ័ដាម]មិនបានស្ដាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់[ព្រះយេស៊ូ]បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរ»។—រ៉ូម ៥:១៨, ១៩
ការទន្ទឹងចាំដ៏រុងរឿង
១៣. ហេតុអ្វីក៏មនុស្សជាច្រើនមានអារម្មណ៍អ៊ីចឹងអំពីការរស់នៅជានិរន្តរ៍?
១៣ សំវិធានការនេះរបស់ព្រះ គួរធ្វើឲ្យយើងសប្បាយចិត្តមែន! តើអ្នកមិនរំភើបចិត្តទេឬ ដែលព្រះបានប្រទានឲ្យមានអ្នកសង្គ្រោះនោះ? នៅពេលបានត្រូវសួរថា៖ «តើការទន្ទឹងចាំរស់នៅជារៀងរហូត ធ្វើឲ្យទាក់ទាញចិត្តរបស់អ្នកឬទេ»? ដែលមាននៅក្នុងការស្ទង់មួយ តាមកាសែតនៅក្នុងទីក្រុងធំៗនៃសហរដ្ឋអាមេរិក នោះមាន៦៧,៤ភាគរយ បានឆ្លើយថា «ទេ»។ ហេតុអ្វីក៏គេឆ្លើយថា គេមិនចង់នៅជារៀងរហូតដូច្នេះ? តាមមើលទៅ ពីព្រោះជីវិតនៅលើផែនដីសព្វថ្ងៃគឺមានបញ្ហាច្រើនពេក។ បុគ្គលម្នាក់បាននិយាយថា៖ «ខ្ញុំមិនចង់គិតដល់ពេលដែលខ្ញុំមានអាយុ២០០ឆ្នាំឡើយ»។
១៤. ហេតុអ្វីក៏ការរស់នៅជានិរន្តរ៍នឹងជាគាប់ចិត្តទាំងស្រុងនោះ?
១៤ ប៉ុន្តែ ព្រះគម្ពីរមិនបាននិយាយអំពីការរស់នៅអស់កល្បជានិច្ចនៅក្នុងពិភពលោក ដែលមានមនុស្សរងទុក្ខដោយជម្ងឺ ភាពចាស់ជរា និងព្រឹត្ដិការណ៍ដែលធ្វើឲ្យខ្លោចផ្សានោះទេ។ អត់ទេ ពីព្រោះជាអ្នកគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រនៃព្រះ ព្រះយេស៊ូនឹងកែប្រែបញ្ហាទាំងអស់ ដែលបានបណ្ដាលមកដោយសាតាំង។ យោងទៅតាមព្រះគម្ពីរ ព្រះរាជាណាចក្រនៃព្រះ«នឹងបំបាក់បំបែក ហើយលេបបំបាត់» រដ្ឋាភិបាលនៃលោកីយ៍ដែលសង្កត់សង្កិននោះ។ (ដានីយ៉ែល ២:៤៤) នៅពេលនោះហើយ ក្នុងការតបឆ្លើយនឹងសេចក្ដីអធិស្ឋាន ដែលព្រះយេស៊ូបានបង្រៀនសិស្សទ្រង់ នោះ‹បំណងព្រះហឫទ័យ›របស់ព្រះនឹង«បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) នៅក្នុងពិភពលោកថ្មីរបស់ព្រះ ក្រោយពីផែនដីនេះបានត្រូវសំអាតចេញពីរបស់អាក្រក់ទាំងអស់ នោះប្រយោជន៍នៃតម្លៃលោះរបស់ព្រះយេស៊ូ នឹងបានត្រូវសម្រេចពេញលេញ។ ត្រូវហើយ ពួកអ្នកទាំងអស់ណាដែលបានកំណត់ឲ្យមានគុណវុឌ្ឍិ នឹងបានត្រូវត្រឡប់ឲ្យមានសុខភាពឥតខ្ចោះវិញ!
១៥, ១៦. តើនឹងមានស្ថានភាពយ៉ាងណា នៅក្នុងពិភពលោកថ្មីរបស់ព្រះ?
១៥ ចំពោះមនុស្សដែលនឹងរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ បទគម្ពីរនេះគឺនឹងទាក់ទងដល់គេ ដែលថា៖ «យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ»។ (យ៉ូប ៣៣:២៥) សេចក្ដីសន្យាមួយទៀតក្នុងព្រះគម្ពីរក៏នឹងសម្រេចដែរ ដែលថា៖ «ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។—អេសាយ ៣៥:៥, ៦
១៦ ចូរគិតទៅមើល៖ មិនថាយើងមានអាយុប៉ុន្មានឆ្នាំក៏ដោយ ទោះជា៨០ឆ្នាំ ៨០០ឆ្នាំ ឬក៏ចាស់ជាងនោះទៅទៀត រូបកាយរបស់យើងក៏នៅមានសុខភាពល្អមាំមួនដដែល គឺនឹងបានដូចអ្វីដែលព្រះគម្ពីរសន្យាថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា ‹ខ្ញុំឈឺ›ទៀតឡើយ»។ នៅពេលនោះ សេចក្ដីសន្យានេះក៏នឹងបានសម្រេចដែរ៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—អេសាយ ៣៣:២៤; វិវរណៈ ២១:៣, ៤
១៧. តើយើងអាចសង្ឃឹមថាមនុស្សនៅក្នុងពិភពលោកថ្មីរបស់ព្រះ នឹងសម្រេចអ្វីខ្លះ?
១៧ នៅក្នុងពិភពលោកថ្មីនោះ យើងនឹងអាចប្រើខួរក្បាលដ៏អស្ចារ្យរបស់យើងនេះ តាមរបៀបដែលព្រះអាទិទេពបានបម្រុងឲ្យប្រើ នៅពេលដែលទ្រង់បានបង្កើតវាឲ្យមានសមត្ថភាពរៀនដ៏ឥតព្រំដែននោះ។ សូមគ្រាន់តែគិតនូវរបស់ដ៏អស្ចារ្យដែលយើងនឹងអាចសម្រេច! សូម្បីតែមនុស្សឥតគ្រប់ល័ក្ខណ៍ក៏អាចបង្កើតពីធាតុនៅលើផែនដី នូវអ្វីដែលយើងមាននៅជុំវិញយើងដូចជាទូរស័ព្ទដៃ មីក្រូ នាឡិកា ហ្វូងលីន កុំព្យូទ័រ យន្តហោះ ត្រូវហើយ គឺមានរបស់ជាច្រើនដែលអ្នកអាចរាប់បាន។ គ្មានរបស់ទាំងនេះណាមួយ ដែលបានត្រូវបង្កើតដោយប្រើសម្ភារៈពីកន្លែងឆ្ងាយក្នុងសកលលោកនេះឡើយ។ ដោយមានជីវិតដ៏មិនចេះចប់នៅលើផែនដីមនោរម្យ នៅខាងមុខយើង លទ្ធភាពនៃការសម្រេច គឺនឹងមានច្រើនដែលគ្មានកំណត់!—អេសាយ ៦៥:២១-២៥
១៨. ហេតុអ្វីក៏ជីវិតនឹងមិនដែលធុញទ្រាន់ នៅក្នុងពិភពលោកថ្មីរបស់ព្រះ?
១៨ ជីវិតក៏នឹងមិនមានភាពធុញទ្រាន់ដែរ។ សូម្បីតែឥឡូវនេះ យើងតែងទន្ទឹងចាំអាហារនៅពេលក្រោយៗទៀត ទោះជាយើងប្រហែលជាបានបរិភោគជាច្រើនពាន់ដងក៏ដោយ។ ពេលជាមនុស្សគ្រប់ល័ក្ខណ៍ នោះយើងនឹងសប្បាយ ដល់កំរិតខ្ពស់បំផុតនូវផលដ៏ឆ្ងាញ់ពីផែនដីមនោរម្យ។ (អេសាយ ២៥:៦) ហើយយើងនឹងមានសេចក្ដីរីករាយជាអនន្ត នៃការមើលថែរក្សាសត្វទាំងឡាយនៅលើផែនដី ហើយការរីករាយគយគន់មើលថ្ងៃលិចដ៏អស្ចារ្យ ភ្នំ ទន្លេ និងជើងភ្នំទាំងឡាយ។ ពិតហើយ ជីវិតនឹងមិនមានភាពច្រំដែលៗឡើយនៅក្នុងពិភពលោកថ្មីរបស់ព្រះនោះ!—ទំនុកដំកើង ១៤៥:១៦
ការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះ
១៩. ហេតុអ្វីក៏សមហេតុផល ក្នុងការជឿថាមានសេចក្ដីតម្រូវខ្លះៗ ចំពោះការទទួលអំណោយជីវិតរបស់ព្រះនោះ?
១៩ តើអ្នកគិតថា ការទទួលអំណោយទានដ៏អស្ចារ្យរបស់ព្រះ នៃជីវិតអស់កល្បជានិច្ចនៅក្នុងសួនមនោរម្យ គឺមិនចាំបាច់ធ្វើអ្វីសោះឬ? តើមិនសមហេតុផលទេឬ ដែលព្រះនឹងតម្រូវអ្វីខ្លះពីយើងនោះ? ប្រាកដជាអ៊ីចឹងហើយ។ បើនិយាយឲ្យចំទៅ ព្រះមិនមែនបោះអំណោយទាននេះនៅពីមុខយើងទេ។ ទ្រង់ហុចអំណោយនេះដល់យើង តែយើងត្រូវតែឈោងយកអំណោយនោះ។ ត្រូវហើយ គឺទាក់ទងនឹងការខំប្រឹង។ អ្នកប្រហែលជាសួរសំនួរ ដែលបុរសអ្នកមានម្នាក់បានសួរព្រះយេស៊ូ គឺ៖ «លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច»? ឬក៏អ្នកមានសំនួរដូចមេភូឃុំនៅស្រុកភីលីព ដែលបានសួរសាវ័កប៉ុលថា៖ «តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានសង្គ្រោះផង»?—ម៉ាថាយ ១៩:១៦; កិច្ចការ ១៦:៣០
២០. តើសេចក្ដីតម្រូវដ៏ចាំបាច់ចំពោះជីវិតអស់កល្បជានិច្ចជាអ្វី?
២០ នៅក្នុងរាត្រីមុននឹងទ្រង់សោយទិវង្គតទៅ នោះព្រះយេស៊ូបានពណ៌នាអំពីសេចក្ដីតម្រូវមួយដ៏ចាំបាច់ ក្នុងសេចក្ដីអធិស្ឋានជូនព្រះវរបិតាទ្រង់នៅស្ថានសួគ៌ថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) តើនេះមិនមែនជាសេចក្ដីតម្រូវត្រឹមត្រូវទេឬ ដែលយើងត្រូវយកចំណេះអំពីព្រះយេហូវ៉ា ដែលអាចផ្ដល់ជីវិតអស់កល្បជានិច្ចបាន និងអំពីបុគ្គលដែលសោយទិវង្គតសំរាប់យើង ព្រះយេស៊ូគ្រីស្ទនោះ? ក៏ប៉ុន្តែ គឺត្រូវការអ្វីច្រើនទៀត មិនគ្រាន់តែការយកចូលចំណេះនេះទេ។
២១. តើតាមរបៀបណាដែលយើងបង្ហាញថា យើងកំពុងបំពេញតាមសេចក្ដីតម្រូវនៃការអនុវត្តន៍ជំនឿនោះ?
២១ ព្រះគម្ពីរក៏ចែងដែរថា៖ «ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ»។ រួចមកចែងបន្ថែមថា៖ «តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង»។ (យ៉ូហាន ៣:៣៦) អ្នកអាចបង្ហាញថាអ្នកកំពុងតែអនុវត្តជំនឿលើបុត្រានេះ ដោយកែប្រែក្នុងជីវិតរបស់អ្នក ហើយនាំជីវិតរបស់អ្នកឲ្យសមស្របនឹងបំណងព្រះហឫទ័យរបស់ព្រះ។ អ្នកត្រូវបដិសេធចោលនូវដំណើរខុស ដែលអ្នកបានធ្វើ ហើយរួចមក ចាត់វិធានការដើម្បីធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យដល់ព្រះ។ អ្នកត្រូវតែធ្វើអ្វីដែលសាវ័កពេត្រុសបានបង្គាប់ គឺ៖ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់»។—កិច្ចការ ៣:១៩
២២. តើការប្រព្រឹត្តអ្វីដែលបានត្រូវរួមបញ្ចូល នៅក្នុងការធ្វើតាមលំអានដាននៃព្រះយេស៊ូ?
២២ សូមកុំភ្លេចថា មានតែការអនុវត្តន៍ជំនឿលើព្រះយេស៊ូទេ ដែលយើងអាចទទួលនូវជីវិតអស់កល្បជានិច្ចនោះ។ (យ៉ូហាន ៦:៤០; ១៤:៦) យើងបង្ហាញថាយើងអនុវត្តជំនឿលើព្រះយេស៊ូ ដោយ‹ដើរតាមលំអានដាននៃទ្រង់ឲ្យបានដិតដល់›។ (ពេត្រុសទី១ ២:២១) តើបានត្រូវរួមបញ្ចូលអ្វីក្នុងការធ្វើនោះ? នៅក្នុងសេចក្ដីអធិស្ឋានជូនព្រះ នោះព្រះយេស៊ូបានបន្លឺបន្ទូលថា៖ «មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់»។ (ហេព្រើរ ១០:៧) គឺសំខាន់ណាស់ក្នុងការយកតម្រាប់តាមព្រះយេស៊ូ ដោយយល់ព្រមធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ និងថ្វាយខ្លួនរបស់អ្នកដល់ព្រះយេហូវ៉ា។ ក្រោយមក អ្នកត្រូវទទួលបុណ្យជ្រមុជទឹក ដើម្បីតំណាងការថ្វាយខ្លួននោះ ព្រះយេស៊ូបានប្រគល់ខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកដែរ។ (លូកា ៣:២១, ២២) ការចាត់វិធានការដោយយកជំហានទាំងនេះ គឺសមហេតុផលណាស់។ សាវ័កប៉ុលបានកត់សម្គាល់ថា «សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ»។ (កូរិនថូសទី២ ៥:១៤, ១៥) តើតាមរបៀបណាទៅ? ត្រូវហើយ សេចក្ដីស្រឡាញ់បានជំរុញព្រះយេស៊ូឲ្យថ្វាយព្រះជន្មទ្រង់សំរាប់យើងគ្រប់គ្នា។ តើនេះមិនគួរជំរុញយើងឲ្យអនុវត្តជំនឿលើទ្រង់ទេឬ? ត្រូវហើយ គឺត្រូវជំរុញយើងឲ្យធ្វើតាមគំរូដ៏ជាទីស្រឡាញ់របស់ទ្រង់ នៃការថ្វាយខ្លួនក្នុងការជួយអ្នកឯទៀត។ ព្រះគ្រីស្ទបានរស់នៅដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ យើងក៏ត្រូវធ្វើអ៊ីចឹងដែរ ដោយលែងរស់នៅសំរាប់ខ្លួនយើងទៀត។
២៣. (ក) តើមានអ្វីខ្លះដែលអស់អ្នកទទួលជីវិតនឹងត្រូវធ្វើបន្ថែមទៀតនោះ? (ខ) តើត្រូវការអ្វីពីអស់អ្នកដែលនៅក្នុងក្រុមជំនុំគ្រីស្ទាន?
២៣ នេះមិនមែនជាទីបញ្ចប់នៃរឿងនោះទេ។ ព្រះគម្ពីរចែងថា នៅពេលដែល៣.០០០នាក់បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ. ពួកគេបានត្រូវ«ថែមកើនឡើងទៀត»។ បានថែមកើនឡើងដល់អ្វី? លូកាពន្យល់ថា៖ «អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្ដីប្រកបគ្នា»។ (កិច្ចការ ២:៤១, ៤២) ត្រូវហើយ គេបានមកជួបជុំគ្នាសំរាប់ការសិក្សាព្រះគម្ពីរ និងការចូលរួម ដូច្នេះហើយក៏បានបន្ថែម ឬក៏ក្លាយទៅជាមានចំណែកក្នុងក្រុមជំនុំគ្រីស្ទាន។ ពួកគ្រីស្ទានពីដើមបានមកប្រជុំជារឿយៗ ដើម្បីទទួលការបង្ហាត់បង្រៀនខាងវិញ្ញាណ។ (ហេព្រើរ ១០:២៥) ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះក៏ធ្វើដូច្នេះដែរ ហើយពួកគេចង់លើកទឹកចិត្តលោកអ្នកឲ្យទៅឯការប្រជុំទាំងនេះជាមួយពួកគេ។
២៤. តើអ្វីជា‹ជីវិតដ៏ពិត› ហើយតាមរបៀបណានិងនៅពេលណាដែលនឹងបានសម្រេចនោះ?
២៤ មនុស្សជាច្រើនលាននាក់កំពុងតែដើរតាមផ្លូវដ៏ចង្អៀតនេះ ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ដើម្បីរក្សានៅលើផ្លូវដ៏ចង្អៀតនេះ គឺត្រូវការខំប្រឹងមែន! (ម៉ាថាយ ៧:១៣, ១៤) សាវ័កប៉ុលបានបញ្ជាក់អំពីរឿងនេះនៅក្នុងសេចក្ដីអង្វរដ៏កក់ក្ដៅរបស់គាត់ថា៖ «ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល»។ ការស៊ូទ្រាំតយុទ្ធនេះគឺត្រូវការចាំបាច់ដើម្បីឲ្យ‹ទទួលជីវិតដ៏ពិត›។ (ធីម៉ូថេទី១ ៦:១២, ១៩) ជីវិតនោះ គឺមិនមែនជាជីវិតឥឡូវនេះដែលមានការឈឺចាប់និងរងទុក្ខវេទនា ដោយសារអំពើបាបរបស់អ័ដាមនោះទេ។ ផ្ទុយទៅវិញ គឺជាជីវិតនៅក្នុងពិភពលោកថ្មីរបស់ព្រះ ដែលនឹងបានសម្រេចមិនយូរប៉ុន្មានទៀត នៅពេលដែលយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ បានត្រូវប្រើសំរាប់អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់ ក្រោយពីរបបចាស់នេះបានត្រូវដកចេញទៅ។ សូមឲ្យយើងទាំងអស់គ្នាសម្រេចចិត្តយកជីវិតនេះ គឺ‹ជីវិតដ៏ពិត› ដែលជាជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកថ្មីដ៏រុងរឿងរបស់ព្រះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្នកណាជាពស់ ស្ត្រី និងពូជនៅក្នុងលោកុប្បត្តិ ៣:១៥?
◻ តើតាមរបៀបណាដែលព្រះយេស៊ូស្មើនឹងអ័ដាម ហើយតើតម្លៃលោះធ្វើឲ្យមានអ្វី?
◻ តើអ្នកអាចទន្ទឹងចាំអ្វី ដែលនឹងធ្វើឲ្យពិភពលោកថ្មីរបស់ព្រះជាទីគាប់ចិត្តចំពោះអ្នកនោះ?
◻ តើមានសេចក្ដីតម្រូវអ្វីខ្លះ ដែលយើងត្រូវតែបំពេញដើម្បីឲ្យបានរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ?
[រូបភាពនៅទំព័រ២៧]
ចំពោះមនុស្សក្មេងចាស់ ព្រះយេស៊ូគឺជាផ្លូវតែមួយគត់ដែលនាំទៅដល់ជីវិតដ៏មិនចេះចប់នោះ
[រូបភាពនៅទំព័រ២៨]
ដល់ពេលកំណត់របស់ព្រះ មនុស្សចាស់នឹងត្រឡប់ទៅជាមានសុខភាពដូចកាលនៅក្មេងវិញ