ព្រះយេហូវ៉ាបានបង្រៀនរហូតមកដល់សព្វថ្ងៃនេះ
«ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារដូចជាអ្នកដែលបានរៀនសូត្រ»។—អេសាយ ៥០:៤
១, ២. (ក) ចំពោះអ្វីដែលព្រះយេហូវ៉ាបានរៀបចំសិស្សសំណប់របស់ទ្រង់ ហើយតើបានមានលទ្ធផលអ្វី? (ខ) តើព្រះយេស៊ូបានទទួលស្គាល់ប្រភពនៃការបង្រៀនរបស់ទ្រង់យ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាបានធ្វើជាគ្រូតាំងពីទ្រង់បានក្លាយទៅជាព្រះវរបិតាមកម្ល៉េះ។ មិនយូរប៉ុន្មានក្រោយពីកូនចៅរបស់ទ្រង់បានបះបោរមក ទ្រង់បានរៀបចំសិស្សសំណប់របស់ទ្រង់ បុត្រច្បង សំរាប់កិច្ចការនៅលើផែនដី។ (សុភាសិត ៨:៣០) អេសាយជំពូក ៥០ក្នុងទំនាយបានបង្ហាញសិស្សនេះ ដោយចែងថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាចិត្តឡើង»។ (អេសាយ ៥០:៤) ដោយសារការធ្វើតាមការបង្រៀនរបស់ព្រះវរបិតារបស់ទ្រង់កាលដែលនៅលើផែនដីនេះ ព្រះយេស៊ូគឺជាប្រភពដ៏ត្រជាក់ត្រជុំចិត្តដល់អស់អ្នកដែល‹នឿយហត់និងមានបន្ទុកធ្ងន់›។—ម៉ាថាយ ១១:២៨-៣០
២ ព្រះយេស៊ូបានសម្ដែងអព្ភូតហេតុដ៏អស្ចារ្យជាច្រើន ក្នុងកំឡុងសតវត្សទីមួយ។ ទ្រង់បានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់បានភ្លឺ ហើយព្រមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ ប៉ុន្តែចំពោះពួកសហសម័យទ្រង់ គេបានស្គាល់ទ្រង់ជាគ្រូបង្រៀន។ ពួកអ្នកកាន់តាមទ្រង់ ហើយថែមទាំងពួកប្រឆាំងទ្រង់ ក៏បានហៅទ្រង់ជាគ្រូដែរ។ (ម៉ាថាយ ៨:១៩; ៩:១១; ១២:៣៨; ១៩:១៦; យ៉ូហាន ៣:២) ព្រះយេស៊ូមិនដែលយកកិត្ដិយសពីអ្វីៗដែលទ្រង់បានបង្រៀននោះទេ ប៉ុន្តែទ្រង់បានទទួលស្គាល់យ៉ាងបន្ទាបខ្លួនថា៖ «សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ»។ «គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ»។—យ៉ូហាន ៧:១៦; ៨:២៨; ១២:៤៩
ទំនាក់ទំនងដ៏ល្អឥតខ្ចោះចំពោះគ្រូ-សិស្ស
៣. តើទំនាយរបស់អេសាយបញ្ជាក់យ៉ាងណាថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ដល់អស់អ្នកដែលទ្រង់បង្រៀននោះ?
៣ គ្រូដ៏ប្រសើរណាមួយតែងតែយកចិត្តទុកដាក់នឹងប្រយោជន៍ដ៏ជាទីស្រឡាញ់នៃកូនសិស្សរបស់គាត់។ អេសាយជំពូក៥០សម្ដែងប្រាប់ថា ព្រះយេហូវ៉ាមានព្រះទ័យទុកដាក់បែបនេះ ចំពោះអស់អ្នកដែលទ្រង់បង្រៀន។ ទំនាយចែងថា៖ «ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្ដាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ»។ (អេសាយ ៥០:៤) ភាសាដែលប្រើនៅទីនេះ បង្ហាញប្រាប់ថាអ្នកបង្រៀនណាដែលដាស់កូនសិស្សរបស់ខ្លួនរាល់តែព្រឹក គឺដើម្បីនឹងបង្រៀនពួកគេ។ ក្នុងការមានប្រសាសន៍នឹងការអនុវត្តនៃទំនាយនេះ វិជ្ជាករម្នាក់បានសង្កេតឃើញថា៖ «នេះគឺមានគំនិតថា អ្នកលោះ . . . ជាបុគ្គលដែលនៅក្នុងសាលារបស់ព្រះ បើនិយាយជាអត្ថបដិរូប ហើយមានសមត្ថភាពដើម្បីនឹងបង្រៀនអ្នកដទៃ។ . . . ដោយការបង្រៀនពីព្រះ ព្រះមេស្ស៊ីគឺមានសមត្ថភាពយ៉ាងក្រៃលែង ដើម្បីធ្វើជាអ្នកបង្រៀនមនុស្ស»។
៤. តើព្រះយេស៊ូបានតបឆ្លើយដល់ការបង្រៀនរបស់ព្រះវរបិតាទ្រង់យ៉ាងណា?
៤ យ៉ាងល្អណាស់ កូនសិស្សត្រូវតបឆ្លើយនឹងការបង្រៀននៃគ្រូរបស់គេ។ តើព្រះយេស៊ូបានតបឆ្លើយនឹងការបង្រៀនរបស់ព្រះវរបិតាទ្រង់យ៉ាងដូចម្ដេច? ការតបឆ្លើយរបស់ទ្រង់គឺស្របទៅតាមនឹងអ្វីៗដែលយើងអាននៅអេសាយ ៥០:៥៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ»។ ត្រូវហើយ ព្រះយេស៊ូមានចិត្តខ្នះខ្នែងនឹងរៀន។ ទ្រង់ជាអ្នកខំស្ដាប់ហើយយកចិត្តទុកដាក់ខ្លាំងណាស់។ ម្យ៉ាងវិញទៀត ទ្រង់ស្ម័គ្រចិត្តដើម្បីនឹងធ្វើនូវអ្វីៗដែលព្រះវរបិតាចង់ឲ្យទ្រង់ធ្វើ។ ទ្រង់មិនមែនជាអ្នកដែលបះបោរនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលថា៖ «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។—លូកា ២២:៤២
៥. (ក) តើអ្វីដែលបញ្ជាក់ថាព្រះយេស៊ូបានដឹងជាមុននូវសេចក្ដីទុក្ខលំបាក ដែលទ្រង់នឹងរងទុក្ខនៅលើផែនដីនោះ? (ខ) តើទំនាយនៅអេសាយ ៥០:៦ បានសម្រេចយ៉ាងណា?
៥ ទំនាយបញ្ជាក់ថា បុត្រាត្រូវបានដឹងអំពីផលវិបាកនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ នេះត្រូវបានបង្ហាញមកតាមរយៈបុគ្គលដែលបានរៀនសូត្រថា៖ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្ដោះទឹកមាត់ទេ»។ (អេសាយ ៥០:៦) ដូចជាទំនាយបានបញ្ជាក់ប្រាប់មក ព្រះយេស៊ូត្រូវបានគេប្រព្រឹត្តចំពោះយ៉ាងឃោរឃៅនៅលើផែនដី។ សាវ័កម៉ាថាយបានសរសេរថា៖ «គេក៏ស្ដោះដាក់ព្រះភក្ដ្រ . . . មានអ្នកខ្លះទះទ្រង់»។ (ម៉ាថាយ ២៦:៦៧) ការទាំងនេះបានកើតឡើងនៅក្រោមកណ្ដាប់ដៃនៃពួកមេដឹកនាំសាសនានៅបុណ្យរំលងនៃឆ្នាំ៣៣ស.យ.។ ថ្ងៃស្អែកឡើង ព្រះយេស៊ូត្រូវបានពួកទាហានរ៉ូម៉ាំងវាយតប់ទ្រង់ដោយឥតមេត្ដា មុននឹងដាក់ព្យួរទ្រង់នៅបង្គោលឈើឲ្យស្លាប់ទៅនោះ។—យ៉ូហាន ១៩:១-៣, ១៦-២៣
៦. តើអ្វីដែលបង្ហាញថា ព្រះយេស៊ូមិនដែលបាត់ការទុកចិត្តក្នុងគ្រូបង្រៀនរបស់ទ្រង់ ហើយតើទ្រង់ត្រូវបានទទួលរង្វាន់យ៉ាងណា?
៦ រាជបុត្រា ដែលបានរៀនចេះដឹងយ៉ាងប្រសើរជាយូរមកហើយនោះ មិនដែលបាត់បង់ការទុកចិត្តនឹងគ្រូបង្រៀនរបស់ខ្លួនឡើយ។ នេះត្រូវបានបង្ហាញនូវអ្វីដែលទ្រង់មានបន្ទូលជាបន្ទាប់ យោងទៅតាមទំនាយ៖ «ពីព្រោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ»។ (អេសាយ ៥០:៧) ការទុកចិត្តរបស់ព្រះយេស៊ូទៅលើជំនួយពីគ្រូបង្រៀនរបស់ទ្រង់ ត្រូវបានទទួលរង្វាន់ល្អយ៉ាងបរិបូរ។ ព្រះវរបិតារបស់ទ្រង់បានតំកើងទ្រង់ ប្រទានប្រសិទ្ធិពរដល់ទ្រង់ ឲ្យមានឋានៈយ៉ាងខ្ពង់ខ្ពស់លើអស់ពួកអ្នកបំរើរបស់ព្រះទាំងអស់។ (ភីលីព ២:៥-១១) យើងក៏អាចទទួលប្រសិទ្ធិពរដ៏អស្ចារ្យបានដែរ បើសិនជាយើងប្រព្រឹត្តតាមការបង្រៀនរបស់ព្រះយេហូវ៉ាដោយគោរព ហើយមិន‹បែរត្រឡប់មកក្រោយនោះ›។ ចូរឲ្យយើងពិនិត្យមើលនូវរបៀបដែលការបង្រៀននេះបានមានរហូតមកដល់សព្វថ្ងៃនេះ។
កម្មវិធីបង្រៀនបានពង្រីកឡើង
៧. តើព្រះយេហូវ៉ាបានបន្តការបង្រៀនរបស់ទ្រង់នៅលើផែនដីនេះដោយយ៉ាងណា?
៧ ដូចជាយើងបានកត់សម្គាល់ពីមុនមកហើយ ព្រះយេហូវ៉ាបានប្រើអ្នកតំណាងរបស់ទ្រង់គឺព្រះយេស៊ូគ្រីស្ទនៅលើផែនដីនេះ ដើម្បីនឹងអនុវត្តការបង្រៀនរបស់ព្រះក្នុងកំឡុងសតវត្សទីមួយ។ (យ៉ូហាន ១៦:២៧, ២៨) ព្រះយេស៊ូតែងតែចង្អុលប្រាប់ថា បន្ទូលរបស់ព្រះជាប្រភពនៃការបង្រៀនរបស់ទ្រង់ ដោយទុកគំរូដល់អស់អ្នកដែលទ្រង់បានបង្រៀន។ (ម៉ាថាយ ៤:៤, ៧, ១០; ២១:១៣; ២៦:២៤, ៣១) ក្រោយមក ការបង្រៀនរបស់ព្រះយេហូវ៉ាបានបន្តនៅលើផែនដី តាមរយៈនៃកិច្ចការផ្សាយរបស់ពួកដែលបានរៀនសូត្រ។ នៅចាំទេ ព្រះយេស៊ូបានបញ្ជាពួកគេថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) នៅពេលដែលពួកសិស្សត្រូវបានតាំងឡើង ពួកទាំងនេះបានក្លាយទៅជាផ្នែកនៃ«ដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់»។ (ធីម៉ូថេទី១ ៣:១៥) ពួកគេក៏ត្រូវបានបង្កើតជាក្រុមជំនុំនិមួយៗ ដែលព្រះយេហូវ៉ាបានបង្រៀនដល់ពួកគេ។ (កិច្ចការ ១៤:២៣; ១៥:៤១; ១៦:៥ កូរិនថូសទី១ ១១:១៦) តើការបង្រៀនរបស់ព្រះបានបន្តមកដល់សម័យយើងតាមរបៀបនោះទេ?
៨. តើព្រះយេស៊ូបានបញ្ជាក់ថា កិច្ចការផ្សាយនឹងត្រូវដឹកនាំនៅលើផែនដីមុននឹងទីបញ្ចប់មកដល់ដោយយ៉ាងណា?
៨ ប្រាកដហើយ គឺបានមានមែន! បីថ្ងៃមុននឹងទ្រង់ទទួលមរណភាព ព្រះយេស៊ូបានទាយប្រាប់ថា មុននឹងទីបញ្ចប់នៃរបបលោកីយ៍នេះ គឺនឹងមានកិច្ចការផ្សាយដ៏ធំមួយ។ ទ្រង់បានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសម្ដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ ព្រះយេស៊ូក៏បន្តរៀបរាប់អំពីផ្លូវដែលនឹងត្រូវដឹកនាំកិច្ចការផ្សាយ និងកម្មវិធីបង្រៀននេះ។ ទ្រង់បានមានបន្ទូលអំពី‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ› ដែលនឹងត្រូវបំរើជាផ្លូវ ដើម្បីនឹងប្រទានម្ហូបអាហារខាងវិញ្ញាណទៅពួកអ្នកបំរើរបស់ទ្រង់។ (ម៉ាថាយ ២៤:១៤, ៤៥-៤៧) ព្រះយេហូវ៉ាបានប្រើ«អ្នកបំរើ»នេះ ដើម្បីនឹងត្រួតត្រាពិនិត្យមើលកិច្ចការផ្សាយអំពីព្រះរាជាណាចក្រនៅទូទាំងពិភពលោក។
៩. តើអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃមានអ្នកណាខ្លះ?
៩ នៅសព្វថ្ងៃនេះ អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃគឺមានឡើងពីពួកអ្នកសំណល់ដែលគ្រងព្រះរាជាណាចក្រជាមរតក។ ពួកជនទាំងនេះគឺជាគ្រីស្ទានចាក់ប្រេងតាំងនៅលើផែនដីនៃពួក១៤៤.០០០នាក់ ដែល«ជារបស់ផងព្រះគ្រីស្ទ» ហើយដែលជាផ្នែកនៃ«ពូជរបស់លោកអ័ប្រាហាំ»។ (កាឡាទី ៣:១៦, ២៩; វិវរណៈ ១៤:១-៣) តើអ្នកអាចសម្គាល់ពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃយ៉ាងដូចម្ដេចបាន? គឺដោយកិច្ចការដែលពួកគេធ្វើ និងដោយពួកគេកាន់តាមបន្ទូលរបស់ព្រះ គឺព្រះគម្ពីរយ៉ាងខ្ជាប់ខ្ជួន។
១០. តើប្រកាសនវត្ថុណាខ្លះ ដែលពួកក្រុមបំរើបានប្រើដើម្បីនឹងផ្សព្វផ្សាយការបង្រៀនរបស់ព្រះយេហូវ៉ា?
១០ ព្រះយេហូវ៉ាប្រើ«អ្នកបំរើ»នេះជាមធ្យោបាយរបស់ទ្រង់នៃការបង្រៀនប្រជាជននៅសព្វថ្ងៃនេះ។ ពួកអ្នកនៃក្រុមអ្នកបំរើបានផ្លាស់ឈ្មោះយកជា ស្មរបន្ទាល់ព្រះយេហូវ៉ានៅក្នុងឆ្នាំ១៩៣១។ តាំងពីពេលនោះមក មនុស្សរាប់លាននាក់បានមកចូលរួបរួមជាមួយពួកគេ ហើយបានទទួលយកឈ្មោះនោះ ក្នុងការប្រកាសព្រះរាជាណាចក្ររបស់ព្រះ។ ទស្សនាវដ្ដីប៉មយាមប្រកាសព្រះរាជាណាចក្រនៃព្រះយេហូវ៉ា ជាផ្លូវដ៏សំខាន់បំផុត ដែល«អ្នកបំរើ»ប្រើក្នុងកិច្ចការបង្រៀន។ ប៉ុន្តែ ប្រកាសនវត្ថុឯទៀតក៏ត្រូវបានប្រើដែរ ដូចជាសៀវភៅ កូនសៀវភៅ សៀវភៅស្តើង ខិត្តប័ណ្ណហើយទស្សនាវដ្ដីភ្ញាក់រឭក!
១១. តើសាលាណាខ្លះ ដែលពួក«អ្នកបំរើ»បានទំនុកបំរុង ហើយតើសាលានិមួយៗមានគោលបំណងយ៉ាងណាខ្លះ?
១១ ម្យ៉ាងវិញទៀត «អ្នកបំរើ»ទំនុកបំរុងសាលាផ្សេងៗ។ នេះគឺរួមបញ្ចូលសាលាគីលាតខាងព្រះគម្ពីរនិងប៉មយាម ដែលមានរយៈប្រាំខែ ដែលរៀបចំអ្នកបំរើក្មេងៗសំរាប់ធ្វើកិច្ចបំរើនៅបរទេស ហើយមានសាលាអប់រំអ្នកងារជំនួយដែលមានរយៈពីរខែ ដែលបង្ហាត់ពួកអ្នកងារជំនួយនិងពួកចាស់ទុំដែលមិនទាន់រៀបការ សំរាប់បំរើព្រះដោយមានមុខងារដ៏ពិសេស។ ហើយក៏មានសាលាផ្សាយរាជាណាចក្រ ដែលបង្រៀនពួកអ្នកចាស់ទុំនិងអ្នកងារជំនួយយូរៗម្ដងសំរាប់ភារកិច្ចខាងក្រុមជំនុំ និងសាលាអប់រំពួកអ្នកត្រួសត្រាយ ដែលនឹងប្រដាប់ពួកអ្នកផ្សាយពេញពេល ឲ្យមានប្រសិទ្ធិភាពល្អក្នុងសកម្មភាពផ្សាយរបស់ពួកគេ។
១២. តើកម្មវិធីបង្រៀនរៀងរាល់សប្ដាហ៍មានអ្វីខ្លះ?
១២ ទិដ្ឋភាពមួយទៀតនៃកម្មវិធីបង្រៀននោះ គឺកិច្ចប្រជុំចំនួនប្រាំដងក្នុងមួយសប្ដាហ៍ដែលមានឡើងក្នុងជាង៧៥.៥០០ក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ាពេញពិភពលោក។ តើអ្នកទទួលប្រយោជន៍យ៉ាងពេញលេញពីកិច្ចប្រជុំទាំងនេះទេ? ដោយប្រុងស្ដាប់នូវការបង្រៀន តើអ្នកបង្ហាញថា អ្នកពិតជាជឿថាអ្នកកំពុងតែនៅក្នុងសាលារបស់ព្រះទេ បើនិយាយជាអត្ថបដិរូបនោះ? តើការលូតលាស់ខាងវិញ្ញាណរបស់អ្នក ធ្វើឲ្យអ្នកដទៃឃើញជាជាក់ស្តែងថាអ្នកមាន«វោហារដូចជាអ្នកដែលបានរៀនសូត្រ»ទេ?—អេសាយ ៥០:៤; ធីម៉ូថេទី១ ៤:១៥, ១៦
បានបង្រៀននៅឯកិច្ចប្រជុំតាមក្រុមជំនុំ
១៣. (ក) តើផ្លូវដ៏សំខាន់ណាខ្លះដែលព្រះយេហូវ៉ាកំពុងតែបង្រៀនប្រជារាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះ? (ខ) តើយើងអាចបង្ហាញការអបអររបស់យើងចំពោះទស្សនាវដ្ដីប៉មយាមដោយយ៉ាងណា?
១៣ ជាពិសេស ព្រះយេហូវ៉ាបង្រៀនប្រជារាស្ត្ររបស់ទ្រង់តាមរយៈការសិក្សាប្រចាំសប្ដាហ៍នៅក្នុងព្រះគម្ពីរ ដោយប្រើ ទស្សនាវដ្ដីប៉មយាមជាឧបករណ៍សំរាប់ការបង្រៀន។ តើអ្នកគិតថា ការប្រជុំនេះជាកន្លែងដែលព្រះយេហូវ៉ាបង្រៀនអ្នកទេ? ថ្វីបើអេសាយ ៥០:៤បានទាក់ទងតែនឹងព្រះយេស៊ូក្ដី នេះក៏អាចទាក់ទងនឹងពួកអ្នកដែលឆ្លៀតយកសំវិធានការរបស់ព្រះ ដើម្បីនឹងទទួល«វោហារដូចជាអ្នកដែលបានរៀនសូត្រ»ដែរ។ វិធីមួយដែលអ្នកអាចបង្ហាញថា អ្នកពិតជាចាត់ទុកទស្សនាវដ្ដីប៉មយាមជាសំខាន់នោះ គឺដោយអានលេខទស្សនាវដ្ដីនិមួយៗនៅពេលដែលអ្នកបានទទួលមកភ្លាម។ រួចមក នៅពេលសិក្សាទស្សនាវដ្ដីប៉មយាមនៅក្នុងក្រុមជំនុំ អ្នកអាចបង្ហាញនូវការអបអររបស់អ្នកដោយទៅទីប្រជុំ ហើយដោយប្រុងប្រៀបនឹងថ្លែងជាសាធារណៈនៃសេចក្ដីសង្ឃឹមរបស់អ្នក។—ហេព្រើរ ១០:២៣
១៤. (ក) ហេតុអ្វីក៏ការឆ្លើយនៅឯកិច្ចប្រជុំជាឯកសិទ្ធិដ៏សំខាន់? (ខ) តើការឆ្លើយប្រភេទណារបស់ពួកក្មេងៗដែលជាការគួរឲ្យលើកទឹកចិត្តជាងគេ?
១៤ តើអ្នកអបអរទេ ដែលដោយការឆ្លើយរបស់អ្នកនៅឯកិច្ចប្រជុំ អ្នកអាចមានផ្នែកមួយនៅក្នុងកម្មវិធីបង្រៀនរបស់ព្រះយេហូវ៉ាដ៏ធំនោះ? ប្រាកដហើយ ការឆ្លើយនៅឯកិច្ចប្រជុំ ជាផ្លូវដ៏សំខាន់មួយដែលយើងអាចកំឡាទឹកចិត្តគ្នាទៅវិញទៅមក«ឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ»។ (ហេព្រើរ ១០:២៤, ២៥) តើកូនចៅអាចមានផ្នែកក្នុងកម្មវិធីបង្រៀននេះទេ? ត្រូវហើយ ពួកគេក៏អាចមានដែរ។ ការឆ្លើយពីចិត្តរបស់ពួកកូនក្មេង តែងតែលើកទឹកចិត្តដល់ពួកចាស់ៗជានិច្ច។ នៅពេលខ្លះ ពួកចំណូលថ្មីនៅឯកិច្ចប្រជុំរបស់យើងត្រូវបានលើកទឹកចិត្តដោយការនិយាយរបស់កូនក្មេង ដែលធ្វើឲ្យពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីពិតពីព្រះគម្ពីរ។ ពួកក្មេងៗខ្លះទម្លាប់អានការឆ្លើយរបស់គេពីវគ្គ ឬក៏និយាយតាមពួកចាស់ៗដែលខ្សឹបចម្លើយដាក់ត្រចៀករបស់គេ។ ប៉ុន្តែ ជាការគួរឲ្យលើកទឹកចិត្តណាស់ នៅពេលណាដែលការឆ្លើយរបស់គេបានរៀបចំឡើងដោយបានល្អនោះ។ ការឆ្លើយបែបនេះគឺពិតជាផ្ដល់នូវកិត្ដិយសដល់អ្នកបង្រៀនដ៏អស្ចារ្យរបស់យើងមែន ហើយក៏លើកតំកើងកម្មវិធីបង្រៀនរបស់ទ្រង់ដែរ។—អេសាយ ៣០:២០, ២១
១៥. តើឪពុកម្ដាយអាចធ្វើយ៉ាងណា ដើម្បីនឹងជួយកូនចៅរបស់គេឲ្យឆ្លើយបានល្អថែមទៀត?
១៥ ជាការដ៏រីករាយណាស់ ដោយឃើញពួកកូនក្មេងមានចិត្តចង់ចូលរួមសរសើរព្រះរបស់យើងនោះ។ ព្រះយេស៊ូអបអរនឹងការសម្ដែងនូវសេចក្ដីសរសើររបស់ពួកក្មេង។ (ម៉ាថាយ ២១:១៥, ១៦) ចាស់ទុំគ្រីស្ទានម្នាក់បានសង្កេតឃើញថា៖ «នៅពេលខ្ញុំជាកូនក្មេង ខ្ញុំចង់លើកដៃឆ្លើយនៅពេលសិក្សាទស្សនាវដ្ដីប៉មយាមណាស់។ ក្រោយពីបានជួយខ្ញុំរៀបចំចម្លើយហើយ ឪពុករបស់ខ្ញុំតម្រូវឲ្យខ្ញុំហាត់និយាយយ៉ាងហោចណាស់ប្រាំពីរដង»។ ក្នុងការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ អស់អ្នកជាឪពុកម្ដាយអាចជួយកូនរបស់អ្នកក្នុងការរៀបចំនិយាយតាមពាក្យសំដីរបស់គេនៅក្នុងវគ្គដែលគេរើស នៅក្នុងទស្សនាវដ្ដីប៉មយាម។ ចូរជួយពួកគេឲ្យអបអរនឹងឯកសិទ្ធិដ៏ល្អដែលពួកគេមានក្នុងការចូលរួមក្នុងកម្មវិធីបង្រៀនរបស់ព្រះយេហូវ៉ា។
១៦. តើសាលាកិច្ចបំរើព្រះធិបតេយ្យបានមានប្រយោជន៍យ៉ាងណា ហើយតើអ្នកណាដែលអាចចុះឈ្មោះចូលសាលានេះបាន?
១៦ ចំពោះការបង្រៀនឯទៀតនៅក្នុងកិច្ចប្រជុំគ្រីស្ទាននោះ ក៏យើងត្រូវពិចារណាឲ្យបានដិតដល់ដែរ គឺទាំងពួកដែលមានឯកសិទ្ធិក្នុងការថ្លែងពត៌មាន ហើយនិងពួកអ្នកដែលស្ដាប់ការបង្រៀនដែលបានថ្លែងមកនោះ។ ជាង៥០ឆ្នាំមកហើយ ព្រះយេហូវ៉ាបានប្រើសាលាកិច្ចបំរើព្រះធិបតេយ្យប្រចាំសប្ដាហ៍ក្នុងការបង្ហាត់មនុស្សប្រុសស្រីរាប់លាននាក់ ឲ្យពួកគេទៅផ្សាយឲ្យបានមានប្រសិទ្ធិភាពល្អ។ ពួកអ្នកដែលចូលរួមជាមួយក្រុមជំនុំយ៉ាងសកម្ម អាចចុះឈ្មោះ ហើយពួកអ្នកដែលទើបតែមកកិច្ចប្រជុំក៏អាចចុះឈ្មោះបានដែរ ឲ្យតែពួកគេប្រកបជីវភាពដែលសមស្របនឹងគោលការណ៍គ្រីស្ទាន។
១៧. (ក) តើការប្រជុំសាធារណៈបានស្ថាបនាឡើងចំពោះគោលបំណងអ្វីជាពិសេស? (ខ) តើមានរឿងអ្វីខ្លះដែលអ្នកថ្លែងសុន្ទរកថាត្រូវតែចងចាំនោះ?
១៧ ទិដ្ឋភាពដែលមានដ៏យូរមួយនៃកម្មវិធីបង្រៀននេះ គឺការប្រជុំសាធារណៈ។ ដូចជាឈ្មោះបញ្ជាក់ឲ្យដឹងស្រាប់ហើយ កិច្ចប្រជុំនេះបានស្ថាបនាឡើង ជាពិសេសដើម្បីនឹងជួយពួកអ្នកដែលមិនមែនជាស្មរបន្ទាល់ឲ្យយល់ដឹងអំពីការបង្រៀននៃគោលការណ៍របស់ព្រះគម្ពីរ។ ដូច្នេះ បុគ្គលដែលថ្លែងសុន្ទរកថា ត្រូវតែថ្លែងពត៌មាន ដើម្បីឲ្យបានយល់ដល់ពួកអ្នកដែលឮសារជាលើកដំបូង។ នេះមានន័យថា ពួកគេត្រូវតែពន្យល់ន័យដូចជា «ចៀមឯទៀត» «បងប្អូន» និង«អ្នកសំណល់» ដែលពួកអ្នកមិនមែនជាស្មរបន្ទាល់ប្រហែលជាមិនអាចយល់បាន។ ពីព្រោះតែមនុស្សដែលមកឯការប្រជុំសាធារណៈអាចមានការជឿឬបែបលំនាំក្នុងការរស់នៅផ្ទុយនឹងបទគម្ពីរនោះ—ថ្វីបើមិនជាការខុសតាមសង្គមរបស់មនុស្សនៅសព្វថ្ងៃនេះ—អ្នកថ្លែងត្រូវប្រើការនិយាយឲ្យបានត្រឹមត្រូវ ហើយមិនត្រូវមើលងាយការជឿឬបែបលំនាំក្នុងការរស់នៅបែបនោះឡើយ។—ប្រៀបធៀប កូរិនថូសទី១ ៩:១៩-២៣
១៨. តើមានកិច្ចប្រជុំតាមក្រុមជំនុំប្រចាំសប្ដាហ៍ណាទៀត ហើយមានគោលបំណងសំរាប់អ្វីខ្លះ?
១៨ ការសិក្សាតាមក្រុមនៃក្រុមជំនុំ ជាកិច្ចប្រជុំ ដែលប្រកាសនវត្ថុបានរៀបចំឡើងនៅក្រោមការដឹកនាំពីអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ ត្រូវបានសិក្សារាល់សប្ដាហ៍ជាមួយនឹងព្រះគម្ពីរ។ សៀវភៅវិវរណៈ—កំរិតខ្ពស់បំផុតរបស់វាជិតមកដល់ហើយ! ជាប្រកាសនវត្ថុដែលកំពុងតែរៀននៅក្នុងប្រទេសជាច្រើន។ ការប្រជុំអប់រំកិច្ចបំរើត្រូវបានស្ថាបនាឡើងដើម្បីនឹងប្រដាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ឲ្យបានចូលរួមពេញលេញក្នុងការផ្សាយដំណឹងល្អនៃរាជាណាចក្រ និងដើម្បីបង្កើតឲ្យមានសិស្សជាច្រើនថែមទៀត។—ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ១៣:១០
បានបង្រៀននៅឯកិច្ចប្រជុំដ៏ធំៗ
១៩. តើការប្រជុំដ៏ធំណាដែល«អ្នកបំរើ»បានរៀបចំឡើងជារៀងរាល់ឆ្នាំនោះ?
១៩ ជាងមួយរយឆ្នាំមកហើយ ដែល‹អ្នកបំរើស្មោះត្រង់›បានរៀបចំមហាសន្និបាតនិងសន្និបាត សំរាប់ការបង្រៀន និងការលើកទឹកចិត្តដ៏ពិសេសដល់ពួកជនគ្រីស្ទានពិត។ ការប្រជុំដ៏ធំបីបែបនេះមានជារៀងរាល់ឆ្នាំ។ គឺមានសន្និបាតដែលមានរយៈមួយថ្ងៃ ដែលមានក្រុមជំនុំមួយចំនួនមកជួបជុំគ្នាដែលផ្គុំឡើងជាមណ្ឌល។ ក្នុងកំឡុងឆ្នាំ មណ្ឌលនិមួយៗមានការមកជួបជុំគ្នាអស់រយៈពីរថ្ងៃ ដែលហៅថាសន្និបាតតាមមណ្ឌល។ បន្ថែមទៀតនោះ ក៏មានការមកជួបជុំគ្នា ដែលហៅថាមហាសន្និបាតតាមតំបន់ ដែលមានមណ្ឌលជាច្រើនមកជួបជុំគ្នា។ យូរៗម្ដង ក៏មានមហាសន្និបាតអន្តរជាតិដែរ។ ការមកជួបជុំគ្នានៅកន្លែងដ៏ធំនេះ ដែលមានស្មរបន្ទាល់ផ្សេងៗជាភ្ញៀវពីប្រទេសជាច្រើន គឺពិតជាការពង្រឹងជំនឿសំរាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមែន!—ប្រៀបធៀប ចោទិយកថា ១៦:១៦
២០. តើអ្វីដែលបានបញ្ជាក់ដោយឥតអាក់ខាននៅឯកិច្ចប្រជុំដ៏ធំៗរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា?
២០ ក្នុងឆ្នាំ១៩២២ មានមនុស្សប្រមាណ១០,០០០នាក់បានមកជួបនៅទីក្រុងសីដាផូញ រដ្ឋអូហៃយ៉ូ ស.រ.អ. ពួកប្រតិភូត្រូវបានលើកទឹកចិត្តណាស់ ពីអ្វីដែលអ្នកថ្លែងសុន្ទរកថាបានមានប្រសាសន៍មក៖ «នេះជាថ្ងៃនៃអស់ទាំងថ្ងៃ។ ចូរមើល ស្តេចសោយរាជ្យ! អ្នកជាភ្នាក់ងារផ្សាយជាសាធារណៈរបស់ទ្រង់។ ដូច្នេះចូរ ប្រកាស ប្រកាស ប្រកាស អំពីស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»។ មហាសន្និបាតដ៏ធំៗបែបនេះ តែងតែដៅបញ្ជាក់អំពីកិច្ចការផ្សាយ។ ជាឧទាហរណ៍ នៅឯមហាសន្និបាតអន្តរជាតិក្នុងទីក្រុងញូវយ៉កនៃឆ្នាំ១៩៥៣ ត្រូវបានប្រកាសប្រាប់អំពីការស្ថាបនានៃកម្មវិធីបង្ហាត់ពីផ្ទះមួយទៅផ្ទះមួយ ក្នុងក្រុមជំនុំទាំងអស់។ ការប្រតិបត្ដិធ្វើនេះជាការមានឥទ្ធិពលដ៏ល្អទៅលើការផ្សាយព្រះរាជាណាចក្រក្នុងប្រទេសជាច្រើន។
បានបង្រៀនពីព្រះដើម្បីនឹងបង្រៀន
២១. តើឯកសិទ្ធិណាដែលយើងចង់ទទួល ដែលមិនចង់ឲ្យភ្លេចពីគោលបំណងនោះ?
២១ យ៉ាងប្រាកដណាស់ ព្រះយេហូវ៉ាមានកម្មវិធីបង្រៀនដ៏អស្ចារ្យនៅលើផែនដីនៅសព្វថ្ងៃនេះ! ពួកអ្នកដែលឆ្លៀតយកប្រយោជន៍ពីការបង្រៀនរបស់ព្រះ ក៏អាចនៅក្នុងចំណោមពួកអ្នកដែលបានទទួល«វោហារដូចជាអ្នកដែលបានរៀនសូត្រ»ដែរ។ ជាឯកសិទ្ធិដ៏ល្អមែន ដែលបាននៅក្នុងសាលារបស់ព្រះនោះ បើនិយាយជាអត្ថបដិរូប! ប៉ុន្តែនៅពេលទទួលយកឯកសិទ្ធិនេះ យើងមិនត្រូវបំភ្លេចគោលបំណងរបស់វាទេ។ ព្រះយេហូវ៉ាបានបង្រៀនព្រះយេស៊ូ ដើម្បីឲ្យទ្រង់អាចបង្រៀនអ្នកដទៃទៀត ហើយព្រះយេស៊ូបានបង្រៀនពួកអ្នកកាន់តាមទ្រង់ ដើម្បីឲ្យពួកគេអាចធ្វើការនេះដូចទ្រង់ដែរ ប៉ុន្តែទៅលើទំហំដ៏ធំជាងនោះទៅទៀត។ ស្រដៀងគ្នាដែរ យើងកំពុងតែបានបង្រៀនពីកម្មវិធីដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា គឺសំរាប់បង្រៀនអ្នកដទៃ។—យ៉ូហាន ៦:៤៥; ១៤:១២; កូរិនថូសទី២ ៥:២០, ២១; ៦:១; ធីម៉ូថេទី២ ២:២
២២. (ក) តើម៉ូសេនិងយេរេមាមានបញ្ហាអ្វី ប៉ុន្តែតើបានដោះស្រាយឡើងយ៉ាងណា? (ខ) តើយើងអាចមានការទុកចិត្តយ៉ាងណា ថាព្រះនឹងធានារ៉ាប់រងការផ្សាយព្រះរាជាណាចក្រឲ្យបានសម្រេចនោះ?
២២ តើអ្នកមានប្រសាសន៍ដូចម៉ូសេដែរទេ ដែលថា៖ «ទូលបង្គំជាអ្នកមិនសូវមានវោហារទេ» ឬដូចយេរេមាមានប្រសាសន៍ថា៖ «ទូលបង្គំគ្មានវោហារអធិប្បាយទេ»? ដូចជាទ្រង់បានជួយពួកគេនោះ ព្រះយេហូវ៉ាក៏នឹងជួយអ្នកដែរ។ ទ្រង់បានមានបន្ទូលប្រាប់ម៉ូសេថា៖ «អញនឹងនៅជាមួយនឹងមាត់ឯង»។ ហើយចំពោះយេរេមា ទ្រង់បានមានបន្ទូលថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ»។ (និក្ខមនំ ៤:១០-១២; យេរេមា ១:៦-៨) នៅពេលដែលពួកមេដឹកនាំសាសនាចង់ឲ្យពួកសិស្សរបស់ទ្រង់ស្ងាត់នោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ»។ (លូកា ១៩:៤០) ប៉ុន្តែថ្មមិនចាំបាច់ស្រែកឡើងទេនៅពេលនោះ ហើយឥឡូវនេះក៏មិនចាំបាច់ស្រែកឡើងដែរ ពីព្រោះព្រះយេហូវ៉ាកំពុងតែប្រើពួកអ្នកដែលបានរៀនសូត្រ ដើម្បីនឹងផ្សាយសារព្រះរាជាណាចក្ររបស់ទ្រង់។
តើអ្នកអាចឆ្លើយទេ?
◻ តើទំនាក់ទំនងជាមួយគ្រូនិងសិស្សដ៏ល្អឥតខ្ចោះណា ដែលបានបញ្ជាក់ឡើងនៅអេសាយ ជំពូក៥០នោះ?
◻ តើព្រះយេហូវ៉ាបានធ្វើឲ្យមានការពង្រីកកម្មវិធីបង្រៀនដោយយ៉ាងណា?
◻ តើមានអ្វីខ្លះក្នុងកម្មវិធីបង្រៀនរបស់ព្រះយេហូវ៉ានោះ?
◻ ហេតុអ្វីក៏ការចូលរួមក្នុងកម្មវិធីបង្រៀនរបស់ព្រះយេហូវ៉ានោះ ជាឯកសិទ្ធិដ៏អស្ចារ្យ?
[រូបភាពនៅទំព័រ១៨]
ការឆ្លើយពីចិត្តរបស់កូនក្មេងតែងតែលើកទឹកចិត្តដល់ពួកអ្នកចាស់ៗជានិច្ច