បង្ហាត់បង្រៀនឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា
«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត»។—ទំនុកដំកើង ១៤៣:១០
១, ២. (ក) នៅពេលណាដែលយើងត្រូវការបង្ហាត់បង្រៀន ហើយត្រូវមានទស្សនៈដែលសមហេតុផលយ៉ាងណា? (ខ) ហេតុអ្វីក៏ការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាជាការសំខាន់ម្ល៉េះ?
រៀងរាល់ថ្ងៃដែលមនុស្សម្នាក់មានជីវិតនិងមានសកម្មភាព គឺអាចបង្ហាត់បង្រៀនគាត់ឲ្យធ្វើអ្វីមួយដែលមានប្រយោជន៍។ នេះគឺជាការពិតក្នុងករណីរបស់អ្នក ហើយក៏ជាការពិតក្នុងករណីរបស់អ្នកឯទៀតដែរ។ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលមនុស្សស្លាប់ទៅ? ក្នុងស្ថានភាពស្លាប់ គឺមិនអាចបង្ហាត់បង្រៀនអ្វីឡើយ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា មនុស្សស្លាប់«ឥតដឹងអ្វីឡើយ»។ គឺឥតមានចំណេះក្នុងហ្សីអូលទេ ដែលជាផ្នូរខ្មោចមនុស្សទូទៅ។ (សាស្ដា ៩:៥, ១០) តើនេះមានសេចក្ដីថា អ្វីៗដែលយើងបានរៀនសូត្រ ហើយការទទួលចំណេះជាការឥតប្រយោជន៍ឬ? រឿងនេះគឺអាស្រ័យទៅលើអ្វីដែលយើងបានរៀនសូត្រ ហើយពីរបៀបដែលយើងប្រើចំណេះនោះ។
២ បើយើងត្រូវបានបង្ហាត់បង្រៀនតែពីលោកីយ៍ប៉ុណ្ណោះ នោះយើងពុំមានអនាគតជាស្ថាពរឡើយ។ ប៉ុន្តែយ៉ាងសប្បាយណាស់ មនុស្សរាប់លាននាក់ក្នុងសាសន៍ទាំងឡាយត្រូវបានបង្ហាត់បង្រៀនអំពីបំណងព្រះហឫទ័យរបស់ព្រះ ដោយមានសង្ឃឹមទទួលជីវិតអស់កល្បជានិច្ច។ មូលដ្ឋានចំពោះសេចក្ដីសង្ឃឹមនេះ គឺដោយសារព្រះយេហូវ៉ាបានបង្ហាត់បង្រៀនយើង ដែលទ្រង់ជាប្រភពនៃចំណេះដែលផ្ដល់ឲ្យជីវិត។—ទំនុកដំកើង ៩៤:៩-១២
៣. (ក) ហេតុអ្វីក៏អាចនិយាយថា ព្រះយេស៊ូជាសិស្សទីមួយរបស់ព្រះ? (ខ) តើយើងមានសេចក្ដីធានារ៉ាប់រងអ្វី ដែលថាព្រះយេហូវ៉ានឹងបង្ហាត់បង្រៀនមនុស្ស ហើយតើនឹងមានលទ្ធផលយ៉ាងណា?
៣ បុត្រាច្បងរបស់ព្រះ ដែលជាសិស្សទីមួយរបស់ទ្រង់ ត្រូវបានបង្ហាត់បង្រៀនឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់។ (សុភាសិត ៨:២២-៣០; យ៉ូហាន ៨:២៨) ក្រោយមក ព្រះយេស៊ូបង្ហាញថា ព្រះវរបិតារបស់ទ្រង់នឹងបង្ហាត់បង្រៀនមនុស្សច្រើនអនេក។ តើពួកយើងដែលត្រូវបានព្រះបង្ហាត់បង្រៀន មានសេចក្ដីសង្ឃឹមយ៉ាងណា? ព្រះយេស៊ូបានមានបន្ទូលថា៖ «នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា ‹ព្រះទ្រង់បង្រៀនគេទាំងអស់គ្នា› ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ។ . . . ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច»។—យ៉ូហាន ៦:៤៥-៤៧
៤. តើការបង្ហាត់បង្រៀនរបស់ព្រះមានឥទ្ធិពលយ៉ាងណាលើមនុស្សរាប់លាននាក់ ហើយតើពួកគេមានសេចក្ដីសង្ឃឹមអ្វី?
៤ ព្រះយេស៊ូបានដកស្រង់ពាក្យនេះចេញពីអេសាយ ៥៤:១៣ ដែលបានសំដៅទៅស្ត្រីជានិមិត្តរូបរបស់ព្រះ នៃភ្នំស៊ីយ៉ូននៅស្ថានសួគ៌។ ទំនាយនោះមានការទាក់ទងដល់បុត្រារបស់នាង ១៤៤.០០០នាក់ជាសិស្សនៃព្រះយេស៊ូគ្រីស្ទ ដែលកើតមកតាមរយៈព្រះវិញ្ញាណ។ អ្នកសំណល់នៃពួកបុត្រាខាងវិញ្ញាណនោះ គឺមានសកម្មភាពសព្វថ្ងៃនេះ ក្នុងការនាំមុខក្នុងកម្មវិធីអប់រំទូទាំងពិភពលោក។ ជាលទ្ធផល មនុស្សរាប់លាននាក់ទៀតក្នុងចំណោម«ហ្វូងធំ» ក៏ទទួលប្រយោជន៍ពីការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាដែរ។ ពួកគេមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃការរៀនសូត្រ ដោយឥតមានសេចក្ដីស្លាប់មករំខានឡើយ។ តើដោយយ៉ាងដូចម្ដេច? ពីព្រោះពួកគេនឹងរួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង»ដែលកាន់តែមកជិតដល់ ហើយទទួលជីវិតអស់កល្បជានិច្ចក្នុងផែនដីមនោរម្យ។—វិវរណៈ ៧:៩, ១០, ១៣-១៧
ការដាក់ទម្ងន់ទៅលើការធ្វើតាមបំណងរបស់ព្រះ
៥. (ក) តើអ្វីជាបទគម្ពីរប្រចាំឆ្នាំ១៩៩៧? (ខ) តើយើងត្រូវមានចិត្តយ៉ាងណា ក្នុងការមកឯកិច្ចប្រជុំគ្រីស្ទាន?
៥ ក្នុងកំឡុងឆ្នាំ១៩៩៧ ជាង ៨០.០០០ក្រុមជំនុំជុំវិញពិភពលោក ស្មរបន្ទាល់ព្រះយេហូវ៉ានឹងចងចាំពាក្យនៅទំនុកដំកើង ១៤៣:១០ ដែលចែងថា៖ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់»។ នេះនឹងទៅជាបទគម្ពីរប្រចាំឆ្នាំ១៩៩៧។ ពាក្យទាំងនោះនឹងដាក់តាំងក្នុងសាលព្រះរាជាណាចក្រ ដែលទុកជាការរំឭកថា កន្លែងដ៏អស្ចារ្យក្នុងការទទួលការអប់រំពីព្រះ គឺនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ ដែលយើងអាចចូលរួមក្នុងកម្មវិធីអប់រំដែលមានតទៅ។ នៅពេលដែលមកចូលរួមជាមួយបងប្អូនរបស់យើងនៅឯកិច្ចប្រជុំ ដើម្បីរៀនសូត្រពីអ្នកបង្រៀនដ៏ឧត្តមរបស់យើង យើងអាចមានអារម្មណ៍ដូចអ្នកតែងបទទំនុកដំកើង ដែលបានសរសេរថា៖ «កាលគេនិយាយមកខ្ញុំថា៖ ‹ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា› នោះខ្ញុំមានសេចក្ដីអំណរអរណាស់»។—ទំនុកដំកើង ១២២:១; អេសាយ ៣០:២០
៦. ក្នុងពាក្យរបស់ដាវីឌ តើអ្វីដែលយើងត្រូវទទួលស្គាល់?
៦ ត្រូវហើយ យើងចង់រៀនសូត្រដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ជាជាងធ្វើតាមបំណងនៃសត្រូវរបស់យើង គឺអារក្ស ឬធ្វើតាមបំណងនៃមនុស្សមិនគ្រប់ល័ក្ខណ៍។ ដូច្នេះ ដូចដាវីឌ យើងទទួលស្គាល់ព្រះដែលយើងថ្វាយបង្គំនិងបំរើថា៖ «ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅ ក្នុងស្រុកដែលប្រកបដោយសេចក្ដីទៀងត្រង់»។ (ទំនុកដំកើង ១៤៣:១០) ដាវីឌចង់នៅកន្លែងថ្វាយបង្គំព្រះយេហូវ៉ា មិនមែនចង់សេពគប់ជាមួយមនុស្សដែលមិនស្មោះនោះទេ។ (ទំនុកដំកើង ២៦:៤-៦) ដាវីឌអាចដើរតាមផ្លូវច្រកនៃសេចក្ដីសុចរិត ដោយសារវិញ្ញាណរបស់ព្រះដឹកនាំជំហានរបស់គាត់។—ទំនុកដំកើង ១៧:៥; ២៣:៣
៧. តើតាមរបៀបណាដែលវិញ្ញាណរបស់ព្រះធ្វើប្រតិបត្ដិការលើក្រុមជំនុំគ្រីស្ទាន?
៧ មហាដាវីឌ ព្រះយេស៊ូគ្រីស្ទ បានធានារ៉ាប់រងពួកសាវ័កថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនពួកគេអំពីអ្វីៗទាំងអស់ និងធ្វើឲ្យគេនឹកចាំពីអ្វីៗដែលទ្រង់បានមានបន្ទូលប្រាប់គេ។ (យ៉ូហាន ១៤:២៦) បន្ដិចម្ដងៗ ចាប់តាំងពីបុណ្យភិន្ដាកុសមក ព្រះយេហូវ៉ាបានលាតត្រដាងប្រាប់«សេចក្ដីជ្រាលជ្រៅនៃព្រះ» ដែលមាននៅក្នុងបន្ទូលរបស់ទ្រង់។ (កូរិនថូសទី១ ២:១០-១៣) ទ្រង់បានសម្រេចការនេះតាមមធ្យោបាយមើលឃើញ ដែលព្រះយេស៊ូបានហៅថាជា ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលផ្ដល់អាហារខាងវិញ្ញាណក្នុងកម្មវិធីអប់រំសំរាប់ក្រុមជំនុំនៃរាស្ត្ររបស់ព្រះទូទាំងពិភពលោក។—ម៉ាថាយ ២៤:៤៥-៤៧
បង្ហាត់បង្រៀនអំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅឯកិច្ចប្រជុំ
៨. ហេតុអ្វីក៏ការចូលរួមក្នុងការសិក្សាប៉មយាម មានតម្លៃម្ល៉េះ?
៨ ពត៌មានក្នុងប៉មយាម ដែលសិក្សាតាមក្រុមជំនុំរៀងរាល់សប្ដាហ៍ តែងតែទាក់ទងនឹងការអនុវត្តគោលការណ៍ព្រះគម្ពីរ។ នេះប្រាកដជាជួយយើងឲ្យប្រឈមដោះស្រាយនឹងសេចក្ដីព្រួយបារម្ភក្នុងជីវិត។ ក្នុងការរៀនសូត្រឯទៀត គឺពិគ្រោះអំពីបទទំនាយព្រះគម្ពីរនិងសេចក្ដីពិតខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ។ យើងបានរៀនច្រើនមែនពីការសិក្សាបែបនេះ! នៅប្រទេសជាច្រើន មានមនុស្សមកជួបជុំគ្នាពេញក្នុងសាលព្រះរាជាណាចក្រ។ ប៉ុន្តែ ក្នុងបណ្ដាប្រទេសមួយចំនួន ចំនួនមនុស្សមកប្រជុំត្រូវបានចុះថយ។ តើអ្នកដឹងថាមកពីហេតុអ្វីទេ? នេះប្រហែលជាមនុស្សខ្លះអនុញ្ញាតឲ្យមុខរបរខាងលោកីយ៍នេះ រំខានដល់ការទៅកិច្ចប្រជុំជារឿយៗ ដែលសំរាប់«បណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ»មែនទេ? ឬក៏ប្រហែលជាចំណាយម៉ោងច្រើនពេកក្នុងសកម្មភាពកំសាន្ត ឬក្នុងការមើលទូរទស្សន៍ ធ្វើឲ្យតារាងគេរវល់ហួសនឹងទៅប្រជុំឬ? សូមនឹកចាំពីសេចក្ដីបង្គាប់របស់ព្រះនៅហេព្រើរ ១០:២៣-២៥។ តើការជួបជុំគ្នាដើម្បីទទួលការអប់រំពីព្រះមិនកាន់តែសំខាន់នៅឥឡូវនេះ កាលដែលយើង«ឃើញថាថ្ងៃនោះជិតមកដល់ហើយ»ឬទេ?
៩. (ក) តើតាមរបៀបណាដែលការប្រជុំអប់រំកិច្ចបំរើប្រដាប់យើងសំរាប់កិច្ចបំរើផ្សាយ? (ខ) តើយើងត្រូវមានអាកប្បកិរិយាយ៉ាងណាចំពោះការផ្សាយប្រកាស?
៩ ក្នុងចំណោមភារកិច្ចដ៏សំខាន់ជាងគេបំផុតរបស់យើង គឺការធ្វើជាអ្នកបំរើនៃព្រះ។ ការប្រជុំអប់រំកិច្ចបំរើត្រូវបានស្ថាបនាឡើងដើម្បីបង្រៀនយើងឲ្យសម្រេចកិច្ចការនេះ ឲ្យមានប្រសិទ្ធិភាពល្អ។ យើងបានរៀនចេះដឹងនូវរបៀបដែលយើងអាចប្រស្រ័យទាក់ទងមនុស្ស ត្រូវនិយាយយ៉ាងណា ត្រូវប្រព្រឹត្តយ៉ាងណានៅពេលមានការតបឆ្លើយល្អ ហើយត្រូវធ្វើយ៉ាងណានៅពេលដែលមនុស្សបដិសេធសាររបស់យើង។ (លូកា ១០:១-១១) កាលដែលវិធីមានប្រសិទ្ធិភាពត្រូវបានពិគ្រោះនិងបង្ហាញក្នុងកិច្ចប្រជុំរៀងរាល់សប្ដាហ៍ យើងត្រូវបានប្រដាប់យ៉ាងប្រសើរទៀត ដើម្បីឲ្យទៅជួបមនុស្ស មិនគ្រាន់តាមផ្ទះមួយទៅមួយប៉ុណ្ណោះ តែនៅតាមផ្លូវ តាមធ្លាចតឡាន តាមយានសាធារណៈ នៅស្ថានីយអាកាសយាន ហាងជំនួញ ឬតាមសាលារៀន។ ស្របទៅតាមនឹងសេចក្ដីស្នើសុំរបស់យើង «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់» យើងចង់ឆ្លៀតយកប្រយោជន៍គ្រប់ឱកាសដើម្បីធ្វើតាមការដាស់តឿនរបស់ចៅហ្វាយយើង៖ «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេ . . . សរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។—ម៉ាថាយ ៥:១៦
១០. តើតាមរបៀបណាដែលយើងពិតជាអាចជួយ‹ពួកអ្នកដែលសមគួរ›?
១០ នៅឯកិច្ចប្រជុំក្រុមជំនុំបែបនេះ យើងត្រូវបានបង្រៀនឲ្យបង្កើតសិស្ស។ នៅពេលដែលរកឃើញមនុស្សដែលចូលចិត្តឬបានប្រគល់ឧបករណ៍ផ្សាយហើយ គោលបំណងរបស់យើងគឺចង់ត្រឡប់ទៅជួបគេវិញ ដើម្បីផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ ក្នុងន័យមួយ នេះគឺដូចគ្នានឹងពួកសិស្ស‹នៅជាមួយពួកអ្នកដែលសមគួរ› ដើម្បីបង្រៀនពួកគេអំពីអ្វីៗដែលព្រះយេស៊ូបានបង្គាប់។ (ម៉ាថាយ ១០:១១; ២៨:១៩, ២០) ដោយមានឧបករណ៍ផ្សាយយ៉ាងប្រសើរ ដូចជាសៀវភៅ Knowledge That Leads to Everlasting Life យើងពិតជាបានទំនុកបំរុងយ៉ាងហ្មត់ចត់ឲ្យបានសម្រេចកិច្ចផ្សាយរបស់យើង។ (ធីម៉ូថេទី២ ៤:៥) រៀងរាល់សប្ដាហ៍កាលដែលអ្នកមកឯការប្រជុំអប់រំកិច្ចបំរើនិងសាលាកិច្ចបំរើព្រះធិបតេយ្យ សូមខំខ្នះខ្នែងឲ្យយល់ ហើយរួចមកប្រើចំណុចដែលមានប្រយោជន៍ទាំងនេះ ដែលអនុសាសន៍អ្នក ជាអ្នកបំរើព្រះម្នាក់ដែលមានសមត្ថភាពក្នុងការសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់។—កូរិនថូសទី២ ៣:៣, ៥; ៤:១, ២
១១. តើមនុស្សខ្លះបានបង្ហាញជំនឿយ៉ាងដូចម្ដេច តាមពាក្យម៉ាថាយ ៦:៣៣?
១១ គឺជាបំណងព្រះហឫទ័យរបស់ព្រះ ដែលយើង‹បន្តស្វែងរកព្រះរាជាណាចក្រ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន›។ (ម៉ាថាយ ៦:៣៣) សូមសួរខ្លួនមើល ‹តើតាមរបៀបណាដែលខ្ញុំនឹងអនុវត្តគោលការណ៍នេះ បើមានការទាមទារនៅកន្លែងធ្វើការខ្ញុំ [ឬគូរបស់ខ្ញុំ] ដែលអាចមករំខានលើការមកឯកិច្ចប្រជុំ›? មនុស្សដែលមានគំនិតចាស់ទុំខាងវិញ្ញាណជាច្រើន នឹងនិយាយជាមួយនិយោជករបស់គេអំពីរឿងនេះ។ អ្នកបំរើពេញពេលម្នាក់បានប្រាប់ឲ្យនិយោជកនាងដឹង ថានាងត្រូវការយកពេលឈប់ធ្វើការរៀងរាល់សប្ដាហ៍ដើម្បីទៅឯកិច្ចប្រជុំ។ គាត់បានយល់ព្រមដល់សេចក្ដីស្នើសុំរបស់នាង។ ប៉ុន្តែ ដោយឆ្ងល់ពីអ្វីដែលកើតឡើងនៅឯកិច្ចប្រជុំ និយោជកបានសុំចង់ទៅឯកិច្ចប្រជុំដែរ។ នៅទីនោះ គាត់បានឮអំពីសេចក្ដីប្រកាសចំពោះមហាសន្និបាតតាមតំបន់ដែលនឹងមាននៅខាងមុខ។ ជាលទ្ធផល និយោជកបានចំណាយពេលពេញមួយថ្ងៃនៅឯមហាសន្និបាត។ តើមានមេរៀនអ្វីដែលអ្នកបានរៀនពីគំរូនេះ?
បង្ហាត់បង្រៀនអំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាដោយឪពុកម្ដាយដែលកោតខ្លាចព្រះ
១២. ដើម្បីបង្រៀនកូនចៅឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា តើឪពុកម្ដាយគ្រីស្ទានត្រូវធ្វើអ្វីដោយអត់ធ្មត់និងដោយម៉ឺងម៉ាត់?
១២ ប៉ុន្តែ កិច្ចប្រជុំក្រុមជំនុំនិងមហាសន្និបាត គឺមិនមែនគ្រាន់តែជាសំវិធានការសំរាប់ការបង្ហាត់បង្រៀនឲ្យធ្វើតាមព្រះហឫទ័យព្រះប៉ុណ្ណោះទេ។ ឪពុកម្ដាយដែលកោតខ្លាចព្រះត្រូវបានបង្គាប់ឲ្យហ្វឹកហ្វឺន ទូន្មាន និងចិញ្ចឹមកូនចៅរបស់គេឲ្យសរសើរព្រះយេហូវ៉ានិងឲ្យធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (ទំនុកដំកើង ១៤៨:១២, ១៣; សុភាសិត ២២:៦, ១៥) នេះតម្រូវឲ្យយើងយក«កូនក្មេង»របស់យើងទៅឯកិច្ចប្រជុំ ដើម្បីឲ្យគេអាច‹ស្ដាប់និងរៀនសូត្រ›ដែរ។ ប៉ុន្តែចុះយ៉ាងណាវិញ ចំពោះការបង្រៀនពួកគេពីព្រះគម្ពីរបរិសុទ្ធនៅឯផ្ទះ? (ចោទិយកថា ៣១:១២; ធីម៉ូថេទី២ ៣:១៥) ក្រុមគ្រួសារជាច្រើនបានយកចិត្តទុកដាក់ក្នុងការចាប់ផ្ដើមកម្មវិធីសិក្សាព្រះគម្ពីរក្នុងគ្រួសារជារឿយៗ តែក្រោយមក បែរជាឥតមានការសិក្សាព្រះគម្ពីរញឹកញាប់ឬបានបញ្ឈប់តែម្ដងទៅវិញ។ តើអ្នកមានការពិសោធបែបនេះទេ? តើអ្នកគិតថា យោបល់ឲ្យមានការសិក្សាជារឿយៗជាអ្វីមិនសមហេតុផល ឬថាគ្រួសាររបស់អ្នកខុសប្លែកពីគេ ដែលមិនមានប្រសិទ្ធិភាពក្នុងករណីរបស់អ្នកឬ? ទោះបីជាអ្នកមានស្ថានការណ៍យ៉ាងណាក៏ដោយ សូមអស់អ្នកជាឪពុកម្ដាយ សើរើមើលឡើងវិញនូវអត្ថបទ «មរតកវិញ្ញាណដ៏បរិបូររបស់យើង» និង «រង្វាន់នៃការខំប្រឹង» ក្នុងប៉មយាម នៃខែសីហា ១ ១៩៩៥ (ភាសាអង់គ្លេស)
១៣. តើតាមរបៀបណាដែលគ្រួសារទទួលប្រយោជន៍ពីការពិចារណាមើលបទគម្ពីរប្រចាំថ្ងៃ?
១៣ ក្រុមគ្រួសារត្រូវបានលើកទឹកចិត្តឲ្យពិចារណាមើលបទគម្ពីររៀងរាល់ថ្ងៃ ដែលដកស្រង់ចេញពីកូនសៀវភៅការពិនិត្យបទគម្ពីរប្រចាំថ្ងៃ។ គឺជាការល្អបើអានបទគម្ពីរនោះ តែបើយើងពិគ្រោះបទគម្ពីរហើយអនុវត្តតាម គឺប្រសើរជាង។ ឧទាហរណ៍ បើយើងពិចារណាមើលអេភេសូរ ៥:១៥-១៧ សមាជិកអាចវែកញែកនូវរបៀប‹លៃលកយកពេលវេលា› សំរាប់ការសិក្សាផ្ទាល់ខ្លួន សំរាប់ចូលរួមក្នុងកិច្ចបំរើពេញពេលណាមួយ ហើយសំរាប់រក្សាទុកនូវកិច្ចការរបស់ព្រះផ្សេងទៀត។ ត្រូវហើយ ការពិគ្រោះជាគ្រួសារនៃបទគម្ពីរប្រចាំថ្ងៃ អាចធ្វើឲ្យបុគ្គលម្នាក់ឬមនុស្សជាច្រើន‹យល់ពេញលេញអំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាថែមទៀត›។
១៤. តើចោទិយកថា ៦:៦, ៧ បង្ហាញថាឪពុកម្ដាយគួរតែជាគ្រូប្រភេទណា ហើយតម្រូវឲ្យធ្វើអ្វី?
១៤ ឪពុកម្ដាយត្រូវតែជាគ្រូដែលយកចិត្តទុកដាក់ដល់កូនចៅរបស់គេ។ (ចោទិយកថា ៦:៦, ៧) ប៉ុន្តែ នេះមិនមែនគ្រាន់តែជាការស្តីបន្ទោសឬបញ្ជាកូនចៅគេទេ។ ឪពុកនិងម្ដាយក៏ត្រូវតែស្ដាប់ ដ្បិតដោយធ្វើយ៉ាងនេះ ទើបគេអាចដឹងច្បាស់លាស់នូវអ្វីដែលត្រូវពន្យល់ ត្រូវបញ្ជាក់ ឲ្យឧទាហរណ៍ ឬសើរើឡើងវិញ។ ក្នុងគ្រួសារគ្រីស្ទានមួយ ឪពុកម្ដាយបានលើកទឹកចិត្តកូនឲ្យនិយាយដោយឥតលាក់លាម ឲ្យកូនចៅរបស់គេសួរអ្វីៗដែលគេមិនយល់ឬអ្វីដែលធ្វើឲ្យគេខ្វល់ខ្វាយ។ ដោយធ្វើដូច្នេះ ពួកគេបានដឹងថា កូនប្រុសជំទង់របស់គេមានការពិបាកយល់ ថាព្រះយេហូវ៉ាឥតមានការចាប់ផ្ដើម។ ឪពុកម្ដាយអាចប្រើពត៌មានពីប្រកាសនវត្ថុរបស់សមាគមប៉មយាម ដោយបង្ហាញថាពេលវេលានិងលំហអាកាស ត្រូវបានគេយល់ព្រមថា ឥតមានទីបញ្ចប់ទេ។ នេះបានពន្យល់ជាឧទាហរណ៍នូវចំណុចនេះ ហើយកូនប្រុសរបស់គេក៏ស្កប់ចិត្តទៅ។ ដូច្នេះ សូមយកពេលវេលាដើម្បីឆ្លើយឲ្យបានច្បាស់លាស់នូវសំនួររបស់កូនចៅអ្នក ដោយប្រើបទគម្ពីរជួយពួកគេឲ្យយល់ ថាការរៀនសូត្រឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ អាចទៅជាអ្វីដ៏ស្កប់ស្កល់ណាស់។ តើអ្វីទៀតដែលប្រជារាស្ត្ររបស់ព្រះ—ក្មេងនិងចាស់—កំពុងតែត្រូវបង្ហាត់បង្រៀននៅសព្វថ្ងៃនេះ?
បង្ហាត់បង្រៀនឲ្យស្រឡាញ់និងឲ្យតយុទ្ធ
១៥. នៅពេលណាដែលសេចក្ដីស្មោះចំពោះសេចក្ដីស្រឡាញ់បងប្អូនយើងត្រូវបានសាកល្បង?
១៥ ស្របតាមសេចក្ដីបង្គាប់ថ្មីរបស់ព្រះយេស៊ូ យើងត្រូវបាន‹ព្រះទ្រង់បង្រៀនឲ្យស្រឡាញ់គ្នាទៅវិញទៅមក›។ (ថែស្សាឡូនីចទី១ ៤:៩) នៅពេលមានភាពស្ងាត់ស្ងៀមនិងឥតបញ្ហា យើងប្រហែលជាមានអារម្មណ៍ថា យើងស្រឡាញ់បងប្អូនរបស់យើងទាំងអស់។ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលមានការទាស់ចិត្តគ្នាផ្ទុះឡើង ឬយើងបានអន់ចិត្តដោយសារគ្រីស្ទានម្នាក់ទៀតបាននិយាយឬធ្វើនោះ? នៅគ្រានេះហើយដែលប្រហែលជាអាចសាកល្បងភាពស្មោះនៃសេចក្ដីស្រឡាញ់របស់យើង។ (ប្រៀបធៀប កូរិនថូសទី២ ៨:៨) តើព្រះគម្ពីរបង្រៀនយើងឲ្យធ្វើអ្វីក្នុងកាលៈទេសៈបែបនេះ? ចំណុចមួយ គឺឲ្យខំខ្នះខ្នែងបង្ហាញសេចក្ដីស្រឡាញ់ឲ្យបានពេញលេញ។ (ពេត្រុសទី១ ៤:៨) ជាជាងគិតតែប្រយោជន៍របស់យើង ដោយមានចិត្តខឹងលើកំហុសតូចតាច ឬចងគំនុំ យើងត្រូវតែដោះស្រាយឲ្យសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាប។ (កូរិនថូសទី១ ១៣:៥) យើងដឹងថានេះជាព្រះហឫទ័យរបស់ព្រះ ដ្បិតនេះជាអ្វីដែលបន្ទូលរបស់ព្រះបង្រៀនយើង។
១៦. (ក) ក្នុងការតយុទ្ធប្រភេទណាដែលគ្រីស្ទានត្រូវបានបង្រៀនឲ្យចូលធ្វើ? (ខ) តើយើងត្រូវបានប្រដាប់យ៉ាងដូចម្ដេច?
១៦ ថ្វីបើមនុស្សជាច្រើនមិនភ្ជាប់សេចក្ដីស្រឡាញ់និងចម្បាំង ប៉ុន្តែចម្បាំងជាអ្វីមួយដែលយើងត្រូវបានបង្រៀនឲ្យចូលធ្វើ តែនេះជាការច្បាំងដែលខុសពីគេ។ ដាវីឌទទួលស្គាល់ការទុកចិត្តទៅលើព្រះយេហូវ៉ា ឲ្យបង្រៀនគាត់នូវរបៀបដែលអាចចូលធ្វើចម្បាំងនេះ ថ្វីបើក្នុងសម័យរបស់គាត់ នោះគឺមានការច្បាំងមែនទែនជាមួយពួកសត្រូវនៃសាសន៍អ៊ីស្រាអែល។ (សាំយូអែលទី១ ១៧:៤៥-៥១; ១៩:៨; ពង្សាវតារក្សត្រទី១ ៥:៣; ទំនុកដំកើង ១៤៤:១) ចុះយ៉ាងណាវិញចំពោះការតយុទ្ធរបស់យើងសព្វថ្ងៃនេះ? អាវុធរបស់យើងមិនមែនពីខាងសាច់ឈាមទេ។ (កូរិនថូសទី២ ១០:៤) ការតយុទ្ធរបស់យើងគឺខាងវិញ្ញាណ ដែលយើងត្រូវការពាក់អាវក្រោះខាងវិញ្ញាណ។ (អេភេសូរ ៦:១០-១៣) តាមរយៈបន្ទូលរបស់ទ្រង់និងប្រជារាស្ត្រតាមក្រុមជំនុំ ព្រះយេហូវ៉ាបង្រៀនយើងឲ្យធ្វើការតយុទ្ធខាងវិញ្ញាណឲ្យបានជោគជ័យ។
១៧. (ក) តើកលល្បិចណាខ្លះដែលអារក្សប្រើដើម្បីល្បួងយើង? (ខ) តើអ្វីដែលយើងត្រូវតែជៀសវាងដោយប្រាជ្ញា?
១៧ តាមរបៀបឆបោកនិងប្រសប់ អារក្សតែងតែប្រើសេចក្ដីល្បួងលោកីយ៍ អ្នកក្បត់ជំនឿ ហើយពួកប្រឆាំងសេចក្ដីពិតឯទៀត ក្នុងការខំខ្នះខ្នែងបន្លែបន្លំលើបញ្ហាដែលមិនសំខាន់។ (ធីម៉ូថេទី១ ៦:៣-៥, ១១; ទីតុស ៣:៩-១១) ដោយដឹងថា វាមិនសូវមានការឈ្នះដោយប្រើការប្រឆាំងចំៗ ដូច្នេះវាក៏ខំធ្វើឲ្យយើងជំពប់ ដោយធ្វើឲ្យយើងត្អូញត្អែរ ដោយប្រើសំនួរល្ងីល្ងើ ដែលគ្មានតម្លៃខាងវិញ្ញាណឡើយ។ ជាអ្នកតយុទ្ធដ៏ខ្នះខ្នែង យើងត្រូវមានចិត្តវាងវៃដល់គ្រោះថ្នាក់បែបនេះ ដូចយើងចេះប្រយ័ត្នប្រយែងនឹងការប្រយុទ្ធចំៗ។—ធីម៉ូថេទី១ ១:៣, ៤
១៨. តើការរស់នៅមិនសំរាប់ខ្លួនពិតជាមានន័យយ៉ាងណា?
១៨ យើងមិនលើកផ្សព្វផ្សាយសេចក្ដីប្រាថ្នារបស់មនុស្សឬគោលបំណងនៃសាសន៍ទេ។ ព្រះយេហូវ៉ាបានបង្រៀនយើងតាមរយៈគំរូរបស់ព្រះយេស៊ូ ថាយើងមិនត្រូវរស់នៅសំរាប់ខ្លួនយើងទេ តែយើងត្រូវមានចិត្តគំនិតដូចព្រះយេស៊ូគ្រីស្ទ ហើយរស់នៅដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ (កូរិនថូសទី២ ៥:១៤, ១៥) នៅអតីតកាល យើងប្រហែលជាមានជីវភាពរស់នៅដែលមិនប្រយ័ត្នប្រយែងហើយខ្ជះខ្ជាយពេលវេលា។ អ្វីដែលសម្គាល់លោកីយ៍នេះ គឺការស៊ីផឹកជ្រុល ការប្រមឹក និងអំពើឥតសីលធម៌។ ឥឡូវនេះ ដោយសារយើងត្រូវបានបង្ហាត់បង្រៀនឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ តើយើងមិនមានអំណរគុណ ដែលយើងបានបែកខ្ញែកពីលោកីយ៍ដ៏អាក្រក់នេះទេឬ? ដូច្នេះ សូមឲ្យយើងខំធ្វើការតយុទ្ធខាងវិញ្ញាណ ដើម្បីជៀសវាងពីការទាក់ទងនឹងការប្រព្រឹត្តដ៏អាក្រក់នៃលោកីយ៍នេះ។—ពេត្រុសទី១ ៤:១-៣
បង្រៀនយើងឲ្យបានប្រយោជន៍ខ្លួនយើង
១៩. ដោយបានបង្រៀនឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយរួចមកធ្វើតាមនោះ នឹងនាំឲ្យមានផលប្រយោជន៍អ្វី?
១៩ ជាការចាំបាច់ណាស់ ក្នុងការទទួលស្គាល់ថា ការបង្ហាត់បង្រៀនឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ានឹងមានប្រយោជន៍ដល់យើងយ៉ាងខ្លាំង។ ជាការយោគយល់ យើងត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន ក្នុងការរៀនសូត្រហើយធ្វើតាមសេចក្ដីបង្គាប់ដែលយើងទទួលតាមរយៈរាជបុត្រារបស់ទ្រង់ ព្រមទាំងតាមរយៈបន្ទូលរបស់ទ្រង់ និងមនុស្សដែលមកឯក្រុមជំនុំ។ (អេសាយ ៤៨:១៧, ១៨; ហេព្រើរ ២:១) ដោយយើងធ្វើដូច្នេះ យើងនឹងត្រូវបានពង្រឹងឲ្យឈរមាំមួនក្នុងគ្រាដែលមានវិបត្ដិភ័យ ហើយអាចពុះពារនឹងព្យុះដែលមាននៅខាងមុខ។ (ម៉ាថាយ ៧:២៤-២៧) សូម្បីតែឥឡូវនេះ យើងនឹងធ្វើឲ្យព្រះរីករាយ ដោយធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយដឹងប្រាកដថា ព្រះនឹងតបឆ្លើយដល់ការអធិស្ឋានរបស់យើង។ (យ៉ូហាន ៩:៣១; យ៉ូហានទី១ ៣:២២) ហើយយើងនឹងមានសុភមង្គលដ៏ពិត។—យ៉ូហាន ១៣:១៧
២០. កាលដែលអ្នកឃើញបទគម្ពីរប្រចាំឆ្នាំនៅក្នុងឆ្នាំ១៩៩៧ តើអ្នកត្រូវរំពឹងគិតទៅលើអ្វី?
២០ ក្នុងកំឡុងឆ្នាំ១៩៩៧ យើងនឹងមានឱកាសជាញឹកញាប់ក្នុងការអានហើយពិនិត្យមើលបទគម្ពីរប្រចាំឆ្នាំ ទំនុកដំកើង ១៤៣:១០ ដែលចែងថា «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់»។ កាលដែលយើងធ្វើដូច្នេះ សូមឲ្យយើងយកពេលវេលាខ្លះ ដើម្បីជញ្ជឹងអំពីសំវិធានការដែលព្រះបានធ្វើក្នុងការបង្រៀនយើង ដូចបានចែងមកនៅខាងលើនេះ។ ហើយសូមឲ្យយើងរំពឹងគិតទៅលើពាក្យទាំងនោះ ទុកជាកត្ដាដែលជំរុញយើងឲ្យប្រព្រឹត្តស្របតាមសេចក្ដីអង្វរនោះ ដោយដឹងថា«អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្នកណាដែលត្រូវបានបង្ហាត់បង្រៀនឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
◻ តើទំនុកដំកើង ១៤៣:១០ គួរតែមានឥទ្ធិពលយ៉ាងណាមកលើយើងក្នុងឆ្នាំ១៩៩៧?
◻ តើតាមរបៀបណាដែលយើងត្រូវបានបង្រៀនឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា?
◻ តើតម្រូវអ្វីពីឪពុកម្ដាយក្នុងការបង្រៀនកូនចៅរបស់គេ?