ការអញ្ជើញដ៏ជាទីស្រឡាញ់ដល់ពួកអ្នកដែលអស់កម្លាំង
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។—ម៉ាថាយ ១១:២៨
១. តើព្រះយេស៊ូបានទតឃើញអ្វីនៅស្រុកកាលីឡេ ក្នុងការធ្វើដំណើររបស់ទ្រង់ជាលើកទីបីនោះ?
ជិតដើមនៃឆ្នាំ៣២ស.យ. ព្រះយេស៊ូកំពុងតែធ្វើដំណើរផ្សាយជាលើកទីបីរបស់ទ្រង់ក្នុងតំបន់នៃស្រុកកាលីឡេ។ ទ្រង់បានធ្វើដំណើរតាមគ្រប់ក្រុងនិងគ្រប់ភូមិ ដោយ«បង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគានឹងជរាពិការ ក្នុងពួកបណ្ដាជនឲ្យបានជា»។ កាលដែលទ្រង់បានធ្វើកិច្ចការនេះ ទ្រង់បានទតឃើញពួកហ្វូងមនុស្ស ហើយ«ទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។—ម៉ាថាយ ៩:៣៥, ៣៦
២. តើព្រះយេស៊ូបានជួយពួកបណ្ដាជនយ៉ាងដូចម្ដេច?
២ ប៉ុន្តែ ព្រះយេស៊ូមិនគ្រាន់តែមានព្រះទ័យក្ដួលអាណិតដល់ពួកហ្វូងមនុស្សប៉ុណ្ណោះទេ។ ក្រោយពីបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ឲ្យអធិស្ឋានទៅ«ព្រះអម្ចាស់នៃចំរូត» គឺព្រះយេហូវ៉ានោះហើយ ទ្រង់បានចាត់ពួកគេឲ្យទៅជួយពួកបណ្ដាជន។ (ម៉ាថាយ ៩:៣៨; ១០:១) រួចមកទ្រង់បានប្រទានការធានារ៉ាប់រងរបស់ទ្រង់ផ្ទាល់ដល់ពួកបណ្ដាជន អំពីផ្លូវដែលនឹងមានការធូរស្បើយនិងការសម្រាលទុក្ខ។ ទ្រង់បានប្រទានឲ្យគេនូវការអញ្ជើញដ៏កក់ក្ដៅនេះថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង»។—ម៉ាថាយ ១១:២៨, ២៩
៣. ហេតុអ្វីក៏ការអញ្ជើញរបស់ព្រះយេស៊ូ ជាការគួរឲ្យទាក់ទាញចិត្តនៅសព្វថ្ងៃនេះដែរ?
៣ នៅសព្វថ្ងៃនេះ យើងរស់នៅក្នុងគ្រាដែលមនុស្សជាច្រើនមានបន្ទុកយ៉ាងធ្ងន់ធ្ងរ។ (រ៉ូម ៨:២២; ធីម៉ូថេទី២ ៣:១) ចំពោះមនុស្សខ្លះ គ្រាន់តែការរកស៊ីចិញ្ចឹមជីវិត ពួកគេបានចំណាយពេលវេលានិងកម្លាំងរបស់គេជាច្រើន ដែលធ្វើឲ្យគេគ្មានពេលវេលានិងកម្លាំងសំរាប់គ្រួសារ មិត្ត ឬអ្វីផ្សេងៗទៀតបានឡើយ។ មនុស្សជាច្រើនមានបន្ទុកដោយជម្ងឺដ៏ធ្ងន់ធ្ងរ សេចក្ដីទុក្ខសោក ការតានតឹង និងបញ្ហាផ្សេងៗទៀតខាងរូបរាងកាយនិងខាងផ្លូវចិត្ត។ ដោយមានការពិបាក មនុស្សខ្លះបានខំស្វែងរកការធូរស្បើយ ដោយបណ្ដោយខ្លួនឈ្លក់នឹងការកំសាន្ត ស៊ីផឹក ថែមទាំងការប្រើគ្រឿងញៀនផង។ ពិតហើយ នេះនឹងធ្វើឲ្យគេចូលទៅក្នុងស្ថានការណ៍ ដែលនាំឲ្យមានបញ្ហានិងការពិបាកកាន់តែខ្លាំងឡើងៗ។ (រ៉ូម ៨:៦) យ៉ាងច្បាស់ណាស់ ការអញ្ជើញដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ មានការទាក់ទាញចិត្តណាស់នៅសព្វថ្ងៃនេះ ដូចជានៅសម័យនោះដែរ។
៤. តើសំនួរអ្វីខ្លះដែលយើងត្រូវតែពិចារណា ដើម្បីឲ្យបានប្រយោជន៍ពីការអញ្ជើញដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ?
៤ ប៉ុន្តែ តើប្រជាជននៅសម័យព្រះយេស៊ូបាននៅក្រោមអំណាចអ្វី ដែលធ្វើឲ្យពួកគេហាក់បីដូចជា«ល្វើយ ហើយខ្ចាត់ខ្ចាយ» ដែលបណ្ដាលឲ្យព្រះយេស៊ូមានសេចក្ដីអាណិតអាសូរដល់ពួកគេនោះ? តើបន្ទុកឬទម្ងន់អ្វីដែលពួកគេត្រូវតែលីនោះ? ហើយតើការអញ្ជើញរបស់ព្រះយេស៊ូនឹងជួយពួកគេយ៉ាងណា? ការដឹងចម្លើយចំពោះសំនួរទាំងនេះអាចមានប្រយោជន៍ណាស់សំរាប់យើង ក្នុងការទទួលប្រយោជន៍ពីការអញ្ជើញដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូដល់ពួកអ្នកដែលអស់កម្លាំង។
អស់អ្នក«ដែលនឿយព្រួយ ហើយផ្ទុកធ្ងន់»
៥. ហេតុអ្វីក៏ជាការសមហេតុផល ដែលសាវ័កម៉ាថាយបានរាយការណ៍អំពីព្រឹត្ដិការណ៍នេះក្នុងកិច្ចបំរើរបស់ព្រះយេស៊ូ?
៥ ជាការគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះមានតែដំណើររឿងរបស់ម៉ាថាយទេ ដែលបានរាយការណ៍ប្រាប់អំពីព្រឹត្ដិការណ៍នេះក្នុងកិច្ចបំរើរបស់ព្រះយេស៊ូ។ ម៉ាថាយជាអ្នកយកពន្ធ ដែលមានឈ្មោះលេវីដែរ បានដឹងយ៉ាងច្បាស់នូវបន្ទុកមួយដែលប្រជាជនកំពុងតែលីនោះ។ (ម៉ាថាយ ៩:៩; ម៉ាកុស ២:១៤) សៀវភៅឈ្មោះ ជីវិតប្រចាំថ្ងៃក្នុងគ្រារបស់ព្រះយេស៊ូចែងថា៖ «ពន្ធទាំងឡាយដែល[ពួកយូដា]ត្រូវបង់ជាប្រាក់ហើយជាផលិតកម្មគឺមានច្រើនដ៏ហួសហេតុ ហើយអ្វីដែលមានបន្ទុកធ្ងន់ជាងនោះទៅទៀត ក្នុងពន្ធទាំងពីរនោះ គឺការបង់ពន្ធខាងរដ្ឋនិងការបង់ពន្ធខាងសាសនា ហើយគ្មានពន្ធណាមួយដែលជាតិចតួចនោះទេ»។
៦. (ក) តើប្រព័ន្ធពន្ធអ្វីដែលបានប្រើក្នុងសម័យព្រះយេស៊ូ? (ខ) ហេតុអ្វីក៏ពួកអ្នកយកពន្ធមានកេរ្ដិ៍ឈ្មោះដ៏អាក្រក់ម្ល៉េះ? (គ) អំពីអ្វីដែលប៉ុលបានមានអារម្មណ៍ក្នុងការរំឭកជនគ្រីស្ទានគ្នីគ្នារបស់គាត់នោះ?
៦ អ្វីដែលធ្វើឲ្យការទាំងនេះជាបន្ទុកដ៏ធ្ងន់នោះ គឺដោយសារតែប្រព័ន្ធពន្ធនៅជំនាន់នោះ។ ពួកមន្ត្រីរ៉ូម៉ាំងបានប្រគល់ឲ្យសិទ្ធិទៅអ្នកដែលដេញថ្លៃខ្ពស់ជាងគេ ដើម្បីឲ្យយកពន្ធក្នុងភូមិ។ ហើយជាបន្ទាប់ ពួកគេក៏ជួលពួកអ្នកនៅក្នុងភូមិនោះ ឲ្យមើលត្រួតត្រាកិច្ចការនៃការយកពន្ធ។ ពួកជនគ្រប់ៗគ្នានៅក្នុងគម្រោងការណ៍យកពន្ធនោះ មានការយល់យ៉ាងត្រឹមត្រូវពីការបន្ថែមកំរៃជើងសារ ឬចំណែករបស់គាត់នោះ។ ជាឧទាហរណ៍ លូកាបានរៀបរាប់ថា«ឃើញមាន បុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ»។ (លូកា ១៩:២) សាខេជា«មេលើពួកអ្នកយកពន្ធ» ហើយពួកអ្នកដែលនៅក្រោមអំណាចគាត់នោះ តាមប្រមើលទៅ បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិ កាលដែលប្រជាជនមានសេចក្ដីវេទនា។ ការរំលោភនិងការពុករលួយដែលមានឡើងដោយប្រព័ន្ធបែបនេះ បានបណ្ដាលឲ្យពួកបណ្ដាជនចាត់ទុកពួកអ្នកយកពន្ធ ទៅក្នុងចំណោមពួកអ្នកមានបាប ហើយនិងស្ត្រីពេស្យា ហើយក្នុងករណីជាច្រើន ប្រហែលជានឹងសមទទួលឈ្មោះដូច្នេះមែន។ (ម៉ាថាយ ៩:១០; ២១:៣១, ៣២; ម៉ាកុស ២:១៥; លូកា ៧:៣៤) ដោយសារតែមនុស្សសឹងតែអត់ទ្រាំមិនបាននោះ បានជាសាវ័កប៉ុលមានអារម្មណ៍ក្នុងការរំឭកពួកជនគ្រីស្ទានគ្នីគ្នារបស់គាត់ថា កុំឲ្យមានចិត្តខឹងនៅក្រោមនឹមរបស់ពួករ៉ូម៉ាំង ប៉ុន្តែត្រូវ«សងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ»។—រ៉ូម ១៣:៧ក ប្រៀបធៀបលូកា ២៣:២
៧. តើតាមរបៀបណាដែលច្បាប់ពិន័យរបស់ពួករ៉ូម៉ាំងបានធ្វើឲ្យប្រជាជនមានបន្ទុកកាន់តែច្រើនឡើងនោះ?
៧ ប៉ុលក៏បានរំឭកឲ្យពួកជនគ្រីស្ទានផ្ដល់«ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្ដិ ដល់លោកណាដែលគួរគោរពដែរ»។ (រ៉ូម ១៣:៧ខ) ពួករ៉ូម៉ាំងបានល្បីឈ្មោះជាពួកឃោរឃៅ ហើយច្បាប់ពិន័យរបស់គេគឺមានភាពធ្ងន់ណាស់។ ការធ្វើទុក្ខទោស ការវាយ ការដាក់គុក និងការប្រហារជីវិតត្រូវបានប្រើជាញឹកញាប់ ដើម្បីធ្វើឲ្យមនុស្សនៅក្រោមកណ្ដាប់ដៃរបស់គេ។ (លូកា ២៣:៣២, ៣៣; កិច្ចការ ២២:២៤, ២៥) សូម្បីតែពួកមេដឹកនាំយូដាក៏មានអំណាចកាត់ទោសដាក់ដែរ តាមតែគេយល់ថាត្រឹមត្រូវនោះ។ (ម៉ាថាយ ១០:១៧; កិច្ចការ ៥:៤០) ប្រព័ន្ធបែបនេះ គឺច្បាស់ជាការជិះជាន់មែន ឬព្រមទាំងបង្ក្រាបមិនឲ្យងើបមុខរួចចំពោះអ្នកណាដែលរស់នៅក្រោមអំណាចរបស់គេនោះ។
៨. តើពួកមេដឹកនាំសាសនាបានដាក់បន្ទុកទៅលើពួកបណ្ដាជនយ៉ាងដូចម្ដេច?
៨ ប៉ុន្តែអ្វីដែលអាក្រក់ជាងការបង់ពន្ធនិងច្បាប់របស់ពួករ៉ូម៉ាំងនោះទៅទៀត គឺជាបន្ទុកដែលបានដាក់មកលើមនុស្សសាមញ្ញ ដោយពួកមេដឹកនាំសាសនានៅសម័យនោះ។ តាមការពិត នេះជាការខ្វល់ខ្វាយរបស់ព្រះយេស៊ូ កាលដែលទ្រង់បានរៀបរាប់ពួកមនុស្សជា«អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់»។ ព្រះយេស៊ូបានមានបន្ទូលថា ពួកមេដឹកនាំសាសនា ជាជាងឲ្យសេចក្ដីសង្ឃឹមនិងសេចក្ដីធូរស្បើយខាងផ្លូវចិត្ត ដល់មនុស្សដែលត្រូវគេសង្កត់សង្កិនលើនោះ ទៅជា«ចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង»។ (ម៉ាថាយ ២៣:៤; លូកា ១១:៤៦) ជាការជាក់ស្តែងណាស់ ដែលសៀវភៅដំណឹងល្អបានលាតត្រដាងយ៉ាងត្រឹមត្រូវអំពីពួកមេដឹកនាំសាសនា—ជាពិសេសពួកអាចារ្យខាងវិន័យនិងពួកផារីស៊ី—ជាពួកក្រអឺត គ្មានចិត្តមេត្ដាករុណា និងពួកមនុស្សលាក់ពុត។ ពួកគេមើលងាយមនុស្សសាមញ្ញ ថាជាមនុស្សល្ងង់ខ្លៅហើយមិនស្អាតបាត ហើយពួកគេស្អប់ខ្ពើមពួកសាសន៍ដទៃក្នុងចំណោមពួកគេ។ អត្ថាធិប្បាយមួយទៅលើអាកប្បកិរិយារបស់គេបានសង្កេតឃើញថា៖ «បុរសម្នាក់ដែលដាក់ទម្ងន់ដ៏ហួសហេតុទៅលើសេះ នៅសព្វថ្ងៃនេះនឹងត្រូវទទួលទោសនៅចំពោះច្បាប់ជាមិនខាន។ តើបុរសនេះជាអ្វីទៅ ដែលដាក់៦១៣បញ្ជាទៅលើ‹មនុស្សសាមញ្ញ›ដែលគ្មានការហ្វឹកហ្វឺនពីសាសនា ហើយរួចមក ដោយគ្មានធ្វើអ្វីដើម្បីនឹងជួយគេ បានកាត់ទោសពួកគេជាអ្នកដែលមិនជឿព្រះនោះ»? ពិតហើយ បន្ទុកដ៏ធ្ងន់នោះ គឺមិនមែនច្បាប់របស់លោកម៉ូសេទេ ប៉ុន្តែគឺទំនៀមទម្លាប់ជាច្រើនដែលបានដាក់មកលើពួកមនុស្សទាំងឡាយវិញ។
ការបណ្ដាលដ៏ពិតនៃសេចក្ដីទុក្ខលំបាក
៩. តើស្ថានការណ៍ក្នុងចំណោមពួកបណ្ដាជននៅសម័យព្រះយេស៊ូយ៉ាងម៉េចទៅដែរ បើប្រៀបធៀបនឹងសម័យរបស់ស្តេចសាឡូម៉ូនវិញនោះ?
៩ នៅពេលខ្លះ បន្ទុកខាងលុយកាក់ដែលបានដាក់ទៅលើមនុស្សជាបន្ទុកយ៉ាងធ្ងន់មែន ដែលធ្វើឲ្យមានភាពក្រីក្រពេញពាស។ ពួកអ៊ីស្រាអែលត្រូវតែបង់ពន្ធដែលបានតម្រូវទុកមកដោយក្រិត្យវិន័យម៉ូសេ។ រួចមក ក្នុងកំឡុងការសោយរាជ្យរបស់ស្តេចសាឡូម៉ូន ពួកប្រជាជនបានមើលទទួលខុសត្រូវនូវតម្លៃដ៏ថ្លៃសំរាប់ប្រទេសជាតិ ក្នុងការសង់ព្រះវិហារនិងអាគារផ្សេងៗទៀត។ (ពង្សាវតារក្សត្រទី១ ៧:១-៨; ៩:១៧-១៩) ប៉ុន្តែ ព្រះគម្ពីរចែងប្រាប់យើងថា ប្រជាជន«តែងតែបរិភោគ ហើយលេងសប្បាយ . . . ពួកយូដានឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន»។ (ពង្សាវតារក្សត្រទី១ ៤:២០, ២៥) តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នាយ៉ាងដូច្នេះ?
១០. តើអ្វីទៅជាហេតុនៃស្ថានការណ៍របស់សាសន៍អ៊ីស្រាអែលនៅសតវត្សទីមួយ?
១០ ដរាបណាដែលសាសន៍អ៊ីស្រាអែលរក្សាការមាំមួនសំរាប់ការថ្វាយបង្គំពិតនោះ ពួកគេបានទទួលអនុគ្រោះពីព្រះយេហូវ៉ា ហើយបានទទួលប្រសិទ្ធិពរនូវសន្ដិភាពនិងការរីកចំរើន ថ្វីបើប្រទេសជាតិត្រូវបានចំណាយប្រាក់ជាច្រើនយ៉ាងណាក្ដី។ ប៉ុន្តែព្រះយេហូវ៉ាបានព្រមានថា បើសិនជាពួកគេ«បែរចេញលែងប្រព្រឹត្តតាម[ទ្រង់] . . . ហើយមិនកាន់តាមបញ្ញត្តនិងក្រិត្យរបស់[ទ្រង់]ទាំងប៉ុន្មាន» ពួកគេនឹងទទួលទុក្ខយ៉ាងធ្ងន់មកវិញ។ តាមការពិត«សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាសេចក្ដីប្រៀបផ្ទឹម ហើយជាទីដំនៀល នៅក្នុងពួកសាសន៍ទាំងអស់»។ (ពង្សាវតារក្សត្រទី១ ៩:៦, ៧) រឿងទាំងប៉ុន្មានបានកើតឡើងដូច្នេះមែន។ សាសន៍អ៊ីស្រាអែលបាននៅក្រោមកណ្ដាប់ដៃនៃពួកបរទេស ហើយព្រះរាជាណាចក្រដែលធ្លាប់មានរុងរឿងពីដើមនោះ បានធ្លាក់ខ្លួនទៅជាអាណានិគមនៃចក្រភពបរទេសទៅវិញ។ នេះជាលទ្ធផលដ៏អាក្រក់មែន ដោយសារតែមិនអើពើនឹងកាតព្វកិច្ចខាងវិញ្ញាណនោះ!
១១. ហេតុអ្វីបានជាព្រះយេស៊ូមានអារម្មណ៍ថា ពួកបណ្ដាជន«ដូចហ្វូងចៀមដែលឥតមានអ្នកគង្វាល»នោះ?
១១ រឿងទាំងអស់នេះជួយឲ្យយើងយល់នូវហេតុអ្វីបានជាព្រះយេស៊ូមានព្រះទ័យថា ពួកបណ្ដាជនដែលទ្រង់បានទតឃើញនោះ «ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ ពួកទាំងនេះជាពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ដែលជាទូទៅបានខំប្រឹងរស់នៅឲ្យស្របទៅតាមច្បាប់របស់ព្រះ ហើយខំព្យាយាមប្រព្រឹត្តការថ្វាយបង្គំរបស់គេតាមផ្លូវដែលសមត្រឹមត្រូវនោះ។ ប៉ុន្តែ ពួកគេត្រូវបានគេកេងប្រវ័ញ្ច ហើយមិនគ្រាន់តែបានពួកនយោបាយនិងខាងពាណិជ្ជកម្មសង្កត់សង្កិនលើប៉ុណ្ណោះទេ គឺព្រមទាំងពីពួកមេដឹកនាំសាសនាដែលបានបះបោរជំនឿក្នុងចំណោមពួកគេដែរ។ ពួកគេ«ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល» ពីព្រោះពួកគេគ្មានអ្នកណាម្នាក់មើលថែរក្សាឬការពារទេ។ ពួកគេត្រូវការជំនួយដើម្បីនឹងស៊ូទ្រាំនឹងហេតុការណ៍ពិតទាំងនេះ។ ការអញ្ជើញដ៏ជាទីស្រឡាញ់និងដ៏សប្បុរសរបស់ព្រះយេស៊ូនេះគឺច្បាស់ជាមានឡើងនៅចំពេលមែន!
ការអញ្ជើញរបស់ព្រះយេស៊ូនៅសព្វថ្ងៃនេះ
១២. តើមានការបង្ខិតបង្ខំអ្វីខ្លះ ដែលពួកអ្នកបំរើរបស់ព្រះនិងមនុស្សស្មោះត្រង់ដទៃទៀតកំពុងតែមានការពិសោធនៅសម័យនេះ?
១២ តាមរបៀបជាច្រើនយ៉ាង នៅសព្វថ្ងៃនេះក៏មានរឿងស្រដៀងនេះដែរ។ មនុស្សដែលមានចិត្តស្មោះកំពុងតែខំប្រឹងប្រកបមុខងាររបស់គេដោយទៀងត្រង់ឃើញថា ការបង្ខិតបង្ខំខាងផ្លូវចិត្តនិងការទាមទារពីប្រព័ន្ធនៃលោកីយ៍ដ៏ពុករលួយនេះ ធ្វើឲ្យពិបាកនឹងទ្រាំណាស់។ សូម្បីតែពួកអ្នកដែលបានថ្វាយខ្លួនបំរើព្រះយេហូវ៉ាហើយនោះ ក៏មានការជួបប្រទះបញ្ហាទាំងនេះដែរ។ របាយការណ៍បានបង្ហាញថា ពួកអ្នកបំរើព្រះយេហូវ៉ាខ្លះ មានការពិបាកកាន់តែខ្លាំងឡើងៗក្នុងការបំពេញភារកិច្ចរបស់គេទាំងឡាយ ថ្វីបើគេចង់ធ្វើដូច្នេះក្ដី។ ពួកគេមានបន្ទុក អស់កម្លាំង ហើយនឿយហត់។ អ្នកខ្លះថែមទាំងគិតថាជាការធូរស្បើយ បើសិនជាពួកគេអាចបោះបង់ចោលអ្វីៗទាំងអស់ ហើយគេចខ្លួនរត់ទៅកន្លែងណាមួយ ដើម្បីនឹងបំបាត់ការព្រួយបារម្ភ និងឲ្យគេអាចមានគំនិតរបស់គេមកវិញ។ តើអ្នកដែលមានអារម្មណ៍ដូច្នោះទេ? តើអ្នកដឹងអ្នកណាម្នាក់ដែលអ្នកស្គាល់ជិតដិតនៅក្នុងស្ថានការណ៍នោះទេ? ត្រូវហើយ ការអញ្ជើញដ៏កក់ក្ដៅរបស់ព្រះយេស៊ូមានអត្ថន័យយ៉ាងខ្លាំងណាស់ចំពោះយើងរាល់គ្នានៅសព្វថ្ងៃនេះ។
១៣. ហេតុអ្វីបានជាយើងអាចទុកចិត្តថា ព្រះយេស៊ូអាចជួយយើងឲ្យមានការសម្រាលទុក្ខនិងការសំរាកនោះ?
១៣ មុននឹងព្រះយេស៊ូបានផ្ដល់ការអញ្ជើញដ៏ជាទីស្រឡាញ់របស់ទ្រង់នេះ ទ្រង់បានមានបន្ទូលថា៖ «គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ»។ (ម៉ាថាយ ១១:២៧) ដោយសារតែមានការទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងព្រះយេស៊ូនិងព្រះវរបិតារបស់ទ្រង់ យើងត្រូវបានធានារ៉ាប់រងថា ដោយទទួលយកការអញ្ជើញរបស់ព្រះយេស៊ូ ហើយក្លាយទៅជាសិស្សរបស់ទ្រង់នោះ យើងអាចមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ា ដែល«ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»។ (កូរិនថូសទី២ ១:៣; ប្រៀបធៀបយ៉ូហាន ១៤:៦) បន្ថែមទៀតនោះ ដោយសារតែ‹របស់ទាំងអស់បានផ្ដល់ទៅឲ្យទ្រង់›នោះ មានតែព្រះយេស៊ូគ្រីស្ទទេ ដែលមានអំណាចដើម្បីនឹងសម្រាលបន្ទុករបស់យើង។ តើបន្ទុកណាមួយទៅ? គឺបន្ទុកដែលពួកនយោបាយដ៏ពុករលួយ ពាណិជ្ជកម្ម និងប្រព័ន្ធសាសនាបានដាក់មកលើ ព្រមទាំងបន្ទុកពីបាបដែលយើងមានជាមរតក និងភាពមិនល្អឥតខ្ចោះរបស់យើង។ នេះជាអ្វីដែលគួរឲ្យលើកទឹកចិត្តនិងគួរឲ្យទុកចិត្តណាស់!
១៤. ពីកិច្ចការអ្វីដែលព្រះយេស៊ូអាចផ្ដល់ការត្រជាក់ត្រជំចិត្តនោះ?
១៤ ព្រះយេស៊ូក៏បានមានបន្ទូលបន្តទៅទៀតថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។ (ម៉ាថាយ ១១:២៨) យ៉ាងប្រាកដណាស់ ព្រះយេស៊ូមិនបានមានបន្ទូលប្រឆាំងនឹងការខំប្រឹងធ្វើការនោះទេ ដ្បិតទ្រង់តែងតែទូន្មានសិស្សរបស់ទ្រង់ឲ្យខំប្រឹងក្នុងកិច្ចការដែលគេមាន។ (លូកា ១៣:២៤) ប៉ុន្តែ ‹ការនឿយហត់› («ការងារដ៏លំបាក» Kingdom Interlinear) បញ្ជាក់នូវការងារធ្វើដ៏យូរហើយនឿយហត់ ហើយតែងតែគ្មានលទ្ធផលដ៏មានប្រយោជន៍នោះឡើយ។ ហើយ«ផ្ទុកធ្ងន់» មានអត្ថន័យថាត្រូវបានមានបន្ទុកដែលលើសហួសពីសមត្ថភាពធម្មតា។ នេះអាចប្រៀបប្រដូចទៅនឹងបុរសម្នាក់ដែលកំពុងតែជីករករតនសម្បត្ដិ នឹងបុរសម្នាក់ដែលជីករណ្ដៅនៅក្នុងជំរំកម្មករ។ ពួកគេទាំងពីរកំពុងតែធ្វើការដ៏ពិបាកដូចគ្នា។ តែចំពោះបុគ្គលម្នាក់ត្រូវបានខំប្រឹងធ្វើកិច្ចការដោយខ្នះខ្នែង ប៉ុន្តែចំពោះបុគ្គលម្នាក់ទៀត គឺធ្វើការដោយមិនគប្បីឥតឈប់ឈរ។ អ្វីដែលធ្វើមានភាពខុសគ្នានោះ គឺកិច្ចការដែលមានគោលបំណង ឬកិច្ចការដែលគ្មានគោលបំណង។
១៥. (ក) តើសំនួរអ្វីដែលយើងគួរតែសួរខ្លួនយើង បើសិនជាយើងគិតថាយើងលីបន្ទុកដ៏ធ្ងន់នៅលើស្មារបស់យើងនោះ? (ខ) តើប្រភពនៃបន្ទុករបស់យើងជាច្រើនទាំងប៉ុន្មាន អាចមានពីណាមក?
១៥ តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែ«នឿយព្រួយហើយផ្ទុកធ្ងន់» ហើយថានេះបានយកពេលវេលានិងកម្លាំងរបស់អ្នកជាច្រើនណាស់ឬ? តើបន្ទុកដែលអ្នកកំពុងតែលី ហាក់បីដូចជាធ្ងន់ហួសហេតុឬ? បើដូច្នេះមែន ប្រហែលជាល្អ ដែលត្រូវសួរខ្លួនថា៖ ‹តើខ្ញុំនឿយហត់សំរាប់អ្វី? តើមានបន្ទុកប្រភេទណាដែលខ្ញុំកំពុងតែលីនោះ›? ចំពោះរឿងនេះ អ្នកធ្វើអត្ថាធិប្បាយម្នាក់ខាងព្រះគម្ពីរបានសង្កេតឃើញថា ជាង៨០ឆ្នាំកន្លងទៅនេះ៖ «បើសិនជាយើងគិតពិចារណាអំពីបន្ទុកនៃជីវិត គឺមានប្រភេទពីរយ៉ាង។ ម្យ៉ាងយើងអាចហៅថា ជាការដាក់មកលើខ្លួន ម្យ៉ាងទៀតជាការដែលមិនអាចចៀសវាងបាន៖ គឺថាបន្ទុកដោយសារការប្រព្រឹត្តរបស់យើង ហើយនឹងបន្ទុកដែលមិនមានដោយសារការប្រព្រឹត្តរបស់យើង»។ រួចមកគាត់បានបន្ថែមទៀតថា៖ «យើងគ្រប់ៗគ្នានឹងមានការភ្ញាក់ផ្អើលណាស់ ក្រោយពីបានពិនិត្យខ្លួនឯងឲ្យបានហ្មត់ចត់ហើយ រកឃើញថាបន្ទុកជាច្រើនដែលយើងមាននោះ គឺដោយសារការដាក់មកលើខ្លួនឯង»។
១៦. តើបន្ទុកអ្វីខ្លះដែលយើងប្រហែលជាអាចដាក់មកលើខ្លួនឯងដោយគ្មានប្រាជ្ញានោះ?
១៦ តើមានបន្ទុកណាខ្លះ ដែលយើងអាចដាក់មកលើខ្លួនយើងនោះ? សព្វថ្ងៃនេះ យើងរស់នៅក្នុងលោកីយ៍ដែលសង្វាតរកតែប្រាក់ រកតែសេចក្ដីស្រឡាញ់កំសាន្ត និងដោយអសីលធម៌ផង។ (ធីម៉ូថេទី២ ៣:១-៥) សូម្បីតែជនគ្រីស្ទានដែលបានថ្វាយខ្លួនហើយនោះ ក៏ត្រូវបានបង្ខិតបង្ខំឲ្យធ្វើតាមរបៀបស្លៀកពាក់ ហើយបែបលំនាំក្នុងការរស់នៅនៃលោកីយ៍នេះដែរ។ សាវ័កយ៉ូហានបានសរសេរអំពី«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត»។ (យ៉ូហានទី១ ២:១៦) នេះជាអនុភាពដ៏ខ្លាំងក្លាដែលអាចមានឥទ្ធិពលមកលើយើង។ ត្រូវបានដឹងថា មនុស្សខ្លះសុខចិត្តជំពាក់ប្រាក់យ៉ាងច្រើន ដើម្បីឲ្យមានការកំសាន្តខាងលោកីយ៍ ឬក៏រក្សាបែបលំនាំក្នុងការរស់នៅមួយប្រភេទណាមួយ។ រួចមក ពួកគេឃើញថា គេត្រូវតែចំណាយពេលវេលាជាច្រើនទៅលើការងារ ឬក៏ទទួលធ្វើការងារបីបួន ដើម្បីនឹងរកប្រាក់សងបំណុលរបស់គេវិញ។
១៧. តើស្ថានការណ៍អ្វីដែលអាចធ្វើឲ្យកាន់តែពិបាកនឹងទ្រាំបន្ទុកនោះ ហើយតើអាចដោះស្រាយយ៉ាងណាបាន?
១៧ ថ្វីបើបុគ្គលម្នាក់អាចវែកញែកថា មិនជាការខុសទេ ក្នុងការមានអ្វីៗដែលអ្នកដទៃមាននោះ ឬដើម្បីនឹងធ្វើអ្វីមួយដែលអ្នកដទៃធ្វើនោះ ជាការសំខាន់ណាស់ ដែលគាត់ត្រូវតែវែកញែកថាតើគាត់បន្ថែមបន្ទុកដែលមិនចាំបាច់ទៅលើខ្លួនឬមិនដាក់។ (កូរិនថូសទី១ ១០:២៣) ដោយសារតែបុគ្គលម្នាក់ៗអាចលីបន្ទុកបានតែល្មមនោះ អ្វីមួយត្រូវតែបោះបង់ចោល ដើម្បីនឹងយកបន្ទុកមួយផ្សេងទៀតមកលី។ ជាញឹកញាប់ គឺអ្វីដែលជាការចាំបាច់សំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង—ដូចជាការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ការមកប្រជុំនិងការទៅដើរផ្សាយ—ដែលបានបោះបង់ចោលជាមុនគេនោះ។ ជាលទ្ធផលក៏មានបាត់បង់កម្លាំងខាងវិញ្ញាណ ដែលក្រោយមករឹតតែធ្វើឲ្យគេពិបាកនឹងទ្រាំបន្ទុកនោះ។ ព្រះយេស៊ូគ្រីស្ទបានព្រមាននឹងការគ្រោះថ្នាក់បែបនេះ កាលដែលទ្រង់បានមានបន្ទូលថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី»។ (លូកា ២១:៣៤, ៣៥; ហេព្រើរ ១២:១) នេះជាការពិបាកនឹងទទួលស្គាល់ពីអន្ទាក់និងការគេចខ្លួនចេញណាស់ បើសិនជាបុគ្គលម្នាក់មានបន្ទុកហើយនឿយហត់នោះ។
ការធូរស្បើយនិងការត្រជាក់ត្រជុំចិត្ត
១៨. តើព្រះយេស៊ូបានប្រទានអ្វីទៅដល់ពួកអ្នកដែលមករកទ្រង់?
១៨ ដូច្នេះ ដោយសេចក្ដីស្រឡាញ់ ព្រះយេស៊ូបានប្រទានផ្លូវដោះស្រាយថា៖ «ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។ (ម៉ាថាយ ១១:២៨) ពាក្យថា‹ការធូរស្បើយ›នៅទីនេះ ហើយ‹ឈប់សំរាក›នៅក្នុងខ២៩ គឺចេញមកពីពាក្យភាសាក្រិកដែលស្មើនឹងសេចក្ដីបកប្រែព្រះគម្ពីរសេតួជិន្ត ប្រើដើម្បីនឹងឲ្យអត្ថន័យពាក្យហេព្រើរសំរាប់«ថ្ងៃឈប់សំរាក»ឬក៏‹ការរក្សាថ្ងៃឈប់សំរាក›។ (និក្ខមនំ ១៦:២៣) ដូច្នេះហើយ ព្រះយេស៊ូមិនបានសន្យាទៅ ពួកអ្នកដែលមករកទ្រង់នោះនឹងត្រូវលែងមានការធ្វើនោះទេ ប៉ុន្តែទ្រង់បានសន្យាថា ទ្រង់នឹងសំរាកពួកគេដើម្បីឲ្យគេប្រុងប្រៀបសំរាប់កិច្ចការ ដែលពួកគេត្រូវធ្វើឲ្យបានស្របទៅតាមគោលបំណងរបស់ព្រះ។
១៩. តើ‹បុគ្គលម្នាក់មកឯព្រះយេស៊ូ›ដោយយ៉ាងណា?
១៩ ដូច្នេះ តើបុគ្គលម្នាក់អាច‹មកឯព្រះយេស៊ូ›ដោយយ៉ាងណា? ព្រះយេស៊ូបានមានបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា៖ «បើអ្នកណាចង់មកដើរតាមក្រោយខ្ញុំ ត្រូវឲ្យអ្នកនោះលះបង់ខ្លួនឯងចោល និងលីបង្គោលឈើទារុណកម្មរបស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ»។ (ម៉ាថាយ ១៦:២៤) ដូច្នេះ ការមកឯព្រះយេស៊ូបង្ហាញថា គឺការចុះចូលបំណងចិត្តរបស់ខ្លួនទៅតាមព្រះទ័យរបស់ព្រះនិងរបស់ព្រះគ្រីស្ទ ដោយទទួលយកបន្ទុកនៃភារកិច្ចណាមួយ ហើយដោយបន្តខំប្រឹងធ្វើជានិច្ច។ តើការទាំងនេះជាការទាមទារហួសពេកឬ? តើមានតម្លៃច្រើនពេកឬ? សូមឲ្យយើងពិចារណាមើលនូវអ្វីដែលព្រះយេស៊ូបានមានបន្ទូល ក្រោយពីទ្រង់បានប្រទានការអញ្ជើញដ៏ជាទីស្រឡាញ់ដល់ពួកអ្នកអស់កម្លាំងហើយនោះ។
តើអ្នកនៅចាំទេ?
◻ តាមរបៀបណាដែលពួកបណ្ដាជននៅសម័យព្រះយេស៊ូត្រូវបានមានបន្ទុកនោះ?
◻ តើកត្ដាពិតនៃផលវិបាករបស់មនុស្សជាអ្វីទៅ?
◻ តើយើងត្រូវពិនិត្យខ្លួនយើងយ៉ាងណា បើសិនជាយើងមានអារម្មណ៍ថាយើងមានបន្ទុកដ៏ធ្ងន់នោះ?
◻ តើមានបន្ទុកអ្វីខ្លះដែលយើងអាចដាក់មកលើខ្លួនយើងដោយគ្មានប្រាជ្ញានោះ?
◻ តើយើងអាចទទួលការត្រជាក់ត្រជុំពីកិច្ចសន្យារបស់ព្រះយេស៊ូដោយយ៉ាងណា?
[រូបភាពនៅទំព័រ២៥]
តើមានបន្ទុកអ្វីខ្លះដែលយើងអាចធ្វើឲ្យមានមកលើខ្លួនយើងនោះ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២៥]
Courtesy of Bahamas Ministry of Tourism