បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១១ ទំ. ២៧-៣២
  • «នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • នឹម​ដ៏​ងាយ
  • បន្ទុក​ដ៏​ស្រាល
  • «សេចក្ដី​សំរាក​ដល់​ព្រលឹង»
  • លោកយេស៊ូធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • វិធីបន្ធូរអារម្មណ៍តានតឹងយ៉ាងមានប្រសិទ្ធិភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • «ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • «ចូរទទួលនឹមខ្ញុំ»
    ២០០៨ កិច្ចបម្រើព្រះ
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១១ ទំ. ២៧-៣២

«នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»

«ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ»។—ម៉ាថាយ ១១:២៩

១, ២. (ក) តើ​អ្នក​បាន​ពិសោធ​អ្វី​ក្នុង​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ត្រជាក់ត្រជុំ​ចិត្ត? (ខ) តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​នឹង​ទទួល​ការ​ត្រជាក់ត្រជុំ​ចិត្ត​ដែល​ព្រះ​យេស៊ូ​បាន​សន្យា​មក​នោះ?

ការ​ងូត​ទឹក​ដ៏​ត្រជាក់ ក្រោយ​ពី​ថ្ងៃ​ដ៏​ក្ដៅ​ហើយ​ស្អុះស្អាប់ ឬ​ការ​ដេក​លក់​ដ៏​ស្រួល ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដ៏​អស់​កម្លាំង​មួយ—នេះ​ជា​ការ​គួរ​ឲ្យ​ត្រជាក់ត្រជុំ​ចិត្ត​ណាស់! យ៉ាង​ដូច្នេះ​ដែរ នៅ​ពេល​ដែល​បន្ទុក​ដ៏​ធ្ងន់​មួយ​ឬ​នៅ​ពេល​បាប​និង​ការ​ប្រព្រឹត្ត​កន្លង​មួយ​ត្រូវ​បាន​អត់​ឱន​ទោស​ឲ្យ​នោះ។ (សុភាសិត ២៥:២៥; កិច្ចការ ៣:១៩) ការ​ត្រជាក់ត្រជុំ​ចិត្ត​ដែល​មាន​មក​ពី​ការ​ពិសោធ​ដ៏​រំភើប​ចិត្ត ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ដើម្បី​នឹង​បន្ត​ទៅ​មុខ​ទៀត។

២ អស់​អ្នក​ដែល​មាន​បន្ទុក​ហើយ​នឿយ​ហត់​នោះ អាច​មក​ឯ​ព្រះ​យេស៊ូ ពីព្រោះ​ទ្រង់​បាន​សន្យា​ពួក​គេ​ថា​នឹង—ធ្វើ​ឲ្យ​ត្រជាក់ត្រជុំ​ចិត្ត។ ប៉ុន្តែ ដើម្បី​នឹង​រក​ការ​ត្រជាក់ត្រជុំ​ចិត្ត​ដែល​យើង​ចង់​បាន​នោះ គឺ​មាន​អ្វី​មួយ​ដែល​បុគ្គល​ម្នាក់​ត្រូវ​សុខ​ចិត្ត​ធ្វើ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ . . . នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​[ការ​ត្រជាក់ត្រជុំ]​ដល់​ព្រលឹង»។ (ម៉ាថាយ ១១:២៩) តើ​នឹម​នេះ​ជា​អ្វី​ទៅ? តើ​អាច​ធ្វើ​ឲ្យ​មាន​ការ​ត្រជាក់ត្រជុំ​យ៉ាង​ណា​បាន?

នឹម​ដ៏​ងាយ

៣. (ក) តើ​នឹម​ប្រភេទ​ណា​ដែល​បាន​ប្រើ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ​នោះ? (ខ) តើ​នឹម​ជា​អត្ថបដិរូប​មាន​អត្ថន័យ​យ៉ាង​ណា?

៣ ដោយ​រស់​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ស្រែ​ចំការ ព្រះ​យេស៊ូ​និង​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​ច្បាស់​ជា​ដឹង​អំពី​នឹម​ហើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ នឹម​គឺ​ធ្វើ​ឡើង​ពី​ឈើ​ធ្នឹម​ដ៏​វែង​មួយ ដែល​មាន​កន្លែង​ផត​ខូង​ចូល​ពីរ​នៅ​ខាង​ក្រោម ដើម្បី​នឹង​ដាក់​លើក​សត្វ​មួយ​គូរ ដែល​ធម្មតា​ជា​គោ​ឈ្មោល ដែល​យក​មក​ទឹម​សំរាប់​អូស​រទេះ នង្គ័ល ឬ​ក៏​អ្វី​ផ្សេងៗទៀត។ (សាំយូអែលទី១ ៦:៧) នឹម​សំរាប់​មនុស្ស​ក៏​បាន​ត្រូវ​ប្រើ​ដែរ។ នេះ​ជា​ធ្នឹម​ធម្មតា​ឬ​ដំបង​ឈើ​ដែល​លី​លើ​ស្មា​ដែល​មាន​ទម្ងន់​ដាក់​នៅ​ទាំង​សង​ខាង។ ពួក​អ្នក​កម្មករ​អាច​រែក​ទម្ងន់​ដ៏​ធ្ងន់ៗបាន​ដោយ​ដំបង​ឈើ​នេះ។ (យេរេមា ២៧:២; ២៨:១០, ១៣) ពី​ការ​ទាក់ទង​នឹង​បន្ទុក​និង​កម្មករ នឹម​ធម្មតា​តែង​តែ​ប្រើ​ជា​អត្ថបដិរូប​នៅ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​នឹង​តំណាង​ការ​គ្រប​សង្កត់ និង​ការ​ត្រួតត្រា។—ចោទិយកថា ២៨:៤៨; ពង្សាវតារក្សត្រទី១ ១២:៤; កិច្ចការ ១៥:១០

៤. តើ​នឹម​ដែល​ព្រះ​យេស៊ូ​ប្រទាន​ដល់​ពួក​អ្នក​ដែល​មក​ឯ​ទ្រង់​បាន​តំណាង​នឹង​អ្វី?

៤ ដូច្នេះ តើ​នឹម​ដែល​ព្រះ​យេស៊ូ​បាន​អញ្ជើញ​អស់​អ្នក​ឲ្យ​មក​រក​ទ្រង់ ចំពោះ​ការ​ត្រជាក់ត្រជុំ​ដែល​គេ​ត្រូវ​យក​នោះ ជា​អ្វី​ទៅ? នៅ​ចាំ​ទេ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ»។ (ម៉ាថាយ ១១:២៩) អ្នក​រៀន​គឺ​ជា​សិស្ស។ ដូច្នេះ​ការ​យក​នឹម​របស់​ព្រះ​យេស៊ូ គឺ​មាន​ន័យ​ថា នឹង​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់។ (ភីលីព ៤:៣) ប៉ុន្តែ គ្រាន់​តែ​ទទួល​ស្គាល់​ការ​បង្រៀន​របស់​ទ្រង់​នោះ គឺ​មិន​គ្រប់គ្រាន់​ទេ គឺ​មាន​តម្រូវ​ថែម​ទៀត។ គឺ​តម្រូវ​ឲ្យ​មាន​សកម្មភាព​ដែល​ស្រប​ទៅ​តាម​ការ​បង្រៀន​នោះ—គឺ​ធ្វើ​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ហើយ​ប្រកប​ជីវិត​តាម​បែប​បទ​ដូច​ទ្រង់​ដែរ។ (កូរិនថូសទី១ ១១:១; ពេត្រុសទី១ ២:២១) យើង​ត្រូវ​តែ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​នឹង​អំណាច​របស់​ទ្រង់ ហើយ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ផ្ទេរ​អំណាច​ទៅ​ឲ្យ​នោះ។ (អេភេសូរ ៥:២១; ហេព្រើរ ១៣:១៧) នេះ​មាន​ន័យ​ថា​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​ខ្លួន ជ្រមុជ​ទឹក​ជា​ជន​គ្រីស្ទាន ហើយ​ទទួល​យក​សិទ្ធិ​និង​ភារកិច្ច​ទាំង​ប៉ុន្មាន​ដែល​មាន​មក ដោយសារ​ការ​ឧទ្ទិស​ថ្វាយ​ព្រះ។ នេះ​ហើយ​ជា​នឹម ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ទៅ​ដល់​ពួក​អ្នក​ដែល​មក​រក​ទ្រង់ ចំពោះ​ការ​សម្រាល​ទុក្ខ​និង​ការ​ត្រជាក់ត្រជុំ​ចិត្ត។ តើ​អ្នក​សុខ​ចិត្ត​នឹង​ទទួល​យក​ទេ?—យ៉ូហាន ៨:៣១, ៣២

៥. ហេតុ​អ្វី​ក៏​មិន​ជា​ការ​ពិសោធ​ដ៏​ពិបាក​ក្នុង​ការ​ទទួល​យក​នឹម​របស់​ព្រះ​យេស៊ូ​នោះ?

៥ ការ​ស្វែង​រក​ការ​ត្រជាក់ត្រជុំ​ចិត្ត ដោយ​ទទួល​យក​នឹម—តើ​នេះ​មិន​ជា​ការ​ផ្ទុយ​គ្នា​ទេ​ឬ? គឺ​ពិត​ជា​មិន​ដូច្នេះ​ទេ ពីព្រោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា នឹម​របស់​ទ្រង់​គឺ​«ងាយ»។ ពាក្យ​នេះ​មាន​ន័យ​ដូច​ជា ស្លូត គួរ​ជា​ទី​ចូល​ចិត្ត ស្រួល។ (ម៉ាថាយ ១១:៣០; លូកា ៥:៣៩; រ៉ូម ២:៤; ពេត្រុសទី១ ២:៣) ដោយសារ​តែ​ទ្រង់​ជា​បុគ្គល​ជំនាញ​ខាង​ជាង​ឈើ​នោះ ព្រះ​យេស៊ូ​ច្បាស់​ជា​ធ្លាប់​បាន​ធ្វើ​នង្គ័ល​និង​នឹម​ហើយ ហើយ​ទ្រង់​ច្បាស់​ជា​ដឹង​ពី​ការ​ធ្វើ​នឹម​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​នឹង​ទ្រទ្រង់​កិច្ចការ​ដែល​អាច​ធ្វើ​ឡើង​ឲ្យ​បាន​យ៉ាង​ស្រួល។ ទ្រង់​ក៏​អាច​បាន​ដាក់​ទ្រនាប់​ឬ​ស្បែក​នៅ​ក្រោម​នឹម​ដែរ។ នឹម​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដូច្នេះ ដើម្បី​កុំ​ឲ្យ​រលាក​ក​សត្វ​ហួស​ហេតុ​ពេក។ តាម​របៀប​នេះ​ដែរ នឹម​ដែល​ជា​អត្ថបដិរូប​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក​យើង​នេះ គឺ​«ងាយ»។ ថ្វី​បើ​សិស្ស​របស់​ទ្រង់​មាន​ការ​ទាក់ទង​នឹង​កាតព្វកិច្ច​និង​ភារកិច្ច​ខ្លះ​ក្ដី នេះ​មិន​មែន​ជា​ការ​ឃោរឃៅ​ឬ​ការ​គ្រប​សង្កត់​ឡើយ ប៉ុន្តែ​ជា​ការ​ត្រជាក់​ចិត្ត​ទៅ​វិញ។ បញ្ជា​នៃ​ព្រះ​វរបិតា​របស់​ទ្រង់ ព្រះ​យេហូវ៉ា​ក៏​មិន​មែន​ជា​បន្ទុក​ដែរ។—ចោទិយកថា ៣០:១១; យ៉ូហានទី១ ៥:៣

៦. តើ​ព្រះ​យេស៊ូ​ប្រហែល​ជា​មាន​ន័យ​យ៉ាង​ណា កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទទួល​នឹម​ខ្ញុំ»​នោះ?

៦ គឺ​មាន​អ្វី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​នឹម​របស់​ព្រះ​យេស៊ូ «ងាយ» ឬ​ស្រួល​នឹង​ទ្រាំ​នោះ។ កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទទួល​នឹម​ខ្ញុំ» ទ្រង់​អាច​មាន​ន័យ​ថា​អំពី​អ្វី​មួយ​ក្នុង​ន័យ​ពីរ​យ៉ាង។ បើសិន​ជា​ទ្រង់​ចង់​មាន​ន័យ​អំពី​នឹម​ដែល​យក​មក​ផ្ទឹម​គោ​ដើម្បី​នឹង​អូស​ទម្ងន់​នោះ បើ​ដូច្នេះ​មែន ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មក​ក្រោម​នឹម​ជា​មួយ​នឹង​ទ្រង់​ដែរ។ នេះ​ជា​ប្រសិទ្ធិពរ​ដ៏​ល្អ​ណាស់—ដែល​មាន​ព្រះ​យេស៊ូ​នៅ​ខាង​យើង ជួយ​អូស​ទម្ងន់​ជា​មួយ​នឹង​យើង​នោះ! ម្យ៉ាង​វិញ​ទៀត បើសិន​ជា​ព្រះ​យេស៊ូ​មាន​ន័យ​អំពី​នឹម​ដែល​ពួក​កម្មករ​បាន​ប្រើ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​មធ្យោបាយ ដែល​យើង​អាច​ធ្វើ​ឲ្យ​ការ​លី​នោះ​ឲ្យ​បាន​ស្រួល ហើយ​អាច​ទប់ទល់​ទៅ​បាន។ ផ្លូវ​មួយ​ណា​ក្ដី នឹម​របស់​ទ្រង់​ជា​ប្រភព​នៃ​ការ​ត្រជាក់ត្រជុំ​ចិត្ត​ដ៏​ពិត ពីព្រោះ​ទ្រង់​បាន​ធានា​ប្រាប់​យើង​ថា៖ «ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព»។

៧, ៨. តើ​មនុស្ស​ខ្លះ​បាន​ធ្វើ​កំហុស​អ្វី នៅ​ពេល​ដែល​គេ​មាន​ភាព​តានតឹង​នោះ?

៧ បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច បើ​យើង​គិត​ថា​បន្ទុក​នៃ​បញ្ហា​ជីវិត​ដែល​យើង​កំពុង​តែ​លី កាន់​តែ​ទ្រាំ​មិន​បាន ហើយ​យើង​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នោះ? ដោយ​យល់​ខុស អ្នក​ខ្លះ​មាន​អារម្មណ៍​ថា នឹម​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ពិបាក​ណាស់ ថ្វី​បើ​គឺ​ជា​ជីវភាព​ប្រចាំ​ជីវិត​នោះ​ទេ ដែល​ជា​បន្ទុក​របស់​គេ​វិញ​នោះ។ បុគ្គល​ខ្លះ​ដែល​នៅ​ក្នុង​ស្ថានការណ៍​នេះ បាន​ឈប់​លែង​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន ឬ​ពួក​គេ​លែង​ទៅ​ដើរ​ផ្សាយ ដោយ​គិត​ថា​ប្រហែល​ជា​គេ​នឹង​មាន​ការ​ធូរ​ស្បើយ​ខ្លះ។ ប៉ុន្តែ នេះ​ជា​ការ​ខុស​ដ៏​ធ្ងន់​មួយ។

៨ យើង​ដឹង​ថា នឹម​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​នោះ​គឺ​«ងាយ»។ បើសិន​ជា​យើង​មិន​ពាក់​នឹម​នេះ​ឲ្យ​បាន​ស្រួលបួល នេះ​ក៏​អាច​ទៅ​ជា​រលាក​បាន​ដែរ។ ក្នុង​ករណី​នេះ យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​នូវ​នឹម​ដែល​យើង​ទឹម​លើ​ស្មា​របស់​យើង​នោះ។ បើសិន​ជា​ចំពោះ​មូលហេតុ​ណា​មួយ នឹម​នោះ​វា​ខូច ឬ​ទឹម​មិន​ត្រឹម​ត្រូវ​នោះ នេះ​មិន​គ្រាន់​តែ​ខំ​ប្រឹង​ប្រើ​ថែម​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ជា​លទ្ធផល​ក៏​ធ្វើ​យើង​ឲ្យ​មាន​ការ​ឈឺចាប់​ផង។ បើ​និយាយ​ម្យ៉ាង​ទៀត បើសិន​ជា​សកម្មភាព​របស់​ព្រះ​ចាប់​ផ្ដើម​ហាក់បី​ដូច​ជា​បន្ទុក​ដល់​យើង​នោះ យើង​ត្រូវ​តែ​ឆែក​ពិនិត្យ​មើល​ថា​តើ​យើង​ប្រព្រឹត្ត​តាម​របៀប​ត្រឹម​ត្រូវ​ឬ​ទេ។ តើ​យើង​មាន​បំណង​ចិត្ត​យ៉ាង​ណា ចំពោះ​អ្វី​ដែល​យើង​ធ្វើ​នោះ? តើ​យើង​បាន​រៀប​ចំ​គ្រប់គ្រាន់​ទេ នៅ​ពេល​ដែល​យើង​ទៅ​ឯ​កិច្ច​ប្រជុំ? នៅ​ពេល​ដែល​យើង​ទៅ​ដើរ​ផ្សាយ តើ​យើង​បាន​រៀប​ចំ​ខាង​រូប​រាង​កាយ​និង​ខាង​គំនិត​ឬ​ទេ? តើ​យើង​មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ហើយ​ដ៏​ល្អ​ជា​មួយ​អ្នក​ដទៃ​ក្នុង​ក្រុមជំនុំ​ទេ? ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ ថា​តើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​យ៉ាង​ណា​ដែរ?

៩. ហេតុ​អ្វី​ក៏​នឹម​គ្រីស្ទាន​មិន​មែន​ជា​បន្ទុក​ដែល​ទ្រាំ​មិន​បាន​នោះ?

៩ នៅ​ពេល​ដែល​យើង​ទទួល​យក​ដោយ​អស់​ពី​ចិត្ត​នូវ​នឹម​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក ហើយ​រៀន​ឲ្យ​ចេះ​លី​ឲ្យ​បាន​ស្រួលបួល​នោះ គឺ​នឹង​មិន​មាន​មូលហេតុ​ណា​ដែល​ថា ជា​បន្ទុក​ដែល​ហាក់បី​ដូច​ជា​លី​មិន​បាន​នោះ​ទេ។ តាម​ការ​ពិត បើសិន​ជា​យើង​អាច​គិត​អំពី​ស្ថានការណ៍​នេះ—ព្រះ​យេស៊ូ​គឺ​នៅ​ក្រោម​នឹម​ជា​មួយ​នឹង​យើង​ដែរ—គឺ​មិន​ជា​ការ​ពិបាក​ទេ ក្នុង​ការ​ឃើញ​ថា​អ្នក​ណា​ដែល​កំពុង​តែ​លី​បន្ទុក​ភាគ​ច្រើន​នោះ។ នេះ​គឺ​ដូច​នឹង​កូន​ក្មេង​ដែល​ផ្អែក​នៅ​លើ​ដៃ​កៅអ៊ី​របស់​វា ដោយ​គិត​ថា​វា​កំពុង​តែ​រុញ​ទៅ​មុខ ប៉ុន្តែ​តាម​ការ​ពិត គឺ​ជា​ឪពុក​ម្ដាយ​ទេ ដែល​ជា​អ្នក​រុញ​ទៅ​មុខ​នោះ។ ជា​ព្រះ​វរបិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ទ្រង់​ដឹង​ច្បាស់​អំពី​ការ​ខ្វះ​ខាត​និង​គុណវិបត្ដិ​របស់​យើង ហើយ​ទ្រង់​នឹង​ជួយ​យើង​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្ដិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។—ភីលីព ៤:១៩; ប្រៀបធៀប​អេសាយ ៦៥:២៤

១០. ចំពោះ​ពួក​អ្នក​ដែល​ទទួល​ធ្វើ​ជា​សិស្ស​យ៉ាង​ត្រឹម​ត្រូវ​នោះ តែង​តែ​មាន​ការ​ពិសោធ​យ៉ាង​ណា​ដែរ?

១០ ជន​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​ជា​ច្រើន បាន​ដឹង​អំពី​រឿង​នេះ​តាម​រយៈ​ការ​ពិសោធ​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ នាង​ចិន​នី បាន​ដឹង​ថា ការ​បំរើ​ព្រះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​រៀង​រាល់​ខែ ហើយ​ធ្វើ​ការ​ពេញ​ពេល​ខាង​លោកីយ៍​ដែល​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​តានតឹង​ណាស់។ ប៉ុន្តែ​នាង​មាន​អារម្មណ៍​ថា កិច្ចការ​ជា​អ្នក​ត្រួសត្រាយ​បាន​ជួយ​នាង​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ខាង​ផ្លូវ​ចិត្ត។ ការ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ហើយ​ឃើញ​ពួក​គេ​កែ​ប្រែ​ជីវិត​របស់​គេ ដើម្បី​ឲ្យ​ព្រះ​គាប់​ព្រះ​ហឫទ័យ—នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​មាន​អំណរ​ដ៏​ខ្លាំង​ក្នុង​ជីវិត​ដ៏​រវល់​របស់​នាង។ នាង​បាន​យល់​ស្រប​អស់​ពី​ចិត្ត​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​សុភាសិត ដែល​ចែង​ថា៖ «អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ»។—សុភាសិត ១០:២២

បន្ទុក​ដ៏​ស្រាល

១១, ១២. តើ​ព្រះ​យេស៊ូ​បាន​មាន​ន័យ​យ៉ាង​ណា នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «បន្ទុក​ខ្ញុំ​ក៏​ស្រាល»?

១១ ក្នុង​ការ​បន្ថែម​ចំពោះ​សន្យា​នឹង​យើង​អំពី​នឹម​ដ៏​«ងាយ» ព្រះ​យេស៊ូ​បាន​ធានា​រ៉ាប់​រង​យើង​ថា៖ «បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ នឹម​ដ៏​«ងាយ»​បាន​ធ្វើ​ឲ្យ​ការងារ​បាន​ស្រួល​ទៅ​ហើយ ប៉ុន្តែ​បើសិន​ជា​បន្ទុក​បាន​សម្រាល​ដែរ​នោះ គឺ​ច្បាស់​ជា​គួរ​ឲ្យ​ចូល​ចិត្ត​នឹង​ធ្វើ​ការងារ​ណាស់។ ប៉ុន្តែ តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ដោយ​មាន​បន្ទូល​បែប​នោះ?

១២ ចូរ​ពិចារណា​មើល​នូវ​អ្វី​ដែល​អ្នក​ចំការ​ម្នាក់​នឹង​ធ្វើ កាល​ដែល​គាត់​ចង់​ផ្ដូរ​កិច្ចការ​សំរាប់​សត្វ​របស់​គាត់។ ជា​ឧទាហរណ៍ ផ្លាស់​ពី​ការ​រាស់​ដី​ទៅ​នឹង​ទាញ​រទេះ។ មុន​ដំបូង​គាត់​នឹង​យក​នង្គ័ល​ចេញ​សិន ហើយ​រួច​មក គាត់​នឹង​យក​រទេះ​មក​ភ្ជាប់។ គឺ​ច្បាស់​ជា​មិន​សម​ហេតុ​ផល​ទេ បើ​គាត់​យក​នង្គ័ល​និង​រទេះ​មក​ទឹម​នឹង​សត្វ​របស់​គាត់​នោះ។ យ៉ាង​ដូច្នេះ​ដែរ ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ប្រាប់​ពួក​បណ្ដាជន​ឲ្យ​ដាក់​បន្ទុក​របស់​ទ្រង់ ទៅ​លើ​បន្ទុក​ដែល​គេ​កំពុង​តែ​លី​ហើយ​នោះ​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ»។ (លូកា ១៦:១៣) ដូច្នេះ ព្រះ​យេស៊ូ​កំពុង​តែ​ប្រទាន​ឲ្យ​ពួក​គេ​នូវ​ការ​ជ្រើសរើស។ តើ​ពួក​គេ​នឹង​បន្ត​លី​បន្ទុក​ដ៏​ធ្ងន់​របស់​គេ​ទៀត ឬ​ក៏​ពួក​គេ​នឹង​ដាក់​ចោល ហើយ​ទទួល​ព្រម​នូវ​អ្វី​ដែល​ទ្រង់​ប្រទាន​មក​នោះ? ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​គេ​នូវ​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​ថា៖ «បន្ទុក​ខ្ញុំ​ក៏​ស្រាល»។

១៣. តើ​បន្ទុក​អ្វី​ដែល​ពួក​បណ្ដាជន​ក្នុង​សម័យ​ព្រះ​យេស៊ូ​បាន​លី ហើយ​មាន​លទ្ធផល​យ៉ាង​ណា​ខ្លះ?

១៣ ក្នុង​សម័យ​ព្រះ​យេស៊ូ ពួក​បណ្ដាជន​បាន​លី​បន្ទុក​ដ៏​ធ្ងន់​ដែល​បាន​ដាក់​មក​លើ​ពួក​គេ ដោយ​ពួក​គ្រប់គ្រង​រ៉ូម៉ាំង ហើយ​និង​ពួក​មេ​ដឹក​នាំ​សាសនា​ដែល​លាក់ពុត និង​គ្រាន់​តែ​បង្គ្រប់​កិច្ច​នោះ។ (ម៉ាថាយ ២៣:២៣) ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​នឹង​បំបាត់​ចោល​បន្ទុក​របស់​ពួក​រ៉ូម៉ាំង ពួក​បណ្ដាជន​ខ្លះ​បាន​ព្យាយាម​ដោះ​ស្រាយ​រឿង​នេះ​ដោយ​ខ្លួន​គេ។ ពួក​គេ​ក៏​បាន​ទាក់ទង​នឹង​នយោបាយ តែ​ក្រោយ​មក​បាន​ជួប​ប្រទះ​តែ​ការ​ហិន​ហោច​ទៅ​វិញ។ (កិច្ចការ ៥:៣៦, ៣៧) អ្នក​ខ្លះ​ទៀត​បាន​ប្ដេជ្ញា​ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​របស់​គេ​ប្រសើរ​ឡើង ដោយ​ចូរ​ទាក់ទង​រក​ប្រាក់កាស។ (ម៉ាថាយ ១៩:២១, ២២; លូកា ១៤:១៨​-​២០) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​ផ្លូវ​ដើម្បី​នឹង​ជួយ​សម្រាល​ពួក​គេ ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់ មាន​ពួក​បណ្ដាជន​ភាគ​តិច​ណាស់​ដែល​បាន​ទទួល​យក​នោះ។ ពួក​គេ​មាន​ចិត្ត​ស្ទាក់ស្ទើរ​មិន​ចង់​ដាក់​ចុះ​បន្ទុក​ដ៏​ធ្ងន់​ដែល​ពួក​គេ​កំពុង​តែ​លី ហើយ​មក​ទទួល​យក​បន្ទុក​របស់​ទ្រង់​នេះ​ទេ។ (លូកា ៩:៥៩​-​៦២) នេះ​ជា​កំហុស​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​មែន!

១៤. តើ​ការ​មាន​ចិត្ត​ទុក្ខ​ព្រួយ​ក្នុង​ជីវិត​និង​ការ​ចង់​បាន​ប្រាក់កាស​ហួស​ហេតុ អាច​ទៅ​ជា​បន្ទុក​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ បើសិន​ជា​យើង​មិន​ប្រយ័ត្ន យើង​ក៏​អាច​ប្រព្រឹត្ត​ខុស​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ការ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់ ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ការ​ខំ​ប្រឹង​រក​ទិសដៅ​និង​តម្លៃ​ដូច​មនុស្ស​នៅ​ក្នុង​លោកីយ៍។ ថ្វី​បើ​យើង​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​នឹង​ឲ្យ​មាន​របស់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ក្ដី យើង​មិន​យក​របស់​ទាំង​នេះ​ទុក​ជា​របស់​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ទេ។ ប៉ុន្តែ សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ជីវិត ហើយ​ការ​ល្បួង​រក​ទ្រព្យ​សម្បត្ដិ​ឲ្យ​បាន​ស្រណុក ក៏​អាច​ទាញ​ចិត្ត​យើង​យ៉ាង​ខ្លាំង​ដែរ។ បើសិន​ជា​យើង​អនុញ្ញាត​ឲ្យ​កើត​ឡើង​នោះ ចេតនា​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​យើង​ថប់​បារម្ភ​នឹង​សេចក្ដី​ពិត ដែល​យើង​ធ្លាប់​បាន​ខំ​ទទួល​យក​យ៉ាង​ខ្នះខ្នែង​នោះ។ (ម៉ាថាយ ១៣:២២) យើង​អាច​ទៅ​ជា​រវល់​ដល់​ម្ល៉េះ​ក្នុង​ការ​បំពេញ​ចេតនា​បែប​នេះ ដែល​ភារកិច្ច​ខាង​ជន​គ្រីស្ទាន​របស់​យើង​អាច​ក្លាយ​ទៅ​ជា​កាតព្វកិច្ច​ដ៏​អស់​កម្លាំង ដែល​យើង​គ្រាន់​តែ​ចង់​ឲ្យ​សម្រេច​ឆាប់​រហ័ស​ទៅ។ យើង​ច្បាស់​ជា​មិន​អាច​ទទួល​នូវ​ការ​ត្រជាក់ត្រជុំ​ចិត្ត​ពី​ការ​បំរើ​ព្រះ​របស់​យើង​ឡើយ បើសិន​ជា​ធ្វើ​ឡើង​តាម​ចិត្ត​គំនិត​បែប​នេះ។

១៥. តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ការ​ព្រមាន​អ្វី​ខ្លះ ចំពោះ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​នោះ?

១៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ថា ជីវិត​ដែល​ស្កប់​ចិត្ត​អាច​មាន​មក​តែ​ពី​ការ​ធ្វើ​ឲ្យ​បាន​ប្រាកដប្រជា​នូវ​របស់​ដ៏​សំខាន់​ក្នុង​ជីវិត មិន​មែន​មក​ពី​ការ​ខំ​ខ្នះខ្នែង​បំពេញ​បំណង​ចិត្ត​របស់​យើង​នោះ​ទេ។ ទ្រង់​បាន​ដាស់​តឿន​ថា៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​បំពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប​កាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី»? រួច​មក​ទ្រង់​បាន​ទាញ​អារម្មណ៍​របស់​យើង​ទៅ​នឹង​សត្វ​នៅ​លើ​អាកាស ហើយ​បាន​មាន​បន្ទូល​ថា៖ «វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា»។ ក្នុង​ការ​សំដៅ​ទៅ​នឹង​ផ្កា​ឈូក​នៅ​ក្នុង​បឹង ទ្រង់​បាន​មាន​បន្ទូល​ថា៖ «វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រា​វរ​វៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន​ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង»។—ម៉ាថាយ ៦:២៥​-​២៩

១៦. តើ​ការ​ពិសោធ​បាន​បង្ហាញ​យ៉ាង​ណា​ចំពោះ​ឥទ្ធិពល​នៃ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ?

១៦ តើ​យើង​អាច​រៀន​អ្វី​ពី​មេ​រៀន​ទាំង​នេះ​ទេ? នេះ​ជា​ការ​ពិសោធ​ទូទៅ ពេល​ណា​ដែល​បុគ្គល​ម្នាក់​ខំ​ប្រឹង​ធ្វើ​ឲ្យ​ជីវិត​របស់​គាត់​ប្រសើរ​ឡើង​ខាង​ប្រាក់កាស​នោះ គឺ​គាត់​ច្បាស់​ជា​ជាប់​នឹង​ការ​ស្វែង​រក​ខាង​លោកីយ៍ ហើយ​នឹង​មាន​បន្ទុក​រឹតតែ​ធ្ងន់​ឡើងៗ។ លោកីយ៍​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​សហ​គ្រិន ដែល​បាន​ទទួល​ខាង​ទ្រព្យ​សម្បត្ដិ ដោយ​បាក់​បែក​ខាង​ក្រុម​គ្រួសារ បាន​ខូច​ដល់​អាពាហ៍ពិពាហ៍ ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត។ (លូកា ៩:២៥; ធីម៉ូថេទី១ ៦:៩, ១០) អាលប៊ឺត អាញស្ដាញ ដែល​ជា​អ្នក​បាន​ទទួល​រង្វាន់​ដ៏​ខ្ពង់​ខ្ពស់ នៅ​ពេល​មួយ​បាន​មាន​ប្រសាសន៍​ថា៖ «សម្បត្ដិ ការ​មាន​ជោគជ័យ ការ​ល្បី​ល្បាញ ដំណើរ​មាន​គ្រឿង​ប្រណី​ត​គ្រប់​យ៉ាង—របស់​ទាំង​នេះ​ខ្ញុំ​តែង​តែ​ស្អប់​ជានិច្ច។ ខ្ញុំ​ជឿ​ថា​ការ​ប្រកប​ជីវិត​ដោយ​មិន​ស្មុគស្មាញ​និង​ដ៏​រាប​ទាប គឺ​ជា​ការ​ដ៏​ប្រសើរ​ចំពោះ​មនុស្ស​គ្រប់ៗគ្នា»។ ការ​មាន​ប្រសាសន៍​បែប​នេះ គ្រាន់​តែ​ជា​អ្វី​ដែល​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល​ដែល​បាន​ថ្លែង​ថា៖ «តែ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន»។—ធីម៉ូថេទី១ ៦:៦

១៧. តើ​ការ​ប្រកប​ជីវភាព​ប្រភេទ​ណា ដែល​ព្រះ​គម្ពីរ​បាន​ឲ្យ​យោបល់​នោះ?

១៧ គឺ​មាន​ទិដ្ឋភាព​ដ៏​សំខាន់​មួយ​ដែល​យើង​មិន​ត្រូវ​ភ្លេច​បាន។ ថ្វី​បើ​«ការ​ប្រកប​ជីវិត​ដោយ​មិន​ស្មុគស្មាញ​និង​ដ៏​រាប​ទាប»​មាន​ប្រយោជន៍​ជា​ច្រើន​ក្ដី តែ​នេះ​មិន​មែន​ជា​អ្វី​តែ​មួយ​គត់​ដែល​ផ្ដល់​នូវ​ការ​ស្កប់ស្កល់​ចិត្ត​នោះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ជីវភាព​របស់​គេ​គឺ​មិន​ស្មុគស្មាញ ដោយសារ​តែ​កាលៈទេសៈ ប៉ុន្តែ​ពួក​គេ​ក៏​មិន​ស្កប់​ចិត្ត​ឬ​សប្បាយ​ចិត្ត​ឡើយ។ ព្រះ​គម្ពីរ​មិន​មែន​ដាស់​តឿន​យើង​ឲ្យ​បោះបង់​ចោល​ការ​កំសាន្ត​ខាង​ប្រាក់កាស ហើយ​ប្រកប​ជីវិត​ជា​ឥសី​នោះ​ទេ។ ព្រះ​គម្ពីរ​ដៅ​បញ្ជាក់​លើ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ មិន​មែន​ទៅ​លើ​ការ​មាន​គ្រប់គ្រាន់​ខ្លួន​ឯង​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​យើង​រួម​បញ្ចូល​របស់​ទាំង​ពីរ​នេះ ទើប​យើង​«មាន​ប្រយោជន៍​ដ៏​ច្រើន»។ តើ​មាន​ប្រយោជន៍​អ្វី? នៅ​ក្នុង​សំបុត្រ​ដដែល​នោះ ប៉ុល​បាន​បង្ហាញ​ប្រាប់​ថា ពួក​ណា​ដែល​‹មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ ជាជាង​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ›​នឹង​‹ប្រមូល​បាន​គ្រឹះ​យ៉ាង​ល្អ​សំរាប់​ខ្លួន​គេ​ចំពោះ​អនាគត ដើម្បី​ឲ្យ​គេ​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ›។—ធីម៉ូថេទី១ ៦:១៧​-​១៩

១៨. (ក) តើ​បុគ្គល​ម្នាក់​អាច​រក​ការ​ត្រជាក់ត្រជុំ​ចិត្ត​ដោយ​យ៉ាង​ណា? (ខ) តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ការ​ផ្លាស់ប្ដូរ​ដែល​យើង​ត្រូវ​តែ​ធ្វើ​នោះ?

១៨ យើង​នឹង​ទទួល​ការ​ត្រជាក់ត្រជុំ​ចិត្ត បើសិន​ជា​យើង​ដាក់​ចុះ​បន្ទុក​ដ៏​ធ្ងន់​ផ្ទាល់​ខ្លួន ដែល​យើង​ប្រហែល​ជា​លី ហើយ​ទទួល​យក​បន្ទុក​ដ៏​ស្រាល​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​មក។ មនុស្ស​ជា​ច្រើន​ដែល​បាន​រៀប​ចំ​ជីវិត​របស់​គេ​ជា​ថ្មី ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ផ្សាយ​ក្នុង​កិច្ច​បំរើ​សាលព្រះរាជាណាចក្រ​នោះ បាន​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​ដែល​ប្រកប​ដោយ​សុភមង្គល​និង​ការ​ស្កប់ស្កល់​ចិត្ត។ ប្រាកដ​ហើយ គឺ​ត្រូវ​តែ​មាន​ជំនឿ​និង​សេចក្ដី​ក្លាហាន​ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រែ​ចិត្ត ហើយ​នេះ​ក៏​អាច​មាន​ឧបសគ្គ​តាម​ផ្លូវ​ផង។ ប៉ុន្តែ​ព្រះ​គម្ពីរ​រំឭក​យើង​ថា៖ «អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់​នោះ​នឹង​មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ណា​ដែល​សង្កេត​មើល​តែ​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ»។ (សាស្ដា ១១:៤) របស់​ជា​ច្រើន​មិន​ជា​ការ​ពិបាក​ប៉ុន្មាន​ទេ នៅ​ពេល​ណា​ដែល​យើង​បាន​សម្រេច​ចិត្ត​នឹង​ធ្វើ​ទៅ​ហើយ​នោះ។ អ្វី​ដែល​ពិបាក​ជាង​គេ​បង្អស់​នោះ គឺ​ការ​សម្រេច​ចិត្ត​របស់​យើង​តែ​ម្ដង។ យើង​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង​ដោយសារ​តែ​ខំ​ប្រឹង​រក​ដោះ​ស្រាយ​ឬ​ទប់ទល់​នឹង​ការ​ទទួល​យក​នូវ​កិច្ចការ​ដ៏​ពិបាក។ បើសិន​ជា​យើង​ប្រុង​ប្រៀប​ខ្លួន​ហើយ​ខិតខំ​ធ្វើ​អស់​ពី​សមត្ថភាព យើង​ប្រហែល​ជា​ភ្ញាក់ផ្អើល​ក្នុង​ការ​រក​ឃើញ​ប្រសិទ្ធិពរ​ជា​ច្រើន។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ដាស់​តឿន​ថា៖ «ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ»។—ទំនុកដំកើង ៣៤:៨; ពេត្រុសទី១ ១:១៣

«សេចក្ដី​សំរាក​ដល់​ព្រលឹង»

១៩. (ក) តើ​យើង​នឹង​អាច​ជួប​ប្រទះ​អ្វី​ខ្លះ​កាល​ដែល​ពិភពលោក​នេះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​នោះ? (ខ) កាល​ដែល​នៅ​ក្រោម​នឹម​របស់​ព្រះយេស៊ូ តើ​យើង​ត្រូវ​បាន​ធានារ៉ាប់រង​អំពី​អ្វី?

១៩ សាវ័ក​ប៉ុល​បាន​រំឭក​ពួក​សិស្ស​នៅ​សតវត្ស​ទី​មួយ​ថា៖ «ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន»។ (កិច្ចការ ១៤:២២) នេះ​ក៏​ជា​ការ​ជាក់​ស្តែង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ កាល​ដែល​ស្ថានការណ៍​នៃ​ពិភពលោក​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង ពួក​អ្នក​ដែល​ប្រកប​ជីវិត​ទៅ​ដោយ​សេចក្ដី​សុចរិត​និង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​នោះ នឹង​មាន​ការ​កៀប​សង្កត់​កាន់​តែ​ច្រើន​ឡើង។ (ធីម៉ូថេ​ទី​២ ៣:១២; វិវរណៈ ១៣:១៦, ១៧) ប៉ុន្តែ យើង​មាន​ទឹក​ចិត្ត​ដូច​ប៉ុល​ដែរ កាល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល​វល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ»។ មូលហេតុ​ដែល​យើង​មាន​ទឹក​ចិត្ត​បែប​នេះ​គឺ​ថា យើង​អាច​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ ថា​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​កម្លាំង​លើស​ពី​ធម្មតា។ (កូរិនថូសទី២ ៤:៧​-​៩) ដោយ​ទទួល​យក​នឹម​ធ្វើ​ជា​សិស្ស​អស់​ពី​ចិត្ត​នោះ យើង​នឹង​ទទួល​បាន​នូវ​ការ​សម្រេច​ចុង​បំផុត​នៃ​សេចក្ដីសន្យា​របស់​ព្រះយេស៊ូ ដែល​ថា៖ «អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង»​របស់​អ្នក។—ម៉ាថាយ ១១:២៩

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​នឹម​ដ៏​ងាយ​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​មក​នោះ​ជា​អ្វី?

◻ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា បើសិន​ជា​យើង​មាន​អារម្មណ៍​ថា​នឹម​របស់​យើង​ទៅ​ជា​បន្ទុក​វិញ​នោះ?

◻ តើ​ព្រះ​យេស៊ូ​មាន​ន័យ​យ៉ាង​ណា នៅ​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «បន្ទុក​ខ្ញុំ​ក៏​ស្រាល»​នោះ?

◻ តើ​យើង​អាច​ធ្វើ​ឲ្យ​បាន​ប្រាកដប្រជា​យ៉ាង​ណា ដើម្បី​ឲ្យ​បន្ទុក​របស់​យើង​បាន​ស្រាល​ជានិច្ច​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក