អត្ថបទសិក្សា ៣៨
«ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»
«អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»។—ម៉ាថ. ១១:២៨
ចម្រៀងលេខ១៧ ចូរបង្ហាញចិត្តមេត្ដាដូចគ្រិស្ត
សេចក្ដីសង្ខេបa
១. ដូចបានចែងនៅម៉ាថាយ ១១:២៨-៣០ តើលោកយេស៊ូបានសន្យាអ្វី?
លោកយេស៊ូបានសន្យាអំពីអ្វីដ៏អស្ចារ្យដល់មនុស្សមួយក្រុមដែលកំពុងស្ដាប់លោក។ លោកបានមានប្រសាសន៍ថា៖ «ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»។ (សូមអាន ម៉ាថាយ ១១:២៨-៣០) នេះមិនមែនជាសេចក្ដីសន្យាឥតន័យនោះទេ។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលលោកយេស៊ូបានធ្វើចំពោះស្ត្រីម្នាក់ដែលបានរងទុក្ខដោយសារជំងឺដ៏អាក្រក់មួយ។
២. តើលោកយេស៊ូបានធ្វើអ្វីចំពោះស្ត្រីម្នាក់ដែលមានជំងឺ?
២ ស្ត្រីម្នាក់ត្រូវការជំនួយខ្លាំងណាស់។ គាត់បានទៅជួបគ្រូពេទ្យជាច្រើនដោយសង្ឃឹមថានឹងបានជាសះស្បើយ។ ក៏ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលជំងឺដែលបានធ្វើឲ្យគាត់រងទុក្ខអស់១២ឆ្នាំបានទេ។ តាមច្បាប់ម៉ូសេគាត់បានត្រូវរាប់ថាមិនស្អាតបរិសុទ្ធ។ (លេវី. ១៥:២៥) កាលដែលគាត់បានឮថាលោកយេស៊ូអាចធ្វើឲ្យមនុស្សឈឺជាសះស្បើយ គាត់បានទៅរកលោក។ ពេលគាត់បានរកឃើញលោកហើយ គាត់បានពាល់ជាយសម្លៀកបំពាក់ក្រៅរបស់លោក ហើយរំពេចនោះគាត់ក៏បានជាសះស្បើយ! លោកយេស៊ូមិនគ្រាន់តែធ្វើឲ្យគាត់ជាសះស្បើយពីជំងឺនោះប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការប្រព្រឹត្តរបស់លោកចំពោះគាត់ លោកក៏បានធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់បានទទួលសេចក្ដីស្រឡាញ់និងការគោរព។ ជាឧទាហរណ៍ ពេលនិយាយជាមួយនឹងគាត់ លោកបានហៅគាត់ថា«កូនស្រី»ដើម្បីបង្ហាញការគោរពនិងអារម្មណ៍កក់ក្ដៅចំពោះគាត់។ ស្ត្រីនោះច្បាស់ជាបានទទួលកម្លាំងចិត្តឡើងវិញមែន!—លូក. ៨:៤៣-៤៨
៣. តើយើងនឹងទទួលចម្លើយចំពោះសំណួរអ្វីខ្លះ?
៣ សូមកត់សម្គាល់ថាស្ត្រីនោះបានទៅរកលោកយេស៊ូ។ នេះមានន័យថាគាត់បានខំព្យាយាមដើម្បីធ្វើដូច្នេះ។ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ ដើម្បី«មកឯ»លោកយេស៊ូ យើងក៏ត្រូវខំប្រឹងដែរ។ នៅសម័យយើងនេះ លោកយេស៊ូមិនធ្វើអព្ភូតហេតុដើម្បីឲ្យមនុស្សឈឺដែល«មកឯ»លោកជាសះស្បើយទេ។ ប៉ុន្តែលោកនៅតែអញ្ជើញយើង ដោយមានប្រសាសន៍ថា៖ «ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»។ ក្នុងអត្ថបទនេះ យើងនឹងទទួលចម្លើយចំពោះសំណួរប្រាំដូចតទៅ៖ តើយើងត្រូវធ្វើអ្វីខ្លះដើម្បី«មកឯ»លោកយេស៊ូ? ពេលលោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា» តើនោះមានន័យយ៉ាងណា? តើយើងអាចរៀនអ្វីខ្លះពីលោកយេស៊ូ? ហេតុអ្វីកិច្ចការដែលលោកបានឲ្យយើង នាំឲ្យយើងមានកម្លាំងចិត្តឡើងវិញ? តើយើងអាចបន្តទទួលកម្លាំងចិត្តឡើងវិញក្រោមនឹមរបស់លោកយេស៊ូតាមរបៀបណា?
«ចូរមកឯខ្ញុំចុះ»
៤-៥. តើយើងអាច«មកឯ»លោកយេស៊ូតាមរបៀបណាខ្លះ?
៤ របៀបមួយដើម្បី«មកឯ»លោកយេស៊ូ គឺដោយរៀនឲ្យបានច្រើនអំពីប្រសាសន៍និងការប្រព្រឹត្តរបស់លោក។ (លូក. ១:១-៤) គ្មានអ្នកណាអាចធ្វើដូច្នេះជំនួសយើងបានទេ គឺយើងត្រូវសិក្សាអំពីកំណត់ហេតុទាំងនេះដោយខ្លួនឯង។ យើងក៏«មកឯ»លោក ដោយសម្រេចចិត្តទទួលការជ្រមុជទឹកនិងទៅជាអ្នកកាន់តាមគ្រិស្ត។
៥ របៀបមួយទៀតដើម្បី«មកឯ»លោកយេស៊ូ គឺដោយសុំជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំពេលដែលយើងត្រូវការ។ លោកយេស៊ូប្រើ«អំណោយជាមនុស្ស»ទាំងនេះឲ្យថែរក្សាចៀមរបស់លោក។ (អេភ. ៤:៧, ៨, ១១; យ៉ូន. ២១:១៦; ១ពេ. ៥:១-៣) យើងត្រូវសុំជំនួយពីពួកគេ។ យើងមិនអាចរំពឹងថាអ្នកចាស់ទុំដឹងអំពីអ្វីដែលយើងគិតនិងអ្វីដែលយើងត្រូវការទេ។ បងប្រុសម្នាក់ឈ្មោះជូលាននិយាយថា៖ «ខ្ញុំត្រូវឈប់បម្រើនៅបេតអែលដោយសារបញ្ហាសុខភាព ហើយមិត្តខ្ញុំម្នាក់បានឲ្យយោបល់ថាខ្ញុំគួរសុំពួកអ្នកចាស់ទុំឲ្យមកលើកទឹកចិត្តខ្ញុំ។ ដំបូង ខ្ញុំគិតថាខ្ញុំមិនត្រូវការការលើកទឹកចិត្តទេ។ តែក្រោយមកខ្ញុំបានសុំជំនួយពីពួកគាត់ ហើយការលើកទឹកចិត្តដែលខ្ញុំបានទទួលនៅពេលនោះ គឺជាអំណោយដ៏ល្អបំផុតមួយដែលខ្ញុំបានទទួល»។ អ្នកចាស់ទុំដ៏ស្មោះត្រង់ដូចជាអ្នកចាស់ទុំពីរនាក់ដែលបានលើកទឹកចិត្តបងជូលាន អាចជួយយើងឲ្យស្គាល់«ចិត្តគំនិតរបស់គ្រិស្ត» ពោលគឺជួយយើងឲ្យយល់របៀបគិតគូរនិងទស្សនៈរបស់លោក និងថែមទាំងជួយយើងឲ្យមានគំនិតដូចលោកដែរ។ (១កូ. ២:១៦; ១ពេ. ២:២១) នោះពិតជាអំណោយដ៏ល្អបំផុតមួយដែលពួកគេអាចឲ្យយើង។
«ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា»
៦. តើប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា»អាចមានន័យយ៉ាងណា?
៦ ប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា» អាចមានន័យថា«ចូរចុះចូលក្រោមអំណាចរបស់ខ្ញុំ»។ ប្រសាសន៍នេះក៏អាចមានន័យថា«ចូរមកក្រោមនឹមជាមួយនឹងខ្ញុំ ហើយយើងនឹងធ្វើកិច្ចការរបស់ព្រះយេហូវ៉ាជាមួយគ្នា»។ អត្ថន័យទាំងពីរនេះ តម្រូវឲ្យយើងធ្វើកិច្ចការ។
៧. យោងទៅតាមម៉ាថាយ ២៨:១៨-២០ តើយើងបានទទួលកិច្ចការអ្វី ហើយតើយើងអាចប្រាកដអំពីអ្វី?
៧ យើងទទួលយកការអញ្ជើញរបស់លោកយេស៊ូ ពេលយើងប្រគល់ជីវិតជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។ លោកយេស៊ូអញ្ជើញមនុស្សគ្រប់ប្រភេទ ហើយលោកនឹងមិនបដិសេធទទួលយកបុគ្គលដែលពិតជាចង់បម្រើលោកឡើយ។ (យ៉ូន. ៦:៣៧, ៣៨) លោកយេស៊ូបានទទួលភារកិច្ចពីព្រះយេហូវ៉ាដើម្បីប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ហើយក្នុងនាមជាអ្នកកាន់តាមគ្រិស្ត យើងមានឯកសិទ្ធិចូលរួមក្នុងកិច្ចការនេះ។ យើងអាចប្រាកដថាលោកយេស៊ូនឹងតែងតែនៅជាមួយនឹងយើងដើម្បីជួយយើងឲ្យធ្វើកិច្ចការនោះ។—សូមអាន ម៉ាថាយ ២៨:១៨-២០
ចូរ«រៀនពីខ្ញុំ»
ចូរផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀតដូចលោកយេស៊ូ (សូមមើលវគ្គ៨-១១)b
៨-៩. ហេតុអ្វីមនុស្សដែលមានចិត្តរាបទាបចង់ចូលទៅជិតលោកយេស៊ូ ហើយតើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
៨ មនុស្សដែលមានចិត្តរាបទាបចង់ចូលទៅជិតលោកយេស៊ូ។ (ម៉ាថ. ១៩:១៣, ១៤; លូក. ៧:៣៧, ៣៨) ហេតុអ្វី? សូមពិចារណាអំពីភាពខុសគ្នារវាងលោកយេស៊ូនិងពួកផារិស៊ី។ ពួកអ្នកដឹកនាំសាសនាទាំងនោះមានអំណួត ហើយគ្មានសេចក្ដីស្រឡាញ់។ (ម៉ាថ. ១២:៩-១៤) តែលោកយេស៊ូមានចិត្តរាបទាប ហើយមានសេចក្ដីស្រឡាញ់។ ពួកផារិស៊ីចូលចិត្តលេចមុខលេចមាត់ និងចង់ឲ្យបណ្ដាជនចាត់ទុកពួកគេជាមនុស្សសំខាន់នៅក្នុងសង្គម។ លោកយេស៊ូបានបញ្ជាក់ថាការធ្វើដូច្នេះគឺមិនល្អនោះទេ។ លោកបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានចិត្តរាបទាបនិងបម្រើអ្នកឯទៀត។ (ម៉ាថ. ២៣:២, ៦-១១) ពួកផារិស៊ីត្រួតត្រាលើមនុស្សឯទៀត ដោយគំរាមកំហែងនិងធ្វើឲ្យពួកគេភ័យខ្លាច។ (យ៉ូន. ៩:១៣, ២២) លោកយេស៊ូផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀត តាមរយៈពាក្យសម្ដីសប្បុរសនិងការប្រព្រឹត្តដែលបង្ហាញសេចក្ដីស្រឡាញ់។
៩ តើអ្នកបានរៀនពីគំរូរបស់លោកយេស៊ូឬទេ? សូមសួរខ្លួនអ្នកថា ‹តើអ្នកឯទៀតចាត់ទុកខ្ញុំជាមនុស្សស្លូតបូតនិងមានចិត្តរាបទាបឬ? តើខ្ញុំសុខចិត្តធ្វើកិច្ចការដែលគេមិនសូវឲ្យតម្លៃដើម្បីបម្រើអ្នកឯទៀតឬទេ? តើខ្ញុំប្រព្រឹត្តដោយសប្បុរសចំពោះអ្នកឯទៀតឬ?›។
១០. តើលោកយេស៊ូបានធ្វើឲ្យមានស្ថានភាពបែបណា?
១០ លោកយេស៊ូបានធ្វើឲ្យមានស្ថានភាពសុខសាន្តនិងកក់ក្ដៅក្នុងចំណោមអ្នកកាន់តាមលោក ហើយលោកសប្បាយនឹងបង្ហាត់បង្រៀនពួកគេ។ (លូក. ១០:១, ១៩-២១) លោកលើកទឹកចិត្តពួកអ្នកកាន់តាមលោកឲ្យសួរសំណួរ ហើយលោកចង់ស្ដាប់ទស្សនៈរបស់ពួកគេ។ (ម៉ាថ. ១៦:១៣-១៦) ស្ថានភាពដែលលោកបានបង្កើតប្រៀបដូចជាសំណាញ់ដែលអ្នកថែសួនប្រើការពាររុក្ខជាតិដើម្បីស្រួលឲ្យវាដុះលូតលាស់ល្អ។ ក្នុងស្ថានភាពនោះ ពួកអ្នកកាន់តាមលោកយេស៊ូស្រួលយកចិត្តទុកដាក់នឹងមេរៀនដែលលោកបានបង្រៀន ហើយបានបង្កើតផល ពោលគឺការប្រព្រឹត្តល្អ។
ចូរធ្វើជាមនុស្សដែលស្រួលទាក់ទងនិងរួសរាយ
ចូរស្វាហាប់ និងខ្នះខ្នែង
ចូរមានចិត្តរាបទាប និងខិតខំធ្វើកិច្ចការc
១១. តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១១ តើអ្នកមានអំណាចមួយកម្រិតលើអ្នកឯទៀតឬទេ? បើដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំធ្វើឲ្យមានស្ថានភាពបែបណានៅកន្លែងធ្វើការឬនៅផ្ទះ? តើខ្ញុំធ្វើឲ្យមានសន្ដិភាពឬទេ? តើខ្ញុំលើកទឹកចិត្តអ្នកឯទៀតឲ្យសួរសំណួរឬទេ? ម្យ៉ាងទៀត តើខ្ញុំសុខចិត្តស្ដាប់ទស្សនៈរបស់ពួកគេឬទេ?›។ យើងមិនចង់ធ្វើដូចពួកផារិស៊ីទេ។ ពួកគេខឹងពេលមនុស្សឯទៀតសង្ស័យអំពីសេចក្ដីបង្រៀនរបស់ពួកគេ ហើយពួកគេប្រព្រឹត្តដោយគ្មានមេត្ដាចំពោះមនុស្សដែលមានទស្សនៈខុសពីពួកគេ។—ម៉ាក. ៣:១-៦; យ៉ូន. ៩:២៩-៣៤
«អ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ»
១២-១៤. ហេតុអ្វីកិច្ចការដែលលោកយេស៊ូបានឲ្យដល់យើង នាំឲ្យយើងទទួលកម្លាំងចិត្តឡើងវិញ?
១២ ហេតុអ្វីយើងទទួលកម្លាំងចិត្តពេលយើងធ្វើកិច្ចការដែលលោកយេស៊ូបានឲ្យដល់យើង? មានមូលហេតុជាច្រើន តែសូមពិចារណាមូលហេតុខ្លះ។
១៣ យើងមានអ្នកត្រួតពិនិត្យល្អបំផុត។ ព្រះយេហូវ៉ាដែលជាអ្នកត្រួតពិនិត្យដ៏ខ្ពង់ខ្ពស់បំផុតមិនមែនជាម្ចាស់ដែលរមិលគុណ ឬកាចសាហាវនោះទេ។ លោកឲ្យតម្លៃចំពោះកិច្ចការដែលយើងធ្វើ។ (ហេ. ៦:១០) ម្យ៉ាងទៀត លោកផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយើងអាចបំពេញភារៈរបស់យើង។ (២កូ. ៤:៧; កាឡ. ៦:៥) លោកយេស៊ូដែលជាស្តេចរបស់យើង បានទុកគំរូដ៏ល្អឥតខ្ចោះអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត។ (យ៉ូន. ១៣:១៥) ម្យ៉ាងវិញទៀត ពួកអ្នកចាស់ទុំដែលឃ្វាលយើងជាហ្វូងចៀមរបស់ព្រះ ព្យាយាមយកតម្រាប់លោកយេស៊ូដែលជា«គង្វាលចៀមឧត្តុង្គឧត្តម»។ (ហេ. ១៣:២០; ១ពេ. ៥:២) ពួកគេខំព្យាយាមបង្ហាញចិត្តសប្បុរស ចិត្តក្លាហាន និងផ្ដល់ការលើកទឹកចិត្ត កាលដែលពួកគេថែរក្សានិងការពារយើង។
១៤ យើងមានមិត្តល្អបំផុត។ គ្មានអ្នកណាដូចយើងទេ ព្រោះយើងមានមិត្តដែលស្រឡាញ់យើង និងមានកិច្ចការដែលធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារ។ យើងមានឯកសិទ្ធិធ្វើកិច្ចការជាមួយនឹងមនុស្សដែលមានសីលធម៌ខ្ពស់បំផុត តែមិនគិតថាពួកគេប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគេមានសមត្ថភាពជាច្រើន តែពួកគេមិននិយាយអួតទេ ហើយពួកគេចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។ ពួកគេចាត់ទុកយើងជាមិត្តរបស់ពួកគេ មិនគ្រាន់តែជាអ្នករួមការងារប៉ុណ្ណោះទេ។ ម្យ៉ាងវិញទៀត សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះយើងគឺខ្លាំងដល់ម្ល៉េះបានជាពួកគេសុខចិត្តស្លាប់ដើម្បីយើង!
១៥. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះកិច្ចការដែលយើងកំពុងធ្វើ?
១៥ យើងមានកិច្ចការល្អបំផុត។ យើងបង្រៀនមនុស្សឯទៀតនូវសេចក្ដីពិតអំពីព្រះយេហូវ៉ា ហើយបកអាក្រាតពាក្យកុហកពីមេកំណាច។ (យ៉ូន. ៨:៤៤) សាថានដាក់បន្ទុកធ្ងន់ដែលមនុស្សមិនអាចរែកពុនបាន។ ជាឧទាហរណ៍ វាចង់ឲ្យយើងជឿថាព្រះនឹងមិនអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងទេ ហើយថាគ្មានអ្នកណាស្រឡាញ់យើងឡើយ។ នេះជាពាក្យកុហកដែលធ្វើឲ្យមនុស្សធ្លាក់ទឹកចិត្តមែន! ពេលយើង«មកឯ»គ្រិស្ត អំពើខុសឆ្គងរបស់យើងបានត្រូវអភ័យទោសឲ្យ។ តាមការពិត ព្រះយេហូវ៉ាស្រឡាញ់យើងទាំងអស់គ្នាខ្លាំងណាស់! (រ៉ូម ៨:៣២, ៣៨, ៣៩) ការជួយមនុស្សឯទៀតឲ្យរៀនពឹងផ្អែកលើព្រះយេហូវ៉ា ហើយការឃើញជីវិតពួកគេកាន់តែប្រសើរឡើង គឺជាអ្វីដែលនាំឲ្យមានអំណរពិតមែន!
ចូរបន្តទទួលកម្លាំងចិត្តឡើងវិញក្រោមនឹមរបស់លោកយេស៊ូ
១៦. តើបន្ទុកដែលលោកយេស៊ូឲ្យយើងគឺខុសគ្នាយ៉ាងណានឹងបន្ទុកឯទៀតដែលយើងត្រូវរែកពុន?
១៦ បន្ទុកដែលលោកយេស៊ូឲ្យយើង គឺខុសគ្នាពីបន្ទុកឯទៀតដែលយើងត្រូវរែកពុន។ ជាឧទាហរណ៍ ក្រោយពីធ្វើការពេញមួយថ្ងៃ មនុស្សជាច្រើនអស់កម្លាំង ហើយមានអារម្មណ៍ថាគ្មានន័យខ្លឹមសារ។ ផ្ទុយទៅវិញ ក្រោយពីធ្វើកិច្ចការដើម្បីព្រះយេហូវ៉ានិងគ្រិស្ត យើងមានអារម្មណ៍សប្បាយ ហើយថាកិច្ចការដែលយើងបានធ្វើគឺមានន័យខ្លឹមសារ។ យើងប្រហែលជានឿយហត់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ហើយត្រូវបង្ខំខ្លួនឲ្យចូលរួមកិច្ចប្រជុំនៅយប់នោះ។ ប៉ុន្តែក្រោយពីប្រជុំ ពេលត្រឡប់មកផ្ទះវិញ យើងច្រើនតែមានអារម្មណ៍ថាមានកម្លាំងចិត្តនិងកម្លាំងកាយឡើងវិញ។ ពេលយើងខំព្យាយាមផ្សព្វផ្សាយនិងសិក្សាគម្ពីរផ្ទាល់ខ្លួន យើងក៏អាចមានអារម្មណ៍នេះដែរ។
១៧. តើយើងត្រូវទទួលស្គាល់អ្វី ហើយតើយើងគួរប្រយ័ត្នចំពោះអ្វី?
១៧ យើងត្រូវទទួលស្គាល់ថា កម្លាំងកាយរបស់យើងម្នាក់ៗគឺមានកម្រិត។ ហេតុនេះ យើងត្រូវប្រយ័ត្នចំពោះអ្វីដែលយើងធ្វើ។ ជាឧទាហរណ៍ យើងអាចខ្ជះខ្ជាយកម្លាំងរបស់យើងទៅលើការប្រមូលទ្រព្យសម្បត្ដិ។ សូមគិតអំពីប្រសាសន៍របស់លោកយេស៊ូទៅកាន់បុរសអ្នកមានវ័យក្មេងម្នាក់ដែលបានសួរលោកថា៖ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ បុរសវ័យក្មេងនោះបានធ្វើតាមច្បាប់រួចហើយ។ គាត់ច្បាស់ជាមនុស្សល្អ ដោយសារសៀវភៅដំណឹងល្អរៀបរាប់ដោយម៉ាកុស ប្រាប់ថាលោកយេស៊ូ«មានចិត្តស្រឡាញ់គាត់»។ លោកយេស៊ូបានអញ្ជើញបុរសនោះ ដោយមានប្រសាសន៍ថា៖ «ចូរទៅលក់អ្វីៗដែលអ្នកមាន . . . រួចចូរមកតាមខ្ញុំចុះ!»។ បុរសនោះចង់មកតាមលោកយេស៊ូ តែគាត់មិនអាចលះចោល«ទ្រព្យសម្បត្ដិជាច្រើន»របស់គាត់បានទេ។ (ម៉ាក. ១០:១៧-២២) ជាលទ្ធផល គាត់មិនបានទទួលយកនឹមដែលលោកយេស៊ូបានឲ្យគាត់ឡើយ ហើយគាត់បានបន្តធ្វើជាខ្ញុំបម្រើរបស់«ទ្រព្យសម្បត្ដិ»។ (ម៉ាថ. ៦:២៤) ចុះអ្នកវិញ? តើអ្នកនឹងសម្រេចចិត្តយ៉ាងណា?
១៨. តើយើងគួរធ្វើអ្វីម្ដងម្កាល ហើយហេតុអ្វី?
១៨ ម្ដងម្កាល គឺជាការល្អដែលយើងគិតអំពីអ្វីដែលយើងកំពុងចាត់ទុកថាសំខាន់បំផុតក្នុងជីវិត។ ហេតុអ្វី? គឺដើម្បីយើងអាចធ្វើឲ្យប្រាកដថាយើងកំពុងប្រើកម្លាំងកាយរបស់យើងដោយឈ្លាសវៃ។ សូមពិចារណាអ្វីដែលបងប្រុសវ័យក្មេងម្នាក់ឈ្មោះម៉ាកនិយាយ។ គាត់ថា៖ «អស់ជាច្រើនឆ្នាំ ខ្ញុំគិតថាខ្ញុំមានជីវិតសាមញ្ញហើយ។ ខ្ញុំជាអ្នកត្រួសត្រាយ តែខ្ញុំតែងតែគិតអំពីលុយ ហើយអំពីរបៀបធ្វើឲ្យជីវិតខ្ញុំកាន់តែសុខស្រួល។ ខ្ញុំឆ្ងល់ថាហេតុអ្វីជីវិតខ្ញុំនៅតែពិបាក។ ពេលនោះខ្ញុំទទួលស្គាល់ថា ខ្ញុំច្រើនតែយកចិត្តទុកដាក់ចំពោះរឿងផ្ទាល់ខ្លួន ហើយពេលវេលានិងកម្លាំងដែលនៅសេសសល់ ខ្ញុំឲ្យទៅព្រះយេហូវ៉ា»។ បងម៉ាកបានកែប្រែរបៀបគិតគូរនិងរបៀបរស់នៅរបស់គាត់ដើម្បីគាត់អាចធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ បងម៉ាកនិយាយថា៖ «ពេលខ្លះ ខ្ញុំខ្វល់ខ្វាយអំពីលុយ តែដោយមានជំនួយពីព្រះយេហូវ៉ានិងការគាំទ្រពីលោកយេស៊ូ ខ្ញុំអាចផ្ដោតអារម្មណ៍លើការបម្រើព្រះយេហូវ៉ាបាន»។
១៩. ហេតុអ្វីការមានទស្សនៈត្រឹមត្រូវគឺសំខាន់ណាស់?
១៩ យើងនឹងបន្តទទួលកម្លាំងចិត្តឡើងវិញក្រោមនឹមរបស់លោកយេស៊ូ បើយើងធ្វើអ្វីបីយ៉ាង។ ទី១ ចូររក្សាទស្សនៈត្រឹមត្រូវ។ យើងកំពុងធ្វើកិច្ចការរបស់ព្រះយេហូវ៉ា ដូច្នេះយើងត្រូវធ្វើកិច្ចការនោះតាមការណែនាំរបស់លោក។ យើងជាអ្នកធ្វើកិច្ចការឲ្យព្រះយេហូវ៉ា ហើយលោកជាម្ចាស់របស់យើង។ (លូក. ១៧:១០) បើយើងព្យាយាមធ្វើកិច្ចការរបស់លោកតាមគំនិតរបស់យើង យើងនឹងធ្វើឲ្យខ្លួនយើងពិបាកណាស់។ ជាឧទាហរណ៍ សូម្បីតែគោឈ្មោលដែលមានកម្លាំងខ្លាំងក៏ទំនងជារងរបួសនិងហត់ បើវាតែងតែព្យាយាមទាញនឹមទៅតាមចិត្តវា ជាជាងធ្វើតាមការបញ្ជាររបស់ម្ចាស់វា។ ផ្ទុយទៅវិញ បើយើងធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា យើងអាចសម្រេចអ្វីៗដ៏អស្ចារ្យ ហើយយកឈ្នះការពិបាកណាក៏ដោយដែលយើងជួបប្រទះ។ សូមចាំថា គ្មានអ្នកណាអាចបញ្ឈប់បំណងប្រាថ្នារបស់លោក មិនឲ្យសម្រេចបានឡើយ!—រ៉ូម ៨:៣១; ១យ៉ូន. ៤:៤
២០. តើយើងគួរមានបំណងចិត្តបែបណាពេលយើងនៅក្រោមនឹមរបស់លោកយេស៊ូ?
២០ ទី២ ចូរប្រព្រឹត្តដោយមានបំណងចិត្តត្រឹមត្រូវ។ គោលដៅរបស់យើងគឺធ្វើឲ្យព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់យើងទទួលការសរសើរតម្កើង។ នៅសតវត្សរ៍ទី១ ពួកអ្នកដែលមានចិត្តលោភលន់ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួនលែងសប្បាយចិត្ត ហើយបានបោះបង់ចោលនឹមរបស់លោកយេស៊ូ ក្រោយពីមួយរយៈពេលខ្លី។ (យ៉ូន. ៦:២៥-២៧, ៥១, ៦០, ៦៦; ភី. ៣:១៨, ១៩) ផ្ទុយពីបុគ្គលទាំងនោះ ពួកអ្នកដែលស្រឡាញ់ព្រះនិងអ្នកជិតខាងដោយមិនគិតប្រយោជន៍ខ្លួន ពេញចិត្តនៅក្រោមនឹមនោះអស់មួយជីវិតរបស់ពួកគេនៅផែនដី ហើយពួកគេមានសេចក្ដីសង្ឃឹមបម្រើជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ ដូចពួកគេដែរ យើងនឹងរក្សាអំណរ ពេលយើងនៅក្រោមនឹមរបស់លោកយេស៊ូដោយមានបំណងចិត្តត្រឹមត្រូវ។
២១. យោងទៅតាមម៉ាថាយ ៦:៣១-៣៣ តើយើងអាចរំពឹងថាព្រះយេហូវ៉ានឹងធ្វើអ្វីខ្លះ?
២១ ទី៣ ចូរប្រាកដថាអ្វីដែលអ្នករំពឹងទុកគឺត្រឹមត្រូវ។ យើងបានជ្រើសយកជីវិតមួយដែលតម្រូវឲ្យយើងខំប្រឹងនិងលះបង់ប្រយោជន៍ខ្លួន។ លោកយេស៊ូព្រមានយើងថាយើងនឹងត្រូវគេបៀតបៀន។ ប៉ុន្តែ យើងអាចរំពឹងថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យយើងស៊ូទ្រាំនឹងការពិបាកផ្សេងៗ។ កាលណាយើងកាន់តែស៊ូទ្រាំ នោះយើងនឹងកាន់តែរឹងមាំ។ (យ៉ា. ១:២-៤) យើងក៏អាចរំពឹងថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលយើងត្រូវការ ហើយថាលោកយេស៊ូនឹងណែនាំយើង។ ម្យ៉ាងទៀត យើងអាចរំពឹងថាបងប្អូនរបស់យើងនឹងលើកទឹកចិត្តយើង។ (សូមអាន ម៉ាថាយ ៦:៣១-៣៣; យ៉ូន. ១០:១៤; ១ថែ. ៥:១១) មែនហើយ យើងមានអ្វីទាំងអស់ដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការពិបាក!
២២. តើយើងសប្បាយចិត្តអំពីអ្វី?
២២ ស្ត្រីដែលលោកយេស៊ូបានធ្វើឲ្យជាសះស្បើយក៏បានទទួលកម្លាំងចិត្តឡើងវិញនៅថ្ងៃនោះដែរ។ ក៏ប៉ុន្តែ គាត់អាចមានកម្លាំងចិត្តជារៀងរហូត លុះត្រាតែគាត់ទៅជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត។ តើអ្នកគិតថាគាត់បានធ្វើអ្វី? បើគាត់សម្រេចចិត្តនៅក្រោមនឹមរបស់លោកយេស៊ូ នោះគាត់នឹងទទួលពរដ៏អស្ចារ្យ គឺការបម្រើជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌! ការលះបង់ដែលគាត់បានធ្វើដើម្បីកាន់តាមគ្រិស្តមិនអាចប្រៀបផ្ទឹមនឹងពរនោះបានឡើយ! ទោះជាយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងសប្បាយចិត្តដែលយើងបានទទួលយកការអញ្ជើញរបស់លោកយេស៊ូដែលថា៖ «ចូរមកឯខ្ញុំចុះ»!
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
a លោកយេស៊ូអញ្ជើញយើងឲ្យមកឯលោក។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលយកការអញ្ជើញរបស់លោក? ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីចម្លើយចំពោះសំណួរនេះ ហើយអត្ថបទនេះនឹងរំលឹកយើងអំពីរបៀបដែលយើងអាចទទួលកម្លាំងចិត្តឡើងវិញដោយរួមការងារជាមួយនឹងលោកយេស៊ូគ្រិស្ត។
b ការពណ៌នាអំពីរូបភាព: លោកយេស៊ូធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្តឡើងវិញតាមរបៀបផ្សេងៗ។
c ការពណ៌នាអំពីរូបភាព: ស្រដៀងគ្នាដែរ បងប្រុសម្នាក់ផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀតតាមរបៀបផ្សេងៗ។