«ចូរទទួលនឹមខ្ញុំ»
១ ទោះជាពិភពលោកនេះពោរពេញទៅដោយទុក្ខលំបាកនិងកង្វល់ជាច្រើនក៏ដោយ យើងទាំងអស់គ្នាបានទទួលជំនួយជាច្រើន ដោយសារយើងប្រព្រឹត្តតាមសេចក្ដីអញ្ជើញរបស់លោកយេស៊ូ ឲ្យទទួលសេចក្ដីសម្រាកឬកម្លាំងចិត្តឡើងវិញនៅក្រោមនឹមរបស់លោក។ (ម៉ាថ. ១១:២៩, ៣០) ការយល់ព្រមឲ្យធ្វើជាសិស្សរបស់លោកយេស៊ូដែលប្រៀបដូចជាការព្រមទទួលនឹមរបស់លោក រួមបញ្ចូលការបំពេញការងារដែលតម្រូវឲ្យយើងខិតខំអស់ពីសមត្ថភាព ហើយដែលនាំឲ្យមានកម្លាំងចិត្តទៀតផង។ ការងារនេះតម្រូវឲ្យយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយនិងជួយអ្នកឯទៀតឲ្យមានកម្លាំងចិត្តដូចយើង នៅក្រោមនឹមដ៏ងាយស្រួលរបស់លោកយេស៊ូ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
២ កម្លាំងចិត្តពីកិច្ចបម្រើផ្សាយ : លោកយេស៊ូមិនបានតម្រូវឲ្យអ្នកកាន់តាមលោកយកនឹមឬបន្ទុករបស់លោក មកដាក់បន្ថែមពីលើបន្ទុកដែលពួកគេមានរួចហើយនោះទេ។ លោកបានអញ្ជើញឲ្យពួកគេយកបន្ទុកដ៏ធ្ងន់របស់ខ្លួនចេញ ហើយទទួលយកបន្ទុកដ៏ស្រាលរបស់លោកវិញ។ ដោយសារយើងធ្វើដូច្នេះ នោះសេចក្ដីខ្វល់ខ្វាយអំពីជីវិតនិងភាពអស់សង្ឃឹមនៅក្នុងរបបពិភពលោកនេះលែងធ្វើជាបន្ទុកដ៏ធ្ងន់សង្កត់លើខ្លួនទៀតហើយ ម្យ៉ាងទៀតយើងក៏មិនសង្វាតដេញតាមទ្រព្យសម្បត្ដិដែលមិនទៀងនោះដែរ។ (លូ. ២១:៣៤; ១ធី. ៦:១៧) ថ្វីបើយើងមានការរវល់ជាច្រើនហើយត្រូវធ្វើការដើម្បីចិញ្ចឹមជីវិតក៏ពិតមែន តែយើងនៅតែចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអ្វីដែលមានអាទិភាពក្នុងជីវិតយើង។ (ម៉ាថ. ៦:៣៣) ប្រសិនបើយើងរក្សាឲ្យមានទស្សនៈត្រឹមត្រូវ ស្តីអំពីអ្វីដែលប្រសើរ ឬគួរមានអាទិភាពក្នុងជីវិត នោះកិច្ចបម្រើផ្សាយនឹងក្លាយទៅជាអ្វីដែលនាំឲ្យយើងមានកម្លាំងចិត្ត មិនមែនជាបន្ទុកទេ។—ភី. ១:១០
៣ ធម្មតាយើងចូលចិត្តនិយាយអំពីអ្វីដែលមានតម្លៃចំពោះយើង។ (លូ. ៦:៤៥) អ្វីដែលពិតជាមានតម្លៃចំពោះគ្រិស្តសាសនិកទាំងអស់ គឺជាពរដែលព្រះយេហូវ៉ាសន្យានឹងផ្ដល់ឲ្យតាមរយៈរាជាណាចក្ររបស់ទ្រង់។ ដូច្នេះ ពេលដែលយើងឈប់គិតពីកង្វល់ប្រចាំថ្ងៃរបស់ខ្លួនដោយចូលរួមកិច្ចបម្រើផ្សាយ និងនិយាយអំពី«ដំណឹងល្អពី . . . សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត» នោះពិតជានាំឲ្យយើងមានកម្លាំងចិត្តមែន! (រ៉ូម ១០:១៥) ពិតមែន ពេលដែលយើងធ្វើអ្វីមួយកាន់តែច្រើន នេះបង្កើនសមត្ថភាពរបស់យើងនិងនាំឲ្យមានអំណរច្រើនជាងផង។ អាស្រ័យហេតុនេះ បើអាចធ្វើទៅបាន ការចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយនឹងធ្វើឲ្យយើងមានកម្លាំងចិត្តច្រើនជាងដែរ។ ណាមួយទៀត ពេលយើងជួបអ្នកចាប់អារម្មណ៍ក្នុងកិច្ចបម្រើផ្សាយ នេះពិតជានាំឲ្យយើងមានអំណររឹតតែខ្លាំងថែមទៀតមែន! (កិច្ច. ១៥:៣) សូម្បីតែយើងជួបមនុស្សដែលមិនចាប់អារម្មណ៍ឬដែលប្រឆាំងយើងក៏ដោយ កិច្ចបម្រើផ្សាយនឹងនៅតែធ្វើឲ្យយើងមានកម្លាំងចិត្តដើម្បីបន្តបម្រើព្រះ។ យើងអាចទទួលកម្លាំងចិត្តនោះបានបើយើងមិនភ្លេចថា ព្រះយេហូវ៉ាពេញចិត្តចំពោះការខំប្រឹងប្រែងរបស់យើង ហើយលទ្ធផលដ៏ល្អ គឺយើងនឹងទទួលពរពីទ្រង់។—កិច្ច. ៥:៤១; ១កូ. ៣:៩
៤ ដោយព្រមទទួលយកសេចក្ដីអញ្ជើញរបស់លោកយេស៊ូ យើងរីករាយចិត្តដោយមានឯកសិទ្ធិបម្រើព្រះជាមួយនឹងលោកក្នុងការធ្វើជាសាក្សីព្រះយេហូវ៉ា។ (អេសា. ៤៣:១០; វិវរ. ១:៥) គ្មានអ្វីនៅក្នុងពិភពលោកនេះដែលអាចធ្វើឲ្យយើងមានកម្លាំងចិត្តច្រើនជាងកិច្ចបម្រើនេះឡើយ!