បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១២ ទំ. ៨-១៣
  • ពួកស្មរបន្ទាល់ប្រឆាំងព្រះមិនពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកស្មរបន្ទាល់ប្រឆាំងព្រះមិនពិត
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទី​បន្ទាល់​របស់​អ័ប្រាហាំ​ចំពោះ​សេចក្ដី​ពិត
  • សាសន៍​នៃ​ពួក​ស្មរបន្ទាល់
  • ការ​ល្បង​មើល​នៃ​ពួក​ព្រះ
  • ពួកស្មរបន្ទាល់គ្រីស្ទានសំរាប់អធិបតេយ្យភាពរបស់ព្រះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ‹រាស្ត្រដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១២ ទំ. ៨-១៣

ពួក​ស្មរបន្ទាល់​ប្រឆាំង​ព្រះ​មិន​ពិត

«ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង»។—អេសាយ ៤៣:១០

១. តើ​អ្នក​ណា​ជា​ព្រះ​ពិត ហើយ​តើ​ក្នុង​របៀប​ណា​ដែល​ទ្រង់​មាន​អំណាច​ដ៏​មហាឧត្តម​លើ​អស់​ទាំង​ព្រះ​ដែល​ត្រូវ​បាន​គេ​ថ្វាយបង្គំ​នៅ​សព្វ​ថ្ងៃ​នេះ?

តើ​អ្នក​ណា​ជា​ព្រះ​ពិត? នៅ​សព្វ​ថ្ងៃ​នេះ សំនួរ​ដ៏​សំខាន់​បំផុត​នេះ​ប្រឈម​មុខ​មនុស្ស​លោក​គ្រប់​រូប។ ថ្វី​បើ​មនុស្ស​ទូទៅ​ថ្វាយ​បង្គំ​ព្រះ​ជា​ច្រើន​ក្ដី មាន​តែ​ព្រះ​មួយ​អង្គ​ទេ​ដែល​អាច​ផ្ដល់​ឲ្យ​ជីវិត​យើង ហើយ​ឲ្យ​យើង​នូវ​អនាគត​ដ៏​សប្បាយ​រីករាយ។ ចំពោះ​តែ​ព្រះ​មួយ​អង្គ​គត់​ដែល​អាច​ចែង​ថា៖ «ដ្បិត​គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង»។ (កិច្ចការ ១៧:២៨) ពិត​មែន​ហើយ មាន​តែ​ព្រះ​មួយ​អង្គ​គត់​ដែល​មាន​សិទ្ធិ​ទទួល​នូវ​ការ​ថ្វាយ​បង្គំ។ ដូច​ជា​ក្រុម​អ្នក​ចំរៀង​សួគ៌ា​នៅ​ក្នុង​សៀវភៅ​វិវរណៈ​ចែង​ថា៖ «ឱ​ព្រះ​អម្ចាស់​[ព្រះយេហូវ៉ា] ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។—វិវរណៈ ៤:១១

២, ៣. (ក) តើ​តាម​របៀប​ណា​ដែល​សាតាំង​បាន​ប្រកួត​ប្រជែង​នឹង​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ទទួល​ការ​ថ្វាយ​បង្គំ? (ខ) តើ​អ្វី​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​នាង​អេវ៉ា​ចំពោះ​ខ្លួន​នាង​និង​កូន​ចៅ​របស់​នាង ហើយ​តើ​សាតាំង​បាន​ទទួល​លទ្ធផល​អ្វី?

២ នៅ​ក្នុង​សួន​អេដែន ដោយ​ភូតភរ សាតាំង​បាន​ប្រកួត​ប្រជែង​នឹង​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ទទួល​ការ​ថ្វាយ​បង្គំ។ ដោយ​ប្រើ​សត្វ​ពស់ វា​បាន​ប្រាប់​នាង​អេវ៉ា​ថា បើសិន​ជា​នាង​បះបោរ​នឹង​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​បរិភោគ​ពីដើម​ឈើ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ នោះ​ខ្លួន​នាង​នឹង​បាន​ដូច​ជា​ព្រះ។ វា​បាន​និយាយ​ថា៖ «ដ្បិត​ព្រះ​ទ្រង់ ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង»។ (លោកុប្បត្តិ ៣:៥) នាង​អេវ៉ា​បាន​ជឿ​តាម​សត្វ​ពស់​នោះ ហើយ​ក៏​បាន​បរិភោគ​ផ្លែ​ឈើ​ហាមឃាត់​នោះ​ទៅ។

៣ ពិត​មែន​ហើយ សាតាំង​បាន​ពោល​ពាក្យ​ភូតភរ។ (យ៉ូហាន ៨:៤៤) វិធី​តែ​មួយ​ដែល​នាង​អេវ៉ា​បាន​ក្លាយ​«ដូច​ជា​ព្រះ» នៅ​ពេល​ដែល​នាង​បាន​ធ្វើ​បាប នោះ​គឺ​ថា​នាង​ទទួល​យក​ភារៈ​នៃ​ការ​សម្រេច​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស ដែល​ជា​អ្វី​មួយ​ដែល​នាង​គួរ​តែ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​សម្រេច។ ហើយ​ជា​យថាហេតុ​នាង​ក៏​បាន​ស្លាប់​ទៅ ផ្ទុយ​នឹង​ការ​ភូត​របស់​សាតាំង។ ដូច្នេះ មាន​តែ​សាតាំង​ទេ​ដែល​ជា​អ្នក​មាន​ឈ្មោះ​ទទួល​ផល​នៃ​អំពើ​បាប​របស់​នាង​អេវ៉ា។ ពិត​ប្រាកដ​មែន បំណង​ដែល​ពុំ​បាន​ថ្លែង​មក​របស់​សាតាំង ក្នុង​ការ​លួងលោម​នាង​អេវ៉ា​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប នោះ​គឺ​ដើម្បី​ឲ្យ​ខ្លួន​វា​ក្លាយ​ទៅ​ជា​ព្រះ​តែ​ម្ដង។ កាល​ដែល​នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប នាង​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទី​មួយ​ដែល​ដើរ​តាម​វា ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ័ដាម​ក៏​បាន​ចូល​រួម​ជា​មួយ​នឹង​នាង​ដែរ។ កូន​ចៅ​របស់​គេ​ជា​ច្រើន​មិន​ត្រឹម​តែ​បាន​កើត​មក​«ក្នុង​អំពើ​បាប»​នោះ​ទេ តែ​ថែម​ទាំង​បាន​ធ្លាក់​ទៅ​ក្រោម​អានុភាព​របស់​សាតាំង​ផង។ ហើយ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី លោកីយ៍​ទាំង​មូល​នោះ​ដែល​បាន​ឃ្លាត​ចេញ​ពី​ព្រះ​ពិត ក៏​បាន​កើត​មាន​ឡើង។—លោកុប្បត្តិ ៦:៥; ទំនុកដំកើង ៥១:៥

៤. (ក) តើ​អ្នក​ណា​ជា​ព្រះ​នៃ​លោកីយ៍​នេះ? (ខ) តើ​មាន​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​អំពី​អ្វី?

៤ លោកីយ៍​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ក្នុង​ទឹក​ជំនន់។ (ពេត្រុសទី២ ៣:៦) ក្រោយ​ពី​ទឹក​ជំនន់ លោកីយ៍​ទីពីរ​ដែល​បាន​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ក៏​បាន​លូត​លាស់​ឡើង ហើយ​លោកីយ៍​នេះ​នៅ​មាន​វត្តមាន​នៅ​ឡើយ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​លោកីយ៍​នេះ​ថា៖ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) ដោយ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​គតិ​ទូទៅ​និង​សារៈ​សំខាន់​នៃ​ច្បាប់​របស់​ព្រះ​យេហូវ៉ា លោកីយ៍​នេះ​គឺ​កំពុង​តែ​ធ្វើ​តាម​គោល​បំណង​របស់​សាតាំង។ វា​ជា​ព្រះ​របស់​លោកីយ៍​នេះ។ (កូរិនថូសទី២ ៤:៤) ប៉ុន្តែ វា​ជា​ព្រះ​ដែល​គ្មាន​អំណាច​សោះ។ វា​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ ឬ​ឲ្យ​ជីវិត​ដល់​ពួក​គេ​ទេ។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​ធ្វើ​យ៉ាង​នេះ​បាន។ ដូច្នេះ មនុស្ស​ណា​ដែល​ចង់​បាន​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ និង​ពិភពលោក​ដ៏​ល្អ ទី​មួយ​ជន​នោះ​ត្រូវ​តែ​រៀន​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ហើយ​ត្រូវ​តែ​រៀន​ធ្វើ​តាម​គោល​បំណង​របស់​ទ្រង់។ (ទំនុកដំកើង ៣៧:១៨, ២៧, ២៨; សាស្ដា ១២:១៣) ដូច្នេះ​ហើយ បាន​ជា​មាន​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​ចំពោះ​មនុស្ស​ប្រុស​ស្រី​ដែល​មាន​ជំនឿ ដើម្បី​ធ្វើ​បន្ទាល់ ឬ​ប្រកាស​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។

៥. តើ​«ស្មរបន្ទាល់​១​ហ្វូង​ធំ»​ណា​ដែល​ប៉ុល​បាន​រៀប​រាប់​មក? ចូរ​រៀប​រាប់​ឈ្មោះ​ខ្លះៗដែល​គាត់​បាន​និយាយ​មក​នោះ។

៥ បុគ្គល​ស្មោះ​ត្រង់​ទាំង​នេះ​បាន​លេច​ឡើង​ក្នុង​ឆា​ក​ពិភពលោក​តាំង​ពីដើម​កំណើត​មនុស្ស​ជាតិ​មក​ម្ល៉េះ។ នៅ​ហេព្រើរ​ជំពូក​១១ សាវ័ក​ប៉ុល​បាន​ឲ្យ​បញ្ជី​ដ៏​វែង​មួយ​អំពី​ពួក​គេ ហើយ​បាន​ហៅ​ពួក​គេ​ជា «ស្មរបន្ទាល់​១​ហ្វូង​ធំ»។ (ហេព្រើរ ១២:១) អេបិល​ជា​កូន​ប្រុស​ទីពីរ​របស់​អ័ដាម​និង​នាង​អេវ៉ា គឺ​ជា​បុគ្គល​ដំបូង​បង្អស់​នៅ​ក្នុង​បញ្ជី​របស់​ប៉ុល។ លោក​ហេណុក​និង​ណូអេ​ត្រូវ​បាន​រៀប​រាប់​ផង​ដែរ​ក្នុង​សម័យ​មុន​នឹង​ទឹក​ជំនន់។ (ហេព្រើរ ១១:៤, ៥, ៧) បុគ្គល​ដ៏​ធំដុំ​ជាង​គេ នោះ​គឺ​លោក​អ័ប្រាហាំ ដែល​ជា​ជីដូន​ជីតា​នៃ​សាសន៍​យូដា។ លោក​អ័ប្រាហាំ ដែល​ត្រូវ​បាន​គេ​ហៅ​ជា​‹មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា› បាន​ក្លាយ​ទៅ​ជា​ជីតា​របស់​ព្រះ​យេស៊ូ ដែល​ជា​«ស្មរបន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ»។—យ៉ាកុប ២:២៣; វិវរណៈ ៣:១៤

ទី​បន្ទាល់​របស់​អ័ប្រាហាំ​ចំពោះ​សេចក្ដី​ពិត

៦, ៧. តើ​តាម​វិធី​ណា​ដែល​ជីវិត​និង​ការ​ប្រព្រឹត្ត​របស់​លោក​អ័ប្រាហាំ ធ្វើ​ជា​ទី​បន្ទាល់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​នោះ?

៦ តើ​លោក​អ័ប្រាហាំ​បាន​បំរើ​ជា​ស្មរបន្ទាល់​ម្នាក់​តាម​របៀប​ណា? គឺ​តាម​រយៈ​ជំនឿ​ដ៏​មុត​មាំ​និង​ការ​គោរព​ដ៏​ស្មោះ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​ព្រះ​បង្គាប់​គាត់​ឲ្យ​ចេញ​ពី​ទី​ក្រុង​អ៊ើរ ហើយ​ទៅ​រស់​នៅ​មួយ​ជីវិត​ក្នុង​ស្រុក​ឯ​ទៀត លោក​អ័ប្រាហាំ​បាន​គោរព​ធ្វើ​តាម។ (លោកុប្បត្តិ ១៥:៧; កិច្ចការ ៧:២​-​៤) ជា​ធម្មតា ពួក​កុលសម្ព័ន្ធ​តែង​តែ​លះបង់​ចោល​ជីវភាព​ផ្លាស់ប្ដូរ​លំនៅ​របស់​គេ ហើយ​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​វិញ​ដែល​ជា​កន្លែង​សុខសាន្ត។ ដូច្នេះ​ហើយ កាល​ដែល​លោក​អ័ប្រាហាំ​ចាក​ចេញ​ពី​ទី​ក្រុង​ទៅ​រស់​នៅ​ក្នុង​រោង​សំពត់ លោក​បាន​សម្ដែង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ដ៏​ច្បាស់​ពី​ការ​ទុក​ចិត្ត​របស់​លោក​ទៅ​លើ​ព្រះ​យេហូវ៉ា។ ការ​គោរព​តាម​របស់​លោក​គឺ​ជា​ទី​បន្ទាល់​ដល់​ពួក​អ្នក​ក្រៅ​ដែល​សង្កេត​មើល​ចរិយា​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ជា​ច្រើន​ដល់​លោក​អ័ប្រាហាំ​ចំពោះ​ជំនឿ​របស់​លោក។ ថ្វី​បើ​លោក​អ័ប្រាហាំ​រស់​នៅ​ក្នុង​រោង​សំពត់​ក្ដី លោក​បាន​រីក​ចំរើន​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន។ ពេល​ដែល​ឡុត​និង​គ្រួសារ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​លោក​អ័ប្រាហាំ​មាន​ជ័យជំនះ​ក្នុង​ការ​ដេញ​តាម ដើម្បី​ឲ្យ​លោក​អាច​ជួយ​សង្គ្រោះ​ដល់​ពួក​គេ។ ប្រពន្ធ​របស់​លោក​អ័ប្រាហាំ​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ក្នុង​កាល​អាយុ​ចាស់ ហើយ​នេះ​បញ្ជាក់​ពី​កិច្ច​សន្យា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​លោក​អ័ប្រាហាំ​នឹង​បង្កើត​ឲ្យ​មាន​ពូជ​មួយ។ តាម​រយៈ​លោក​អ័ប្រាហាំ មនុស្ស​បាន​ឃើញ​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ដែល​បំពេញ​កិច្ច​សន្យា​របស់​ទ្រង់។—លោកុប្បត្តិ ១២:១​-​៣; ១៤:១៤​-​១៦; ២១:១​-​៧

៧ នៅ​ពេល​ដែល​ត្រឡប់​មក​ពី​សង្គ្រោះ​ឡុត​វិញ លោក​អ័ប្រាហាំ​បាន​ជួប​ម៉ិលគីស្សាដែក ដែល​ជា​ស្តេច​ក្រុង​សាឡិម (ដែល​ក្រោយ​មក ហៅ​យេរូសាឡិម) ដែល​បាន​ទទួល​ស្វាគមន៍​លោក​អ័ប្រាហាំ ដោយ​មាន​បន្ទូលថា៖ «សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត»។ ស្តេច​ក្រុង​សូដុំម​ក៏​បាន​មក​ជួប​លោក​ដែរ ហើយ​ចង់​ឲ្យ​អំណោយ​ដល់​លោក។ លោក​អ័ប្រាហាំ​បាន​បដិសេធ​មិន​ទទួល។ តើ​ហេតុ​អ្វី? ពីព្រោះ​គាត់​មិន​ចង់​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ប្រភព​នៃ​ប្រសិទ្ធិពរ​របស់​គាត់​ឡើយ។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ទូល​បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថានសួគ៌​នឹង​ផែនដី​ថា ទូល​បង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗរបស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា ‹អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន›»។ (លោកុប្បត្តិ ១៤:១៧​-​២៤) លោក​អ័ប្រាហាំ​ជា​ស្មរបន្ទាល់​ដ៏​ប្រសើរ​ម្នាក់​មែន!

សាសន៍​នៃ​ពួក​ស្មរបន្ទាល់

៨. តើ​ម៉ូសេ​បាន​បង្ហាញ​ជំនឿ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៨ ម៉ូសេ​ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​ប៉ុល​នៃ​ពួក​ស្មរបន្ទាល់​ដែរ។ លោក​ម៉ូសេ​បាន​លះបង់​ចោល​ទ្រព្យ​សម្បត្ដិ​នៃ​ប្រទេស​អេស៊ីប ហើយ​ក្រោយ​មក​បាន​ប្រឈម​មុខ​យ៉ាង​ក្លាហាន​នឹង​មេ​គ្រប់គ្រង​នៃ​ប្រទេស​មហា​អំណាច​នោះ ដើម្បី​ដឹក​នាំ​កូន​ចៅ​អ៊ីស្រាអែល​ទៅ​កាន់​សេរីភាព។ តើ​គាត់​បាន​សេចក្ដី​ក្លាហាន​ពី​ណា​មក? គឺ​ពី​ជំនឿ​របស់​គាត់។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «[ម៉ូសេ] លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៧) ពួក​ព្រះ​របស់​សាសន៍​អេស៊ីប​អាច​មើល​ឃើញ ហើយ​អាច​ពាល់​បាន។ សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ក៏​នៅ​តែ​កោត​ស្ងើច​នឹង​រូប​ព្រះ​ទាំង​នេះ​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា ថ្វី​បើ​មើល​មិន​ឃើញ​ក្ដី គឺ​ជា​ព្រះ​ដ៏​ពិត​ចំពោះ​ម៉ូសេ​ជាង​ពួក​ព្រះ​មិន​ពិត​ទាំង​នោះ​ទៅ​ទៀត។ លោក​ម៉ូសេ​ជឿជាក់​ថា​មាន​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់។ (ហេព្រើរ ១១:៦) លោក​ម៉ូសេ​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ដ៏​ប្រសើរ​ម្នាក់។

៩. តើ​សាសន៍​អ៊ីស្រាអែល​ត្រូវ​បំរើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

៩ ក្រោយ​ពី​បាន​ដឹក​នាំ​ប្រជាជន​អ៊ីស្រាអែល​ទៅ​កាន់​សេរីភាព​ហើយ លោក​ម៉ូសេ​បាន​ក្លាយ​ទៅ​ជា​អន្តរការី ឬ​ក៏​ជា​អ្នក​កណ្ដាល​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​តាម​រយៈ​យ៉ាកុប។ ជា​លទ្ធផល សាសន៍​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​សម្បត្ដិ​ពិសេស​របស់​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៩:៥, ៦) ជា​លើក​ដំបូង ដែល​ទី​បន្ទាល់​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង។ ប្រមាណ​៨០០​ឆ្នាំ​ក្រោយ​មក ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អេសាយ បាន​សម្រេច​ជា​គោលការណ៍​តាំង​ពីដើម​កំណើត​នៃ​សាសន៍​នេះ គឺ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ›»។ (អេសាយ ៤៣:១០) តើ​សាសន៍​ថ្មី​នេះ​អាច​បំរើ​ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? គឺ​តាម​រយៈ​ជំនឿ​និង​ការ​គោរព​របស់​គេ ហើយ​តាម​រយៈ​សកម្មភាព​របស់​ព្រះ​យេហូវ៉ា​ជា​ប្រយោជន៍​ដល់​ពួក​គេ។

១០. ក្នុង​វិធី​ណា​ដែល​កិច្ចការ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ប្រយោជន៍​ដល់​សាសន៍​អ៊ីស្រាអែល ផ្ដល់​ឲ្យ​ឃើញ​ជា​ទី​បន្ទាល់​នោះ ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១០ ប្រមាណ​៤០​ឆ្នាំ​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​មក សាសន៍​អ៊ីស្រាអែល​ជិត​នឹង​យក​បាន​ស្រុក​សន្យា។ ពួក​ឈ្លប​បាន​ចេញ​ទៅ​យក​ការណ៍​នៅ​ទី​ក្រុង​យេរីខូរ ហើយ​នាង​រ៉ាហាប ដែល​ជា​អ្នក​រស់​នៅ​ទី​នោះ បាន​ការពារ​ពួក​គេ។ តើ​ហេតុ​អ្វី? នាង​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ឮ​ពី​ការ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន​ហើយ​នឹង​អុ​ក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ។ កាល​ដែល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថានសួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង»។ (យ៉ូស្វេ ២:១០, ១១) សេចក្ដី​រាយ​ការណ៍​អំពី​កិច្ចការ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​នាង​រ៉ាហាប​និង​គ្រួសារ​របស់​នាង​ឲ្យ​ចេញ​ពី​ទី​ក្រុង​យេរីខូរ និង​ពួក​ព្រះ​មិន​ពិត​នៃ​ក្រុង​នោះ ហើយ​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​ទី​បន្ទាល់​យ៉ាង​ខ្លាំង​ក្លា​តាម​រយៈ​សាសន៍​អ៊ីស្រាអែល។—យ៉ូស្វេ ៦:២៥

១១. តើ​ឪពុក​ម្ដាយ​ជនជាតិ​អ៊ីស្រាអែល​មាន​ភារកិច្ច​អ្វី​ក្នុង​ការ​ធ្វើ​បន្ទាល់?

១១ កាល​ដែល​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​ម៉ូសេ​ទៅ​ជួប​ស្តេច​ផារ៉ោន ហើយ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត​អញ​បាន​បណ្ដាល​ឲ្យ​ចិត្ត​ទ្រង់​នឹង​ចិត្ត​នៃ​ពួក​មហាតលិក​ទ្រង់​រឹង​ទទឹង ដើម្បី​ឲ្យ​អញ​បាន​សំដែង​អស់​ទាំង​ទីសំគាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ។ ហើយ​ឲ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​កូន​ចៅ​ឯង​ពី​ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ពី​ទីសំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​សំដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។ (និក្ខមនំ ១០:១, ២) ប្រជាជន​អ៊ីស្រាអែល​ដែល​គោរព​តាម នឹង​ប្រាប់​កូន​ចៅ​របស់​គេ​អំពី​កិច្ចការ​ក៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា។ កូន​ចៅ​ក៏​នឹង​ប្រាប់​តៗគ្នា​ទៅ​កូន​ចៅ​របស់​គេ​ទៀត ពី​តំណ​មួយ​ទៅ​តំណ​មួយ។ ដូច្នេះ កិច្ចការ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បាន​ចង​ចាំ​ជានិច្ច។ នៅ​សព្វ​ថ្ងៃ​នេះ ឱ​ពុក​ម្ដាយ​ក៏​មាន​ភារកិច្ច​ក្នុង​ការ​ធ្វើ​បន្ទាល់​ដល់​កូន​ចៅ​របស់​គេ​ដែរ។—ចោទិយកថា ៦:៤​-​៧; សុភាសិត ២២:៦

១២. តើ​តាម​របៀប​ណា ដែល​ការ​ប្រទាន​ពរ​ដល់​ស្តេច​សាឡូម៉ូន​និង​សាសន៍​អ៊ីស្រាអែល​ពី​ព្រះ​យេហូវ៉ា បាន​ធ្វើ​ជា​ទី​បន្ទាល់​នោះ?

១២ ប្រសិទ្ធិពរ​ដ៏​បរិបូរ​នៃ​ព្រះ​យេហូវ៉ា​មក​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ពេល​ដែល​ស្មោះ​ត្រង់​នោះ បាន​ធ្វើ​ជា​ទី​បន្ទាល់​ដល់​ពួក​សាសន៍​ដទៃ​ដែល​នៅ​ជិត​ខាង។ ក្រោយ​ពី​បាន​រៀប​រាប់​អំពី​ប្រសិទ្ធិពរ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​មក លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ថា៖ «នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​គេ​នឹង​កោត​ខ្លាច​ដល់​ឯង»។ (ចោទិយកថា ២៨:១០) ស្តេច​សាឡូម៉ូន​បាន​ទទួល​ប្រាជ្ញា​និង​ទ្រព្យ​សម្បត្ដិ ដោយសារ​តែ​ជំនឿ​របស់​ទ្រង់។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់ សាសន៍​អ៊ីស្រាអែល​បាន​ចំរើន​ហើយ​មាន​សន្ដិភាព​យ៉ាង​យូរ។ អំពី​សម័យ​នោះ យើង​អាន​ថា៖ «មាន​មនុស្ស​មូល​មក​ពី​គ្រប់​ទាំង​សាសន៍ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន គឺ​មក​ពី​អស់​ទាំង​ស្តេច​នៅ​ផែនដី ជា​កន្លែង​ដែល​គេ​បាន​ឮ​ថ្លែង​ប្រាប់​ពី​ប្រាជ្ញា​ទ្រង់»។ (ពង្សាវតារក្សត្រទី១ ៤:២៥, ២៩, ៣០, ៣៤) ភ្ញៀវ​ដ៏​ធំដុំ​ជាង​គេ​ក្នុង​ចំណោម​ពួក​ភ្ញៀវ​របស់​ស្តេច​សាឡូម៉ូន គឺ​ជា​មហាក្សត្រី​នៃ​ស្រុក​សេបា។ បន្ទាប់​ពី​បាន​ឃើញ​ដោយ​ខ្លួន​នាង​ផ្ទាល់​នូវ​ប្រសិទ្ធិពរ​របស់​ព្រះ​យេហូវ៉ា​មក​លើ​សាសន៍​និង​ស្តេច នាង​បាន​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​បាន​ព្រះ​ពរ​ដែល​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​ព្រះ​ករុណា ដើម្បី​នឹង​លើក​ព្រះ​ករុណា​ឡើង ឲ្យ​គង់​លើ​បល្ល័ង្ក​រាជ្យ ធ្វើ​ជា​ស្តេច​ថ្វាយ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គឺ​ដោយ​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រាអែល»។—របាក្សត្រទី២ ៩:៨

១៣. តើ​អ្វី​ដែល​ប្រហែលជា​ទី​បន្ទាល់​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​របស់​សាសន៍​អ៊ីស្រាអែល ហើយ​តាម​របៀប​ណា​ដែល​យើង​នៅ​តែ​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​បន្ទាល់​នោះ?

១៣ សាវ័ក​ប៉ុល​បាន​ថ្លែង​អំពី​អ្វី​ដែល​ប្រហែល​ជា​ទី​បន្ទាល់​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​របស់​សាសន៍​អ៊ីស្រាអែល។ នៅ​ពេល​ដែល​ពិគ្រោះ​អំពី​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ជា​មួយ​ក្រុមជំនុំ​គ្រីស្ទាន​នៅ​រ៉ូម គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​បាន​ផ្ញើ​ព្រះ​បន្ទូល​ទុក​នឹង​គេ»។ (រ៉ូម ៣:១, ២) ចាប់​ផ្ដើម​នឹង​លោក​ម៉ូសេ ប្រជាជន​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​ខ្លះ​ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​កត់​ទុក​ជា​ឯកសារ​នូវ​ការ​ទាក់ទង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​ដំបូន្មាន ច្បាប់​និង​ទំនាយ​របស់​ទ្រង់​ផង។ តាម​រយៈ​ឯកសារ​ទាំង​នេះ ពួក​ស្មៀន​ពី​បុរាណ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​ដល់​គ្រប់​តំណ​មនុស្ស​នៅ​អនាគត—រួម​ទាំង​តំណ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ—ដែល​ថា​មាន​ព្រះ​តែ​មួយ​អង្គ​គត់ ហើយ​ព្រះ​នាម​ទ្រង់​គឺ​ព្រះ​យេហូវ៉ា។—ដានីយ៉ែល ១២:៩; ពេត្រុសទី១ ១:១០​-​១២

១៤. ហេតុ​អ្វី​ក៏​ពួក​អ្នក​ខ្លះ​ដែល​ធ្វើ​បន្ទាល់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​រង​ទុក្ខ​ការ​បៀតបៀន​នោះ?

១៤ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ជា​ញឹកញាប់​សាសន៍​អ៊ីស្រាអែល​ពុំ​បាន​អនុវត្ត​ជំនឿ ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ចាត់​ពួក​ស្មរបន្ទាល់​ឲ្យ​មក​សាសន៍​របស់​ទ្រង់​នេះ។ ពួក​ស្មរបន្ទាល់​ទាំង​នេះ​ជា​ច្រើន​ត្រូវ​បាន​គេ​ធ្វើ​ទុក​បៀតបៀន។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា អ្នក​ខ្លះ «ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង»។ (ហេព្រើរ ១១:៣៦) នេះ​ជា​ពួក​ស្មរបន្ទាល់​យ៉ាង​ស្មោះ​ត្រង់​មែន! ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​ការ​ធ្វើ​ទុក​បៀតបៀន​របស់​គេ​តែង​តែ​មាន​មក​ពី​សមាជិក​គ្នីគ្នា​នៃ​សាសន៍​ជ្រើសរើស​របស់​ព្រះ​យេហូវ៉ា! (ម៉ាថាយ ២៣:៣១, ៣៧) តាម​ការ​ពិត អំពើ​បាប​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​ធំ​ដ៏​ម្ល៉េះ ដែល​នៅ​ឆ្នាំ​៦០៧ ម.ស.យ. ព្រះ​យេហូវ៉ា​បាន​នាំ​ពួក​បាប៊ីឡូន​មក​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ ហើយ​ក៏​បាន​ចាប់​យក​ប្រជាជន​អ៊ីស្រាអែល​នៅ​រស់​ជា​ច្រើន។ (យេរេមា ២០:៤; ២១:១០) តើ​នេះ​ជា​ការ​បញ្ចប់​នៃ​ទី​បន្ទាល់​ជាតិ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ឬ? គឺ​មិន​មែន​ទេ។

ការ​ល្បង​មើល​នៃ​ពួក​ព្រះ

១៥. តើ​បាន​ធ្វើ​បន្ទាល់​តាម​របៀប​ណា ថ្វី​បើ​នៅ​ស្រុក​បាប៊ីឡូន​នោះ?

១៥ សូម្បី​តែ​និរទេស​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ក្ដី ក៏​សមាជិក​ស្មោះ​ត្រង់​នៃ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​ចេស្ដា​របស់​ទ្រង់​ឡើយ។ ឧទាហរណ៍ ដានីយ៉ែល​បាន​បកស្រាយ​យ៉ាង​អង់អាច​នូវ​សុបិន​របស់​ស្តេច​នេប៊ូក្នេសា និង​បាន​ពន្យល់​អំពី​ការ​សរសេរ​នៅ​លើ​ជញ្ជាំង​ឲ្យ​ស្តេច​បេលសាសារ ហើយ​បាន​បដិសេធ​មិន​សម្រប​សម្រួល​នៅ​ចំពោះ​ព្រះ​រាជា​ដារីយុស​អំពី​ការ​អធិស្ឋាន។ យ៉ាង​នេះ​ដែរ យុវជន​ហេព្រើរ​បី​នាក់​បាន​ធ្វើ​បន្ទាល់​ដ៏​អស្ចារ្យ​ដល់​ស្តេច​នេប៊ូក្នេសា នៅ​ពេល​ដែល​ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​រូប​ព្រះ។—ដានីយ៉ែល ៣:១៣​-​១៨; ៥:១៣​-​២៩; ៦:៤​-​២៧

១៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​អំពី​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​តើ​ការ​ត្រឡប់​មក​វិញ​នេះ​មាន​បំណង​ចំពោះ​អ្វី?

១៦ យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​បាន​មាន​បំណង​ថា នឹង​ត្រូវ​មាន​ការ​ធ្វើ​ទី​បន្ទាល់​ជាតិ​ម្ដង​ទៀត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ អេសេគាល ដែល​ជា​ព្យាការី​ក្នុង​ចំណោម​ពួក​យូដា​ដែល​បាន​និរទេស​ទៅ​ស្រុក​បាប៊ីឡូន បាន​សរសេរ​អំពី​ការ​ប្ដេជ្ញា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ស្រុក​ដ៏​ខ្ទេចខ្ទី​នេះ៖ «អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ»។ (អេសេគាល ៣៦:១០) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ? ទី​មួយ គឺ​ជា​ទី​បន្ទាល់​ដល់​ព្រះ​នាម​ផ្ទាល់​របស់​ទ្រង់។ ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​អេសេគាល​ថា៖ «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍»។—អេសេគាល ៣៦:២២; យេរេមា ៥០:២៨

១៧. តើ​បរិបទ​នៃ​ពាក្យ​នៅ​អេសាយ ៤៣:១០​ជា​អ្វី?

១៧ ដោយសារ​តែ​បាន​ទាយ​អំពី​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សាសន៍​អ៊ីស្រាអែល ពី​និរទេស​នៅ​បាប៊ីឡូន បាន​ជា​ព្រះ​បណ្ដាល​ឲ្យ​ព្យាការី​អេសាយ​កត់​ទុក​ពាក្យ​បន្ទូល​នៅ​អេសាយ ៤៣:១០​ដែល​ថា សាសន៍​អ៊ីស្រាអែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​អ្នក​បំរើ​របស់​ទ្រង់។ នៅ​អេសាយ ៤៣ និង ៤៤ ព្រះ​យេហូវ៉ា​ត្រូវ​បាន​រៀប​រាប់​ជា ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រាអែល អ្នក​បង្កើត ជា​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ ជា​ព្រះ​ដ៏​សង្គ្រោះ ជា​ព្រះ​ដ៏​ប្រោស​លោះ ជា​មហាក្សត្រ ហើយ​ជា​អ្នក​ជប​សូន។ (អេសាយ ៤៣:៣, ១៤, ១៥; ៤៤:២) ព្រះ​បាន​អនុញ្ញាត​ឲ្យ​សាសន៍​អ៊ីស្រាអែល​និរទេស ពីព្រោះ​ម្ដង​ហើយ​ម្ដង​ទៀត​សាសន៍​នេះ​ពុំ​បាន​លើក​ដំកើង​ទ្រង់​ឲ្យ​ដូច​ឋានន្តរ​ខាង​លើ​នេះ​ឡើយ។ យ៉ាង​ណា​ក្ដី ពួក​គេ​នៅ​តែ​ជា​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ»។ (អេសាយ ៤៣:១) និរទេស​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ចប់។

១៨. តើ​តាម​របៀប​ណា​ដែល​ការ​រំដោះ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​ស្រុក​បាប៊ីឡូន បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​នោះ?

១៨ ជា​ពិត​ប្រាកដ ព្រះ​យេហូវ៉ា​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ពី​បាប៊ីឡូន ឲ្យ​ចូល​ក្នុង​ការ​ល្បង​មើល​នៃ​ពួក​ព្រះ។ ទ្រង់​បាន​ប្រកួត​ប្រជែង​នឹង​ពួក​ព្រះ​មិន​ពិត​របស់​សាសន៍​ដទៃ​ឲ្យ​ស្មរបន្ទាល់​របស់​គេ​បញ្ចេញ​ខ្លួន​មក ហើយ​ទ្រង់​បាន​តែងតាំង​សាសន៍​អ៊ីស្រាអែល​ជា​ស្មរបន្ទាល់​របស់​ទ្រង់។ (អេសាយ ៤៣:៩, ១២) នៅ​ពេល​ដែល​ទ្រង់​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​ព្រះ​របស់​បាប៊ីឡូន​មិន​មែន​ជា​ព្រះ​ទាល់តែ​សោះ ហើយ​ថា​ទ្រង់​ជា​ព្រះ​ពិត​តែ​មួយ​អង្គ​គត់។ (អេសាយ ៤៣:១៤, ១៥) ប្រមាណ​២០០​ឆ្នាំ​មុន​នឹង​ការ​រំដោះ​នោះ ទ្រង់​បាន​តែងតាំង​ស៊ីរូស​ស្តេច​ពើស៊ី ជា​អ្នក​បំរើ​របស់​ទ្រង់​ឲ្យ​ដោះ​លែង​ពួក​យូដា ដែល​ទ្រង់​បាន​ឲ្យ​ភស្តុតាង​ថែម​ទៀត​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់។ (អេសាយ ៤៤:២៨) សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​រំដោះ។ តើ​ហេតុ​អ្វី? ព្រះ​យេហូវ៉ា​ពន្យល់​ថា៖ «ដើម្បី​ឲ្យ​គេ​[សាសន៍​អ៊ីស្រាអែល]​បាន​សំដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ»។ (អេសាយ ៤៣:២១) នេះ​នឹង​ផ្ដល់​ឲ្យ​ឱកាស​ត​ទៅ​ទៀត​សំរាប់​ការ​ធ្វើ​ទី​បន្ទាល់។

១៩. តើ​ស្តេច​ស៊ីរូស​បាន​ផ្ដល់​ការ​ធ្វើ​បន្ទាល់​អំពី​អ្វី ដោយ​អញ្ជើញ​ពួក​អ៊ីស្រាអែល​ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ហើយ​ដោយ​ការ​ប្រព្រឹត្ត​របស់​ពួក​យូដា​ដែល​មាន​ចិត្ត​ស្មោះ​ក្រោយ​ពី​ត្រឡប់​មក​វិញ​នោះ?

១៩ នៅ​ពេល​ដែល​គ្រា​កំណត់​បាន​មក​ដល់ ស៊ីរូស​ស្តេច​ពើស៊ី​បាន​ច្បាំង​ឈ្នះ​បាប៊ីឡូន​ដូច​ជា​បាន​ទាយ​មក​មែន។ ស៊ីរូស ថ្វី​បើ​ជា​អ្នក​មិន​ជឿ​ព្រះ​ក្ដី បាន​ប្រកាស​អំពី​ភាព​ជា​ព្រះ​នៃ​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​ទ្រង់​បាន​ធ្វើ​សេចក្ដី​ថ្លែង​ដល់​ពួក​យូដា​នៅ​បាប៊ីឡូន​ថា៖ «បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូសាឡិម​នោះ»។ (អែសរ៉ា ១:៣) ពួក​យូដា​ជា​ច្រើន​បាន​តប​ឆ្លើយ។ ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ស្រុក​សន្យា ហើយ​ក៏​តម្លើង​អាសនា​មួយ​នៅ​កន្លែង​ព្រះ​វិហារ​ចាស់។ ថ្វី​បើ​មាន​ការ​បាក់​ទឹក​ចិត្ត​និង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក្ដី នៅ​ទីបំផុត ពួក​គេ​បាន​ស្អាង​ព្រះ​វិហារ​និង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ ការ​ទាំង​អស់​នេះ​បាន​កើត​ឡើង ដូច​ជា​ព្រះ​យេហូវ៉ា​អង្គ​បាន​មាន​បន្ទូល​មក​ថា «មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​[ទ្រង់]​វិញ»។ (សាការី ៤:៦) ការ​សម្រេច​ទាំង​នេះ​បាន​ឲ្យ​ភស្តុតាង​ថែម​ទៀត​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត។

២០. ថ្វី​បើ​អ៊ីស្រាអែល​មាន​ការ​ទន់ខ្សោយ​ក្ដី តើ​យើង​អាច​និយាយ​យ៉ាង​ណា អំពី​ការ​ធ្វើ​បន្ទាល់​របស់​គេ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ក្នុង​សម័យ​ពី​បុរាណ​នោះ?

២០ ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រើ​សាសន៍​អ៊ីស្រាអែល​ត​ទៅ​ទៀត​ជា​ស្មរបន្ទាល់​របស់​ទ្រង់ ថ្វី​បើ​សាសន៍​នេះ​មិន​ល្អ​ឥតខ្ចោះ ហើយ​ជួន​កាល​ជា​ប្រជា​រាស្ត្រ​បះបោរ​ផង។ នៅ​ក្នុង​ពិភពលោក​មុន​សម័យ​គ្រីស្ទាន សាសន៍​នោះ ជា​មួយ​និង​ព្រះ​វិហារ ហើយ​ពួក​សង្ឃ បាន​តំណាង​ទី​កណ្ដាល​ពិភពលោក​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ អ្នក​ណា​ដែល​អាន​បទ​គម្ពីរ​ភាសា​ហេព្រើរ​ដែល​ស្តី​អំពី​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សាសន៍​អ៊ីស្រាអែល អាច​យល់​យ៉ាង​ច្បាស់​លាស់​ថា មាន​ព្រះ​ពិត​តែ​មួយ​អង្គ​ប៉ុណ្ណោះ ហើយ​ព្រះ​នាម​របស់​ទ្រង់​គឺ​ព្រះ​យេហូវ៉ា។ (ចោទិយកថា ៦:៤; សាការី ១៤:៩) យ៉ាង​ណា​ក៏​ដោយ នឹង​មាន​ការ​ធ្វើ​បន្ទាល់​ដ៏​ធំ​ជាង​នេះ​ទៅ​ទៀត​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​ពិគ្រោះ​អំពី​រឿង​នេះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​លោក​អ័ប្រាហាំ​បាន​ផ្ដល់​នូវ​ទី​បន្ទាល់ ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​នោះ?

◻ តើ​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក​ម៉ូសេ​មួយ​ណា ដែល​ជួយ​គាត់​ឲ្យ​ធ្វើ​ជា​ស្មរបន្ទាល់​ដ៏​ស្មោះ​ត្រង់​បាន?

◻ តាម​របៀប​ណា​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ផ្ដល់​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា​ជា​សាសន៍​មួយ​នោះ?

◻ តើ​តាម​របៀប​ណា​ដែល​ការ​រំដោះ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​ស្រុក​បាប៊ីឡូន​សម្ដែង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​អង្គ​នោះ?

[រូបភាព​នៅ​ទំព័រ​១០]

តាម​រយៈ​ជំនឿ​និង​ការ​គោរព​ធ្វើ​តាម​របស់​គាត់ លោក​អ័ប្រាហាំ​បាន​ធ្វើ​បន្ទាល់​យ៉ាង​ប្រសើរ​ដល់​ភាព​ជា​ព្រះ​របស់ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក