បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១១ ទំ. ២១-២៦
  • ‹រាស្ត្រដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹រាស្ត្រដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក
  • ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​របស់​លោក
  • រាស្ត្រ​របស់​ព្រះ​ទៅ​ជា​ប្រជា​ជាតិ​មួយ
  • ជន​ជាតិ​ដទៃ​អាច​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក
  • ប្រជា​ជាតិ​មួយ​ដែល​ជា​សាក្សី​របស់​លោក
  • រាស្ត្រ​ដែល​បះបោរ​ប្រឆាំង
  • ពួកគាត់បានកើតមកជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១១ ទំ. ២១-២៦

‹រាស្ត្រ​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន›

«សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!»។—ទំនុក​តម្កើង ១៤៤:១៥

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

  • តើ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​មាន​រាស្ត្រ​ពិសេស​លើ​ផែន​ដី​នៅ​ពេល​ណា?

  • តើ​តាម​របៀប​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដែល​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា?

  • តើ​តាម​របៀប​ណា​អ៊ីស្រាអែល​លែង​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ហើយ​តើ​លោក​បាន​ប្រកាស​អ្វី​ទុក​ជា​មុន?

១​. តើ​មនុស្ស​ខ្លះ​ជឿ​យ៉ាង​ណា​អំពី​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ?

មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​និយាយ​ថា​សាសនា​ធំៗរបស់​ពិភព​លោក​មិន​ជួយ​មនុស្សជាតិ​ទេ។ មនុស្ស​ខ្លះ​គិត​ថា​ព្រះ​មិន​អាច​ពេញ​ចិត្ត​នឹង​សាសនា​ទាំង​នេះ​ឡើយ ពី​ព្រោះ​សាសនា​ទាំង​នេះ​មិន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ ហើយ​ពួក​គេ​ធ្វើ​អំពើ​អាក្រក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​ច្រើន​តែ​ជឿ​ថា​ព្រះ​ព្រម​ទទួល​មនុស្ស​ល្អ​នៅ​ក្នុង​សាសនា​ទាំង​អស់។ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? ឬ​តើ​ព្រះ​តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត? សូម​យើង​រក​ចម្លើយ​ដោយ​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា​តាំង​ពី​សម័យ​បុរាណ​មក។

កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក

២​. តើ​អ្នក​ណា​បាន​ទៅ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា? តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ពួក​គេ​ជា​រាស្ត្រ​ដែល​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

២ ប្រហែល​ជា​៤.០០០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​មនុស្ស​មួយ​ក្រុម​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក​នៅ​លើ​ផែន​ដី។ អាប្រាហាំ​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​ថា​ជា«ឪពុក​របស់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ» ហើយ​គាត់​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ​ដែល​មាន​អ្នក​បម្រើ​រាប់​រយ​នាក់។ (រ៉ូម ៤:១១; លោកុប្បត្តិ ១៤:១៤) នៅ​ស្រុក​កាណាន គាត់​បាន​ត្រូវ​គេ​គោរព​ជា«អ្នក​ធំ​របស់​ព្រះ»។ (លោកុប្បត្តិ ២១:២២; ២៣:៦) ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង ឬ​កិច្ច​សន្យា​មួយ​ជា​មួយ​នឹង​អាប្រាហាំ​និង​កូន​ចៅ​របស់​គាត់។ (លោកុប្បត្តិ ១៧:១, ២, ១៩) ព្រះ​បាន​ប្រាប់​អាប្រាហាំ​ថា៖ «នេះ​ជា​សេចក្ដី​សញ្ញា[កិច្ច​ព្រម​ព្រៀង]របស់​អញ ដែល​ឯង​នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗក្នុង​ពួក​ឯង​ត្រូវ​តែ​កាត់​ស្បែក»។ លោក​បាន​បន្ថែម​ថា នេះ​នឹង«ទុក​ជា​ទី​សំ​គាល់​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​នឹង​គ្នា»។ (លោកុប្បត្តិ ១៧:១០, ១១) ហេតុ​នេះ អាប្រាហាំ​និង​បុរស​ទាំង​អស់​ក្នុង​គ្រួសារ​របស់​គាត់​បាន​កាត់​ចុង​ស្បែក។ (លោកុប្បត្តិ ១៧:២៤​-​២៧) ការ​កាត់​ចុង​ស្បែក​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​កូន​ចៅ​របស់​អាប្រាហាំ​ជា​រាស្ត្រ​ដែល​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

៣​. តើ​តាម​របៀប​ណា​កូន​ចៅ​របស់​អាប្រាហាំ​បាន​ទៅ​ជា​រាស្ត្រ​មួយ?

៣ យ៉ាកុប ឬ​អ៊ីស្រាអែល​ដែល​ជា​ចៅ​របស់​អាប្រាហាំ មាន​កូន​ប្រុស​១២​នាក់។ (លោកុប្បត្តិ ៣៥:១០, ២២​ខ​-​២៦) ក្រោយ​មក កូន​ប្រុស​ទាំង​នេះ​បាន​ទៅ​ជា​ប្រមុខ​នៃ​កុលសម្ព័ន្ធ​១២​របស់​អ៊ីស្រាអែល។ (សកម្មភាព ៧:៨) យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​យ៉ាកុប​បាន​ត្រូវ​គេ​យក​ទៅ​ស្រុក​អេស៊ីប ហើយ​ក្រោយ​មក​ផារ៉ូ​បាន​ឲ្យ​គាត់​នូវ​អំណាច​យ៉ាង​ធំ។ ក្នុង​អំឡុង​ពេល​មាន​ការ​អត់​ឃ្លាន យ៉ូសែប​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ការ​ផ្គត់​ផ្គង់​ស្បៀងអាហារ​សម្រាប់​ស្រុក​ទាំង​មូល។ ដោយ​សារ​មាន​ការ​អត់​ឃ្លាន​នៅ​គ្រា​នោះ យ៉ាកុប​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទៅ​ស្រុក​អេស៊ីប។ (លោកុប្បត្តិ ៤១:៣៩​-​៤១; ៤២:៦) កូន​ចៅ​របស់​យ៉ាកុប​បាន​កើន​ឡើង​ជា​ច្រើន ហើយ​បាន​ត្រូវ​ហៅ​ថា«ពួក​ច្រើន​រួម​គ្នា​តែ​១»។—លោកុប្បត្តិ ៤៨:៤; សូម​អាន សកម្មភាព ៧:១៧

ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​របស់​លោក

៤​. ដំបូង​ឡើយ តើ​ជន​ជាតិ​អេស៊ីប​និង​កូន​ចៅ​របស់​យ៉ាកុប​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ជា​មួយ​គ្នា?

៤ កូន​ចៅ​របស់​យ៉ាកុប​បាន​រស់​នៅ​ជាង​២០០​ឆ្នាំ​នៅ​កន្លែង​មួយ​នៃ​ស្រុក​អេស៊ីប​ដែល​ហៅ​ថា​កូសែន។ (លោកុប្បត្តិ ៤៥:៩, ១០) ផារ៉ូ​បាន​អញ្ជើញ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រស់​នៅ​ស្រុក​អេស៊ីប ដោយ​សារ​គាត់​ស្គាល់​និង​គោរព​យ៉ូសែប។ (លោកុប្បត្តិ ៤៧:១​-​៦) អស់​រយៈ​ពេល​ប្រហែល​ជា​១០០​ឆ្នាំ ពួក​គេ​បាន​រស់​នៅ​ដោយ​មាន​សន្ដិភាព​ជា​មួយ​នឹង​ជន​ជាតិ​អេស៊ីប។ ជន​ជាតិ​អ៊ីស្រាអែល​បាន​រស់​នៅ​ក្នុង​ក្រុង​តូចៗ ហើយ​ពួក​គេ​ចិញ្ចឹម​សត្វ។ ទោះ​ជា​ជន​ជាតិ​អេស៊ីប​ស្អប់​មនុស្ស​ដែល​ជា​គង្វាល​ចៀម​ក៏​ដោយ ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់​ផារ៉ូ ហើយ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ទី​នោះ។—លោកុប្បត្តិ ៤៦:៣១​-​៣៤

៥, ៦​. (ក) តើ​ស្ថានភាព​នៃ​រាស្ត្រ​របស់​ព្រះ​នៅ​ស្រុក​អេស៊ីប​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា? (ខ) ហេតុ​អ្វី​បាន​ជា​ម៉ូសេ​មិន​បាន​ត្រូវ​សម្លាប់ ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​រាស្ត្រ​លោក?

៥ មួយ​រយៈ​ពេល​ក្រោយ​មក ជន​ជាតិ​អេស៊ីប​បាន​បង្ខំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​គេ។ គម្ពីរ​ចែង​ថា៖ «នៅ​គ្រា​នេះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ​រាជ្យ​ឡើង​នៅ​ស្រុកអេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ។ ទ្រង់​មាន​បន្ទូល​ទៅ​បណ្ដា​រាស្ត្រ​របស់​ទ្រង់​ថា៖ ‹មើល! ពួក​ជន​ជាតិ​អ៊ីស្រាអែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុកស្តម្ភ​ជាង​ពួក​យើង​ហើយ›»។ ជា​លទ្ធផល ជន​ជាតិ​អេស៊ីប​បាន​បង្ខំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ឥដ្ឋ ថែ​ស្រែ​ចម្ការ និង​ធ្វើ​ការ​ពិបាក​ផ្សេងៗទៀត​ដូច​ខ្ញុំ​បម្រើ។ ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល។—និក្ខមនំ ១:៨, ៩, ១៣, ១៤

៦ ផារ៉ូ​ថ្មី​នេះ​ក៏​បាន​បង្គាប់​ដែរ​ថា​កូន​ង៉ែត​ប្រុស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​សម្លាប់ ពេល​ដែល​ពួក​គេ​កើត​មក។ (និក្ខមនំ ១:១៥, ១៦) នៅ​ពេល​នោះ ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យ៉ុកិបិត​បាន​សម្រាល​កូន​មួយ ហើយ​បាន​ដាក់​ឈ្មោះ​ថា​ម៉ូសេ។ ពេល​ដែល​ម៉ូសេ​មាន​អាយុ​បី​ខែ នាង​បាន​លាក់​គាត់​នៅ​គុម្ព​ត្រែង​ដែល​ដុះ​ឡើង​ក្បែរ​ទន្លេ​នី​ល។ មិន​យូរ​ក្រោយ​មក កូន​ស្រី​របស់​ផារ៉ូ​បាន​រក​ឃើញ​ម៉ូសេ ហើយ​បាន​យក​គាត់​ទៅ​ចិញ្ចឹម​ជា​កូន។ នាង​បាន​អនុញ្ញាត​ឲ្យ​ម្ដាយ​របស់​ម៉ូសេ​មើល​ថែ​រក្សា​គាត់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ជីវិត​គាត់ ហើយ​ម៉ូសេ​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ (និក្ខមនំ ២:១​-​១០; ហេប្រឺ ១១:២៣​-​២៥) ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​រាស្ត្រ​របស់​លោក​កំពុង​រង​ទុក្ខ នោះ​លោក​បាន​សម្រេច​ចិត្ត​ប្រើ​ម៉ូសេ​ដើម្បី​ដឹក​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ (និក្ខមនំ ២:២៤, ២៥; ៣:៩, ១០) តាម​របៀប​នេះ ព្រះ​យេហូវ៉ា«បាន​លោះ» ឬ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។—និក្ខមនំ ១៥:១៣; សូម​អាន ចោទិយកថា ១៥:១៥

រាស្ត្រ​របស់​ព្រះ​ទៅ​ជា​ប្រជា​ជាតិ​មួយ

៧, ៨​. តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ប្រជា​ជាតិ​បរិសុទ្ធ​មួយ?

៧ ព្រះ​យេហូវ៉ា​មិន​ទាន់​បាន​រៀបចំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​ប្រជា​ជាតិ​មួយ​ដែល​មាន​ច្បាប់​និង​សង្ឃ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ជ្រើស​រើស​ពួក​គេ​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ នោះ​គឺ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​និយាយ​ទៅ​កាន់​ផារ៉ូ​ថា៖ «ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា៖ ‹ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​យញ្ញ​បូជា​ដល់​អញ​នៅ​ទីរហោស្ថាន›»។—និក្ខមនំ ៥:១

៨ ប៉ុន្តែ ផារ៉ូ​មិន​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។ ដើម្បី​រំដោះ​រាស្ត្រ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​ប្រការ​នៅ​ស្រុក​អេស៊ីប ហើយ​ក្រោយ​មក​លោក​បាន​បំផ្លាញ​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​នៅ​ក្នុង​សមុទ្រ​ក្រហម។ (និក្ខមនំ ១៥:១​-​៤) មិន​ដល់​បី​ខែ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ភ្នំ​ស៊ីណាយ ដោយ​មាន​ប្រសាសន៍​ថា៖ «បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍»។ ពួក​គេ​នឹង​ទៅ​ជា«សាសន៍​បរិសុទ្ធ» ឬ​ប្រជា​ជាតិ​បរិសុទ្ធ​មួយ។—និក្ខមនំ ១៩:៥, ៦

៩, ១០​. (ក) ដូច​ចោទិយកថា ៤:៥​-​៨​បាន​ពន្យល់ តើ​ច្បាប់​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ខុស​គ្នា​យ៉ាង​ណា​ពី​ប្រជា​ជាតិ​ផ្សេង​ទៀត? (ខ) តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ពួក​គេ«ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា»?

៩ អស់​ជា​ច្រើន​សតវត្សរ៍ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដឹក​នាំ​ដោយ​មេ​គ្រួសារ​ដែល​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ចៅ​ក្រម និង​សង្ឃ។ នៅ​ស្រុក​អេស៊ីប ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ការ​រៀបចំ​នេះ​មុន​ពួក​គេ​បាន​ទៅ​ជា​ខ្ញុំ​បម្រើ។ (លោកុប្បត្តិ ៨:២០; ១៨:១៩; យ៉ូប ១:៤, ៥) ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ទាសភាព លោក​បាន​ឲ្យ​ពួក​គេ​នូវ​ច្បាប់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​ប្រជា​ជាតិ​ឯ​ទៀត​ទាំង​អស់។ (សូម​អាន ចោទិយកថា ៤:៥​-​៨; ទំនុក​តម្កើង ១៤៧:១៩, ២០) ច្បាប់​នោះ​បាន​រៀបចំ​ក្រុម​មួយ​ដោយ​ឡែក​ឲ្យ​ធ្វើ​ជា​សង្ឃ​សម្រាប់​ប្រជា​ជាតិ។ ម្យ៉ាង​ទៀត ច្បាប់​នោះ​បាន​ចែង​ថា«ពួក​ចាស់​ទុំ» ដែល​គេ​គោរព​ដោយ​សារ​ចំណេះ​និង​ប្រាជ្ញា​របស់​ពួក​គាត់ នឹង​ធ្វើ​ជា​ចៅ​ក្រម។ (ចោទិយកថា ២៥:៧, ៨) ក្នុង​ច្បាប់​នោះ​មាន​ការ​ណែនាំ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​និង​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​រាស្ត្រ​ព្រះ។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ច្បាប់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​ប្រជា​ជាតិ​ឯ​ទៀត​ទាំង​អស់

១០ មុន​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ម្ដង​ទៀត​អំពី​ច្បាប់​របស់​លោក​ទៅ​ពួក​គេ។ ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត​ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្ដី​សរសើរ​នឹង​កេរ្ដិ៍​ឈ្មោះ ហើយ​នឹង​សេចក្ដី​ថ្កុំ​ថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»។—ចោទិយកថា ២៦:១៨, ១៩

ជន​ជាតិ​ដទៃ​អាច​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក

១១​-​១៣​. (ក) តើ​អ្នក​ណា​បាន​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក? (ខ) បើ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី?

១១ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ជា​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​នៅ​លើ​ផែន​ដី​ក៏​ដោយ លោក​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​ពួក​គេ​មួយ​ចំនួន​ធំ ដែល​រួម​មាន​ជន​ជាតិ​អេស៊ីប បាន​ទៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ព្រះ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ (និក្ខមនំ ១២:៣៨) ក្នុង​ចំណោម​ពួក​គេ​ទំនង​ជា​មាន​អ្នក​ខ្លះ​ដែល​ជា​អ្នក​បម្រើ​របស់​ផារ៉ូ ដែល​បាន​ធ្វើ​តាម​ការ​ព្រមាន​របស់​ម៉ូសេ​ក្នុង​អំឡុង​ពេល​មាន​សេចក្ដី​វេទនា​ទី​៧។—និក្ខមនំ ៩:២០

ជន​ជាតិ​ដទៃ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន បើ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស

១២ មុន​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ៉ូដាន់​ទៅ​ស្រុក​កាណាន ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ក្នុង​ចំណោម​ពួក​គេ ពោល​គឺ​ជន​ជាតិ​ដទៃ​ដែល​បាន​រស់​នៅ​ជា​មួយ​ពួក​គេ។ (ចោទិយកថា ១០:១៧​-​១៩) បើ​ជន​ជាតិ​ដទៃ​ម្នាក់​សុខ​ចិត្ត​ធ្វើ​តាម​ច្បាប់​បឋមៗ ដូច​ជា​បញ្ញត្ដិ​១០​ប្រការ រាស្ត្រ​របស់​ព្រះ​ត្រូវ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ដទៃ​នោះ​រស់​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។ (លេវីវិន័យ ២៤:២២) ជន​ជាតិ​ដទៃ​ខ្លះ​ថែម​ទាំង​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទៀត​ផង។ ជា​ឧទាហរណ៍ រូថ​គឺ​ជា​ជន​ជាតិ​ម៉ូអាប់​ម្នាក់​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ នាង​បាន​និយាយ​ទៅ​ន៉ាអូមី​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ»។ (នាង​រស់ ១:១៦) ជន​ជាតិ​ដទៃ​ទាំង​នេះ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​អ្នក​ដូរ​សាសនា ហើយ​បុរស​ក្នុង​ចំណោម​ពួក​គេ​បាន​កាត់​ចុង​ស្បែក។ (និក្ខមនំ ១២:៤៨, ៤៩) ដោយ​ចិត្ត​សប្បាយ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ជា​សមាជិក​នៃ​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស។—ជន​គណនា ១៥:១៤, ១៥

១៣ សេចក្ដី​អធិដ្ឋាន​មួយ​របស់​សាឡូម៉ូន​ក៏​បង្ហាញ​ដែរ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​អ្នក​គោរព​ប្រណិប័តន៍​ដែល​ជា​ជន​ជាតិ​ដទៃ។ ពេល​ដែល​វិហារ​បាន​ត្រូវ​ឧទ្ទិស​ជូន​ព្រះ សាឡូម៉ូន​បាន​អធិដ្ឋាន​ថា៖ «ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ​ពង្ស​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​មក​ពី​ស្រុក​ឆ្ងាយ ដោយ​ព្រោះ​ព្រះ​នាម​ទ្រង់​ដ៏​ជា​ធំ នឹង​ព្រះ​ហស្ត​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ ហើយ​ព្រះ​ពាហុ​លើក​សំ​រេច​របស់​ទ្រង់ កាល​ណា​គេ​អធិស្ឋាន​ដំ​រង់​មក​ឯ​ព្រះ​វិហារ​នេះ នោះ​សូម​ទ្រង់​ប្រោស​ស្ដាប់​ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ហើយ​ធ្វើ​សព្វ​គ្រប់​តាម​សេចក្ដី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន​ដី​បាន​ស្គាល់​ព្រះ​នាម​ទ្រង់ ហើយ​កោត​ខ្លាច​ដល់​ទ្រង់​ដូច​ជា​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា​ព្រះ​វិហារ​ដែល​ទូល​បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់​ពិត»។ (របា​ក្សត្រ​ទី២ ៦:៣២, ៣៣) សូម្បីតែ​ក្នុង​សម័យ​របស់​លោក​យេស៊ូ​ក៏​ដោយ ជន​ជាតិ​ដទៃ​ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា អាច​គោរព​ប្រណិប័តន៍​លោក​បាន បើ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស។—យ៉ូហាន ១២:២០; សកម្មភាព ៨:២៧

ប្រជា​ជាតិ​មួយ​ដែល​ជា​សាក្សី​របស់​លោក

១៤​-​១៦​. (ក) តើ​តាម​របៀប​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដែល​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​យេហូវ៉ា ប៉ុន្តែ​ប្រជា​ជាតិ​ផ្សេង​ទៀត​ក៏​គោរព​ប្រណិប័តន៍​ព្រះ​របស់​ពួក​គេ​រៀង​ខ្លួន​ដែរ។ ដូច្នេះ សំណួរ​សំខាន់​មួយ​ដែល​ត្រូវ​ឆ្លើយ​គឺ តើ​អ្នក​ណា​ជា​ព្រះ​ពិត? នៅ​សម័យ​របស់​អេសាយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​សំណួរ​នេះ​ត្រូវ​ឆ្លើយ​តាម​របៀប​ដូច​គ្នា​នឹង​សំណួរ​ដែល​ត្រូវ​ឆ្លើយ​នៅ​ការ​ជំនុំជម្រះ​សេចក្ដី​នៅ​តុលាការ។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​ព្រះ​នៃ​ប្រជា​ជាតិ​នោះ​ជា​ព្រះ​មែន ព្រះ​ទាំង​នោះ​គួរ​តែ​មាន​សាក្សី​របស់​ពួក​គេ​សម្រាប់​ការ​កាត់​សេចក្ដី​នេះ។ លោក​បាន​ពោល​ថា៖ «អោយ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្តុ​តាង​មក ដើម្បី​អោយ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា៖ ‹ពាក្យ​សំ​ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន!›»។—អេសាយ ៤៣:៩; ខ.ស.

១៥ ព្រះ​នៃ​ប្រជា​ជាតិ​នានា​មិន​អាច​បង្ហាញ​ថា​ពួក​គេ​ជា​ព្រះ​មែនទែន​បាន​ទេ។ ពួក​គេ​គ្រាន់​តែ​ជា​រូប​ព្រះ​ដែល​មិន​អាច​និយាយ ហើយ​មិន​អាច​កម្រើក​បាន លុះ​ត្រា​តែ​មាន​អ្នក​ណា​ម្នាក់​លើក​ពួក​គេ។ (អេសាយ ៤៦:៥​-​៧) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​របស់​លោក​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់[សាក្សី]របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង​ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មានអ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ។ . . . ហេតុ​ដូច្នោះ​ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ»។—អេសាយ ៤៣:១០​-​១២

១៦ ដូច​សាក្សី​នៅ​ការ​ជំនុំជម្រះ​សេចក្ដី​នៅ​តុលាការ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​កិត្ដិយស​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ។ លោក​បាន​ហៅ​ពួក​គេ​ថា«រាស្ត្រ​ដែល​អញ​បាន​ជប​សូន​សំ​រាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំ​ដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង»។ (អេសាយ ៤៣:២១) ពួក​គេ​បាន​ត្រូវ​ស្គាល់​ថា​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប លោក​តម្រូវ​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​លោក​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​លើក​តម្កើង​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ដូច្នេះ​ដែរ។ អ្នក​ប្រកាស​ទំនាយ​មីកា​បាន​និយាយ​អំពី​ចិត្ត​គំនិត​ដែល​រាស្ត្រ​របស់​ព្រះ​គួរ​មាន ដោយ​ថា៖ «ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។—មីកា ៤:៥

រាស្ត្រ​ដែល​បះបោរ​ប្រឆាំង

១៧​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អ៊ីស្រាអែល​ថា​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​ឥត​ប្រយោជន៍?

១៧ គួរ​ឲ្យ​ស្ដាយ​ណាស់ អ៊ីស្រាអែល​មិន​បាន​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​បាន​ចាប់​ផ្ដើម​យក​តម្រាប់​ប្រជា​ជាតិ​ដែល​គោរព​បូជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​និង​ថ្ម ហើយ​ពួក​គេ​បាន​ធ្វើ​ទី​បូជា​ជា​ច្រើន​សម្រាប់​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ប្រហែល​ជា​២.៨០០​ឆ្នាំ​មុន អ្នក​ប្រកាស​ទំនាយ​ហូសេ​បាន​និយាយ​ថា​អ៊ីស្រាអែល​គឺ​ដូច​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​លែង​បង្កើត​ផល​ល្អ​ទៀត។ គាត់​បាន​បន្ថែម​ថា៖ «ចិត្ត​គេ​ចែក​ជា​ពីរ​ហើយ គេ​នឹង​ត្រូវ​ឃើញ​ថា​មាន​ទោស​ឥឡូវ»។ (ហូសេ ១០:១, ២) ប្រហែល​ជា​១៥០​ឆ្នាំ​ក្រោយ​មក យេរេមា​ក៏​បាន​ប្រៀប​ធៀប​អ៊ីស្រាអែល​ដែល​បះបោរ​ប្រឆាំង​ទៅ​នឹង​វល្លិ​ទំពាំង​បាយ​ជូរ​ដែរ។ គាត់​បាន​រៀប​រាប់​ថា​ពួក​គេ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ល្អ​ដែល​បាន​ផ្លាស់​ប្ដូរ ហើយ​បាន​ទៅ​ជា​ឥត​ប្រយោជន៍។ តាម​រយៈ​យេរេមា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​ដែល​ឯង​បាន​ធ្វើ​សំ​រាប់​ខ្លួន តើ​នៅ​ឯ​ណា? ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​ឯង​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​ឯង ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន»។ លោក​បាន​បន្ថែម​ថា៖ «រាស្ត្រ​របស់​អញ​បាន​ភ្លេច​អញ»។—យេរេមា ២:២១, ២៨, ៣២

ពួក​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី នឹង​ទៅ​ជា​ប្រជា​ជាតិ​ថ្មី​មួយ

១៨, ១៩​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​យ៉ាង​ណា​ថា​លោក​នឹង​មាន​រាស្ត្រ​ថ្មី​ដែល​លោក​នឹង​ជ្រើស​រើស​នៅ​លើ​ផែន​ដី? (ខ) តើ​យើង​នឹង​ពិគ្រោះ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ អ៊ីស្រាអែល​បាន​បង្កើត​ផល​មិន​ល្អ ពី​ព្រោះ​ពួក​គេ​មិន​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ត្រឹម​ត្រូវ​ឡើយ។ ពួក​គេ​មិន​បាន​បន្ត​ធ្វើ​ជា​សាក្សី​របស់​លោក​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​គោរព​បូជា​រូប​ព្រះ​នានា។ ហេតុ​នេះ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​ដឹក​នាំ​សាសនាយូដា​ដ៏​អាក្រក់​នៅ​សម័យ​លោក​ថា៖ «រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជា​ជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ»។ (ម៉ាថាយ ២១:៤៣) មាន​តែ​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ប៉ុណ្ណោះ​អាច​ធ្វើ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី ពោល​គឺ​អ៊ីស្រាអែល​នៃ​ព្រះ។ លោក​នឹង​ធ្វើ«សញ្ញា​ថ្មី» ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​នឹង​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា៖ «អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ»។—យេរេមា ៣១:៣១​-​៣៣

១៩ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ជា​មនុស្ស​មិន​ស្មោះ​ត្រង់ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ៊ីស្រាអែល​នៃ​ព្រះ​ដើម្បី​ធ្វើ​ជា​រាស្ត្រ​របស់​លោក​នៅ​សតវត្សរ៍​ទី១។ ប៉ុន្តែ តើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ? តើ​តាម​របៀប​ណា​អ្នក​ដែល​ចង់​បម្រើ​ព្រះ​អាច​ដឹង​ថា​អ្នក​ណា​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ? យើង​នឹង​ពិគ្រោះ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • កិច្ច​ព្រម​ព្រៀង: កិច្ច​សន្យា​ដើម្បី​ធ្វើ​អ្វី​មួយ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ប្រជា​ជាតិ​អ៊ីស្រាអែល​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស។ ពេល​ដែល​ពួក​គេ​លែង​ស្មោះ​ត្រង់​នឹង​កិច្ច​ព្រម​ព្រៀង​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​នឹង​មនុស្ស​មួយ​ក្រុម​ទៀត

  • ជន​ជាតិ​ដទៃ: មនុស្ស​ដែល​មក​ពី​ប្រជា​ជាតិ​ឯ​ទៀត​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក