បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៥ ទំ. ៧-១២
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ័ប្រាហាំ
  • ‹កិច្ច​ព្រម​ព្រៀង​ចាស់›
  • ទទួល​ពរ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ
  • ពួក​ចូល​សាសនា​យូដា​ក្នុង​អ៊ីស្រាអែល
  • ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ពូជ​របស់​អ័ប្រាហាំ
  • ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ថ្មី
  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៥ ទំ. ៧-១២

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​កិច្ច​ព្រម​ព្រៀង

«អញ​នឹង​តាំង​សញ្ញា[កិច្ច​ព្រម​ព្រៀង]ថ្មី នឹង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​នឹង​ពួក​វង្ស​យូដា»។—យេរេមា ៣១:៣១

១, ២. (ក) តើ​ពិធី​បុណ្យ​មួយ​ណា​ដែល​ព្រះ​យេស៊ូ​បាន​តែង​តាំង​ក្នុង​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ.? (ខ) តើ​ព្រះ​យេស៊ូ​សំដៅ​ទៅ​កិច្ច​ព្រម​ព្រៀង​មួយ​ណា ដែល​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់?

នៅ​យប់​នៃ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ព្រះ​យេស៊ូ​បាន​ធ្វើ​បុណ្យ​រំលង​ជា​មួយ​សាវ័ក​១២​នាក់​របស់​ទ្រង់។ ដោយ​សារ​ទ្រង់​ជ្រាប​ថា នេះ​ជា​អាហារ​ចុង​ក្រោយ​ជា​មួយ​ពួក​គេ ហើយ​ថា​ទ្រង់​នឹង​សោយ​ទិវង្គត​មិន​យូរ​ប៉ុន្មាន​ទៀត​ក្រោម​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ នោះ​ព្រះ​យេស៊ូ​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ពន្យល់​នូវ​រឿង​សំខាន់​ៗ​ទាំង​ឡាយ ដល់​ពួក​សិស្ស​ដ៏​ជិត​ស្និទ្ធ​របស់​ទ្រង់។—យ៉ូហាន ១៣:១–១៧:២៦

២ គឺ​នៅ​ពេល​នេះ​ហើយ ក្រោយ​ពី​បាន​បណ្ដេញ​យូដាស អ៊ីស្ការីយ៉ុត​ចេញ ដែល​ព្រះ​យេស៊ូ​បាន​តែង​តាំង​ពិធី​បុណ្យ​តែ​មួយ​ខាង​សាសនា មួយ​ឆ្នាំ​មួយ​ដង​សំរាប់​ពួក​គ្រីស្ទាន—គឺ​ជា​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ ឯកសារ​ចែង​ថា៖ «គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ​យេស៊ូវ​ទ្រង់​យក​នំ​ប៉័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា៖ ‹ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប​កាយ​ខ្ញុំ› រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា៖ ‹ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា«ឈាម​នៃ​សញ្ញា[កិច្ច​ព្រម​ព្រៀង]ថ្មី» ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្ដាច់​បាប› »។ (ម៉ាថាយ ២៦:២៦​-​២៨) ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ បាន​តម្រូវ​ឲ្យ​ធ្វើ​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់ តាម​បែប​បទ​ដ៏​ឥត​ស្មុគ​ស្មាញ និង​ប្រកប​ដោយ​ថ្លៃ​ថ្នូរ។ ហើយ​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​កិច្ច​ព្រម​ព្រៀង ដែល​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ ក្នុង​ដំណើរ​រឿង​នៃ​សៀវភៅ​លូកា គឺ​បាន​ត្រូវ​ហៅ​ជា‹កិច្ច​ព្រម​ព្រៀង​ថ្មី›។—លូកា ២២:២០

៣. តើ​សំនួរ​អ្វី​ខ្លះ ដែល​បាន​សួរ​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី?

៣ តើ​អ្វី​ទៅ​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី? ប្រសិន​បើ​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី តើ​នេះ​មាន​ន័យ​ថា គឺ​មាន​កិច្ច​ព្រម​ព្រៀង​ចាស់​ឬ? តើ​មាន​កិច្ច​ព្រម​ព្រៀង​ឯ​ទៀត​ដែល​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ទេ? នេះ​ជា​សំនួរ​ដ៏​សំខាន់​ទាំង​ឡាយ ពី​ព្រោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​នឹង​ចាក់​ចេញ‹សំរាប់​ការ​អត់​ទោស​នៃ​សេចក្ដី​បាប›។ យើង​គ្រប់​គ្នា​ត្រូវ​ការ​ការ​អត់​ទោស​នេះ​យ៉ាង​ខ្លាំង​ណាស់។—រ៉ូម ៣:២៣

កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ័ប្រាហាំ

៤. តើ​សេចក្ដី​សន្យា​នៅ​ពី​បុរាណ​មួយ​ណា ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី?

៤ ដើម្បី​ឲ្យ​យល់​កិច្ច​ព្រម​ព្រៀង​ថ្មី នោះ​យើង​ត្រូវ​តែ​ត្រឡប់​មើល​ក្រោយ ជិត​២.០០០​ឆ្នាំ​មុន​នឹង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី គឺ​ទៅ​គ្រា​ដែល​ថេរ៉ា​និង​គ្រួសារ​របស់​លោក—រួម​បញ្ចូល​អាប់រ៉ាម (ក្រោយ​មក​ឈ្មោះ​អ័ប្រាហាំ) និង​សារ៉ាយ (ក្រោយ​មក​ឈ្មោះ​សារ៉ា) ជា​ប្រពន្ធ​របស់​អាប់រ៉ាម—បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ដ៏​រីក​ចំរើន​ឈ្មោះ​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ទៅ​ឯ​ខារ៉ាន នៅ​ទិស​ខាង​ជើង​នៃ​ស្រុក​មេសូប៉ូតាមា។ ពួក​គេ​បាន​រស់​នៅ​កន្លែង​នោះ រហូត​ដល់​សេចក្ដី​ស្លាប់​នៃ​លោក​ថេរ៉ា។ រួច​មក តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា អ័ប្រាហាំ​ដែល​មាន​អាយុ​៧៥​ឆ្នាំ ក៏​បាន​ឆ្លង​ទន្លេ​អ៊ើប្រាត ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​ទៅ​ស្រុក​កាណាន ដើម្បី​ប្រកប​ជីវិត​ដែល​មិន​នឹង​លំនៅ​ក្នុង​ត្រសាល។ (លោកុប្បត្តិ ១១:៣១–១២:១, ៤, ៥; កិច្ច​ការ ៧:២​-​៥) នោះ​គឺ​នៅ​ឆ្នាំ​១៩៤៣ ម.​ស.យ.។ កាល​ដែល​អ័ប្រាហាំ​នៅ​ក្នុង​ខារ៉ាន​នៅ​ឡើយ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​លោក​ថា៖ «អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ជា​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្ដាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្ដាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ឯង»។ ក្រោយ​មក បន្ទាប់​ពី​អ័ប្រាហាំ​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ស្រុកកាណាន ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៀត​ថា៖ «អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង»។—លោកុប្បត្តិ ១២:២, ៣, ៧

៥. សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ គឺ​ទាក់​ទង​នឹង​ទំនាយ​មួយ​ណា​ក្នុង​ប្រវត្ដិសាស្ត្រ?

៥ សេចក្ដី​សន្យា​នេះ​ជា​មួយ​អ័ប្រាហាំ គឺ​បាន​ទាក់​ទង​ដល់​សេចក្ដី​សន្យា​មួយ​ទៀត​របស់​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ នេះ​បាន​ធ្វើ​ឲ្យ​អ័ប្រាហាំ​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុង​ប្រវត្ដិសាស្ត្រ ដែល​ទាក់​ទង​នឹង​សេចក្ដី​សម្រេច​នៃ​ទំនាយ​ទី​មួយ​ដែល​បាន​កត់​ទុក។ ក្រោយ​ពី​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​ក្នុង​សួន​ច្បារ​អេដែន នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ជំនុំ​ជំរះ​លើ​គេ​ទាំង​ពីរ​នាក់។ ហើយ​នៅ​គ្រា​ដដែល​នេះ ទ្រង់​មាន​បន្ទូល​ទៅ​សាតាំង ដែល​បាន​ល្បួង​អេវ៉ា ដោយ​មាន​បន្ទូល​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១៥) កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ បាន​បង្ហាញ​ថា ពូជ​នេះ​ដែល​ជា​របៀប​បំផ្លាញ​ការ​របស់​សាតាំង គឺ​នឹង​លេច​មក​តាម​ពូជ​អំបូរ​នៃ​ឰយុកោ​មួយ​នេះ។

៦. (ក) តាម​រយៈ​អ្នក​ណា​គេ ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ័ប្រាហាំ នឹង​ត្រូវ​បាន​សម្រេច? (ខ) តើ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​ជា​អ្វី?

៦ ដោយ​សារ​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​ទាក់​ទង​ទៅ​នឹង​ពូជ​មួយ នោះ​អ័ប្រាហាំ​ត្រូវ​ការ​កូន​ប្រុស​មួយ ដើម្បី​ឲ្យ​ពូជ​នោះ​នឹង​លេច​មក។ ប៉ុន្តែ លោក​និង​សារ៉ា​បាន​ទៅ​ជា​ចាស់​ជរា ហើយ​នៅ​តែ​ឥត​មាន​កូន​សោះ។ ប៉ុន្តែ នៅ​ទី​ក្រោយ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ធ្វើ​ឲ្យ​គេ​មាន​សមត្ថភាព​នៃ​ការ​បង្កើត​កូន។ សារ៉ា​ក៏​បាន​បង្កើត​កូន​មួយ អ៊ីសាក ឲ្យ​អ័ប្រាហាំ ម្ល៉ោះ​ហើយ​ក៏​រក្សា​ទុក​សេចក្ដី​សន្យា​អំពី​ពូជ​មួយ។ (លោកុប្បត្តិ ១៧:១៥​-​១៧; ២១:១​-​៧) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ក្រោយ​ពី​បាន​សាក​ល្បង​ជំនឿ​របស់​អ័ប្រាហាំ—ព្រម​ទាំង​ដល់​កំរិត​ដែល​លោក​សុខ​ចិត្ត​បូជា​អ៊ីសាក ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​លោក—នោះ​ព្រះ​យេហូវ៉ា​ក៏​មាន​បន្ទូល​ម្ដង​ទៀត​អំពី​សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​អ័ប្រាហាំ​ថា៖ «នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់​គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។ (លោកុប្បត្តិ ២២:១៥​-​១៨) សេចក្ដី​សន្យា​ដែល​បាន​ពង្រីក​នេះ គឺ​តែង​បាន​ត្រូវ​ហៅ​ជា កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ ហើយ​នៅ​ពេល​ក្រោយ​មក កិច្ច​ព្រម​ព្រៀង​ថ្មី​គឺ​នឹង​ទាក់​ទង​យ៉ាង​ជិត​ដិត​ជា​មួយ​នឹង​សេចក្ដី​សន្យា​នេះ។

៧. តើ​ពូជ​របស់​អ័ប្រាហាំ​ចាប់​ផ្ដើម​រីក​ចំរើន​យ៉ាង​ដូច​ម្ដេច ហើយ​តើ​កាលៈទេសៈ​អ្វី ដែល​បាន​នាំ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប?

៧ នៅ​ពេល​ក្រោយ​មក អ៊ីសាក​ក៏​មាន​កូន​ប្រុស​ភ្លោះ អេសាវ និង​យ៉ាកុប។ ព្រះ​យេហូវ៉ា​បាន​រើស​យក​យ៉ាកុប ឲ្យ​ធ្វើ​ជា​ជីដូន​ជីតា​នៃ​ពូជ​ដែល​បាន​ត្រូវ​សន្យា​នេះ។ (លោកុប្បត្តិ ២៨:១០​-​១៥; រ៉ូម ៩:១០​-​១៣) យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់។ យ៉ាង​ប្រាកដ​ណាស់ នេះ​ជា​គ្រា​ដែល​ពូជ​អ័ប្រាហាំ​ចាប់​ផ្ដើម​រីក​ចំរើន។ ពេល​ដែល​កូន​ប្រុស​របស់​យ៉ាកុប​មាន​វ័យ​ធំ​ឡើង​ហើយ កូន​ច្រើន​ទាំង​នេះ​មាន​គ្រួសារ​ខ្លួន​គេ នោះ​ក៏​មាន​ទុរភិក្ស ដែល​នាំ​ឲ្យ​គេ​រើ​ទៅ​នៅ​ស្រុក​អេស៊ីប ហើយ​ដោយ​ការ​ដឹក​នាំ​ពី​ព្រះ យ៉ូសែប​ជា​កូន​ប្រុស​ម្នាក់​របស់​យ៉ាកុប បាន​រៀបចំ​ផ្លូវ​ជា​ស្រេច។ (លោកុប្បត្តិ ៤៥:៥​-​១៣; ៤៦:២៦, ២៧) បី​បួន​ឆ្នាំ​ក្រោយ​មក ទុរភិក្ស​ក្នុង​ស្រុក​កាណាន ក៏​បាន​ស្រាក។ ប៉ុន្តែ គ្រួសារ​របស់​យ៉ាកុប​បាន​បន្ត​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប—មុន​ដំបូង​ជា​ភ្ញៀវ តែ​ក្រោយ​មក​ជា​បាវ​ទៅ​វិញ។ ដល់​ឆ្នាំ​១៥១៣ ម.​ស.យ. គឺ​៤៣០​ឆ្នាំ​ក្រោយ​ពី​អ័ប្រាហាំ​បាន​ឆ្លង​ទន្លេ​អ៊ើប្រាត ដែល​ម៉ូសេ​បាន​នាំ​កូន​ចៅ​របស់​យ៉ាកុប​ចេញ​ពី​ស្រុក​អេស៊ីប​ឲ្យ​មាន​សេរី​ភាព។ (និក្ខមនំ ១:៨​-​១៤; ១២:៤០, ៤១; កាឡាទី ៣:១៦, ១៧) ឥឡូវ​នេះ ព្រះ​យេហូវ៉ា​នឹង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដ៏​ពិសេស​ដល់​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់ ជា​មួយ​នឹង​លោក​អ័ប្រាហាំ។—និក្ខមនំ ២:២៤; ៦:២​-​៥

‹កិច្ច​ព្រម​ព្រៀង​ចាស់›

៨. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ជា​មួយ​នឹង​កូន​ចៅ​យ៉ាកុប​នៅ​ឯ​ភ្នំ​ស៊ីណាយ ហើយ​តើ​នេះ​មាន​ការ​ទាក់​ទង​យ៉ាង​ណា​ជា​មួយ​នឹង​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ?

៨ នៅ​ពេល​ដែល​យ៉ាកុប​និង​កូន​របស់​គាត់​បាន​ទៅ​នៅ​ស្រុក​អេស៊ីប នោះ​ជា​គ្រួសារ​មួយ​ដែល​រួម​បញ្ចូល​គ្រួសារ​ដ៏​ជិត​ស្និទ្ធ​ទាំង​ឡាយ។ ប៉ុន្តែ កូន​ចៅ​របស់​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ក្រុម​នៃ​កុលសម្ព័ន្ធ​ដែល​មាន​ប្រជាជន​ជា​ច្រើន។ (និក្ខមនំ ១:៥​-​៧; ១២:៣៧, ៣៨) មុន​នឹង​ព្រះ​យេហូវ៉ា​នាំ​គេ​ឲ្យ​ចូល​ស្រុក​កាណាន ទ្រង់​បាន​នាំ​គេ​ទៅ​ទិស​ខាង​ត្បូង ទៅ​ជើង​ភ្នំ​មួយ​ឈ្មោះ​ហូរែប (ឬ​ស៊ីណាយ) ក្នុង​ស្រុក​អារ៉ាប់។ នៅ​ទី​នោះ ទ្រង់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ។ នេះ​ក៏​បាន​ត្រូវ​ហៅ​ជា‹កិច្ច​ព្រម​ព្រៀង​ចាស់› បើ​ស្តី​អំពី‹កិច្ច​ព្រម​ព្រៀង​ថ្មី›។ (កូរិនថូស​ទី​២ ៣:១៤) តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ចាស់ នោះ​ព្រះ​យេហូវ៉ា​បាន​អនុវត្តន៍​សេចក្ដី​សម្រេច​ដំបូង នៃ​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​អ័ប្រាហាំ។

៩. (ក) តើ​មាន​អ្វី​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ? (ខ) តើ​មាន​អ្វី​ទៀត ដែល​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ៊ីស្រាអែល បាន​បើក​ឲ្យ​មាន​នោះ ហើយ​តើ​លើ​លក្ខ​ខណ្ឌ​អ្វី?

៩ ព្រះ​យេហូវ៉ា​បាន​ពន្យល់​ប្រាប់​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ទៅ​សាសន៍​អ៊ីស្រាអែល​ថា៖ «ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម[កិច្ច​ព្រម​ព្រៀង]របស់​អញ នោះ​ឯ​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ។ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ»។ (និក្ខមនំ ១៩:៥, ៦) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ពូជ​របស់​អ័ប្រាហាំ​នឹង (១) ក្លាយ​ទៅ​ជា​សាសន៍​ដ៏​ធំ (២) នឹង​ទទួល​ជ័យ​ជំនះ​លើ​ពួក​សត្រូវ​របស់​គេ (៣) ទទួល​ស្រុក​កាណាន​ជា​មរតក ហើយ(៤) ជា​ខ្សែ​រយៈ​សំរាប់​ពរ​ដល់​សាសន៍​ទាំង​ឡាយ។ ឥឡូវ​នេះ ទ្រង់​បាន​សម្ដែង​ប្រាប់​ថា​គេ​អាច​ទទួល​ពរ​ទាំង​នេះ​ជា​មរតក ជា​ប្រជាជន​ដ៏​ពិសេស អ៊ីស្រាអែល​ក្លាយ‹ជា​នគរ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ› ប្រសិន​បើ​គេ​ស្ដាប់​តាម​ពាក្យ​បង្គាប់​របស់​ទ្រង់។ តើ​ពួក​អ៊ីស្រាអែល​យល់​ព្រម​ធ្វើ​កិច្ច​ព្រម​ព្រៀង​នេះ​ទេ? ពួក​គេ​បាន​ឆ្លើយ​ដោយ​សាមគ្គីភាព​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។—និក្ខមនំ ១៩:៨

១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ពួក​អ៊ីស្រាអែល​ទៅ​ជា​សាសន៍​មួយ ហើយ​តើ​ទ្រង់​តម្រូវ​អ្វី​ពី​ពួក​គេ?

១០ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​សាសន៍​មួយ។ ទ្រង់​បាន​ប្រទាន​ច្បាប់​ដល់​គេ ដែល​ដាក់​កំរិត​ទៅ​លើ​ការ​ថ្វាយ​បង្គំ​និង​របៀប​រស់​នៅ។ ទ្រង់​ក៏​បាន​ប្រទាន​រោង​ឧបោសថ (ក្រោយ​មក ព្រះ​វិហារ​មួយ​ក្នុង​ក្រុង​យេរូសាឡិម) ហើយ​ពួក​អ្នក​ជា​សង្ឃ ដើម្បី​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​ក្នុង​រោង​ឧបោសថ​នោះ។ ការ​រក្សា​កិច្ច​ព្រម​ព្រៀង​មាន​ន័យ​ថា ធ្វើ​ការ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​ពិសេស គឺ​ការ​ថ្វាយ​បង្គំ​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ ច្បាប់​មួយ​នៃ​ក្រិត្យ​វិន័យ​ដប់​ប្រការ ដែល​ជា​គ្រឹះ​នៃ​ច្បាប់​ទាំង​នេះ គឺ៖ «អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។ កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ»។—និក្ខមនំ ២០:២, ៣

ទទួល​ពរ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ

១១, ១២. ក្នុង​ផ្លូវ​ណា ដែល​សេចក្ដី​សន្យា​ទាំង​ឡាយ​ក្នុង​កិច្ច​ព្រម​ព្រៀង​ចាស់​បាន​សម្រេច​ចំពោះ​អ៊ីស្រាអែល?

១១ តើ​សេចក្ដី​សន្យា​ទាំង​ឡាយ​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ បាន​សម្រេច​ចំពោះ​អ៊ីស្រាអែល​ទេ? តើ​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា‹សាសន៍​បរិសុទ្ធ​មួយ›ទេ? ជា​កូន​ចៅ​របស់​អ័ដាម ពួក​អ៊ីស្រាអែល​ជា​ពួក​មាន​បាប។ (រ៉ូម ៥:១២) ប៉ុន្តែ នៅ​ក្រោម​ច្បាប់ យញ្ញ​បូជា​បាន​ថ្វាយ​ដើម្បី​គ្រប​បាំង​បាប​របស់​គេ។ ស្តី​អំពី​យញ្ញ​បូជា​ដែល​បាន​ថ្វាយ​នៅ​ថ្ងៃ​បុណ្យ​ធួន​បាប​ប្រចាំ​ឆ្នាំ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា»។ (លេវីវិន័យ ១៦:៣០) ដូច្នេះ នៅ​ពេល​ដែល​គេ​បាន​គោរព​តាម​យ៉ាងស្មោះ​ត្រង់ នោះ​អ៊ីស្រាអែល​ជា​សាសន៍​ដ៏​បរិសុទ្ធ​មួយ ដែល​បាន​សំអាត​សំរាប់​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ស្ថានភាព​ដ៏​ស្អាត​នេះ​បាន​ពឹង​លើ​ការ​គោរព​តាម​ច្បាប់ ហើយ​ការ​ថ្វាយ​យញ្ញ​បូជា​ជា​និច្ច។

១២ តើ​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា‹នគរ​មួយ​នៃ​ពួក​សង្ឃ›ទេ? តាំង​ពី​ដើម​ដំបូង​ឡើយ សាសន៍​នេះ​ជា​នគរ​មួយ ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​នៅ​លើ​ស្ថាន​សួគ៌។ (អេសាយ ៣៣:២២) ម្យ៉ាង​ទៀត កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​រួម​បញ្ចូល​នឹង​សំ​វិធានការ​ឲ្យ​មនុស្ស​ធ្វើ​ជា​ស្តេច ដើម្បី​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ត្រូវ​តំណាង​ដោយ​ស្តេច​ដែល​សោយ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម។ (ចោទិយកថា ១៧:១៤​-​១៨) ប៉ុន្តែ តើ​អ៊ីស្រាអែល​ជា​នគរ​នៃ​ពួក​សង្ឃ​ទេ? ត្រូវ​ហើយ គឺ​មាន​ពួក​សង្ឃ​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​នៅ​ឯ​រោង​ឧបោសថ។ រោង​ឧបោសថ (និង​ក្រោយ​មក វិហារ) ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​សំរាប់​ពួក​អ៊ីស្រាអែល ហើយ​សំរាប់​ពួក​សាសន៍​ដទៃ​ដែរ។ ហើយ​សាសន៍​នេះ ជា​ខ្សែ​រយៈ​ដែល​បាន​សម្ដែង​សេចក្ដី​ពិត​ដល់​មនុស្ស​លោក។ (របាក្សត្រ​ទី​២ ៦:៣២, ៣៣; រ៉ូម ៣:១, ២) ពួក​អ៊ីស្រាអែល​ស្មោះ​ត្រង់​ទាំង​អស់ មិន​គ្រាន់​តែ​ពួក​សង្ឃ​លេវី​ប៉ុណ្ណោះ ជា«ស្មរបន្ទាល់»របស់​ព្រះ​យេហូវ៉ា។ អ៊ីស្រាអែល​ជា‹អ្នក​បំរើ›របស់​ព្រះ​យេហូវ៉ា បាន​ស្ថាបនា​ដើម្បី​ឲ្យ‹សម្ដែង​សេចក្ដី​សរសើរ​របស់​ទ្រង់›។ (អេសាយ ៤៣:១០, ២១) ពួក​បរទេស​ដ៏​រាប​ទាប​ជា​ច្រើន ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​សំរាប់​រាស្ត្រ​របស់​ទ្រង់ ហើយ​បាន​ត្រូវ​ទាក់​ទាញ​មក​ឯ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ពួក​ចូល​សាសនា​យូដា។ (យ៉ូស្វេ ២:៩​-​១៣) ប៉ុន្តែ មាន​តែ​កុលសម្ព័ន្ធ​មួយ​ទេ​ដែល​បំរើ​ជា​សង្ឃ​ដែល​បាន​ចាក់​ប្រេង​តាំង។

ពួក​ចូល​សាសនា​យូដា​ក្នុង​អ៊ីស្រាអែល

១៣, ១៤. (ក) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ពួក​ចូល​សាសនា​យូដា មិន​មែន​ជា​ពួក​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ? (ខ) តើ​ពួក​ចូល​សាសនា​យូដា​បាន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​យ៉ាង​ដូច​ម្ដេច?

១៣ តើ​ពួក​ចូល​សាសនា​យូដា​មាន​ឋានៈ​យ៉ាង​ណា? នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់ គឺ​គ្រាន់​តែ​ធ្វើ​ជា​មួយ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ។ ពួក​អ្នក​នៃ«មនុស្ស​សន្ធឹក​គ្រប់​បែប» ទោះ​ជា​មាន​វត្តមាន​ក៏​ដោយ តែ​ឥត​បាន​រាប់​ជា​អ្នក​ចូល​រួម​ជា​មួយ​នោះ​ឡើយ។ (និក្ខមនំ ១២:៣៨; ១៩:៣, ៧, ៨) កូន​ច្បង​របស់​គេ​មិន​បាន​រួម​បញ្ចូល​ទេ ពេល​ដែល​តម្លៃ​កូន​ច្បង​នៃ​អ៊ីស្រាអែល​បាន​ត្រូវ​យក​មក​វាយ​តម្លៃ​នោះ។ (ជន​គណនា ៣:៤៤​-​៥១) ជា​ច្រើន​ទសវត្ស​ក្រោយ​មក នៅ​ពេល​ដែល​ស្រុក​កាណាន​បាន​ញែក​ចេញ​រវាង​កុលសម្ព័ន្ធ​អ៊ីស្រាអែល គឺ​គ្មាន​អ្វី​ដែល​បាន​រំលែក​ទុក​សំរាប់​ពួក​អ្នក​ជឿ ដែល​មិន​មែន​ជា​ជាតិ​អ៊ីស្រាអែល​ទេ។ (លោកុប្បត្តិ ១២:៧; យ៉ូស្វេ ១៣:១​-​១៤) ហេតុ​អ្វី? ពី​ព្រោះ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ មិន​បាន​ធ្វើ​ឡើង​ជា​មួយ​ពួក​អ្នក​ចូល​សាសនា​យូដា​ទេ។ ប៉ុន្តែ​ពួក​បុរស​ដែល​ចូល​សាសនា​យូដា បាន​ត្រូវ​កាត់​ស្បែក​ក្នុង​ការ​គោរព​ដល់​ច្បាប់។ គេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​ឡាយ ហើយ​គេ​ក៏​បាន​ទទួល​ផល​ប្រយោជន៍​ពី​សំ​វិធានការ​នេះ​ដែរ។ ពួក​អ៊ីស្រាអែល ព្រម​ទាំង​ពួក​អ្នក​ចូល​សាសនា​យូដា បាន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។—និក្ខមនំ ១២:៤៨, ៤៩; ជន​គណនា ១៥:១៤​-​១៦; រ៉ូម ៣:១៩

១៤ ជា​ឧទាហរណ៍ ប្រសិន​បើ​អ្នក​ចូល​សាសនា​យូដា​បាន​សម្លាប់​បុគ្គល​ណា​ម្នាក់​ដោយ​ចៃដន្យ នោះ​ដូច​ជា​ជន​អ៊ីស្រាអែល​ដែរ គាត់​ក៏​អាច​រត់​ទៅ​ក្រុង​ពំនាក់។ (ជន​គណនា ៣៥:១៥, ២២​-​២៥; យ៉ូស្វេ ២០:៩) នៅ​ថ្ងៃ​បុណ្យ​ធួន​បាប យញ្ញ​បូជា​បាន​ថ្វាយ​ប្រយោជន៍​ឲ្យ«ពួក​ជំនុំ នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង»។ ដោយ​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ ពួក​ចូល​សាសនា​យូដា​ក៏​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​នេះ ហើយ​បាន​ត្រូវ​គ្រប​បាំង​ដោយ​យញ្ញ​បូជា​នោះ​ដែរ។ (លេវីវិន័យ ១៦:៧​-​១០, ១៥, ១៧, ២៩; ចោទិយកថា ២៣:៧, ៨) ពួក​អ្នក​ចូល​សាសនា​យូដា​បាន​ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​ម្ល៉េះ​ជា​មួយ​អ៊ីស្រាអែល​នៅ​ក្រោម​ច្បាប់ ដែល​នៅ​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣ ស.យ. កាល​ដែល‹សោ​ទី​មួយ​នៃ​ព្រះ​រាជាណាចក្រ›បាន​ត្រូវ​ប្រើ​សំរាប់​ពួក​យូដា នោះ​ពួក​ចូល​សាសនា​យូដា​ក៏​បាន​ទទួល​ផល​ប្រយោជន៍​ដែរ។ ជា​លទ្ធផល «នីកូឡាស ជា​អ្នក​ស្រុក​អាន់ទីយ៉ូក» បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន ហើយ​គឺ​ក្នុង​ចំណោម​បុរស«៧​នាក់»ដែល​បាន​តែង​តាំង ឲ្យ​ថែ​រក្សា​ក្រុម​ជំនុំ​នៃ​ក្រុង​យេរូសាឡិម។—ម៉ាថាយ ១៦:១៩; កិច្ច​ការ ២:៥​-​១០; ៦:៣​-​៦; ៨:២៦​-​៣៩

ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ពូជ​របស់​អ័ប្រាហាំ

១៥, ១៦. តើ​តាម​របៀប​ណា​ដែល​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ​បាន​សម្រេច​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ?

១៥ ដោយ​កូន​ចៅ​របស់​អ័ប្រាហាំ​បាន​រៀបចំ​ឲ្យ​ទៅ​ជា​សាសន៍​មួយ​នៅ​ក្រោម​ច្បាប់ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គេ ស្រប​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​លោក​អ័ប្រាហាំ។ ក្នុង​ឆ្នាំ​១៤៧៣ ម.​ស.យ យ៉ូស្វេ ដែល​ជា​អ្នក​ស្នង​នៃ​លោក​ម៉ូសេ បាន​នាំ​អ៊ីស្រាអែល​ចូល​ទៅ​ស្រុក​កាណាន។ ការ​ញែក​រំលែក​នៃ​ស្រុក​ក្នុង​ចំណោម​ពួក​កុលសម្ព័ន្ធ បាន​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា ដើម្បី​ប្រទាន​ស្រុក​ដល់​ពូជ​នៃ​អ័ប្រាហាំ។ នៅ​ពេល​ដែល​អ៊ីស្រាអែល​បាន​ស្មោះ​ត្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់ ដើម្បី​ឲ្យ​គេ​មាន​ជ័យ​ជំនះ​លើ​ពួក​សត្រូវ​របស់​គេ។ ជា​ពិសេស​នេះ​ពិត​មែន ក្នុង​កំឡុង​ការ​សោយ​រាជ្យ​នៃ​ស្តេច​ដាវីឌ។ ទំរាំ​មក​ដល់​គ្រា​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ដាវីឌ ជា​លក្ខណៈ​ទី​បី​នៃ​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ។ «ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង​តែ​បរិភោគ ហើយ​លេង​សប្បាយ»។—ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០

១៦ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​សាសន៍​ទាំង​ឡាយ​នឹង​បាន​ពរ​តាម​រយៈ​អ៊ីស្រាអែល ដែល​ជា​ពូជ​របស់​អ័ប្រាហាំ? ដូច​បាន​រៀប​រាប់​មក​ហើយ អ៊ីស្រាអែល​ជា​រាស្ត្រ​ដ៏​ពិសេស​របស់​ព្រះ​យេហូវ៉ា គឺ​ជា​សាសន៍​តំណាង​របស់​ទ្រង់​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ។ មុន​នឹង​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ចូល​ស្រុក​កាណាន ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ»។ (ចោទិយកថា ៣២:៤៣) ពួក​បរទេស​ជា​ច្រើន​បាន​តប​ឆ្លើយ។ «មនុស្ស​សន្ធឹក​គ្រប់​បែប» បាន​ដើរ​តាម​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ទី​រហោ​ស្ថាន និង​បាន​ឮ​សេចក្ដី​អញ្ជើញ​របស់​ម៉ូសេ​ឲ្យ​មាន​អំណរ។ (និក្ខមនំ ១២:៣៧, ៣៨) ក្រោយ​មក នាង​រស់​ជា​សាសន៍​ម៉ូអាប់​បាន​រៀប​ការ​ជា​មួយ​បូអូស​សាសន៍​អ៊ីស្រាអែល ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​ជីដូន​នៃ​ព្រះ​មេស្ស៊ី។ (នាង​រស់ ៤:១៣​-​២២) យ៉ូណាដាប​ដែល​ជា​សាសន៍​កែន​ហើយ​កូន​ចៅ​របស់​លោក និង​អេបេឌ​-​មេលេក សាសន៍​អេធីយ៉ូពី បាន​ធ្វើ​ឲ្យ​ឃើញ​ប្លែក ដោយ​កាន់​តាម​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ឥត​មាន​សេចក្ដី​ស្មោះ​ត្រង់។ (ពង្សាវតារ​ក្សត្រ​ទី​២ ១០:១៥​-​១៧; យេរេមា ៣៥:១​-​១៩; ៣៨:៧​-​១៣) នៅ​ក្រោម​ចក្រភព​ពើស៊ី ពួក​បរទេស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​ចូល​សាសនា​យូដា ហើយ​បាន​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រាអែល ក្នុង​ការ​ប្រឆាំង​ពួក​សត្រូវ។—នាង​អេសធើរ ៨:១៧

ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ថ្មី

១៧. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បដិសេធ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​នៅ​ខាង​ជើង​និង​ខាង​ត្បូង? (ខ) តើ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​បដិសេធ​ចុង​ក្រោយ​នៃ​ពួក​យូដា?

១៧ ដើម្បី​ទទួល​ការ​សម្រេច​ទាំង​ស្រុង​នៃ​សេចក្ដី​សន្យា​របស់​ព្រះ សាសន៍​ដ៏​ពិសេស​របស់​ព្រះ​គឺ​ត្រូវ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។ ពួក​គេ​ឥត​នៅ​ស្មោះ​ត្រង់​ទេ។ ពិត​មែន គឺ​មាន​ជន​អ៊ីស្រាអែល​ដែល​មាន​ជំនឿ​ដ៏​អស្ចារ្យ។ (ហេព្រើរ ១១:៣២–១២:១) ប៉ុន្តែ នៅ​គ្រា​ជា​ច្រើន សាសន៍​នេះ​បាន​បែរ​ទៅ​ព្រះ​ពាហិរជន ដោយ​សង្ឃឹម​ចង់​បាន​ផល​ប្រយោជន៍​ខាង​សម្ភារៈ។ (យេរេមា ៣៤:៨​-​១៦; ៤៤:១៥​-​១៨) គឺ​មាន​បុគ្គល​ដែល​អនុវត្ត​ឥត​ត្រឹម​ត្រូវ​តាម​ច្បាប់ ឬ​ឥត​ទាំង​អើពើ​ច្បាប់​នោះ​ផង។ (នេហេមា ៥:១​-​៥; អេសាយ ៥៩:២​-​៨; ម៉ាឡាគី ១:១២​-​១៤) ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​សាឡូម៉ូន អ៊ីស្រាអែល​បាន​ញែក​ជា​ព្រះ​រាជាណាចក្រ​ខាង​ជើង​និង​ខាង​ត្បូង។ នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​ខាង​ជើង​បាន​ស​ឲ្យ​ឃើញ​ជា​អ្នក​បះ​បោរ​ទាំង​ស្រុង នោះ​ព្រះ​យេហូវ៉ា​ប្រកាស​ថា៖ «ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ​បង់​ចោល​ឯង»។ (ហូសេ ៤:៦) ព្រះ​រាជាណាចក្រ​ខាង​ត្បូង​ក៏​បាន​ត្រូវ​ទទួល​ទណ្ឌកម្ម​ជា​ខ្លាំង​ដែរ ពី​ព្រោះ​គេ​មិន​ស្មោះ​ត្រង់​ចំពោះ​កិច្ច​ព្រម​ព្រៀង។ (យេរេមា ៥:២៩​-​៣១) នៅ​ពេល​ដែល​ពួក​យូដា​បាន​បដិសេធ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី នោះ​ព្រះ​យេហូវ៉ា​ក៏​បាន​បដិសេធ​គេ​ដែរ។ (កិច្ច​ការ ៣:១៣​-​១៥; រ៉ូម ៩:៣១–១០:៤) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​រៀបចំ​ការ​ថ្មី ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​ទាំង​ស្រុង​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ។—រ៉ូម ៣:២០

១៨, ១៩. តើ​ការ​រៀបចំ​ថ្មី​ណា ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ឲ្យ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​បាន​សម្រេច​ទាំង​ស្រុង?

១៨ ការ​រៀបចំ​ថ្មី​នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី។ ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​អំពី​រឿង​នេះ ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «‹នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា[កិច្ច​ព្រម​ព្រៀង]ថ្មី នឹង​ពួក​វង្សអ៊ីស្រាអែល . . . សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ›»។—យេរេមា ៣១:៣១​-​៣៣

១៩ នេះ​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​ក្នុង​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ.។ នៅ​គ្រា​នោះ ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កិច្ច​ព្រម​ព្រៀង​ដែល​បាន​សន្យា​មក ជិត​នឹង​សម្រេច​រវាង​ពួក​សិស្ស​ទ្រង់​និង​ព្រះ​យេហូវ៉ា ដែល​ព្រះ​យេស៊ូ​ធ្វើ​ជា​អ្នក​កណ្ដាល។ (កូរិនថូស​ទី​១ ១១:២៥; ធីម៉ូថេ​ទី​១ ២:៥; ហេព្រើរ ១២:២៤) តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដល់​អ័ប្រាហាំ​នឹង​មាន​ការ​សម្រេច​ដ៏​រុង​រឿង​ហើយ​ស្ថាពរ​ថែម​ទៀត ដែល​យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​អាច​ពន្យល់​ទេ?

◻ តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ក្នុង​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ការ​សម្រេច​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ ដល់​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម?

◻ តើ​ពួក​ចូល​សាសនា​យូដា​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​កិច្ច​ព្រម​ព្រៀង​ចាស់?

◻ ហេតុ​អ្វី​ក៏​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ថ្មី?

[រូប​ភាព​នៅ​ទំព័រ​៩]

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ ព្រះ​យេហូវ៉ា​បាន​អនុវត្ត​ការ​សម្រេច​ដំបូង​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក