បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៥ ទំ. ១២-១៧
  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ព្រម​ព្រៀង​ថ្មី
  • សាសន៍​ទាំង​ឡាយ​ទទួល​ពរ​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ
  • ទំនាយ​មួយ​បាន​សម្រេច
  • កិច្ច​ព្រម​ព្រៀង​ចាស់​និង​ថ្មី
  • ព្រះ​រាជាណាចក្រ​នៃ​ព្រះ—ការ​សម្រេច​នៅ​ទី​បំផុត
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចៀមឯទៀតនិងកិច្ចព្រមព្រៀងថ្មី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៥ ទំ. ១២-១៧

ពរ​ដ៏​ប្រសើរ​ជាង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ថ្មី

«ព្រះ​យេស៊ូ​ជា​អ្នក​កណ្ដាល​របស់​កិច្ច​ព្រម​ព្រៀង​ដ៏​ប្រសើរ​ជាង»។—ហេព្រើរ ៨:៦, ព.ថ.

១. តើ‹ពូជ​របស់​ស្ត្រី›ដែល​បាន​សន្យា​មក​ក្នុង​អេដែន បាន​ស​ឲ្យ​ឃើញ​ជា​អ្នក​ណា ហើយ​តើ​ទ្រង់‹បាន​ត្រូវ​ពស់​ចឹក​កែង​ជើង›យ៉ាង​ដូច​ម្ដេច?

ក្រោយ​ពី​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប នោះ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ការ​ជំនុំ​ជំរះ​លើ​សាតាំង ដែល​បាន​ល្បួង​អេវ៉ា ដោយ​មាន​បន្ទូល​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១៥) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ក្នុង​ឆ្នាំ​២៩ ស.យ. នោះ​ពូជ​ដែល​បាន​សន្យា​ក្នុង​សួន​អេដែន​បាន​លេច​ខ្លួន​ឲ្យ​ឃើញ​នៅ​ទី​បំផុត។ ពេល​ទ្រង់​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម​ក្នុង​ឆ្នាំ​៣៣ ស.យ. នោះ​មួយ​ផ្នែក​នៃ​ទំនាយ​ពី​ដើម​នេះ​គឺ​បាន​ត្រូវ​សម្រេច។ សាតាំង​បាន‹ចឹក​កែង​ជើង›នៃ​ពូជ​នេះ​មែន។

២. ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ផ្ទាល់ តើ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​មាន​ផល​ប្រយោជន៍​ដល់​មនុស្ស​លោក​យ៉ាង​ដូច​ម្ដេច?

២ គួរ​ឲ្យ​សប្បាយ​ណាស់ ដែល​របួស​នោះ​គឺ​មិន​មែន​ជា​អចិន្ត្រៃយ៍​ទេ ទោះ​ជា​ឈឺ​ចាប់​យ៉ាង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​ពី​ស្លាប់​ជា​វិញ្ញាណ​អមតៈ​វិញ ហើយ​បាន​យាង​ឡើង​ទៅ​ឯ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ទ្រង់​ថ្វាយ​តម្លៃ​នៃ​ឈាម​របស់​ទ្រង់ «ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ ដូច្នេះ បន្ទូល​របស់​ទ្រង់​ផ្ទាល់​ក៏​បាន​សម្រេច​ពិត៖ «កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៤​-​១៦; ហេព្រើរ ៩:១២​-​១៤) កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ទំនាយ​របស់​ព្រះ​យេស៊ូ។

កិច្ច​ព្រម​ព្រៀង​ថ្មី

៣. តើ​នៅ​ពេល​ណា​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​ចាប់​ប្រតិបត្ដិ​ការ​នៅ​លើក​ទី​មួយ?

៣ មុន​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​បន្ដិច ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​កាន់​តាម​ទ្រង់​ថា ឈាម​ដែល​ទ្រង់​បាន​បង្ហូរ​នោះ ជា«ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី»។ (ម៉ាថាយ ២៦:២៨, ព.ថ.; លូកា ២២:២០) ដប់​ថ្ងៃ​ក្រោយ​ពី​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​ចាប់​ប្រតិបត្ដិ​ការ ពេល​ដែល​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​ពួក​សិស្ស​ប្រមាណ​១២០​នាក់ ដែល​បានមក​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​នៅ​ទី​ក្រុង​យេរូសាឡិម។ (កិច្ច​ការ ១:១៥; ២:១​-​៤) ការ​នាំ​ពួក​សិស្ស​១២០​នាក់​ទាំង​នេះ ឲ្យ​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី បាន​បង្ហាញ​ថា កិច្ច​ព្រម​ព្រៀង«មុន» គឺ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ ឥឡូវ​នេះ​គឺ​លែង​ប្រើ​ហើយ។—ហេព្រើរ ៨:១៣

៤. តើ​កិច្ច​ព្រម​ព្រៀង​ចាស់​មាន​បរាជ័យ​ឬ? សូម​ពន្យល់។

៤ តើ​កិច្ច​ព្រម​ព្រៀង​ចាស់​មាន​បរាជ័យ​ឬ? គឺ​អត់​ទេ។ ពិត​ហើយ តាំង​ពី​កិច្ច​ព្រម​ព្រៀង​ចាស់​បាន​ត្រូវ​ដក​ចេញ នោះ​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម គឺ​លែង​ជា​រាស្ត្រ​ដ៏​ពិសេស​របស់​ព្រះ​ទៀត​ហើយ។ (ម៉ាថាយ ២៣:៣៨) ប៉ុន្តែ នេះ​គឺ​ដោយ​សារ​ការ​មិន​គោរព​តាម​របស់​អ៊ីស្រាអែល និង​ការ​បដិសេធ​ចោល​នៃ​អ្នក​ចាក់​ប្រេង​តាំង​មួយ​អង្គ​របស់​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៩:៥; កិច្ច​ការ ២:២២, ២៣) យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ក្រិត្យ​វិន័យ​បាន​ត្រូវ​ដក​ចេញ គឺ​បាន​សម្រេច​ច្រើន​ណាស់។ ជា​ច្រើន​សតវត្ស​មក​ហើយ ក្រិត្យ​វិន័យ​នេះ​បាន​ផ្ដល់​ផ្លូវ​នៃ​ការ​ទាក់​ទង​នឹង​ព្រះ និង​ការ​ការ​ពារ​ពី​សាសនា​មិន​ពិត។ ក្រិត្យ​វិន័យ​នេះ​មាន​លក្ខណៈ​ដែល​បង្ហាញ​ទុក​ជា​មុន​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​ដោយ​ធ្វើ​យញ្ញ​បូជា​ម្ដង​ហើយ​ម្ដង​ទៀត នោះ​បង្ហាញ​ថា​មនុស្ស​ត្រូវ​ការ​ការ​រំដោះ​ពី​បាប​និង​សេចក្ដី​ស្លាប់​ជា​បន្ទាន់។ ប្រាកដ​ហើយ ក្រិត្យ​វិន័យ​នោះ​បាន«ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ»។ (កាឡាទី ៣:១៩, ២៤; រ៉ូម ៣:២០; ៤:១៥; ៥:១២; ហេព្រើរ ១០:១, ២) ប៉ុន្តែ គឺ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​ពរ​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​នឹង​បាន​សម្រេច​យ៉ាង​ពេញ​លេញ។

សាសន៍​ទាំង​ឡាយ​ទទួល​ពរ​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ

៥, ៦. ក្នុង​ការ​សម្រេច​ដំបូង​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ តើ​អ្នក​ណា​ជា​ពូជ​របស់​អ័ប្រាហាំ ហើយ​តើ​សាសន៍​ណា​មួយ​ដែល​បាន​ទទួល​ពរ​ដោយ​សារ​ទ្រង់​មុន​គេ?

៥ ព្រះ​យេហូវ៉ា​បាន​សន្យា​ដល់​អ័ប្រាហាំ​ថា៖ «គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង»។ (លោកុប្បត្តិ ២២:១៨) ក្រោម​កិច្ច​ព្រម​ព្រៀង​ចាស់ ពួក​បរទេស​ដែល​មាន​ចិត្ត​រាប​ទាប​ជា​ច្រើន​បាន​ទទួល​ពរ ដោយ​សារ​គេ​ចូល​រួម​ជា​មួយ​អ៊ីស្រាអែល ជា​ពូជ​ពី​សាសន៍​អ័ប្រាហាំ។ ប៉ុន្តែ ក្នុង​ការ​សម្រេច​ដំបូង​ខាង​វិញ្ញាណ ពូជ​របស់​អ័ប្រាហាំ គឺ​ជា​បុរស​ដ៏​គ្រប់ល័ក្ខណ៍​ម្នាក់។ ប៉ុល​បាន​ពន្យល់​អំពី​រឿង​នេះ ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា៖ «រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា៖ ‹នឹង​ពូជ​ទាំង​ប៉ុន្មាន› ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា៖ ‹នឹង​ពូជ​លោក​១​នោះ​ឯង› គឺ​ជា​ព្រះ​គ្រីស្ទ»។—កាឡាទី ៣:១៦

៦ ត្រូវ​ហើយ ព្រះ​យេស៊ូ​ជា​ពូជ​របស់​អ័ប្រាហាំ ហើយ​ដោយ​សារ​ទ្រង់ ដែល​សាសន៍​ទាំង​ឡាយ​ទទួល​ពរ​ដ៏​ប្រសើរ​ជាង​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន សំរាប់​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ ពិត​មែន សាសន៍​ទី​មួយ​ដែល​នឹង​ទទួល​ពរ​នេះ គឺ​អ៊ីស្រាអែល​នោះ​ឯង។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. សាវ័ក​ពេត្រុស​មាន​ប្រសាសន៍​ដល់​ពួក​យូដា​មួយ​ក្រុម​ថា៖ «អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រាហាំ​ថា ‹អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ ដោយ​សារ​ពូជ​ឯង›។ រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ​យេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ»។—កិច្ច​ការ ៣:២៥, ២៦

៧. តើ​សាសន៍​ទាំង​ឡាយ​ណា​ដែល​ទទួល​ពរ​ដោយ​សារ​ព្រះ​យេស៊ូ ជា​ពូជ​របស់​អ័ប្រាហាំ?

៧ មិន​យូរ​ប៉ុន្មាន ពរ​ក៏​បាន​ប្រទាន​ទៅ​ពួក​ជាតិ​សាម៉ារី ហើយ​ក្រោយ​មក​ប្រទាន​ពរ​ដល់​ពួក​សាសន៍​ដទៃ។ (កិច្ច​ការ ៨:១៤​-​១៧; ១០:៣៤​-​៤៨) ក្នុង​រវាង​ឆ្នាំ​៥០​និង​៥២ ស.យ. ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​គ្រីស្ទាន​ក្នុង​ស្រុក​កាឡាទី ក្នុង​ភូមិ​ភាគ​អាស៊ីមីនើរ៖ «ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្ដី​ជំនឿ បាន​ជា​មាន​សេចក្ដី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រាហាំ​ជា​មុន​ថា ‹អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ​សារ​ឯង›។ ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ ដែល​ជា​អ្នក​ជឿ​ដែរ»។ (កាឡាទី ៣:៨, ៩; លោកុប្បត្តិ ១២:៣) ថ្វី​បើ​ពួក​គ្រីស្ទាន​ជា​ច្រើន​ក្នុង​ស្រុក​កាឡាទី ជា«ពួក​សាសន៍​ដទៃ»ក៏​ដោយ គេ​បាន​ទទួល​ពរ​ដោយ​សារ​ព្រះ​យេស៊ូ ពី​ព្រោះ​គេ​មាន​ជំនឿ។ តើ​ក្នុង​របៀប​ណា​ទៅ?

៨. ចំពោះ​ពួក​គ្រីស្ទាន​នៅ​សម័យ​ប៉ុល ការ​ទទួល​ពរ​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ​រួម​បញ្ចូល​អ្វី ហើយ​នៅ​ទី​បំផុត តើ​មាន​ប៉ុន្មាន​នាក់​ដែល​ទទួល​ពរ​បែប​នេះ?

៨ ទោះ​ជា​មាន​ប្រវត្ដិរូប​យ៉ាង​ណា​ក៏​ដោយ ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​ក្នុង​ស្រុក​កាឡាទី​ថា៖ «ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង»។ (កាឡាទី ៣:២៩) ចំពោះ​ពួក​គ្រីស្ទាន​ទាំង​នោះ​ក្នុង​ស្រុក​កាឡាទី ពរ​ដែល​គេ​ទទួល​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ គឺ​ការ​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​ក៏​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ ដែល​ចូល​រួម​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ពូជ​របស់​អ័ប្រាហាំ។ យើង​ឥត​ដឹង​ចំនួន​ប្រជាជន​នៃអ៊ីស្រាអែល​ពី​សម័យ​បុរាណ​ទេ។ យើង​គ្រាន់​តែ​ដឹង​ថា សាសន៍​នេះ​បាន​ក្លាយ​ទៅ​ជា«មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០) ប៉ុន្តែ យើង​ដឹង​ចំនួន​នៅ​ចុង​បំផុត​នៃ​ពួក​ចូល​រួម​ជា​មួយ​ព្រះ​យេស៊ូ ក្នុង​ពូជ​ខាង​វិញ្ញាណ—១៤៤.០០០​នាក់។ (វិវរណៈ ៧:៤; ១៤:១) ពួក​១៤៤.០០០​នាក់​នោះ គឺ​ចេញ​ពី«គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍» ហើយ​ចូល​រួម​ក្នុង​ការ​ផ្ដល់​ពរ​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ ដល់​មនុស្ស​ដទៃ​ទៀត។—វិវរណៈ ៥:៩

ទំនាយ​មួយ​បាន​សម្រេច

៩. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចិត្ត​គេ?

៩ នៅ​ពេល​ទាយ​ប្រាប់​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី យេរេមា​បាន​សរសេរ​ថា៖ «គឺ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹[កិច្ច​ព្រម​ព្រៀង]ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ› »។ (យេរេមា ៣១:៣៣) នេះ​ជា​លក្ខណៈ​នៃ​អស់​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​គេ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ស្រឡាញ់។ (យ៉ូហាន ១៣:៣៥; ហេព្រើរ ១:៩) ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​បាន​សរសេរ​ក្នុង​ចិត្ត​របស់​គេ ហើយ​គេ​មាន​ចិត្ត​ដ៏​ខ្នះ​ខ្នែង​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ពិត​មែន ក្នុង​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ពួក​ស្មោះ​ត្រង់​ខ្លះ​បាន​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។ (ទំនុកដំកើង ១១៩:៩៧) ប៉ុន្តែ មនុស្ស​ជា​ច្រើន​ឥត​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់​ទេ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មាន​ចំណែក​ក្នុង​សាសន៍​នោះ។ ប្រសិន​បើ​ក្រិត្យ​វិន័យ​របស់​ព្រះ​ឥត​មាន​សរសេរ​ក្នុង​ចិត្ត​របស់​គេ គឺ​គ្មាន​ណា​មួយ​ដែល​អាច​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​ឡើយ។

១០, ១១. ចំពោះ​អស់​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា‹បាន​ក្លាយ​ទៅ​ជា​ព្រះ​របស់​គេ› ហើយ​តើ​គេ​ទាំង​អស់​គ្នា​នឹង​ស្គាល់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១០ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថែម​ទៀត​ស្តី​អំពី​ពួក​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី៖ «អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ»។ (យេរេមា ៣១:៣៣) ក្នុង​អ៊ីស្រាអែល​ពី​សម័យ​បុរាណ មនុស្ស​ជា​ច្រើន​បាន​ថ្វាយ​បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​ឡាយ ប៉ុន្តែ​គេ​នៅ​ជា​ជាតិ​អ៊ីស្រាអែល។ លើ​មូលដ្ឋាន​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី ព្រះ​យេហូវ៉ា​បាន​បង្កើត​សាសន៍​ខាង​វិញ្ញាណ «អ៊ីស្រាអែល​នៃ​ព្រះ» ដើម្បី​យក​មក​ជំនួស​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ (កាឡាទី ៦:១៦; ម៉ាថាយ ២១:៤៣; រ៉ូម ៩:៦​-​៨) ប៉ុន្តែ គ្មាន​អ្នក​ណា​មួយ​នឹង​មាន​ចំណែក​នៃ​សាសន៍​ខាង​វិញ្ញាណ​ថ្មី​នេះ​ទេ ប្រសិន​បើ​គាត់​ឈប់​បំរើ​ព្រះ​យេហូវ៉ា តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ។

១១ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៀត​ថា៖ «គេ​នឹង​ស្គាល់​អញ​គ្រប់​ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ»។ (យេរេមា ៣១:៣៤) ក្នុង​អ៊ីស្រាអែល មនុស្ស​ជា​ច្រើន​មិន​បាន​អើពើ​នឹង​ព្រះ​យេហូវ៉ា​ទេ ជា​លទ្ធផល​គឺ​និយាយ​ថា៖ «ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង»។ (សេផានា ១:១២) គ្មាន​អ្នក​ណា​មួយ​អាច​នៅ​មាន​ចំណែក​ក្នុង​អ៊ីស្រាអែល​នៃ​ព្រះ​បាន​ទេ ប្រសិន​បើ​គាត់​ឥត​អើពើ​ដល់​ព្រះ​យេហូវ៉ា ឬ​ធ្វើ​ឲ្យ​កខ្វក់​ដល់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ (ម៉ាថាយ ៦:២៤; កូល៉ុស ៣:៥) ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ គឺ«ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្គាល់​ព្រះ​នៃ​ខ្លួន»។ (ដានីយ៉ែល ១១:៣២) គេ​មាន​ចិត្ត​រីករាយ​ក្នុង​ការ‹យក​ចំណេះ​នៃ​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ›។ (យ៉ូហាន ១៧:៣) ការ​ស្គាល់​ព្រះ​យេស៊ូ​គឺ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ​ចំពោះ​ព្រះ​បាន​ជ្រៅ​ឡើង​ដែរ ពី​ព្រោះ ក្នុង​របៀប​ដ៏​អស្ចារ្យ ព្រះ​យេស៊ូ«បាន​សម្ដែង​ឲ្យ​ស្គាល់​ព្រះ​អង្គ»។—យ៉ូហាន ១:១៨; ១៤:៩​-​១១

១២, ១៣. (ក) តើ​លើ​មូលដ្ឋាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​ឲ្យ​ពួក​អ្នក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី? (ខ) ចំពោះ​ការ​អត់​ទោស​នៃ​បាប តើ​តាម​របៀប​ណា​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​ប្រសើរ​ជាង​កិច្ច​ព្រម​ព្រៀង​ចាស់?

១២ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​សន្យា​ថា៖ «អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ»។ (យេរេមា ៣១:៣៤​ខ) ក្រិត្យ​វិន័យ​ម៉ូសេ​រួម​បញ្ចូល​ក្រម​សរសេរ​រាប់​រយ ដែល​បាន​តម្រូវ​ឲ្យ​ពួក​អ៊ីស្រាអែល​គោរព​តាម។ (ចោទិយកថា ២៨:១, ២, ១៥) មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ក្រិត្យ​វិន័យ ត្រូវ​ថ្វាយ​យញ្ញ​បូជា​ដើម្បី​គ្រប​បាំង​បាប​របស់​គេ។ (លេវីវិន័យ ៤:១​-​៧; ១៦:១​-​៣១) ពួក​យូដា​ជា​ច្រើន​បាន​ជឿ​ថា គេ​អាច​ក្លាយ​ទៅ​ជា​សុចរិត​បាន ដោយ​សារ​កិច្ច​ការ​របស់​គេ​ដែល​ស្រប​តាម​ក្រិត្យ​វិន័យ។ ប៉ុន្តែ ពួក​គ្រីស្ទាន​ដឹង​ថា គេ​មិន​ដែល​អាច​បាន​សេចក្ដី​សុចរិត​ដោយ​សារ​កិច្ច​ការ​របស់​គេ​ឡើយ។ គេ​មិន​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​បាប​ទេ។ (រ៉ូម ៥:១២) នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី គឺ​អាច​មាន​ឋានៈ​សុចរិត​នៅ​ពី​មុខ​ព្រះ លើ​មូលដ្ឋាន​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ។ ប៉ុន្តែ ឋានៈ​បែប​នេះ​គឺ​ជា​អំណោយ​ទាន ជា​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ។ (រ៉ូម ៣:២០, ២៣, ២៤) ព្រះ​យេហូវ៉ា​នៅ​តែ​តម្រូវ​ការ​គោរព​ពី​ពួក​អ្នក​បំរើ​របស់​ទ្រង់។ ប៉ុល​មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី គឺ«ក្នុង​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ»។—កូរិនថូស​ទី​១ ៩:២១

១៣ ដូច្នេះ ចំពោះ​គ្រីស្ទាន ក៏​មាន​យញ្ញ​បូជា​សំរាប់​បាប​ដែរ ប៉ុន្តែ ជា​អ្វី​មួយ​ដែល​មាន​តម្លៃ​ប្រសើរ​ជាង​យញ្ញ​បូជា​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ ប៉ុល​បាន​សរសេរ​ថា៖ «ឯ​អស់​ទាំង​សង្ឃ[នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ]ក៏​ឈរ​ធ្វើ​ការងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ​បូជា​ដដែល​ជា​ញឹក​ញយ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់[ព្រះ​យេស៊ូ]បាន​ថ្វាយ​យញ្ញ​បូជា​តែ​១​ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្ដាំ​ព្រះ​នៅ​ជា​រៀង​រាប​ដរាប​ទៅ»។ (ហេព្រើរ ១០:១១, ១២) ដោយ​សារ​ពួក​គ្រីស្ទាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​របស់​គ្រីស្ទ នោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​គេ​ជា​សុចរិត ដោយ​ឥត​មាន​បាប ហើយ​ដូច្នេះ​គឺ​មាន​ឋានៈ​ដើម្បី​ចាក់​ប្រេង​តាំង​ជា​បុត្រ​វិញ្ញាណ​របស់​ទ្រង់។ (រ៉ូម ៥:១; ៨:៣៣, ៣៤; ហេព្រើរ ១០:១៤​-​១៨) ពេល​ដែល​គេ​ប្រព្រឹត្ត​បាប ដោយសារ​ភាព​មិន​គ្រប់ល័ក្ខណ៍ គេ​អាច​សុំ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា ហើយ​លើ​មូលដ្ឋាន​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ នោះ​ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​គេ។ (យ៉ូហាន​ទី​១ ២:១, ២) ប៉ុន្តែ ប្រសិន​បើ​គេ​រើស​យក​ការ​ប្រព្រឹត្ត​បាប​ដ៏​ចេតនា នោះ​គេ​នឹង​បាត់​បង់​ឋានៈ​សុចរិត ហើយ​ឯក​សិទ្ធ​នៃ​ការ​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី។—ហេព្រើរ ២:២, ៣; ៦:៤​-​៨; ១០:២៦​-​៣១

កិច្ច​ព្រម​ព្រៀង​ចាស់​និង​ថ្មី

១៤. តើ​ការ​កាត់​ស្បែក​អ្វី​ដែល​បាន​តម្រូវ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ? នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី?

១៤ ក្នុង​កិច្ច​ព្រម​ព្រៀង​ចាស់ មនុស្ស​ប្រុស​បាន​ត្រូវ​កាត់​ស្បែក ជា​សញ្ញា​ថា​គេ​នៅ​ក្រោម​ក្រិត្យ​វិន័យ។ (លេវីវិន័យ ១២:២, ៣; កាឡាទី ៥:៣) ក្រោយ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ចាប់​ផ្ដើម មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា ពួក​គ្រីស្ទាន​ដែល​មិន​ជា​សាសន៍​យូដា ក៏​ត្រូវ​កាត់​ស្បែក​ដែរ។ ប៉ុន្តែ​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម ដែល​បាន​ដឹក​នាំ​ដោយ​បន្ទូល​របស់​ព្រះ និង​ដោយ​វិញ្ញាណ​បរិសុទ្ធ បាន​យល់​ថា គឺ​ឥត​ចាំ​បាច់​ធ្វើ​បែប​នេះ​ទេ។ (កិច្ច​ការ ១៥:១, ៥, ២៨, ២៩) បី​បួន​ឆ្នាំ​ក្រោយ​មក ប៉ុល​មាន​ប្រសាសន៍​ថា៖ «ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សម្គាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ»។ (រ៉ូម ២:២៨, ២៩) ការ​កាត់​ស្បែក​មែន​ទែន សូម្បី​សំរាប់​ពួក​យូដា​ខាង​សាច់​ឈាម ក៏​លែង​មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី គឺ​ចិត្ត មិន​មែន​សាច់​នោះ​ទេ ដែល​ត្រូវ​កាត់​ស្បែក​នោះ។ អ្វី​ៗ​ទាំង​អស់​ក្នុង​គំនិត សេចក្ដី​ប្រាថ្នា និង​ការ​ជំរុញ​ចិត្ត​របស់​គេ ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​ឬ​ឥត​បរិសុទ្ធ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា ត្រូវ​តែ​កាត់​ចេញ។a មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ គឺ​រស់​នៅ​ជា​សាក្សី​ដល់​ព្រះ​ចេស្ដា​នៃ​អំណាច​នៃ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​កែ​ប្រែ​គំនិត​របស់​គេ​តាម​ផ្លូវ​នេះ។—កូរិនថូស​ទី​១ ៦:៩​-​១១; កាឡាទី ៥:២២​-​២៤; អេភេសូរ ៤:២២​-​២៤

១៥. តើ​អាច​ប្រៀប​ធៀប​យ៉ាង​ណា​បាន អំពី​ការ​គ្រប់​គ្រង​ជា​ស្តេច​រវាង​អ៊ីស្រាអែល​ខាង​សាច់​ឈាម និង​អ៊ីស្រាអែល​នៃ​ព្រះ?

១៥ ក្នុង​របៀប​រៀបចំ​នៃ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​នៃ​អ៊ីស្រាអែល ហើយក្រោយ​មក ទ្រង់​ប្រើ​អធិបតេយ្យភាព​របស់​ទ្រង់ តាម​រយៈ​ស្តេច​ទាំង​ឡាយ​ជា​មនុស្ស​លោក​ក្នុង​ក្រុង​យេរូសាឡិម។ (អេសាយ ៣៣:២២) ព្រះ​យេហូវ៉ា​ក៏​ជា​ព្រះ​មហា​ក្សត្រ​នៃ​អ៊ីស្រាអែល​របស់​ព្រះ​ដែរ អ៊ីស្រាអែល​ខាង​វិញ្ញាណ ហើយ​តាំង​ពី​ឆ្នាំ​៣៣ ស.យ. ទ្រង់​បាន​សោយ​រាជ្យ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​ទទួល«គ្រប់​ទាំង​អំណាច . . . នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង»។ (ម៉ាថាយ ២៨:១៨; អេភេសូរ ១:១៩​-​២៣; កូល៉ុស ១:១៣, ១៤) សព្វ​ថ្ងៃ​នេះ អ៊ីស្រាអែល​នៃ​ព្រះ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ដែល​បាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ​១៩១៤។ ព្រះ​យេស៊ូ​គឺ​ជា​ស្តេច​ដ៏​ល្អ​ប្រសើរ​ជាង​ស្តេច​ហេសេគា យ៉ូសៀស និង​ស្តេច​ដ៏​ស្មោះ​ត្រង់​ទាំង​ឡាយ​ឯ​ទៀត​នៃ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។—ហេព្រើរ ១:៨, ៩; វិវរណៈ ១១:១៥

១៦. តើ​អ៊ីស្រាអែល​នៃ​ព្រះ​មាន​សង្ឃ​ប្រភេទ​ណា?

១៦ អ៊ីស្រាអែល​មិន​គ្រាន់​តែ​ជា​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ តែ​មាន​សង្ឃ​ដែល​បាន​ចាក់​ប្រេង​តាំង។ ក្នុង​ឆ្នាំ​៣៣ ស.យ. អ៊ីស្រាអែល​នៃ​ព្រះ​បាន​ផ្លាស់​ជំនួស​អ៊ីស្រាអែល​ខាង​សាច់​ឈាម ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា«អ្នក​បំរើ»របស់​ព្រះ​យេហូវ៉ា ជា«ស្មរបន្ទាល់»របស់​ទ្រង់។ (អេសាយ ៤៣:១០) បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​អ៊ីស្រាអែល បាន​កត់​ទុក​ក្នុង​អេសាយ ៤៣:២១ និង​និក្ខមនំ ១៩:៥, ៦ តាំង​ពី​នោះ​មក​គឺ​ទាក់​ទង​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នៃ​ព្រះ។ សាសន៍​វិញ្ញាណ​ថ្មី​របស់​ព្រះ ឥឡូវ​នេះ​ជា«ពូជ​ជ្រើស​រើស​ជា​ពួក​សង្ឃ​ហ្លួង​ជា​សាសន៍​បរិសុទ្ធ​ជា​រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ» ដែល​មាន​មុខ​ងារ​ដើម្បី‹ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា›។ (ពេត្រុស​ទី​១ ២:៩) គ្រប់​គ្នា​ដែល​នៅ​ក្នុង​អ៊ីស្រាអែល​នៃ​ព្រះ បុរស​និង​ស្ត្រី រួម​ធ្វើ​ជា​សង្ឃ​មួយ​ក្រុម។ (កាឡាទី ៣:២៨, ២៩) ជា​ផ្នែក​ទី​ពីរ​នៃ​ពូជ​របស់​អ័ប្រាហាំ ឥឡូវ​នេះ​គេ​និយាយ​ថា៖ ‹ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សប្បាយ​នឹង​រាស្ត្រ​ទ្រង់›។ (ចោទិយកថា ៣២:៤៣) ពួក​អ្នក​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ គឺ​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ការ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​អាច​ផ្ដល់​ទៅ​ព្រះ​បាន ដរាប​ណា​ចូល​រួម​ជា​មួយ​គេ​ប៉ុណ្ណោះ។

ព្រះ​រាជាណាចក្រ​នៃ​ព្រះ—ការ​សម្រេច​នៅ​ទី​បំផុត

១៧. តើ​កំណើត​អ្វី​ដែល​ពួក​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន?

១៧ ពួក​អ៊ីស្រាអែល​ដែល​កើត​ក្រោយ​ពី​ឆ្នាំ​១៥១៣ ម.​ស.យ. បាន​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ពី​កំណើត។ អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ក៏​ពិសោធ​ការ​កើត​មួយ​ដែរ—ក្នុង​ករណី​របស់​គេ ការ​កើត​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​បាន​រៀប​រាប់​រឿង​នេះ​ដល់​នីកូដេម ជា​ផារីស៊ី​ម្នាក់ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ»។ (យ៉ូហាន ៣:៣) ពួក​សិស្ស​១២០​នាក់​នៅ​បុណ្យ​ភិន្ដាកុស នៅ​ឆ្នាំ​៣៣ ស.យ. គឺ​ជា​ពួក​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ដំបូង​ដែល​ពិសោធ​នឹង​ការ​កើត​ថ្មី​នេះ។ ដោយ​រាប់​ថា​សុចរិត​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី នោះ​គេ​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​ជា«ទី​បញ្ចាំ​ចិត្ត»នៃ​មរតក​ខាង​ការ​សោយ​រាជ្យ​របស់​គេ។ (អេភេសូរ ១:១៤) គេ​បាន«កើត​ពី​ព្រះ​វិញ្ញាណ» ដើម្បី​ក្លាយ​ទៅ​ជា​បុត្រ​របស់​ព្រះ​ដែល​ទ្រង់​យក​ចិញ្ចឹម ដែល​ធ្វើ​ឲ្យ​គេ​ជា​បង​ប្អូន​របស់​ព្រះ​យេស៊ូ ហើយ​ដូច្នេះ​ក៏«គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ផង»។ (យ៉ូហាន ៣:៦; រ៉ូម ៨:១៦, ១៧) ដែល​គេ«កើត​ជា​ថ្មី» បាន​បើក​ផ្លូវ​សំរាប់​អនាគត​ដ៏​អស្ចារ្យ។

១៨. ការ​កើត​ជា​ថ្មី​ផ្ដល់​ឱកាស​អ្វី​សំរាប់​អនាគត​ដ៏​អស្ចារ្យ សំរាប់​ពួក​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី?

១៨ នៅ​ពេល​ធ្វើ​ជា​អ្នក​កណ្ដាល​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត​ជា​មួយ​ពួក​សិស្ស​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ»។ (លូកា ២២:២៩) កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​នេះ​រៀបចំ​ផ្លូវ សំរាប់​ការ​សម្រេច​នៃ​ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ​មួយ ដែល​បាន​កត់​ទុក​នៅ​ដានីយ៉ែល ៧:១៣, ១៤, ២២, ២៧។ ដានីយ៉ែល​បាន​ឃើញ‹មួយ​អង្គ​ដូច​ជា​មនុស្សជាតិ› ដែល​កំពុង​តែ​ទទួល​អំណាច​សោយ​រាជ្យ​ដោយ«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ» គឺ​ព្រះ​យេហូវ៉ា។ រួច​មក ដានីយ៉ែល​បាន​ឃើញ​ថា«ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន»។ ព្រះ​យេស៊ូ​គឺ​ជា‹មួយ​អង្គ​ដូច​ជា​មនុស្សជាតិ› ដែល​នៅ​ឆ្នាំ​១៩១៤ បាន​ទទួល​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ពី​ព្រះ​យេហូវ៉ា។ ពួក​សិស្ស​របស់​ទ្រង់​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​គឺ​ជា«ពួក​បរិសុទ្ធ» ដែល​គ្រប់​គ្រង​ជា​មួយ​ទ្រង់​ក្នុង​ព្រះ​រាជាណាចក្រ​នោះ។ (ថែស្សាឡូនីច​ទី​១ ២:១២) តើ​តាម​របៀប​ណា?

១៩, ២០. (ក) ចំពោះ​អស់​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី តើ​ការ​សម្រេច​ចុង​បំផុត​ដ៏​រុង​រឿង​អ្វី ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ទៅ​អ័ប្រាហាំ​មាន? (ខ) តើ​មាន​សំនួរ​ណា​ទៀត​ដែល​នឹង​ត្រូវ​ពិនិត្យ​មើល?

១៩ ក្រោយ​ពី​មរណភាព​របស់​គេ ពួក​ចាក់​ប្រេង​តាំង​ទាំង​នេះ ដូច​ព្រះ​យេស៊ូ បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​ក្លាយ​ទៅ​ជា​សត្តនិករ​វិញ្ញាណ​អមតៈ ដើម្បី​បំរើ​ជា​មួយ​ទ្រង់​ជា​ស្តេច​និង​សង្ឃ​នៅ​លើ​ស្ថាន​សួគ៌។ (កូរិនថូស​ទី​១ ១៥:៥០​-​៥៣; វិវរណៈ ២០:៤, ៦) នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​មែន! ‹គេ​នឹង​សោយ​រាជ្យ​ទៅ​លើ​ផែនដី› មិន​មែន​គ្រាន់​តែ​ស្រុក​កាណាន​ឡើយ។ (វិវរណៈ ៥:១០) តើ​គេ​នឹង​បាន‹គ្រប់​គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ទេ›? (លោកុប្បត្តិ ២២:១៧) ត្រូវ​ហើយ និង​ក្នុង​ផ្លូវ​ដ៏​ជាក់​លាក់​ទៀត​ផង ពេល​ដែល​គេ​ឃើញ​ការ​ហិន​វិនាស​នៃ​ស្ត្រី​ពេស្យា​ខាង​សាសនា​ដ៏​ជា​សត្រូវ បាប៊ីឡូន​ដ៏​ធំ ហើយ​នៅ​ពេល​ដែល​ពួក​ចាក់​ប្រេង​តាំង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ចូល​រួម​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ការ​ឃ្វាល​សាសន៍«ដោយ​ដំបង​ដែក» ហើយ​ក្នុង​ការ​កិន​ក្បាល​សាតាំង។ ដូច្នេះ​ហើយ​គេ​នឹង​មាន​ផ្នែក​នៃ​ការ​សម្រេច​នៅ​ទី​បំផុត​នៃ​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥។—វិវរណៈ ២:២៦, ២៧; ១៧:១៤; ១៨:២០, ២១; រ៉ូម ១៦:២០

២០ ប៉ុន្តែ យើង​ប្រហែល​ជា​សួរ​ថា តើ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​និង​កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​ទាក់​ទង​តែ​នឹង​ពួក​ស្មោះ​ត្រង់​នៃ​១៤៤.០០០​នាក់​ប៉ុណ្ណោះ​ឬ? គឺ​អត់​ទេ ពួក​អ្នក​ដទៃ​ទៀត​ដែល​មិន​ជាប់​ក្នុង​កិច្ច​ព្រម​ព្រៀង​យ៉ាង​ចំ​ៗ​នោះ​ទេ ក៏​នឹង​ទទួល​បាន​ពរ​ដោយ​សារ​ពួក​គេ​ដែរ ដូច​ជា​យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a សូម​មើល Insight on the Scriptures, ក្បាល​ទី​១ ទំព័រ ៤៧០ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​នៅ​ពេល​ណា​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​ចាប់​ប្រតិបត្ដិ​ការ​ជា​លើក​ទី​មួយ?

◻ តើ​អ្វី​ដែល​បាន​សម្រេច​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ចាស់?

◻ តើ​អ្នក​ណា​ជា​ពូជ​របស់​អ័ប្រាហាំ​ដំបូង ហើយ​មាន​ជា​លំដាប់​យ៉ាង​ណា ដែល​សាសន៍​ទាំង​ឡាយ​ទទួល​ពរ​ដោយ​សារ​ពូជ​នោះ?

◻ ចំពោះ​ពួក​១៤៤.០០០​នាក់ តើ​អ្វី​ជា​ការ​សម្រេច​ចុង​ក្រោយ​បំផុត​នៃ​សេចក្ដី​សន្យា ក្នុង​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​និង​កិច្ច​ព្រម​ព្រៀង​ថ្មី?

[រូប​ភាព​នៅ​ទំព័រ​១៥]

ការ​អត់​ទោស​នៃ​បាប គឺ​មាន​ប្រសិទ្ធភាព​សំរាប់​ពួក​អ្នក​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី ជាង​ពួក​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ចាស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក