បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៥ ទំ. ១៧-២២
  • ចៀមឯទៀតនិងកិច្ចព្រមព្រៀងថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចៀមឯទៀតនិងកិច្ចព្រមព្រៀងថ្មី
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ពួក​សាសន៍​ដទៃ» និង «អ៊ីស្រាអែល​របស់​ព្រះ»
  • ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម​ជាង
  • ជាប់​រវល់​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ
  • ‹កិច្ច​ព្រម​ព្រៀង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច›
  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៥ ទំ. ១៧-២២

ចៀម​ឯ​ទៀត​និង​កិច្ច​ព្រម​ព្រៀង​ថ្មី

«ឯ​ពួក​សាសន៍​ដទៃ . . . គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម[កិច្ច​ព្រម​ព្រៀង]របស់​អញ នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ»។—អេសាយ ៥៦:៦, ៧

១. (ក) យោង​ទៅ​តាម​ចក្ខុនិមិត្ត​របស់​យ៉ូហាន តើ​អ្វី​ដែល​បាន​សម្រេច​កាល​ដែល​ខ្យល់​នៃ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​កំពុង​ទប់​នោះ? (ខ) តើ​បណ្ដា​ជន​ដ៏​អស្ចារ្យ​ណា​ដែល​យ៉ូហាន​បាន​ឃើញ?

ក្នុង​ចក្ខុនិមិត្ត​ទី​បួន​នៅ​សៀវភៅ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​ឃើញ​ខ្យល់​ដ៏​ហិនហោច​នៃ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​ទប់ កាល​ដែល​ការ​បោះ​ត្រា​នៃ​សមាជិក​ទាំង​អស់​នៃ«អ៊ីស្រាអែល​របស់​ព្រះ» បាន​ធ្វើ​ចប់​សិន។ ពួក​ទាំង​នេះ​ជា​ពួក​ដំបូង​ដែល​បាន​ទទួល​ពរ​ដោយ​សារ​ព្រះ​យេស៊ូ ជា​ផ្នែក​ដ៏​សំខាន់​នៃ​ពូជ​របស់​អ័ប្រាហាំ។ (កាឡាទី ៦:១៦; លោកុប្បត្តិ ២២:១៨; វិវរណៈ ៧:១​-​៤) ក្នុង​ចក្ខុនិមិត្ត​ដដែល​នេះ យ៉ូហាន​បាន​ឃើញ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា . . . គេ​បន្លឺ​សំឡេង​ថា៖ ‹សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង› »។ (វិវរណៈ ៧:៩, ១០) ដោយ​និយាយ​ថា«សេចក្ដី​សង្គ្រោះ​ស្រេច​នូវ . . . កូន​ចៀម» ពួក​ហ្វូង​ធំ​បង្ហាញ​ថា គេ​ក៏​នឹង​ទទួល​ពរ​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ​ដែរ។

២. តើ​នៅ​ពេល​ណា​ដែល​ពួក​ហ្វូង​ធំ​បាន​លេច​ខ្លួន​មក ហើយ​តើ​ត្រូវ​បាន​សម្គាល់​យ៉ាង​ណា?

២ ពួក​ហ្វូង​ធំ​នេះ​បាន​ត្រូវ​ទទួល​ស្គាល់​តាំង​ពី​ឆ្នាំ​១៩៣៥ ហើយ​សព្វ​ថ្ងៃ​នេះ​គឺ​មាន​ចំនួន​ជាង​ប្រាំ​លាន​នាក់។ ដោយ​បាន​បោះ​ត្រា​ឲ្យ​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង សមាជិក​ទាំង​ឡាយ​នឹង​បាន​ត្រូវ​រំលែក​សំរាប់​ជីវិត​អស់​កល្ប​ជា​និច្ច ពេល​ដែលព្រះ​យេស៊ូ​ញែក​រំលែក«ចៀម» ចេញ​ពី«ពពែ»។ ពួក​គ្រីស្ទាន​នៃ​ហ្វូង​ធំ​គឺ​ក្នុង​ចំណោម«ចៀម​ឯ​ទៀត» ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​នៃ​ក្រោល​ចៀម។ គេ​មាន​សង្ឃឹម​រស់​នៅ​ជា​រហូត​នៅ​លើ​ផែនដី​មនោរម្យ។—ម៉ាថាយ ២៥:៣១​-​៤៦; យ៉ូហាន ១០:១៦; វិវរណៈ ២១:៣, ៤

៣. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​មាន​សភាព​ខុស​គ្នា​យ៉ាង​ណា ស្តី​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី?

៣ ចំពោះ​ពួក​១៤៤.០០០​នាក់ ពរ​នៃ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ គឺ​នឹង​អនុវត្ត​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ថ្មី។ ជា​អ្នក​ចូល​រួម ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ គេ‹នៅ​ក្រោម​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល› ហើយ«នៅ​ក្នុង​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ»។ (រ៉ូម ៦:១៥; កូរិនថូស​ទី​១ ៩:២១) ដូច្នេះ មាន​តែ​១៤៤.០០០​នាក់​នៃ​អ៊ីស្រាអែល​របស់​ព្រះ ដែល​ទទួល​ទាន​វត្ថុ​តំណាង​យ៉ាង​ត្រឹម​ត្រូវ ក្នុង​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ ហើយ​ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ​ជា​មួយ​តែ​ពួក​គេ​ប៉ុណ្ណោះ។ (លូកា ២២:១៩, ២០, ២៩) សមាជិក​ទាំង​ឡាយ​នៃ​ពួក​ហ្វូង​ធំ គឺ​មិន​មាន​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​ទេ។ ប៉ុន្តែ គេ​ចូល​រួម​ជា​មួយ​អ៊ីស្រាអែល​របស់​ព្រះ ហើយ​រស់​នៅ​ជា​មួយ​គេ​ក្នុង«ស្រុក»របស់​គេ។ (អេសាយ ៦៦:៨) ដូច្នេះ គឺ​សម​ហេតុ​ផល ដោយ​និយាយ​ថា​គេ​ក៏​នៅ​ក្រោម​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ​យេហូវ៉ា ហើយ​នៅ​ក្រោម​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ។ ទោះ​ជា​ឥត​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​ក៏​ដោយ គេ​ក៏​ទទួល​ប្រយោជន៍​ពី​នេះ​ដែរ។

«ពួក​សាសន៍​ដទៃ» និង «អ៊ីស្រាអែល​របស់​ព្រះ»

៤, ៥. (ក) យោង​ទៅ​តាម​អេសាយ តើ​ក្រុម​ណា​មួយ​នឹង​បំរើ​ព្រះ​យេហូវ៉ា? (ខ) តើ​អេសាយ ៥៦:៦, ៧ បាន​សម្រេច​យ៉ាង​ណា​ចំពោះ​ពួក​ហ្វូង​ធំ?

៤ ព្យាការី​អេសាយ​បាន​សរសេរ​ថា៖ «ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ការងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ដែល​សំរាប់​ជា​ទី​អធិស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ​បូជា​របស់​គេ នៅ​លើ​អាស​នា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍»។ (អេសាយ ៥៦:៦, ៧) ក្នុង​អ៊ីស្រាអែល នេះ​មាន​ន័យ​ថា «ពួក​សាសន៍​ដទៃ» ដែល​មិន​មែន​ជាតិ​អ៊ីស្រាអែល នឹង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា—ស្រឡាញ់​ព្រះ​នាម​របស់​ទ្រង់ ស្ដាប់​បង្គាប់​តាម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ រក្សា​ថ្ងៃ​ឈប់​សំរាក ហើយ​ថ្វាយ​យញ្ញ​បូជា​នៅ​ឯ​ព្រះ​វិហារ ‹ដំណាក់​ជា​ទី​សំរាប់​អធិស្ឋាន›របស់​ព្រះ។—ម៉ាថាយ ២១:១៣

៥ ក្នុង​សម័យ​យើង «ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ​យេហូវ៉ា» គឺ​ជា​ពួក​ហ្វូង​ធំ។ ពួក​ទាំង​នេះ​បំរើ​ព្រះ​យេហូវ៉ា ដោយ​ចូល​រួម​ជា​មួយ​អ៊ីស្រាអែល​នៃ​ព្រះ។ (សាការី ៨:២៣) ពួក​គេ​ថ្វាយ​យញ្ញ​បូជា​ដ៏​ត្រឹម​ត្រូវ​ដូច​អ៊ីស្រាអែល​នៃ​ព្រះ​ដែរ។ (ហេព្រើរ ១៣:១៥, ១៦) គេ​ថ្វាយ​បង្គំ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ គឺ‹ដំណាក់​ជា​ទី​សំរាប់​អធិស្ឋាន›របស់​ទ្រង់។ (ប្រៀប​ធៀប វិវរណៈ ៧:១៥) តើ​គេ​នៅ​កាន់​តាម​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍​ទេ? ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត មិន​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​ទេ។ (កូល៉ុស ២:១៦, ១៧) ប៉ុន្តែ ប៉ុល​មាន​ប្រសាសន៍​ដល់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ហេព្រើរ​ថា៖ «មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ»។ (ហេព្រើរ ៤:៩, ១០) ពួក​ហេព្រើរ​ទាំង​នោះ​បាន​ចូល​ក្នុង«សេចក្ដី​ឈប់​សំរាក» ពេល​ដែល​គេ​ចុះ​ចូល​តាម«សេចក្ដី​សុចរិត​នៃ​ព្រះ» ហើយ​សំរាក​ពី​ការ​ខំ​ដោះ​សា​ពី​កិច្ច​ការ​នៃ​ក្រិត្យ​វិន័យ។ (រ៉ូម ១០:៣, ៤) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៃ​សាសន៍​ដទៃ មាន​ការ​សំរាក​ដូច​គ្នា ដោយ​ចុះ​ចូល​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ពួក​ហ្វូង​ធំ​ក៏​ធ្វើ​តាម​គេ​ក្នុង​ការ​ឈប់​សំរាក​នោះ​ដែរ។

៦. តើ​តាម​របៀប​ណា​ដែល​ចៀម​ឯ​ទៀត​សព្វ​ថ្ងៃ​នេះ ទុក​ខ្លួន​គេ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី?

៦ ម្យ៉ាង​វិញ​ទៀត ពួក​ចៀម​ឯ​ទៀត​ទុក​ខ្លួន​គេ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី ដូច​ពួក​សាសន៍​ដទៃ​ពី​ដើម​បាន​ធ្វើ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ តើ​តាម​របៀប​ណា? គឺ​មិន​មែន​ក្លាយ​ទៅ​ជា​អ្នក​ចូល​រួម​ក្នុង​នោះ​ទេ តែ​ដោយ​ចុះ​ចូល​តាម​ក្រិត្យ​វិន័យ​ដែល​ទាក់​ទង​នឹង​រឿង​នេះ ហើយ​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ។ (ប្រៀប​ធៀប យេរេមា ៣១:៣៣, ៣៤) ដូច​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ពួក​ចៀម​ឯ​ទៀត​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​សរសេរ‹នៅ​ក្នុង​ចិត្ត​របស់​គេ›។ ពួក​គេ​ស្រឡាញ់​និង​ធ្វើ​តាម​សេចក្ដី​បង្គាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៣៧:៣១; ១១៩:៩៧) ដូច​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង នោះ​គេ​ក៏​ស្គាល់​ព្រះ​យេហូវ៉ា​ដែរ។ (យ៉ូហាន ១៧:៣) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​កាត់​ស្បែក? ប្រមាណ​១.៥០០​ឆ្នាំ​មុន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី ម៉ូសេ​បាន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ថា៖ «ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ»។ (ចោទិយកថា ១០:១៦; យេរេមា ៤:៤) ថ្វី​បើ​ការ​កាត់​ស្បែក​ខាង​សាច់​ឈាម​បាន​កន្លង​ផុត​ទៅ​ជា​មួយ​នឹង​ក្រិត្យ​វិន័យ ក៏​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត ត្រូវ​តែ«កាត់​ស្បែក»ចិត្ត​របស់​គេ។ (កូល៉ុស ២:១១) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​អត់​ទោស​ដល់​កំហុស​នៃ​ពួក​ចៀម​ឯ​ទៀត លើ​មូលដ្ឋាន​នៃ‹ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី› របស់​ព្រះ​យេស៊ូ។ (ម៉ាថាយ ២៦:២៨; យ៉ូហាន​ទី​១ ១:៩; ២:២) ព្រះ​មិន​យក​ពួក​ចៀម​ឯ​ទៀត​មក​ចិញ្ចឹម​ជា​បុត្រ​ខាង​វិញ្ញាណ ដូច​ពួក​១៤៤.០០០​នាក់​ទេ។ ប៉ុន្តែ ទ្រង់​រាប់​ទុក​ពួក​ចៀម​ឯ​ទៀត​ជា​សុចរិត ក្នុង​ន័យ​ថា​អ័ប្រាហាំ​បាន​រាប់​ជា​សុចរិត ជា​មិត្ត​សំឡាញ់​របស់​ព្រះ។—ម៉ាថាយ ២៥:៤៦; រ៉ូម ៤:២, ៣; យ៉ាកុប ២:២៣

៧. តើ​អនាគត​អ្វី​ដែល​បើក​ឲ្យ​សំរាប់​ពួក​ចៀម​ឯ​ទៀត​សព្វ​ថ្ងៃ​នេះ ដែល​បាន​រាប់​ជា​សុចរិត​ដូច​អ័ប្រាហាំ?

៧ ចំពោះ​ពួក​១៤៤.០០០​នាក់ ដែល​បាន​រាប់​ជា​សុចរិត គឺ​បើក​ផ្លូវ​ឲ្យ​គេ​មាន​សង្ឃឹម​សោយ​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូ ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (រ៉ូម ៨:១៦, ១៧; កាឡាទី ២:១៦) ចំពោះ​ពួក​ចៀម​ឯ​ទៀត ការ​រាប់​ជា​សុចរិត​ជា​មិត្ត​សំឡាញ់​របស់​ព្រះ អនុញ្ញាត​ឲ្យ​គេ​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​ផែនដី​មនោរម្យ—មិន​ថា​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន​ជា​ផ្នែក​នៃ​ពួក​ហ្វូង​ធំ ឬ​តាម​រយៈ‹ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​សុចរិត›។ (កិច្ច​ការ ២៤:១៥) ជា​ឯក​សិទ្ធ​ដ៏​ល្អ​មែន​ដោយ​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ ហើយ​ធ្វើ​ជា​មិត្ត​សំឡាញ់​នៃ​ព្រះ​មហា​ក្សត្រ​នៃ​សកល​លោក ជា​អ្នក​ដែល«នៅ​ក្នុង​រោង​ឧបោសថ​របស់​ទ្រង់»! (ទំនុកដំកើង ១៥:១, ២) ត្រូវ​ហើយ ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​គឺ​ទទួល​ពរ​តាម​រយៈ​ដ៏​អស្ចារ្យ ដោយ​សារ​ព្រះ​យេស៊ូ​ជា​ពូជ​របស់​អ័ប្រាហាំ។

ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម​ជាង

៨. តើ​ថ្ងៃ​បុណ្យ​ធួន​បាប​ក្រោម​ក្រិត្យ​វិន័យ​តំណាង​អ្វី?

៨ នៅ​ពេល​ពិគ្រោះ​កិច្ច​ព្រម​ព្រៀង​ថ្មី ប៉ុល​បាន​រំឭក​ពួក​អ្នក​អាន​អំពី​ថ្ងៃ​បុណ្យ​ធួន​បាប​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ នៅ​ថ្ងៃ​នោះ គឺ​មាន​យញ្ញ​បូជា​ផ្សេង​គ្នា​ដែល​ថ្វាយ—មួយ​គឺ​សំរាប់​ពួក​កុលសម្ព័ន្ធ​ខាង​សង្ឃ​លេវី ហើយ​មួយ​ទៀត​សំរាប់​កុលសម្ព័ន្ធ​ទាំង​១២​ដែល​មិន​មែន​ខាង​សង្ឃ។ នេះ​បាន​ពន្យល់​ជា​យូរ​យារ​មក​ហើយ ដែល​តំណាង​យញ្ញ​បូជា​ដ៏​ឧត្តម​របស់​ព្រះ​យេស៊ូ ដែល​នឹង​មាន​ប្រយោជន៍​ដល់​ពួក​១៤៤.០០០​នាក់ ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌ ហើយ​ពួក​រាប់​លាន​នាក់​ទៀត​ដែល​មាន​សេចក្ដី​សង្ឃឹម​លើ​ផែនដី។a ប៉ុល​បាន​បង្ហាញ​ថា​ក្នុង​ការ​សម្រេច​នោះ ផល​ប្រយោជន៍​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ នឹង​អនុវត្ត​តាម​រយៈ​ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម​ជាង ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី។ ជា​សម្ដេច​សង្ឃ​នៃ​ថ្ងៃ​ដ៏​ឧត្តម​ជាង​នេះ ព្រះ​យេស៊ូ​បាន​ប្រទាន​ព្រះ​ជន្ម​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ ជា​យញ្ញ​បូជា​ធួន​បាប ដើម្បី​ឲ្យ​បាន​ទទួល«សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប​ជា​និច្ច»សំរាប់​មនុស្ស​លោក។—ហេព្រើរ ៩:១១​-​២៤

៩. ដោយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​សាសន៍​ហេព្រើរ​អាច​មាន​អ្វី?

៩ ពួក​គ្រីស្ទាន​ហេព្រើរ​ជា​ច្រើន​នៃ​សតវត្ស​ទី​មួយ គឺ«មាន​សេចក្ដី​ឧស្សាហ៍​ខ្មី​ឃ្មាត​កាន់​តាម​ក្រិត្យ​វិន័យ[ម៉ូសេ]»នៅ​ឡើយ។ (កិច្ច​ការ ២១:២០) ដូច្នេះ យ៉ាង​សម​ត្រឹម​ត្រូវ ប៉ុល​បាន​រំឭក​គេ​ថា៖ «[ព្រះ​យេស៊ូ]ជា​អ្នក​កណ្ដាល​នៃ[កិច្ច​ព្រម​ព្រៀង​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម[កិច្ច​ព្រម​ព្រៀង]ចាស់​នៅ​ឡើយ»។ (ហេព្រើរ ៩:១៥) កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​ដោះ​លែង​ពួក​គ្រីស្ទាន​ហេព្រើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ចាស់ ដែល​លាត​ត្រដាង​អំពើ​បាប​របស់​គេ។ ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀង​ថ្មី គេ​អាច​ចូល​រួម«សេចក្ដី​សន្យា ទុក​ជា​មរដក[ខាង​ស្ថាន​សួគ៌]ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។

១០. តើ​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​មាន​អំណរ​គុណ​ដល់​ព្រះ​សំរាប់​អ្វី?

១០ «អ្នក​ណា»ដែល«ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ» នឹង​ទទួល​ផល​ប្រយោជន៍​ពី​យញ្ញ​បូជា​លោះ។ (យ៉ូហាន ៣:១៦, ៣៦) ប៉ុល​មាន​ប្រសាសន៍​ថា៖ «ព្រះ​គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​១​ដង ហើយ​ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់»។ (ហេព្រើរ ៩:២៨) សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​ខំ​រក​ព្រះ​យេស៊ូ រួម​បញ្ចូល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៃ​អ៊ីស្រាអែល​របស់​ព្រះ និង​ពួក​រាប់​លាន​នាក់​នៃ​ពួក​ហ្វូង​ធំ ដែល​មាន​ម​សេចក្ដី​សង្ឃឹម​ដ៏​អស់​កល្ប​ជា​និច្ច​ដែរ។ ក្រុម​ទាំង​ពីរ​នេះ​មាន​អំណរ​គុណ​ដល់​ព្រះ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​ពរ​ដែល​ផ្ដល់​ជីវិត​ដែល​ទាក់​ទង​នឹង​រឿង​នេះ រួម​បញ្ចូល​នឹង​ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម និង​កិច្ច​បំរើ​នៃ​សម្ដេច​សង្ឃ ព្រះ​យេស៊ូ ក្នុង​ទី​បរិសុទ្ធ​បំផុត​នៅ​ស្ថាន​សួគ៌។

ជាប់​រវល់​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ

១១. ដោយ​មាន​មនសិការ​ជ្រះ​ថ្លា​តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ តើ​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត ធ្វើ​អ្វី​ដោយ​សប្បាយ​រីករាយ?

១១ ក្នុង​សំបុត្រ​របស់​គាត់​ទៅ​ពួក​ហេព្រើរ ប៉ុល​បាន​បញ្ជាក់តម្លៃ​ដ៏​ឧត្តម​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ប្រើ​ប្រៀប​ធៀប​ទៅ​នឹង​តង្វាយ​បាប​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ចាស់។ (ហេព្រើរ ៩:១៣​-​១៥) យញ្ញ​បូជា​ដ៏​ប្រសើរ​របស់​ព្រះ​យេស៊ូ គឺ​អាច«សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ ចំពោះ​គ្រីស្ទាន​ហេព្រើរ «ការ​ស្លាប់»រួម​បញ្ចូល«ការ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ»។ ចំពោះ​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ គឺ​រួម​បញ្ចូល​បាប​ដែល​បាន​ប្រព្រឹត្ត​នៅ​អតីតកាល ដែល​បាន​ប្រែ​ចិត្ត​ដ៏​ស្មោះ ហើយ​ដែល​ព្រះ​បាន​អត់​ទោស​ឲ្យ។ (កូរិនថូស​ទី​១ ៦:៩​-​១១) ដោយ​មាន​មនសិការ​ជ្រះ​ថ្លា ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង«បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ ហើយ​ពួក​ហ្វូង​ធំ​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ដោយ​បាន​សំអាត​មនសិការ​របស់​គេ តាម​រយៈ«ឈាម​របស់​កូន​ចៀម» នោះ​ពួក​គេ​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម​របស់​ព្រះ«បំរើ​ទ្រង់ ... ទាំង​យប់​ទាំង​ថ្ងៃ»។—វិវរណៈ ៧:១៤, ១៥

១២. តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន‹ជំនឿ​ដ៏​ទុក​ចិត្ត​ទាំង​ស្រុង›យ៉ាង​ដូច​ម្ដេច?

១២ ម្យ៉ាង​វិញ​ទៀត ប៉ុល​បាន​និយាយ​ថា៖ «នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅហ្មង​ផង ហើយ​បាន​លាង​រូប​កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ»។ (ហេព្រើរ ១០:២២) តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន‹ជំនឿ​ដ៏​ទុក​ចិត្ត​ទាំង​ស្រុង› យ៉ាង​ដូច​ម្ដេច? ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ហេព្រើរ​ថា៖ «ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម[ខាង​ស្ថាន​សួគ៌]នោះ ឥត​រវើ​រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់ ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៣​-​២៥) ប្រសិន​បើ​ជំនឿ​របស់​យើង​នៅ​រស់ នោះ​យើង​ក៏​មិន‹បោះ​បង់​ចោល​ការ​មក​ជួប​ជុំ​របស់​យើង​ដែរ›។ យើង​នឹង​មាន​ចិត្ត​រីករាយ​ដើម្បី​កំឡា​ចិត្ត​បង​ប្អូន​របស់​យើង ហើយ​ឲ្យ​គេ​កំឡា​ចិត្ត​យើង​ដែរ ដើម្បី​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ហើយ​ឲ្យ​បាន​ពង្រឹង​ចំពោះ​កិច្ច​ការ​ដ៏​សំខាន់​នៃ​ការ​ប្រកាស​ជា​សាធារណៈ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង មិន​ថា​ខាង​ផែនដី​ឬ​ខាង​ស្ថាន​សួគ៌។—យ៉ូហាន ១៣:៣៥

‹កិច្ច​ព្រម​ព្រៀង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច›

១៣, ១៤. ក្នុង​របៀប​ណា​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​គឺ​នៅ​អស់​កល្ប​ជា​និច្ច?

១៣ តើ​អ្វី​នឹង​កើត​ឡើង​ពេល​ដែល​សមាជិក​ចុង​ក្រោយ​នៃ​ពួក​១៤៤.០០០​នាក់​ទទួល​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌​របស់​គេ? តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​លែង​មាន​ទាក់​ទង​ទៀត​ឬ? នៅ​ពេល​នោះ នឹង​ឥត​មាន​សមាជិក​អ៊ីស្រាអែល​នៃ​ព្រះ​នៅ​សល់​លើ​ផែនដី​ទៀត​ទេ។ ពួក​អ្នក​មាន​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង នឹង​គង់​នៅ​ជា​មួយ​ព្រះ​យេស៊ូ«នៅ​ក្នុង​នគរ​ព្រះ​វរបិតា​នៃ[ទ្រង់]»។ (ម៉ាថាយ ២៦:២៩) ប៉ុន្តែ យើង​ចាំ​ពាក្យ​របស់​ប៉ុល​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​ពួក​ហេព្រើរ៖ ‹ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស . . . ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម . . . ដោយ​សារ​ព្រះ​លោហិត នៃ[កិច្ច​ព្រម​ព្រៀង]ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ (ហេព្រើរ ១៣:២០; អេសាយ ៥៥:៣) ក្នុង​ន័យ​យ៉ាង​ណា​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី នឹង​នៅ​អស់​កល្ប​ជា​និច្ច?

១៤ ទី​មួយ កិច្ច​ព្រម​ព្រៀង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច មិន​ដូច​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ នោះ​នឹង​មិន​ត្រូវ​មាន​អ្វី​មក​ជំនួស​ឡើយ។ ទី​ពីរ លទ្ធផល​នៃ​ការ​ប្រតិបត្ដិ​ការ​របស់​វា​គឺ​អចិន្ត្រៃយ៍ នេះ​គឺ​មាន​ដូច​អំណាច​ជា​ស្តេច​នៃ​ព្រះ​យេស៊ូ​ដែរ។ (ប្រៀប​ធៀប លូកា ១:៣៣ ជា​មួយ​នឹង​កូរិនថូស​ទី​១ ១៥:២៧, ២៨) ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​គឺ​មាន​កន្លែង​ជា​អនន្ត​ក្នុង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ២២:៥) ហើយ​ទី​បី ពួក​ចៀម​ឯ​ទៀត​នឹង​បន្ត​ទទួល​ផល​ប្រយោជន៍​ពី​របៀប​រៀបចំ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ មនុស្ស​លោក​ដ៏​ស្មោះ​ត្រង់​នឹង​បន្ត«បំរើ​ទ្រង់ [ព្រះ​យេហូវ៉ា] នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ» ដូច​គេ​កំពុង​ធ្វើ​ឥឡូវ​នេះ។ ព្រះ​យេហូវ៉ា​នឹង​មិន​រំឭក​គេ​អំពី​អតីត​បាប​របស់​គេ ដែល​បាន​អត់​ទោស​ឲ្យ​លើ​មូលដ្ឋាន​នៃ‹ឈាម​នៃ​កិច្ច​ព្រម​ព្រៀង›របស់​ព្រះ​យេស៊ូ។ ពួក​គេ​នឹង​បន្ត​មាន​ឋានៈ​សុចរិត​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​ក្រិត្យ​វិន័យ​របស់​ទ្រង់​នឹង​នៅ​តែ​សរសេរ​ក្នុង​ចិត្ត​របស់​គេ។

១៥. សូម​រៀប​រាប់​ទំនាក់​ទំនង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​លើ​ផែនដី​ក្នុង​ពិភព​លោក​ថ្មី?

១៥ តើ​ព្រះ​យេហូវ៉ា​នឹង​អាច​មាន​បន្ទូល​ទៅ​ពួក​អ្នក​បំរើ​ទាំង​នេះ​នៅ​ពេល​នោះ​ថា៖ ‹អញ​ជា​ព្រះ​របស់​គេ ហើយ​គេ​ជា​រាស្ត្រ​របស់​អញ​បាន​ទេ›? មែន​ហើយ។ «ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ»។ (វិវរណៈ ២១:៣) ពួក​គេ​នឹង​ក្លាយ​ទៅ​ជា«ទី​ដំឡើង​ត្រសាល​របស់​ពួក​បរិសុទ្ធ» ជា​ពួក​អ្នក​នៅ​លើ​ផែនដី​ដែល​តំណាង«ទី​ក្រុង​ស្ងួន​ភ្ងា» ដែល​ជា​ប្រពន្ធ​ថ្មោង​ថ្មី​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (វិវរណៈ ១៤:១; ២០:៩; ២១:២) រឿង​ទាំង​នេះ​នឹង​អាច​កើត​ឡើង​បាន ដោយ​សារ​ជំនឿ​របស់​គេ​លើ‹ឈាម​នៃ​កិច្ច​ព្រម​ព្រៀង›របស់​ព្រះ​យេស៊ូ ហើយ​ការ​ចុះ​ចូល​របស់​គេ​ដល់​ស្តេច​និង​សង្ឃ​នៅ​ស្ថាន​សួគ៌ ដែល​កាល​នៅ​លើ​ផែនដី ជា​អ៊ីស្រាអែល​នៃ​ព្រះ។—វិវរណៈ ៥:១០

១៦. (ក) តើ​អ្វី​ដែល​រង់​ចាំ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី? (ខ) តើ​នឹង​មាន​ពរ​យ៉ាង​ណា​នៅ​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ?

១៦ ចុះ​យ៉ាង​ណា​វិញ ចំពោះ​ពួក​មនុស្ស​ស្លាប់​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី? (យ៉ូហាន ៥:២៨, ២៩) គេ​នឹង​បាន​ត្រូវ​អញ្ជើញ​ឲ្យ«បាន​ពរ» ដោយ​សារ​ព្រះ​យេស៊ូ ជា​ពូជ​របស់​អ័ប្រាហាំ។ (លោកុប្បត្តិ ២២:១៨) គេ​ក៏​នឹង​ស្រឡាញ់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា បំរើ​ទ្រង់ ផ្ដល់​តង្វាយ​ដ៏​ត្រឹម​ត្រូវ ហើយ​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​ក្នុង​ដំណាក់​នៃ​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់។ ពួក​អ្នក​ដែល​ធ្វើ​បែប​នេះ នឹង​ចូល​ក្នុង​សេចក្ដី​សំរាក​នៃ​ព្រះ។ (អេសាយ ៥៦:៦, ៧) ទំរាំ​ដល់​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ ពួក​ស្មោះ​ត្រង់​ទាំង​អស់​នឹង​បាន​នាំ​ឲ្យ​ទៅ​ជា​មនុស្ស​គ្រប់ល័ក្ខណ៍ ដោយ​សារ​ការ​ចាត់​ចែង​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​សង្ឃ​១៤៤.០០០​នាក់​របស់​ទ្រង់។ ពួក​គេ​នឹង​ទៅ​ជា​សុចរិត មិន​គ្រាន់​តែ​រាប់​ជា​សុចរិត ជា​មិត្ត​សំឡាញ់​របស់​ព្រះ​នោះ​ទេ។ ពួក​គេ​នឹង«រស់​វិញ» ដោយ​រួច​ផុត​ពី​បាប​និង​សេចក្ដី​ស្លាប់ ដែល​មាន​ជា​មរតក​ពី​អ័ដាម។ (វិវរណៈ ២០:៥; ២២:២) នេះ​នឹង​ទៅ​ជា​ពរ​ដ៏​អស្ចារ្យ​មែន! ពី​ទស្សនៈ​របស់​យើង​សព្វ​ថ្ងៃ​នេះ មើល​ទៅ កិច្ច​ការ​ខាង​សង្ឃ​នៃ​ព្រះ​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់ នឹង​បាន​ចប់​សម្រេច​ហើយ។ ពរ​នៃ​ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម​នឹង​បាន​សម្រេច​ដ៏​ពេញ​លេញ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​នឹង‹ប្រគល់​ព្រះ​រាជាណាចក្រ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​របស់​ទ្រង់›។ (កូរិនថូស​ទី​១ ១៥:២៤) ហើយ​នឹង​មាន​ការ​សាក​ល្បង​ចុង​ក្រោយ​សំរាប់​មនុស្ស​លោក ហើយ​រួច​មក សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​ត្រូវ​កំទេច​ចោល​ជា​និរន្តរ៍។—វិវរណៈ ២០:៧, ១០

១៧. ដោយ​គិត​អំពី​អំណរ​ដែល​រង់​ចាំ​យើង តើ​អ្វី​ដែល​យើង​រាល់​គ្នា​ត្រូវ​តាំង​ចិត្ត​នឹង​ធ្វើ?

១៧ បើ​សិន​ជា​មាន​នោះ តើ​អ្វី​ជា​មុខ​នាទី​នៃ‹កិច្ច​ព្រម​ព្រៀង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច› មាន​នៅ​គ្រា​ដ៏​រំភើប ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​នោះ? នេះ​គឺ​មិន​មែន​សំរាប់​ឲ្យ​យើង​និយាយ​ស្មាន​នោះ​ទេ។ អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ប្រាប់​មក​នេះ គឺ​គ្រប់​គ្រាន់​ហើយ​ចំពោះ​ពេល​ឥឡូវ​នេះ។ នេះ​គឺ​ធ្វើ​ឲ្យ​យើង​ពោរ​ពេញ​ទៅ​ការ​ស្ញប់​ស្ញែង។ សូម​គិត​ទៅ​មើល—ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ជា​ផ្នែក​នៃ«ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី»! (ពេត្រុស​ទី​២ ៣:១៣) សូម​កុំ​ឲ្យ​មាន​អ្វី​មក​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេចក្ដី​ប្រាថ្នា​របស់​អ្នក ក្នុង​ការ​ចង់​ទទួល​យក​សេចក្ដី​សន្យា​នោះ។ ការ​ឈរ​ឲ្យ​មុត​មាំ គឺ​ប្រហែល​មិន​ជា​ស្រួល​ទេ។ ប៉ុល​មាន​ប្រសាសន៍​ថា៖ «ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់​ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ»។ (ហេព្រើរ ១០:៣៦) ប៉ុន្តែ សូម​ចាំ​ថា បញ្ហា​និង​ឧបសគ្គ​ណា​មួយ​ដែល​ត្រូវ​ឲ្យ​បាន​ឈ្នះ នោះ​ក្លាយ​ទៅ​ជា​ឥត​សំខាន់​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​អំណរ​ដែល​រង់​ចាំ​យើង។ (កូរិនថូស​ទី​២ ៤:១៧) ដូច្នេះ​ហើយ សូម​កុំ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជា«ពួក​អ្នក​ដែល​ថយ​ទៅ​វិញ»។ ប៉ុន្តែ សូម​ឲ្យ​យើង​ផ្ដល់​ភស្តុ​តាង​ថា​យើង​ជា«ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) សូម​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ទុក​ចិត្ត​ដ៏​ពេញ​លេញ​លើ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​កិច្ច​ព្រម​ព្រៀង ដែល​នឹង​ប្រទាន​ពរ​ជា​អនន្ត​ដល់​យើង​រាល់​គ្នា។

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ Survival Into a New Earth, ជំពូក ១៣ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​យល់​ទេ?

◻ ក្រៅ​ពី​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង តើ​អ្នក​ណា​ដែល​ទទួល​ពរ​ដោយ​សារ​ពូជ​របស់​អ័ប្រាហាំ?

◻ ដោយ​ទទួល​ពរ​ពី​កិច្ច​ព្រម​ព្រៀង​ថ្មី តើ​តាម​របៀប​ណា​ដែល​ពួក​ចៀម​ឯ​ទៀត មាន​សភាព​ដូច​ពួក​ចូល​សាសនា​យូដា​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ចាស់?

◻ តើ​ដោយ​ដូច​ម្ដេច​ដែល​ពួក​ចៀម​ឯ​ទៀត​ទទួល​ពរ ដោយ​សារ​ការ​រៀបចំ​នៃ​ថ្ងៃ​បុណ្យ​ធួន​បាប​ដ៏​ឧត្តម?

◻ ហេតុ​អ្វី​ក៏​ប៉ុល​ហៅ​កិច្ច​ព្រម​ព្រៀង​ថ្មី ជា‹កិច្ច​ព្រម​ព្រៀង​ថ្មី​ដ៏​នៅ​អស់​កល្ប​ជា​និច្ច›?

[ប្រអប់​នៅ​ទំព័រ​២០]

កិច្ច​បំរើ​បរិសុទ្ធ​ក្នុង​ព្រះ​វិហារ

ពួក​ហ្វូង​ធំ​ថ្វាយ​បង្គំ​ជា​មួយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​ឯ​ទី​ធ្លា​លើ​ផែនដី នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ៧:១៤, ១៥; ១១:២) គឺ​គ្មាន​មូលហេតុ​ក្នុង​ការ​សន្មត​ថា​គេ​នៅ​ឯ​ទី​ធ្លា​ផ្សេង​នៃ​ពួក​សាសន៍​ដទៃ​នោះ​ឡើយ។ ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី នោះ​គឺ​មាន​ទី​ធ្លា​នៃ​ពួក​សាសន៍​ដទៃ​ក្នុង​ព្រះ​វិហារ។ ប៉ុន្តែ ក្នុង​ផែន​ការ​របស់​សាឡូម៉ូន​និង​ព្រះ​វិហារ​នៃ​អេសេគាល ដែល​បាន​បណ្ដាល​មក​ពី​ព្រះ នោះ​គឺ​ឥត​មាន​សំ​វិធានការ​សំរាប់​ទី​ធ្លា​នៃ​ពួក​សាសន៍​ដទៃ​ទេ។ ក្នុង​ព្រះ​វិហារ​នៃ​សាឡូម៉ូន នោះ​គឺ​មាន​ទី​ធ្លា​ខាង​ក្រៅ ដែល​ពួក​អ៊ីស្រាអែល​និង​ពួក​ចូល​សាសនា​យូដា ប្រុស​និង​ស្រី ថ្វាយ​បង្គំ​ជា​មួយ​គ្នា។ នេះ​ជា​គំរូ​ទំនាយ​នៃ​ទី​ធ្លា​លើ​ផែនដី​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ ដែល​យ៉ូហាន​បាន​ឃើញ​ពួក​ហ្វូង​ធំ​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ។

ប៉ុន្តែ មាន​តែ​ពួក​សង្ឃ​និង​ពួក​លេវី​ទេ ដែល​អាច​ចូល​ទៅ​ក្នុង​ទី​ធ្លា​ខាង​ក្នុង ជា​ទី​កន្លែង​នៃ​អាសនៈ​ដ៏​ឧត្តម មាន​តែ​ពួក​សង្ឃ​ដែល​អាច​ចូល​ក្នុង​កន្លែង​បរិសុទ្ធ ហើយ​មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទី​បរិសុទ្ធ​បំផុត។ ទី​ធ្លា​ខាង​ក្នុង​និង​កន្លែង​បរិសុទ្ធ បាន​យល់​ថា តំណាង​ស្ថានភាព​ដ៏​អស្ចារ្យ​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​លើ​ផែនដី។ ហើយ​ទី​បរិសុទ្ធ​បំផុត គឺ​តំណាង​ស្ថាន​សួគ៌ ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នឹង​ទទួល​ជីវិត​អមតៈ ជា​មួយ​នឹង​សម្ដេច​សង្ឃ​នៅ​ស្ថាន​សួគ៌​របស់​គេ។—ហេព្រើរ ១០:១៩, ២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក