បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១០ ទំ. ១០-១៥
  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ព្រម​ព្រៀង​ដែល​ការពារ​ពូជ​របស់​ស្ត្រី
  • ប្រជា​ជាតិ​ថ្មី​មួយ​បាន​ត្រូវ​បង្កើត​ឡើង
  • កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព
  • កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត
  • ចូរ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ
  • ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១០ ទំ. ១០-១៥

អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាជាណាចក្រ​មួយ​«​ដែល​សុទ្ធតែ​ជា​សង្ឃ​»​

​«​ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធតែ​ជា​សង្ឃ​»។—និក្ខមនំ ១៩:៦

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

សូម​ប្រើ​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​»​ដើម្បី​ពិនិត្យ​សា​ឡើង​វិញ​នូវ . . . 

  • កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់។

  • កិច្ច​ព្រម​ព្រៀង​ថ្មី។

  • កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ។

១, ២​. តើ​ពូជ​របស់​ស្ត្រី​ត្រូវ​ការ​ការ​ការ​ពារ​ពី​អ្វី ហើយ​ហេតុ​អ្វី?

ទំនាយ​ដំបូង​នៅ​ក្នុង​គម្ពីរ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​យល់​អំពី​របៀប​ដែល​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច។ ពេល​ព្រះ​បាន​ធ្វើ​សេចក្ដី​សន្យា​នៅ​សួន​អេដែន លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង[​សាថាន​]ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា​»។ តើ​សេចក្ដី​ខ្មាំង​នឹង​គ្នា ឬ​ការ​ស្អប់​គ្នា​នេះ​នឹង​ខ្លាំង​ដល់​កម្រិត​ណា? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពូជ​នាង​នឹង​កិន​ក្បាល​ឯង[​សាថាន​] ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។ (​លោកុប្បត្តិ ៣:១៥​) ការ​ស្អប់​គ្នា​រវាង​សាថាន​និង​ស្ត្រី​នោះ​នឹង​ខ្លាំង​រហូត​ដល់​មេកំណាច​នឹង​ប្រើ​ឫទ្ធានុភាព​ទាំង​អស់​របស់​វា​ដើម្បី​បំផ្លាញ​ពូជ​នេះ។

២ មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​អ្នក​តែង​ទំនុក​តម្កើង​បាន​អធិដ្ឋាន​អំពី​រាស្ត្រ​របស់​ព្រះ​ថា​៖ ​«​មើល! ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺតក្រអោង គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត​គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខារ​ខាំង គេ​បាន​ថា​៖ ‹ចូរ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន›​»។ (​ទំនុក​តម្កើង ៨៣:២​-​៤​) សាថាន​មាន​គោល​បំណង​បំផ្លាញ​និង​បង្ខូច​វង្ស​ត្រកូល​នៃ​ពូជ​នោះ។ ដើម្បី​ការពារ​ពូជ​ស្ត្រី ហើយ​ធានា​ថា​រាជាណាចក្រ​មេស្ស៊ី​នឹង​ទទួល​ជោគ​ជ័យ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថែម​ទៀត។

កិច្ច​ព្រម​ព្រៀង​ដែល​ការពារ​ពូជ​របស់​ស្ត្រី

៣, ៤​. (​ក​) តើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​មាន​សុពលភាព​នៅ​ពេល​ណា ហើយ​តើ​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​យល់​ព្រម​ធ្វើ​អ្វី?(​ខ​) តើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​រៀបចំ​ឡើង​ដើម្បី​ការពារ​អ្វី?

៣ ក្រោយ​ពី​កូន​ចៅ​របស់​អាប្រាហាំ អ៊ីសាក​និង​យ៉ាកុប​បាន​កើន​ឡើង​រហូត​ដល់​មាន​ចំនួន​រាប់​លាន​នាក់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ប្រជា​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ។ ដោយ​មាន​ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល ព្រះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពិសេស​មួយ​ជា​មួយ​នឹង​ប្រជា​ជាតិ​នេះ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​យល់​ព្រម​ធ្វើ​តាម​ច្បាប់​នោះ។ គម្ពីរ​ចែង​ថា ម៉ូសេ​បាន​«​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្ដា​ជន​ស្ដាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា​៖ ‹យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្ដាប់​បង្គាប់​គ្រប់​ចំ​ពូក​ផង›។ ដូច្នេះ ម៉ូសេ​លោក​យក​ឈាម[​គោ​ឈ្មោល​ដែល​បាន​ត្រូវ​សម្លាប់​សម្រាប់​ជា​គ្រឿង​បូជា​]ទៅ​ប្រោះ​លើ​ជន​ទាំង​ឡាយ​ដោយ​ពាក្យ​ថា​៖ ‹នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ​បន្ទូល​ទ្រង់​ទាំង​នេះ›​»។—និក្ខមនំ ២៤:៣​-​៨

ច្បាប់​របស់​ព្រះ​បាន​ធានា​ថា ពូជ​របស់​ស្ត្រី​ដែល​នឹង​កើត​ពី​វង្ស​ត្រកូល​អាប្រាហាំ​នឹង​មិន​ខូច​អាក្រក់​ឡើយ

៤ កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​មាន​សុពលភាព​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស.។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នោះ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ប្រជា​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​សម្រាប់​គោល​បំណង​ពិសេស​មួយ។ ព្រះ​នឹង​ធ្វើ​ជា​ចៅ​ក្រម អ្នក​តែង​ច្បាប់ និង​ជា​ស្តេច​របស់​ពួក​គេ។ (​អេសាយ ៣៣:២២​) ប្រវត្ដិសាស្ត្រ​របស់​អ៊ីស្រាអែល​បង្ហាញ​ថា​មាន​អ្វី​កើត​ឡើង កាល​ណា​បណ្ដា​ជន​ធ្វើ​តាម ឬ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ។ ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​មាន​ន័យ​ថា​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​ឯ​ទៀត ឬ​រៀប​ការ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ ច្បាប់​នោះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ការពារ​ពូជ​របស់​អាប្រាហាំ​កុំ​ឲ្យ​ខូច​អាក្រក់។—និក្ខមនំ ២០:៤​-​៦; ៣៤:១២​-​១៦

៥​. (​ក​) តើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ផ្ដល់​ឱកាស​អ្វី​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល? (​ខ​) ហេតុ​អ្វី​ព្រះ​បាន​បដិសេធ​អ៊ីស្រាអែល?

៥ ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ពួក​សង្ឃ​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​នៅ​អ៊ីស្រាអែល។ ពួក​សង្ឃ​ទាំង​នោះ​គឺ​ជា​តំណាង​ក្រុម​សង្ឃ​មួយ​ទៀត​ដែល​នឹង​បម្រើ​មនុស្សជាតិ​នៅ​ពេល​អនាគត​តាម​របៀប​ដែល​ប្រសើរ​ជាង។ (​ហេប្រឺ ៧:១១; ១០:១​) តាម​ពិត កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ក្លាយ​ទៅ​ជា​រាជាណាចក្រ​មួយ​«​ដែល​សុទ្ធតែ​ជា​សង្ឃ​»។ ដើម្បី​មាន​ឯកសិទ្ធិ​នេះ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន និក្ខមនំ ១៩:៥, ៦​) ប៉ុន្តែ ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​នោះ​ទេ។ អ៊ីស្រាអែល​មិន​បាន​ទទួល​យក​មេស្ស៊ី​ដែល​ជា​ផ្នែក​សំខាន់​ចម្បង​នៃ​ពូជ​របស់​អាប្រាហាំ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បដិសេធ​លោក​យេស៊ូ ហើយ​ព្រះ​បាន​បដិសេធ​ពួក​គេ។

៦​. តើ​គោល​បំណង​នៃ​ច្បាប់​គឺ​ជា​អ្វី?

៦ ដោយ​សារ​ពួក​គេ​មិន​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ នោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​មិន​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​មួយ​ដែល​សុទ្ធតែ​ជា​សង្ឃ​ឡើយ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ច្បាប់​នោះ​ខុស​ទេ។ ច្បាប់​នោះ​បាន​ការពារ​ពូជ​របស់​ស្ត្រី ហើយ​បាន​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​មេស្ស៊ី។ ពេល​ដែល​គ្រិស្ត​បាន​មក​ផែន​ដី ហើយ​បាន​ត្រូវ​គេ​ស្គាល់ នោះ​ច្បាប់​បាន​សម្រេច។ គម្ពីរ​ចែង​ថា​៖ ​«​គ្រិស្ត​ជា​ទី​បញ្ចប់​នៃ​ច្បាប់​»។ (​រ៉ូម ១០:៤​) ដូច្នេះ តើ​ក្រុម​ណា​នឹង​មាន​ឱកាស​ក្លាយ​ទៅ​ជា​រាជាណាចក្រ​មួយ​ដែល​សុទ្ធតែ​ជា​សង្ឃ? ព្រះ​យេហូវ៉ា​បានធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត​ស្រប​ច្បាប់ ដើម្បី​បង្កើត​ប្រជា​ជាតិ​ថ្មី​មួយ។

ប្រជា​ជាតិ​ថ្មី​មួយ​បាន​ត្រូវ​បង្កើត​ឡើង

៧​. តាម​រយៈ​យេរេមា តើ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​អ្វី​ទុក​ជា​មុន?

៧ ជា​យូរ​មុន​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ត្រូវ​លុប​ចោល ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​យេរេមា​ថា​លោក​នឹង​ធ្វើ​«​សញ្ញា​ថ្មី​»​មួយ ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ជា​មួយ​នឹង​ប្រជា​ជាតិ​អ៊ីស្រាអែល។ (​សូម​អាន យេរេមា ៣១:៣១​-​៣៣​) កិច្ច​ព្រម​ព្រៀង​ថ្មី​នឹង​ខុស​ពី​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ពី​ព្រោះ​កិច្ច​ព្រម​ព្រៀង​នោះ​មិន​តម្រូវ​ឲ្យ​ជូន​សត្វ​ជា​គ្រឿង​បូជា​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទេ។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

៨, ៩​. (​ក​) តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ តើ​អ្វី​អាច​កើត​ឡើង? (​ខ​) តើ​ពួក​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​មាន​ឱកាស​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

៨ រាប់​រយ​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​ថ្មី ពោល​គឺ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ពែង​ស្រា លោក​បាន​ប្រាប់​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​ទាំង​១១​នាក់​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា​»។ (​លូកា ២២:២០​) យោង​ទៅ​តាម​កំណត់​ហេតុ​របស់​ម៉ាថាយ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​តំណាង‹ឈាម​របស់​ខ្ញុំ​ដែល​សម្រាប់​កិច្ច​ព្រម​ព្រៀង›។ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន​»។—ម៉ាថាយ ២៦:២៧, ២៨

៩ ឈាម​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព។ ឈាម​នោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​មួយ​ដង ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន​ជា​រៀង​រហូត។ លោក​យេស៊ូ​មិន​មែន​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ទេ។ លោក​គ្មាន​ភាព​ខុស​ឆ្គង ដូច្នេះ​លោក​មិន​ត្រូវ​ការ​ការ​អភ័យ​ទោស​ឡើយ។ ប៉ុន្តែ​ព្រះ​អាច​ប្រើ​តម្លៃ​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្សជាតិ។ លោក​ក៏​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​រើស​តាំង​មនុស្ស​ស្មោះ​ត្រង់​មួយ​ចំនួន ហើយ​ទទួល​ពួក​គេ​«​ជា​កូន​»។ (​សូម​អាន រ៉ូម ៨:១៤​-​១៧​) ព្រះ​យេហូវ៉ា​អាច​មាន​ទស្សនៈ​ចំពោះ​ពួក​គាត់​ដូច​ទស្សនៈ​ដែល​លោក​មាន​ចំពោះ​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក​ដែល​គ្មាន​ភាព​ខុស​ឆ្គង។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​«​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត​»។ ពួក​គាត់​ក៏​នឹង​មាន​ឱកាស​និង​ឯកសិទ្ធិ​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​បាត់​បង់ ពោល​គឺ​ក្លាយ​ទៅ​ជា​រាជាណាចក្រ​មួយ​«​ដែល​សុទ្ធតែ​ជា​សង្ឃ​»។ សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹតឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។ (​ពេត្រុស​ទី១ ២:៩​) ច្បាស់​ណាស់ កិច្ច​ព្រម​ព្រៀង​ថ្មី​គឺ​សំខាន់​ចាំ​បាច់​មែន! កិច្ច​ព្រម​ព្រៀង​នេះ​បើក​ឱកាស​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​ក្លាយ​ទៅ​ជា​ផ្នែក​បន្ថែម​នៃ​ពូជ​របស់​អាប្រាហាំ។

កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព

១០​. តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​នៅ​ពេល​ណា ហើយ​ហេតុ​អ្វី​កិច្ច​ព្រម​ព្រៀង​នោះ​មិន​មាន​សុពលភាព​រហូត​ដល់​ពេល​នោះ?

១០ កិច្ច​ព្រម​ព្រៀង​ថ្មី​មិន​មាន​សុពលភាព​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ឡើយ។ ហេតុ​អ្វី? ដើម្បី​ឲ្យ​កិច្ច​ព្រម​ព្រៀង​នោះ​មាន​សុពលភាព លោក​យេស៊ូ​ត្រូវ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​បង្ហាញ​ព្រះ​នូវ​តម្លៃ​នៃ​គ្រឿង​បូជា​របស់​លោក។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​នឹង​«​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ត្រូវ​តែ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ដូច្នេះ កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ទទួល​សកម្មពល​របស់​ព្រះ។

កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ទទួល​សកម្មពល​របស់​ព្រះ

១១​. តើ​តាម​របៀប​ណា​កិច្ច​ព្រម​ព្រៀង​ថ្មី​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​អាច​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​តើ​ពួក​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​ចំនួន​ប៉ុន្មាន​នាក់?

១១ ពេល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​តាម​រយៈ​យេរេមា​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​នឹង​ធ្វើ​ឡើង​ជា​មួយ​នឹង​អ៊ីស្រាអែល នេះ​បង្ហាញ​ថា នៅ​ទី​បំផុត កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​នឹង​លែង​ចាំ​បាច់​ទៀត។ ច្បាប់​នោះ​បាន​ចប់ ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព។ (​ហេប្រឺ ៨:១៣​) តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ថ្មី ទាំង​ជន​ជាតិ​យូដា ទាំង​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក​នឹង​មាន​ឱកាស​ស្មើ​គ្នា​ដើម្បី​ធ្វើ​ជា​អ្នក​ទទួល​មត៌ក​នៃ​រាជាណាចក្រ​ព្រះ ពី​ព្រោះ‹ការ​កាត់​ចុង​ស្បែក​របស់​ពួក​គាត់​គឺ​នៅ​លើ​ចិត្ត​ពួក​គាត់​វិញ ដោយ​សកម្មពល​របស់​ព្រះ មិន​មែន​ដោយ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ›។ (​រ៉ូម ២:២៩​) ព្រះ​នឹង​ដាក់​ច្បាប់​នៅ​ក្នុង​គំនិត​និង​នៅ​ក្នុង​ចិត្ត​របស់​ពួក​គាត់។ (​ហេប្រឺ ៨:១០​) កិច្ច​ព្រម​ព្រៀង​ថ្មី​រួម​បញ្ចូល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​១៤៤.០០០​នាក់។ ពួក​គាត់​រួម​គ្នា​ជា​ប្រជា​ជាតិ​ថ្មី​មួយ​ដែល​បាន​ត្រូវ​ហៅថា​«​អ៊ីស្រាអែល​នៃ​ព្រះ​»។—កាឡាទី ៦:១៦; ការ​បើក​បង្ហាញ ១៤:១, ៤

១២​. តើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ខុស​គ្នា​នឹង​កិច្ច​ព្រម​ព្រៀង​ថ្មី​យ៉ាង​ដូច​ម្ដេច?

១២ តើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ខុស​គ្នា​នឹង​កិច្ច​ព្រម​ព្រៀង​ថ្មី​យ៉ាង​ដូច​ម្ដេច? កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​គឺ​រវាង​ព្រះ​យេហូវ៉ា​និង​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​កិច្ច​ព្រម​ព្រៀង​ថ្មី គឺ​រវាង​ព្រះ​យេហូវ៉ា​និង​អ៊ីស្រាអែល​នៃ​ព្រះ។ ម៉ូសេ​គឺ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ហើយ​លោក​យេស៊ូ​គឺ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី។ កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​មាន​សុពលភាព​តាម​រយៈ​ឈាម​របស់​សត្វ ហើយ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​តាម​រយៈ​ឈាម​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ម៉ូសេ​គឺ​ជា​អ្នក​ដឹក​នាំ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល។ លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ គឺ​ជា​អ្នក​ដឹក​នាំ​នៃ​ពួក​អ្នក​ដែល​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី។—អេភេសូរ ១:២២

១៣, ១៤​. (​ក​) តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​រាជាណាចក្រ? (​ខ​) តើ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​អ៊ីស្រាអែល​នៃ​ព្រះ​អាច​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌?

១៣ តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​រាជាណាចក្រ? កិច្ច​ព្រម​ព្រៀង​នេះ​នាំ​ឲ្យ​មាន​ប្រជា​ជាតិ​បរិសុទ្ធ​មួយ​ដែល​មាន​ឱកាស​ក្លាយ​ទៅ​ជា​ស្តេច​និង​សង្ឃ​នៃ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ ប្រជា​ជាតិ​នោះ​គឺ​ជា​ផ្នែក​បន្ថែម​នៃ​ពូជ​របស់​អាប្រាហាំ។ (​កាឡាទី ៣:២៩​) ដូច្នេះ កិច្ច​ព្រម​ព្រៀង​ថ្មី​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ​នឹង​បាន​សម្រេច។

១៤ កិច្ច​ព្រម​ព្រៀង​ថ្មី​នាំ​ឲ្យ​មាន​ប្រជា​ជាតិ​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​ជា​មូលដ្ឋាន​ស្រប​ច្បាប់​ដើម្បី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ក្លាយ​ទៅ​ជា​«​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត​»។ ប៉ុន្តែ តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​អាច​គ្រប់​គ្រង​ជា​ស្តេច​និង​ជា​សង្ឃ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌? កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់​មួយ​ទៀត​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នោះ។

កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត

១៥​. តើ​កិច្ច​ព្រម​ព្រៀង​ដែល​លោក​យេស៊ូ​ផ្ទាល់​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក គឺ​ជា​អ្វី?

១៥ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក ដែល​បាន​ត្រូវ​ហៅ​ថា​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ។ (​សូម​អាន លូកា ២២:២៨​-​៣០​) កិច្ច​ព្រម​ព្រៀង​នេះ​ខុស​ពី​កិច្ច​ព្រម​ព្រៀង​ឯ​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​កិច្ច​ព្រម​ព្រៀង​រវាង​លោក​យេស៊ូ​ផ្ទាល់​និង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ​»​ លោក​ប្រហែល​ជា​សំដៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​លោក​ដើម្បី​ធ្វើ​ជា​«​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។—ហេប្រឺ ៥:៥, ៦

១៦​. តើ​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ​ផ្ដល់​លទ្ធភាព​អ្វី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង?

១៦ ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​ទាំង​១១​នាក់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ​ក្នុង​អំឡុង​ទុក្ខ​លំបាក​ទាំង​អស់​របស់​លោក។ កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ​បាន​ធានា​ថា​ពួក​សាវ័ក​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក ហើយ​គ្រប់​គ្រង​ជា​ស្តេច​និង​បម្រើ​ជា​សង្ឃ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ មិន​មែន​តែ​ពួក​សាវ័ក​ទាំង​១១​នាក់​នោះ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​មាន​ឯកសិទ្ធិ​នោះ។ លោក​យេស៊ូ​បាន​លេច​មក​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ណា​ដែល​ឈ្នះ អង្គុយ​ជា​មួយ​នឹង​ខ្ញុំ​លើ​បល្ល័ង្ក​របស់​ខ្ញុំ ដូច​ខ្ញុំ​បាន​ឈ្នះ ហើយ​អង្គុយ​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ​លើ​បល្ល័ង្ក​របស់​លោក​»។ (​ការ​បើក​បង្ហាញ ៣:២១​) ដូច្នេះ កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ​បាន​ត្រូវ​ធ្វើ​ឡើង​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​១៤៤.០០០​នាក់។ (​ការ​បើក​បង្ហាញ ៥:៩, ១០; ៧:៤​) កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​មូលដ្ឋាន​ស្រប​ច្បាប់​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំងគ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ នេះ​គឺ​ស្រដៀង​គ្នា​នឹង​កូន​ក្រមុំ​ម្នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ស្តេច​មួយ​អង្គ។ ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ហើយ កូន​ក្រមុំ​នោះ​អាច​គ្រប់​គ្រង​ជា​មួយ​នឹង​ស្តេច។ តាម​ការ​ពិត គម្ពីរ​និយាយ​អំពី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​ជា​«​កូន​ក្រមុំ​»​របស់​គ្រិស្ត ជា​«​ក្រមុំ​បរិសុទ្ធ​»​ដែល​បាន​ត្រូវ​សន្យា​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គ្រិស្ត។—ការ​បើក​បង្ហាញ ១៩:៧, ៨; ២១:៩; កូរិនថូស​ទី២ ១១:២

ចូរ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ

១៧, ១៨​. (​ក​) សូម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​៦​ដែល​យើង​បាន​ពិភាក្សា ដែល​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ។ (​ខ​) ហេតុ​អ្វី​យើង​អាច​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​រាជាណាចក្រ?

១៧ កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ដែល​យើង​បាន​ពិភាក្សា​នៅ​ក្នុង​អត្ថបទ​ទាំង​ពីរ​នេះ​គឺ​ជាប់​ទាក់​ទង​នឹង​ផ្នែក​សំខាន់​ចាំ​បាច់​មួយ ឬ​ច្រើន​ជាង​នៃ​រាជាណាចក្រ។ (​សូម​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​»​) ហេតុ​ការណ៍​ពិត​នេះ​បញ្ជាក់​ថា​រាជាណាចក្រ​នោះ​មាន​មូលដ្ឋាន​រឹង​មាំ​លើ​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់។ យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​នឹង​ប្រើ​រាជាណាចក្រ​មេស្ស៊ី​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​និង​ផែន​ដី។—ការ​បើក​បង្ហាញ ១១:១៥

១៨ រាជាណាចក្រ​នោះ​ប្រាកដជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​របស់​មនុស្សជាតិ។ យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​រាជាណាចក្រ​នោះ​នឹង​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ប្រយោជន៍​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ដូច្នេះ សូម​ឲ្យ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​នេះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង!—ម៉ាថាយ ២៤:១៤

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ​«​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត​»​: គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​១៤៤.០០០​នាក់​ដែល​នឹង​ទទួល​រាជាណាចក្រ​ជា​មត៌ក។ ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​ស្តេច ហើយ​បម្រើ​ជា​សង្ឃ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ ព្រះ​បាន​ផ្ដល់​ឯកសិទ្ធិ ឬ​មត៌ក​នោះ​ឲ្យ​ពួក​អ្នក​ដែល​លោក​ទទួល​ជា​កូន

  • អ្នក​សម្រុះ​សម្រួល: បុគ្គល​ម្នាក់​ដែល​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​ជួយ​មនុស្សជាតិ​ទទួល​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ព្រះ។ ម៉ូសេ​គឺ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​រវាង​ព្រះ​យេហូវ៉ា​និង​ប្រជា​ជាតិ​អ៊ីស្រាអែល។ លោក​យេស៊ូ​គឺ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​រវាង​ព្រះ​យេហូវ៉ា​និង​អ៊ីស្រាអែល​នៃ​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក