ទីក្រុងពំនាក់—ជាសំវិធានការដ៏មេត្ដាករុណារបស់ព្រះ
«ទីក្រុងទាំង៦នោះ ត្រូវទុកសំរាប់ជាទីពំនាក់អាស្រ័យ . . . ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន»។—ជនគណនា ៣៥:១៤, ១៥
១. តើព្រះមានទស្សនៈយ៉ាងណា ចំពោះជីវិតនិងទោសពីការបង្ហូរឈាម?
ព្រះយេហូវ៉ាចាត់ទុកជីវិតរបស់មនុស្សជាអ្វីមួយដ៏ពិសិដ្ឋ។ ហើយជីវិតគឺនៅក្នុងឈាមនោះឯង។ (លេវីវិន័យ ១៧:១១, ១៤) ដូច្នេះ កាអ៊ីន ជាមនុស្សទីមួយដែលបានកើតនៅលើផែនដីមានទោសពីការបង្ហូរឈាម នៅពេលដែលគាត់បានសម្លាប់ប្អូនរបស់គាត់ឈ្មោះ អេបិល។ ដោយហេតុនេះបានជាព្រះមានបន្ទូលប្រាប់កាអ៊ីនថា៖ «សម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ»។ ឈាមដែលបានប្រឡាក់លើដីនៅឯកន្លែងសម្លាប់នោះ បានផ្ដល់នូវភស្តុតាងដោយតុណ្ហីភាពទៅដល់ជីវិតដែលបានសម្លាប់យ៉ាងឃោរឃៅនោះ ថ្វីបើបានបង្ហាញឲ្យឃើញយ៉ាងរស់រវើកក្ដី។ ឈាមរបស់អេបិលបានស្រែកទៅដល់ព្រះឲ្យសងសឹក។—លោកុប្បត្តិ ៤:៤-១១
២. តើការគោរពរបស់ព្រះយេហូវ៉ាចំពោះជីវិតត្រូវបានបញ្ជាក់យ៉ាងណាទៀតក្រោយពីទឹកជំនន់លោកនោះ?
២ ការគោរពរបស់ព្រះចំពោះជីវិតមនុស្សត្រូវបានបញ្ជាក់ថែមទៀត ក្រោយពីលោកណូអេដែលជាបុរសដ៏សុចរិតនិងគ្រួសាររបស់គាត់បានចេញពីទូកធំ ជាពួកអ្នករួចរស់ជីវិតពីទឹកជំនន់លោក។ នៅគ្រានោះព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សមានអាហារ ដែលរួមបញ្ចូលនឹងសាច់សត្វ ប៉ុន្តែមិនមែនឈាមនោះទេ។ ទ្រង់បានចេញក្រិត្យថា៖ «រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វហើយដោយសារដៃរបស់មនុស្សគឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់»។ (លោកុប្បត្តិ ៩:៥, ៦) ព្រះយេហូវ៉ាបានទទួលស្គាល់សិទ្ធិនៃបងប្អូនរបស់អ្នករងគ្រោះ ក្នុងការសម្លាប់មនុស្សឃាត កាលជួបប្រទះឃើញអ្នកនោះនៅវេលាណាមួយ។—ជនគណនា ៣៥:១៩
៣. តើក្រិត្យវិន័យរបស់លោកម៉ូសេបានបញ្ជាក់យ៉ាងណា ទៅលើភាពពិសិដ្ឋនៃជីវិត?
៣ នៅក្នុងក្រិត្យវិន័យដែលបានផ្ដល់ទៅឲ្យសាសន៍អ៊ីស្រាអែលតាមរយៈព្យាការីម៉ូសេ ភាពពិសិដ្ឋនៃជីវិតត្រូវបានបញ្ជាក់ម្ដងហើយម្ដងទៀត។ ជាឧទាហរណ៍ ព្រះបានបង្គាប់ថា៖ «កុំឲ្យសំឡាប់មនុស្សឲ្យសោះ»។ (និក្ខមនំ ២០:១៣) ការគោរពចំពោះជីវិតក៏ត្រូវបានឃើញយ៉ាងជាក់ស្តែងនូវអ្វីដែលក្រិត្យវិន័យរបស់ម៉ូសេបានចែងមក អំពីការស្លាប់ដោយគ្រោះថ្នាក់ដែលទាក់ទងនឹងស្ត្រីមានផ្ទៃពោះ។ ក្រិត្យវិន័យបានបញ្ជាក់ថា បើសិនជានាងឬកូនដែលមិនទាន់កើតរបស់នាងបានរងគ្រោះថ្នាក់ស្លាប់ទៅ ដោយសារតែការឈ្លោះគ្នារវាងបុរសពីរនាក់នោះ ពួកចៅក្រមត្រូវតែថ្លឹងថ្លែងនឹងកាលៈទេសៈហើយពីកំរិតនៃភាពចេតនា ហើយទោសអាចទៅជា«សងជីវិតឲ្យធួននឹងជីវិត»។ (និក្ខមនំ ២១:២២-២៥) ប៉ុន្តែតើជនជាតិអ៊ីស្រាអែលដែលជាអ្នកសម្លាប់គេ អាចគេចខ្លួនរួចពីអំពើដែលគាត់បានប្រព្រឹត្តដ៏ឃោរឃៅនោះទេ?
ទីអាស្រ័យសំរាប់ពួកឃាតករ?
៤. នៅខាងក្រៅប្រទេសអ៊ីស្រាអែល តើមានទីកន្លែងអាស្រ័យអ្វីដែលមាននៅអតីតកាល?
៤ ចំពោះសាសន៍ផ្សេងៗក្រៅពីសាសន៍អ៊ីស្រាអែល គេបានផ្ដល់ឲ្យទីជម្រក ឬទីអាស្រ័យដល់ពួកឃាតករនិងពួកឧក្រិដ្ឋជនឯទៀត។ នៅកន្លែងព្រះវិហារនៃព្រះនាងអារទេមីសក្នុងទីក្រុងអេភេសូរពីបុរាណ គឺមានដូចអញ្ចឹងមែន។ ចំពោះកន្លែងផ្សេងៗដូចនេះ គេបានរាយការណ៍ថា៖ «ទីធ្វើសក្ការៈខ្លះជាកន្លែងដែលបណ្ដុះឲ្យមានឧក្រិដ្ឋជនកាន់តែច្រើនឡើង ហើយជាចាំបាច់ដែលគេបានរឹតត្បិតនូវចំនួននៃទីអាស្រ័យ។ ក្នុងទីក្រុងអាថែនមានតែទីជម្រកខ្លះទេ ដែលត្រូវបានទទួលតាមច្បាប់ជាកន្លែងជម្រក(ជាឧទាហរណ៍ ព្រះវិហារនៃទីស៊ុសសំរាប់ពួកបាវ) ក្នុងសម័យនៃអធិរាជរ៉ូម៉ាំងនាមទីប៊ើរ ការជួបជុំនៃពួកឧក្រិដ្ឋជនក្នុងទីធ្វើសក្ការៈបានក្លាយទៅជាមានគ្រោះថ្នាក់ដល់ម្ល៉េះ ដែលសិទ្ធិនៃទីអាស្រ័យត្រូវបានរឹតត្បិតឲ្យមានតែក្នុងទីក្រុងបីបួនប៉ុណ្ណោះ (ក្នុងឆ្នាំទី២២)»។ (សព្វវចនាធិប្បាយសាសន៍យូដា ១៩០៩ ក្បាលទី២ ទំព័រ ២៥៦) ក្រោយមក ពិភពគ្រីស្ទសាសនាបានក្លាយទៅជាទីអាស្រ័យ ប៉ុន្តែការនេះដូចជាយកអំណាចពីអាជ្ញាធរទៅឲ្យពួកសង្ឃ ហើយប្រឆាំងនឹងការគ្រប់គ្រងនៃយុត្ដិធម៌ដ៏ត្រឹមត្រូវ។ ជាយថាហេតុ ការរំលោភខាងព្រះវិហារត្រូវបានធ្វើឲ្យគេបំបាត់ចោលនូវការរៀបចំនេះ។
៥. តើមានទីសំអាងឯណា ដែលថាក្រិត្យវិន័យមិនអនុញ្ញាតឲ្យមានការធ្វេសប្រហែស ជាការទាមទាររកមេត្ដាករុណា នៅពេលអ្នកណាម្នាក់បានស្លាប់ទៅនោះ?
៥ ក្នុងចំណោមពួកជនជាតិអ៊ីស្រាអែលវិញ ពួកឃាតករដែលបានប្រព្រឹត្តឡើងដោយចេតនានោះ មិនត្រូវបានទទួលទីជម្រកឡើយ។ សូម្បីតែសង្ឃលេវីដែលបំរើនៅឯអាសនារបស់ព្រះក្ដី ក៏ត្រូវបានគេយកទៅប្រហារជីវិតដែរ ចំពោះការសម្លាប់ដោយឧបាយកល។ (និក្ខមនំ ២១:១២-១៤) ម្យ៉ាងវិញទៀត ក្រិត្យវិន័យក៏មិនអនុញ្ញាតឲ្យការធ្វេសប្រហែស ជាការទាមទាររកមេត្ដាករុណា នៅពេលដែលអ្នកណាម្នាក់ត្រូវបានគេធ្វើឃាតកម្មនោះ។ ជាឧទាហរណ៍ បុរសម្នាក់ត្រូវតែធ្វើបង្កាន់ដៃលើដំបូលផ្ទះថ្មីរបស់គាត់។ បើមិនដូច្នោះទេ ទោសពីការបង្ហូរឈាមនឹងមានមកលើផ្ទះនោះ បើសិនបុគ្គលណាម្នាក់បានធ្លាក់ពីដំបូលផ្ទះស្លាប់ទៅ។ (ចោទិយកថា ២២:៨) ម្យ៉ាងវិញទៀត បើសិនជាម្ចាស់នៃគោណាដែលមានទម្លាប់ជល់គេ តែក្រោយពីបានហាមអំពីរឿងនេះហើយ មិនបានឃុំឃាំងវានោះ រួចមកបានជល់អ្នកណាម្នាក់ស្លាប់ទៅ ម្ចាស់នឹងត្រូវមានទោសពីការបង្ហូរឈាម ហើយគេក៏អាចប្រហារជីវិតគាត់បានដែរ។ (និក្ខមនំ ២១:២៨-៣២) ចំពោះភស្តុតាងថែមទៀតនៃការគោរពដ៏ខ្ពង់ខ្ពស់របស់ព្រះចំពោះជីវិត គឺឃើញយ៉ាងជាក់ស្តែង ដែលថាបើសិនជាបុគ្គលណាម្នាក់បានសម្លាប់ចោរម្នាក់ទៅ គាត់នឹងមានទោសពីការបង្ហូរឈាម បើការនេះបានកើតឡើងនៅពេលថ្ងៃ កាលដែលគេអាចមើលឃើញអ្នកឈ្លានពានហើយអាចសម្គាល់អ្នកនោះបាន។ (និក្ខមនំ ២២:២, ៣) ដូច្នេះយ៉ាងច្បាស់ណាស់ ច្បាប់ដ៏ល្អឥតខ្ចោះហើយដ៏ថ្លឹងថ្លែងរបស់ព្រះ មិនបានអនុញ្ញាតឲ្យពួកឃាតករដោយចេតនាគេចផុតពីទោសដល់ជីវិតបានឡើយ។
៦. តើច្បាប់នៃ‹ជីវិតឲ្យធួននឹងជីវិត›ត្រូវបានបំពេញយ៉ាងណាក្នុងអ៊ីស្រាអែលពីសម័យបុរាណ?
៦ បើសិនណាការសម្លាប់បានប្រព្រឹត្តឡើងក្នុងអ៊ីស្រាអែលពីសម័យបុរាណ ឈាមនៃអ្នករងគ្រោះនឹងត្រូវសងសឹកវិញ។ ក្រិត្យវិន័យអំពី‹ជីវិតឲ្យធួននឹងជីវិត›ត្រូវបានបំពេញ នៅពេលដែលឃាតករត្រូវបានទទួលទោសដល់ជីវិតតាមរយៈ«អ្នកដែលត្រូវសងសឹកនឹងឈាម»។ (ជនគណនា ៣៥:១៩) អ្នកសងសឹកនេះ ជាសាច់ញាតិភេទប្រុសរបស់បុគ្គលដែលគេបានសម្លាប់ទៅ។ ប៉ុន្តែចុះយ៉ាងណាវិញ ចំពោះពួកឃាតករដោយអចេតនានោះ?
សំវិធានការដ៏មេត្ដាករុណារបស់ព្រះយេហូវ៉ា
៧. តើសំវិធានការអ្វីដែលព្រះបានធ្វើឡើងចំពោះអស់អ្នកដែលបានសម្លាប់គេដោយអចេតនានោះ?
៧ ចំពោះអស់អ្នកណាដែលបានសម្លាប់ដោយអចេតនាឬដោយគ្រោះថ្នាក់ ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់បានផ្ដល់នូវទីក្រុងពំនាក់។ ចំពោះទីក្រុងពំនាក់ទាំងនេះ ព្រះបានមានបន្ទូលប្រាប់លោកម៉ូសេថា៖ «ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ‹កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ នោះត្រូវឲ្យដំរូវទីក្រុងខ្លះ ទុកសំរាប់ជាទីក្រុងពំនាក់ ដល់ឯងរាល់គ្នាដើម្បីឲ្យអ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន។ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសំឡាប់គេ បានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជំរះនៅមុខពួកជំនុំហើយ។ ក្នុងបណ្ដាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សំរាប់ឯងរាល់គ្នា។ ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសំរាប់ជាទីពំនាក់អាស្រ័យ . . . ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន› »។—ជនគណនា ៣៥:៩-១៥
៨. តើទីក្រុងពំនាក់នៅឯកន្លែងណា ហើយតើតាមរបៀបណាដែលពួកឃាតករដោយអចេតនាត្រូវបានជួយឲ្យទៅដល់ទីនោះ?
៨ នៅពេលដែលពួកអ៊ីស្រាអែលបានចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ ដោយការគោរពស្ដាប់តាម ពួកគេបានស្ថាបនាទីក្រុងពំនាក់ប្រាំមួយមែន។ ទីក្រុងបីទាំងនេះ គឺជា—កេដេស ស៊ីគែម និងហេប្រុន—ដែលនៅខាងលិចនៃទន្លេយ័រដាន់។ ខាងកើតនៃទន្លេយ័រដាន់ គឺមានទីក្រុងកូឡាន រ៉ាម៉ូត និងបេស៊ើរ។ ទីក្រុងពំនាក់ទាំងប្រាំមួយនេះបានស្ថិតនៅកន្លែងដែលស្រួលរកឃើញតាមថ្នល់ល្អៗ។ ហើយតាមថ្នល់ទាំងនេះ គឺព្រមទាំងមានសញ្ញាដែលថា«ទីពំនាក់»ដែរ។ សញ្ញាតាំងនេះចង្អុលប្រាប់នៅទិសដៅនៃទីក្រុងពំនាក់ ហើយឃាតករដោយអចេតនាត្រូវរត់ទៅទីក្រុងពំនាក់ដែលនៅជិតខ្លួន។ នៅទីនោះហើយ ទើបគាត់អាចបានសង្គ្រោះពីអ្នកដែលសងសឹកនឹងឈាមបាន។—យ៉ូស្វេ ២០:២-៩
៩. ហេតុអ្វីក៏ព្រះយេហូវ៉ាផ្ដល់ឲ្យទីក្រុងពំនាក់ ហើយតើសំរាប់ប្រយោជន៍ពួកណា?
៩ ហេតុអ្វីក៏ព្រះបានផ្ដល់ឲ្យទីក្រុងពំនាក់ទាំងនេះ? គឺត្រូវបានផ្ដល់មកដើម្បីកុំឲ្យស្រុកប្រឡាក់នឹងឈាមនៃពួកគ្មានទោស ហើយទោសពីការបង្ហូរឈាមមនុស្ស។ (ចោទិយកថា ១៩:១០) តើទីក្រុងពំនាក់ទាំងប៉ុន្មាននេះដែលបានផ្ដល់មកសំរាប់ប្រយោជន៍ពួកណា? ក្រិត្យវិន័យបានចែងថា៖ «គឺត្រូវបានសំរាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសម្លាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន»។ ដូច្នេះ ដោយមិនលំអៀង ហើយដើម្បីជាកម្មវត្ថុនៃយុត្ដិធម៌ ក្នុងការដែលមានមេត្ដាករុណា ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ពួកអ៊ីស្រាអែលឲ្យតាំងទីក្រុងពំនាក់សំរាប់ពួកឃាតករដោយអចេតនា ដែល(១) ជាជនជាតិអ៊ីស្រាអែល (២) ជាពួកអ្នកប្រទេសក្រៅក្នុងអ៊ីស្រាអែល ឬ(៣) អ្នកតាំងលំនៅពីប្រទេសផ្សេងៗដែលរស់នៅក្នុងស្រុកនោះ។
១០. ហេតុអ្វីក៏អាចនិយាយថា ទីក្រុងពំនាក់ទាំងនេះជាសំវិធានការដ៏មេត្ដាករុណាដែលព្រះបានស្ថាបនាឡើងនោះ?
១០ ជាការគួរឲ្យកត់សម្គាល់ដែរ ព្រោះនៅក្រោមច្បាប់របស់ព្រះ ថ្វីបើបុគ្គលណាម្នាក់ជាឃាតករដោយអចេតនាក្ដី គេក៏ត្រូវតែប្រហារជីវិតរបស់គាត់វិញដែរ៖ «អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន»។ ដូច្នេះ គឺមានតែតាមរយៈសំវិធានការដ៏មេត្ដាករុណារបស់ព្រះយេហូវ៉ាទេ ដែលឃាតករដោយអចេតនាអាចរត់ទៅទីក្រុងពំនាក់ទាំងនោះបាន។ យ៉ាងច្បាស់ណាស់ មនុស្សជាទូទៅ មានចិត្តអាណិតអាសូរដល់អ្នកណាដែលខំរត់ចេញពីអ្នកដែលសងសឹកនឹងឈាម ពីព្រោះពួកគេទាំងអស់បានដឹងថា ពួកគេក៏ប្រហែលជាប្រព្រឹត្តទោសដោយអចេតនានោះដែរ ហើយក៏ត្រូវការទីជម្រកនិងមេត្ដាករុណាដែរ។
ការរត់ទៅរកទីពំនាក់
១១. ក្នុងអ៊ីស្រាអែលពីសម័យបុរាណ តើបុរសម្នាក់អាចធ្វើយ៉ាងណា បើសិនជាគាត់បានសម្លាប់អ្នកធ្វើការជាមួយគ្នាដោយគ្រោះថ្នាក់?
១១ រឿងប្រៀបប្រដូចមួយអាចជួយយើងឲ្យអបអរនូវការរៀបចំដ៏មេត្ដាករុណារបស់ព្រះចំពោះទីពំនាក់នេះ។ ចូរគិតថា អ្នកជាបុរសម្នាក់ដែលកំពុងតែកាប់ឧសនៅប្រទេសអ៊ីស្រាអែលពីសម័យបុរាណ។ ឧបមាថា ស្រាប់តែផ្លែពូថៅបានរបូតចេញពីដង ហើយទៅត្រូវអ្នកធ្វើការជិតគ្នាដល់ស្លាប់។ តើអ្នកនឹងធ្វើយ៉ាងណា? ក្រិត្យវិន័យនេះបានធ្វើសំវិធានការសំរាប់ស្ថានការណ៍បែបនេះ។ យ៉ាងប្រាកដហើយ អ្នកនឹងយកនូវប្រយោជន៍នៃសំវិធានការដែលព្រះបានផ្ដល់មកឲ្យនេះ៖ «នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ។ ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង នឹងកាប់រំលំដើមឈើស្រាប់ទេផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យនៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ»។ (ចោទិយកថា ១៩:៤, ៥) ប៉ុន្តែ សូម្បីតែអ្នករត់ទៅដល់ទីក្រុងពំនាក់ក្ដី នេះមិនមានសេចក្ដីថា អ្នកនឹងរួចផុតពីភារកិច្ចចំពោះអ្វីដែលបានកើតឡើងនោះទេ។
១២. តើនឹងមានទម្រង់ការអ្វី ក្រោយពីឃាតករដោយអចេតនាបានមកដល់ទីក្រុងពំនាក់ហើយនោះ?
១២ ថ្វីបើគេបានទទួលអ្នកដោយរាក់ទាក់ក្ដី អ្នកត្រូវតែរៀបរាប់ប្រាប់អំពីរឿងខ្លួនដល់ពួកចាស់ទុំនៅឯមាត់ទ្វារនៃទីក្រុងពំនាក់នោះ។ ក្រោយពីបានចូលទីក្រុងនោះហើយ គេនឹងត្រូវបញ្ជូនអ្នកឲ្យទៅវិញ ដើម្បីនឹងកាត់វិនិច្ឆ័យនៅពីមុខពួកចាស់ទុំដែលតំណាងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែល នៅឯមាត់ទ្វារនៃទីក្រុងដែលគ្រប់គ្រងលើទីកន្លែងដែលការកាប់សម្លាប់បានកើតឡើង។ នៅទីនោះ អ្នកនឹងមានឱកាសដើម្បីនឹងបង្ហាញនូវការគ្មានទោសរបស់អ្នក។
នៅពេលដែលពួកឃាតករត្រូវបានតុលាការវិនិច្ឆ័យទោស
១៣, ១៤. តើមានអ្វីខ្លះដែលពួកចាស់ទុំត្រូវចង់ដឹងឲ្យបានច្បាស់ក្នុងការកាត់សេចក្ដីដល់ឃាតករណាម្នាក់?
១៣ ក្នុងកំឡុងកាត់សេចក្ដីនៅពីមុខពួកចាស់ទុំនៅឯមាត់ទ្វារនៃទីក្រុងដែលគ្រប់គ្រងនោះ អ្នកច្បាស់ជាមានអំណរគុណណាស់ ដែលគេនឹងពិនិត្យមើលយ៉ាងជាក់លាក់ទៅលើអតីតចរិយារបស់អ្នក។ ពួកចាស់ទុំនឹងថ្លឹងថ្លែងយ៉ាងប្រយ័ត្នប្រយែងនូវទំនាក់ទំនងរបស់អ្នកជាមួយនឹងជនរងគ្រោះនោះ។ តើអ្នកស្អប់បុរសនោះ រង់ចាំវាយគាត់ដល់ស្លាប់ដោយចេតនាឬ? បើដូច្នេះមែន ពួកចាស់ទុំនឹងបញ្ជូនអ្នកទៅឲ្យបុគ្គលដែលសងសឹកនឹងឈាម ហើយអ្នកនឹងត្រូវស្លាប់។ ពួកបុរសដែលមានភារកិច្ចដ៏សំខាន់ទាំងនេះ ត្រូវតែដឹងនូវតម្រូវរបស់ច្បាប់យ៉ាងច្បាស់ ថា‹ត្រូវបំបាត់ការខ្ចាយឈាមឥតទោស ពីពួកអ៊ីស្រាអែលចេញវិញ›។ (ចោទិយកថា ១៩:១១-១៣) យ៉ាងដូច្នេះដែរ ក្នុងការវិនិច្ឆ័យទោសនៅសព្វថ្ងៃនេះ ពួកចាស់ទុំគ្រីស្ទានត្រូវតែដឹងព្រះគម្ពីរឲ្យបានច្បាស់លាស់ ហើយប្រព្រឹត្តឲ្យសមស្របនឹងព្រះគម្ពីរ ដោយយកអតីតអាកប្បកិរិយានិងចរិយារបស់អ្នកប្រព្រឹត្តល្មើសមកជំនុំជំរះ។
១៤ ដោយអង្កេតយ៉ាងផ្ចិតផ្ចង់ ពួកចាស់ទុំនៅទីក្រុងនឹងចង់ដឹងថាតើអ្នកបានលបចាំស្ទុះវាយអ្នករងគ្រោះឬក៏អត់។ (និក្ខមនំ ២១:១២, ១៣) តើអ្នកវាយគាត់ដោយសំងាត់ឬ? (ចោទិយកថា ២៧:២៤) តើអ្នកមានកំហឹងនឹងបុគ្គលនោះយ៉ាងខ្លាំងដល់ម្ល៉េះ ដែលអ្នកបានសម្លាប់គាត់ដោយឧបាយកលឬ? បើសិនជាដូច្នេះមែន អ្នកនឹងគួរតែទទួលទោសដល់ជីវិត។ (និក្ខមនំ ២១:១៤) ជាពិសេស ពួកចាស់ទុំចង់ដឹងថាតើបានមានការឈ្លោះគ្នាឬស្អប់គ្នារវាងអ្នកនឹងបុគ្គលស្លាប់ទៅនោះ។ (ចោទិយកថា ១៩:៤, ៦, ៧; យ៉ូស្វេ ២០:៥) ចូរឲ្យយើងនិយាយថា ពួកចាស់ទុំបានរកឃើញថាអ្នកគ្មានទោសទេ ហើយបានបញ្ជូនអ្នកឲ្យត្រឡប់ទៅទីក្រុងពំនាក់វិញ។ តើអ្នកនឹងមានអំណរគុណយ៉ាងណាទៅហ្ន៎ ចំពោះការសម្ដែងមេត្ដាករុណានេះ!
ជីវិតនៅក្នុងទីក្រុងពំនាក់
១៥. តើមានតម្រូវអ្វីដែលបានដាក់លើឃាតករដោយអចេតនា?
១៥ ឃាតករដោយអចេតនាត្រូវបានឲ្យរស់នៅក្នុងទីក្រុងពំនាក់ ឬនៅក្នុងចំងាយ១.០០០ហត្ថ (ប្រមាណ៤៤២ម៉ែត្រ) ពីកំផែង។ (ជនគណនា ៣៥:២-៤) បើសិនជាគាត់ដើរហួសចំងាយនោះ គាត់ប្រហែលជានឹងជួបអ្នកដែលសងសឹកនឹងឈាម។ នៅក្រោមកាលៈទេសៈបែបនោះ អ្នកសងសឹកអាចប្រហារជីវិតឃាតករចោល ដោយគ្មានទោសទៅលើគាត់ឡើយ។ ប៉ុន្តែឃាតករមិនបានជាប់ចង្វាក់ឬជាប់គុកទេ។ ជាបុគ្គលដែលរស់នៅក្នុងទីក្រុងពំនាក់ គាត់ត្រូវតែរៀនមុខរបរ ដើម្បីធ្វើការងារ ហើយបំរើជាសមាជិកដ៏មានប្រយោជន៍ម្នាក់នៅក្នុងសង្គម។
១៦. (ក) តើឃាតករដោយអចេតនាត្រូវរស់នៅក្នុងទីក្រុងពំនាក់អស់រយៈប៉ុន្មានទៅ? (ខ) ហេតុអ្វីក៏សេចក្ដីស្លាប់របស់សម្ដេចសង្ឃធ្វើឲ្យឃាតករចាកចេញពីក្រុងពំនាក់បាន?
១៦ តើឃាតករដោយអចេតនាត្រូវរស់នៅក្នុងទីក្រុងពំនាក់អស់រយៈប៉ុន្មានទៅ? គឺច្បាស់ជាអស់មួយជីវិតហើយ។ ក្នុងករណីណាក្ដី ក្រិត្យវិន័យបានចែងថា៖ «ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសំដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរ្ដិ៍អាកររបស់ខ្លួនវិញបាន»។ (ជនគណនា ៣៥:២៦-២៨) ហេតុអ្វីក៏សេចក្ដីស្លាប់របស់សម្ដេចសង្ឃអាចអនុញ្ញាតឲ្យឃាតករដោយអចេតនាចាកចេញពីទីក្រុងពំនាក់បាននោះ? ពីព្រោះសម្ដេចសង្ឃជាបុគ្គលដ៏ធំដុំម្នាក់នៅក្នុងប្រទេស។ សេចក្ដីស្លាប់របស់លោកនឹងច្បាស់ឮសុសសាយពេញកុលសម្ព័ន្ធនៃប្រទេសអ៊ីស្រាអែលហើយ។ ពួកជនភៀសខ្លួនដែលរស់នៅក្នុងទីក្រុងពំនាក់ រួចមកអាចត្រឡប់ទៅផ្ទះរបស់គេវិញ ដោយគ្មានការភ័យនឹងមានគ្រោះថ្នាក់ពីពួកអ្នកដែលសងសឹកនឹងឈាមនោះឡើយ។ ហេតុអ្វី? ពីព្រោះក្រិត្យវិន័យរបស់ព្រះបានចែងថា ឱកាសរបស់អ្នកដែលសងសឹកនឹងឈាម ដើម្បីនឹងប្រហារជីវិតនៃឃាតករដោយអចេតនានោះ នឹងបានផុតកំណត់នៅពេលដែលសម្ដេចសង្ឃបានស្លាប់ទៅ ហើយមនុស្សគ្រប់គ្នាក៏ដឹងអំពីរឿងនេះដែរ។ បើសិនជាញាតិសន្ដានសងសឹកសម្លាប់គេក្រោយពីពេលនេះ គាត់នឹងត្រូវចាត់ទុកជាឃាតករវិញ ហើយជាផ្ដាច់ព្រ័ត្រនឹងទទួលទោសដល់ជីវិត។
លទ្ធផលដ៏ស្ថិតស្ថេរ
១៧. តើនឹងអាចមានលទ្ធផលយ៉ាងណា ចំពោះច្បាប់ដ៏តឹងរឹងដែលបានដាក់លើឃាតករដោយអចេតនានោះ?
១៧ តើការដាក់កំរិតដ៏តឹងរឹងលើឃាតករដោយអចេតនានោះ នឹងអាចមានលទ្ធផលយ៉ាងណាដែរ? នេះជាការរំឭកថាគាត់បានបណ្ដាលឲ្យអ្នកណាម្នាក់បាត់បង់ជីវិត។ ហើយ គាត់នឹងតែងតែចាត់ទុកជីវិតរបស់មនុស្សជាអ្វីមួយដ៏ពិសិដ្ឋ។ ម្យ៉ាងវិញទៀត គាត់មិនអាចបំភ្លេចនូវរបៀបដែលគេបានប្រព្រឹត្តមកលើគាត់ដោយមេត្ដាករុណាឡើយ។ ដោយគេបានបង្ហាញមេត្ដាករុណាដល់គាត់ៗច្បាស់ជាចង់បង្ហាញមេត្ដាករុណាដល់អ្នកដទៃដែរ។ ការរៀបចំនៃទីក្រុងពំនាក់ទាំងប៉ុន្មានដែលមានការតឹងរឹងនោះ ក៏មានប្រយោជន៍ដល់មនុស្សទូទៅដែរ។ តើតាមរបៀបណា? នេះគឺច្បាស់ជាបានធ្វើឲ្យគេយល់ថា ពួកគេមិនត្រូវធ្វេសប្រហែសឬមិនអើពើនឹងជីវិតរបស់មនុស្សឡើយ។ ដោយហេតុនោះ ជនគ្រីស្ទានត្រូវតែរំឭកឲ្យចៀសវាងពីការធ្វេសប្រហែស ដែលអាចធ្វើឲ្យអ្នកដទៃស្លាប់ដោយគ្រោះថ្នាក់។ រួចមក ការរៀបចំដ៏មេត្ដាករុណាចំពោះទីក្រុងពំនាក់ទាំងនេះ គួរតែជំរុញយើងឲ្យបង្ហាញមេត្ដាករុណាដែរ នៅពេលដែលសមនឹងធ្វើនោះ។—យ៉ាកុប ២:១៣
១៨. តើតាមវិធីណាដែលការរៀបចំរបស់ព្រះចំពោះទីក្រុងពំនាក់ជាការមានប្រយោជន៍?
១៨ សំវិធានការរបស់ព្រះយេហូវ៉ានៃទីក្រុងពំនាក់ទាំងនេះ ក៏មានប្រយោជន៍ក្នុងវិធីផ្សេងៗទៀតដែរ។ ពួកមនុស្សនឹងមិនបង្កើតក្រុមអ្នកការពារដោយគ្មានច្បាប់ ក្នុងការស្វែងរកឃាតករ ដោយសន្មតថាគាត់មានទោសមុននឹងការកាត់ក្ដីនោះទេ។ ផ្ទុយទៅវិញ ពួកគេនឹងចាត់ទុកគាត់ជាអ្នកគ្មានទោសពីការសម្លាប់ដោយចេតនា ថែមទាំងជួយគាត់ឲ្យចៀសចេញពីគ្រោះថ្នាក់ផង។ ម្យ៉ាងវិញទៀត សំវិធានការចំពោះទីក្រុងពំនាក់ គឺផ្ទុយស្រឡះនឹងការរៀបចំនៅសម័យនេះ ដែលចាប់ពួកឃាតករដាក់គុក ហើយឲ្យពលរដ្ឋជួយគាំទ្រគេខាងលុយកាក់។ ហើយពួកឃាតករទាំងនេះតែងតែក្លាយទៅជាឧក្រិដ្ឋជនដ៏អាក្រក់ទៅទៀត ដោយសារតែពីការស្និទ្ធស្នាលរបស់គេជាមួយពួកប្រព្រឹត្តល្មើសច្បាប់ឯទៀត។ ក្នុងរបៀបរៀបចំនៃទីក្រុងពំនាក់ទាំងប៉ុន្មាន គឺមិនចាំបាច់សង់កំផែងដ៏ថ្លៃ ដោយមានដែកដាក់បង្ខាំង ដែលមនុស្សក្នុងគុកតែងតែចង់រត់គេចចេញនោះឡើយ។ តាមការពិត ឃាតករបានស្វែងរក«គុក»ហើយមករស់នៅទីនោះក្នុងកំឡុងដែលចាត់ទុកមកនោះ។ គាត់ក៏ត្រូវតែជាអ្នកធ្វើការ ដែលធ្វើការអ្វីមួយជាផលប្រយោជន៍ដល់មនុស្សគ្នីគ្នា។
១៩. តើមានសំនួរអ្វីខ្លះដែលត្រូវបានសួរឡើង ចំពោះទីក្រុងពំនាក់ទាំងប៉ុន្មាន?
១៩ ពិតហើយ ការរៀបចំរបស់ព្រះយេហូវ៉ានៃទីក្រុងពំនាក់ក្នុងសាសន៍អ៊ីស្រាអែល សំរាប់ការពារដល់ពួកឃាតករដោយអចេតនានោះ គឺជាសេចក្ដីមេត្ដាករុណាមែន។ សំវិធានការនេះច្បាស់ជាធ្វើឲ្យមានការគោរពចំពោះជីវិត។ ប៉ុន្តែ តើទីក្រុងពំនាក់ទាំងប៉ុន្មានពីបុរាណមានអត្ថន័យយ៉ាងណាដែរ ចំពោះមនុស្សដែលរស់នៅក្នុងសតវត្សទី២០នេះ? តើយើងអាចមានទោសនឹងព្រះយេហូវ៉ា ហើយមិនដឹងថា យើងត្រូវការមេត្ដាករុណាពីទ្រង់ដែរឬ? តើទីក្រុងពំនាក់នៃសាសន៍អ៊ីស្រាអែល មានសារៈសំខាន់អ្វីដល់យើងនៅសម័យនេះទេ?
តើអ្នកនឹងឆ្លើយដោយយ៉ាងណា?
◻ តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីជីវិតរបស់មនុស្ស?
◻ តើសំវិធានការដ៏មេត្ដាករុណាអ្វីដែលព្រះយេហូវ៉ាបានបង្កើតឡើង សំរាប់ពួកឃាតករដោយអចេតនានោះ?
◻ តើតាមរបៀបណាដែលឃាតករម្នាក់អាចចូលទៅក្នុងទីក្រុងពំនាក់បាន ហើយតើគាត់ត្រូវនៅទីនោះអស់រយៈប៉ុន្មានទៅ?
◻ ចំពោះការដាក់កំរិតដ៏តឹងរឹងទៅលើពួកឃាតករដោយអចេតនានឹងអាចមានលទ្ធផលយ៉ាងណាដែរ?
[ផែនទីនៅទំព័រ២២]
ទីក្រុងពំនាក់ទាំងប៉ុន្មានរបស់សាសន៍អ៊ីស្រាអែលបានស្ថិតនៅកន្លែងដែលស្រួលរកឃើញ
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
កេដេស ទន្លេយ័រដាន់ កូឡាន
ស៊ីគែម រ៉ាម៉ូត
ហេប្រុន បេស៊ើរ