ចូរអាស្រ័យនៅក្នុង«ទីក្រុងពំនាក់» ហើយឲ្យមានជីវិតចុះ!
«[គាត់]ត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេចសង្ឃបានសុគតហើយសិន»។—ជនគណនា ៣៥:២៨
១. តើអ្នកណាជាអ្នកដែលសងសឹកនឹងឈាម ហើយតើបុគ្គលនេះនឹងចាត់វិធានការធ្វើអ្វីនៅបន្ដិចទៀត?
អ្នកដែលសងសឹកនឹងឈាម ព្រះយេស៊ូគ្រីស្ទគឺហៀបនឹងចាប់ផ្ដើមវាយប្រហារហើយ។ ដោយមានពួកទេវតាជាពួកពលបរិវាររបស់ទ្រង់ អ្នកសងសឹកនេះ បន្ដិចទៀតនឹងចាត់វិធានការប្រឆាំងនឹងពួកណាដែលមានទោសពីការបង្ហូរឈាមដែលមិនប្រែចិត្ត។ ត្រូវហើយ ព្រះយេស៊ូនឹងបំរើជាអ្នកប្រហារជីវិតក្នុងកំឡុង«សេចក្ដីវេទនាជាខ្លាំង»ដែលកាន់តែជិតមកដល់នេះ។ (ម៉ាថាយ ២៤:២១, ២២; អេសាយ ២៦:២១) នៅពេលនោះ មនុស្សលោកនឹងមិនអាចគេចផុតពីទោសនៃការបង្ហូរឈាមរបស់គេបានឡើយ។
២. តើទីកន្លែងពំនាក់ដ៏ពិតជាអ្វី ហើយតើមានសំនួរអ្វីដែលយើងត្រូវតែឆ្លើយនោះ?
២ ដើម្បីឲ្យចៀសផុតពីគ្រោះថ្នាក់ យើងត្រូវតែដើរតាមផ្លូវទៅទីក្រុងពំនាក់ជាអត្ថបដិរូប ហើយរត់ឲ្យបានជីវិត! បើសិនជាគេឲ្យចូលទៅក្នុងទីក្រុង ជនភៀសខ្លួនម្នាក់ត្រូវតែអាស្រ័យនៅទីនោះ ពីព្រោះមានតែកន្លែងនេះទេ ដែលជាកន្លែងពំនាក់ដ៏ពិតនោះ។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថា ‹យើងគ្រប់គ្នាៗមិនដែលបានសម្លាប់អ្នកណាម្នាក់ផង តើយើងពិតជាមានទោសពីការបង្ហូរឈាមដែរឬ? ហេតុអ្វីក៏ព្រះយេស៊ូជាអ្នកដែលសងសឹកនឹងឈាម? តើទីក្រុងពំនាក់នៅសម័យនេះជាអ្វី? តើបុគ្គលម្នាក់អាចចាកចេញពីទីនេះ ដោយគ្មានគ្រោះថ្នាក់បានទេ›?
តើយើងពិតជាមានទោសពីការបង្ហូរឈាមមែនឬ?
៣. តើទិដ្ឋភាពនៃក្រិត្យវិន័យរបស់លោកម៉ូសេមួយណា ដែលនឹងជួយយើងឲ្យឃើញថាមនុស្សរាប់កោដិនាក់មានទោសពីការបង្ហូរឈាមដែរនោះ?
៣ ទិដ្ឋភាពមួយនៃក្រិត្យវិន័យរបស់លោកម៉ូសេ នឹងជួយយើងឲ្យឃើញថា មនុស្សរាប់កោដិនាក់នៅលើផែនដីគឺមានទោសពីការបង្ហូរឈាមដែរ។ ព្រះបានដាក់មកលើពួកអ៊ីស្រាអែលនូវការទទួលខុសត្រូវចំពោះការបង្ហូរឈាម។ បើសិនជាបុគ្គលណាម្នាក់ត្រូវបានគេសម្លាប់ទៅ ហើយគ្មានអ្នកណាស្គាល់ឃាតករនោះ ពួកចៅក្រមត្រូវតែចេញទៅវាស់ចម្ងាយចាប់ពីខ្មោចនោះ ទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ដើម្បីនឹងរកទីក្រុងមួយណាដែលនៅជិតខ្មោចនោះជាងគេ។ ដើម្បីនឹងបំបាត់ទោស ពួកចាស់ទុំនៃទីក្រុងដែលតាមមើលទៅមានទោសពីការបង្ហូរឈាមនោះ ត្រូវឲ្យបំបាក់កគោស្ទាវមួយដែលមិនទាន់បានប្រើការ នៅត្រង់ច្រកភ្នំដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់នៅឡើយ។ នេះត្រូវបានធ្វើឡើងនៅពីមុខពួកសង្ឃលេវី ‹ពីព្រោះព្រះយេហូវ៉ាបានរើសយកពួកគេឲ្យដោះស្រាយនឹងអំពើដ៏ឃោរឃៅបែបនេះ›។ ពួកចាស់ទុំនៃទីក្រុងនោះ ត្រូវឲ្យលាងដៃពីលើគោស្ទាវ ហើយត្រូវនិយាយថា៖ «ដៃយើងខ្ញុំរាល់គ្នាមិនបានកំចាយឈាមនេះទេ ហើយភ្នែកយើងខ្ញុំក៏មិនបានឃើញដែរ។ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ដែលទ្រង់បានលោះផង សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្ដាលពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ឡើយ»។ (ចោទិយកថា ២១:១-៩) ព្រះយេហូវ៉ាមិនមានព្រះទ័យចង់ឲ្យប្រទេសអ៊ីស្រាអែលបានប្រឡាក់នឹងឈាម ឬឲ្យរាស្ត្រមានទោសពីការបង្ហូរឈាមដែរនោះឡើយ។
៤. តើបាប៊ីឡូនដ៏ធំមានប្រវត្ដិសាស្ត្រយ៉ាងណាអំពីទោសពីការបង្ហូរឈាម?
៤ ត្រូវហើយ ទោសពីការបង្ហូរឈាមក៏អាចមានជារួម ឬជាសហគមន៍។ ចូរពិចារណាអំពីទោសពីការបង្ហូរឈាមដ៏ខ្លាំងដែលមានទៅលើបាប៊ីឡូនដ៏ធំ ដែលជាចក្រភពទូទៅនៃសាសនាមិនពិត។ នាងបានស្រវឹងនឹងឈាមនៃស្មរបន្ទាល់ព្រះយេហូវ៉ា! (វិវរណៈ ១៧:៥, ៦; ១៨:២៤) ពិភពគ្រីស្ទសាសនាអះអាងថា គេធ្វើតាមម្ចាស់នៃមេត្រីភាព ប៉ុន្តែសង្គ្រាម ទារុណកម្មសាសនាជាច្រើន និងសង្គ្រាមសាសនាដែលធ្វើឲ្យបាត់បង់ជីវិតជាច្រើន បានធ្វើឲ្យនាងមានទោសពីការបង្ហូរឈាមនៅពីមុខព្រះ។ (អេសាយ ៩:៦; យេរេមា ២:៣៤) តាមការពិត នាងត្រូវតែទទួលទោសដ៏ធ្ងន់ចំពោះមនុស្សស្លាប់រាប់លាននាក់ក្នុងសង្គ្រាមលោកលើកទាំងពីរនៃសតវត្សនេះ។ ដូច្នេះហើយ ពួកអ្នកកាន់តាមសាសនាមិនពិត ព្រមទាំងពួកអ្នកគាំទ្រដែលចូលរួមក្នុងសង្គ្រាមនោះ គឺមានទោសពីការបង្ហូរឈាមនៅពីមុខព្រះ។
៥. តើតាមរបៀបណាដែលមនុស្សខ្លះ គឺប្រៀបដូចជាឃាតករដោយអចេតនាក្នុងប្រទេសអ៊ីស្រាអែល?
៥ បុគ្គលខ្លះបានបណ្ដាលឲ្យមនុស្សស្លាប់ដោយចេតនាឬដោយការធ្វេសប្រហែស។ ពួកអ្នកដទៃទៀតបានចូលរួមជាក្រុមក្នុងការកាប់សម្លាប់ ប្រហែលជាត្រូវបានជំរុញដោយពួកមេដឹកនាំសាសនាទាំងឡាយ ដែលថានេះជាអ្វីដែលព្រះសព្វព្រះហឫទ័យ។ តែនៅមានអ្នកឯទៀតបានបៀតបៀនហើយសម្លាប់ពួកអ្នកបំរើរបស់ព្រះ។ ទោះបីជាយើងមិនបានធ្វើអ្វីដូច្នេះក្ដី យើងក៏ទទួលខុសត្រូវក្នុងសហគមន៍ដែរ ចំពោះការបាត់បត់ជីវិតរបស់មនុស្ស ពីព្រោះយើងមិនដឹងអំពីច្បាប់និងព្រះហឫទ័យរបស់ព្រះ។ យើងគឺប្រៀបដូចនឹងឃាតករដោយអចេតនា ‹ដែលបានសម្លាប់បុគ្គលគ្នីគ្នាដោយមិនដឹង ហើយមិនដែលស្អប់គាត់ពីមុនសោះ›។ (ចោទិយកថា ១៩:៤) បុគ្គលបែបនេះគួរតែអង្វររកមេត្ដាករុណារបស់ព្រះ ហើយត្រូវតែរត់ទៅឯទីក្រុងពំនាក់ជាអត្ថបដិរូប។ បើមិនអញ្ចឹងទេ ពួកគេនឹងជួបអ្នកដែលសងសឹកនឹងឈាមដែលអាចសម្លាប់គេបាន។
មុខនាទីដ៏សំខាន់របស់ព្រះយេស៊ូ
៦. ហេតុអ្វីក៏អាចនិយាយថា ព្រះយេស៊ូជាសាច់ញាតិដ៏ជិតសិទ្ធិរបស់មនុស្សលោក?
៦ នៅក្នុងប្រទេសអ៊ីស្រាអែល អ្នកដែលសងសឹកនឹងឈាម គឺជាសាច់ញាតិរបស់បុគ្គលរងគ្រោះនោះ។ ដើម្បីនឹងសងសឹកឲ្យពួកដែលបានស្លាប់នៅលើផែនដី ហើយជាពិសេសសំរាប់ស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានស្លាប់ទៅនោះ អ្នកដែលសងសឹកនឹងឈាមនៅសម័យនេះ គឺត្រូវតែជាសាច់ញាតិរបស់មនុស្សលោកដែរ។ មុខនាទីនោះត្រូវបានបំពេញដោយព្រះយេស៊ូគ្រីស្ទ។ ទ្រង់បានប្រសូតមកជាមនុស្សដ៏ល្អឥតខ្ចោះ។ ព្រះយេស៊ូបានប្រគល់ព្រះជន្មដ៏គ្មានបាបរបស់ទ្រង់ ជាយញ្ញបូជាលោះ ហើយក្រោយពីទ្រង់បានប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌នោះ ទ្រង់ក៏បានប្រគល់នូវតម្លៃលោះនេះទៅព្រះ សំរាប់ជាប្រយោជន៍នៃកូនចៅដែលមានបាបរបស់អ័ដាម។ ដូច្នេះ ព្រះគ្រីស្ទក៏បានក្លាយទៅជាអ្នកលោះរបស់មនុស្សលោក ជាសាច់ញាតិដ៏ជិតស្និទ្ធរបស់យើង—ជាអ្នកដែលមានសិទ្ធិក្នុងការសងសឹកនឹងឈាម។ (រ៉ូម ៥:១២; ៦:២៣; ហេព្រើរ ១០:១២) ព្រះយេស៊ូត្រូវបានសម្គាល់ជាបងប្អូនដល់ពួកអ្នកចាក់ប្រេងតាំងដែលកាន់តាមគំរូទ្រង់។ (ម៉ាថាយ ២៥:៤០, ៤៥; ហេព្រើរ ២:១១-១៧) ជាស្តេចសួគ៌ា ទ្រង់ក៏ក្លាយទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប» សំរាប់អស់អ្នកដែលទទួលប្រយោជន៍ពីយញ្ញបូជារបស់ទ្រង់ ជាអនុរាស្ត្រខាងផែនដី។ ពួកអ្នកទាំងនេះនឹងរស់នៅជានិរន្តរ៍។ (អេសាយ ៩:៦, ៧) ដូច្នេះដោយសមហេតុផល ព្រះយេហូវ៉ាបានតែងតាំងសាច់ញាតិរបស់មនុស្សលោកនេះ ជាអ្នកដែលសងសឹកនឹងឈាម។
៧. ជាសម្ដេចសង្ឃដ៏ឧត្តម តើព្រះយេស៊ូធ្វើអ្វីសំរាប់មនុស្សលោក?
៧ ព្រះយេស៊ូក៏ជាសម្ដេចសង្ឃដែលគ្មានបាប ហើយបានល្បងគ្រប់បែបយ៉ាង ព្រមទាំងមានព្រះទ័យអាណិតអាសូរទៀតផង។ (ហេព្រើរ ៤:១៥) ក្នុងឋានៈបែបនេះ ទ្រង់បានប្រទានយញ្ញបូជាលាងបាបរបស់ទ្រង់ដែលសមទទួល ទៅឲ្យមនុស្សលោក។ ទីក្រុងពំនាក់ទាំងប៉ុន្មាន ត្រូវបានស្ថាបនាឡើង«ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង»។ (ជនគណនា ៣៥:១៥) ដូច្នេះសម្ដេចសង្ឃដ៏ឧត្តម ជាដំបូងនឹងប្រទានយញ្ញបូជារបស់ទ្រង់ដែលសមទទួល ទៅឲ្យពួកកាន់តាមចាក់ប្រេងតាំង ដែលជា«ពួកកូនចៅអ៊ីស្រាអែល»។ ឥឡូវនេះ ទ្រង់កំពុងតែផ្ដល់ឲ្យទៅពួក‹អាណិកជន› ហើយនិង‹ពួកអ្នកដែលស្នាក់នៅជាមួយ›នៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ។ «ចៀមឯទៀត»ទាំងនេះរបស់ព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ មានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជានិរន្តរ៍។—យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:២៩, ៣៤
ទីក្រុងពំនាក់នៅសព្វថ្ងៃនេះ
៨. តើទីក្រុងពំនាក់អត្ថបដិរូបនេះជាអ្វី?
៨ តើទីក្រុងពំនាក់ជាអត្ថបដិរូបនេះតំណាងអ្វី? នេះគឺមិនមែនជាកន្លែងនៃភូមិសាស្ត្រដូចទីក្រុងហេប្រុន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងពំនាក់ទាំងប្រាំមួយរបស់ពួកលេវី ឬជាគេហដ្ឋានរបស់សម្ដេចសង្ឃនោះឡើយ។ ទីក្រុងពំនាក់នៅសព្វថ្ងៃនេះ គឺជាសំវិធានការរបស់ព្រះដើម្បីនឹងការពារយើងពីសេចក្ដីស្លាប់ ចំពោះការប្រព្រឹត្តល្មើសនឹងបញ្ញត្តរបស់ទ្រង់អំពីភាពបរិសុទ្ធនៃឈាម។ (លោកុប្បត្តិ ៩:៦) ថ្វីបើធ្វើឡើងដោយចេតនាឬអចេតនាក្ដី ពួកអ្នកប្រព្រឹត្តល្មើសនឹងបញ្ញត្តនេះ ត្រូវតែស្វែងរកការអត់ឱនទោសពីព្រះ ដើម្បីនឹងបំបាត់ចោលអំពើបាបរបស់គាត់ តាមរយៈជំនឿលើលោហិតរបស់ព្រះយេស៊ូគ្រីស្ទដែលជាសម្ដេចសង្ឃ។ ជនគ្រីស្ទានចាក់ប្រេងតាំងដែលមានសង្ឃឹមរស់នៅលើស្ថានសួគ៌ និងពួក«ហ្វូងធំ»ដែលមានជីវិតរបស់នៅលើផែនដី បានយកផលប្រយោជន៍ពីយញ្ញបូជាលោះបាបរបស់ព្រះយេស៊ូ ហើយក៏កំពុងតែនៅក្នុងទីក្រុងពំនាក់ដែលជាអត្ថបដិរូបនេះ។—វិវរណៈ ៧:៩, ១៤; យ៉ូហានទី១ ១:៧; ២:១, ២
៩. តើសុលជាអ្នកស្រុកតើសុសបានប្រព្រឹត្តល្មើសនឹងបញ្ញត្តអំពីឈាមដោយយ៉ាងណា ប៉ុន្តែតើគាត់បានសម្ដែងនូវចិត្តគំនិតដែលបានប្រែចិត្តយ៉ាងដូចម្ដេច?
៩ មុននឹងសាវ័កប៉ុលបានក្លាយទៅជាជនគ្រីស្ទានម្នាក់នោះ គាត់បានប្រព្រឹត្តល្មើសនឹងបញ្ញត្តស្តីអំពីឈាម។ សុល ជាអ្នកស្រុកតើសុស បានធ្វើទុក្ខបៀតបៀនដល់ពួកអ្នកកាន់តាមព្រះយេស៊ូជាច្រើន ហើយថែមទាំងយល់ព្រមនូវការសម្លាប់ពួកគេទៀតផង។ ប៉ុលបានមានប្រសាសន៍ថា៖ «តែទ្រង់បានអាណិតមេត្ដាដល់ខ្ញុំ ពីព្រោះខ្ញុំប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ»។ (ធីម៉ូថេទី១ ១:១៣; កិច្ចការ ៩:១-១៩) សុលមានអាកប្បកិរិយាកែប្រែ ហើយក្រោយមកបានបង្ហាញជាភស្តុតាងដោយកិច្ចការជាច្រើនដែលប្រកបដោយជំនឿ។ ប៉ុន្តែដើម្បីនឹងចូលទៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ គឺមានការទាក់ទងជាច្រើនទៀត មិនគ្រាន់តែមានជំនឿទៅលើការលោះប៉ុណ្ណោះទេ។
១០. តើយើងអាចមានមនសិការល្អយ៉ាងណាបាន ហើយតើត្រូវធ្វើយ៉ាងណាដើម្បីនឹងរក្សាឲ្យមាននោះ?
១០ ឃាតករដោយអចេតនាម្នាក់អាចអាស្រ័យនៅក្នុងទីក្រុងពំនាក់មួយបានក្នុងប្រទេសអ៊ីស្រាអែល លុះត្រាណាគាត់អាចបង្ហាញភស្តុតាងថា គាត់មានមនសិការល្អនឹងព្រះស្តីអំពីការបង្ហូរឈាម។ ដើម្បីឲ្យមានមនសិការល្អ យើងត្រូវតែអនុវត្តជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ ប្រែចិត្តពីអំពើបាបរបស់យើង ហើយផ្លាស់ប្ដូរជីវភាពរបស់យើង។ យើងត្រូវតែសូមឲ្យមានមនសិការល្អ ដោយការអធិស្ឋានថ្វាយខ្លួនទៅព្រះតាមរយៈព្រះគ្រីស្ទ ហើយធ្វើពិធីជ្រមុជទឹកជានិមិត្តរូប។ (ពេត្រុសទី១ ៣:២០, ២១) មនសិការល្អនេះ នឹងអនុញ្ញាតឲ្យយើងមានទំនាក់ទំនងដ៏ជ្រះថ្លានឹងព្រះយេហូវ៉ា។ វិធីតែមួយគត់ក្នុងការរក្សាមនសិការល្អ គឺដោយធ្វើតាមតម្រូវទាំងប៉ុន្មានរបស់ព្រះ ហើយធ្វើកិច្ចការដែលបានចាត់មកឲ្យយើងនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ។ ជនភៀសខ្លួននៅក្នុងទីក្រុងពំនាក់ទាំងប៉ុន្មាននៅសម័យបុរាណ ក៏តម្រូវឲ្យគោរពតាមច្បាប់ ហើយឲ្យបំពេញកិច្ចការរបស់គេដែរ។ កិច្ចការដ៏សំខាន់សំរាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ គឺការប្រកាសដំណឹងល្អអំពីសារព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការធ្វើកិច្ចការនេះ នឹងជួយយើងឲ្យធ្វើជាអ្នកស្រុកដ៏មានប្រយោជន៍ក្នុងទីក្រុងពំនាក់នៅសម័យយើងនេះ។
១១. តើយើងត្រូវតែចៀសវាងអ្វី បើសិនជាឲ្យយើងអាស្រ័យដោយគ្មានគ្រោះថ្នាក់ក្នុងទីក្រុងពំនាក់នៅសព្វថ្ងៃនេះ?
១១ យើងអាចជួបប្រទះសេចក្ដីហិនវិនាស បើយើងចាកចេញពីទីក្រុងពំនាក់នៅសព្វថ្ងៃនេះ ពីព្រោះអ្នកដែលសងសឹកនឹងឈាម បន្ដិចទៀតនឹងចាត់វិធានការប្រឆាំងនឹងអស់អ្នកដែលមានទោសពីការបង្ហូរឈាម។ នេះមិនមែនជាគ្រាដែលយើងត្រូវចេញទៅក្រៅទីក្រុងដែលត្រូវបានការពារនេះទេ ឬនៅក្នុងកន្លែងដ៏មានគ្រោះថ្នាក់នៅជិតព្រំដែននៃវាលស្មៅនោះឡើយ។ យើងនឹងនៅខាងក្រៅនៃទីក្រុងពំនាក់ជាអត្ថបដិរូបនេះ បើសិនជាយើងបាត់បង់ជំនឿទៅលើយញ្ញបូជាលោះបាបរបស់សម្ដេចសង្ឃ។ (ហេព្រើរ ២:១; ៦:៤-៦) យើងក៏នឹងមិនផុតពីគ្រោះថ្នាក់ដែរ បើយើងធ្វើតាមផ្លូវនៃលោកីយ៍នេះ ដោយឈរនៅជាយនៃអង្គការរបស់ព្រះយេហូវ៉ា ឬងាកចេញពីបមាណីយដ៏សុចរិតនៃព្រះវរបិតាសួគ៌ារបស់យើងនោះ។—កូរិនថូសទី១ ៤:៤
ការមានសេរីភាពពីទីក្រុងពំនាក់
១២. តើអតីតបុគ្គលដែលមានទោសពីការបង្ហូរឈាមត្រូវអាស្រ័យនៅទីក្រុងពំនាក់ជាអត្ថបដិរូបរហូតដល់រយៈប៉ុន្មានទៅ?
១២ ឃាតករដោយអចេតនាក្នុងប្រទេសសអ៊ីស្រាអែល ត្រូវតែអាស្រ័យនៅទីក្រុងពំនាក់«រហូតដល់សំដេចសង្ឃបានសុគតហើយសិន»។ (ជនគណនា ៣៥:២៨) ដូច្នេះ តើដល់រយៈប៉ុន្មានទៅ ដែលអតីតបុគ្គលដែលមានទោសពីការបង្ហូរឈាមត្រូវឲ្យនៅទីក្រុងពំនាក់ដែលជាអត្ថបដិរូបនេះ? រហូតទាល់តែពួកគេមិនត្រូវការកិច្ចបំរើពីសម្ដេចសង្ឃព្រះយេស៊ូគ្រីស្ទ។ ប៉ុលបានមានប្រសាសន៍ថា៖ «ដោយហេតុនោះបានជាទ្រង់អាចនឹង ជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ដែលចូលទៅឯព្រះ ដោយសារទ្រង់»។ (ហេព្រើរ ៧:២៥) ឲ្យតែនៅមានទោសពីការបង្ហូរឈាម កិច្ចបំរើនៃសម្ដេចសង្ឃគឺត្រូវការជាចាំបាច់ ដើម្បីឲ្យមនុស្សមិនល្អឥតខ្ចោះមានជំហរដ៏ត្រឹមត្រូវជាមួយនឹងព្រះ។
១៣. តើ«ពួកកូនចៅអ៊ីស្រាអែល»នៅសម័យនេះជាពួកណា ហើយពួកគេត្រូវអាស្រ័យនៅក្នុង«ទីក្រុងពំនាក់»រហូតដល់រយៈប៉ុន្មានទៅ?
១៣ នៅចាំទេ ទីក្រុងពំនាក់ទាំងប៉ុន្មាននៅសម័យបុរាណ ត្រូវបានស្ថាបនាឡើងសំរាប់«ពួកកូនចៅអ៊ីស្រាអែល» ពួកអាណិកជន និងពួកមករស់នៅជាមួយ។ ‹ពួកកូនចៅអ៊ីស្រាអែល›ជាពួកអ៊ីស្រាអែលខាងវិញ្ញាណ។ (កាឡាទី ៦:១៦) ពួកគេត្រូវអាស្រ័យនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបមួយជីវិតនៅលើផែនដី។ ហេតុអ្វី? ពីព្រោះពួកគេនៅមានរូបកាយមិនល្អឥតខ្ចោះនៅឡើយ ហើយដូច្នេះត្រូវការលោះពីសម្ដេចសង្ឃសួគ៌ារបស់គេ។ ប៉ុន្តែ នៅពេលដែលជនគ្រីស្ទានចាក់ប្រេងតាំងស្លាប់ទៅ ហើយបានប្រោសឲ្យរស់ឡើងវិញជាជីវិតខាងវិញ្ញាណនៅស្ថានសួគ៌នោះ ពួកគេឈប់ត្រូវការកិច្ចបំរើលោះរបស់សម្ដេចសង្ឃទៀតហើយ ពីព្រោះពួកគេមិនមែនជាមនុស្សលោកដែលមានទោសពីការបង្ហូរឈាមទេ។ ចំពោះពួកអ្នកចាក់ប្រេងតាំងដែលបានប្រោសឲ្យរស់ឡើងវិញ សម្ដេចសង្ឃបានទទួលមរណភាព ក្នុងន័យជាការលោះនិងការការពារ។
១៤. តើមានអ្វីទៀតដែលតម្រូវឲ្យពួកដែលមានសង្ឃឹមរស់នៅស្ថានសួគ៌ ត្រូវអាស្រ័យនៅក្នុងទីក្រុងពំនាក់នៅសព្វថ្ងៃនេះ?
១៤ ការមានជាចរិតនៃមនុស្ស តម្រូវឲ្យពួក«អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ»ខាងស្ថានសួគ៌ អាស្រ័យនៅទីក្រុងពំនាក់ជាអត្ថបដិរូបនេះ រហូតទាល់តែគេបានស្លាប់ដោយស្មោះត្រង់ពីផែនដីនេះ។ នៅពេលដែលពួកគេស្លាប់ទៅ ពួកគេនឹងលះបង់ចោលលក្ខណៈជាមនុស្សជានិរន្តរ៍។ (រ៉ូម ៨:១៧; វិវរណៈ ២:១០) យញ្ញបូជារបស់ព្រះយេស៊ូសំដៅចំពោះតែពួកអ្នកដែលមានលក្ខណៈជាមនុស្សប៉ុណ្ណោះ។ ដូច្នេះ សម្ដេចសង្ឃទទួលមរណភាពសំរាប់អស់អ្នកដែលជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ នៅពេលដែលពួកគេបានប្រោសឲ្យរស់ឡើងវិញ ជាពួកវិញ្ញាណ ដែលនឹងអាស្រ័យនៅស្ថានសួគ៌ជាអនន្ត ដែល«បានចំណែកជានិស្ស័យនៃព្រះ»។—ពេត្រុសទី២ ១:៤
១៥. តើ‹ពួកអាណិកជន› និង‹ពួកនៅជាមួយគេ›នៅសម័យនេះជាពួកណា ហើយតើសម្ដេចសង្ឃឧត្តមនឹងធ្វើសំរាប់ពួកគេនោះ?
១៥ តើនៅពេលណាទៅ ទើបសម្ដេចសង្ឃនឹង‹ទទួលមរណភាព› ដើម្បីអនុញ្ញាតឲ្យ‹ពួកអាណិកជន› និង‹ពួកអ្នករស់នៅជាមួយ›នៅសម័យនេះ ចាកចេញពីទីក្រុងពំនាក់ជាអត្ថបដិរូបនេះ? ពួកសមាជិកនៃហ្វូងធំមិនអាចចាកចេញពីទីក្រុងពំនាក់ ក្រោយពីសេចក្ដីវេទនាជាខ្លាំងចប់ភ្លាមនោះទេ។ ហេតុអ្វី? ពីព្រោះពួកគេនៅមានរូបកាយបាបដែលមិនល្អឥតខ្ចោះ ហើយត្រូវការអាស្រ័យនៅក្រោមសេចក្ដីការពាររបស់សម្ដេចសង្ឃ។ ដោយគេយកនូវកិច្ចបំរើលោះនេះ តាមរយៈការគ្រប់គ្រងហើយជាសង្ឃក្នុងកំឡុងមួយពាន់ឆ្នាំរបស់ទ្រង់ ពួកគេនឹងបានទៅជាមនុស្សល្អឥតខ្ចោះ។ រួចមក ព្រះយេស៊ូនឹងប្រគល់ពួកគេទៅឲ្យព្រះ សំរាប់ការសាកល្បងជាចុងបំផុត ចំពោះចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ ដោយដោះលែងសាតាំងនិងបិសាចរបស់វាឲ្យមានមួយរយៈខ្លី។ ពីព្រោះពួកគេបានជាប់ការសាកល្បងដែលព្រះយល់ព្រម ព្រះយេហូវ៉ានឹងប្រកាសថាពួកគេជាមនុស្សសុចរិត។ ម្ល៉ោះហើយ ពួកគេនឹងទទួលបានដ៏ពេញកំរិតនៃភាពល្អឥតខ្ចោះជាមនុស្ស។—កូរិនថូសទី១ ១៥:២៨; វិវរណៈ ២០:៧-១០a
១៦. តើនៅពេលណាដែលពួករួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង នឹងលែងត្រូវការកិច្ចបំរើលោះរបស់សម្ដេចសង្ឃ?
១៦ ដូច្នេះ ពួកអ្នករួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង នឹងត្រូវរក្សាឲ្យមានមនសិការល្អ ដោយអាស្រ័យនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ រហូតដល់ទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ ជាមនុស្សដ៏ល្អឥតខ្ចោះ ពួកគេនឹងលែងត្រូវការកិច្ចបំរើលោះរបស់សម្ដេចសង្ឃទៀតហើយ ហើយក៏មិននៅក្រោមសេចក្ដីការពាររបស់ទ្រង់ដែរ។ នៅពេលនោះ ព្រះយេស៊ូនឹងទទួលមរណភាពជាសម្ដេចសង្ឃ ពីព្រោះទ្រង់លែងត្រូវការឲ្យប្រព្រឹត្តសំរាប់ប្រយោជន៍របស់គេ ដោយការលាងសំអាតនៃលោហិតយញ្ញបូជារបស់ទ្រង់។ នៅគ្រានោះ ពួកគេនឹងចាកចេញពីទីក្រុងពំនាក់ជាអត្ថបដិរូប។
១៧. ហេតុអ្វីក៏មិនត្រូវការឲ្យពួកអ្នកដែលបានប្រោសរស់ឡើងវិញក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ ឲ្យចូលទៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបហើយឲ្យអាស្រ័យនៅទីនោះ?
១៧ ចុះចំពោះពួកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងកំឡុងនៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូ តើត្រូវឲ្យចូលទៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ ហើយអាស្រ័យនៅទីនោះរហូតដល់សម្ដេចសង្ឃទទួលមរណភាពទេ? គឺអត់ទេ ពីព្រោះដោយសេចក្ដីស្លាប់ ពួកគេបានបង់នូវទោសចំពោះភាពបាបរបស់គេរួចទៅហើយ។ (រ៉ូម ៦:៧; ហេព្រើរ ៩:២៧) តែសម្ដេចសង្ឃនឹងជួយពួកគេឲ្យឈោងដល់ភាពល្អឥតខ្ចោះ។ បើសិនជាគេជាប់នឹងការសាកល្បងជាទីបំផុតក្រោយពីមួយពាន់ឆ្នាំនោះ ព្រះនឹងប្រកាសថាគេជាពួកសុចរិតដោយធានារ៉ាប់រងនៃជីវិតជាអនន្តលើផែនដី។ ពិតហើយ ការមិនធ្វើតាមតម្រូវទាំងប៉ុន្មានរបស់ព្រះ ពួកគេនឹងទទួលការជំនុំជំរះដោយផ្ដន្ទាទោស ហើយសេចក្ដីហិនវិនាសនឹងធ្លាក់មកលើពួកណាដែលមិនជាប់នឹងការសាកល្បងនៅជាទីបំផុត ជាអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍។
១៨. ចំពោះភាពជាស្តេចនិងជាសង្ឃរបស់ព្រះយេស៊ូ តើអ្វីនឹងនៅជាប់មនុស្សលោកជានិរន្តរ៍?
១៨ ពួកសម្ដេចសង្ឃជនជាតិអ៊ីស្រាអែលនៅទីបំផុតបានស្លាប់ទៅ។ ប៉ុន្តែ ព្រះយេស៊ូ«ទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»។ (ហេព្រើរ ៦:១៩, ២០; ៧:៣) ដូច្នេះ ការលែងមានមុខតំណែងជាសម្ដេចសង្ឃរបស់ព្រះយេស៊ូចំពោះមនុស្សលោក គឺមិនមែនថាទ្រង់បាត់បង់ព្រះជន្មរបស់ទ្រង់នោះទេ។ លទ្ធផលដ៏ល្អនៃកិច្ចបំរើរបស់ទ្រង់ជាស្តេចនិងជាសម្ដេចសង្ឃនឹងមាននៅជាប់មនុស្សលោកជានិច្ច ហើយមនុស្សលោកនឹងជំពាក់គុណដល់ទ្រង់ចំពោះការបំរើរបស់ទ្រង់ក្នុងឋានៈនេះជារហូតតទៅដែរ។ ម្យ៉ាងវិញទៀត ទូទាំងអនន្តភាព ព្រះយេស៊ូនឹងនាំមុខក្នុងការថ្វាយបង្គំបរិសុទ្ធដល់ព្រះយេហូវ៉ា។—ភីលីព ២:៥-១១
មេរៀនដ៏មានតម្លៃសំរាប់យើងរាល់គ្នា
១៩. តើមេរៀនអ្វីចំពោះការស្អប់និងស្រឡាញ់ ដែលយើងអាចរៀនបានពីសំវិធានការនៃទីក្រុងពំនាក់ទាំងប៉ុន្មាន?
១៩ យើងអាចរៀនមេរៀនផ្សេងៗពីសំវិធានការនៃទីក្រុងពំនាក់ទាំងនេះ។ ជាឧទាហរណ៍ គឺគ្មានឃាតករណាដែលស្អប់អ្នករងគ្រោះរហូតដល់សម្លាប់គាត់ នឹងត្រូវឲ្យអាស្រ័យនៅក្នុងទីក្រុងពំនាក់បានឡើយ។ (ជនគណនា ៣៥:២០, ២១) ដូច្នេះ តើបុគ្គលម្នាក់ដែលនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូប ត្រូវអនុញ្ញាតឲ្យការស្អប់បងប្អូនដុះក្នុងចិត្តរបស់គាត់យ៉ាងម៉េចទៅកើត? សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ ដូច្នេះ សូមឲ្យយើងបន្ត«ស្រឡាញ់គ្នាទៅវិញទៅមក»។—យ៉ូហានទី១ ៣:១៥; ៤:៧
២០. ដើម្បីឲ្យមានសេចក្ដីការពារពីអ្នកដែលសងសឹកនឹងឈាម តើពួកអ្នកដែលអាស្រ័យនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបត្រូវធ្វើយ៉ាងណា?
២០ ដើម្បីឲ្យបានការពារពីអ្នកដែលសងសឹកនឹងឈាម ពួកឃាតករដោយអចេតនាត្រូវឲ្យអាស្រ័យនៅក្នុងទីក្រុងពំនាក់ ហើយមិនត្រូវឃ្លាតចេញពីវាលស្មៅនោះឡើយ។ ចុះយ៉ាងណាវិញចំពោះអស់អ្នកដែលនៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូប? ដើម្បីកុំឲ្យមានគ្រោះថ្នាក់ពីបុគ្គលដ៏ឧត្តមដែលនឹងសងសឹកនោះ ពួកគេមិនត្រូវចាកចេញពីទីក្រុងឡើយ។ ត្រូវហើយ ពួកគេត្រូវចៀសវាងពីការល្បួងទៅឯជាយនៃវាលស្មៅ បើនិយាយជាប្រៀបធៀបនោះ។ ពួកគេត្រូវតែប្រយ័ត្នប្រយែងកុំឲ្យការស្រឡាញ់លោកីយ៍របស់សាតាំងដុះក្នុងចិត្តគំនិតរបស់គេ។ នេះគឺត្រូវការឲ្យអធិស្ឋានហើយខំប្រឹងប្រែង ពីព្រោះជីវិតរបស់គេគឺពឹងពាក់ទៅរឿងលើនេះហើយ។—យ៉ូហានទី១ ២:១៥-១៧; ៥:១៩
២១. តើកិច្ចការដ៏ស្កប់ស្កល់ណាដែលកំពុងតែសម្រេច ដោយពួកអ្នកដែលនៅក្នុងទីក្រុងពំនាក់នៅសព្វថ្ងៃនេះ?
២១ នៅក្នុងទីក្រុងពំនាក់ពីសម័យបុរាណ ពួកឃាតករដោយអចេតនា ត្រូវតែជាអ្នកដែលធ្វើការដោយមានផល។ ស្រដៀងនេះដែរ «ពួកកូនចៅអ៊ីស្រាអែល»ចាក់ប្រេងតាំងបានធ្វើជាគំរូដ៏ល្អជាអ្នកច្រូតហើយជាអ្នកប្រកាសព្រះរាជាណាចក្រ។ (ម៉ាថាយ ៩:៣៧, ៣៨; ម៉ាកុស ១៣:១០) ជា‹អាណិកជន› ហើយជា‹អ្នករស់នៅ›ក្នុងទីក្រុងពំនាក់នៅសព្វថ្ងៃនេះ ពួកជនគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី គឺមានសិទ្ធិដ៏ល្អក្នុងការធ្វើកិច្ចការដែលសង្គ្រោះជីវិតជាមួយពួកអ្នកចាក់ប្រេងតាំងដែលនៅរស់លើផែនដីនៅឡើយ។ កិច្ចការនេះគឺជាការគួរឲ្យស្កប់ស្កល់ចិត្តណាស់! ពួកអ្នកដែលបានធ្វើការដោយចិត្តស្មោះត្រង់ក្នុងទីក្រុងពំនាក់ជាអត្ថបដិរូបនេះ នឹងគេចផុតពីសេចក្ដីស្លាប់ជាអនន្តនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលសងសឹកនឹងឈាម។ ផ្ទុយទៅវិញ ពួកគេនឹងទទួលនូវប្រយោជន៍ជាអនន្តពីកិច្ចបំរើជាសម្ដេចសង្ឃដ៏ឧត្តមនៃព្រះ។ តើអ្នកនឹងអាស្រ័យនៅក្នុងទីក្រុងពំនាក់ហើយរស់នៅជានិរន្តរ៍ទេ?
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ១៥ ធ្នូ ១៩៩១ ទំព័រ ១២ វគ្គ ១៥, ១៦ (ជាភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏អាចនិយាយបានថា មនុស្សរាប់កោដិនាក់មានទោសពីការបង្ហូរឈាមនោះ?
◻ តើមុខនាទីណាខ្លះដែលព្រះយេស៊ូគ្រីស្ទបំពេញចំពោះមនុស្សលោក?
◻ តើទីក្រុងពំនាក់ជាអត្ថបដិរូបជាអ្វី ហើយតើបុគ្គលម្នាក់ចូលទៅក្នុងយ៉ាងណាបាន?
◻ តើនៅពេលណាទៅ ទើបមនុស្សមានសេរីភាពពីទីក្រុងពំនាក់ជាអត្ថបដិរូប?
◻ តើមេរៀនដ៏មានតម្លៃណា ដែលយើងអាចរៀនពីសំវិធានការនៃទីក្រុងពំនាក់ទាំងប៉ុន្មាននោះ?
[រូបភាពនៅទំព័រ២៦]
តើអ្នកដឹងនូវមុខនាទីដ៏សំខាន់ណា ដែលព្រះយេស៊ូគ្រីស្ទបានបំពេញនោះទេ?