បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 វិច្ឆិកា ទំ. ៩-១៤
  • តើអ្នកយកព្រះយេហូវ៉ាជាទីពឹងពំនាក់ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកយកព្រះយេហូវ៉ាជាទីពឹងពំនាក់ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទីក្រុង​ពំនាក់​»​
  • គាត់​ត្រូវ​«​ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់​ទុំ​»​
  • ​«​អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទីក្រុង​ណា​មួយ​នោះ​»​
  • ​«​ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំ​រាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា​»​
  • ទីក្រុងពំនាក់—ជាសំវិធានការដ៏មេត្ដាករុណារបស់ព្រះ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរអាស្រ័យនៅក្នុង«ទីក្រុងពំនាក់» ហើយឲ្យមានជីវិតចុះ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរបង្ហាញសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌ដូចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរ«យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 វិច្ឆិកា ទំ. ៩-១៤
បុរសម្នាក់ដែលសម្លាប់គេដោយអចេតនាបានទៅដល់ក្រុងពំនាក់

តើ​អ្នក​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​ឬ​ទេ?

​«​ព្រះ​យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់​នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ​»។—ទំនុក​តម្កើង ៣៤:២២

ចម្រៀង​លេខ: ៤៩, ៣២

តើ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុង​ពំនាក់​បង្រៀន​អ្នក​យ៉ាង​ណា​អំពី . . .

  • របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

  • អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ?

  • របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង?

១​. ដោយ​សារភាព​ខុស​ឆ្គង តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា?

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ពិបាក​ចិត្ត​ណាស់​ខ្ញុំ!​»។ (​រ៉ូម ៧:២៤​) សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​ធ្លាក់​ទឹក​ចិត្ត​និង​ពិបាក​ចិត្ត​ដូច​ប៉ូល​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ទោះ​ជា​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្ដី យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​និង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ គ្រិស្ត​សាសនិក​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ថែម​ទាំង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​បាន​ឡើយ។

២​. (​ក​) តើ​ទំនុក​តម្កើង ៣៤:២២​បង្ហាញ​យ៉ាង​ណា​ថា អ្នក​បម្រើ​របស់​ព្រះ​មិន​ត្រូវ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ជា​មេ​រៀន ឬ​ជា​និមិត្តរូប?​»​)

២ បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា បើ​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់ យើង​មិន​ត្រូវ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​ទេ។ (​សូម​អាន ទំនុក​តម្កើង ៣៤:២២​) ប៉ុន្តែ តើ​ការ​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​មាន​ន័យ​អ្វី? តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​យើង​និង​អភ័យ​ទោស​ឲ្យ​យើង? យើង​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ដោយ​រៀន​អំពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុង​ពំនាក់​នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ។ ការ​រៀប​ចំ​នេះ​មាន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ដែល​បាន​ត្រូវ​ផ្លាស់​ប្ដូរ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ប៉ុន្តែ ច្បាប់​នោះ​មក​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុង​ពំនាក់​បង្រៀន​យើង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អំពើ​ខុស​ឆ្គង អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង និង​អ្នក​ដែល​ប្រែ​ចិត្ត។ មុន​ដំបូង សូម​យើង​ពិចារណា​អំពី​មូល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មាន​ក្រុង​ពំនាក់ និង​របៀប​រៀប​ចំ​នៃ​ក្រុង​នោះ។

​«​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទីក្រុង​ពំនាក់​»​

៣​. តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ឃាតករ?

៣ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពេល​ដែល​បុគ្គល​ម្នាក់​បាន​ត្រូវ​គេ​សម្លាប់។ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ណា​ម្នាក់ បុរស​ដែល​ជា​សាច់​ញាតិ​ជិត​ស្និទ្ធ​បំផុត​របស់​ជន​រង​គ្រោះ ត្រូវ​សម្លាប់​ឃាតករ​នោះ។ បុរស​នោះ​បាន​ត្រូវ​ហៅ​ថា ​«​អ្នក​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម​»។ (​ជន​គណនា ៣៥:១៩​) យ៉ាង​នេះ ឃាតករ​នឹង​សង​ជីវិត​របស់​ខ្លួន​ចំពោះ​ជីវិត​របស់​ជន​រង​គ្រោះ​ដែល​គ្មាន​ទោស​នោះ។ បើ​គេ​មិន​ប្រហារ​ជីវិត​ឃាតករ​ភ្លាម​ៗ ស្រុក​ដែល​ព្រះ​បាន​សន្យា​អាច​ទៅ​ជា​ស្មោក​គ្រោក ឬ​លែង​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ​ទៅ​ជា​ស្មោក​គ្រោក​»​ ដោយ​កម្ចាយ​ឈាម​មនុស្ស​ឡើយ ពោល​គឺ​ដោយ​សម្លាប់​អ្នក​ណា​ម្នាក់។—ជន​គណនា ៣៥:៣៣, ៣៤

៤​. តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ម្នាក់​ដោយ​អចេតនា?

៤ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ម្នាក់​ដោយ​អចេតនា តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​នោះ? ទោះ​ជា​គាត់​មិន​មាន​បំណង​សម្លាប់​អ្នក​នោះ​ក៏​ដោយ គាត់​នៅ​តែ​មាន​ទោស។ (​លោកុប្បត្តិ ៩:៥​) ក្នុង​ករណី​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​គាត់​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​បាន។ អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​អាច​រត់​គេច​ពី​អ្នក​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម ហើយ​រត់​ទៅ​ក្រុង​ពំនាក់​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ពំនាក់​ទាំង​៦។ គាត់​ទទួល​ការ​ការពារ ពេល​ដែល​គាត់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ។ ប៉ុន្តែ គាត់​ត្រូវ​នៅ​ក្នុង​ក្រុង​ពំនាក់​នោះ​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។—ជន​គណនា ៣៥:១៥, ២៨

៥​. ហេតុ​អ្វី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុង​ពំនាក់​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា?

៥ ក្រុង​ពំនាក់​គឺ​ជា​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា មិន​មែន​ជា​ការ​រៀប​ចំ​របស់​មនុស្ស​ទេ។ លោក​បាន​បង្គាប់​យ៉ូស្វេ​ឲ្យ​«​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ‹ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទីក្រុង​ពំនាក់›​»។ (​យ៉ូស្វេ ២០:១, ២, ៧, ៨​) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​សម្រេច​ចិត្ត​ថា​ត្រូវ​ញែក​ក្រុង​ទាំង​នោះ​ជា​បរិសុទ្ធ នោះ​យើង​អាច​រៀន​ច្រើន​អំពី​គុណ​សម្បត្ដិ​របស់លោក។ ជា​ឧទាហរណ៍ ការ​រៀប​ចំ​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត នេះ​ក៏​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

គាត់​ត្រូវ​«​ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់​ទុំ​»​

៦, ៧​. (​ក​) សូម​រៀប​រាប់​អំពី​តួនាទី​របស់​បុរស​ចាស់​ទុំ​ក្នុង​ការ​វិនិច្ឆ័យ​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ហេតុ​អ្វី​ជា​ការ​ឈ្លាស​វៃ​ដែល​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​ត្រូវ​ទៅ​ជួប​បុរស​ចាស់​ទុំ?

៦ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​សម្លាប់​បុគ្គល​ម្នាក់​ដោយ​អចេតនា គាត់​ត្រូវ​រត់​ទៅ​ក្រុង​ពំនាក់ ហើយ​«​ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់​ទុំ​»​ដែល​នៅ​មាត់​ទ្វារ​ក្រុង។ បុរស​ចាស់​ទុំ​ត្រូវ​ស្វាគមន៍​គាត់។ (​យ៉ូស្វេ ២០:៤​) ក្រោយ​មក ពួក​គេ​នឹង​បញ្ជូន​គាត់​ឲ្យ​ទៅ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ដែល​បាន​កើត​ហេតុ​នោះ​ដើម្បី​វិនិច្ឆ័យ​គាត់។ (​សូម​អាន ជន​គណនា ៣៥:២៤, ២៥​) បើ​បុរស​ចាស់​ទុំ​នៅ​ក្រុង​នោះ​សម្រេច​សេចក្ដី​ថា​អ្នក​នោះ​បាន​សម្លាប់​បុគ្គល​ម្នាក់​ដោយ​អចេតនា នោះ​ពួក​គាត់​នឹង​បញ្ជូន​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​នោះ​ត្រឡប់​ទៅ​ក្រុង​ពំនាក់​វិញ។

៧ ហេតុ​អ្វី​បុគ្គល​ដែល​សម្លាប់​គេ​ដោយ​អចេតនា​ត្រូវ​ប្រាប់​បុរស​ចាស់​ទុំ? ពី​ព្រោះ​បុរស​ចាស់​ទុំ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ក្រុម​ជំនុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​តែ​មាន​ភាព​ស្អាត​ស្អំ ហើយ​ពួក​គេ​នឹង​ជួយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​ឲ្យ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​បាន​សរសេរ​ថា​បើ​បុគ្គល​ដែល​សម្លាប់​គេ​ដោយ​គ្មាន​ចេតនា​មិន​ទៅ​ជួប​បុរស​ចាស់​ទុំ​ទេ នោះ​គាត់​អាច​ត្រូវ​គេ​សម្លាប់។ បន្ថែម​ទៅ​ទៀត បុគ្គល​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ ដើម្បី​រួច​ជីវិត អ្នក​ដែល​សម្លាប់​គេ​ដោយ​គ្មាន​ចេតនា​ត្រូវ​សុំ​និង​ទទួល​យក​ជំនួយ។ បើ​គាត់​មិន​ទៅ​ក្រុង​ពំនាក់​ណា​មួយ បុគ្គល​ដែល​ជា​សាច់​ញាតិ​ជិត​ស្និទ្ធ​បំផុត​របស់​បុគ្គល​ដែល​គាត់​បាន​សម្លាប់ មាន​សិទ្ធិ​សម្លាប់​គាត់។

៨, ៩​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​គួរ​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ?

៨ សព្វ​ថ្ងៃ​នេះ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ត្រូវ​ទៅ​ជួប​អ្នក​ចាស់​ទុំ ដើម្បី​ពួក​គាត់​អាច​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ហេតុ​អ្វី​នេះ​គឺ​សំខាន់​ម្ល៉េះ? ទី១ គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​រៀប​ចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​វិនិច្ឆ័យ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ (​យ៉ាកុប ៥:១៤​-​១៦​) ទី២ ព្រះ​រៀប​ចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​កែ​ប្រែ ប្រយោជន៍​ឲ្យ​ពួក​គេ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​ជៀស​វាង​ពី​ការ​ធ្វើ​អំពើ​ខុស​ឆ្គង​នោះ​ម្ដង​ទៀត។ (​កាឡាទី ៦:១; ហេប្រឺ ១២:១១​) ទី៣ អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​និង​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​កែ​ប្រែ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​មិន​បន្ទោស​ខ្លួន។ ព្រះ​យេហូវ៉ា​ហៅ​ពួក​អ្នក​ចាស់​ទុំ​បែប​នេះ​ថា ​«​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​»។ (​អេសាយ ៣២:១, ២​) ការ​រៀប​ចំ​នេះ​គឺ​ជា​របៀប​មួយ​ដែល​ព្រះ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​យើង។

៩ អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​ដែល​បាន​ជួប​អ្នក​ចាស់​ទុំ ហើយ​ទទួល​ជំនួយ​ពី​ពួក​គាត់​មាន​អារម្មណ៍​ធូរ​ស្រាល​នៅ​ពេល​ក្រោយ​មក។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ឈ្មោះ​ដានីយ៉ែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ប៉ុន្តែ​អស់​ប៉ុន្មាន​ខែ​គាត់​មិន​បាន​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ​ទេ។ គាត់​បាន​និយាយ​ថា​៖ ​«​ដោយ​សារ​រយៈ​ពេល​យូរ​បាន​កន្លង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​អ្នក​ចាស់​ទុំ​មិន​អាច​ជួយ​ខ្ញុំ​កើត​ទេ​»។ ប៉ុន្តែ គាត់​នៅ​តែ​ភ័យ​ខ្លាច​ថា​អ្នក​ឯ​ទៀត​នឹង​ដឹង​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់ ហើយ​គាត់​មាន​អារម្មណ៍​ថា​គាត់​ត្រូវ​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​នីមួយ​ៗ​ដោយ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ នៅ​ទី​បំផុត គាត់​បាន​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ បើ​គិត​អំពី​ពេល​នោះ គាត់​និយាយ​ថា​៖ ​«​មែន ខ្ញុំ​ខ្លាច​ទៅ​ជួប​ពួក​គាត់។ ប៉ុន្តែ ក្រោយ​មក​គឺ​ហាក់​ដូច​ជា​មាន​អ្នក​ណា​ម្នាក់​បាន​លើក​អ្វី​ដែល​ធ្ងន់​ចេញ​ពី​ស្មា​ខ្ញុំ​»។ បង​ដានីយ៉ែល​អាច​និយាយ​ដោយ​សេរី​ទៅ​កាន់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ឥឡូវ គាត់​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​ថ្មី​ៗ​នេះ​គាត់​បាន​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

​«​អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទីក្រុង​ណា​មួយ​នោះ​»​

១០​. ដើម្បី​ទទួល​ការ​អភ័យ​ទោស តើ​អ្នក​ដែល​បាន​សម្លាប់​គេ​ដោយ​គ្មាន​ចេតនា​ត្រូវ​ធ្វើ​អ្វី?

១០ ដើម្បី​ទទួល​ការ​អភ័យ​ទោស អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​ត្រូវ​រត់​ទៅ​ក្រុង​ពំនាក់​ដែល​នៅ​ជិត​ជាង​គេ​បំផុត​ជា​បន្ទាន់។ (​សូម​អាន យ៉ូស្វេ ២០:៤​) គាត់​ត្រូវ​ទៅ​ដល់​ក្រុង​នោះ​ដើម្បី​រួច​ជីវិត ហើយ​បន្ត​រស់​នៅ​ទី​នោះ​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។ ដូច្នេះ គាត់​ត្រូវ​ធ្វើ​ការ​លះ​បង់​មួយ​ចំនួន​ដូច​ជា​ការ​ងារ​និង​ផ្ទះ​សម្បែង ហើយ​គាត់​ក៏​គ្មាន​សេរី​ភាព​ទៅ​ណា​មក​ណា​ដែរ។a (​សូម​មើល​កំណត់​សម្គាល់​) (​ជន​គណនា ៣៥:២៥​) ប៉ុន្តែ​ការ​លះ​បង់​នោះ​មាន​ប្រយោជន៍។ បើ​អ្នក​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​ចាក​ចេញ​ពី​ក្រុង​នោះ គាត់​បង្ហាញ​ថា​គាត់​មិន​ខ្វល់​ថា​គាត់​បាន​សម្លាប់​មនុស្ស​ឯ​ទៀត ហើយ​គាត់​ក៏​ធ្វើ​ឲ្យ​ខ្លួន​គាត់​ជួប​គ្រោះ​ថ្នាក់​ដែរ។

១១​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រែ​ចិត្ត​អាច​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ឲ្យ​តម្លៃ​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ?

១១ សព្វ​ថ្ងៃ​នេះ បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ​ប្រែ​ចិត្ត ក៏​ត្រូវ​ធ្វើ​អ្វី​មួយ​ចំនួន​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ។ គាត់​ត្រូវ​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ នេះ​រួម​បញ្ចូល​ការ​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ដែល​បាន​ប្រែ​ចិត្ត​បាន​ធ្វើ។ គាត់​បាន​សរសេរ​ថា​៖ ​«​ការ​ព្រួយ​ចិត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ព្យាយាម​ខ្លាំង​ណាស់ ដោយ​ស្ដារ​កេរ្ដិ៍​ឈ្មោះ ដោយ​ទាស់​ចិត្ត ដោយ​កោត​ខ្លាច ដោយ​ចង់​ប្រែ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ខ្នះ​ខ្នែង ដោយ​កែ​តម្រូវ​អ្វី​ដែល​ខុស!​»។ (​កូរិនថូស​ទី២ ៧:១០, ១១​) ដូច្នេះ បើ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​យើង​នឹង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​មិន​មើល​ស្រាល​កំហុស​របស់​យើង ហើយ​ក៏​មិន​គិត​ថា​យើង​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​របស់​លោក​ដោយ​ស្វ័យប្រវត្ដិ​ឡើយ។

១២​. តើ​គ្រិស្ត​សាសនិក​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី​ដើម្បី​បន្ត​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា?

១២ ដើម្បី​បន្ត​ទទួល​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា តើ​គ្រិស្ត​សាសនិក​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី? គាត់​ត្រូវ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្សេង​ៗ សូម្បី​តែ​អ្វី​ដែល​គាត់​ចូល​ចិត្ត​ក្ដី បើ​អ្វី​នោះ​អាច​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​ម៉ាថាយ ១៨:៨, ៩​) ជា​ឧទាហរណ៍ បើ​មិត្ត​ភក្ដិ​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តើ​អ្នក​នឹង​ឈប់​សេពគប់​ពួក​គេ​ឬ​ទេ? បើ​អ្នក​ពិបាក​ទប់​ចិត្ត​កុំ​ឲ្យ​ពិសា​ស្រា​ហួស​ប្រមាណ តើ​អ្នក​នឹង​ជៀស​វាង​ពី​ស្ថានភាព​ដែល​ប្រហែល​ជា​នឹង​នាំ​ឲ្យ​អ្នក​ពិសា​ស្រា​ហួស​ប្រមាណ​ឬ​ទេ? បើ​អ្នក​ពិបាក​ទប់​ទល់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​អ្នក​នឹង​ជៀស​វាង​ពី​ភាពយន្ត គេហទំព័រ ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​គំនិត​មិន​ស្អាត​ស្អំ​ឬ​ទេ? សូម​ចាំ​ថា ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ​ដើម្បី​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​ប្រយោជន៍។ គ្មាន​អ្វី​ដែល​ពិបាក​ជាង​ការ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​យើង​នោះ​ទេ។ ក៏​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ការ​មាន​អារម្មណ៍​ថា​យើង​ទទួល​«​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»​ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​រៀង​រហូត​ពី​ព្រះ​យេហូវ៉ា​ឡើយ។—អេសាយ ៥៤:៧, ៨

​«​ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំ​រាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា​»​

១៣​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​បុគ្គល​សម្លាប់​គេ​ដោយ​គ្មាន​ចេតនា អាច​មាន​សុវត្ថិភាព​និង​សប្បាយ​ចិត្ត​នៅ​ក្នុង​ក្រុង​ពំនាក់។

១៣ ពេល​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​បាន​ចូល​ក្នុង​ក្រុង​ពំនាក់ គាត់​មាន​សុវត្ថិភាព។ ស្តី​អំពី​ក្រុង​ទាំងនោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ទីក្រុង​ទាំង​នោះ​នឹង​បាន​សំ​រាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា​»។ (​យ៉ូស្វេ ២០:២, ៣​) ព្រះ​យេហូវ៉ា​មិន​បាន​តម្រូវ​ឲ្យ​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា ទទួល​ការ​វិនិច្ឆ័យ​ចំពោះ​រឿង​នោះ​ម្ដង​ទៀត​ឡើយ។ ម្យ៉ាង​ទៀត បុគ្គល​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​ដើម្បី​សម្លាប់​គាត់​បាន​ទេ។ ពេល​ដែល​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​នៅ​ក្នុង​ក្រុង​នោះ គាត់​មាន​សុវត្ថិភាព​នៅ​ក្រោម​ការ​ការពារ​របស់​ព្រះ​យេហូវ៉ា។ គាត់​មិន​មែន​ជាប់​គុក​ទេ។ គាត់​អាច​ធ្វើ​ការ ជួយ​អ្នក​ឯ​ទៀត និង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​សុខ​សាន្ត។ គាត់​អាច​មាន​ជីវិត​ដ៏​សប្បាយ​និង​គាប់​ចិត្ត!

បងស្រីម្នាក់កំពុងអធិដ្ឋាន រំពឹងគិតអំពីអនាគតដោយមានសេចក្ដីសង្ឃឹម ហើយក្រោយមកគាត់បានចូលរួមផ្សព្វផ្សាយជាមួយនឹងបងស្រីម្នាក់ទៀត

អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក (​សូម​មើល​វគ្គ ១៤​-​១៦​)

១៤​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រែ​ចិត្ត​អាច​មាន​ទំនុក​ចិត្ត​អ្វី?

១៤ រាស្ត្រ​មួយ​ចំនួន​របស់​ព្រះ ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​តែ​បន្ទោស​ខ្លួន សូម្បី​តែ​ក្រោយ​ពី​ពួក​គេ​បាន​ប្រែ​ចិត្ត​ហើយ​ក៏​ដោយ។ អ្នក​ខ្លះ ថែម​ទាំង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ឡើយ។ បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ សូម​មាន​ទំនុក​ចិត្ត​ថា​ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក លោក​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង។ អ្នក​មិន​ត្រូវ​បន្ទោស​ខ្លួន​ទៀត​ទេ។ នេះ​បាន​កើត​ឡើង​ចំពោះ​បង​ដានីយ៉ែល​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ។ ក្រោយ​ពួក​អ្នក​ចាស់​ទុំ​បាន​កែ​តម្រង់​គាត់​និង​ជួយ​គាត់​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស គាត់​មាន​អារម្មណ៍​ធូរ​ស្រាល​ជា​ខ្លាំង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​បន្ទោស​ខ្លួន​ត​ទៅ​ទៀត​ទេ។ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង​ហើយ លោក​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង។ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ លោក​ដក​យក​បន្ទុក​របស់​យើង ហើយ​ដាក់​វា​ឲ្យ​នៅ​ឆ្ងាយ​ពី​យើង។ យើង​នឹង​មិន​ចាំ​បាច់​ទ្រាំ​នឹង​បន្ទុក​នោះ​ទៀត​ទេ​»។ ក្រោយ​ពី​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​បាន​ចូល​ក្នុង​ក្រុង​ពំនាក់ គាត់​មិន​ចាំ​បាច់​ខ្លាច​ថា​អ្នក​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម​នឹង​មក​សម្លាប់​គាត់​ទេ។ ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង យើងមិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា​លោក​នឹង​លើក​រឿង​នោះ​ឡើង​ម្ដង​ទៀត ឬ​ដាក់​ទណ្ឌកម្ម​យើង​ឡើយ។—សូម​អាន ទំនុក​តម្កើង ១០៣:៨​-​១២

១៥, ១៦​. តើ​ការ​ដឹង​ថា​លោក​យេស៊ូ​បាន​ផ្ដល់​ថ្លៃ​លោះ​ហើយ​ថា​លោក​ជា​សម្ដេច​សង្ឃ​របស់​យើង ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​មូលហេតុ​ច្រើន​ជាង​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ទុក​ចិត្ត​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ បន្ទាប់​ពី​ប៉ូល​បាន​និយាយ​ថា​គាត់​«​ពិបាក​ចិត្ត​ណាស់​»​ដោយ​សារ​គាត់​មិន​អាច​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អរគុណ​ព្រះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង!​»។ (​រ៉ូម ៧:២៥​) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? ទោះ​ជា​ប៉ូល​បាន​តយុទ្ធ​នឹង​បំណង​ប្រាថ្នា​ដែល​ខុស​ឆ្គង ហើយ​គាត់​ធ្លាប់​ធ្វើ​ខុស​ក៏​ដោយ គាត់​បាន​ប្រែ​ចិត្ត។ គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ តាម​រយៈ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ យើង​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ (​ហេប្រឺ ៩:១៣, ១៤​) ក្នុង​នាម​ជា​សម្ដេច​សង្ឃ​របស់​យើង លោក​យេស៊ូ​«​អាច​សង្គ្រោះ​យ៉ាង​ពេញ​លេញ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​លោក ពី​ព្រោះ​លោក​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ដើម្បី​អង្វរ​ជំនួស​ពួក​គេ​»។ (​ហេប្រឺ ៧:២៤, ២៥​) នៅ​សម័យ​បុរាណ សម្ដេច​សង្ឃ​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ ដោយ​មាន​លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ​របស់​យើង យើង​មាន​មូលហេតុ​កាន់​តែ​ច្រើន​ឲ្យ​ជឿ​ជាក់​ថា​«​យើង​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​»។—ហេប្រឺ ៤:១៥, ១៦

១៦ ដើម្បី​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់ យើង​ត្រូវ​មាន​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ សូម​ទទួល​ស្គាល់​ថា​ថ្លៃ​លោះ​មិន​គ្រាន់​តែ​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​ជា​ទូ​ទៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែរ។ (​កាឡាទី ២:២០, ២១​) សូម​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ។ សូម​ជឿ​ថា​ថ្លៃ​លោះ​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គឺ​ជា​អំណោយ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក!

១៧​. ហេតុ​អ្វី​អ្នក​ចង់​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់?

១៧ ក្រុង​ពំនាក់​គឺ​ជា​ការ​រៀប​ចំ​ពី​ព្រះ ហើយ​ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា ថែម​ទាំង​បង្រៀន​យើង​ថា​ជីវិត​គឺ​ពិសិដ្ឋ។ ការ​រៀប​ចំ​នេះ​ក៏​បង្ហាញ​យើង​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​យើង អំពី​អត្ថន័យ​នៃ​ការ​ប្រែ​ចិត្ត​ដោយ​ស្មោះ និង​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ តើ​អ្នក​កំពុង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​ឬ​ទេ? បើ​ដូច្នេះ អ្នក​នឹង​ទទួល​ការ​ការពារ​ដ៏​ពិត​ប្រាកដ! (​ទំនុក​តម្កើង ៩១:១, ២​) នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ក្រុង​ពំនាក់​អាច​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​យេហូវ៉ា ដែល​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្តី​អំពី​សេចក្ដី​មេត្ដា​ករុណា​និង​យុត្ដិធម៌។

a យោង​ទៅ​តាម​បណ្ឌិត​ជន​ជាតិ​យូដា សមាជិក​ជិត​ស្និទ្ធ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា បាន​ទៅ​ក្រុង​ពំនាក់​ដើម្បី​រស់​នៅ​ជា​មួយ​នឹង​គាត់​ដែរ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​ដោយ​ប្រែ​ចិត្ត​និង​ស្វែង​រក​ជំនួយ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង ហើយ​ថា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង​ផ្ទាល់។ យ៉ាង​នេះ យើង​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​នឹង​មាន​ចិត្ត​សប្បាយ

​«​តើ​ជា​មេ​រៀន ឬ​ជា​និមិត្តរូប?​»​

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៨៩៥​បាន​ពន្យល់​ថា​ក្រុង​ពំនាក់​មាន​អត្ថន័យ​ជា​និមិត្តរូប។ ទស្សនាវដ្ដី​នោះ​បាន​រៀប​រាប់​ថា ក្រុង​ពំនាក់​ជា​តំណាង​«​ទី​ពឹង​ជ្រក​ដែល​អ្នក​ធ្វើ​ខុស​អាច​ទទួល​ពី​គ្រិស្ត​»។ ទស្សនាវដ្ដី​នោះ​បាន​បន្ថែម​ថា​បើ​បុគ្គល​ណា​ម្នាក់​មាន​ជំនឿ​លើ​លោក​យេស៊ូ គាត់​នឹង​ទទួល​ការ​ការពារ។ មួយ​រយ​ឆ្នាំ​ក្រោយ​មក​ទស្សនាវដ្ដី​ប៉ម​យាម បាន​រៀប​រាប់​ថា​ក្រុង​ពំនាក់​ជា​តំណាង​អ្វី​ដែល​ព្រះ​ធ្វើ​ដើម្បី​ការពារ​យើង​ពី​សេចក្ដី​ស្លាប់ ដោយ​សារ​យើង​បាន​បំពាន​បញ្ញត្ដិ​របស់​លោក​ស្តី​អំពី​ឈាម។

ប៉ុន្តែ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ បាន​ពន្យល់​អំពី​មូលហេតុ​ដែល​សៀវភៅ​ថ្មី​ៗ​របស់​យើង​មិន​សូវ​រៀប​រាប់​អំពី​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ ឬ​រក​ចំណុច​ល្អិត​ល្អន់​ហើយ​ថា​នេះ​ជា​តំណាង​អ្វី​ផ្សេង​ទៀត​ទេ។ ទស្សនាវដ្ដី​នោះ​ចែង​ថា​៖ ​«​ពេល​បទ​គម្ពីរ​បង្រៀន​ថា​បុគ្គល​ម្នាក់ ព្រឹត្ដិការណ៍​មួយ ឬ​វត្ថុ​មួយ​ជា​តំណាង​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត យើង​នឹង​ទទួល​យក​ការ​ពន្យល់​នោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​កំណត់​ហេតុ​គម្ពីរ​ណា​មួយ​មាន​អត្ថន័យ​ជា​និមិត្តរូប​ឡើយ បើ​គ្មាន​មូលហេតុ​ពី​គម្ពីរ​ឲ្យ​ធ្វើ​ដូច្នោះ​»។ បទ​គម្ពីរ​មិន​បាន​ចែង​ថា​ក្រុង​ពំនាក់​នឹង​ជា​តំណាង​អ្វី​ដ៏​ប្រសើរ​ជាង​នៅ​ពេល​អនាគត​ឡើយ។ ហេតុ​នេះ អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់​នឹង​លើក​បញ្ជាក់​អំពី​មេ​រៀន​ដែល​គ្រិស្ត​សាសនិក​អាច​រៀន​ពី​ក្រុង​ទាំង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក