នៅពេលដែលប្រពៃណីប្រឆាំងនឹងសេចក្ដីពិត
គ្រោះថ្នាក់—ទឹកមិនសំរាប់ផឹក។ យើងប្រហែលជាបានឃើញសញ្ញាបែបនេះជារឿយៗ។ នៅកន្លែងជាច្រើន មនុស្សត្រូវបានប្រយ័ត្ននូវអ្វីដែលគេផឹក ពីព្រោះគេដឹងថា ប្រព័ន្ធចែកចាយទឹកខ្លះគឺត្រូវបានបំពុល ដោយអ្វីដែលហៅថា«ល្បាយពុល»ដែលកខ្វក់ដោយជាតិពុល។ ការស្រាវជ្រាវមួយបានបង្ហាញថា ទឹកដ៏ក្រខ្វក់នេះបានក្លាយទៅជា«មេនាំបញ្ចូលរោគនៃអតិសុខុមប្រាណ . . . ការក្រខ្វក់ខាងគីមី» ជាជាង«ទ្រទ្រង់និងការពារជីវិត»ទៅវិញ។—ការធ្វើឲ្យទឹកក្រខ្វក់
ការកខ្វក់ដល់ទឹកនៃសេចក្ដីពិត
ប្រពៃណីជាច្រើនដែលប្រឆាំងនឹងសេចក្ដីពិត គឺប្រៀបដូចនឹងប្រព័ន្ធចែកចាយទឹកដ៏ក្រខ្វក់។ យើងប្រហែលជាកាន់យ៉ាងខ្ជាប់ទៅតាមប្រពៃណីដោយមិនដឹងថាខុស—តាមដំណឹង មតិ ជំនឿ ឬទំនៀមទំលាប់ដែលមានតៗមកពីតំណមួយទៅតំណមួយ—ដែលតាមការពិត បានកខ្វក់ដោយ«ល្បាយពុល»នៃសេចក្ដីខុស តាមរយៈការបំភាន់គំនិតនិងទស្សនៈ។ ដូចជាទឹកកខ្វក់ របស់ទាំងនេះក៏ធ្វើឲ្យមានគ្រោះថ្នាក់ជាច្រើនដែរ—គឺការគ្រោះថ្នាក់ខាងវិញ្ញាណ។
ថ្វីបើយើងគិតថា ជំនឿខាងប្រពៃណីនៃសាសនារបស់យើងមានមូលដ្ឋានទៅលើព្រះគម្ពីរក្ដី យើងម្នាក់ៗត្រូវតែយកពេលវេលាពិនិត្យការទាំងនេះមើលឲ្យបានដិតដល់។ ចូរចងចាំថា នៅពេលដែលលោកម៉ាថិន លូហ្សឺ បានកាន់ខ្ជាប់នឹងប្រពៃណីនៅសម័យរបស់គាត់ ហើយបានកាត់ទោសដល់លោកកុភើនីកុស គាត់បានជឿថា ព្រះគម្ពីរបានគាំទ្រគាត់។ ប៉ុន្តែ លោកលូហ្សឺមិនបានកាន់តាមគំរូដ៏ល្អរបស់ពួកអ្នកស្រុកបេរាទេ ដែលមាន‹សន្ដានចិត្តល្អក្នុងការពិចារណាព្រះគម្ពីរដ៏ប្រយ័ត្នប្រយែង ថាតើពិតឬមិនពិត›។—កិច្ចការ ១៧:១០, ១១
ចូរពិចារណាអំពីគ្រោះថ្នាក់ជាច្រើន ដែលជំនឿខាងប្រពៃណីបានមានមកលើពួកយូដាខ្លះៗនៅសម័យរបស់ព្រះយេស៊ូ។ ពួកគេបានជឿយ៉ាងខ្លាំងថា ប្រពៃណីរបស់គេគឺជាការពិត។ នៅពេលដែលពួកគេប្រឆាំងថាសិស្សរបស់ព្រះយេស៊ូមិនកាន់តាមប្រពៃណីនោះ ព្រះយេស៊ូបានតទល់នឹងពួកគេ ដោយបានសួរសំនួរថា៖ «ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ»? (ម៉ាថាយ ១៥:១-៣) តើអ្វីដែលជាខុសនោះ? ព្រះយេស៊ូបានបង្ហាញនូវបញ្ហានេះ នៅពេលដែលទ្រង់បានដកស្រង់ពាក្យរបស់ព្យាការីអេសាយថា៖ «គេថ្វាយបង្គំអញ[ព្រះ]ជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ»។—ម៉ាថាយ ១៥:៩; អេសាយ ២៩:១៣
ត្រូវហើយ ជាជាងយកសេចក្ដីពិតដែលមកពីព្រះ ពួកគេបានផ្លាស់យកគំនិតពីមនុស្ស ឬអ្វីដែលអាក្រក់ជាងនេះទៅទៀត គឺគំនិតដែលមកពីពួកបិសាច។ ជាឧទាហរណ៍ Insight on the Scriptures ក្បាលទី១ ទំព័រ ៥០៦ បានពន្យល់ប្រាប់ថា៖ «ពួកផារីស៊ីនៅពេលនោះបានបង្រៀនថា កាលណាបុគ្គលម្នាក់បានប្រកាសថា ទ្រព្យសម្បត្ដិជាតង្វាយឬរង្វាន់ថ្វាយទៅព្រះហើយ គាត់មិនអាចប្រើរបស់ទាំងនេះ ដើម្បីបំពេញសេចក្ដីត្រូវការឲ្យឪពុកម្ដាយរបស់គាត់បានទេ ថ្វីបើពួកគេក្រខ្សត់យ៉ាងណាក្ដី តែគាត់អាចយករបស់ទាំងនេះមកប្រើខ្លួនគាត់បាន រហូតដល់គាត់ស្លាប់ បើសិនជាគាត់ចង់ធ្វើដូច្នេះនោះ»។ ប្រាជ្ញារបស់មនុស្សដែលធ្វើឲ្យទឹកនៃសេចក្ដីពិតក្រខ្វក់ មានឥទ្ធិពលដ៏អាក្រក់ខាងវិញ្ញាណទៅលើពួកយូដា។ មនុស្សភាគច្រើនថែមទាំងបានបដិសេធចោលនូវសេចក្ដីសង្ឃឹមរបស់គេចំពោះព្រះមេស្ស៊ីផង។
ពិភពគ្រីស្ទសាសនាបានបន្ថែមដល់ការក្រខ្វក់
ក្រោយពីព្រះយេស៊ូបានទទួលមរណភាព ក៏មានការខូចខាតខាងវិញ្ញាណដែរ។ មនុស្សជាច្រើនដែលអះអាងថាជាអ្នកកាន់តាមទ្រង់ បានយកប្រពៃណីតាមមាត់ ទុកជាប្រភពសំរាប់ការបង្រៀនថ្មីរបស់គេទៅវិញ។ យោងទៅតាមវចនានុក្រមខាងព្រះគម្ពីរ ខាងសាសនវិទ្យា ហើយខាងសាសនា ដោយលោក ម៉ាក់ខ្លិនថុកនិងស្ត្រង ពួកអ្នកដែលអះអាងថាជាជនគ្រីស្ទានខ្លះគិតថា ប្រពៃណីបែបនេះ«ជាការបង្រៀនដែលបានទទួលមកពីមាត់នៃពួកសាវ័កតាមរយៈសាសនាគ្រីស្ទានដំបូង ដែលបានបញ្ចូលមកពីសម័យពួកសាវ័ក ហើយបានទុកឲ្យបានសុទ្ធរហូតដល់ពេលវេលារបស់គេ។—អក្សរជ្រៀងគឺរបស់យើង
តាមការពិត ប្រពៃណីទាំងនេះគឺជាគំនិតមិនបរិសុទ្ធហើយខុសទាំងអស់។ ដូចជាសព្វវចនាធិប្បាយនោះបានពន្យល់អំពី ទស្សនៈថ្មីៗទាំងនេះថា«មិនគ្រាន់តែខុសពីប្រពៃណីឯទៀតប៉ុណ្ណោះ ប៉ុន្តែព្រមទាំងខុសពីឯកសាររបស់ពួកសាវ័កដែលមាននៅក្នុងដៃរបស់គេផង»។ នេះមិនជាការដែលយើងមិនបានសង្ឃឹមនោះទេ។ សាវ័កប៉ុលបានព្រមានប្រាប់ពួកជនគ្រីស្ទានទុកជាមុនថា៖ «ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៨
នៅសព្វថ្ងៃនេះ ជំនឿតាមប្រពៃណីគឺ‹ខុសគ្នានឹងឯកសាររបស់ពួកសាវ័ក›ដែរ។ ពិភពគ្រីស្ទសាសនាបានបំពុលទឹកនៃសេចក្ដីពិតដោយគំនិតជាច្រើនពីពួកបិសាច ដូចជាលទ្ធិព្រះត្រីឯកភាព ភ្លើងនរក ភាពអមតៈនៃព្រលឹងរបស់មនុស្ស សាសន៍និយម និងសរណវត្ថុបូជា។a (ធីម៉ូថេទី១ ៤:១-៣) ប្រវត្ដិសាស្ត្របានបញ្ជាក់នូវការឈឺខាងវិញ្ញាណដែលមានមកលើមនុស្ស ដែលបានក្លាយទៅជាអ្នករងគ្រោះនៃសេចក្ដីបង្រៀនរបស់ពួកបិសាច ដែលបានក្លាយទៅជាសេចក្ដីបង្រៀនពីបុរាណរបស់ពិភពគ្រីស្ទសាសនា។—ប្រៀបធៀប អេសាយ ១:៤-៧
តាមការពិត ការធ្វើឲ្យកខ្វក់ដល់សេចក្ដីពិតបែបនេះ បានមានតាំងពីដើមរៀងមកនៃការចាប់ផ្ដើមរបស់មនុស្សមកម្ល៉េះ។ សាតាំងបានបន្តធ្វើការនេះ តាំងពីពេលដែលវាបានចាប់ផ្ដើមនៅសួនអេដែន ក្នុងការបំពុលគំនិតរបស់មនុស្សដោយការភូតភរ និងការបញ្ឆោត។ (យ៉ូហាន ៨:៤៤, កូរិនថូសទី២ ១១:៣) កាលដែលគ្រួសារមនុស្សបានរីកចំរើនមានពាសពេញផែនដី បន្ទាប់ពីទឹកជំនន់នោះ មនុស្សគ្រប់វប្បធម៌បានក្លាយទៅជាអ្នករងគ្រោះ ពីការបំពុលចំណេះរបស់មនុស្សដោយចេតនា ជាមួយនឹងទស្សនៈនិងគំនិតរបស់ពួកបិសាច។
ឥទ្ធិពលនៃការកខ្វក់ខាងវិញ្ញាណ
តើការកខ្វក់ខាងវិញ្ញាណអាចបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីដែរ? យើងអាចប្រៀបធៀបការនេះទៅនឹងឥទ្ធិពលនៃទឹកកខ្វក់ដែលមានមកលើសុខភាពរាងកាយរបស់យើង។ ប្រភពមួយបានចែងថា៖ «ប្រមាណ២០០លានមនុស្សជាអ្នករងគ្រោះនៃជម្ងឺ schistosomiasis (bilharzia) [ដែលធ្វើឲ្យមានការខ្វះឈាមក្រហម ភាពមិនស្រួល សុខភាពឈឺទូទៅ ហើយព្រមទាំងអាចធ្វើឲ្យស្លាប់ផង ដែលបានបណ្ដាលមកពីទឹកក្រខ្វក់នៅលើស្បែក។ មនុស្សប្រមាណប្រាំរយលាននាក់រៀងរាល់ឆ្នាំមានកណរោគ ជាកត្ដាដ៏ធំមួយដែលធ្វើឲ្យខ្វាក់ភ្នែក បណ្ដាលមកពីទឹកក្រខ្វក់។ . . . មនុស្សប្រមាណពីរយលានកោដិនាក់ពុំមានទឹកល្អផឹកទេ»។ (ប្រទេសរបស់យើង ផែនដី) មនុស្សរាប់លាននាក់បានទន់ខ្សោយខាងវិញ្ញាណខ្វាក់ ព្រមទាំងស្លាប់ផង ដោយការធ្វើតាមប្រពៃណី ដែលបានលាយជាមួយសេចក្ដីបង្រៀនដ៏មិនពិតរបស់ពួកបិសាច។—កូរិនថូសទី១ ១០:២០, ២១; កូរិនថូសទី២ ៤:៣, ៤
ជាឧទាហរណ៍ មនុស្សជាច្រើនបានវង្វេងឬក៏បានងងឹត ចំពោះទំនាក់ទំនងរវាងព្រះយេស៊ូគ្រីស្ទនិងព្រះវរបិតារបស់ទ្រង់ ព្រះយេហូវ៉ា។ នេះបានក្លាយទៅជាទំនៀមទំលាប់ក្នុងចំណោមពួកអ្នកដែលអះអាងថាជាគ្រីស្ទាន ក្នុងការលុបចោលព្រះនាមដ៏បរិសុទ្ធរបស់ព្រះ គឺយេហូវ៉ា ចេញពីបទគម្ពីរគ្រីស្ទានភាសាក្រិក។ នៅក្នុងទស្សនាវដ្ដីនៃអក្សរសាស្ត្រព្រះគម្ពីរលោកជូ ហាវិត មានប្រសាសន៍ថា៖ «ក្នុងមតិរបស់យើង ការដកអក្សរបួនតួនេះ បានធ្វើឲ្យពួកជនគ្រីស្ទានពីដើមដែលមិនមែនជាតិយូដា ភាន់ច្រឡំអំពីទំនាក់ទំនងរវាង‹ព្រះអង្គម្ចាស់› និង‹ព្រះគ្រីស្ទអម្ចាស់› »។
ចូរគិតផងដែរ អំពីការភាន់ច្រឡំ ជំនឿឆ្វេង និងការខ្លាច ដែលបណ្ដាលមកពីប្រពៃណីដែលមិនមាននៅក្នុងព្រះគម្ពីរ ដែលថាព្រលឹងរបស់មនុស្សគឺអមតៈនោះ។ (ប្រៀបធៀប សាស្ដា ៩:៥; អេសេគាល ១៨:៤) តើមានមនុស្សប៉ុន្មានទៅ ដែលនៅក្នុងសេវកភាពចំពោះការថ្វាយបង្គំខ្មោចដូនតា ឬប្រកបជីវិតដោយខ្លាចឥតឈប់ឈរ ថាមនុស្សស្លាប់នឹងមកបៀតបៀនដល់ពួកគេនោះ? ជំនឿនេះថែមទាំងលើកទឹកចិត្តមនុស្សឲ្យសម្លាប់ខ្លួនឯងនិងអ្នកដទៃទៀតផង។
ពួកជប៉ុនជាច្រើនគិតថា នៅពេលមនុស្សស្លាប់ទៅ វិញ្ញាណដែលចាកចេញពីគេនោះ នឹងវិលមកជួបជុំគ្នាវិញនៅពិភពវិញ្ញាណ។ ដូច្នេះហើយ ឪពុកម្ដាយខ្លះដែលបានសម្លាប់ខ្លួនឯង បានគិតថា ជាការដ៏ប្រសើរក្នុងការសម្លាប់កូនចៅរបស់គេដែរ។ វចនានុក្រមអង់គ្លេសអំពីរបៀបគិតនៃពួកជប៉ុនពន្យល់ថា៖ «ក្នុងប្រទេសជប៉ុន ការសម្លាប់ខ្លួនឯងមិនបានចាត់ទុកជាការខុសទេ ប៉ុន្តែត្រូវបានចាត់ទុក ជាវិធីដ៏ប្រសើរនៃការសុំអភ័យទោសចំពោះកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួន . . . សូម្បីតែការសម្លាប់គ្រួសារឯង គឺប្រហាក់ប្រហែលជាបានរាយការណ៍ទាំងមានពាក្យអាណិតអាសូរផង»។
ការសាកល្បងប្រពៃណី
ដោយឃើញនូវការគ្រោះថ្នាក់ ដែលទាក់ទងនឹងការធ្វើតាមជំនឿខាងប្រពៃណីនិងទំនៀមទំលាប់ដោយងងឹតងងល់នោះ តើយើងត្រូវតែធ្វើយ៉ាងណា? នៅចុងសតវត្សទីមួយ សាវ័កយ៉ូហានបានផ្ដល់ឲ្យឱវាទនេះដល់ពួកជនគ្រីស្ទានគ្នីគ្នាថា៖ «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងថាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយនេះហើយ»។ (យ៉ូហានទី១ ៤:១; សូមមើល ថែស្សាឡូនីចទី១ ៥:២១) តើតាមរបៀបណាទៅ ដែលបុគ្គលម្នាក់អាចដឹងថាប្រពៃណីណាមួយមានគ្រោះថ្នាក់នោះ? អ្នកត្រូវការប្រភពមួយប្រភេទ បមាណីយនៃភាពពិសិដ្ឋ សំរាប់សាកល្បងមើលនូវអ្វីដែលអ្នកជឿ។
ព្រះគម្ពីរគឺជាប្រភពបែបនោះឯង។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) ទ្រង់ក៏មានបន្ទូលទៀតថា៖ «តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យថ្វាយបង្គំទ្រង់»។ (យ៉ូហាន ៤:២៣) ដោយប្រើពាក្យដែលព្រះបានបណ្ដាលមកនេះ អ្នកនឹងបានទឹកសុទ្ធនៃសេចក្ដីពិត ជាជាងបានទឹកដ៏ក្រខ្វក់ពីមនុស្សនិងទស្សនៈរបស់ពួកបិសាច។—យ៉ូហាន ៨:៣១, ៣២; ធីម៉ូថេទី២ ៣:១៦
ចូរចងចាំដែរថា សូម្បីតែជាតិក្រខ្វក់ដ៏តូចបំផុតក៏អាចមានលទ្ធផលដល់ជីវិតដែរ។ ជួនកាល ជាយូរឆ្នាំមកទើបនឹងឃើញឥទ្ធិពល។ អតីតប្រធានសហភាពអភិរក្សពិភពលោក ឈ្មោះស្រីដាត រាមហ្វុល បានមានប្រសាសន៍ថា៖ «ទឹកក្រខ្វក់បានក្លាយទៅជាមេសម្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក។ យ៉ាងហោចណាស់ មានមនុស្សប្រាំពីរម៉ឺនប្រាំពាន់នាក់ត្រូវបានស្លាប់ជារៀងរាល់ថ្ងៃពីការប្រើទឹកដ៏ក្រខ្វក់»។ ប្រពៃណីដ៏កខ្វក់ខាងវិញ្ញាណគឺមានគ្រោះថ្នាក់ជាងនោះទៅទៀត។
តើអ្នកមានចិត្តក្លាហានក្នុងការបណ្ដាច់ចេញពីជំនឿនៃប្រពៃណី ដែលអ្នកប្រហែលជាកាន់ជាយូរយារមកទេ បើនេះជាការប្រឆាំងនឹងសេចក្ដីពិតនោះ? ចូរធ្វើតាមការព្រមានចុះ។ ចូរការពារខ្លួនអ្នកនិងគ្រួសាររបស់អ្នក ដោយធ្វើឲ្យបានប្រាកដប្រជាថា ប្រពៃណីរបស់អ្នក គឺសមស្របនឹងពាក្យបន្ទូលនៃសេចក្ដីពិតដ៏បរិសុទ្ធរបស់ព្រះ។—ទំនុកដំកើង ១៩:៨-១១; សុភាសិត ១៤:១៥; កិច្ចការ ១៧:១១
[កំណត់សម្គាល់]
a សូមមើល Reasoning From the Scriptures សំរាប់ភស្តុតាងថែមទៀតដែលថា ការបង្រៀនបែបនេះមិនមានកំណើតនៅក្នុងព្រះគម្ពីរ។ សៀវភៅនេះត្រូវបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
[រូបភាពនៅទំព័រ៧]
សេចក្ដីពិតនៃពាក្យបន្ទូលរបស់ព្រះ គឺប្រៀបដូចនឹងទឹកទន្លេដ៏ល្អសុទ្ធ