«សេចក្ដីពិត . . . នឹងប្រោសឲ្យអ្នករាល់គ្នារួច»
«អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ ព្រះយេស៊ូបានថ្លែងដូច្នេះ ពេលដែលទ្រង់បង្រៀនពួកបណ្ដាជននៅឯព្រះវិហារក្នុងក្រុងយេរូសាឡិម។ (យ៉ូហាន ៨:៣២) ពួកសាវ័ករបស់ព្រះយេស៊ូអាចទទួលស្គាល់យ៉ាងស្រួលថា សេចក្ដីបង្រៀនរបស់ទ្រង់ជាសេចក្ដីពិត។ ពួកគេបានឃើញភស្តុតាងជាច្រើនដែលបង្ហាញថា លោកគ្រូរបស់គេបានមកពីព្រះមែន។
ក៏ប៉ុន្តែ សព្វថ្ងៃនេះមនុស្សខ្លះមានការពិបាកក្នុងការទទួលស្គាល់សេចក្ដីពិត ដែលព្រះយេស៊ូបានថ្លែងប្រាប់នោះ។ ដូចនៅសម័យព្យាការីអេសាយ សព្វថ្ងៃនេះក៏មាន«ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ»។ (អេសាយ ៥:២០) មនុស្សជាច្រើនគិតថា អ្វីទាំងអស់គឺមិនជាក់លាក់ហើយនិងគ្មានសេចក្ដីពិតនោះទេ ដោយព្រោះមានយោបល់ ទស្សនៈ ហើយនិងរបៀបរស់នៅជាច្រើនដែលមាននៅសព្វថ្ងៃនេះ នោះទើបធ្វើឲ្យគេគិតដូច្នេះ។
ពេលព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកអ្នកស្ដាប់របស់ទ្រង់ថា សេចក្ដីពិតនឹងប្រោសឲ្យគេរួច ពួកគេបានទូលឆ្លើយថា៖ «យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ។ ម្ដេចក៏អ្នកថា ‹យើងនឹងបានរួចដូច្នេះ›»? (យ៉ូហាន ៨:៣៣) ពួកគេមិនគិតថាគេត្រូវការអ្នកណាឬក៏អ្វីមួយដើម្បីប្រោសឲ្យគេរួចនោះទេ។ ក៏ប៉ុន្តែព្រះយេស៊ូបានពន្យល់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ»។ (យ៉ូហាន ៨:៣៤) សេចក្ដីពិតដែលព្រះយេស៊ូបានថ្លែងប្រាប់មានសមត្ថភាពបើកផ្លូវដែលនាំទៅដល់សេរីភាពពីអំពើបាប។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យ អ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត»។ (យ៉ូហាន ៨:៣៦) ដូច្នេះ សេចក្ដីពិតនោះដែលប្រោសឲ្យមនុស្សរួច គឺជាសេចក្ដីពិតអំពីព្រះយេស៊ូគ្រីស្ទ ព្រះរាជបុត្រារបស់ព្រះ។ មនុស្សត្រូវប្រោសឲ្យរួចពីអំពើបាបនិងសេចក្ដីស្លាប់ ដោយមានជំនឿលើយញ្ញបូជារបស់ព្រះយេស៊ូតែប៉ុណ្ណោះ ពេលទ្រង់មានព្រះជន្មជាមនុស្សល្អគ្រប់ល័ក្ខណ៍។
នៅពេលមួយទៀតព្រះយេស៊ូបានមានបន្ទូលថា៖ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) បន្ទូលរបស់ព្រះដែលបានត្រូវសម្ដែងក្នុងព្រះគម្ពីរគឺជាសេចក្ដីពិត ដែលអាចនាំឲ្យមានសេរីភាពពីអបិយជំនឿនិងការថ្វាយបង្គំដ៏ក្លែងក្លាយ។ ព្រះគម្ពីរមានសេចក្ដីពិតអំពីព្រះយេស៊ូគ្រីស្ទ ដែលនាំឲ្យមនុស្សជឿលើទ្រង់ហើយនាំឲ្យមានសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងសំរាប់អនាគត។ ការស្គាល់សេចក្ដីពិតពីបន្ទូលរបស់ព្រះគឺជាការល្អអ្វីម្ល៉េះហ្ន៎!
តើការស្គាល់សេចក្ដីពិតជាការសំខាន់យ៉ាងណា? សព្វថ្ងៃនេះ ទោះបីសាសនាជាច្រើនអះអាងថាគេប្រព្រឹត្តតាមព្រះគម្ពីរក៏ដោយ តែទំនៀមទំលាប់និងទស្សនៈរបស់មនុស្សមានឥទ្ធិពលដ៏ខ្លាំងទៅលើពួកគេ។ ជាច្រើនដង ពួកអ្នកដឹកនាំសាសនាខ្វល់ខ្វាយចង់ឲ្យមនុស្សពេញចិត្តនឹងគេ ជាងខ្វល់ខ្វាយអំពីភាពត្រឹមត្រូវនៃសាររបស់គេ។ មនុស្សខ្លះគិតថាការថ្វាយបង្គំទាំងអស់នឹងពេញព្រះហឫទ័យរបស់ព្រះ ឲ្យតែគេធ្វើស្មោះពីចិត្ត។ ក៏ប៉ុន្តែព្រះយេស៊ូបានពន្យល់ថា៖ «តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់»។—យ៉ូហាន ៤:២៣
បើយើងចង់ឲ្យព្រះពេញព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើង យើងត្រូវតែស្គាល់សេចក្ដីពិត។ នេះគឺជារឿងមួយដ៏សំខាន់ ពីព្រោះសុភមង្គលដ៏អស់កល្បជានិច្ចរបស់យើងពឹងពាក់លើសេចក្ដីពិតនោះឯង។ ដូច្នេះ មនុស្សគ្រប់រូបគួរសួរខ្លួនគេថា៖ ‹តើការថ្វាយបង្គំរបស់ខ្ញុំពេញព្រះហឫទ័យរបស់ព្រះឬទេ? តើខ្ញុំពិតជាចង់រៀនសេចក្ដីនោះពីបន្ទូលរបស់ព្រះឬទេ? ឬក៏តើខ្ញុំខ្លាចពីការស្រាវជ្រាវដ៏ប្រិតប្រៀងដែលសម្ដែងថា ការថ្វាយបង្គំរបស់ខ្ញុំគឺខុស?