តើអ្វីដែលយើងត្រូវតែធ្វើដើម្បីឲ្យបានសង្គ្រោះ?
បុរសម្នាក់ ពេលមួយបានទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្ដិចទេឬអី»? តើព្រះយេស៊ូបានតបឆ្លើយយ៉ាងណា? តើទ្រង់មានបន្ទូលថា៖ ‹គ្រាន់តែទទួលយកខ្ញុំជាម្ចាស់និងជាអ្នកសង្គ្រោះរបស់អ្នក នោះអ្នកនឹងបានសង្គ្រោះឬ›? គឺអត់ទេ! ព្រះយេស៊ូមានបន្ទូលថា៖ «ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរតែចូលមិនបានទេ»។—លូកា ១៣:២៣, ២៤
តើព្រះយេស៊ូមិនបានតបឆ្លើយនឹងសំនួររបស់បុរសនោះឬ? ទេ បុរសនោះមិនបានសួរអំពីការពិបាកជាយ៉ាងណាឲ្យបានសង្គ្រោះ គាត់បានសួរអំពីចំនួនដែលនឹងត្រូវបានសង្គ្រោះ។ ដូច្នេះព្រះយេស៊ូគ្រាន់តែបញ្ជាក់ថា មានមនុស្សតិចជាងការនឹកស្មានរបស់មនុស្សខ្លះ នឹងខំប្រឹងយ៉ាងអស់ពីចិត្តដើម្បីឲ្យបានទទួលប្រសិទ្ធិពរដ៏អស្ចារ្យនេះ។
អ្នកអានខ្លះប្រហែលជាប្រកែកថា៖ ‹នោះមិនមែនជាអ្វីដែលគេប្រាប់ខ្ញុំទេ›។ ពួកគេទាំងនេះអាចដកស្រង់យ៉ូហាន ៣:១៦ ដែលចែងថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ប៉ុន្តែ យើងតបឆ្លើយថា៖ ‹តើយើងត្រូវជឿអ្វីដើម្បីឲ្យបានសង្គ្រោះ›? ថាព្រះយេស៊ូពិតជាធ្លាប់មានព្រះជន្មរស់នៅឬ? ពិតហើយ។ ថាទ្រង់ជារាជបុត្រារបស់ព្រះឬ? ត្រូវណាស់! ហើយពីព្រោះព្រះគម្ពីរហៅព្រះយេស៊ូ«លោកគ្រូ» និង«ព្រះអម្ចាស់» តើយើងមិនត្រូវជឿអំពីអ្វីដែលទ្រង់បង្រៀន គោរពតាម ហើយកាន់តាមទ្រង់ទេឬ?—យ៉ូហាន ១៣:១៣; ម៉ាថាយ ១៦:១៦
ការកាន់តាមព្រះយេស៊ូ
ត្រង់នេះហើយជាកន្លែងដែលមានបញ្ហា! មនុស្សជាច្រើនដែលបានប្រាប់ថាគេនឹងបាន«សង្គ្រោះ» គឺហាក់ដូចជាមិនមានបំណងកាន់តាមឬគោរពតាមព្រះយេស៊ូឡើយ។ តាមការពិត បព្វជិតប្រូតេស្តង់ម្នាក់បានសរសេរថា៖ «ពិតហើយ ជំនឿរបស់យើងក្នុងព្រះគ្រីស្ទគួរតែមានជានិច្ច។ ប៉ុន្តែការអះអាងថាជំនឿរបស់យើងត្រូវតែមានជាដាច់ខាត ឬជាចាំបាច់នោះ គឺគ្មានការគាំទ្រទេក្នុងព្រះគម្ពីរ»។
ផ្ទុយទៅវិញ ព្រះគម្ពីរបានរៀបរាប់ការប្រព្រឹត្តដ៏អសីលធម៌ដែលមានទូទៅក្នុងចំណោមមនុស្ស ដែលគិតថាគេបាន«សង្គ្រោះ»។ ចំពោះបុគ្គលដែលបន្តតាមផ្លូវបែបនេះ ព្រះគម្ពីរដាស់តឿនពួកគ្រីស្ទានថា៖ «ត្រូវឲ្យអ្នករាល់គ្នាបណ្ដេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»។ យ៉ាងប្រាកដណាស់ ព្រះមិនចង់ឲ្យមនុស្សអាក្រក់មកប្រឡាក់ដល់ក្រុមជំនុំគ្រីស្ទានរបស់ទ្រង់ឡើយ!—កូរិនថូសទី១ ៥:១១-១៣
បើអញ្ចឹង តើការកាន់តាមទ្រង់មានន័យយ៉ាងណា ហើយតើយើងអាចធ្វើការនេះយ៉ាងដូចម្ដេច? តើព្រះយេស៊ូបានធ្វើយ៉ាងណា? តើទ្រង់បានប្រព្រឹត្តអំពើអសីលធម៌ឬ? ជាអ្នកសហាយស្មន់ឬ? ជាអ្នកប្រមឹកឬ? ជាអ្នកភូតភរឬ? តើទ្រង់មិនទៀងត្រង់ក្នុងការធ្វើពាណិជ្ជកម្មឬ? គឺប្រាកដជាអត់ទេ! ‹ប៉ុន្តែ› អ្នកប្រហែលជាសួរថា៖ ‹តើខ្ញុំត្រូវតែបំបាត់ចោលរបស់ទាំងនោះពីជីវិតខ្ញុំឬ›? ចំពោះចម្លើយ ចូរពិចារណាមើលក្នុងអេភេសូរ ៤:១៧ ទៅ ៥:៥។ នេះមិនមែនចែងថាព្រះនឹងទទួលយកយើង ទោះបីជាយើងធ្វើអ្វីក៏ដោយ។ ផ្ទុយទៅវិញ គឺចែងប្រាប់យើងឲ្យប្លែកពីពួកសាសន៍នៃលោកីយ៍នេះ ដែល«គេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាស . . . តែអ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេ . . . ថាខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ . . . អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ . . . ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ . . . ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងព្រះរាជាណាចក្រនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ»។
តើយើងកាន់តាមព្រះយេស៊ូទេ បើសិនជាយើងមិនទាំងខំប្រឹងរស់នៅតាមគំរូរបស់ទ្រង់ផង? តើយើងមិនត្រូវខំប្រឹងធ្វើឲ្យជីវិតរបស់យើងឲ្យបានដូចព្រះគ្រីស្ទទេឬ? សំនួរដ៏សំខាន់បែបនេះគឺកម្រយកមកគិតដោយមនុស្សដែលនិយាយដូចខិត្តប័ណ្ណខាងសាសនាមួយចែងថា៖ «ចូរមកឯព្រះគ្រីស្ទ—អ្នកមិនចាំបាច់កែប្រែឫកពារបស់អ្នកទេ»។
សិស្សរបស់ព្រះយេស៊ូម្នាក់បានព្រមានថា ពួកអ្នកមិនគោរពព្រះបាន«បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»។ (យូដាស ៤) តើយើងអាចបំផ្លាស់មេត្ដាករុណារបស់ព្រះ«ទៅជាសេចក្ដីអាសអាភាស»យ៉ាងដូចម្ដេច? យើងអាចធ្វើបែបនេះ ដោយគិតថាយញ្ញបូជារបស់ព្រះគ្រីស្ទ អត់ឱនទោសដល់អំពើបាបដោយចេតនា ដែលយើងនៅតែប្រព្រឹត្ត ជាជាងអំពើបាបនៃភាពឥតគ្រប់ល័ក្ខណ៍របស់មនុស្ស ដែលយើងខំយកមកដាក់ពីក្រោយយើង។ ប្រាកដណាស់ យើងមិនចង់យល់ស្របជាមួយនឹងអ្នកផ្សាយដំណឹងល្អល្បីម្នាក់ក្នុងប្រទេសអាមេរិក ដែលបាននិយាយថា អ្នកមិនចាំបាច់«សំអាត ចុះចាញ់ ឬធ្វើតាមបមាណីយនៃព្រះគម្ពីរឡើយ»។—ប្រៀបធៀប កិច្ចការ ១៧:៣០; រ៉ូម ៣:២៥; យ៉ាកុប ៥:១៩, ២០
ការជឿបណ្ដាលឲ្យមានសកម្មភាព
មនុស្សជាច្រើនត្រូវបានគេប្រាប់ថា«ការជឿព្រះយេស៊ូ» ជាការប្រព្រឹត្តតែមួយ ហើយថាយើងមិនចាំបាច់មានជំនឿដ៏មាំដើម្បីបណ្ដាលឲ្យគោរពតាមនោះឡើយ។ ប៉ុន្តែព្រះគម្ពីរមិនយល់ស្របនឹងមតិដូចនេះទេ។ ព្រះយេស៊ូមិនបានមានបន្ទូលថា មនុស្សណាដែលចាប់ផ្ដើមដំណើរគ្រីស្ទាននឹងបានសង្គ្រោះនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលថា៖ «អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ១០:២២) ព្រះគម្ពីរប្រៀបធៀបដំណើរគ្រីស្ទានទៅនឹងការប្រណាំងមួយ ដែលរង្វាន់នៅចុងបញ្ចប់គឺការសង្គ្រោះ។ ព្រះគម្ពីរដាស់តឿនថា៖ «ចូររត់បែបឲ្យបានរង្វាន់ចុះ»។—កូរិនថូសទី១ ៩:២៤
ដូច្នេះ «ការទទួលព្រះគ្រីស្ទ»ទាក់ទងច្រើនទៀត គឺមិនគ្រាន់តែទទួលពរពីការថ្វាយយញ្ញបូជាដ៏ខ្ពង់ខ្ពស់របស់ព្រះយេស៊ូប៉ុណ្ណោះទេ។ គឺត្រូវតែមានការគោរពតាម។ សាវ័កពេត្រុសមានប្រសាសន៍ថា ការជំនុំជំរះចាប់ផ្ដើម«ពីដំណាក់នៃព្រះ» ហើយបន្ថែមថា៖ «បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះនោះ តើចុងបំផុតរបស់ពួកអ្នកដែលមិនជឿតាមដំណឹងល្អនៃព្រះនឹងបានជាយ៉ាងដូចម្ដេចទៅ»? (ពេត្រុសទី១ ៤:១៧) ដូច្នេះយើងត្រូវតែធ្វើជាច្រើនទៀត មិនគ្រាន់តែឮនិងជឿប៉ុណ្ណោះទេ។ ព្រះគម្ពីរចែងថា យើងត្រូវតែ«ប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួន[យើង]វិញនោះឡើយ»។—យ៉ាកុប ១:២២
សារបស់ព្រះយេស៊ូផ្ទាល់
សៀវភៅវិវរណៈមានសាពីព្រះយេស៊ូជាច្រើន ដែលបានបញ្ជូនមកតាមរយៈយ៉ូហាន ទៅក្រុមជំនុំគ្រីស្ទានពីដើម។ (វិវរណៈ ១:១, ៤) តើព្រះយេស៊ូមានបន្ទូលថា ពីព្រោះមនុស្សក្នុងក្រុមជំនុំទាំងនេះបាន«ទទួល»ទ្រង់ហើយ ជាការគ្រប់គ្រាន់ឬ? អត់ទេ។ ទ្រង់បានសរសើរការប្រព្រឹត្តរបស់គេ កិច្ចការនិងការអត់ទ្រាំ ហើយមានបន្ទូលអំពីសេចក្ដីស្រឡាញ់ ជំនឿ និងកិច្ចបំរើ។ ប៉ុន្តែទ្រង់មានបន្ទូលថា អារក្សនឹងសាកល្បងពួកគេ ហើយពួកគេនឹងទទួលរង្វាន់«រាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត»។—វិវរណៈ ២:២, ១០, ១៩, ២៣
ដូច្នេះ ព្រះយេស៊ូបានរៀបរាប់អំពីភារកិច្ចជាច្រើន ខុសពីការយល់របស់មនុស្សភាគច្រើន កាលដែលពួកគេត្រូវបានប្រាប់ថាការសង្គ្រោះរបស់គេ «ជាកិច្ចការស្រេចហើយ» ឲ្យតែពួកគេ«បានទទួល»ទ្រង់នៅឯកិច្ចប្រជុំគ្រីស្ទាន។ ព្រះយេស៊ូមានបន្ទូល៖ «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ»។—ម៉ាថាយ ១៦:២៤, ២៥
លះកាត់ចិត្តខ្លួនឯងចោលចេញ? មកកាន់តាមព្រះយេស៊ូជារហូត? នោះត្រូវតែមានការខំប្រឹងប្រែង។ នេះនឹងកែប្រែជីវិតរបស់យើង។ ប៉ុន្តែ តើព្រះយេស៊ូពិតជាមានបន្ទូលថា យើងខ្លះនឹង‹បាត់បង់ជីវិតរបស់យើង›—ដើម្បីស៊ូស្លាប់ចំពោះទ្រង់ឬ? ត្រូវហើយ ជំនឿបែបនេះគឺជាលទ្ធផលនៃចំណេះអំពីសេចក្ដីអស្ចារ្យ ដែលអ្នកអាចរៀនពីការសិក្សាបន្ទូលរបស់ព្រះ។ នេះបានឃើញជាក់ស្តែងនៅថ្ងៃដែលស្ទេផានបានគេគប់ដុំថ្មសម្លាប់ដោយពួកនិយមលទ្ធិ ដែល«គេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ»។ (កិច្ចការ ៦:៨-១២; ៧:៥៧-៦០) ហើយជំនឿបែបនេះបានសម្ដែងឲ្យឃើញក្នុងសម័យយើងនេះ ដោយស្មរបន្ទាល់ព្រះយេហូវ៉ារាប់ពាន់នាក់ ដែលបានស្លាប់ក្នុងបន្ទាយឃុំឃាំងមនុស្សរបស់ណាត្សី ជាជាងប្រព្រឹត្តល្មើសនឹងមនសិការនៃការហ្វឹកហ្វឺនពីព្រះគម្ពីររបស់គេ។a
យតិភាពគ្រីស្ទាន
យើងត្រូវតែកាន់ឲ្យខ្ជាប់ខ្ជួនជំនឿគ្រីស្ទានរបស់យើង ពីព្រោះព្រះគម្ពីរចែងប្រាប់ថាយើងអាចរសាយចេញពីជំនឿ មិនដូចអ្វីៗដែលអ្នកឮក្នុងព្រះវិហារខ្លះឬក្នុងកម្មវិធីទូរទស្សន៍សាសនាទេ។ ព្រះគម្ពីរចែងប្រាប់យើងអំពីគ្រីស្ទានដែលបានបោះបង់ចោល«ផ្លូវទៀងត្រង់»។ (ពេត្រុសទី២ ២:១, ១៥) ដូច្នេះ យើងត្រូវការ‹បង្ហើយសេចក្ដីសង្គ្រោះរបស់យើង ដោយកោតខ្លាច ហើយញាប់ញ័រចុះ›។—ភីលីព ២:១២; ពេត្រុសទី២ ២:២០
តើនេះជាវិធីដែលគ្រីស្ទានក្នុងសតវត្សទីមួយបានយល់អំពីរឿងនេះឬ ជាបណ្ដាជនដែលបានឮព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បង្រៀន? ត្រូវហើយ ពួកគេដឹងថាពួកគេត្រូវធ្វើអ្វីមួយ។ ព្រះយេស៊ូមានបន្ទូលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
ពីរខែក្រោយមក បន្ទាប់ពីព្រះយេស៊ូមានបន្ទូលអំពីនេះ គ្រាន់តែក្នុងមួយថ្ងៃមានមនុស្សចំនួន៣.០០០នាក់បានជ្រមុជទឹក។ ចំនួនអ្នកជំនឿបានកើនឡើងយ៉ាងលឿនដល់៥.០០០នាក់។ អស់ពួកអ្នកដែលជឿបានបង្រៀនអ្នកដទៃទៀត។ កាលដែលការបៀតបៀនធ្វើឲ្យគេរត់ខ្ចាត់ខ្ចាយ នេះគ្រាន់តែធ្វើឲ្យគេពង្រីកសាររបស់គេតែប៉ុណ្ណោះ។ ព្រះគម្ពីរចែងថា មិនគ្រាន់តែមានមេដឹកនាំបន្ដិចទេ តែ«អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល»។ ដូច្នេះ ប្រមាណ៣០ឆ្នាំក្រោយមក សាវ័កប៉ុលអាចសរសេរថាដំណឹងល្អ«បានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។—កិច្ចការ ២:៤១; ៤:៤; ៨:៤; កូល៉ុស ១:២៣
ប៉ុលមិនបានធ្វើឲ្យមនុស្សផ្លាស់សាសនា ដូចពួកគ្រូផ្សាយតាមទូរទស្សន៍ខ្លះបានធ្វើ ដោយនិយាយថា៖ ‹ចូរទទួលព្រះយេស៊ូឥឡូវនេះទៅ រួចអ្នកនឹងបានសង្គ្រោះជារៀងរហូត›។ រួចគាត់ក៏មិនមានការទុកចិត្តដូចបព្វជិតជនជាតិអាមេរិកាំងម្នាក់ ដែលបានសរសេរថា៖ «ជាក្មេងប្រុសជំទង់ . . . ខ្ញុំបានសង្គ្រោះរួចទៅហើយ»។ ជាង២០ឆ្នាំក្រោយពីព្រះយេស៊ូបានរើសយកប៉ុលផ្ទាល់ ដើម្បីឲ្យផ្សាយសារគ្រីស្ទានដល់មនុស្សនៃសាសន៍ទាំងឡាយ សាវ័កដែលខំប្រឹងធ្វើការនេះ បានសរសេរថា៖ «ខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ»។—កូរិនថូសទី១ ៩:២៧; កិច្ចការ ៩:៥, ៦, ១៥
សេចក្ដីសង្គ្រោះជាអំណោយទទេដែលព្រះប្រទានឲ្យ។ គឺមិនអាចទិញបានឡើយ។ ប៉ុន្តែ នេះត្រូវការការខំប្រឹងប្រែងពីយើង។ បើសិនជាបុគ្គលម្នាក់ឲ្យអំណោយដ៏មានតម្លៃមួយមកអ្នក ហើយអ្នកមិនបង្ហាញអំណរគុណពេលទទួលយកនោះ គាត់ប្រហែលជាឲ្យទៅបុគ្គលម្នាក់ទៀត ដោយសារតែអ្នកឥតមានអំណរគុណចំពោះអំណោយនេះ។ បើដូច្នេះ តើលោហិតរបស់ព្រះយេស៊ូគ្រីស្ទមានតម្លៃយ៉ាងណាដែរ? នេះជាអំណោយទទេ ប៉ុន្តែយើងត្រូវតែបង្ហាញអំណរគុណចំពោះអំណោយនេះ។
គ្រីស្ទានពិតអាចនៅក្នុងស្ថានភាពនៃការសង្គ្រោះបាន បើពួកគេមានជំហរដែលព្រះយល់ព្រម។ ជាក្រុម សេចក្ដីសង្គ្រោះរបស់គេគឺប្រាកដណាស់។ ជាបុគ្គលម្នាក់ៗ ពួកគេត្រូវតែបំពេញតម្រូវរបស់ព្រះ។ ប៉ុន្តែ យើងក៏អាចមានបរាជ័យបានដែរ ដ្បិតព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ»។—យ៉ូហាន ១៥:៦
ព្រះបានបណ្ដាលឲ្យសាវ័កប៉ុលសរសេរថា«បន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២»។ (ហេព្រើរ ៤:១២) វាអាចកែប្រែជីវិតមនុស្សជាច្រើនទៀតផង។ វាអាចជំរុញទឹកចិត្តអ្នកឲ្យប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ជំនឿ និងការគោរពតាម។ ប៉ុន្តែ អ្នកត្រូវតែធ្វើច្រើនជាងនេះ មិនគ្រាន់«ទទួលយក»ក្នុងគំនិតនូវអ្វីដែលព្រះគម្ពីរចែងនោះទេ។ ចូរសិក្សាព្រះគម្ពីរឲ្យបានលើកទឹកចិត្តចុះ។ ចូរឲ្យប្រាជ្ញាព្រះគម្ពីរណែនាំអ្នក។ មានស្មរបន្ទាល់ព្រះយេហូវ៉ាដ៏ស្ម័គ្រចិត្តប្រហែល៥.០០០.០០០នាក់ ដែលរស់នៅក្នុងជាង២៣០ប្រទេស អាចជួយបង្រៀនព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ ដើម្បីឲ្យដឹងថាតើអ្នកអាចរៀនអ្វីខ្លះពីការសិក្សាបែបនេះ សូមសរសេរទៅអ្នកបោះពុម្ពនៃទស្សនាវដ្ដីនេះ។ ជំនឿនិងកម្លាំងខាងវិញ្ញាណដែលអ្នកនឹងទទួល ប្រាកដជាធ្វើឲ្យអ្នកសប្បាយចិត្តជាមិនខាន!
[កំណត់សម្គាល់]
a ក្នុងសៀវភៅរបស់នាង រដ្ឋណាត្ស៊ីនិងសាសនាថ្មី៖ ការសិក្សាក្ដីប្រាំដោយមិនឲ្យ-អនុលោមតាម អ្នកវិទ្យាសាស្ត្រ គ្រីស្ទាន ឃីង រាយការណ៍ថា៖ «មួយភាគពីរនៃស្មរបន្ទាល់[ព្រះយេហូវ៉ា]ជាតិអាឡឺម៉ង់ត្រូវបានចាប់ដាក់គុក មួយភាគបួនបានបាត់បង់ជីវិតរបស់គេ»។