បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៥ ទំ. ២២-២៧
  • យើងមានហេតុនឹងអរសប្បាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងមានហេតុនឹងអរសប្បាយ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រជា​រាស្ត្រ​ដែល​ត្រូវ​ការ​ការ​អរ​សប្បាយ
  • ការ​មាន​ចិត្ត​រីករាយ​ទៅ​លើ​ស្ថានការណ៍​ប្រែប្រួល​មួយ
  • ការ​ធ្វើ​ឲ្យ​ស្រុក​នោះ​ដូច​សួន​មនោរម្យ
  • ចូរអរសប្បាយឥឡូវនេះនិងជានិរន្ដរ៍
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើមានសួនមនោរម្យសំរាប់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៥ ទំ. ២២-២៧

យើង​មាន​ហេតុ​នឹង​អរ​សប្បាយ

«គេ​នឹង​បាន​សេចក្ដី​ត្រេកអរ នឹង​សេចក្ដី​រីករាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ»។—អេសាយ ៣៥:១០

១. ជា​ពិសេស តើ​ពួក​ណា​មាន​ហេតុ​នឹង​អរ​សប្បាយ​ក្នុង​សព្វ​ថ្ងៃ​នេះ?

សព្វ​ថ្ងៃ​នេះ លោក​អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​មនុស្ស​តិច​ណាស់​ដែល​មាន​អំណរ​ពិត​ប្រាកដ។ ប៉ុន្តែ ជា​ពួក​គ្រីស្ទាន​ពិត ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អំណរ។ ហើយ​មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​នៅ​ឡើយ ក៏​មាន​សេចក្ដី​សង្ឃឹម​នឹង​ទទួល​អំណរ​នេះ​ដែរ គឺ​ទាំង​ក្មេង​ទាំង​ចាស់​ដែល​ចូល​រួបរួម​ជា​មួយ​ពួក​ស្មរបន្ទាល់។ ហេតុ​ដែល​អ្នក​ឥឡូវ​នេះ​កំពុង​តែ​អាន​ពាក្យ​ទាំង​នេះ​ក្នុង​ទស្សនាវដ្ដី​នេះ បង្ហាញ​ថា អ្នក​មាន​អំណរ​ទៅ​ហើយ ឬ​ប្រហែល​ជា​អាច​ទទួល​អំណរ​បាន។

២. តើ​អំណរ​របស់​ពួក​គ្រីស្ទាន​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​ស្ថានភាព​ទូទៅ​របស់​មនុស្ស​ជា​ច្រើន?

២ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ជីវិត​របស់​គេ​ដូច​ជា​ខ្វះ​អ្វី​មួយ។ ចុះ​អ្នក​យល់​ឃើញ​យ៉ាង​ណា​ដែរ? ពិត​មែន​ហើយ អ្នក​ប្រហែល​ជា​មិន​មាន​វត្ថុ​ប្រើ​ប្រាស់​ច្រើន​គ្រប់​មុខ ដូច​ពួក​មហា​សេដ្ឋី​និង​ពួក​អ្នក​មាន​អំណាច​ខ្លាំង​ក្លា។ ហើយ​អ្នក​ប្រហែល​ជា​ចង់​បាន​សុខភាព​ល្អ​និង​កម្លាំង​ច្រើន​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​អំណរ យើង​អាច​និយាយ​បាន​ដោយ​ឥត​ញញើត​ថា លោក​អ្នក​មាន​ច្រើន​និង​ល្អ​ជាង​មនុស្ស​រាប់​រយ​កោដិ​លើ​ផែនដី​នេះ​ទៅ​ទៀត។ តើ​យ៉ាង​ណា​ទៅ?

៣. តើ​មាន​ពាក្យ​ដ៏​ខ្លឹមសារ​អ្វី​ដែល​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ហេតុ​អ្វី?

៣ សូម​នឹក​ដល់​ពាក្យ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង»។ (យ៉ូហាន ១៥:១១) «សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង» គឺ​ជា​ការ​រៀប​រាប់​ដ៏​ប្រសើរ​មែន! ការ​សិក្សា​ជ្រៅ​ជ្រះ​អំពី​ជីវភាព​រស់​នៅ​គ្រីស្ទាន​បង្ហាញ​ឲ្យ​ឃើញ​ហេតុ​ជា​ច្រើន​ចំពោះ​ការ​ឲ្យ​អំណរ​របស់​យើង​បាន​ពោរពេញ។ តែ​ឥឡូវ​នេះ ចូរ​កត់​សម្គាល់​ពាក្យ​ដ៏​ខ្លឹមសារ​នៅ​អេសាយ ៣៥:១០។ នេះ​ជា​ពាក្យ​ដ៏​ខ្លឹមសារ​ពីព្រោះ​វា​ទាក់ទង​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​អាន​ថា​៖ «ឯ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេកអរ នឹង​សេចក្ដី​រីករាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ»។

៤. តើ​អេសាយ ៣៥:១០ ចែង​អំពី​អំណរ​ប្រភេទ​ណា ហើយ​ហេតុ​អ្វី​ក៏​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នេះ?

៤ «មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់កល្ប​ជានិច្ច»។ ឃ្លា​«ដ៏​នៅ​អស់កល្ប​ជានិច្ច» ជា​ការ​បកប្រែ​ដ៏​ត្រឹម​ត្រូវ​ចំពោះ​អ្វីៗ​ដែល​អេសាយ​បាន​សរសេរ​មក​ជា​ភាសា​ហេព្រើរ។ ប៉ុន្តែ យោង​ទៅ​តាម​គម្ពីរ​ឯ​ទៀត អត្ថន័យ​ក្នុង​ខ​នេះ​គឺ​«ជា​និរន្តរ៍»។ (ទំនុកដំកើង ៤៥:៦; ៩០:២; អេសាយ ៤០:២៨) ដូច្នេះ ការ​អរ​សប្បាយ​នឹង​គ្មាន​ទីបញ្ចប់​ឡើយ ក្នុង​ស្ថានការណ៍​ដែល​នឹង​អនុញ្ញាត​ឲ្យ​—ត្រូវ​ហើយ ដែល​នឹង​សម​ត្រឹម​ត្រូវ—ជា​ការ​អរ​សប្បាយ​ដ៏​នៅ​អស់កល្ប​ជានិច្ច។ តើ​នេះ​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ទេ​ឬ? ប្រហែល​ជា​ខ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ជា​ការ​ថ្លែង​អំពី​ស្ថានភាព​អរូបី​មួយ ហើយ​ធ្វើ​ឲ្យ​អ្នក​គិត​ថា​៖ ‹ការ​នេះ​ពិត​ជា​មិន​ទាក់ទង​ខ្ញុំ ស្មើ​ដល់​បញ្ហា​និង​កង្វល់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ឡើយ›។ ប៉ុន្តែ ការណ៍​ពិត​សម្ដែង​ឲ្យ​ឃើញ​ផ្ទុយ​ទៅ​វិញ។ ទំនាយ​សន្យា​នៅ​អេសាយ ៣៥:១០ មាន​អត្ថន័យ​ខ្លឹមសារ​ចំពោះ​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ។ ដើម្បី​ស្វែង​រក​ពី​របៀប​យ៉ាង​ណា ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​ជំពូក​ដ៏​ប្រសើរ​នេះ អេសាយ​ជំពូក៣៥ ដោយ​កត់​ទុក​ផ្នែក​និមួយៗ​ក្នុង​បរិបទ។ លោក​អ្នក​នឹង​អរ​សប្បាយ​នូវ​អ្វីៗ​ដែល​យើង​រក​ឃើញ​ជា​មិនខាន។

ប្រជា​រាស្ត្រ​ដែល​ត្រូវ​ការ​ការ​អរ​សប្បាយ

៥. តើ​ទំនាយ​នៅ​អេសាយ ជំពូក៣៥ មាន​ព្រឹត្ដិការណ៍​ជុំវិញ​ណា​ខ្លះ?

៥ ដើម្បី​ជា​ជំនួយ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ជុំវិញ ប្រវត្ដិ​នៃ​ទំនាយ​ដ៏​អស្ចារ្យ​នេះ។ ព្យាការីអេសាយ​បាន​កត់​ទុក​ទំនាយ​នេះ​ប្រហែល​ក្នុង​ឆ្នាំ​៧៣២ ម.ស.យ.។ នេះ​គឺ​ជា​ច្រើន​ទសវត្ស​មុន​កងទ័ព​បាប៊ីឡូន​បាន​បំផ្លាញ​យេរូសាឡិម។ ដូច​ជា​អេសាយ ៣៤:១, ២ បង្ហាញ​មក ព្រះ​បាន​ទាយ​ទុក​ថា ទ្រង់​នឹង​សងសឹក​ដល់​ពួក​សាសន៍​ទាំង​ឡាយ ដូច​ជា​ស្រុក​អេដំម ដែល​បាន​ចែង​ប្រាប់​ក្នុង​អេសាយ ៣៤:៦។ ដូច​ជា​បាន​ឃើញ​មក​ស្រាប់ ទ្រង់​បាន​ប្រើ​ពួក​បាប៊ីឡូន​ពី​បុរាណ​ដើម្បី​សម្រេច​ការ​នេះ។ ស្រដៀង​គ្នា​ដែរ ព្រះ​បាន​ប្រើ​ពួក​បាប៊ីឡូន​ឲ្យ​កំទេច​យូដា ពីព្រោះ​ពួក​យូដា​ពុំ​បាន​នៅ​ស្មោះ​ត្រង់។ ជា​លទ្ធផល ប្រជា​រាស្ត្រ​របស់​ព្រះ​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង ហើយ​មាតុភូមិ​របស់​គេ​បាន​នៅ​ទទេ​ល្ហល្ហេវ​រវាង៧០ឆ្នាំ។—របាក្សត្រទី២ ៣៦:១៥​-​២១

៦. តើ​មាន​ភាព​ខុស​គ្នា​ណា​ខ្លះ​រវាង​អ្វីៗ​ដែល​នឹង​មាន​មក​លើ​ពួក​អេដំម​និង​អ្វី​ដែល​នឹង​មាន​មក​លើ​ពួក​យូដា?

៦ ប៉ុន្តែ មាន​ភាព​ខុស​គ្នា​ច្រើន​រវាង​ពួក​អេដំម​និង​ពួក​យូដា។ ពៀរ​របស់​ព្រះ​មក​លើ​ពួក​អេដំម​នោះ​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​យូរៗ​ទៅ ជា​ប្រជា​រាស្ត្រ​មួយ ពួក​គេ​ក៏​បាន​បាត់បង់​អស់​ទៅ។ មែន​ហើយ សព្វ​ថ្ងៃ​នេះ អ្នក​អាច​ទៅ​លេង​ទី​បាក់​បែក​ល្ហល្ហេវ​នេះ ដែល​ជា​កន្លែង​ពួក​អេដំម​ធ្លាប់​រស់​នៅ ដូច​ជា​សំណល់​នៃ​ក្រុង​ផេត្រា​ដ៏​ល្បី​ល្បាញ​ពេញ​ពិភពលោក។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គ្មាន​សាសន៍​ណា​មួយ ឬ​ប្រជា​រាស្ត្រ​ណា​ដែល​អាច​សម្គាល់​បាន​ជា‹ពួក​អេដំម›ទេ។ ផ្ទុយ​ទៅ​វិញ តើ​ការ​បំផ្លាញ​យូដា​ដោយ​ពួក​បាប៊ីឡូន​ជា​ការ​មាន​រៀងរហូត ដែល​ទុក​ឲ្យ​ស្រុក​នោះ​ឥត​មាន​អំណរ​ជា​រហូត​ត​ទៅ​ឬ?

៧. តើ​ពួក​ឈ្លើយ​យូដា​នៅ​បាប៊ីឡូន​បាន​តប​ឆ្លើយ​យ៉ាង​ណា តាម​ទំនាយ​អេសាយ ជំពូក៣៥?

៧ ទំនាយ​ដ៏​អស្ចារ្យ​ក្នុង​អេសាយ ជំពូក៣៥ មាន​ខ្លឹម​សា​ដ៏​ជា​ទី​រំភើប​ចិត្ត។ នេះ​អាច​ហៅ​ជា​ទំនាយ​នៃ​ការ​ស្ថាបនា​ឡើង​វិញ ដ្បិត​ទំនាយ​នេះ​បាន​សម្រេច​ជា​លើក​ទី​មួយ កាល​ដែល​ពួក​យូដា​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ​ក្នុង​ឆ្នាំ​៥៣៧ ម.ស.យ.។ ពួក​អ៊ីស្រាអែល​ដែល​បាន​ចាប់​យក​ទៅ​ស្រុក​បាប៊ីឡូន ត្រូវ​បាន​គេ​ឲ្យ​សេរីភាព​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​គេ​វិញ។ (អែសរ៉ា ១:១​-​១១) ប៉ុន្តែ ទំរាំ​ដល់​ការណ៍​នេះ​បាន​កើត​ឡើង ពួក​ឈ្លើយ​យូដា​ក្នុង​ស្រុក​បាប៊ីឡូន​ដែល​បាន​ពិចារណា​ទំនាយ​នេះ ប្រហែល​ជា​ឆ្ងល់​អំពី​ស្ថានភាព​ក្នុង​យូដា​នឹង​ទៅ​ជា​យ៉ាង​ណា​ហើយ ដែល​ជា​ស្រុក​កំណើត​របស់​គេ។ ហើយ​តើ​ស្ថានភាព​អ្វី​ដែល​ពួក​គេ​នឹង​មាន? ចម្លើយ​នោះ​ជាប់​ទាក់ទង​ទៅ​លើ​មូលហេតុ​ដែល​យើង​ពិត​ជា​មាន​ហេតុ​នឹង​អរ​សប្បាយ។ ចូរ​ឲ្យ​យើង​ចាំ​មើល។

៨. តើ​ពួក​យូដា​នឹង​ជួប​ប្រទះ​ស្ថានភាព​បែប​ណា ពេល​ដែល​គេ​ត្រឡប់​មក​ពី​បាប៊ីឡូន​វិញ? (ប្រៀបធៀប អេសេគាល ១៩:៣​-​៦; ហូសេ ១៣:៨)

៨ ស្ថានការណ៍​នោះ​ហាក់បី​ដូច​ជា​មិន​ល្អ​ទេ​ចំពោះ​ពួក​យូដា ទោះបី​ជា​ពួក​គេ​បាន​ឮ​ថា គេ​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ​ក្ដី។ ស្រុក​របស់​គេ​គ្មាន​មនុស្ស​រស់​នៅ​អស់​រយៈ​ប្រាំ​ពីរ​ទសវត្ស គឺ​មួយ​ជីវិត​ទៅ​ហើយ។ តើ​អ្វី​បាន​កើត​ឡើង​ដល់​ស្រុក​នោះ? ចំការ​ណា​មួយ ដូច​ជា​ចំការ​ទំពាំង​បាយ ឬ​ចំការ​ផ្លែ​ឈើ នឹង​បាន​ទៅ​ជា​វាល​ល្ហល្ហេវ។ វាល​ស្រែ ឬ​ដី​ដែល​មាន​ប្រឡាយ​ទឹក​ត្រឹម​ត្រូវ នឹង​ទៅ​ជា​ដី​ឥត​ជីជាតិ​ឬ​វាល​ខ្សាច់។ (អេសាយ ២៤:១, ៤; ៣៣:៩; អេសេគាល ៦:១៤) ចូរ​គិត​ផង​ដែរ​អំពី​សត្វ​ព្រៃ​ទាំង​ឡាយ​ដែល​មក​រស់​នៅ​ទី​នោះ។ នេះ​មាន​ពពួក​សត្វ​ដែល​ស៊ី​សាច់​ជា​អាហារ ដូច​ជា​សត្វ​សិង្ហ​និង​ខ្លារខិន។ (ពង្សាវតារក្សត្រទី១ ១៣:២៤​-​២៨; ពង្សាវតារក្សត្រទី២ ១៧:២៥, ២៦; បទ​ចំរៀង​សាឡូម៉ូន ៤:៨) ហើយ​ក៏​មាន​សត្វ​ខ្លាឃ្មុំ ដែល​មាន​សមត្ថភាព​សម្លាប់​មនុស្ស​ប្រុស មនុស្ស​ស្រី ឬ​ក្មេង​បាន។ (សាំយូអែលទី១ ១៧:៣៤​-​៣៧; ពង្សាវតារក្សត្រទី២ ២:២៤; សុភាសិត ១៧:១២) ហើយ​យើង​សឹង​តែ​មិន​ចាំបាច់​ប្រាប់​អំពី​ពស់​វែក និង​ពស់​ដែល​មាន​ពិស​ឯ​ទៀត ឬ​ខ្យាដំរី​ទេ។ (លោកុប្បត្តិ ៤៩:១៧; ចោទិយកថា ៣២:៣៣; យ៉ូប ២០:១៦; ទំនុកដំកើង ៥៨:៤; ១៤០:៣; លូកា ១០:១៩) បើសិន​ជា​អ្នក​បាន​នៅ​ជា​មួយ​ពួក​យូដា ដែល​ត្រឡប់​មក​ពី​ស្រុក​បាប៊ីឡូន​ក្នុង​ឆ្នាំ​៥៣៧ ម.ស.យ. អ្នក​ប្រហែល​ជា​មាន​ចិត្ត​ស្ទាក់ស្ទើរ​នឹង​ដើរ​ក្នុង​កន្លែង​នោះ​ហើយ។ កន្លែង​នោះ​មិន​មែន​ជា​សួន​មនោរម្យ​ទេ កាល​ដែល​ពួក​គេ​បាន​មក​វិញ។

៩. តើ​ពួក​អ្នក​ត្រឡប់​មក​វិញ​មាន​មូលដ្ឋាន​អ្វី​ចំពោះ​សេចក្ដី​សង្ឃឹម​និង​ការ​ទុក​ចិត្ត?

៩ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​នាំ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​ឲ្យ​ត្រឡប់​មក​ស្រុក​គេ​វិញ ហើយ​ទ្រង់​មាន​សមត្ថភាព​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ដ៏​សោះ​កក្រោះ​នេះ​ដូច​ដើម​វិញ។ តើ​អ្នក​មិន​ជឿ​ថា ព្រះ​អាទិទេព​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​ទេ​ឬ? (យ៉ូប ៤២:២; យេរេមា ៣២:១៧, ២១, ២៧, ៣៧, ៤១) ដូច្នេះ តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ខ្លះ—តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ—សំរាប់​ពួក​យូដា​ដែល​ត្រឡប់​មក​វិញ និង​សំរាប់​ស្រុក​របស់​គេ​នោះ? តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា មក​លើ​ប្រជា​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​ថ្មី​នេះ ហើយ​មក​លើ​ស្ថានការណ៍​របស់​អ្នក—នៅ​បច្ចុប្បន្ន​នេះ​និង​នៅ​អនាគត? ជា​មុន​ដំបូង ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​គ្រា​នោះ​សិន។

ការ​មាន​ចិត្ត​រីករាយ​ទៅ​លើ​ស្ថានការណ៍​ប្រែប្រួល​មួយ

១០. តើ​អេសាយ ៣៥:១, ២ បាន​ទាយ​អំពី​ការ​ប្រែប្រួល​អ្វី?

១០ តើ​នឹង​មាន​អ្វី​កើត​ឡើង ពេល​ដែល​ស៊ីរូស​បាន​អនុញ្ញាត​ឲ្យ​ពួក​យូដា​វិល​ត្រឡប់​ទៅ​ស្រុក​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​វិញ? ចូរ​អាន​ទំនាយ​ដ៏​រំភើប​នេះ​ក្នុង​អេសាយ ៣៥:១, ២​៖ «ទី​រហោ​ស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីករាយ​ដោយ​សេចក្ដី​អំណរ​នឹង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុង​រឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិ​រី​ល្អ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​រុង​រឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា»។

១១. តើ​អេសាយ​បាន​លើក​យក​មក​រៀប​រាប់​អ្វី​ខ្លះ​អំពី​ស្រុក​នោះ?

១១ ក្នុង​សម័យ​ព្រះ​គម្ពីរ ល្បាណូន កើមែល និង​សារ៉ុន បាន​ល្បី​ឈ្មោះ​ដោយសារ​សោភ័ណភាព​ដ៏​ខៀវ​ស្រងាត់។ (របាក្សត្រទី១ ៥:១៦; ២៧:២៩; របាក្សត្រទី២ ២៦:១០; បទ​ចំរៀង​សាឡូម៉ូន ២:១; ៤:១៥; ហូសេ ១៤:៥​-​៧) ដោយ​មាន​ជំនួយ​ពី​ព្រះ អេសាយ​បាន​លើក​យក​ឧទាហរណ៍​ទាំង​នោះ មក​រៀប​រាប់​ប្រាប់​អំពី​ស្រុក​ដែល​បាន​ប្រែប្រួល​ទៅ​មាន​សភាព​ដូច​នេះ។ ប៉ុន្តែ តើ​មាន​លទ្ធផល​ល្អ​តែ​លើ​ដី​នោះ​ឬ? មិន​មែន​ទេ!

១២. ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា ទំនាយ​នៅ​អេសាយ ជំពូក៣៥ សំដៅ​ទៅ​លើ​មនុស្ស?

១២ អេសាយ ៣៥:២ ចែង​ប្រាប់​អំពី​ស្រុក​ដែល​«នឹង​រីករាយ​ដោយ​សេចក្ដី​អំណរ​នឹង​បទ​ចំរៀង»។ យើង​ដឹង​ថា ដី​និង​រុក្ខជាតិ​មិន​ចេះ​«រីករាយ​ដោយ​សេចក្ដី​អំណរ»​ទេ។ តែ ការ​ប្រែប្រួល​ទៅ​ជា​ដី​មាន​ជីជាតិ​និង​ផលិត​បាន​ផល​ច្រើន អាច​បណ្ដាល​ឲ្យ​ប្រជាជន​មាន​អារម្មណ៍​ដូច​នេះ។ (លេវីវិន័យ ២៣:៣៧​-​៤០; ចោទិយកថា ១៦:១៥; ទំនុកដំកើង ១២៦:៥, ៦; អេសាយ ១៦:១០; យេរេមា ២៥:៣០; ៤៨:៣៣) ការ​ប្រែប្រួល​មែន​ទែន​ក្នុង​ស្រុក​នោះ​គឺ​ស្មើ​នឹង​ការ​ប្រែប្រួល​ក្នុង​មនុស្ស ដ្បិត​មនុស្ស​ជា​ទី​សំខាន់​បំផុត​នៃ​ទំនាយ​នេះ។ ម្ល៉ោះ​ហើយ​បាន​ជា​យើង​មាន​ហេតុ​នឹង​យល់​ពាក្យ​អេសាយ​នេះ សំដៅ​ទៅ​លើ​តែ​ការ​ប្រែប្រួល​ក្នុង​ពួក​យូដា​ដែល​ត្រឡប់​មក​វិញ ជា​ពិសេស​ការ​សប្បាយ​រីករាយ​របស់​គេ។

១៣, ១៤. តើ​អេសាយ ៣៥:៣, ៤ បាន​ទាយ​អំពី​ការ​ប្រែប្រួល​អ្វី​ក្នុង​មនុស្ស?

១៣ ដោយ​ហេតុ​នេះ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​ត​ទៅ​ទៀត​នូវ​ទំនាយ​ដ៏​រំភើប​ចិត្ត​នេះ ដើម្បី​ស្វែង​រក​ពី​របៀប​ដែល​វា​បាន​សម្រេច​ក្រោយ​ពី​ការ​រំដោះ​ពួក​យូដា​និង​ការ​វិល​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន។ ក្នុង​ខ៣​និង​ខ៤ អេសាយ​និយាយ​អំពី​ការ​ប្រែប្រួល​ផ្សេង​ទៀត​ក្នុង​ពួក​អ្នក​ត្រឡប់​មក​វិញ​ទាំង​នោះ​៖ «ចូរ​ចំរើន​កំឡាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា​៖ ‹ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក​ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា› »។

១៤ ព្រះ​របស់​យើង ដែល​ទ្រង់​អាច​ធ្វើ​ឲ្យ​ដី​សោះ​កក្រោះ​មាន​ស្ថានភាព​ដូច​ដើម​វិញ តើ​នេះ​មិន​ជា​ការ​លើក​ទឹក​ចិត្ត​ទេ​ឬ ដែល​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​នោះ? ទ្រង់​មិន​ចង់​ឲ្យ​ពួក​ឈ្លើយ​យូដា​ទៅ​ជា​ទន់ខ្សោយ បាក់​ទឹក​ចិត្ត ឬ​ព្រួយ​ចិត្ត​អំពី​អនាគត​ឡើយ។ (ហេព្រើរ ១២:១២) ចូរ​គិត​អំពី​ស្ថានភាព​នៃ​ពួក​ឈ្លើយ​យូដា​ទាំង​នោះ។ បើ​គ្មាន​សេចក្ដី​សង្ឃឹម​ដែល​គេ​ទទួល​ពី​ទំនាយ​ទាំង​ឡាយ​របស់​ព្រះ​អំពី​អនាគត​របស់​គេ​ទេ ពួក​គេ​មុខ​ជា​ពិបាក​កាន់​គំនិត​សុទិដ្ឋិ​និយម។ គឺ​ហាក់បី​ដូច​ជា​ពួក​គេ​ស្ថិត​នៅ​ក្នុង​គុក​ងងឹត​មួយ ដោយ​គ្មាន​សិទ្ធិ​ចេញ​ចូល​និង​សកម្ម​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ចំពោះ​ពួក​គេ នេះ​ហាក់បី​ដូច​ជា​គ្មាន​ពន្លឺ​សោះ​នៅ​អនាគត។—ប្រៀបធៀប ចោទិយកថា ២៨:២៩; អេសាយ ៥៩:១០

១៥, ១៦. (ក) តើ​យើង​អាច​សន្និដ្ឋាន​ថា ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​សំរាប់​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ? (ខ) ហើយ​អ្វី​ក៏​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ មិន​សង្ឃឹម​ថា​នឹង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ដល់​រូប​កាយ​ដោយ​អព្ភូតហេតុ តែ​តើ​ព្រះ​បាន​ធ្វើ​អ្វី​ដែល​ស្រប​តាម​អេសាយ ៣៥:៥, ៦?

១៥ ប៉ុន្តែ ការ​នេះ​បាន​ប្រែប្រួល​ទាំង​អស់ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ស៊ីរូស​ដោះ​លែង​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ! ក្នុង​ព្រះ​គម្ពីរ គ្មាន​ភស្តុតាង​ណា​ដែល​បាន​បង្ហាញ​ថា នៅ​គ្រា​នោះ​ព្រះ​បាន​ប្រោស​ជន​យូដា​ណា​ដែល​ខ្វាក់​ភ្នែក​ឲ្យ​ជា នៅពេល​ដែល​គេ​បាន​ត្រឡប់​មក​វិញ ឬក៏​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ឮ ឬ​ប្រោស​ឲ្យ​ជា​ដល់​ជន​ពិការ​នៅ​គ្រា​នោះ​ឡើយ។ តែ​ទ្រង់​បាន​ធ្វើ​អ្វី​ដែល​មាន​ភាព​ធំ​ជាង​នោះ​ទៅ​ទៀត។ ទ្រង់​បាន​ឲ្យ​ពួក​គេ​នូវ​ពន្លឺ​និង​សេរីភាព​នៃ​ស្រុក​ដ៏​ជា​ទី​ស្រឡាញ់​របស់​គេ​វិញ។

១៦ គ្មាន​ភស្តុតាង​អ្វី​បង្ហាញ​ថា ពួក​អ្នក​ត្រឡប់​មក​វិញ​បាន​សង្ឃឹម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រោស​ពួក​គេ​ឲ្យ​ជា​ដោយ​អព្ភូតហេតុ​ឡើយ។ ពួក​គេ​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ថា ព្រះ​មិន​បាន​ធ្វើ​យ៉ាង​នេះ​ដល់​អ៊ីសាក សាំសុន ឬ អេលី​ទេ។ (លោកុប្បត្តិ ២៧:១; ពួក​ចៅហ្វាយ ១៦:២១, ២៦​-​៣០; សាំយូអែលទី១ ៣:២​-​៨; ៤:១៥) ប៉ុន្តែ បើ​ពួក​គេ​សង្ឃឹម​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​របស់​គេ​ដូច​ដើម​វិញ បើ​និយាយ​ជា​អត្ថបដិរូប នោះ​ពួក​នឹង​មិន​ខក​ចិត្ត​ឡើយ។ ពិត​មែន​ហើយ បើ​និយាយ​ជា​អត្ថបដិរូប ខ៥ និង​ខ៦ បាន​សម្រេច​យ៉ាង​អស្ចារ្យ។ អេសាយ​បាន​ទាយ​ទុក​ជា​មុន​ដ៏​ត្រឹម​ត្រូវ​ថា​៖ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង»។

ការ​ធ្វើ​ឲ្យ​ស្រុក​នោះ​ដូច​សួន​មនោរម្យ

១៧. តើ​ព្រះ​យេហូវ៉ា​បាន​នាំ​មក​ឲ្យ​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ?

១៧ ពួក​អ្នក​ត្រឡប់​មក​វិញ​ទាំង​នោះ​ប្រាកដ​ជា​មាន​ហេតុ​នឹង​ច្រៀង​ឡើង​ដោយ​រីករាយ អំពី​ស្ថានភាព​ដែល​អេសាយ​បាន​រៀប​រាប់​ទៀត​ថា​៖ «ដ្បិត​នៅ​ទី​រហោ​ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ។ ខ្សាច់​ដែល​ក្ដៅ​ព្រាចៗ នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួតហែង​នឹង​មាន​ក្បាល​ទឹក​ហូរ។ នៅ​ត្រង់​ទីលំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស នឹង​កក់​ផង»។ (អេសាយ ៣៥:៦​ខ, ៧) ថ្វី​បើ​យើង​មិន​អាច​មើល​ឃើញ​តំបន់​នោះ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ទាំង​មូល​សព្វ​ថ្ងៃ​នេះ​ក្ដី ភស្តុតាង​បង្ហាញ​ថា តំបន់​ដែល​ធ្លាប់​ជា​ស្រុក​យូដា​ពីដើម គឺ​ជា «វាល​ស្មៅ​មនោរម្យ»។a

១៨. តើ​យូដា​ដែល​ត្រឡប់​មក​វិញ បាន​តប​ឆ្លើយ​យ៉ាង​ណា​នឹង​ពរ​របស់​ព្រះ?

១៨ ចំពោះ​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ ចូរ​គិត​ដល់​ពួក​សំណល់​យូដា តើ​គេ​បាន​មាន​អារម្មណ៍​យ៉ាង​ណា កាល​ដែល​គេ​ត្រឡប់​មក​ស្រុក​សន្យា​វិញ​នោះ! ពួក​គេ​មាន​ឱកាស​យក​ស្រុក​ល្ហល្ហេវ​នោះ ដែល​មាន​ឆ្កែ​ព្រៃ​និង​សត្វ​ឯ​ទៀត​រស់​នៅ ហើយ​កសាង​វា​ឡើង​វិញ។ តើ​អ្នក​មិន​មាន​អំណរ​ធ្វើ​ការ​កសាង​នោះ​ទេ​ឬ បើសិន​ជា​អ្នក​ដឹង​ថា ព្រះ​នឹង​ប្រ​ទាន​ពរ​ដល់​ការ​ខំ​ខ្នះខ្នែង​របស់​អ្នក​នោះ?

១៩. តើ​ក្នុង​ន័យ​អ្វី ដែល​ការ​ត្រឡប់​មក​ពី​ការ​ជាប់​ឃុំ​ឃាំង​នៅ​បាប៊ីឡូន​មាន​លក្ខខណ្ឌ?

១៩ ប៉ុន្តែ ពួក​ឈ្លើយ​យូដា​គ្រប់ៗ​គ្នា​មិន​អាច ឬ​មិន​បាន​ត្រឡប់​មក​ចូល​រួម​ក្នុង​កិច្ច​កាក​សាង​ដ៏​រីករាយ​នោះ​ទេ។ ព្រះ​បាន​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ។ អស់​អ្នក​ណា​ដែល​ប្រឡូក​ប្រឡាក់​នឹង​ទំលាប់​សាសនា​ពាហិរជន ពុំ​មាន​សិទ្ធិ​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ។ (ដានីយ៉ែល ៥:១, ៤, ២២, ២៣; អេសាយ ៥២:១១) ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដោយ​ល្ងីល្ងើ នោះ​ក៏​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​ដែរ។ មនុស្ស​ទាំង​នេះ​ត្រូវ​បាន​គេ​ដក​សិទ្ធិ​ចេញ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​បំពេញ​លក្ខខណ្ឌ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទុក​ជា​បរិសុទ្ធ​ក្នុង​ន័យ​ខ្លះ អាច​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​បាន។ ពួក​គេ​អាច​ធ្វើ​ដំណើរ ហាក់បី​ដូច​ជា​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​សេចក្ដី​បរិសុទ្ធ។ លោក​អេសាយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ទៀត​នៅ​ខ៨ថា​៖ «ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​១ ជា​ផ្លូវ​ដែល​គេ​នឹង​ហៅ​ថា ‹ផ្លូវ​បរិសុទ្ធ› ពួក​មនុស្ស​ស្មោកគ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ នឹង​ទុក​សំរាប់​តែ​ពួក​អ្នក​ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​មនុស្ស​ដែល​ដើរ​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងីល្ងើ​ក៏​ដោយ គង់​តែ​មិន​វង្វេង​ដែរ»។

២០. តើ​ពួក​យូដា​មិន​ចាំបាច់​ខ្លាច​អ្វី កាល​ដែល​គេ​ត្រឡប់​មក​វិញ ហើយ​មាន​លទ្ធផល​អ្វី?

២០ ពួក​យូដា​ដែល​ត្រឡប់​ទៅ​វិញ ពុំ​ចាំបាច់​ខ្លាច​ការ​វាយ​ប្រហារ​ពី​ពួក​មនុស្ស​តិរច្ឆាន ឬ​ពី​ពួក​ចោរ​ប្លន់​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​នេះ​កើត​ដល់​ប្រជា​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​មក នៅ​តាម​ផ្លូវ​នោះ​ឡើយ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​មាន​សុទិដ្ឋិ​និយម​រីករាយ ហើយ​ដោយ​មាន​អនាគត​ដ៏​សប្បាយ។ ចូរ​កត់​សម្គាល់​អំពី​របៀប​ដែល​អេសាយ​បាន​រៀប​រាប់​សេចក្ដី​នោះ​ក្នុង​ទីបញ្ចប់​នៃ​ទំនាយ​នេះ​៖ «នឹង​គ្មាន​សិង្ហ​ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ ឯ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេកអរ នឹង​សេចក្ដី​រីករាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ»។—អេសាយ ៣៥:៩, ១០

២១. សព្វ​ថ្ងៃ​នេះ តើ​យើង​គួរ​តែ​ចាត់​ទុក​ការ​សម្រេច​នៃ​អេសាយ ជំពូក៣៥ដែល​បាន​កើត​រួច​ហើយ​នោះ យ៉ាង​ណា?

២១ នេះ​ជា​ការ​ពិពណ៌នា​ទំនាយ​ដ៏​ប្រសើរ​ម្ល៉េះ​ហ្ន៎! ប៉ុន្តែ យើង​មិន​គួរ​ចាត់​ទុក​រឿង​នេះ​គ្រាន់​តែ​ជា​ប្រវត្ដិសាស្ត្រ​ពី​អតីតកាល​ប៉ុណ្ណោះ​ទេ ដែល​ហាក់បី​ដូច​ជា​រឿង​ពីរោះ​ស្ដាប់​ដែល​គ្មាន​ប្រយោជន៍​អ្វី​ដល់​ស្ថានការណ៍ ឬ​អនាគត​របស់​យើង​នោះ។ ការ​ពិត​នោះ​គឺ​ថា ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​អស្ចារ្យ​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​របស់​ព្រះ​ក្នុង​សព្វ​ថ្ងៃ​នេះ ម្ល៉ោះ​ហើយ​វា​ពិត​ជា​ទាក់ទង​ដល់​យើង​គ្រប់ៗ​គ្នា។ វា​ផ្ដល់​ឲ្យ​យើង​នូវ​ហេតុ​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ការ​អរ​សប្បាយ។ ទិដ្ឋភាព​ទាំង​នេះ​ដែល​ជាប់​ទាក់ទង​ជីវិត​របស់​អ្នក​ឥឡូវ​នេះ ហើយ​នៅ​អនាគត នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a ពី​វិចារ​ណ៍​របស់​គាត់​អំពី​តំបន់​នោះ អ្នកប្រាជ្ញ​ខាង​កសិកម្ម​ម្នាក់ ឈ្មោះ​វូលធើ លូឌឺមីល (តំណាង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អ.ស.ប.) បាន​សន្និដ្ឋាន​ថា​៖ «ស្រុក​នេះ ពីដើម​ជា​វាល​ស្មៅ​មនោរម្យ»។ គាត់​បាន​បញ្ជាក់​ទៀត​ថា អាកាសធាតុ​នៅ​ទី​នោះ​ពុំ​បាន​ប្រែប្រួល​ច្រើន​ទេ «តាំង​ពី​សម័យ​រ៉ូម៉ាំង»​មក ហើយ ‹វាល​ខ្សាច់›ដែល​ពីដើម​ជា​ស្រុក​ដ៏​លូត​លាស់​មួយ គឺ​ជា​លទ្ធផល​នៃ​កិច្ចការ​របស់​មនុស្ស មិន​មែន​មក​ពី​ធម្មជាតិ​ទេ»។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​អេសាយ ជំពូក៣៥ បាន​សម្រេច​ជា​លើក​ទី​មួយ នៅ​ពេល​ណា?

◻ តើ​ការ​សម្រេច​លើក​ដំបូង​នៃ​ទំនាយ​នោះ មាន​លទ្ធផល​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​អេសាយ ៣៥:៥, ៦?

◻ តើ​ពួក​យូដា​ដែល​ត្រឡប់​មក​វិញ បាន​ពិសោធ​នូវ​ការ​ប្រែប្រួល​អ្វី​ក្នុង​ស្ថានការណ៍​និង​ស្រុក​របស់​គេ?

[រូបភាព​នៅ​ទំព័រ​២៣]

សំណង់​បាក់​បែក​នៃ​ក្រុង​ផេត្រា នៅ​កន្លែង​ដែល​ពួក​អេដំម​ធ្លាប់​រស់​នៅ

[អ្នក​ផ្ដល់​សិទ្ធិ]

Garo Nalbandian

[រូបភាព​នៅ​ទំព័រ​២៤]

កាល​ដែល​ពួក​យូដា​និរទេស ស្រុក​យូដា​ភាគ​ច្រើន​បាន​ក្លាយ​ទៅ​ជា​ទី​ហោរ​ស្ថាន ពោរពេញ​ទៅ​ដោយ​សត្វ​សាហាវ​ដូច​ជា​ខ្លាឃ្មុំ​និង​សត្វ​សិង្ហ

[អ្នក​ផ្ដល់​សិទ្ធិ]

Bear and Lion: Safari-Zoo of Ramat-Gan, Tel Aviv

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក