ចូរអរសប្បាយឥឡូវនេះនិងជានិរន្តរ៍
«ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ។ ដ្បិតមើល! អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ»។—អេសាយ ៦៥:១៨
១. តើការថ្វាយបង្គំពិតមានលទ្ធផលយ៉ាងណាមកលើបុគ្គលជាច្រើនសតវត្សមកនេះ?
ជាច្រើនសតវត្សកន្លងមក មនុស្សជាអនេកបានអរសប្បាយក្នុងការបំរើព្រះពិតតែមួយ ព្រះយេហូវ៉ា។ ដាវីឌជាបុគ្គលម្នាក់ដែលបានអរសប្បាយក្នុងការថ្វាយបង្គំពិត។ ព្រះគម្ពីរបានចែងមកថា កាលដែលហិបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាបានយកមកក្រុងយេរូសាឡិម «ដាវីឌនឹងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង»។ (សាំយូអែលទី២ ៦:១៥) អំណរបែបនេះក្នុងការបំរើព្រះយេហូវ៉ា មិនមែនគ្រាន់តែជាអ្វីនៅអតីតកាលទេ។ អ្នកក៏អាចទទួលបានដែរ។ ហើយបន្ដិចទៀត អ្នកអាចទទួលអំណរមួយភាគថ្មីជាមិនខាន!
២. ក្រៅពីការសម្រេចដំបូងនៃអេសាយ ជំពូក៣៥ និងពួកយូដាដែលវិលត្រឡប់មកវិញ តើពួកណាសព្វថ្ងៃនេះ ទាក់ទងនឹងការសម្រេចមួយទៀត?
២ ក្នុងអត្ថបទមុន យើងបានពិនិត្យមើលការសម្រេចលើកទីមួយនៃទំនាយដ៏អស្ចារ្យ ដែលបានចែងមកក្នុងអេសាយ ជំពូក៣៥។ យើងអាចហៅនេះជាទំនាយនៃការស្ថាបនាឡើងវិញ ពីព្រោះនេះជាអ្វីដែលបានកើតឡើងចំពោះពួកយូដាសម័យបុរាណ។ វាមានការសម្រេចដូចនេះដែរសម័យយើង។ តើយ៉ាងដូចម្ដេចទៅ? គឺព្រះយេហូវ៉ាបានទាក់ទងជាមួយអ៊ីស្រាអែលខាងវិញ្ញាណ ចាប់ផ្ដើមពីពួកសាវ័ករបស់ព្រះយេស៊ូនិងពួកឯទៀតនៅភិន្ដាកុស ឆ្នាំ៣៣ ស.យ.។ មានមនុស្សមួយចំនួនដែលបានតាំងឡើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ហើយបានទៅជាផ្នែកនៃអ្វីដែលសាវ័កប៉ុលហៅថា «អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦; រ៉ូម ៨:១៥-១៧) ចាំទេ ពេត្រុសទី១ ២:៩ ពួកគ្រីស្ទានទាំងនេះក៏ត្រូវបានហៅជា «ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ»។ ពេត្រុសបាននិយាយប្រាប់អំពីកិច្ចការដែលឲ្យទៅពួកអ៊ីស្រាអែលខាងវិញ្ញាណ៖ « ‹ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញឲ្យឃើញអស់ទាំងលក្ខណៈ›របស់ព្រះដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។
ការសម្រេចក្នុងសម័យយើងនេះ
៣, ៤. តើមានស្ថានការណ៍យ៉ាងណា កាលដែលអេសាយ ជំពូក៣៤ បានសម្រេចក្នុងសម័យថ្មីនេះ?
៣ មានគ្រាមួយនៅដើមសតវត្សនេះ ដែលពួកសំណល់នៃអ៊ីស្រាអែលខាងវិញ្ញាណលើផែនដី មិនមានសកម្មភាពទៀងទាត់ក្នុងការប្រកាសសារនេះ។ ពួកគេមិនបានអរសប្បាយយ៉ាងពេញលេញទេក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះ។ ជាការពិត ពួកគេស្ថិតនៅក្នុងសេចក្ដីងងឹតយ៉ាងខ្លាំង។ តើនេះកើតឡើងនៅពេលណា? ហើយតើព្រះយេហូវ៉ាបានធ្វើយ៉ាងណាអំពីការនេះ?
៤ គឺបានកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ ដែលមិនយូរប៉ុន្មានក្រោយពីព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះបានស្ថាបនាឡើងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ ពួកសាសន៍ទាំងឡាយ ដោយមានការគាំទ្រពីពួកបព្វជិតនៃគ្រីស្ទសាសនាក្នុងប្រទេសផ្សេងៗ បានសម្ដែងកំហឹងជាខ្លាំងនឹងគ្នាទៅវិញទៅមក។ (វិវរណៈ ១១:១៧, ១៨) ត្រូវហើយ ព្រះបានប្រឆាំងពិភពគ្រីស្ទសាសនាដ៏ក្បត់ជំនឿ ដោយមានក្រុមបព្វជិតលើកខ្លួនឯងខ្ពស់ ដូចជាទ្រង់បានប្រឆាំងនឹងសាសន៍អេដំមដ៏ក្រអឺតនោះដែរ។ ដូច្នេះ ពិភពគ្រីស្ទសាសនា ដែលតំណាងអេដំម គឺកំពុងតែរង់ចាំទទួលការសម្រេចសម័យថ្មីនៃទំនាយក្នុងអេសាយ ជំពូក៣៤។ ការសម្រេចនេះ ដែលជាការបំផ្លាញចោលជាអចិន្ត្រៃយ៍ គឺពិតប្រាកដណាស់ ដូចការសម្រេចលើកទីមួយមកលើពួកអេដំមពីបុរាណដែរ។—វិវរណៈ ១៨:៤-៨, ១៩-២១
៥. តើអេសាយ ជំពូក៣៥ បានសម្រេចយ៉ាងណាខ្លះនៅសម័យយើងនេះ?
៥ ចុះទំនាយក្នុងអេសាយ ជំពូក៣៥ ដែលដាក់ទម្ងន់ទៅលើអំណរនោះ យ៉ាងណាដែរ? ទំនាយនេះក៏បានទទួលការសម្រេចដែរនៅសម័យយើង។ តើយ៉ាងដូចម្ដេចទៅ? គឺបានសម្រេចឡើងក្នុងការដោះលែងអ៊ីស្រាអែលខាងវិញ្ញាណពីការជាប់ឃុំឃាំងមួយប្រភេទ។ ចូរឲ្យយើងពិនិត្យមើលហេតុការណ៍ដែលពិតជាប្រវត្ដិសាស្ត្រថ្មីៗនៃព្រះធិបតេយ្យ ដែលកើតឡើងក្នុងរយៈអាយុរបស់មនុស្សនៅរស់ជាច្រើន។
៦. ហេតុអ្វីក៏អាចនិយាយបានថា ពួកសំណល់នៃពួកអ៊ីស្រាអែលខាងវិញ្ញាណបានស្ថិតក្នុងស្ថានភាពជាប់ឃុំឃាំង?
៦ ក្នុងមួយរយៈពេលដ៏ខ្លីក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ ពួកសំណល់នៃអ៊ីស្រាអែលខាងវិញ្ញាណ មិនបានរក្សាឲ្យបានស្អាតពេញទី ហើយមិនបានធ្វើស្របតាមព្រះហឫទ័យរបស់ព្រះទេ។ ពួកគេខ្លះបានប្រឡាក់នឹងលទ្ធិបង្រៀនមិនពិត ហើយបានសម្រេចចិត្តគាំទ្រសាសន៍ធ្វើសង្គ្រាមណាមួយ ដោយមិនបានកាន់អព្យាក្រឹតភាពនៅចំពោះព្រះយេហូវ៉ា។ ក្នុងកំឡុងសម័យសង្គ្រាមទាំងនោះ ពួកគេបានរងទុក្ខការបៀតបៀនគ្រប់បែបយ៉ាង ហើយប្រកាសវត្ថុខាងព្រះគម្ពីររបស់គេក៏ត្រូវបានហាមប្រាមក្នុងស្រុកជាច្រើន។ នៅទីបំផុត បងប្អូនរបស់យើងខ្លះដែលមានឋានៈធំដំ ត្រូវបានគេកាត់ឲ្យជាប់ទោស ហើយបានដាក់គុកដោយសារការចោទប្រកាន់មិនពិត។ ដូច្នេះហើយ ក្នុងន័យមួយ នេះមិនជាការពិបាកយល់ទេ ថាប្រជារាស្ត្ររបស់ព្រះបានស្ថិតនៅក្នុងភាពជាប់ឃុំឃាំង ជាជាងមានសេរីភាព។ (ប្រៀបធៀប យ៉ូហាន ៨:៣១, ៣២) ពួកគេខ្វះការយល់ដឹងខាងវិញ្ញាណជាច្រើន។ (អេភេសូរ ១:១៦-១៨) ចំពោះការសរសើរព្រះវិញ ពួកគេសម្ដែងភាពគ ដែលជាលទ្ធផល គេមិនបានបង្កើតផលផ្លែអ្វីសោះខាងវិញ្ញាណ។ (អេសាយ ៣២:៣, ៤; រ៉ូម ១៤:១១; ភីលីព ២:១១) តើអ្នកឃើញនូវរបៀបដែលការនេះមានភាពដូចគ្នានឹងស្ថានការណ៍នៃពួកយូដាពីបុរាណ ដែលជាប់ឃុំឃាំងក្នុងបាប៊ីឡូនទេ?
៧, ៨. តើពួកសំណល់នៅសម័យថ្មីនេះបានពិសោធការស្ថាបនាឡើងវិញប្រភេទណា?
៧ ប៉ុន្តែ តើព្រះនឹងទុកពួកអ្នកបំរើទ្រង់នៅសម័យថ្មីនេះក្នុងស្ថានភាពនោះទេ? មិនទេ គឺទ្រង់ប្ដេជ្ញានឹងស្ថាបនាពួកគេឡើងវិញ ឲ្យស្របតាមសេចក្ដីដែលអេសាយបានទាយមក។ ដូច្នេះហើយ ទំនាយដដែលនេះក្នុងជំពូក៣៥ បានសម្រេចយ៉ាងពិសេសក្នុងសម័យយើងនេះ គឺជាការធ្វើឲ្យពួកសំណល់នៃអ៊ីស្រាអែលខាងវិញ្ញាណ បានរុងរឿងនិងបានសុខភាពល្អឡើងវិញក្នុងសួនមនោរម្យខាងវិញ្ញាណ។ ហេព្រើរ ១២:១២ ប៉ុលបានអនុវត្តអេសាយ ៣៥:៣ ក្នុងន័យអត្ថបដិរូប ដើម្បីគាំទ្រភាពត្រឹមត្រូវនៃការអនុវត្តខាងវិញ្ញាណរបស់យើងនូវផ្នែកនៃទំនាយអេសាយនេះ។
៨ ក្នុងកំឡុងពេលក្រោយពីសង្គ្រាម ពួកអ្នកសំណល់ចាក់ប្រេងតាំងនៃពួកអ៊ីស្រាអែលខាងវិញ្ញាណបានចេញពីការជាប់ឃុំឃាំង បើនិយាយជាពាក្យប្រៀប។ ព្រះយេហូវ៉ាបានប្រើព្រះយេស៊ូគ្រីស្ទ ជាស៊ីរូសដ៏ធំដើម្បីរំដោះពួកគេ។ ដូច្នេះ ពួកសំណល់នេះអាចធ្វើកិច្ចការសង់ឡើងវិញ ប្រៀបដូចនឹងកិច្ចការរបស់ពួកសំណល់យូដាពីបុរាណ ដែលបានវិលត្រឡប់ទៅស្រុកគេ ដើម្បីសង់ព្រះវិហារក្នុងយេរូសាឡិមឡើងវិញ។ ម្យ៉ាងទៀត ពួកអ៊ីស្រាអែលខាងវិញ្ញាណនៅសម័យថ្មីនេះ អាចចាប់ផ្ដើមបង្កបង្កើតសួនមនោរម្យខាងវិញ្ញាណដ៏ខៀវស្រងាត់មួយ ជាសួនច្បារអេដែនអត្ថបដិរូប។
៩. តើសេចក្ដីដែលបានរៀបរាប់មកក្នុងអេសាយ ៣៥:១, ២, ៥-៧ លូតលាស់ឡើងនៅសម័យយើងយ៉ាងដូចម្ដេច?
៩ ដោយចាំសេចក្ដីខាងលើនេះ ចូរឲ្យយើងពិចារណាមើលអេសាយ ជំពូក៣៥ម្ដងទៀត ហើយមុនដំបូងយើងមើលខ១ និងខ២។ តំបន់ដែលហួតហែងពីដើម ឥឡូវបានចាប់ផ្ដើមមានផ្កាឡើង ហើយឲ្យផលល្អដូចជាតំបន់សារ៉ុនពីបុរាណ។ រួច ចូរមើលខ៥ ទៅ៧។ ពួកសំណល់ ដែលមួយចំនួននៅរស់ហើយសកម្មក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ានៅឡើយ បានយល់ឃើញយ៉ាងច្បាស់អំពីអត្ថន័យនៃព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងឆ្នាំ១៩១៤និងក្រោយមកទៀត។ ការនេះក៏មានឥទ្ធិពលមកលើយើងជាច្រើន ដែលជាអ្នក«ហ្វូងយ៉ាងធំ» ដែលឥឡូវនេះកំពុងតែបំរើព្រះជាមួយពួកសំណល់។—វិវរណៈ ៧:៩
តើអ្នកជាផ្នែកនៃការសម្រេចនោះទេ?
១០, ១១. (ក) តើអ្នកជាប់ទាក់ទងយ៉ាងណាក្នុងការសម្រេចនៃទំនាយអេសាយ ៣៥:៥-៧? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការប្រែប្រួលទាំងនេះ?
១០ ឧទាហរណ៍ មុនអ្នកបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា តើអ្នកមានអានព្រះគម្ពីរយ៉ាងទៀងទាត់ទេ? បើសិនជាអ្នកអាន តើអ្នកយល់បានប៉ុន្មាន? ឥឡូវនេះ អ្នកដឹងសេចក្ដីពិតអំពីស្ថានភាពនៃមនុស្សស្លាប់។ ប្រហែលជាអ្នកអាចបង្ហាញបទគម្ពីរដល់អ្នកចាប់អារម្មណ៍អំពីរឿងនេះ ដូចជានៅលោកុប្បត្តិ ជំពូក២ សាស្ដា ជំពូក៩ និងអេសេគាល ជំពូក១៨ ព្រមទាំងបទគម្ពីរជាច្រើនឯទៀត។ មែនហើយ អ្នកប្រហែលជាយល់ដឹងមុខវិជ្ជាជាច្រើន ឬបញ្ហាផ្សេងៗ ដែលព្រះគម្ពីរបង្រៀន។ បើនិយាយឲ្យចំទៅ អ្នកយល់ព្រះគម្ពីរ និងអាចពន្យល់រឿងជាច្រើនដល់អ្នកដទៃ ដូចជាអ្នកបានធ្វើរួចមកហើយ។
១១ ជាការប្រសើរ បើយើងម្នាក់ៗសួរថា ‹តើតាមរបៀបណាដែលខ្ញុំបានរៀនដឹងសេចក្ដីពិតនៃព្រះគម្ពីរ? មុននឹងសិក្សាជាមួយប្រជារាស្ត្ររបស់ព្រះយេហូវ៉ា តើខ្ញុំអាចរកបទគម្ពីរដែលបានជំរាបមកនៅខាងលើនេះបានទេ? តើខ្ញុំអាចយល់អត្ថន័យនៃបទគម្ពីរទាំងនោះ ហើយសន្និដ្ឋានឲ្យបានត្រឹមត្រូវអំពីភាពខ្លឹមសាររបស់វាបានទេ›? បើឆ្លើយយ៉ាងស្មោះនឹងសំនួរទាំងនេះ នោះគឺមិនអាចទេ។ អ្នកមិនគួរអាក់អន់ចិត្តនឹងសេចក្ដីថ្លែងទាំងនេះឡើយ តែគឺអាចនិយាយថា អ្នកពីដើមខ្វាក់ចំពោះបទគម្ពីរទាំងនេះនិងចំពោះអត្ថន័យរបស់វា។ មែនទេ? បទគម្ពីរទាំងនោះ គឺក្នុងព្រះគម្ពីរ តែអ្នកមិនអាចយល់អត្ថន័យខ្លឹមសាររបស់វា។ ដូច្នេះ តើតាមរបៀបណាដែលភ្នែករបស់អ្នកបានភ្លឺឡើងខាងវិញ្ញាណនោះ? គឺតាមរបៀបដែលព្រះយេហូវ៉ាធ្វើឲ្យភ្នែករបស់ពួកសំណល់ចាក់ប្រេងតាំងបានភ្លឺឡើង ក្នុងការបំពេញទំនាយអេសាយ ៣៥:៥។ រួចមក ភ្នែកអ្នកក៏ត្រូវបានភ្លឺឡើងដែរ។ អ្នកលែងនៅក្នុងសេចក្ដីងងឹតខាងវិញ្ញាណទៀតហើយ។ អ្នកអាចយល់ឃើញ។—ប្រៀបធៀប វិវរណៈ ៣:១៧, ១៨
១២. (ក) ហេតុអ្វីក៏យើងអាចនិយាយថា នេះមិនមែនជាគ្រាសំរាប់ការប្រោសឲ្យជារូបកាយដោយអព្ភូតហេតុ? (ខ) តើករណីនៃបងប្រុស ហ្វ្រេន្ស បង្ហាញយ៉ាងណាអំពីរបៀបដែលអេសាយ ៣៥:៥ បានសម្រេចនៅសម័យយើង?
១២ សិស្សព្រះគម្ពីរដ៏វាងវៃដែលរៀនចេះដឹងនូវការទាក់ទងរបស់ព្រះជាច្រើនសតវត្សមក ដឹងថា គ្រាក្នុងសតវត្សនេះ គឺមិនមែនជាគ្រាសំរាប់ប្រោសឲ្យជាដល់រូបរាងកាយដោយអព្ភូតហេតុឡើយ។ (កូរិនថូសទី១ ១៣:៨-១០) ដូច្នេះ យើងមិនសង្ឃឹមថា ព្រះយេស៊ូគ្រីស្ទនឹងបើកភ្នែកមនុស្សខ្វាក់ណា ដើម្បីបង្ហាញថា ទ្រង់ជាព្រះមេស្ស៊ី ជាព្យាការីរបស់ព្រះនោះឡើយ។ (យ៉ូហាន ៩:១-៧, ៣០-៣៣) ហើយទ្រង់ក៏មិនប្រោសឲ្យមនុស្សថ្លង់ឮវិញដែរ។ លោកហ្រីឌីរិក ហ្វ្រេន្ស ដែលជាអ្នកចាក់ប្រេងតាំងម្នាក់និងជាប្រធានសមាគមប៉មយាម បានខ្វាក់ភ្នែកសឹងតែមើលមិនឃើញកាលជិតដល់អាយុ១០០ឆ្នាំ ហើយលោកត្រូវតែប្រើគ្រឿងជំនួយត្រចៀក។ លោកមិនអាចមើលអក្សរឃើញជាយូរឆ្នាំមកហើយ តែអ្នកណានឹងគិតថាលោកជាខ្វាក់ ឬថ្លង់ក្នុងការយល់ដឹងន័យនៃអេសាយ ៣៥:៥នោះ? ការយល់ដឹងជាច្រើនខាងវិញ្ញាណរបស់លោកជាប្រសិទ្ធិពរដល់ប្រជារាស្ត្ររបស់ព្រះនៅពាសពេញពិភពលោក។
១៣. តើប្រជារាស្ត្ររបស់ព្រះនៅសម័យថ្មីនេះ បានពិសោធការស្ថាបនាឡើងវិញមួយណា?
១៣ ចុះអណ្ដាតរបស់អ្នកយ៉ាងណាដែរ? ពួកចាក់ប្រេងតាំងរបស់ព្រះប្រហែលជាមនុស្សគក្នុងកំឡុងការជាប់ឃុំឃាំងខាងវិញ្ញាណរបស់គេ។ ប៉ុន្តែ ក្រោយពីព្រះបានប្រោសស្ថានភាពរបស់គេឲ្យដូចដើមវិញ អណ្ដាតរបស់គេចាប់ផ្ដើមស្រែកឡើងយ៉ាងរីករាយ បន្លឺសេចក្ដីដែលគេបានដឹងអំពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនារួច ហើយអំពីកិច្ចសន្យារបស់ទ្រង់សំរាប់អនាគត។ ពួកគេប្រហែលជាបានជួយដោះលែងអណ្ដាតរបស់អ្នកដែរ។ តើពីមុនៗអ្នកបាននិយាយប្រាប់ប៉ុន្មានដល់អ្នកដទៃអំពីសេចក្ដីពិតក្នុងព្រះគម្ពីរ? ប្រហែលជានៅពេលមួយ អ្នកបានគិតថា ‹ខ្ញុំចូលចិត្តសិក្សាមែន តែខ្ញុំនឹងមិនទៅនិយាយប្រាប់មនុស្សចំឡែកណាឡើយ›។ យ៉ាងណាក្ដី តើមិនពិតទេឬ ដែល«អណ្ដាតរបស់មនុស្សគ» ឥឡូវនេះ ‹កំពុងតែច្រៀងឡើងយ៉ាងរីករាយនោះ›?—អេសាយ ៣៥:៦
១៤, ១៥. តើមនុស្សជាច្រើនបានដើរលើ«ផ្លូវបរិសុទ្ធ»យ៉ាងដូចម្ដេចបាននៅសម័យយើង?
១៤ ពួកយូដាពីបុរាណដែលរំដោះពីបាប៊ីឡូន បានធ្វើដំណើរយ៉ាងយូរត្រឡប់ទៅស្រុកគេវិញ។ តើការនេះស្មើនឹងអ្វីនៅសម័យយើងនេះ? ចូរអានអេសាយ ៣៥:៨៖ «នៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា ‹ផ្លូវបរិសុទ្ធ› ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ»។
១៥ តាំងពីបានដោះលែងពីការជាប់ឃុំឃាំងខាងវិញ្ញាណ ដែលឥឡូវនេះមានពួកចៀមឯទៀតរាប់លាននាក់ចូលរួបរួមជាមួយពួកគេ ពួកសំណល់ចាក់ប្រេងតាំង បានចេញពីបាប៊ីឡូនដ៏ធំតាមថ្នល់ប្រៀបប្រដូចមួយ គឺជាផ្លូវបរិសុទ្ធដ៏ស្អាតដែលនាំគេទៅឯសួនមនោរម្យខាងវិញ្ញាណ។ យើងខំប្រឹងប្រែងជាខ្លាំង ដើម្បីឲ្យអាចចូលបានហើយអាចនៅលើផ្លូវបរិសុទ្ធនោះ។ ចូរគិតអំពីខ្លួនអ្នកចុះ។ តើបមាណីយសីលធម៌របស់អ្នកនិងគោលការណ៍ដែលអ្នកកាន់តាមឥឡូវនេះ មិនខ្ពស់ជាងកាលដែលអ្នកនៅក្នុងលោកីយ៍ទេឬ? តើអ្នកមិនខំប្រឹងប្រែងធ្វើឲ្យគំនិតនិងអាកប្បកិរិយារបស់អ្នកស្របតាមព្រះទេឬ?—រ៉ូម ៨:១២, ១៣; អេភេសូរ ៤:២២-២៤
១៦. កាលដែលយើងដើរលើផ្លូវបរិសុទ្ធ តើយើងអាចមានស្ថានភាពបែបណា?
១៦ កាលដែលអ្នកបន្តធ្វើដំណើរលើផ្លូវបរិសុទ្ធនេះ អ្នកមិនត្រូវព្រួយបារម្ភនឹងមនុស្សតិរច្ឆានឡើយ។ ពិតមែនហើយ ក្នុងលោកីយ៍នេះ អ្នកត្រូវតែប្រយ័ត្ននឹងមនុស្សលោភ ឬមនុស្សអាក្រក់ ដើម្បីកុំឲ្យពួកគេស៊ីអ្នកទាំងរស់ ជាការនិយាយប្រៀបប្រដូច។ មនុស្សជាច្រើនតែងតែលោភលន់ហួសហេតុក្នុងរបៀបដែលគេទាក់ទង់ជាមួយអ្នកឯទៀត។ ជាការផ្ទុយស្រឡះទៅវិញក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ! នៅទីនោះ អ្នកនៅក្នុងបរិយាការដែលការពារ។ ពិតមែនហើយ បងប្អូនគ្រីស្ទានគ្នាឯងមិនមែនជាមនុស្សល្អឥតខ្ចោះទេ ដូច្នេះហើយជួនកាលក៏មានការធ្វើខុស ឬការអាក់អន់ចិត្តណាមួយ។ ក៏ប៉ុន្តែ អ្នកដឹងថា បងប្អូនរបស់អ្នកមិនមែនចង់បញ្ឈឺអ្នក ឬត្របាក់អ្នកនោះទេ។ (ទំនុកដំកើង ៥៧:៤; អេសេគាល ២២:២៥; លូកា ២០:៤៥-៤៧; កិច្ចការ ២០:២៩; កូរិនថូសទី២ ១១:១៩, ២០; កាឡាទី ៥:១៥) ផ្ទុយទៅវិញ ពួកគេសម្ដែងការយកចិត្តទុកដាក់នឹងអ្នក។ ពួកគេបានជួយអ្នក ហើយគេចង់បំរើព្រះជាមួយអ្នក។
១៧, ១៨. ក្នុងន័យយ៉ាងណាដែលឥឡូវនេះមានសួនមនោរម្យ ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើយើង?
១៧ ដូច្នេះហើយ យើងអាចមើលអេសាយ ជំពូក៣៥ ដោយនឹកចាំដល់ការសម្រេចថ្មីៗនៃខ១ ទៅខ៨។ តើមិនច្បាស់ទេឬ ដែលយើងបានរកឃើញអ្វីមួយដែលអាចហៅយ៉ាងត្រឹមត្រូវថា សួនមនោរម្យខាងវិញ្ញាណនោះ? នេះមិនល្អឥតខ្ចោះទេ—គឺមិនទាន់នៅឡើយ។ ប៉ុន្តែនេះគឺពិតជាសួនមនោរម្យមួយ ដ្បិតនៅទីនេះ ដូចជាបានចែងមកក្នុងខ២ យើងអាច«ឃើញសិរីល្អរបស់ព្រះយេហូវ៉ាគឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា»រួចហើយ។ ហើយតើមានលទ្ធផលយ៉ាងណា? ខ១០ចែងថា៖ «ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»។ ប្រាកដហើយ ការចាកចេញពីសាសនាមិនពិតនិងការកាន់តាមសាសនាពិតដោយមានការគាំទ្រពីព្រះរបស់យើង គឺជាការធ្វើឲ្យមានអំណរមែន។
១៨ អំណរដែលទាក់ទងនឹងការថ្វាយបង្គំពិតចេះតែកើនឡើងជានិច្ច មែនទេ? អ្នកឃើញជនចាប់អារម្មណ៍ថ្មីធ្វើការកែប្រែ ហើយនៅជាប់ក្នុងសេចក្ដីពិតនៃព្រះគម្ពីរ។ អ្នកសង្កេតឃើញក្មេងៗដែលធំពេញវ័យឡើង ហើយបានរីកចំរើនខាងវិញ្ញាណក្នុងក្រុមជំនុំ។ នៅឯបុណ្យជ្រមុជទឹក អ្នកមើលបុគ្គលដែលអ្នកស្គាល់ជ្រមុជទឹក។ តើការទាំងនេះមិនមែនជាហេតុដែលធ្វើឲ្យមានអំណរទេឬ អំណរច្រើននៅសព្វថ្ងៃនេះ? មែនហើយ ជាការអរសប្បាយណាស់ ដោយមានអ្នកឯទៀតចូលរួបរួមជាមួយយើងក្នុងសេរីភាពខាងវិញ្ញាណនិងស្ថានភាពនៃសួនមនោរម្យ!
ការសម្រេចនៅអនាគត!
១៩. តើអេសាយ ជំពូក៣៥ ដាក់ក្នុងយើងនូវការសង្ឃឹមចំពោះអនាគតអ្វី?
១៩ មកដល់ឥឡូវនេះ យើងបានពិនិត្យមើលអេសាយ ជំពូក៣៥ ការសម្រេចលើកទីមួយ ដែលជាការវិលត្រឡប់នៃពួកយូដា និងការសម្រេចខាងវិញ្ញាណដែលមានឡើងក្នុងសព្វថ្ងៃនេះ។ តែនោះមិនទាន់ចប់ទេ។ គឺមានច្រើនទៀត។ នេះទាក់ទងនឹងការធានាអះអាងក្នុងព្រះគម្ពីរអំពីការធ្វើឲ្យផែនដីមានស្ថានភាពជាសួនមនោរម្យឡើងវិញនៅខាងមុខនេះ។—ទំនុកដំកើង ៣៧:១០, ១១; វិវរណៈ ២១:៤, ៥
២០, ២១. ហេតុអ្វីក៏ជាការសមហេតុសមផលនិងត្រឹមត្រូវក្នុងបទគម្ពីរ ក្នុងការជឿថា អេសាយ ជំពូក៣៥នៅមានការសម្រេចមួយទៀត?
២០ មិនជាការត្រឹមត្រូវទេចំពោះព្រះយេហូវ៉ាក្នុងការផ្ដល់ឲ្យការរៀបរាប់ដ៏ច្បាស់ក្រឡែតអំពីសួនមនោរម្យ ហើយក្រោយមកសម្រេចតែអ្វីៗខាងវិញ្ញាណប៉ុណ្ណោះ។ នេះមិនមែនមានសេចក្ដីថា ការសម្រេចខាងវិញ្ញាណមិនសំខាន់នោះឡើយ។ ទោះបីជាសួនមនោរម្យត្រូវបានស្ថាបនាហើយក្ដី នោះយើងនឹងមិនស្កប់ចិត្តទេ បើសិនជានៅក្នុងចំណោមទេសភាពដ៏ស្រស់ស្អាតនិងពពួកសត្វដ៏សុខសាន្តទាំងនោះ នៅមានមនុស្សពុករលួយខាងវិញ្ញាណ និងមនុស្សដែលប្រព្រឹត្តដូចសត្វសាហាវ។ (ប្រៀបធៀប ទីតុស ១:១២) មែនហើយ សេចក្ដីខាងវិញ្ញាណត្រូវតែមានមុនគេ ដ្បិតវាសំខាន់បំផុត។
២១ ទោះជាយ៉ាងណាក្ដី សួនមនោរម្យនៅខាងមុខនេះ នឹងមិនបញ្ចប់ទិដ្ឋភាពខាងវិញ្ញាណដែលយើងកំពុងតែទទួលនៅសព្វថ្ងៃនេះ ហើយនៅអនាគតយើងនឹងទទួលរឹតតែច្រើនទៀត។ យើងមានមូលហេតុល្អក្នុងការសង្ឃឹមថានឹងមានការសម្រេចត្រង់ៗនៃទំនាយជាច្រើន ដូចជាទំនាយអេសាយ ជំពូក៣៥។ ហេតុអ្វី? ពីព្រោះនៅជំពូក៦៥ អេសាយបានទាយថានឹងមាន «ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»។ សាវ័កពេត្រុសបានអនុវត្តទៅលើបទគម្ពីរនេះ កាលដែលគាត់រៀបរាប់ប្រាប់អំពីអ្វីៗដែលនឹងកើតឡើងក្រោយពីថ្ងៃនៃព្រះយេហូវ៉ា។ (អេសាយ ៦៥:១៧,១៨; ពេត្រុសទី២ ៣:១០-១៣) ពេត្រុសបង្ហាញថា លក្ខណៈផ្សេងៗដែលអេសាយបានរៀបរាប់មក នឹងមានជាពិតប្រាកដ នៅពេលដែល «ផែនដីថ្មី» ទៅជាការពិត។ នេះរាប់បញ្ចូលទាំងសេចក្ដីរៀបរាប់ដែលអ្នកធ្លាប់ពិសោធ—ដូចជាការសង់ផ្ទះនិងរស់នៅក្នុងនោះ ការធ្វើចំការទំពាំងបាយជូរនិងបរិភោគផលផ្លែ ការពេញចិត្តនឹងកិច្ចការដែលធ្វើដោយដៃខ្លួន ឆ្កែព្រៃនិងកូនចៀមរស់នៅជាមួយគ្នា ហើយគ្មានការធ្វើទុក្ខអ្វីនៅជុំវិញផែនដីឡើយ។ បើនិយាយឲ្យចំទៅ គឺមានជីវិតយឺនយូរ ផ្ទះដ៏សុខស្រួល អាហារគ្រប់គ្រាន់ កិច្ចការដែលពេញចិត្ត និងសន្ដិភាពក្នុងចំណោមពពួកសត្វហើយរវាងសត្វនិងមនុស្ស។
២២, ២៣. ការសម្រេចនៅអនាគតនៃអេសាយ ជំពូក៣៥ ផ្ដល់ឲ្យមូលហេតុណាខ្លះសំរាប់អំណរ?
២២ តើអ្នកមិនពេញចិត្តនឹងអនាគតបែបនេះទេឬ? អ្នកគួរតែពេញចិត្ត ដ្បិតនេះជារបៀបដែលព្រះបានបង្កើតយើងឲ្យរស់។ (លោកុប្បត្តិ ២:៧-៩) ដូច្នេះ តើទំនាយនៅអេសាយ ជំពូក៣៥ដែលយើងកំពុងតែពិចារណាមើលនេះ មានន័យយ៉ាងណា? គឺមានន័យថា យើងរឹតតែមានហេតុច្រើនទៀតក្នុងការអរសប្បាយ។ វាលខ្សាច់មែនទែននិងទីហួតហែងនឹងមានផ្កាឡើង ធ្វើឲ្យយើងអរសប្បាយ។ បន្ទាប់មក មនុស្សខ្វាក់ដែលមានភ្នែកពណ៌ខៀវ ឬពណ៌ត្នោត ឬពណ៌ល្អៗឯទៀត នឹងអាចមើលឃើញវិញ។ រីឯបងប្អូនរបស់យើងណាដែលថ្លង់ ឬមិនសូវឮ នឹងអាចឮយ៉ាងច្បាស់ឡើងវិញ។ ជាការសប្បាយរីករាយណាស់ហ្ន៎ ដោយអាចប្រើសមត្ថភាពនោះ ដើម្បីស្ដាប់ពាក្យបន្ទូលរបស់ព្រះដែលអាននិងពន្យល់មក ហើយអាចស្ដាប់សូរខ្យល់បក់រវើយៗនៃដើមឈើ សូរសំណើចរបស់កូនក្មេង និងចំរៀងបក្សាបក្សី!
២៣ នេះក៏មានន័យទៀតថា ពួកអ្នកពិការនិងពួកអ្នកមានជម្ងឺសន្លាក់ដៃជើងសព្វថ្ងៃនេះ នឹងអាចកំរើកដើរដោយឥតឈឺអ្វីឡើយ។ នេះជាការធូរស្រាលម្ល៉េះហ្ន៎! បន្ទាប់មក នឹងមានទឹកជាច្រើននឹងបាញ់ចេញមកពីវាលខ្សាច់។ យើងនឹងឃើញទឹកខ្ជោលឡើងនិងឮសូរពពុះទឹក។ យើងនឹងអាចដើរលេងនៅទីនោះ ហើយទៅប៉ះស្មៅខ្ចីនិងដើមកក់។ វាពិតជានឹងទៅជាសួនមនោរម្យដែលស្អាងឡើងវិញ។ តើនឹងសប្បាយយ៉ាងណាទៅ ដោយនៅជិតសត្វសិង្ហ ឬសត្វសាហាវឯទៀតដោយមិនភ័យខ្លាចនោះ? យើងមិនចាំបាច់រៀបរាប់ប្រាប់អំពីការនេះទេ ដ្បិតយើងទាំងអស់គ្នាបានស្រមៃមើលទៅទេសភាពនោះរួចទៅហើយ។
២៤. ហេតុអ្វីក៏អ្នកអាចយល់ស្របតាមពាក្យក្នុងអេសាយ ៣៥:១០?
២៤ អេសាយធានាអះអាងនឹងយើងថា៖ «ពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ»។ ដូច្នេះ យើងអាចយល់ស្របថា យើងមានហេតុនឹងអរសប្បាយ។ គឺអំណរទៅលើអ្វីៗដែលព្រះយេហូវ៉ាកំពុងតែធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់នៅក្នុងសួនមនោរម្យខាងវិញ្ញាណ ហើយជាអំណរទៅលើអ្វីៗដែលយើងអាចសង្ឃឹមនឹងទទួលបានក្នុងសួនមនោរម្យមែនទែននៅពេលឆាប់ៗខាងមុខនេះ។ រួចអេសាយបានសរសេរអំពីយើងជាអ្នកអរសប្បាយនោះថា៖ «គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»។—អេសាយ ៣៥:១០
តើអ្នកចាំទេ?
◻ តើអ្វីជាការសម្រេចលើកទីពីរ ដែលអេសាយ ជំពូក៣៥ បានមាន?
◻ បើនិយាយខាងវិញ្ញាណ តើមានអ្វីខ្លះដែលស្មើនឹងការប្រែប្រួលដោយអព្ភូតហេតុដែលអេសាយបានទាយមក?
◻ តើអ្នកបានចូលរួបរួមយ៉ាងណាខ្លះក្នុងការសម្រេចនៃទំនាយនេះ?
◻ ហេតុក៏អាចនិយាយថា អេសាយ ជំពូក៣៥ ធ្វើឲ្យយើងពោរពេញទៅដោយការសង្ឃឹមចំពោះអនាគត?
[រូបភាពនៅទំព័រ២៨]
គុកនៅផ្លូវរេម៉ូន្តនៅទីក្រុងប៊្រុគ្លីន នៃរដ្ឋញូវយ៉ក ជាកន្លែងដែលបងប្រុសធំដុំប្រាំពីរនាក់ត្រូវបានគេឃុំឃាំងក្នុងខែមិថុនា ឆ្នាំ១៩១៨
[រូបភាពនៅទំព័រ៣០]
ថ្វីបើងងឹតភ្នែកក្នុងកាលចាស់ជរាទៅ ចំណេះខាងវិញ្ញាណរបស់បងប្រុសហ្វ្រេន្សនៅខ្លាំងជានិច្ច
[រូបភាពនៅទំព័រ៣១]
ការលូតលាស់ខាងវិញ្ញាណនិងការរីកចំរើនជាហេតុដែលធ្វើមានអំណរ