ដំណឹងល្អនៅខាងមុខ!
យើងគ្រប់ៗគ្នាមានចិត្តស្រងូតស្រងាត់ណាស់ នៅពេលដែលយើងទទួលដំណឹងអាក្រក់ដែលទាក់ទងនឹងខ្លួនយើងផ្ទាល់។ ម្យ៉ាងវិញទៀត យើងមានចិត្តអរ ពេលដែលយើងទទួលដំណឹងល្អ—ដំណឹងនៃការអរសប្បាយសំរាប់ខ្លួនយើងឬពួកស្ងួនភ្ងារបស់យើង។ ប៉ុន្តែ ពេលដែលមានដំណឹងអាក្រក់អំពីអ្នកដទៃ មិនមែនអំពីយើង មនុស្សតែងតែចង់ដឹងណាស់ ហើយអ្នកខ្លះថែមទាំងចូលចិត្តចង់ដឹងអំពីអកុសលនៃពួកអ្នកដទៃផង។ ប្រហែលជានេះហើយជាហេតុដែលដំណឹងអាក្រក់លក់ដាច់ម្ល៉េះនោះ!
ក្នុងកំឡុងដើមសង្គ្រាមលោកលើកទីពីរ មនុស្សខ្លះចូលចិត្តចង់ដឹងឮអំពីវិបត្ដិភ័យដែលធ្វើឲ្យខ្ពើមរអើម។ កប៉ាល់សង្គ្រាមដែលមានទំងន់១០.០០០តោន ឈ្មោះហ្គ្រាវ ស្ពី ជាទីពេញចិត្តនៃកងនាវាអាឡឺម៉ង់។ ជាច្រើនអាទិត្យមកហើយដែលកប៉ាល់សង្គ្រាមនេះបានធ្វើឲ្យមានបញ្ហាដល់កប៉ាល់ឈ្មួញជាច្រើននៃពួករួមសម្ព័ន្ធ។ នៅទីបំផុត នាវាចំបាំងអង់គ្លេសបីគ្រឿងវាយប្រហារកប៉ាល់ ហ្គ្រាវ ស្ពី ធ្វើឲ្យបាត់បង់ជីវិត រួចបង្ខំកប៉ាល់នេះឲ្យចូលទៅជួសជុលនៅកំពុងផែម៉ុនធីវីឌីអូនៃប្រទេសយូរាហ្គាយ។ ប៉ុន្តែ រដ្ឋាភិបាលយូរាហ្គាយ បានបញ្ជាឲ្យកប៉ាល់សង្គ្រាមនេះត្រឡប់ទៅសមុទ្រវិញភ្លាម បើមិនអញ្ចឹងទេ នឹងឃុំឃាំងមិនឲ្យទៅណាឡើយ។ ដូច្នេះ ការប្រយុទ្ធរបស់ពួកអង់គ្លេសនឹងមុខជាឈ្នះហើយ។
ដោយឮអំពីរឿងនេះ ពួកអ្នកជំនួញដ៏ស្តុកស្តម្ភមួយក្រុមនៅសហរដ្ឋអាមេរិកក៏ជួលយន្តហោះមួយ ដែលមានតម្លៃសំបុត្រ២.៥០០ដុល្លារម្នាក់ ជិះទៅប្រទេសយូរាហ្គាយ ដើម្បីមើលការប្រយុទ្ធដ៏ឃោរឃៅនេះ។ ជាការអាក់អន់ចិត្តណាស់ចំពោះពួកគេ ពីព្រោះការប្រយុទ្ធនេះមិនបានកើតឡើងទេ។ អាដូស ហិត្លើ បានបញ្ជាឲ្យចោះរន្ធពន្លិចកប៉ាល់ហ្គ្រាវ ស្ពីនេះទៅ។ ពួកមនុស្សរាប់ពាន់នាក់ដែលបានមកឯកំពុងផែម៉ុនធីវីឌីអូ សង្ឃឹមថានឹងឃើញការប្រយុទ្ធដ៏សាហាវនៅឯសមុទ្រ។ ប៉ុន្តែជាជាងឃើញហើយឮសូរផ្ទុះយ៉ាងខ្លាំងពីកប៉ាល់ហ្គ្រាវ ស្ពី ពួកគេបែរជាឮថា កប៉ាល់នេះត្រូវបានចោះរន្ធពន្លិចដោយពួកក្នុងនាវា។ វរនាវាត្រីបានបាញ់សម្លាប់ខ្លួនឯង។
ថ្វីបើមនុស្សខ្លះចង់ឃើញឈាមដ៏រអើមក៏ដោយ មនុស្សជាច្រើនទៀតចូលចិត្តដំណឹងល្អជាជាងដំណឹងអាក្រក់។ តើអ្នកមិនមានអារម្មណ៍បែបនេះទេឬ? បើអញ្ចឹង ហេតុអ្វីក៏ប្រវត្ដិសាស្ត្រកត់ទុកដំណឹងអាក្រក់ច្រើនជាងដំណឹងល្អម្ល៉េះ? តើស្ថានការណ៍អាចបញ្ច្រាសបានទេ?
ប្រភពនៃដំណឹងអាក្រក់ទាំងអស់
ព្រះគម្ពីរចែងប្រាប់អំពីគ្រាដែលនឹងមានតែដំណឹងល្អ។ ដំណឹងអាក្រក់ជាអ្វីដែលមិនដឹងឮទៀតឡើយ។ នៅពេលដែលព្រះយេហូវ៉ាបានបញ្ចប់កិច្ចការបង្កើតរបស់ទ្រង់ ទ្រង់បានរៀបចំផែនដីហើយស្រេចសំរាប់ឲ្យមនុស្សនិងសត្វរស់នៅ។ ដំណើររឿងក្នុងលោកុប្បត្តិ ប្រាប់យើងថា៖ «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:៣១
ការគ្មានដំណឹងអាក្រក់ មិនបាននៅយូរប៉ុន្មានក្រោយពីបានបង្កើតមនុស្សទេ។ មុនអ័ដាមនិងអេវ៉ាមានកូនចៅ ដំណឹងអាក្រក់នៃការបះបោរប្រឆាំងព្រះនិងការរៀបចំដ៏រៀបរយ បានរាយការណ៍ឲ្យដឹងឮក្នុងស្ថានសួគ៌។ បុត្រវិញ្ញាណដ៏ខ្ពង់ខ្ពស់មួយបានក្លាយទៅជាអ្នកក្បត់ ហើយមានជ័យជំនះក្នុងការនាំឲ្យមនុស្សដំបូងចូលរួមវាក្នុងការបះបោរក្បត់នេះ។—លោកុប្បត្តិ ៣:១-៦
ដំណឹងអាក្រក់ជាច្រើនដែលមនុស្សបានឃើញ គឺមានការចាប់ផ្ដើមពីគ្រានោះឯង។ មិនជាការចម្លែកទេ ដែលការភូតភរ បំភាន់ កុហក សេចក្ដីមិនពិត មានជាច្រើនក្នុងដំណឹងអាក្រក់ ដែលមានពាសពេញលោកតាំងពីពេលនោះមក។ ព្រះយេស៊ូគ្រីស្ទដាក់កំហុសទាំងស្រុងទៅលើអារក្សសាតាំង ជាអ្នកផ្ដើមនៃដំណឹងអាក្រក់ ដោយប្រាប់ពួកមេដឹកនាំសាសនានៅសម័យទ្រង់ថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក។ វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ។ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។—យ៉ូហាន ៨:៤៤
កាលដែលចំនួនមនុស្សមានកាន់តែច្រើនឡើង ដំណឹងអាក្រក់ក៏កើនជាច្រើនដែរ។ ប្រាកដហើយ នេះមិនមានសេចក្ដីថា គ្មានពេលវេលាដើម្បីអរសប្បាយនិងសុភមង្គលនោះឡើយ ដ្បិតមានរបស់ជាច្រើនក្នុងជីវិតដែលធ្វើឲ្យមានការអរសប្បាយ។ ប៉ុន្តែការមានបញ្ហានិងការទុក្ខព្រួយឃើញជាក់ស្តែង ក្នុងទូទាំងតំណមនុស្សមកទល់ឥឡូវនេះ។
មានហេតុមួយទៀតដែលជាដើមកំណើតនៃសភាពការណ៍ដ៏ទុក្ខព្រួយនេះ។ នេះគឺការទោរទន់របស់យើងទៅរកការធ្វើអាក្រក់និងវិបត្ដិភ័យ។ ព្រះយេហូវ៉ាអង្គទ្រង់សម្គាល់ហេតុចំពោះដំណឹងអាក្រក់ដែលមិនអាចចៀសបាននេះ ដោយមានបន្ទូលថា៖ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។—លោកុប្បត្តិ ៨:២១
ហេតុអ្វីក៏មានការកើនឡើងនៃដំណឹងអាក្រក់?
ប៉ុន្តែ នៅមានមូលហេតុមួយទៀត ដែលដំណឹងអាក្រក់មានកាន់តែច្រើនក្នុងសតវត្សទី២០នេះ។ មូលហេតុនេះបានថ្លែងយ៉ាងច្បាស់ក្នុងព្រះគម្ពីរ ដែលទាយប្រាប់អំពីមនុស្សក្នុងសតវត្សទី២០នេះ នឹងចូលពេលវេលាដ៏ចម្លែកដែលហៅជា«ថ្ងៃជាន់ក្រោយបង្អស់» ឬ«គ្រាចុងបញ្ចប់»។ (ធីម៉ូថេទី២ ៣:១; ដានីយ៉ែល ១២:៤) ទំនាយព្រះគម្ពីរនិងកាលប្រវត្ដិវិជ្ជាព្រះគម្ពីរសម្គាល់«គ្រាចុងបញ្ចប់»នេះ បានចាប់ផ្ដើមក្នុងឆ្នាំ១៩១៤។ ចំពោះភស្តុតាងពីព្រះគម្ពីរដ៏ល្អិតល្អន់ថែមទៀត សូមមើលជំពូក១១ នៃសៀវភៅចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ច បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។
ថ្ងៃជាន់ក្រោយបង្អស់នឹងត្រូវចាប់ផ្ដើមឡើងពីព្រឹត្ដិការណ៍មួយ ដែលនឹងធ្វើឲ្យដំណឹងអាក្រក់លើផែនដីនេះកើនឡើងជាស្វ័យប្រវត្ត។ តើនោះជាអ្វី? នេះគឺការបោះទំលាក់អារក្សសាតាំងនិងពួកបិសាចរបស់វាពីស្ថានសួគ៌។ អ្នកអាចអានសេចក្ដីដ៏ជាក់ស្តែងនេះ នៃការកើនមានឡើងនៃដំណឹងអាក្រក់ដែលមិនអាចចៀសបាន ក្នុងវិវរណៈ ១២:៩, ១២៖ «នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផង . . . ‹វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ› »។
ដូច្នេះ ទោះជានៅមានពេលវេលាប៉ុន្មានក៏ដោយ រហូតថ្ងៃជាន់ក្រោយបង្អស់មកដល់ទីបញ្ចប់នោះ យើងអាចដឹងថានឹងមានដំណឹងអាក្រក់រឹតតែច្រើនទៀត។
នឹងមិនមានជារហូតទេ
យ៉ាងសប្បាយណាស់ ចំពោះមនុស្សនៅផែនដី ស្ថានការណ៍ដ៏អាក្រក់ ដែលធ្វើឲ្យមានដំណឹងអាក្រក់ជាច្រើននេះ នឹងមិនមានជារហូតឡើយ។ តាមការពិត យើងអាចនិយាយដោយទុកចិត្តថា គ្រានៃការមានដំណឹងអាក្រក់គឺជិតលែងមានហើយ។ ស្ថានការណ៍នេះមិនមែនជាការអស់សង្ឃឹមទេ ថ្វីបើហាក់បីដូចជាការអស់សង្ឃឹមនោះក៏ដោយ។ ការបញ្ចប់នៃដំណឹងអាក្រក់គឺកាន់តែជិតណាស់ហើយ ហើយនឹងមកដល់ជាមិនខានក្នុងគ្រាកំណត់របស់ព្រះ។
យើងអាចទុកចិត្តអំពីរឿងនេះ ពីព្រោះថ្ងៃជាន់ក្រោយបង្អស់ត្រូវបានទាយមកថា នឹងឡើងដល់កំរិតខ្ពស់បំផុតឬបញ្ចប់ នៅពេលព្រះកំទេចហើយយកហេតុនៃដំណឹងអាក្រក់ចេញទាំងអស់។ ទ្រង់នឹងដកយកមនុស្សអាក្រក់ដែលបង្កឲ្យមានបញ្ហាចេញពីដំណើរអាក្រក់របស់គេ។ នេះនឹងមានឡើងក្នុងសង្គ្រាមនៃថ្ងៃរបស់ព្រះដ៏មានព្រះចេស្ដាបំផុត ដែលត្រូវបានហៅជាសង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ១៦:១៦) ក្រោយពីនោះភ្លាមមក ព្រះនឹងកំទេចចោលអារក្សសាតាំងនិងពួកបិសាចរបស់វា។ វិវរណៈ ២០:១-៣ រៀបរាប់អំពីការឃុំឃាំងសាតាំង ជាមេផ្ដើមនៃដំណឹងអាក្រក់៖ «ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ទប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត»។
បន្ទាប់ពីព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ នឹងមានដំណឹងល្អដែលមិនដែលមានពីមុនសំរាប់ផែនដីនិងពួកអ្នកដែលរស់នៅក្នុងនោះ។ ពួកអ្នករស់នៅទាំងនេះនឹងរួមបញ្ចូលពួករាប់លាននាក់ដែលនឹងរួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូន និងពួករាប់លានកោដិនាក់ដែលនឹងប្រោសឲ្យរស់ឡើងវិញពីផ្នូរ។ ដំណឹងល្អនេះត្រូវបានរៀបរាប់មកក្នុងសៀវភៅចុងក្រោយនៃព្រះគម្ពីរ៖ «ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
តើអ្នកអាចគិតអំពីគ្រាដ៏សប្បាយនេះទេ? ប្រាកដហើយ នេះជាអនាគតដ៏រុងរឿងដែលនឹងលែងមានដំណឹងអាក្រក់ទៀត។ ត្រូវហើយ ដំណឹងអាក្រក់ទាំងអស់នឹងលែងមាន ឬឮទៀតឡើយ។ នៅពេលនោះ ដំណឹងល្អនឹងសោយរាជ្យយ៉ាងខ្ពង់ខ្ពស់ ដែលមានអស់កល្បជានិច្ច។