‹ឯងរាល់គ្នាត្រូវតែបរិសុទ្ធ ដ្បិតអញបរិសុទ្ធ›
«ត្រូវឲ្យឯងរាល់បានបរិសុទ្ធ ដ្បិតអញនេះ ដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ»។—លេវីវិន័យ ១៩:២
១. តើលោកីយ៍នេះចាត់ទុកមនុស្សណាខ្លះជាបរិសុទ្ធ?
សាសនាធំៗជាច្រើននៃលោកីយ៍នេះ មានបុគ្គលណាមួយដែលគេចាត់ទុកជាបរិសុទ្ធ។ ដូនជីម្នាក់ឈ្មោះធូរីសា ដែលល្បីឈ្មោះនៅប្រទេសឥណ្ឌា ត្រូវគេចាត់ទុកជាបរិសុទ្ធ ដោយសារការបូជាខ្លួនសំរាប់មនុស្សទ័លក្រ។ សម្ដេចសង្ឃកាតូលិក ត្រូវគេហៅថា «ព្រះឪដ៏បរិសុទ្ធ»។ ពួកអ្នករកឃើញក្រុមចលនាកាតូលិកទំនើប ដូចជាលោកអូភូស ដៃ លោកហូសេ មារ៉ា អេស្ក្រីបា ត្រូវពួកកាតូលិកខ្លះចាត់ទុកជា «គំរូនៃភាពបរិសុទ្ធ»។ សាសនាហិណ្ឌូ មានគ្រូបរិសុទ្ធ ឬ បុគ្គលបរិសុទ្ធដែរ។ លោកហ្គាន់ឌី ត្រូវគេលើកជា បុគ្គលបរិសុទ្ធម្នាក់។ រីឯព្រះពុទ្ធសាសនាវិញ មានលោកសង្ឃបរិសុទ្ធជាច្រើន ហើយសាសនាអ៊ីស្លាម មានហោរាបរិសុទ្ធដែរ។ ប៉ុន្តែ តើពាក្យបរិសុទ្ធនេះ មានន័យយ៉ាងណា?
២, ៣. (ក) តើពាក្យ «បរិសុទ្ធ» និងពាក្យ «ភាពបរិសុទ្ធ» មានន័យយ៉ាងណា? (ខ) តើមានសំនួរណាខ្លះដែលត្រូវឆ្លើយ?
២ ពាក្យ «បរិសុទ្ធ» មានន័យថា «ទី១ . . . ទាក់ទងនឹងឥទ្ធិឫទ្ធិអាទិទេព ពិសិដ្ឋ។ ទី២ គួរទទួលការថ្វាយបង្គំ ឬ ការគោរពសក្ការៈ។ . . . ទី៣ ការរស់នៅស្របតាមប្រព័ន្ធខាងវិញ្ញាណដ៏តឹងរ៉ឹង ឬគោលសីលធម៌សាសនាដ៏ខ្ពង់ខ្ពស់។ . . . ទី៤ រើសទុក ឬទុកដោយឡែកសំរាប់បំណងសាសនា»។ ពេលប្រើក្នុងព្រះគម្ពីរ ពាក្យបរិសុទ្ធនេះ មានន័យថា «ភាពស្អាតស្អំខាងសាសនា ឬភាពសុទ្ធ; ភាពពិសិដ្ឋ»។ យោងទៅតាមឯកសារយោងនៃព្រះគម្ពីរមួយ Insight on the Scriptures «ពាក្យហេព្រើរដំបូង គឺពាក្យ qoʹdhesh បញ្ចេញឲ្យដឹងនូវគំនិតនៃការញែកចេញ ភាពផ្ដាច់មុខ ឬការធ្វើឲ្យបានបរិសុទ្ធសំរាប់ព្រះ . . . ការបំរើដែលទុកដោយឡែកសំរាប់ព្រះ»។a
៣ សាសន៍អ៊ីស្រាអែលត្រូវបានបង្គាប់ឲ្យបានបរិសុទ្ធ។ ច្បាប់របស់ព្រះចែងថា៖ «ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យបានបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធ»។ តើនរណាជាប្រភពនៃភាពបរិសុទ្ធ? តើឲ្យពួកអ៊ីស្រាអែលដ៏ឥតគ្រប់ល័ក្ខណ៍ អាចបានបរិសុទ្ធយ៉ាងដូចម្ដេច? តើការដាស់តឿននៃព្រះយេហូវ៉ាឲ្យយើងបានបរិសុទ្ធ មានមេរៀនអ្វីសំរាប់យើងនៅសព្វថ្ងៃនេះ?—លេវីវិន័យ ១១:៤៤
របៀបដែលអ៊ីស្រាអែលជាប់ទាក់ទងនឹងប្រភពនៃភាពបរិសុទ្ធ
៤. នៅក្នុងអ៊ីស្រាអែល តើភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា ត្រូវបានបង្ហាញឲ្យឃើញជាក់លាក់យ៉ាងណា?
៤ អ្វីៗដែលទាក់ទងនឹងការថ្វាយបង្គំព្រះយេហូវ៉ានៃពួកអ៊ីស្រាអែល ត្រូវតែចាត់ទុកជាបរិសុទ្ធ ហើយត្រូវប្រព្រឹត្តបែបនេះ។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះព្រះយេហូវ៉ា ទ្រង់ផ្ទាល់ជាដើមនិងជាប្រភពនៃភាពបរិសុទ្ធ។ ដំណើររឿងរបស់លោកម៉ូសេដែលស្តីអំពី ការរៀបចំរោងឧបោសថបរិសុទ្ធ សំលៀកបំពាក់ និងគ្រឿងតុបតែង បានបញ្ចប់ដោយពាក្យថា៖ «គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះដូចជាគេឆ្លាក់ត្រាថា ‹បរិសុទ្ធដល់ព្រះយេហូវ៉ា› »។ ស្លាកមាសសុទ្ធនេះ ត្រូវបានដាក់ភ្ជាប់នឹងសំលៀកបំពាក់របស់សម្ដេចសង្ឃ ហើយនេះបង្ហាញថា លោកត្រូវបានញែកទុកសំរាប់កិច្ចបំរើបរិសុទ្ធពិសេសមួយ។ កាលដែលពួកអ៊ីស្រាអែលឃើញសញ្ញាឆ្លាក់នេះ ចាំងពីពន្លឺថ្ងៃ នោះពួកគេនឹកដល់ភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា។—និក្ខមនំ ២៨:៣៦; ២៩:៦; ៣៩:៣០
៥. តើពួកអ៊ីស្រាអែលដ៏ឥតគ្រប់ល័ក្ខណ៍ អាចចាត់ទុកជាបរិសុទ្ធយ៉ាងដូចម្ដេច?
៥ ប៉ុន្តែ តើពួកអ៊ីស្រាអែលអាចបានបរិសុទ្ធយ៉ាងដូចម្ដេច? គឺតាមរយៈទំនាក់ទំនងស្និទ្ធស្នាលរបស់គេជាមួយព្រះយេហូវ៉ា និងការថ្វាយបង្គំសុទ្ធដល់ទ្រង់តែមួយអង្គ។ ពួកគេត្រូវតែមានចំណេះត្រឹមត្រូវអំពី‹ព្រះដ៏បរិសុទ្ធបំផុត› ដើម្បីអាចថ្វាយបង្គំទ្រង់ដោយភាពបរិសុទ្ធ និងភាពស្អាតស្អំខាងរូបកាយនិងខាងវិញ្ញាណ។ (សុភាសិត ២:១-៦; ៩:១០) ដូច្នេះ ពួកអ៊ីស្រាអែលត្រូវតែថ្វាយបង្គំព្រះ ដោយឆន្ទៈនិងចិត្តបរិសុទ្ធ។ របៀបថ្វាយបង្គំណាដែលលាក់ពុត នោះនឹងទៅជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។—សុភាសិត ២១:២៧
ហេតុដែលព្រះយេហូវ៉ាបដិសេធអ៊ីស្រាអែល
៦. តើពួកយូដានៅសម័យលោកម៉ាឡាគី បានប្រព្រឹត្តយ៉ាងណា មកលើតុរបស់ព្រះយេហូវ៉ា?
៦ ការស្អប់ខ្ពើមនេះ បានឃើញយ៉ាងច្បាស់ កាលដែលពួកអ៊ីស្រាអែល ដោយចិត្តស្ទាក់ស្ទើរ បាននាំយកតង្វាយថោកទាបមកថ្វាយនៅព្រះវិហារ។ តាមរយៈព្យាការីម៉ាឡាគី ព្រះយេហូវ៉ាបានមានបន្ទូលបដិសេធតង្វាយដ៏ថោករបស់គេថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ›។ . . . ‹ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេ ដោយពោលថា៖ «តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ»។ ឯងរាល់គ្នាក៏ថា «យីះ! ការនេះរអាចិត្តណាស់! ហើយបានធ្វើសូរហ៊ឹះៗដាក់ការនោះ។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ‹ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច នឹងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ។ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ› »?—ម៉ាឡាគី ១:១០, ១២, ១៣
៧. តើពួកយូដាបានប្រព្រឹត្តដោយឥតបរិសុទ្ធអ្វីខ្លះ ក្នុងសតវត្សទីប្រាំ ម.ស.យ.?
៧ ព្រះបានប្រើម៉ាឡាគីឲ្យប្រកាសបដិសេធនូវអំពើប្រព្រឹត្តអាក្រក់នៃពួកយូដា ប្រហែលក្នុងកំឡុងសតវត្សទីប្រាំ ម.ស.យ.។ ពួកសង្ឃទាំងឡាយមិនបានធ្វើគំរូល្អទេ ហើយអាកប្បកិរិយារបស់គេ ក៏ឥតបរិសុទ្ធដែរ។ រីឯពួកបណ្ដាជនវិញ ដោយយកត្រាប់តាមការដឹកនាំនេះ មិនបានកាន់តាមគោលការណ៍របស់ព្រះទេ រហូតដល់ថ្នាក់លែងលះប្រពន្ធរបស់គេ ដើម្បីឲ្យគេអាចយកប្រពន្ធក្មេងៗដែលមិនជឿព្រះ។ ម៉ាឡាគីបានសរសេរថា៖ « ‹ព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ។ . . . ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់b ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ។ ដ្បិតអញស្អប់ការលះលែងគ្នាណាស់› នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល»។—ម៉ាឡាគី ២:១៤-១៦
៨. តើទស្សនៈទំនើបនៃការលែងលះគ្នា មានឥទ្ធិពលយ៉ាងណា ចំពោះពួកខ្លះក្នុងក្រុមជំនុំគ្រីស្ទាន?
៨ នៅសម័យទំនើបនេះ ក្នុងប្រទេសជាច្រើន ការទាមទារលែងលះគ្នាអាចធ្វើឡើងដោយស្រួល ហើយចំនួននៃការលែងលះគ្នាគឺរឹតតែមានច្រើនឡើង។ សូម្បីតែក្នុងក្រុមជំនុំគ្រីស្ទាន ក៏មានបញ្ហានេះដែរ។ ជាជាងស្វែងរកជំនួយពីពួកអ្នកចាស់ទុំ ដើម្បីដោះស្រាយបញ្ហានេះ ហើយខំធ្វើឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ អ្នកខ្លះរហ័សលែងលះគ្នា។ ហើយជាញឹកញាប់ កូនៗតែងតែជាអ្នកដែលទទួលនូវវិបត្ដិខាងផ្លូវចិត្តដ៏ក្រៃលែងនេះ។—ម៉ាថាយ ១៩:៨, ៩
៩, ១០. តើយើងគួរតែគិតយ៉ាងណាអំពីការថ្វាយបង្គំព្រះយេហូវ៉ារបស់យើង?
៩ ដូចជាយើងបានឃើញរួចមកហើយ ដោយសារតែមានស្ថានភាពវិញ្ញាណដ៏ស្អប់ខ្ពើមក្នុងសម័យនៃលោកម៉ាឡាគី ព្រះយេហូវ៉ាបានប្រកាសផ្ដន្ទាទោសដល់ការថ្វាយបង្គំដ៏រាក់កំផែលរបស់ពួកយូដា ហើយទ្រង់បង្ហាញថា ទ្រង់ទទួលយកតែការថ្វាយបង្គំបរិសុទ្ធប៉ុណ្ណោះ។ តើនេះមិនធ្វើឲ្យយើងគិត ដល់គុណភាពនៃការថ្វាយបង្គំព្រះយេហូវ៉ារបស់យើងទេឬ ដែលទ្រង់ជាព្រះអម្ចាស់មហាក្សត្រនៃសកលលោក ជាប្រភពនៃភាពបរិសុទ្ធពិតនោះ? តើយើងពិតជាថ្វាយកិច្ចបំរើបរិសុទ្ធទៅព្រះទេ? តើយើងរក្សាខ្លួនយើងឲ្យបានស្អាតស្អំខាងវិញ្ញាណទេ?
១០ នេះមិនមានន័យថា យើងត្រូវតែធ្វើឲ្យបានល្អគ្រប់ល័ក្ខណ៍ ដ្បិតយើងមិនអាចធ្វើទៅបាន ឬ ថាយើងត្រូវតែប្រដូចខ្លួនយើងទៅអ្នកដទៃឡើយ។ ប៉ុន្តែ នេះមានន័យថា គ្រីស្ទានម្នាក់ៗ គួរតែថ្វាយបង្គំព្រះឲ្យអស់ពីសមត្ថភាពរបស់ខ្លួន តាមកាលៈទេសៈរបស់គេរៀងៗខ្លួន។ ដូច្នេះ នេះសំដៅទៅគុណភាពនៃការថ្វាយបង្គំរបស់យើង។ កិច្ចបំរើព្រះរបស់យើងគួរតែល្អបំផុត—គួរជាកិច្ចបំរើបរិសុទ្ធ។ តើអាចសម្រេចការនេះយ៉ាងណាបាន?—លូកា ១៦:១០; កាឡាទី ៦:៣, ៤
ចិត្តបរិសុទ្ធនាំឲ្យមានការថ្វាយបង្គំបរិសុទ្ធ
១១, ១២. តើអាកប្បកិរិយាឥតបរិសុទ្ធចេញមកពីណា?
១១ ព្រះយេស៊ូបានបង្រៀនយ៉ាងច្បាស់ថា អ្វីដែលនៅក្នុងចិត្តនឹងបញ្ចេញឲ្យឃើញ តាមរយៈពាក្យសំដីនិងអំពើ។ ព្រះយេស៊ូបានមានបន្ទូលទៅពួកផារីស៊ីដែលឥតបរិសុទ្ធ ជាពួកដែលចាត់ទុកខ្លួនជាសុចរិតថា៖ «ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម្ល៉េះ តើធ្វើដូចម្ដេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត»។ ក្រោយមក ទ្រង់បានបង្ហាញថា អំពើអាក្រក់តែងតែចេញពីចិត្តគំនិតអាក្រក់ ឬពីបុគ្គលខាងក្នុង។ ទ្រង់បានមានបន្ទូលថា៖ «តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន»។—ម៉ាថាយ ១២:៣៤; ១៥:១៨-២០
១២ នេះជួយយើងឲ្យយល់ថា អំពើឥតបរិសុទ្ធមិនកើតឡើងដោយខ្លួនឯង ឬដោយគ្មានមូលដ្ឋានជាមុននោះឡើយ។ អំពើទាំងនេះជាលទ្ធផលនៃគំនិតអាក្រក់ ដែលបានចាំឆ្មក់នៅក្នុងចិត្ត—ជាចំណង់សម្ងាត់ ហើយអាចជាគំនិតរវើរវាយផង។ ម្ល៉ោះហើយបានជាព្រះយេស៊ូអាចមានបន្ទូលថា៖ «អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា ‹កុំផិតឲ្យសោះ› ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»។ បើនិយាយឲ្យចំទៅ គឺថាការសហាយស្មន់និងការផិតគ្នាបានចាក់ឫសនៅក្នុងចិត្តរួចទៅហើយ មុននឹងបានប្រព្រឹត្តឡើង។ រួចមក បើកាលៈទេសៈល្អហុចឲ្យ គំនិតឥតបរិសុទ្ធនោះ នឹងទៅជាកិរិយាឥតបរិសុទ្ធ។ ការសហាយស្មន់ ការផិតគ្នា ការប្រតិព័ទ្ធមនុស្សភេទដូចគ្នា ការលួចប្លន់ ជេរប្រមាថ ការក្បត់ជំនឿ នេះជាលទ្ធផលជាក់ស្តែងខ្លះៗនៃគំនិតឥតបរិសុទ្ធ។—ម៉ាថាយ ៥:២៧, ២៨; កាឡាទី ៥:១៩-២១
១៣. តើមានឧទាហរណ៍អ្វីខ្លះ អំពីរបៀបដែលគំនិតឥតបរិសុទ្ធ អាចនាំឲ្យមានអំពើឥតបរិសុទ្ធ?
១៣ ស្ថានការណ៍នេះ អាចពន្យល់តាមរបៀបផ្សេងៗ។ នៅក្នុងប្រទេសខ្លះ កាស៊ីណូ ដុះចេញឡើងដូចជាផ្សិត ម្ល៉ោះហើយបើកឲ្យមានឱកាសលេងល្បែងច្រើន។ បុគ្គលម្នាក់អាចបែរទៅរកដំណោះស្រាយក្លែងក្លាយនេះ ដើម្បីឲ្យជួយដោះស្រាយបញ្ហាថវិការបស់ខ្លួន។ គំនិតឆបោកនេះ អាចបណ្ដាលឲ្យបងប្អូនម្នាក់បដិសេធចោល ឬបន្សាបគោលការណ៍នៃព្រះគម្ពីរ។c ឧទាហរណ៍មួយទៀត ការស្រួលរកមើលរូបអាសគ្រាម ទោះជាតាមទូរទស្សន៍ វីឌីអូ កុំព្យូទ័រ ឬសៀវភៅក៏ដោយ នេះអាចនាំឲ្យគ្រីស្ទានម្នាក់មានអាកប្បកិរិយាឥតបរិសុទ្ធ។ បើគាត់គ្រាន់តែធ្វេសប្រហែសនឹងអាវក្រោះខាងវិញ្ញាណ នោះគាត់ធ្លាក់ចូលទៅក្នុងអំពើអសីលធម៌ ដោយមិនទាំងដឹងខ្លួនផង។ ប៉ុន្តែ ក្នុងករណីជាច្រើន ការធ្លាក់ចូលទៅក្នុងអំពើបាប ចាប់មានឡើងពីក្នុងគំនិត។ ពិតមែនហើយ ស្ថានការណ៍បែបនេះ ធ្វើឲ្យពាក្យនេះរបស់យ៉ាកុបបានសម្រេច៖ «តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប»។—យ៉ាកុប ១:១៤, ១៥; អេភេសូរ ៦:១១-១៨
១៤. តើមនុស្សជាច្រើនបានជាឡើងវិញពីអាកប្បកិរិយាឥតបរិសុទ្ធយ៉ាងដូចម្ដេច?
១៤ គួរឲ្យរីករាយដែរ គ្រីស្ទានជាច្រើនដែលបានប្រព្រឹត្តបាបដោយសារភាពទន់ខ្សោយ បានបង្ហាញការប្រែចិត្តពិតប្រាកដ ហើយពួកអ្នកចាស់ទុំអាចជួយជនបែបនេះឲ្យមានវិញ្ញាណឡើងវិញ។ សូម្បីតែមនុស្សជាច្រើនដែលត្រូវបានផ្ដាច់មិត្តភាព ពីព្រោះមិនប្រែចិត្ត ក្រោយមកបានទទួលកំហុសខ្លួន ហើយបានអនុញ្ញាតឲ្យចូលក្នុងក្រុមជំនុំវិញ។ ពួកគេយល់ឃើញថា សាតាំងអាចដេញទាន់គេដោយស្រួល បើគេបណ្ដោយឲ្យគំនិតឥតបរិសុទ្ធ មកចាក់ឫសក្នុងចិត្តរបស់គេ។—កាឡាទី ៦:១; ធីម៉ូថេទី២ ២:២៤-២៦; ពេត្រុសទី១ ៥:៨, ៩
ការពិបាក—ប្រឈមមុខនឹងភាពទន់ខ្សោយរបស់យើង
១៥. (ក) ហេតុអ្វីក៏យើងត្រូវតែប្រឈមមុខនឹងភាពទន់ខ្សោយរបស់យើង? (ខ) តើអ្វីអាចជួយយើងឲ្យស្គាល់ភាពទន់ខ្សោយរបស់យើង?
១៥ យើងត្រូវតែខំប្រឹងឲ្យស្គាល់ចិត្តខ្លួនយើងដោយឥតលំអៀង។ តើយើងសុខចិត្តប្រឈមមុខនឹងភាពទន់ខ្សោយរបស់យើង ហើយទទួលស្គាល់ភាពទន់ខ្សោយនោះ រួចខំពុះពារឲ្យបានឈ្នះទេ? តើយើងសុខចិត្តសួរមិត្តស្មោះរបស់យើង អំពីរបៀបដោះស្រាយ រួចសុខចិត្តធ្វើតាមឱវាទនោះទេ? ដើម្បីឲ្យបានបរិសុទ្ធ យើងត្រូវតែឈ្នះគុណវិបត្ដិរបស់យើង។ ហេតុអ្វី? ពីព្រោះសាតាំងដឹងភាពទន់ខ្សោយរបស់យើង។ វានឹងប្រើកលល្បិចដ៏ប៉ិនប្រសប់របស់វា ដើម្បីទាញយើងឲ្យធ្លាក់ទៅក្នុងបាបនិងអាកប្បកិរិយាឥតបរិសុទ្ធ។ តាមរយៈឧបាយកលរបស់វា វាព្យាយាមញែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដើម្បីឲ្យយើងលែងបានបរិសុទ្ធនិងមានប្រយោជន៍ទៀត សំរាប់ការថ្វាយបង្គំព្រះយេហូវ៉ា។—យេរេមា ១៧:៩; អេភេសូរ ៦:១១; យ៉ាកុប ១:១៩
១៦. តើអ្វីជាការប្រយុទ្ធដែលប៉ុលមាន?
១៦ សាវ័កប៉ុលបានជួបសេចក្ដីទុក្ខលំបាកនិងការល្បងមើលជាច្រើន ដូចបានប្រាប់មកក្នុងសំបុត្ររបស់គាត់ទៅពួករ៉ូម៉ាំង៖ «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ . . . ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង»។—រ៉ូម ៧:១៨-២៣
១៧. តើប៉ុលបានឈ្នះការតយុទ្ធនឹងភាពទន់ខ្សោយរបស់គាត់យ៉ាងដូចម្ដេច?
១៧ ឥឡូវនេះ ចំណុចសំខាន់ក្នុងករណីរបស់ប៉ុល គឺថាគាត់ទទួលស្គាល់នូវភាពទន់ខ្សោយរបស់គាត់។ ទោះជាមានភាពទន់ខ្សោយនេះក៏ដោយ ក៏គាត់អាចនិយាយថា៖ «ដ្បិតតាមប៉ែក[ខាងវិញ្ញាណ]ខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ»។ ប៉ុលស្រឡាញ់អ្វីដែលល្អ តែស្អប់អ្វីដែលអាក្រក់។ ប៉ុន្តែ គាត់នៅតែខំប្រឹងតយុទ្ធ គឺជាការតយុទ្ធដែលយើងគ្រប់គ្នាមានដែរ—ប្រឆាំងនឹងសាតាំង លោកីយ៍ និងសាច់ឈាម។ ដូច្នេះ តើយើងអាចឈ្នះការតយុទ្ធនេះយ៉ាងដូចម្ដេច ដើម្បីឲ្យបានបរិសុទ្ធ ញែកចេញពីលោកីយ៍នេះនិងគំនិតរបស់វា?—កូរិនថូសទី២ ៤:៤; អេភេសូរ ៦:១២
តើយើងអាចរក្សាឲ្យបានបរិសុទ្ធយ៉ាងណា?
១៨. តើយើងអាចរក្សាឲ្យបានបរិសុទ្ធយ៉ាងណា?
១៨ ភាពបរិសុទ្ធ ពុំអាចទទួលបានទេ បើចាត់វិធានការធ្វើដោយសើៗ ឬ ដោយមិនតឹងតែងនឹងខ្លួន។ មនុស្សបែបនេះ តែងតែរិះរកពាក្យដោះសារចំពោះអាកប្បកិរិយារបស់ខ្លួន ហើយព្យាយាមដាក់កំហុសទៅលើអ្នកផ្សេងទៀត។ ប្រហែលជាយើងត្រូវរៀនឲ្យចេះទទួលខុសត្រូវ ចំពោះការប្រព្រឹត្តរបស់យើង ហើយមិនត្រូវធ្វើជាមនុស្សដែលដោះសារថា ប្រវត្ដិគ្រួសារនិងពូជអំបូរបានកំណត់វាសនាអាក្រក់មកលើខ្លួន។ ដើមកំណើតនៃរឿងអ្វីមួយ គឺនៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗ។ តើបុគ្គលនោះស្រឡាញ់សេចក្ដីសុចរិតទេ? ចង់បានបរិសុទ្ធទេ? ប្រាថ្នាចង់បានពរពីព្រះទេ? អ្នកតែងបទទំនុកដំកើងបង្ហាញឲ្យឃើញច្បាស់នូវសេចក្ដីត្រូវការភាពបរិសុទ្ធ ពេលគាត់និយាយថា៖ «ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ»។ សាវ័កប៉ុលបានសរសេរថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ»។—ទំនុកដំកើង ៣៤:១៤; ៩៧:១០; រ៉ូម ១២:៩
១៩, ២០. (ក) តើយើងអាចចំរើនគំនិតរបស់យើងយ៉ាងដូចម្ដេច? (ខ) តើការសិក្សាផ្ទាល់ខ្លួនដ៏មានប្រសិទ្ធិភាព បង្កើតលទ្ធផលយ៉ាងណា?
១៩ យើងអាច «កាន់ខ្ជាប់ខាងសេចក្ដីល្អ» បើយើងមានទស្សនៈដូចព្រះយេហូវ៉ា ចំពោះអ្វីផ្សេងៗ ហើយបើយើងមានគំនិតដូចព្រះគ្រីស្ទ។ (កូរិនថូសទី១ ២:១៦) តើអាចធ្វើដូចម្ដេចបាន? ដោយសិក្សានិងជញ្ជឹងគិតពាក្យបន្ទូលរបស់ព្រះជារឿយៗ។ ឱវាទនេះបានឲ្យមកជាច្រើនដងហើយ! ប៉ុន្តែ តើយើងយកចិត្តទុកដាក់ទេ? ឧទាហរណ៍ តើអ្នកពិតជាសិក្សាទស្សនាវដ្ដីនេះ ហើយឆែកមើលបទគម្ពីរ មុនអ្នកមកប្រជុំថ្ងៃនេះទេ? ការសិក្សា មិនមែនមានន័យថា គ្រាន់តែគូសបន្ទាត់នៅក្រោមប្រយោគខ្លះៗក្នុងវគ្គនិមួយៗនោះទេ។ អត្ថបទសិក្សាមួយ អាចស្ទង់មើលត្រួសៗនិងគូសបន្ទាត់អស់ប្រហែល១៥នាទី។ តើនេះមានន័យថា យើងបានសិក្សាអត្ថបទនោះហើយឬ? តាមការពិត ការសិក្សានិងការស្រូបយកផលប្រយោជន៍ពីអត្ថបទនិមួយៗ អាចចំណាយពេលវេលាអស់មួយម៉ោងទៅពីរម៉ោង។
២០ ប្រហែលជាយើងគួរតែដាស់តឿនខ្លួនយើងឲ្យលះបង់ការមើលទូរទស្សន៍ ហើយចំណាយពេលពីរបីម៉ោងក្នុងមួយអាទិត្យ ដើម្បីរំពឹងគិតឲ្យប្រាកដប្រជាអំពីភាពបរិសុទ្ធនៃខ្លួនយើងផ្ទាល់។ ការសិក្សាទៀងទាត់នឹងចំរើនកម្លាំងខាងវិញ្ញាណដល់យើង ហើយនឹងជួយឲ្យគំនិតរបស់យើង ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ—គឺការសម្រេចចិត្តដែលនាំឲ្យមាន«កិរិយាបរិសុទ្ធ»។—ពេត្រុសទី២ ៣:១១; អេភេសូរ ៤:២៣; ៥:១៥, ១៦
២១. តើសំនួរអ្វីខ្លះ ដែលត្រូវឆ្លើយ?
២១ សំនួរដែលត្រូវសួរឥឡូវនេះគឺ តើគ្រីស្ទានអាចបានបរិសុទ្ធក្នុងសកម្មភាពនិងអាកប្បកិរិយាណាទៀត ដើម្បីឲ្យដូចព្រះយេហូវ៉ាដែលជាព្រះបរិសុទ្ធនោះ? អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីចំណុចដែលគួរពិនិត្យពិច័យនេះ។
[កំណត់សម្គាល់]
a ឯកសារយោងដែលមានពីរក្បាលនេះ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក
b បើចង់បានការពិគ្រោះដ៏ល្អិតល្អន់អំពីអត្ថន័យនៃការ«ប្រព្រឹត្តដោយមានចិត្តក្បត់» សូមមើល Awake! ៨ កុម្ភៈ ១៩៩៤ ទំព័រ ២១ «តើព្រះស្អប់ការលែងលះគ្នាប្រភេទណា»?
c បើចង់បានពត៌មានថែមទៀត អំពីហេតុដែលការលេងល្បែងជាអាកប្បកិរិយាឥតបរិសុទ្ធ សូមមើល Awake! ៨ សីហា ១៩៩៤ ទំព័រ ១៤-១៥ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក
តើអ្នកចាំទេ?
◻ តើប្រភពនៃភាពបរិសុទ្ធ អាចសំគាល់យ៉ាងណា ក្នុងអ៊ីស្រាអែល?
◻ នៅក្នុងសម័យម៉ាឡាគី តើការថ្វាយបង្គំនៃពួកអ៊ីស្រាអែល ឥតបរិសុទ្ធយ៉ាងណាខ្លះ?
◻ តើអាកប្បកិរិយាឥតបរិសុទ្ធ ចាប់ផ្ដើមពីទីណា?
◻ ដើម្បីឲ្យបានបរិសុទ្ធ តើយើងទទួលស្គាល់អ្វី?
◻ តើយើងអាចរក្សាឲ្យបានបរិសុទ្ធយ៉ាងដូចម្ដេច?