‹ខំប្រឹងឲ្យមានការទទួលរាក់ទាក់›
‹ខាងឯសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានការទទួលរាក់ទាក់ផងចុះ›។—រ៉ូម ១២:១៣
១. តើសេចក្ដីត្រូវការដ៏សំខាន់របស់មនុស្សជាអ្វី ហើយនេះបង្ហាញឲ្យឃើញតាមរបៀបណា?
ការដើរតាមផ្លូវដ៏ស្ងាត់មួយក្នុងដំបន់ចម្លែកនៅពេលយប់អធ្រាត្រ គឺអាចជាការពិសោធដ៏រន្ធត់ណាស់នៅសព្វថ្ងៃនេះ។ ប៉ុន្តែបើអ្នកនៅក្នុងចំណោមបណ្ដាមនុស្សដែលអ្នកមិនស្គាល់ឬមិនដែលឃើញ នោះក៏អាចទៅជាការតានតឹងចិត្តដែរ។ ប្រាកដហើយ លក្ខណៈដ៏សំខាន់របស់មនុស្សលោក គឺត្រូវការឲ្យគេមើលថែរក្សា ឲ្យគេទទួលយកខ្លួន និងឲ្យគេស្រឡាញ់។ គ្មានមនុស្សណាម្នាក់ចង់ឲ្យគេចាត់ថាខ្លួនជាមនុស្សចម្លែកឬអ្នកក្រៅនោះឡើយ។
២. តើព្រះយេហូវ៉ាជួយផ្គត់ផ្គង់សេចក្ដីត្រូវការខាងមិត្តភាពរបស់យើងតាមរបៀបណាខ្លះ?
២ ព្រះយេហូវ៉ាជាអ្នកបង្កើតនិងជាព្រះអាទិទេពនៃរបស់សព្វសារពើទាំងអស់ ទ្រង់ជ្រាបដឹងនូវសេចក្ដីត្រូវការរបស់មនុស្សចំពោះមិត្តភាព។ ចាប់តាំងពីដំបូងមក ជាអ្នកបង្កើតមនុស្ស ព្រះបានជ្រាបដឹងថាមិនជា‹ការល្អទេដែលបុរសនៅម្នាក់ឯងនោះ› ហើយទ្រង់បានចាត់វិធានការធ្វើអ្វីមួយចំពោះរឿងនេះ។ (លោកុប្បត្តិ ២:១៨, ២១, ២២) ប្រវត្ដិសាស្ត្រព្រះគម្ពីរគឺមានពោរពេញទៅដោយគំរូនៃសេចក្ដីសប្បុរស ដែលបានសម្ដែងដល់មនុស្សលោក ដោយព្រះយេហូវ៉ានិងពួកអ្នកបំរើរបស់ទ្រង់។ នេះជួយយើងឲ្យចេះ‹ទទួលរាក់ទាក់› ដើម្បីឲ្យអ្នកដទៃនិងខ្លួនយើងផ្ទាល់មានអំណរនិងសេចក្ដីរីករាយ។—រ៉ូម ១២:១៣
ការស្រឡាញ់ពួកមនុស្សចម្លែក
៣. សូមពន្យល់អត្ថន័យនៃការទទួលរាក់ទាក់។
៣ ពាក្យថា ‹ការទទួលរាក់ទាក់› ដូចបានប្រើក្នុងព្រះគម្ពីរ គឺបានបកប្រែចេញពីពាក្យក្រិក ភីឡូហ្ស៊ីញេ (phi·lo·xe·niʹa) ដែលចេញពីពាក្យដើមពីរ ដែលមានន័យថា «ស្រឡាញ់» និង «មនុស្សចម្លែក»។ ដូច្នេះ ការទទួលរាក់ទាក់មានន័យថា «ការស្រឡាញ់ពួកមនុស្សចម្លែក»។ ប៉ុន្តែ នេះមិនមែនគ្រាន់តែជាការគួរសមឬសុជីវធម៌ប៉ុណ្ណោះឡើយ។ វាទាក់ទងនឹងអារម្មណ៍របស់ខ្លួននិងចិត្តអាណិតមេត្ដា។ ពាក្យកិរិយាសព្ទ ភីលីអូ (phi·leʹo) យោងទៅតាមមាលីសព្ទយ៉ាងដិតដល់បំផុតនៃព្រះគម្ពីរ ដោយលោក ជេម្ស ស្ត្រង គឺមានន័យថា «ដើម្បីធ្វើជាមិត្ត ដើម្បី (ស្រឡាញ់[បុគ្គលណាម្នាក់ឬរបស់ណាមួយ]) គឺថាមានចិត្តអាណិតមេត្ដា (ជាសញ្ញានៃការចូលចិត្តផ្ទាល់ខ្លួន ជាផ្លូវនៃមនោសញ្ចេតនាឬអារម្មណ៍)»។ ដូច្នេះ ការទទួលរាក់ទាក់ដូចបានពន្យល់នៅខាងលើនេះ គឺមិនគ្រាន់តែជំរុញពីសេចក្ដីស្រឡាញ់ជាគោលការណ៍ទេ ដែលប្រហែលជាជំរុញពីការដឹងថានេះជាករណីយកិច្ចខ្លួន។ ធម្មតាការទទួលរាក់ទាក់ជាការសម្ដែងនៃសេចក្ដីស្រឡាញ់ ចិត្តអាណិតមេត្ដា និងមិត្តភាព។
៤. ចំពោះអ្នកណាដែលយើងត្រូវសម្ដែងការទទួលរាក់ទាក់?
៤ ពួកអ្នកដែលទទួលសេចក្ដីស្រឡាញ់នេះ គឺជា«មនុស្សចម្លែក» (ភាសាក្រិក, xeʹnos) តើនេះជាពួកណាទៅ? ម្ដងនេះទៀត មាលីសព្ទ របស់លោកស្ត្រង ឲ្យអត្ថន័យនៃពាក្យហ្ស៊ីណុស (xeʹnos) ជា‹ពួកបរទេស (ន័យចំៗគឺ អ្នកប្រទេសក្រៅ, បើពាក្យប្រៀបប្រដូចគឺ ថ្មីហើយប្លែក; ដែលទាក់ទងយ៉ាងជិតដិតនឹងភ្ញៀវ ឬ (ផ្ទុយទៅវិញ) មនុស្សចម្លែក›។ ដូច្នេះ ការទទួលរាក់ទាក់ ដូចបានឃើញជាក់ក្នុងព្រះគម្ពីរ អាចមានជាការសម្ដែងសេចក្ដីសប្បុរសដល់បុគ្គលណាម្នាក់ ដែលយើងស្រឡាញ់ ឬអាចសម្ដែងដល់មនុស្សចម្លែក។ ព្រះយេស៊ូបានពន្យល់ថា៖ «ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី? ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី»? (ម៉ាថាយ ៥:៤៦, ៤៧) ការទទួលរាក់ទាក់ពិត គឺមានជ័យជំនះលើការបែកខ្ញែកនិងការប្រកាន់ ដែលមានដោយសារការប្រកាន់សាសន៍ និងការខ្លាច។
ព្រះយេហូវ៉ា ជាអ្នកទទួលភ្ញៀវដ៏គ្រប់ល័ក្ខណ៍
៥, ៦. (ក) តើព្រះយេស៊ូចង់មានន័យយ៉ាងណា នៅពេលដែលទ្រង់មានបន្ទូលថា «ព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់ល័ក្ខណ៍»? (ខ) តើតាមរបៀបណាដែលយើងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា?
៥ ក្រោយពីបានប្រាប់អំពីការខ្វះខាតនៃការសម្ដែងសេចក្ដីស្រឡាញ់រវាងមនុស្ស ដូចបានរៀបរាប់នៅខាងលើនេះ ព្រះយេស៊ូបានបន្ថែមសេចក្ដីនេះថា៖ «ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់ល័ក្ខណ៍ដែរ»។ (ម៉ាថាយ ៥:៤៨) ប្រាកដហើយ ព្រះយេហូវ៉ាទ្រង់ជាបុគ្គលគ្រប់ល័ក្ខណ៍ក្នុងគ្រប់ប្រការ។ (ចោទិយកថា ៣២:៤) ប៉ុន្តែ ព្រះយេស៊ូបានប្រាប់នូវចំណុចសំខាន់មួយនៃសេចក្ដីគ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ា ដូចជាទ្រង់បានមានបន្ទូលមុនថា៖ «[ព្រះ]ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៥) ចំពោះការសម្ដែងសេចក្ដីសប្បុរស ព្រះយេហូវ៉ាមិនរើសមុខទេ។
៦ ជាព្រះអាទិទេព ព្រះយេហូវ៉ាជាម្ចាស់នៃអ្វីៗទាំងអស់។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ»។ (ទំនុកដំកើង ៥០:១០, ១១) ប៉ុន្តែ ទ្រង់មិនគរលាក់ទុកអ្វីៗដោយកំណាញ់នោះឡើយ។ ដោយសេចក្ដីសប្បុរស ទ្រង់ប្រទានឲ្យអ្វីៗសំរាប់សត្តនិករទាំងអស់របស់ទ្រង់។ អ្នកតែងបទទំនុកដំកើងបាននិយាយអំពីព្រះយេហូវ៉ាថា៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកដំកើង ១៤៥:១៦
៧. តើអ្វីដែលយើងអាចរៀនពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើពួកមនុស្សចម្លែកនិងពួកមនុស្សដែលខ្វះខាត?
៧ ព្រះយេហូវ៉ាប្រទានឲ្យមនុស្សនូវអ្វីដែលគេត្រូវការ—ទោះបីដល់មនុស្សដែលមិនស្គាល់ទ្រង់ផង ដែលជាមនុស្សចម្លែកចំពោះទ្រង់។ ប៉ុលនិងបាណាបាសបានរំឭកពួកថ្វាយបង្គំរូបព្រះក្នុងក្រុងលីស្ដ្រាថា ព្រះយេហូវ៉ា«ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។ (កិច្ចការ ១៤:១៧) ព្រះយេហូវ៉ាមានព្រះទ័យសប្បុរសនិងសទ្ធា ជាពិសេសដល់ពួកមនុស្សដែលខ្វះខាត។ (ចោទិយកថា ១០:១៧, ១៨) យើងអាចរៀនអំពីព្រះយេហូវ៉ាជាច្រើនណាស់ ក្នុងការសម្ដែងសេចក្ដីសប្បុរសនិងភាពសទ្ធា—ជាមនុស្សរាក់ទាក់—ដល់អ្នកដទៃ។
៨. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសប្បុរសរបស់ទ្រង់ ក្នុងការមើលថែរក្សាសេចក្ដីត្រូវការខាងវិញ្ញាណរបស់យើង?
៨ បន្ថែមនឹងការផ្ដល់សម្ភារៈដ៏បរិបូរដល់ពួកសត្តនិកររបស់ទ្រង់ ព្រះយេហូវ៉ាក៏មើលថែរក្សាសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេដែរ។ ព្រះយេហូវ៉ាបានប្រព្រឹត្តតាមរបៀបដ៏ខ្ពង់ខ្ពស់សំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង សូម្បីតែមុននឹងយើងបានដឹងថា យើងត្រូវការភាពវិញ្ញាណយ៉ាងខ្លាំងផង។ នៅរ៉ូម ៥:៨, ១០ យើងអានថា៖ «ព្រះទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបាន[សោយទិវង្គត]ជំនួសយើងរាល់គ្នា។ . . . ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត»។ សំវិធានការនោះអាចធ្វើឲ្យមនុស្សមានបាប មានទំនាក់ទំនងដ៏សប្បាយជាមួយព្រះវរបិតានៅស្ថានសួគ៌របស់គេវិញ។ (រ៉ូម ៨:២០, ២១) ព្រះយេហូវ៉ាបានធានារ៉ាប់រង ថាយើងនឹងត្រូវទទួលការណែនាំនិងការដឹកនាំត្រឹមត្រូវ ដើម្បីឲ្យយើងអាចបានជោគជ័យក្នុងជីវិត ថ្វីបើយើងមានភាពមិនល្អគ្រប់ល័ក្ខណ៍ក៏ដោយ។—ទំនុកដំកើង ១១៩:១០៥; ធីម៉ូថេទី២ ៣:១៦
៩, ១០. (ក) ហេតុអ្វីក៏យើងអាចនិយាយថា ព្រះយេហូវ៉ាជាអ្នកទទួលភ្ញៀវដ៏គ្រប់ល័ក្ខណ៍? (ខ) តើតាមរបៀបណាដែលអ្នកថ្វាយបង្គំពិតត្រូវតែធ្វើតាមព្រះយេហូវ៉ាក្នុងរឿងនេះ?
៩ ចំពោះរឿងនេះ យើងអាចនិយាយថា ព្រះយេហូវ៉ាគឺពិតជាអ្នកទទួលភ្ញៀវដ៏គ្រប់ល័ក្ខណ៍តាមរបៀបជាច្រើនមែន។ ទ្រង់មិនភ្លេចពួកមនុស្សខ្វះខាត ពួករាបទាបនោះឡើយ។ ទ្រង់សម្ដែងព្រះទ័យទុកដាក់យ៉ាងត្រឹមត្រូវដល់មនុស្សចម្លែក ថែមទាំងដល់ពួកសត្រូវរបស់ទ្រង់ផង។ ហើយទ្រង់មិនសង្ឃឹមចង់បានរង្វាន់អ្វីពីគេឡើយ។ ចំពោះហេតុទាំងនេះ តើទ្រង់មិនមែនជាគំរូនៃអ្នកទទួលភ្ញៀវដ៏គ្រប់ល័ក្ខណ៍ទេឬ?
១០ ជាព្រះនៃសេចក្ដីសប្បុរសដ៏ស្មោះ ព្រះយេហូវ៉ាចង់ឲ្យពួកអ្នកថ្វាយបង្គំរបស់ទ្រង់ធ្វើតាមទ្រង់ដែរ។ ក្នុងព្រះគម្ពីរទាំងមូល យើងឃើញនូវគំរូដ៏អស្ចារ្យនៃគុណសម្បត្ដិសប្បុរសនេះ។ សព្វវចនាធិប្បាយយូដា សង្កេតឃើញថា«ក្នុងអ៊ីស្រាអែលពីសម័យបុរាណ ការទទួលរាក់ទាក់មិនមែនគ្រាន់តែជាការមានសុជីវធម៌ល្អនោះទេ ប៉ុន្តែជាការប្រព្រឹត្តដ៏សំខាន់ខាងសីលធម៌ . . . ទំនៀមទំលាប់ក្នុងព្រះគម្ពីរនៃការទទួលស្វាគមន៍ពួកអ្នកធ្វើដំណើរដ៏អស់កម្លាំង ហើយនឹងការទទួលពួកមនុស្សចម្លែក គឺជាអ្វីដែលកើតឡើងពីចិត្តរាក់ទាក់ ហើយលក្ខណៈផ្សេងៗដែលទាក់ទង នោះបានទៅជាគុណធម៌ដ៏ខ្ពង់ខ្ពស់នៃប្រពៃណីយូដា»។ ការទទួលរាក់ទាក់គួរតែលក្ខណៈសម្គាល់នៃពួកអ្នកថ្វាយបង្គំទាំងអស់របស់ព្រះយេហូវ៉ា មិនគ្រាន់តែជាសញ្ញាសម្គាល់នៃសាសន៍ឬជាតិពន្ធនោះឡើយ។
ការទទួលពួកទេវតាជាភ្ញៀវ
១១. តើគំរូដ៏អស្ចារ្យមួយណាដែលបង្ហាញថា ការទទួលរាក់ទាក់នាំឲ្យមានពរជាច្រើននោះ? (សូមមើល លោកុប្បត្តិ ១៩:១-៣; ពួកចៅហ្វាយ ១៣:១១-១៦)
១១ ដំណើររឿងព្រះគម្ពីរដ៏ល្បីមួយនៃការសម្ដែងការទទួលរាក់ទាក់ គឺអំពីលោកអ័ប្រាហាំនិងនាងសារ៉ា នៅពេលដែលពួកគេបោះតង់ត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅជិតហេប្រុន។ (លោកុប្បត្តិ ១៨:១-១០; ២៣:១៩) សាវ័កប៉ុលច្បាស់ជាចង់និយាយអំពីរឿងនេះហើយ នៅពេលដែលគាត់ផ្ដល់ឱវាទនេះ៖ «កុំឲ្យភ្លេចសេចក្ដីចៅរ៉ៅ[ការទទួលរាក់ទាក់, ព.ថ.]ឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្ដីនោះឯង»។ (ហេព្រើរ ១៣:២) ការសិក្សាអំពីដំណើររឿងនេះ ជួយយើងឲ្យឃើញថា ការទទួលរាក់ទាក់គឺមិនមែនគ្រាន់តែជាទំនៀមទំលាប់ឬការអប់រំពីក្មេងប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ នេះជាគុណសម្បត្ដិរបស់ព្រះដែលនាំឲ្យមានពរជាច្រើន។
១២. តើតាមរបៀបណាដែលលោកអ័ប្រាហាំសម្ដែងសេចក្ដីស្រឡាញ់ដល់មនុស្សចម្លែក?
១២ លោកុប្បត្តិ ១៨:១, ២ បង្ហាញថា លោកអ័ប្រាហាំមិនបានស្គាល់ភ្ញៀវរបស់គាត់ទេ ព្រមទាំងមិននឹកស្មានថានឹងមានភ្ញៀវមកផង។ ចំពោះអ័ប្រាហាំ អ្នកទាំងនេះគឺគ្រាន់តែជាអ្នកធ្វើដំណើរបីនាក់ដែលដើរកាត់កន្លែងគាត់ប៉ុណ្ណោះ។ ទំនៀមទំលាប់នៃពួកមនុស្សបូព៌ាប្រទេស យោងទៅតាមអ្នកអត្ថាធិប្បាយខ្លះ គឺថាពួកអ្នកធ្វើដំណើរទៅកន្លែងចម្លែក មានសិទ្ធិទទួលការរាក់ទាក់ ទោះបីជាគាត់មិនស្គាល់អ្នកណាក៏ដោយ។ ប៉ុន្តែ អ័ប្រាហាំមិនបានចាំឲ្យពួកមនុស្សចម្លែកទាំងនេះប្រើសិទ្ធិរបស់គេទេ គាត់បានចេញទៅទទួលគេភ្លាម។ គាត់‹ចាប់ផ្ដើមរត់›ទៅជួបមនុស្សចម្លែកទាំងនេះ ដែលមានចម្ងាយឆ្ងាយពីគាត់—«នៅវេលាថ្ងៃពេញកំដៅ» ហើយអ័ប្រាហាំមានអាយុ៩៩ឆ្នាំ! តើនេះមិនបង្ហាញពីហេតុដែលប៉ុលបានសំដៅទៅអ័ប្រាហាំជាគំរូសំរាប់ឲ្យយកតម្រាប់តាមទេឬ? នេះហើយជាសារៈសំខាន់នៃការទទួលរាក់ទាក់ គឺការស្រឡាញ់ពួកមនុស្សចម្លែក ហើយយកចិត្តទុកដាក់នឹងសេចក្ដីខ្វះខាតរបស់គេ។ នេះជាគុណសម្បត្ដិដ៏ល្អមួយ។
១៣. ហេតុអ្វីក៏លោកអ័ប្រាហាំ«ក្រាបរាបនឹងដី»ដល់ពួកភ្ញៀវ?
១៣ ដំណើររឿងនេះក៏ប្រាប់យើងថា ក្រោយពីបានជួបពួកមនុស្សចម្លែកនេះហើយ អ័ប្រាហាំ«ក្រាបរាបនឹងដី»។ ហេតុអ្វីក៏គាត់ក្រាបរាបដល់មនុស្សចម្លែកដូច្នេះ? ត្រូវហើយ ការក្រាបរាបនឹងដី ដូចបានធ្វើឡើងដោយអ័ប្រាហាំ គឺជារបៀបទទួលស្វាគមន៍ភ្ញៀវខ្ពង់ខ្ពស់ ឬចំពោះបុគ្គលណាម្នាក់ដែលមានឋានៈធំដុំ។ យើងមិនត្រូវច្រឡំរឿងនេះទៅនឹងការថ្វាយបង្គំនោះឡើយ ដែលទុកសំរាប់ព្រះអង្គតែប៉ុណ្ណោះ។ (ប្រៀបធៀប កិច្ចការ ១០:២៥, ២៦; វិវរណៈ ១៩:១០) ដោយក្រាបរាប មិនគ្រាន់តែឱនក្បាល គឺ«ក្រាបរាបនឹងដី» នោះលោកអ័ប្រាហាំឲ្យកិត្ដិយសដល់បុគ្គលទាំងនេះជាពួកសំខាន់។ គាត់ជាមេនៃគ្រួសារដ៏ធំរីកចំរើនមួយ ប៉ុន្តែគាត់ចាត់ទុកពួកមនុស្សចម្លែកទាំងនេះ ជាពួកអ្នកដែលសមទទួលកិត្ដិយសដ៏ខ្ពង់ខ្ពស់ជាងគាត់ទៅទៀត។ នេះគឺច្បាស់ជាខុសគ្នាណាស់ ពីទំនៀមទំលាប់ដែលសង្ស័យហើយមានចិត្តប្រយ័ត្នប្រយែងនឹងមនុស្សចម្លែក! អ័ប្រាហាំបានសម្ដែងដោយស្មោះនូវន័យនៃសេចក្ដីថ្លែងនេះ៖ «ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។—រ៉ូម ១២:១០
១៤. តើលោកអ័ប្រាហាំបានខំខ្នះខ្នែងនិងបូជាខ្លួនយ៉ាងណាខ្លះ ក្នុងការទទួលរាក់ទាក់ពួកមនុស្សចម្លែក?
១៤ ដំណើររឿងទាំងមូលបង្ហាញថា លោកអ័ប្រាហាំមានអារម្មណ៍ដ៏ស្មោះ។ សូម្បីតែអាហារក៏ពិសេសដែរ។ «កូនគោ១ដែលមានសាច់ទន់ល្វន់ល្អ»គឺមិនមែនជាអាហារ ដែលមានធម្មតានោះទេ ទោះបីក្នុងគ្រួសារដ៏ធំហើយមានសត្វចិញ្ចឹមជាច្រើនក៏ដោយ។ ចំពោះទំនៀមទំលាប់ដែលមាននៅតំបន់នោះ រូបភាពនៃព្រះគម្ពីរប្រចាំថ្ងៃ ដោយលោកចន ឃីតូ កត់សម្គាល់ថា៖ «ដំណើរមានគ្រឿងប្រណីតគឺមិនដែលធ្វើឡើង លើកលែងតែមានបុណ្យខ្លះ ឬនៅពេលមានមនុស្សចម្លែកមកដល់។ ហើយមានតែនៅពិធីនោះទេ ដែលគេទទួលទានសាច់សត្វ ទោះបីចំពោះអ្នកដែលមានហ្វូងសត្វជាច្រើនក៏ដោយ»។ ដោយសារតែធាតុអាកាសក្ដៅ គឺមិនអាចទុកសាច់ដែលអាចរលួយទៅបាននោះទេ ដូច្នេះដើម្បីរៀបចំអាហារបែបនេះ គឺត្រូវតែរៀបចំរបស់ទាំងអស់នៅពេលនោះ។ ដូច្នេះហើយបានជាក្នុងដំណើររឿងដ៏ខ្លីនេះ ពាក្យ«ប្រញាប់ប្រញាល់» ឬពាក្យ«ឆាប់ៗ»គឺមានបីដង ហើយអ័ប្រាហាំពិតជាបាន«រត់»មែន ដើម្បីរៀបចំម្ហូបអាហារឲ្យបានរួចស្រេច!—លោកុប្បត្តិ ១៨:៦-៨
១៥. តើអ្វីជាទស្សនៈត្រឹមត្រូវចំពោះការឲ្យសម្ភារៈ នៅពេលសម្ដែងការទទួលរាក់ទាក់ ដូចលោកអ័ប្រាហាំបានបង្ហាញឲ្យឃើញជាក់?
១៥ ប៉ុន្តែ គោលបំណងនៃការនេះ គឺមិនមែនដើម្បីធ្វើឲ្យមានការជប់លៀងឧឡារឹក ឲ្យអ្នកដទៃសរសើរនោះទេ។ ទោះបីអ័ប្រាហាំនិងសារ៉ាបានខំប្រឹងរៀបចំនិងថ្វាយអាហារនោះក៏ដោយ សូមកត់ចំណាំនូវរបៀបដែលអ័ប្រាហាំបាននិយាយពីមុនថា៖ «សូមរង់ចាំឲ្យគេយកទឹកមក បន្ដិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាក ក្រោមដើមឈើនេះសិន ទូលបង្គំនឹងយកនំប៉័ងបន្ដិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកំឡាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបំរើទ្រង់ហើយ»។ (លោកុប្បត្តិ ១៨:៤, ៥) «នំប៉័ងបន្ដិចបន្តួច»បានក្លាយទៅជាធ្វើជប់លៀងនៃកូនគោ ព្រមទាំងមាននំធ្វើពីម្សៅយ៉ាងម៉ដ្ដ បឺរ និងទឹកដោះគោ—គឺជាការជប់លៀងដ៏បរិបូរ។ តើអ្វីជាមេរៀននេះ? នៅពេលសម្ដែងការទទួលរាក់ទាក់ អ្វីដ៏សំខាន់ ឬអ្វីដែលត្រូវដៅបញ្ជាក់នោះ គឺមិនមែននូវរបៀបដែលមានអាហារនិងភេសជ្ជៈជាច្រើន ឬមានគ្រឿងកំសាន្តដ៏ច្រើននោះទេ។ ការទទួលរាក់ទាក់មិនមែនពឹងទៅលើអ្វីដែលបុគ្គលម្នាក់អាចទិញរបស់ដ៏ថ្លៃនោះឡើយ។ ផ្ទុយទៅវិញ នេះគឺមានមូលដ្ឋានទៅលើការខ្វល់ខ្វាយចំពោះសុខុមាលភាពនៃអ្នកដទៃ ហើយទៅលើការប្រាថ្នាចង់ធ្វើល្អដល់អ្នកដទៃអស់ពីសមត្ថភាពរបស់ខ្លួន។ សុភាសិតព្រះគម្ពីរចែងថា៖ «ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ហើយមានសេចក្ដីសំអប់វិញ»។ ក្នុងសុភាសិតនេះគឺមានចំណុចសំខាន់ចំពោះការទទួលរាក់ទាក់ពិត។—សុភាសិត ១៥:១៧
១៦. តើតាមរបៀបណាដែលអ័ប្រាហាំបង្ហាញការអបអរនឹងរបស់ខាងវិញ្ញាណ ចំពោះអ្វីៗដែលគាត់បានធ្វើដល់ពួកភ្ញៀវ?
១៦ ប៉ុន្តែ យើងត្រូវចាំថា ក្នុងពិធីទាំងមូលនេះក៏មានបញ្ចេញឲ្យឃើញនូវសភាពវិញ្ញាណដែរ។ លោកអ័ប្រាហាំ មិនដឹងជាយ៉ាងម៉េចបានយល់ថា មនុស្សចម្លែកទាំងនេះជាពួកនាំសាររបស់ព្រះយេហូវ៉ា។ នេះត្រូវបានបង្ហាញឲ្យឃើញពីរបៀបដែលគាត់បានហៅពួកគេ៖ «ក៏ទូលថាព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ»។a (លោកុប្បត្តិ ១៨:៣; ប្រៀបធៀប និក្ខមនំ ៣៣:២០) លោកអ័ប្រាហាំមិនដឹងថា គេមានសារពីព្រះយេហូវ៉ា ឬថាគេគ្រាន់តែធ្វើដំណើរកាត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានដឹងថាការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ាកំពុងកើតឡើង។ ពួកទាំងនេះបានទទួលបំពេញបេសកកម្មណាមួយពីព្រះយេហូវ៉ា។ គាត់មានចិត្តរីករាយណាស់ បើសិនជាអ្វីមួយដែលគាត់អាចធ្វើ ដើម្បីជាប្រយោជន៍ដល់បេសកកម្មនេះ។ គាត់ដឹងថា ពួកអ្នកបំរើព្រះយេហូវ៉ាសមទទួលរបស់ដ៏ល្អបំផុត ហើយគាត់បានផ្ដល់ឲ្យរបស់ដ៏ល្អបំផុតដែលគាត់មាននៅគ្រានោះ។ ដោយធ្វើយ៉ាងនេះ នឹងមានពរខាងវិញ្ញាណ មិនថាចំពោះគាត់ឬបុគ្គលណាម្នាក់។ ដូចជាបានឃើញ លោកអ័ប្រាហាំនិងនាងសារ៉ាបានទទួលពរជាច្រើនចំពោះការទទួលរាក់ទាក់ដ៏ស្មោះរបស់គេ។—លោកុប្បត្តិ ១៨:៩-១៥; ២១:១, ២
ពួកមនុស្សដ៏រាក់ទាក់
១៧. តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីពួកអ៊ីស្រាអែល ស្តីអំពីពួកមនុស្សចម្លែកនិងពួកមនុស្សក្រខ្សត់ក្នុងចំណោមពួកគេ?
១៧ សាសន៍ដែលបានកើតមកពីលោក គឺមិនត្រូវឲ្យភ្លេចពីគំរូដ៏អស្ចារ្យនៃលោកអ័ប្រាហាំឡើយ។ ក្រិត្យវិន័យដែលព្រះយេហូវ៉ាប្រទានឲ្យពួកអ៊ីស្រាអែល គឺបានរួមបញ្ចូលសំវិធានការសំរាប់សម្ដែងការទទួលរាក់ទាក់ដល់ពួកមនុស្សចម្លែកក្នុងចំណោមពួកគេ។ «ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា»។ (លេវីវិន័យ ១៩:៣៤) ពួកបណ្ដាជនត្រូវយកចិត្តទុកដាក់ពិសេសដល់ពួកអ្នកដែលខ្វះខាតសម្ភារៈ ហើយមិនត្រូវបំភ្លេចគេសោះឡើយ។ នៅពេលដែលព្រះយេហូវ៉ាបានប្រទានពរគេឲ្យមានផលស្រូវច្រើន នៅពេលដែលពួកគេមានចិត្តរីករាយនឹងពិធីបុណ្យរបស់គេ នៅពេលដែលគេសំរាកពីកិច្ចការគេក្នុងកំឡុងឆ្នាំឈប់សំរាក ហើយនៅពិធីផ្សេងៗទៀត ពួកបណ្ដាជនបានតម្រូវឲ្យចងចាំពួកអ្នកក្រខ្សត់—ពួកមេម៉ាយ ពួកគ្មានឪពុក និងពួកអ្នកប្រទេសក្រៅ។—ចោទិយកថា ១៦:៩-១៤; ២៤:១៩-២១; ២៦:១២, ១៣
១៨. តើការទទួលរាក់ទាក់សំខាន់យ៉ាងណាដែរ បើយើងចង់ទទួលការអនុគ្រោះនិងពរពីព្រះយេហូវ៉ា?
១៨ សារៈសំខាន់នៃសេចក្ដីសប្បុរស សទ្ធាទាន និងការទទួលរាក់ទាក់អ្នកដទៃ ជាពិសេសចំពោះអ្នកដែលខ្វះខាត អាចឃើញពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តជាមួយពួកអ៊ីស្រាអែល នៅពេលដែលពួកគេខានអនុវត្តគុណសម្បត្ដិទាំងនេះ។ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីសប្បុរសនិងសទ្ធាទានចំពោះពួកមនុស្សចម្លែកនិងពួកក្រខ្សត់ គឺជាសេចក្ដីតម្រូវក្នុងចំណោមប្រជារាស្ត្រទ្រង់ ដើម្បីឲ្យគេអាចទទួលពរ។ (ទំនុកដំកើង ៨២:២, ៣; អេសាយ ១:១៧; យេរេមា ៧:៥-៧; អេសេគាល ២២:៧; សាការី ៧:៩-១១) នៅពេលដែលសាសន៍ទាំងមូលបានខំប្រឹងធ្វើតាមសេចក្ដីតម្រូវទាំងនេះ ពួកគេបានរីកចំរើនហើយមានរបស់ខាងសាច់ឈាមនិងខាងវិញ្ញាណដ៏បរិបូរ។ នៅពេលដែលគេជក់ស្លុងតែនឹងរបស់ខ្លួនដោយកំណាញ់នោះ ហើយមិនបានសម្ដែងគុណសម្បត្ដិដ៏ល្អៗទាំងនេះដល់ពួកមនុស្សក្រខ្សត់ ពួកគេបានទទួលសេចក្ដីបណ្ដាសាពីព្រះយេហូវ៉ា ហើយនៅទីបំផុត ក៏ទទួលសេចក្ដីជំនុំជំរះដ៏អាក្រក់មួយ។—ចោទិយកថា ២៧:១៩; ២៨:១៥, ៤៥
១៩. តើអ្វីដែលយើងត្រូវតែពិចារណាមើលថែមទៀត?
១៩ ដូច្នេះ គឺជាការសំខាន់ណាស់ចំពោះយើងក្នុងការពិនិត្យខ្លួនយើងមើលថាតើយើងបំពេញតាមសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ាចំពោះរឿងនេះឬទេ! ជាពិសេសនៅសព្វថ្ងៃនេះ រស់នៅក្នុងលោកដែលពេញទៅដោយចិត្តកំណាញ់និងគំនិតទាស់ទែងគ្នា។ តើតាមរបៀបណាដែលយើងអាចសម្ដែងការទទួលរាក់ទាក់ខាងគ្រីស្ទានក្នុងលោកីយ៍ដ៏បែកខ្ញែកនេះ? នេះជាអ្វីដែលយើងនឹងពិគ្រោះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a បើចង់បានការពិគ្រោះល្អិតល្អន់ថែមទៀត សូមមើលអត្ថបទ «តើមានអ្នកណាមួយបានមើលឃើញព្រះទេ»? ក្នុងប៉មយាម នៃខែឧសភា ទី១៥ ១៩៨៨ ទំព័រ ២១-៣ (ភាសាអង់គ្លេស)
តើអ្នកនៅចាំទេ?
◻ តើអ្វីជាអត្ថន័យនៃពាក្យក្នុងព្រះគម្ពីរដែលបានបកប្រែថា ‹ការទទួលរាក់ទាក់›?
◻ តាមរបៀបណាដែលព្រះយេហូវ៉ាជាគំរូដ៏គ្រប់ល័ក្ខណ៍ក្នុងការសម្ដែងការទទួលរាក់ទាក់?
◻ តើលោកអ័ប្រាហាំបានខំធ្វើយ៉ាងណាខ្លះក្នុងការទទួលរាក់ទាក់?
◻ ហេតុអ្វីក៏ពួកអ្នកថ្វាយបង្គំពិតទាំងអស់‹ខំប្រឹងឲ្យមានការទទួលរាក់ទាក់›?