បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៣ ទំ. ៤-៨
  • ការផ្ដល់ជំនួយក្នុងកាលមានមហន្តរាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្ដល់ជំនួយក្នុងកាលមានមហន្តរាយ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ក្រុង​អាក្រា—«សម័យ​ណូអេ​ដ៏​តូច​មួយ»
  • សែន អែនជីឡូ—«វា​ឮ​ដូច​ជា​ទី​បញ្ចប់​នៃ​លោកីយ៍»
  • ក្រុង​កូបេ—«ការ​បាក់​បែក​ខ្ទេច​ខ្ទី​នៃ​ឈើ កំបោរ និង​ខ្មោច​មនុស្ស»
  • ជំនួយ​អចិន្ត្រៃយ៍​នៅ​ខាង​មុខ!
  • កិច្ចបម្រើខាងការផ្ដល់ជំនួយ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • នៅពេលដែលមានមហន្តរាយធម្មជាតិ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០២៣ «យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា»
    របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
  • តើសាក្សីព្រះយេហូវ៉ាជួយអ្នករងគ្រោះដោយសារមហន្តរាយធម្មជាតិទេ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៣ ទំ. ៤-៨

ការ​ផ្ដល់​ជំនួយ​ក្នុង​កាល​មាន​មហន្តរាយ

ការ​ខំ​ខ្នះ​ខ្នែង​របស់​មនុស្ស​ក្នុង​ការ​ផ្ដល់​ជំនួយ​ក្នុង​កាល​មាន​មហន្តរាយ គឺ​ប្រាកដ​ជា​គួរ​ឲ្យ​សរសើរ​មែន។ កម្ម​វិធី​ជំនួយ​ជា​ច្រើន​បាន​ជួយ​កសាង​ផ្ទះ​សម្បែង បង្រួប​បង្រួម​គ្រួសារ ហើយ​សំខាន់​ជាង​គេ​បង្អស់ គឺ​បាន​សង្គ្រោះ​ជីវិត។

នៅ​ពេល​មាន​មហន្តរាយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឆ្លៀត​យក​ប្រយោជន៍—ហើយ​មាន​អំណរ​គុណ​ចំពោះ—ស្បៀង​ផ្សេង​ៗ ដែល​ផ្ដល់​ឲ្យ​តាម​រយៈ​កម្ម​វិធី​ជំនួយ​ដែល​ឥត​ទាក់​ទង​សាសនា។ នៅ​ពេល​ដដែល​នេះ ពួក​គេ​មាន​កាតព្វកិច្ច​ពី​ព្រះ​គម្ពីរ​ឲ្យ«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) ត្រូវ​ហើយ ពួក​ស្មរបន្ទាល់​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​សាច់​ញាតិ ដែល​ចាត់​ទុក​គ្នា​ឯង​ជា«គ្រួសារ»។ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«បង​ប្អូន​ប្រុស» និង «បង​ប្អូន​ស្រី»។—ប្រៀប​ធៀប ម៉ាកុស ៣:៣១​-​៣៥; ភីលេម៉ូន ១, ២

ដូច្នេះ នៅ​ពេល​មាន​មហន្តរាយ​នៅ​ក្នុង​ដំបន់​ជិត​ខាង ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ខំ​ប្រឹង​រក​សមាជិក​ក្រុម​ជំនុំ​នៅ​កន្លែង​ណា​ឬ​ត្រូវ​ការ​អ្វី​ខ្លះ ហើយ​រៀបចំ​ចាត់​ចែង​ជំនួយ។ សូម​ពិចារណា​នូវ​ហេតុ​ការណ៍​ពិត​នេះ ក្នុង​ក្រុង​អាក្រា​ប្រទេស​ហ្គាណា សែន អែនជីឡូ ស.អ​.រ និង​ក្រុង​កូបេ ប្រទេស​ជប៉ុន។

ក្រុង​អាក្រា—«សម័យ​ណូអេ​ដ៏​តូច​មួយ»

ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ប្រហែល​នៅ​ម៉ោង ១១ យប់ ហើយ​បាន​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​អស់​រយៈ​ជា​ច្រើន​ម៉ោង។ ចន ស៊ូ​ម៉ា​ស៊ី ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ក្នុង​ក្រុង​អាក្រា និយាយ​ថា៖ «ដោយ​សារ​ភ្លៀង​យ៉ាង​ខ្លាំង គ្រួសារ​របស់​ខ្ញុំ​ដេក​មិន​លក់​ទេ»។ សារ​ពត៌មាន រូប​ភាព​ប្រចាំ​ថ្ងៃ ហៅ​ទឹក​ជំនន់​នេះ​ថា«សម័យ​ណូអេ​ដ៏​តូច​មួយ»។ ចន និយាយ​ទៀត​ថា៖ «យើង​បាន​ខំ​យក​របស់​មាន​តម្លៃ​ទៅ​ខាង​លើ ប៉ុន្តែ​កាល​ដែល​យើង​បើក​ទ្វារ​ទៅ​ជណ្ដើរ​នោះ ទឹក​ជន់​ក៏​ជ្រាប​ចូល​យ៉ាង​លឿន»។

ពួក​អាជ្ញាធរ​បាន​រោទ៍​ស៊ៀរ៉ែន​ប្រាប់​ឲ្យ​ជម្លៀស ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ខ្លាច​ពួក​ចោរ​មក​ចូល​លួច​ផ្ទះ—ទោះ​បី​ជា​មាន​ទឹក​ពេញ​ក៏​ដោយ—។ មនុស្ស​ខ្លះ​មិន​អាច​ចាក​ចេញ​បាន​ទេ ទោះ​ជា​គេ​ចង់​ទៅ​ក៏​ដោយ។ ក្មេង​ស្រី​ម្នាក់​ឈ្មោះ ផូលីណា និយាយ​ថា៖ «ម្ដាយ​ខ្ញុំ​និង​ខ្ញុំ​បើក​ទ្វារ​ចេញ​ពី​ផ្ទះ​មិន​បាន​ទេ។ ទឹក​កាន់​តែ​ឡើង​យ៉ាង​លឿន ដូច្នេះ យើង​ក៏​បាន​ឈរ​កាន់​ផ្ទោង​ដំបូល។ នៅ​ទី​បំផុត ប្រហែល​ជា​នៅ​ម៉ោង​ប្រាំ​ព្រឹក អ្នក​ជិត​ខាង​បាន​មក​សង្គ្រោះ​យើង»។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ធ្វើ​ការ​ភ្លាម កាល​ដែល​អាច​ធ្វើ​ទៅ​បាន។ បង​ស្រី​ម្នាក់​ឈ្មោះ ប៊ីទ្រីស រៀប​រាប់​ថា៖ «ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​ចាប់​ផ្ដើម​ស៊ើប​សួរ​រក​យើង ហើយ​ពួក​គេ​បាន​រក​ឃើញ​យើង​នៅ​ឯ​ផ្ទះ​នៃ​ស្មរបន្ទាល់​គ្នី​គ្នា ដែល​យើង​បាន​ទៅ​ជ្រក។ គ្រាន់​តែ​បី​ថ្ងៃ​ក្រោយ​ពី​ទឹក​ជំនន់ ពួក​អ្នក​ចាស់​ទុំ​និង​ពួក​សមាជិក​ក្មេង​ៗ​បាន​មក​ជួយ​យើង ហើយ​បាន​ជញ្ជូន​យក​ភក់​ចេញ​ពី​ខាង​ក្នុង​និង​ខាង​ក្រៅ​ផ្ទះ​របស់​យើង។ សមាគម​ប៉ម​យាម​បាន​ផ្ដល់​ឲ្យ​ម្សៅ​សាប៊ូ ថ្នាំ​រម្ងាប់​មេ​រោគ ថ្នាំ​លាប គ្រែ ភួយ ក្រណាត់ និង​សំលៀក​បំពាក់​សំរាប់​កូន​ក្មេង។ សមាគម​ប៉ម​យាម​បាន​បញ្ជូន​ជំនួយ​ឲ្យ​យើង​បី​បួន​ថ្ងៃ។ ខ្ញុំ​មាន​ចិត្ត​ស្ងើច​ណាស់»!

ចន ស៊ូ​ម៉ា​ស៊ី រាយ​ការណ៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​ពួក​អ្នក​ម្ចាស់​ផ្ទះ​ឯ​ទៀត​ថា សមាគម​ប៉ម​យាម​ផ្ញើ​ម្សៅ​សាប៊ូ​និង​ថ្នាំ​រម្ងាប់​មេ​រោគ—ដែល​មាន​គ្រប់​គ្រាន់​សំរាប់​លាង​សំអាត​ផ្ទះ​ទាំង​មូល ហើយ​មនុស្ស​ប្រមាណ​៤០​នាក់​បាន​ជួយ​បោស​សំអាត។ ខ្ញុំ​បាន​ឲ្យ​ម្សៅ​សាប៊ូ​ដល់​អ្នក​ជិត​ខាង ព្រម​ទាំង​ឲ្យ​បុគ្គល​ម្នាក់​ដែល​ជា​បព្វជិត​ម្នាក់​នៃ​ព្រះ​វិហារ​ក្នុង​តំបន់។ ពី​ដើម​អ្នក​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​បាន​យល់​ច្រឡំ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​តែ​បង​ប្អូន​របស់​គេ​ប៉ុណ្ណោះ»។

បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​បាន​អបអរ​យ៉ាង​ខ្លាំង​នូវ​ជំនួយ​ដ៏​ជា​ទី​ស្រឡាញ់​ដែល​គេ​បាន​ទទួល។ បង​ប្រុស​ស៊ូ​ម៉ា​ស៊ី​និយាយ​បញ្ចប់​ថា៖ «ទោះ​បី​ជា​របស់​ដែល​ខ្ញុំ​បាន​បាត់​បង់​ក្នុង​ទឹក​ជំនន់​មាន​តម្លៃ​ជាង​ជំនួយ​ក៏​ដោយ គ្រួសារ​របស់​ខ្ញុំ​និង​ខ្ញុំ​មាន​អារម្មណ៍​ថា របៀប​ដែល​សមាគម​មើល​ថែ​រក្សា​យើង គឺ​មាន​ផល​ប្រយោជន៍​លើស​លុប​ជាង​អ្វី​ដែល​យើង​បាត់​បង់​ទៅ​ទៀត»។

សែន អែនជីឡូ—«វា​ឮ​ដូច​ជា​ទី​បញ្ចប់​នៃ​លោកីយ៍»

ខ្យល់​គួ​ច​ដែល​បាន​បំផ្លិច​បំផ្លាញ​សែន អែនជីឡូ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ១៩៩៥ បាន​រំលើង​ដើម​ឈើ បំបាក់​បង្គោល​ភ្លើង​ដែល​នៅ​មាន​ចរន្ត​អគ្គីសនី​នៅ​តាម​ថ្នល់។ កម្លាំង​ខ្យល់​បាន​បក់​ឡើង​ដល់​១៦០ គូ​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ធ្វើ​ឲ្យ​បាក់​បែក​អាគារ​សាធារណៈ​ជា​ច្រើន។ ផ្ទះ​ជាង​២០.០០០​ខ្នង​ឥត​មាន​ភ្លើង​អគ្គីសនី។ រួច​មក ក៏​ធ្លាក់​ព្រិល។ សារ​ពត៌មាន​ធាតុ​អាកាស​ជាតិ​បាន​រាយ​ការណ៍​ថា «ព្រិល​ធ្លាក់​ធំ​ប៉ិន​បាល់​ហ្គុលហ្វ៍» រួច​មក​មាន «ព្រិល​ប៉ិន​បាល់​តូច» ហើយ​នៅ​ទី​បំផុត​មាន«ព្រិល​ប៉ិន​ក្រូច​ថ្លុង»។ ការ​ធ្លាក់​ព្រិល​នេះ​មាន​សម្លេង​ថ្លង់​ណាស់។ អ្នកស្រុក​ម្នាក់​បាន​និយាយ​ថា៖ «វា​ឮ​ដូច​ជា​ទី​បញ្ចប់​នៃ​លោកីយ៍»។

ក្រោយ​ពី​ព្យុះ ក៏​មាន​ការ​ស្ងប់​ស្ងៀម។ បន្ដិច​ម្ដង​ៗ មនុស្ស​បាន​ចេញ​ពី​ផ្ទះ​បាក់​បែក​របស់​គេ ដើម្បី​ពិនិត្យ​មើល​ការ​ហិនហោច។ ដើម​ឈើ​ដែល​មិន​រលំ គឺ​ឥត​មាន​ស្លឹក​ទេ។ ផ្ទះ​មើល​ទៅ​ហាក់​ដូច​ជា​បាន​របក​អស់​រលីង។ នៅ​កន្លែង​ខ្លះ គឺ​មាន​គំនរ​ព្រិល​រហូត​ដល់​មួយ​ម៉ែត្រ។ បង្អួច​ផ្ទះ​និង​ឡាន​រាប់​ពាន់​ត្រូវ​បាន​ហិន​ហោច​ដោយ​សារ​ព្យុះ ហើយ​ដុំ​កញ្ចក់​ក៏​មាន​ដូច​ព្រិល​តាម​ថ្នល់​នោះ​ដែរ។ ស្ត្រី​ម្នាក់​និយាយ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​អង្គុយ​ក្នុង​ឡាន​របស់​ខ្ញុំ​ហើយ​យំ​តែ​ម្ដង។ ខ្ញុំ​មិន​អាច​ទប់​ចិត្ត​បាន​ទេ ព្រោះ​មាន​ការ​ហិនហោច​ច្រើន​ណាស់»។

កម្ម​វិធី​ជំនួយ​និង​មន្ទីរ​ពេទ្យ​បាន​ផ្ដល់​ជំនួយ​លុយ​កាក់ សម្ភារៈ​សំណង់ ការ​ព្យាបាល និង​ការ​ឲ្យ​ឱវាទ​យ៉ាង​រហ័ស។ ជា​ការ​គួរ​ឲ្យ​សរសើរ​ណាស់ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​រង​គ្រោះ​នៃ​ព្យុះ បាន​ខំ​ជួយ​អ្នក​ដទៃ​អស់​ពី​សមត្ថភាព។

ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដែរ។ អូប្រីយ ខុននើ ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុង​សែន អែនជីឡូ រាយ​ការណ៍​ថា៖ «នៅ​ពេល​ដែល​ព្យុះ​បាន​ឈប់​ភ្លាម យើង​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​បាន​ជួយ​គ្នា​ហើយ​ជួយ​ពួក​អ្នក​ជិត​ខាង​របស់​យើង​ដែល​មិន​មែន​ជា​ស្មរបន្ទាល់ ដោយ​ដាក់​បង្អួច ដាក់​ប្លាស្ទីក​លើ​ដំបូល ហើយ​ជួស​ជុល​ផ្ទះ​ឲ្យ​ទប់​ទល់​នឹង​ធាតុ​អាកាស។ រួច​មក យើង​កត់​ទុក​ក្នុង​បញ្ជី​មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ដែល​ផ្ទះ​ត្រូវ​បាន​បាក់​បែក។ ផ្ទះ​ប្រមាណ​មួយ​រយ​ខ្នង​ត្រូវ​ការ​ជួស​ជុល ហើយ​សម្ភារៈ​ដែល​បាន​ផ្ដល់​ឲ្យ​ពី​ក្រៅ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដូច្នេះ យើង​ទិញ​សម្ភារៈ​ថែម​ទៀត ហើយ​បាន​រៀបចំ​ធ្វើ​ការ​ភ្លាម។ បើ​សរុប​ទៅ មាន​ស្មរបន្ទាល់​១.០០០​នាក់​បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ ដែល​មាន​ប្រហែល​២៥០​នាក់​រៀង​រាល់​សប្ដាហ៍។ ពួក​គេ​បាន​មក​ពី​កន្លែង​ឆ្ងាយ​ៗ​ដែល​មាន​ចម្ងាយ​៧៤០ គីឡូ​ម៉ែត្រ។ ពួក​គេ​ខំ​ធ្វើ​ការ​ដោយ​មិន​ចេះ​ហត់ ដែល​ធម្មតា​ធ្វើ​ក្នុង​កំដៅ​ជិត ៤០​អង្សា។ សូម្បី​តែ​បង​ស្រី​ម្នាក់​ដែល​មាន​អាយុ​៧០​ឆ្នាំ​ក៏​បាន​ធ្វើ​ការ​ជា​មួយ​យើង​រៀង​រាល់​សប្ដាហ៍ លើក​លែង​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដែល​ជា​ពេល​ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​គេ​ជួស​ជុល។ ហើយ​នៅ​សប្ដាហ៍​នោះ នាង​បាន​ឡើង​ទៅ​លើ​ដំបូល​ជួយ​ជួស​ជុល​ដំបូល​ផ្ទះ​ដែរ!

«យើង​តែង​តែ​ឮ​ពួក​អ្នក​ឈរ​មើល និយាយ​ថា ‹តើ​មិន​ជា​ការ​ល្អ​ទេ​ឬ បើ​សាសនា​ឯ​ទៀត​អាច​ធ្វើ​ដូច​នេះ​ចំពោះ​សមាជិក​របស់​គេ›? ពួក​អ្នក​ជិត​ខាង​មាន​ចិត្ត​អស្ចារ្យ ដោយ​ឃើញ​ពួក​ស្ម័គ្រ​ចិត្ត​១០​ទៅ​១២​នាក់ (រួម​ទាំង​បង​ប្អូន​ស្រី) បាន​មក​ពី​ព្រលឹម​នៅ​ថ្ងៃ​សុក្រ នៅ​ផ្ទះ​នៃ​ស្មរបន្ទាល់​គ្នា​ឯង ប្រុង​ប្រៀប​ជួស​ជុល​ឬ​សង់​ដំបូល​ថ្មី​ទាំង​មូល​ដោយ​ឥត​គិត​ថ្លៃ។ ក្នុង​ករណី​ជា​ច្រើន កិច្ច​ការ​ត្រូវ​បាន​ចប់​ក្នុង​តែ​មួយ​សប្ដាហ៍។ នៅ​ពេល​ក្រោយ​មក ពួក​អ្នក​ម៉ៅ​ការ​ខាង​ក្រៅ​នឹង​ជួស​ជុល​ដំបូល នៅ​ពេល​ដែល​ពួក​អ្នក​ធ្វើ​ការ​របស់​យើង​បាន​មក​ដល់​ផ្ទះ។ យើង​យក​ដំបូល​ចាស់​ចេញ ហើយ​សង់​ដំបូល​ជា​ថ្មី​មួយ​ទៀត ហើយ​បោស​សំអាត​ទី​ធ្លា​ក្រោយ​ផ្ទះ​យ៉ាង​ស្អាត មុន​ពួក​ម៉ៅ​ការ​បាន​ធ្វើ​ចប់​កិច្ច​ការ​របស់​គេ។ ជួន​កាល​ពួក​គេ​បាន​ឈប់​កិច្ច​ការ​របស់​គេ ដើម្បី​មើល​យើង»!

បង​ប្រុស ខុននើ និយាយ​បញ្ចប់​ថា៖ «យើង​រាល់​គ្នា​នឹង​នឹក​ដល់​ការ​ពិសោធ​នេះ​ណាស់។ យើង​បាន​ស្គាល់​គ្នា​ពី​ទស្សនៈ​ផ្សេង​ៗ នៃ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​រាប់​អាន​ដែល​មិន​ឃើញ​ពី​មុន។ យើង​មាន​អារម្មណ៍​ថា នេះ​គ្រាន់​តែ​ជា​តំណាង​នូវ​អ្វី​ដែល​នឹង​មាន​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ដោយ​មាន​បង​ប្អូន​ប្រុស​ស្រី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ពួក​គេ​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​មែន»។—ពេត្រុស​ទី​២ ៣:១៣

ក្រុង​កូបេ—«ការ​បាក់​បែក​ខ្ទេច​ខ្ទី​នៃ​ឈើ កំបោរ និង​ខ្មោច​មនុស្ស»

ពួក​អ្នក​រស់​នៅ​ក្នុង​ក្រុង​កូបេ​បាន​គិត​ថា​គេ​ជា​អ្នក​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច។ ប្រាកដ​ហើយ រៀង​រាល់​ខែ​កញ្ញា ទី​១ ពួក​គេប្រតិបត្ដិ​តាម​ថ្ងៃ​បង្ការ​មហន្តរាយ។ កូន​ក្មេង​សាលា​ហាត់​រៀន​អំពី​ការ​រញ្ជួយ​ផែនដី ពួក​ទាហាន​ហាត់​បើក​អេលីកុបទែរ ហើយ​ក្រសួង​លត់​ភ្លើង​យក​គ្រឿង​ម៉ាស៊ីន​កក្រើក​ផែនដី​ឲ្យ​ជន​ស្ម័គ្រ​ចិត្ត​រៀន​ហាត់​ឲ្យ​ចេះ​កលល្បិច​សង្គ្រោះ ក្នុង​បន្ទប់​ប៉ិន​ប្រអប់​ដែល​ញ័រ​ញាក់ ដូច​ការ​កក្រើក​ផែនដី​មែន​ទែន។ ប៉ុន្តែ នៅ​ពេល​ការ​កក្រើក​ផែនដី​កើត​ឡើង​មែន​ទែន នៅ​ខែ​មករា ថ្ងៃ​ទី​១៧ ១៩៩៥ ការ​ប្រុង​ប្រៀប​ពី​មុន​ទាំង​ប៉ុន្មាន​ឥត​មាន​ប្រយោជន៍​ឡើយ។ ដំបូល​ផ្ទះ​រាប់​រយ​ពាន់​បាន​រលំ—ជា​អ្វី​មួយ​ដែល​មិន​ដែល​មាន​ក្នុង​គ្រឿង​ម៉ាស៊ីន​នោះ​ឡើយ។ រទេះ​ភ្លើង​បាន​ក្រឡាប់ យន្ត​ប​ថ​បាន​បាក់​បែក​ខ្ទេច​ខ្ទី បំពង់​ឧស្ម័ន​និង​ទឹក​ត្រូវ​បាន​ធ្លុះ​ធ្លាយ ផ្ទះ​ជា​ច្រើន​ត្រូវ​បាន​បាក់​បែក ហាក់​បី​ដូច​ជា​ធ្វើ​ឡើង​ពី​ធុង​ក្រដាស​អញ្ចឹង។ ទស្សនាវដ្ដី ថែម្ស បាន​រៀប​រាប់​ទស្សនីយភាព​ថា​ជា«ការ​បាក់​បែក​ខ្ទេច​ខ្ទី​នៃ​ឈើ កំបោរ និង​ខ្មោច​មនុស្ស»។

រួច​មក​ភ្លើង​ក៏​ផ្ទុះ​ឆេះ​ឡើង។ អាគារ​ត្រូវ​បាន​ឆេះ​ត្រ​គោល កាល​ដែល​ពួក​អ្នក​ពន្លត់​ភ្លើង​ត្រូវ​បាន​ជាប់​នឹង​ចរាចរណ៍​ជា​ច្រើន​គីឡូ​ម៉ែត្រ។ ហើយ​ពេល​ពួក​ក្រុម​ពន្លត់​ភ្លើង​បាន​ទៅ​ដល់ ឥត​មាន​ទឹក​ប្រើ​ទេ ដោយ​សារ​បំពង់​ទឹក​ធំ​នៃ​ទី​ក្រុង​បាន​ធ្លុះ​ធ្លាយ។ អ្នក​ផ្លូវ​ការ​ម្នាក់​និយាយ​ថា៖ «ថ្ងៃ​ទី​មួយ គឺ​មាន​ការ​ស្លន់​ទាំង​ស្រុង​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ឥត​អំណាច​សោះ ដោយ​ដឹង​ថា​មាន​មនុស្ស​ច្រើន​ណាស់​ស្លាប់​នៅ​ក្រោម​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​នោះ ហើយ​គ្មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សោះ»។

សរុប​ទាំង​អស់ គឺ​មាន​មនុស្ស​ប្រមាណ​៥.០០០​នាក់​ត្រូវ​បាន​ស្លាប់ ហើយ​ប្រហែល​ជា​មាន​៥០.០០០​អាគារ​ត្រូវ​បាន​បាក់​ខ្ទេច​ខ្ទី។ ទី​ក្រុង​កូបេ មាន​ស្បៀង​អាហារ​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ។ ដើម្បី​រក​ទឹក​ផឹក មនុស្ស​ខ្លះ​ទៅ​យក​ទឹក​ក្រខ្វក់​ក្រោម​បំពង់​ទឹក​ធ្លុះ​ធ្លាយ​នោះ។ មនុស្ស​គ្មាន​ផ្ទះ​សម្បែង​ជា​ច្រើន​ទៅ​រក​កន្លែង​ជ្រក​កោន អ្នក​ខ្លះ​ត្រូវ​បាន​គេ​ចែក​ស្បៀង​ឲ្យ ដោយ​ឲ្យ​អង្ក​ដល់​បុគ្គល​ម្នាក់​តាម​ចំនួន​តែ​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​និមួយ​ៗ។ មិន​យូរ​ប៉ុន្មាន ការ​មិន​ពេញ​ចិត្ត​ក៏​មាន​ពាស​ពេញ។ បុរស​ម្នាក់​ត្អូញត្អែរ​ថា៖ «ពួក​អាជ្ញាធរ​មិន​បាន​ធ្វើ​អ្វី​សោះ​ឡើយ។ បើ​យើង​ពឹង​ទៅ​លើ​ពួក​គេ យើង​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន​ជា​មិន​ខាន»។

ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​កូបេ​និង​នៅ​តាម​តំបន់​ជិត​ៗ​នោះ បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច។ អ្នក​បើក​អេលីកុបទែរ​ម្នាក់ ដែល​បាន​ឃើញ​កិច្ច​ការ​របស់​ស្មរបន្ទាល់​ផ្ទាល់​ខ្លួន និយាយ​ថា៖ «ខ្ញុំ​បាន​ទៅ​កន្លែង​បាក់​បែក​នៅ​ថ្ងៃ​នៃ​ការ​កក្រើក​ផែនដី ហើយ​បាន​ចំណាយ​ពេល​មួយ​អាទិត្យ​នៅ​ទី​នោះ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ជម្រក​មួយ គឺ​មាន​ការ​វឹកវរ​ច្រើន​ណាស់។ គ្មាន​កិច្ច​ការ​ជំនួយ​សោះ​ឡើយ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ពួក​តែ​មួយ​ក្រុម​គត់​ដែល​បាន​ទៅ​ឯ​កន្លែង​នោះ ដោយ​ខំ​ជួយ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ»។

ប្រាកដ​ហើយ គឺ​មាន​កិច្ច​ការ​ច្រើន​ណាស់។ សាល​ព្រះ​រាជាណាចក្រ​ដប់​មិន​អាច​ប្រើ​បាន​ទៀត​ទេ ហើយ​មាន​៤៣០​ស្មរបន្ទាល់​ឥត​មាន​ផ្ទះ​សម្បែង​រស់​នៅ។ ថែម​ទៀត​នោះ មនុស្ស​១២០៦​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​ការ​ជួស​ជុល។ មិន​តែ​ប៉ុណ្ណោះ មាន​១៥​គ្រួសារ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ស្លាប់​ពី​មហន្តរាយ ក៏​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ជា​ខ្លាំង។

ស្មរបន្ទាល់​១០០០​នាក់​នៅ​ក្នុង​ប្រទេស​បាន​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​វេលា ដើម្បី​ទៅ​ជួយ​ជួស​ជុល។ បង​ប្រុស​ម្នាក់​កត់​សម្គាល់​ថា៖ «នៅ​ពេល​ដែល​យើង​ជួស​ជុល​ផ្ទះ​នៃ​ពួក​សិស្ស​ព្រះ​គម្ពីរ ដែល​មិន​ទាន់​ជ្រមុជ​ទឹក​នៅ​ឡើយ គេ​តែង​តែ​សួរ​ថា ‹តើ​យើង​ត្រូវ​បង់​លុយ​ប៉ុន្មាន​ចំពោះ​កិច្ចការ​ទាំង​នេះ›? នៅ​ពេល​ដែល​យើង​ប្រាប់​ពួក​គេ​ថា កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​ជួយ​គាំទ្រ​ដោយ​ក្រុម​ជំនុំ​ទាំង​ឡាយ ពួក​គេ​ថ្លែង​អំណរ​គុណ ដោយ​និយាយ​ថា៖ ‹អ្វី​ៗ​ដែល​យើង​បាន​សិក្សា ឥឡូវ​នេះ​ជា​ការ​ពិត​មែន›»!

មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ណាស់ ចំពោះ​ការ​តប​ឆ្លើយ​យ៉ាង​រហ័ស​និង​ហ្មត់​ចត់​របស់​ស្មរបន្ទាល់​ដល់​មហន្តរាយ។ អ្នក​បើក​អេលីកុបទែរ​ដែល​យើង​បាន​សម្រង់​ពាក្យ​មុន​នេះ និយាយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​អស្ចារ្យ​ណាស់​ដែល​អ្នក​រាល់​គ្នា​ហៅ​គ្នា បង​ប្អូន​ប្រុស​ស្រី។ ខ្ញុំ​បាន​ឃើញ​អ្នក​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​រាល់​គ្នា​គឺ​ពិត​ជា​គ្រួសារ​មួយ​មែន»។

ស្មរបន្ទាល់​ខ្លួន​គេ​ផ្ទាល់​ក៏​បាន​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​មួយ​ពី​ការ​កក្រើក​ផែនដី​នេះ​ដែរ។ បង​ស្រី​ម្នាក់​បាន​កត់​សម្គាល់​ថា៖ «ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា បើ​អង្គការ​កាន់​តែ​ធំ​ឡើង នោះ​ក៏​ពិបាក​បង្ហាញ​ចិត្ត​ខ្វល់​ខ្វាយ​ដែរ។ ប៉ុន្តែ កាល​ដែល​នាង​បាន​ទទួល​ការ​ថែ​រក្សា នេះ​បាន​ផ្លាស់​ប្ដូរ​គំនិត​របស់​នាង។ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​មើល​ថែ​រក្សា​យើង មិន​គ្រាន់​តែ​ដល់​អង្គការ​ប៉ុណ្ណោះ​ទេ តែ​ដល់​យើង​រាល់​គ្នា​ដែរ»។ យ៉ាង​ណា​ក៏​ដោយ ជំនួយ​អចិន្ត្រៃយ៍​ពី​មហន្តរាយ​គឺ​មាន​នៅ​ខាង​មុខ។

ជំនួយ​អចិន្ត្រៃយ៍​នៅ​ខាង​មុខ!

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រង់​ចាំ​គ្រា​ដែល​ជីវិត​របស់​មនុស្ស នឹង​លែង​មាន​មហន្តរាយ​មក​រំខាន។ ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ មនុស្ស​នឹង​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​សហប្រតិបត្ដិការ​ជា​មួយ​បរិយាការ​ផែនដី។ កាល​ដែល​មនុស្ស​លោក​បោះ​បង់​ចោល​ការ​ប្រព្រឹត្ត​កំណាញ់ ពួក​គេ​នឹង​មិន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​ធម្មជាតិ​ឡើយ។

ព្រះ​យេហូវ៉ា—ជា​អ្នក​បង្កើត​កម្លាំង​ធម្មជាតិ—នឹង​ធានា​រ៉ាប់​រង​ថា គ្រួសារ​មនុស្ស​និង​សេចក្ដី​បង្កើត​នៅ​លើ​ផែនដី នឹង​មិន​ត្រូវ​គំរាម​កំហែង​ពី​កម្លាំង​ធម្មជាតិ​ទៀត​ឡើយ។ រួច​មក ផែនដី​នឹង​ពិត​ជា​សួន​មនោរម្យ​មែន។ (អេសាយ ៦៥:១៧, ២១, ២៣; លូកា ២៣:៤៣) ទំនាយ​នៃ​វិវរណៈ ២១:៤ នឹង​បាន​សម្រេច​ជា​សិរី​រុង​រឿង​ថា៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។

[រូប​ភាព​នៅ​ទំព័រ​៥]

ប៊ីទ្រី ចន (ខាង​ឆ្វេង) បង្ហាញ​នូវ​របៀប​ដែល​នាង​និង​អ្នក​ដទៃ​ទៀត​កាន់​ដៃ​គ្នា​ឆ្លង​កាត់​ទឹក​ជំនន់

[រូប​ភាព​នៅ​ទំព័រ​៦]

កិច្ច​ការ​ជំនួយ​ក្រោយ​ពី​ខ្យល់​គួ​ច

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក