បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៥ ទំ. ១៩-២៤
  • ជីវិតរបស់អ្នក—តើមានគោលបំណងយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជីវិតរបស់អ្នក—តើមានគោលបំណងយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រភព​ទី​មួយ​នៃ​ចំណេះ
  • គោល​បំណង​នៃ​ជីវិត​ពី​ការ​ពិចារណា​មើល​ចក្រ​ជីវិត
  • ពេល​វេលា​សំរាប់​ធ្វើ​ឲ្យ​បាន​ឈ្មោះ​ល្អ
  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សាឡូម៉ូនគ្រប់គ្រងដោយប្រាជ្ញា
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ចូរប្រើជីវិតរបស់អ្នកឲ្យបានប្រសើរឡើង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៥ ទំ. ១៩-២៤

ជីវិត​របស់​អ្នក—តើ​មាន​គោល​បំណង​យ៉ាង​ណា?

‹យើង​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា . . . ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្សជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​មួយ​ជីវិត›។—សាស្ដា ២:៣

១, ២. ហេតុ​អ្វី​ក៏​ការ​ចូល​ចិត្ត​នឹង​ខ្លួន​ដោយ​ត្រឹម​ត្រូវ​មិន​ជា​ការ​ខុស?

អ្នក​ចូល​ចិត្ត​នឹង​ខ្លួន​អ្នក មែន​ទេ? នេះ​ជា​ការ​ធម្មតា​ទេ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ញ៉ាំ​អាហារ​រៀង​រាល់​ថ្ងៃ ដេក​ពេល​យើង​អស់​កម្លាំង ហើយ​ចូល​ចិត្ត​លេង​ជា​មួយ​ពួក​ម៉ាក និង​ជា​មួយ​អ្នក​ស្ងួន​ភ្ងា។ ជួន​កាល​យើង​លេង​ល្បែង​ផ្សេង​ៗ​ដូច​ជា ហែល​ទឹក ឬ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​យើង​ចូល​ចិត្ត នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណូល​ចិត្ត​ដ៏​ថ្លឹង​ថ្លែង​នឹង​ខ្លួន​យើង។

២ ការ​ចូល​ចិត្ត​នឹង​ខ្លួន​បែប​នេះ សម​ស្រប​ទៅ​តាម​អ្វី​ៗ​ដែល​ព្រះ​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ថា៖ «គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីករាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង»។ ដោយ​សំអាង​លើ​ការ​ពិសោធ សាឡូម៉ូន​បាន​បន្ថែម​ទៀត​ថា៖ «យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ​ហស្ត​នៃ​ព្រះ​ទេ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្ដី​អំណរ​ជា​ជាង​យើង​នេះ»?—សាស្ដា ២:២៤, ២៥

៣. តើ​មាន​សំនួរ​ងឿង​ឆ្ងល់​ណា​ខ្លះ​ដែល​មនុស្ស​ភាគ​ច្រើន​រក​ចម្លើយ​មិន​ឃើញ?

៣ ប៉ុន្តែ​អ្នក​ដឹង​ថា ជីវិត​គឺ​មិន​គ្រាន់​តែ​ញ៉ាំ ផឹក ដេក ហើយ​ធ្វើ​អំពើ​ល្អ​ខ្លះ​ប៉ុណ្ណោះ​ទេ។ យើង​មាន​ការ​ឈឺ​ចាប់ ការ​តូច​ចិត្ត និង​កង្វល់​ជា​ច្រើន។ ហើយ​យើង​ហាក់​បី​ដូច​ជា​គ្មាន​ពេល​គិត​អំពី​អត្ថន័យ​នៃ​ជីវិត​របស់​យើង​ឡើយ។ តើ​នេះ​ពិត​មែន​ទេ​ចំពោះ​អ្នក? លោក​វើម៉ូន រូយស្ទើរ៍ ជា​អតីត​អ្នក​និពន្ធ​នៃ​ទស្សនាវដ្ដី វ៉ូល ស្ទ្រីត បន្ទាប់​ពី​បាន​សង្កេត​ឃើញ​ចំណេះ​និង​ជំនាញ​ដ៏​ជ្រៅ​ជ្រះ​របស់​មនុស្សជាតិ លោក​បាន​សរសេរ​ដូច​នេះ​ថា «នេះ​ជា​អ្វី​គួរ​ឲ្យ​ចម្លែក​មួយ។ ក្នុង​ការ​សញ្ជឹង​គិត​អំពី​មនុស្សជាតិ អំពី​ទ្វេ​គ្រោះ​របស់​មនុស្ស អំពី​ទី​លំនៅ​របស់​មនុស្ស​ក្នុង​សកល​លោក នោះ​យើង​គិត​មិន​បាន​សម្រេច​ប៉ុន្មាន​ទេ​តាំង​ពី​ដើម​រៀង​មក។ យើង​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​សំនួរ​ដែល​ថា តើ​យើង​ជា​អ្នក​ណា ហេតុ​អ្វី​ក៏​យើង​នៅ​ក្នុង​លោក​នេះ ហើយ​អ្វី​ទៅ​ដែល​រង់​ចាំ​យើង​នៅ​អនាគត​នោះ»។

៤. ហេតុ​អ្វី​ក៏​យើង​ម្នាក់​ៗ​ចង់​ឲ្យ​ចេះ​ឆ្លើយ​សំនួរ​ដែល​ទាក់​ទង​នឹង​យើង?

៤ តើ​អ្នក​នឹង​ឆ្លើយ​សំនួរ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច៖ តើ​យើង​ជា​អ្នក​ណា? ហេតុ​អ្វី​បាន​ជា​យើង​នៅ​ទី​នេះ? ហើយ​តើ​យើង​មាន​អនាគត​យ៉ាង​ណា? កាល​ពី​ខែ​កក្កដា​មុន​នេះ​លោក រូយស្ទើរ៍ បាន​ទទួល​មរណភាព។ តើ​អ្នក​គិត​ថា​នៅ​ពេល​នោះ​គាត់​បាន​រក​ឃើញ​ចម្លើយ​ដ៏​ជា​ទី​ស្កប់​ចិត្ត​ហើយ​ឬ? បើ​និយាយ​ឲ្យ​ចំ​ទៅ តើ​មាន​វិធី​ណា​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ទេ? ហើយ​តើ​ចម្លើយ​ដ៏​ជា​ទី​ស្កប់​ចិត្ត​នេះ​អាច​ជួយ​អ្នក​ឲ្យ​បាន​សប្បាយ​ជាង​មុន ហើយ​ឲ្យ​មាន​ជីវិត​ដ៏​មាន​អត្ថន័យ​ច្រើន​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

ប្រភព​ទី​មួយ​នៃ​ចំណេះ

៥. ហេតុ​អ្វី​ក៏​យើង​គួរ​បែរ​ទៅ​រក​ព្រះ​នៅ​ពេល​ដែល​យើង​ស្វែង​រក​ចំណេះ ចំពោះ​សំនួរ​អំពី​អត្ថន័យ​នៃ​ជីវិត?

៥ បើ​សិន​ជា​យើង​ពឹង​ពាក់​ទៅ​លើ​ខ្លួន​ឯង ក្នុង​ការ​ស្វែង​រក​គោល​បំណង​នៃ​ជីវិត នោះ​យើង​ប្រហែល​ជា​ពុំ​បាន​ជោគ​ជ័យ​ទេ។ ដ្បិត​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​ក៏​ពុំ​បាន​ជោគ​ជ័យ​ដែរ សូម្បី​តែ​ចំពោះ​ពួក​អ្នក​ដែល​មាន​ចំណេះ​ជ្រៅ​ជ្រះ​និង​ការ​ពិសោធ​ច្រើន​ក៏​ដោយ។ ប៉ុន្តែ​ព្រះ​មិន​បោះ​បង់​យើង​ចោល​ទេ។ ព្រះ​អាទិទេព​របស់​យើង​បាន​ប្រទាន​ជំនួយ​ឲ្យ​ពួក​យើង។ បើ​គិត​មើល​ទៅ តើ​ទ្រង់​មិនមែន​ជា​ប្រភព​ដ៏​ខ្ពស់​បំផុត​នៃ​ចំណេះ​និង​ប្រាជ្ញា​ទេ​ឬ ដ្បិត​ទ្រង់​ជា​ព្រះ «ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច» ហើយ​ទ្រង់​មាន​ចំណេះ​គ្រប់​សព្វ​អំពី​សកល​លោក​និង​ប្រវត្ដិសាស្ត្រ? (ទំនុកដំកើង ៩០:១, ២) ទ្រង់​បាន​បង្កើត​មនុស្សជាតិ​ហើយ​បាន​សង្កេត​មើល​ការ​ពិសោធ​របស់​មនុស្ស​ទាំង​អស់ ដូច្នេះ​យើង​គួរ​តែ​ស្វែង​រក​ចំណេះ​ពី​ទ្រង់ មិន​មែន​ពី​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​នោះ​ទេ ដែល​ចំណេះ​និង​ការ​យល់​ដឹង​របស់​គេ​មាន​ព្រំ​ដែន។—ទំនុកដំកើង ១៤:១​-​៣; រ៉ូម ៣:១០​-​១២

៦. (ក) តើ​ព្រះ​អាទិទេព​បាន​ប្រទាន​ឲ្យ​ចំណេះ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ តាម​របៀប​ណា? (ខ) តើ​សាឡូម៉ូន​ជាប់​ទាក់​ទង​យ៉ាង​ណា​ក្នុង​រឿង​នេះ?

៦ យើង​មិន​សង្ឃឹម​ថា ព្រះ​អាទិទេព​នឹង​មាន​បន្ទូល​ប្រាប់​យើង​ផ្ទាល់​អំពី​អត្ថន័យ​នៃ​ជីវិត​ទេ ប៉ុន្តែ​ទ្រង់​បាន​ប្រទាន​ឲ្យ​ប្រភព​នៃ​ចំណេះ​នេះ គឺ​ពាក្យ​បន្ទូល​របស់​ទ្រង់។ (ទំនុកដំកើង ៣២:៨; ១១១:១០) ចំពោះ​រឿង​នេះ សាស្ដា​ជា​សៀវភៅ​ដែល​មាន​តម្លៃ​ណាស់។ ព្រះ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ឲ្យ​ជួយ​អ្នក​និពន្ធ​សៀវភៅ​នេះ ដើម្បី​ឲ្យ «ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុកខាងកើត»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:៦​-​១២; ៤:៣០​-​៣៤) «ប្រាជ្ញា​របស់​សាឡូម៉ូន» នេះ​ធ្វើ​ឲ្យ​ព្រះ​រាជា​ដែល​មក​ធ្វើ​ទស្សនកិច្ច​នោះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ម្ល៉េះ ដែល​ព្រះ​នាង​បាន​មាន​បន្ទូល​ថា ពាក់​កណ្ដាល​នៃ​ប្រាជ្ញា​នោះ​ពុំ​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ ហើយ​ចំពោះ​ពួក​ដែល​ស្ដាប់​តាម​ប្រាជ្ញា​របស់​ទ្រង់ នោះ​នឹង​បាន​សប្បាយ​រីករាយ​ពិត​មែន។a (ពង្សាវតារ​ក្សត្រ​ទី​១ ១០:៤​-​៨) តាម​រយៈ​សាឡូម៉ូន យើង​ក៏​អាច​ទទួល​ចំណេះ និង​សុភមង្គល​បាន​ដែរ​ពី​ប្រាជ្ញា​របស់​ព្រះ ជា​ព្រះ​អាទិទេព​របស់​យើង។

៧. (ក) តើ​សាឡូម៉ូន​បាន​សន្និដ្ឋាន​យ៉ាង​ណា​ខ្លះ​អំពី​សកម្មភាព​ភាគ​ច្រើន​នៅ​ក្រោម​ផ្ទៃ​មេឃ? (ខ) តើ​អ្វី​ដែល​បង្ហាញ​អំពី​ការ​វែក​ញែក​ដ៏​ពិត​ត្រង់​របស់​សាឡូម៉ូន?

៧ សាស្ដា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ឥទ្ធិពល​លើ​ចិត្ត​និង​សតិ​អារម្មណ៍​របស់​សាឡូម៉ូន។ ដោយ​មាន​ពេល​វេលា ធន​ធាន និង​ចំណេះ​ច្រើន សាឡូម៉ូន​បាន​សង្កេត​មើល «គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ»។ ទ្រង់​បាន​សង្កេត​ឃើញ​ថា សកម្មភាព​ភាគ​ច្រើន​គឺ«សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង»។ នេះ​ជា​ការ​វែក​ញែក​ដែល​យើង​គួរ​តែ​ចាំ​ក្នុង​ចិត្ត កាល​ណា​គិត​អំពី​គោល​បំណង​នៃ​ជីវិត​របស់​យើង។ (សាស្ដា ១:១៣, ១៤, ១៦) សាឡូម៉ូន​បាន​មាន​បន្ទូល​ប្រាប់​ការ​ពិត។ ជា​ឧទាហរណ៍ សូម​រំពឹង​គិត​អំពី​ពាក្យ​បន្ទូល​របស់​ទ្រង់​នៅ​សាស្ដា ១:១៥, ១៨។ អ្នក​ដឹង​ថា ជា​ច្រើន​សតវត្ស​កន្លង​មក​នេះ មនុស្ស​បាន​សាក​ល្បង​ប្រើ​រដ្ឋាភិបាល​ជា​ច្រើន​ប្រភេទ ជួន​កាល​ពួក​គេ​បាន​ខំ​ព្យាយាម​ដោយ​ស្មោះ​ពី​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ ហើយ​ក្នុង​ការ​ចំរើន​គុណ​ភាព​នៃ​ជីវិត​របស់​មនុស្ស។ តើ​មាន​រដ្ឋាភិបាល​ណា​មួយ ដែល​ពិត​ជា​បាន​កំចាត់​ចោល «អំពើ​អាក្រក់» ទាំង​អស់​ចេញ​ពី​ប្រព័ន្ធ​ដែល​ឥត​គ្រប់ល័ក្ខណ៍​នេះ​ទេ? អ្នក​ប្រហែល​ជា​ដឹង​ថា កាល​ណា​មនុស្ស​មាន​ចំណេះ​រឹត​តែ​ច្រើន​ឡើង នោះ​គាត់​ក៏​ដឹង​រឹត​តែ​ច្រើន​ដែរ ថា​មនុស្ស​មិន​អាច​កែ​សម្រួល​របស់​ទាំង​អស់​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ​បាន​ឡើយ​ក្នុង​ជីវិត​ដ៏​ខ្លី​នេះ។ ការ​យល់​ដឹង​បែប​នេះ​បង្កើត​ឲ្យ​មាន​ការ​រសាយ​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​នេះ​មិន​ចាំ​បាច់​កើត​ដល់​យើង​ទេ។

៨. តើ​បាតុភូត​ច្រំ​ដែល​អ្វី​ដែល​មាន​ពី​យូរ​យារ​មក?

៨ ចំណុច​មួយ​ទៀត​ដែល​យើង​គួរ​តែ​ពិចារណា​មើល គឺ​ជា​បាតុភូត​ដែល​មាន​ច្រំ​ដែល​ៗ ដែល​មាន​ឥទ្ធិពល​មក​លើ​យើង ដូច​ជា​ថ្ងៃ​រះ និង​ថ្ងៃ​លិច ឬ​ចលនា​នៃ​ខ្យល់​និង​ទឹក។ បាតុភូត​ទាំង​នេះ​មាន​នៅ​ក្នុង​សម័យ​នៃ​លោក​ម៉ូសេ សាឡូម៉ូន នី​ភូ​លៀន និង​នៅ​សម័យ​ជីតា​ទួត​របស់​យើង។ ហើយ​ក៏​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ស្រដៀង​គ្នា​នេះ «មនុស្ស​ដំណ​១​កន្លង​បាត់​ទៅ ហើយ​ដំណ​១​ទៀត​កើត​ឡើង»។ (សាស្ដា ១:៤​-​៧) ពី​ទស្សនៈ​របស់​មនុស្ស​វិញ នោះ​ពុំ​សូវ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ទេ។ មនុស្ស​នៅ​សម័យ​បុរាណ​និង​នៅ​សម័យ​ទំនើប​នេះ មាន​សកម្មភាព សេចក្ដី​សង្ឃឹម សេចក្ដី​ប្រាថ្នា និង​សេចក្ដី​សម្រេច​ស្រដៀង​គ្នា។ ទោះ​បី​ជា​ក្នុង​ចំណោម​មនុស្សជាតិ មាន​បុគ្គល​ខ្លះ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ ឬ​មាន​សោភ័ណ​ភាព ឬ​ក៏​សមត្ថភាព​ល្អ​ឯក ឥឡូវ​នេះ តើ​បុគ្គល​បែប​នេះ​ទៅ​ណា​អស់​ហើយ? ពួក​គេ​បាន​ទទួល​មរណភាព​អស់​ហើយ ហើយ​ប្រហែល​ជា​ត្រូវ​បាន​បំភ្លេច​ចោល​ទៀត។ ទស្សនៈ​នេះ​មិន​មែន​ដោយ​សារ​ពី​ការ​ភ័យ​ខ្លាច​នោះ​ទេ។ មនុស្ស​ភាគ​ច្រើន​មិន​អាច​ទាំង​ដឹង​ឈ្មោះ​ជីដូន​ជីតា​ទួត​របស់​គេ ឬ​អាច​ប្រាប់​ពី​ទី​កន្លែង​ដែល​ជីដូន​ជីតា​ទួត​បាន​កើត ឬ​បាន​កប់​ផង។ ដូច្នេះ អ្នក​អាច​ឃើញ​ពី​មូលហេតុ​ដែល​សាឡូម៉ូន​បាន​ឃើញ​ដោយ​ជាក់​ស្តែង​នូវ​ការ​ឥត​ប្រយោជន៍​នៃ​កិច្ច​ការ​និង​កិច្ច​ប្រឹង​ប្រែង​របស់​មនុស្ស។—សាស្ដា ១:៩​-​១១

៩. តើ​ការ​មាន​ចំណេះ​អំពី​ស្ថានការណ៍​របស់​មនុស្ស​អាច​ជួយ​យើង​យ៉ាង​ណា?

៩ ជា​ជាង​ធ្វើ​ឲ្យ​យើង​រសាយ​ចិត្ត ចំណេះ​របស់​ព្រះ​អំពី​ស្ថានការណ៍​របស់​មនុស្ស អាច​មាន​ផល​ប្រយោជន៍​ដល់​យើង អាច​ធ្វើ​ឲ្យ​យើងជៀស​វាង​ដាក់​តម្លៃ​ទៅ​លើ​គោល​ដៅ ឬ​សកម្មភាព​ណា​មួយ​ដែល​បន្ដិច​ទៀត​នឹង​វិនាស​សាប​សូន្យ ហើយ​នឹង​ត្រូវ​គេ​បំភ្លេច​ចោល។ ចំណេះ​របស់​ព្រះ​គួរ​តែ​ជួយ​យើង​ឲ្យ​វែក​ញែក​មើល​ផល​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ជីវិត ហើយ​អ្វី​ៗ​ដែល​យើង​ខំ​ព្យាយាម​សម្រេច។ ជា​ឧទាហរណ៍ ជា​ជាង​នៅ​ម្នាក់​ឯង​ដូច​តាបស យើង​អាច​មាន​ការ​សប្បាយ​រីករាយ​ក្នុង​ការ​បរិភោគ​ឬ​ផឹក​ដោយ​ចេះ​ថ្លឹង​ថ្លែង។ (សាស្ដា ២:២៤) ហើយ​សូម​ចាំ​មើល​ថា សាឡូម៉ូន​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​អំពី​ស្ថានការណ៍​របស់​មនុស្ស​ដែល​ប្រកប​ដោយ​ការ​ល្អ​និង​សុទិដ្ឋិនិយម។ ជា​សង្ខេប សេចក្ដី​សន្និដ្ឋាន​នេះ គឺ​ថា​យើង​គួរ​តែ​មាន​ចិត្ត​អបអរ​យ៉ាង​ជ្រៅ​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​អាទិទេព ដែល​ទ្រង់​អាច​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​អចិន្ត្រៃយ៍ និង​ឲ្យ​មាន​អនាគត​ដ៏​មាន​គោល​បំណង។ សាឡូម៉ូន​បញ្ជាក់​ថា៖ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។—សាស្ដា ១២:១៣

គោល​បំណង​នៃ​ជីវិត​ពី​ការ​ពិចារណា​មើល​ចក្រ​ជីវិត

១០. តើ​តាម​របៀប​ណា​ដែល​សាឡូម៉ូន​ប្រៀប​ធៀប​សត្វ​និង​មនុស្ស?

១០ ប្រាជ្ញា​របស់​ព្រះ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​សាស្ដា អាច​ជួយ​យើង​ឲ្យ​ពិចារណា​មើល​គោល​បំណង​នៃ​ជីវិត​ថែម​ទៀត។ តើ​តាម​របៀប​ណា? ចំពោះ​រឿង​នេះ សាឡូម៉ូន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​ពិត​ឯ​ទៀត ដែល​យើង​ប្រហែល​ជា​មិន​សូវ​គិត​អំពី​នោះ។ នេះ​គឺ​ជា​សេចក្ដី​ពិត​ដែល​មាន​ភាព​ស្រដៀង​គ្នា​រវាង​មនុស្ស​និង​សត្វ។ ព្រះ​យេស៊ូ​បាន​ប្រៀប​ធៀប​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​ចៀម តែ​ធម្មតា​មនុស្ស​មិន​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​គេ​ទៅ​នឹង​សត្វ​ឡើយ។ (យ៉ូហាន ១០:១១​-​១៦) ក៏​ប៉ុន្តែ​សាឡូម៉ូន​បង្ហាញ​ឲ្យ​ឃើញ​ការ​ពិត​ដែល​មិន​អាច​បដិសេធ​បាន​នេះ​ថា៖ «ព្រះ​ទ្រង់​ចង់​ល្បង​ល​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្សជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ . . . ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ . . . ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត»។—សាស្ដា ៣:១៨​-​២០

១១. (ក) តើ​អាច​រៀប​រាប់​អំពី​ចក្រ​ជីវិត​នៃ​សត្វ​មួយ​តាម​របៀប​ណា? (ខ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​វែក​ញែក​បែប​នេះ?

១១ សូម​គិត​អំពី​សត្វ​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​មើល ប្រហែល​ជា​សត្វ​ទន្សាយ។ (ចោទិយកថា ១៤:៧; ទំនុកដំកើង ១០៤:១៨; សុភាសិត ៣០:២៦) ឬ​អ្នក​អាច​គិត​អំពី​សត្វ​កំប្រុក ជា​សត្វ​ដែល​មាន​ជាង​៣០០​ប្រភេទ​នៅ​ជុំ​វិញ​ពិភព​លោក។ តើ​អ្វី​ជា​ចក្រ​ជីវិត​របស់​វា? បន្ទាប់​ពី​វា​បាន​កើត​មក ម្ដាយ​របស់​វា​បាន​មើល​ថែ​រក្សា​វា​អស់​រយៈ​ជា​ច្រើន​សប្ដាហ៍។ មិន​យូរ​ប៉ុន្មាន​វា​ដុះ​មាន​រោម ហើយ​អាច​ចេញ​ពី​សំបុក។ អ្នក​អាច​ឃើញ​វា​រត់​ត្របាញ់​ជើង​ចុះ​ឡើង ដើម្បី​ស្វែង​រក​ចំណី​អាហារ។ ប៉ុន្តែ​អ្នក​តែង​តែ​ឃើញ​វា​ប្រឡែង​លេង សប្បាយ​នឹង​វ័យ​ក្មេង​របស់​វា។ បន្ទាប់​ពី​បាន​ធំ​លូត​លាស់​បាន​មួយ​ឆ្នាំ​ហើយ វា​នឹង​ស្វែង​រក​គូ​របស់​វា។ បន្ទាប់​មក​វា​ត្រូវ​តែ​ធ្វើ​សំបុក​ឬ​រូង​មួយ ហើយ​ត្រូវ​ថែ​រក្សា​មើល​កូន​ចៅ​វា។ បើ​សិន​ជា​វា​រក​បាន​ផ្លែ​ឈើ​តូច​ៗ គ្រាប់​ផ្លែ​ឈើ និង​គ្រាប់​ពូជ​បាន​គ្រប់​គ្រាន់ នោះ​គ្រួសារ​សត្វ​កំប្រុក​អាច​ធំ​ធាត់​កន្ទ្រល ហើយ​មាន​ពេល​សំរាប់​ពង្រីក​គ្រួសារ​របស់​វា។ ប៉ុន្តែ​ក្នុង​រវាង​តែ​ពីរ​បី​ឆ្នាំ សត្វ​នោះ​នឹង​ក្លាយ​ទៅ​ជា​ចាស់ ហើយ​អាច​មាន​គ្រោះ​ថ្នាក់​និង​ជម្ងឺ​ច្រើន។ ប្រហែល​ដល់​អាយុ​ដប់​ឆ្នាំ នោះ​វា​នឹង​ស្លាប់។ គឺ​មាន​ភាព​ខុស​គ្នា​បន្ដិច​បន្តួច​រវាង​ពូជ​សត្វ​កំប្រុក​ផ្សេង​ៗ ប៉ុន្តែ​ជា​ទូទៅ នេះ​ហើយ​ជា​ចក្រ​ជីវិត​របស់​វា។

១២. (ក) បើ​និយាយ​ឲ្យ​ត្រង់​ទៅ ហេតុ​អ្វី​ក៏​ចក្រ​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​ប្រៀប​ដូច​នឹង​ចក្រ​ជីវិត​របស់​សត្វ​សាមញ្ញ? (ខ) តើ​យើង​អាច​គិត​អំពី​អ្វី ពេល​ដែល​យើង​ឃើញ​សត្វ​ណា​មួយ?

១២ មនុស្ស​ភាគ​ច្រើន​មិន​ជំទាស់​ចំពោះ​ចក្រ​ជីវិត​នៃ​សត្វ​បែប​នេះ​ទេ ហើយ​គេ​ក៏​មិន​សង្ឃឹម​ថា សត្វ​កំប្រុក​ចេះ​គិត​វែង​ឆ្ងាយ​អំពី​គោល​បំណង​នៃ​ជីវិត​របស់​វា​ដែរ។ ប៉ុន្តែ ជីវិត​របស់​មនុស្ស​ក៏​មិន​ខុស​គ្នា​ពី​សត្វ​ដែរ មែន​ទេ? ពួក​គេ​បាន​កើត​មក ហើយ​ត្រូវ​បាន​មើល​ថែ​រក្សា​កាល​នៅ​ជា​កូន​ង៉ែត។ ពួក​គេ​បរិភោគ ធាត់​ធំឡើង ហើយ​លេង​ដូច​កូន​ក្មេង។ មិន​យូរ​ប៉ុន្មាន​គេ​បាន​ធំ​ឡើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ហើយ​ត្រូវ​រក​គូ​ស្រករ កន្លែង​រស់​នៅ និង​របៀប​ចិញ្ចឹម​ជីវិត។ បើ​សិន​ជា​គេ​បាន​ជោគ​ជ័យ គេ​អាច​បាន​ធំ​ធាត់ អាច​ពង្រីក​ក្រុម​គ្រួសារ(សំបុក)របស់​គេ ហើយ​អាច​បង្កើត​ឲ្យ​មាន​កូន​ចៅ​ច្រើន​ទៀត។ ក៏​ប៉ុន្តែ​ពេល​វេលា​នោះ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស ហើយ​គេ​ក៏​បាន​ទៅ​ជា​ចាស់​ជរា។ បន្ទាប់​ពី​រស់​នៅ​បាន​៧០​ឬ​៨០​ឆ្នាំ គេ​ប្រហែល​ជា​ស្លាប់​ទៅ ហើយ​នេះ​ជា​ឆ្នាំ​ដែល​ពេញ​ទៅ​ដោយ «ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ»។ (ទំនុកដំកើង ៩០:៩, ១០, ១២) អ្នក​អាច​គិត​អំពី​ហេតុ​ការណ៍​ពិត​ដ៏​ស្រគត់ស្រគំ​ទាំង​នេះ ពេល​អ្នក​ឃើញ​សត្វ​កំប្រុក​ណា​មួយ (ឬ​សត្វ​ណា​ផ្សេង​ទៀត ក្នុង​គំនិត​របស់​អ្នក)។

១៣. តើ​អ្វី​ជា​លទ្ធផល​ចុង​បំផុត​ដែល​មនុស្ស​និង​សត្វ​ទាំង​ពីរ​ត្រូវ​ទទួល?

១៣ អ្នក​អាច​ឃើញ​ពី​មូលហេតុ​ដែល​សាឡូម៉ូន​បាន​ប្រៀប​ធៀប​ជីវិត​របស់​មនុស្ស​ទៅ​នឹង​សត្វ។ ទ្រង់​បាន​សរសេរ​ថា៖ «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ មាន​ពេល​សំរាប់​កើត​មក នឹង​ពេល​សំរាប់​ស្លាប់​ទៅ»។ សេចក្ដី​ស្លាប់​នោះ ដែល​ជា​ទី​ចុង​បញ្ចប់ គឺ​មាន​ដូច​គ្នា​ចំពោះ​មនុស្ស​និង​សត្វ «ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ»។ ទ្រង់​បាន​បន្ថែម​ទៀត​ថា៖ «ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ»។—សាស្ដា ៣:១, ២, ១៩, ២០

១៤. តើ​មនុស្ស​ខ្លះ​ខំ​កែ​ប្រែ​ចក្រ​ជីវិត​ធម្មតា​របស់​គេ​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ តើ​មាន​លទ្ធផល​អ្វី?

១៤ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​វែក​ញែក​ដ៏​ពិត​ប្រាកដ​នេះ ជា​គំនិត​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​នោះ​ឡើយ។ ពិត​មែន​ហើយ មាន​អ្នក​ខ្លះ​ខំ​ព្យាយាម​កែ​ប្រែ​ស្ថានការណ៍​របស់​គេ ដោយ​ខំ​ធ្វើ​ការ​ច្រើន​ដើម្បី​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ​ដែល​ឪពុក​ម្ដាយ​របស់​គេ​ធ្លាប់​មាន។ ពួក​គេ​ប្រហែល​ជា​ខំ​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ឆ្នាំ ដើម្បី​ឲ្យ​អាច​មាន​កំរិត​ជីវភាព​ខ្ពង់​ខ្ពស់ កាល​ដែល​គេ​ខំ​ពង្រីក​ការ​យល់​ដឹង​របស់​គេ​អំពី​ជីវិត។ ឬ​ប្រហែល​ជា​គេ​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ហាត់​ប្រាណ ឬ​ក៏​ការ​តម​ចំណី​អាហារ ដើម្បី​ឲ្យ​បាន​ទទួល​សុខភាព​ល្អ​ប្រសើរ និង​ឲ្យ​បាន​ទទួល​ជីវិត​យឺន​យូរ។ កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ អាច​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ខ្លះ​ៗ​មែន។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ដឹង​ជា​ប្រាកដ​ថា កិច្ច​ប្រឹង​ប្រែង​នេះ​នឹង​នាំ​ឲ្យ​បាន​ជោគ​ជ័យ​នោះ? បើ​អាច​នាំ​ឲ្យ​បាន​ជោគ​ជ័យ​មែន តើ​បាន​ប៉ុន្មាន​ឆ្នាំ​ទៅ?

១៥. តើ​អ្វី​ជា​ការ​វែក​ញែក​ត្រង់​ៗ​នូវ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​ដែល​រាប់​ជា​ការ​បាន?

១៥ សាឡូម៉ូន​បាន​សួរ​ថា៖ «មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចំរើន​កើត​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ? ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វី​ៗ​ដែល​ល្អ សំរាប់​ដល់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ? ដ្បិត​តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វី​ៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ»? (សាស្ដា ៦:១១, ១២) ដោយ​សារ​សេចក្ដី​ស្លាប់​បញ្ចប់​កិច្ច​ប្រឹង​ប្រែង​របស់​មនុស្ស តើ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ឬ ក្នុង​ការ​ខំ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ច្រើន ឬ​ក្នុង​ការ​ខំ​រៀន​សូត្រ​បាន​ច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន​នោះ? ហើយ​ដោយ​សារ​ជីវិត​ខ្លី​ម្ល៉េះ ប្រៀប​ដូច​ជា​ស្រមោល មនុស្ស​ជា​ច្រើន​យល់​ថា គ្មាន​ពេល​បំបែរ​តម្រង់​កិច្ច​ប្រឹង​ប្រែង​របស់​គេ​ទៅ​តាម​គោល​ដៅ​មនុស្ស​ណា​ម្នាក់​ឡើយ ពេល​គេ​ដឹង​ថា​មាន​បរាជ័យ។ មនុស្ស​ក៏​មិន​អាច​ដឹង​ជា​ប្រាកដ​ថា​តើ​កូន​ចៅ​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា«ក្រោយ​ខ្លួន»គាត់​នោះ​ទេ។

ពេល​វេលា​សំរាប់​ធ្វើ​ឲ្យ​បាន​ឈ្មោះ​ល្អ

១៦. (ក) តើ​យើង​អាច​ធ្វើ​អ្វី​ដែល​សត្វ​មិន​អាច​ធ្វើ? (ខ) តើ​មាន​សេចក្ដី​ពិត​ឯ​ណា​ទៀត ដែល​អាច​មាន​ឥទ្ធិពល​លើ​គំនិត​របស់​យើង?

១៦ មិន​ដូច​សត្វ យើង​ជា​មនុស្ស​មាន​សមត្ថភាព​ចេះ​ជញ្ជឹង​គិត ‹តើ​អ្វី​ជា​អត្ថន័យ​នៃ​ជីវិត​របស់​ខ្ញុំ? តើ​នេះ​គ្រាន់​តែ​ជា​ចក្រ​ដែល​មាន​កំណត់​មួយ ជា​ពេល​វិល​កើត​វិល​ស្លាប់​ឬ›? ចំពោះ​រឿង​នេះ សូម​នឹក​ចាំ​ពី​ពាក្យ​របស់​សាឡូម៉ូន​អំពី​មនុស្ស​និង​សត្វ ដែល​បាន​ចែង​ថា៖ «ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ»។ តើ​នេះ​មាន​ន័យ​ថា​សេចក្ដី​ស្លាប់​នឹង​បញ្ចប់​ជីវិត​របស់​មនុស្ស​តែ​ម្ដង​ឬ? ព្រះ​គម្ពីរ​បង្ហាញ​ថា​មនុស្ស​ពុំ​មាន​ព្រលឹង​អមតៈ​ដែល​រស់​នៅ​ក្រៅ​រូប​កាយ​នោះ​ទេ។ មនុស្ស​ហ្នឹង​ហើយ​ជា​ព្រលឹង ហើយ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់។ (អេសេគាល ១៨:៤, ២០) សាឡូម៉ូន​ពន្យល់​ពី​រឿង​នេះ​ថា៖ «ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។ ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​ទៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។—សាស្ដា ៩:៥, ១០

១៧. តើ​សាស្ដា ៧:១, ២ ធ្វើ​ឲ្យ​យើង​ជញ្ជឹង​គិត​អំពី​អ្វី?

១៧ ចំពោះ​ហេតុ​ការណ៍​ពិត​ដែល​មិន​អាច​ជៀស​ផុត​បាន​នេះ សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែង​នេះ​ថា៖ «នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯផ្ទះ​ដែល​មាន​ការ​ជប់​លៀង ដ្បិត​មរណភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង​ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ»។ (សាស្ដា ៧:១, ២) យើង​យល់​ស្រប​ថា សេចក្ដី​ស្លាប់​គឺ​ជា «ចុង​បំផុត​របស់​មនុស្ស»។ គ្មាន​មនុស្ស​ណា​មួយ​អាច​ញ៉ាំ​ថ្នាំ​ទឹក​ម្យ៉ាង ញ៉ាំ​ល្បាយ​វីតាមីន កាន់​តាម​តំណ​ម​អាហារ ឬ​ធ្វើ​ការ​ហាត់​ប្រាណ​ណា​មួយ ដែល​អាច​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ ហើយ​ជា​ធម្មតា មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​មរណភាព​របស់​គេ «សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។ ដូច្នេះ ហេតុ​អ្វី​ក៏​មាន​ឈ្មោះ​ល្អ«វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត»ដូច្នេះ?

១៨. ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ជា​ប្រាកដ​ថា សាឡូម៉ូន​បាន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ?

១៨ ដូច​ជា​បាន​ឃើញ​ស្រាប់​ហើយ សាឡូម៉ូន​មាន​បន្ទូល​ប្រាប់​ពី​ហេតុ​ការណ៍​ពិត។ ទ្រង់​ជ្រាប​ដឹង​អំពី​ជីដូន​ជីតា​របស់​ទ្រង់ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុគ្គល​ធ្លាប់​មាន​ឈ្មោះ​ល្អ​ជា​មួយ​ព្រះ​អាទិទេព​របស់​យើង។ ដោយ​ស្គាល់​អ័ប្រាហាំ​ច្បាស់​លាស់ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ប្រទាន​ពរ​ដល់​គាត់ ហើយ​និង​ពូជ​របស់​គាត់។ (លោកុប្បត្តិ ១៨:១៨, ១៩; ២២:១៧) មែន​ហើយ អ័ប្រាហាំ​មាន​ឈ្មោះ​ល្អ​ជា​មួយ​ព្រះ បាន​ក្លាយ​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់។ (របាក្សត្រ​ទី​២ ២០:៧; អេសាយ ៤១:៨; យ៉ាកុប ២:២៣) អ័ប្រាហាំ​ដឹង​ថា ជីវិត​របស់​គាត់​និង​ជីវិត​របស់​កូន​គាត់ គឺ​មិន​មែន​គ្រាន់​តែ​ជា​ចក្រ​ជីវិត​ដែល​វិល​កើត​វិល​ស្លាប់​ប៉ុណ្ណោះ​ទេ។ គឺ​ប្រាកដ​ជា​មាន​គោល​បំណង​ដ៏​ធំ​ធេង​ជាង​នោះ​ទៅ​ទៀត គឺ​មិន​គ្រាន់​តែ​រស់​នៅ​បាន​តែ​ប៉ុន្មាន​ឆ្នាំ ហើយ​ស្លាប់​នោះ​ឡើយ។ ពួក​គេ​បាន​ដឹង​ច្បាស់​ថា គេ​នឹង​មាន​សង្ឃឹម​រស់​ឡើង​វិញ​ម្ដង​ទៀត មិន​មែន​ដោយ​ព្រោះ​គេ​មាន​ជីវិត​អមតៈ​នោះ​ទេ ប៉ុន្តែ ពី​ព្រោះ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ អ័ប្រាហាំ​ជឿ​ជាក់​ថា «ព្រះ​ទ្រង់​អាច​នឹង​ប្រោស[អ៊ីសាក] ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។—ហេព្រើរ ១១:១៧​-​១៩

១៩. តើ​យើង​អាច​ទទួល​ចំណេះ​អ្វី​ពី​យ៉ូប ចំពោះ​អត្ថន័យ​នៃ​សាស្ដា ៧:១?

១៩ នេះ​ហើយ​ជា​កូន​សោ​ដែល​បើក​ឲ្យ​យើង​យល់​អំពី​របៀប​ដែល «នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ»។ ដូច​លោក​យ៉ូប សាឡូម៉ូន​បាន​ជឿ​ជាក់​ថា បុគ្គល​ដែល​បាន​បង្កើត​ជីវិត​មនុស្ស ក៏​អាច​ធ្វើ​ឲ្យ​មាន​ជីវិត​វិញ​ដែរ។ ទ្រង់​អាច​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ។ (យ៉ូប ១៤:៧​-​១៤) យ៉ូប​ជា​មនុស្ស​ស្មោះ​ត្រង់​បាន​មាន​ប្រសាសន៍​ថា៖ «នោះ​ទ្រង់[ព្រះ​យេហូវ៉ា]នឹង​ហៅ ហើយ​ទូល​បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ​ហឫទ័យ​ដល់​ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ»។ (យ៉ូប ១៤:១៥) ចូរ​គិត​អំពី​រឿង​នេះ​ចុះ! ចំពោះ​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​បាន​ទទួល​មរណភាព ព្រះ​អាទិទេព​របស់​យើង​បាន​មាន«បំណង​ព្រះ​ហឫទ័យ»។ («ទ្រង់​នឹង​ចង់​ឃើញ​ស្នា​ដៃ​របស់​ទ្រង់​ម្ដង​ទៀត»។—ព្រះ​គម្ពីរ​យេរូសាឡិម។) ដោយ​អនុវត្ត​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​អាទិទេព​អាច​ប្រោស​ឲ្យ​មនុស្ស​រស់​ឡើង​វិញ។ (យ៉ូហាន ៣:១៦; កិច្ច​ការ ២៤:១៥) យ៉ាង​ច្បាស់​ណាស់ មនុស្ស​មាន​ភាព​ខុស​គ្នា​យ៉ាង​ឆ្ងាយ​ពី​សត្វ​ដែល​ស្លាប់។

២០. (ក) នៅ​ពេល​ណា​ទើប​ថ្ងៃ​មរណៈ​ល្អ​វិសេស​ជាង​ថ្ងៃ​កំណើត? (ខ) តើ​តាម​របៀប​ណា​ដែល​ដំណើរ​រស់​ឡើង​វិញ​របស់​លោក​ឡាសារ​មាន​ឥទ្ធិពល​លើ​មនុស្ស​ជា​ច្រើន?

២០ នេះ​បាន​សេចក្ដី​ថា ថ្ងៃ​មរណៈ​ល្អ​វិសេស​ជាង​ថ្ងៃ​កំណើត​របស់​បុគ្គល​ណា​មួយ បើ​សិន​ជា​បុគ្គល​នោះ​មក​ដល់​គ្រា​នេះ បាន​មាន​ឈ្មោះ​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​អាច​ប្រោស​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះ​យេស៊ូ​គ្រីស្ទ ជា​សាឡូម៉ូន​ដ៏​ឧត្តម បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​នេះ​មែន។ ឧទាហរណ៍ ទ្រង់​បាន​ប្រោស​បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ឡាសារ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ (លូកា ១១:៣១; យ៉ូហាន ១១:១​-​៤៤) ដូច​ជា​អ្នក​អាច​នឹក​ក្នុង​គំនិត​របស់​អ្នក មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​ឡាសារ​មាន​ជីវិត​រស់​ឡើង​វិញ ប្រាកដ​ជា​មាន​ការ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​ក៏​បាន​ដាក់​ជំនឿ​ទៅ​លើ​ព្រះ​រាជបុត្រា​របស់​ព្រះ។ (យ៉ូហាន ១១:៤៥) តើ​អ្នក​គិត​ថា ពួក​គេ​បាន​មាន​អារម្មណ៍​ដោយ​គ្មាន​គោល​បំណង​ក្នុង​ជីវិត ដោយ​មិន​ដឹង​អ្វី​សោះ​អំពី​ខ្លួន​គេ ហើយអំពី​ទី​ដៅ​ដែល​គេ​ទៅ​ឬ? ផ្ទុយ​ទៅ​វិញ ពួក​គេ​អាច​ឃើញ​ថា​គេ​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​ខ្លួន​គេ​ដូច​សត្វ ដែល​កើត​មក រស់​នៅ​មួយ​គ្រា ហើយ​បន្ទាប់​មក​ស្លាប់​វិញ​នោះ​ទេ។ គោល​បំណង​នៃ​ជីវិត​របស់​គេ គឺ​ជាប់​ទាក់​ទង​ពេញ​ទី​ជា​មួយ​នឹង​ការ​ស្គាល់​ព្រះ​វរបិតា​របស់​ព្រះ​យេស៊ូ ហើយ​និង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ចុះ​អ្នក​វិញ​នោះ​តើ​យ៉ាង​ណា​ដែរ? តើ​ការ​ពិគ្រោះ​នេះ​បាន​ជួយ​អ្នក​ឲ្យ​ឃើញ ឬ​ឲ្យ​យល់​ច្បាស់​លាស់​ថែម​ទៀត នូវ​របៀប​ដែល​ជីវិត​របស់​អ្នក​អាច​មាន​គោល​បំណង​ពិត​ប្រាកដ​ទេ?

២១. តើ​ទិដ្ឋភាព​អ្វី​នៃ​ការ​ស្វែង​រក​អត្ថន័យ​នៃ​ជីវិត​របស់​យើង ដែល​យើង​ចង់​ពិនិត្យ​មើល​ថែម​ទៀត?

២១ យ៉ាង​ណា​ក្ដី ការ​មាន​គោល​បំណង​នៃ​ជីវិត​ដែល​ពិត​ប្រាកដ និង​មាន​អត្ថន័យ នោះ​មិន​គ្រាន់​តែ​ជាប់​ទាក់​ទង​ការ​គិត​អំពី​សេចក្ដី​ស្លាប់​និង​ការ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ។ នេះ​ក៏​ជាប់​ទាក់​ទង​អ្វី​ៗ​ដែល​យើង​កំពុង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​របស់​យើង​ដែរ។ សាឡូម៉ូន​ក៏​បាន​ពន្យល់​អំពី​រឿង​នេះ​យ៉ាង​ច្បាស់​នៅ​ក្នុង​សាស្ដា​ដែល​យើង​នឹង​ឃើញ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a «និទាន​កថា​អំពី​ព្រះ​រាជា​សេបា​ទូល​ប្រាប់​អំពី​ប្រាជ្ញា​របស់​សាឡូម៉ូន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ព្រេង។ (ពង្សាវតារ​ក្សត្រ​ទី​១ ១០:១​-​១៣) ប៉ុន្តែ​បរិបទ​ក្នុង​នោះ​បង្ហាញ​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​ព្រះ​នាង​ទៅ​ជួប​សាឡូម៉ូន នោះ​គឺ​ពិត​ជា​ជាប់​ទាក់​ទង​នឹង​ការ​ធ្វើ​ជំនួញ ហើយ​តាម​ការ​យល់​នេះ ភាព​ត្រឹម​ត្រូវ​នៃ​ប្រវត្ដិសាស្ត្រ​គឺ​មិន​អាច​បដិសេធ​បាន​ឡើយ»។—The International Standard Bible Encyclopedia (1988), Volume IV, page 567.

តើ​អ្នក​ចាំ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​សត្វ​និង​មនុស្ស​មាន​ភាព​ស្រដៀង​គ្នា?

◻ ហេតុ​អ្វី​ក៏​សេចក្ដី​ស្លាប់​គូស​បញ្ជាក់​ថា កិច្ច​ប្រឹង​ប្រែង​សកម្មភាព​ជា​ច្រើន​របស់​មនុស្ស គឺ​ជា​ការ​អសារ​ឥត​ការ​នោះ?

◻ តើ​ថ្ងៃ​មរណៈ​ល្អ​វិសេស​ជាង​ថ្ងៃ​កំណើត​យ៉ាង​ដូច​ម្ដេច?

◻ ការ​មាន​អត្ថន័យ​ក្នុង​ជីវិត​របស់​យើង គឺ​អាស្រ័យ​ទៅ​លើ​ការ​មាន​ទំនាក់​ទំនង​អ្វី?

[រូប​ភាព​នៅ​ទំព័រ​២១]

តើ​ជីវិត​របស់​អ្នក​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​ពី​ពពួក​សត្វ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក