បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៥ ទំ. ២៤-២៩
  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បំពេញ​សេចក្ដី​ខ្វល់​ខ្វាយ​ដ៏​សំខាន់​នៃ​ជីវិត
  • គ្រួសារ កេរ្ដិ៍​ឈ្មោះ និង​អំណាច
  • ការ​យក​ចិត្ត​ទុក​ដាក់​នឹង​កាតព្វកិច្ច​របស់​យើង
  • ជីវិតរបស់អ្នក—តើមានគោលបំណងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរប្រើជីវិតរបស់អ្នកឲ្យបានប្រសើរឡើង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្វីដែលពិតជាមានប្រយោជន៍!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៥ ទំ. ២៤-២៩

‹កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស›

«ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។—សាស្ដា ១២:១៣

១, ២. ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​ពិចារណា​មើល​កាតព្វកិច្ច​របស់​យើង​ចំពោះ​ព្រះ?

«តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច»? ព្យាការី​ពី​បុរាណ​ម្នាក់​បាន​សួរ​សំនួរ​នេះ។ បន្ទាប់​មក គាត់​បាន​ប្រាប់​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ—គឺ​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​ព្រះ​របស់​ខ្លួន​ដោយ​សុភាព​រាប​ទាប។—មីកា ៦:៨

២ ក្នុង​សម័យ​ឯកត្តភាព​និង​ឯករាជ្យ​នេះ មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​នឹង​គំនិត​ដែល​ថា​ព្រះ​តម្រូវ​អ្វី​ពី​គេ​នោះ​ទេ។ ពួក​គេ​មិន​ចង់​ជាប់​តម្រូវ​ទេ។ ប៉ុន្តែ តើ​សាឡូម៉ូន​បាន​សន្និដ្ឋាន​យ៉ាង​ណា​ក្នុង​សាស្ដា? «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។—សាស្ដា ១២:១៣

៣. ហេតុ​អ្វី​ក៏​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សៀវភៅ​សាស្ដា?

៣ ទោះ​បី​ជា​យើង​មាន​កាលៈទេសៈ​និង​ទស្សនៈ​វិស័យ​ក្នុង​ជីវិត​យ៉ាង​ណា​ក៏​ដោយ យើង​អាច​បាន​ផល​ប្រយោជន៍​ជា​ច្រើន បើ​យើង​ពិនិត្យ​មើល​ប្រវត្ដិ​នៃ​សេចក្ដី​សន្និដ្ឋាន​នេះ។ ស្តេច​សាឡូម៉ូន ជា​អ្នក​និពន្ធ​សៀវភៅ​នេះ បាន​ពិចារណា​មើល​សេចក្ដី​ទាំង​នេះ​ខ្លះ​ៗ ដែល​ជា​ផ្នែក​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ អ្នក​ខ្លះ​ប្រហែល​ជា​រហ័ស​សន្និដ្ឋាន​ថា ការ​វែក​ញែក​របស់​ទ្រង់​ជា​ការ​មិន​ល្អ។ ប៉ុន្តែ​សៀវភៅ​នេះ​បាន​បណ្ដាល​មក​ពី​ព្រះ ហើយ​អាច​ជួយ​យើង​ឲ្យ​វែក​ញែក​មើល​សកម្មភាព​និង​អាទិភាព​របស់​យើង ដើម្បី​ឲ្យ​អាច​ទទួល​ការ​សប្បាយ​រីករាយ​ច្រើន។

ការ​បំពេញ​សេចក្ដី​ខ្វល់​ខ្វាយ​ដ៏​សំខាន់​នៃ​ជីវិត

៤. តើ​អ្វី​ដែល​សាឡូម៉ូន​បាន​ពិនិត្យ​និង​ពិគ្រោះ​ក្នុង​សៀវភៅ​សាស្ដា?

៤ សាឡូម៉ូន​បាន​ពិចារណា​មើល​យ៉ាង​ផ្ចិត​ផ្ចង់​នូវ‹កិច្ច​ការ​របស់​មនុស្សជាតិ›។ «យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ»។ ដោយ​ប្រើ​ពាក្យ‹កិច្ច​ការ› សាឡូម៉ូន​មិន​មែន​គ្រាន់​តែ​មាន​ន័យ​ថា​ការងារ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ នេះ​ជា​សកម្មភាព​ទាំង​មូល​ដែល​មនុស្ស​ប្រុស​ស្រី​ធ្វើ​ក្នុង​មួយ​ជីវិត​របស់​គេ។ (សាស្ដា ១:១៣) ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​សកម្មភាព​សំខាន់​ខ្លះ​ៗ​ទាំង​នេះ ហើយ​បន្ទាប់​មក ចូរ​ប្រៀប​ធៀប​ជា​មួយ​នឹង​សកម្មភាព​និង​អាទិភាព​របស់​យើង​ម្នាក់​ៗ។

៥. តើ​អ្វី​ជា​គោល​ដៅ​ដ៏​សំខាន់​មួយ​របស់​មនុស្សជាតិ?

៥ លុយ​ច្បាស់​ជា​បណ្ដូល​នៃ​កង្វល់​និង​សកម្មភាព​របស់​មនុស្ស​ជា​ច្រើន។ គ្មាន​អ្នក​ណា​អាច​និយាយ​ដោយ​ត្រឹម​ត្រូវ​ថា សាឡូម៉ូន​មាន​ទស្សនៈ​ហី​ៗ​អំពី​លុយ​ដូច​ពួក​មនុស្ស​អ្នក​មាន​ខ្លះ​នោះ​ឡើយ។ ទ្រង់​ទទួល​ស្គាល់​នូវ​ការ​ត្រូវ​ការ​លុយ​ខ្លះ​ៗ។ ការ​មាន​លុយ​គ្រប់​គ្រាន់​ជា​ការ​ល្អ​ប្រសើរ​ជាង​ភាព​ក្រី​ក្រ។ (សាស្ដា ៧:១១, ១២) ប៉ុន្តែ​អ្នក​ប្រហែល​ជា​បាន​សង្កេត​ឃើញ​ហើយ​ថា​លុយ ដោយ​សារ​អាច​ទិញ​អ្វី​ៗ​បាន អាច​ក្លាយ​ទៅ​ជា​គោល​ដៅ​ទី​មួយ​ក្នុង​ជីវិត—ចំពោះ​មនុស្ស​ក្រ​និង​មនុស្ស​អ្នក​មាន។

៦. តើ​យើង​អាច​រៀន​អ្វី​អំពី​លុយ ពី​រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ និង​ពី​ការ​ពិសោធ​ផ្ទាល់​របស់​សាឡូម៉ូន?

៦ ចូរ​នឹក​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​មនុស្ស​អ្នក​មាន​ម្នាក់​ដែល​មិន​ចេះ​ស្កប់​ចិត្ត​សោះ ហើយ​ចង់​តែ​បាន​ច្រើន​ទៀត។ ព្រះ​បាន​កាត់​សេចក្ដី​ថា​គាត់​ជា​មនុស្ស​មិន​សម​ហេតុ​ផល។ ហេតុ​អ្វី? ពី​ព្រោះ‹ជីវិត​របស់​យើង​មិន​ស្រេច​នឹង​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ›។ (លូកា ១២:១៥​-​២១) ការ​ពិសោធ​របស់​សាឡូម៉ូន—ដែល​ហើយ​ប្រហែល​ជា​មាន​ច្រើន​ជាង​យើង​ទៅ​ទៀត—បាន​គាំទ្រ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ។ សូម​អាន​សេចក្ដី​រៀប​រាប់​នៅ​សាស្ដា ២:៤​-​៩។ ក្នុង​មួយ​រយៈ​ពេល សាឡូម៉ូន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ។ ទ្រង់​បាន​សង់​ផ្ទះ​និង​សួន​ច្បារ​យ៉ាង​ស្អាត។ ទ្រង់​អាច​រក​បាន​ប្រពន្ធ​ស្អាត​ៗ។ តើ​ទ្រព្យ​សម្បត្ដិ​និង​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ទ្រង់​មាន​នោះ នាំ​ឲ្យ​មាន​សេចក្ដី​ស្កប់​ចិត្ត ការ​ពេញ​ចិត្ត​នឹង​ស្នា​ដៃ​ខ្លួន និង​អត្ថន័យ​ក្នុង​ជីវិត​ទេ? ទ្រង់​បាន​ឆ្លើយ​ដោយ​ស្មោះ​ថា៖ «យើង​បាន​ត្រួត​ត្រា​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ នឹង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ»។—សាស្ដា ២:១១; ៤:៨

៧. (ក) ការ​ពិសោធ​បង្ហាញ​អ្វី​ពី​តម្លៃ​នៃ​លុយ? (ខ) តើ​អ្នក​បាន​ឃើញ​អ្វី​ផ្ទាល់​ខ្លួន​ដែល​គាំទ្រ​ដល់​សេចក្ដី​សន្និដ្ឋាន​របស់​សាឡូម៉ូន?

៧ នេះ​ហើយ​ជា​ការ​ជាក់​ស្តែង ជា​ការ​ពិត​ក្នុង​ជីវិត​របស់​មនុស្ស​ជា​ច្រើន។ យើង​ត្រូវ​តែ​សារភាព​ថា មាន​លុយ​ច្រើន​មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ទេ។ វា​អាច​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ៗ ដូច​ជា​អាច​ទទួល​ម្ហូប​អាហារ​និង​សំលៀក​បំពាក់​បាន​ដោយ​ស្រួល។ ប៉ុន្តែ​មនុស្ស​ម្នាក់​អាច​ពាក់​សំលៀក​បំពាក់​បាន​តែ​មួយ​កំប្លេ​ម្ដង ហើយ​ញ៉ាំ​ម្ហូប​អាហារ​បាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។ ហើយ​អ្នក​ប្រហែល​ជា​ធ្លាប់​អាន​អំពី​មនុស្ស​អ្នក​មាន​ដែល​ក្នុង​ជីវិត​របស់​គេ​ជួប​តែ​ការ​លែង​លះ​គ្នា ការ​ប្រើ​ស្រា​និង​គ្រឿង​ញៀន ហើយ​ឈ្លោះ​ប្រឆាំង​ជា​មួយ​បង​ប្អូន​គេ។ មហា​សេដ្ឋី​ម្នាក់​ឈ្មោះ ជេ. ភី. ហ្គីទី មាន​ប្រសាសន៍​ថា៖ «លុយ​មិន​តែង​តែ​ជាប់​ទាក់​ទង​នឹង​សុភមង្គល​ទេ។ ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​ការ​ឥត​មាន​សុភមង្គល​វិញ»។ ដោយ​មាន​មូលហេតុ​ល្អ សាឡូម៉ូន​បាន​ចាត់​ទុក​ការ​ស្រឡាញ់​ប្រាក់​ជា​ការ​ឥត​ប្រយោជន៍។ សូម​ប្រៀប​ធៀប​ការ​ពិត​នេះ​ជា​មួយ​នឹង​សេចក្ដី​សង្កេត​របស់​សាឡូម៉ូន៖ «ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្ដី ប៉ុន្តែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ»។—សាស្ដា ៥:១០​-​១២

៨. តើ​អ្វី​ជា​មូលហេតុ​ដែល​យើង​មិន​គួរ​ដាក់​ទម្ងន់​ហួស​ហេតុ​លើ​លុយ?

៨ លុយ​និង​ទ្រព្យ​សម្បត្ដិ​ក៏​មិន​នាំ​ឲ្យ​មាន​សេចក្ដី​ស្កប់​ចិត្ត​ដែរ​នៅ​អនាគត។ បើ​អ្នក​មាន​លុយ​និង​ទ្រព្យ​សម្បត្ដិ​ច្រើន អ្នក​ប្រហែល​ជា​មាន​កង្វល់​ច្រើន​ចំពោះ​ការ​ការ​ពារ​ទ្រព្យ​ទាំង​នោះ ហើយ​អ្នក​ក៏​មិន​ដឹង​ថា​ថ្ងៃ​ស្អែក​មាន​អ្វី​កើត​ឡើង​ដែរ។ អ្នក​អាច​បាត់​បង់​ទ្រព្យ​ទាំង​អស់ រួម​ទាំង​ជីវិត​របស់​អ្នក ក៏​មិន​ដឹង? (សាស្ដា ៥:១៣​-​១៧; ៩:១១, ១២) ដោយ​ហេតុ​នេះ មិន​ជា​ការ​ពិបាក​ទេ​ក្នុង​ការ​យល់​ឃើញ​ថា ជីវិត​របស់​យើង​គួរ​តែ​មាន​អត្ថន័យ​ខ្ពង់​ខ្ពស់​ជាង​លុយ​និង​ទ្រព្យ​សម្បត្ដិ​ទៅ​ទៀត។

គ្រួសារ កេរ្ដិ៍​ឈ្មោះ និង​អំណាច

៩. ហេតុ​អ្វី​ក៏​សាឡូម៉ូន​ពិចារណា​មើល​ជីវភាព​គ្រួសារ?

៩ ការ​វែក​ញែក​របស់​សាឡូម៉ូន​អំពី​ជីវិត​ក៏​រួម​បញ្ចូល​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​ដែរ។ ព្រះ​គម្ពីរ​លើក​ដំកើង​ជីវភាព​គ្រួសារ រួម​ទាំង​អំណរ​នៃ​ការ​មាន​កូន​ចៅ និង​ការ​បី​បាច់​កូន​ទាំង​នោះ​ផង។ (លោកុប្បត្តិ ២:២២​-​២៤; ទំនុកដំកើង ១២៧:៣​-​៥; សុភាសិត ៥:១៥, ១៨​-​២០; ៦:២០; ម៉ាកុស ១០:៦​-​៩; អេភេសូរ ៥:២២​-​៣៣) តើ​នេះ​ជា​លក្ខណៈ​សំខាន់​បំផុត​ក្នុង​ជីវិត​ឬ? មនុស្ស​ជា​ច្រើន​មាន​គំនិត​ដូច្នេះ​មែន ពី​ព្រោះ​នៅ​ក្នុង​វប្បធម៌​ខ្លះ អាពាហ៍ពិពាហ៍ កូន​ចៅ និង​គ្រួសារ ជា​ការ​សំខាន់​ណាស់។ ប៉ុន្តែ សាស្ដា ៦:៣ បង្ហាញ​ថា សូម្បី​មាន​កូន​ចៅ​មួយ​រយ​នាក់ ក៏​មិន​មែន​ជា​កូន​សោ​បើក​ឲ្យ​មាន​ជីវិត​ស្កប់​ចិត្ត​នោះ​ឡើយ។ សូម​គិត​អំពី​របៀប​ដែល​ឪពុក​ម្ដាយ​ជា​ច្រើន​បាន​សុខ​ចិត្ត​លះ​បង់​សំរាប់​កូន​របស់​គេ ដើម្បី​ឲ្យ​កូន​អាច​ផ្ដើម​ជីវិត​បាន​ល្អ​ហើយ​ឲ្យ​បាន​ស្រួល។ ថ្វី​បើ​នេះ​ជា​ការ​ល្អ​ក្ដី ព្រះ​អាទិទេព​របស់​យើង​ពិត​ជា​មិន​មាន​ព្រះ​ទ័យ​ថា គោល​បំណង​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង​គឺ​គ្រាន់​តែ​បង្កើត​កូន​ចៅ​ដើម្បី​បន្ត​ពូជ ដូច​ពពួក​សត្វ​ដែល​ធ្វើ​តាម​សភាវគតិ​របស់​វា​នោះ​ទេ។

១០. ហេតុ​អ្វី​ក៏​ការ​ដាក់​ទម្ងន់​ហួស​ហេតុ​លើ​គ្រួសារ​ជា​អសារ​ឥត​ការ?

១០ សាឡូម៉ូន​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​ជាក់​ស្តែង​ខ្លះ​ៗ​អំពី​ជី​វិភាព​គ្រួសារ។ ឧទាហរណ៍ មនុស្ស​ម្នាក់​ប្រហែល​ជា​ខំ​រក​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​ទុក​សំរាប់​កូន​និង​ចៅ​របស់​គាត់។ ប៉ុន្តែ តើ​កូន​ចៅ​នោះ​នឹង​ទៅ​ជា​មាន​ប្រាជ្ញា​ទេ? ឬ​ក៏​វា​ទៅ​ជា​ល្ងី​ល្ងើ​នឹង​អ្វី​ៗ​ដែល​គាត់​ខំ​រក​ទុក​សំរាប់​វា​នោះ? បើ​វា​ទៅ​ជា​ល្ងី​ល្ងើ នោះ​នឹង​ទៅ​ជា‹ការ​អសារ​ឥត​ការ ហើយ​ជា​មហន្តរាយ​ដ៏​ធំ›!—សាស្ដា ២:១៨​-​២១; ពង្សាវតារ​ក្សត្រ​ទី​១ ១២:៨; របាក្សត្រ​ទី​២ ១២:១​-​៤, ៩

១១, ១២. (ក) តើ​មនុស្ស​ខ្លះ​គិត​តែ​សង្វាត​រក​អ្វី​ក្នុង​ជីវិត? (ខ) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ការ​ស្វែង​រក​ភាព​ធំ​ដុំ​ជា«អសារ​ឥត​ការ​ទទេ»?

១១ ម្យ៉ាង​វិញ​ទៀត មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ជីវភាព​គ្រួសារ​របស់​ខ្លួន​ធម្មតា​របស់​ខ្លួន ជា​អ្វី​បន្ទាប់​បន្សំ​ទៅ​នឹង​គោល​ដៅ​របស់​គេ​ក្នុង​ការ​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ ឬ អំណាច​លើ​អ្នក​ឯ​ទៀត។ ការ​នេះ​និយម​មាន​ជាង​គេ​ក្នុង​ចំណោម​មនុស្ស​ប្រុស។ តើ​អ្នក​មាន​បាន​ឃើញ​ការ​នេះ​ក្នុង​ចំណោម​ពួក​សិស្ស អ្នក​ធ្វើ​ការ​ជា​មួយ ឬ​ពួក​អ្នក​ជិត​ខាង​ទេ? មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​បាន​ទទួល​ទទួល​ស្គាល់ ឲ្យ​មាន​មុខ​មាត់ ឬ ដើម្បី​ប្រើ​អំណាច​លើ​អ្នក​ឯ​ទៀត។ ប៉ុន្តែ តើ​ការ​នេះ​មាន​ន័យ​ខ្លឹម​សា​យ៉ាង​ណា​ទៅ?

១២ សូម​គិត​អំពី​របៀប​ដែល​មនុស្ស​ខ្លះ​ខំ​ត​ស៊ូ​ដើម្បី​ឲ្យ​បាន​ល្បី​ឈ្មោះ មិន​ថា​តូច​ឬ​ធំ​ក្ដី។ យើង​ឃើញ​ការ​នេះ​មាន​នៅ​សាលា​រៀន ក្នុង​តំបន់​យើង ហើយ​ក្នុង​ក្រុម​សមាគម​ផ្សេង​ៗ​ទៀត។ នេះ​ក៏​ជា​ឥទ្ធិពល​មួយ​មាន​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ល្បី​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ គ្រឿង​កំសាន្ត និង​វិស័យ​នយោបាយ​ដែរ។ ប៉ុន្តែ តើ​នេះ​មិន​មែន​ជា​កិច្ច​ប្រឹង​ប្រែង​ដែល​ឥត​ប្រយោជន៍​ទេ​ឬ? សាឡូម៉ូន​ហៅ​ការ​នេះ​ដោយ​ត្រឹម​ត្រូវ​ថា​ជា «អសារ​ឥត​ការ​ទទេ»។ (សាស្ដា ៤:៤) ទោះ​បី​ជា​យុវជន​ម្នាក់​បាន​ក្លាយ​ទៅ​ជា​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​ក្លឹប ក្នុង​ក្រុម​កីឡា ឬ​ក្នុង​ក្រុម​តន្ត្រី—ឬ​បុរស ឬ​ស្ត្រី​បាន​ទទួល​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ហ៊ុន ឬ​ក្នុង​សហគមន៍​ក្ដី—តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ពិត​ជា​ដឹង​អំពី​រឿង​នេះ? តើ​មនុស្ស​នៅ​ត្រើយ​ម្ខាង​លោកីយ៍ (ឬ​នៅ​ក្នុង​ប្រទេស​ដូច​គ្នា) ដឹង​ថា​មាន​បុគ្គល​នេះ​ទេ? ឬ​ក៏​តើ​ពួក​គេ​រស់​នៅ​ដោយ​ឥត​ដឹង​ពី​បុគ្គល​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​បែប​នេះ? ហើយ​នេះ​ក៏​ដូច្នេះ​ដែរ​ចំពោះ​អំណាច​ដែល​បុគ្គល​ម្នាក់​បាន​ទទួល​នៅ​ក្នុង​ការងារ ក្នុង​ក្រុង ឬ​ក្នុង​ចំណោម​ក្រុម​ណា​មួយ។

១៣. (ក) តើ​សាស្ដា ៩:៤, ៥ ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ណា ចំពោះ​ការ​ស្វែង​រក​ភាព​ធំ​ដុំ​ឬ​អំណាច​នោះ? (ខ) តើ​យើង​ជួប​ប្រទះ​ការ​ពិត​អ្វី​ខ្លះ បើ​សិន​ជា​ជីវិត​នេះ​មាន​តែ​ប៉ុណ្ណេះ? (សូម​មើល​កំណត់​ចំណាំ)

១៣ តើ​ភាព​ធំ​ដុំ​ឬ​អំណាច​បែប​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ទី​បំផុត? ដូច​មនុស្ស​មួយ​ដំណ​បាន​កន្លង​ទៅ​ហើយ​ដំណ​មួយ​ចូល​មក មនុស្ស​ធំ​ដុំ ឬ​អ្នក​មាន​អំណាច​ក៏​វិនាស​ទៅ ហើយ​ក៏​គ្មាន​នរណា​ចាំ​ពី​គេ​ដែរ។ នេះ​ហើយ​ជា​ការ​ពិត​ចំពោះ​ពួក​អ្នក​សង់ ពួក​អ្នក​ភ្លេង ពួក​វិចិត្រករ ពួក​អ្នក​កែ​ប្រែ​សង្គម ហើយ​ពួក​មនុស្ស​ឯ​ទៀត ក៏​ជា​ការ​ពិត​ចំពោះ​ពួក​នយោបាយ​និង​ពួក​មេ​ដឹក​នាំ​យោធា​ជា​ច្រើន​ដែរ។ ពី​មុខ​តំណែង​ទាំង​នេះ តើ​អ្នក​ស្គាល់​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​រស់​នៅ​ក្នុង​រវាង​ឆ្នាំ​១៧០០​និង​១៨០០? សាឡូម៉ូន​បាន​វែក​ញែក​រឿង​នេះ​ដោយ​ត្រឹម​ត្រូវ​ថា៖ «ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។ (សាស្ដា ៩:៤, ៥) បើ​ជីវិត​មាន​តែ​ប៉ុណ្ណេះ អញ្ចឹង​ការ​ស្វែង​រក​ភាព​ធំ​ដុំ ឬ​អំណាច នោះ​ជា​ការ​ឥត​ប្រយោជន៍​ទេ។a

ការ​យក​ចិត្ត​ទុក​ដាក់​នឹង​កាតព្វកិច្ច​របស់​យើង

១៤. ហេតុ​អ្វី​ក៏​សៀវភៅ​សាស្ដា​ជួយ​យើង​ម្នាក់​ៗ?

១៤ សាឡូម៉ូន​ពុំ​បាន​មាន​ប្រសាសន៍​អំពី​សកម្មភាព គោល​ដៅ និង​សេចក្ដី​កំសាន្ត​ជា​ច្រើន ដែល​មនុស្ស​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ទ្រង់​បាន​សរសេរ​មក នោះ​គ្រប់​គ្រាន់​ហើយ។ ការ​ពិចារណា​មើល​របស់​យើង​នូវ​សៀវភៅ​នេះ មិន​គួរ​មើល​ឃើញ​តែ​អ្វី​ៗ​ដែល​មិន​ល្អ​ឬ​ស្រងូត​ស្រងាត់​ទេ ដ្បិត​យើង​បាន​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​សៀវភៅ​ព្រះ​គម្ពីរ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​តែង​មក​សំរាប់​ជា​ប្រយោជន៍​ដល់​យើង។ នេះ​អាច​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ក្នុង​ជីវិត និង​អ្វី​ៗ​ដែល​យើង​យក​ចិត្ត​ទុក​ដាក់។ (សាស្ដា ៧:២; ធីម៉ូថេ​ទី​២ ៣:១៦, ១៧) នោះ​ជា​ការ​ពិត​មែន បើ​សិន​ជា​យើង​មើល​សេចក្ដី​សន្និដ្ឋាន​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​សាឡូម៉ូន​ឲ្យ​យល់​នោះ។

១៥, ១៦. (ក) តើ​អ្វី​ជា​ទស្សនៈ​របស់​សាឡូម៉ូន​ចំពោះ​ការ​កំសាន្ត​ជីវិត? (ខ) តើ​សាឡូម៉ូន​មាន​ប្រសាសន៍​ដ៏​ត្រឹម​ត្រូវ​យ៉ាង​ណា ចំពោះ​ការ​កំសាន្ត​ជីវិត?

១៥ ចំណុច​មួយ​ដែល​សាឡូម៉ូន​បាន​លើក​មក​និយាយ​ជា​ញឹក​ញាប់ គឺ​ថា​ពួក​អ្នក​បំរើ​របស់​ព្រះ​ពិត​គួរ​តែ​មាន​អំណរ​ក្នុង​សកម្មភាព​របស់​គេ​ចំពោះ​ទ្រង់។ «យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ»។ (សាស្ដា ២:២៤; ៣:១២, ១៣; ៥:១៨; ៨:១៥) ចូរ​កត់​សម្គាល់​ថា សាឡូម៉ូន​មិន​បាន​ដាស់​តឿន​ឲ្យ​មាន​ការ​ស៊ី​ផឹក​ហ៊ឺហា​នោះ​ទេ ហើយ​គាត់​ក៏​មិន​គាំទ្រ​នឹង​អាកប្បកិរិយា​នៃ‹ការ​ស៊ី​ផឹក ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​នោះ​ដែរ›។ (កូរិនថូស​ទី​១ ១៥:១៤, ៣២​-​៣៤) ទ្រង់​ចង់​មាន​ន័យ​ថា យើង​គួរ​តែ​មាន​អំណរ​តាម​ការ​សប្បាយ​រីករាយ​ធម្មតា ដូច​ជា​ការ​ស៊ី​ផឹក ក្នុង​កាល​ដែល​យើង‹ធ្វើ​ល្អ​ក្នុង​ជីវិត​របស់​យើង›។ នោះ​ហើយ​ជា​អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អាទិទេព ដែល​សម្រេច​ចំពោះ​អ្វី​ដែល​ពិត​ជា​ល្អ។—ទំនុកដំកើង ២៥:៨; សាស្ដា ៩:១; ម៉ាកុស ១០:១៧, ១៨; រ៉ូម ១២:២

១៦ សាឡូម៉ូន​បាន​សរសេរ​ថា៖ «ដូច្នេះ ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីករាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ»។ (សាស្ដា ៩:៧​-​៩) ត្រូវ​ហើយ បុរស​និង​ស្ត្រី​ដែល​ពិត​ជា​មាន​ជីវិត​សប្បាយ នោះ​គឺ​សកម្ម​ក្នុង​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។ នេះ​តម្រូវ​ឲ្យ​យើង​គិត​ពិចារណា​មើល​អំពី​ទ្រង់​ជា​រៀង​រាល់​ដង។ តើ​នេះ​ជា​ទស្សនៈ​ដែល​មាន​ភាព​ខុស​គ្នា​ពី​ទស្សនៈ​នៃ​មនុស្ស​ភាគ​ច្រើន​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​គេ​ខំ​ដោះ​ស្រាយ​ជីវិត​ដោយ​ប្រើ​ប្រាជ្ញា​របស់​មនុស្ស!

១៧, ១៨. (ក) តើ​មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ការ​ជាក់​ស្តែង​នៃ​ជីវិត? (ខ) តើ​យើង​គួរ​តែ​នឹក​ចាំ​ពី​លទ្ធផល​អ្វី?

១៧ ទោះ​ជា​សាសនា​ខ្លះ​បង្រៀន​អំពី​បរលោក​ក្ដី មនុស្ស​ជា​ច្រើន​ជឿ​ថា ជីវិត​នេះ​ជា​អ្វី​ដែល​គេ​ដឹង​ច្បាស់។ អ្នក​ប្រហែល​ជា​ឃើញ​ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ហើយ កាល​ដែល​សាឡូម៉ូន​បាន​រៀប​រាប់​ថា៖ «ចិត្ត​របស់​ពួក​មនុស្សជាតិ​បាន​ផ្ដាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា​និច្ច​ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សំរេច​ជា​យ៉ាង​ឆាប់»។ (សាស្ដា ៨:១១) សូម្បី​តែ​ចំពោះ​មនុស្ស​ដែល​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក៏​ដោយ ក៏​បង្ហាញ​ថា​ពួក​គេ​ខ្វល់​ខ្វាយ​តែ​ពី​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​លុយ ទ្រព្យ​សម្បត្ដិ កិត្យានុភាព អំណាច​លើ​អ្នក​ដទៃ គ្រួសារ ឬ​ផល​ប្រយោជន៍​ផ្សេង​ៗ​បាន​ក្លាយ​ទៅ​ជា​អ្វី​ដ៏​សំខាន់​ហួស​ហេតុ​ចំពោះ​ពួក​គេ។ ប៉ុន្តែ សាឡូម៉ូន​មិន​បញ្ចប់​នៅ​ត្រង់​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​១០០​ដង ហើយ​ចំរើន​អាយុ​យឺន​យូរ​ក៏​ដោយ គង់​តែ​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត​ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ តែ​មិន​បាន​សេចក្ដី​សុខ​ស្រួល ដល់​មនុស្ស​អាក្រក់​ទេ ឯ​អាយុ​គេ ដែល​ធៀប​ដូច​ជា​ស្រមោល នោះ​ក៏​មិន​បាន​យឺន​យូរ​ដែរ ពី​ព្រោះ​គេ​មិន​កោត​ខ្លាច​ដល់​ព្រះ​ឡើយ»។ (សាស្ដា ៨:១២, ១៣) យ៉ាង​ច្បាស់​ណាស់ សាឡូម៉ូន​បាន​ជឿ​ជាក់​ថា យើង​នឹង​បាន​សេចក្ដី​សុខ​ស្រួល បើ​សិន​ជា​យើង‹កោត​ខ្លាច​ព្រះ​ពិត›។ តើ​បាន​សេចក្ដី​សុខ​ស្រួល​យ៉ាង​ណា? យើង​អាច​រក​ឃើញ​ចម្លើយ​ពី​ការ​ប្រៀប​ធៀប​ដែល​ទ្រង់​បាន​ធ្វើ។ ព្រះ​យេហូវ៉ា​អាច​ធ្វើ‹ឲ្យ​អាយុ​យើង​បាន​យឺន​យូរ›។

១៨ អស់​ពួក​អ្នក​ដែល​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​តែ​រំពឹង​គិត​នូវ​ហេតុ​ការណ៍​ពិត​ដែល​ចែង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល។ ដូច​អ្នក​ប្រហែល​ជា​ឃើញ​ផ្ទាល់​ខ្លួន​ស្រាប់ អ្នក​ពូកែ​រត់​ប្រណាំង​ប្រហែល​ជា​រត់​ដួល​ហើយ​ចាញ់​ក្នុង​ការ​រត់​ប្រណាំង។ កង​ទ័ព​ដ៏​ខ្លាំង​ពូកែ​អាច​ទទួល​បរាជ័យ។ អ្នក​ជំនួញ​ដ៏​ប្រុង​ប្រយ័ត្ន​ម្នាក់​អាច​ទៅ​ជា​អ្នក​ក្រី​ក្រ។ ហើយ​មាន​ភាព​មិន​ប្រាកដ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ជីវិត​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា។ ប៉ុន្តែ អ្នក​អាច​ដឹង​ជា​ពិត​ប្រាកដ​អំពី​រឿង​នេះ៖ ដំណើរ​ដ៏​ប្រាជ្ញា​ហើយ​ដ៏​ប្រាកដ​គឺ​ត្រូវ​ឲ្យ​សប្បាយ​នឹង​ជីវិត កាល​ដែល​អ្នក​ធ្វើ​ល្អ​ក្នុង​ច្បាប់​សីលធម៌​របស់​ព្រះ ហើយ​ធ្វើ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់។ (សាស្ដា ៩:១១) នេះ​រួម​បញ្ចូល​ការ​រៀន​ពី​ព្រះ​គម្ពីរ​ឲ្យ​ដឹង​នូវ​អ្វី​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ ថ្វាយ​ខ្លួន​ទៅ​ទ្រង់ ហើយ​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។—ម៉ាថាយ ២៨:១៩, ២០

១៩. តើ​ពួក​ក្មេង​ៗ​អាច​ប្រើ​ជីវិត​របស់​គេ​យ៉ាង​ណា ប៉ុន្តែ​អ្វី​ជា​ដំណើរ​ដ៏​មាន​ប្រាជ្ញា?

១៩ ព្រះ​អាទិទេព​នឹង​មិន​ជំរុញ​យុវជន​ឬ​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​ទ្រង់​ទេ។ ពួក​គេ​អាច​ទៅ​ជា​ជក់​ស្លុង​នឹង​ការ​រៀន​សូត្រ ប្រហែល​ជា​ក្លាយ​ទៅ​ជា​សិស្ស​មួយ​ជីវិត​នៃ​ប្រាជ្ញា​របស់​មនុស្ស។ នោះ​នឹង​ទៅ​ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​តប់​ប្រមល់​ដល់​ខ្លួន។ ឬ​គេ​អាច​ធ្វើ​តាម​ចិត្ត​មិន​គ្រប់ល័ក្ខណ៍ ឬ​ធ្វើ​តាម​អ្វី​ដែល​គេ​ចូល​ចិត្ត។ នោះ​គឺ​ច្បាស់​ជា​នាំ​ឲ្យ​គេ​មាន​ចិត្ត​មួម៉ៅ ហើយ​ក្រោយ​មក​ការ​ប្រកប​ជីវិត​បែប​នេះ​នឹង​ច្បាស់​ជា​ឥត​ប្រយោជន៍​មែន។ (សាស្ដា ១១:៩–១២:១២; យ៉ូហាន​ទី​១ ២:១៥​-​១៧) ដូច្នេះ សាឡូម៉ូន​អំពាវ​នាវ​ដល់​ពួក​ក្មេង​ៗ—នេះ​ជា​អំពាវ​នាវ​ដែល​យើង​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ទោះ​ជា​យើង​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា អញ​អស់​សប្បាយ​ហើយ»។—សាស្ដា ១២:១

២០. តើ​អ្វី​ជា​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​នៃ​សារ​ក្នុង​សៀវភៅ​សាស្ដា?

២០ បើ​អញ្ចឹង តើ​យើង​ត្រូវ​សន្និដ្ឋាន​យ៉ាង​ណា? តើ​សាឡូម៉ូន​បាន​សន្និដ្ឋាន​យ៉ាង​ណា? ទ្រង់​បាន​ឃើញ​ហើយ​បាន​ពិចារណា​មើល«បណ្ដា​ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង»។ (សាស្ដា ១:១៤) ក្នុង​សៀវភៅ​សាស្ដា មិន​មាន​ពាក្យ​របស់​បុរស​ដែល​មើល​ឃើញ​តែ​អាក្រក់ ឬ​ពាក្យ​រអ៊ូ​រទាំ​នោះ​ទេ។ នេះ​ជា​ផ្នែក​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ ហើយ​យើង​គួរ​តែ​ពិចារណា​មើល​ដែរ។

២១, ២២. (ក) តើ​អ្វី​ជា​ចំណុច​នៃ​ជីវិត​ដែល​សាឡូម៉ូន​យក​មក​ពិចារណា​មើល? (ខ) តើ​ទ្រង់​មាន​សន្និដ្ឋាន​ដ៏​ប្រាជ្ញា​យ៉ាង​ណា? (គ) តើ​ការ​ពិនិត្យ​មើល​សៀវភៅ​សាស្ដា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

២១ សាឡូម៉ូន​បាន​ពិនិត្យ​មើល​កិច្ច​ការ​របស់​មនុស្ស ភាព​ពិបាក​របស់​មនុស្ស និង​សេចក្ដី​ប្រាថ្នា​របស់​គេ។ ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​លទ្ធផល​ធម្មតា ដែល​ជា​ការ​អន្ទះអន្ទែង​និង​ការ​ឥត​ន័យ​ដែល​មនុស្ស​ជា​ច្រើន​បាន​ពិសោធ។ ទ្រង់​បាន​ពិចារណា​មើល​ការ​ជាក់​ស្តែង​របស់​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ និង​សេចក្ដី​ស្លាប់​ជា​លទ្ធផល។ ហើយ​ទ្រង់​បាន​ពិនិត្យ​មើល​ចំណេះ​ដែល​ព្រះ​ប្រទាន​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ និង​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​នៅ​អនាគត។ សេចក្ដី​ទាំង​នេះ​ត្រូវ​បាន​ពិចារណា​មើល​ដោយ​បុរស ដែល​ប្រាជ្ញា​របស់​ខ្លួន​ត្រូវ​បាន​ព្រះ​បង្កើន​ឡើង។ ត្រូវ​ហើយ សាឡូម៉ូន​ជា​បុគ្គល​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បំផុត​ម្នាក់​ដែល​ធ្លាប់​រស់​នៅ។ រួច​មក សេចក្ដី​សន្និដ្ឋាន​របស់​ទ្រង់ ត្រូវ​បាន​កត់​ត្រា​ទុក​មក​ក្នុង​ព្រះ​គម្ពីរ សំរាប់​ជា​ប្រយោជន៍​ដល់​យើង​រាល់​គ្នា ដែល​ចង់​បាន​ជីវិត​ប្រកប​ទៅ​ដោយ​អត្ថន័យ។ តើ​យើង​មិន​យល់​ស្រប​ទេ​ឬ?

២២ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ពី​ព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ​ជំរះ ព្រម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្ដី»។—សាស្ដា ១២:១៣, ១៤

[កំណត់​សម្គាល់]

a ប៉ម​យាម​មួយ​បាន​ចែង​ដូច​នេះ​ថា៖ «យើង​មិន​គួរ​ខ្ជះ​ខ្ជាយ​ជីវិត​យើង​ទៅ​លើ​សេចក្ដី​ឥត​ប្រយោជន៍​នោះ​ឡើយ . . . បើ​ជីវិត​នេះ​មាន​តែ​ប៉ុណ្ណេះ នោះ​គ្មាន​អ្វី​សំខាន់​ទេ។ ជីវិត​នេះ​ប្រៀប​ដូច​ជា​បាល់​មួយ​ដែល​គេ​បោះ​ទៅ​លើ រួច​ធ្លាក់​មក​លើ​ដី​វិញ។ វា​ប្រៀប​ដូច​ជា​ស្រមោល​មួយ ផ្កា​ដែល​ស្រពោន​ទៅ ស្លឹក​ស្មៅ​មួយ​ដែល​គេ​កាត់​រួច​ទុក​ឲ្យ​ងាប់។ . . . នៅ​លើ​ជញ្ជីង​នៃ​អនន្ត​ភាព ប្រវែង​ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ចំណុច​ដ៏​តូច​មួយ។ វា​មិន​ទាំង​ស្មើ​នឹង​ដំណក់​ទឹក​ដ៏​ធំ​មួយ​នៅ​ក្នុង​ទន្លេ​ផង។ ពិត​មែន​ហើយ សាឡូម៉ូន​ត្រូវ​ណាស់ ពេល​ទ្រង់​ពិចារណា​មើល​កង្វល់​និង​សកម្មភាព​ផ្សេង​ៗ​របស់​មនុស្ស ហើយ​ប្រកាស​ទាំង​នេះ​ជា​ការ​ឥត​ប្រយោជន៍​នោះ។ យើង​ឆាប់​ស្លាប់​ទៅ​វិញ​ណាស់ បើ​យើង​មិន​កើត​មក​នោះ​ប្រហែល​ជា​ល្អ​ជា​ជាង មនុស្ស​រាប់​លាន​នាក់​ចេញ​ហើយ​ចូល ដោយ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​យើង​នៅ​ទី​នេះ។ នេះ​មិន​មែន​ជា​ទស្សនៈ​អាក្រក់​នោះ​ទេ។ នេះ​ជា​ការ​ពិត ជា​ការ​ជាក់​ស្តែង​ដែល​មនុស្ស​ជួប​ប្រទះ ជា​ទស្សនៈ​ដែល​មាន​ប្រយោជន៍ បើ​ជីវិត​មាន​តែ​ប៉ុណ្ណេះ»។—១ សីហា ១៩៥៧ ទំព័រ ៤៧២

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ការ​វែក​ញែក​ដ៏​ប្រាជ្ញា​អំពី​ទ្រព្យ​សម្បត្ដិ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​របស់​អ្នក?

◻ ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ដៅ​បញ្ជាក់​ហួស​ហេតុ​ទៅ​លើ​គ្រួសារ ភាព​ល្បី​ល្បាញ ឬ​អំណាច​លើ​អ្នក​ដទៃ?

◻ តើ​អ្វី​ជា​គំនិត​របស់​ព្រះ​ចំពោះ​ការ​កំសាន្ត ដែល​សាឡូម៉ូន​ដាស់​តឿន​យើង​នោះ?

◻ តើ​អ្នក​បាន​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិនិត្យ​មើល​សៀវភៅ​សាស្ដា?

[រូប​ភាព​នៅ​ទំព័រ​២៦]

លុយ​និង​ទ្រព្យ​សម្បត្ដិ​មិន​ធានា​រ៉ាប់​រង​ការ​សប្បាយ​រីករាយ​ទេ

[រូប​ភាព​នៅ​ទំព័រ​២៨]

ពួក​យុវជន​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា គេ​នឹង​បាន​សេចក្ដី​សុខ​ស្រួល បើ​គេ​កោត​ខ្លាច​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក