អ្វីដែលពិតជាមានប្រយោជន៍!
«ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ!»។—សាស្ដ. ១២:១៣
១, ២. តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពីការពិនិត្យមើលសៀវភៅសាស្ដា?
សូមគិតអំពីមនុស្សម្នាក់ដែលមើលទៅដូចជាមានអ្វីៗទាំងអស់ដ៏គួរឲ្យប្រាថ្នាចង់បានណាស់! គាត់ជាអ្នកគ្រប់គ្រងដែលមានឈ្មោះល្បី។ គាត់ក៏ជាមហាសេដ្ឋី ហើយមានប្រាជ្ញាលើសលប់ លើសជាងអ្នកឯទៀតដែលរស់នៅសម័យគាត់។ ប៉ុន្តែ ទោះជាគាត់បានធ្វើអ្វីៗជាច្រើនក្នុងជីវិតក្ដី គាត់នៅតែសួរខ្លួនឯងថា ‹អ្វីទៅដែលពិតជាមានប្រយោជន៍?›។
២ ប្រមាណបីពាន់ឆ្នាំមុន មានបុរសបែបនេះមែន! គាត់ឈ្មោះសាឡូម៉ូន ហើយគាត់បានសរសេរសៀវភៅសាស្ដា ដែលរៀបរាប់អំពីរបៀបដែលគាត់បានស្វែងរកអ្វីៗដើម្បីនាំឲ្យមានចិត្តស្កប់ស្កល់។ (សាស្ដ. ១:១៣) យើងក៏អាចទាញយកមេរៀនជាច្រើនពីបទពិសោធន៍របស់សាឡូម៉ូនដែរ។ តាមការពិត យោបល់ល្អៗក្នុងសៀវភៅសាស្ដាអាចជួយយើងឲ្យកំណត់គោលដៅដែលនាំឲ្យមានជីវិតដែលពិតជាមានន័យខ្លឹមសារ។
អ្វីដែលឥតប្រយោជន៍ទទេ «ដូចដេញចាប់ខ្យល់»
៣. ស្តីអំពីជីវិត តើយើងរាល់គ្នាត្រូវតែទទួលស្គាល់អ្វី?
៣ សាឡូម៉ូនពន្យល់ថា អ្វីៗជាច្រើនដ៏សែនស្អាតដែលព្រះយេហូវ៉ាបានបង្កើតនៅផែនដី នោះសុទ្ធតែអស្ចារ្យ និងជាទីគួរឲ្យចាប់អារម្មណ៍ណាស់ ហើយនាំឲ្យយើងត្រេកអរជានិច្ច។ ប៉ុន្តែ យើងរកយល់ទាំងអស់ពីស្នាដៃរបស់ព្រះយេហូវ៉ាមិនបានទេ ពីព្រោះយើងមានជីវិតខ្លីពេក។ (សាស្ដ. ៣:១១; ៨:១៧) ដូចបានចែងទុកក្នុងគម្ពីរ យើងរស់បានតែមួយរយៈ ស្រាប់តែជីវិតកន្លងទៅបាត់។ (យ៉ូប ១៤:១, ២; សាស្ដ. ៦:១២) ហេតុការណ៍ពិតនេះគួរជំរុញយើងឲ្យចំណាយពេលក្នុងជីវិតដោយប្រយ័ត្នប្រយែង។ ប៉ុន្តែ ការប្រុងប្រយ័ត្ននឹងទង្វើរបស់ខ្លួនមិនតែងតែស្រួលទេ ពីព្រោះពិភពលោករបស់សាតាំងអាចមានឥទ្ធិពលអាក្រក់មកលើយើង ទាំងញុះញង់យើងឲ្យបែរជាប្រព្រឹត្តយ៉ាងឥតប្រយោជន៍ទៅវិញ។
៤. (ក) តើពាក្យ«ឥតប្រយោជន៍»និង«ឥតមានទំនង»មានអត្ថន័យយ៉ាងណា? (ខ) តើយើងនឹងពិភាក្សាអំពីទង្វើអ្វីខ្លះក្នុងជីវិត?
៤ ដោយមានបំណងចង់ព្រមានយើងអំពីទង្វើក្នុងជីវិតដែលខាតប្រយោជន៍ អស់ប្រមាណជា៣០ដងក្នុងសៀវភៅសាស្ដា សាឡូម៉ូនបានសំដៅទៅលើអ្វីដែល«ឥតប្រយោជន៍»និង«ឥតមានទំនង»។ ពាក្យទាំងពីរនេះមកពីពាក្យភាសាហេព្រើរតែមួយគត់ ដែលសំដៅទៅលើអ្វីដែលទទេ អសារឥតការ គ្មានន័យ គ្មានខ្លឹមសារ ហើយមិនមានតម្លៃដែលស្ថិតស្ថេរឡើយ។ (សាស្ដ. ១:២, ៣) ម្ដងម្កាល ពេលសាឡូម៉ូនសរសេរអំពីអ្វីដែល«ឥតប្រយោជន៍» គាត់ក៏បញ្ជាក់ទៀតថា ការនោះជាអ្វីដែល«អសារឥតការ» ដែលព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែថា មានលក្ខណៈ«ដូចដេញចាប់ខ្យល់»។ (សាស្ដ. [សស.] ១:១៤; ២:១១) ច្បាស់ហើយថា ការដេញតាមខ្យល់ដោយមានបំណងចាប់វា នោះពិតជាគ្មានប្រយោជន៍ទាល់តែសោះ។ អ្នកដែលធ្វើដូច្នេះ មិនបានការទេ។ ដូចគ្នាដែរ បើយើងមានគោលដៅដែលគ្មានប្រយោជន៍ នោះជីវិតយើងក៏ឥតបានការវិញ។ ដោយសារជីវិតយើងនាសម័យនេះខ្លីណាស់! យើងគ្មានពេលធ្វើអ្វីដែលនាំឲ្យសល់តែបាតដៃទទេទេ។ ដើម្បីជួយយើងកុំឲ្យប្រព្រឹត្តបែបដែលអសារឥតការដូចដេញចាប់ខ្យល់ សូមឲ្យយើងពិនិត្យមើលទង្វើខ្លះៗដែលសាឡូម៉ូនរៀបរាប់ថា ជាទង្វើធម្មតាក្នុងជីវិត។ មុនដំបូង យើងនឹងពិភាក្សាអំពីការដេញតាមការកម្សាន្តនិងវត្ថុទ្រព្យ។ រួចមក យើងនឹងពិភាក្សាអំពីការងារដែលពិតជាមានប្រយោជន៍។
ដេញតាមការកម្សាន្ត តើពិតជានាំឲ្យមានសុភមង្គលឬ?
៥. តើសាឡូម៉ូនបានធ្វើអ្វីខ្លះដើម្បីឲ្យមានចិត្តស្កប់ស្កល់?
៥ សាឡូម៉ូនក៏ធ្លាប់ដេញតាមការកម្សាន្ត ដូចមនុស្សជាច្រើននៅសព្វថ្ងៃនេះ ដោយគិតថាអាចនាំឲ្យមានចិត្តស្កប់ស្កល់។ សាឡូម៉ូនសារភាពថា៖ «[ខ្ញុំ]មិនបានហាមឃាត់ចិត្តមិនឲ្យមានសេចក្ដីអំណរណាមួយទេ»។ (សាស្ដ. ២:១០) តើសាឡូម៉ូនបានដេញតាមការកម្សាន្តសប្បាយបែបណាខ្លះ? យោងទៅតាមជំពូក២ក្នុងសៀវភៅសាស្ដា ទោះជាសាឡូម៉ូនមិនបានប្រមឹកស្រាក្ដី គាត់បាន‹ធ្វើឲ្យខ្លួនរីករាយដោយស្រាទំពាំងបាយជូរ› ព្រមទាំងធ្វើសួនច្បារ គូរប្លង់រាជវាំង ស្ដាប់អ្នកចម្រៀង ហើយបរិភោគអាហារឈ្ងុយឆ្ងាញ់ផង។
៦. (ក) ម្ដេចក៏មិនខុសបើយើងមានការសប្បាយខ្លះ? (ខ) ស្តីអំពីការកម្សាន្តសប្បាយ តើគប្បីឲ្យយើងចេះថ្លឹងថ្លែងយ៉ាងដូចម្ដេច?
៦ យោងទៅតាមគម្ពីរ តើការកម្សាន្តសប្បាយជាមួយនឹងមិត្តសម្លាញ់ជាការខុសទេ? មិនខុសទេ ពីព្រោះសាឡូម៉ូនកត់សម្គាល់ថា ក្រោយយើងបានធ្វើការនឿយហត់ ការមូលគ្នាទទួលទានអាហារជាមួយពួកសម្លាញ់ នោះប្រៀបដូចជាអំណោយទានមួយពីព្រះយេហូវ៉ា។ (សូមអាន សាស្ដា ២:២៤; ៣:១២, ១៣) ណាមួយទៀត ព្រះយេហូវ៉ាក៏លើកទឹកចិត្តពួកយុវវ័យ‹ឲ្យមានចិត្តរីករាយ ហើយឲ្យចិត្តបណ្ដាលឲ្យអរសប្បាយ›ក្នុងការដ៏ល្អផង។ (សាស្ដ. ១១:៩) មនុស្សណាក៏ដោយត្រូវការពេលសម្រាក ហើយចូលចិត្តការកម្សាន្តដ៏ល្អដែរ។ (សូមពិនិត្យបន្ថែម ម៉ាកុស ៦:៣១) ប៉ុន្តែ ការកម្សាន្តសម្រាប់លម្ហើយចិត្តលម្ហែកាយមិនគួរមានអាទិភាពក្នុងជីវិត ប្រៀបដូចជាបាយសម្លដែលយើងបរិភោគជាទៀងទាត់ទេ។ តាមពិត ការកម្សាន្តគួរមានលក្ខណៈប្រៀបដូចជាបង្អែមទៅវិញ។ ទោះជាយើងចូលចិត្តបង្អែមខ្លាំងប៉ុណ្ណាក៏ដោយ បើមានតែបង្អែមជារៀងរាល់ដង ហើយមិនមានបាយនិងសម្លទាល់តែសោះ មិនយូរមិនឆាប់យើងក៏ទ្រាន់នឹងបង្អែម ថែមទាំងខ្វះជីវជាតិផង។ ស្រដៀងគ្នាដែរ សាឡូម៉ូនបានសន្និដ្ឋានថា បើគិតតែពីការសប្បាយ នោះជាអ្វីដែល«អសារឥតការទទេ»ប្រៀប«ដូចដេញចាប់ខ្យល់»។—សាស្ដ. ២:១០, ១១; សស. ២:១១, ខ.ស.
៧. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងប្រុងប្រយ័ត្នក្នុងការជ្រើសរើសការកម្សាន្ត?
៧ ម្យ៉ាងវិញទៀត ការកម្សាន្តគ្រប់ប្រភេទក៏មិនល្អទាំងអស់ដែរ។ ប្រភេទការកម្សាន្តខ្លះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផង មិនថាគ្រោះថ្នាក់ដល់ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ឬនាំយើងឲ្យធ្វើអ្វីដែលប្រាសចាកសីលធម៌ជាដើម។ មនុស្សរាប់លាននាក់ធ្លាប់បង្ខូចជីវិត ពេលបណ្ដោយខ្លួនទៅតាមចំណង់ចំណូលចិត្តដែលចង់តែធ្វើអ្វីៗដែលគេចាត់ទុកថា ជាការដ៏‹សប្បាយៗ› មិនថាដោយប្រើគ្រឿងញៀន ប្រមឹកស្រាឬលេងល្បែងស៊ីសងជាដើម។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដោយព្រមានយើងថា បើយើងបណ្ដោយខ្លួនទៅតាមអ្វីៗដែលយើងឃើញនិងចង់បានថែមទាំងអាចនាំឲ្យមានគ្រោះថ្នាក់ផង នោះយើងត្រូវតែទទួលស្គាល់ថា យើងនឹងបានផលវិបាកវិញ!—កា. ៦:៧
៨. ហេតុអ្វីក៏មានប្រយោជន៍ឲ្យយើងពិនិត្យមើលរបៀបរស់នៅរបស់ខ្លួន?
៨ ណាមួយទៀត បើយើងដេញតាមការកម្សាន្តច្រើនហួសហេតុពេក យើងនឹងលែងយកចិត្តទុកដាក់ចំពោះអ្វីៗដែលសំខាន់ជាង។ ចូរចងចាំថា ជីវិតយើងចេះតែកន្លងផុតទៅយ៉ាងឆាប់ ហើយគ្មានអ្វីធានាថា យើងនឹងមានសុខភាពល្អនិងចាកកង្វល់រហូតឡើយ។ ហេតុនេះហើយបានជាសាឡូម៉ូនកត់សម្គាល់ទៀតថា ជាជាងចូល«ផ្ទះដែលមានការសប្បាយរីករាយ» យើងអាចទទួលប្រយោជន៍ច្រើនជាងពេលដែលយើងទៅពិធីបុណ្យសព ជាពិសេសកម្មវិធីនៅឯសាលប្រជុំ ពេលគ្រិស្តសាសនិកស្មោះត្រង់ម្នាក់ទទួលមរណភាព។ (សូមអាន សាស្ដា ៧:២, ៤) ហេតុអ្វីបានជាពិធីបុណ្យសពមានប្រយោជន៍ច្រើនជាងការសប្បាយ? កម្មវិធីបែបនោះមានប្រយោជន៍ច្រើនជាង ពីព្រោះពេលយើងស្ដាប់សុន្ទរកថាដែលរៀបរាប់ពីអ្នកស្មោះត្រង់ដែលទទួលមរណភាពនោះ នេះប្រហែលជាជំរុញចិត្តយើងឲ្យពិនិត្យមើលរបៀបរស់នៅរបស់ខ្លួនដែរ។ ជាលទ្ធផល យើងប្រហែលជានឹងសម្រេចចិត្តថា យើងត្រូវតែកែប្រែគោលដៅរបស់ខ្លួន ដើម្បីទទួលប្រយោជន៍ពីពេលវេលាដែលនៅសេសសល់។—សាស្ដ. ១២:១
វត្ថុទ្រព្យ តើពិតជានាំឲ្យមានចិត្តស្កប់ស្កល់ឬ?
៩. ស្តីអំពីការប្រមូលវត្ថុទ្រព្យ តើសាឡូម៉ូនបានពិសោធយ៉ាងណា?
៩ ពេលសាឡូម៉ូនបានសរសេរសៀវភៅសាស្ដា គាត់ជាមហាសេដ្ឋីម្នាក់។ (២របា. ៩:២២) សាឡូម៉ូនអាចមានអ្វីៗក៏បានតាមតែចិត្តប៉ង។ ដូច្នេះ គាត់បានសរសេរថា៖ «របស់អ្វីដែលភ្នែកចង់បាន នោះ[ខ្ញុំ]មិនបានបង្អត់ឲ្យឡើយ»។ (សាស្ដ. ២:១០) យ៉ាងណាក៏ដោយ សាឡូម៉ូនបានពិសោធថា វត្ថុទ្រព្យប៉ុណ្ណោះ មិនអាចនាំឲ្យមានចិត្តស្កប់ស្កល់ឡើយ។ សាឡូម៉ូនបានសន្និដ្ឋានថា៖ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ»។—សាស្ដ. ៥:១០
១០. តើអ្វីពិតជានាំឲ្យមានប្រយោជន៍និងចិត្តស្កប់ស្កល់?
១០ ទោះជាវត្ថុទ្រព្យមិនមានតម្លៃដែលស្ថិតស្ថេរក្ដី ទ្រព្យសម្បត្ដិនៅតែទាក់ទាញចិត្តមនុស្សយ៉ាងខ្លាំងនៅឡើយ។ នៅសហរដ្ឋអាម៉េរិកពេលថ្មីៗនេះ ការស្ទង់មតិនិស្សិតសកលវិទ្យាល័យដែលបានចូលរៀនឆ្នាំទី១បង្ហាញថា ៧៥ភាគរយមានគោលដៅចម្បង «ចង់ក្លាយជាអ្នកមាន»។ ប្រសិនបើពួកគេអាចបំពេញគោលដៅនោះបាន តើពួកគេពិតជានឹងមានសុភមង្គលឬ? គឺមិនទៀងទេ។ អ្នកស្រាវជ្រាវខ្លះបានកត់សម្គាល់ថា ពេលមនុស្សគិតតែពីការប្រមូលវត្ថុទ្រព្យ ពួកគេមិនចេះស្កប់ស្កល់ ហើយដូច្នេះក៏មិនមានសុភមង្គលផង។ យូរឆ្នាំមុន សាឡូម៉ូនក៏ឯកភាពដែរ ដោយសរសេរថា៖ «[ខ្ញុំ]បានប្រមូលប្រាក់នឹងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច . . . ហើយមើល! សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ [«ដូចដេញចាប់ខ្យល់»]»។a (សាស្ដ. ២:៨, ១១; សស. ២:១១, ខ.ស.) ផ្ទុយទៅវិញ បើយើងយកជីវិតមកប្រើក្នុងកិច្ចបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត យ៉ាងនេះយើងនឹងទទួលពរពីទ្រង់ ហើយមានអ្វីដែលពិតជាមានប្រយោជន៍មែន!—សូមអាន សុភាសិត ១០:២២
ការងារដែលពិតជានាំឲ្យមានចិត្តស្កប់ស្កល់
១១. ស្តីអំពីការងារដែលមានតម្លៃ តើបទគម្ពីរផ្សេងៗបង្ហាញយ៉ាងណា?
១១ ព្រះយេស៊ូមានប្រសាសន៍ថា៖ «បិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ (យ៉ូន. ៥:១៧) ពេលធ្វើការ ព្រះយេហូវ៉ានិងព្រះយេស៊ូច្បាស់ជាមានចិត្តស្កប់ស្កល់មែន! គម្ពីរក៏បង្ហាញថា ព្រះយេហូវ៉ាពេញចិត្តចំពោះអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។ បទគម្ពីរចែងថា៖ «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។ (លោ. ១:៣១) ពេលពួកទេវតាបានឃើញអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើត ពួកគេបាន«ស្រែកអរសាទរ»។ (យ៉ូប ៣៨:៤-៧) ដូចគ្នាដែរ សាឡូម៉ូនក៏ឲ្យតម្លៃចំពោះកិច្ចការដែលពិតជាមានប្រយោជន៍។—សាស្ដ. ៣:១៣
១២, ១៣. (ក) តើបុរសពីរនាក់បាននិយាយយ៉ាងណា ដែលបង្ហាញថា ការប្រកបការងារអាចនាំមានចិត្តស្កប់ស្កល់? (ខ) ហេតុអ្វីបានជាអ្នកខ្លះមានចិត្តមួម៉ៅដោយសារការងារដែលគេធ្វើ?
១២ មនុស្សជាច្រើនក៏យល់ថា កិច្ចការដែលយើងធ្វើយ៉ាងអស់ពីចិត្ត ពិតជាមានតម្លៃមែន! ជាឧទាហរណ៍ បុរសម្នាក់ឈ្មោះហូសេ ជាជាងគំនូរដ៏ចំណានម្នាក់ គាត់មានទស្សនៈថា៖ «ពេលខ្ញុំគូរគំនូររួច ស្របទៅតាមគំនិតដែលខ្ញុំមាន នេះធ្វើឲ្យខ្ញុំរំភើបរីករាយ ដូចជាអ្នកដែលបានឡើងដល់កំពូលភ្នំខ្ពស់ៗផង»។ ម្នាក់ទៀត ឈ្មោះមីហ្គែល ជាអ្នកជំនួញដែលកត់សម្គាល់ថា៖ «ពេលខ្ញុំធ្វើការ ខ្ញុំមានចិត្តស្កប់ស្កល់ពីព្រោះដឹងថា តាមរបៀបនេះហើយដែលខ្ញុំអាចចិញ្ចឹមប្រពន្ធកូនបាន។ ពេលធ្វើការ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំបានសម្រេចការដ៏ល្អហើយ»។
១៣ ក៏ប៉ុន្តែ មនុស្សជាច្រើនប្រកបការងារដែលនាំឲ្យធុញទ្រាន់ ពីព្រោះមិនអនុញ្ញាតឲ្យពួកគេធ្វើការស្របទៅតាមចិត្តទេ។ ជួនកាលអ្នកខ្លះមានចិត្តមួម៉ៅដោយសារការងារដែលពួកគេត្រូវធ្វើ ហើយអ្នកខ្លះក៏អាក់អន់ចិត្តពីព្រោះមានគេប្រព្រឹត្តដោយអយុត្ដិធម៌លើខ្លួននៅកន្លែងធ្វើការ។ ដូចសាឡូម៉ូនបានបញ្ជាក់នោះ ជួនកាលមនុស្សខ្ជិលច្រអូសមានកម្រៃល្អជាងអ្នកដែលខំធ្វើការ ដោយព្រោះតែគេមានខ្សែ។ (សាស្ដ. ២:២១) ហេតុការណ៍ឯទៀតក៏អាចនាំឲ្យអ្នកធ្វើការខកចិត្តដែរ។ ជាឧទាហរណ៍ ប្រហែលជាយើងមានដើមទុនដើម្បីរកស៊ីយ៉ាងស្រួលបាន។ ប៉ុន្តែ ដោយសារអីវ៉ាន់ឡើងថ្លៃ ឬមានកាលៈទេសៈប្រែប្រួល នោះយើងខាតលុយអស់។ (សូមអាន សាស្ដា ៩:១១) ដូច្នេះ មិនជាការចម្លែកអ្វីឡើយ ថាអ្នកដែលខិតខំធ្វើការយ៉ាងច្រើនក៏ដោយ នៅទីបំផុតអាចបែរជាមានអារម្មណ៍អន្ទះអន្ទែងនិងមួម៉ៅផង ពេលឃើញថាការដែលខ្លួន«ធ្វើដោយនឿយហត់» នោះសុទ្ធតែ«អសារឥតការ [«ដូចដេញចាប់ខ្យល់»]»ទៅវិញ។—សាស្ដ. ៥:១៦; សស. ៥:១៥, ខ.ស.
១៤. តើកិច្ចការបែបណាដែលតែងតែនាំឲ្យមានចិត្តស្កប់ស្កល់?
១៤ តើមានកិច្ចការណាដែលមិននាំឲ្យខកចិត្តទាល់តែសោះឬទេ? ជាងគំនូរឈ្មោះហូសេ ដែលមានប្រសាសន៍នៅខាងលើ គាត់កត់សម្គាល់ទៀតថា៖ «គំនូរដែលជាងគូរ នោះអាចខូចទៅៗឬក៏បាត់ទាំងស្រុងក៏មាន។ ប៉ុន្តែ អ្វីដែលយើងធ្វើក្នុងកិច្ចបម្រើព្រះ នោះមិនដែលខូចឡើយ។ ពេលខ្ញុំស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយផ្សព្វផ្សាយដំណឹងល្អ ខ្ញុំកំពុងបង្កើតអ្វីដែលស្ថិតស្ថេរជារៀងរហូត ពោលគឺ ជួយអ្នកដទៃឲ្យក្លាយទៅជាគ្រិស្តសាសនិកដែលកោតខ្លាចព្រះ។ ទង្វើនេះមានតម្លៃដែលប្រៀបផ្ទឹមពុំបានឡើយ»។ (១កូ. ៣:៩-១១) ដូចគ្នាដែរ បងប្រុសមីហ្គែលក៏មានទស្សនៈថា ការផ្សព្វផ្សាយដំណឹងល្អស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ក៏នាំឲ្យគាត់មានចិត្តស្កប់ស្កល់ច្រើនជាងការប្រកបមុខរបរផង។ មីហ្គែលមានទស្សនៈថា៖ «គ្មានអ្វីទៀតនាំឲ្យមានអំណរស្មើនឹងអំណរដែលខ្ញុំទទួលពេលបង្ហាញបទគម្ពីរដល់នរណាម្នាក់ និងមើលទឹកមុខរបស់គាត់ដែលសឲ្យឃើញថា បទគម្ពីរនោះមានអានុភាពទៅលើចិត្តគាត់»។
«ចំណាយធនធាន»ដែលពិតជាមានប្រយោជន៍
១៥. តើអ្វីដែលពិតជាមានប្រយោជន៍?
១៥ សរុបសេចក្ដី តើអ្វីដែលពិតជាមានប្រយោជន៍? ប្រសិនបើយើងយកជីវិតខ្លួនដែលមានរយៈពេលខ្លីក្នុងរបៀបរបបពិភពលោកនេះ ដោយធ្វើកិច្ចការដែលគាប់ចិត្តព្រះយេហូវ៉ា នោះយើងពិតជានឹងមានចិត្តស្កប់ស្កល់មែន! យើងអាចបណ្ដុះបណ្ដាលឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ យើងអាចបង្រៀនកូនរបស់យើងឲ្យចេះធ្វើតាមគោលការណ៍ល្អៗក្នុងគម្ពីរ ហើយជួយមនុស្សដទៃឲ្យស្គាល់ព្រះយេហូវ៉ា។ ណាមួយទៀត យើងអាចក្លាយទៅជាមិត្តជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿ ដែលអាចមានភាពស្និទ្ធស្នាលនឹងគ្នាជារៀងរហូត។ (កា. ៦:១០) ទង្វើទាំងនេះសុទ្ធតែមានប្រយោជន៍ជាអចិន្ត្រៃយ៍ ហើយអ្នកដែលធ្វើនោះក៏នឹងទទួលពរជារៀងរហូតផងដែរ។ ពាក្យប្រៀបប្រដូចរបស់សាឡូម៉ូន ដែលបញ្ជាក់ពីប្រយោជន៍ដែលមកពីការល្អ នោះគួរឲ្យចាប់អារម្មណ៍ណាស់! សាឡូម៉ូនបានដាស់តឿនថា យើងគួរ«ចំណាយធនធាន»ហាក់ដូចជា‹បោះនំប៉័ងទៅលើទឹក› ពីព្រោះ«យូរថ្ងៃក្រោយមក» យើង«នឹងបានទទួលផលវិញ»។ (សាស្ដ. ១១:១; សស. ១១:១, ខ.ស.) ព្រះយេស៊ូក៏បានដាស់តឿនសិស្សរបស់ទ្រង់ថា៖ «ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ»។ (លូ. ៦:៣៨) ម្យ៉ាងទៀត ព្រះយេហូវ៉ាសន្យាថា ទ្រង់នឹងប្រទានរង្វាន់ដល់អស់អ្នកដែលធ្វើល្អដល់អ្នកដទៃ។—សុ. ១៩:១៧; សូមអាន ហេព្រើរ ៦:១០
១៦. តើគប្បីឲ្យយើងសម្រេចចិត្តអំពីគោលដៅដែលយើងនឹងកំណត់ក្នុងជីវិត នៅពេលណា?
១៦ គម្ពីរក៏ដាស់តឿនយើងថា ពេលនៅក្មេង គប្បីឲ្យយើងធ្វើការសម្រេចចិត្តល្អស្តីអំពីគោលដៅដែលយើងកំណត់ក្នុងជីវិត។ យ៉ាងនេះ យើងនឹងជៀសវាងពីអារម្មណ៍អន្ទះអន្ទែងក្នុងចិត្តពេលមានវ័យចាស់។ (សាស្ដ. ១២:១) ពេលនៅក្មេង បើយើងចំណាយពេលនិងកម្លាំងដោយដេញតាមអ្វីៗដែលមើលទៅដូចជាមានប្រយោជន៍ក្នុងពិភពលោកនេះ ហើយក្រោយមកឃើញថាទង្វើនោះប្រៀបដូចជាការដេញតាមខ្យល់ទៅវិញ នោះជាការដ៏គួរឲ្យស្ដាយមែន!
១៧. តើអ្វីនឹងជួយយើងឲ្យរកវិថីជីវិតដ៏ប្រសើរបំផុត?
១៧ ដូចជាបិតាម្នាក់ដែលស្រឡាញ់កូន ព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យយើងមានជីវិតសប្បាយ ឲ្យយើងធ្វើការល្អ ហើយឲ្យយើងជៀសវាងពីបញ្ហាផង។ (សាស្ដ. ១១:៩, ១០) តើអ្វីនឹងជួយយើងឲ្យសម្រេចការទាំងនេះបាន? ចូរយើងមានគោលដៅចង់រួមដៃក្នុងកិច្ចបម្រើព្រះយេហូវ៉ាឲ្យបានកាន់តែច្រើន ហើយព្យាយាមបំពេញតាមគោលដៅនោះចុះ! ជិត២០ឆ្នាំមុន បងប្រុសឈ្មោះហាវីអ៊ែ ត្រូវធ្វើការសម្រេចចិត្តថា តើគាត់គួររៀនធ្វើជាវេជ្ជបណ្ឌិត ឬធ្វើកិច្ចបម្រើផ្សាយពេញពេលទៅវិញ? ហាវីអ៊ែរៀបរាប់ថា៖ «កិច្ចការរបស់គ្រូពេទ្យ ពិតជាអាចនាំឲ្យមានចិត្តស្កប់ស្កល់មែន! ប៉ុន្តែ គ្មានអ្វីសោះអាចនាំឲ្យមានអំណរស្មើនឹងអំណរដែលខ្ញុំមាន ពេលបានជួយមនុស្សមួយចំនួនឲ្យស្គាល់សេចក្ដីពិតក្នុងគម្ពីរ។ កិច្ចបម្រើពេញពេលបានជួយខ្ញុំឲ្យមានអំណរពេញលេញមែន! មានតែចំណុចមួយប៉ុណ្ណោះ ដែលខ្ញុំសោកស្ដាយ គឺស្ដាយក្រោយថាខ្ញុំមិនបានចាប់ផ្ដើមកិច្ចបម្រើពេញពេលមុននោះទៅទៀត»។
១៨. ហេតុអ្វីក៏ជីវិតរបស់ព្រះយេស៊ូនៅផែនដីមានប្រយោជន៍ដល់ម្ល៉េះ?
១៨ បើដូច្នេះ តើអ្វីទៅដែលមានតម្លៃច្រើនបំផុត ដែលយើងគួរចង់បាន? សៀវភៅសាស្ដាចែងថា៖ «នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ»។ (សាស្ដ. ៧:១) ជីវិតរបស់ព្រះយេស៊ូនៅផែនដី បញ្ជាក់ពីសច្ចភាពនៃពាក្យទាំងនេះ។ ទង្វើរបស់ព្រះយេស៊ូពិតជាបាននាំឲ្យទ្រង់មាននាមឈ្មោះល្អចំពោះព្រះយេហូវ៉ាមែន! ពេលព្រះយេស៊ូបានរក្សាភាពស្មោះត្រង់រហូតដល់ទីមរណៈ ទ្រង់បង្ហាញថាទ្រង់ទទួលស្គាល់បិតារបស់ទ្រង់ជាព្រះដ៏ខ្ពស់បំផុត។ ពេលព្រះយេស៊ូទទួលមរណភាព ទ្រង់បូជាជីវិតទុកជាថ្លៃលោះ ហើយនេះបានបើកឱកាសឲ្យយើងទទួលសេចក្ដីសង្គ្រោះ។ (ម៉ាថ. ២០:២៨) ទោះជាព្រះយេស៊ូបានរស់នៅផែនដីតែមួយរយៈក៏ដោយ ទ្រង់បានតាំងគំរូល្អជាងគេ ស្តីអំពីរបៀបរស់នៅដែលពិតជាមានប្រយោជន៍។ ដូច្នេះ គប្បីឲ្យយើងធ្វើតាមគំរូរបស់ព្រះយេស៊ូមែន!—១កូ. ១១:១; ១ពេ. ២:២១
១៩. តើសាឡូម៉ូនបានដាស់តឿនយើងឲ្យធ្វើអ្វី?
១៩ យើងម្នាក់ៗក៏អាចមាននាមឈ្មោះល្អចំពោះព្រះយេហូវ៉ាដែរ។ យើងចាត់ទុកកេរ្ដិ៍ឈ្មោះល្អចំពោះព្រះយេហូវ៉ា ជាអ្វីដែលមានតម្លៃច្រើនជាងទ្រព្យសម្បត្ដិឆ្ងាយណាស់! (សូមអាន ម៉ាថាយ ៦:១៩-២១) រៀងរាល់ថ្ងៃយើងអាចធ្វើអ្វីដែលផ្គាប់ចិត្តព្រះយេហូវ៉ា ហើយទង្វើទាំងនោះក៏នាំឲ្យមានជីវិតដែលមានន័យខ្លឹមសារ។ ជាឧទាហរណ៍ យើងអាចផ្សព្វផ្សាយដំណឹងល្អ ពង្រឹងចំណងអាពាហ៍ពិពាហ៍ និងបណ្ដុះបណ្ដាលឲ្យក្រុមគ្រួសាររបស់យើងមានភាពជិតស្និទ្ធ។ យើងក៏អាចពង្រឹងចំណងមិត្តភាពរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ា ដោយចំណាយពេលក្នុងការសិក្សាដោយខ្លួនឯង ព្រមទាំងចូលរួមកម្មវិធីប្រជុំផង។ (សាស្ដ. ១១:៦; ហេ. ១៣:១៦) យ៉ាងនេះ បើយើងពិតជាចង់ទទួលប្រយោជន៍ ចូរឲ្យយើងធ្វើតាមដំបូន្មានរបស់សាឡូម៉ូនដែលដាស់តឿនថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដ. ១២:១៣
[កំណត់សម្គាល់]
a មួយឆ្នាំៗ សាឡូម៉ូនបានទទួលមាស៦៦៦ហាប ឬ«ម្ភៃបីតោន»។—២របា. ៩:១៣, ខ.ស.
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីនឹងជំរុញយើងឲ្យគិតវែងឆ្ងាយពីគោលដៅដែលយើងកំណត់ក្នុងជីវិត?
• តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការដេញតាមការកម្សាន្តនិងវត្ថុទ្រព្យ?
• តើការងារបែបណាដែលពិតជានាំឲ្យមានចិត្តស្កប់ស្កល់?
• តើអ្វីមានតម្លៃច្រើនបំផុត ដែលយើងគួរចង់បាន?
[រូបភាពនៅទំព័រ២៧]
តើការកម្សាន្តសប្បាយមានសារៈសំខាន់ប៉ុណ្ណា?
[រូបភាពនៅទំព័រ២៩]
ហេតុអ្វីបានជាកិច្ចការផ្សព្វផ្សាយនាំឲ្យមានចិត្តស្កប់ស្កល់?